១. ព្រះជាម្ចាស់គឺជាព្រះអម្ចាស់នៃការបង្កើត សិទ្ធិអំណាចរបស់ទ្រង់គឺមានតែមួយគត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ

លោកុប្បត្តិ ១:៣-៥ ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង។ ហើយព្រះ‌ជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ ទ្រង់ក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់បានហៅពន្លឺថា ថ្ងៃ ហើយហៅភាពងងឹតថា យប់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។

លោកុប្បត្តិ ១:៦-៧ ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។ វាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:៩-១១ ព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង ហើយវាក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានហៅទីគោកនោះថា ដី ហើយទឹកដែលប្រមូលផ្ដុំគ្នានោះថា សមុទ្រ ព្រះជាម្ចាស់ទតឃើញថាល្អ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ ចូរឲ្យ‌ដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី នោះវាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:១៤-១៥ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ និងសម្រាប់ទុកជាទីសម្គាល់ និងសម្រាប់ជារដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាដុំពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែន‌ដី ហើយវាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:២០-២១ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានមច្ឆា‌ជាតិដ៏រស់រវើកនៅក្នុងទឹក និងមានបក្សា‌បក្សីហោះហើរពីលើផែនដីនៅក្នុងលំហអាកាស។ ព្រះជាម្ចាស់បានបង្កើតត្រីបាឡែនដ៏ធំសម្បើម និងគ្រប់ភាវៈមានជីវិតដែលមានចលនា ដែលមាននៅក្នុងទឹកទៅតាមពូជ និងគ្រប់ទាំងសត្វស្លាបតាមពូជរបស់វាដែរ។ ហើយព្រះជាម្ចាស់ទតឃើញថាល្អ។

លោកុប្បត្តិ ១:២៤-២៥ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែន‌ដីតាមពូជរបស់វា៖ វាក៏កើតមានដូច្នោះមែន។ ហើយព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែន‌ដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះជាម្ចាស់ទតឃើញថាល្អ។

នៅថ្ងៃទីមួយ ពេលថ្ងៃ និងពេលយប់របស់មនុស្សជាតិបានកើត និងឈរនៅមាំមួន អរព្រះគុណចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ចូរយើងមើលខគម្ពីរទីមួយ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ 'ចូរឲ្យមានពន្លឺ' នោះពន្លឺក៏មានឡើង។ ហើយព្រះ‌ជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ ទ្រង់ក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់បានហៅពន្លឺថា ថ្ងៃ ហើយហៅភាពងងឹតថា យប់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ» (លោកុប្បត្តិ ១:៣-៥)។ ខគម្ពីរនេះពណ៌នាអំពីសកម្មភាពទីមួយរបស់ព្រះជាម្ចាស់នៅដើមដំបូងនៃការបង្កើត និងជាថ្ងៃទីមួយដែលព្រះជាម្ចាស់បានឆ្លងកាត់ ដោយមានពេលល្ងាច និងមានពេលព្រឹក។ ប៉ុន្តែវាគឺជាថ្ងៃដ៏វិសេសមួយ៖ ព្រះជាម្ចាស់ចាប់ផ្តើមរៀបចំពន្លឺសម្រាប់របស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់បានញែកពន្លឺពីចេញភាពងងឹត។ នៅថ្ងៃនេះ ព្រះជាម្ចាស់ចាប់ផ្តើមមានព្រះបន្ទូល ហើយព្រះបន្ទូល និងសិទ្ធិអំណាចរបស់ទ្រង់មាននៅទន្ទឹមគ្នា។ សិទ្ធិអំណាចរបស់ទ្រង់ចាប់ផ្តើមប្រកាសនៅក្នុងចំណោមរបស់សព្វសារពើ ហើយព្រះចេស្ដារបស់ទ្រង់សាយភាយក្នុងចំណោមរបស់សព្វសារពើ ដែលជាលទ្ធផលនៃព្រះបន្ទូលរបស់ទ្រង់។ ចាប់ពីថ្ងៃនេះតទៅ របស់សព្វសារពើត្រូវបានធ្វើឲ្យមានរូបរាង និងឈរនៅមាំមួន ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយពួកវាចាប់ផ្តើមធ្វើតាមតួនាទី។ សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូល «ចូរឲ្យមានពន្លឺ» នោះក៏មានពន្លឺឡើង។ ព្រះជាម្ចាស់មិនបានចាប់ផ្តើមកម្មវិធីណាមួយនៃកិច្ចការនោះទេ។ ពន្លឺបានលេចឡើង ជាលទ្ធផលនៃព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាពន្លឺដែលព្រះជាម្ចាស់ហៅថា ថ្ងៃ ហើយដែលមនុស្សនៅតែអាស្រ័យលើ សម្រាប់អត្ថិភាពរបស់គេនៅសព្វថ្ងៃនេះ។ តាមការបញ្ជារបស់ព្រះជាម្ចាស់ លក្ខណៈសំខាន់ និងតម្លៃរបស់វាមិនដែលផ្លាស់ប្តូរនោះទេ ហើយវាក៏មិនដែលបាត់ទៅនោះដែរ។ អត្ថិភាពរបស់វាប្រកាសពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយប្រកាសពីអត្ថិភាពរបស់ព្រះអាទិករ។ វាបញ្ជាក់ម្តងហើយម្តងទៀតអំពីអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ វាមិនមែនគ្មានរូបរាង ឬបំភ័ន្តភ្នែកនោះទេ ប៉ុន្តែវាគឺជាពន្លឺពិតមួយដែលមនុស្សមើលឃើញ។ ចាប់ពីពេលនោះមក ពិភពលោកដែលទទេស្អាតដែល «ផែន‌ដីគ្មានរូបរាង នៅទទេ ហើយមានតែភាពងងឹតនៅគ្របលើជម្រៅទឹក» វត្ថុផ្នែកសម្ភារៈទីមួយត្រូវបានបង្កើត។ វត្ថុនេះចេញមកពីព្រះបន្ទូលនៃព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយលេចឡើងនៅក្នុងសកម្មភាពទីមួយនៃការបង្កើតរបស់សព្វសារពើ ដោយសារតែសិទ្ធិអំណាច និងព្រះសូរសៀងរបស់ព្រះជាម្ចាស់។ បន្តិចក្រោយមក ព្រះជាម្ចាស់បានបញ្ជាពន្លឺ និងភាពងងឹតដើម្បីឲ្យញែកចេញពីគ្នា...។ គ្រប់យ៉ាងបានផ្លាស់ប្តូរ ហើយបានពេញលេញ ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់...។ ព្រះជាម្ចាស់ហៅពន្លឺនេះថា «ថ្ងៃ» ហើយទ្រង់ហៅភាពងងឹតថា «យប់»។ នៅពេលនោះ ល្ងាចទីមួយ និងព្រឹកទីមួយត្រូវបានបង្កើតនៅក្នុងពិភពដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បង្កើត ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា នេះគឺជាថ្ងៃទីមួយ។ ថ្ងៃនេះគឺជាថ្ងៃទីមួយនៃការបង្កើតរបស់សព្វសារពើរបស់ព្រះអាទិករ ហើយគឺជាការចាប់ផ្តើមនៃការបង្កើតរបស់សព្វសារពើ និងគឺជាលើកទីមួយដែលសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករត្រូវបានប្រកាសនៅក្នុងពិភពដែលទ្រង់បានបង្កើតនេះ។

តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សអាចមើលឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាអំណាចរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានព្រះចេស្ដាបែបនេះ ដូច្នេះហើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិអំណាច មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានព្រះចេស្ដាបែបនេះ។ តើមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចមានសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះឬទេ? តើមានចម្លើយមួយនៅក្នុងចិត្តរបស់អ្នករាល់គ្នាឬទេ? ក្រៅពីព្រះជាម្ចាស់ តើមានភាវៈដែលត្រូវបានបង្កើត និងមិនត្រូវបានបង្កើតណាមួយមានសិទ្ធិអំណាចបែបនេះឬទេ? តើអ្នករាល់គ្នាធ្លាប់ឃើញឧទហរណ៍នៃរឿងបែបនេះនៅក្នុងសៀវភៅណាមួយ ឬការបោះពុម្ពណាមួយឬទេ? តើមានការកត់ត្រាថា មនុស្សម្នាក់បានបង្កើតស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើឬទេ? វាមិនមាននៅក្នុងសៀវភៅ ឬការកត់ត្រាណាផ្សេងទៀតនោះទេ។ ជាការពិតណាស់ ទាំងនេះគឺជាព្រះបន្ទូលដ៏មានព្រះចេស្ដា និងសិទ្ធិអំណាចតែមួយ អំពីការបង្កើតពិភពដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ ព្រះបន្ទូលទាំងនេះ ថ្លែងសម្រាប់សិទ្ធិអំណាច និងអត្តសញ្ញាណតែមួយគត់របស់ព្រះជាម្ចាស់។ តើសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះនេះ អាចត្រូវបាននិយាយដើម្បីបញ្ជាក់ពីអត្តសញ្ញាណតែមួយគត់របស់ព្រះជាម្ចាស់ឬទេ? តើពួកវាអាចត្រូវបានថ្លែងដើម្បីកំណត់អត្តសញ្ញាណថាជាកម្មសិទិ្ធរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់តែមួយអង្គឬ? មិនបាច់សង្ស័យនោះទេ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលមានសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះ! សិទ្ធិអំណាច និងព្រះចេស្ដានេះ មិនអាចត្រូវបានកាន់កាប់ ឬជំនួសដោយភាវៈដែលត្រូវបានបង្កើត ឬភាវៈដែលមិនត្រូវបានបង្កើតណាមួយនោះទេ! តើនេះមិនមែនជាចរិតលក្ខណៈមួយក្នុងចំណោមចរិតលក្ខណៈនានារបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ទេឬ? តើអ្នករាល់គ្នាបានធ្វើបន្ទាល់អំពីវាហើយឬនៅ? ពាក្យទាំងនេះ អនុញ្ញាតឲ្យមនុស្សយល់យ៉ាងច្បាស់ និងយ៉ាងឆាប់រហ័សអំពីការពិតដែលថា ព្រះជាម្ចាស់មានសិទ្ធិអំណាចតែមួយគត់ និងព្រះចេស្ដាតែមួយគត់ ព្រះជាម្ចាស់មានអត្តសញ្ញាណ និងឋានៈដ៏ឧត្ដុង្គឧត្តម។ តាមរយៈការប្រកបគ្នាខាងលើ តើអ្នករាល់គ្នាអាចនិយាយថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ឬទេ?

នៅថ្ងៃទីពីរ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់រៀបចំទឹក និងបង្កើតប្រឡោះ ហើយទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សជាមូលដ្ឋានបំផុត លេចរូបរាងឡើង

ចូរយើងអានខគម្ពីរទីពីរ៖ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។ វាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:៦-៧)។ តើការផ្លាស់ប្តូរអ្វីបានកើតឡើងបន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»? នៅក្នុងខគម្ពីរនិយាយថា «ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ»។ តើអ្វីគឺជាលទ្ធផល បន្ទាប់ពីព្រះជាម្ចាស់បានមានព្រះបន្ទូល និងធ្វើកិច្ចការនេះ? ចម្លើយគឺមាននៅក្នុងផ្នែកចុងក្រោយនៃខគម្ពីរ៖ «វាក៏កើតមានដូច្នោះមែន»។

ប្រយោគដ៏ខ្លីទាំងពីរនេះ កត់ត្រាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយពណ៌នាពីទស្សនីយភាពដ៏អស្ចារ្យមួយ គឺជាការធ្វើកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានគ្រប់គ្រងទឹក និងបានបង្កើតទីកន្លែងមួយដែលមនុស្សអាចរស់នៅ ...

នៅក្នុងរូបភាពនេះ ទឹក និងប្រឡោះលេចឡើងនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ភា្លមៗ ហើយពួកវាត្រូវបានញែកចេញពីគ្នាដោយសារសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានញែកទៅជា «ខាងលើ» និង «ខាងក្រោម» តាមរបៀបដែលព្រះជាម្ចាស់បានកំណត់។ មានន័យថា ប្រឡោះដែលព្រះជាម្ចាស់បានបង្កើត មិនត្រឹមតែគ្របដណ្តប់ទឹកនៅខាងក្រោមប៉ុណ្ណោះទេ វាថែមទាំងទ្រទឹកនៅខាងលើទៀតផង...។ នៅក្នុងសេចក្តីនេះ មនុស្សមិនអាចធ្វើអ្វីបាន ក្រៅតែពីសម្លឹងមើល ស្រឡាំងកាំង និងភ្ញាក់ផ្អើលដោយកោតសរសើរចំពោះឫទ្ធានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់ និងចំពោះភាពរុងរឿងនៃទស្សនីយភាពដែលព្រះអាទិករបានរំកិល និងបញ្ជាទឹក ហើយបង្កើតប្រឡោះនោះទេ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ព្រមទាំងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់សម្រេចបាននូវស្នាព្រះហស្តដ៏អស្ចារ្យមួយទៀត។ តើនេះមិនមែនជាឫទ្ធានុភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករទេឬ? ចូរយើងប្រើប្រាស់ខគម្ពីរដើម្បីពន្យល់ទង្វើរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ទើបមានប្រឡោះនៅកណ្តាលទឹក។ ព្រមជាមួយគ្នានេះ ការផ្លាស់ប្តូរដ៏អស្ចារ្យមួយបានកើតឡើងនៅក្នុងប្រឡោះនេះ ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ហើយវាមិនផ្លាស់ប្តូរតាមញាណធម្មតាមួយនោះទេ តែជាការជំនួសមួយប្រភេទដែលភាពទទេស្អាតបានក្លាយជាអ្វីមួយ។ វាបានកើតមកដោយសារព្រះតម្រិះរបស់ព្រះអាទិករ ហើយបានប្រែក្លាយពីភាពទទេស្អាត ទៅជាអ្វីមួយ ដោយសារតែព្រះបន្ទូលដែលព្រះអាទិករមានព្រះបន្ទូល ហើយជាងនេះទៅទៀត ចាប់ពីចំណុចនេះតទៅ វានឹងរស់នៅ ហើយឈរនៅមាំមួនដើម្បីផលប្រយោជន៍របស់ព្រះអាទិករ ហើយអាចនឹងប្រែប្រួល ផ្លាស់ប្តូរ និងធ្វើឲ្យថ្មីឡើងវិញ តាមរយៈព្រះតម្រិះរបស់ព្រះអាទិករ។ ខគម្ពីរនេះពណ៌នាអំពីសកម្មភាពទីពីរនៅក្នុងការបង្កើតពិភពលោកទាំងមូលរបស់ទ្រង់។ វាគឺជាការថ្លែងបញ្ជាក់មួយទៀតអំពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ ជាការចាប់ផ្តើមកិច្ចការដំបូងមួយទៀតដែលព្រះអាទិករបានឆ្លងកាត់ ចាប់តាំងពីការបង្កើតពិភពលោកមក ហើយវាគឺជាថ្ងៃដ៏អស្ចារ្យមួយទៀតសម្រាប់ទ្រង់។ ទ្រង់យាងនៅក្នុងពន្លឺ ទ្រង់នាំមកនូវប្រឡោះ ទ្រង់រៀបចំ និងគ្រប់គ្រងទឹក ហើយទង្វើរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ ត្រូវបានប្រើប្រាស់ដើម្បីធ្វើកិច្ចការនៅថ្ងៃថ្មី ...

តើមានប្រឡោះនៅកណ្តាលទឹកឬទេ មុនពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់? ពិតជាគ្មាននោះទេ! ចុះបន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក» វិញ? វត្ថុដែលព្រះជាម្ចាស់សព្វព្រះហឫទ័យបានលេចមក។ មានប្រឡោះនៅកណ្តាលទឹក ហើយទឹកត្រូវបានញែកចេញពីគ្នា ដោយសារតែព្រះជាម្ចាស់មានព្រះបន្ទូលថា «ដើម្បីញែកទឹកចេញពីគ្នា»។ តាមរបៀបនេះ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានវត្ថុពីរ ពោលគឺវត្ថុដែលទើបនឹងកើតថ្មីចំនួនពីរបានលេចមកក្នុងចំណោមរបស់សព្វសារពើ ដែលជាលទ្ធផលនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានអាម្មណ៍បែបណា អំពីការលេចមករបស់វត្ថុថ្មីទាំងពីរនេះ? តើអ្នកមានអារម្មណ៍អំពីភាពអស្ចារ្យនៃព្រះចេស្ដារបស់ព្រះអាទិករឬទេ? តើអ្នកមានអារម្មណ៍អំពីកម្លាំងដ៏វិសេស និងតែមួយគត់របស់ព្រះអាទិករឬទេ? ភាពអស្ចារ្យនៃកម្លាំង និងព្រះចេស្ដាបែបនេះ គឺអាស្រ័យលើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយសិទ្ធិអំណាចនេះ គឺជាតំណាងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។

តើខគម្ពីរនេះ ផ្តល់ឲ្យអ្នករាល់គ្នានូវការយល់ដឹងដ៏ជ្រាលជ្រៅម្តងទៀត អំពីភាពតែមួយគត់របស់ព្រះជាម្ចាស់ឬទេ? តាមពិតទៅ វាលើសពីគ្រប់គ្រាន់ទៅទៀត។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ លើសពីនេះឆ្ងាយណាស់។ ភាពតែមួយគត់របស់ទ្រង់ គឺមិនត្រឹមតែដោយសារទ្រង់មានលក្ខណៈសំខាន់មិនដូចទៅនឹងសត្តនិករណាមួយនោះទេ ប៉ុន្តែគឺដោយសារតែសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់វិសេស គ្មានដែនកំណត់ និងខ្ពស់លើរបស់សព្វសារពើ ហើយក៏ឈរនៅខាងលើរបស់សព្វសារពើដែរ។ ជាងនេះទៅទៀត ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់អាចបង្កើតជីវិត បង្កើតឫទ្ធិបារមី ព្រមទាំងបង្កើតនាទី និងវិនាទីនីមួយៗដ៏វិសេស និងអស្ចារ្យ។ ស្របពេលជាមួយគ្នានេះ ទ្រង់អាចគ្រប់គ្រងជីវិតដែលទ្រង់បង្កើត ហើយកាន់កាប់អធិបតេយ្យភាពលើការឫទ្ធិបារមី ព្រមទាំងលើនាទី និងវិនាទីនីមួយៗដែលទ្រង់បង្កើត។

នៅថ្ងៃទីបី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្តល់កំណើតដល់ផែនដី និងសមុទ្រ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បណ្តាលឲ្យពិភពលោកពោរពេញទៅដោយជីវិត

បន្ទាប់មក ចូរយើងអានប្រយោគទីមួយនៃព្រះគម្ពីរលោកុប្បត្តិ ជំពូក ១:៩-១១៖ «ព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង»។ តើការផ្លាស់ប្តូរអ្វីបានកើតឡើង បន្ទាប់ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូល «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង»? តើមានអ្វីនៅក្នុងកន្លែងនេះ ក្រៅពីពន្លឺ និងប្រឡោះ? នៅក្នុងខគម្ពីរបានសរសេរថា៖ «ព្រះជាម្ចាស់បានហៅទីគោកនោះថា ដី ហើយទឹកដែលប្រមូលផ្ដុំគ្នានោះថា សមុទ្រ ព្រះជាម្ចាស់ទតឃើញថាល្អ»។ មានន័យថា ពេលនេះមានដី និងសមុទ្រនៅក្នុងទីកន្លែងនេះ ហើយដី និងសមុទ្រត្រូវបានញែកចេញពីគ្នា។ ការលេចមកនៃវត្ថុថ្មីទាំងនេះ បានកើតឡើងបន្ទាប់ពីការបញ្ជាចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ «ហើយវាក៏កើតមានដូច្នោះមែន»។ តើខគម្ពីរពណ៌នាថា ព្រះជាម្ចាស់ប្រញាប់ប្រញាល់ ខណៈពេលដែលទ្រង់កំពុងធ្វើកិច្ចនេះឬទេ? តើខគម្ពីរពណ៌នាថាទ្រង់ប្រើកម្លាំងផ្នែករាងកាយឬទេ? ដូច្នេះ តើព្រះជាម្ចាស់បានធ្វើកិច្ចការនេះដោយរបៀបណា? តើព្រះជាម្ចាស់បានបណ្តាលឲ្យវត្ថុថ្មីទាំងនេះកើតឡើងដោយរបៀបណា? ជាក់ស្តែងដោយឯកឯង ព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីសម្រេចកិច្ចការទាំងអស់នេះ ដើម្បីបង្កើតវត្ថុទាំងអស់នេះ។

នៅក្នុងខគម្ពីរទាំងបីខាងលើ យើងបានដឹងអំពីការកើតឡើងនៃព្រឹត្តការណ៍ដ៏អស្ចារ្យចំនួនបី។ ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបីនេះបានកើតឡើង និងត្រូវបាននាំឲ្យកើតជាភាវៈ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគឺដោយសារព្រះបន្ទូលរបស់ទ្រង់នេះហើយ ទើបព្រឹត្តិការណ៍ទាំងនេះកើតឡើងពីមួយទៅមួយ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ គេអាចមើលឃើញថា ព្រះបន្ទូល «ព្រះជាម្ចាស់មានព្រះបន្ទូល នោះវានឹងត្រូវបានសម្រេច ព្រះជាម្ចាស់បញ្ជា នោះវានឹងឈរនៅមាំមួន» មិនឥតខ្លឹមសារនោះទេ។ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់នេះ ត្រូវបានបញ្ជាក់ភ្លាមៗថា ព្រះតម្រិះរបស់ទ្រង់ត្រូវបានចាប់ទំផ្ទៃ ហើយនៅពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ដើម្បីមានព្រះបន្ទូល នោះលក្ខណៈសំខនា់របស់ទ្រង់ត្រូវបានបង្ហាញឲ្យឃើញយ៉ាងពេញលេញ។

ចូរយើងបន្តប្រយោគចុងក្រោយនៃខគម្ពីរនេះ៖ «ព្រះជាម្ចាស់បានមានបន្ទូលថា៖ ចូរឲ្យ‌ដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី នោះវាក៏កើតមានដូច្នោះមែន»។ ខណៈពេលដែលព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូល របស់សព្វសារពើទាំងអស់នេះបានកើតជាភាវៈឡើង តាមពីក្រោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ហើយភ្លាមៗនោះ ការប្រមូលផ្តុំមួយរបស់សណ្ឋានមានជីវិតតូចៗដ៏ប្រណីតកំពុងអើតក្បាលរបស់ពួកវាចេញពីដីយ៉ាងទ្រេតទ្រោត ហើយមុនពេលដែលពួកវាគ្រលាស់ធូលីចេញពីរាងកាយរបស់ពួកវា ពួកវាថែមទាំងគ្រវីដៃរាក់ទាក់រកគ្នា ងក់ក្បាល និងញញឹមដាក់ពិភពលោកថែមទៀតផង។ ពួកវាអរគុណព្រះអាទិករសម្រាប់ជីវិតដែលទ្រង់ប្រទានដល់ពួកវា ហើយពួកវាប្រកាសដល់ពិភពលោកថា ពួកវាគឺជាផ្នែកមួយនៃរបស់សព្វសារពើ ហើយថាពួកវានីមួយៗនឹងថ្វាយជីវិតរបស់ពួកវាដើម្បីប្រកាសពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានមានព្រះបន្ទូល ដីបានក្លាយជាខៀវស្រងាត់ និងបៃតងខ្ចី តិណជាតិគ្រប់ប្រភេទដែលមនុស្សអាចនឹងរីករាយ បានចេញពន្លក និងដុះចេញពីដីមក ហើយភ្នំ និងតំបន់ទំនាប ត្រូវបានរុក្ខជាតិ និងព្រៃឈើដុះយ៉ាងក្រាស់...។ ពិភពលោកដែលឥតជីជាតិ ដែលមិនមានស្នាមដានជីវិតណាមួយនេះ ត្រូវបានគ្របដណ្តប់យ៉ាងឆាប់រហ័សដោយភាពសម្បូរណ៍ហូរហៀររបស់ស្មៅ តិណជាតិ និងរុក្ខជាតិទាំងឡាយ ហើយពេញទៅដោយពណ៌ខៀវស្រងាត់...។ ក្លិនក្រអូបរបស់ស្មៅ និងក្លិនក្រអូបរបស់ដីសាយភាយទូទាំងអាកាស ហើយរុក្ខជាតិជាជួរៗចាប់ផ្តើមដកដង្ហើមទៅតាមដំណើររបស់ខ្យល់ ហើយចាប់ផ្តើមដំណើរការនៃការដុះលូតលាស់។ ស្របពេលជាមួយគ្នានេះ ដោយអរព្រះគុណចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបន្ទាប់ពីព្រះជាម្ចាស់មានព្រះតម្រិះ នោះរុក្ខជាតិទាំងអស់ក៏ចាប់ផ្តើមវដ្ដជីវិតដែលគ្មានទីបញ្ចប់ ដែលពួកវាលូតលាស់ ចេញផ្កា និងបង្កើតផ្លែ ហើយបង្កើតកូនចៅច្រើនឡើង។ ពួកវាចាប់ផ្តើមប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវមាគ៌ាជីវិតរបស់ពួកវារៀងៗខ្លួន ហើយពួកវាចាប់ផ្តើមបំពេញតួនាទីរបស់ពួកវារៀងៗខ្លួននៅក្នុងរបស់សព្វសារពើ...។ ពួកវាទាំងអស់បានកើត និងបានរស់នៅ ដោយសារតែព្រះបន្ទូលរបស់ព្រះអាទិករ។ ពួកវានឹងទទួលការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់ដោយគ្មានទីបញ្ចប់របស់ព្រះអាទិករ ហើយនឹងតែងតែរស់នៅយ៉ាងស្វិតស្វាញជានិច្ចនៅគ្រប់ជ្រុងនៃដែនដី ដើម្បីប្រកាសអំពីសិទ្ធិអំណាច និងអំណាចរបស់ព្រះអាទិករ ហើយពួកវានឹងតែងតែប្រកាសជានិច្ច អំពីកម្លាំងជីវិតដែលព្រះអាទិករប្រទានដល់ពួកគេ ...

ជីវិតរបស់ព្រះអាទិករគឺវិសេសណាស់ ព្រះតម្រិះរបស់ទ្រង់គឺវិសេសណាស់ ហើយសិទ្ធិអំណាចរបស់ទ្រង់គឺវិសេសណាស់ ។ល។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ត្រូវបានមានព្រះបន្ទូល លទ្ធផលចុងក្រោយគឺ «ហើយវាក៏កើតមានដូច្នោះមែន»។ ច្បាស់ណាស់ ព្រះជាម្ចាស់មិនត្រូវការធ្វើកិច្ចការដោយប្រើប្រាស់ព្រះហស្តរបស់ទ្រង់នោះទេ នៅពេលដែលទ្រង់ធ្វើសកម្មភាព។ ទ្រង់គ្រាន់តែប្រើប្រាស់ព្រះតម្រិះរបស់ទ្រង់ដើម្បីបញ្ជា និងប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីបញ្ជា ហើយតាមរយៈវិធីនេះ នោះគ្រប់យ៉ាងត្រូវបានសម្រេច។ នៅថ្ងៃនេះ ព្រះជាម្ចាស់បានប្រមូលទឹកមកកន្លែងតែមួយ ហើយទ្រង់អនុញ្ញាតឲ្យដីគោកដុះលេចមក ក្រោយមកទ្រង់បណ្តាលឲ្យស្មៅដុះចេញពីដី ហើយឲ្យដុះតិណជាតិដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែ ហើយទ្រង់បានចាត់ថ្នាក់ពួកវានីមួយៗទៅតាមប្រភេទ ព្រមទាំងធ្វើឲ្យពួកវានីមួយៗមានគ្រាប់ផ្ទាល់ខ្លួនរបស់វា។ ទាំងអស់នេះ ត្រូវបានសម្រេច ដោយផ្អែកលើព្រះតម្រិះរបស់ព្រះជាម្ចាស់ និងការបញ្ជានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវត្ថុនីមួយៗកើតឡើងបន្តបន្ទាប់គ្នានៅក្នុងពិភពលោកថ្មីនេះ។

នៅពេលដែលទ្រង់មិនទាន់បានចាប់ផ្តើមកិច្ចការរបស់ទ្រង់នៅឡើយ ព្រះជាម្ចាស់មានរូបភាពមួយអំពីអ្វីដែលទ្រង់ចង់សម្រេចបាននៅក្នុងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយ ហើយនៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមម្រេចបាននូវវត្ថុទាំងនេះ ជាពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ដើម្បីមានព្រះបន្ទូលអំពីអ្វីៗដែលមាននៅក្នុងរូបភាពនេះដែរនោះ ការផ្លាស់ប្តូរនៅក្នុងរបស់សព្វសារពើក៏ចាប់ផ្តើមកើតឡើង។ អរព្រះគុណចំពោះសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ មិនថាវិធីដែលព្រះជាម្ចាស់បានធ្វើបែបណា ឬវិធីដែលទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់បែបណានោះទេ គឺគ្រប់យ៉ាងសម្រេចបានជាជំហានៗទៅតាមផែនការរបស់ព្រះជាម្ចាស់ ហើយដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះការផ្លាស់ប្តូរនៅចន្លោះស្ថានសួគ៌ និងផែនដីបានកើតឡើងជាជំហានៗ។ សូមអរព្រះគុណចំពោះព្រះបន្ទូល និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ការផ្លាស់ប្តូរ និងការកើតឡើងទាំងអស់នេះ បានប្រកាសពីសិទ្ធិអំណាចរបស់ព្រះអាទិករ និងភាពវិសេសវិសាល ព្រមទាំងភាពអស្ចារ្យនៃព្រះចេស្ដាជីវិតរបស់ព្រះអាទិករ។ ព្រះតម្រិះរបស់ទ្រង់មិនមែនជាព្រះតម្រិះដែលធម្មតា ឬជារូបភាពទទេស្អាតនោះទេ ប៉ុន្តែព្រះតម្រិះរបស់ទ្រង់គឺជាសិទ្ធិអំណាចមួយដែលមានភាពរស់រវើក និងថាមពលយ៉ាងវិសេស ហើយព្រះតម្រិះទាំងនេះគឺជាព្រះចេស្ដាដែលបណ្តាលឲ្យរបស់សព្វសារពើផ្លាស់ប្តូរ ទទួល ធ្វើឲ្យថ្មីឡើងវិញ និងស្លាប់។ ដោយសារតែបែបនេះ ទើបរបស់សព្វសារពើបំពេញតួនាទីដោយសារព្រះតម្រិះរបស់ទ្រង់ ហើយព្រមជាមួយគ្នានេះ របស់សព្វសារពើត្រូវបានសម្រេចដោយសារតែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ ...

មុនពេលដែលរបស់សព្វសារពើបានលេចមក ព្រះជាម្ចាស់បានបង្កើតផែនការដ៏ពេញលេញនៅក្នុងព្រះតម្រិះរបស់ទ្រង់តាំងពីយូរណាស់មកហើយ ហើយពិភពលោកថ្មីមួយ ត្រូវបានសម្រេចតាំងពីយូរណាស់មកហើយ។ ទោះបីជានៅថ្ងៃទីបី មានរុក្ខជាតិគ្រប់ប្រភេទនៅលើដីក៏ដោយ ក៏ព្រះជាម្ចាស់គ្មានហេតុផលដើម្បីកាត់បន្ថយជំហាននៃការបង្កើតពិភពលោករបស់ទ្រង់នេះដែរ។ ទ្រង់មានបំណងចង់បន្តថ្លែងព្រះបន្ទូលរបស់ទ្រង់ ដើម្បីបន្តសម្រេចបាននូវការបង្កើតវត្ថុថ្មីនីមួយៗ។ ទ្រង់អាចមានព្រះបន្ទូល អាចចេញបទបញ្ជារបស់ទ្រង់ និងអាចប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ព្រមទាំងអាចប្រកាសព្រះចេស្ដារបស់ទ្រង់ ហើយទ្រង់បានត្រៀមរៀបចំគ្រប់យ៉ាងដែលទ្រង់បានដាក់ផែនការ ដើម្បីត្រៀមសម្រាប់របស់សព្វសារពើ និងមនុស្សជាតិដែលទ្រង់សព្វព្រះហឫទ័យចង់បង្កើត ...

នៅថ្ងៃទីបួន រដូវ ថ្ងៃ និងឆ្នាំរបស់មនុស្សជាតិកើតមានឡើង នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ម្តងទៀត

ព្រះអាទិករបានប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីសម្រេចផែនការរបស់ទ្រង់ ហើយតាមវិធីនេះ ទ្រង់បានឆ្លងកាត់បីថ្ងៃដំបូងនៃផែនការរបស់ទ្រង់។ អំឡុងពេលបីថ្ងៃទាំងនេះ ព្រះជាម្ចាស់មិនរវល់ ឬធ្វើឲ្យព្រះអង្គផ្ទាល់អស់ព្រះកាយពលនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានឆ្លងកាត់បីថ្ងៃដំបូងដ៏អស្ចារ្យនៃផែនការរបស់ទ្រង់ ហើយសម្រេចបានការធ្វើកិច្ចការដ៏អស្ចារ្យនៃការផ្លាស់ប្តូរដ៏ធំធេងរបស់ពិភពលោក។ ពិភពលោកថ្មីមួយលេចមកនៅចំពោះព្រះនេត្ររបស់ទ្រង់ ហើយរូបភាពដែលបានដក់ជាប់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទីបញ្ចប់ត្រូវបានបើកបង្ហាញបន្តិចម្តងៗក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការលេចមកនៃវត្ថុថ្មីនីមួយៗ គឺដូចទៅនឹងកំណើតរបស់ក្មេងដែលទើបនឹងកើតម្នាក់ដែរ ហើយព្រះអាទិករសព្វព្រះហឫទ័យចំពោះរូបភាពដែលធ្លាប់តែជាព្រះតម្រិះរបស់ទ្រង់ ប៉ុន្តែពេលនេះបានក្លាយជាមានជីវិត។ នៅពេលនេះ ព្រះហឫទ័យរបស់ទ្រង់ទទួលបានចំណែកនៃការសព្វព្រះហឫទ័យ ប៉ុន្តែផែនការរបស់ទ្រង់ទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ត្រឹមតែមួយប៉ប្រិចភ្នែក ថ្ងៃថ្មីមួយបានមកដល់ ចុះទំព័របន្ទាប់នៃផែនការរបស់ព្រះជាម្ចាស់គឺជាអ្វី? តើទ្រង់បានមានព្រះបន្ទូលអ្វី? តើទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ដោយរបៀបណា? ព្រមជាមួយគ្នានេះ តើវត្ថុថ្មីអ្វីខ្លះដែលចូលមកក្នុងពិភពលោកថ្មីនេះ? ដោយការធ្វើតាមការចង្អុលបង្ហាញរបស់ព្រះអាទិករ ការសម្លឹងមើលរបស់យើងមកដល់ថ្ងៃទីបួននៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់ ជាថ្ងៃមួយដែលជាការចាប់ផ្តើមថ្មីមួយទៀត។ ជាការពិតណាស់ ចំពោះព្រះអាទិករ វាជាថ្ងៃដ៏អស្ចារ្យមួយទៀតដោយគ្មានការសង្ស័យនោះទេ ហើយវាគឺជាថ្ងៃដ៏សំខាន់បំផុតមួយទៀតសម្រាប់មនុស្សជាតិសព្វថ្ងៃនេះ។ ពិតណាស់ វាគឺជាថ្ងៃដែលមិនអាចប៉ាន់ប្រមាណបាន។ តើវាអស្ចារ្យបែបណា តើវាមានសារៈសំខាន់បែបណា ហើយតើវាមានតម្លៃដែលមិនអាចប៉ាន់ប្រមាណបានបែបណា? ដំបូង ចូរយើងស្តាប់ព្រះបន្ទូលដែលព្រះអាទិករបានមានព្រះបន្ទូល ...

«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ និងសម្រាប់ទុកជាទីសម្គាល់ និងសម្រាប់ជារដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាដុំពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែន‌ដី ហើយវាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:១៤-១៥)។ នេះគឺជាការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មួយទៀត ដែលត្រូវបានប្រកាសដោយសត្តនិករ ក្រោយពីការបង្កើតដីគោក និងរុក្ខជាតិនៅលើដីរបស់ទ្រង់។ សម្រាប់ព្រះជាម្ចាស់ សកម្មភាពបែបនេះគ្រាន់តែជាសកម្មភាពដែលងាយស្រួលដូចអ្វីដែលទ្រង់បានធ្វើរួចមកហើយ ពីព្រោះព្រះជាម្ចាស់មានព្រះចេស្ដាបែបនេះ ព្រះជាម្ចាស់ល្អដូចជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបានសម្រេច។ ព្រះជាម្ចាស់បានបញ្ជាពន្លឺឲ្យលេចមកនៅលើស្ថានសួគ៌ ហើយពន្លឺទាំងនេះមិនត្រឹមតែរះនៅលើផ្ទៃមេឃ និងផែនដីប៉ុណ្ណោះទេ ប៉ុន្តែពួកវាក៏បម្រើជាសញ្ញាសម្រាប់ពេលថ្ងៃ និងពេលយប់ សម្រាប់រដូវ សម្រាប់ថ្ងៃ និងសម្រាប់ឆ្នាំទៀតផង។ តាមរបៀបនេះ នៅពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ នោះគ្រប់សកម្មភាពដែលព្រះជាម្ចាស់មានបំណងចង់សម្រេចបាន ត្រូវបានសម្រេច ទៅតាមអត្ថន័យរបស់ព្រះជាម្ចាស់ និងទៅតាមរបៀបដែលព្រះជាម្ចាស់បានកំណត់។

ពន្លឺនៅស្ថានសួគ៌គឺជាលក្ខណៈសំខាន់នៅលើមេឃដែលអាចបញ្ចេញពន្លឺ។ ពួកវាអាចបំភ្លឺមេឃ និងដែនដី ព្រមទាំងសមុទ្រ។ ពួកវាបំបែកធាតុដោយផ្អែកលើចង្វាក់ និងភាពញឹកញាប់ដែលព្រះជាម្ចាស់បញ្ជា ហើយបញ្ចេញពន្លឺនៅក្នុងអំឡុងពេលវេលាខុសគ្នានៅលើដែនដី។ ហើយតាមរបៀបនេះ វដ្ដនៃការបំបែកធាតុរបស់ពន្លឺបណ្តាលឲ្យមានពេលថ្ងៃ និងពេលយប់នៅទិសខាងកើត និងនៅទិសខាងលិចនៃដែនដី។ ពួកវាមិនត្រឹមតែជាសញ្ញាសម្រាប់ពេលយប់ និងពេលថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈវដ្ដខុសៗគ្នាទាំងនេះ ពួកវាក៏បានរំលឹកខួបនៃពិធី និងថ្ងៃពិសេសរបស់មនុស្សជាតិដែរ។ ពួកវាគឺជាការបំពេញបន្ថែម និងដំណើរស្របគ្នាដ៏ពេញលេញចំពោះរដូវទាំងបួន គឺរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ ដែលព្រះជាម្ចាស់បានត្រាស់បង្គាប់ ដោយមានពន្លឺដើរតួនាទីយ៉ាងស្រុះស្រួល ជាសញ្ញាសម្គាល់ដ៏ត្រឹមត្រូវ និងទៀងទាត់របស់ពេលវេលា ថ្ងៃ និងឆ្នាំនៃចន្ទគតិរបស់មនុស្សជាតិ។ ទោះបីជាវាត្រឹមតែកើតឡើងក្រោយការមកដល់នៃការធ្វើកសិកម្ម ដែលមនុស្សជាតិចាប់ផ្តើមយល់ និងជួបប្រទះការបែងចែកពេលវេលា ថ្ងៃ និងឆ្នាំនៃចន្ទគតិដោយពន្លឺដែលព្រះជាម្ចាស់បានបង្កើតមកក៏ដោយ តាមពិតទៅ ពេលវេលា ថ្ងៃ និងឆ្នាំនៃចន្ទគតិដែលមនុស្សយល់សព្វថ្ងៃនេះ បានចាប់ផ្តើមកើតឡើងតាំងពីយូរមកហើយ គឺនៅថ្ងៃទីបួននៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។ ដូចគ្នានេះដែរ វដ្ដដែលឆ្លាស់គ្នានៃរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ ដែលមនុស្សធ្លាប់មានបទពិសោធន៍ ក៏បានចាប់ផ្តើមតាំងពីយូរមកហើយដែរ ពោលគឺនៅថ្ងៃទីបួននៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។ ពន្លឺដែលព្រះជាម្ចាស់បានបង្កើត បានធ្វើឲ្យមនុស្សអាចបែងចែកយ៉ាងច្បាស់ ត្រឹមត្រូវ និងទៀងទាត់អំពីភាពខុសគ្នារវាងពេលយប់ និងពេលថ្ងៃ ហើយរាប់ចំនួនថ្ងៃ ព្រមទាំងតាមដានយ៉ាងច្បាស់លាស់អំពីពេលវេលា និងឆ្នាំនៃចន្ទគតិទៀតផង។ (ថ្ងៃព្រះចន្ទពេញបូរមី គឺជាការបញ្ចប់នៃរយៈពេលមួយខែ ហើយចេញពីការសម្គាល់នេះ មនុស្សបានដឹងថា ការបញ្ចេញរស្មីរបស់ពន្លឺចាប់ផ្តើមវដ្ដថ្មី។ ថ្ងៃនៃព្រះចន្ទពាក់កណ្តាល គឺជាការបញ្ចប់នៃពាក់កណ្តាលមួយខែ ដែលបានប្រាប់មនុស្សថា ពេលវេលានៃចន្ទគតិថ្មីកំពុងតែចាប់ផ្តើម។ ចាប់ពីនោះមក វាអាចសន្និដ្ឋានពីចំនួនថ្ងៃ និងយប់នៅក្នុងពេលវេលានៃចន្ទគតិ និងចំនួនពេលវេលានៃចន្ទគតិនៅក្នុងរដូវ និងចំនួនរដូវនៅក្នុងឆ្នាំ ហើយទាំងអស់នេះត្រូវបានបើកសម្ដែងដោយភាពទៀងទាត់ដ៏អស្ចារ្យ)។ ដូច្នេះ មនុស្សអាចតាមដានយ៉ាងងាយស្រួលចំពោះពេលវេលានៃចន្ទគតិ ថ្ងៃ និងឆ្នាំ ដែលបដិវដ្តន៍របស់ពន្លឺបានកំណត់។ ចាប់ពីចំណុចនេះតទៅ មនុស្សជាតិ និងរបស់សព្វសារពើបានរស់នៅដោយមិនដឹងខ្លួន នៅក្នុងការឆ្លាស់គ្នាដ៏មានសណ្តាប់ធ្នាប់រវាងពេលយប់ និងពេលថ្ងៃ ព្រមទាំងបំលាស់ប្តូររបស់រដូវដែលបដិវដ្តន៍នៃពន្លឺបានបង្កើត។ នេះគឺជាសារៈសំខាន់នៃការបង្កើតពន្លឺនៅថ្ងៃទីបួនរបស់ព្រះអាទិករ។ ស្រដៀងគ្នានេះដែរ គោលបំណង និងសារៈសំខាន់នៃសកម្មភាពរបស់ព្រះអាទិករនេះ នៅតែមិនអាចកាត់ផ្តាច់ចេញពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។ ដូច្នេះ ពន្លឺដែលព្រះជាម្ចាស់បានផលិត និងគុណតម្លៃដែលពួកវានឹងនាំមកដល់មនុស្សក្នុងពេលដ៏ឆាប់ខាងមុខ គឺជាស្នាដៃដ៏អស្ចារ្យមួយផ្សេងទៀតនៅក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះអាទិករ។

នៅក្នុងពិភពលោកថ្មី ដែលមនុស្សជាតិមិនទាន់មានវត្តមាននៅឡើយនេះ ព្រះអាទិករបានត្រៀមរៀបចំពេលព្រឹក និងពេលល្ងាច ប្រឡោះ ដែនដី និងសមុទ្រ ស្មៅ តិណជាតិ និងរុក្ខជាតិប្រភេទនានា ពន្លឺ រដូវ ថ្ងៃ និងឆ្នាំសម្រាប់ជីវិតថ្មីដែលទ្រង់នឹងបង្កើតនៅពេលដ៏ឆាប់ខាងមុខ។ សិទ្ធិអំណាច និងអំណាចរបស់ព្រះអាទិករត្រូវបានបង្ហាញនៅក្នុងវត្ថុថ្មីនីមួយៗដែលទ្រង់បានបង្កើត ហើយព្រះបន្ទូល និងការសម្រេចបានរបស់ទ្រង់បានកើតឡើងព្រមគ្នា ដោយគ្មានភាពរអាក់រអួលសូម្បីតែបន្តិច និងដោយគ្មានការសម្រាកសូម្បីតែបន្តិច។ ការលេចមក និងកំណើតរបស់វត្ថុថ្មីទាំងអស់នេះ គឺជាអំណះអំណាងនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ។ ទ្រង់ល្អដូចព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងត្រូវបានសម្រេច ហើយអ្វីដែលទ្រង់សម្រេចបាននោះ នឹងស្ថិតនៅអស់កល្ប។ ការពិតនេះមិនដែលផ្លាស់ប្តូរនោះទេ៖ ទាំងនៅក្នុងអតីតកាល បច្ចុប្បន្ន និងនៅពេលខាងមុខដ៏អស់កល្បទាំងអស់។ នៅពេលដែលអ្នកមើលពាក្យនៃខគម្ពីរម្តងទៀត តើពាក្យទាំងនេះថ្មីស្រស់សម្រាប់អ្នករាល់គ្នាឬទេ? តើអ្នករាល់គ្នាបានឃើញខ្លឹមសារថ្មី និងបានរកឃើញអ្វីថ្មីឬទេ? នោះគឺដោយសារតែទង្វើរបស់ព្រះអាទិករបានអង្រួនចិត្តរបស់អ្នករាល់គ្នា ហើយបានតម្រង់ទិសដៅនៃចំណេះដឹងរបស់អ្នករាល់គ្នាអំពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។ ទង្វើរបស់ព្រះអាទិករក៏បានបើកទ្វារសម្រាប់ការយល់ដឹងរបស់អ្នករាល់គ្នាអំពីព្រះអាទិករដែរ ហើយទង្វើ និងសិទ្ធិអំណាចរបស់ទ្រង់បានប្រទានជីវិតដល់ព្រះបន្ទូលទាំងនេះ។ ដូច្នេះ នៅក្នុងព្រះបន្ទូលទាំងនេះ មនុស្សបានឃើញការបង្ហាញដ៏ពិត និងជាក់ស្តែងអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ហើយបានឃើញពីភាពវិសេសវិសាលនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ។

សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ បង្កើតការឫទ្ធិបារមីជាបន្តបន្ទាប់។ ទ្រង់ទាក់ទាញការយកចិត្តទុកដាក់របស់មនុស្ស ហើយមនុស្សមិនអាចជួយអ្វីបានក្រៅតែពីសម្លឹងមិនដាក់ភ្នែកចំពោះទង្វើដ៏អស្ចារ្យដែលកើតចេញពីការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់នោះទេ។ ព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់នាំយកពន្លឺមកជាបន្តបន្ទាប់ ហើយមនុស្សជាប់ចិត្ត និងសប្បាយរីករាយក្រៃលែង ដោយលាន់មាត់សរសើរ ញាប់ញ័រ និងត្រេកអរ។ ជាងនេះទៅទៀត មនុស្សផ្លាស់ទីដោយមើលឃើញនឹងភ្នែក ហើយមានការគោរព ការគួរសម និងការជំពាក់ចិត្តចំពោះពួកគេ។ សិទ្ធិអំណាច និងទង្វើរបស់ព្រះអាទិករ មានផលប៉ះពាល់ដ៏អស្ចារ្យ និងមានឥទ្ធិពលបន្សុទ្ធលើវិញ្ញាណរបស់មនុស្ស ហើយជាងនេះទៅទៀត ពួកវាទទួលយកវិញ្ញាណរបស់មនុស្ស។ ព្រះតម្រិះរបស់ទ្រង់នីមួយៗ ព្រះសូរសៀងរបស់ទ្រង់នីមួយៗ និងការបើកសម្ដែងនៃសិទ្ធិអំណាចរបស់ទ្រង់នីមួយៗ គឺជាស្នាដៃដ៏អស្ចារ្យក្នុងចំណោមរបស់សព្វសារពើ ហើយគឺជាការចាប់ផ្តើមកិច្ចការដ៏អស្ចារ្យ ដែលមានតម្លៃបំផុតសម្រាប់ការយល់ដឹង និងចំណេះដឹងដ៏ជ្រាលជ្រៅរបស់មនុស្សជាតិដែលត្រូវបានបង្កើត។ នៅពេលដែលយើងរាប់ចំនួនសត្តនិករនីមួយៗដែលកើតចេញពីព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះជាម្ចាស់ នោះវិញ្ញាណរបស់យើងត្រូវបាននាំទៅកាន់ភាពអស្ចារ្យនៃព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយយើងដឹងថាខ្លួនយើងកំពុងតែដើរតាមស្នាមព្រះបាទារបស់ព្រះអាទិករទៅថ្ងៃខាងមុខ៖ ជាថ្ងៃទីប្រាំនៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។

ចូរយើងបន្តអានខគម្ពីរម្តងមួយៗ នៅពេលដែលយើងសម្លឹងមើលទង្វើរបស់ព្រះអាទិករបន្ថែមទៀត។

នៅថ្ងៃទីប្រាំ ជីវិតរបស់សណ្ឋានផ្សេងៗ និងខុសៗគ្នា តាំងបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករតាមវិធីផ្សេងៗគ្នា

ខគម្ពីរនិយាយថា «ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានមច្ឆា‌ជាតិដ៏រស់រវើកនៅក្នុងទឹក និងមានបក្សា‌បក្សីហោះហើរពីលើផែនដីនៅក្នុងលំហអាកាស។ ព្រះជាម្ចាស់បានបង្កើតត្រីបាឡែនដ៏ធំសម្បើម និងគ្រប់ភាវៈមានជីវិតដែលមានចលនា ដែលមាននៅក្នុងទឹកទៅតាមពូជ និងគ្រប់ទាំងសត្វស្លាបតាមពូជរបស់វាដែរ។ ហើយព្រះជាម្ចាស់ទតឃើញថាល្អ» (លោកុប្បត្តិ ១:២០-២១)។ ខគម្ពីរប្រាប់យើងយ៉ាងច្បាស់ថា នៅថ្ងៃនេះ ព្រះជាម្ចាស់បានបង្កើតសត្តនិករនៅក្នុងទឹក និងបក្សីនៅនាអាកាស ដែលមានន័យថា ព្រះជាម្ចាស់បានបង្កើតមច្ឆា និងបក្សីនានា ហើយចាត់ថ្នាក់ពួកវានីមួយៗទៅតាមប្រភេទរបស់វា។ តាមរបៀបនេះ ផែនដី ផ្ទៃមេឃ និងទឹកត្រូវបានបំពេញដោយការបង្កើតរបស់ព្រះជាម្ចាស់ ...

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង នោះជីវិតថ្មីស្រស់បំព្រងនីមួយៗដែលមានសណ្ឋានខុសៗគ្នា មានជីវិតភ្លាមៗនៅក្នុងព្រះបន្ទូលរបស់ព្រះអាទិករ។ ពួកវាចូលមកក្នុងពិភពលោក ដោយប្រជ្រៀតគ្នារកទីតាំង លោតកញ្ឆេង និងប្រលែងលេងដើម្បីភាពរីករាយ...។ មច្ឆាគ្រប់សណ្ឋាន និងគ្រប់ទំហំទាំងអស់បានហែលកាត់ទឹក ហើយខ្ចៅខ្យងគ្រប់ប្រភេទបានធំលូតលាស់ចេញពីខ្សាច់។ សត្តនិករដែលមានស្រកា មានសំបក និងឥតឆ្អឹងកងខ្នង បានធំលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងសណ្ឋានផ្សេងៗគ្នា មិនថាធំឬតូច វែងឬខ្លីនោះទេ។ ចំណែករុក្ខជាតិដុះក្នុងសមុទ្រប្រភេទនានាក៏ដូចគ្នាដែរ ពួកវាចាប់ផ្តើមលូតលាស់យ៉ាងឆាប់រហ័ស ដោយយោលតាមចលនានៃជិវិតរបស់សត្វសមុទ្រនានា បក់ផាត់រវិចៗ រុញច្រានផ្ទៃទឹកដែលនឹង ហាក់ដូចជានិយាយទៅកាន់ពួកវាថា៖ «អង្រួនជើង! នាំមិត្តភក្តិរបស់អ្នកមក! ដ្បិតអ្នកនឹងមិនដែលឯកោតទៅទៀតទេ!» ចាប់ពីពេលដែលសត្តនិករមានជីវិតនានាដែលព្រះជាម្ចាស់បានបង្កើត បានលេចមកនៅក្នុងទឹក ជីវិតថ្មីនីមួយៗក៏បាននាំភាពរស់រវើកមកឲ្យទឹកដែលបានស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយ ហើយនាំមកនូវយុគសម័យថ្មីមួយ...។ ចាប់ពីចំណុចនោះតទៅ ពួកវាធ្វើសំបុក្រនៅក្បែរគ្នា និងធ្វើដំណើរជាមួយគ្នា ព្រមទាំងមិនទៅណាឆ្ងាយពីគ្នាឡើយ។ ទឹកកើតឡើងសម្រាប់សត្តិនិករដែលនៅក្នុងវា ដោយការផ្តល់អាហារដល់ជីវិតនីមួយៗដែលរស់នៅក្នុងការឱបក្រសោបរបស់វា ហើយជីវិតនីមួយៗរស់រានមានជីវិតដោយសារតែការផ្តល់អាហាររបស់វា ដើម្បីផលប្រយោជន៍របស់ទឹក។ សត្តនិករនីមួយៗផ្តល់ជីវិតឲ្យគ្នា ហើយស្របពេលជាមួយគ្នានេះ សត្តនិករនីមួយៗ នាំយកទីបន្ទាល់អំពីការឫទ្ធិបារមី និងភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ ព្រមទាំងព្រះចេស្ដាដ៏លើសលប់នៃសិទ្ធិអំណាចរបស់ព្រះអាទិកករ ...

ដោយសារតែសមុទ្រលែងមានសភាពស្ងត់ស្ងាត់ទៀត នោះជីវិតក៏ចាប់ផ្តើមបំពេញផ្ទៃមេឃដូចគ្នាដែរ។ បក្សីទាំងធំទាំងតូច ហើរចេញពីដីទៅលើអាកាសម្តងមួយៗ។ មិនដូចសត្តនិករនៅក្នុងសមុទ្រនោះទេ ពួកវាមានស្លាប និងរោមគ្របដណ្តប់រូបរាងដ៏សមសួន និងតូចច្រឡឹងរបស់ពួកវា។ ពួកវាទទះស្លាបយ៉ាងមានអំនួត និងយ៉ាងក្រអឺតក្រទម ដោយបង្ហាញរោមដ៏ស្រស់ស្អាតរបស់ពួកវា ព្រមទាំងតួនាទី និងជំនាញពិសេសរបស់ពួកវា ដែលព្រះអាទិករប្រទានដល់ពួកវា។ ពួកវាបានសំកាំងស្លាបដោយសេរី ហើយបានធ្វើដំណើរទៅមកយ៉ាងមានជំនាញ នៅចន្លោះផ្ទៃមេឃ និងផែនដី ជុំវិញវាលស្មៅ និងព្រៃឈើ...។ ពួកវាគឺជាបណ្តូលចិត្តរបស់អាកាស ពួកវាគឺជាបណ្តូលចិត្តនៃរបស់សព្វសារពើ។ មិនយូរទេ ពួកវានឹងក្លាយជាចំណងរវាងផ្ទៃមេឃ និងផែនដី ហើយនឹងនាំសារដល់របស់សព្វសារពើ...។ ពួកវាបានច្រៀង ពួកវាបានហើរឆាបចុះឡើងយ៉ាងសប្បាយរីករាយ ពួកវាមានបាននាំភាពសប្បាយរីករាយ សំណើច និងភាពរស់រវើកមកកាន់ពិភពលោកដែលធ្លាប់តែទទេស្អាត...។ ពួកវាបានប្រើប្រាស់ការច្រៀងដ៏ពិរោះ និងច្បាស់របស់ពួកវា ពួកវាបានប្រើពាក្យនៅក្នុងចិត្តរបស់ពួកវាដើម្បីសរសើរតម្កើងព្រះអាទិករសម្រាប់ជីវិតដែលបានប្រទានដល់ពួកវា។ ពួកវាបានរាំដោយអំណរដើម្បីសម្តែងនូវភាពគ្រប់លក្ខណ៍ និងការឫទ្ធិបារមីនៃការបង្កើតរបស់ព្រះអាទិករ ហើយនឹងថ្វាយជីវិតទាំងមូលរបស់ពួកវាដើម្បីនាំយកទីបន្ទាល់អំពីសិទ្ធិអំណាចរបស់ព្រះអាទិករ តាមរយៈជីវិតពិសេសដែលទ្រង់បានប្រទានដល់ពួកវា ...

មិនថាពួកវានៅក្នុងទឹក ឬនៅលើមេឃនោះទេ តាមរយៈការបញ្ជារបស់ព្រះអាទិករ នោះចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃវត្ថុមានជីវិត បានមានអត្ថិភាពនៅក្នុងសណ្ឋានជីវិតផ្សេងៗគ្នា ហើយតាមរយៈការបញ្ជារបស់ព្រះអាទិករ ពួកវាបានប្រមូលផ្តុំគ្នាទៅតាមពូជអំបូររៀងៗខ្លួនរបស់ពួកវា ហើយបញ្ញត្តិនេះ ក្រិត្យវិន័យនេះ គឺមិនអាចផ្លាស់ប្តូរបានដោយសត្តនិករណាមួយនោះឡើយ។ ពួកវាមិនដែលហ៊ាន ឬអាចទៅហួសព្រំដែនដែលព្រះអាទិករបានកំណត់សម្រាប់ពួកវានោះទេ។ ដោយសារពួកវាត្រូវបានតែងតាំងដោយព្រះអាទិករ នោះពួកវាបានរស់នៅ និងបានបង្កើតចំនួនច្រើនឡើង ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវមាគ៌ាជីវិត និងបញ្ញត្តិដែលព្រះអាទិករបានកំណត់សម្រាប់ពួកវា ហើយពួកវាគោរពចេញពីមនសិការចំពោះការបញ្ជាដោយមិនបានថ្លែងរបស់ទ្រង់ និងបទបញ្ជា ព្រមទាំងច្បាប់ស្ថានសួគ៌ ដែលទ្រង់បានប្រទានដល់ពួកវាតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ ពួកវាបានសន្ទនាជាមួយព្រះអាទិករទៅតាមវិធីពិសេសផ្ទាល់ខ្លួនរបស់ពួកវា ហើយបានមកដើម្បីសរសើរតម្កើងអត្ថន័យរបស់ព្រះអាទិករ និងបានគោរពតាមការបញ្ជារបស់ទ្រង់។ គ្មានសត្តនិករណាមួយធ្លាប់បានបំពានសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ ហើយអធិបតេយ្យភាព និងការបញ្ជារបស់ទ្រង់នៅលើពួកវា ត្រូវបានប្រើនៅក្នុងព្រះតម្រិះរបស់ទ្រង់។ គ្មានព្រះបន្ទូលណាមួយត្រូវបានដាក់ចេញនោះទេ ប៉ុន្តែសិទ្ធិអំណាចដែលមានតែមួយគត់របស់ព្រះអាទិករ បានគ្រប់គ្រងរបស់សព្វសារពើនៅក្នុងភាពស្ងប់ស្ងាត់ ដោយគ្មានតួនាទីភាសា ហើយដែលខុសគ្នាពីមនុស្សជាតិ។ ការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់នៅក្នុងវិធីដ៏ពិសេសនេះ បានបង្ខំឲ្យមនុស្សទទួលបានចំណេះដឹងថ្មី ហើយធ្វើការកាត់ស្រាយថ្មីមួយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅទីនេះ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅថ្ងៃថ្មីនេះ ការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះអាទិករ បានបញ្ជាក់ឲ្យឃើញជាថ្មីម្តងទៀត អំពីភាពមានតែមួយគត់របស់ព្រះអាទិករ។

បន្ទាប់មក ចូរយើងក្រឡេកមើលប្រយោគចុងក្រោយនៃខគម្ពីរ៖ «ព្រះជាម្ចាស់ទតឃើញថាល្អ»។ តើអ្នករាល់គិតថា វាមានន័យដូចម្តេច? មនោសញ្ចេតនារបស់ព្រះជាម្ចាស់គឺបង្កប់នៅក្នុងព្រះបន្ទូលទាំងនេះ។ ព្រះជាម្ចាស់បានទតមើលរបស់សព្វសារពើដែលទ្រង់បានបង្កើត មានរូបរាងឡើង ហើយឈរនៅមាំមួនដោយសារតែព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ នៅពេលនេះ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងវត្ថុនានាដែលទ្រង់បានបង្កើតដោយព្រះបន្ទូលរបស់ទ្រង់ និងសកម្មភាពនានាដែលទ្រង់សម្រេចបានឬទេ? ចម្លើយគឺ «ព្រះជាម្ចាស់ទតឃើញថាល្អ»។ តើអ្នករាល់គ្នាមើលឃើញអ្វីនៅទីនេះ? តើ «ព្រះជាម្ចាស់ទតឃើញថាល្អ» តំណាងឲ្យអ្វី? តើវាជានិមិត្តសញ្ញាអំពីអ្វី? វាមានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា និងព្រះប្រាជ្ញាញាណដើម្បីសម្រេចកិច្ចការដែលទ្រង់បានដាក់ផែនការ និងបានចេញបទបញ្ជាដើម្បីសម្រេចបានគោលបំណងដែលទ្រង់បានកំណត់ដើម្បីសម្រេច។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការនីមួយៗ តើទ្រង់មានព្រះហឫទ័យសោកស្តាយឬទេ? ចម្លើយគឺនៅតែ «ព្រះជាម្ចាស់ទតឃើញថាល្អ»។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់មិនត្រឹមតែមិនមានព្រះហឫទ័យសោកស្តាយនោះទេ ប៉ុន្តែទ្រង់ថែមទាំងសព្វព្រះហឫទ័យថែមទៀតផង។ តើទ្រង់មិនមានព្រះហឫទ័យសោកស្តាយមានន័យដូចម្តេច? វាមានន័យថា ផែនការរបស់ព្រះជាម្ចាស់គឺគ្រប់លក្ខណ៍ វាមានន័យថា អំណាច និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺគ្រប់លក្ខណ៍ ហើយវាមានន័យថា មានតែតាមរយៈសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះ ដែលភាពគ្រប់លក្ខណ៍បែបនេះអាចសម្រេចបាន។ នៅពេលដែលមនុស្សបំពេញកិច្ចការមួយ តើគេអាចមើលឃើញថា វាល្អ ដូចជាព្រះជាម្ចាស់ទតឃើញឬទេ? តើគ្រប់យ៉ាងដែលមនុស្សធ្វើអាចសម្រេចបានភាពគ្រប់លក្ខណ៍ឬទេ? តើមនុស្សអាចបំពេញអ្វីមួយម្តងជាសម្រេចរហូតអស់កល្បជានិច្ចឬទេ? ដូចជាមនុស្សនិយាយថា «គ្មានអ្វីដែលគ្រប់លក្ខណ៍នោះទេ មានតែប្រសើរជាងមុនប៉ុណ្ណោះ» គ្មានអ្វីដែលមនុស្សធ្វើ អាចទទួលបានភាពគ្រប់លក្ខណ៍នោះទេ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញថា គ្រប់យ៉ាងដែលទ្រង់បានធ្វើ និងសម្រេចបាន គឺល្អ គ្រប់យ៉ាងដែលទ្រង់បានបង្កើតគឺត្រូវបានកំណត់ដោយព្រះបន្ទូលរបស់ទ្រង់ ឬអាចនិយាយថា «ព្រះជាម្ចាស់ទតឃើញថាល្អ» គ្រប់យ៉ាងដែលទ្រង់បានបង្កើត បានទទួលយកសណ្ឋានដ៏អចិន្ត្រៃយ៍មួយ ត្រូវបានចាត់ចំណាត់ថ្នាក់តាមប្រភេទ និងត្រូវបានផ្តល់ទីតាំង គោលបំណង និងតួនាទីមិនប្រែប្រួលមួយតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច។ ជាងនេះទៅទៀត តួនាទីរបស់ពួកវាក្នុងចំណោមរបស់សព្វសារពើ និងមាគ៌ាដែលពួកវាត្រូវតែជ្រើសរើសក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយមិនអាចផ្លាស់ប្តូរបានទេ។ នេះគឺជាច្បាប់ស្ថានសួគ៌ដែលព្រះអាទិករបានប្រទានឲ្យរបស់សព្វសារពើ។

«ព្រះជាម្ចាស់ទតឃើញថាល្អ» ព្រះបន្ទូលដ៏សាមញ្ញ និងមិនត្រូវបានផ្តល់តម្លៃ ដែលគេមិនយកចិត្តទុកដាក់ជារឿយៗទាំងនេះ គឺជាព្រះបន្ទូលអំពីច្បាប់ និងបទបញ្ជាស្ថានសួគ៌ដែលព្រះជាម្ចាស់បានប្រទានដល់គ្រប់សត្តនិករទាំងអស់។ ពួកវាគឺជាតំណាងមួយផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលជាក់ស្តែងជាងមុន និងជ្រាលជ្រៅជាងមុន។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះអាទិករមិនត្រឹមតែអាចទទួលអ្វីៗគ្រប់យ៉ាងដែលទ្រង់បានកំណត់ដើម្បីសម្រេចបាននោះទេ ទ្រង់ថែមទាំងអាចគ្រប់គ្រងអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតនៅក្នុងព្រះហស្ដរបស់ទ្រង់ ព្រមទាំងត្រួតត្រាលើរបស់សព្វសារពើដែលទ្រង់បានបង្កើតនៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ថែមទៀតផង។ ហើយជាងនេះទៅទៀត អ្វីៗគ្រប់យ៉ាងគឺមានលក្ខណៈជាប្រព័ន្ធ និងប្រក្រតី។ របស់សព្វសារពើក៏ត្រូវបានបង្កើតឡើង រស់នៅ នឹងស្លាប់ ដោយសារព្រះបន្ទូលរបស់ទ្រង់ដែរ ហើយជាងនេះទៅទៀត ដោយសារសិទ្ធិអំណាចរបស់ទ្រង់ ពួកវាបានរស់នៅក្នុងច្បាប់ដែលទ្រង់បានកំណត់ ហើយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ! ច្បាប់នេះបានចាប់ផ្តើមភ្លាមៗដែល «ព្រះជាម្ចាស់ទតឃើញថាល្អ» ហើយវានឹងមានអត្ថិភាព បន្ត និងបំពេញតួនាទីដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃដែលវាត្រូវបានជំនួសដោយព្រះអាទិករ! សិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ត្រូវបានបង្ហាញឲ្យឃើញ មិនត្រឹមតែតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងបង្កើត និងបញ្ជារបស់សព្វសារពើឲ្យក្លាយជាភាវៈប៉ុណ្ណោះទេ ប៉ុន្តែសិទ្ធិអំណាចតែមួយគត់នេះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការគ្រប់គ្រង និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ ព្រមទាំងប្រទានជីវិត និងភាពរស់រវើកដល់របស់សព្វសារពើដែរ។ ជាងនេះទៅទៀត តាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការបណ្តាលឲ្យកើតឡើងតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច នោះរបស់សព្វសារពើដែលទ្រង់នឹងបង្កើតនៅក្នុងផែនការរបស់ទ្រង់ ក៏លេចមក និងរស់នៅក្នុងពិភពលោកដែលទ្រង់បានបង្កើត ក្នុងសណ្ឋានដ៏គ្រប់លក្ខណ៍ រចនាសម្ព័ន្ធជីវិតដ៏គ្រប់លក្ខណ៍ និងតួនាទីដ៏គ្រប់លក្ខណ៍។ សម្ថភាពនោះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរបៀបដែលព្រះតម្រិះរបស់ព្រះអាទិករមិនត្រូវបានដាក់កំហិត និងមិនត្រូវបានកំណត់ដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រ។ ដូចជាសិទ្ធិអំណាចរបស់ទ្រង់ដែរ អត្តសញ្ញាណតែមួយគត់របស់ព្រះអាទិករនឹងស្ថិតនៅដោយគ្មានផ្លាស់ប្តូរតាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ។ សិទ្ធិអំណាចរបស់ទ្រង់នឹងតែងតែជាតំណាង និងជានិមិត្តសញ្ញានៃអត្តសញ្ញាណតែមួយគត់របស់ទ្រង់ ហើយសិទ្ធិអំណាចរបស់ទ្រង់នឹងស្ថិតនៅជារៀងរហូត ទន្ទឹមគ្នានឹងអត្តសញ្ញាណរបស់ទ្រង់!

នៅថ្ងៃទីប្រាំមួយ ព្រះអាទិករមានព្រះបន្ទូល ហើយសត្តនិករមានជីវិតតាមប្រភេទនីមួយៗនៅក្នុងព្រះតម្រិះរបស់ទ្រង់ លេចមកម្តងមួយៗ

ភ្លេចៗត្រចៀក កិច្ចការរបស់ព្រះអាទិករក្នុងការបង្កើតរបស់សព្វសារពើបានបន្តអស់រយៈពេលប្រាំថ្ងៃ ហើយភ្លាមៗបន្ទាប់ពីនោះ ព្រះអាទិករបានស្វាគមន៍ថ្ងៃទីប្រាំមួយនៃការបង្កើតរបស់សព្វសារពើរបស់ទ្រង់។ នៅថ្ងៃនេះ គឺជាការចាប់ផ្តើមថ្មីមួយទៀត និងជាថ្ងៃដ៏វិសេសមួយផ្សេងទៀតដែរ។ បន្ទាប់មក តើអ្វីគឺជាផែនការរបស់ព្រះអាទិករនៅល្ងាចថ្ងៃថ្មីនេះ? តើសត្តនិករថ្មីៗអ្វីខ្លះដែលទ្រង់នឹងផលិត និងបង្កើត? ចូរស្តាប់ចុះ នោះគឺជាព្រះសូរសៀងរបស់ព្រះអាទិករ ...

«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែន‌ដីតាមពូជរបស់វា៖ វាក៏កើតមានដូច្នោះមែន។ ហើយព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែន‌ដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះជាម្ចាស់ទតឃើញថាល្អ» (លោកុប្បត្តិ ១:២៤-២៥)។ តើសត្តនិករមានជីវិតអ្វីខ្លះដែលត្រូវបានរួមបញ្ចូល? បទគម្ពីរចែងថា៖ សត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ។ មានន័យថា នៅថ្ងៃនេះ មិនត្រឹមតែមានសត្តនិករមានជីវិតគ្រប់ប្រភេទទាំងអស់នៅលើផែនដីនោះទេ ប៉ុន្តែពួកវាក៏ត្រូវបានចាត់ថ្នាក់តាមពូជដែរ ដូច្នេះហើយ «ព្រះជាម្ចាស់ទតឃើញថាល្អ»។

ដូចក្នុងអំឡុងពេលប្រាំថ្ងៃកន្លងមកនោះដែរ ព្រះអាទិករបានមានព្រះបន្ទូលដោយព្រះសូរសៀងដូចគ្នា ហើយបានបញ្ជាកំណើតរបស់សត្តនិករដែលមានជីវិតដែលទ្រង់សព្វព្រះហឫទ័យ ហើយពួកវាលេចមកនៅលើផែនដីទៅតាមពូជរៀងៗខ្លួនរបស់ពួកវា។ នៅពេលដែលព្រះអាទិករប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ គ្មានព្រះបន្ទូលណាមួយរបស់ទ្រង់ត្រូវបានថ្លែងដោយឥតប្រយោជន៍នោះឡើយ ដូច្នេះហើយ នៅថ្ងៃទីប្រាំមួយ សត្តនិករមានជីវិតនីមួយៗដែលទ្រង់សព្វព្រះហឫទ័យបង្កើត បានលេចមកនៅពេលវេលាដែលបានកំណត់។ ដូចដែលព្រះអាទិករបានមានព្រះបន្ទូលថា «ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា» ពេលនោះ ផែនដីបានពេញដោយជីវិតភ្លាមៗ ហើយនៅលើដី ដង្ហើមរបស់សត្តនិករមានជីវិតគ្រប់ប្រភេទបានកើតមានឡើងភ្លាមៗ...។ នៅក្នុងទីវាលខៀវស្រងាត់ពេញដោយស្មៅ សត្វគោដ៏មាំបក់កន្ទុយទៅវិញទៅមក បានលេចមកម្តងមួយៗ សត្វចៀមបានប្រមូលផ្តុំជាហ្វូង ហើយសត្វសេះដែលកំពុងកញ្ជ្រៀវបានចាប់ផ្តើមផាយជើងយ៉ាងលឿន...។ ភ្លាមៗនោះ វាលស្មៅដ៏ធំធេងដែលស្ងប់ស្ងាត់ បានពេញដោយជីវិត...។ ការលេចមកនៃសត្វស្រុកផ្សេងៗទាំងនេះ គឺជាទេសភាពដ៏ស្រស់ស្អាតនៅលើវាលស្មៅដ៏ស្ងាត់ជ្រងំ ហើយនាំមកនូវភាពរស់រវើកដោយគ្មានដែនកំណត់...។ ពួកវានឹងក្លាយជាគូកនរបស់វាលស្មៅ និងជាចៅហ្វាយរបស់វាលស្មៅ ហើយពួកវានីមួយៗគឺពឹងពាក់គ្នាទៅវិញទៅមក។ ពួកវាក៏នឹងក្លាយជាឆ្មាំ និងជាអ្នកថែរក្សាដែនដីទាំងនេះដែរ ហើយដែលដែនដីទាំងនេះនឹងក្លាយជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកវា និងជាកន្លែងដែលនឹងផ្តល់នូវអ្វីៗដែលពួកវាត្រូវការ គឺប្រពនៃការចិញ្ចឹមបីបាច់ជារៀងរហូតសម្រាប់អត្ថិភាពរបស់ពួកវា ...

ក្នុងថ្ងៃតែមួយដែលសត្វស្រុកផ្សេងៗទាំងនេះបានកើតឡើង នោះហ្វូងសត្វល្អិតជាច្រើនក៏បានលេចមកម្តងមួយៗ ដោយសារព្រះបន្ទូលរបស់ព្រះអាទិករដែរ។ ទោះបីជាពួកវាជាវត្ថុមានជីវិតដែលតូចជាងគេក្នុងចំណោមសត្តនិករទាំងអស់ក៏ដោយ ក៏កម្លាំងជីវិតរបស់ពួកវានៅតែជាការបង្កើតដ៏អស្ចារ្យរបស់ព្រះអាទិករដដែល ហើយពួកវាមិនបានមកយឺតពេកនោះទេ...។ សត្វល្អិតមួយចំនួនបានទទះស្លាបដ៏តូចៗរបស់ពួកវា ខណៈដែលសត្វល្អិតមួយចំនួនទៀតបានលូនវារយ៉ាងយឺតៗ។ សត្វល្អិតមួយចំនួនលោតផ្លោះ មួយចំនួនទៀតផ្លាស់ទីទ្រេតទ្រោតៗ។ សត្វល្អិតមួយចំនួនទៀតបានទៅមុខយ៉ាងលឿន ខណៈដែលសត្វល្អិតមួយចំនួនទៀត បានថយក្រោយយ៉ាងលឿន។ សត្វល្អិតមួយចំនួនបានផ្លាស់ទីទៅខាង ខ្លះទៀតបានលោតខ្ពស់ទាបចុះឡើង...។ គ្រប់សត្វល្អិតទាំងអស់កំពុងតែមមាញឹកស្វែងរកសម្បុកសម្រាប់ខ្លួនឯង៖ សត្វល្អិតខ្លះចូលទៅក្នុងស្មៅ សត្វល្អិតខ្លះកាយរូងទៅក្នុងដី សត្វល្អិតខ្លះហើរទៅលើដើមឈើលាក់ខ្លួននៅក្នុងព្រៃ...។ ទោះបីជាពួកវាមានរូបរាងតូចៗក៏ដោយ ពួកវាក៏មិនចង់អត់ទ្រាំនឹងទារុណកម្មនៃក្រពះដែលគ្មានអាហារនោះដែរ ដូច្នេះ បន្ទាប់ពីពួកវាស្វែងរកសម្បុកផ្ទាល់ខ្លួនរបស់ពួកវារួចហើយ ពួកវាប្រញាប់ប្រញាល់ស្វែងរកអាហារដើម្បីចិញ្ចឹមខ្លួន។ សត្វល្អិតមួយចំនួនឡើងលើស្មៅដើម្បីស៊ីស្លឹកស្មៅទន់ៗ សត្វល្អិតមួយចំនួនចាប់ស្រវាធូលីដីមួយម៉ាត់ ហើយលេបចូលទៅក្នុងក្រពះរបស់ពួកវា ដោយទទួលទានយ៉ាងរីករាយ និងដោយអំណរ (ចំពោះពួកវា សូម្បីតែធូលីដីក៏ជាអាហារដ៏ឆ្ងាញ់មួយដែរ)។ សត្វល្អិតខ្លះលាក់ខ្លួននៅក្នុងព្រៃ ប៉ុន្តែពួកវាមិនបានឈប់សម្រាកនោះទេ ដោយសារតែរុក្ខរសនៅក្នុងស្លឹកឈើដ៏ខៀវស្រងាត់ បានផ្តល់នូវអាហារដ៏មានឱជារសសម្រាប់ពួកវា...។ បន្ទាប់ពីពួកវាឆ្អែត សត្វល្អិតក៏នៅតែមិនបញ្ឈប់សកម្មភាពរបស់ពួកវាដែរ។ ទោះបីជាពួកវាមានរូបរាងតូចក៏ដោយ ក៏ពួកវាមានថាមពលដ៏អស្ចារ្យ និងភាពក្លៀវក្លាឥតដែនកំណត់ដែរ ដូច្នេះ នៅក្នុងចំណោមសត្តនិករទាំងអស់ ពួកវាសកម្មបំផុត និងឧស្សាហ៍បំផុត។ ពួកវាមិនដែលខ្ជិលច្រអូស ហើយមិនដែលបណ្តោយខ្លួននៅក្នុងការសម្រាកនោះទេ។ នៅពេលដែលពួកវាបានឆ្អែតនឹងអាហាររបស់ពួកវា ពួកវាបានប្រើកម្លាំងរបស់ពួកវាយ៉ាងលំបាកដើម្បីផលប្រយោជន៍នៃអនាគតរបស់ពួកវា ដោយធ្វើឲ្យខ្លួនមមាញឹក និងប្រញាប់ប្រញាល់សម្រាប់ថ្ងៃស្អែករបស់ពួកវា ក៏ដូចជាសម្រាប់ការរស់នៅរបស់ពួកវា...។ ពួកវាបន្លឺសម្លេងជាចម្រៀងដែលមានចង្វាក់ និងទំនុកភ្លេងផ្សេងៗ ដើម្បីផ្តល់កម្លាំងចិត្ត និងជំរុញទឹកចិត្តរបស់ពួកវា។ ពួកវាក៏បានបន្ថែមភាពសប្បាយរីករាយដល់ស្មៅ ដើមឈើ និងដីទាំងអស់ដែរ ដោយបង្កើតឲ្យថ្ងៃ និងឆ្នាំនីមួយៗមានលក្ខណៈតែមួយគត់...។ តាមរយៈភាសាផ្ទាល់ខ្លួនរបស់ពួកវា និងតាមរយៈវិធីផ្ទាល់ខ្លួនរបស់ពួកវា ពួកវាផ្ទេរព័ត៌មានទៅដល់វត្ថុមានជីវិតទាំងអស់នៅលើដី។ ដោយការប្រើមាគ៌ាជីវិតដ៏ពិសេសផ្ទាល់ខ្លួនរបស់ពួកវា ពួកវាធ្វើសញ្ញាសម្គាល់របស់សព្វសារពើដោយពួកវាបានបន្សល់ទុកស្លាកស្នាម...។ ពួកវាមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយដី ស្មៅ និងព្រៃឈើ ហើយពួកវាបាននាំយកថាមពល និងភាពរស់រវើកមកឲ្យដី ស្មៅ និងព្រៃឈើ។ ពួកវាបាននាំយកការរំឭកដាស់តឿន និងការសួរសុខទុក្ខរបស់ព្រះអាទិករ មកឲ្យវត្ថុមានជីវិតទាំងអស់ ...

ក្រសែព្រះនេត្ររបស់ព្រះអាទិករបានទតទៅគ្រប់របស់សព្វសារពើដែលទ្រង់បានបង្កើត ហើយនៅពេលនេះ ព្រះនេត្ររបស់ទ្រង់បានឈប់មួយស្របក់ដើម្បីទតមើលព្រៃឈើ និងភ្នំទាំងឡាយ ព្រះតម្រិះរបស់ទ្រង់ផ្លាស់ប្តូរ។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងចេញនៅក្នុងព្រៃឈើដ៏ក្រាស់ និងនៅលើភ្នំ ពេលនោះក៏មានលេចំកនូវសត្តនិករមួយប្រភេទ ដែលមិនដូចនឹងសត្តនិករដែលបានលេចមកកាលពីមុន។ ពួកវាគឺជាសត្វព្រៃដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូល។ យូរបន្តិចក្រោយមក ពួកវាបានងក់ក្បាលរបស់ពួកវា ហើយបានបក់កន្ទុយ ដោយសត្វនីមួយៗមានមុខតែមួយផ្ទាល់ខ្លួន។ សត្វខ្លះមានរោម សត្វខ្លះមានស្នែង សត្វខ្លះគ្មានចង្កូម សត្វខ្លះមានស្នាមញញឹម សត្វខ្លះមានកវែង សត្វខ្លះមានកន្ទុយខ្លី សត្វខ្លះមានភ្នែកលៀន សត្វខ្លះមានភ្នែកស្រទន់ សត្វខ្លះចំកោងខ្នងដើម្បីស៊ីស្មៅ សត្វខ្លះមានឈាមនៅនឹងមាត់របស់ពួកវា សត្វខ្លះលោតជើងពីរ សត្វខ្លះបោះជំហានដោយក្រចកទាំងបួន សត្វខ្លះសម្លឹងមើលចុងឈើដ៏ខ្ពស់ សត្វខ្លះទម្រេតខ្លួននៅក្នុងព្រៃ សត្វខ្លះស្វែងរករូងភ្នំដើម្បីសម្រាក សត្វខ្លះរត់ និងលេងនៅលើវាលរាប សត្វខ្លះដើរលបៗនៅក្នុងព្រៃ... សត្វខ្លះគ្រហឹម សត្វខ្លះលូ សត្វខ្លះព្រុស សត្វខ្លះយំ... សត្វខ្លះសម្លេងស្រាល សត្វខ្លះសម្លេងធំ សត្វខ្លះសម្លេងខ្ពស់ សត្វខ្លះសម្លេងច្បាស់ និងពិរោះ... សត្វខ្លះចង្រៃ សត្វខ្លះស្អាត សត្វខ្លះគួរឲ្យស្អប់ សត្វខ្លះគួរឲ្យស្រឡាញ់ សត្វខ្លះគួរឲ្យខ្លាច សត្វខ្លះស្លូតគួរឲ្យស្រឡាញ់...។ ពួកវាចេញមកម្តងមួយៗ។ ចូរមើលចុះ ពួកវាខ្ពស់ និងខ្លាំងប៉ុណ្ណា ឯករាជ្យម្ចាស់ការ នៅស្ងៀមមិនអើពើដាក់គ្នា មិនរំខានក្នុងការចំណាយពេលសម្លឹងមើលគ្នា...។ រាល់សត្វនីមួយៗមានជីវិតដោយឡែក មានភាពខ្លាំង និងមានភាពសាហាវផ្ទាល់ខ្លួន ដែលព្រះអាទិករប្រទានដល់ពួកវា ហើយពួកវាមាននៅក្នុងព្រៃ និងនៅលើភ្នំ។ ដោយមើលងាយចំពោះគ្រប់យ៉ាង និងក្រអឺតក្រទមទាំងស្រុងតែម្ដង តើនរណាបានធ្វើឲ្យពួកវាក្លាយជាម្ចាស់របស់ភ្នំ និងព្រៃឈើ? ចាប់តាំងពីពេលដែលព្រះអាទិករបានបញ្ជាឲ្យពួកវាលេចមក ពួកវាបាន «ប្រកាសកាន់កាប់» ព្រៃឈើ និងភ្នំ ព្រោះព្រះអាទិករបានកំណត់ព្រំដែនរបស់ពួកវា និងបានកំណត់វិសាលភាពនៃអត្ថិភាពរបស់ពួកវារួចហើយ។ មានតែពួកវាប៉ុណ្ណោះ គឺជាម្ចាស់ដ៏ពិតប្រាកដរបស់ភ្នំ និងព្រៃឈើ ដូច្នេះហើយទើបពួកវាមានលក្ខណៈព្រៃ និងក្រអឺតក្រទមណាស់។ ពួកវាត្រូវបានគេហៅថា «សត្វព្រៃ» គឺដោយសារតែក្នុងចំណោមសត្តនិករទាំងអស់ ពួកវាគឺជាសត្តនិករដែលពិតជាមានលក្ខណៈព្រៃ ឃោរឃៅ និងមិនអាចបង្រ្កាបបាន។ ពួកវាមិនអាចត្រូវបានបង្រ្កាបនោះទេ ដូច្នេះ ពួកវាមិនអាចត្រូវបានចិញ្ចឹម ហើយមិនអាចរស់នៅដោយភាពសុខដុមរមនាជាមួយមនុស្សជាតិ ឬប្រើកម្លាំងធ្វើការជំនួសមនុស្សជាតិបានទេ។ គឺដោយសារតែពួកវាមិនអាចត្រូវបានចិញ្ចឹម មិនអាចធ្វើការដើម្បីមនុស្សជាតិបែបនេះហើយ ទើបពួកវាត្រូវតែរស់នៅឆ្ងាយពីមនុស្សជាតិ ហើយមនុស្សមិនអាចចូលទៅរកពួកវាបានទេ។ ម៉្យាងវិញទៀត ដោយសារតែពួកវាបានរស់នៅឆ្ងាយពីមនុស្សជាតិ ហើយមនុស្សមិនអាចចូលទៅជិតពួកវាបាន ទើបពួកវាអាចបំពេញទំនួលខុសត្រូវដែលព្រះអាទិករបានប្រទានដល់ពួកវា៖ ការពារភ្នំ និងព្រៃឈើ។ ភាពខ្លាំងរបស់ពួកវា បានការពារភ្នំ និងការពារព្រៃឈើ ហើយកម្លាំងរបស់ពួកវាគឺជាការការពារ និងការធានាដ៏ល្អបំផុតនៃអត្ថិភាព និងការបន្តពូជរបស់ពួកវា។ ស្របពេលជាមួយគ្នានេះ ភាពខ្លាំងរបស់ពួកវា បានរក្សា និងបានធានាតុល្យភាពក្នុងចំណោមរបស់សព្វសារពើ។ ការមកដល់របស់ពួកវា បាននាំមកនូវការផ្គត់ផ្គង់ និងចំណតសម្រាប់ភ្នំ និងព្រៃឈើ។ ការមកដល់របស់ពួកវា បាននាំមកនូវថាមពល និងភាពរស់រវើកឥតកំណត់មកឲ្យភ្នំ និងព្រៃឈើដែលទទេស្អាត និងស្ងាត់ជ្រងំ។ ចាប់ពីពេលនេះតទៅ ភ្នំ និងព្រៃឈើបានក្លាយទៅជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកវា ហើយពួកវានឹងមិនដែលបាត់បង់ផ្ទះសម្បែងរបស់ពួកវានោះទេ ដោយសារតែភ្នំ និងព្រៃឈើបានលេចមក និងមានអត្ថិភាពដើម្បីពួកវា។ សត្វព្រៃនឹងបំពេញភារកិច្ចរបស់ពួកវា ហើយធ្វើគ្រប់យ៉ាងដែលពួកវាអាចធ្វើបានដើម្បីការពារភ្នំ និងព្រៃឈើនោះ។ សត្វព្រៃក៏នឹងគោរពយ៉ាងតឹងរឹងតាមការដាស់តឿនរបស់ព្រះអាទិករដែរ ដើម្បីកាន់កាប់ដែនដីរបស់ពួកវា ហើយបន្តប្រើប្រាស់ធម្មជាតិដ៏សាហាវរបស់ពួកវា ដើម្បីរក្សាតុល្យភាពនៃរបស់សព្វសារពើដែលព្រះអាទិករបានបង្កើត ហើយដើម្បីប្រកាសពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ!

ក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ របស់សព្វសារពើគឺសុទ្ធតែគ្រប់លក្ខណ៍

របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត រួមបញ្ចូលទាំងរបស់ដែលអាចផ្លាស់ទី និងរបស់ដែលមិនអាចផ្លាស់ទី ដូចជាបក្សី និងមច្ឆា ដូចជាដើមឈើ និងផ្កា និងរួមបញ្ចូលទាំងសត្វស្រុក សត្វល្អិត និងសត្វព្រៃ គឺត្រូវបានបង្កើតនៅថ្ងៃទីប្រាំមួយ។ ពួកវាសុទ្ធតែល្អនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយជាងនេះទៅទៀត នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ របស់ទាំងអស់នេះបានទទួលកម្រិតនៃភាពគ្រប់លក្ខណ៍ និងបានឈានដល់បទដ្ឋានដែលព្រះជាម្ចាស់ចង់សម្រេចបាន ទៅតាមផែនការរបស់ទ្រង់។ ព្រះអាទិករបានធ្វើកិច្ចការដែលទ្រង់ចង់ធ្វើមួយជំហានម្តងៗ ទៅតាមផែនការរបស់ទ្រង់។ អ្វីៗដែលទ្រង់ចង់បង្កើត បានលេចមកម្តងមួយៗ ហើយការលេចមកនៃវត្ថុនីមួយៗ គឺជាការឆ្លុះបញ្ចាំងពីសិទ្ធិអំណាចរបស់ទ្រង់។ ដោយសារតែភាពច្បាស់លាស់ទាំងនេះ ទើបសត្តនិករទាំងអស់មិនអាចជួយអ្វីបាន ក្រៅពីថ្លែងអំណរគុណចំពោះព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះអាទិករនោះទេ។ នៅពេលដែលទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបើកបង្ហាញ នោះពិភពលោកនេះបានប៉ោងឡើងម្តងមួយចំណែកៗ ជាមួយនឹងរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត ហើយវាបានផ្លាស់ប្តូរពីភាពវឹកវរ និងភាពងងឹត មកជាភាពច្បាស់លាស់ និងពន្លឺ ពីភាពស្ងប់ស្ងាត់ដែលគ្មានជីវិត ទៅជាភាពមានជីវិត និងភាពរស់រវើកឥតដែនកំណត់។ នៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក តាំងពីធំដល់តូច ពីតូចដល់តូចបំផុត គឺគ្មានវត្ថុណាមួយដែលមិនបានបង្កើតដោយសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករនោះទេ ហើយមានភាពចាំបាច់ និងគុណតម្លៃដែលបន្សល់ទុក និងដែលមានតែមួយសម្រាប់អត្ថិភាពរបស់សត្តនិករនីមួយៗ។ មិនថាសណ្ឋាន និងរូបរាងរបស់ពួកវាខុសគ្នាបែបណានោះទេ ពួកវាមិនមានអ្វីក្រៅពីត្រូវបានព្រះអាទិករបង្កើត ដើម្បីរស់នៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ។ ពេលខ្លះ មនុស្សនឹងមើលឃើញសត្វល្អិតមួយដែលអាក្រក់ ហើយពួកគេនិយាយថា «សត្វល្អិតនោះគឺអាក្រក់ខ្លាំងណាស់ គ្មានផ្លូវដែលព្រះជាម្ចាស់បង្កើតសត្វដែលអាក្រក់បែបនេះនោះទេ គ្មានផ្លូវដែលទ្រង់អាចបង្កើតអ្វីមួយដែលអាក្រក់ខ្លាំងបែបនេះទេ»។ ពិតជាការយល់ឃើញដ៏ឆោតល្ងង់មែន! អ្វីដែលពួកគេគួរនិយាយគឺ «ទោះបីជាសត្វល្អិតនេះអាក្រក់ណាស់ក៏ដោយ ក៏វាត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ដែរ ដូចនេះ វាត្រូវតែមានគោលបំណងផ្ទាល់ខ្លួនរបស់វា»។ នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ ទ្រង់ចង់ប្រទានរូបរាងនីមួយៗ និងតួនាទី ព្រមទាំងការប្រើប្រាស់គ្រប់ប្រភេទ ដល់វត្ថុមានជីវិតនានាដែលទ្រង់បានបង្កើតមក ហើយគ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក មានលក្ខណៈដូចគ្នានោះទេ។ តាំងពីសមាសភាគផ្សំផ្នែកខាងក្រៅរបស់ពួកវា ទៅដល់សមាសភាគផ្សំផ្នែកខាងក្នុងរបស់ពួកវា តាំងពីទម្លាប់រស់នៅរបស់ពួកវា រហូតដល់ទីកន្លែងដែលពួកវាកាន់កាប់ គឺនីមួយៗសុទ្ធតែខុសគ្នាទាំងអស់។ សត្វគោមានរូបរាងជាសត្វគោ សត្វលាមានរូបរាងជាសត្វលា សត្វក្តាន់មានរូបរាងជាសត្វក្តាន់ ហើយសត្វដំរីមានរូបរាងជាសត្វដំរី។ តើអ្នកអាចនិយាយថា មួយណាមានរូបរាងស្អាតបំផុត ហើយមួយណាមានរូបរាងអាក្រក់បំផុតឬទេ? តើអ្នកអាចនិយាយថា មួយណាមានប្រយោជន៍បំផុត ហើយអត្ថិភាពរបស់សត្វមួយណាដែលឥតប្រយោជន៍បំផុតឬទេ? មនុស្សមួយចំនួនចូលចិត្តរូបរាងរបស់សត្វដំរី ប៉ុន្តែគ្មាននរណាម្នាក់ប្រើប្រាស់សត្វដំរីដើម្បីដាំដំណាំនោះទេ។ មនុស្សមួយចំនួនចូលចិត្តរូបរាងរបស់សត្វតោ និងសត្វខ្លា ដោយសាររូបរាងរបស់ពួកវាគឺទាក់ទាញបំផុតក្នុងចំណោមរបស់សព្វសារពើ ប៉ុន្តែតើមានអ្នកអាចរក្សាទុកពួកវាជាសត្វចិញ្ចឹមបានទេ? សរុបមក នៅពេលដែលនិយាយពីរបស់ជាច្រើនដែលព្រះជាម្ចាស់បានបង្កើតមក មនុស្សគួរតែយល់ស្របតាមសិទ្ធិអំណាចរបស់ព្រះអាទិករ ឬអាចនិយាយថា មនុស្សគួរតែយល់ស្របតាមសណ្តាប់ធ្នាប់ដែលព្រះអាទិករបានកំណត់សម្រាប់របស់សព្វសារពើ។ នេះគឺជាឥរិយាបថដ៏ឆ្លាតវៃបំផុត។ មានតែឥរិយាបថនៃការស្វែងរក និងការស្តាប់បង្គាប់តាមគោលបំណងដើមរបស់ព្រះអាទិករប៉ុណ្ណោះ ទើបជាការទទួលយកដ៏ពិត និងជាភាពច្បាស់លាស់នៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ វាល្អនៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ ដូច្នេះ តើមានហេតុផលអ្វីដែលមនុស្សត្រូវតែស្វែងរកកំហុសនោះ?

ដូច្នេះ របស់សព្វសារពើនៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ គឺដើម្បីលេងបទមហោរីថ្មីមួយបទសម្រាប់អធិបតេយ្យភាពរបស់ព្រះអាទិករ ដើម្បីចាប់ផ្តើមសេចក្តីផ្តើមដ៏ចំណានមួយសម្រាប់កិច្ចការនៃថ្ងៃថ្មីរបស់ទ្រង់ ហើយនៅពេលនេះ ព្រះអាទិករក៏នឹងបើកទំព័រថ្មីមួយទៀតនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ដែរ! ផ្អែកទៅតាមច្បាប់ដែលព្រះអាទិករបានកំណត់ ដូចជាឲ្យដុះថ្មីនៅរដូវផ្ការីក ឲ្យទុំនៅរដូវក្តៅ ឲ្យប្រមូលផលនៅរដូវស្លឹកឈើជ្រុះ និងឲ្យវេចខ្ចប់ទុកនៅរដូវរងារ នោះរបស់សព្វសារពើនឹងធ្វើតាមផែនការគ្រប់គ្រងរបស់ព្រះអាទិករ ហើយពួកវានឹងស្វាគមន៍ថ្ងៃថ្មី ការចាប់ផ្តើមថ្មី និងមាគ៌ាជីវិតថ្មីផ្ទាល់ខ្លួនរបស់ពួកវា។ ពួកវានឹងរស់នៅ និងបន្តពូជជារៀងរាល់ថ្ងៃនៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករ ...

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក ព្រះចេស្ដារបស់ព្រះជាម្ចាស់បានចាប់ផ្តើមត្រូវបានបញ្ចេញ និងត្រូវបានបើកសម្ដែងឲ្យឃើញ ដ្បិតព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ។ មិនថាទ្រង់បានបង្កើតពួកវាដោយវិធីអ្វី ហើយមិនថាមូលហេតុអ្វីបានជាទ្រង់បានបង្កើតពួកវានោះទេ គឺរបស់សព្វសារពើបានមានរូបរាងឡើង ហើយបានឈរនៅមាំមួន ព្រមទាំងបានរស់នៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅមុនពេលដែលមនុស្សជាតិបានលេចមកនៅក្នុងពិភពលោក ព្រះអាទិករបានប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដើម្បីបង្កើតរបស់សព្វសារពើសម្រាប់មនុស្សជាតិ ហើយប្រើប្រាស់វិធីសាស្ត្រតែមួយគត់របស់ទ្រង់ដើម្បីត្រៀមរៀបចំបរិស្ថានរស់នៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិ។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការត្រៀមរៀបចំសម្រាប់មនុស្សជាតិ ដែលនឹងទទួលដង្ហើមរបស់ទ្រង់នៅពេលដ៏ឆាប់ខាងមុខ។ មានន័យថា នៅមុនពេលដែលមនុស្សត្រូវបានបង្កើតមក សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅក្នុងគ្រប់សត្តនិករទាំងអស់ដែលខុសគ្នាពីមនុស្សជាតិ នៅក្នុងអ្វីៗដែលអស្ចារ្យដូចស្ថានសួគ៌ នៅក្នុងពន្លឺ នៅក្នុងសមុទ្រ និងដែនដី ហើយនៅក្នុងពពួកតូចៗដូចជាសត្វ និងបក្សាបក្សី ក៏ដូចជានៅក្នុងសត្វល្អិត និងកោសិកាតូចៗគ្រប់ប្រភេទ រួមទាំងពពួកបាក់តេរីផ្សេងៗដែលមើលមិនឃើញនឹងភ្នែកទទេផង។ សត្តនិករនីមួយៗត្រូវបានប្រទានជីវិតដោយព្រះបន្ទូលរបស់ព្រះអាទិករ សត្តនិករនីមួយៗត្រូវបានកកើតដោយសារព្រះបន្ទូលរបស់ព្រះអាទិករ ហើយសត្តនិករនីមួយៗបានរស់នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករដោយសារតែព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាពួកវាមិនបានទទួលដង្ហើមរបស់ព្រះអាទិករក៏ដោយ ក៏ពួកវានៅតែបានប្រកាសប្រាប់ពីភាពរស់រវើករបស់ជីវិត ដែលព្រះអាទិករបានប្រទានដល់ពួកវា តាមរយៈសណ្ឋាន និងរូបរាងខុសៗគ្នារបស់ពួកវាដែរ។ ទោះបីជាពួកវាមិនបានទទួលសមត្ថភាពដើម្បីនិយាយ ដែលព្រះអាទិករបានប្រទានដល់មនុស្សជាតិក៏ដោយ ក៏ពួកវានីមួយៗបានទទួលវិធីនៃការបង្ហាញជីវិតរបស់ពួកវា ដែលព្រះអាទិករបានប្រទានដល់ពួកវាដែរ ហើយវិធីនេះខុសពីភាសារបស់មនុស្សជាតិ។ សិទ្ធិអំណាចរបស់ព្រះអាទិករមិនត្រឹមតែប្រទានភាពរស់រវើកនៃជីវិតដល់វត្ថុនានាដែលមិនមានចលនា ដែលធ្វើឲ្យពួកវានឹងមិនវិនាសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានសភាវគតិដើម្បីបន្តពូជ និងបង្កើតកូនចៅច្រើនឡើងដល់ភាវៈមានជីវិតទាំងអស់ទៀតផង ដូចនេះ ពួកវានឹងមិនដែលវិនាសឡើយ ហើយពីជំនាន់មួយទៅជំនាន់មួយ ពួកវានឹងផ្ទេរបញ្ញត្តិ និងគោលការណ៍សម្រាប់រស់នៅដែលព្រះអាទិករបានប្រទានដល់ពួកវា។ របៀបដែលព្រះអាទិករបានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះទស្សនៈធំតូចណាមួយឡើយ ហើយក៏មិនត្រូវបានកំណត់តាមទម្រង់ណាមួយនោះដែរ។ ទ្រង់អាចបញ្ជាដំណើរការនៃសាកលលោក ហើយកាន់កាប់អធិបតេយ្យភាពលើជីវិត និងសេចក្តីស្លាប់នៃរបស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់អាចបញ្ជារបស់សព្វសារពើបាន ដូច្នេះទើបពួកវាអាចបម្រើទ្រង់។ ទ្រង់អាចរៀបចំកិច្ចការទាំងអស់របស់ភ្នំ ទន្លេ និងបឹងបួរ ហើយត្រួតត្រារបស់សព្វសារពើនៅក្នុងពួកវា ហើយលើសពីនោះ ទ្រង់អាចផ្គត់ផ្គត់អ្វីដែលរបស់សព្វសារពើត្រូវការ។ នេះគឺជាការបើកបង្ហាញនៃសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករនៅក្នុងចំណោមរបស់សព្វសារពើក្រៅពីមនុស្សជាតិ។ ការបើកបង្ហាញបែបនេះ គឺមិនមែនសម្រាប់តែមួយជីវិតប៉ុណ្ណោះទេ តែវានឹងមិនដែលឈប់ ឬសម្រាកឡើយ ហើយវាមិនអាចត្រូវបានកែប្រែ ឬបំផ្លាញដោយមនុស្ស ឬវត្ថុណាមួយ ឬអាចបន្ថែមបន្ថយដោយមនុស្ស ឬវត្ថុណាមួយឡើយ ព្រោះគ្មានអ្វីមួយអាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ដូច្នេះហើយ សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចត្រូវបានជំនួសដោយភាវៈដែលត្រូវបានបង្កើតណាមួយនោះទេ វាមិនត្រូវបានទទួលដោយភាវៈដែលមិនបានបង្កើតណាមួយឡើយ។ ចូរយកអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតាធ្វើជាឧទាហរណ៍។ ពួកគេមិនមានព្រះចេស្ដារបស់ព្រះជាម្ចាស់នោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនមានសិទ្ធិអំណាចរបស់ព្រះអាទិករដែរ ហើយមូលហេតុដែលពួកគេមិនមានព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺដោយសារតែពួកគេមិនមានលក្ខណៈសំខាន់របស់ព្រះអាទិករ។ ភាវៈដែលមិនត្រូវបានបង្កើត ដូចជាអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតា ទោះបីជាពួកគេអាចធ្វើកិច្ចការមួយចំនួនជំនួសព្រះជាម្ចាស់បានក៏ដោយ ក៏ពួកគេមិនអាចតំណាងឲ្យព្រះជាម្ចាស់បានដែរ។ ទោះបីជាពួកគេមានអំណាចខ្លះៗដែលមនុស្សគ្មានក៏ដោយ ក៏ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដើម្បីបង្កើតរបស់សព្វសារពើ ដើម្បីបញ្ជារបស់សព្វសារពើ និងដើម្បីកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើទេ។ ដូច្នេះ ភាពមានតែមួយគត់របស់ព្រះជាម្ចាស់មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយ ហើយស្រដៀងគ្នានេះដែរ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ក៏មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយដែរ។ នៅក្នុងព្រះគម្ពីរ តើអ្នកបានអានអំពីអ្នកនាំសាររបស់ព្រះជាម្ចាស់ណាមួយដែលបានបង្កើតរបស់សព្វសារពើឬទេ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានចាត់អ្នកនាំសារ ឬទេវតារបស់ទ្រង់ណាមួយឲ្យបង្កើតរបស់សព្វសារពើ? គឺដោយសារតែពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនមានសមត្ថភាពក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ដូចទៅនឹងសត្តនិករទាំងអស់ដែរ ពួកគេទាំងអស់សុទ្ធតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ ដូច្នេះ ក្នុងវិធីដូចគ្នានេះ ព្រះអាទិករក៏ជាព្រះជាម្ចាស់របស់ពួកគេ និងជាព្រះដ៏មានអធិបតេយ្យភាពរបស់ពួកគេដែរ។ នៅក្នុងចំណោមពួកគេម្នាក់ៗ មិនថាពួកគេខ្ពង់ខ្ពស់ ឬតូចទាប មានអំណាចច្រើន ឬតិចនោះទេ គឺគ្មាននរណាម្នាក់អាចលើសពីសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ។ ដូច្នេះនៅក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ពួគេនឹងមិនដែលត្រូវបានហៅថាជាព្រះជាម្ចាស់ និងមិនអាចក្លាយជាព្រះអាទិករបានឡើយ។ នេះគឺជាការពិត និងជាសេចក្តីពិតដែលមិនអាចកែប្រែបាន!

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងការអភិវឌ្ឍន៍របស់មនុស្សជាតិសព្វថ្ងៃនេះ វិទ្យាសាស្ត្ររបស់មនុស្សជាតិអាចនិយាយបានថា កំពុងតែរីកចម្រើនលូតលាស់ ហើយសមិទ្ធផលនៃការរុករកបែបវិទ្យាសាស្ត្ររបស់មនុស្ស អាចពណ៌នាបានថា គួរឲ្យចាប់អារម្មណ៍។ វាត្រូវតែត្រូវបាននិយាយថា សមត្ថភាពរបស់មនុស្សកំពុងតែរីកចម្រើនកាន់តែប្រសើរឡើង ប៉ុន្តែមានការរកឃើញបែបវិទ្យាសាស្ត្រមួយដែលមនុស្សជាតិមិនអាចធ្វើបាន៖ មនុស្សជាតិបានផលិតយន្តហោះ នាវាផ្ទុកយន្តហោះ គ្រាប់បែកនុយក្លេអ៊ែរ មនុស្សជាតិបានទៅដល់ឋានអវកាស បានដើរនៅលើភពព្រះចន្ទ និងបានបង្កើតអ៊ិនធឺណែត ហើយបានរស់នៅក្នុងរបៀបរស់នៅបែបបច្ចេកវិទ្យាទាន់សម័យ ប៉ុន្តែមនុស្សជាតិមិនអាចបង្កើតវត្ថុដែលអាចដកដង្ហើម និងវត្ថុមានជីវិតបានទេ។ សភាវគតិរបស់សត្តនិករមានជីវិតនីមួយៗ និងច្បាប់ដែលពួកវារស់នៅ ព្រមទាំងវដ្ដនៃជីវិត និងសេចក្តីស្លាប់របស់វត្ថុមានជីវិតនីមួយៗ ទាំងអស់នេះគឺហួសពីអំណាចនៃវិទ្យាសាស្ត្ររបស់មនុស្សជាតិ ហើយមនុស្សជាតិមិនអាចគ្រប់គ្រងបានទេ។ នៅត្រង់ចំណុចនេះ ត្រូវនិយាយថា មិនថាវិទ្យាសាស្ត្ររបស់មនុស្សឈានដល់កម្រិតខ្ពស់អស្ចារ្យប៉ុនណានោះទេ គឺវាមិនអាចប្រៀបធៀបជាមួយព្រះតម្រិះណាមួយរបស់ព្រះអាទិករបានឡើយ ហើយវាក៏មិនអាចយល់ពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់ និងសព្វានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មានមហាសមុទ្រជាច្រើននៅលើផែនដី ប៉ុន្តែពួកវាមិនដែលបំពានដែនកំណត់របស់ពួកវា ហើយមកនៅលើដីតាមអំពើចិត្តនោះឡើយ ហើយនោះគឺដោយសារតែព្រះជាម្ចាស់ដែលបានកំណត់ព្រំដែនសម្រាប់ពួកវានីមួយៗ។ ពួកវាបានស្នាក់នៅទីកន្លែងដែលទ្រង់បានបញ្ជាពួកវាឲ្យនៅ ហើយបើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់នោះទេ ពួកវាមិនអាចផ្លាស់ទីដោយសេរីបានឡើយ។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ពួកវាមិនអាចប៉ះពាល់គ្នាបានទេ ហើយពួកវាអាចត្រឹមតែផ្លាស់ទីនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលឲ្យផ្លាស់ទីប៉ុណ្ណោះ ហើយទីកន្លែងដែលពួកវាទៅ និងស្នាក់នៅត្រូវបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

និយាយឲ្យសាមញ្ញទៅ «សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» មានន័យថា គឺអាស្រ័យលើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិក្នុងការសម្រេចព្រះទ័យអំពីវិធីដើម្បីធ្វើអ្វីមួយ ហើយវានឹងសម្រេចបានទៅតាមវិធីណាមួយដែលទ្រង់សព្វព្រះហឫទ័យ។ ច្បាប់នៃរបស់សព្វសារពើគឺអាស្រ័យលើព្រះជាម្ចាស់ ហើយមិនអាស្រ័យលើមនុស្សនោះទេ។ មនុស្សក៏មិនអាចកែប្រែច្បាប់នេះបានដែរ។ វាមិនត្រូវបានផ្លាស់ទីដោយបំណងរបស់មនុស្សនោះទេ ផ្ទុយទៅវិញវាត្រូវបានផ្លាស់ប្តូរដោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបទបញ្ជារបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលមនុស្សមិនអាចបដិសេធបាន។ ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ សាកលលោក ផ្ទៃមេឃដែលពេញដោយផ្កាយ រដូវទាំងបួនរបស់ឆ្នាំដែលមនុស្សមើលឃើញ និងមើលមិនឃើញ គឺទាំងអស់នេះសុទ្ធតែស្ថិតនៅ បំពេញតួនាទី និងផ្លាស់ប្តូរដោយគ្មានការខុសឆ្គងសូម្បីតែបន្តិច នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទៅតាមការបញ្ជារបស់ព្រះជាម្ចាស់ ទៅតាមបទបញ្ជារបស់ព្រះជាម្ចាស់ និងទៅតាមច្បាប់នៃការចាប់ផ្តើមការបង្កើត។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរច្បាប់របស់ពួកវា ឬផ្លាស់ប្តូរមាគ៌ាដែលមានពីកំណើត ដែលពួកវាបំពេញតួនាទីឡើយ។ ពួកវាក្លាយជាភាវៈដោយសារសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយស្លាប់ទៅវិញដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។ ពេលនេះ យើងបាននិយាយអំពីបញ្ហានេះច្រើនហើយ តើអ្នកមានអារម្មណ៍ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញានៃអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឬទេ? តើភាវៈត្រូវបានបង្កើត និងភាវៈមិនត្រូវបានបង្កើតអាចមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចយកតម្រាប់តាម ដើរតួជាតំណាង ឬជំនួសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានទេ?

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អំណាចរបស់ព្រះជាម្ចាស់គឺអាចបង្កើតអ្វីៗគ្រប់សណ្ឋានដែលមានជីវិត និងភាពរស់រវើក ហើយទាំងនេះត្រូវបានកំណត់ដោយជីវិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាជីវិត ដូច្នេះទ្រង់គឺជាប្រភពនៃភាវៈមានជីវិតទាំងអស់។ ជាងនេះទៅទៀត សិទ្ធិអំណាចរបស់ព្រះជាម្ចាស់អាចធ្វើឲ្យភាវៈមានជីវិតទាំងអស់គោរពតាមព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ ពោលគឺ ក្លាយជាភាវៈដោយផ្អែកលើព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយរស់នៅ និងបន្តពូជដោយការបញ្ជារបស់ព្រះជាម្ចាស់ ដែលក្រោយមក ព្រះជាម្ចាស់ត្រួតត្រា និងបញ្ជាភាវៈមានជីវិតទាំងអស់ ហើយនឹងមិនដែលមានការកែប្រែជានិច្ចនិរន្តរ៍។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានលក្ខណៈទាំងនេះទេ គឺមានតែព្រះអាទិករប៉ុណ្ណោះដែលមាន និងកាន់កាប់ព្រះចេស្ដាបែបនេះ ដូច្នេះ វាត្រូវបានហៅថា សិទ្ធិអំណាច។ នេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ។ ដូចនេះ មិនថាពាក្យ «សិទ្ធិអំណាច» ឬលក្ខណៈសំខាន់របស់សិទ្ធិអំណាចនេះទេ ពួកវានីមួយៗអាចត្រឹមតែជាប់ទាក់ទងជាមួយព្រះអាទិករប៉ុណ្ណោះ ដោយសារតែវាគឺជានិមិត្តរូបនៃអត្តសញ្ញាណ និងលក្ខណៈសំខាន់តែមួយគត់របស់ព្រះអាទិករ ហើយវាតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ ក្រៅពីព្រះអាទិករ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចជាប់ទាក់ទងជាមួយពាក្យ «សិទ្ធិអំណាច» បានទេ។ នេះគឺជាការកាត់ស្រាយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

«ខ្ញុំដាក់ឥន្ធ‌ធនូរបស់ខ្ញុំនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលខ្ញុំបានតាំងរវាងខ្ញុំ និងផែន‌ដី»។ ទាំងនេះគឺជាព្រះបន្ទូលដើមដែលព្រះអាទិករបានមានព្រះបន្ទូលទៅកាន់មនុស្សជាតិ។ នៅពេលដែលទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ នោះឥន្ទធនូលេចឡើងនៅចំពោះភ្នែករបស់មនុស្ស ហើយវាបានស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ គ្រប់គ្នាបានឃើញឥន្ទធនូបែបនេះ ហើយនៅពេលដែលអ្នកឃើញវា តើអ្នកដឹងទេថាវាកើតឡើងដោយរបៀបណា? វិទ្យាសាស្ត្រមិនអាចអះអាង ឬដឹងពីប្រភពរបស់វា ឬកំណត់សម្គាល់ទីកន្លែងរបស់វាបានទេ។ នោះគឺដោយសារតែឥន្ទធនូគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលបានតាំងរវាងព្រះអាទិករ និងមនុស្ស។ វាមិនទាមទារមូលដ្ឋានបែបវិទ្យាសាស្ត្រ វាមិនត្រូវបានបង្កើតដោយមនុស្ស ហើយមនុស្សក៏មិនអាចកែប្រែវាបានដែរ។ វាគឺជាដំណើរបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ បន្ទាប់ពីទ្រង់ថ្លែងព្រះបន្ទូលរបស់ទ្រង់។ ព្រះអាទិករបានប្រើប្រាស់វិធីសាស្ត្រជាក់លាក់របស់ទ្រង់ផ្ទាល់ ដើម្បីគោរពតាមសេចក្តីសញ្ញា និងការសន្យារបស់ទ្រង់ជាមួយមនុស្ស។ ដូច្នេះ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់នៃសេចក្តីសញ្ញាដែលទ្រង់បានតាំង គឺជាបទបញ្ជា និងច្បាប់ស្ថានសួគ៌ ដែលគួរតែស្ថិតនៅជារៀងរហូតដោយមិនផ្លាស់ប្តូរនោះទេ ទោះបីជាចំពោះព្រះអាទិករ ឬចំពោះមនុស្សជាតិដែលត្រូវបានបង្កើតក៏ដោយ។ ច្បាប់ដែលមិនអាចកែប្រែបាននេះ ត្រូវតែបាននិយាយថា គឺជាការបើកបង្ហាញដ៏ពិតមួយទៀតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ នៅក្រោយការបង្កើតរបស់សព្វសារពើរបស់ទ្រង់ ហើយវាត្រូវតែបាននិយាយថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករគឺគ្មានដែនកំណត់នោះទេ។ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់ គឺជាដំណើរបន្ត និងការបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសកម្មភាពមួយទៀត ដែលព្រះជាម្ចាស់បានបំពេញ ដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ហើយវាគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយមនុស្សដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានមានបន្ទូលប្រាប់មនុស្សនូវអ្វីដែលទ្រង់បានសម្រេចព្រះហឫទ័យថានឹងនាំមក ហើយរបៀបដែលវានឹងត្រូវបានបំពេញ និងសម្រេច។ តាមរបៀបនេះ កិច្ចការត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានអំណាចបែបនេះ ហើយសព្វថ្ងៃនេះ គឺរាប់ពាន់ឆ្នាំបន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ មនុស្សនៅតែអាចសម្លឹងមើលឃើញឥន្ទធនូ ដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដដែល។ ដោយសារតែព្រះបន្ទូលទាំងនោះត្រូវបានថ្លែងដោយព្រះជាម្ចាស់ នោះវត្ថុនេះនៅតែមិនត្រូវបានកែប្រែ និងមិនត្រូវបានផ្លាស់ប្តូររហូតមកទល់នឹងសព្វថ្ងៃនេះ។ គ្មានអ្វីមួយអាចដកឥន្ទធនូនេះចេញបានទេ គ្មានអ្វីអាចផ្លាស់ប្តូរច្បាប់របស់វាបានទេ ហើយវាស្ថិតនៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់លាស់។ «ព្រះជាម្ចាស់ល្អដូចជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងត្រូវបានសម្រេច ហើយអ្វីដែលទ្រង់បានសម្រេចស្ថិតនៅអស់កល្បជានិច្ច»។ ព្រះបន្ទូលនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅទីនេះ ហើយវាគឺជាទីសម្គាល់ និងជាចរិកលក្ខណៈនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ទីសម្គាល់ និងចរិកលក្ខណៈបែបនេះ គឺមិនអាចមាន ឬត្រូវបានឃើញនៅក្នុងភាវៈដែលត្រូវបានបង្កើតណាមួយ ឬត្រូវបានឃើញនៅក្នុងភាវៈដែលមិនត្រូវបានបង្កើតណាមួយឡើយ។ វាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តែមួយអង្គគត់ ហើយវាញែកអត្តសញ្ញាណ និងលក្ខណៈសំខាន់ដែលកាន់កាប់ដោយព្រះអាទិករប៉ុណ្ណោះ ចេញពីអត្តសញ្ញាណ និងលក្ខណៈសំខាន់របស់សត្តនិករ។ ស្របពេលជាមួយគ្នានេះ វាក៏ជាទីសម្គាល់ និងជាចរិកលក្ខណៈដែលបញ្ជាក់ថា ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក គ្មានភាវៈណាមួយអាចលើសបានឡើយ ទោះជាភាវៈដែលត្រូវបានបង្កើតមក និងភាវៈដែលមិនត្រូវបានបង្កើតមកក្ដី។

ការតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយមនុស្ស គឺជាសកម្មភាពដែលមានសារៈសំខាន់ដ៏អស្ចារ្យមួយ ដែលទ្រង់សព្វព្រះហឫទ័យចង់ប្រើប្រាស់ដើម្បីនាំការពិតមួយទៅកាន់មនុស្ស ហើយប្រាប់មនុស្សអំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ដោយសារមូលហេតុនេះ ទើបទ្រង់បានប្រើប្រាស់វិធីសាស្ត្រតែមួយគត់ ដោយការប្រើប្រាស់ទីសម្គាល់ពិសេសមួយដើម្បីតាំងសញ្ញាជាមួយមនុស្ស គឺជាទីសម្គាល់ដែលជាការសន្យានៃសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយមនុស្ស។ ដូច្នេះ តើការតាំងសញ្ញា គឺជាហេតុការណ៍ដ៏អស្ចារ្យឬទេ? តើវាអស្ចារ្យបែបណា? នេះគឺពិតជាអ្វីដែលពិសេសណាស់អំពីសេចក្តីសញ្ញា៖ វាមិនត្រឹមតែជាសេចក្តីសញ្ញាដែលបានតាំងរវាងមនុស្សម្នាក់ និងមនុស្សម្នាក់ ឬរវាងក្រុមមួយនិងក្រុមមួយ ឬរវាងប្រទេសមួយនិងប្រទេសមួយនោះទេ ប៉ុន្តែ វាគឺជាសេចក្តីសញ្ញាមួយដែលត្រូវបានតាំងរវាងព្រះអាទិករ និងមនុស្សជាតិទាំងមូល ហើយវានៅតែមានសុពលភាពរហូតដល់ថ្ងៃដែលព្រះអាទិករបំផ្លាញរបស់សព្វសារពើ។ អ្នកប្រតិបត្តិនៃសេចក្តីសញ្ញានេះ គឺជាព្រះអាទិករ ហើយអ្នកថែរក្សារបស់វាក៏ជាព្រះអាទិករដែរ។ សរុបមក សេចក្តីសញ្ញាឥន្ទធនូទាំងមូលដែលត្រូវបានតាំងជាមួយមនុស្សជាតិ ត្រូវបានបំពេញ និងត្រូវបានសម្រេច ដោយផ្អែកលើការសន្ទនារវាងព្រះអាទិករ និងមនុស្សជាតិ ហើយវាបានស្ថិតនៅរហូតមកទល់នឹងសព្វថ្ងៃនេះ។ តើសត្តនិករអាចធ្វើអ្វីបានទៀត ក្រៅពីថ្វាយខ្លួន ស្តាប់បង្គាប់ ជឿ សរសើរ ធ្វើជាទីបន្ទាល់ និងសរសើរតម្កើងសិទ្ធិអំណាចរបស់ព្រះអាទិករនោះ? គ្មានអ្វីមួយក្រៅពីព្រះជាម្ចាស់តែមួយអង្គគត់ ដែលមានព្រះចេស្ដាដើម្បីតាំងសញ្ញាបែបនេះទេ។ ការលេចមកនូវឥន្ទធនូម្តងហើយម្តងទៀត គឺជាការប្រកាសដល់មនុស្សជាតិ និងជាការដាស់ការចាប់អាម្មណ៍របស់គេទៅលើសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ។ នៅក្នុងការលេចមកជាបន្តបន្ទាប់នៃសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ អ្វីដែលត្រូវបានបង្ហាញដល់មនុស្ស មិនមែនជាឥន្ទធនូ ឬជាសេចក្តីសញ្ញនោះទេ ប៉ុន្តែគឺជាសិទ្ធិអំណាចដែលមិនអាចផ្លាស់ប្តូរបានរបស់ព្រះអាទិករវិញ។ ការលេចមកវិញរបស់ឥន្ទធនូ បង្ហាញពីទង្វើដ៏អស្ចារ្យ និងសម្បើមរបស់ព្រះអាទិករនៅទីកន្លែងអាថ៌កំបាំង ហើយស្របពេលជាមួយគ្នានេះ ការលេចមកវិញរបស់ឥន្ទធនូ គឺជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលនឹងមិនដែលបាត់បង់ និងមិនដែលផ្លាស់ប្តូរឡើយ។ តើនេះមិនមែនជាការបង្ហាញពីទិដ្ឋភាពមួយទៀត នៃសិទ្ធិអំណាចរបស់ព្រះអាទិករទេឬ?

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល «ខ្ញុំនឹងពហុគុណដល់ពូជអ្នក» នេះគឺជាសេចក្តីសញ្ញាមួយដែលព្រះជាម្ចាស់បានតាំងជាមួយអ័ប្រាហាំ ហើយដូចទៅនឹងសេចក្តីសញ្ញាឥន្ទធនូដែរ វានឹងត្រូវបានសម្រេចអស់កល្បជានិច្ច ហើយវាក៏ជាសេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះអ័ប្រាហាំដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមាគុណសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាពដើម្បីធ្វើឲ្យសេចក្តីសន្យានេះក្លាយជាការពិត។ មិនថាមនុស្សជឿ ឬមិនជឿអំពីរឿងនេះនោះទេ មិនថាមនុស្សទទួលយកវាបាន ឬមិនបាននោះទេ ហើយមិនថាមនុស្សយល់យ៉ាងណាចំពោះវា ឬចាត់ទុកវាបែបណានោះទេ គ្រប់យ៉ាងទាំងអស់នឹងត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងបំណង និងសញ្ញាណរបស់មនុស្សនោះទេ ហើយវានឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងមនុស្ស ហេតុការណ៍ ឬវត្ថុអ្វីមួយឡើយ។ របស់សព្វសារពើនឹងវិនាសបាត់ទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងស្ថិតនៅជារៀងរហូត។ តាមពិត ថ្ងៃដែលអ្វីៗអាចវិនាសបាត់ទៅ គឺពិតជាថ្ងៃដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចយ៉ាងពេញលេញ ព្រោះទ្រង់ជាព្រះអាទិករ ទ្រង់មានសិទ្ធិអំណាចរបស់ព្រះអាទិករ ទ្រង់មានព្រះចេស្ដារបស់ព្រះអាទិករ ហើយទ្រង់គ្រប់គ្រងរបស់សព្វសារពើ និងកម្លាំងជីវិតទាំងអស់។ ទ្រង់អាចបណ្តាលឲ្យអ្វីមួយកើតចេញមកពីភាពគ្មានអ្វីសោះ ឬអាចធ្វើឲ្យអ្វីមួយក្លាយទទេសូន្យ ហើយទ្រង់គ្រប់គ្រងការផ្លាស់ប្តូរនៃរបស់សព្វសារពើ តាំងពីការរស់នៅរហូតដល់ស្លាប់។ សម្រាប់ព្រះជាម្ចាស់ គ្មានអ្វីសាមញ្ញជាងការចម្រើនកូនចៅរបស់នរណាម្នាក់ ឲ្យច្រើនសន្ធឹកសន្ធាប់នោះទេ។ ការនិយាយបែបនេះ ស្តាប់ទៅហាក់ដូចជារឿងប្លែកអស្ចារ្យសម្រាប់មនុស្ស ដូចជារឿងព្រេងអ៊ីចឹង ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ អ្វីដែលទ្រង់សម្រេចព្រះហឫទ័យ និងសន្យាធ្វើ មិនមែនជារឿងប្លែកអស្ចារ្យ ឬជារឿងព្រេងនោះទេ។ ផ្ទុយទៅវិញ វាជាការពិតមួយដែលព្រះជាម្ចាស់បានឃើញរួចទៅហើយ ហើយដែលនឹងត្រូវបានសម្រេចយ៉ាងពិតប្រាកដ។ តើអ្នករាល់គ្នាកោតសរសើរចំពោះរឿងនេះទេ? តើការពិតបានបញ្ជាក់ថា កូនចៅរបស់លោកអ័ប្រាហាំមានចំនួនសន្ធឹកសន្ធាប់ឬទេ? តើពួកគេច្រើនសន្ធឹកសន្ធាប់បែបណា? តើពួកគេច្រើនសន្ធឹកសន្ធាប់ដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» ដែលព្រះជាម្ចាស់មានព្រះបន្ទូលឬទេ? តើពួកគេរាយប៉ាយនៅទូទាំងជាតិសាសន៍ និងតំបន់ ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកឬទេ? តាមរយៈអ្វី ដែលការពិតនេះត្រូវបានសម្រេច? តើវាត្រូវបានសម្រេចដោយសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? អស់រយៈពេលរាប់រយ ឬរាប់ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តសម្រេចរហូតមក ហើយកំពុងក្លាយជាការពិតជានិច្ច។ នេះគឺជាសព្វានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាអំណះអំណាងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើនៅគ្រាដំបូង ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺឡើង» ដូច្នេះពន្លឺក៏មានឡើង។ ហេតុការណ៍នេះបានកើតឡើងយ៉ាងឆាប់រហ័ស ត្រូវបានសម្រេចក្នុងរយៈពេលដ៏ខ្លី និងគ្មានការពន្យារពេលក្នុងការសម្រេច និងការទទួលបានរបស់វានោះទេ។ លទ្ធផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺភ្លាមៗមួយរំពេច។ ហេតុការណ៍ទាំងពីរខាងលើនេះ គឺជាការបង្ហាញឲ្យឃើញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំ ទ្រង់អនុញ្ញាតឲ្យមនុស្សមើលឃើញលក្ខណៈសំខាន់មួយចំហៀងផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ក៏ដូចជាអនុញ្ញាតឲ្យមនុស្សឃើញការពិតដែលថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺហួសពីការគណនា។ ជាងនេះទៅទៀត ទ្រង់បានអនុញ្ញាតឲ្យមនុស្សឃើញផ្នែកដែលល្អជាង និងពិតជាងនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ នោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បញ្ជាលើកិច្ចការនេះ ហើយការពិតដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានសន្យា ចាប់ផ្តើមក្លាយជាការពិតបន្តិចម្តងៗ។ ជាលទ្ធផល ការផ្លាស់ប្តូរចាប់ផ្តើមកើតឡើងនៅក្នុងចំណោមរបស់សព្វសារពើ ដូចទៅនឹងការមកដល់នៃរដូវផ្ការីក ដែលស្មៅប្រែជាពណ៌បៃតង ផ្កាចាប់រីក ផ្កាក្រពុំចេញពន្លកពីដើមឈើ បក្សាបក្សីចាប់ផ្តើមច្រៀង ក្ងានត្រឡប់មកវិញ ហើយទីវាលពេញទៅដោយមនុស្សអ៊ីចឹង...។ តាមរយៈការមកដល់នៃរដូវផ្ការីក របស់សព្វសារពើត្រូវបានធ្វើឲ្យថ្មីស្រស់ ហើយនេះគឺជាទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ។ នៅពេលដែលព្រះជាម្ចាស់សម្រេចសេចក្តីសន្យារបស់ទ្រង់ នោះរបស់សព្វសារពើនៅលើស្ថានសួគ៌ និងនៅលើផែនដីប្រែជាថ្មីឡើងវិញ ហើយផ្លាស់ប្តូរទៅតាមព្រះតម្រិះរបស់ព្រះជាម្ចាស់ ដោយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ។ នៅពេលដែលការប្ដេជ្ញា ឬសេចក្តីសន្យា ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបម្រើការសម្រេចរបស់វា ហើយត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍នៃការសម្រេចរបស់វា។ សត្តនិករទាំងអស់ត្រូវបានចាត់ចែង និងត្រូវបានរៀបចំនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដោយការបំពេញតាមតួនាទីរបស់ពួកវារៀងៗខ្លួន ហើយបម្រើតាមតួនាទីរបស់ពួកវារៀងៗខ្លួន។ នេះគឺជាការបើកបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ តើអ្នកឃើញអ្វីនៅក្នុងការបើកបង្ហាញនេះ? ធ្វើដូចម្តេចទើបអ្នកស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? តើមានលំដាប់ចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមានការកំណត់ពេលវេលាឬទេ? តើអាចនិយាយថា វាមានកម្ពស់ជាក់លាក់ប៉ុណ្ណេះ វាមានប្រវែងជាក់លាក់ប៉ុណ្ណោះបានទេ? តើអាចនិយាយបានថា វាមានទំហំ ឬកម្លាំងជាក់លាក់មួយដែរឬទេ? តើមនុស្សអាចប្រើរង្វាស់រង្វាល់ដើម្បីវាស់វាបានទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនភ្លឺភ្លឹបភ្លែតៗ មិនមកហើយទៅវិញនោះទេ ហើយគ្មាននរណាម្នាក់អាចវាស់អំពីភាពអស្ចារ្យនៃសិទ្ធិអំណាចរបស់ទ្រង់បានទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណានោះទេ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់មនុស្សម្នាក់ នោះព្រះពរនេះនឹងបន្តទៅមុខ ហើយដំណើរការបន្តបន្ទាប់របស់វានឹងបញ្ជាក់ពីសិទ្ធិអំណាចដែលមិនអាចប៉ាន់ប្រមាណបានរបស់ព្រះជាម្ចាស់ ហើយនឹងអនុញ្ញាតឲ្យមនុស្សជាតិមើលឃើញការលេចមកនៃកម្លាំងជីវិតដែលមិនអាចរលត់បានរបស់ព្រះអាទិករម្តងហើយម្តងទៀត។ ការបង្ហាញនីមួយៗនៃសិទ្ធិអំណាចរបស់ទ្រង់ គឺជាការពន្យល់បង្ហាញដ៏គ្រប់លក្ខណ៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ដែលត្រូវបានពន្យល់បង្ហាញចំពោះរបស់សព្វសារពើ និងចំពោះមនុស្សជាតិ។ ជាងនេះទៅទៀត គ្រប់យ៉ាងដែលសិទ្ធិអំណាចរបស់ទ្រង់សម្រេចបាន គឺល្អគ្មានអ្វីផ្ទឹម ហើយគ្មានកំហុសទាល់តែសោះ។ អាចនិយាយបានថា ព្រះតម្រិះរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងកិច្ចការទាំងអស់ដែលទ្រង់សម្រេចបាន គឺជារូបភាពដ៏ស្រស់ស្អាតមួយដែលគ្មានអ្វីផ្ទឹមបាន ហើយចំពោះសត្តនិករវិញ ភាសារបស់មនុស្សជាតិមិនអាចពណ៌នាអំពីសារៈសំខាន់ និងគុណតម្លៃរបស់វាបានឡើយ។ នៅពេលដែលព្រះជាម្ចាស់ធ្វើសេចក្តីសន្យាចំពោះមនុស្សម្នាក់ គ្រប់យ៉ាងអំពីពួកគេ គឺព្រះជាម្ចាស់ជ្រាបច្បាស់ដូចខ្នងព្រះហស្ដផ្ទាល់របស់ទ្រង់អ៊ីចឹង មិនថាពួកគេរស់នៅទីណា ឬអ្វីដែលពួកគេធ្វើ ប្រវត្តិរូបរបស់ពួកគេមុនពេល និងក្រោយពេលដែលពួកគេទទួលបានសេចក្តីសន្យា ឬការរំជើបរំជួលអស្ចារ្យប៉ុណ្ណានៅក្នុងបរិស្ថានរស់នៅរបស់ពួកគេនោះទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណា បន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលរបស់ទ្រង់នោះទេ ចំពោះទ្រង់ វាប្រៀបដូចជាព្រះបន្ទូលទាំងនេះទើបតែត្រូវបានថ្លែងអ៊ីចឹង។ មានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា ហើយមានសិទ្ធិអំណាចដែលទ្រង់អាចតាមដាន គ្រប់គ្រង និងសម្រេចរាល់សេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្សជាតិ។ ហើយមិនថាជាសន្យាអ្វី មិនថាវាត្រូវការពេលប៉ុន្មានដើម្បីសម្រេចយ៉ាងពេញលេញ ហើយជាងនេះទៅទៀត មិនថាទំហំដែលការសម្រេចរបស់វាប៉ះពាល់ មានវិសាលភាពធំទូលាយប៉ុនណា ឧទាហរណ៍ ពេលវេលា លក្ខណៈភូមិសាស្ត្រ ជាតិសាសន៍។ ល។ ក៏សេចក្តីសន្យានេះនឹងត្រូវបានសម្រេច និងទទួលបានដែរ។ ជាងនេះទៅទៀត ការសម្រេចបាន និងការទទួលបានរបស់សេចក្តីសន្យានេះ នឹងមិនទាមទារឲ្យទ្រង់មានការប្រឹងប្រែងសូម្បីតែបន្តិច។ តើនេះបញ្ជាក់អំពីអ្វី? វាបញ្ជាក់ថា វិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសកលលោកទាំងមូល និងមនុស្សជាតិទាំងមូល។ ទ្រង់បានបង្កើតពន្លឺ ប៉ុន្តែនោះមិនមានន័យថាព្រះជាម្ចាស់គ្រាន់តែគ្រប់គ្រងពន្លឺនោះទេ ឬមិនមានន័យថាទ្រង់គ្រាន់តែគ្រប់គ្រងទឹកដោយសារតែទ្រង់បានបង្កើតទឹកនោះទេ ហើយក៏មិនមានន័យថា គ្រប់យ៉ាងផ្សេងទៀតមិនទាក់ទងនឹងព្រះជាម្ចាស់នោះដែរ។ តើនេះមិនមែនជាការយល់ខុសទេឬ? ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់អ័ប្រាហាំ បានរសាត់បន្តិចម្តងៗពីការចងចាំរបស់មនុស្ស ក្រោយពីរាប់រាយឆ្នាំក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការសន្យានេះនៅតែស្ថិតនៅដដែល។ វានៅតែស្ថិតនៅក្នុងដំណើរការនៃការសម្រេច ហើយមិនដែលឈប់នោះទេ។ មនុស្សមិនដែលដឹង ឬបានឮពីវិធីដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនដែលដឹង ឬបានឮពីវិធីដែលរបស់សព្វសារពើត្រូវបានចាត់ចែង និងមិនដែលដឹង ឬបានឮពីចំនួននៃរឿងរ៉ាវអស្ចារ្យដែលបានកើតឡើងក្នុងចំណោមរបស់សព្វសារពើនៃការបង្កើតរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនេះនោះទេ។ ប៉ុន្តែ រាល់បំណែកនៃការបង្ហាញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការបើកសម្តែងពីទង្វើរបស់ទ្រង់ត្រូវបានផ្ទេរ និងលើកតម្កើងនៅក្នុងរបស់សព្វសារពើ។ របស់សព្វសារពើបានប្រកាស និងបានថ្លែងពីទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ ហើយរឿងរ៉ាវនីមួយៗដែលគេបាននិយាយច្រើនអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ នឹងត្រូវបានប្រកាសដោយរបស់សព្វសារពើជារៀងរហូតតទៅ។ សិទ្ធិអំណាចដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ បង្ហាញដល់របស់សព្វសារពើថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នៅពេលដែលអ្នកបានឃើញទីបន្ទាល់ពីវិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ នោះអ្នកនឹងឃើញថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ មិនត្រូវបានទប់ស្កាត់ដោយពេលវេលា លក្ខណៈភូមិសាស្ត្រ ទីកន្លែង ឬមនុស្សណាម្នាក់ ហេតុការណ៍ណាមួយ ឬវត្ថុណាមួយនោះឡើយ។ វិសាលភាពនៃសិទ្ធិអំណាច និងអំណាចរបស់ព្រះជាម្ចាស់ គឺហួសពីការគិតស្រមៃរបស់មនុស្ស។ មនុស្សមិនអាចវាស់ស្ទង់បាន មនុស្សមិនអាចស្រមើស្រមៃបាន ហើយមនុស្សនឹងមិនដែលស្គាល់យ៉ាងពេញលេញនោះឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏ទ្រង់ម៉ឺងម៉ាត់ និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់ទ្រង់ ហើយទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ទ្រង់ដែរ។ ភាពម៉ឺងម៉ាត់របស់ទ្រង់ និងគោលការណ៍នៃសកម្មភាពរបស់ទ្រង់ បង្ហាញពីភាពមិនអាចបំពានបានរបស់ព្រះអាទិករ និងភាពដែលមិនអាចយកឈ្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ ទោះបីជាទ្រង់មានសិទ្ធិអំណាចដ៏កំពូល ហើយរបស់សព្វសារពើស្ថិតក្រោមការត្រួតត្រារបស់ទ្រង់ក៏ដោយ ហើយទោះបីជាទ្រង់មានអំណាចត្រួតត្រាលើរបស់សព្វសារពើក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលបង្កការខូចខាត និងការរំខានដល់ផែនការរបស់ទ្រង់ផ្ទាល់នោះដែរ ហើយគ្រប់ពេលដែលទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ក៏ការប្រើប្រាស់នោះម៉ឺងម៉ាត់ទៅតាមគោលការណ៍របស់ទ្រង់ផ្ទាល់ និងធ្វើតាមអ្វីដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ទ្រង់មកយ៉ាងច្បាស់ ព្រមទាំងធ្វើទៅតាមជំហាន និងវត្ថុបំណងនៃផែនការរបស់ទ្រង់ដែរ។ ពិតណាស់ របស់សព្វសារពើដែលព្រះជាម្ចាស់ត្រួតត្រា ក៏គោរពតាមគោលការណ៍ដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់ដែរ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយត្រូវបានលើកលែងពីការរៀបចំនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់បានដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកដែលត្រូវបានប្រទានពរ ទទួលបាននូវសំណាងល្អដែលសិទ្ធិអំណាចរបស់ទ្រង់នាំមក ហើយអស់អ្នកដែលត្រូវបានដាក់បណ្តាសា ទទួលបាននូវការដាក់ទោសរបស់ពួកគេ ដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយ ត្រូវបានលើកលែងពីការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់បានប្រើប្រាស់នោះដែរ។ សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានកែប្រែដោយការផ្លាស់ប្តូរនៅក្នុងកត្តាណាមួយឡើយ ហើយស្រដៀងគ្នានេះ គោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់ ក៏មិនកែប្រែដោយសារមូលហេតុណាមួយដែរ។ ស្ថានសួគ៌ និងផែនដីអាចទទួលនូវភាពរង្គោះរង្គើយ៉ាងខ្លាំង ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករនឹងមិនផ្លាស់ប្តូរឡើយ។ របស់សព្វសារពើអាចវិនាសបាត់ទៅ ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករ នឹងមិនដែលវិនាសឡើយ។ នេះគឺជាលក្ខណៈសំខាន់នៃសិទ្ធិអំណាចដែលមិនប្រែប្រួល និងមិនអាចបំពានបានរបស់ព្រះអាទិករ ហើយនេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ!

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់តែមួយ

បន្ទាប់៖ ២. សាតាំងគឺជាទេវតាដែលត្រូវបានទម្លាក់មក ដែលមិនអាចបង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើបាន ហើយមិនអាចទៅហួសពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ