៤. អ្វីជាការទទួលបានជីវិត ហើយអ្វីជាការមិនទទួលបានជីវិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅពេលមនុស្សយល់ដឹងអំពីសេចក្ដីពិត និងរស់នៅជាមួយសេចក្ដីពិតនៅក្នុងជីវិតរបស់ពួកគេ តើជីវិតនេះសំដៅលើអ្វី? វាសំដៅលើសមត្ថភាពរបស់ពួកគេដើម្បីធ្វើជាមូលដ្ឋានពីរបៀបដែលពួកគេរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាមានន័យថាពួកគេមាននូវចំណេះដឹងពិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមានការយល់ដឹងពិតប្រាកដអំពីសេចក្ដីពិត។ នៅពេលមនុស្សមានជីវិតថ្មីនេះនៅក្នុងពួកគេ នោះរបៀបដែលពួកគេរស់នៅត្រូវបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាសេចក្ដីពិត ហើយពួកគេកំពុងរស់នៅក្នុងពិភពនៃសេចក្ដីពិត។ ជីវិតរបស់មនុស្សគឺសុទ្ធតែជាការមកស្គាល់ និងដកបទពិសោធន៍ពីសេចក្ដីពិត ហើយដោយមានការនេះជាគ្រឹះ គឺមិនមែនជាការលើសហួសពីវិសាលភាពនោះទេ។ នេះគឺជាជីវិតដែលកំពុងនិយាយសំដៅ នៅពេលនិយាយដល់ការទទួលបានជីវិតដែលមានសេចក្ដីពិត។ នៅទីបំផុត ជីវិតរបស់អ្នកនៅតែជាជីវិតរបស់មនុស្សដដែល។ វាគ្រាន់តែជាមនុស្សដែលអាចរស់នៅដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ មាននូវចំណេះដឹងអំពីសេចក្ដីពិត និងយល់ដឹងពីវាក្នុងកម្រិតស៊ីជម្រៅមួយប៉ុណ្ណោះ។ ការយល់ដឹងនេះមិនអាចដកចេញពីអ្នកឡើយ។ អ្នកដកបទពិសោធន៍ពីវា និងយល់ដឹងនូវរឿងទាំងនេះយ៉ាងពេញលេញ ដោយមានអារម្មណ៍ដឹងថារឿងទាំងនេះជាការល្អ និងមានតម្លៃ ហើយអ្នកក៏ងាកមកទទួលយករឿងទាំងនេះធ្វើជាមូលដ្ឋាននៃជីវិតរបស់ខ្លួន។ ជាងនេះទៅទៀត អ្នករស់នៅដោយពឹងផ្អែកលើរឿងទាំងនេះ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរវាឡើយ៖ ដូច្នេះ នេះហើយជាជីវិតរបស់អ្នក។ នោះមានន័យថា ជីវិតរបស់អ្នកមានផ្ទុកទៅដោយរឿងទាំងនេះតែប៉ុណ្ណោះ ពោលគឺជាការយល់ដឹង បទពិសោធន៍ និងការចេះដឹងអំពីសេចក្ដីពិត ហើយមិនថាអ្នកធ្វើអ្វីនោះទេ អ្នកនឹងផ្អែកលើរបៀបដែលអ្នករស់នៅលើរឿងទាំងនេះ ហើយអ្នកនឹងមិនទៅហួសពីវិសាលភាពនេះ ឬឆ្លងហួសព្រំដែនទាំងនេះឡើយ។ និយាយរួម នេះគឺជាប្រភេទនៃជីវិតដែលអ្នកនឹងមាន។ គោលបំណងចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់គឺដើម្បីឲ្យមនុស្សមាននូវជីវិតប្រភេទនេះ។

ដកស្រង់ពី «តើអ្នកដឹងប្រាកដថា សេចក្ដីពិជាអ្វីទេ?» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការអាចពន្យល់អំពីព្រះបន្ទូលទាំងនេះដោយគ្មានការលាក់លៀម មិនមែនមានន័យថាអ្នកមានការពិតនោះទេ ព្រោះអ្វីៗមិនមែនសុទ្ធតែធម្មតាដូចដែលអ្នកស្រមើស្រម៉ៃនោះឡើយ។ មិនថាអ្នកមានការពិតឬអត់នោះទេ គឺវាមិនអាស្រ័យលើអ្វីដែលអ្នកនិយាយឡើយ តែវាគឺអាស្រ័យលើអ្វីដែលអ្នករស់នៅវិញ។ មានតែក្នុងគ្រាដែលព្រះបន្ទូលក្លាយជាជីវិតរបស់អ្នក និងជាការបើកសម្ដែងពីលក្ខណៈដើមរបស់អ្នកទេ ទើបអាចនិយាយបានថាអ្នកមានការពិត ហើយមានតែនៅពេលនោះទេ ទើបអ្នកអាចត្រូវបានរាប់ថាបានទទួលការយល់ដឹងអំពីការពិត និងភាពខ្ពង់ខ្ពស់ពិតប្រាកដ។ អ្នកត្រូវតែអាចទ្រាំទ្រការសាកល្បងក្នុងរយៈពេលយូរ ហើយអ្នកត្រូវតែអាចរស់នៅក្នុងភាពដែលព្រះជាម្ចាស់ត្រូវការ។ សេចក្ដីនេះមិនមែនត្រឹមតែជាការប្រព្រឹត្ដផ្នែកឥរិយាបថទេ តែវាត្រូវតែកើតចេញពីអ្នកដោយរលូន។ មានតែបែបនេះទេ ទើបអ្នកនឹងមានការពិត ហើយពេលនោះអ្នកនឹងទទួលបាននូវជីវិត។ ខ្ញុំនឹងប្រើប្រាស់ឧទាហរណ៍មួយអំពីទុក្ខលំបាករបស់អ្នកស៊ីឈ្នួលដែលគ្រប់គ្នាបានដឹង៖ គ្រប់គ្នាសុទ្ធតែអាចផ្ដល់នូវទ្រឹស្ដីដ៏ប្រសើរបំផុតទាក់ទិននឹងអ្នកស៊ីឈ្នួល ហើយគ្រប់គ្នាមានការយល់ដឹងគួរសមអំពីការងារនេះ ពួកគេនិយាយពីការងារនេះ ហើយពាក្យសម្ដីនីមួយៗរបស់គេសុទ្ធតែប្រសើរជាងអ្នកនិយាយចុងក្រោយ គឺដូចជាការប្រកួតប្រជែងយ៉ាងនោះដែរ។ យ៉ាងណាក្ដី ប្រសិនបើមនុស្សមិនបានឆ្លងកាត់ទុក្ខលំបាកដ៏ធំមួយទេ នោះវាជាការលំបាកណាស់ក្នុងការពោលថា គេមានទីបន្ទាល់ល្អនៅជាប់នឹងខ្លួន។ សរុបមក ការរស់នៅរបស់មនុស្សនៅតែមានចំណុចខ្វះខាត គឺមានភាពផ្ទុយទៅនឹងការយល់ដឹងរបស់គេទាំងស្រុង។ ដូចនេះ វាមិនទាន់ក្លាយជាភាពខ្ពង់ខ្ពស់ពិតប្រាកដរបស់មនុស្សនៅឡើយទេ ហើយវាក៏មិនទាន់ជាជីវិតរបស់ពួកគេដែរ។ ដ្បិតការយល់ដឹងរបស់មនុស្សមិនទាន់បានចូលមកដល់ការពិត ភាពខ្ពង់ខ្ពស់របស់គេនៅតែប្រៀបដូចជាវិមានមួយដែលត្រូវបានសង់ឡើងនៅលើដីខ្សាច់ ងេកងោក និងកំពុងជិតដួលរលំផង។ មនុស្សមានការពិតតិចតួចណាស់ គឺវាស្ទើរតែមិនអាចរកឃើញការពិតនៅក្នុងមនុស្សឡើយ។ មានការពិតតិចតួចណាស់ដែលហូរចេញពីមនុស្សមកតាមលក្ខណៈធម្មជាតិ ហើយគ្រប់ទាំងការពិតដែលពួកគេរស់នៅ គ្រាន់តែធ្វើដោយបង្ខំប៉ណ្ណោះ។ នេះជាមូលហេតុដែលខ្ញុំថ្លែងថា មនុស្សគ្មានការពិតឡើយ។ ទោះបីជាមនុស្សអះអាងថាសេចក្ដីស្រលាញ់របស់ខ្លួនចំពោះព្រះជាម្ចាស់មិនដែលប្រែប្រួលក្ដី ក៏សេចក្ដីនេះគ្រាន់តែជាអ្វីដែលពួកគេនិយាយមុនពេលដែលពួកគេបានប្រឈមនឹងទុក្ខលំបាកនានាប៉ុណ្ណោះ។ នៅពេលដែលពួកគេប្រឈមនឹងទុក្ខលំបាកនៅថ្ងៃណាមួយ នោះអ្វីៗដែលគេនិយាយចេញមកនឹងខុសស្រលះពីការពិត ហើយការនេះនឹងបង្ហាញឡើងវិញថា មនុស្សមិនមានការពិតទេ។ គឺអាចនិយាយបានថា នៅពេលជួបប្រទះនឹងរឿងរ៉ាវដែលមិនត្រូវគ្នានឹងការយល់ឃើញរបស់ខ្លួន ហើយការនោះតម្រូវឲ្យអ្នកទុកខ្លួនឯងចោលមួយឡែកសិន រឿងទាំងនោះគឺជាទុក្ខលំបាករបស់អ្នក។ មុនពេលបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងឲ្យឃើញ មនុស្សគ្រប់គ្នាឆ្លងកាត់នូវការសាកល្បងដែលតឹងរឹង និងទុក្ខលំបាកដ៏ធំ។ តើអ្នកអាចវាស់ស្ទង់ទុក្ខលំបាកនេះបានទេ? នៅពេលព្រះជាម្ចាស់ចង់ល្បងលមនុស្ស ព្រះអង្គតែងតែអនុញ្ញាតឲ្យពួកគេធ្វើការជ្រើសរើសដោយខ្លួនឯង មុននឹងសេចក្ដីពិតយ៉ាងជាក់លាក់ត្រូវបានលាតត្រដាងឡើង។ ការនេះមានន័យថា នៅពេលព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សស្ថិតក្នុងទុក្ខលំបាកនានា ព្រះអង្គនឹងមិនប្រាប់អ្នកពីសេចក្ដីពិតទេ នេះគឺជារបៀបរបបដែលបង្ហាញចេញមកឲ្យមនុស្សឃើញ។ នេះជារបៀបមួយដែលព្រះជាម្ចាស់អនុវត្ដកិច្ចការរបស់ទ្រង់ ដើម្បីឲ្យដឹងថាតើអ្នកស្គាល់ព្រះជាម្ចាស់ដែលគង់នៅសព្វថ្ងៃនេះដែរឬទេ ដ៏ដូចជាដើម្បីដឹងថាតើអ្នកមានការពិតដែរឬទេ។

ដកស្រង់ពី «មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជួបប្រទះបទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ បានស្គាល់ខ្លួនឯង និងកម្ចាត់ចោលនូវនិស្ស័យខូចអាក្រក់ និងស្វែងរកការរីកចម្រើនធំធាត់នៅក្នុងជីវិត ដែលការទាំងអស់នេះ គឺដើម្បីស្គាល់ព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែស្វែងរកចង់ស្គាល់ខ្លួនឯង និងដើម្បីកម្ចាត់និស្ស័យខូចអាក្រក់ផ្ទាល់ខ្លួនរបស់ឯង ប៉ុន្តែគ្មានចំណេះដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើមនុស្ស គ្មានចំណេះដឹងអំពីភាពអស្ចារ្យនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ឬថាតើអ្នកត្រូវដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងធ្វើជាទីបន្ទាល់អំពីទង្វើរបស់ទ្រង់ទេ ដូច្នេះ បទពិសោធន៍របស់ឯង គឺភ្លីភ្លើចោលម្សៀត។ ប្រសិនបើឯងគិតថា ជីវិតរបស់មនុស្សម្នាក់បានទទួលភាពចាស់ទុំដោយគ្រាន់តែមនុស្សម្នាក់អាចដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្តរបស់ខ្លួន និងធ្វើការតស៊ូ នេះមានន័យថា អ្នកនៅតែមិនទាន់ចាប់បាននូវខ្លឹមសារពិតរបស់ជីវិត ឬគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ។ នៅថ្ងៃមួយ ពេលដែលឯងស្ថិតក្នុងចំណោមពួកជំនុំសាសនា ក្នុងចំណោមសមាជិកនៃពួកជំនុំនៃការកែប្រែចិត្ត ឬសមាជិកនៃពួកជំនុំជីវិត ឯងនឹងជួបមនុស្សដែលប្ដូរផ្ដាច់ ដែលការអធិស្ឋានរបស់ពួកគេមាន «និមិត្ត» នៅក្នុងនោះ ហើយនៅក្នុងការស្វែងរកជីវិតរបស់ពួកគេ ពួកគេមានអារម្មណ៍ប៉ះពាល់ចិត្ត និងទទួលបានការណែនាំដោយព្រះបន្ទូល។ បន្ថែមលើនេះ ពួកគេអាចតស៊ូជម្នះបញ្ហាជាច្រើន និងលះបង់ខ្លួនឯងបាន និងមិនត្រូវដឹកនាំដោយសាច់ឈាមឡើយ។ នៅពេលនោះ ឯងនឹងមិនអាចនិយាយពីភាពខុសគ្នាបានឡើយ៖ ឯងនឹងជឿថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺសុទ្ធតែត្រឹមត្រូវ គឺជាការបើកសម្ដែងពីធម្មជាតិនៃជីវិត ហើយនោះគឺជាសេចក្តីអាណិតអាសូរជាពន់ពេក ដែលពួកគេជឿលើនាមដែលមិនត្រឹមត្រូវ។ តើទស្សនៈបែបនេះ មិនឆ្គួតលីលាពេកទេឬអី? តើហេតុអ្វីបានជាគេនិយាយថា មនុស្សជាច្រើនពុំមានជីវិត? ដោយសារពួកគេពុំស្គាល់ព្រះជាម្ចាស់ ហេតុនេះហើយ គេនិយាយថាពួកគេពុំមានព្រះជាម្ចាស់នៅក្នុងចិត្ត និងគ្មានជីវិតសោះឡើយ។ ប្រសិនបើសេចក្តីជំនឿរបស់ឯងលើព្រះជាម្ចាស់បានឈានដល់កម្រិតមួយដែលឯងអាចយល់បានយ៉ាងជ្រាលជ្រៅអំពីទង្វើរបស់ព្រះជាម្ចាស់ សេចក្តីពិតអំពីព្រះជាម្ចាស់ និងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ នោះមានន័យថាឯងកំពុងមានសេចក្តីពិតនៅក្នុងខ្លួន។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើមនុស្សដែលគ្មានជីវិតប្រកបដោយសេចក្ដីពិតមានការសម្ដែងចេញអ្វីខ្លះ? ប្រសិនបើគ្មានសេចក្ដីពិតទេ ពួកគេនឹងត្រូវស្ថិតក្នុងការឃុំឃាំង និងជាប់ទៅដោយសារជាតិជាសាតាំងរបស់ពួកគេដោយឯកឯង។ ជាធម្មតា ពួកគេនឹងបើកសម្ដែងឲ្យឃើញនូវនិស្ស័យមួយដែលមានលក្ខណៈក្រអឺតក្រទមនិងបោកបញ្ឆោត អាត្មានិយមនិងគួរឲ្យស្អប់ គ្មានការប្រុងប្រយ័ត្ននិងធ្វើតាមតែអំពើចិត្ត និងអាចសម្រេចចិត្តនិងធ្វើអ្វីតែម្នាក់ឯង។ មនុស្សបែបនេះនឹងនិយាយកុហកនិងបន្លំ ជាមនុស្សបោកបញ្ឆោតនិងផិតក្បត់ ហើយអាចនឹងមានអារម្មណ៍សង្ស័យចំពោះអ្នកដទៃ ព្រមទាំងវាយប្រហារនិងវាយតម្លៃអ្នកដទៃបាន។ ពួកគេនឹងតែងតែវាយតម្លៃអ្នកដទៃតាមការឆ្លុះបញ្ចាំងតាមរយៈសេចក្ដីលម្អៀង និងកត្តាជំរុញចិត្តនានារបស់ពួកគេ។ មនុស្សបែបនេះនឹងតែងតែពឹងផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេទាំងខាងពាក្យសម្ដីនិងទង្វើ ហើយនៅពេលជួបប្រទះឧបសគ្គ ឬបរាជ័យ ពួកគេនឹងក្លាយជាមនុស្សអវិជ្ជមាន។ នៅពេលខ្លះ ពួកគេក្រអឺតក្រទមជាខ្លាំង ហើយនៅពេលខ្លះ ពួកគេក៏ធ្លាក់ចូលទៅក្នុងភាពអវិជ្ជមានបែបនោះ ដែលពួកគេស្ទើរតែបង្កការលំបាកដល់ខ្លួនឯងទៅហើយ។ មនុស្សទាំងអស់នេះធ្វើអ្វីជ្រុលនិយមខ្លាំងណាស់ និងមិនដែលធ្វើអ្វីតាមធម្មតានោះទេ។ នៅពេលពួកគេមិនពាក់ចង្កូមទេ ពួកគេធ្វើមុខស្លូតដូចជាកូនឆ្កែដ៏គួរឲ្យអាណិត។ នេះគឺជាសភាពមួយបែបដែលអ្នករាល់គ្នាកំពុងតែស្ថិតនៅ៖ អ្នកសុខចិត្តរងទុក្ខលំបាក និងទទួលផលអាក្រក់។ ការប្ដេជ្ញាចិត្ត និងការតាំងចិត្តរបស់អ្នកបានពេញខ្នាតល្អ ក៏ប៉ុន្តែ អ្នកនៅពុំទាន់មានតថភាពនៃសេចក្ដីពិតនៅឡើយទេ។ តើមនុស្សដែលមានតថភាពនៃសេចក្ដីពិតជាជីវិតរបស់ពួកគេសម្ដែងចេញអំពីខ្លួនពួកគេដោយរបៀបណា? ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីការចង្អុលបង្ហាញសំខាន់ៗមួយចំនួន។ នៅពេលមនុស្សមានតថភាពនៃសេចក្ដីពិត មួយផ្នែកពួកគេមានការយល់ដឹងខ្លះៗអំពីសេចក្ដីពិត ហើយមួយផ្នែកទៀត ពួកគេបានចាប់ផ្ដើមបង្ហាញនូវការផ្លាស់ប្ដូរនិស្ស័យមួយចំនួនរបស់ពួកគេ។ ការផ្លាស់ប្ដូរនិស្ស័យមានលក្ខណៈពិសេសមួយ នោះគឺការអាចចុះចូលចំពោះអ្វីដែលត្រឹមត្រូវបាន និងស្របទៅតាមសេចក្ដីពិត។ មិនថានរណាផ្ដល់គំនិតអ្វីដល់អ្នកនោះទេ មិនថាពួកគេក្មេងឬចាស់នោះទេ មិនថាអ្នករាល់គ្នាចុះសម្រុងគ្នាបានល្អឬអត់នោះទេ ហើយមិនថាទំនាក់ទំនងរវាងអ្នករាល់គ្នាល្អឬអាក្រក់នោះទេ ឲ្យតែពួកគេនិយាយអ្វីដែលត្រឹមត្រូវ និងស្របទៅតាមសេចក្ដីពិត និងដើម្បីជាប្រយោជន៍ដល់កិច្ចនៃដំណាក់របស់ព្រះជាម្ចាស់ផងនោះ អ្នកអាចស្ដាប់ ប្រកាន់តាម និងទទួលយកវាបាន និងមិនត្រូវទទួលរងការប៉ះពាល់ដោយសារកត្តាដទៃផ្សេងទៀតឡើយ។ នេះគឺជាទិដ្ឋភាពទីមួយនៃលក្ខណៈពិសេសនោះ។ ជាដំបូង អ្នកអាចទទួលយកសេចក្ដីពិតបាន ក៏ដូចជាអ្វីៗដែលត្រឹមត្រូវ និងស្របទៅតាមសេចក្ដីពិតផងដែរ។ ទិដ្ឋភាពមួយទៀត គឺជាការអាចស្វែងរកសេចក្ដីពិតបាន នៅពេលណាដែលអ្នកជួបប្រទះនឹងបញ្ហាអ្វីមួយ។ អ្នកមិនគ្រាន់តែអាចទទួលយកសេចក្ដីពិតបានប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវអាចស្វែងរកសេចក្ដីពិតបានផងដែរ។ ឧទាហរណ៍ ប្រសិនបើអ្នកជួបប្រទះបញ្ហាថ្មីណាមួយដែលគ្មាននរណាម្នាក់អាចយល់បាន នោះអ្នកអាចស្វែងរកសេចក្ដីពិត និងពិនិត្យមើលអ្វីដែលអ្នកគប្បីធ្វើឬអនុវត្តដើម្បីឲ្យបញ្ហានោះបានស្របទៅតាមគោលការណ៍សេចក្ដីពិត និងបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ទិដ្ឋភាពមួយទៀត គឺការទទួលបានសមត្ថភាពក្នុងការគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើអ្នកគប្បីគិតគូរអំពីបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? ចំណុចនេះអាស្រ័យលើភារកិច្ចដែលអ្នកកំពុងបំពេញ និងសេចក្ដីតម្រូវដែលទ្រង់មានលើកិច្ចការនោះ។ អ្នកត្រូវចាប់គោលការណ៍នេះឲ្យបាន៖ ត្រូវបំពេញភារកិច្ចរបស់អ្នកស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងត្រូវបំពេញវាទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកក៏ត្រូវយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលទ្ធផលចង់បានពីភារកិច្ចរបស់អ្នកផងដែរ ហើយអ្នកត្រូវតែអាចប្រព្រឹត្តដោយមានទំនួលខុសត្រូវ និងភាពស្មោះត្រង់។ ចំណុចទាំងអស់នេះគឺជារបៀបក្នុងការគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកពុំដឹងថាត្រូវគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយរបៀបណានៅក្នុងកិច្ចការដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះទេ នោះអ្នកត្រូវធ្វើការស្វែងរកខ្លះៗដើម្បីសម្រេចកិច្ចការនោះឲ្យបាន និងដើម្បីផ្គាប់តាមបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នករាល់គ្នាអាចអនុវត្តគោលការណ៍ទាំងអស់នេះបាន អាចវាស់ស្ទង់ថាតើអ្នកកំពុងរស់នៅបានល្អយ៉ាងណាទៅតាមគោលការណ៍ទាំងនេះ និងអាចស្វែងរកមាគ៌ាដើម្បីអនុវត្តបាន នោះអ្នកនឹងអាចដោះស្រាយបញ្ហានានាទៅតាមលក្ខណៈគោលការណ៍បាន។ មិនថាអ្នកអាចនឹងជួបប្រទះនឹងអ្វីនោះទេ ហើយមិនថាអ្នកត្រូវដោះស្រាយជាមួយបញ្ហាអ្វីនោះទេ អ្នកត្រូវតែស្វែងរកគោលការណ៍ដែលត្រឹមត្រូវដើម្បីអនុវត្តតាមជានិច្ច ថាតើមានគោលការណ៍លម្អិតអ្វីខ្លះ ហើយត្រូវអនុវត្តបែបណាដើម្បីកុំឲ្យអ្នកនឹងត្រូវបំពានលើគោលការណ៍ទាំងនោះ។ នៅពេលណាដែលអ្នកមានការយល់ដឹងជាក់ច្បាស់អំពីចំណុចទាំងអស់នេះ អ្នកនឹងអាចអនុវត្តសេចក្ដីពិតបានដោយឯកឯងមិនខាន។

ដកស្រង់ពី «មានតែការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលសេចក្ដីពិតក្លាយជាជីវិតរបស់អ្នក នោះប្រសិនបើនរណាម្នាក់ប្រមាថទាស់នឹងព្រះជាម្ចាស់ មិនគោរពកោតខ្លាចចំពោះព្រះជាម្ចាស់ មានការធ្វេសប្រហែសក្នុងភារកិច្ចរបស់ពួកគេ បង្កការបង្អាក់ ឬការរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកឃើញរឿងនេះកើតឡើង នោះអ្នកអាចដឹងបាន និងទម្លាយវាចេញមកនៅពេលណាចាំបាច់ និងដោះស្រាយវា ស្របទៅតាមគោលការណ៍សេចក្ដីពិត។ ប្រសិនបើសេចក្ដីពិតមិនបានក្លាយជាជីវិតរបស់អ្នកទេ ហើយអ្នកនៅតែរស់នៅក្នុងនិស្ស័យជាសាតាំងរបស់អ្នកដដែល នោះនៅពេលអ្នកជួបមនុស្សទុច្ចរិត និងពួកអារក្ស ដែលបង្កការបង្អាក់ និងការរំខានដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ អ្នកនឹងបិទភ្នែក បិទត្រចៀករបស់អ្នក។ អ្នកនឹងមិនយកចិត្តទុកដាក់នោះទេ គ្មានការស្ដាយក្រោយចេញពីក្នុងសតិសម្បជញ្ញៈរបស់អ្នកឡើយ។ អ្នកនឹងគិតថា មនុស្សម្នាក់ដែលបង្កការបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ គ្មានអ្វីពាក់ព័ន្ធនឹងអ្នកនោះទេ។ មិនថាការខូចខាតដល់កិច្ចការរបស់ព្រះជាម្ចាស់និងប្រយោជន៍នៃដំណាក់របស់ទ្រង់នោះធំប៉ុនណានោះទេ អ្នកនឹងគ្មានការស្ដាយក្រោយចេញពីក្នុងសតិសម្បជញ្ញៈរបស់អ្នកឡើយ ដែលមានន័យថា អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលរស់នៅតាមនិស្ស័យបែបសាតាំងរបស់ខ្លួន។ សាតាំងគ្រប់គ្រងលើអ្នក និងឲ្យអ្នករស់នៅជាមនុស្សមិនដូចមនុស្ស អារក្សមិនដូចអារក្ស។ អ្នកស៊ីអ្វីដែលជារបស់ព្រះជាម្ចាស់ ផឹកអ្វីដែលជារបស់ព្រះជាម្ចាស់ ហើយអ្នកត្រេកអរនឹងសព្វសារពើដែលមកអំពីទ្រង់ ក៏ប៉ុន្តែនៅពេលកិច្ចការនៅដំណាក់របស់ព្រះជាម្ចាស់រងការខូចខាត និងបាត់បង់ អ្នកគិតថា វាគ្មានអ្វីពាក់ព័ន្ធនឹងអ្នកនោះទេ ហើយនៅពេលអ្នកឃើញមានរឿងអ្វីកើតឡើង អ្នកថែមទាំង «យកកែងដៃទៅបាំង»[ក] ហើយមិនប្រកាន់យកខាងព្រះជាម្ចាស់ឡើយ ហើយអ្នកក៏មិនបានប្រកាន់ខ្ជាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រយោជន៍នៅដំណាក់របស់ព្រះជាម្ចាស់ដែរ។ តើនេះមានន័យថា សាតាំងមានអំណាចលើអ្នក មែនទេ? តើមនុស្សបែបនេះរស់នៅជាមនុស្សដែរឬទេ? ច្បាស់ណាស់ ពួកគេជាអារក្ស មិនមែនជាមនុស្សទេ! ក៏ប៉ុន្តែ នៅពេលដែលសេចក្ដីពិតមានឥទ្ធិពលខ្លាំងនៅក្នុងដួងចិត្តរបស់អ្នក ហើយបានក្លាយជាជីវិតរបស់អ្នក ដូច្នេះ នៅពេលអ្នកឃើញអ្វីដែលមិនល្អ អវិជ្ជមាន ឬអាក្រក់ ដួងចិត្តរបស់អ្នកមានប្រតិកម្មតបខុសគ្នាទាំងស្រុង។ ដំបូង អ្នកមានអារម្មណ៍ស្ដាយក្រោយ និងមានអារម្មណ៍មិនស្រួលក្នុងចិត្ត ហើយបន្ទាប់ពីមានអារម្មណ៍បែបនេះទៅ គឺ៖ «ខ្ញុំមិនអាចគ្រាន់តែជជែកលេងឥតបានការ និងបិទភ្នែកចោលនោះទេ។ ខ្ញុំត្រូវក្រោកឈរ និងនិយាយវាចេញមក ខ្ញុំត្រូវក្រោកឈរឡើង និងត្រូវមានទំនួលខុសត្រូវ»។ បន្ទាប់មក អ្នកអាចក្រោកឈរ និងបញ្ឈប់ទង្វើអាក្រក់ទាំងនេះបាន ទម្លាយនូវអំពើអាក្រក់ទាំងនេះ ខិតខំការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងការពារមិនឲ្យកិច្ចការរបស់ព្រះជាម្ចាស់ត្រូវរងការរំខានឡើយ។ អ្នកមិនត្រឹមតែមានសេចក្ដីក្លាហាននិងការតាំងចិត្ត និងអាចយល់ដឹងពីបញ្ហាបានទាំងស្រុងនោះទេ ប៉ុន្តែអ្នកក៏នឹងអាចបំពេញទំនួលខុសត្រូវដែលអ្នកគប្បីត្រូវបំពេញសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីជាប្រយោជន៍ដល់ដំណាក់របស់ទ្រង់់ផងដែរ ហេតុនេះអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបាន។ តើភារកិច្ចនេះនឹងត្រូវបំពេញដោយរបៀបណា? ភារកិច្ចនេះ នឹងត្រូវបំពេញតាមរយៈឥទ្ធិពលនៃសេចក្ដីពិតដែលមានលើអ្នក និងនៅពេលវាក្លាយជាជីវិតរបស់អ្នក។ តាមរយៈបែបនេះ នៅពេលអ្នកបានបំពេញភារកិច្ចរបស់អ្នករួចហើយ អ្នកនឹងមិនសួរថាតើព្រះជាម្ចាស់អាចប្រទានរង្វាន់ដល់អ្នកឬអត់នោះទេ ថាតើទ្រង់បានទតឃើញទង្វើរបស់អ្នកឬអត់ទេ ឬថាតើទ្រង់ទទួលយកអ្នកឬអត់នោះទេ។ ផ្ទុយទៅវិញ អ្នកនឹងជឿថា វាជាទំនួលខុសត្រូវរបស់អ្នក អ្នកគប្បីត្រូវធ្វើវា។ ហេតុនេះ តើអ្នកនឹងមិនរស់នៅដោយមានសតិសម្បជញ្ញៈ ដោយហេតុផល ក្នុងភាពជាមនុស្ស ដោយសុចរិតនិងសេចក្ដីថ្លៃថ្នូរទេឬអី? ទង្វើ និងអាកប្បកិរិយារបស់អ្នក នឹងក្លាយជា «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីអំពើអាក្រក់» ដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូល។ អ្នកនឹងបំពេញតាមខ្លឹមសារនៃព្រះបន្ទូលទាំងនេះ និងរស់នៅក្នុងភាពពិតនៃព្រះបន្ទូលទាំងនេះ។ នៅពេលសេចក្ដីពិតក្លាយជាជីវិតរបស់មនុស្សម្នាក់ហើយ នោះពួកគេអាចរស់នៅតាមភាពពិតនេះបាន។ ប៉ុន្តែ ប្រសិនបើអ្នកមិនបានចូលទៅក្នុងភាពពិតនេះទេ នោះនៅពេលអ្នកឃើញការបោកប្រាស់ ការបោកបញ្ឆោត ឬការក្លែងបន្លំ ឬនៅពេលអ្នកឃើញមនុស្សទុច្ចរិតកំពុងធ្វើសកម្មភាព ឬឃើញកម្លាំងអាក្រក់បង្អាក់ ឬរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ អ្នកគ្មានអារម្មណ៍អ្វីទេ ហើយក៏មិនមានគំនិតអ្វីដែរ។ សូម្បីតែពេលដែលរឿងទាំងអស់នេះកើតឡើងនៅចំពោះមុខអ្នក ក៏អ្នកនៅតែអាចសើចលេង និងនៅតែស៊ីនិងដេកដោយសតិសុខស្រួល ហើយអ្នកមិនមានអារម្មណ៍ស្ដាយក្រោយចំពោះខ្លួនឯងសូម្បីបន្តិចសោះឡើយ។ ក្នុងចំណោមជីវិតទាំងពីរដែលអ្នកអាចរស់នៅបាននេះ តើអ្នករាល់គ្នាជ្រើសរើសយកជីវិតមួយណា? តើជីវិតមួយណាដែលមានភាពជាមនុស្សពិតប្រាកដ ដែលជាជីវិតដែលអ្នករស់នៅក្នុងភាពពិតនៃអ្វីដែលល្អ ហើយតើជីវិតមួយណាដែលជាសេចក្ដីអាក្រក់ ជាអារក្ស? ចម្លើយគឺច្បាស់លាស់ហើយ មិនចាំបាច់ពន្យល់នោះទេ។ នៅពេលដែលសេចក្ដីពិតមិនបានក្លាយជាភាពពិត ឬជាជីវិតរបស់មនុស្សណាម្នាក់ទេ នោះអ្វីដែលពួកគេរស់នៅ គឺគួរឲ្យអាណិតនិងសង្វេគណាស់ ហើយពួកគេមិនបានគ្រប់គ្រងលើជីវិតរបស់ខ្លួនពួកគេឡើយ។ ដោយសារសេចក្ដីពិតមិនបានក្លាយជាជីវិតនៅខាងក្នុងខ្លួនពួកគេ អ្វីដែលពួកគេធ្វើ គឺមិនស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ពួកគេឡើយ ហើយបើទោះបីជាពួកគេមានអារម្មណ៍មិនសប្បាយចិត្តអំពីរឿងនេះខ្លះៗក្ដី ក៏ប៉ុន្តែអារម្មណ៍នេះរសាត់បាត់ទៅវិញយ៉ាងឆាប់រហ័ស ហើយពួកគេគ្មានអារម្មណ៍ស្ដាយក្រោយអ្វីឡើយ។ នេះគឺជាភាពខុសគ្នាយ៉ាងខ្លាំងរវាងជីវិតទាំងពីរបែបនេះ។

ដកស្រង់ពី «មានតែអស់អ្នកដែលអនុវត្តសេចក្ដីពិតប៉ុណ្ណោះ ដែលជាអ្នកកោតខ្លាចព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើបុគ្គលម្នាក់ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ខណៈពេលដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនផ្អែកលើពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ហើយចូលទៅកាន់ភាពពិតប្រាកដក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃសេចក្ដីពិត នោះគេជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍។ អាចនិយាយបានថា កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប្រសិទ្ធភាពចំពោះមនុស្សប្រភេទនេះ ហើយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាជីវិតរបស់ពួកគេ ពួកគេបានទទួលសេចក្ដីពិត ហើយពួកគេអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនេះទៅ ធម្មជាតិនៃសាច់ឈាមរបស់ពួកគេ ដែលជាមូលដ្ឋានគ្រឹះនៃអត្ថិភាពដើមរបស់ពួកគេនឹងអង្រួនដាច់ចេញពីគ្នា និងដួលរលំ។ ក្រោយពេលដែលមនុស្សមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេ ពួកគេនឹងក្លាយជាមនុស្សថ្មី។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ សេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស ការបើកសម្ដែងរបស់ទ្រង់ដល់មនុស្ស និងបទដ្ឋានសម្រាប់ជីវិតពិតប្រាកដមួយដែលព្រះជាម្ចាស់តម្រូវឲ្យពួកគេបំពេញបានក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើពួកគេរស់នៅស្របតាមព្រះបន្ទូល និងសេចក្ដីពិតទាំងនេះ នោះពួកគេច្បាស់ជាត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះបានកើតជាថ្មី ហើយបានក្លាយជាមនុស្សថ្មីតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាមាគ៌ាដែលពេត្រុសបានដេញតាមសេចក្ដីពិត ហើយវាជាមាគ៌ានៃការប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទទួលបានជីវិតមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សេចក្ដីពិតដែលបានសម្ដែងចេញដោយព្រះជាម្ចាស់ បានក្លាយជាជីវិតរបស់គាត់ ហើយមានតែនៅបែបនេះទេទើបគាត់ក្លាយទៅជាបុគ្គលម្នាក់ដែលទទួលបានសេចក្ដីពិត។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើមនុស្សយល់យ៉ាងពិតប្រាកដពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយអាចថ្វាយការសរសើរទៅព្រះជាម្ចាស់ ដោយចេញពីដួងចិត្ត ចំពោះភាពបរិសុទ្ធ និងភាពសុចរិតរបស់ទ្រង់ នោះមានន័យថា គេស្គាល់ទ្រង់យ៉ាងពិតប្រាកដ និងមាននូវសេចក្តីពិត។ មានតែដូច្នេះទេ ទើបពួកគេរស់នៅក្នុងពន្លឺ។ មានតែនៅពេលដែលទស្សនៈរបស់មនុស្សម្នាក់ចំពោះពិភពលោក និងចំពោះជីវិត ផ្លាស់ប្តូរប៉ុណ្ណោះ ទើបគេឆ្លងកាត់ការបំផ្លាស់បំប្រែដែលសំខាន់បាន។ នៅពេលដែលនរណាម្នាក់មាននូវគោលដៅជីវិត ដែលដាក់ខ្លួនឱ្យកាន់ខ្ជាប់ស្របទៅតាមសេចក្តី ពិត នៅពេលដែលគេចុះចូលទាំងស្រុងទៅចំពោះព្រះជាម្ចាស់ ហើយរស់នៅដោយសារព្រះបន្ទូលទ្រង់ នៅពេលគេមានអារម្មណ៍សន្តិភាព និងទទួលការបំភ្លឺឱ្យឃើញនូវទីជម្រៅនៃព្រលឹង នៅពេលដួងចិត្តគេមានសេរីភាពពីភាពខ្មៅងងឹត នៅពេលដែលគេរស់នៅដោយសេរីភាពទាំងស្រុង ហើយមិនអាក់ខាននៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ មានតែនៅពេលនោះទេ ដែលគេដឹកនាំជីវិតមនុស្សដោយសុទ្ធចិត្ត ហើយមានតែនៅពេលនោះទេ ទើបគេក្លាយជាបុគ្គលដែលមាននូវសេចក្តីពិត។ លើសជាងនេះទៅទៀតនោះ គ្រប់ទាំងសេចក្តីពិតដែលអ្នកមាននោះ គឺសុទ្ធតែចេញមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់គ្រប់គ្រងលើសកលលោក និងលើរបស់សព្វសារពើព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបញ្ជាក់ពីអ្នកថាជាមនុស្សដែលរស់នៅក្នុងជីវិតមនុស្សដ៏ពិត។ តើមានអ្វីដែលមានអត្ថន័យលើសជាងការបញ្ជាក់ពីព្រះជាម្ចាស់ទៀតនោះ? នេះហើយជាអត្ថន័យនៃការមាននូវសេចក្តីពិត។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សនិយាយអំពីការដែលគេយកព្រះជាម្ចាស់់ ធ្វើជាជីវិតរបស់គេជារឿយៗ ប៉ុន្តែបទពិសោធន៍របស់គេ គឺមិនទាន់ដល់ចំណុចនោះនៅឡើយទេ។ អ្នកគ្រាន់តែនិយាយថា ព្រះជាម្ចាស់ជាជីវិតអ្នក អ្នកនិយាយថា ព្រះអង្គដឹកនាំអ្នករាល់ថ្ងៃ ដោយអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់រាល់ថ្ងៃ ហេតុនេះ ទ្រង់បានក្លាយទៅជាជីវិតរបស់អ្នកហើយ។ ការចេះដឹងរបស់មនុស្សដែលនិយាយដូច្នេះ រាក់កំផែលណាស់។ មនុស្សជាច្រើនគ្មានមូលដ្ឋានគ្រឹះនៅក្នុងខ្លួនទេ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានដាក់ដាំនៅក្នុងពួកគេ ប៉ុន្តែព្រះបន្ទូលនោះមិនទាន់ដុះពន្លកឡើងទេ ក៏រឹតតែមិនទាន់កើតមានជាផលផ្លែផង។ បច្ចុប្បន្ននេះ តើអ្នកមានបទពិសោធន៍ដល់កម្រិតណាហើយ? ទើបតែពេលនេះ គឺបន្ទាប់ពីព្រះជាម្ចាស់បានជំរុញអ្នកមកដល់កម្រិតនេះ ទើបអ្នកមានអារម្មណ៍ថា អ្នកមិនអាចចាកចេញពីព្រះជាម្ចាស់រួច។ លុះថ្ងៃមួយ នៅពេលដែលបទពិសោធន៍របស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ ប្រសិនបើ ព្រះជាម្ចាស់បង្ខំឲ្យអ្នកចេញទៅឆ្ងាយ អ្នកច្បាស់ជាមិនអាចធ្វើបានឡើយ។ អ្នកនឹងគិតជានិច្ចថា អ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់សណ្ឋិតក្នុងអ្នកឡើយ។ អ្នកអាចរស់នៅដោយគ្មានប្ដី គ្មានប្រពន្ធ ឬកូន គ្មានគ្រួសារ គ្មានឪពុក ឬម្ដាយ គ្មានការអាស្រ័យផលផ្នែកសាច់ឈាម ប៉ុន្តែអ្នកមិនអាចរស់ដោយគ្មានព្រះជាម្ចាស់បានឡើយ។ ជីវិតរស់នៅដោយគ្មានព្រះជាម្ចាស់ ប្រៀបបានទៅនឹងការបាត់បង់ ជីវិតរបស់អ្នកដូច្នោះដែរ អ្នកច្បាស់ជាមិនអាចរស់ ដោយគ្មានព្រះជាម្ចាស់ឡើយ។ កាលណាអ្នកមានបទពិសោធន៍ ដល់ចំណុចនេះហើយ អ្នកនឹងសម្រេចគោលដៅ នៅក្នុងជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ ហើយតាមរយៈវិធីនេះ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក គឺទ្រង់ក្លាយជាគ្រឹះនៃវត្តមានជីវិតរបស់អ្នក។ អ្នកនឹងមិនអាចចេញទៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ នៅពេលដែលអ្នកមានបទពិសោធន៍ដល់កម្រិតនេះ អ្នកនឹងអរសប្បាយនឹងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយពេលដែលអ្នកមានសម្ពន្ធភាពជិតស្និទនឹងព្រះជាម្ចាស់គ្រប់គ្រាន់ហើយ ព្រះអង្គនឹងក្លាយជាជីវិតរបស់អ្នក ជាក្ដីស្រឡាញ់របស់អ្នក ហើយនៅពេលនោះ អ្នកនឹងអធិស្ឋានទៅព្រះអង្គ ហើយទូលថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំមិនអាចចេញឆ្ងាយពីព្រះអង្គឡើយ។ ទ្រង់ជាជីវិតទូលបង្គំ។ ទូលបង្គំអាចបន្តរស់ដោយគ្មានអ្វីៗទាំងអស់បាន ប៉ុន្តែទូលបង្គំមិនអាចបន្តរស់ដោយគ្មានព្រះអង្គបានឡើយ»។ នេះជាស្ថានការណ៍ពិតរបស់មនុស្ស វាគឺជាជីវិតពិតរបស់គេ។ មនុស្សខ្លះធ្លាប់ត្រូវគេបង្ខំឲ្យឈានមកដល់ស្ថានការណ៍ជីវិតដែលគេមានសព្វថ្ងៃ៖ ពួកគេត្រូវបន្តទៅមុខ បើទោះជាពួកគេមិនចង់ក៏ដោយ ហើយពួកគេតែមានអារម្មណ៍ថា ពួកគេហាក់កំពុងនៅជាប់នឹងកន្លៀតថ្ម ឬកន្លែងដ៏លំបាកមួយ។ អ្នកត្រូវតែមានបទពិសោធន៍ដែលថា ព្រះជាម្ចាស់គឺជាជីវិតរបស់អ្នក បទពិសោធន៍ដែលថា ប្រសិនបើព្រះជាម្ចាស់ត្រូវដកចេញពីដួងចិត្តរបស់អ្នក ការនេះវាប្រៀបបានទៅនឹងការបាត់បង់ជីវិតរបស់អ្នក។ ព្រះជាម្ចាស់ត្រូវតែជាជីវិតរបស់អ្នក ហើយអ្នកច្បាស់ជាមិនអាចចេញឆ្ងាយពីទ្រង់ឡើយ។ តាមរយៈវិធីនេះ អ្នកនឹងមានបទពិសោធន៍ពិតពីព្រះជាម្ចាស់ ហើយនៅពេលនេះ ពេលដែលអ្នកស្រឡាញ់ព្រះជាម្ចាស់ គឺអ្នកនឹងស្រឡាញ់ទ្រង់ពិតប្រាកដ ហើយក្ដីស្រឡាញ់នោះ ក៏ក្លាយជាក្ដីស្រឡាញ់ដ៏បរិសុទ្ធអស្ចារ្យ។ ថ្ងៃមួយ នៅពេលដែលបទពិសោធន៍របស់អ្នកបង្ហាញថា ជីវិតរបស់អ្នកបានឈានដល់ចំណុចជាក់លាក់មួយ នៅពេលអ្នកអធិស្ឋានដល់ព្រះជាម្ចាស់ រួចហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទុកព្រះជាម្ចាស់ចោលនៅខាងក្នុងបានឡើយ ហើយអ្នកក៏មិនអាចបំភ្លេចទ្រង់បានដែរ ទោះបីជាអ្នកចង់ធ្វើបែបនេះក៏ដោយ។ ព្រះជាម្ចាស់នឹងក្លាយជាជីវិតរបស់អ្នក អ្នកអាចបំភ្លេចលោកិយចោល អ្នកអាចបំភ្លេចភរិយា ស្វាមី ឬកូនៗរបស់អ្នកបាន ប៉ុន្តែអ្នកនឹងពិបាកបំភ្លេចព្រះជាម្ចាស់ណាស់ ការធ្វើបែបនេះ គឺច្បាស់ជាមិនអាចទៅរួច នេះជាជីវិតពិត និងជាក្ដីស្រឡាញ់ពិតដែលអ្នកមាន ចំពោះព្រះជាម្ចាស់។ កាលណាសេចក្ដីស្រឡាញ់ ដែលមនុស្សមាន ចំពោះព្រះជាម្ចាស់ បានឈានដល់ចំណុចមួយជាក់លាក់ នោះក្ដីស្រឡាញ់ដែលគេមានចំពោះអ្វីៗដទៃទៀត គឺមិនអាចប្រៀបស្មើនឹងក្ដីស្រឡាញ់របស់គេ ចំពោះព្រះជាម្ចាស់ឡើយ។ ក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ គឺជាអាទិភាពទីមួយ។ តាមរយៈវិធីនេះ អ្នកអាចលះបង់ចោលអ្វីៗផ្សេងគ្រប់យ៉ាង ហើយក៏ព្រមទទួលការដោះស្រាយ និងការលះកាត់ពីសំណាក់ព្រះជាម្ចាស់ផង។ កាលណាអ្នកសម្រេចបានក្ដីស្រឡាញ់ដែលល្អលើសអ្វីៗទាំងអស់របស់ព្រះជាម្ចាស់ នោះអ្នកនឹងរស់ក្នុងតថភាព និងក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. «យកកែងដៃទៅបាំង» គឺជាក្រៀមភាសាចិន ដែលមានន័យថា បុគ្គលម្នាក់កំពុងជួយជ្រោមជ្រែងដល់អ្នកដទៃដើម្បីកេងប្រយោជន៍ពីមនុស្សជិតស្និតនឹងមនុស្សនោះ ឧទាហរណ៍ ឪពុកម្ដាយ កូនចៅ សាច់ញាតិ ឬបងប្អូនជាដើម។

ខាង​ដើម៖ ៣. អ្វីជាលក្ខខណ្ឌដែលអ្នកស៊ីឈ្នួលត្រូវបំពេញ ដើម្បីក្លាយជារាស្ត្ររបស់ព្រះជាម្ចាស់

បន្ទាប់៖ ៥. វិធីញែកស្រូវចេញពីស្រង៉ែ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ