កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III

ពីរបីការប្រកបគ្នាមុនរបស់យើងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឯងរាល់គ្នាម្នាក់ៗ។ ឥឡូវ នៅទីបំផុត មនុស្សអាចមានអារម្មណ៍ដឹងអំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ និងដឹងទៀតថា ព្រះជាម្ចាស់ពិតជាគង់នៅជិតមនុស្សមែន។ ទោះបីមនុស្សបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ពួកគេមិនដែលយល់យ៉ាងពិតប្រាកដអំពីព្រះតម្រិះ និងយោបល់របស់ទ្រង់ ដូចជាពេលបច្ចុប្បន្ននេះដែរ ហើយពួកគេក៏មិនធ្លាប់បានដកពិសោធន៍ពីទង្វើជាក់ស្ដែងរបស់ទ្រង់ ដូចឥឡូវនេះដែរ។ មិនថាវាជាចំណេះដឹង ឬជាការអនុវត្តជាក់ស្ដែងនោះឡើយ មនុស្សភាគច្រើនបានរៀនអ្វីមួយថ្មី និងបានទទួលនូវការយល់ដឹងកាន់តែខ្ពស់ ព្រមទាំងបានទទួលស្គាល់ពីកំហុសឆ្គងនៅក្នុងការដេញតាមរបស់គេកាលពីអតីតកាល ក៏ដូចជាទទួលស្គាល់ពីភាពរាក់កំផែលនៃបទពិសោធន៍របស់គេ និងដឹងទៀតថា បទពិសោធន៍ភាគច្រើនរបស់គេ គឺមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏ទទួលស្គាល់ផងដែរថា អ្វីដែលមនុស្សខ្វះបំផុតនោះ គឺជាចំណេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ចំណេះដឹងដែលមនុស្សមាននេះគ្រាន់តែជាប្រភេទនៃចំណេះដឹងផ្អែកលើទស្សនៈយល់ឃើញប៉ុណ្ណោះ ហើយដើម្បីឡើងទៅដល់កម្រិតនៃចំណេះដឹងបែបវិចារណញ្ញាណ វាតម្រូវទាមទារឲ្យមានការស៊ីជម្រៅ និងការពង្រឹងបន្ដិចម្ដងៗ តាមរយៈបទពិសោធន៍របស់គេ។ មុនពេលមនុស្សយល់យ៉ាងពិតប្រាកដអំពីព្រះជាម្ចាស់ គឺអាចនិយាយបានថា ពួកគេជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ប៉ុន្តែ ពួកគេគ្មានការយល់ដឹងដ៏ពិតអំពីសំណួរដ៏ជាក់លាក់ ដូចជា តើទ្រង់ជាព្រះជាម្ចាស់ប្រភេទណា? តើទ្រង់មានព្រះហឫទ័យយ៉ាងដូចម្ដេច? តើទ្រង់មាននិស្ស័យអ្វីខ្លះទៅ? និងតើទ្រង់មានចិត្តគំនិតដ៏ពិតចំពោះមនុស្សជាតិបែបណា? ការមិនយល់អំពីសំណួរទាំងនេះពិតជាធ្វើឲ្យខូចដល់សេចក្តីជំនឿរបស់គេលើព្រះជាម្ចាស់ ហើយវាជាការរាំងស្ទះមិនឲ្យសេចក្តីជំនឿរបស់គេទទួលបានភាពបរិសុទ្ធ ឬការប្រោសឲ្យគ្រប់លក្ខណ៍។ ទោះបីឯងជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់មុខនឹងមុខ ឬមានអារម្មណ៍ថា ឯងបានជួបព្រះជាម្ចាស់ តាមរយៈបទពិសោធន៍របស់ឯងក៏ដោយ ក៏វានៅតែមិនអាចនិយាយបានថា ឯងយល់ពីទ្រង់បានទាំងស្រុងនោះឡើយ។ ដោយសារតែឯងមិនបានដឹងអំពីព្រះតម្រិះរបស់ព្រះជាម្ចាស់ ឬមិនបានដឹងអំពីអ្វីដែលទ្រង់ស្រឡាញ់ និងអ្វីដែលទ្រង់ស្អប់ អ្វីដែលធ្វើឲ្យទ្រង់ខ្ញាល់ និងអ្វីដែលនាំឲ្យទ្រង់មានសេចក្តីអំណរ ដូច្នេះ ឯងមិនមានការយល់ដឹងដ៏ពិតអំពីទ្រង់ឡើយ។ សេចក្តីជំនឿរបស់ឯងត្រូវបានសង់ឡើងលើមូលដ្ឋានគ្រឹះនៃភាពស្រពេចស្រពិល និងការស្រមើស្រមៃ ផ្អែកលើសេចក្តីប៉ងប្រាថ្នាបែបអត្តនោម័តរបស់ឯងប៉ុណ្ណោះ។ ជំនឿបែបនេះស្ថិតនៅឆ្ងាយណាស់ពីសេចក្តីជំនឿដ៏ពិត ហើយឯងក៏ស្ថិតនៅឆ្ងាយពីការក្លាយជាអ្នកដើរតាមដ៏ពិតប្រាកដផងដែរ។ សេចក្តីពន្យល់អំពីឧទាហរណ៍ចេញពីសាច់រឿងព្រះគម្ពីរទាំងនេះបានជួយឲ្យមនុស្សលោកស្គាល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់កំពុងតែមានព្រះតម្រិះនៅគ្រប់ជំហានក្នុងកិច្ចការរបស់ទ្រង់ និងហេតុផលដែលទ្រង់បានធ្វើកិច្ចការនេះ អ្វីដែលជាបំណងព្រះហឫទ័យដើម និងផែនការរបស់ទ្រង់ នៅពេលដែលទ្រង់បានធ្វើកិច្ចការអ្វីមួយ របៀបដែលទ្រង់សម្រេចតាមព្រះតម្រិះរបស់ទ្រង់ និងរបៀបដែលទ្រង់រៀបចំ និងបង្កើតផែនការរបស់ទ្រង់។ តាមរយៈសាច់រឿងទាំងនេះ យើងអាចទទួលបាននូវការយល់ដឹងដ៏ល្អិតល្អន់ និងជាក់លាក់អំពីគ្រប់ទាំងបំណងព្រះហឫទ័យ និងព្រះតម្រិះដ៏ពិតរបស់ព្រះជាម្ចាស់ ក្នុងអំឡុងនៃកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ ព្រមទាំងយល់អំពីចិត្តគំនិតរបស់ទ្រង់ដែលមានចំពោះមនុស្សលោកនៅពេលខុសគ្នា និងយុគសម័យកាលខុសគ្នាផងដែរ។ ប្រសិនបើមនុស្សអាចយល់អំពីអ្វីដែលព្រះជាម្ចាស់កំពុងតែមានព្រះតម្រិះ យល់អំពីចិត្តគំនិតរបស់ទ្រង់ និងនិស្ស័យដែលទ្រង់បានបើកសម្ដែង នៅពេលដែលទ្រង់បានជួបគ្រប់ស្ថានភាព នោះវាអាចជួយឲ្យមនុស្សគ្រប់គ្នាកាន់តែទទួលស្គាល់អំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ និងកាន់តែមានអារម្មណ៍អំពីភាពជាក់ស្ដែង និងភាពពិតប្រាកដរបស់ទ្រង់មិនខាន។ ការដែលអញប្រាប់សាច់រឿងទាំងនេះ គោលដៅរបស់អញ គឺមិនមែនដើម្បីឲ្យមនុស្សយល់អំពីប្រវត្តិសាស្ត្រព្រះគម្ពីរ ស្គាល់ខគម្ពីរ ឬស្គាល់តួអង្គដែលស្ថិតនៅក្នុងសាច់រឿងទាំងនោះឡើយ ហើយវាក៏មិនមែនឲ្យមនុស្សយល់អំពីសាវតារនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ ក្នុងអំឡុងពេលយុគសម័យនៃក្រឹត្យវិន័យនោះដែរ។ ផ្ទុយទៅវិញ គោលដៅរបស់អញ គឺដើម្បីជួយមនុស្សឲ្យយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ និងគ្រប់ផ្នែកតូចៗនៃទ្រង់ ព្រមទាំងដើម្បីទទួលបាននូវការយល់ដឹង និងចំណេះដឹងកាន់តែពិត និងកាន់តែសុក្រឹត្យអំពីព្រះជាម្ចាស់។ ដោយធ្វើបែបនេះ បន្ដិចម្ដងៗ ដួងចិត្តរបស់មនុស្សអាចបើកចំហចំពោះព្រះជាម្ចាស់ មានទំនាក់ទំនងជិតស្និទ្ធជាមួយទ្រង់ ហើយពួកគេអាចកាន់តែយល់អំពីទ្រង់ យល់អំពីនិស្ស័យរបស់ទ្រង់ សារជាតិរបស់ទ្រង់ ព្រមទាំងកាន់តែស្គាល់អំពីព្រះជាម្ចាស់ដ៏ពិត។

ចំណេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ អំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ អាចជះឥទ្ធិពលវិជ្ជមានទៅលើមនុស្ស។ វាអាចជួយឲ្យពួកគេកាន់តែមានទំនុកចិត្តលើព្រះជាម្ចាស់ និងជួយឲ្យពួកគេមានការស្តាប់បង្គាប់ និងការគោរពកោតខ្លាចដ៏ពិតចំពោះទ្រង់។ បន្ទាប់មក ពួកគេនឹងលែងដើរតាម ឬថ្វាយបង្គំទ្រង់ទាំងងងឹតងងល់តទៅទៀត។ ព្រះជាម្ចាស់មិនចង់បានមនុស្សល្ងីល្ងើ ឬអស់អ្នកដែលដើរតាមបណ្ដាជនទាំងងងឹតងងល់ឡើយ ប៉ុន្តែ ទ្រង់ចង់បានមនុស្សមួយក្រុមដែលមានការយល់ដឹង និងចំណេះដឹងដ៏ច្បាស់លាស់អំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយក៏ជាអ្នកដែលអាចធ្វើជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ ដោយសារតែភាពគួរឲ្យស្រឡាញ់របស់ទ្រង់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ហើយដោយសារតែនិស្ស័យដ៏សុចរិតរបស់ទ្រង់ ពួកគេនឹងក្លាយជាមនុស្សដែលមិនបោះបង់ចោលព្រះជាម្ចាស់ឡើយ។ ក្នុងនាមជាអ្នកដើរតាមព្រះជាម្ចាស់ ប្រសិនបើឯងនៅតែមានភាពមិនច្បាស់លាស់នៅក្នុងដួងចិត្តរបស់ឯង ឬនៅតែមានភាពស្រពេចស្រពិល ឬភាពច្របូកច្របល់អំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ អំពីនិស្ស័យរបស់ទ្រង់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអំពីផែនការរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិ នោះសេចក្តីជំនឿរបស់ឯងមិនអាចទទួលបានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនចង់បានមនុស្សប្រភេទនេះមកដើរតាមទ្រង់ឡើយ ហើយទ្រង់ក៏មិនចូលចិត្តមនុស្សប្រភេទនេះចូលមកចំពោះទ្រង់នោះដែរ។ ដោយសារតែមនុស្សប្រភេទនេះមិនយល់អំពីព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនអាចថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់ឡើយ ហើយដោយសារតែដួងចិត្តរបស់គេមិននៅជិតស្និទ្ធនឹងទ្រង់ ដូច្នេះ សេចក្តីជំនឿរបស់គេលើព្រះជាម្ចាស់ គឺពេញដោយភាពមិនបរិសុទ្ធ។ ការដើរតាមព្រះជាម្ចាស់របស់ពួកគេអាចត្រូវបានហៅថាជាការដើរតាមទាំងខ្វាក់ភ្នែកប៉ុណ្ណោះ។ មនុស្សអាចទទួលបានជំនឿដ៏ពិត និងក្លាយជាអ្នកដើរតាមដ៏ពិតបាន លុះត្រាតែពួកគេមាននូវការយល់ដឹង និងចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ ព្រោះថាការយល់ដឹង និងចំណេះដឹងទាំងនេះហើយដែលបង្កើតឲ្យមាននៅក្នុងពួកគេនូវការស្ដាប់បង្គាប់ និងការគោរពកោតខ្លាចព្រះជាម្ចាស់ដ៏ពិតប្រាកដ។ មានតែបែបនេះទេ ទើបពួកគេអាចថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់ និងបើកដួងចិត្តរបស់គេដល់ទ្រង់។ នេះជាអ្វីដែលព្រះជាម្ចាស់ចង់បាន ដោយសារតែអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ និងគិត អាចទ្រាំទ្រនឹងការល្បងលរបស់ព្រះជាម្ចាស់ ហើយក៏អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផងដែរ។ គ្រប់ទាំងសេចក្តីដែលអញប្រាស្រ័យទាក់ទងទៅកាន់ឯងរាល់គ្នា សុទ្ធតែទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ឬអំពីព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងអំពីព្រះតម្រិះរបស់ទ្រង់នៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ ហើយចេញពីគ្រប់ទិដ្ឋភាព គ្រប់ជ្រុងដែលអញនិយាយ គឺក្នុងគោលបំណង ដើម្បីចង់ជួយឲ្យឯងដឹងកាន់តែច្បាស់អំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ ព្រមទាំងយល់កាន់តែពិតប្រាកដអំពីសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិ ហើយយល់អំពីការយកចិត្តទុកដាក់របស់ទ្រង់សម្រាប់មនុស្ស និងបំណងព្រះហឫទ័យដ៏ស្មោះរបស់ទ្រង់ក្នុងការគ្រប់គ្រង និងសង្រ្គោះមនុស្សជាតិ។

នៅថ្ងៃនេះ ជាដំបូង យើងនឹងសង្ខេបអំពីព្រះតម្រិះ យោបល់របស់ព្រះជាម្ចាស់ និងគ្រប់ទាំងជំហានរបស់ទ្រង់ គឺចាប់តាំងពីព្រះអង្គបានបង្កើតមនុស្សជាតិមក។ យើងនឹងពិនិត្យមើលអ្វីដែលទ្រង់បានអនុវត្ត ចាប់តាំងពីការបង្កើតពិភពលោក រហូតដល់ការចាប់ផ្ដើមយុគសម័យនៃព្រះគុណជាផ្លូវការ។ បន្ទាប់មក យើងអាចស្វែងយល់មើលថាតើមានព្រះតម្រិះ និងយោបល់របស់ព្រះជាម្ចាស់ណាខ្លះដែលមនុស្សលោកមិនបានដឹង ហើយចេញពីចំណុចនេះ យើងអាចបញ្ជាក់ពីលំដាប់លំដោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយយល់យ៉ាងហ្មត់ចត់អំពីបរិបទដែលព្រះជាម្ចាស់បានបង្កើតកិច្ចការគ្រប់គ្រងរបស់ទ្រង់ ប្រភពរបស់វា និងដំណើរវិវឌ្ឍ ហើយក៏យល់យ៉ាងហ្មត់ចត់អំពីលទ្ធផលអ្វីខ្លះដែលទ្រង់ចង់សម្រេចចេញពីកិច្ចការគ្រប់គ្រងរបស់ទ្រង់ ដូច្នេះ នេះគឺជាចំណុចស្នូល និងគោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ទ្រង់។ ដើម្បីយល់អំពីចំណុចទាំងនេះ យើងត្រូវតែត្រលប់ទៅកាន់ពេលដ៏សែនឆ្ងាយ ស្ងប់ស្ងៀម និងស្ងាត់ជ្រងំមួយ ជាពេលមួយដែលមិនទាន់មានមនុស្សលោកនៅឡើយ...

នៅពេលដែលព្រះជាម្ចាស់បានក្រោកចេញពីក្រឡាបន្ទំរបស់ទ្រង់ ព្រះតម្រិះដំបូងដែលទ្រង់មានគឺជា៖ ការបង្កើតមនុស្សដ៏មានជីវិតរវើកម្នាក់ ដើម្បីរស់នៅជាមួយទ្រង់ និងក្លាយជាមនុស្សជំនិតរបស់ទ្រង់។ មនុស្សនេះអាចស្ដាប់ឮទ្រង់ ហើយទ្រង់អាចប្រាប់រឿងសម្ងាត់ ព្រមទាំងជជែកលេងជាមួយគាត់បាន។ បន្ទាប់មក ជាលើកដំបូង ទ្រង់បានពូនដីមួយក្ដាប់ ហើយបង្កើតចេញជាមនុស្សដ៏មានជីវិតរស់ដំបូងគេ ស្របតាមរូបភាពដែលទ្រង់បានស្រមើស្រមៃនៅក្នុងព្រះតម្រិះរបស់ទ្រង់ ហើយបន្ទាប់មក ទ្រង់បានដាក់ឈ្មោះឲ្យមនុស្សដ៏មានជីវិតនេះថា អ័ដាម។ នៅពេលដែលព្រះជាម្ចាស់មានមនុស្សដ៏មានជីវិតរស់ និងចេះដកដង្ហើមនេះហើយ តើទ្រង់មានអារម្មណ៍ដូចម្ដេចទៅ? ជាលើកដំបូង ទ្រង់មានអំណរយ៉ាងខ្លាំង ដ្បិតទ្រង់មានមនុស្សជំនិតដ៏ជាទីស្រឡាញ់នេះ។ ទ្រង់ក៏មានអារម្មណ៍ជាលើកដំបូងអំពីទំនួលខុសត្រូវជាឪពុក ហើយក៏មានក្តីបារម្ភផងដែរ។ មនុស្សដ៏មានជីវិត និងចេះដកដង្ហើមនេះ បាននាំឲ្យព្រះជាម្ចាស់មានសេចក្តីសុខ និងសេចក្តីអំណរ ហើយទ្រង់ក៏មានអារម្មណ៍កម្សាន្តចិត្តជាលើកដំបូងផងដែរ។ នេះជាកិច្ចការទីមួយហើយដែលព្រះជាម្ចាស់បានធ្វើ ដោយមិនសម្រេចតាមព្រះតម្រិះ ឬតាមព្រះបន្ទូល ប៉ុន្តែ ត្រូវបានសម្រេចជាមួយព្រះហស្តរបស់ទ្រង់ផ្ទាល់។ នៅពេលដែលមនុស្សប្រភេទនេះ ជាមនុស្សដ៏មានជីវិត និងចេះដកដង្ហើម បានឈរនៅមុខព្រះជាម្ចាស់ ជាមនុស្សដែលត្រូវបានកើតចេញពីសាច់ និងឈាម មានរូបកាយ និងទ្រង់ទ្រាយ ហើយអាចនិយាយជាមួយព្រះជាម្ចាស់បានទៀតនោះ ទ្រង់បានមានសេចក្តីអំណរមួយប្រភេទដែលទ្រង់មិនធ្លាប់មានពីមុនមក។ ព្រះជាម្ចាស់បានមានអារម្មណ៍ថា ទ្រង់មាននូវទំនួលខុសត្រូវមួយ ហើយមនុស្សដ៏រស់នេះមិនគ្រាន់តែដក់ជាប់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ គេក៏ផ្ដល់នូវភាពកក់ក្ដៅ និងធ្វើឲ្យទ្រង់រំជួលព្រះហឫទ័យផងដែរ នៅគ្រប់ជំហានតូចៗដែលគេដើរ។ នៅពេលដែលមនុស្សដ៏មានជីវិតរស់នេះបានឈរនៅមុខព្រះជាម្ចាស់ វាជាលើកដំបូងហើយដែលទ្រង់បានមានព្រះតម្រិះចង់បានថែមទៀតពីមនុស្សបែបនេះ។ នេះគឺជាសាច់រឿងបន្តបន្ទាប់ដែលបានចាប់ផ្ដើមជាមួយព្រះតម្រិះដំបូងគេបង្អស់ ដែលព្រះជាម្ចាស់មាន។ សម្រាប់ព្រះជាម្ចាស់ គ្រប់ព្រឹត្តិការណ៍ទាំងនេះកំពុងតែកើតឡើងជាលើកដំបូង ប៉ុន្តែ នៅក្នុងព្រឹត្តិការណ៍ដំបូងៗទាំងនេះ មិនថាទ្រង់មានអារម្មណ៍បែបណាជាលើកដំបូង ដូចជា សេចក្តីអំណរ ការទទួលខុសត្រូវ ក្តីបារម្ភឡើយ គឺគ្មាននរណាម្នាក់ដែលទ្រង់អាចចែកចាយអារម្មណ៍របស់ទ្រង់ជាមួយបានឡើយ។ ចាប់ពីពេលនោះមក ព្រះជាម្ចាស់មានអារម្មណ៍ឯកោ និងព្រួយព្រះហឫទ័យ ដែលទ្រង់មិនធ្លាប់មានពីមុនមកឡើយ។ ទ្រង់មានអារម្មណ៍ថា មនុស្សមិនអាចទទួលយក ឬយល់ពីសេចក្តីស្រឡាញ់ និងក្តីបារម្ភរបស់ទ្រង់ ឬមិនយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សឡើយ ដូច្នេះ ទ្រង់នៅតែមានអារម្មណ៍កើតទុក្ខ និងឈឺចាប់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ដដែល។ ទោះបីទ្រង់បានធ្វើកិច្ចការទាំងនេះសម្រាប់មនុស្សក៏ដោយ ក៏មនុស្សមិនបានដឹង និងយល់អំពីវាឡើយ។ ក្រៅពីសេចក្តីសុខ សេចក្តីអំណរ និងការកម្សាន្តចិត្ត ដែលមនុស្សនាំមកឲ្យទ្រង់ ភ្លាមៗ វាក៏ធ្វើឲ្យទ្រង់មានអារម្មណ៍ព្រួយព្រះហឫទ័យ និងឯកោជាលើកដំបូងផងដែរ។ នេះគឺជាព្រះតម្រិះ និងអារម្មណ៍របស់ព្រះជាម្ចាស់នៅគ្រានោះ។ ខណៈពេលដែលព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការទាំងអស់នេះ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះអង្គបានចេញពីសេចក្តីអំណរទៅរកទុក្ខព្រួយ និងចេញពីទុក្ខព្រួយ ទៅរកការឈឺចាប់ ហើយអារម្មណ៍ទាំងនេះបានលាយឡំជាមួយភាពខ្វល់ខ្វាយ។ អ្វីគ្រប់យ៉ាងដែលទ្រង់ចង់ធ្វើ គឺចង់ឲ្យមនុស្សនេះឆាប់ដឹងអំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ និងឆាប់យល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ បន្ទាប់មក ពួកគេអាចក្លាយជាអ្នកដើរតាមទ្រង់ យល់ពីព្រះតម្រិះរបស់ទ្រង់ ហើយធ្វើតាមព្រះហឫទ័យរបស់ទ្រង់។ ពួកគេនឹងលែងគ្រាន់តែស្ដាប់ព្រះជាម្ចាស់មានបន្ទូល ហើយបន្តនៅស្ងាត់ឈឹងទៀតហើយ។ ពួកគេនឹងលែងគ្មានចំណេះដឹងអំពីរបៀបចូលរួមជាមួយព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ពួកគេនឹងលែងក្លាយជាមនុស្សដែលមិនអើពើចំពោះលក្ខខណ្ឌតម្រូវរបស់ទ្រង់ទៀតហើយ។ កិច្ចការដំបូងៗដែលព្រះជាម្ចាស់បានធ្វើ គឺជាកិច្ចការដ៏មានអត្ថន័យ និងមានតម្លៃយ៉ាងខ្លាំងសម្រាប់ផែនការគ្រប់គ្រងរបស់ទ្រង់ ព្រមទាំងសម្រាប់មនុស្សលោកនាពេលសព្វថ្ងៃ។

បន្ទាប់ពីការបង្កើតរបស់សព្វសារពើ និងមនុស្សជាតិមក ព្រះជាម្ចាស់មិនបានសម្រាកឡើយ។ ទ្រង់មានព្រះទ័យអន្ទះសាចង់អនុវត្តការគ្រប់គ្រងរបស់ទ្រង់ និងចង់ទទួលបានមនុស្សដែលទ្រង់ស្រឡាញ់យ៉ាងខ្លាំងនៅក្នុងចំណោមមនុស្សជាតិ។


បន្ទាប់មក ក្រោយព្រះជាម្ចាស់បានបង្កើតមនុស្សលោកមិនយូរប៉ុន្មានផង ចេញពីព្រះគម្ពីរ យើងឃើញមានទឹកជំនន់ដ៏ធំមួយនៅទូទាំងពិភពលោក។ លោកណូអេត្រូវបានលើកឡើងនៅក្នុងកំណត់ត្រានៃទឹកជំនន់ ហើយគេអាចនិយាយបានថា លោកណូអេជាមនុស្សដំបូងគេដែលទទួលបានការត្រាស់ហៅរបស់ព្រះជាម្ចាស់ ក្នុងការធ្វើការជាមួយទ្រង់ ដើម្បីសម្រេចកិច្ចការរបស់ព្រះជាម្ចាស់។ ជាការពិត នេះក៏ជាលើកដំបូងដែលព្រះជាម្ចាស់បានត្រាស់ហៅមនុស្សនៅលើផែនដី ដើម្បីធ្វើអ្វីមួយស្របតាមបញ្ជារបស់ទ្រង់ផងដែរ។ នៅពេលដែលលោកណូអេបានបញ្ចប់ការសង់ទូកធំ ព្រះជាម្ចាស់បានធ្វើឲ្យផែនដីលិចលង់ដោយទឹកជំនន់ជាលើកដំបូង។ នៅពេលដែលព្រះជាម្ចាស់បានបំផ្លាញផែនដីជាមួយទឹកជំនន់ វាជាលើកទីមួយហើយ តាំងពីបង្កើតមនុស្សលោកមកដែលទ្រង់មានព្រះទ័យស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះពួកគេ ហើយដោយសារតែអារម្មណ៍ស្អប់ខ្ពើមដ៏ខ្លាំងនេះហើយដែលនាំឲ្យព្រះជាម្ចាស់សម្រេចព្រះទ័យដ៏ឈឺចាប់ក្នុងការបំផ្លាញពូជសាសន៍មនុស្សនេះ តាមរយៈទឹកជំនន់។ ក្រោយពេលទឹកជំនន់បានបំផ្លាញផែនដី ព្រះជាម្ចាស់បានធ្វើសេចក្តីសញ្ញាជាលើកដំបូងជាមួយមនុស្សលោក ជាសេចក្តីសញ្ញាមួយដែលបង្ហាញថា ទ្រង់នឹងមិនបំផ្លាញពិភពលោកដោយទឹកជំនន់ម្ដងទៀតឡើយ។ សញ្ញាសម្គាល់នៃសេចក្តីសញ្ញានេះគឺជាឥន្ទធនូ។ នេះគឺជាសេចក្តីសញ្ញាលើកទីមួយរបស់ព្រះជាម្ចាស់ជាមួយមនុស្សជាតិ ដូច្នេះ ឥន្ទធនូគឺជាសញ្ញាសម្គាល់ទីមួយនៃសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានប្រទានមក ហើយឥន្ទធនូគឺជាវត្ថុដ៏ពិតដែលកើតមានមែន។ ជារឿយៗ វាជាវត្តមាននៃឥន្ទធនូដែលធ្វើឲ្យព្រះជាម្ចាស់មានព្រះទ័យសោកសៅសម្រាប់ពូជសាសន៍មនុស្សកាលពីមុន ដែលទ្រង់បានបាត់បង់ ហើយឥន្ទធនូនោះបានបម្រើជាសេចក្តីរំឭកដល់ទ្រង់អំពីអ្វីដែលបានកើតឡើងចំពោះពួកគេ... ព្រះជាម្ចាស់នឹងមិនបន្ថយល្បឿនរបស់ទ្រង់ឡើយ ដូច្នេះ ទ្រង់មានព្រះទ័យអន្ទះសាចង់បោះជំហានបន្ទាប់នៅក្នុងការគ្រប់គ្រងរបស់ទ្រង់។ ជាលទ្ធផល ព្រះជាម្ចាស់បានជ្រើសរើសលោកអ័ប្រាហាំ ជាជម្រើសដំបូង ដើម្បីធ្វើកិច្ចការរបស់ទ្រង់ តាមរយៈអ៊ីស្រាអែល។ នេះក៏ជាលើកទីមួយដែលព្រះជាម្ចាស់បានជ្រើសរើសបេក្ខជនបែបនេះផងដែរ។ ព្រះជាម្ចាស់បានសម្រេចព្រះទ័យចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់នៃការសង្រ្គោះមនុស្សជាតិ តាមរយៈបុគ្គលនេះ ហើយបន្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមពូជពង្សរបស់បុគ្គលនេះ។ នៅក្នុងព្រះគម្ពីរ យើងអាចមើលឃើញថា នេះគឺជាអ្វីដែលព្រះជាម្ចាស់បានធ្វើជាមួយលោកអ័ប្រាហាំ។ បន្ទាប់មក ព្រះជាម្ចាស់បានប្រទានដល់អ៊ីស្រាអែលនូវទឹកដីជ្រើសតាំងដំបូងគេ ហើយបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅយុគសម័យនៃក្រឹត្យវិន័យ តាមរយៈពូជជ្រើសតាំងរបស់ទ្រង់ គឺពួកអ៊ីស្រាអែល។ ជាថ្មីម្ដងទៀត ព្រះជាម្ចាស់បានប្រទានដល់អ៊ីស្រាអែលជាលើកដំបូងនូវក្បួនច្បាប់ និងក្រឹត្យវិន័យដ៏ជាក់លាក់ ដែលមនុស្សជាតិគួរតែប្រកាន់ខ្ជាប់ ហើយទ្រង់បានពន្យល់ពួកគេយ៉ាងលម្អិត។ នេះគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សលោកនូវក្បួនច្បាប់បទដ្ឋានដ៏ជាក់លាក់អំពីរបៀបដែលពួកគេគួរតែថ្វាយយញ្ញបូជា របៀបដែលពួកគេគួរតែរស់នៅ អ្វីដែលពួកគេគួរធ្វើ និងមិនគួរធ្វើ ពិធីបុណ្យ និងថ្ងៃណាខ្លះដែលពួកគេគួរតែប្រកាន់ខ្ជាប់ ព្រមទាំងគោលការណ៍ដែលពួកគេគួរតែដើរតាមនៅក្នុងគ្រប់កិច្ចការដែលគេធ្វើផងដែរ។ នេះគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សជាតិនូវក្បួនច្បាប់ និងគោលការណ៍បទដ្ឋានយ៉ាងលម្អិតបែបនេះអំពីរបៀបដែលពួកគេត្រូវរស់នៅ។

គ្រប់ពេលដែលអញនិយាយថា “ជាលើកទីមួយ” វាសំដៅលើប្រភេទនៃកិច្ចការដែលព្រះជាម្ចាស់មិនធ្លាប់បានធ្វើកាលពីមុនមក។ វាសំដៅលើកិច្ចការដែលមិនធ្លាប់កើតឡើងពីមុនមក ហើយទោះបីព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ សត្វ និងរបស់សព្វសារពើទាំងអស់ក៏ដោយ ក៏នេះជាកិច្ចការមួយដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមកដែរ។ កិច្ចការនេះបានបញ្ចូលការគ្រប់គ្រងរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ហើយវាត្រូវពាក់ព័ន្ធជាមួយមនុស្ស ព្រមទាំងការសង្រ្គោះ និងការគ្រប់គ្រងរបស់ទ្រង់ចំពោះមនុស្ស។ បន្ទាប់ពីលោកអ័ប្រាហាំ ព្រះជាម្ចាស់បានធ្វើកិច្ចការលើកទីមួយម្ដងទៀត គឺទ្រង់បានជ្រើសរើសលោកយ៉ូបឲ្យក្លាយជាបុគ្គលម្នាក់ដែលរស់នៅក្រោមក្រឹត្យវិន័យ និងដែលអាចអត់ទ្រាំនឹងសេចក្តីល្បួងរបស់អារក្សសាតាំង ក្នុងពេលដែលគាត់បន្តគោរពកោតខ្លាចព្រះជាម្ចាស់ គេចចេញពីការអាក្រក់ និងឈរជាបន្ទាល់សម្រាប់ព្រះជាម្ចាស់។ នេះក៏ជាលើកទីមួយផងដែរដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យអារក្សសាតាំងល្បួងមនុស្សម្នាក់ ហើយក៏ជាលើកទីមួយដែលទ្រង់បានធ្វើការភ្នាល់ជាមួយសាតាំង។ នៅទីបញ្ចប់ វាជាលើកទីមួយដែលទ្រង់ទទួលបានមនុស្សម្នាក់ដែលអាចឈរជាបន្ទាល់សម្រាប់ទ្រង់ និងធ្វើបន្ទាល់អំពីទ្រង់ ក្នុងពេលប្រឈមជាមួយសាតាំង ហើយក្លាយជាមនុស្សម្នាក់ដែលអាចធ្វើឲ្យអារក្សសាតាំងបាក់មុខយ៉ាងខ្លាំង។ ដោយសារតែព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ដូច្នេះ នេះជាបុគ្គលទីមួយហើយដែលទ្រង់ទទួលបាន ជាអ្នកដែលអាចធ្វើបន្ទាល់សម្រាប់ទ្រង់។ នៅពេលដែលទ្រង់បានទទួលមនុស្សនេះ ព្រះជាម្ចាស់កាន់តែមានព្រះទ័យអន្ទះសាក្នុងការបន្តការគ្រប់គ្រងរបស់ទ្រង់ និងអនុវត្តដំណាក់កាលបន្ទាប់នៅក្នុងកិច្ចការរបស់ទ្រង់ ដោយរៀបចំទីតាំង និងមនុស្សដែលទ្រង់នឹងជ្រើសរើសសម្រាប់ជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់។

បន្ទាប់ពីបានប្រកបគ្នាអំពីចំណុចទាំងអស់នេះហើយ តើឯងរាល់គ្នាមានការយល់ដឹងដ៏ពិតអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរឬទេ? ព្រះជាម្ចាស់ចាត់ទុកកិច្ចការគ្រប់គ្រងមនុស្សជាតិ ព្រមទាំងការសង្រ្គោះមនុស្សជាតិរបស់ទ្រង់មានភាពសំខាន់ជាងកិច្ចការផ្សេងទៀត។ ទ្រង់ធ្វើកិច្ចការទាំងនេះ មិនមែនជាមួយព្រះតម្រិះព្រះបន្ទូល និងចិត្តគំនិតធម្មតាៗប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ធ្វើកិច្ចការទាំងអស់នេះ ដោយមានផែនការ គោលដៅ បទដ្ឋាន និងជាមួយព្រះហឫទ័យរបស់ទ្រង់ផងដែរ។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា កិច្ចការសង្រ្គោះមនុស្សជាតិនេះមានភាពសំខាន់ខ្លាំងសម្រាប់ព្រះជាម្ចាស់ និងសម្រាប់មនុស្ស។ មិនថាកិច្ចការនេះលំបាកបែបណា មិនថាវាមានឧបសគ្គធំៗយ៉ាងណា មិនថាមនុស្សលោកទន់ខ្សោយកម្រិតណា ឬមិនថាមនុស្សជាតិមានការបះបោរខ្លាំងបែបណានោះឡើយ ក៏គ្មានកិច្ចការណាមួយដែលពិបាកចំពោះព្រះជាម្ចាស់នោះដែរ។ ព្រះជាម្ចាស់បន្តមមាញឹក ខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងបន្តគ្រប់គ្រងកិច្ចការដែលទ្រង់ចង់អនុវត្ត។ ទ្រង់ក៏កំពុងតែរៀបចំអ្វីៗគ្រប់យ៉ាង ហើយអនុវត្តអធិបតេយ្យភាពរបស់ទ្រង់លើមនុស្សទាំងអស់ដែលទ្រង់នឹងធ្វើការ ព្រមទាំងគ្រប់កិច្ចការដែលទ្រង់ចង់សម្រេច ហើយគ្មានកិច្ចការណាមួយធ្លាប់បានធ្វើកាលពីមុនមកឡើយ។ នេះគឺជាលើកទីមួយដែលព្រះជាម្ចាស់បានប្រើវិធីសាស្ត្រទាំងនេះ និងបានបង់ថ្លៃដ៏ធំបែបនេះសម្រាប់គម្រោងដ៏ធំនៃការគ្រប់គ្រង និងការសង្រ្គោះមនុស្សជាតិនេះ។ ក្នុងពេលដែលព្រះជាម្ចាស់កំពុងតែអនុវត្តកិច្ចការនេះ បន្តិចម្ដងៗ ទ្រង់កំពុងតែបង្ហាញ និងបញ្ចេញទៅកាន់មនុស្ស ដោយគ្មានលាក់ទុកឡើយនូវកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងរបស់ទ្រង់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ និងគ្រប់ទិដ្ឋភាពនៃនិស្ស័យរបស់ទ្រង់។ ទ្រង់បញ្ចេញ និងបង្ហាញចំណុចទាំងនេះ ដូចទ្រង់មិនធ្លាប់បានធ្វើពីមុនមកឡើយ។ ដូច្នេះ នៅក្នុងចក្រវាលទាំងមូល ក្រៅពីមនុស្សដែលព្រះជាម្ចាស់មានបំណងចង់គ្រប់គ្រង និងសង្រ្គោះ គឺមិនធ្លាប់មានសត្វលោកណាមួយដែលជិតស្និទ្ធនឹងព្រះជាម្ចាស់ ហើយមានទំនាក់ទំនងស្និទ្ធស្នាលជាមួយទ្រង់នោះឡើយ។ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ មនុស្សជាតិដែលទ្រង់ចង់គ្រប់គ្រង និងសង្រ្គោះនេះ គឺមានតម្លៃសំខាន់បំផុត។ ព្រះអង្គឲ្យតម្លៃទៅលើមនុស្សជាតិនេះខ្ពស់លើសអ្វីៗទាំងអស់។ ទោះបីទ្រង់បានបង់ថ្លៃដ៏ធំសម្រាប់ពួកគេ ហើយទោះបីពួកគេចេះតែបន្តមិនស្ដាប់បង្គាប់ និងធ្វើឲ្យទ្រង់ឈឺចាប់ក៏ដោយ ក៏ទ្រង់មិនដែលបោះបង់ពួកគេចោលដែរ ហើយទ្រង់នៅតែបន្តធ្វើការយ៉ាងនឿយហត់នៅក្នុងកិច្ចការរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំ ឬវិប្បដិសារីឡើយ។ នោះគឺដោយសារតែទ្រង់ជ្រាបដឹងថា មិនយូរមិនឆាប់ មនុស្សនឹងភ្ញាក់រឭកចំពោះការត្រាស់ហៅរបស់ទ្រង់ ហើយរំជួលចិត្ត ដោយព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងទទួលស្គាល់ថា ទ្រង់ជាព្រះអម្ចាស់នៃសត្តនិករ ហើយវិលត្រលប់មករកទ្រង់វិញ...

ក្រោយពេលបានឮមេរៀននៅថ្ងៃនេះហើយ ឯងរាល់គ្នាអាចមានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺជារឿងសាមញ្ញបំផុត។ ចេញពីព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ វាហាក់ដូចជាមនុស្សលោកតែងតែមានអារម្មណ៍ដឹងអំពីបំណងព្រះហឫទ័យមួយចំនួនដែលព្រះជាម្ចាស់មានសម្រាប់ពួកគេ ប៉ុន្តែ វាតែងតែមានគម្លាតមួយនៅចន្លោះរវាងអារម្មណ៍ និងចំណេះដឹងរបស់គេ និងអ្វីដែលព្រះជាម្ចាស់កំពុងតែមានព្រះតម្រិះ។ នេះជាហេតុផលដែលអញគិតថា វាចាំបាច់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទាំងអស់អំពីហេតុផលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិ និងប្រវត្តិសាវតារនៅពីក្រោយបំណងរបស់ទ្រង់ក្នុងការទទួលបានមនុស្សជាតិដែលទ្រង់ប៉ងប្រាថ្នានោះ។ វាជារឿងសំខាន់ដែលត្រូវចែករំលែករឿងនេះជាមួយមនុស្សគ្រប់គ្នា ដើម្បីឲ្យគ្រប់គ្នាមានភាពច្បាស់លាស់នៅក្នុងដួងចិត្តរបស់គេ។ ដោយសារតែគ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ព្រះជាម្ចាស់ និងគ្រប់ដំណាក់កាល និងអំឡុងពេលនៃកិច្ចការរបស់ទ្រង់មានទំនាក់ទំនង និងចំណងភ្ជាប់ដ៏តឹងណែនទៅនឹងកិច្ចការគ្រប់គ្រងទាំងមូលរបស់ទ្រង់ ដូច្នេះ នៅពេលដែលឯងយល់អំពីព្រះតម្រិះ យោបល់ និងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ នោះឯងក៏យល់អំពីរបៀបដែលកិច្ចការនៃផែនការគ្រប់គ្រងរបស់ទ្រង់ដំណើរការផងដែរ។ គឺនៅលើមូលដ្ឋានគ្រឹះនេះហើយដែលឯងត្រូវមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីព្រះជាម្ចាស់នោះ។ ទោះបីអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ នៅពេលដែលទ្រង់បានបង្កើតពិភពលោកជាលើកដំបូង ដែលអញទើបតែលើកឡើងមុននេះ ហាក់ដូចជាគ្រាន់តែជា “ព័ត៌មាន” មិនទាក់ទងនឹងការដេញតាមសេចក្តីពិតក៏ដោយ ប៉ុន្តែ នៅលើដំណើរផ្លូវនៃបទពិសោធន៍របស់ឯង វានឹងមានថ្ងៃមួយដែលឯងគិតថា នេះមិនមែនជាអ្វីមួយដែលសាមញ្ញដូចជាព័ត៌មានធម្មតាៗនោះឡើយ ហើយក៏មិនមែនជាសេចក្តីអាថ៌កំបាំងនោះដែរ។ នៅពេលដែលជីវិតរបស់ឯងវិវឌ្ឍទៅមុខ ពេលដែលព្រះជាម្ចាស់មានកន្លែងខ្លះនៅក្នុងដួងចិត្តរបស់ឯង ឬពេលដែលឯងយល់អំពីព្រះហឫទ័យរបស់ទ្រង់កាន់តែហ្មត់ចត់ និងស៊ីជម្រៅ នោះឯងនឹងយល់យ៉ាងពិតប្រាកដអំពីសារៈសំខាន់ និងភាពចាំបាច់នៃអ្វីដែលអញកំពុងតែនិយាយនៅថ្ងៃនេះ។ ទោះបីឯងរាល់គ្នាទទួលយកសេចក្តីនេះនៅកម្រិតណាក្នុងពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែ វានៅតែចាំបាច់ដែលឯងរាល់គ្នាត្រូវយល់ និងត្រូវដឹងអំពីរឿងទាំងនេះដដែល។ នៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយ នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ មិនថាទ្រង់ធ្វើវាជាមួយយោបល់របស់ទ្រង់ ឬដោយព្រះហស្តរបស់ទ្រង់ មិនថាវាជាលើកទីមួយដែលទ្រង់បានធ្វើវា ឬជាលើកចុងក្រោយឡើយ នៅទីបំផុត ព្រះជាម្ចាស់មាននូវផែនការមួយ ហើយទ្រង់តែងតែមានគោលបំណង និងព្រះតម្រិះនៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ។ គោលបំណង និងព្រះតម្រិះទាំងនេះតំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ ហើយវាស្ដែងចេញឲ្យឃើញអំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់នេះ គឺជាចំណុចដែលមនុស្សគ្រប់គ្នាត្រូវតែមានការយល់ដឹង។ នៅពេលដែលមនុស្សម្នាក់យល់អំពីនិស្ស័យរបស់ទ្រង់ ព្រមទាំងយល់អំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ នោះបន្ដិចម្ដងៗ ពួកគេអាចយល់អំពីហេតុផលដែលនាំឲ្យទ្រង់ធ្វើកិច្ចការដែលទ្រង់ធ្វើ និងយល់អំពីហេតុផលដែលនាំឲ្យទ្រង់មានបន្ទូលនូវអ្វីដែលទ្រង់មានបន្ទូល។ ចេញពីមូលដ្ឋាននេះ នោះពួកគេអាចមានសេចក្តីជំនឿកាន់តែខ្លាំងក្នុងការដើរតាមព្រះជាម្ចាស់ ក្នុងការដេញតាមសេចក្តីពិត និងក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ ជារួមមក ការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ និងសេចក្តីជំនឿរបស់គេលើព្រះជាម្ចាស់មិនអាចដាច់ចេញពីគ្នាបានឡើយ។

ប្រសិនបើអ្វីដែលមនុស្សមានចំណេះដឹង និងយល់ដឹងនោះ គឺជានិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងយល់អំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ នោះអ្វីដែលពួកគេទទួលបាននោះ នឹងក្លាយជាជីវិតដែលចេញមកពីព្រះជាម្ចាស់មិនខាន។ នៅពេលដែលជីវិតបែបនេះត្រូវបានលូតលាស់ឡើងនៅខាងក្នុងឯង នោះការគោរពកោតខ្លាចរបស់ឯងចំពោះព្រះជាម្ចាស់នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺជាការលូតលាស់មួយដែលដុះឡើងដោយឯកឯង។ ប្រសិនបើឯងមិនចង់យល់ ឬចង់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ឬសារជាតិរបស់ទ្រង់ ប្រសិនបើឯងមិនចង់ពិចារណា ឬផ្តោតទៅលើចំណុចទាំងនេះទេ នោះអញអាចនិយាយប្រាប់ឯងយ៉ាងច្បាស់ថា ផ្លូវដែលឯងកំពុងតែដេញតាមជំនឿរបស់ឯងលើព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ មិនអាចជួយឲ្យឯងបំពេញតាមព្រះហឫទ័យរបស់ទ្រង់ ឬទទួលបានការស្ងើចសរសើរពីទ្រង់នោះឡើយ។ លើសពីនេះទៅទៀត ឯងមិនអាចទទួលបានសេចក្តីសង្រ្គោះដ៏ពិតឡើយ។ ទាំងនេះហើយជាផលវិបាកចុងក្រោយនោះ។ នៅពេលដែលមនុស្សមិនយល់អំពីព្រះជាម្ចាស់ ហើយមិនដឹងអំពីនិស្ស័យរបស់ទ្រង់ នោះដួងចិត្តរបស់គេមិនអាចបើកចំហចំពោះទ្រង់ឡើយ។ នៅពេលដែលពួកគេបានយល់អំពីព្រះជាម្ចាស់ នោះពួកគេនឹងចាប់ផ្ដើមស្ញប់ស្ញែង និងឲ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយការចាប់អារម្មណ៍ និងសេចក្តីជំនឿ។ នៅពេលដែលឯងស្ញប់ស្ញែង និងឲ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់ឯងនឹងបើកចំហចំពោះទ្រង់បន្ដិចម្ដងៗមិនខាន។ នៅពេលដែលដួងចិត្តរបស់ឯងបើកចំហចំពោះទ្រង់ នោះឯងនឹងមានអារម្មណ៍អាម៉ាស់ និងគួរឲ្យខ្ពើមអំពីកិច្ចសន្ទនារបស់ឯងជាមួយព្រះជាម្ចាស់ អំពីការទាមទារចង់បានរបស់ឯងចំពោះព្រះជាម្ចាស់ និងអំពីបំណងប្រាថ្នាដ៏ខ្ជីខ្ជារបស់ឯង។ នៅពេលដែលដួងចិត្តរបស់ឯងបើកចំហយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ នោះឯងនឹងមើលឃើញថា ព្រះហឫទ័យរបស់ទ្រង់គឺជាពិភពលោកមួយដែលគ្មានដែនកំណត់ ហើយឯងនឹងចូលទៅក្នុងពិភពលោកមួយ ដែលឯងមិនធ្លាប់ដកពិសោធន៍ពីមុនមកឡើយ។ នៅក្នុងពិភពមួយនេះ វាគ្មានការបោកប្រាស់ គ្មានការបោកបញ្ឆោត គ្មានសេចក្តីងងឹត ហើយក៏គ្មានការអាក្រក់ដែរ។ វាមានតែភាពស្មោះសរ និងសេចក្តីស្មោះត្រង់ មានតែពន្លឺ និងភាពត្រឹមត្រូវ មានតែសេចក្តីសុចរិត និងសេចក្តីសប្បុរសប៉ុណ្ណោះ។ វាជាពិភពមួយដែលពេញដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ហើយតាមរយៈពិភពមួយនេះ ឯងមានអារម្មណ៍អំពីសេចក្តីសុខ និងសេចក្តីអំណរនៃការមានជីវិតរស់នៅទីនោះ។ ចំណុចទាំងនេះគឺជាអ្វីដែលព្រះជាម្ចាស់នឹងបើកសម្ដែងទៅកាន់ឯង នៅពេលដែលឯងបើកចំហដួងចិត្តរបស់ឯងដល់ទ្រង់។ ពិភពលោកដែលគ្មានដែនកំណត់នេះ គឺជាពិភពមួយ ដែលពេញដោយព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ហើយវាក៏ពេញដោយសេចក្តីស្រឡាញ់ និងសិទ្ធិអំណាចរបស់ទ្រង់ផងដែរ។ នៅក្នុងពិភពនេះ ឯងអាចមើលឃើញគ្រប់ទាំងទិដ្ឋភាពអំពីអ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់ មើលឃើញអ្វីដែលនាំឲ្យទ្រង់មានអំណរ អ្វីដែលនាំឲ្យទ្រង់ខ្វល់ខ្វាយ អ្វីដែលនាំឲ្យទ្រង់កើតទុក្ខ ព្រមទាំងអ្វីដែលនាំឲ្យទ្រង់ខ្ញាល់... នេះជាអ្វីដែលមនុស្សគ្រប់រូបអាចមើលឃើញ សម្រាប់អ្នកដែលបើកចំហដួងចិត្តរបស់គេ ហើយអនុញ្ញាតឲ្យព្រះជាម្ចាស់យាងចូលក្នុង។ ព្រះជាម្ចាស់អាចយាងចូលក្នុងដួងចិត្តរបស់ឯងបាន លុះត្រាតែឯងបើកចំហឲ្យទ្រង់ចូល។ ឯងអាចមើលឃើញអ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់បាន ហើយឯងអាចមើលឃើញពីបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់ឯងបាន លុះត្រាតែទ្រង់យាងចូលក្នុងដួងចិត្តរបស់ឯង។ នៅពេលនោះ ឯងនឹងស្វែងយល់ឃើញថា អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ពិតជាមានតម្លៃ ព្រមទាំងដឹងទៀតថា អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ គឺជាកំណប់ទ្រព្យដ៏ធំបំផុត។ បើប្រៀបធៀបជាមួយការនេះ មនុស្សដែលនៅជុំវិញឯង វត្ថុ និងព្រឹត្តិការណ៍នៅក្នុងជីវិតរបស់ឯង ហើយថែមទាំងមនុស្សជាទីស្រឡាញ់របស់ឯង ដៃគូរបស់ឯង ព្រមទាំងអ្វីៗដែលឯងចូលចិត្តនោះ គឺគ្មានតម្លៃនឹងប្រៀបស្មើបានឡើយ។ អ្វីៗទាំងនេះគឺតូចតាច និងទន់ទាបណាស់។ ឯងនឹងមានអារម្មណ៍ថា គ្មានវត្ថុខាងសម្ភារៈណានឹងអាចទាញឯងឲ្យត្រលប់មកវិញ ឬមានអារម្មណ៍ថា គ្មានវត្ថុសម្ភារៈណាមួយនឹងអាចទាក់ទាញឯងឲ្យបង់ថ្លៃណាមួយសម្រាប់វាឡើយ។ នៅក្នុងការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ ឯងនឹងមើលឃើញពីភាពធំធេង និងភាពខ្ពង់ខ្ពស់របស់ទ្រង់។ លើសពីនេះទៅទៀត ឯងនឹងមើលឃើញនៅក្នុងទង្វើខ្លះរបស់ព្រះជាម្ចាស់ដែលឯងធ្លាប់បានជឿតិចតួចអំពីព្រះប្រាជ្ញាញាណដ៏គ្មានព្រំដែន និងសេចក្តីអត់ឱនរបស់ទ្រង់ ហើយឯងនឹងមើលឃើញពីព្រះទ័យអត់ធ្មត់ ព្រះទ័យអត់ទ្រាំ និងការយល់ព្រះទ័យរបស់ទ្រង់ចំពោះឯង។ ការនេះនឹងធ្វើឲ្យឯងមានការគោរពស្ញប់ស្ញែងចំពោះទ្រង់។ នៅថ្ងៃនោះ ឯងនឹងមានអារម្មណ៍ថា មនុស្សជាតិកំពុងតែរស់នៅក្នុងពិភពលោកដ៏ស្មោកគ្រោក មានអារម្មណ៍ថា មនុស្សដែលនៅជិតឯង និងអ្វីៗដែលកើតឡើងនៅក្នុងជីវិតរបស់ឯង ហើយថែមទាំងមនុស្សដែលឯងស្រឡាញ់ សេចក្តីស្រឡាញ់របស់គេចំពោះឯង ព្រមទាំងការការពារ និងក្ដីកង្វល់របស់គេដែលមានចំពោះឯងនោះ គឺមិនសក្ដិសមនឹងលើកឡើងនោះឡើយ។ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ដែលជាព្រះដ៏ជាទីស្រឡាញ់របស់ឯង ហើយមានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលឯងត្រូវឲ្យតម្លៃយ៉ាងខ្ពស់បំផុត។ នៅពេលដែលថ្ងៃនោះមកដល់ អញជឿថា វានឹងមានមនុស្សខ្លះដែលនិយាយថា៖ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាធំធេងណាស់ ហើយសារជាតិរបស់ទ្រង់ក៏បរិសុទ្ធផងដែរ គឺថានៅក្នុងព្រះជាម្ចាស់ គ្មានការបោកបញ្ឆោត គ្មានការអាក្រក់ គ្មានការច្រណែន ហើយក៏គ្មានជម្លោះនោះដែរ គឺមានតែសេចក្តីសុចរិត និងភាពពិតប្រាកដ ហើយអ្វីៗគ្រប់យ៉ាងដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ គួរតែជាអ្វីដែលមនុស្សលោកទន្ទឹងចង់បាន។ មនុស្សលោកគួរតែស្វះស្វែង និងចង់បានវា។ តើសមត្ថភាពរបស់មនុស្សជាតិដែលចង់សម្រេចនោះ ត្រូវបានសង់ពីលើមូលដ្ឋានអ្វីទៅ? វាត្រូវបានសង់ពីលើមូលដ្ឋាននៃការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងការយល់ដឹងរបស់គេអំពីសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ គឺជាមេរៀនពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប។ នេះជាគោលដៅពេញមួយជីវិតដែលត្រូវដេញតាម ដោយមនុស្សគ្រប់រូប ដែលស្វះស្វែងចង់ផ្លាស់ប្ដូរនិស្ស័យរបស់គេ ព្រមទាំងស្វះស្វែងចង់ស្គាល់ព្រះជាម្ចាស់។

យើងទើបតែបាននិយាយអំពីគ្រប់កិច្ចការដែលព្រះជាម្ចាស់បានធ្វើ ជាកិច្ចការបន្តបន្ទាប់ដែលមិនធ្លាប់មានដែលទ្រង់បានអនុវត្ត។ កិច្ចការនីមួយៗទាំងនេះសុទ្ធតែពាក់ព័ន្ធជាមួយនឹងផែនការគ្រប់គ្រង និងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការទាំងនេះក៏ពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ផងដែរ។ ប្រសិនបើយើងចង់យល់ថែមទៀតអំពីអ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់ យើងមិនអាចឈប់នៅត្រឹមសញ្ញាចាស់ ឬនៅយុគសម័យនៃក្រឹត្យវិន័យឡើយ យើងត្រូវតែបន្តដំណើរទៅមុខទៀត ដើរជាមួយជំហានដែលព្រះជាម្ចាស់បានធ្វើនៅក្នុងកិច្ចការរបស់ទ្រង់។ ដូច្នេះ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយចាប់ផ្ដើមយុគសម័យនៃព្រះគុណ ចូរឲ្យជំហានរបស់យើងតាមពីក្រោយចូលទៅក្នុងយុគសម័យនៃព្រះគុណ ដែលជាយុគសម័យមួយពេញដោយព្រះគុណ និងការប្រោសលោះ។ នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ក៏បានធ្វើកិច្ចការដ៏សំខាន់មួយដែលមិនធ្លាប់បានធ្វើកាលពីមុនផងដែរ។ កិច្ចការនៅក្នុងយុគសម័យថ្មីនេះ សម្រាប់ព្រះជាម្ចាស់ និងមនុស្សជាតិ គឺជាទីចាប់ផ្ដើមមួយថ្មី ដែលបូកផ្សំជាមួយកិច្ចការថ្មីមួយទៀតដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ ជាកិច្ចការដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមកឡើយ។ កិច្ចការថ្មីនេះមិនធ្លាប់បានធ្វើពីមុនឡើយ ព្រោះវាជាអ្វីមួយដែលហួសពីអំណាចនៃការស្រមើស្រមៃរបស់មនុស្ស និងសត្វលោកទាំងអស់។ វាជាអ្វីមួយដែលមនុស្សនាពេលសព្វថ្ងៃបានដឹងទាំងអស់គ្នា។ នេះជាលើកទីមួយហើយដែលព្រះជាម្ចាស់បានត្រលប់ជាមនុស្សលោក ហើយក៏ជាលើកទីមួយដែរ ដែលទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការថ្មីនៅក្នុងទម្រង់ជាមនុស្ស ដោយមានអត្តសញ្ញាណជាមនុស្ស។ កិច្ចការថ្មីនេះមានន័យថា ព្រះជាម្ចាស់បានបញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងមានន័យទៀតថា ទ្រង់លែងធ្វើការ ឬមានបន្ទូលអ្វីមួយនៅក្រោមក្រឹត្យវិន័យទៀតហើយ។ ទ្រង់មិនមានបន្ទូល ឬធ្វើការអ្វីមួយនៅក្នុងទម្រង់នៃក្រឹត្យវិន័យ ឬស្របតាមគោលការណ៍ ឬក្បួនច្បាប់នៃក្រឹត្យវិន័យទៀតហើយ។ នេះមានន័យថា គ្រប់កិច្ចការរបស់ទ្រង់ដែលផ្អែកលើក្រឹត្យវិន័យ ត្រូវបានចប់ជារៀងរហូត និងឈប់បន្តតទៅទៀត ដោយសារតែព្រះជាម្ចាស់ចង់ចាប់ផ្ដើមកិច្ចការថ្មី និងធ្វើកិច្ចការថ្មី។ ជាថ្មីម្ដងទៀត ផែនការរបស់ទ្រង់មានទីចាប់ផ្ដើមមួយថ្មី ដូច្នេះ ព្រះជាម្ចាស់ត្រូវតែដឹកនាំមនុស្សជាតិចូលទៅក្នុងយុគសម័យបន្ទាប់។

ដំណឹងនេះអាចធ្វើឲ្យមនុស្សរីករាយផង ឬមានអារម្មណ៍គំរាមកំហែងផង គឺវាអាស្រ័យលើសារជាតិរបស់បុគ្គលម្នាក់ៗ។ គឺអាចនិយាយបានថា ចំពោះមនុស្សខ្លះ ដំណឹងនេះមិនធ្វើឲ្យគេរីករាយឡើយ ប៉ុន្តែ ជាការគំរាមកំហែងវិញ ដោយសារតែនៅពេលដែលព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ អស់អ្នកដែលដើរតាមក្រឹត្យវិន័យ និងក្បួនច្បាប់ អ្នកដែលដើរតាមគោលលទ្ធិ តែមិនគោរពកោតខ្លាចព្រះជាម្ចាស់ មានទំនោរចង់ប្រើប្រាស់កិច្ចការចាស់របស់ព្រះជាម្ចាស់ ដើម្បីថ្កោលទោសកិច្ចការថ្មីរបស់ទ្រង់។ សម្រាប់មនុស្សទាំងនេះ នេះជាដំណឹងដ៏គំរាមកំហែង។ ប៉ុន្តែ សម្រាប់មនុស្សគ្រប់រូបដែលស្លូតត្រង់ និងបើកចំហ ជាអ្នកដែលមានចិត្តស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងព្រមទទួលយកការប្រោសលោះរបស់ទ្រង់ ការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ គឺជាដំណឹងដ៏គួរឲ្យរីករាយខ្លាំងណាស់។ ដ្បិតចាប់តាំងពីមនុស្សដំបូងត្រូវបានបង្កើតមក នេះគឺជាលើកទីមួយហើយដែលព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់ ហើយរស់នៅក្នុងចំណោមមនុស្សលោកនៅក្នុងទម្រង់មួយដែលមិនមែនជាព្រះវិញ្ញាណ។ លើកនេះ ទ្រង់បានប្រសូតមកចេញពីមនុស្ស ហើយរស់នៅក្នុងចំណោមមនុស្ស ក្នុងនាមជាបុត្រមនុស្ស និងបានធ្វើការនៅកណ្ដាលចំណោមពួកគេ។ “លើកទីមួយ” នេះបានបញ្ចប់សញ្ញាណរបស់មនុស្ស ព្រោះថាវាលើសពីការស្រមើស្រមៃទាំងអស់។ លើសពីនេះទៅទៀត អ្នកដើរតាមទាំងអស់របស់ព្រះជាម្ចាស់បានទទួលអត្ថប្រយោជន៍បែបរូបិយ។ ព្រះជាម្ចាស់មិនគ្រាន់តែបានបញ្ចប់យុគសម័យចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏បានបញ្ចប់ស្ទីល និងវិធីសាស្ត្រធ្វើការបែបចាស់ៗរបស់ទ្រង់ផងដែរ។ ទ្រង់លែងស្នើសុំទេវតានាំសាររបស់ទ្រង់ ដើម្បីបញ្ជូនសារអំពីព្រះហឫទ័យរបស់ទ្រង់ទៀតហើយ។ ទ្រង់លែងលាក់ព្រះភ័ក្ត្រនៅក្នុងពពក ហើយក៏លែងបង្ហាញអង្គទ្រង់ ឬមានបន្ទូលមកកាន់មនុស្សលោក តាមរយៈផ្គររន្ទះទៀតដែរ។ ខុសពីរបៀបមុនៗ តាមរយៈវិធីសាស្ត្រមួយដែលមនុស្សលោកនឹកស្រមៃមិនដល់ ព្រមទាំងពិបាកសម្រាប់ពួកគេក្នុងការយល់ ឬទទួលយក តាមរយៈការត្រលប់ជាសាច់ឈាមនេះ ទ្រង់បានក្លាយជាបុត្រមនុស្ស ដើម្បីចាប់ផ្ដើមកិច្ចការនៃយុគសម័យនោះ។ កិច្ចការរបស់ព្រះជាម្ចាស់នេះបានធ្វើឲ្យមនុស្សជាតិភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាបានធ្វើឲ្យពួកគេបាក់មុខ ដោយសារតែព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មី ដែលទ្រង់មិនធ្លាប់បានធ្វើពីមុនមក។ នៅថ្ងៃនេះ យើងនឹងពិនិត្យមើលកិច្ចការថ្មីដែលព្រះជាម្ចាស់បានសម្រេចនៅក្នុងយុគសម័យថ្មី ហើយយើងនឹងពិចារណាមើលថាតើមានចំណុចណាខ្លះដែលយើងអាចរៀនសូត្របានចេញពីកិច្ចការថ្មីនេះ ទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។

ខាងក្រោមនេះគឺជាព្រះបន្ទូលដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរសញ្ញាថ្មី៖

១. ម៉ាថាយ ១២:១ នៅវេលានោះ ព្រះ‌យេស៊ូវបានយាងកាត់ចម្ការពោតនៅថ្ងៃសប្ប័ទ ហើយពួកសិស្សរបស់ទ្រង់បានឃ្លាន ហើយគេចាប់ផ្ដើមកាច់ផ្លែពោតមកបរិ‌ភោគ។

២. ម៉ាថាយ ១២:៦-៨ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត។ ប៉ុន្តែ បើអ្នករាល់គ្នាបានយល់អំពីអត្ថន័យនៃ សេចក្តីដែលចែងទុកមកថា "អញមិនចង់បានយញ្ញបូជាទេ ប៉ុន្តែ ចង់បានសេចក្តីមេត្តា‌ករុណាវិញ" នោះអ្នករាល់គ្នានឹងមិនថ្កោលទោសពួកអ្នកដែលគ្មានទោសឡើយ។ ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ»។

ជាដំបូង ចូរយើងពិនិត្យមើលបទគម្ពីរនេះ៖ “នៅវេលានោះ ព្រះ‌យេស៊ូវបានយាងកាត់ចម្ការពោតនៅថ្ងៃសប្ប័ទ ហើយពួកសិស្សរបស់ទ្រង់បានឃ្លាន ហើយគេចាប់ផ្ដើមកាច់ផ្លែពោតមកបរិ‌ភោគ។”

ហេតុអ្វីបានជាអញជ្រើសរើសបទគម្ពីរនេះ? តើបទគម្ពីរនេះមានទំនាក់ទំនងអ្វីជាមួយនិស្ស័យរបស់ព្រះជាម្ចាស់ទៅ? នៅក្នុងបទគម្ពីរនេះ ចំណុចទីមួយដែលយើងដឹងនោះគឺថា វាជាថ្ងៃសប្ប័ទ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវបានយាងចេញខាងក្រៅ ហើយដឹកនាំសិស្សរបស់ទ្រង់ដើរកាត់ចម្ការពោត។ អ្វីដែលកាន់តែ “គ្រោះថ្នាក់” ទៀតនោះគឺថា ពួកគេថែមទាំង “កាច់ផ្លែពោតមកបរិភោគ”។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដ៏ជាព្រះបានចែងថា មនុស្សមិនអាចចេញទៅខាងក្រៅ ឬចូលរួមសកម្មភាពណាមួយនៅថ្ងៃសប្ប័ទឡើយ ហើយមាននូវកិច្ចការជាច្រើនដែលពួកគេមិនអាចធ្វើបាននៅថ្ងៃសប្ប័ទ។ សកម្មភាពដែលព្រះអម្ចាស់យេស៊ូវធ្វើនេះ កំពុងតែធ្វើឲ្យមនុស្សដែលរស់នៅក្រោមក្រឹត្យវិន័យអស់រយៈពេលជាយូរឆ្នាំមកនោះ មាននូវភាពភ្ញាក់ផ្អើលជាខ្លាំង ហើយទង្វើនេះថែមទាំងបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ។ ចំពោះការភាន់ច្រឡំរបស់គេ និងរបៀបដែលពួកគេបាននិយាយអំពីអ្វីដែលព្រះយេស៊ូវបានធ្វើ ឥឡូវនេះ យើងនឹងទុកវានៅម្ដុំសិន ហើយជាដំបូង យើងនឹងពិភាក្សាអំពីហេតុផលដែលនាំឲ្យព្រះអម្ចាស់យេស៊ូវជ្រើសរើសធ្វើកិច្ចការនេះនៅថ្ងៃសប្ប័ទនៅក្នុងចំណោមថ្ងៃទាំងអស់ និងអ្វីដែលទ្រង់ចង់ប្រាស្រ័យទាក់ទងទៅកាន់មនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ តាមរយៈទង្វើនេះ។ នេះគឺជាទំនាក់ទំនងរវាងបទគម្ពីរនេះ និងនិស្ស័យរបស់ព្រះជាម្ចាស់ដែលអញចង់និយាយ។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមក ទ្រង់បានប្រើសកម្មភាពជាក់ស្ដែងរបស់ទ្រង់ ដើម្បីប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានចាកចេញពីយុគសម័យនៃក្រឹត្យវិន័យ ហើយបានចាប់ផ្ដើមកិច្ចការថ្មី និងចង់ប្រាប់ទៀតថា កិច្ចការថ្មីនេះមិនតម្រូវឲ្យមានការកាន់តាមថ្ងៃសប្ប័ទនោះឡើយ។ ការយាងចេញរបស់ព្រះជាម្ចាស់ពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ គ្រាន់តែជាការភ្លក់ជាមុនអំពីកិច្ចការថ្មីរបស់ទ្រង់ប៉ុណ្ណោះ ព្រោះថាកិច្ចការដ៏ពិត និងអស្ចារ្យនោះគឺនៅខាងមុខនៅឡើយទេ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ព្រះអង្គបានបោះចោល “ច្រវាក់” នៅយុគសម័យនៃក្រឹត្យវិន័យ ហើយទ្រង់បានកាត់ផ្ដាច់បទបញ្ញត្តិ និងគោលការណ៍នៃយុគសម័យនោះ។ នៅក្នុងទ្រង់ គ្មានដាននៃអ្វីមួយដែលទាក់ទងនឹងក្រឹត្យវិន័យឡើយ។ ទ្រង់បានបោះបោលទាំងស្រុង និងលែងកាន់តាមវាទៀតហើយ ព្រមទាំងលែងតម្រូវឲ្យមនុស្សជាតិកាន់តាមក្រឹត្យវិន័យទៀតដែរ។ ដូច្នេះ នៅត្រង់នេះ ឯងមើលឃើញព្រះអម្ចាស់យេស៊ូវបានយាងកាត់ចម្ការពោតនៅថ្ងៃសប្ប័ទ និងឃើញទៀតថា ព្រះអម្ចាស់មិនបានសម្រាកឡើយ។ ទ្រង់បានធ្វើការនៅខាងក្រៅ ដោយមិនសម្រាកឡើយ។ ទង្វើរបស់ទ្រង់នេះបានធ្វើឲ្យសញ្ញាណរបស់មនុស្សមានភាពតក់ស្លុត ហើយវាបានប្រាស្រ័យទាក់ទងទៅកាន់ពួកគេថា ទ្រង់លែងរស់នៅក្រោមក្រឹត្យវិន័យទៀតហើយ។ ទង្វើនេះក៏ប្រាប់ទៀតថា ទ្រង់បានយាងចេញពីព្រំដែនកម្រិតនៃថ្ងៃសប្ប័ទ ហើយបានបង្ហាញអង្គទ្រង់នៅចំពោះមនុស្សជាតិ និងនៅកណ្ដាលចំណោមពួកគេក្នុងរូបភាពមួយថ្មី រួមជាមួយរបៀបធ្វើការមួយថ្មីផងដែរ។ សកម្មភាពរបស់ទ្រង់នេះបានប្រាប់ដល់មនុស្សថា ទ្រង់បាននាំមកជាមួយទ្រង់នូវកិច្ចការមួយថ្មី ដែលបានចាប់ផ្ដើមលេចឡើងចេញពីក្រោមក្រឹត្យវិន័យ ហើយកំពុងតែចាកចេញពីថ្ងៃសប្ប័ទ។ នៅពេលដែលព្រះជាម្ចាស់បានអនុវត្តកិច្ចការថ្មីរបស់ទ្រង់ ព្រះអង្គលែងប្រកាន់ខ្ជាប់នឹងអតីតកាល ហើយទ្រង់ក៏លែងខ្វល់ខ្វាយអំពីបទបញ្ញត្តិនៅយុគសម័យនៃក្រឹត្យវិន័យទៀតដែរ។ ទ្រង់មិនបានរងឥទ្ធិពលដោយកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យមុនឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បានធ្វើការនៅថ្ងៃសប្ប័ទ ដូចជាទ្រង់បានធ្វើការនៅថ្ងៃផ្សេងទៀតដែរ ហើយនៅពេលដែលពួកសិស្សរបស់ទ្រង់បានឃ្លាននៅថ្ងៃសប្ប័ទ ពួកគេអាចបេះផ្លែពោត ដើម្បីបរិភោគបាន។ នេះគឺជារឿងធម្មតានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ សម្រាប់ព្រះជាម្ចាស់ ទ្រង់អាចមានទីចាប់ផ្ដើមថ្មីសម្រាប់កិច្ចការថ្មីភាគច្រើនដែលទ្រង់ចង់ធ្វើ និងព្រះបន្ទូលថ្មីៗដែលទ្រង់ចង់មានបន្ទូល។ នៅពេលដែលទ្រង់ចាប់ផ្ដើមអ្វីមួយថ្មី ទ្រង់មិនលើកឡើងអំពីកិច្ចការចាស់របស់ទ្រង់ ហើយក៏មិនបន្តអនុវត្តវាដែរ។ ដោយសារតែព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់ចង់ចាប់ផ្ដើមកិច្ចការថ្មី នោះជាពេលដែលទ្រង់ចង់នាំមនុស្សជាតិចូលទៅក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ ហើយវាក៏ជាពេលដែលកិច្ចការរបស់ទ្រង់នឹងចូលទៅកាន់ដំណាក់កាលកាន់តែខ្ពស់ផងដែរ។ ប្រសិនបើមនុស្សបន្តប្រព្រឹត្តតាមពាក្យស្លោក ឬបទបញ្ញត្តិចាស់ៗ ឬបន្តប្រកាន់ខ្ជាប់តាមការទាំងនេះ នោះទ្រង់នឹងមិននឹកចាំ ឬយល់ព្រមនោះឡើយ។ នោះគឺដោយសារតែទ្រង់បាននាំមកនូវកិច្ចការថ្មី និងបានចូលក្នុងដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់រួចទៅហើយ។ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការថ្មី ទ្រង់បង្ហាញអង្គទ្រង់ឲ្យមនុស្សលោកឃើញជាមួយរូបភាពមួយថ្មីទាំងស្រុង ចេញពីជ្រុងថ្មីទាំងស្រុង និងនៅក្នុងរបៀបមួយថ្មីទាំងស្រុង ដើម្បីឲ្យមនុស្សអាចមើលឃើញទិដ្ឋភាពផ្សេងៗនៃនិស្ស័យរបស់ទ្រង់ ព្រមទាំងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ នេះជាគោលដៅមួយរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់។ ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងរឿងចាស់ៗ ឬដើរនៅលើផ្លូវដ៏ពេញនិយមឡើយ។ នៅពេលដែលទ្រង់ធ្វើការ និងមានបន្ទូល ទ្រង់មិនហួសហេតុដូចអ្វីដែលមនុស្សស្រមៃនោះឡើយ។ នៅក្នុងព្រះជាម្ចាស់ អ្វីគ្រប់យ៉ាងមាននូវឥស្សរភាព និងសេរីភាព ហើយគ្មានការហាមប្រាម ឬការរឹតត្បិតឡើយ គឺថាអ្វីដែលទ្រង់នាំទៅកាន់មនុស្សជាតិ គឺជាឥស្សរភាព និងសេរីភាព។ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់យ៉ាងពិតប្រាកដមែន។ ទ្រង់មិនមែនជារូបអាយ៉ង ឬជារូបសំណាកធ្វើពីដីឥដ្ឋឡើយ ហើយទ្រង់មានលក្ខណៈខុសគ្នាស្រឡះពីរូបសំណាកដែលមនុស្សដាក់តម្កល់ និងថ្វាយបង្គំ។ ទ្រង់មានព្រះជន្មរស់រវើក ហើយអ្វីដែលព្រះបន្ទូល និងកិច្ចការរបស់ទ្រង់នាំមកកាន់មនុស្សជាតិ គឺជាជីវិត និងពន្លឺ ជាឥស្សរភាព និងសេរីភាព ដោយសារតែទ្រង់ជាសេចក្តីពិត ជីវិត និងផ្លូវ ព្រោះថាទ្រង់មិនត្រូវបានកម្រិត ដោយអ្វីមួយនៅក្នុងកិច្ចការរបស់ទ្រង់ឡើយ។ មិនថាមនុស្សនិយាយអ្វី ហើយមិនថាពួកគេមើលឃើញ ឬវាយតម្លៃកិច្ចការថ្មីរបស់ទ្រង់បែបណា ទ្រង់នឹងអនុវត្តតាមកិច្ចការរបស់ទ្រង់ ដោយមិនខ្វល់ខ្វាយអំពីអ្វីសោះឡើយ។ ទ្រង់នឹងមិនខ្វល់ខ្វាយអំពីសញ្ញាណ ឬការចោទប្រកាន់របស់នរណាម្នាក់ទាក់ទងនឹងកិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ឬថែមទាំងមិនខ្វល់អំពីការប្រឆាំង និងការជំទាស់ដ៏ខ្លាំងរបស់គេចំពោះកិច្ចការថ្មីរបស់ទ្រង់ឡើយ។ គ្មាននរណាម្នាក់នៅក្នុងចំណោមសត្តនិករអាចប្រើការត្រិះរិះពិចារណារបស់មនុស្ស ឬការស្រមើស្រមៃ ប្រើចំណេះដឹង ឬក្រមសីលធម៌របស់មនុស្ស ដើម្បីវាស់វែង ឬកំណត់នូវអ្វីដែលព្រះជាម្ចាស់ធ្វើ ដើម្បីបង្ខូច បង្អាក់ ឬរាំងស្ទះដល់កិច្ចការរបស់ទ្រង់នោះឡើយ។ វាគ្មានការហាមប្រាមនៅក្នុងកិច្ចការរបស់ទ្រង់ និងអ្វីដែលទ្រង់ធ្វើឡើយ ហើយវាក៏នឹងមិនត្រូវបានរឹតត្បិត ដោយមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុណាមួយ ព្រមទាំងមិនត្រូវបានបង្អាក់ ដោយកម្លាំងប្រឆាំងណាមួយផងដែរ។ ចំពោះកិច្ចការថ្មីរបស់ទ្រង់ ទ្រង់ជាព្រះមហាក្សត្រដ៏មានជ័យជម្នះ ហើយគ្រប់ទាំងកម្លាំងប្រឆាំង អញ្ញមតិ និងជំនឿខុសឆ្គងទាំងអស់របស់មនុស្សលោកត្រូវដួលរលំនៅក្រោមព្រះបាទារបស់ទ្រង់។ ទោះបីទ្រង់កំពុងតែអនុវត្តដំណាក់កាលថ្មីណាមួយនៃកិច្ចការរបស់ទ្រង់ក៏ដោយ ក៏កិច្ចការនោះនឹងត្រូវវិវឌ្ឍទៅមុខ និងពង្រីកធំឡើងនៅក្នុងចំណោមមនុស្សជាតិ ហើយត្រូវបានអនុវត្តយ៉ាងរលូននៅទូទាំងចក្រវាល រហូតដល់កិច្ចការដ៏ធំរបស់ទ្រង់ត្រូវបានបញ្ចប់។ នេះគឺជាព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ជាសិទ្ធិអំណាច និងឫទ្ធានុភាពរបស់ទ្រង់។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវអាចយាងចេញទៅខាងក្រៅ ហើយធ្វើការដោយចំហនៅថ្ងៃសប្ប័ទបាន ដោយសារតែនៅក្នុងព្រះហឫទ័យរបស់ទ្រង់ វាគ្មានក្បួនច្បាប់ គ្មានចំណេះដឹង ឬគោលលទ្ធិណាមួយដែលមានប្រភពចេញមកពីមនុស្សជាតិឡើយ។ អ្វីដែលទ្រង់មាន គឺជាកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាផ្លូវដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ទ្រង់ គឺជាផ្លូវដ៏ពិត ដើម្បីរំដោះមនុស្សជាតិឲ្យមានសេរីភាព ដើម្បីស្រាយចំណងមនុស្ស ហើយអនុញ្ញាតឲ្យពួកគេមានជីវិតរស់នៅក្នុងពន្លឺ។ ក្នុងពេលឥឡូវនេះ អស់អ្នកដែលថ្វាយបង្គំរូបសំណាក ឬព្រះក្លែងក្លាយ រស់នៅជីវិតរបស់គេរាល់ថ្ងៃ ដោយជាប់ចំណងអារក្សសាតាំង ត្រូវបានរឹតត្បិតដោយក្បួនច្បាប់ និងបម្រាមគ្រប់យ៉ាង គឺថានៅថ្ងៃនេះ គេហាមមិនឲ្យធ្វើរឿងមួយ ហើយថ្ងៃស្អែក គេហាមមិនឲ្យធ្វើរឿងនោះ ដូច្នេះ ពួកគេគ្មានសេរីភាពនៅក្នុងជីវិតរបស់គេឡើយ។ ពួកគេដូចជាអ្នកទោសដែលជាប់ច្រវាក់ ដែលកំពុងតែរស់នៅដោយគ្មានអំណរក្នុងការនិយាយស្ដីអ៊ីចឹង។ តើ “ការហាមប្រាម” តំណាងឲ្យអ្វីទៅ? វាតំណាងឲ្យការរឹតត្បិត ចំណង និងការអាក្រក់។ នៅពេលដែលមនុស្សម្នាក់ថ្វាយបង្គំរូបសំណាក ភ្លាមៗ ពួកគេកំពុងតែថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាវិញ្ញាណអាក្រក់។ ការហាមប្រាមលេចចេញឡើង នៅពេលដែលសកម្មភាពបែបនេះត្រូវបានពាក់ព័ន្ធ។ ឯងមិនអាចបរិភោគរបស់នេះ ឬរបស់នោះ នៅថ្ងៃនេះ ឯងមិនអាចចេញក្រៅបានឡើយ ថ្ងៃស្អែក ឯងមិនអាចចម្អិនម្ហូបបានទេ នៅថ្ងៃបន្ទាប់ ឯងមិនអាចរើទៅនៅផ្ទះថ្មីបានឡើយ គេអាចរៀបមង្គលការ និងធ្វើពិធីបុណ្យសពតែនៅថ្ងៃជាក់លាក់ណាមួយ និងរួមទាំងការសម្រាលកូនផងដែរ។ តើការនេះត្រូវបានហៅថាជាអ្វីទៅ? វាត្រូវបានហៅថាជាការហាមប្រាម។ វាជាចំណងរបស់មនុស្សជាតិ ហើយវាជាច្រវាក់របស់សាតាំង និងពួកវិញ្ញាណអាក្រក់ ដែលកំពុងតែត្រួតត្រាលើមនុស្ស និងកំពុងរឹតត្បិតដួងចិត្ត និងរូបកាយរបស់ពួកគេ។ តើការហាមប្រាមទាំងនេះប្រើជាមួយព្រះជាម្ចាស់ឬទេ? នៅពេលដែលនិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ជាដំបូង ឯងគួរតែគិតអំពីការនេះ៖ ជាមួយព្រះជាម្ចាស់ គឺគ្មានការហាមប្រាមឡើយ។ ព្រះជាម្ចាស់ប្រើគោលការណ៍ដែលមានចែងនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ប៉ុន្តែ វាគ្មានការហាមប្រាមឡើយ ដោយសារតែព្រះជាម្ចាស់ផ្ទាល់ជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។

ឥឡូវនេះ ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖ “ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះ‌វិហារទៅទៀត។ ប៉ុន្តែ បើអ្នករាល់គ្នាបានយល់អំពីអត្ថន័យនៃសេចក្តីដែលចែងទុកមកថា "អញមិនចង់បានយញ្ញបូជាទេ ប៉ុន្តែ ចង់បានសេចក្តីមេត្តា‌ករុណាវិញ" នោះអ្នករាល់គ្នានឹងមិនថ្កោលទោសពួកអ្នកដែលគ្មានទោសឡើយ។ ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ»។ (ម៉ាថាយ ១២:៦-៨) តើពាក្យថា “ព្រះវិហារ” នៅត្រង់នេះសំដៅលើអ្វីទៅ? ជារួមមក វាសំដៅលើអគារដ៏ខ្ពស់ស្កឹមស្កៃ ហើយនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះវិហារគឺជាកន្លែងមួយដែលពួកសង្ឃថ្វាយបង្គំព្រះជាម្ចាស់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា “នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះវិហារទៅទៀត” តើពាក្យថា “បុគ្គលម្នាក់នេះ” សំដៅលើនរណាទៅ? ច្បាស់ណាស់ “បុគ្គលម្នាក់នេះ” គឺជាព្រះអម្ចាស់យេស៊ូវនៅក្នុងរូបសាច់ ព្រោះថាមានតែទ្រង់ម្នាក់ប៉ុណ្ណោះដែលប្រសើរជាងព្រះវិហារនោះ។ តើពាក្យទាំងនោះប្រាប់មនុស្សអំពីអ្វីខ្លះទៅ? ពាក្យទាំងនោះប្រាប់មនុស្សឲ្យចេញពីព្រះវិហារ ដ្បិតព្រះជាម្ចាស់បានចាកចេញពីព្រះវិហាររួចហើយ ហើយទ្រង់ក៏លែងធ្វើការនៅក្នុងព្រះវិហារទៀតដែរ ដូច្នេះ មនុស្សគួរតែស្វែងរកដានព្រះបាទារបស់ព្រះជាម្ចាស់ដែលនៅខាងក្រៅព្រះវិហារ ហើយដើរតាមជំហានរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់វិញ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ វាមាននូវសេចក្តីសន្និដ្ឋានមួយនៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ដែលស្ថិតនៅក្រោមក្រឹត្យវិន័យគឺថា មនុស្សមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរជាងព្រះជាម្ចាស់ផ្ទាល់ទៅទៀត។ ដោយសារតែមនុស្សបានថ្វាយបង្គំព្រះវិហារ ជាជាងថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានព្រមានពួកគេមិនឲ្យថ្វាយបង្គំរូបសំណាកឡើយ ប៉ុន្តែ ត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ដូច្នេះ ទ្រង់បានមានបន្ទូលថា “អញមិនចង់បានយញ្ញបូជាទេ ប៉ុន្តែ ចង់បានសេចក្តីមេត្តា‌ករុណាវិញ។” នេះសបញ្ជាក់ឲ្យឃើញថា នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់យេស៊ូវ មនុស្សភាគច្រើនដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ លែងថ្វាយបង្គំព្រះយេហូវ៉ាទៀតហើយ ប៉ុន្តែ ពួកគេគ្រាន់តែធ្វើតាមទម្លាប់នៃការថ្វាយយញ្ញបូជាប៉ុណ្ណោះ ហើយព្រះអម្ចាស់យេស៊ូវបានកំណត់ថា ទង្វើនេះជាការថ្វាយបង្គំរូបសំណាកហើយ។ អ្នកថ្វាយបង្គំរូបសំណាកទាំងនេះបានមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរ និងខ្ពស់ជាងព្រះជាម្ចាស់ទៅទៀត។ នៅក្នុងដួងចិត្តរបស់គេ មានតែព្រះវិហារប៉ុណ្ណោះ គឺគ្មានព្រះជាម្ចាស់ឡើយ ហើយបើពួកគេត្រូវបាត់បង់ព្រះវិហារ នោះពួកគេនឹងដូចជាបាត់បង់ទីលំនៅរបស់គេអ៊ីចឹង។ បើគ្មានព្រះវិហារទេ នោះពួកគេនឹងគ្មានកន្លែងថ្វាយបង្គំ ហើយគេមិនអាចប្រតិបត្តិការថ្វាយយញ្ញបូជារបស់គេបានឡើយ។ “ទីលំនៅ” របស់គេគឺជាកន្លែងដែលពួកគេប្រើ ដើម្បីធ្វើពុតក្លែងជាថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីបន្តនៅក្នុងព្រះវិហារ និងប្រតិបត្តិកិច្ចការរបស់គេ។ “ការថ្វាយយញ្ញបូជា” របស់គេគឺជាការដែលពួកគេអនុវត្តការដោះដូរដ៏គួរឲ្យអាម៉ាស់របស់គេ នៅក្រោមការក្លែងបន្លំនៃការធ្វើតាមតួនាទីរបស់គេនៅក្នុងព្រះវិហារ។ នេះគឺជាហេតុផលដែលមនុស្សនៅសម័យនោះបានមើលឃើញព្រះវិហារប្រសើរជាងព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទាំងនេះ ជាពាក្យព្រមានទៅកាន់មនុស្ស ដោយសារតែពួកគេកំពុងតែប្រើព្រះវិហារមកធ្វើជាលេស ហើយប្រើយញ្ញបូជាជារបាំងមុខ ដើម្បីបោកបញ្ឆោតមនុស្ស និងបោកបញ្ឆោតព្រះជាម្ចាស់។ ប្រសិនបើឯងអនុវត្តតាមព្រះបន្ទូលទាំងនេះនៅក្នុងពេលបច្ចុប្បន្ន ព្រះបន្ទូលនេះនៅតែមានសុពលភាព និងសមហេតុផលដដែល។ ទោះបីមនុស្សនាពេលសព្វថ្ងៃបានដកពិសោធន៍កិច្ចការផ្សេងៗរបស់ព្រះជាម្ចាស់ ខ្លាំងជាងមនុស្សនៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដោយ ប៉ុន្តែ សារជាតិនៃនិស្ស័យរបស់គេគឺនៅដដែល។ នៅក្នុងបរិបទនៃកិច្ចការនាពេលសព្វថ្ងៃ មនុស្សនឹងនៅតែធ្វើកិច្ចការ ដដែល ដោយយកពាក្យ “ព្រះវិហារប្រសើរជាងព្រះជាម្ចាស់” មកធ្វើជាតំណាង។ ឧទាហរណ៍ មនុស្សមើលឃើញការបំពេញភារកិច្ចរបស់គេ ជាការងាររបស់គេ។ ពួកគេមើលឃើញការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងប្រយុទ្ធទាស់នឹងសត្វនាគដ៏ធំសម្បុរក្រហម ជាចលនានយោបាយនៅក្នុងការការពារសិទ្ធិមនុស្ស សម្រាប់លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ ពួកគេយកភារកិច្ចរបស់គេ ដើម្បីប្រើជំនាញរបស់គេនៅក្នុងអាជីព ប៉ុន្តែ ពួកគេចាត់ទុកការគោរពកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីការអាក្រក់ថាគ្មានន័យខ្លឹមសារ គឺគ្រាន់តែជាគោលលទ្ធិសាសនាមួយប៉ុណ្ណោះ។ តើឥរិយាបថទាំងនេះមិនមានសារជាតិដូចគ្នាទៅនឹង “ព្រះវិហារប្រសើរជាងព្រះជាម្ចាស់” ទេឬ? ភាពខុសគ្នាគឺនៅត្រង់ថា កាលពីពីរពាន់ឆ្នាំមុន មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហាររូបិយ ប៉ុន្តែ សព្វថ្ងៃនេះវិញ មនុស្សធ្វើការរកស៊ីនៅក្នុងព្រះវិហារអរូបិយ។ មនុស្សដែលឲ្យតម្លៃលើក្បួនច្បាប់ទាំងនោះ មើលឃើញក្បួនច្បាប់ថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់ឋានៈទាំងនោះ មើលឃើញឋានៈថាប្រសើរជាងព្រះជាម្ចាស់ មនុស្សដែលស្រឡាញ់អាជីពទាំងនោះ មើលឃើញអាជីពថាប្រសើរជាងព្រះជាម្ចាស់ ជាដើម ដូច្នេះ រាល់ការសម្ដែងចេញរបស់គេ នាំឲ្យអញនិយាយថា៖ “មនុស្សសរសើរតម្កើងព្រះជាម្ចាស់ថាខ្ពង់ខ្ពស់បំផុត តាមរយៈពាក្យសម្ដីរបស់គេ ប៉ុន្តែ នៅក្នុងភ្នែករបស់គេវិញ អ្វីៗគ្រប់យ៉ាងគឺប្រសើរជាងព្រះជាម្ចាស់ទៅទៀត។” នោះគឺដោយសារតែពេលណាដែលមនុស្សមានឱកាសនៅលើដំណើរផ្លូវនៃការដើរតាមព្រះជាម្ចាស់ ដើម្បីបង្ហាញពីទេពកោសល្យរបស់គេ ឬអាចធ្វើជំនួញរកស៊ីបាន ឬចំណេញដល់អាជីពរបស់គេ នោះពួកគេនឹងដកខ្លួនចេញពីព្រះជាម្ចាស់ ហើយហក់ចូលទៅក្នុងអាជីពដ៏ជាទីស្រឡាញ់របស់គេមិនខាន។ ចំពោះអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេ និងព្រះហឫទ័យរបស់ទ្រង់ គឺពួកគេបានបោះបង់ចោលតាំងពីយូរយារណាស់មកហើយ។ តើអ្វីទៅជាភាពខុសគ្នារវាងសភាពរបស់មនុស្សទាំងនេះ និងមនុស្សដែលបានធ្វើជំនួញរកស៊ីនៅក្នុងព្រះវិហារ កាលពីពីរពាន់ឆ្នាំមុនទៅ?

បន្ទាប់មក ចូរយើងពិនិត្យមើលឃ្លាចុងក្រោយនៅក្នុងបទគម្ពីរនេះ៖ “ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”។ តើឃ្លានេះមានភាពជាក់ស្ដែងដែរឬទេ? តើឯងរាល់គ្នាអាចមើលឃើញអំពីភាពជាក់ស្ដែងឬទេ? អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល សុទ្ធតែចេញមកពីព្រះហឫទ័យរបស់ទ្រង់ ដូច្នេះ ហេតុអ្វីបានជាទ្រង់មានបន្ទូលបែបនេះ? តើឯងរាល់គ្នាយល់យ៉ាងដូចម្ដេចដែរ? ឥឡូវ ឯងរាល់គ្នាអាចយល់អំពីអត្ថន័យនៃឃ្លានេះហើយ ប៉ុន្តែ នៅពេលដែលឃ្លានេះត្រូវបានថ្លែងឡើងនៅគ្រានោះ គឺមិនមានមនុស្សច្រើនឡើយដែលយល់ ដោយសារតែមនុស្សជាតិទើបតែចេញពីយុគសម័យនៃក្រឹត្យវិន័យ។ សម្រាប់ពួកគេ ការចាកចេញពីថ្ងៃសប្ប័ទ គឺជារឿងដ៏ពិបាកក្នុងការធ្វើ ដោយសារតែពួកគេមិនយល់អំពីអត្ថន័យដ៏ពិតនៃថ្ងៃសប្ប័ទ។

ឃ្លាថា “ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ” ប្រាប់មនុស្សថា អ្វីគ្រប់យ៉ាងអំពីព្រះជាម្ចាស់ មិនមែនចេញមកពីធម្មជាតិខាងសម្ភារៈឡើយ ហើយទោះបីព្រះជាម្ចាស់អាចប្រទានដល់គ្រប់តម្រូវការខាងសម្ភារៈរបស់ឯង នៅពេលដែលគ្រប់សេចក្តីតម្រូវការខាងផ្នែកសម្ភារៈរបស់ឯងត្រូវបានបំពេញហើយក៏ដោយ តើសេចក្តីស្កប់ចិត្តចេញពីរបស់ទាំងនេះអាចជំនួសឲ្យការដេញតាមរបស់ឯងចំពោះសេចក្តីពិតដែរឬទេ? នោះជារឿងមិនអាចទៅរួចឡើយ! និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ដែលយើងបានប្រកបគ្នានេះ សុទ្ធតែជាសេចក្តីពិត។ តម្លៃរបស់វាមិនអាចត្រូវបានវាស់វែងដោយវត្ថុខាងសម្ភារៈណាមួយឡើយ ទោះបីវាមានតម្លៃកម្រិតណា ឬតម្លៃរបស់វាត្រូវបានកំណត់ដោយចំនួនជាលុយក៏ដោយ ព្រោះថាអ្វីដែលបំពេញដល់តម្រូវការនៃដួងចិត្តរបស់មនុស្សម្នាក់ៗនោះ មិនមែនជាវត្ថុខាងសម្ភារៈឡើយ។ សម្រាប់មនុស្សគ្រប់គ្នា តម្លៃនៃសេចក្តីពិតអរូបិយទាំងនេះគួរតែមានតម្លៃខ្ពស់ជាងតម្លៃរបស់វត្ថុខាងសម្ភារៈដែលឯងផ្ដល់តម្លៃ មិនអ៊ីចឹងឬ? ឃ្លានេះជាអ្វីមួយដែលឯងរាល់គ្នាត្រូវតែយកទៅពិចារណា។ ចំណុចសំខាន់អំពីអ្វីដែលអញបាននិយាយគឺថា អ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអ្វីគ្រប់យ៉ាងអំពីព្រះជាម្ចាស់ គឺជារឿងដ៏សំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ ហើយវាមិនអាចត្រូវបានជំនួសដោយវត្ថុខាងសម្ភារៈណាមួយឡើយ។ អញនឹងប្រទានឲ្យឯងនូវឧទាហរណ៍មួយ៖ នៅពេលដែលឯងឃ្លាន ឯងត្រូវការអាហារ។ អាហារនេះអាចជាអាហារល្អ ឬមិនសូវល្អ អាចជាអាហារដែលឯងចូលចិត្ត ឬមិនសូវជាចូលចិត្ត ប៉ុន្តែ ដរាបណាឯងអាចបរិភោគឆ្អែត នោះអារម្មណ៍មិនសុខស្រួលដែលចេញពីការស្រេកឃ្លានរបស់ឯងនឹងលែងមានតទៅទៀត។ ឯងអាចអង្គុយដោយសន្ដិភាព ហើយរាងកាយរបស់ឯងនឹងមានអារម្មណ៍ស្រួលខ្លួន។ ភាពស្រេកឃ្លានរបស់មនុស្សអាចត្រូវបានដោះស្រាយជាមួយអាហារ ប៉ុន្តែនៅពេលដែលឯងកំពុងតែដើរតាមព្រះជាម្ចាស់ ហើយមានអារម្មណ៍ថា ឯងគ្មានការយល់ដឹងអំពីទ្រង់ តើឯងអាចដោះស្រាយភាពទទេនៅក្នុងដួងចិត្តរបស់ឯងដោយរបៀបណាទៅ? តើវាអាចត្រូវបានដោះស្រាយជាមួយអាហារបានដែរឬទេ? ឬនៅពេលដែលឯងកំពុងតែដើរតាមព្រះជាម្ចាស់ ហើយមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ តើឯងអាចប្រើអ្វីទៅ ដើម្បីបំពេញភាពស្រេកឃ្លាននៅក្នុងដួងចិត្តរបស់ឯង? នៅក្នុងដំណើរការនៃបទពិសោធន៍របស់ឯងចំពោះសេចក្តីសង្រ្គោះ តាមរយៈព្រះជាម្ចាស់ ក្នុងពេលដេញតាមការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យរបស់ឯង ប្រសិនបើឯងមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ ឬមិនស្គាល់អ្វីទៅជាសេចក្តីពិត ប្រសិនបើឯងមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ តើឯងនឹងមិនមានអារម្មណ៍រសាប់រសល់ទេឬអី? តើឯងនឹងមិនមានអារម្មណ៍កាន់តែស្រេកឃ្លាននៅក្នុងដួងចិត្តរបស់ឯងទេឬ? តើអារម្មណ៍ទាំងនេះមិនរារាំងឯងមិនឲ្យមានអារម្មណ៍ស្រួលចិត្តទេឬ? ដូច្នេះ តើឯងនឹងបំពេញការស្រេកឃ្លាននៅក្នុងដួងចិត្តរបស់ឯងដោយរបៀបណាទៅ? តើវាមានផ្លូវដើម្បីដោះស្រាយឬទេ? មនុស្សខ្លះជ្រើសរើសយកការដើរផ្សារទិញទំនិញ អ្នកខ្លះស្វែងរកមិត្តភក្តិដែលគេទុកចិត្ត អ្នកខ្លះដេកយ៉ាងយូរនៅលើគ្រែ អ្នកផ្សេងទៀតអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ឬក៏ធ្វើការកាន់ខ្លាំង និងលះបង់កម្លាំងកាន់តែខ្លាំង ដើម្បីបំពេញភារកិច្ចរបស់គេ។ តើកិច្ចការទាំងនេះអាចដោះស្រាយទុក្ខលំបាកជាក់ស្ដែងរបស់ឯងដែរឬទេ? ឯងរាល់គ្នាសុទ្ធតែយល់អំពីការអនុវត្តប្រភេទទាំងនេះហើយ។ នៅពេលដែលឯងមានអារម្មណ៍អស់កម្លាំង នៅពេលដែលឯងមានអារម្មណ៍ខ្លាំងចង់បានការបំភ្លឺពីព្រះជាម្ចាស់ ដើម្បីជួយឲ្យឯងដឹងអំពីតថភាពនៃសេចក្តីពិត និងព្រះហឫទ័យរបស់ទ្រង់ តើឯងត្រូវការអ្វីខ្លាំងបំផុត? អ្វីដែលឯងត្រូវការនោះ មិនមែនជាការបរិភោគអាហារឆ្អែតៗ មិនមែនជាព្រះបន្ទូលពីរបី ហើយក៏មិនមែនជាភាពស្រណុក និងការស្កប់ចិត្តបណ្ដោះអាសន្នខាងសាច់ឈាមនោះដែរ ប៉ុន្តែ អ្វីដែលឯងត្រូវការ គឺឲ្យព្រះជាម្ចាស់ប្រាប់ឯងដោយផ្ទាល់ និងច្បាស់ៗអំពីអ្វីដែលឯងគួរតែធ្វើ និងរបៀបដែលឯងគួរតែធ្វើវា គឺប្រាប់ឯងច្បាស់ៗអំពីអ្វីទៅជាសេចក្តីពិត។ ក្រោយពេលឯងបានយល់អំពីការនេះហើយ ទោះបីឯងទទួលបានការយល់ដឹងតែបន្ដិចបន្តួចក៏ដោយ តើឯងនឹងមិនមានអារម្មណ៍ស្កប់ស្កល់នៅក្នុងដួងចិត្តរបស់ឯង ខ្លាំងជាងឯងបានបរិភោគអាហារដ៏ឆ្ងាញ់មួយចានទេឬអី? នៅពេលដែលដួងចិត្តរបស់ឯងបានស្កប់ស្កល់ តើដួងចិត្ត និងជីវិតរបស់ឯងទាំងស្រុងមិនទទួលបានសេចក្តីស្ងប់ចិត្តដ៏ពិតទេឬ? តាមរយៈការប្រៀបធៀប និងការវិភាគនេះ ឥឡូវ តើឯងរាល់គ្នាយល់ហើយឬនៅអំពីហេតុផលដែលអញចង់ចែករំលែកជាមួយឯងរាល់គ្នាអំពីឃ្លាថា “ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ”? អត្ថន័យរបស់វាគឺថា អ្វីដែលចេញមកពីព្រះជាម្ចាស់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអ្វីៗគ្រប់យ៉ាងអំពីទ្រង់ គឺប្រសើរខ្ពស់ជាងអ្វីៗផ្សេងទៀត រួមទាំងវត្ថុ ឬមនុស្សដែលឯងធ្លាប់ឲ្យតម្លៃបំផុតកាលពីមុនទៅទៀត។ គឺអាចនិយាយបានថា ប្រសិនបើមនុស្សម្នាក់មិនអាចទទួលបានព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ឬពួកគេមិនយល់អំពីព្រះហឫទ័យរបស់ទ្រង់ទេ នោះពួកគេមិនអាចទទួលបានសេចក្តីស្ងប់ចិត្តឡើយ។ នៅក្នុងបទពិសោធន៍នាពេលអនាគតរបស់ឯង ឯងរាល់គ្នានឹងយល់អំពីហេតុផលដែលអញចង់ឲ្យឯងរាល់គ្នាយល់អំពីបទគម្ពីរនេះនៅថ្ងៃនេះ ព្រោះថាវាពិតជាសំខាន់ណាស់។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺជាសេចក្តីពិត និងជាជីវិត។ សេចក្តីពិតគឺជាអ្វីមួយដែលមនុស្សមិនអាចខ្វះបាននៅក្នុងជីវិតរបស់គេ គឺវាជាអ្វីមួយដែលពួកគេខ្វះមិនបានតែម្ដង។ ឯងក៏អាចនិយាយថា វាជារឿងដ៏សំខាន់បំផុតផងដែរ។ ទោះបីឯងមិនអាចមើលឃើញ ឬពាល់វាបានក៏ដោយ ប៉ុន្តែ ភាពសំខាន់របស់វាចំពោះឯង មិនអាចព្រងើយកន្ដើយបានឡើយ ព្រោះថាវាជារឿងតែមួយគត់ដែលធ្វើឲ្យដួងចិត្តរបស់ឯងបានស្ងប់។

តើការយល់ដឹងរបស់ឯងអំពីសេចក្តីពិត ត្រូវបានបញ្ចូលគ្នាជាមួយសភាពរបស់ឯងឬ? នៅក្នុងជីវិតពិត ជាដំបូង ឯងត្រូវតែគិតថាតើមានសេចក្តីពិតណាខ្លះដែលទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុដែលឯងបានជួបប្រទះ ដោយសារតែនៅក្នុងចំណោមសេចក្តីពិតទាំងនេះហើយ ដែលឯងអាចរកឃើញព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងផ្សារភ្ជាប់អ្វីដែលឯងបានជួបជាមួយនឹងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើឯងមិនដឹងអំពីទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលទាក់ទងនឹងរឿងរ៉ាវដែលឯងបានជួបផង ប៉ុន្តែ ផ្ទុយទៅវិញ បែរជាចូលទៅដោយផ្ទាល់ ដើម្បីស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ នេះគឺជាវិធីសាស្ត្រដ៏ងងឹតងងុលមួយដែលមិននាំឲ្យទទួលបានលទ្ធផលឡើយ។ ប្រសិនបើឯងចង់ស្វែងរកសេចក្តីពិត និងចង់យល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាដំបូង ឯងត្រូវតែមើលទៅកាន់ប្រភេទនៃរឿងរ៉ាវដែលបានកើតឡើងចំពោះឯង ថាតើមានទិដ្ឋភាពនៃសេចក្តីពិតណាខ្លះដែលវាពាក់ព័ន្ធជាមួយ ហើយស្វែងរកសេចក្តីពិតជាក់លាក់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលទាក់ទងនឹងអ្វីដែលឯងបានដកពិសោធន៍នោះ។ បន្ទាប់មក ឯងស្វែងរកផ្លូវនៃការអនុវត្តដែលត្រឹមត្រូវសម្រាប់ឯងនៅក្នុងសេចក្តីពិតនោះ ព្រោះថាបើធ្វើបែបនេះ ឯងអាចទទួលបានការយល់ដឹងដោយប្រយោលអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ការស្វែងរក និងការអនុវត្តតាមសេចក្តីពិត មិនមែនជាការអនុវត្តតាមគោលលទ្ធិ ឬការធ្វើតាមរូបមន្តនោះឡើយ។ សេចក្តីពិតមិនមែនជាការធ្វើតាមរូបមន្តទេ ហើយវាក៏មិនមែនជាក្រឹត្យវិន័យដែរ។ វាមិនមែនជាអ្វីមួយដែលស្លាប់ឡើយ ប៉ុន្តែ វាជាជីវិត វាជាអ្វីមួយដែលមានជីវិត ហើយវាជាក្បួនច្បាប់មួយដែលមនុស្សត្រូវដើរតាមនៅក្នុងជីវិត និងជាក្បួនច្បាប់ដែលមនុស្សត្រូវមាននៅក្នុងជីវិត។ នេះជាអ្វីមួយដែលឯងត្រូវតែយល់ឲ្យបានច្រើនកាន់តែល្អ តាម រយៈបទពិសោធន៍របស់ឯង។ មិនថាឯងបានមកដល់ដំណាក់កាលណានៅក្នុងបទពិសោធន៍របស់ឯងឡើយ គឺឯងមិនអាចដាច់ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសេចក្តីពិតបានឡើយ ហើយអ្វីដែលឯងយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលឯងដឹងអំពីអ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់នោះ គឺត្រូវបានស្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ ដូច្នេះ វាត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងសេចក្តីពិត។ និស្ស័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ គឺជាសេចក្តីពិតដោយផ្ទាល់។ សេចក្តីពិតជាការសម្ដែងចេញដ៏ពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ វាធ្វើឲ្យអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ មានភាពរឹងមាំច្បាស់លាស់ ហើយវាបង្កើតចេញជាប្រយោគដ៏ច្បាស់មួយអំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ វាប្រាប់ឯងកាន់តែចំៗអំពីអ្វីដែលព្រះជាម្ចាស់ចូលចិត្ត អ្វីដែលទ្រង់មិនចូលចិត្ត អ្វីដែលទ្រង់ចង់ឲ្យឯងធ្វើ និងអ្វីដែលទ្រង់មិនចង់ឲ្យឯងធ្វើ មនុស្សណាខ្លះដែលទ្រង់ស្អប់ ហើយមនុស្សណាខ្លះដែលទ្រង់សព្វព្រះទ័យ។ នៅពីក្រោយសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញ មនុស្សអាចមើលឃើញពីភាពរីករាយ ព្រះពិរោធ ទុក្ខព្រួយ និងសេចក្តីសុខរបស់ទ្រង់ ព្រមទាំងសារជាតិរបស់ទ្រង់ផងដែរ ដ្បិតនេះគឺជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ក្រៅពីការដឹងអំពីអ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់ ព្រមទាំងយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ចេញពីព្រះបន្ទូលរបស់ទ្រង់ អ្វីដែលសំខាន់បំផុតនោះ គឺជាតម្រូវការ ដើម្បីទទួលបានការយល់ដឹងនេះ តាមរយៈបទពិសោធន៍ជាក់ស្ដែង។ ប្រសិនបើមនុស្សម្នាក់នៅដាច់ចេញពីជីវិតពិត ដើម្បីស្គាល់ព្រះជាម្ចាស់ នោះពួកគេនឹងមិនអាចសម្រេចបានឡើយ។ ទោះបីមានមនុស្សដែលអាចទទួលបានការយល់ដឹងខ្លះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ការយល់ដឹងរបស់គេនៅមានកម្រិតត្រឹមជាទ្រឹស្ដី និងពាក្យពេចន៍ប៉ុណ្ណោះ ហើយវានៅតែមានភាពខុសគ្នាជាមួយលក្ខណៈដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ដដែល។

អ្វីដែលយើងកំពុងតែប្រាស្រ័យទាក់ទងឥឡូវនេះ គឺស្ថិតនៅក្នុងវិសាលភាពនៃសាច់រឿងដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ តាមរយៈសាច់រឿងទាំងនេះ និងតាមរយៈការវិភាគលើអ្វីដែលបានកើតឡើង មនុស្សអាចយល់អំពីនិស្ស័យរបស់ទ្រង់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ដែលព្រះអង្គបានបង្ហាញចេញ ដើម្បីជួយឲ្យពួកគេដឹងអំពីគ្រប់ផ្នែករបស់ព្រះជាម្ចាស់កាន់តែទូលំទូលាយ កាន់តែស៊ីជម្រៅ កាន់តែយល់ និងកាន់តែហ្មត់ចត់។ ដូច្នេះ តើផ្លូវតែមួយគត់ ដើម្បីដឹងអំពីគ្រប់ផ្នែករបស់ព្រះជាម្ចាស់ គឺតាមរយៈសាច់រឿងទាំងនេះឬ? អត់ទេ វាមិនមែនជាផ្លូវតែមួយគត់ឡើយ! ព្រោះថាអ្វីដែលព្រះជាម្ចាស់មានបន្ទូល និងកិច្ចការដែលទ្រង់ធ្វើនៅក្នុងយុគសម័យនៃនគរព្រះ អាចជួយឲ្យមនុស្សកាន់តែដឹងអំពីនិស្ស័យរបស់ទ្រង់ និងដឹងអំពីវាកាន់តែពេញលេញ។ យ៉ាងណាមិញ អញគិតថា វាកាន់តែងាយស្រួលជាងក្នុងការដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងយល់អំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ តាមរយៈឧទាហរណ៍ ឬសាច់រឿងខ្លះដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ ដែលមនុស្សបានស្គាល់។ ប្រសិនបើអញយកព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងសេចក្តីពិតដែលព្រះជាម្ចាស់សម្ដែងចេញជាព្រះបន្ទូល និងព្រះបន្ទូលនាពេលសព្វថ្ងៃ ដើម្បីជួយឲ្យឯងស្គាល់ទ្រង់នៅក្នុងរបៀបនេះ នោះឯងនឹងមានអារម្មណ៍ថា វាគួរឲ្យធុញ និងគួរឲ្យនឿយហត់មិនខាន ហើយអ្នកខ្លះនឹងថែមទាំងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហាក់ដូចជាថ្លែងតាមទម្លាប់ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអញយកសាច់រឿងព្រះគម្ពីរទាំងនេះមកធ្វើជាឧទាហរណ៍ ដើម្បីជួយឲ្យមនុស្សដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនមានអារម្មណ៍ធុញទ្រាន់នោះឡើយ។ ឯងអាចនិយាយបានថា នៅក្នុងដំណើរនៃការពន្យល់ឧទាហរណ៍ទាំងនេះ សេចក្តីលម្អិតអំពីអ្វីដែលស្ថិតនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រានោះ ដែលជាអារម្មណ៍ ឬមនោសញ្ចេតនារបស់ទ្រង់ ឬជាព្រះតម្រិះ ឬយោបល់របស់ទ្រង់នោះ ត្រូវបានថ្លែងប្រាប់ដល់មនុស្សនៅក្នុងភាសាមនុស្សលោករួចហើយ ហើយគោលដៅនៃការធ្វើបែបនេះ គឺដើម្បីជួយឲ្យពួកគេយល់ ដើម្បីឲ្យគេមានអារម្មណ៍ដឹងថា អ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់នោះ មិនមែនជាការថ្លែងឡើងតាមទម្លាប់ឡើយ។ វាមិនមែនជារឿងព្រេងនិទាន ឬជាអ្វីមួយដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ។ វាជាអ្វីមួយដែលពិតជាបានកើតឡើង ជាអ្វីមួយដែលមនុស្សអាចមានអារម្មណ៍ដឹង និងយល់បាន។ នេះគឺជាគោលដៅចុងក្រោយ។ ឯងអាចនិយាយបានថា មនុស្សដែលរស់នៅក្នុងយុគសម័យនេះពិតជាមានពរណាស់។ ពួកគេអាចបើកមើលសាច់រឿងព្រះគម្ពីរ ដើម្បីទទួលបានការយល់ដឹងកាន់តែទូលំទូលាយអំពីកិច្ចការមុនៗរបស់ព្រះជាម្ចាស់។ ពួកគេអាចមើលឃើញនិស្ស័យរបស់ទ្រង់ តាមរយៈកិច្ចការដែលទ្រង់បានធ្វើ។ ពួកគេអាចយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ តាមរយៈនិស្ស័យទាំងនេះដែលទ្រង់បានបង្ហាញចេញ និងយល់អំពីការស្ដែងចេញដ៏ច្បាស់លាស់អំពីភាពបរិសុទ្ធរបស់ទ្រង់ និងការមើលថែរបស់ទ្រង់ចំពោះមនុស្សលោក ហើយមានតែបែបនេះទេ ទើបពួកគេអាចទទួលបានចំណេះដឹងកាន់តែលម្អិត និងកាន់តែស៊ីជម្រៅអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ អញជឿថា ឥឡូវនេះ ឯងរាល់គ្នាអាចមានអារម្មណ៍អំពីការនេះហើយ!

ដោយស្ថិតនៅក្នុងវិសាលភាពនៃកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានសម្រេចនៅក្នុងយុគសម័យនៃព្រះគុណ ឯងអាចមើលឃើញនូវទិដ្ឋភាពមួយទៀតអំពីអ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់។ ទិដ្ឋភាពនេះត្រូវបានស្ដែងចេញ តាមរយៈសាច់ឈាមរបស់ទ្រង់ ហើយមនុស្សអាចមើលឃើញ និងយល់អំពីទិដ្ឋភាពនេះបាន ដោយសារតែភាពជាមនុស្សរបស់ទ្រង់។ នៅក្នុងបុត្រមនុស្ស មនុស្សបានមើលឃើញរបៀបដែលព្រះជាម្ចាស់នៅក្នុងសាច់ឈាម បានរស់នៅក្នុងភាពជាមនុស្សរបស់ទ្រង់ ហើយពួកគេបានឃើញភាពជាព្រះរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងចេញ តាមរយៈសាច់ឈាមផងដែរ។ ការសម្តែងចេញទាំងពីរប្រភេទនេះ បានជួយឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដ៏ពិត ហើយវាក៏ជួយឲ្យមនុស្សមាននូវគោលគំនិតខុសៗគ្នាអំពីព្រះជាម្ចាស់ផងដែរ។ យ៉ាងណាមិញ ក្នុងអំឡុងពេលរវាងការបង្កើតពិភពលោក និងចុងបញ្ចប់នៃយុគសម័យនៃក្រឹត្យវិន័យគឺថា មុនពេលយុគសម័យនៃព្រះគុណ ទិដ្ឋភាពតែមួយគត់របស់ព្រះជាម្ចាស់ដែលមនុស្សមើលឃើញ ស្ដាប់ឮ និងដកពិសោធន៍បាន គឺជាភាពជាព្រះរបស់ព្រះជាម្ចាស់ ជាអ្វីៗដែលព្រះជាម្ចាស់បានធ្វើ និងមានបន្ទូលនៅក្នុងពិភពលោកមិនមែនសម្ភារៈមួយ ព្រមទាំងអ្វីៗដែលទ្រង់បានសម្ដែងចេញពីអង្គមនុស្សដ៏ពិតរបស់ទ្រង់ ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន។ ជារឿយៗ អ្វីៗទាំងនេះបានធ្វើឲ្យមនុស្សមានអារម្មណ៍ថា ព្រះជាម្ចាស់គង់នៅទីដ៏ខ្ពស់ពេញដោយភាពធំធេងអស្ចារ្យ ហើយពួកគេមិនអាចចូលទៅជិតទ្រង់បានឡើយ។ ការស្ដែងចេញដែលព្រះជាម្ចាស់ជានិច្ចកាលប្រទានដល់មនុស្សគឺថា ទ្រង់បានធ្វើចលនាភ្លឹបភ្លែតៗ ដែលនាំឲ្យពួកគេគ្មានសមត្ថភាពនឹងយល់ពីទ្រង់ ហើយមនុស្សថែមទាំងមានអារម្មណ៍ថា គ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ទ្រង់ សុទ្ធតែជាសេចក្តីអាថ៌កំបាំង និងពិបាកខ្លាំង ដែលពួកគេគ្មានផ្លូវនឹងយល់ ហើយពួកគេក៏គ្មានបំណងចង់យល់ និងចង់ស្គាល់ព្រះតម្រិះទាំងនោះផងដែរ។ សម្រាប់មនុស្ស អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់គឺនៅឆ្ងាយណាស់ នៅសែនឆ្ងាយដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ។ ទ្រង់ហាក់ដូចជាគង់នៅលើមេឃដ៏សែនខ្ពស់ ហើយហាក់ដូចជាគ្មានព្រះជន្មទាល់តែសោះ។ ដូច្នេះ សម្រាប់មនុស្ស ការយល់ដឹងអំពីព្រះហឫទ័យ និងព្រះតម្រិះរបស់ព្រះជាម្ចាស់ គឺមិនអាចទៅរួចឡើយ ហើយក៏លើសពីសមត្ថភាពរបស់ពួកគេផងដែរ។ ទោះបីព្រះជាម្ចាស់បានធ្វើកិច្ចការដ៏ច្បាស់លាស់មួយចំនួននៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយបានថ្លែងព្រះបន្ទូលជាក់លាក់មួយចំនួន និងបានបង្ហាញនូវនិស្ស័យខ្លះ ដើម្បីជួយឲ្យមនុស្សអាចស្គាល់ និងទទួលបានចំណេះដឹងដ៏ពិតខ្លះអំពីទ្រង់ក៏ដោយ ក៏នៅទីបំផុត ការសម្ដែងចេញអំពីអ្វីដែលព្រះជាម្ចាស់មាន និងលក្ខណៈរបស់ទ្រង់នេះ ចេញមកពីពិភពមិនមែនសម្ភារៈដដែល ហើយអ្វីដែលមនុស្សបានយល់ អ្វីដែលពួកគេបានដឹង គឺនៅតែអំពីទិដ្ឋភាពជាព្រះទាក់ទងនឹងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ដដែល។ មនុស្សជាតិមិនអាចទទួលបានគោលគំនិតដ៏ច្បាស់លាស់ចេញពីការស្ដែងចេញអំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់នេះឡើយ ហើយការចាប់អារម្មណ៍របស់គេចំពោះព្រះជាម្ចាស់គឺនៅតែជាប់គាំងក្នុងវិសាលភាពនៃ “រូបកាយខាងវិញ្ញាណមួយដែលពិបាកចូលទៅជិត ជារូបកាយដែលភ្លឹបភ្លែតៗ។” ដោយសារតែព្រះជាម្ចាស់មិនបានប្រើវត្ថុជាក់លាក់ ឬរូបភាពមួយដែលជាកម្មសិទ្ធិនឹងពិភពខាងសម្ភារៈ ដើម្បីបង្ហាញអង្គទ្រង់នៅមុខមនុស្ស ដូច្នេះ ពួកគេនៅតែមិនអាចកំណត់ភិនភាគទ្រង់ ដោយប្រើប្រាស់ភាសារបស់មនុស្សដដែល។ នៅក្នុងដួងចិត្ត និងគំនិតរបស់មនុស្ស ពួកគេតែងតែចង់ប្រើភាសារបស់គេ ដើម្បីបង្កើតជាបទដ្ឋានមួយសម្រាប់ព្រះជាម្ចាស់ ដើម្បីច្នៃទ្រង់ឲ្យមនុស្សអាចមើលឃើញ និងធ្វើឲ្យទ្រង់មានរូបជាមនុស្ស ដូចជា កម្ពស់ មាឌ រូបរាងរបស់ទ្រង់ អ្វីដែលទ្រង់ចូលចិត្ត និងបុគ្គលិកលក្ខណៈរបស់ទ្រង់។ ជាការពិត នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះជាម្ចាស់បានជ្រាបដឹងថា មនុស្សកំពុងតែគិតបែបនេះរួចទៅហើយ។ ទ្រង់ជ្រាបដឹងយ៉ាងច្បាស់អំពីតម្រូវការរបស់មនុស្ស ហើយទ្រង់ក៏ជ្រាបដឹងអំពីអ្វីដែលទ្រង់គួរតែធ្វើផងដែរ ដូច្នេះហើយបានជាទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងរបៀបខុសៗគ្នានៅក្នុងយុគសម័យនៃព្រះគុណនោះ។ របៀបថ្មីនេះ គឺជារបៀបបែបជាព្រះផង និងបែបជាមនុស្សផង។ នៅក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែធ្វើការ មនុស្សអាចមើលឃើញថា ព្រះជាម្ចាស់មាននូវការស្ដែងចេញក្នុងបែបជាមនុស្សជាច្រើន។ ឧទាហរណ៍ ទ្រង់អាចរាំ ទ្រង់អាចចូលរួមពិធីមង្គលការ ទ្រង់អាចប្រាស្រ័យទាក់ទងជាមួយមនុស្ស និយាយជាមួយពួកគេ និងពិភាក្សារឿងរ៉ាវផ្សេងៗជាមួយពួកគេ។ បន្ថែមពីលើនេះ ព្រះអម្ចាស់យេស៊ូវក៏បានសម្រេចកិច្ចការជាច្រើនដែលតំណាងឲ្យភាពជាព្រះរបស់ទ្រង់ផងដែរ ហើយកិច្ចការទាំងអស់នេះគឺជាការបង្ហាញ និងការបើកសម្ដែងអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ក្នុងអំឡុងពេលនេះ នៅពេលដែលភាពជាព្រះរបស់ព្រះជាម្ចាស់ត្រូវបានលេចចេញនៅក្នុងសាច់ឈាមធម្មតាក្នុងរបៀបមួយដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បាន នោះពួកគេលែងមានអារម្មណ៍ថា ទ្រង់កំពុងតែភ្លឹបភ្លែតៗ ឬមានអារម្មណ៍ថា ពួកគេមិនអាចចូលជិតទ្រង់បានទៀតហើយ។ ផ្ទុយទៅវិញ ពួកគេអាចព្យាយាមយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬយល់ពីភាពជាព្រះរបស់ទ្រង់ តាមរយៈការធ្វើចលនា ព្រះបន្ទូល និងកិច្ចការរបស់បុត្រមនុស្ស។ បុត្រមនុស្សដែលយកកំណើតជាមនុស្សនេះបានបង្ហាញចេញនូវភាពជាព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សរបស់ទ្រង់ ហើយបានបង្ហាញព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សជាតិ។ តាមរយៈការសម្ដែងចេញរបស់ទ្រង់អំពីព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ ទ្រង់ក៏បានបើកសម្ដែងឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន ជាព្រះដែលគង់នៅក្នុងពិភពខាងវិញ្ញាណផងដែរ។ អ្វីដែលមនុស្សបានឃើញ គឺជាព្រះជាម្ចាស់ផ្ទាល់នៅក្នុងទម្រង់រូបិយ ដែលត្រលប់ជាសាច់ និងឈាម។ ដូច្នេះ បុត្រមនុស្សដែលយកកំណើតជាមនុស្សបានធ្វើឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈ រូបភាព និស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់មាន ព្រមទាំងលក្ខណៈរបស់ទ្រង់ មានភាពច្បាស់លាស់ និងតាមបែបជាមនុស្ស។ ទោះបីរូបរាងខាងក្រៅរបស់បុត្រមនុស្សមាននូវដែនកំណត់ខ្លះ ទាក់ទងនឹងរូបភាពរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ ហើយអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ អាចតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ក៏ដោយ ប៉ុន្តែ វាមាននូវភាពខុសគ្នាមួយចំនួននៅក្នុងទម្រង់នៃការបង្ហាញចេញ។ យើងមិនអាចបដិសេធបានថា បុត្រមនុស្សតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនៅក្នុងទម្រង់នៃភាពជាមនុស្សរបស់ទ្រង់ និងនៅក្នុងភាពជាព្រះរបស់ទ្រង់នោះឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានធ្វើការ តាមរយៈសាច់ឈាម បានមានបន្ទូលចេញពីទិដ្ឋភាពនៃសាច់ឈាម និងបានឈរនៅមុខមនុស្សជាតិជាមួយអត្តសញ្ញាណ និងឋានៈជាបុត្រមនុស្ស ហើយការនេះបានផ្ដល់ឲ្យមនុស្សនូវឱកាស ដើម្បីជួប និងដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ។ វាក៏បានជួយឲ្យមនុស្សទទួលបានគតិជ្រៅជ្រះអំពីភាពជាព្រះ និងភាពធំធេងរបស់ទ្រង់នៅក្នុងការបន្ទាបខ្លួន ក៏ដូចជាទទួលបានការយល់ដឹង និងនិយមន័យដំបូងអំពីភាពពិតប្រាកដ និងតថភាពរបស់ព្រះជាម្ចាស់ផងដែរ។ ទោះបីកិច្ចការត្រូវបានសម្រេច ដោយព្រះអម្ចាស់យេស៊ូវក៏ដោយ ប៉ុន្តែ របៀបនៃការធ្វើការរបស់ទ្រង់ និងទិដ្ឋភាពចេញពីការដែលទ្រង់មានបន្ទូល មានលក្ខណៈខុសគ្នាពីអង្គមនុស្សពិតរបស់ព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណ ដែលមនុស្សជាតិមិនធ្លាប់បានឃើញកាលពីមុន។ ដូច្នេះ ការនេះមិនអាចបដិសេធបានឡើយ! គឺអាចនិយាយបានថា ទោះបីព្រះជាម្ចាស់បង្ហាញអង្គទ្រង់នៅក្នុងទម្រង់បែបណា មិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពមួយណា ឬទ្រង់ជួបជាមួយមនុស្សនៅក្នុងរូបភាពអ្វីនោះឡើយ ព្រះជាម្ចាស់មិនបានតំណាងឲ្យអ្វីឡើយ ក្រៅពីអង្គទ្រង់ផ្ទាល់។ ទ្រង់មិនតំណាងឲ្យមនុស្សណាម្នាក់ ឬមនុស្សជាតិដ៏ពុករលួយណាមួយឡើយ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ផ្ទាល់ ហើយការនេះមិនអាចបដិសេធបានឡើយ។

បន្ទាប់មក យើងនឹងពិនិត្យមើលប្រស្នាមួយដែលព្រះអម្ចាស់យេស៊ូវបាននិទាននៅក្នុងយុគសម័យនៃព្រះគុណ។

៣. ប្រស្នាអំពីចៀមដែលបាត់

ម៉ាថាយ ១៨:១២-១៤ «តើអ្នករាល់គ្នាយល់យ៉ាងដូចម្ដេច? បើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្បាលបានវងេ្វងបាត់ តើមិនគួរឲ្យគាត់ទុកចៀមកៅ‌សិបប្រាំបួនក្បាល ហើយទៅតាមភ្នំតាមរកចៀមមួយក្បាលដែលវង្វេងបាត់នោះទេឬ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ថា បើគាត់រកឃើញចៀមមួយនោះ គាត់ប្រាកដជាអរសប្បាយចំពោះចៀមនោះ ខ្លាំងជាងចៀមកៅ‌សិបប្រាំបួន ដែលមិនវង្វេងបាត់ទៅទៀត។ ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឲ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ»។

បទគម្ពីរនេះជាប្រស្នាមួយ។ តើប្រស្នានេះធ្វើឲ្យមនុស្សមានអារម្មណ៍ដូចម្ដេចទៅ? ប្រស្នានេះគឺជាន័យធៀបនៅក្នុងភាសារបស់មនុស្ស ហើយវាក៏ស្ថិតនៅក្នុងវិសាលភាពនៃចំណេះដឹងរបស់មនុស្សផងដែរ។ ប្រសិនបើព្រះជាម្ចាស់មានបន្ទូលអ្វីមួយស្រដៀងគ្នានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងមានអារម្មណ៍ថា ព្រះបន្ទូលបែបនោះមិនស្របគ្នាជាមួយលក្ខណៈរបស់ព្រះជាម្ចាស់ជានរណាឡើយ ប៉ុន្តែ នៅពេលដែលបុត្រមនុស្សមានបន្ទូលទាំងនេះនៅក្នុងយុគសម័យនៃព្រះគុណ វាបានធ្វើឲ្យមនុស្សមានអារម្មណ៍កម្សាន្តចិត្ត កក់ក្ដៅ និងស្និទ្ធស្នាល។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នៅពេលដែលទ្រង់បានបង្ហាញអង្គទ្រង់នៅក្នុងទម្រង់ជាមនុស្ស ទ្រង់បានប្រើនូវប្រស្នាដ៏សមគួរមួយដែលចេញមកពីភាពជាមនុស្សរបស់ទ្រង់ ដើម្បីសម្ដែងចេញនូវព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់។ ព្រះសូរសៀងនេះតំណាងឲ្យព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងយុគសម័យនោះ។ វាក៏តំណាងឲ្យចិត្តគំនិតដែលព្រះជាម្ចាស់មានចំពោះមនុស្សនៅក្នុងយុគសម័យនៃព្រះគុណផងដែរ។ បើមើលចេញពីទិដ្ឋភាពនៃចិត្តគំនិតរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សវិញ ទ្រង់បានប្រៀបធៀបមនុស្សម្នាក់ៗទៅកាន់ចៀមមួយក្បាល។ ប្រសិនបើចៀមនោះវង្វេងបាត់ នោះទ្រង់នឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរកចៀមនោះឲ្យឃើញ។ ការនេះបានតំណាងឲ្យគោលការណ៍នៃការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិនាគ្រានោះ កាលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះជាម្ចាស់បានប្រើប្រស្នានេះ ដើម្បីពណ៌នាអំពីការតាំងចិត្ត និងចិត្តគំនិតរបស់ទ្រង់នៅក្នុងកិច្ចការនោះ។ នេះគឺជាគុណប្រយោជន៍មួយនៃការដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម៖ ទ្រង់អាចទាញប្រយោជន៍ចេញពីចំណេះដឹងរបស់មនុស្សជាតិ ហើយប្រើប្រាស់ភាសារបស់មនុស្ស ដើម្បីមានបន្ទូលទៅកាន់មនុស្ស និងដើម្បីសម្ដែងអំពីព្រះហឫទ័យរបស់ទ្រង់។ ទ្រង់បានពន្យល់ ឬ “បកស្រាយ” ទៅកាន់មនុស្សអំពីភាសាជាព្រះដ៏ជ្រាលជ្រៅរបស់ទ្រង់ដែលមនុស្សពិបាកនឹងយល់នៅក្នុងភាសារបស់មនុស្ស ព្រមទាំងនៅក្នុងរបៀបរបស់មនុស្ស។ ការនេះបានជួយឲ្យមនុស្សយល់អំពីព្រះហឫទ័យរបស់ទ្រង់ និងដឹងអំពីអ្វីដែលទ្រង់ចង់ធ្វើ។ ទ្រង់ក៏អាចមានកិច្ចសន្ទនាជាមួយមនុស្សចេញពីទស្សនៈរបស់មនុស្ស ដោយប្រើប្រាស់ភាសារបស់មនុស្ស និងប្រាស្រ័យទាក់ទងជាមួយមនុស្សនៅក្នុងរបៀបមួយដែលពួកគេអាចយល់បានផងដែរ។ ទ្រង់ថែមទាំងអាចមានបន្ទូល និងធ្វើការ ដោយប្រើប្រាស់ភាសា និងចំណេះដឹងរបស់មនុស្ស ដើម្បីឲ្យមនុស្សអាចមានអារម្មណ៍ដឹងអំពីសេចក្តីសប្បុរស និងភាពស្និទ្ធស្នាលរបស់ព្រះជាម្ចាស់ ហើយឲ្យពួកគេអាចមើលឃើញពីព្រះហឫទ័យរបស់ទ្រង់។ តើឯងរាល់គ្នាមើលឃើញអ្វីខ្លះទៅនៅក្នុងការនេះ? តើមានបម្រាមណាមួយនៅក្នុងព្រះបន្ទូល និងទង្វើរបស់ព្រះជាម្ចាស់ដែរឬទេ? របៀបដែលមនុស្សមើលឃើញនោះគឺថា គ្មានផ្លូវណាមួយដែលព្រះជាម្ចាស់អាចប្រើប្រាស់ចំណេះដឹង ភាសា ឬរបៀបនិយាយបែបមនុស្ស ដើម្បីនិយាយអំពីអ្វីដែលព្រះជាម្ចាស់ផ្ទាល់ចង់មានបន្ទូល កិច្ចការដែលទ្រង់ចង់ធ្វើ ឬបង្ហាញពីព្រះហឫទ័យរបស់ទ្រង់នោះឡើយ ប៉ុន្តែ នេះជាគំនិតភាន់ច្រឡំហើយ។ ព្រះជាម្ចាស់បានប្រើប្រស្នានេះ ដើម្បីឲ្យមនុស្សអាចមានអារម្មណ៍ដឹងពីភាពពិត និងភាពស្មោះត្រង់របស់ព្រះជាម្ចាស់ ព្រមទាំងដើម្បីឲ្យមើលឃើញពីចិត្តគំនិតរបស់ទ្រង់ដែលមានចំពោះមនុស្សក្នុងអំឡុងពេលនោះ។ ប្រស្នានេះបានជួយដាស់ស្មារតីមនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យអស់រយៈពេលជាយូរ ហើយវាក៏បានជួយបណ្ដាលចិត្តមនុស្សដែលបានរស់នៅក្នុងយុគសម័យនៃព្រះគុណពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។ តាមរយៈការអានបទគម្ពីរអំពីប្រស្នានេះ មនុស្សដឹងអំពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់នៅក្នុងការសង្រ្គោះមនុស្សជាតិ និងយល់អំពីទម្ងន់ និងភាពសំខាន់របស់មនុស្សជាតិនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។

ចូរយើងពិនិត្យមើលឃ្លាចុងក្រោយនៅក្នុងបទគម្ពីរនេះ៖ “ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឲ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ»។ តើនេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ឬក៏ជាព្រះបន្ទូលរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌? បើមើលសើរៗ វាដូចជាព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូល ប៉ុន្តែ ព្រះហឫទ័យរបស់ទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នោះហើយបានជាទ្រង់មានបន្ទូលថា៖ “ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឲ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ»។ មនុស្សនៅគ្រានោះទទួលស្គាល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជាព្រះជាម្ចាស់មួយប៉ុណ្ណោះ ហើយគេជឿថា បុគ្គលដែលពួកគេបានឃើញនៅមុខគេនេះ គ្រាន់តែជាបុគ្គលម្នាក់ដែលទ្រង់បានបញ្ជូនមកប៉ុណ្ណោះ ហើយគាត់មិនអាចតំណាងឲ្យព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានឡើយ។ នេះជាហេតុផលដែលព្រះអម្ចាស់យេស៊ូវបានបន្ថែមឃ្លានេះនៅចុងនៃប្រស្នា ដើម្បីឲ្យមនុស្សអាចមានអារម្មណ៍ដឹងអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងមានអារម្មណ៍ដឹងពីភាពពិតប្រាកដ និងភាពសុក្រឹត្យអំពីសេចក្តីដែលទ្រង់បានមានបន្ទូល។ ទោះបីឃ្លានេះងាយស្រួលនិយាយក៏ដោយ ប៉ុន្តែ វាត្រូវបានថ្លែងចេញដោយមានការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ ហើយវាបានបើកសម្ដែងពីការបន្ទាបខ្លួន និងការលាក់កំបាំងរបស់ព្រះអម្ចាស់យេស៊ូវ។ ទោះបីព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ឬថាតើទ្រង់បានធ្វើការនៅក្នុងពិភពខាងវិញ្ញាណក៏ដោយ ក៏ទ្រង់បានជ្រាបយ៉ាងច្បាស់អំពីដួងចិត្តរបស់មនុស្ស និងយល់យ៉ាងច្បាស់អំពីអ្វីដែលមនុស្សត្រូវការ អ្វីដែលមនុស្សព្រួយបារម្ភ និងអ្វីដែលធ្វើឲ្យពួកគេច្របូកច្របល់ នេះជាហេតុផលដែលនាំឲ្យទ្រង់បានបន្ថែមឃ្លានេះនោះ។ ឃ្លានេះបានបង្ហាញចេញនូវបញ្ហាមួយដែលកប់ទុកនៅក្នុងមនុស្សជាតិ៖ មនុស្សមានមន្ទិលសង្ស័យអំពីអ្វីដែលបុត្រមនុស្សបានមានបន្ទូល គឺអាចនិយាយបានថា នៅពេលដែលព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូលអំពីសេចក្តីដែលទ្រង់បានបន្ថែម៖ “ដូចគ្នាផងដែរ ព្រះ‌វរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថាន‌សួគ៌មិនសព្វព្រះ‌ហឫ‌ទ័យឲ្យអ្នកណាម្នាក់ ក្នុងចំណាមអ្នកតូច‌តាចទាំងនេះ ត្រូវវិនាសឡើយ»។ ហើយមានតែអាងលើសេចក្តីនេះទេ ទើបព្រះបន្ទូលរបស់ទ្រង់អាចបង្កើតផលផ្លែ ធ្វើឲ្យមនុស្សជឿលើភាពសុក្រឹត្យនៃព្រះបន្ទូលនេះ ហើយបង្កើនភាពគួរឲ្យជឿទុកចិត្តរបស់គេ។ ការនេះបង្ហាញថា នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាបុត្រមនុស្សធម្មតាម្នាក់ ព្រះជាម្ចាស់ និងមនុស្សជាតិបានមាននូវទំនាក់ទំនងមិនល្អ និងបង្ហាញទៀតថា ស្ថានភាពរបស់បុត្រមនុស្សពិតជាគួរឲ្យអាម៉ាស់ណាស់។ វាក៏បង្ហាញផងដែរអំពីភាពមិនសំខាន់នៃឋានៈរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងចំណោមនុស្សលោកកាលនៅគ្រានោះ។ នៅពេលដែលទ្រង់បានមានបន្ទូលសេចក្តីនេះ តាមពិតទៅ វាជាការប្រាប់មនុស្សថា៖ ឯងរាល់គ្នាអាចប្រាកដចិត្តបានថា ព្រះបន្ទូលទាំងនេះមិនតំណាងឲ្យអ្វីដែលមាននៅក្នុងដួងចិត្តរបស់អញឡើយ ប៉ុន្តែវាជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលស្ថិតនៅក្នុងដួងចិត្តរបស់ឯងរាល់គ្នាវិញ។ សម្រាប់មនុស្សជាតិ តើនេះមិនមែនជារឿងឡេះឡោះទេឬ? ទោះបីព្រះជាម្ចាស់ដែលកំពុងធ្វើការនៅក្នុងសាច់ឈាម មានគុណប្រយោជន៍ជាច្រើនដែលទ្រង់មិនមាននៅក្នុងអង្គរបស់ទ្រង់ក៏ដោយ ប៉ុន្តែ ទ្រង់ត្រូវតែអត់ទ្រាំនឹងភាពសង្ស័យ និងការបដិសេធរបស់គេ ក៏ដូចជាភាពស្ពឹកស្រពន់ និងភាពគួរឲ្យធុញរបស់គេផងដែរ។ គឺអាចនិយាយបានថា ដំណើរការនៃកិច្ចការរបស់បុត្រមនុស្ស គឺជាដំណើរការនៃការទទួលការបដិសេធរបស់មនុស្សជាតិ និងការទទួលការប្រឆាំងរបស់គេចំពោះទ្រង់។ លើសពីនេះទៅទៀត វាគឺជាដំណើរការនៃការបន្តយកឈ្នះ ដើម្បីទទួលបានការទុកចិត្តរបស់មនុស្ស និងយកឈ្នះមនុស្សជាតិ តាមរយៈអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ព្រមទាំងតាមរយៈនិស្ស័យរបស់ទ្រង់។ នេះមិនមែនមានន័យថា ព្រះដែលយកកំណើតជាមនុស្សកំពុងតែធ្វើសង្រ្គាមនៅលើដីទាស់នឹងអារក្សសាតាំងឡើយ ប៉ុន្តែវាមានន័យថា ព្រះជាម្ចាស់បានត្រលប់ជាមនុស្សធម្មតា ហើយបានចាប់ផ្ដើមតយុទ្ធជាមួយអស់អ្នកដែលដើរតាមទ្រង់ ហើយនៅក្នុងការប្រយុទ្ធនេះ បុត្រមនុស្សបានសម្រេចកិច្ចការរបស់ទ្រង់ ដោយការបន្ទាបខ្លួន ជាមួយអ្វីដែលទ្រង់មាន និង លក្ខណៈរបស់ទ្រង់ ព្រមទាំងជាមួយសេចក្តីស្រឡាញ់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទ្រង់បានទទួលមនុស្សដែលទ្រង់ចង់បាន ទទួលបានអត្តសញ្ញាណ និង ឋានៈដែលទ្រង់សមនឹងទទួល ហើយ “បានត្រលប់” ទៅកាន់បល្ល័ង្ករបស់ទ្រង់វិញ។

បន្ទាប់មកទៀត ចូរយើងពិនិត្យមើលបទគម្ពីរពីរខាងក្រោម។

៤. ចូរអត់ទោសចិតសិបដងប្រាំពីរដង

ម៉ាថាយ ១៨:២១-២២ ពេលនោះ លោកពេត្រុសចូលមកជិតព្រះ‌អង្គ ហើយទូលថា៖ «ព្រះ‌អម្ចាស់អើយ តើទូលបង្គំត្រូវអត់ទោសឲ្យគាត់ប៉ុន្មានដងទៅចំពោះបងប្អូនរបស់ទូលបង្គំដែលចេះតែប្រព្រឹត្តអំពើបាបទាស់នឹងទូលបង្គំ? រហូតដល់ប្រាំពីរដងឬ?» ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលតបទៅគាត់ថា៖ «ខ្ញុំសូមប្រាប់អ្នកថា មិនមែនប្រាំពីរដងឡើយ តែចិត‌សិបដងប្រាំពីរដងវិញ។

៥. សេចក្តីស្រឡាញ់របស់ព្រះអម្ចាស់

ម៉ាថាយ ២២:៣៧-៣៩ ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ «"អ្នកត្រូវស្រឡាញ់ព្រះ‌អម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក"។ នេះជាបទ‌បញ្ជាទីមួយ និងសំខាន់ជាងគេ។ ហើយបទ‌បញ្ជាទីពីរក៏សំខាន់ដូចគ្នាគឺ "អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចស្រឡាញ់ខ្លួនឯង"។ »

ចេញពីបទគម្ពីរទាំងពីរនេះ បទគម្ពីរមួយចែងអំពីការអត់ទោស ហើយបទគម្ពីរមួយទៀតចែងអំពីសេចក្តីស្រឡាញ់។ នេះគឺជាប្រធានបទចំនួនពីរដែលលើកឡើងអំពីកិច្ចការដែលព្រះអម្ចាស់យេស៊ូវចង់អនុវត្តនៅក្នុងយុគសម័យនៃព្រះគុណ។

នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បាននាំមកជាមួយទ្រង់នូវដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ ដែលជាកិច្ចការជាក់លាក់ និងជានិស្ស័យដែលទ្រង់ចង់បង្ហាញនៅក្នុងយុគសម័យនេះ។ នៅក្នុងអំឡុងពេលនោះ អ្វីៗគ្រប់យ៉ាងដែលបុត្រមនុស្សបានធ្វើ ពាក់ព័ន្ធតែជាមួយកិច្ចការដែលព្រះជាម្ចាស់ចង់អនុវត្តនៅក្នុងយុគសម័យនេះប៉ុណ្ណោះ។ ទ្រង់នឹងមិនធ្វើលើសនេះ និងតិចជាងនេះឡើយ។ គ្រប់សេចក្តីដែលទ្រង់មានបន្ទូល និងគ្រប់កិច្ចការដែលទ្រង់បានអនុវត្ត សុទ្ធតែទាក់ទងនឹងយុគសម័យនេះទាំងអស់។ មិនថាទ្រង់បានបង្ហាញវានៅក្នុងរបៀបជាមនុស្ស ជាមួយភាសារបស់មនុស្ស ឬតាមរយៈភាសារបស់ព្រះ ហើយទោះបីទ្រង់បានធ្វើវានៅក្នុងរបៀបណាមួយ ឬចេញពីទិដ្ឋភាពណាមួយនោះឡើយ គោលដៅរបស់ទ្រង់ គឺដើម្បីជួយមនុស្សឲ្យយល់អំពីអ្វីដែលទ្រង់ចង់ធ្វើ អ្វីដែលជាព្រះហឫទ័យរបស់ទ្រង់ និងអ្វីដែលជាលក្ខខណ្ឌតម្រូវរបស់ទ្រង់ចំពោះមនុស្ស។ ទ្រង់អាចប្រើមធ្យោបាយ និងទិដ្ឋភាពខុសៗគ្នា ដើម្បីជួយឲ្យមនុស្សយល់ និងដឹងអំពីព្រះហឫទ័យរបស់ទ្រង់ និងដើម្បីយល់អំពីកិច្ចការនៃការសង្រ្គោះមនុស្សជាតិរបស់ទ្រង់។ ដូច្នេះ នៅក្នុងយុគសម័យនៃព្រះគុណ យើងអាចមើលឃើញថា ភាគច្រើន ព្រះអម្ចាស់យេស៊ូវប្រើប្រាស់ភាសារបស់មនុស្ស ដើម្បីបង្ហាញអំពីអ្វីដែលទ្រង់ចង់ប្រាស្រ័យទាក់ទងទៅកាន់មនុស្សជាតិ។ លើសពីនេះទៅទៀត យើងក៏មើលឃើញទ្រង់ចេញពីទិដ្ឋភាពជាមគ្គុទេសក៏ដ៏សាមញ្ញម្នាក់ ទ្រង់មានបន្ទូលជាមួយមនុស្ស ផ្គត់ផ្គង់ដល់តម្រូវការរបស់គេ និងជួយបំពេញសំណើរបស់ពួកគេ។ របៀបនៃការធ្វើការនេះ មិនត្រូវបានមើលឃើញនៅក្នុងយុគសម័យនៃក្រឹត្យវិន័យដែលកើតមុនយុគសម័យនៃព្រះគុណឡើយ។ ទ្រង់កាន់តែមានភាពស្និទ្ធស្នាល និងកាន់តែមានចិត្តអាណិតអាសូរចំពោះមនុស្សជាតិ ក៏ដូចជាកាន់តែអាចសម្រេចបានលទ្ធផលជាក់ស្ដែងទាំងនៅក្នុងទម្រង់ និងឥរិយាបថ។ សាច់រឿងប្រៀបធៀបអំពីការអត់ទោសមនុស្សចិតសិបដងប្រាំពីរដងនេះ ពិតជាបញ្ជាក់អំពីចំណុចនេះ។ គោលបំណងដែលត្រូវសម្រេច ដោយចំនួនដងនៅក្នុងសាច់រឿងប្រៀបធៀបនេះ គឺដើម្បីជួយឲ្យមនុស្សយល់អំពីបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវនៅគ្រាដែលទ្រង់បានមានបន្ទូលនេះ។ បំណងព្រះហឫទ័យរបស់ទ្រង់គឺថា មនុស្សគួរតែអត់ទោសឲ្យអ្នកដទៃ មិនមែនម្ដង ឬពីរដងឡើយ ហើយក៏មិនមែនប្រាំពីរដែរ ប៉ុន្តែ គឺចិតសិបដងប្រាំពីរដងវិញ។ តើទស្សនៈ “ចិតសិបដងប្រាំពីរដង” នេះមានបង្កប់នូវអត្ថន័យដូចម្ដេចទៅ? វាគឺដើម្បីនាំមនុស្សឲ្យយកការអត់ទោសជាការទទួលខុសត្រូវរបស់គេ ជាអ្វីមួយដែលពួកគេត្រូវតែរៀនសូត្រ និងជា “ផ្លូវ” មួយដែលពួកគេត្រូវប្រកាន់ខ្ជាប់។ ទោះបីវាគ្រាន់តែជារឿងប្រៀបធៀបក៏ដោយ ប៉ុន្តែ រឿងនេះបានបង្ហាញនូវចំណុចដ៏សំខាន់។ វាបានជួយឲ្យមនុស្សយល់ដឹងយ៉ាងជ្រាលជ្រៅអំពីអ្វីដែលទ្រង់ចង់មានអត្ថន័យ និងឲ្យគេរកផ្លូវអនុវត្ត និងគោលការណ៍ ព្រមទាំងបទដ្ឋាននៃការអនុវត្តដ៏ត្រឹមត្រូវ។ រឿងប្រៀបធៀបនេះបានជួយឲ្យមនុស្សយល់យ៉ាងច្បាស់ និងបានផ្ដល់ឲ្យពួកគេនូវគោលគំនិតដ៏ត្រឹមត្រូវ ថាពួកគេគួរតែរៀនអំពីការអត់ទោស ហើយអត់ទោសនៅគ្រប់ពេល ដោយគ្មានលក្ខខណ្ឌឡើយ ប៉ុន្តែ អត់ទោសដោយមានចិត្តគំនិតបែបអត់ឱន និងការយល់ចិត្តរបស់អ្នកដទៃ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអំពីការនេះ តើអ្វីទៅស្ថិតនៅក្នុងព្រះហឫទ័យរបស់ទ្រង់? តើទ្រង់ពិតជាកំពុងតែគិតអំពីតួលេខ “ចិតសិបដងប្រាំពីរដង” ឬ? អត់ទេ ទ្រង់មិនបានគិតបែបនេះឡើយ។ តើមានចំនួនដងដែលព្រះជាម្ចាស់នឹងអត់ទោសដល់មនុស្សឬ? មានមនុស្សជាច្រើនដែលចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ “ចំនួនដង” ដែលបានលើកឡើងនៅត្រង់នេះ ជាអ្នកដែលចង់យល់អំពីប្រភពដើម និងអត្ថន័យនៃតួលេខនេះ។ ពួកគេចង់យល់អំពីហេតុផលដែលនាំឲ្យព្រះអម្ចាស់យេស៊ូវលើកឡើងអំពីតួលេខនេះ ដ្បិតពួកគេជឿថា តួលេខនេះមានបង្កប់អត្ថន័យដ៏ស៊ីជម្រៅ។ ប៉ុន្តែ ជាក់ស្ដែង វាគ្រាន់តែភាសាប្រៀបធៀបបែបមនុស្សលោក ដែលព្រះជាម្ចាស់បានប្រើប៉ុណ្ណោះ។ រាល់ន័យធៀប ឬអត្ថន័យណាមួយ ត្រូវតែយកមកពិចារណាជាមួយលក្ខខណ្ឌតម្រូវរបស់ព្រះអម្ចាស់យេស៊ូវសម្រាប់មនុស្សជាតិ។ នៅពេលដែលព្រះជាម្ចាស់មិនទាន់បានត្រលប់ជាសាច់ឈាម មនុស្សមិនបានយល់ច្រើនឡើយអំពីអ្វីដែលទ្រង់បានមានបន្ទូល ដោយសារតែព្រះបន្ទូលរបស់ទ្រង់បានចេញមកពីភាពជាព្រះទាំងស្រុង។ ទិដ្ឋភាព និងបរិបទនៃអ្វីដែលទ្រង់បានមានបន្ទូល គឺមនុស្សជាតិមិនអាចមើលឃើញ និងពាល់បានឡើយ ហើយវាត្រូវបានស្ដែងឡើងចេញពីពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ។ សម្រាប់មនុស្សដែលបានរស់នៅក្នុងសាច់ឈាម ពួកគេមិនអាចឆ្លងកាត់ពិភពខាងវិញ្ញាណបានឡើយ។ ប៉ុន្តែ ក្រោយពេលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ទ្រង់បានមានបន្ទូលទៅកាន់មនុស្សជាតិចេញពីទិដ្ឋភាពនៃភាពជាមនុស្ស ហើយទ្រង់បានយាងចេញពីពិភពខាងវិញ្ញាណ និងយាងហួសវិសាលភាពនៃពិភពនេះទៅទៀត។ ទ្រង់អាចបង្ហាញនិស្ស័យជាព្រះ ព្រះហឫទ័យ និងចិត្តគំនិតរបស់ទ្រង់ តាមរយៈអ្វីៗដែលមនុស្សអាចស្រមៃឃើញ អ្វីដែលពួកគេមើលឃើញ និងជួបប្រទះនៅក្នុងជីវិតរបស់គេ ហើយប្រើប្រាស់វិធីសាស្ត្រដែលមនុស្សអាចទទួលយក នៅក្នុងភាសាមួយដែលពួកគេអាចយល់ និងជាមួយចំណេះដឹងមួយដែលពួកគេអាចចាប់បាន ដើម្បីជួយឲ្យមនុស្សជាតិអាចយល់ និងដឹងអំពីព្រះជាម្ចាស់ ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ និងបទដ្ឋានតម្រូវរបស់ទ្រង់ដែលស្ថិតនៅក្នុងវិសាលភាពនៃសមត្ថភាពរបស់គេ និងនៅកម្រិតមួយដែលពួកគេអាចធ្វើបាន។ នេះគឺជាវិធីសាស្ត្រ និងគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្ស។ ទោះបីរបៀបរបស់ព្រះជាម្ចាស់ និងគោលការណ៍នៃការធ្វើការរបស់ទ្រង់នៅក្នុងសាច់ឈាម ត្រូវបានសម្រេចភាគច្រើន ដោយមធ្យោបាយ ឬតាមរយៈភាពជាមនុស្សក៏ដោយ ប៉ុន្តែ វាពិតជាបានសម្រេចលទ្ធផល ដែលមិនអាចសម្រេចបាន តាមរយៈការធ្វើការដោយផ្ទាល់នៅក្នុងភាពជាព្រះនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងភាពជាមនុស្សមានលក្ខណៈច្បាស់លាស់ ពិតត្រង់ និងចំគោលដៅជាង ហើយវិធីសាស្ត្រមានភាពបត់បែនជាង និងស្ថិតនៅក្នុងទម្រង់មួយដែលហួសពីកិច្ចការដែលត្រូវបានអនុវត្តនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។

បន្ទាប់មក ចូរយើងនិយាយអំពីការស្រឡាញ់ព្រះអម្ចាស់ និងការស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង។ តើនេះជាអ្វីមួយដែលត្រូវបានសម្ដែងចេញដោយផ្ទាល់នៅក្នុងភាពជាព្រះឬ? អត់ទេ វាមិនបែបនេះឡើយ! នេះគឺជារឿងដែលបុត្រមនុស្សបានមានបន្ទូលនៅក្នុងភាពជាមនុស្ស ហើយមានតែមនុស្សលោកប៉ុណ្ណោះដែលអាចនិយាយអ្វីមួយបែបនេះ “ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចស្រឡាញ់ខ្លួនឯង។ ចូរស្រឡាញ់អ្នកដទៃ ដូចអ្នកស្រឡាញ់ជីវិតរបស់ខ្លួន។” ការនិយាយបែបនេះគឺជាការនិយាយស្ដីបែបមនុស្សលោកសុទ្ធសាធ។ ព្រះជាម្ចាស់មិនដែលមានបន្ទូលបែបនេះឡើយ។ យ៉ាងហោចណាស់ ព្រះជាម្ចាស់មិនមានភាសាបែបនេះនៅក្នុងភាពជាព្រះរបស់ទ្រង់ឡើយ ដោយសារតែទ្រង់មិនត្រូវការគោលការណ៍បែបនេះ “ចូរស្រឡាញ់អ្នកជិតខាង ដូចស្រឡាញ់ខ្លួនឯង” ដើម្បីកំណត់នូវសេចក្តីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សជាតិឡើយ ព្រោះថាសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ គឺជាការបើកសម្ដែងពីធម្មជាតិមួយអំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ តើឯងរាល់គ្នាធ្លាប់ឮព្រះជាម្ចាស់មានបន្ទូលថា៖ “អញស្រឡាញ់មនុស្សជាតិ ដូចអញស្រឡាញ់អង្គអញ” ដែរឬទេ? ឯងមិនធ្លាប់ឡើយ ដោយសារតែសេចក្តីស្រឡាញ់គឺស្ថិតនៅក្នុងសារជាតិរបស់ព្រះជាម្ចាស់ និងនៅក្នុងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ និងចិត្តគំនិតរបស់ទ្រង់ ព្រមទាំងរបៀបដែលទ្រង់ប្រព្រឹត្តចំពោះមនុស្ស គឺជាការសម្ដែងចេញពីធម្មជាតិ និងជាការបើកសម្ដែងអំពីនិស្ស័យរបស់ទ្រង់។ ទ្រង់មិនចាំបាច់ធ្វើកិច្ចការនេះនៅក្នុងរបៀបជាក់លាក់មួយ ឬធ្វើតាមវិធីសាស្ត្រ ឬក្រមសីលធម៌ណាមួយ ដើម្បីឲ្យទ្រង់អាចស្រឡាញ់អ្នកជិតខាងទ្រង់ដូចស្រឡាញ់អង្គទ្រង់នោះឡើយ ព្រោះថាទ្រង់មានសារជាតិនេះរួចទៅហើយ។ តើឯងមើលឃើញអ្វីខ្លះអំពីចំណុចនេះ? នៅពេលដែលព្រះជាម្ចាស់បានធ្វើការនៅក្នុងភាពជាមនុស្ស មានវិធីសាស្ត្រ ព្រះបន្ទូល និងសេចក្តីពិតរបស់ទ្រង់ជាច្រើនត្រូវបានស្ដែងចេញនៅក្នុងរបៀបជាមនុស្ស។ ប៉ុន្តែ ក្នុងពេលដូចគ្នានោះ និស្ស័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ព្រមទាំងព្រះហឫទ័យរបស់ទ្រង់ត្រូវបានស្ដែងចេញឲ្យមនុស្សដឹង និងយល់។ អ្វីដែលពួកគេបានដឹង និងយល់នោះ គឺជាសារជាតិរបស់ទ្រង់ ព្រមទាំងជាអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់តែម្ដង ដែលតំណាងឲ្យអត្តសញ្ញាណដើម និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់។ គឺអាចនិយាយបានថា បុត្រមនុស្សនៅក្នុងសាច់ឈាមបានបង្ហាញនិស្ស័យ និងសារជាតិដើមរបស់ព្រះជាម្ចាស់នៅកម្រិតដ៏ខ្ពស់ និងសុក្រឹត្យបំផុតតាមតែអាចធ្វើទៅបាន។ ភាពជាមនុស្សរបស់បុត្រមនុស្សមិនគ្រាន់តែមិនក្លាយជារនាំង ឬឧបសគ្គចំពោះការប្រាស្រ័យទាក់ទង និងអន្តរកម្មរបស់មនុស្សជាមួយព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះទេ ប៉ុន្តែ តាមពិតទៅ វាជាបណ្ដាញ និងជាស្ពានតែមួយគត់សម្រាប់មនុស្សជាតិ ដើម្បីផ្សារភ្ជាប់ជាមួយព្រះអម្ចាស់នៃរបស់សព្វសារពើ។ ឥឡូវ មកដល់ត្រង់នេះ តើឯងរាល់គ្នាមិនមានអារម្មណ៍ថា វាមានភាពស្រដៀងគ្នាជាច្រើនរវាងធម្មជាតិ និងវិធីសាស្ត្រនៃកិច្ចការដែលត្រូវបានធ្វើ ដោយព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ និងដំណាក់កាលបច្ចុប្បន្ននៃកិច្ចការទេឬ? ដំណាក់កាលបច្ចុប្បន្ននៃកិច្ចការនេះក៏ប្រើប្រាស់ភាសាមនុស្សជាច្រើនផងដែរ ដើម្បីបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងភាសា និងវិធីសាស្ត្រជាច្រើនចេញពីជីវិតប្រចាំថ្ងៃរបស់មនុស្សជាតិ និងចំណេះដឹងរបស់មនុស្ស ដើម្បីបង្ហាញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ផ្ទាល់ផងដែរ។ នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទោះបីទ្រង់កំពុងតែមានបន្ទូលចេញពីទិដ្ឋភាពជាមនុស្ស ឬទិដ្ឋភាពជាព្រះក៏ដោយ ក៏ភាសា និងវិធីសាស្ត្ររបស់ទ្រង់ជាច្រើនចេញមក តាមរយៈមធ្យោបាយជាភាសា និងវិធីសាស្ត្របែបមនុស្សលោក។ ព្រោះថានៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នេះជាឱកាសដ៏ល្អបំផុតសម្រាប់ឯង ដើម្បីមើលឃើញពីសព្វានុភាពរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ព្រមទាំងដើម្បីដឹងអំពីគ្រប់ទិដ្ឋភាពដ៏ពិតរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ខណៈពេលដែលទ្រង់កំពុងតែលូតលាស់ឡើង ទ្រង់បានចាប់ផ្ដើមយល់ រៀនសូត្រ មានចំណេះដឹង សុភនិច្ឆ័យ ភាសា និងវិធីសាស្ត្ររបស់មនុស្សជាតិនៅក្នុងភាពជាមនុស្ស។ ព្រះដែលយកកំណើតជាមនុស្សមាននូវចំណុចទាំងនេះដែលចេញមកពីមនុស្សលោកដែលទ្រង់បានបង្កើតមក។ វាបានក្លាយជាឧបករណ៍របស់ព្រះយកកំណើតជាសាច់ឈាម ដើម្បីបង្ហាញពីនិស្ស័យ និងភាពជាព្រះរបស់ទ្រង់ ព្រមទាំងជួយឲ្យទ្រង់ធ្វើការរបស់ទ្រង់កាន់តែសមហេតុផល កាន់តែពិតច្បាស់ និងកាន់តែសុក្រឹត្យ នៅពេលដែលទ្រង់កំពុងតែធ្វើការនៅកណ្ដាលចំណោមមនុស្សជាតិ ដោយចេញពីទិដ្ឋភាពជាមនុស្ស និងប្រើប្រាស់ភាសាមនុស្សលោក។ ការនេះបានធ្វើឲ្យមនុស្សកាន់តែទទួលបាន និងកាន់តែយល់អំពីកិច្ចការរបស់ទ្រង់ ហើយវាសម្រេចបានលទ្ធផលដែលព្រះជាម្ចាស់ចង់បាន។ តើការដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមបែបនេះមិនកាន់តែជាក់ស្ដែងទេឬអី? តើនេះមិនមែនជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេឬ? នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចរ៉ាប់រងកិច្ចការដែលទ្រង់ចង់អនុវត្ត នោះជាពេលដែលទ្រង់នឹងបង្ហាញពីនិស្ស័យ និងកិច្ចការរបស់ទ្រង់ ហើយនោះក៏ជាពេលដែលទ្រង់គួរតែចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ក្នុងនាមជាបុត្រមនុស្សផងដែរ។ នេះមានន័យថា វាលែងមាន “គម្លាតជំនាន់” រវាងព្រះជាម្ចាស់ និងមនុស្ស មានន័យថា ក្នុងពេលឆាប់ៗ ព្រះជាម្ចាស់នឹងបញ្ចប់ការប្រាស្រ័យទាក់ទងរបស់ទ្រង់ តាមរយៈអ្នកនាំសារ និងមានន័យទៀតថា ព្រះជាម្ចាស់ផ្ទាល់អាចបង្ហាញគ្រប់ទាំងព្រះបន្ទូល និងកិច្ចការដោយផ្ទាល់នៅក្នុងសាច់ឈាមដែលទ្រង់ចង់ធ្វើ។ វាក៏មានន័យថា មនុស្សដែលព្រះជាម្ចាស់សង្រ្គោះ កាន់តែមានទំនាក់ទំនងស្និទ្ធស្នាលជាមួយទ្រង់ មានន័យថា កិច្ចការគ្រប់គ្រងរបស់ទ្រង់បានចូលក្នុងដែនដីថ្មី និងមានន័យទៀតថា មនុស្សជាតិទាំងអស់ជិតជួបជាមួយយុគសម័យថ្មីហើយ។

មនុស្សគ្រប់គ្នាដែលបានអានព្រះគម្ពីរ សុទ្ធតែដឹងថា ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រសូតមក។ ព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនផ្សេងទៀត គឺជាពេលមួយដែលទ្រង់ត្រូវបានស្ដេចរបស់អារក្សតាមប្រមាញ់។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់បំផុត ដ្បិតកុមារនៃទីក្រុងទាំងអស់ដែលមានអាយុចាប់ពីពីរឆ្នាំចុះ ត្រូវបានគេសម្លាប់។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់បានប្រថុយប្រថានយ៉ាងខ្លាំងក្នុងការត្រលប់ជាសាច់ឈាមនៅក្នុងចំណោមមនុស្សលោក ព្រោះថាតម្លៃដ៏ធំបំផុតដែលទ្រង់បានបង់ ដើម្បីបញ្ចប់ការគ្រប់គ្រងរបស់ទ្រង់នៃការសង្រ្គោះមនុស្សជាតិ ក៏ស្ដែងឲ្យឃើញយ៉ាងច្បាស់ផងដែរ។ សេចក្ដីសង្ឃឹមដ៏ធំដែលព្រះជាម្ចាស់មានសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិនៅក្នុងសាច់ឈាម ក៏ត្រូវបានស្ដែងចេញឲ្យឃើញផងដែរ។ នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចរ៉ាប់រងកិច្ចការនៅក្នុងចំណោមមនុស្សជាតិបាន តើទ្រង់មានអារម្មណ៍យ៉ាងដូចម្ដេចដែរ? មនុស្សគួរតែមានការយល់ដឹងនៅកម្រិតណាមួយហើយ មែនទេ? យ៉ាងហោចណាស់ ព្រះជាម្ចាស់មានព្រះទ័យរីករាយ ដោយសារតែទ្រង់អាចចាប់ផ្ដើមអនុវត្តកិច្ចការថ្មីរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវត្រូវបានជ្រមុជទឹក និងចាប់ផ្ដើមកិច្ចការរបស់ទ្រង់ជាផ្លូវការ ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់ ព្រះហឫទ័យរបស់ព្រះជាម្ចាស់មានអំណរយ៉ាងខ្លាំង ដោយសារតែក្រោយការរង់ចាំ និងការត្រៀមខ្លួនជាច្រើនឆ្នាំមក នៅទីបំផុត ទ្រង់អាចពាក់សាច់ឈាមជាមនុស្សធម្មតា ហើយចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់នៅក្នុងទម្រង់ជាមនុស្សខាងសាច់ និងឈាម ជាអ្នកដែលមនុស្សអាចមើលឃើញ និងប៉ះពាល់បាន។ នៅទីបំផុត ទ្រង់អាចមានបន្ទូលមុខទល់នឹងមុខ ព្រមទាំងចិត្តទល់នឹងចិត្តជាមួយមនុស្ស តាមរយៈអត្តសញ្ញាណជាមនុស្ស។ នៅទីបំផុត ព្រះជាម្ចាស់អាចយាងមកមុខទល់នឹងមុខជាមួយមនុស្សជាតិ តាមរបៀប និងភាសារបស់មនុស្ស។ ទ្រង់អាចផ្គត់ផ្គង់ដល់មនុស្សជាតិ បំភ្លឺដល់ពួកគេ និងជួយពួកគេឲ្យប្រើប្រាស់ភាសារបស់មនុស្ស ហើយទ្រង់អាចបរិភោគនៅលើតុតែមួយ និងរស់នៅកន្លែងតែមួយជាមួយពួកគេ។ ទ្រង់ក៏អាចមើលឃើញមនុស្សលោក មើលឃើញរបស់របរ និងមើលឃើញអ្វីៗគ្រប់យ៉ាងទៅតាមរបៀបដែលមនុស្សលោកមើលឃើញ និងសូម្បីតាមរយៈភ្នែករបស់ពួកគេទៀតផង។ គឺអាចនិយាយបានផងដែរថា វាជាការសម្រេចនៃកិច្ចការដ៏ធំមួយ ហើយជាការពិត វាជាអ្វីមួយដែលព្រះជាម្ចាស់បានមានព្រះទ័យរីករាយបំផុត។ ដោយចាប់ផ្ដើមពីចំណុចនេះ ជាលើកដំបូង ព្រះជាម្ចាស់បានមានអារម្មណ៍កម្សាន្តចិត្តនៅក្នុងកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិ។ គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលបានលេចជារូបរាង សុទ្ធតែមានលក្ខណៈជាក់ស្ដែង និងធម្មជាតិ ហើយសេចក្តីកម្សាន្តចិត្តដែលព្រះជាម្ចាស់មាននោះ គឺជាការពិត។ សម្រាប់មនុស្សជាតិ គ្រប់ពេលដែលដំណាក់កាលថ្មីនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានសម្រេច ហើយគ្រប់ពេលដែលព្រះជាម្ចាស់មានអារម្មណ៍ស្កប់ព្រះទ័យ នោះហើយជាពេលដែលមនុស្សជាតិអាចចូលកាន់តែជិតព្រះជាម្ចាស់ និងសេចក្តីសង្រ្គោះ។ ចំពោះព្រះជាម្ចាស់ នេះក៏ជាការចាប់ផ្ដើមនៃកិច្ចការថ្មីរបស់ទ្រង់ ជាការបោះជំហានទៅមុខនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ ហើយលើសពីនេះ នេះក៏ជាពេលដែលបំណងព្រះហឫទ័យរបស់ទ្រង់ត្រូវបានសម្រេចទាំងស្រុងផងដែរ។ សម្រាប់មនុស្សជាតិ ការមកដល់នៃឱកាសនេះគឺជារឿងសំណាង និងល្អប្រពៃណាស់ ព្រោះថាសម្រាប់មនុស្សទាំងអស់ដែលរង់ចាំសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ នេះជាដំណឹងដ៏សំខាន់ និងរីករាយ។ នៅពេលដែលព្រះជាម្ចាស់អនុវត្តដំណាក់កាលថ្មីនៃកិច្ចការ នោះទ្រង់មានទីចាប់ផ្ដើមថ្មី ហើយនៅពេលដែលកិច្ចការថ្មី និងទីចាប់ផ្ដើមថ្មីនេះត្រូវបានសម្ភោធ និងណែនាំនៅក្នុងចំណោមមនុស្សជាតិ នោះជាពេលដែលលទ្ធផលនៃដំណាក់កាលនៃកិច្ចការនេះត្រូវបានកំណត់ទុក និងសម្រេច ហើយព្រះជាម្ចាស់បានទតឃើញអំពីលទ្ធផល និងផលផ្លែចុងក្រោយរួចស្រេចទៅហើយ។ នេះជាពេលដែលលទ្ធផលទាំងនេះធ្វើឲ្យព្រះជាម្ចាស់មានអារម្មណ៍ស្កប់ព្រះទ័យ ហើយជាការពិត វាក៏ជាពេលដែលព្រះហឫទ័យរបស់ទ្រង់រីករាយផងដែរ។ ព្រះជាម្ចាស់មានអារម្មណ៍ជឿជាក់ជាថ្មី ដោយសារតែនៅក្នុងព្រះនេត្ររបស់ទ្រង់ ទ្រង់បានទតឃើញ និងកំណត់យកមនុស្សដែលទ្រង់កំពុងតែស្វែងរក ហើយបានទទួលយកមនុស្សក្រុមនេះរួចហើយ ជាក្រុមមួយដែលអាចធ្វើឲ្យកិច្ចការរបស់ទ្រង់ទទួលបានជោគជ័យ និងនាំឲ្យទ្រង់មានសេចក្តីស្កប់ចិត្ត។ ដូចនេះ ទ្រង់ឈប់ព្រួយបារម្ភ ហើយទ្រង់មានព្រះទ័យរីករាយវិញ។ នៅក្នុងន័យម្យ៉ាងទៀត នៅពេលដែលសាច់ឈាមរបស់ព្រះជាម្ចាស់អាចដើរនៅលើកិច្ចការថ្មីនៅក្នុងចំណោមមនុស្ស ហើយដោយគ្មានការបង្អាក់ ទ្រង់ចាប់ផ្ដើមធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ហើយនៅពេលដែលទ្រង់មានអារម្មណ៍ថា អ្វីៗគ្រប់យ៉ាងត្រូវបានសម្រេចហើយ នោះសម្រាប់ទ្រង់ ទ្រង់ទតឃើញចុងផ្លូវរួចស្រេចទៅហើយ។ ដោយសារតែការនេះ ទ្រង់បានស្កប់ព្រះទ័យ ហើយព្រះហឫទ័យរបស់ទ្រង់មានភាពរីករាយ។ តើព្រះហឫទ័យរីករាយរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញដោយរបៀបណាទៅ? តើឯងរាល់គ្នាអាចស្រមៃឃើញចម្លើយនេះដែរឬទេ? តើព្រះជាម្ចាស់អាចព្រះកន្សែងដែរឬទេ? តើព្រះជាម្ចាស់ព្រះកន្សែងដែរឬ? តើព្រះជាម្ចាស់អាចទះព្រះហស្តឬទេ? តើព្រះជាម្ចាស់អាចរាំឬទេ? តើព្រះជាម្ចាស់អាចច្រៀងឬទេ? បើដូច្នេះ តើទ្រង់នឹងច្រៀងអំពីអ្វីទៅ? ជាការពិត ព្រះជាម្ចាស់អាចច្រៀងបទចម្រៀងមួយដ៏ពីរោះរំជួលចិត្ត ជាបទមួយដែលអាចបង្ហាញនូវសេចក្តីអំណរ និងសេចក្តីសុខដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់អាចច្រៀងឲ្យមនុស្សជាតិស្ដាប់ ច្រៀងតែអង្គទ្រង់ និងសម្រាប់អ្វីៗសព្វសារពើ។ សេចក្តីសុខរបស់ព្រះជាម្ចាស់អាចត្រូវបានសម្ដែងចេញនៅក្នុងរបៀបណាមួយ ហើយវាជារឿងធម្មតា ដោយសារតែព្រះជាម្ចាស់មានសេចក្តីអំណរ និងទុក្ខព្រួយ ហើយអារម្មណ៍របស់ទ្រង់អាចបង្ហាញចេញនៅក្នុងរបៀបខុសៗគ្នាផងដែរ។ នេះជាសិទ្ធិរបស់ទ្រង់ ហើយវាជារឿងធម្មតា និងសមគួរទេ។ មនុស្សមិនគួរគិតអ្វីផ្សេងនោះឡើយ។ ឯងរាល់គ្នាមិនគួរព្យាយាមប្រើ “មន្តអាគមកងរឹតក្បាល [ស៊ុនអ៊ូខុង]” ទៅលើព្រះជាម្ចាស់ ដោយប្រាប់ទ្រង់ថា ទ្រង់មិនគួរធ្វើការនេះ ឬការនោះ ទ្រង់មិនគួរប្រព្រឹត្តបែបនេះ ឬបែបនោះឡើយ ព្រោះថាការធ្វើបែបនេះដាក់ដែនកំណត់ដល់សេចក្តីសុខរបស់ទ្រង់ ឬកម្រិតនូវអារម្មណ៍ដែលទ្រង់អាចមាន។ នៅក្នុងដួងចិត្តរបស់មនុស្ស ព្រះជាម្ចាស់មិនអាចរីករាយ មិនអាចស្រក់ទឹកភ្នែក មិនអាចយំ គឺទ្រង់មិនអាចសម្ដែងអារម្មណ៍ណាមួយបានឡើយ។ តាម រយៈអ្វីដែលយើងបានប្រាស្រ័យទាក់ទង ក្នុងអំឡុងការប្រកបគ្នាទាំងពីរនេះ អញជឿថា ឯងរាល់គ្នានឹងលែងមើលឃើញព្រះជាម្ចាស់តាមបែបនេះទៀតហើយ ប៉ុន្តែ វានឹងជួយឲ្យព្រះជាម្ចាស់មានសេរីភាពក្នុងការបញ្ចេញអារម្មណ៍របស់ទ្រង់វិញ។ នេះគឺជារឿងដ៏ល្អណាស់។ ទៅថ្ងៃអនាគត ប្រសិនបើឯងរាល់គ្នាអាចមានអារម្មណ៍ដឹងអំពីទុក្ខព្រួយរបស់ព្រះជាម្ចាស់ នៅពេលដែលឯងឮថា ទ្រង់មានព្រះទ័យសោកសៅ ហើយឯងរាល់គ្នាអាចមានអារម្មណ៍ដឹងអំពីសេចក្តីសុខរបស់ទ្រង់ នៅពេលដែលឯងឮថា ទ្រង់កំពុងតែរីករាយ នោះយ៉ាងហោចណាស់ ឯងនឹងអាចដឹង និងយល់យ៉ាងច្បាស់អំពីអ្វីដែលធ្វើឲ្យទ្រង់រីករាយ និងអ្វីដែលធ្វើឲ្យទ្រង់សោកសៅ។ នៅពេលដែលឯងមានអារម្មណ៍សោកសៅ ដោយសារតែព្រះជាម្ចាស់មានព្រះទ័យសោកសៅ និងមានអារម្មណ៍រីករាយ នៅពេលដែលព្រះជាម្ចាស់មានព្រះទ័យរីករាយ នោះទ្រង់នឹងទទួលបានដួងចិត្តរបស់ឯងទាំងស្រុង ហើយវានឹងលែងមានរនាំងណាមួយនៅចន្លោះឯង និងទ្រង់ទៀតហើយ។ ឯងនឹងលែងព្យាយាមរឹតត្បិតព្រះជាម្ចាស់ជាមួយការស្រមើស្រមៃ សញ្ញាណ និងចំណេះដឹងរបស់មនុស្សទៀតហើយ។ ក្នុងពេលដូចគ្នានោះ ព្រះជាម្ចាស់នឹងមានព្រះជន្មរស់រវើកនៅក្នុងដួងចិត្តរបស់ឯង។ ទ្រង់នឹងក្លាយជាព្រះជាម្ចាស់នៃជីវិតរបស់ឯង និងជាម្ចាស់នៃអ្វីៗគ្រប់យ៉ាងអំពីឯង។ តើឯងរាល់គ្នាមានសេចក្តីប្រាថ្នាប្រភេទនេះឬទេ? តើឯងជឿជាក់ថា ឯងអាចសម្រេចសេចក្ដីប្រាថ្នានេះបានដែរឬទេ?

បន្ទាប់មកទៀត ចូរយើងអានបទគម្ពីរខាងក្រោម៖

៦. សេចក្តីអធិប្បាយនៅលើភ្នំ

មានពរហើយ (ម៉ាថាយ ៥:៣-១២)

អំបិល និងពន្លឺ (ម៉ាថាយ ៥:១៣-១៦)

ក្រឹត្យវិន័យ (ម៉ាថាយ ៥:១៧-២០)

កំហឹង (ម៉ាថាយ ៥:២១-២៦)

សេចក្តីកំផិត (ម៉ាថាយ ៥:២៧-៣០)

ការលែងលះគ្នា (ម៉ាថាយ ៥:៣១-៣២)

ពាក្យសម្បថ (ម៉ាថាយ ៥:៣៣-៣៧)

ភ្នែកសងដោយភ្នែក (ម៉ាថាយ ៥:៣៨-៤៨)

ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក (ម៉ាថាយ ៥:៤៣-៤៨)

សេចក្តីណែនាំអំពីការដាក់ទាន (ម៉ាថាយ ៦:១-៤)

ការអធិស្ឋាន (ម៉ាថាយ ៦:៥-៨)

៧. ប្រស្នារបស់ព្រះអម្ចាស់យេស៊ូវ

ប្រស្នាអំពីអ្នកព្រោះពូជ (ម៉ាថាយ ១៣:១-៩)

ប្រស្នាអំពីស្រងែ (ម៉ាថាយ ១៣:២៤-៣០)

ប្រស្នាអំពីគ្រាប់ពូជល្អិត (ម៉ាថាយ ១៣:៣១-៣២)

ប្រស្នាអំពីមេនំប៉័ង (ម៉ាថាយ ១៣:៣៣)

ប្រស្នាអំពីស្រងែ ត្រូវបានពន្យល់ (ម៉ាថាយ ១៣:៣៦-៤៣)

ប្រស្នាអំពីកំណប់ (ម៉ាថាយ ១៣:៤៤)

ប្រស្នាអំពីកែវ‌មុក្តាដ៏មានតម្លៃ (ម៉ាថាយ ១៣:៤៥-៤៦)

ប្រស្នាអំពីអួន (ម៉ាថាយ ១៣:៤៧-៥០)

៨. បទបញ្ញត្តិ

ម៉ាថាយ ២២:៣៧-៣៩ ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ «"អ្នកត្រូវស្រឡាញ់ព្រះ‌អម្ចាស់ ជាព្រះជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក"។ នេះជាបទ‌បញ្ជាទីមួយ និងសំខាន់ជាងគេ។ ហើយបទ‌បញ្ជាទីពីរក៏សំខាន់ដូចគ្នាគឺ "អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចស្រឡាញ់ខ្លួនឯង"។»

ជាដំបូង ចូរយើងពិនិត្យមើលផ្នែកនីមួយៗអំពី “សេចក្តីអធិប្បាយនៅលើភ្នំ”។ តើផ្នែកទាំងអស់នេះចែងអំពីអ្វីខ្លះទៅ? គឺអាចនិយាយបានថា អ្វីដែលប្រាកដច្បាស់នោះគឺថា មាតិការនៃផ្នែកទាំងនេះកាន់តែលើកឡើង កាន់តែច្បាស់ និងកាន់តែពាក់ព័ន្ធនឹងជីវិតរបស់មនុស្ស ជាងបទបញ្ញតិនៃយុគសម័យនៃក្រឹត្យវិន័យទៅទៀត។ បើនិយាយនៅក្នុងពាក្យសម័យទំនើបវិញ រឿងទាំងនេះកាន់តែពាក់ព័ន្ធនឹងការអនុវត្តជាក់ស្ដែងរបស់មនុស្ស។

ចូរយើងអានអំពីខ្លឹមសារជាក់លាក់ខាងក្រោម៖ តើឯងគួរតែយល់យ៉ាងដូចម្ដេចអំពីព្រះពរដ៏ពិតប្រាកដ? តើឯងយល់យ៉ាងដូចម្ដេចអំពីក្រឹត្យវិន័យ? តើកំហឹងគួរតែមានអត្ថន័យយ៉ាងដូចម្ដេច? តើអ្នកប្រព្រឹត្តអំពើផិតក្បត់គួរតែត្រូវបានដោះស្រាយដោយរបៀបណា? តើត្រូវនិយាយយ៉ាងដូចម្ដេចអំពីការលែងលះគ្នា? តើគួរតែមានច្បាប់អ្វីខ្លះទាក់ទងនឹងបញ្ហានេះ? តើនរណាអាចលែងលះគ្នាបាន ហើយតើនរណាដែលមិនអាចលែងលះគ្នាបាន? ចុះចំណែកទាក់ទងនឹងពាក្យសម្បថ ភ្នែកសងដោយភ្នែក ការស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក និងការមានចិត្តសប្បុរសវិញ? មេរៀនទាំងអស់នេះទាក់ទងនឹងគ្រប់ទិដ្ឋភាពនៃការអនុវត្តជំនឿរបស់មនុស្សជាតិលើព្រះជាម្ចាស់ និងទាក់ទងនឹងការដើរតាមព្រះជាម្ចាស់។ ការអនុវត្តខ្លះនៅតែប្រើបាននៅឡើយនាពេលសព្វថ្ងៃ ទោះបីវាមានលក្ខណៈរាក់កំផែលជាងអ្វីដែលតម្រូវពីមនុស្សនាពេលសព្វថ្ងៃក៏ដោយ ប៉ុន្តែ វាជាសេចក្តីពិតមូលដ្ឋានដែលមនុស្សជួបប្រទះនៅក្នុងសេចក្តីជំនឿរបស់គេលើព្រះជាម្ចាស់។ តាំងពីពេលដែលព្រះអម្ចាស់យេស៊ូវចាប់ផ្ដើមធ្វើការ ទ្រង់បានកំពុងតែអនុវត្តកិច្ចការទៅលើនិស្ស័យនៃជីវិតរបស់មនុស្សលោក ប៉ុន្តែ ទិដ្ឋភាពនៃកិច្ចការរបស់ទ្រង់ទាំងនេះមានមូលដ្ឋានគ្រឹះចេញពីក្រឹត្យវិន័យ។ តើក្បួនច្បាប់ និងរបៀបនៃការនិយាយអំពីប្រធានបទទាំងនេះមានទំនាក់ទំនងអ្វីមួយជាមួយសេចក្តីពិតឬទេ? ពិតណាស់ វាមានភាពទាក់ទងគ្នា! គ្រប់ទាំងបទបញ្ញត្តិ និងគោលការណ៍មុនៗ ក៏ដូចជាសេចក្តីអធិប្បាយទាំងនេះនៅក្នុងយុគសម័យនៃព្រះគុណ គឺសុទ្ធតែពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ និងសេចក្តីពិត។ ទោះបីព្រះជាម្ចាស់បង្ហាញចេញដោយរបៀបណា ហើយទោះបីទ្រង់ប្រើការសម្ដែងចេញ ឬភាសាបែបណាក៏ដោយ ក៏សេចក្តីដែលទ្រង់បង្ហាញនោះ សុទ្ធតែមានមូលដ្ឋាន ប្រភពដើម និងចំណុចចាប់ផ្ដើមរបស់វានៅក្នុងគោលការណ៍នៃនិស្ស័យរបស់ទ្រង់ ព្រមទាំងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ដែរ។ នេះជាការពិត។ ដូច្នេះ ទោះបីសេចក្តីដែលទ្រង់បានមានបន្ទូលទាំងនេះហាក់ដូចជារាក់កំផែលបន្ដិចនាពេលសព្វថ្ងៃក៏ដោយ ប៉ុន្តែ ឯងមិនអាចនិយាយបានថា វាមិនមែនជាសេចក្តីពិតនោះឡើយ ព្រោះថាវាជាសេចក្តីដ៏សំខាន់ ដើម្បីឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់គេ។ តើឯងអាចនិយាយថា សេចក្តីអធិប្បាយទាំងនេះមានសេចក្តីណាមួយដែលមិនស្របតាមសេចក្តីពិតដែរឬទេ? អត់ទេ ឯងមិនអាចនិយាយបែបនេះឡើយ! សេចក្តីទាំងអស់នេះសុទ្ធតែជាសេចក្តីពិត ដោយសារតែសេចក្តីទាំងនេះគឺជាលក្ខខណ្ឌតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ហើយវាជាគោលការណ៍ និងវិសាលភាពដែលព្រះជាម្ចាស់បានប្រទានមក ដើម្បីបង្ហាញពីរបៀបដែលមនុស្សគួរតែប្រព្រឹត្ត ហើយវាតំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ ដោយផ្អែកលើកម្រិតនៃការលូតលាស់របស់គេនៅក្នុងជីវិតនាគ្រានោះ ទាំងនេះជាសេចក្តីតែមួយគត់ដែលពួកគេអាចទទួលយក និងយល់បាន។ ដោយសារតែអំពើបាបរបស់មនុស្សជាតិមិនទាន់ត្រូវបានដោះស្រាយ ដូច្នេះ ទាំងនេះគឺជាព្រះបន្ទូលតែមួយគត់ដែលព្រះអម្ចាស់យេស៊ូវអាចថ្លែងបាន ហើយទ្រង់អាចប្រើសេចក្តីបង្រៀនដ៏សាមញ្ញដែលស្ថិតក្នុងវិសាលភាពបែបនេះប៉ុណ្ណោះ ដើម្បីប្រាប់មនុស្សនៅគ្រានោះអំពីរបៀបដែលពួកគេគួរតែប្រព្រឹត្ត អ្វីដែលពួកគេគួរតែធ្វើ ដោយស្ថិតនៅលើគោលការណ៍ និងវិសាលភាពអ្វីដែលពួកគេគួរតែធ្វើ និងរបៀបដែលពួកគេគួរតែជឿលើព្រះជាម្ចាស់ និងបំពេញតាមលក្ខខណ្ឌតម្រូវរបស់ទ្រង់។ អ្វីៗទាំងអស់នេះត្រូវបានកំណត់ទុក ដោយផ្អែកលើឋានៈរបស់មនុស្សជាតិនាគ្រានោះ។ វាមិនងាយស្រួលសម្រាប់មនុស្សដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យក្នុងការទទួលយកសេចក្តីបង្រៀនទាំងនេះឡើយ ដូច្នេះ អ្វីដែលព្រះអម្ចាស់យេស៊ូវបានបង្រៀន ត្រូវតែស្ថិតនៅក្នុងវិសាលភាពនេះ។

បន្ទាប់មកទៀត ចូរយើងពិនិត្យមើលទៅលើមាតិការផ្សេងៗអំពី “ប្រសា្នរបស់ព្រះអម្ចាស់យេស៊ូវ”។

ដំបូងគេ គឺជាប្រស្នាអំពីអ្នកព្រោះពូជ។ នេះជាប្រស្នាមួយដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថាការព្រោះគ្រាប់ពូជគឺជាព្រឹត្តិការណ៍ទូទៅមួយនៅក្នុងជីវិតរបស់មនុស្ស។ ទីពីរគឺជាប្រស្នាអំពីស្រងែ។ អ្នកណាដែលដាំស្រូវ ជាពិសេស មនុស្សធំនឹងដឹងថាអ្វីទៅជា “ស្រងែ” ហើយ។ ទីបីគឺជាប្រស្នាអំពីគ្រាប់ពូជល្អិត។ ឯងរាល់គ្នាដឹងអំពីគ្រាប់ពូជល្អិតហើយ មែនទេ? ប្រសិនបើឯងមិនទាន់ដឹងទេ ឯងអាចមើលនៅក្នុងព្រះគម្ពីរបាន។ ប្រស្នាទីបួន គឺជាប្រស្នាអំពីមេនំប៉័ង។ ឥឡូវ មនុស្សភាគច្រើនដឹងថា មេនំប៉័ងត្រូវបានគេប្រើសម្រាប់ការធ្វើឲ្យឡើងមេ ហើយនេះជាអ្វីមួយដែលមនុស្សប្រើនៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ប្រស្នាបន្តបន្ទាប់ រួមមាន ទីប្រាំមួយ គឺជាប្រស្នាអំពីកំណប់។ ទីប្រាំពីរជាប្រស្នាអំពីកែវ‌មុក្តាដ៏មានតម្លៃ។ ទីប្រាំបីជាប្រស្នាអំពីអួន។ ប្រស្នាទាំងអស់នេះសុទ្ធតែដកស្រង់ និងមានប្រភពចេញពីជីវិតពិតរបស់មនុស្ស។ តើប្រស្នាទាំងនេះគូរចេញជារូបភាពអ្វីខ្លះទៅ? វាជារូបភាពមួយអំពីព្រះជាម្ចាស់កំពុងតែក្លាយជាមនុស្សសាមញ្ញ ហើយរស់នៅរួមជាមួយមនុស្សលោក ដោយប្រើប្រាស់ភាសានៃជីវិត ភាសាមនុស្សលោក ដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្ស និងប្រទានដល់ពួកគេនូវអ្វីដែលពួកគេត្រូវការ។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយរស់នៅកណ្ដាលចំណោមមនុស្សលោកអស់រយៈពេលជាយូរឆ្នាំ ក្រោយទ្រង់បានដកពិសោធន៍ និងឃើញផ្ទាល់ភ្នែកអំពីរបៀបរស់នៅផ្សេងៗរបស់មនុស្ស បទពិសោធន៍ទាំងនេះបានក្លាយជាសម្ភារៈបង្រៀនរបស់ទ្រង់ ដែលទ្រង់បានផ្លាស់ប្ដូរភាសាជាព្រះរបស់ទ្រង់ ឲ្យក្លាយជាភាសាមនុស្សលោកវិញ។ ជាការពិត រឿងរ៉ាវដែលទ្រង់បានទតឃើញ និងស្ដាប់ឮនៅក្នុងជីវិតនេះ ក៏ជួយឲ្យបុត្រមនុស្សមាននូវបទពិសោធន៍ដ៏សម្បូរបែបជាមនុស្សផងដែរ។ នៅពេលដែលទ្រង់ចង់ឲ្យមនុស្សយល់អំពីសេចក្តីពិតខ្លះ ចង់ឲ្យយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្លះ នោះទ្រង់អាចប្រើប្រស្នាដែលស្រដៀងទៅនឹងប្រស្នាខាងលើ ដើម្បីប្រាប់មនុស្សអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអំពីលក្ខខណ្ឌតម្រូវរបស់ទ្រង់ចំពោះមនុស្សជាតិ។ ប្រស្នាទាំងនេះសុទ្ធតែទាក់ទងនឹងជីវិតរបស់មនុស្ស គឺគ្មានប្រស្នាណាមួយដែលមិនពាក់ព័ន្ធនឹងជីវិតរបស់មនុស្សឡើយ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានរស់នៅជាមួយមនុស្សលោក ទ្រង់បានទតឃើញកសិករកំពុងតែព្យួរស្រែ ហើយទ្រង់បានស្គាល់ស្រងែ ព្រមទាំងមេនំប៉័ង។ ទ្រង់បានយល់ថា មនុស្សលោកស្រឡាញ់កំណប់ ដូច្នេះ ទ្រង់បានប្រើប្រាស់សាច់រឿងប្រៀបធៀបអំពីកំណប់ និងកែវ‌មុក្តាដ៏មានតម្លៃ។ នៅក្នុងជីវិត ទ្រង់បានទតឃើញជាញឹកញាប់នូវអ្នកនេសាទដែលកំពុងតែអូសអួនរបស់គេ។ ព្រះអម្ចាស់យេស៊ូវបានឃើញទិដ្ឋភាពនេះ ព្រមទាំងសកម្មភាពផ្សេងទៀតដែលទាក់ទងនឹងជីវិតរបស់មនុស្ស ហើយទ្រង់ក៏បានដកពិសោធន៍នូវជីវិតប្រភេទនោះផងដែរ។ ដូចជាជីវិតមនុស្សសាមញ្ញផ្សេងទៀតដែរ ទ្រង់បានដកពិសោធន៍នូវទម្លាប់រស់នៅប្រចាំថ្ងៃជាមនុស្ស និងការទទួលទានអាហារបីពេលក្នុងមួយថ្ងៃផងដែរ។ ទ្រង់បានដកពិសោធន៍ដោយផ្ទាល់នូវជីវិតជាមនុស្សធម្មតា ហើយបានសង្កេតមើលជីវិតរបស់អ្នកដទៃ។ នៅពេលដែលទ្រង់បានសង្កេតមើល និងដកពិសោធន៍ដោយផ្ទាល់អំពីការទាំងអស់នេះ អ្វីដែលទ្រង់បានគិត មិនមែនជារបៀបមានជីវិតដ៏ល្អ ឬរបៀបដែលទ្រង់អាចរស់នៅដោយមានសេរីភាព និងដោយសុខស្រួលនោះឡើយ។ ផ្ទុយទៅវិញ ចេញពីបទពិសោធន៍នៃជីវិតមនុស្សពិតរបស់ទ្រង់នេះ ព្រះអម្ចាស់យេស៊ូវបានទតឃើញនូវទុក្ខលំបាកនៅក្នុងជីវិតរបស់មនុស្ស។ ទ្រង់បានទតឃើញទុក្ខលំបាក ទុក្ខវេទនា និងទុក្ខព្រួយរបស់មនុស្សដែលកំពុងតែរស់នៅក្រោមការត្រួតត្រារបស់សាតាំង និងការរស់នៅជីវិតនៃអំពើបាប ក្រោមសេចក្តីពុករលួយរបស់អារក្សសាតាំង។ ខណៈពេលដែលទ្រង់កំពុងតែដកពិសោធន៍ដោយផ្ទាល់នូវជីវិតជាមនុស្សនោះ ទ្រង់ក៏បានដកពិសោធន៍ពីមនុស្សតែងតោលដែលកំពុងតែរស់នៅក្នុងសេចក្តីពុករលួយផងដែរ ហើយទ្រង់បានទតឃើញ និងដកពិសោធន៍នូវស្ថានភាពដ៏កំសត់របស់មនុស្សដែលបានរស់នៅក្នុងអំពើបាប ដែលបានបាត់បង់ទិសដៅ ក្នុងពេលពួកគេរងទារុណកម្ម ដោយសារតែការស្ថិតក្រោមចំណុះអារក្សសាតាំង និងការអាក្រក់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានទតឃើញការទាំងនេះ តើទ្រង់បានទតឃើញពួកគេជាមួយភាពជាព្រះរបស់ទ្រង់ ឬក៏ដោយភាពជាមនុស្សរបស់ទ្រង់? ភាពជាមនុស្សរបស់ទ្រង់ពិតជាមានមែន ហើយក៏រស់រវើកផងដែរ ព្រោះថាទ្រង់អាចដកពិសោធន៍ និងមើលឃើញការទាំងអស់នេះ។ ប៉ុន្តែ ពិតមែនហើយ ទ្រង់ក៏បានទតឃើញការទាំងនេះនៅក្នុងសារជាតិរបស់ទ្រង់ ដែលជាភាពជាព្រះរបស់ទ្រង់ផងដែរ។ ព្រោះថា ព្រះគ្រីស្ទ ដែលជាព្រះអម្ចាស់យេស៊ូវ ដែលជាមនុស្សម្នាក់នោះ បានទតឃើញការនេះ ហើយអ្វីៗគ្រប់យ៉ាងដែលទ្រង់បានទតឃើញ បានធ្វើឲ្យទ្រង់មានអារម្មណ៍អំពីភាពសំខាន់ និងភាពចាំបាច់នៃកិច្ចការដែលទ្រង់ត្រូវធ្វើ ក្នុងអំឡុងពេលនេះ ដែលទ្រង់បានរស់នៅក្នុងសាច់ឈាម។ ទោះបីទ្រង់ផ្ទាល់បានឃើញថា ទំនួលខុសត្រូវដែលទ្រង់ត្រូវរ៉ាប់រងនៅក្នុងសាច់ឈាមនោះ ធំសម្បើម ហើយទោះបីទ្រង់បានជ្រាបដឹងពីការឈឺចាប់ដ៏ខ្លាំងដែលទ្រង់នឹងត្រូវទទួលក៏ដោយ ប៉ុន្តែ នៅពេលដែលទ្រង់បានទតឃើញមនុស្សជាតិដែលតែលតោលនៅក្នុងអំពើបាប នៅពេលដែលទ្រង់បានទតឃើញទុក្ខវេទនានៃជីវិតរបស់គេ និងការខំប្រឹងដ៏ទន់ខ្សោយរបស់គេនៅក្រោមក្រឹត្យវិន័យ ទ្រង់ក៏មានអារម្មណ៍កាន់តែទួញសោក ហើយកាន់តែអន្ទះសាចង់សង្រ្គោះមនុស្សជាតិពីអំពើបាបផងដែរ។ ទោះបីទ្រង់នឹងត្រូវជួបទុក្ខលំបាក ឬរងការឈឺចាប់ខ្លាំងបែបណា ក៏ទ្រង់កាន់តែមានការតាំងចិត្តក្នុងការប្រោសលោះមនុស្សជាតិ ដែលកំពុងតែរស់នៅក្នុងអំពើបាប។ ក្នុងអំឡុងពេលនៃដំណើរការនេះ ឯងអាចនិយាយបានថា ព្រះអម្ចាស់យេស៊ូវបានចាប់ផ្ដើមយល់កាន់តែច្បាស់អំពីកិច្ចការដែលទ្រង់ត្រូវធ្វើ និងកិច្ចការដែលទ្រង់បានទទួលការផ្ទុកផ្ដាក់ឲ្យធ្វើ។ ទ្រង់ក៏កាន់តែចង់បញ្ចប់កិច្ចការដែលទ្រង់ត្រូវរ៉ាប់រង គឺទទួលយកអំពើបាបទាំងអស់របស់មនុស្ស លោះបាបរបស់មនុស្សលោក ដើម្បីឲ្យពួកគេលែងរស់នៅក្នុងអំពើបាប ហើយក្នុងពេលដូចគ្នា ព្រះជាម្ចាស់នឹងអាចអត់ទោសដល់អំពើបាបរបស់មនុស្ស ដោយសារតែតង្វាយលោះបាប ដើម្បីឲ្យទ្រង់អាចបន្តកិច្ចការរបស់ទ្រង់នៃការសង្រ្គោះមនុស្សជាតិ។ គឺអាចនិយាយបានថា នៅក្នុងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ ទ្រង់ព្រមលះបង់អង្គទ្រង់សម្រាប់មនុស្សជាតិ ព្រមលះបង់អង្គទ្រង់ជាយញ្ញបូជា។ ទ្រង់ក៏ព្រមធ្វើជាតង្វាយលោះបាប ដោយជាប់នឹងឈើឆ្កាងផងដែរ ហើយទ្រង់ពិតជាចង់បញ្ចប់កិច្ចការនេះខ្លាំងណាស់។ នៅពេលដែលទ្រង់បានទតឃើញស្ថានភាពដ៏កំសត់នៃជីវិតរបស់មនុស្ស ទ្រង់កាន់តែចង់បញ្ចប់បេសកកម្មរបស់ទ្រង់ឲ្យបានកាន់តែឆាប់កាន់តែល្អ ដោយគ្មានចង់ពន្យារពេលមួយនាទី ឬសូម្បីតែមួយវិនាទីនោះឡើយ។ ដោយមានអារម្មណ៍បន្ទាន់បែបនេះ ទ្រង់មិនបានគិតអំពីការឈឺចាប់ដែលទ្រង់នឹងត្រូវរងទុក្ខ ឬគិតអំពីការថប់អារម្មណ៍នៃភាពអាម៉ាស់ដ៏ខ្លាំងដែលទ្រង់នឹងត្រូវទទួលនោះឡើយ។ ទ្រង់មានការជឿជាក់តែមួយគត់នៅក្នុងព្រះហឫទ័យរបស់ទ្រង់៖ ដរាបណាទ្រង់បានលះបង់អង្គទ្រង់ ដរាបណាទ្រង់ត្រូវបានជាប់នៅលើឈើឆ្កាងជាតង្វាយលោះបាប នោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងត្រូវបានអនុវត្ត ហើយព្រះជាម្ចាស់នឹងអាចចាប់ផ្ដើមកិច្ចការថ្មីមិនខាន។ ជីវិតរបស់មនុស្សជាតិ និងសភាពនៃអត្ថិភាពរបស់គេនៅក្នុងអំពើបាប នឹងត្រូវបានបំផ្លាស់បំប្រែទាំងស្រុង។ ការជឿជាក់របស់ទ្រង់ និងអ្វីដែលទ្រង់បានតាំងចិត្តធ្វើ គឺទាក់ទងនឹងការសង្រ្គោះមនុស្ស ហើយទ្រង់មានកម្មវត្ថុតែមួយគត់ គឺជាការធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យព្រះជាម្ចាស់អាចចាប់ផ្ដើមដំណាក់កាលថ្មីនៃកិច្ចការរបស់ទ្រង់ប្រកបដោយភាពជោគជ័យ។ នេះគឺជាអ្វីដែលស្ថិតនៅក្នុងព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវនាគ្រានោះ។

ដោយរស់នៅក្នុងសាច់ឈាម ព្រះដែលយកកំណើតជាមនុស្សមាននូវភាពជាមនុស្សសាមញ្ញ ហើយទ្រង់ក៏មានអារម្មណ៍ និងវិចារណញ្ញាណជាមនុស្សធម្មតាផងដែរ។ ទ្រង់បានទតឃើញនូវអ្វីដែលជាសេចក្តីសុខ អ្វីជាការឈឺចាប់ ហើយនៅពេលដែលទ្រង់បានទតឃើញមនុស្សជាតិកំពុងតែរស់នៅជីវិតបែបនេះ ទ្រង់បានមានអារម្មណ៍យ៉ាងជ្រាលជ្រៅថា ការគ្រាន់តែប្រទានឲ្យពួកគេនូវសេចក្តីបង្រៀនខ្លះ ប្រទានឲ្យពួកគេនូវអ្វីមួយ ឬបង្រៀនពួកគេអំពីអ្វីមួយ នឹងមិនទាន់គ្រប់គ្រាន់ ដើម្បីនាំពួកគេចេញពីអំពើបាបឡើយ។ គ្មានអ្វីមួយអាចជួយឲ្យពួកគេស្ដាប់បង្គាប់តាមបទបញ្ញត្តិ ដើម្បីប្រោសលោះពួកគេពីអំពើបាបឡើយ គឺមានតែពេលដែលទ្រង់ទទួលយកអំពើបាបរបស់មនុស្ស ហើយបានត្រលប់មានលក្ខណៈជាសាច់ឈាមដែលមានបាបប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោះដូរ ដើម្បីជួយឲ្យមនុស្សជាតិទទួលបានសេរីភាព និងការអត់ទោសរបស់ព្រះជាម្ចាស់។ ដូច្នេះ ក្រោយពេលព្រះអម្ចាស់យេស៊ូវបានដកពិសោធន៍ និងបានឃើញផ្ទាល់ភ្នែកនូវជីវិតរបស់មនុស្សដែលរស់នៅក្នុងអំពើបាប ទ្រង់ស្រាប់តែមានសេចក្តីប៉ងប្រាថ្នាដ៏ខ្លាំងនៅក្នុងព្រះហឫទ័យរបស់ទ្រង់ គឺចង់ជួយមនុស្សលោកឲ្យមានសេរីភាពពីជីវិតដែលរងទុក្ខលំបាកនៅក្នុងអំពើបាប។ សេចក្តីប៉ងប្រាថ្នានេះបានធ្វើឲ្យទ្រង់កាន់តែមានអារម្មណ៍ខ្លាំងឡើងថា ទ្រង់ត្រូវតែយាងទៅឈើឆ្កាង និងទទួលយកអំពើបាបរបស់មនុស្សឲ្យបានកាន់តែឆាប់កាន់តែល្អ។ នេះគឺជាព្រះតម្រិះរបស់ព្រះអម្ចាស់យេស៊ូវនាគ្រានោះ ក្រោយពេលទ្រង់បានរស់នៅជាមួយមនុស្ស ហើយបានទតឃើញ បានឮ និងមានអារម្មណ៍ដឹងអំពីការលំបាកវេទនាដែលពួកគេរស់នៅក្នុងអំពើបាប។ ការដែលព្រះយកកំណើតជាមនុស្សអាចមានព្រះហឫទ័យបែបនេះសម្រាប់មនុស្សជាតិ ការដែលទ្រង់អាចបង្ហាញ និងបើកសម្ដែងនូវនិស្ស័យបែបនេះ តើនេះជាអ្វីមួយដែលមនុស្សសាមញ្ញម្នាក់អាចមានឬទេ? ដោយរស់នៅក្នុងបរិយាកាសបែបនេះ តើមនុស្សធម្មតានឹងមើលឃើញអ្វីខ្លះ? តើពួកគេនឹងគិតអំពីអ្វីខ្លះទៅ? ប្រសិនបើមនុស្សធម្មតាម្នាក់ជួបការទាំងអស់នេះ តើពួកគេនឹងមើលទៅកាន់បញ្ហាចេញពីទិដ្ឋភាពនៃស្ថានលើឬ? គឺមិនបែបនេះឡើយ! ទោះបីរូបរាងខាងក្រៅរបស់ព្រះដែលយកកំណើតជាមនុស្សដូចបេះដាក់នឹងមនុស្សលោកក៏ដោយ ហើយទោះបីទ្រង់មានចំណេះដឹងបែបមនុស្សលោក និងចេះនិយាយភាសាបែបមនុស្សលោក ហើយពេលខ្លះ ទោះបីទ្រង់បង្ហាញព្រះតម្រិះរបស់ទ្រង់ តាមរយៈវិធីសាស្ត្រ ឬរបៀបនៃការនិយាយបែបមនុស្សលោកក៏ដោយ ក៏របៀបដែលទ្រង់ទតឃើញមនុស្សលោក និងទតឃើញសារជាតិនៃរឿងទាំងនោះ មិនដូចគ្នាទៅនឹងរបៀបដែលមនុស្សដ៏ពុករលួយមើលឃើញមនុស្សលោក និងសារជាតិនៃរឿងរ៉ាវនោះដែរ។ ទស្សនៈរបស់ទ្រង់ និងភាពខ្ពង់ខ្ពស់ដែលទ្រង់ប្រកាន់យក គឺជាអ្វីមួយដែលមនុស្សដ៏ពុករលួយមិនអាចយល់បានឡើយ។ នោះគឺដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ដោយសារតែសាច់ឈាមដែលទ្រង់ពាក់នោះ ក៏មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះតម្រិះរបស់ទ្រង់ និងការដែលភាពជាមនុស្សរបស់ទ្រង់បានសម្ដែងចេញនោះ ក៏ជាសេចក្តីពិតផងដែរ។ សម្រាប់មនុស្សដ៏ពុករលួយ អ្វីដែលទ្រង់សម្ដែងចេញនៅក្នុងសាច់ឈាម គឺជាការប្រទាននូវសេចក្ដីពិត និងជីវិត។ ការប្រទានមកនេះ មិនមែនគ្រាន់តែសម្រាប់មនុស្សម្នាក់ឡើយ ប៉ុន្តែ សម្រាប់មនុស្សលោកទាំងអស់វិញ។ នៅក្នុងដួងចិត្តរបស់មនុស្សដ៏ពុករលួយ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលមានទំនាក់ទំនងជាមួយពួកគេ។ ពួកគេខ្វល់ខ្វាយ និងយកចិត្តទុកដាក់សម្រាប់តែមនុស្សមួយក្ដាប់តូចនេះប៉ុណ្ណោះ។ នៅពេលដែលគ្រោះមហន្តរាយលេចឡើង ជាដំបូង ពួកគេគិតដល់កូនចៅ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់គេ។ លើសពីនេះទៅទៀត មនុស្សដែលកាន់តែមានចិត្តអាណិតអាសូរនឹងយកគំនិតមកគិតអំពីសាច់ញាតិបងប្អូន ឬមិត្តល្អមួយចំនួន ប៉ុន្តែ តើគំនិតរបស់បុគ្គលដែលមានចិត្តអាណិតអាសូរនេះ អាចបង្ហាញចេញលើសពីនេះដែរឬទេ? អត់ទេ គឺមិនឡើយ! ដោយសារតែមនុស្សគឺជាមនុស្ស ហើយពួកគេអាចមើលទៅកាន់អ្វីៗគ្រប់យ៉ាងចេញពីភាពខ្ពង់ខ្ពស់ និងទស្សនៈរបស់មនុស្សលោកតែប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះដែលយកកំណើតជាមនុស្ស មានលក្ខណៈខុសស្រឡះពីមនុស្សលោកដ៏ពុករលួយ។ ទោះបីសាច់ឈាមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានភាពសាមញ្ញ ធម្មតា ព្រមទាំងទន់ទាបកម្រិតណា ឬទោះបីមនុស្សចំអកមើលងាយទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះតម្រិះ និងចិត្តគំនិតរបស់ទ្រង់ចំពោះមនុស្សជាតិ គឺជាអ្វីដែលគ្មានមនុស្សណាម្នាក់អាចមាន ឬយកតម្រាប់តាមបានឡើយ។ ទ្រង់នឹងតែងតែសង្កេតមើលមនុស្សលោកចេញពីទស្សនៈនៃភាពជាព្រះ ចេញពីភាពខ្ពង់ខ្ពស់នៃមុខតំណែងរបស់ទ្រង់ ក្នុងនាមជាព្រះអាទិករ។ ទ្រង់នឹងតែងតែមើលឃើញមនុស្សជាតិ តាមរយៈសារជាតិ និងផ្នត់គំនិតរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចមើលឃើញមនុស្សជាតិចេញពីទស្សនៈទន់ទាបរបស់មនុស្សសាមញ្ញ ឬចេញពីទស្សនៈរបស់មនុស្សដ៏ពុករលួយនោះឡើយ។ នៅពេលដែលមនុស្សមើលទៅកាន់មនុស្សជាតិ ពួកគេមើលចេញពីភ្នែករបស់មនុស្ស ហើយពួកគេប្រើប្រាស់ចំណេះដឹង ក្បួនច្បាប់ និងទ្រឹស្ដីជាមនុស្សមកធ្វើជាខ្នាតវាស់វែង។ ការនេះស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលមនុស្សអាចមើលឃើញជាមួយភ្នែករបស់គេ និងវិសាលភាពដែលមនុស្សដ៏ពុករលួយអាចសម្រេចបាន។ នៅពេលដែលព្រះជាម្ចាស់ទតមើលទៅកាន់មនុស្សជាតិ ទ្រង់ទតមើលជាមួយព្រះនេត្រជាព្រះ ហើយទ្រង់ប្រើប្រាស់សារជាតិរបស់ទ្រង់ ព្រមទាំងអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ ធ្វើជាខ្នាតវាស់វែង។ វិសាលភាពនេះ រួមបញ្ចូលចំណុចដែលមនុស្សមិនអាចមើលឃើញ ហើយនេះជាទីកន្លែងដែលព្រះយកកំណើតជាមនុស្ស និងមនុស្សដ៏ពុករលួយមានលក្ខណៈខុសគ្នាស្រឡះ។ ភាពខុសគ្នានេះត្រូវបានកំណត់ ដោយសារជាតិខុសគ្នារបស់មនុស្ស និងរបស់ព្រះជាម្ចាស់ ព្រោះថាគឺជាសារជាតិខុសគ្នាទាំងនេះហើយដែលកំណត់នូវអត្តសញ្ញាណ និងមុខតំណែងរបស់ពួកគេ ក៏ដូចជាទស្សនៈ និងទិដ្ឋភាពចេញពីអ្វីដែលពួកគេមើលឃើញ។ តើឯងរាល់គ្នាមើលឃើញការបង្ហាញ និងការបើកសម្ដែងរបស់ព្រះជាម្ចាស់នៅក្នុងព្រះអម្ចាស់យេស៊ូវដែរឬទេ? ឯងអាចនិយាយបានថា អ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងមានបន្ទូល គឺទាក់ទងនឹងព័ន្ធកិច្ចរបស់ទ្រង់ ព្រមទាំងទាក់ទងនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយនោះគឺជាការបង្ហាញ និងការបើកសម្ដែងអំពីសារជាតិរបស់ព្រះជាម្ចាស់។ ទោះបីទ្រង់មានការបើកសម្ដែងជាមនុស្សក៏ដោយ ក៏សារជាតិជាព្រះរបស់ទ្រង់ និងការបើកសម្ដែងនៃភាពជាព្រះរបស់ទ្រង់មិនអាចត្រូវបដិសេធនោះដែរ។ តើការបើកបង្ហាញបែបមនុស្សនេះ ពិតជាការបើកបង្ហាញអំពីភាពជាមនុស្សដែរឬទេ? ដោយសារជាតិរបស់វា ការបើកបង្ហាញបែបមនុស្សរបស់ទ្រង់ មានលក្ខណៈខុសគ្នាស្រឡះពីការបើកបង្ហាញបែបមនុស្សរបស់មនុស្សលោកដ៏ពុករលួយ។ ព្រះអម្ចាស់យេស៊ូវគឺជាព្រះដែលយកកំណើតជាមនុស្ស។ ប្រសិនបើទ្រង់បានត្រលប់ជាមនុស្សដ៏ពុករលួយធម្មតាម្នាក់មែន តើទ្រង់អាចទតឃើញជីវិតរបស់មនុស្សនៅក្នុងអំពើបាបចេញពីទស្សនៈជាព្រះដែរឬទេ? ពិតជាមិនអាចឡើយ! នេះគឺជាភាពខុសគ្នារវាងបុត្រមនុស្ស និងមនុស្សធម្មតា។ មនុស្សដ៏ពុករលួយសុទ្ធតែរស់នៅក្នុងអំពើបាប ហើយនៅពេលដែលអ្នកផ្សេងទៀតមើលឃើញអំពើបាប ពួកគេមិនមានអារម្មណ៍ជាក់លាក់ណាមួយអំពីវាឡើយ។ ពួកគេទាំងអស់គ្នាគឺដូចគ្នា ដូចជាសត្វជ្រូកដែលកំពុងតែរស់នៅក្នុងភក់ជ្រាំ ដែលគ្មានអារម្មណ៍ដឹងទាល់តែសោះអំពីភាពមិនសុខស្រួល ឬភក់ជ្រាំ។ ផ្ទុយទៅវិញ វាគិតតែពីរឿងស៊ីចុក និងគេងលក់យ៉ាងស្រួលប៉ុណ្ណោះ។ ប្រសិនបើមនុស្សម្នាក់លាងសម្អាតទ្រុងជ្រូក សត្វជ្រូកនឹងមានអារម្មណ៍មិនស្រួលឡើយ ហើយវានឹងមិនបន្តរក្សាខ្លួនឲ្យស្អាតឡើយ។ មិនយូរមិនឆាប់ វានឹងទៅរមៀលខ្លួនយ៉ាងសុខស្រួលនៅក្នុងភក់ជ្រាំម្ដងទៀត ដោយសារតែវាជាសត្វដ៏ស្មោកគ្រោក។ មនុស្សលោកមើលឃើញសត្វជ្រូកជាសត្វស្មោកគ្រោក ប៉ុន្តែ ប្រសិនបើឯងលាងសម្អាតទ្រុងជ្រូក នោះវាគ្មានបានប្រសើរអ្វីឡើយ នេះជាហេតុផលដែលគ្មាននរណាម្នាក់ទុកសត្វជ្រូកនៅក្នុងផ្ទះរបស់គេឡើយ។ របៀបដែលមនុស្សលោកមើលឃើញសត្វជ្រូក នឹងតែងតែខុសគ្នាពីរបៀបដែលសត្វជ្រូកមានអារម្មណ៍ដោយខ្លួនវា ដោយសារតែមនុស្សលោក និងសត្វជ្រូកមិនស្ថិតនៅក្នុងប្រភេទដូចគ្នាឡើយ។ ហើយដោយសារតែបុត្រមនុស្សដែលយកកំណើតជាមនុស្សមិនចេញមកពីមនុស្សដ៏ពុករលួយ ដូច្នេះ មានតែព្រះដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចឈរចេញពីទស្សនៈជាព្រះ ចេញពីភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ ចេញពីទីដែលទ្រង់ទតឃើញមនុស្សលោក និងអ្វីៗគ្រប់យ៉ាង។

តើព្រះជាម្ចាស់ត្រូវរងទុក្ខលំបាកអ្វីខ្លះទៅ នៅពេលដែលទ្រង់ត្រលប់ជាសាច់ឈាម និងរស់នៅក្នុងចំណោមមនុស្សលោក? តើទុក្ខវេទនានេះជាអ្វីទៅ? តើមាននរណាម្នាក់យល់ដែរឬទេ? មនុស្សខ្លះនិយាយថា ព្រះជាម្ចាស់រងទុក្ខលំបាកយ៉ាងខ្លាំង គេថាទោះបីទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ ទោះបីមនុស្សមិនយល់អំពីសារជាតិរបស់ទ្រង់ក៏ដោយ ក៏មនុស្សតែងតែចាត់ទុកទ្រង់ ដូចជាមនុស្ស ដែលនាំឲ្យទ្រង់មានអារម្មណ៍ឈឺចាប់ និងមានកំហុស។ ដោយសារតែហេតុផលទាំងនេះ ពួកគេនិយាយថា ការរងទុក្ខលំបាករបស់ព្រះជាម្ចាស់ពិតជាធំធេងណាស់។ មនុស្សផ្សេងទៀតនិយាយថា ព្រះជាម្ចាស់គ្មានកំហុស និងគ្មានបាបឡើយ ប៉ុន្តែ ទ្រង់បែរជារងទុក្ខដូចមនុស្សលោក ដោយជួបការបៀតបៀន ការមូលបង្កាច់ និងការឈឺចិត្តរួមជាមួយមនុស្សលោកទៅវិញ។ ពួកគេនិយាយថា ទ្រង់ក៏រងការយល់ច្រឡំ និងការមិនស្ដាប់បង្គាប់ពីអ្នកដើរតាមរបស់ទ្រង់ផងដែរ។ ដូច្នេះ ពួកគេនិយាយថា ទុក្ខវេទនារបស់ព្រះជាម្ចាស់ពិតជាមិនអាចវាស់វែងបានឡើយ។ ឥឡូវ វាហាក់ដូចជាឯងរាល់គ្នាមិនទាន់យល់អំពីព្រះជាម្ចាស់ឡើយ។ ជាការពិត ទុក្ខវេទនាដែលឯងរាល់គ្នានិយាយនេះ មិនទាន់ចាត់ទុកជាទុក្ខវេទនាដ៏ពិតសម្រាប់ព្រះជាម្ចាស់ឡើយ ដោយសារតែវាមាននូវទុក្ខវេទនាដែលធំជាងនេះទៅទៀត។ ដូច្នេះ តើអ្វីទៅជាទុក្ខវេទនាដ៏ពិតសម្រាប់ព្រះជាម្ចាស់ទៅ? តើអ្វីទៅជាទុក្ខវេទនាដ៏ពិតសម្រាប់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់? សម្រាប់ព្រះជាម្ចាស់ ការដែលមនុស្សលោកមិនយល់អំពីទ្រង់ មិនត្រូវរាប់ជាទុក្ខវេទនាឡើយ ហើយការដែលមនុស្សមានការយល់ច្រឡំអំពីព្រះជាម្ចាស់ និងមិនឃើញទ្រង់ជាព្រះជាម្ចាស់ ក៏មិនរាប់ជាទុក្ខវេទនានោះដែរ។ យ៉ាងណាមិញ ជារឿយៗ មនុស្សមានអារម្មណ៍ថា ព្រះជាម្ចាស់ត្រូវតែរងភាពអយុត្តិធម៌ដ៏ធំ មានអារម្មណ៍ថា ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ចំណាយពេលនៅក្នុងសាច់ឈាម ទ្រង់មិនអាចបង្ហាញអង្គជាមនុស្សរបស់ទ្រង់ទៅកាន់មនុស្សលោក និងអនុញ្ញាតឲ្យមនុស្សមើលឃើញពីភាពធំធេងរបស់ទ្រង់ និងមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែបន្ទាបខ្លួនលាក់ព្រះកាយនៅក្នុងសាច់ឈាមដ៏តូចទាប និងមានអារម្មណ៍ថា ការនេះត្រូវតែជាទារុណកម្មដ៏ធំមួយសម្រាប់ទ្រង់។ មនុស្សយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលពួកគេអាចយល់ និងអ្វីដែលពួកគេអាចមើលឃើញអំពីទុក្ខវេទនារបស់ព្រះជាម្ចាស់ ហើយចាប់ផ្ដើមបង្ហាញការយល់ចិត្តគ្រប់យ៉ាងអំពីទ្រង់ ហើយជារឿយៗ គេថែមទាំងសម្ដែងការសរសើរតម្កើងតិចតួចសម្រាប់ទុក្ខវេទនារបស់ទ្រង់ទៀតផង។ នៅក្នុងតថភាពជាក់ស្ដែង វាមានភាពខុសគ្នា។ វាមានគម្លាតមួយនៅចន្លោះអ្វីដែលមនុស្សយល់អំពីទុក្ខវេទនារបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់មានអារម្មណ៍យ៉ាងពិតប្រាកដ។ អញកំពុងតែប្រាប់ឯងរាល់គ្នាអំពីសេចក្តីពិតថា សម្រាប់ព្រះជាម្ចាស់ មិនថាជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឬជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ ទុក្ខវេទនាដែលពណ៌នាខាងលើនេះ មិនមែនជាទុក្ខវេទនាដ៏ពិតប្រាកដឡើយ។ តើជាអ្វីទៅជាទុក្ខវេទនាដ៏ពិតរបស់ព្រះជាម្ចាស់? យើងនឹងនិយាយអំពីទុក្ខវេទនារបស់ព្រះជាម្ចាស់ ដោយចេញពីទិដ្ឋភាពរបស់ព្រះដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ។

នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ត្រលប់ជាមនុស្សសាមញ្ញធម្មតាម្នាក់ ដែលរស់នៅជាមួយមនុស្សលោក តើទ្រង់មិនអាចទតឃើញ និងមានអារម្មណ៍ដឹងអំពីវិធីសាស្ត្រ ក្បួនច្បាប់ និងទស្សនវិជ្ជាសម្រាប់ការរស់នៅរបស់មនុស្សទេឬ? តើវិធីសាស្ត្រ និងក្បួនច្បាប់សម្រាប់ការរស់នៅទាំងនេះ ធ្វើឲ្យទ្រង់មានអារម្មណ៍ដូចម្ដេចដែរ? តើទ្រង់មានអារម្មណ៍ស្អប់ខ្ពើមនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឬទេ? ហេតុអ្វីបានជាទ្រង់មានអារម្មណ៍ស្អប់ខ្ពើម? តើវិធីសាស្ត្រ និងក្បួនច្បាប់សម្រាប់ការរស់នៅរបស់មនុស្សមានអ្វីខ្លះទៅ? តើវាចាក់ឫសនៅក្នុងគោលការណ៍អ្វីខ្លះ? តើវាមានមូលដ្ឋានលើអ្វីទៅ? វិធីសាស្ត្រ ក្បួនច្បាប់របស់មនុស្សលោក និងអ្វីៗផ្សេងទៀតដែលមានទំនាក់ទំនងនឹងរបៀបរស់នៅ សុទ្ធតែត្រូវបានបង្កើតឡើងលើមូលដ្ឋានតក្កៈ ចំណេះដឹង និងទស្សនវិជ្ជារបស់អារក្សសាតាំងទាំងអស់។ មនុស្សលោកដែលកំពុងតែរស់នៅក្រោមក្បួនច្បាប់ទាំងនេះ គ្មានភាពជាមនុស្សឡើយ ហើយក៏គ្មានសេចក្តីពិតដែរ ដ្បិតក្បួនច្បាប់ទាំងអស់នេះ សុទ្ធតែបង្ខូចដល់សេចក្តីពិត និងប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើយើងពិនិត្យមើលសារជាតិរបស់ព្រះជាម្ចាស់ នោះយើងនឹងមើលឃើញថា សារជាតិរបស់ទ្រង់ពិតជាផ្ទុយស្រឡះពីតក្កៈ ចំណេះដឹង និងទស្សនវិជ្ជារបស់អារក្សសាតាំង។ សារជាតិរបស់ទ្រង់គឺពេញដោយសេចក្តីសុចរិត សេចក្តីពិត និងភាពបរិសុទ្ធ ព្រមទាំងសេចក្តីវិជ្ជមានទាំងអស់ផ្សេងទៀត។ តើព្រះជាម្ចាស់ដែលមានសារជាតិនេះ និងរស់នៅក្នុងចំណោមមនុស្សលោកបែបនេះ មានអារម្មណ៍ដូចម្ដេចទៅ? តើទ្រង់មានអារម្មណ៍អ្វីខ្លះនៅក្នុងព្រះហឫទ័យរបស់ទ្រង់? តើវាមិនពេញដោយការឈឺចាប់ទេឬអី? ព្រះហឫទ័យរបស់ទ្រង់រងការឈឺចាប់ ជាការឈឺចាប់មួយដែលគ្មាននរណាម្នាក់អាចយល់ ឬជួបប្រទះឡើយ។ នោះគឺដោយសារតែអ្វីៗគ្រប់យ៉ាងដែលទ្រង់ជួប ប្រទះ ស្ដាប់ឮ ទតឃើញ និងដកពិសោធន៍ សុទ្ធតែជាសេចក្តីពុករលួយ ការអាក្រក់ ការបះបោរ និងការជំទាស់របស់មនុស្សដែលមានចំពោះសេចក្តីពិត។ អ្វីៗគ្រប់យ៉ាងដែលចេញមកពីមនុស្សលោក គឺជាប្រភពនៃទុក្ខវេទនារបស់ទ្រង់។ គឺអាចនិយាយបានថា ដោយសារតែសារជាតិរបស់ទ្រង់មិនដូចជាសារជាតិរបស់មនុស្សលោកដ៏ពុករលួយ ដូច្នេះ សេចក្តីពុករលួយរបស់មនុស្សលោកក្លាយជាប្រភពនៃទុក្ខវេទនាដ៏ធំបំផុតរបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម តើទ្រង់អាចរកឃើញនរណាម្នាក់ដែលមានភាសាដូចគ្នាជាមួយទ្រង់ឬទេ? មនុស្សបែបនេះមិនអាចរកឃើញនៅក្នុងចំណោមមនុស្សលោកឡើយ។ គ្មាននរណាម្នាក់ដែលទ្រង់អាចប្រាស្រ័យទាក់ទងជាមួយ ឬអាចមានកិច្ចសន្ទនាបែបនេះជាមួយព្រះជាម្ចាស់នោះឡើយ។ តើឯងនឹងនិយាយថា ព្រះជាម្ចាស់មានអារម្មណ៍បែបណាទៅ? អ្វីដែលមនុស្សពិភាក្សា ស្រឡាញ់ ដេញតាម និងទន្ទឹងចង់បាន សុទ្ធតែពាក់ព័ន្ធជាមួយអំពើបាប និងទំនោរខាងការអាក្រក់ទាំងអស់។ នៅពេលដែលព្រះជាម្ចាស់ជួបរឿងទាំងនេះ តើវាមិនដូចជាយកកាំបិតមកចាក់ព្រះហឫទ័យរបស់ទ្រង់ទេឬ? ដោយជួបជាមួយរឿងទាំងនេះ តើទ្រង់អាចមានអំណរនៅក្នុងព្រះហឫទ័យរបស់ទ្រង់ដែរឬ? តើទ្រង់អាចមានការកម្សាន្តចិត្តដែរឬទេ? អស់អ្នកដែលកំពុងតែរស់នៅជាមួយទ្រង់ គឺជាមនុស្សដែលពេញដោយការបះបោរ និងការអាក្រក់ តើព្រះហឫទ័យរបស់ទ្រង់អាចមិនរងទុក្ខយ៉ាងម៉េចកើតទៅ? តើទុក្ខវេទនានេះធំធេងប៉ុនណា ហើយតើមាននរណាខ្លះខ្វល់ខ្វាយអំពីទុក្ខរបស់ទ្រង់ទៅ? តើនរណាយកចិត្តទុកដាក់ទៅ? តើនរណាមានសមត្ថភាពអាចយល់បានទៅ? មនុស្សគ្មានផ្លូវនឹងយល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ទុក្ខវេទនារបស់ទ្រង់ជាអ្វីមួយដែលមនុស្សមិនអាចយល់បានឡើយ ហើយភាពត្រជាក់ និងភាពស្ពឹកស្រពន់របស់មនុស្សលោកធ្វើឲ្យទុក្ខវេទនារបស់ព្រះជាម្ចាស់មានកាន់តែខ្លាំងឡើង។

មនុស្សខ្លះយល់ពីស្ថានភាពរបស់ព្រះគ្រីស្ទ ជារឿយៗ ដោយសារតែមានខគម្ពីរមួយដែលចែងថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វបក្សាបក្សីក៏មានសម្បុករបស់ដែរ ប៉ុន្តែបុត្រមនុស្សគ្មានកន្លែងណានឹងធ្វើជាកំណល់ព្រះសិរសាទ្រង់ឡើយ»។ នៅពេលដែលមនុស្សឮអំពីខគម្ពីរនេះ ពួកគេយកដាក់ក្នុងចិត្ត ហើយជឿថា នេះគឺជាទុក្ខវេទនាដ៏ធំបំផុតដែលព្រះជាម្ចាស់មាន និងជាទុក្ខវេទនាដ៏ធំបំផុតដែលព្រះគ្រីស្ទមាន។ ឥឡូវនេះ បើមើលទៅកាន់បញ្ហានេះចេញពីទិដ្ឋភាពនៃការពិតវិញ តើវាជាទុក្ខវេទនាឬទេ? គឺអត់ទេ។ ព្រះជាម្ចាស់មិនជឿថា ទុក្ខលំបាកទាំងនេះជាទុក្ខវេទនាឡើយ។ ទ្រង់មិនដែលស្រែកឡើងអំពីភាពអយុត្តិធម៌ ដោយសារតែទុក្ខលំបាកខាងសាច់ឈាមរបស់ទ្រង់ ហើយក៏មិនដែលឲ្យមនុស្សលោកតបស្នង ឬផ្ដល់រង្វាន់ដល់ទ្រង់ជាមួយអ្វីមួយនោះដែរ។ យ៉ាងណាមិញ នៅពេលដែលទ្រង់ទតឃើញអ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ និងអំពីជីវិតដ៏ពុករលួយ និងការអាក្រក់របស់មនុស្សដ៏ពុករលួយ នៅពេលដែលទ្រង់ទតឃើញថា មនុស្សជាតិស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សាតាំង និងត្រូវបានជាប់ឃុំឃាំងដោយអារក្សសាតាំង ហើយគេមិនអាចរត់គេចបាន គឺថាមនុស្សដែលកំពុងរស់នៅក្នុងអំពើបាប មិនដឹងអ្វីទៅជាសេចក្តីពិតឡើយ ហើយទ្រង់មិនអាចអត់ឱនចំពោះអំពើបាបទាំងអស់នេះបានទេ។ ការស្អប់ខ្ពើមរបស់ទ្រង់ចំពោះមនុស្សលោកចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែទ្រង់មានតែអត់ទ្រាំប៉ុណ្ណោះ។ នេះជាទុក្ខវេទនាដ៏ធំរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនអាចបញ្ចេញព្រះសូរសៀងនៃព្រះហឫទ័យទាំងអស់របស់ទ្រង់ ឬបញ្ចេញអារម្មណ៍របស់ទ្រង់នៅក្នុងចំណោមអ្នកដើរតាមរបស់ទ្រង់ ហើយក៏គ្មាននរណាម្នាក់នៅក្នុងចំណោមអ្នកដើរតាមទ្រង់អាចយល់អំពីទុក្ខវេទនារបស់ទ្រង់នោះដែរ។ គ្មាននរណាម្នាក់ព្យាយាមយល់ ឬកម្សាន្តព្រះហឫទ័យរបស់ទ្រង់ឡើយ គឺទ្រង់ត្រូវតែអត់ទ្រាំទទួលយកទុក្ខវេទនានេះពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ និងពីមួយពេលទៅមួយពេលប៉ុណ្ណោះ។ តើឯងរាល់គ្នាយល់ឃើញអ្វីខ្លះនៅក្នុងចំណុចនេះ? ព្រះជាម្ចាស់មិនបានទាមទារឲ្យមនុស្សតបស្នងសងគុណទ្រង់ចំពោះអ្វីដែលទ្រង់បានប្រទានដល់គេនោះឡើយ ប៉ុន្តែដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ ទ្រង់មិនអាចអត់ឱនចំពោះការអាក្រក់ សេចក្តីពុករលួយ និងអំពើបាបរបស់មនុស្សតទៅទៀតបានឡើយ ផ្ទុយទៅវិញ ទ្រង់មានអារម្មណ៍ខ្ពើមរអើម និងស្អប់យ៉ាងខ្លាំង ដែលនាំឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងសាច់ឈាមរបស់ទ្រង់ត្រូវអត់ទ្រាំនឹងទុក្ខវេទនាមិនចេះចប់។ តើឯងរាល់គ្នាធ្លាប់មើលឃើញការនេះឬទេ? ភាគច្រើន គ្មានឯងរាល់គ្នាណាម្នាក់អាចមើលឃើញការនេះឡើយ ដោយសារតែគ្មានឯងរាល់គ្នាណាម្នាក់អាចយល់ពីព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ ក្នុងពេលខាងមុខទៀត ឯងគួរតែដកពិសោធន៍អំពីការនេះដោយខ្លួនឯងបន្ដិចម្ដងៗ។

បន្ទាប់មក ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖

៩. ព្រះយេស៊ូវធ្វើការអស្ចារ្យ

១. ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់

យ៉ូហាន ៦:៨-១៣ នៅក្នុងចំណោមសិស្សរបស់ទ្រង់ មានសិស្សម្នាក់ ឈ្មោះអនទ្រេ ជាប្អូនស៊ីម៉ូន-ពេត្រុស ទូលប្រាប់ទ្រង់ថា៖ «នៅទីនេះ មានក្មេងប្រុសម្នាក់មាននំបុ័ងម្សៅប្រាំដុំ និងត្រីតូចៗពីរកន្ទុយ ប៉ុន្តែ តើវានឹងឲ្យគ្រាន់ដល់មនុស្សដ៏ច្រើននេះដូចម្ដេចទៅ?» ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលថា៖ «ចូរឲ្យមនុស្សទាំងអស់អង្គុយចុះទៅ»។ នៅទីនោះ មានស្មៅជាច្រើន ដូច្នេះ គេនាំគ្នាអង្គុយចុះ ហើយមានចំនួនប្រហែលជាប្រាំពាន់នាក់។ ព្រះ‌យេស៊ូវយកនំបុ័ងមកអរព្រះ‌គុណ រួចប្រទានទៅឲ្យពួកសិស្ស គេក៏ចែកដល់ពួកអ្នកដែលអង្គុយ។ ហើយទ្រង់ក៏ធ្វើបែបនេះចំពោះត្រីផងដែរ ហើយចែកដល់ពួកគេ តាមតែគេចង់បាន។ កាលពួកគេបានឆ្អែតគ្រប់គ្នាហើយ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលបំណែកដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។ ដូច្នេះ ពួកគេក៏បានប្រមូលបំណែកនំបុ័ងម្សៅ ដែលនៅសល់ពីនំប៉័ងប្រាំដុំ ក្រោយពីបានបរិ‌ភោគហើយនោះ បានពេញដប់ពីរកន្ត្រក។

២. ការរស់ឡើងវិញរបស់ឡាសារ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់

យ៉ូហាន ១១:៤៣-៤៤ កាលព្រះ‌អង្គមានព្រះ‌បន្ទូលទាំងនេះរួច ទ្រង់ក៏បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ ចូរចេញមក!» ហើយមនុស្សដែលបានស្លាប់នោះក៏ចេញមក ទាំងមានក្រណាត់រុំសព រុំព័ទ្ធជុំវិញដៃជើង ហើយមានកន្សែងគ្របមុខផង។ ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅពួកគេថា៖ «ចូរស្រាយក្រណាត់ចេញពីគាត់ ហើយឲ្យគាត់ទៅចុះ»។

នៅក្នុងចំណោមការអស្ចារ្យដែលព្រះអម្ចាស់យេស៊ូវបានធ្វើ យើងបានជ្រើសរើសការអស្ចារ្យតែពីរប៉ុណ្ណោះ ដោយសារតែការអស្ចារ្យទាំងនេះមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញអំពីអ្វីដែលអញចង់និយាយនៅត្រង់នេះ។ ការអស្ចារ្យទាំងពីរនេះពិតជាគួរឲ្យស្ងើចសរសើរ និងអាចតំណាងដ៏ខ្ពង់ខ្ពស់ឲ្យការអស្ចារ្យដែលព្រះអម្ចាស់យេស៊ូវបានធ្វើ នៅក្នុងយុគសម័យនៃព្រះគុណ។

ជាដំបូង ចូរយើងពិនិត្យមើលបទគម្ពីរទីមួយ៖ ព្រះយេស៊ូវប្រទានអាហារដល់មនុស្សប្រាំពាន់នាក់។

តើអ្វីទៅជាគោលគំនិតនៃ “នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ”? តាមធម្មតា តើមានមនុស្សប៉ុន្មាននាក់អាចទទួលទានបានគ្រប់គ្រាន់ជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយទៅ? ប្រសិនបើឯងវាស់វែងជាមួយរបបអាហាររបស់មនុស្សធម្មតាម្នាក់ នោះវានឹងបានគ្រប់គ្រាន់សម្រាប់តែមនុស្សពីរនាក់ប៉ុណ្ណោះ។ នេះគឺជាគោលគំនិតចម្បងបំផុតនៃ “នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ”។ យ៉ាងណាមិញ នៅក្នុងបទគម្ពីរនេះ តើមានមនុស្សប៉ុន្មានដែលបានទទួលទានឆ្អែត ដោយសារតែនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយទៅ? ខាងក្រោមនេះគឺជាអ្វីដែលត្រូវបានកត់ត្រានៅក្នុងបទគម្ពីរ៖ “នៅទីនោះ មានស្មៅជាច្រើន ដូច្នេះ គេនាំគ្នាអង្គុយចុះ ហើយមានចំនួនប្រហែលជាប្រាំពាន់នាក់។”  បើធៀបជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ តើមនុស្សប្រាំពាន់នាក់ជាចំនួនដ៏ច្រើនឬទេ? តើវាបង្ហាញដោយរបៀបណាទៅថា តួលេខនេះជាចំនួនដ៏ធំ? ចេញពីទស្សនៈរបស់មនុស្ស ការបែងចែកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយជាមួយមនុស្សប្រាំពាន់នាក់ គឺជារឿងមិនអាចទៅរួចនោះឡើយ ដោយសារតែភាពខុសគ្នារវាងមនុស្ស និងអាហារនោះ គឺធំធេងពេក។ ទោះបីមនុស្សគ្រប់គ្នាបរិភោគម្នាក់តែមួយម៉ាត់ ក៏វានៅតែមិនគ្រប់គ្រាន់សម្រាប់មនុស្សប្រាំពាន់នាក់នោះដែរ។ ប៉ុន្តែ នៅត្រង់នេះ ព្រះអម្ចាស់យេស៊ូវបានធ្វើការអស្ចារ្យមួយ។ ទ្រង់មិនគ្រាន់តែធានាឲ្យមនុស្សទាំងប្រាំពាន់នាក់អាចទទួលទានបានឆ្អែតប៉ុណ្ណោះទេ ប៉ុន្តែ ក៏នៅមានអាហារសេសសល់ទៀតផង។ បទគម្ពីរចែងថា៖ “កាលពួកគេបានឆ្អែតគ្រប់គ្នាហើយ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលបំណែកដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។ ដូច្នេះ ពួកគេក៏បានប្រមូលបំណែកនំបុ័ងម្សៅ ដែលនៅសល់ពីនំប៉័ងប្រាំដុំ ក្រោយពីបានបរិ‌ភោគហើយនោះ បានពេញដប់ពីរកន្ត្រក។” ការអស្ចារ្យនេះបានជួយឲ្យមនុស្សមើលឃើញពីអត្តសញ្ញាណ និងឋានៈរបស់ព្រះ អម្ចាស់យេស៊ូវ ហើយក៏មើលឃើញថា គ្មានអ្វីមួយដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ។ នៅក្នុងរបៀបនេះ ពួកគេបានមើលឃើញពីសេចក្ដីពិតអំពីសព្វានុភាពរបស់ព្រះជាម្ចាស់។ នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយគឺមានចំនួនគ្រប់គ្រាន់ ដើម្បីចម្អែតមនុស្សប្រាំពាន់នាក់ ប៉ុន្តែ ប្រសិនបើវាគ្មានអាហារទាំងនេះវិញ តើព្រះជាម្ចាស់នឹងអាចប្រទានអាហារដល់មនុស្សទាំងប្រាំពាន់នាក់នេះបានដែរឬទេ? ជាការពិត ទ្រង់ពិតជាអាចធ្វើបាន! នេះគឺជាការអស្ចារ្យ ដូច្នេះ មនុស្សមានអារម្មណ៍ថា វាពិតជាហួសពីការយល់ដឹង ពិតជាអស្ចារ្យ និងអាថ៌កំបាំងណាស់ ប៉ុន្តែ សម្រាប់ព្រះជាម្ចាស់ វាគ្មានអ្វីដែលអស្ចារ្យនោះឡើយ។ ដោយសារតែនេះជារឿងសាមញ្ញសម្រាប់ព្រះជាម្ចាស់ ហេតុអ្វីបានជាយើងជ្រើសរើសយករឿងនេះមកធ្វើការបកស្រាយឥឡូវនេះ? គឺដោយសារតែអត្ថន័យដែលនៅពីក្រោយការអស្ចារ្យនេះ គឺជាព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ ដែលមនុស្សលោកមិនធ្លាប់បានដឹងពីមុនមកឡើយ។

ជាដំបូង ចូរយើងព្យាយាមយល់អំពីប្រភេទមនុស្សទាំងប្រាំពាន់នាក់នេះ សិន។ តើពួកគេជាអ្នកដើរតាមព្រះអម្ចាស់យេស៊ូវឬ? ចេញពីបទគម្ពីរ យើងដឹងថា ពួកគេមិនមែនជាអ្នកដើរតាមទ្រង់ឡើយ។ តើពួកគេបានដឹងអំពីព្រះអម្ចាស់យេស៊ូវជានរណាដែរឬទេ? គឺអត់ឡើយ! យ៉ាងហោចណាស់ ពួកគេមិនបានដឹងថា បុគ្គលដែលកំពុងតែឈរនៅមុខពួកគេ គឺជាព្រះគ្រីស្ទ ឬប្រហែលមានមនុស្សខ្លះបានស្គាល់ព្រះនាមរបស់ទ្រង់ និងធ្លាប់ដឹង ឬធ្លាប់ឮអ្វីមួយដែលទ្រង់បានធ្វើតែប៉ុណ្ណោះ។ ភាពចង់ដឹងរបស់គេអំពីព្រះអម្ចាស់យេស៊ូវត្រូវបានកើតឡើង នៅពេលដែលពួកគេបានឮសាច់រឿងអំពីទ្រង់ ប៉ុន្តែ ឯងមិនអាចនិយាយបានថា ពួកគេបានដើរតាមទ្រង់ ឬក៏បានយល់អំពីទ្រង់នោះឡើយ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានទតឃើញមនុស្សទាំងប្រាំពាន់នាក់នេះ ពួកគេបានស្រេកឃ្លាន ហើយគិតតែអំពីអាហារមកចម្អែតក្រពះរបស់គេប៉ុណ្ណោះ ដូច្នេះ គឺស្ថិតនៅក្នុងបរិបទនេះហើយដែលព្រះអម្ចាស់យេស៊ូវបានបំពេញតាមបំណងរបស់គេ។ នៅពេលដែលទ្រង់បានបំពេញតាមបំណងរបស់គេ តើទ្រង់មានព្រះហឫទ័យអ្វីទៅ? តើអ្វីទៅជាចិត្តគំនិតរបស់ទ្រង់ចំពោះមនុស្សទាំងនេះ ដែលគ្រាន់តែចង់បានអាហារមកចម្អែតក្រពះនោះ? នៅគ្រានោះ ព្រះតម្រិះ និងចិត្តគំនិតរបស់ព្រះអម្ចាស់យេស៊ូវ គឺទាក់ទងនឹងនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់។ ដោយប្រឈមជាមួយមនុស្សប្រាំពាន់នាក់ដែលនៅពោះទទេស្រេកឃ្លានចង់បានអាហារញ៉ាំឲ្យឆ្អែត ដោយប្រឈមជាមួយមនុស្សពេញដោយភាពចង់ដឹង និងសេចក្តីសង្ឃឹមសម្រាប់ទ្រង់ ព្រះអម្ចាស់យេស៊ូវបានគិតអំពីការប្រើប្រាស់ការអស្ចារ្យនេះ ដើម្បីប្រទានព្រះគុណទៅលើពួកគេតែប៉ុណ្ណោះ។ យ៉ាងណាមិញ ទ្រង់មិនបានបង្កើនសេចក្តីសង្ឃឹមរបស់ទ្រង់ថា ពួកគេនឹងក្លាយជាអ្នកដើរតាមទ្រង់ឡើយ ព្រោះទ្រង់បានជ្រាបថា ពួកគេគ្រាន់តែចង់ចូលរួមសប្បាយ និងបរិភោគឲ្យឆ្អែតតែប៉ុណ្ណោះ ដូច្នេះ ទ្រង់បានប្រើប្រាស់អ្វីដែលទ្រង់បាននៅទីនោះឲ្យអស់លទ្ធភាព ហើយប្រើប្រាស់នំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ ដើម្បីប្រទានអាហារដល់មនុស្សប្រាំពាន់នាក់។ ទ្រង់បានបើកភ្នែករបស់មនុស្សទាំងនេះ ដែលរីករាយនឹងអ្វីៗដ៏រំភើប ជាអ្នកដែលចង់ឃើញការអស្ចារ្យ ហើយពួកគេបានឃើញផ្ទាល់នឹងភ្នែករបស់គេនូវកិច្ចការដែលព្រះយកកំណើតជាមនុស្សអាចសម្រេចបាន។ ទោះបីព្រះអម្ចាស់យេស៊ូវបានប្រើអ្វីមួយរូបិយ ដើម្បីចម្អែតភាពចង់ដឹងរបស់គេក៏ដោយ ប៉ុន្តែ ទ្រង់ក៏បានជ្រាបក្នុងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយថា មនុស្សទាំងប្រាំពាន់នាក់នេះគ្រាន់តែចង់បានអាហារដ៏ឆ្ងាញ់ប៉ុណ្ណោះ ដូច្នេះ ទ្រង់មិនបានអធិប្បាយព្រះបន្ទូលទៅកាន់ពួកគេ ឬនិយាយអ្វីមួយសោះឡើយ គឺទ្រង់គ្រាន់តែឲ្យពួកគេមើលឃើញការអស្ចារ្យដែលបានកើតឡើងតែប៉ុណ្ណោះ។ ពិតណាស់ ទ្រង់មិនអាចប្រព្រឹត្តចំពោះមនុស្សទាំងនេះទៅតាមរបៀបដូចគ្នាដែលទ្រង់បានប្រព្រឹត្តចំពោះសិស្សរបស់ទ្រង់ដែលបានដើរតាមទ្រង់យ៉ាងពិតប្រាកដឡើយ ប៉ុន្តែ នៅក្នុងព្រះហឫទ័យរបស់ទ្រង់ សត្វលោកទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយទ្រង់នឹងអនុញ្ញាតឲ្យសត្វលោកទាំងអស់ដែលស្ថិតនៅក្នុងព្រះនេត្រទ្រង់ ទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ នៅពេលដ៏ចាំបាច់។ ទោះបីមនុស្សទាំងអស់មិនស្គាល់ទ្រង់ជានរណា និងមិនបានយល់ពីទ្រង់ ឬមិនមានការចាប់អារម្មណ៍ ឬចិត្តកតញ្ញូចំពោះទ្រង់ សូម្បីតែក្រោយពេលពួកគេបានទទួលទាននំប៉័ង និងត្រីក៏ដោយ ក៏នេះមិនមែនជាអ្វីមួយដែលធ្វើឲ្យព្រះជាម្ចាស់មានកង្វល់នោះដែរ ដោយសារតែទ្រង់បានប្រទានឲ្យមនុស្សទាំងនេះនូវឱកាសដ៏ អស្ចារ្យមួយ ដើម្បីរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ មនុស្សខ្លះនិយាយថា ព្រះជាម្ចាស់មានគោលការណ៍នៅក្នុងអ្វីដែលទ្រង់ធ្វើ គេនិយាយថា ទ្រង់មិនទតមើល ឬការពារអ្នកមិនជឿ និងនិយាយថែមទៀតថា ទ្រង់មិនអនុញ្ញាតឲ្យពួកគេរីករាយនឹងព្រះគុណរបស់ទ្រង់ឡើយ។ តើវាពិតជាបែបនេះមែនទេ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ដរាបណាពួកគេជាសត្តនិករដ៏មានជីវិត ដែលទ្រង់បានបង្កើតមក នោះទ្រង់នឹងគ្រប់គ្រង និងមើលថែពួកគេ ហើយនៅក្នុងរបៀបជាច្រើន ទ្រង់នឹងព្យាបាលពួកគេ រៀបចំផែនការសម្រាប់ពួកគេ និងគ្រប់គ្រងពួកគេ។ នេះគឺជាព្រះតម្រិះ និងចិត្តគំនិតរបស់ព្រះជាម្ចាស់ដែលមានចំពោះអ្វីៗទាំងអស់។

ទោះបីមនុស្សប្រាំពាន់នាក់ដែលបានទទួលទាននំប៉័ង និងត្រី មិនមានគម្រោងដើរតាមព្រះអម្ចាស់យេស៊ូវក៏ដោយ ប៉ុន្តែទ្រង់មិនបានទាមទារអ្វីមួយពីពួកគេឡើយ។ នៅពេលដែលពួកគេទទួលទានឆ្អែតហើយ តើឯងរាល់គ្នាដឹងអំពីអ្វីដែលព្រះអម្ចាស់យេស៊ូវបានធ្វើដែរឬទេ? តើទ្រង់បានប្រកាសព្រះបន្ទូលទៅកាន់ពួកគេដែរឬទេ? តើទ្រង់បានយាងទៅណា ក្រោយពេលចម្អែតពួកគេរួចហើយ? បទគម្ពីរមិនបានកត់ត្រាថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអ្វីមួយទៅកាន់ពួកគេឡើយ គឺគ្រាន់តែកត់ត្រាថា ទ្រង់បានចាកចេញទៅស្ងាត់ៗ នៅពេលដែលទ្រង់បានធ្វើការអស្ចារ្យរបស់ទ្រង់ហើយ។ ដូច្នេះ តើទ្រង់មានលក្ខខណ្ឌតម្រូវណាមួយចំពោះមនុស្សទាំងនេះដែរឬទេ? តើមានការស្អប់ណាមួយឬទេ? គឺគ្មានឡើយ។ ទ្រង់លែងចង់យកគំនិតទៅគិតលើមនុស្សទាំងនេះ ដែលមិនអាចដើរតាមទ្រង់ទៀតហើយ ហើយនៅពេលនោះ ព្រះហឫទ័យរបស់ទ្រង់មានការឈឺចាប់។ ដោយសារតែទ្រង់បានទតឃើញភាពអាក្រក់របស់មនុស្សជាតិ ហើយទ្រង់មានអារម្មណ៍ដឹងពីការបដិសេធរបស់មនុស្សចំពោះទ្រង់ នៅពេលដែលទ្រង់បានទតឃើញមនុស្សទាំងនេះ ហើយទ្រង់បានគង់នៅជាមួយពួកគេ ភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់មនុស្សបានធ្វើឲ្យទ្រង់សោកសៅយ៉ាងខ្លាំង ព្រះហឫទ័យរបស់ទ្រង់បានឈឺចាប់ ហើយអ្វីដែលទ្រង់ចង់ធ្វើ គឺចាកចេញពីមនុស្សទាំងនេះកាន់តែឆាប់កាន់តែល្អ។ ព្រះអម្ចាស់មិនបានទាមទារអ្វីពីពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់ឡើយ ទ្រង់មិនចង់យកគំនិតទៅគិតពីពួកគេទេ ហើយលើសពីនេះ ទ្រង់មិនចង់ចំណាយថាមពលរបស់ទ្រង់ទៅលើពួកគេទៀតឡើយ។ ទ្រង់បានជ្រាបថា ពួកគេមិនអាចដើរតាមទ្រង់ឡើយ ប៉ុន្តែ ថ្វីបើទ្រង់ជ្រាបដឹងបែបនេះក៏ដោយ ក៏ចិត្តគំនិតរបស់ទ្រង់ចំពោះពួកគេនៅតែច្បាស់លាស់ដដែល។ ទ្រង់គ្រាន់តែចង់ធ្វើល្អដាក់ពួកគេ ប្រទានព្រះគុណដល់ពួកគេ ហើយពិតណាស់ នេះជាចិត្តគំនិតរបស់ព្រះជាម្ចាស់ដែលមានចំពោះសត្វលោកគ្រប់រូបដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ គឺជាការធ្វើល្អដាក់សត្វលោកគ្រប់រូប ផ្គត់ផ្គង់ដល់ពួកគេ និងជួយឲ្យពួកគេលូតលាស់បានល្អ។ សម្រាប់ហេតុផលដែលនាំឲ្យព្រះអម្ចាស់យេស៊ូវក្លាយជាព្រះដែលយកកំណើតជាមនុស្ស ទ្រង់បានបើកសម្ដែងយ៉ាងច្បាស់អំពីសារជាតិរបស់ព្រះជាម្ចាស់ និងប្រព្រឹត្តចំពោះមនុស្សទាំងនេះយ៉ាងល្អ។ ទ្រង់បានប្រព្រឹត្តចំពោះពួកគេ ដោយចិត្តមេត្តា និងសេចក្តីអត់ឱន ហើយទ្រង់ក៏បង្ហាញចិត្តសប្បុរសដល់ពួកគេផងដែរ។ ទោះបីមនុស្សទាំងនេះបានឃើញព្រះអម្ចាស់យេស៊ូវដោយរបៀបណា ហើយទោះបីវាមានលទ្ធផលបែបណាក៏ដោយ ក៏ទ្រង់បានប្រព្រឹត្តចំពោះសត្វលោកគ្រប់រូប ដោយផ្អែកលើគោលជំហររបស់ទ្រង់ ក្នុងនាមជាព្រះអម្ចាស់លើគ្រប់សត្តនិករ។ ដោយគ្មានការលើកលែង អ្វីៗគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែង គឺជានិស្ស័យរបស់ព្រះជាម្ចាស់ ជាអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ ព្រះអម្ចាស់យេស៊ូវបានធ្វើរឿងនេះស្ងាត់ៗ ហើយបន្ទាប់មក ទ្រង់បានចាកចេញទៅស្ងាត់ៗ។ តើនេះជានិស្ស័យរបស់ព្រះជាម្ចាស់ក្នុងទិដ្ឋភាពបែបណាទៅ? តើឯងអាចនិយាយថា នេះជាសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ឬ? តើឯងអាចនិយាយថា នេះជាភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ឬ? តើនេះជាអ្វីមួយដែលមនុស្សធម្មតាអាចធ្វើបានឬទេ? មិនប្រាកដឡើយ! ជារួមមក តើនរណាទៅជាមនុស្សទាំងប្រាំពាន់នាក់ដែលព្រះអម្ចាស់យេស៊ូវបានប្រទានអាហារជាមួយនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះ? តើឯងអាចនិយាយបានថា ពួកគេជាមនុស្សដែលបានចុះសម្រុងជាមួយទ្រង់ឬ? តើឯងអាចនិយាយថា ពួកគេទាំងអស់សុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់ឬ? គឺអាចនិយាយបានយ៉ាងប្រាកដថា ពួកគេមិនបានចុះសម្រុងជាមួយព្រះអម្ចាស់ ហើយសារជាតិរបស់គេក៏ប្រឆាំងនឹងព្រះជាម្ចាស់ផងដែរ។ ប៉ុន្តែ តើព្រះជាម្ចាស់បានប្រព្រឹត្តចំពោះពួកគេដោយរបៀបណាទៅ? ទ្រង់បានប្រើវិធីសាស្ត្រកាត់បន្ថយភាពប្រឆាំងរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់។ វិធីសាស្ត្រនេះត្រូវបានហៅថា “ចិត្តសប្បុរស”។ ព្រោះថាទោះបីព្រះអម្ចាស់យេស៊ូវបានទតឃើញមនុស្សទាំងនេះជាមនុស្សបាបក៏ដោយ ប៉ុន្តែ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេជាសត្តនិកររបស់ទ្រង់ ដូច្នេះ ទ្រង់នៅតែប្រព្រឹត្តចំពោះមនុស្សបាបទាំងនេះដោយចិត្តសប្បុរសដដែល។ នេះគឺជាសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ហើយសេចក្តីអត់ឱននេះត្រូវបានកំណត់ ដោយអត្តសញ្ញាណ និងសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ នេះជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់បានបង្កើតមកនោះ អាចធ្វើបានឡើយ។ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើបាន។

នៅពេលដែលឯងអាចយល់យ៉ាងពិតប្រាកដអំពីព្រះតម្រិះ និងចិត្តគំនិតរបស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្សជាតិ នៅពេលដែលឯងអាចយល់អំពីអារម្មណ៍ និងក្ដីកង្វល់របស់ព្រះជាម្ចាស់ដែលមានចំពោះសត្តនិករម្នាក់ៗ នោះឯងនឹងអាចយល់អំពីការលះបង់ និងសេចក្តីស្រឡាញ់ដែលព្រះអាទិករមានចំពោះមនុស្ស ម្នាក់ៗដែលទ្រង់បានបង្កើតមកមិនខាន។ នៅពេលដែលការនេះកើតឡើង ឯងនឹងប្រើពាក្យចំនួនពីរ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តើអ្វីទៅជាពាក្យទាំងពីរនោះ? អ្នកខ្លះនិយាយថា “មិនអាត្មានិយម” ហើយអ្នកខ្លះទៀតនិយាយថា “សប្បុរសមេត្តា”។ នៅក្នុងចំណោមពាក្យទាំងពីរនេះ ពាក្យ “សប្បុរសមេត្តា” គឺជាពាក្យដែលសក្ដិសមទាបជាងគេបំផុតក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ នេះគឺជាពាក្យមួយដែលមនុស្សប្រើ ដើម្បីពណ៌នាអំពីមនុស្សម្នាក់ដែលមានចិត្តអធ្យាស្រ័យ ឬចិត្តទូលាយ។ អញស្អប់ពាក្យនេះណាស់ ដោយសារតែវាសំដៅទៅលើការបរិច្ចាគសប្បុរសធម៌បែបចោះៗ មិនរើសមុខ ដោយគ្មានពិចារណាលើគោលការណ៍។ វាជាអារម្មណ៍ទន់ទោរជ្រុល ដែលមានចំពោះមនុស្សល្ងីល្ងើ និងមនុស្សច្របូកច្របល់។ នៅពេលដែលពាក្យនេះត្រូវបានប្រើ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ វាមានបង្កប់នូវន័យប្រមាថដោយចៀសមិនផុត។ នៅត្រង់នេះ អញមានពាក្យចំនួនពីរដែលសក្ដិសមជាងក្នុងការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ តើវាជាពាក្យអ្វីទៅ? ពាក្យទីមួយគឺ “ធំសម្បើម”។ តើពាក្យនេះមិនដកជាប់ក្នុងចិត្តពេកទេឬ? ពាក្យទីពីរគឺ “ធំល្វឹងល្វើយ”។ វាមានអត្ថន័យដ៏ពិតដែលស្ថិតនៅពីក្រោយពាក្យទាំងនេះ ដែលអញប្រើ ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ បើពិនិត្យមើលន័យចំនៃពាក្យថា “ធំសម្បើម” វាពណ៌នាអំពីទំហំ ឬសមត្ថភាពរបស់វត្ថុមួយ ប៉ុន្តែមិនថាវត្ថុនោះធំប៉ុនណាឡើយ វាជាអ្វីមួយដែលមនុស្សអាចប៉ះពាល់ និងមើលឃើញ។ នោះគឺដោយសារតែវាជាវត្ថុមានពិត មិនមែនជាវត្ថុអរូបិយឡើយ ប៉ុន្តែជាអ្វីមួយដែលអាចផ្ដល់ឲ្យមនុស្សនូវគំនិតនៅក្នុងរបៀបមួយដែលសុក្រឹត្យ និងជាក់ស្ដែង។ មិនថាឯងសម្លឹងមើលទៅកាន់វាចេញពីទិដ្ឋភាពធូឌី (2D) ឬឌ្រីឌី (3D) ឡើយ ឯងមិនត្រូវការស្រមើស្រមៃអំពីអត្ថិភាពរបស់វាឡើយ ដោយសារតែវាជាវត្ថុមួយដែលមានពិតមែននៅក្នុងរបៀបពិតជាក់ស្ដែង។ ទោះបីប្រើប្រាស់ពាក្យ “ធំសម្បើម” ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ អាចធ្វើឲ្យមានអារម្មណ៍ថាជាចេតនាក្នុងការកំណត់បរិមាណនៃសេចក្តីស្រឡាញ់របស់ទ្រង់ក៏ដោយ ក៏វាផ្ដល់នូវអារម្មណ៍មួយថា សេចក្តីស្រឡាញ់របស់ទ្រង់មិនអាចរាប់អស់នោះឡើយ។ អញនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចរាប់បាន ដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់មិនទទេ និងជារឿងព្រេងនិទានឡើយ។ ផ្ទុយទៅវិញ វាជាអ្វីមួយដែលត្រូវបានចែករំលែកដោយអ្វីៗគ្រប់យ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាអ្វីមួយដែលត្រូវបានរីករាយ ដោយគ្រប់សត្វលោកទៅតាមកម្រិតខុសៗគ្នា និងចេញពីទិដ្ឋភាពខុសៗគ្នា។ ទោះបីមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់វាបានក៏ដោយ ក៏សេចក្តីស្រឡាញ់នេះនាំមកនូវការទ្រទ្រង់ និងជីវិតទៅកាន់អ្វីៗទាំងអស់ នៅពេលដែលវាត្រូវបានបើកសម្ដែងបន្ដិចម្ដងៗនៅក្នុងជីវិតរបស់គេ ហើយពួកគេអាចពឹងអាង និងធ្វើបន្ទាល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលពួកគេរីករាយនៅក្នុងពេលវេលានីមួយៗដែលកន្លងផុតទៅ។ អញនិយាយថា សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ជាចំនួនមិនអាចរាប់បាន ដោយសារតែសេចក្តីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ដែលផ្គត់ផ្គង់ និងចិញ្ចឹមអ្វីៗទាំងអស់ គឺជាអ្វីមួយដែលពិបាកសម្រាប់មនុស្សក្នុងការវាស់ស្ទង់ ដូចជាព្រះតម្រិះរបស់ព្រះជាម្ចាស់សម្រាប់អ្វីៗគ្រប់យ៉ាង និងជាពិសេសជាព្រះតម្រិះរបស់ទ្រង់សម្រាប់មនុស្សជាតិ។ គឺអាចនិយាយបានថា គ្មាននរណាម្នាក់ដឹងអំពីព្រះលោហិត និងទឹកនេត្រាដែលព្រះអាទិករបានបង្ហូរមកសម្រាប់មនុស្សជាតិឡើយ។ គ្មាននរណាម្នាក់អាចយល់ គ្មាននរណាម្នាក់អាចដឹងអំពីជម្រៅ ឬទម្ងន់នៃសេចក្តីស្រឡាញ់ដែលព្រះអាទិករមានសម្រាប់មនុស្សជាតិ ដែលទ្រង់បានបង្កើតឡើងដោយព្រះហស្តរបស់ទ្រង់ផ្ទាល់នោះឡើយ។ ការពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ថាធំសម្បើម គឺដើម្បីជួយឲ្យមនុស្សយល់ ព្រមទាំងដឹងពីទទឹង និងសេចក្តីពិតនៃអត្ថិភាពរបស់វាប៉ុណ្ណោះ។ វាក៏ត្រូវធ្វើ ដើម្បីជួយឲ្យមនុស្សអាចយល់កាន់តែស៊ីជម្រៅអំពីអត្ថន័យជាក់ស្ដែងនៃពាក្យថា “ព្រះអាទិករ” និងដើម្បីឲ្យមនុស្សអាចទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្ថន័យដ៏ពិតអំពីងារជា “សត្តនិករ” ផងដែរ។ តើពាក្យថា “ធំល្វឹងល្វើយ” ជានិច្ចកាលពណ៌នាអំពីអ្វីទៅ? ជាទូទៅ វាត្រូវបានប្រើ ដើម្បីពណ៌នាអំពីមហាសមុទ្រ ឬចក្រវាល ឧទាហរណ៍៖ “ចក្រវាលដ៏ធំល្វឹងល្វើយ” ឬ ”មហា សមុទ្រដ៏ធំល្វឹងល្វើយ”។ ភាពធំល្វឹងល្វើយ និងជម្រៅដ៏ស្ងប់ស្ងាត់នៃចក្រវាល គឺលើសពីការយល់ដឹងរបស់មនុស្ស។ វាជាអ្វីមួយដែលធ្វើឲ្យមនុស្សស្រមើស្រមៃថាជាអ្វីមួយដែលពួកគេមានអារម្មណ៍ស្ញប់ស្ញែងយ៉ាងខ្លាំង។ សេចក្តីអាថ៌កំបាង និងភាពជ្រាលជ្រៅរបស់វាអាចមើលឃើញ ប៉ុន្តែមិនអាចចាប់បានឡើយ។ នៅពេលដែលឯងគិតដល់មហាសមុទ្រ ឯងគិតដល់ចម្ងាយរបស់វា វាមើលទៅគ្មានដែនកំណត់ ហើយឯងអាចមានអារម្មណ៍អំពីសេចក្តីអាថ៌កំបាំង និងសមត្ថភាពដ៏ធំធេងរបស់វាក្នុងការផ្ទុកនូវអ្វីៗជាច្រើន។ នេះជាហេតុផលដែលអញប្រើពាក្យ “ធំល្វឹងល្វើយ” ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺដើម្បីជួយឲ្យមនុស្សមានអារម្មណ៍ដឹងអំពីតម្លៃរបស់វា មានអារម្មណ៍ដឹងអំពីសោភណភាពដ៏ជ្រាលជ្រៅនៃសេចក្តីស្រឡាញ់របស់ទ្រង់ និងមានអារម្មណ៍ដឹងទៀតថា ព្រះចេស្ដានៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺគ្មានដែនកំណត់ និងធំល្វឹងល្វើយ។ អញបានប្រើពាក្យនេះ ដើម្បីជួយឲ្យមនុស្សមានអារម្មណ៍ដឹងអំពីភាពបរិសុទ្ធនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ហើយភាពថ្លៃថ្នូរ និងភាពមិនអាចបំពានបានរបស់ព្រះជាម្ចាស់ក៏ត្រូវបានសម្ដែងចេញ តាមរយៈសេចក្តីស្រឡាញ់របស់ទ្រង់ផងដែរ។ ឥឡូវនេះ តើឯងរាល់គ្នាគិតថា ពាក្យ “ធំល្វឹងល្វើយ” ជាពាក្យដ៏សក្ដិសម ដើម្បីពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរឬទេ? តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់អាចត្រូវបានពណ៌នាគ្រប់គ្រាន់ជាមួយពាក្យទាំងពីរ “ធំសម្បើម” និង”ធំល្វឹងល្វើយ” នេះដែរឬទេ? ពិតជាបាន! នៅក្នុងភាសាមនុស្សលោក ពាក្យទាំងពីរនេះគឺសមរម្យ ហើយអាចយកមកពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បាន។ តើឯងរាល់គ្នាមិនគិតដូច្នោះទេឬ? ប្រសិនបើអញឲ្យឯងរាល់គ្នាពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តើឯងរាល់គ្នានឹងប្រើពាក្យទាំងពីរនេះដែរឬទេ? ភាគច្រើន ឯងរាល់គ្នានឹងមិនប្រើឡើយ ដោយសារតែការយល់ដឹង និងការយល់ឃើញរបស់ឯងរាល់គ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺមានកម្រិតត្រឹមនឹងវិសាលភាពនៃរូបភាពបែបធូឌី (2D) ប៉ុណ្ណោះ ហើយមិនបានឡើងទៅកាន់កម្ពស់នៃទ្រីឌី (3D) ឡើយ។ ដូច្នេះ បើអញឲ្យឯងរាល់គ្នាពណ៌នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ឯងរាល់គ្នានឹងមានអារម្មណ៍ថា ឯងខ្វះពាក្យ ឬឯងប្រហែលទ័លគំនិតគ្មានពាក្យនឹងនិយាយផងមើលទៅ។ ពាក្យទាំងពីរដែលអញបាននិយាយនៅថ្ងៃនេះ អាចពិបាកសម្រាប់ឯងរាល់គ្នាយល់ ឬឯងរាល់គ្នាប្រហែលជាមិនយល់ស្របផង។ ការនេះគ្រាន់តែបង្ហាញថា ការយល់ដឹង និងការយល់ឃើញរបស់ឯងរាល់គ្នាអំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺរាក់កំផែល ហើយមានវិសាលភាពនៅមានកម្រិតនៅឡើយ។ អញបានមានបន្ទូលកាលពីមុនរួចហើយថា ព្រះជាម្ចាស់មិនអាត្មានិយមឡើយ ហើយឯងរាល់គ្នានឹកចាំពាក្យថា “មិនអាត្មានិយម” ហើយ។ តើពាក្យនេះមិនមានវិសាលភាពចង្អៀតពេកទេឬ? ឯងគួរតែពិចារណាលើចំណុចនេះឲ្យបានច្រើន ដើម្បីឲ្យឯងរាល់គ្នាអាចទទួលបានអ្វីមួយចេញពីវា។

ចំណុចខាងលើគឺជាអ្វីដែលយើងបានមើលឃើញអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ចេញពីការអស្ចារ្យទីមួយ។ ទោះបីនេះជាសាច់រឿងមួយដែលមនុស្សបានកំពុងតែអានអស់រយៈពេលជាច្រើនពាន់ឆ្នាំហើយក៏ដោយ ក៏វាមាននូវដំណើររឿងដ៏សាមញ្ញមួយ ហើយវាជួយឲ្យមនុស្សមើលឃើញនូវបាតុភូតដ៏សាមញ្ញមួយ ប៉ុន្តែ នៅក្នុងដំណើររឿងដ៏សាមញ្ញនេះ យើងអាចមើលឃើញអ្វីមួយកាន់តែមានតម្លៃ ដែលជានិស្ស័យរបស់ព្រះជាម្ចាស់ អ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ អ្វីៗដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ទាំងនេះ តំណាងឲ្យព្រះជាម្ចាស់ និងជាការសម្ដែងចេញអំពីព្រះតម្រិះរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់សម្ដែងចេញព្រះតម្រិះរបស់ទ្រង់ វាជាការសម្ដែងចេញអំពីព្រះសូរសៀងដែលមានក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់សង្ឃឹមថា វានឹងមានមនុស្សដែលអាចយល់ពីទ្រង់ និងស្គាល់ពីព្រះហឫទ័យរបស់ទ្រង់ និងជាអ្នកដែលអាចស្ដាប់ឮព្រះសូរសៀងដែលចេញពីព្រះហឫទ័យរបស់ទ្រង់ ព្រមទាំងអាចសហការយ៉ាងសកម្ម ដើម្បីបំពេញតាមព្រះហឫទ័យរបស់ទ្រង់។ កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើទាំងនេះ គឺជាការសម្ដែងចេញមិនវាចារបស់ព្រះជាម្ចាស់។

បន្ទាប់មកទៀត ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖ ការរស់ឡើងវិញរបស់ឡាសារ ថ្វាយសិរីល្អដល់ព្រះជាម្ចាស់

តើឯងរាល់គ្នាមានការចាប់អារម្មណ៍អ្វីខ្លះ បន្ទាប់ពីបានអានបទគម្ពីរនេះហើយ? ភាពសំខាន់នៃការអស្ចារ្យដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺកាន់តែធំធេងជាងការអស្ចារ្យមុន ដោយសារតែគ្មានការអស្ចារ្យណាដែលគួរឲ្យស្រឡាំងកាំងជាងការប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញនោះឡើយ។ នៅក្នុងយុគសម័យនោះ វាពិតជាសំខាន់ណាស់ដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការបែបនេះ។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ មនុស្សអាចមើលឃើញតែរូបរាងរបស់ទ្រង់ ផ្នែកជាក់ស្ដែងរបស់ទ្រង់ និងផ្នែកមិនសូវសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ទោះបីជាមនុស្សខ្លះបានឃើញ និងបានយល់អំពីអ្វីមួយចេញពីអត្តចរិតរបស់ទ្រង់ ឬដឹងអំពីសមត្ថភាពពិសេសខ្លះដែលទ្រង់មានក៏ដោយ ក៏គ្មាននរណាម្នាក់ដឹងពីកន្លែងដែលព្រះអម្ចាស់យេស៊ូវបានយាងមក ដឹងអំពីទ្រង់ជានរណាឲ្យពិតប្រាកដនៅក្នុងសារជាតិរបស់ទ្រង់ និងចំណុចផ្សេងទៀតដែលទ្រង់អាចធ្វើបាននោះឡើយ។ អ្វីៗទាំងអស់នេះ គឺមនុស្សលោកមិនបានដឹងឡើយ។ មានមនុស្សជាច្រើនចង់រកភស្តុតាង ដើម្បីឆ្លើយសំណួរទាំងនេះអំពីព្រះអម្ចាស់យេស៊ូវ និងចង់ដឹងអំពីសេចក្តីពិត។ តើព្រះជាម្ចាស់អាចធ្វើអ្វីមួយ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ទ្រង់ដែរឬទេ? សម្រាប់ព្រះជាម្ចាស់ នេះជារឿងងាយស្រួលបំផុត គឺស្រួលដូចជាបកចេកអ៊ីចឹង។ ទ្រង់អាចធ្វើអ្វីមួយនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងសារជាតិរបស់ទ្រង់ ប៉ុន្តែព្រះជាម្ចាស់មានរបៀបនៃការធ្វើការរបស់ទ្រង់ គឺទ្រង់មានផែនការ និងជំហាននៃការធ្វើការរបស់ ទ្រង់។ ទ្រង់មិនធ្វើកិច្ចការតាមការនឹកឃើញឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់រកមើលពេល និងឱកាសដ៏ត្រឹមត្រូវ ដើម្បីធ្វើអ្វីមួយដែលនឹងជួយឲ្យមនុស្សមើលឃើញ ជាអ្វីមួយដែលជ្រួតជ្រាបពេញដោយអត្ថន័យ។ ដោយធ្វើបែបនេះ ទ្រង់បានបញ្ជាក់ពីសិទ្ធិអំណាច និងអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ តើការរស់ឡើងវិញរបស់ឡាសារអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវបានដែរឬទេ? ចូរយើងពិនិត្យមើលបទគម្ពីរខាងក្រោម៖ “កាលព្រះ‌អង្គមានព្រះ‌បន្ទូលទាំងនេះរួច ទ្រង់ក៏បន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ឡាសារអើយ ចូរចេញមក!» ហើយមនុស្សដែលបានស្លាប់នោះក៏ចេញមក...” នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនេះ ទ្រង់គ្រាន់តែមានបន្ទូលតែមួយគត់៖ “ឡាសារអើយ ចូរចេញមក!” បន្ទាប់មក ឡាសារបានចេញពីផ្នូររបស់គាត់ ហើយការនេះបានសម្រេច ដោយសារតែព្រះបន្ទូលពីរបីម៉ាត់ដែលព្រះអម្ចាស់បានថ្លែងប៉ុណ្ណោះ។ ក្នុងអំឡុងពេលនេះ ព្រះអម្ចាស់យេស៊ូវមិនបានតាំងទីអាសនា ហើយទ្រង់មិនបានធ្វើសកម្មភាពណាផ្សេងឡើយ។ ទ្រង់គ្រាន់តែមានបន្ទូលតែមួយគត់។ តើនេះគួរតែហៅថាជាការអស្ចារ្យ ឬក៏ជាការបញ្ជា? ឬក៏វាជាប្រភេទនៃវេទមន្តអ្វីមួយ? បើមើលសើៗ វាហាក់ដូចជាអាចហៅថាជាការអស្ចារ្យ ហើយប្រសិនបើឯងពិនិត្យមើលរឿងនេះចេញពីទិដ្ឋភាពសម័យទំនើប ពិតណាស់ ឯងនៅតែអាចហៅការនេះថាជាការអស្ចារ្យដដែល។ យ៉ាងណាមិញ វាមិនអាចត្រូវបានចាត់ទុកជាប្រភេទនៃមន្តអាគមណាមួយដែលអាចហៅព្រលឹងមនុស្សឲ្យរស់ឡើងវិញពីស្លាប់នោះឡើយ ហើយវាក៏មិនមែនជាវេទមន្តអ្វីនោះដែរ។ វាជារឿងត្រឹមត្រូវក្នុងការនិយាយថា ការអស្ចារ្យនេះគឺជាការសម្ដែងចេញដ៏តិចតួច និងធម្មតាបំផុតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិអំណាចក្នុងការឲ្យមនុស្សម្នាក់ស្លាប់ ឲ្យវិញ្ញាណរបស់គេចាកចេញពីរាងកាយ ហើយត្រលប់ទៅកាន់ស្ថានឃុំព្រលឹង ឬទៅកាន់កន្លែងណាដែលវាគួរតែទៅ។ ពេលកំណត់នៃសេចក្តីស្លាប់របស់មនុស្សម្នាក់ និងទីកន្លែងដែលពួកគេនឹងត្រូវទៅ ក្រោយសេចក្តីស្លាប់ គឺត្រូវបានកំណត់ទុកជាស្រេចដោយព្រះជាម្ចាស់។ ទ្រង់អាចធ្វើការសម្រេចចិត្តទាំងនេះនៅគ្រប់ពេល និងទីកន្លែង ដោយមិនត្រូវបានកម្រិតដោយមនុស្សលោក ព្រឹត្តិការណ៍ វត្ថុ លំហ ឬភូមិសាស្ត្រឡើយ។ ប្រសិនបើទ្រង់ចង់ធ្វើវា ទ្រង់អាចធ្វើបាន ដោយសារតែរបស់សព្វសារពើ និងភាវៈមានជីវិតស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់ ហើយអ្វីៗសព្វសារពើបង្កើតកូនចៅ មានជីវិតរស់ និងវិនាសទៅ ក៏ដោយសារតែព្រះបន្ទូល និងសិទ្ធិអំណាចរបស់ទ្រង់ផងដែរ។ ទ្រង់អាចប្រោសមនុស្សស្លាប់ឲ្យមានជីវិតរស់ឡើងវិញ ហើយការនេះក៏ជាអ្វីមួយដែលទ្រង់អាចធ្វើនៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ នេះគឺជាសិទ្ធិអំណាចដែលមានតែព្រះអាទិករមួយប៉ុណ្ណោះដែលមាន។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការ ដូចជាការប្រោសឲ្យឡាសារបានរស់ឡើងវិញពីស្លាប់ គោលដៅរបស់ទ្រង់ គឺដើម្បីផ្ដល់ជាភស្តុតាងដល់មនុស្សលោក និងឲ្យអារក្សសាតាំងមើលឃើញ ហើយក៏ជួយឲ្យមនុស្ស និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិ ជីវិត និងសេចក្តីស្លាប់របស់មនុស្សជាតិ ត្រូវបានកំណត់ទុកជាស្រេច ដោយព្រះជាម្ចាស់ ហើយទោះបីទ្រង់បានត្រលប់ជាសាច់ឈាមក៏ដោយ ក៏ទ្រង់បានបន្តគ្រប់គ្រងលើពិភពខាងរូបកាយ ដែលអាចមើលឃើញ ក៏ដូចជាពិភពខាងវិញ្ញាណដែលមនុស្សមិនអាចមើលឃើញផងដែរ។ ការនេះគឺត្រូវបានធ្វើឡើង ដើម្បីឲ្យមនុស្សលោក និងសាតាំងដឹងថា អ្វីៗគ្រប់យ៉ាងអំពីមនុស្សជាតិមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់សាតាំងឡើយ។ នេះគឺជាការបើកសម្ដែង និងការបង្ហាញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយវាក៏ជារបៀបមួយដែលព្រះជាម្ចាស់បញ្ជូនសារទៅកាន់អ្វីៗសព្វសារពើថា ជីវិត និងសេចក្តីស្លាប់របស់មនុស្សលោកគឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ការដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឲ្យរស់ឡើងពីស្លាប់ គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើនទៀតដែលព្រះអាទិករចង់បង្រៀន និងណែនាំទៅកាន់មនុស្សជាតិ។ វាជាសកម្មភាពដ៏ច្បាស់លាស់មួយដែលទ្រង់បានប្រើព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីណែនាំ និងប្រទានដល់មនុស្សជាតិ។ ដោយមិនបានប្រើព្រះបន្ទូល វាជារបៀបមួយដែលព្រះអាទិករជួយឲ្យមនុស្សលោកមើលឃើញពីសេចក្តីពិតថា ទ្រង់គ្រប់គ្រងលើអ្វីៗសព្វសារពើ។ វាជារបៀបមួយដែលទ្រង់ប្រាប់មនុស្សជាតិ តាមរយៈសកម្មភាពជាក់ស្ដែងថា ក្រៅពីតាមរយៈទ្រង់ គឺគ្មានសេចក្តីសង្រ្គោះណាផ្សេងទៀតឡើយ។ វិធីសាស្ត្រដ៏ស្ងប់ស្ងាត់ដែលទ្រង់បានប្រើ ដើម្បីណែនាំដល់មនុស្សជាតិនេះ គឺជាវិធីសាស្ត្រដ៏អស់កល្បជានិច្ច មិនសាបសូន្យ ដែលនាំឲ្យមនុស្សរន្ធត់ចិត្ត និងប្រទាននូវការបំភ្លឺដែលមិនអាចរលាយបាត់ទៅនោះឡើយ។ ការរស់ឡើងវិញពីស្លាប់របស់ឡាសារបានថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ ការនេះមាននូវការជះឥទ្ធិពលដ៏ជ្រាលជ្រៅទៅលើអ្នកដើរតាមព្រះជាម្ចាស់ម្នាក់ៗ។ វាធ្វើឲ្យមនុស្សម្នាក់ៗដែលមើលឃើញហេតុការណ៍នេះ ទទួលបាននូវការយល់ដឹង ព្រមទាំងនិមិត្តថា មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់របស់មនុស្សលោក។ ទោះបីព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ហើយទោះបីទ្រង់បានផ្ញើសារអំពីអធិបតេយ្យភាពរបស់ទ្រង់ដែលមានទៅលើជីវិត និងសេចក្តីស្លាប់របស់មនុស្សលោក តាមរយៈការរស់ឡើងវិញពីស្លាប់របស់ឡាសារក៏ដោយ ក៏នេះមិនមែនជាកិច្ចការចម្បងរបស់ទ្រង់ឡើយ។ ព្រះជាម្ចាស់មិនដែលធ្វើកិច្ចការអ្វីមួយ ដោយគ្មានអត្ថន័យនោះឡើយ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ មានតម្លៃដ៏ធំធេង ហើយប្រៀបដូចជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតនៅក្នុងឃ្លាំងកំណប់ទ្រព្យអ៊ីចឹង។ ប្រាកដណាស់ ទ្រង់នឹងមិនដាក់ “ការប្រោសមនុស្សម្នាក់ចេញពីផ្នូរ” ជាគោលដៅ ឬកិច្ចការចម្បង ឬតែមួយនៃកិច្ចការរបស់ទ្រង់នោះឡើយ។ ព្រះជាម្ចាស់មិនធ្វើអ្វីមួយដែលគ្មានន័យនោះឡើយ។ ការរស់ឡើងវិញពីស្លាប់របស់ឡាសារ ដែលជាព្រឹត្តិការណ៍តែមួយនេះ គឺមានអត្ថន័យគ្រប់គ្រាន់ ដើម្បីបង្ហាញពីព្រះចេស្ដារបស់ព្រះជាម្ចាស់ និងដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវ។ នេះជាហេតុផលដែលព្រះអម្ចាស់យេស៊ូវមិនបានធ្វើការអស្ចារ្យនេះម្ដងទៀត។ ព្រះជាម្ចាស់ធ្វើកិច្ចការស្របតាមគោលការណ៍របស់ទ្រង់ផ្ទាល់។ នៅក្នុងភាសាមនុស្សលោក គឺគេអាចនិយាយបានថា នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ គឺមានតែកិច្ចការធំៗសំខាន់ៗប៉ុណ្ណោះ។ នេះមានន័យថា នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការអ្វីមួយ ទ្រង់មិនឃ្លាតចាកពីគោលបំណងនៃកិច្ចការរបស់ទ្រង់ឡើយ។ ទ្រង់ជ្រាបដឹងអំពីកិច្ចការអ្វីដែលទ្រង់ត្រូវអនុវត្តនៅក្នុងដំណាក់កាលនេះ អ្វីដែលទ្រង់ចង់សម្រេច ហើយទ្រង់នឹងធ្វើការយ៉ាងម៉ឺងម៉ាត់ស្របតាមផែនការរបស់ទ្រង់។ ប្រសិនបើមនុស្សដ៏ពុករលួយមាននូវសមត្ថភាពបែបនេះ នោះគេនឹងគ្រាន់តែគិតអំពីរបៀប ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ ដើម្បីឲ្យអ្នកដទៃដឹងថាគេអស្ចារ្យប៉ុនណាប៉ុណ្ណោះ ដូច្នេះ អ្នកទាំងនោះនឹងក្រាបគោរពគេ ហើយគេអាចត្រួតត្រា និងបំផ្លាញពួកគេ។ នេះជាសេចក្តីអាក្រក់ដែលចេញមកពីអារក្សសាតាំង ដែលមានឈ្មោះថាសេចក្តីពុករលួយ។ ព្រះជាម្ចាស់មិនមាននិស្ស័យបែបនេះឡើយ ហើយទ្រង់ក៏មិនមានសារជាតិបែបនេះដែរ។ គោលបំណងរបស់ទ្រង់ក្នុងការធ្វើកិច្ចការទាំងនេះ គឺមិនមែនដើម្បីសម្ញែងអង្គទ្រង់ឡើយ ប៉ុន្តែ ដើម្បីប្រទានឲ្យមនុស្សជាតិនូវការបើកសម្ដែង និងការចង្អុលបង្ហាញកាន់តែច្រើនវិញ ហើយនេះជាហេតុផលដែលមនុស្សមើលឃើញឧទាហរណ៍តិចតួចណាស់នៅក្នុងព្រះគម្ពីរអំពីព្រឹត្តិការណ៍បែបនេះ។ ការនេះមិនមែនមានន័យថា ព្រះចេស្ដារបស់ព្រះអម្ចាស់យេស៊ូវមានកម្រិត ឬមានន័យថា ទ្រង់គ្មានសមត្ថភាពធ្វើការទាំងនេះនោះឡើយ។ វាគ្រាន់តែមានន័យថា ព្រះជាម្ចាស់មិនចង់ធ្វើវាប៉ុណ្ណោះ ដោយសារតែការដែលព្រះអម្ចាស់យេស៊ូវប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញ មាននូវភាពសំខាន់ជាក់ស្ដែង ហើយវាក៏ដោយសារតែកិច្ចការចម្បងរបស់ព្រះជាម្ចាស់នៃការត្រលប់ជាសាច់ឈាម មិនមែនដើម្បីធ្វើការអស្ចារ្យ មិនមែនដើម្បីប្រោសមនុស្សឲ្យរស់ឡើងវិញពីស្លាប់នោះឡើយ ប៉ុន្តែ ជាកិច្ចការនៃការប្រោសលោះមនុស្សលោក។ ដូច្នេះ កិច្ចការភាគច្រើនដែលព្រះអម្ចាស់យេស៊ូវបានធ្វើ គឺជាការបង្រៀនមនុស្ស ការផ្គត់ផ្គង់ដល់តម្រូវការរបស់គេ និងការជួយដល់ពួកគេ ហើយព្រឹត្តិការណ៍ដូចជាការប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញ គឺគ្រាន់តែជាផ្នែកដ៏តូចមួយនៃព័ន្ធកិច្ចដែលព្រះអម្ចាស់យេស៊ូវបានអនុវត្តប៉ុណ្ណោះ។ លើសពីនេះទៅទៀត ឯងអាចនិយាយថា “ការសម្ញែង” មិនមែនជាផ្នែកមួយនៃសារជាតិរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ ព្រះអម្ចាស់យេស៊ូវគ្មានបំណងអ្វីចង់ដាក់កម្រិត តាមរយៈការមិនបង្ហាញការអស្ចារ្យថែមទៀត ឬដោយសារតែដែនកំណត់ខាងបរិយាកាស ព្រមទាំងដោយសារតែទ្រង់ខ្វះនូវព្រះចេស្ដានោះឡើយ។

នៅពេលដែលព្រះអម្ចាស់យេស៊ូវបានប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញពីស្លាប់ ទ្រង់បានប្រើតែព្រះបន្ទូលពីរបីម៉ាត់ប៉ុណ្ណោះ៖ “ឡាសារអើយ ចូរចេញមក!” ទ្រង់មិនបានមានបន្ទូលណាផ្សេងពីនេះឡើយ។ ដូច្នេះ តើព្រះបន្ទូលទាំងនេះបង្ហាញអំពីអ្វីទៅ? ព្រះបន្ទូលនេះបង្ហាញថា ព្រះជាម្ចាស់អាចសម្រេចអ្វីៗក៏បាន ដោយការមានបន្ទូល ដោយរួមទាំងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផងដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ នៅពេលដែលទ្រង់បានបង្កើតពិភពលោក ទ្រង់ក៏បានធ្វើ ដោយមានព្រះបន្ទូលផងដែរ ជាព្រះបន្ទូលនៃការបង្គាប់បញ្ជា ព្រះបន្ទូលប្រកបដោយសិទ្ធិអំណាច ហើយដោយធ្វើបែបនេះ អ្វីៗគ្រប់យ៉ាងត្រូវបានបង្កើតមក និងបានសម្រេចឡើង។ ព្រះបន្ទូលតែពីរបីម៉ាត់ ដែលព្រះ អម្ចាស់យេស៊ូវបានថ្លែងនោះ គឺដូចជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងផងដែរ នៅពេលដែលទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ។ នៅក្នុងរបៀបដូចគ្នានេះ ព្រះបន្ទូលរបស់ទ្រង់មាននូវសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះអាទិករ។ របស់សព្វសារពើត្រូវបានបង្កើតឡើង និងបន្តនៅស្ថិតស្ថេរ ដោយសារតែព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយនៅក្នុងរបៀបដូចគ្នា ឡាសារបានដើរចេញពីផ្នូររបស់គាត់ ដោយសារតែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្ហាញ និងបានសម្រេចជាការពិតនៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ សិទ្ធិអំណាច និងសមត្ថភាពបែបនេះជាកម្មសិទ្ធិរបស់ព្រះអាទិករ និងរបស់បុត្រមនុស្សដែលព្រះអាទិករបានស្ដែងចេញនៅក្នុងអង្គទ្រង់។ ការដែលព្រះជាម្ចាស់ប្រោសឡាសារឲ្យមានជីវិតរស់ឡើងវិញពីស្លាប់នេះ គឺជាការយល់ដឹងមួយដែលទ្រង់ចង់បង្រៀនដល់មនុស្សលោក។ ឥឡូវនេះ យើងនឹងបញ្ចប់កិច្ចពិភាក្សារបស់យើងអំពីប្រធានបទនេះ។ បន្ទាប់មក ចូរយើងអានថែមទៀតចេញពីបទគម្ពីរ។

១០. ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ

ម៉ាកុស ៣:២១-២២ ហើយពេលដែលមិត្តភក្តិរបស់ទ្រង់បានឮដំណឹងនេះ ពួកគេបានចេញទៅចាប់ព្រះ‌អង្គមកវិញ ព្រោះពួកគេបាននិយាយថា ព្រះ‌អង្គវង្វេងស្មារតី។ ហើយពួកអាចារ្យដែលចុះមកពីក្រុងយេរូ‌សាឡឹមនិយាយថា៖ «ទ្រង់មានអារក្សបេលសេ‌ប៊ូលចូល ហើយទ្រង់ដេញអារក្សបាន ដោយសារមេអារក្សនោះ»។

១១. ការស្ដីបន្ទោសរបស់ព្រះយេស៊ូវទៅកាន់ពួកផារីស៊ី

ម៉ាថាយ ១២:៣១-៣២ ហេតុដូច្នេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ ហើយអ្នកណាដែលពោលពាក្យប្រឆាំងនឹងបុត្រមនុស្ស គេនឹងត្រូវអត់ទោសឲ្យបាន ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។

ម៉ាថាយ ២៣:១៣-១៥ ប៉ុន្តែ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបិទមិនឲ្យមនុស្សចូលទៅក្នុងនគរស្ថាន‌សួគ៌ឡើយ។ អ្នករាល់គ្នាមិនព្រមចូលខ្លួនឯងហើយ ថែមទាំងរាំងស្ទះអស់អ្នកដែលកំពុងចូលនោះ មិនឲ្យចូលទៀត។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាបំផ្លាញផ្ទះរបស់ស្រ្ដីមេម៉ាយ ហើយធ្វើពុតជាអធិស្ឋានយូរ។ បើដូច្នេះ អ្នករាល់គ្នាមុខជាទទួលទោសកាន់តែធ្ងន់មិនខាន។ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! ព្រោះអ្នករាល់គ្នាខំធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក ដើម្បីបានមនុស្សម្នាក់ចូលសាសនា តែកាលណាគេចូលសាសនាហើយ អ្នករាល់គ្នាបែរជាធ្វើឲ្យគេអាក្រក់សមនឹងធ្លាក់នរក ជាងអ្នករាល់គ្នាមួយទ្វេជាពីរ។

មាតិការនៃបទគម្ពីរទាំងពីរខាងលើនេះមានលក្ខណៈខុសគ្នា។ ជាដំបូង ចូរយើងពិនិត្យមើលបទគម្ពីរទីមួយ៖ ការវិនិច្ឆ័យរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវ។

នៅក្នុងព្រះគម្ពីរ ការវាយតម្លៃរបស់ពួកផារីស៊ីទៅលើព្រះយេស៊ូវផ្ទាល់ និងកិច្ចការដែលទ្រង់បានធ្វើគឺ៖ “ពួកគេបាននិយាយថា ព្រះ‌អង្គវង្វេងស្មារតី... ទ្រង់មានអារក្សបេលសេ‌ប៊ូលចូល ហើយទ្រង់ដេញអារក្សបាន ដោយសារមេអារក្សនោះ» (ម៉ាកុស ៣:២១-២២)។ ការវិនិច្ឆ័យរបស់ពួកអាចារ្យ និងពួកផារីស៊ីទៅលើព្រះ អម្ចាស់យេស៊ូវ គឺមិនមែនពួកគេគ្រាន់តែយកតម្រាប់តាមពាក្យរបស់អ្នកដទៃឡើយ ហើយក៏មិនមែនជាការសន្និដ្ឋានដែលគ្មានមូលដ្ឋាននោះដែរ ប៉ុន្តែវាជាការសន្និដ្ឋានមួយដែលពួកគេមានអំពីព្រះអម្ចាស់យេស៊ូវចេញពីអ្វីដែលពួកគេបានឃើញ និងបានស្ដាប់ឮ តាមរយៈពីទង្វើរបស់ទ្រង់។ ទោះបីសេចក្តីសន្និដ្ឋានរបស់គេត្រូវបានធ្វើឡើងដោយអួតក្អេងក្អាងនៅក្នុងនាមនៃសេចក្តីយុត្តិធម៌ ហើយមនុស្សមើលទៅហាក់ដូចជាសមហេតុផលក៏ដោយ ប៉ុន្តែ ការដែលពួកគេបានវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវទាំងភាពក្រអឺតក្រទមនោះ ពិតជាពិបាកសម្រាប់ពួកគេក្នុងការទប់ណាស់។ ថាមពលដ៏ក្ដៅនៃចិត្តស្អប់របស់គេដែលមានចំពោះព្រះអម្ចាស់យេស៊ូវ បានបង្ហាញចេញពីមហិច្ឆតាដ៏ព្រៃផ្សៃ និងទឹកមុខដ៏អាក្រក់បែបសាតាំងរបស់ពួកគេ ក៏ដូចជានិស្ស័យបែបព្យាបាទរបស់គេដែលនាំឲ្យពួកគេប្រឆាំងនឹងព្រះជាម្ចាស់។ អ្វីៗដែលពួកគេបាននិយាយនៅក្នុងការវិនិច្ឆ័យរបស់គេចំពោះព្រះអម្ចាស់យេស៊ូវ ត្រូវបានជំរុញចេញមកពីមហិច្ឆតាដ៏ព្រៃផ្សៃ ចិត្តឈ្នានីស និស្ស័យដ៏អាក្រក់ និងព្យាបាទនៃការប្រឆាំងរបស់គេចំពោះព្រះជាម្ចាស់ និងសេចក្តីពិត។ ពួកគេមិនបានស៊ើបអង្កេតរកមើលប្រភពនៃសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូវ ហើយក៏មិនបានស៊ើបរកមើលសារជាតិនៃអ្វីដែលទ្រង់បានមានបន្ទូល ឬបានធ្វើនោះដែរ។ ផ្ទុយទៅវិញ ដោយភាពងងឹតងងុល នៅក្នុងសភាពនៃអារម្មណ៍ដ៏ឆ្កួតឡប់ និងជាមួយចិត្តព្យាបាទផងនោះ ពួកគេបានវាយប្រហារ និងនិយាយមើលងាយដល់កិច្ចការដែលទ្រង់បានធ្វើ។ ពួកគេបានថែមទាំងនិយាយបង្កាច់បង្ខូចដល់ព្រះវិញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណបរិសុទ្ធ និងជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៀតផង។ នេះជាអ្វីដែលពួកគេចង់មានន័យ នៅពេលដែលពួកគបាននិយាយថា៖ “ព្រះ‌អង្គវង្វេងស្មារតី” “អារក្សបេលសេ‌ប៊ូល” និង “ដោយសារមេអារក្ស”។ គឺអាចនិយាយបានថា ពួកគេបាននិយាយថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាអារក្សបេលសេប៊ូល និងជាមេអារក្ស។ ពួកគេបានចាត់ថ្នាក់កិច្ចការយកកំណើតជាមនុស្សនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលបានពាក់អង្គទ្រង់នៅក្នុងរូបសាច់នោះថាជាដំណើរឆ្កួតលីលា។ ពួកគេមិនគ្រាន់តែប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ថាជាអារក្សបេលសេប៊ូល និងជាមេអារក្សប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏បានថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងថ្កោលទោស និងប្រមាថដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទផងដែរ។ សារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់គេ គឺដូចទាំងស្រុងនឹងសារជាតិនៃការប្រឆាំង និងការប្រមាថព្រះជាម្ចាស់របស់សាតាំង និងពួកអារក្សផងដែរ។ ពួកគេមិនគ្រាន់តែតំណាងឲ្យមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ជាតំណាងឲ្យសាតាំងផងដែរ។ ពួកគេជាបណ្ដាញរបស់អារក្សសាតាំងនៅក្នុងចំណោមមនុស្សជាតិ ហើយពួកគេជាអ្នកសមគំនិត និងបាវបម្រើរបស់អារក្សសាតាំង។ សារជាតិនៃការប្រមាថ និងការនិយាយបង្កាច់បង្ខូចរបស់ពួកគេចំពោះព្រះអម្ចាស់យេស៊ូវគ្រីស្ទ គឺជាការប្រយុទ្ធរបស់គេទាស់នឹងព្រះជាម្ចាស់ ដើម្បីចង់បានឋានៈ ការប្រកួតប្រជែងរបស់គេជាមួយព្រះជាម្ចាស់ និងការល្បងលមិនចេះចប់មិនចេះហើយរបស់គេជាមួយព្រះជាម្ចាស់។ សារជាតិនៃការប្រឆាំងរបស់គេចំពោះព្រះជាម្ចាស់ និងចិត្តគំនិតប្រឆាំងរបស់គេចំពោះទ្រង់ ក៏ដូចជាពាក្យសម្ដី ព្រមទាំងគំនិតដែលគេបានប្រមាថដោយផ្ទាល់ដល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងធ្វើឲ្យទ្រង់ខ្ញាល់យ៉ាងខ្លាំង។ ដូច្នេះ ព្រះជាម្ចាស់បានសម្រេចនូវការជំនុំជម្រះដ៏សមហេតុផលមួយ ដោយផ្អែកលើអ្វីដែលពួកគេបាននិយាយ និងបានធ្វើ ហើយព្រះជាម្ចាស់បានកំណត់ថា ទង្វើរបស់គេជាអំពើបាបនៃការប្រមាថទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ។ អំពើបាបនេះមិនអាចអត់ទោសឲ្យបានឡើយ ទាំងនៅក្នុងលោកនេះ និងលោកខាងមុខ ដ្បិតនេះជាអ្វីដែលមានចែងទុកនៅក្នុងបទគម្ពីរខាងក្រោម៖ “មនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។” ហើយ “អ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។ នៅថ្ងៃនេះ ចូរយើងជជែកគ្នាអំពីអត្ថន័យដ៏ពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ។៖ “អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ។” ដូច្នេះ ចូរយើងពន្យល់ពីរបៀបដែលព្រះជាម្ចាស់សម្រេចតាមព្រះបន្ទូលថា៖ “អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ។”

អ្វីៗគ្រប់យ៉ាងដែលយើងបានជជែកគ្នានេះ សុទ្ធតែទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ និងចិត្តគំនិតដែលទ្រង់មានចំពោះមនុស្ស ព្រឹត្តិការណ៍និងវត្ថុ។ តាមធម្មតា បទគម្ពីរទាំងនេះខាងលើ គឺគ្មានការលើកលែងឡើយ។ តើឯងរាល់គ្នាបានកត់សម្គាល់អ្វីមួយនៅក្នុងបទគម្ពីរទាំងពីរនេះទេ? អ្នកខ្លះនិយាយថា ពួកគេមើលឃើញព្រះពិរោធរបស់ព្រះជាម្ចាស់នៅក្នុងបទគម្ពីរទាំងនេះ។ អ្នកខ្លះនិយាយថា ពួកគេមើលឃើញជ្រុងមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអត់ឱនចំពោះការបំពានរបស់មនុស្សលោក ហើយនិយាយទៀតថា ប្រសិនបើមនុស្សធ្វើអ្វីមួយដែលប្រមាថចំពោះព្រះជាម្ចាស់ នោះពួកគេនឹងមិនទទួលបានការអត់ទោសរបស់ទ្រង់ឡើយ។ ក្រៅពីការពិតដែលមនុស្សមើលឃើញ និងយល់ឃើញអំពីព្រះពិរោធ និងសេចក្តីមិនអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការបំពានរបស់មនុស្សលោកនៅក្នុងបទគម្ពីរទាំងពីរនេះ ពួកគេនៅតែមិនទាន់យល់អំពីចិត្តគំនិតរបស់ទ្រង់នោះឡើយទេ។ នៅក្នុងបទគម្ពីរទាំងពីរនេះ មានបង្កប់ន័យអំពីចិត្តគំនិតដ៏ពិតរបស់ព្រះជាម្ចាស់ និងវិធីសាស្ត្ររបស់ទ្រង់ដែលត្រូវធ្វើចំពោះមនុស្សដែលប្រមាថ និងធ្វើឲ្យទ្រង់ខ្ញាល់។ ចិត្តគំនិត និងវិធីសាស្ត្ររបស់ទ្រង់បង្ហាញអំពីអត្ថន័យដ៏ពិតនៃបទគម្ពីរខាងក្រោម៖ “អ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះ‌វិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។ នៅពេលដែលមនុស្សប្រមាថព្រះជាម្ចាស់ និងនៅពេលដែលពួកគេធ្វើឲ្យទ្រង់ខ្ញាល់ ទ្រង់ចេញសាលក្រមមួយ ហើយសាលក្រមនេះគឺជាលទ្ធផលដែលទ្រង់បានសម្រេច។ វាត្រូវបានពណ៌នាតាមបែបនេះនៅក្នុងព្រះគម្ពីរ៖ “ហេតុដូច្នេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ (ម៉ាថាយ ១២:៣១) និង “ប៉ុន្តែ ពួកអាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់គ្នាត្រូវវេទនាហើយ!” (ម៉ាថាយ ២៣:១៣) យ៉ាងណាក៏ដោយ តើនៅក្នុងព្រះគម្ពីរមានកត់ត្រាទុកដែរឬទេអំពីលទ្ធផលរបស់ពួកអាចារ្យ និងពួកផារីស៊ី ព្រមទាំងមនុស្សដែលបាននិយាយថា ព្រះអម្ចាស់យេស៊ូវឆ្កួតឡប់ ក្រោយពេលទ្រង់បានមានបន្ទូលទាំងនេះ? តើមានកត់ត្រាទុកដែរឬទេថា ពួកគេបានទទួលទារុណកម្មណាមួយ? យើងអាចនិយាយយ៉ាងច្បាស់ថា គឺអត់ទេ។ ការនិយាយថា “អត់ទេ” នៅត្រង់នេះ មិនមែនមានន័យថា វាគ្មានការកត់ត្រាបែបនេះឡើយ ប៉ុន្តែវាគ្រាន់តែមានន័យថា នៅចំពោះភ្នែករបស់មនុស្សលោក គឺគេមិនអាចមើលឃើញលទ្ធផលនោះឡើយ។ ការនិយាយថា “វាមិនត្រូវបានកត់ត្រាទុក” ចង់បង្ហាញអំពីចិត្តគំនិត និងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការដោះស្រាយកិច្ចការផ្សេងៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបានប្រោសឲ្យជាភ្នែកដែលខ្វាក់ ឬត្រចៀកដែលថ្លង់របស់មនុស្សដែលប្រមាថ ឬប្រឆាំងនឹងទ្រង់ ឬមនុស្សដែលនិយាយបង្កាច់បង្ខូចទ្រង់ ដែលជាមនុស្សដែលមានបំណងវាយប្រហារ និយាយបង្កាច់បង្ខូច និងជេរប្រទេចផ្ដាសាទ្រង់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់មានចិត្តគំនិតដ៏ច្បាស់លាស់មួយចំពោះពួកគេ។ ទ្រង់ស្អប់ខ្ពើមមនុស្សទាំងនេះ ហើយទ្រង់ថ្កោលទោសពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់ថែមទាំងប្រកាសដោយចំហអំពីលទ្ធផលដែលពួកគេនឹងទទួលបាន ដើម្បីឲ្យមនុស្សដឹងថា ទ្រង់មានចិត្តគំនិតដ៏ច្បាស់លាស់មួយចំពោះមនុស្សដែលប្រមាថទ្រង់ និងដើម្បីឲ្យពួកគេដឹងអំពីរបៀបដែលទ្រង់នឹងកំណត់លទ្ធផលរបស់គេ។ យ៉ាងណាមិញ ក្រោយពេលព្រះជាម្ចាស់បានមានបន្ទូលរឿងទាំងនេះរួច មនុស្សសឹងតែមិនអាចមើលឃើញពីសេចក្តីពិតអំពីរបៀបដែលព្រះជាម្ចាស់នឹងដោះស្រាយជាមួយមនុស្សទាំងនោះ ហើយពួកគេក៏មិនអាចយល់អំពីគោលការណ៍ដែលនៅពីក្រោយលទ្ធផល និងសាលក្រមដែលព្រះជាម្ចាស់បានចេញចំពោះពួកគេផងដែរ។ គឺអាចនិយាយបានថា មនុស្សមិនអាចមើលឃើញវិធីសាស្ត្រ និងរបៀបដ៏ជាក់ស្ដែងដែលព្រះជាម្ចាស់មានក្នុងការដោះស្រាយជាមួយពួកគេឡើយ។ ការនេះត្រូវពាក់ព័ន្ធនឹងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីដោះស្រាយជាមួយទង្វើអាក្រក់របស់មនុស្សខ្លះ។ នេះមានន័យថា ទ្រង់មិនប្រកាសពីអំពើបាបរបស់គេ ហើយមិនកំណត់ពីលទ្ធផលរបស់គេឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីប្រទានជាទោសទណ្ឌ និងការដាក់ទោសដល់ពួកគេ។ នៅពេលដែលការពិតទាំងនេះកើតឡើង វាជាសាច់ឈាមរបស់មនុស្សដែលរងទោសទណ្ឌ ហើយទោសទណ្ឌនេះ មានន័យថាជាអ្វីមួយដែលភ្នែកមនុស្សអាចមើលឃើញ។ នៅពេលដែលដោះស្រាយជាមួយឥរិយាបថអាក្រក់របស់មនុស្ស ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលដាក់បណ្ដាសាពួកគេ ហើយព្រះពិរោធរបស់ទ្រង់ក៏ធ្លាក់លើពួកគេដែរ ប៉ុន្តែទោសទណ្ឌដែលពួកគេទទួលនោះ គឺជាអ្វីមួយដែលមនុស្សមើលមិនឃើញឡើយ។ យ៉ាងណាមិញ លទ្ធផលប្រភេទនេះអាចមានកម្រិតធ្ងន់ធ្ងរជាងលទ្ធផលដែលមនុស្សអាចមើលឃើញ ដូចជាការរងទារុណកម្ម ឬត្រូវគេសម្លាប់ទៅទៀត។ នោះគឺដោយសារតែនៅក្រោមកាលៈទេសៈដែលព្រះជាម្ចាស់បានកំណត់នោះ មិនបានសង្រ្គោះមនុស្សបែបនេះ លែងបង្ហាញសេចក្តីមេត្តាករុណា ឬលែងមានការអត់ឱនចំពោះពួកគេ និងប្រទានឲ្យពួកគេនូវឱកាសទៀតហើយ ដូច្នេះ ចិត្តគំនិតដែលទ្រង់មានចំពោះពួកគេ គឺជាការបោះបង់ពួកគេចោល។ តើអ្វីទៅជាអត្ថន័យនៃពាក្យថា “បោះបង់ចោល”? អត្ថន័យមូលដ្ឋាននៃពាក្យនេះ គឺជា “ការទុកពួកគេនៅម្ដុំ ឬលែងយកចិត្តទុកដាក់ចំពោះគេតទៅទៀត។” ប៉ុន្តែនៅត្រង់នេះ នៅពេលដែលព្រះជាម្ចាស់ “បោះបង់មនុស្សម្នាក់ចោល” វាមានសេចក្តីពន្យល់ពីរខុសគ្នាអំពីអត្ថន័យរបស់វា៖ សេចក្តីពន្យល់ទីមួយគឺថា ទ្រង់បានប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងរបស់បុគ្គលនោះទៅឲ្យសាតាំង ហើយព្រះជាម្ចាស់នឹងលែងទទួលខុសត្រូវ និងគ្រប់គ្រងលើបុគ្គលនោះទៀតហើយ។ មិនថាបុគ្គលនោះឆ្កួត ឬល្ងង់ខ្លៅ ឬមិនថាពួកគេស្លាប់ ឬរស់ ឬប្រសិនបើពួកគេធ្លាក់ទៅក្នុងស្ថាននរកសម្រាប់ទារុណកម្មរបស់គេក៏ដោយ ក៏វាគ្មានពាក់ព័ន្ធអ្វីជាមួយព្រះជាម្ចាស់នោះដែរ។ នេះមានន័យថា មនុស្សរូបនេះនឹងគ្មានទំនាក់ទំនងអ្វីជាមួយព្រះអាទិករឡើយ។ សេចក្តីពន្យល់ទីពីរគឺថា ព្រះជាម្ចាស់បានសម្រេចថា ទ្រង់ផ្ទាល់ចង់ធ្វើអ្វីមួយជាមួយបុគ្គលនេះ ដោយព្រះហស្តរបស់ទ្រង់ផ្ទាល់។ ទ្រង់អាចនឹងប្រើការបម្រើរបស់បុគ្គលនេះ ឬទ្រង់អាចនឹងប្រើពួកគេជាតួអង្គផ្ទុយ។ ទ្រង់អាចនឹងមានរបៀបដ៏ពិសេសមួយនៃការដោះស្រាយជាមួយបុគ្គលបែបនេះ របៀបដ៏ពិសេសមួយនៃការប្រព្រឹត្តចំពោះពួកគេ ឧទាហរណ៍ ដូចជាលោកប៉ុល។ នេះគឺជាគោលការណ៍ និងចិត្តគំនិតដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែលទ្រង់បានសម្រេច ដើម្បីដោះស្រាយជាមួយមនុស្សបែបនេះ។ ដូច្នេះ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ និយាយបង្កាច់បង្ខូច និងប្រមាថទ្រង់ ប្រសិនបើពួកគេធ្វើឲ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ ឬប្រសិនបើពួកគេធ្វើហួសដែនកំណត់នៃសេចក្តីអត់ឱនរបស់ទ្រង់ នោះផលវិបាកនឹងហួសពីការគិតរបស់គេទៅទៀត។ ផលវិបាកដ៏ធ្ងន់ធ្ងរបំផុតគឺថា ព្រះជាម្ចាស់ប្រគល់ជីវិត និងអ្វីៗគ្រប់យ៉ាងអំពីពួកគេទៅឲ្យសាតាំងតែម្ដងជាសូរេច។ ពួកគេនឹងមិនទទួលបានការអត់ទោសអស់កល្បជានិច្ច។ នេះមានន័យថា បុគ្គលនេះបានក្លាយជាអាហារនៅក្នុងមាត់របស់សាតាំង ជារបស់លេងនៅក្នុងដៃរបស់វា ហើយបន្ទាប់មក ព្រះជាម្ចាស់គ្មានពាក់ព័ន្ធអ្វីទៀតជាមួយពួកគេឡើយ។ តើឯងរាល់គ្នាអាចស្រមៃឃើញពីទុក្ខវេទនារបស់យ៉ូប នៅពេលដែលសាតាំងបានល្បួងគាត់ដែរឬទេ? ទោះបីស្ថិតនៅក្រោមលក្ខខណ្ឌថា សាតាំងមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ជីវិតរបស់លោកយ៉ូបក៏ដោយ ក៏យ៉ូបនៅតែរងទុក្ខវេទនាយ៉ាងខ្លាំងដដែល។ តើវាមិនកាន់តែពិបាកស្រមើស្រមៃអំពីទុក្ខវេទនាដែលសាតាំងនឹងធ្វើទៅលើមនុស្សម្នាក់ដែលព្រះជាម្ចាស់បានប្រគល់ទៅក្នុងដៃរបស់សាតាំង ដែលស្ថិតក្នុងកណ្ដាប់ដៃរបស់វាទាំងស្រុង ដែលបានបាត់បង់ការយកចិត្តទុកដាក់ សេចក្តីមេត្តាករុណាទាំងស្រុងរបស់ព្រះជាម្ចាស់ ដែលលែងស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដែលត្រូវបានដកហូតសិទ្ធិក្នុងការថ្វាយបង្គំទ្រង់ និងសិទ្ធិក្នុងការក្លាយជាសត្តនិករម្នាក់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ ហើយបានកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយព្រះអម្ចាស់នៃសត្តនិករនោះ? ការបៀតបៀនរបស់សាតាំងចំពោះលោកយ៉ូប គឺជាអ្វីមួយដែលភ្នែករបស់មនុស្សអាចមើលឃើញ ប៉ុន្តែប្រសិនបើព្រះជាម្ចាស់ប្រគល់ជីវិតរបស់មនុស្សទៅឲ្យសាតាំងវិញ នោះផលវិបាកនឹងហួសពីការស្រមើស្រមៃរបស់មនុស្សទៅទៀត។ ឧទាហរណ៍ មនុស្សខ្លះអាចកើតម្ដងទៀតជាសត្វគោ ឬសត្វលា ខណៈពេលដែលអ្នកខ្លះទៀតអាចត្រូវបានគ្រប់គ្រង និងកាន់កាប់ ដោយពួកវិញ្ញាណអាក្រក់ ឬពួកវិញ្ញាណមិនបរិសុទ្ធ ជាដើម។ ទាំងនេះគឺជាលទ្ធផលរបស់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានប្រគល់ទៅឲ្យសាតាំង។ បើមើលពីខាងក្រៅ វាហាក់ដូចជាមនុស្សដែលចំអក និយាយបង្កាច់បង្ខួច ថ្កោលទោស និងប្រមាថដល់ព្រះអម្ចាស់យេស៊ូវទាំងនោះ មិនទទួលរងផលវិបាកណាមួយឡើយ។ យ៉ាងណា មិញ ការពិតនោះគឺថា ព្រះជាម្ចាស់មាននូវវិធីសាស្ត្រមួយក្នុងការដោះស្រាយជាមួយអ្វីៗទាំងអស់។ ទ្រង់មិនអាចប្រើភាសាច្បាស់លាស់ ដើម្បីប្រាប់មនុស្សអំពីលទ្ធផលនៃរបៀបដែលទ្រង់ដោះស្រាយជាមួយមនុស្សគ្រប់ប្រភេទនោះឡើយ។ ពេលខ្លះ ទ្រង់មិនមានបន្ទូលដោយផ្ទាល់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់បែរជាធ្វើដោយផ្ទាល់វិញ។ ការដែលទ្រង់មិនមានបន្ទូលនោះ មិនមែនមានន័យថា វាគ្មានលទ្ធផលនោះឡើយ ប៉ុន្តែនៅក្នុងករណីនេះ លទ្ធផលអាចនឹងមានកម្រិតកាន់តែធ្ងន់ធ្ងរផង។ បើមើលពីខាងក្រៅ វាអាចមានមនុស្សខ្លះដែលព្រះជាម្ចាស់មិនមានបន្ទូលច្បាស់ៗប្រាប់អំពីចិត្តគំនិតរបស់ទ្រង់ឡើយ នោះគឺដោយសារតែព្រះជាម្ចាស់លែងគិតគូរអំពីពួកគេ តាំងពីយូរណាស់មកហើយ។ ទ្រង់លែងចង់ឃើញពួកគេទៀតហើយ។ ដោយសាតែអ្វីដែលពួកគេបានធ្វើ និងឥរិយាបថរបស់គេ ដោយសារតែនិស្ស័យ និងសារជាតិរបស់គេ ព្រះជាម្ចាស់ចង់ឲ្យពួកគេរលាយបាត់ពីព្រះនេត្ររបស់ទ្រង់តែម្ដង ទ្រង់ចង់ប្រគល់ពួកគេដោយផ្ទាល់ទៅឲ្យសាតាំង ចង់ប្រទានវិញ្ញាណ ព្រលឹង និងរូបកាយរបស់គេទៅឲ្យសាតាំង និងបើកដៃឲ្យសាតាំងធ្វើអ្វីតាមអំពើចិត្តរបស់វាជាមួយពួកគេ។ វាស្ដែងចេញឲ្យឃើញយ៉ាងច្បាស់អំពីកម្រិតដែលព្រះជាម្ចាស់ស្អប់ពួកគេ ឃើញពីកម្រិតដែលទ្រង់បានខ្ពើមរអើមពួកគេ។ ប្រសិនបើមនុស្សម្នាក់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ដល់កម្រិតមួយដែលព្រះជាម្ចាស់មិនចង់ឃើញពួកគេតទៅទៀត ហើយត្រៀមបោះបង់ពួកគេចោលទាំងស្រុង ដល់កម្រិតមួយដែលទ្រង់លែងចង់ពាក់ព័ន្ធជាមួយពួកគេទៀត ហើយប្រសិនបើវាដល់កម្រិតមួយដែលទ្រង់នឹងប្រគល់ពួកគេទៅឲ្យសាតាំងធ្វើតាមអំពើចិត្តរបស់វា បើកដៃឲ្យសាតាំងត្រួតត្រា ស៊ីបំផ្លាញ និងប្រព្រឹត្តចំពោះពួកគេតាមទំនើងចិត្តរបស់វាទៅហើយ បុគ្គលនេះត្រូវចប់ទាំងស្រុងមិនខាន។ សិទ្ធិរបស់គេជានាមជាមនុស្ស ត្រូវបានដកហូតជាអចិន្ត្រៃយ៍ ហើយសិទ្ធិរបស់គេក្នុងនាមជាសត្វលោកនៃសត្តនិកររបស់ព្រះជាម្ចាស់នោះ ក៏បានមកដល់ទីបញ្ចប់ដែរ។ តើនេះមិនមែនជាទារុណកម្មដ៏ធ្ងន់ធ្ងរបំផុតទេឬអី?

សេចក្ដីពន្យល់ទាំងអស់ខាងលើ គឺជាសេចក្តីពន្យល់ដ៏ពេញលេញសម្រាប់ព្រះបន្ទូលថា៖ “អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ»។ ហើយវាក៏បម្រើជាសេចក្តីអត្ថាធិប្បាយដ៏សាមញ្ញមួយអំពីបទគម្ពីរទាំងនេះផងដែរ។ អញជឿថា ឥឡូវនេះ ឯងរាល់គ្នាមាននូវការយល់ដឹងអំពីអត្ថន័យរបស់វាហើយ។

ឥឡូវនេះ ចូរយើងអានបទគម្ពីរខាងក្រោម។

១២. ព្រះបន្ទូលរបស់ព្រះយេស៊ូវទៅកាន់សិស្សរបស់ទ្រង់ ក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញពីសុគត។

យ៉ូហាន ២០:២៦-២៩ ហើយប្រាំបីថ្ងៃក្រោយមក ពួកសិស្សរបស់ទ្រង់បានជុំគ្នានៅក្នុងផ្ទះម្តងទៀត ហើយថូម៉ាសក៏នៅជាមួយដែរ។ កាលនោះ ព្រះ‌យេស៊ូវបានយាងមក ទាំងទ្វារនៅបិទ ទ្រង់ឈរនៅកណ្ដាលពួកគេ ហើយមានព្រះ‌បន្ទូលថា៖ «សូមឲ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា!» បន្ទាប់មក ទ្រង់មានព្រះ‌បន្ទូលទៅថូម៉ាសថា៖ «ចូរយកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំមើល៍ ហើយលូកដៃអ្នកមកចាក់ឆ្អឹងជំនីរខ្ញុំនៅត្រង់នេះ។ កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ!»។ ថូម៉ាសទូលព្រះ‌អង្គថា៖ «ឱព្រះ‌អម្ចាស់នៃទូលបង្គំ និងព្រះជាម្ចាស់នៃទូលបង្គំអើយ!» ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកបានជឿដោយសារតែអ្នកបានឃើញខ្ញុំ ដូច្នេះមានពរហើយចំពោះអ្នកណាដែលជឿ ដោយមិនបានឃើញនោះ!»។

យ៉ូហាន ២១:១៦-១៧ ព្រះ‌អង្គបានមានព្រះ‌បន្ទូលទៅគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលទៅទ្រង់ថា៖ «ក្រាបទូលព្រះ‌អម្ចាស់ ព្រះ‌អង្គជ្រាបស្រាប់ហើយថា ទូលបង្គំស្រឡាញ់ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវបានមានព្រះ‌បន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះ‌អង្គបានមានព្រះ‌បន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ពេត្រុសបានចិត្តព្រួយ ដោយសារតែព្រះ‌អង្គមានព្រះ‌បន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?»។ លោកទូលតបទៅព្រះ‌អង្គថា៖ «ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គជ្រាបអំពីអ្វីៗទាំងអស់ ហើយទ្រង់ក៏ជ្រាបដែរថា ទូលបង្គំស្រឡាញ់ព្រះ‌អង្គ»។ ព្រះ‌យេស៊ូវមានព្រះ‌បន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង។»

អ្វីដែលបទគម្ពីរទាំងនេះពណ៌នា គឺជាកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងបានមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ ក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញពីសុគត។ ជាដំបូង ចូរយើងពិនិត្យមើលអំពីភាពខុសគ្នាដែលអាចមាននៅក្នុងព្រះអម្ចាស់យេស៊ូវមុនពេល និងក្រោយពេលការមានព្រះជន្មរស់ឡើងវិញ។ តើទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែលដូចកាលពីមុនឬទេ? បទគម្ពីរមានចែងអំពីឃ្លាមួយដែលពណ៌នាអំពីព្រះអម្ចាស់យេស៊ូវ ក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញថា៖ “កាលនោះ ព្រះ‌យេស៊ូវបានយាងមក ទាំងទ្វារនៅបិទ ទ្រង់ឈរនៅកណ្ដាលពួកគេ ហើយមានព្រះ‌បន្ទូលថា៖ «សូមឲ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នា!» វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ព្រះអម្ចាស់យេស៊ូវនៅគ្រានោះលែងគង់សណ្ឋិតនៅក្នុងរូបកាយខាងសាច់ឈាមទៀតហើយ ប៉ុន្តែឥឡូវនេះ ទ្រង់បានគង់នៅក្នុងរូបកាយខាងវិញ្ញាណវិញ។ នោះគឺដោយសារតែទ្រង់បានឡើងហួសដែនកំណត់ខាងសាច់ឈាម ហើយទោះបីជាទ្វារបានជាប់សោក៏ដោយ ក៏ទ្រង់នៅតែអាចយាងចូលទៅក្នុងចំណោមមនុស្ស ហើយអនុញ្ញាតឲ្យពួកគេមើលឃើញទ្រង់ដដែល។ នេះគឺជាភាពខុសគ្នាដ៏ធំមួយរវាងព្រះអម្ចាស់យេស៊ូវ ក្រោយការមានព្រះជន្មរស់ឡើងវិញ និងព្រះអម្ចាស់យេស៊ូវដែលមានព្រះជន្មនៅក្នុងសាច់ឈាម មុនពេលការមានព្រះជន្មរស់ឡើងវិញ។ ទោះបីវាគ្មានភាពខុសគ្នារវាងរូបរាងនៃរូបកាយខាងវិញ្ញាណនាពេលនោះ និងរូបរាងរបស់ព្រះអម្ចាស់យេស៊ូវកាលពីមុនក៏ដោយ ប៉ុន្តែព្រះអម្ចាស់យេស៊ូវនៅក្នុងពេលនោះ បានក្លាយជាព្រះមួយអង្គដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាមិនស្គាល់ទ្រង់ឡើយ ដោយសារតែទ្រង់បានក្លាយជារូបកាយខាងវិញ្ញាណ ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញពីសុគត ហើយបើធៀបទៅនឹងសាច់ឈាមពីមុនរបស់ទ្រង់វិញ រូបកាយខាងវិញ្ញាណនេះធ្វើឲ្យមនុស្សច្របូកច្របល់ និងភាន់ច្រឡំកាន់តែខ្លាំង។ វាក៏បានបង្កើតឲ្យមានគម្លាតកាន់តែខ្លាំងរវាងព្រះអម្ចាស់យេស៊ូវ និងមនុស្ស ហើយមនុស្សមានអារម្មណ៍នៅក្នុងដួងចិត្តរបស់គេថា ព្រះអម្ចាស់យេស៊ូវនាពេលនោះកាន់តែមានសភាពអាថ៌កំបាំង។ ការដែលមនុស្សមានការយល់ដឹង និងអារម្មណ៍ទាំងនេះ ភ្លាមៗបាននាំឲ្យពួកគេវិលត្រលប់ទៅកាន់យុគសម័យនៃការជឿលើព្រះជាម្ចាស់ដែលមិនអាចមិនឃើញ ឬប៉ះពាល់បាន។ ដូច្នេះ កិច្ចការដំបូងគេដែលព្រះអម្ចាស់យេស៊ូវបានធ្វើ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ គឺជាការជួយឲ្យមនុស្សគ្រប់គ្នាមើលឃើញទ្រង់ និងដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានព្រះជន្មរស់មែន ព្រមទាំងដើម្បីបញ្ជាក់ពីការពិតនៃការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ លើសពីនេះទៅទៀត សកម្មភាពនេះបានស្ដារទំនាក់ទំនងរបស់ទ្រង់ដែលមានជាមួយពួកគេឲ្យវិលត្រលប់ដូចដើម ដូចកាលដែលទ្រង់កំពុងតែធ្វើការនៅក្នុងសាច់ឈាម ពេលដែលទ្រង់ជាព្រះគ្រីស្ទ ដែលពួកគេអាចមើលឃើញ និងប៉ះពាល់បាន។ លទ្ធផលមួយចេញពីសកម្មភាពនេះគឺថា មនុស្សលែងមានមន្ទិលសង្ស័យថា ព្រះអម្ចាស់យេស៊ូវត្រូវបានមានព្រះជន្មរស់ឡើងវិញពីសុគត ក្រោយត្រូវបានជាប់ឆា្កង ហើយពួកគេក៏លែងមានមន្ទិលសង្ស័យទៅលើកិច្ចការរបស់ព្រះជាម្ចាស់យេស៊ូវក្នុងការប្រោសលោះមនុស្សជាតិទៀតដែរ។ លទ្ធផលមួយទៀតគឺថា ការពិតដែលព្រះអម្ចាស់យេស៊ូវបង្ហាញអង្គទ្រង់ឲ្យពួកគេឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ និងជួយឲ្យមនុស្សមើលឃើញ និងប៉ពាល់ទ្រង់នេះ បានជួយឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណមានជំនឿជាក់ថា ចាប់តាំងពីពេលនេះតទៅ មនុស្សនឹងមិនវិលត្រលប់ទៅកាន់យុគសម័យនៃក្រឹត្យវិន័យមុន ដោយឈរលើមូលដ្ឋាននឹកស្មានថា ព្រះអម្ចាស់យេស៊ូវ “បានបាត់ព្រះកាយ” ឬនឹកស្មានថា ទ្រង់បាន “ចាកចេញទៅ ដោយមិនបានលាគ្នាមួយម៉ាត់” នោះឡើយ។ ដូច្នេះ ទ្រង់ចង់ធានាថា ពួកគេនឹងបន្តធ្វើដំណើរទៅមុខ ដើរតាមសេចក្តីបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ។ ដូច្នោះ ដំណាក់កាលថ្មីមួយនៅក្នុងកិច្ចការនាយុគសម័យនៃព្រះគុណត្រូវបានបើកសម្ភោធជាផ្លូវការ ហើយចាប់ពីពេលនេះតទៅ មនុស្សដែលបានកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ បានងើបផុតពីក្រឹត្យវិន័យជាផ្លូវការ ហើយចូលទៅក្នុងយុគសម័យមួយថ្មី ដែលជាទីចាប់ផ្ដើមថ្មី។ ទាំងនេះគឺជាពហុអត្ថន័យអំពីការបង្ហាញអង្គទ្រង់របស់ព្រះអម្ចាស់យេស៊ូវទៅកាន់មនុស្សលោក ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។

ដោយសារតែឥឡូវនេះ ព្រះអម្ចាស់យេស៊ូវកំពុងតែគង់នៅក្នុងរូបកាយខាងវិញ្ញាណ តើមនុស្សអាចប៉ះពាល់ និងមើលឃើញទ្រង់ដោយរបៀបណាទៅ? សំណួរនេះទាក់ទងនឹងភាពសំខាន់នៃការបង្ហាញអង្គទ្រង់របស់ព្រះអម្ចាស់យេស៊ូវទៅកាន់មនុស្សលោក។ តើឯងរាល់គ្នាបានកត់សម្គាល់ឃើញអ្វីមួយនៅក្នុងបទគម្ពីរដែលយើងទើបតែបានអាននេះឬទេ? ជាទូទៅ រូបកាយខាងវិញ្ញាណមិនអាចមើលឃើញ ឬប៉ះពាល់បានឡើយ ហើយក្រោយការមានព្រះជន្មរស់ឡើងវិញ កិច្ចការដែលព្រះ អម្ចាស់យេស៊ូវបានធ្វើនោះ ក៏បានបញ្ចប់ផងដែរ។ ដូច្នេះ នៅក្នុងទ្រឹស្ដី ទ្រង់មិនចាំបាច់វិលត្រលប់មកគង់នៅកណ្ដាលចំណោមមនុស្សនៅក្នុងរូបភាពដើមរបស់ទ្រង់ ដើម្បីជួបជាមួយពួកគេឡើយ ប៉ុន្តែ ការបង្ហាញអង្គទ្រង់នៃរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវនៅចំពោះមនុស្ស ដូចជាថូម៉ាស បានធ្វើឲ្យភាពសំខាន់នៃការបង្ហាញអង្គទ្រង់របស់ទ្រង់ កាន់តែច្បាស់លាស់ ដើម្បីឲ្យវាចូលកាន់តែស៊ីជម្រៅទៅក្នុងដួងចិត្តរបស់មនុស្ស។ នៅពេលដែលទ្រង់បានយាងទៅរកថូម៉ាស ទ្រង់បានឲ្យថូម៉ាស ដែលមានមន្ទិលសង្ស័យនេះ ពាល់ព្រះហស្តរបស់ទ្រង់ ដោយប្រាប់គាត់ថា៖ «ចូរយកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំមើល៍ ហើយលូកដៃអ្នកមកចាក់ឆ្អឹងជំនីរខ្ញុំនៅត្រង់នេះ។ កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ!»។ ព្រះបន្ទូល និងសកម្មភាពទាំងនេះ មិនមែនជាអ្វីដែលព្រះអម្ចាស់យេស៊ូវចង់មានបន្ទូល និងចង់ធ្វើ ក្រោយពេលទ្រង់បានមានព្រះជន្មរស់ឡើងវិញពីសុគតនោះឡើយ ប៉ុន្តែ តាមពិតទៅ នេះគឺជាអ្វីដែលទ្រង់ចង់ធ្វើ មុនពេលទ្រង់ត្រូវបានជាប់ឆ្កាងវិញទេ។ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា មុនពេលទ្រង់ត្រូវបានជាប់ឆ្កាង ព្រះអម្ចាស់យេស៊ូវបានស្គាល់មនុស្ស ដូចជា ថូម៉ាស រួចស្រេចទៅហើយ។ ដូច្នេះ តើយើងអាចរៀនបានអ្វីខ្លះចេញពីការនេះ? ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែល ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់។ សារជាតិរបស់ទ្រង់មិនបានផ្លាស់ប្ដូរឡើយ។ លោកថូម៉ាសមិនបានមានមន្ទិលសង្ស័យតែពេលនោះឡើយ ប៉ុន្តែគាត់មានតាំងពីពេលដែលគាត់ចាប់ផ្ដើមដើរតាមព្រះអម្ចាស់យេស៊ូវមកម្ល៉េះ។ យ៉ាងណាមិញ នេះគឺជាព្រះអម្ចាស់យេស៊ូវដែលបានមានព្រះជន្មរស់ឡើងវិញពីសុគត និងបានយាងត្រលប់មកវិញពីពិភពខាងវិញ្ញាណជាមួយរូបភាពដើមរបស់ទ្រង់ ជាមួយនិស្ស័យដើមរបស់ទ្រង់ និងជាមួយការយល់ដឹងរបស់ទ្រង់អំពីមនុស្សលោក ចេញពីពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់បានយាងទៅរកថូម៉ាស ហើយឲ្យ ថូម៉ាសពាល់ឆ្អឹងជំនីររបស់ទ្រង់ ដើម្បីកុំឲ្យថូម៉ាសគ្រាន់តែមើលឃើញរូបកាយខាងវិញ្ញាណរបស់ទ្រង់ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ប៉ុន្តែក៏ដើម្បីឲ្យ ថូម៉ាសពាល់ និងមានអារម្មណ៍ពីអត្ថិភាពនៃរូបកាយខាងវិញ្ញាណរបស់ទ្រង់ ហើយជម្រះចោលរាល់មន្ទិលសង្ស័យទាំងអស់របស់គាត់ផងដែរ។ មុនពេលព្រះអម្ចាស់យេស៊ូវបានជាប់ឆ្កាង ថូម៉ាសតែងតែសង្ស័យថា ទ្រង់ជាព្រះគ្រីស្ទ ហើយមិនអាចមានជំនឿឡើយ។ សេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ត្រូវបានតាំងឡើងនៅលើមូលដ្ឋាននៃអ្វីដែលគាត់អាចមើលឃើញ ដោយផ្ទាល់ភ្នែក ព្រមទាំងអ្វីដែលគាត់អាចពាល់ដោយផ្ទាល់ដៃរបស់គាត់ប៉ុណ្ណោះ។ ព្រះអម្ចាស់យេស៊ូវមាននូវការយល់ដឹងដ៏ច្បាស់អំពីសេចក្តីជំនឿរបស់មនុស្សប្រភេទនេះ។ ពួកគេជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌តែមួយប៉ុណ្ណោះ ហើយពួកគេមិនជឿលើព្រះមួយអង្គដែលព្រះជាម្ចាស់បានបញ្ជូនមកនេះឡើយ ឬមិនជឿលើព្រះគ្រីស្ទដែលគង់នៅក្នុងសាច់ឈាម ហើយពួកគេក៏មិនទទួលយកទ្រង់នោះដែរ។ ដើម្បីឲ្យថូម៉ាសទទួលស្គាល់ និងជឿលើអត្ថិភាពរបស់ព្រះអម្ចាស់យេស៊ូវ និងជឿថា ទ្រង់ពិតជាព្រះដែលយកកំណើតជាមនុស្ស ទ្រង់បានឲ្យថូម៉ាសលូកដៃមកពាល់ឆ្អឹងជំនីររបស់ទ្រង់។ តើភាពមន្ទិលសង្ស័យរបស់ថូម៉ាសមានលក្ខណៈខុសគ្នាដែរឬទេ មុនពេល និងក្រោយពេលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ? គាត់តែងតែសង្ស័យជានិច្ច ហើយមានតែពេលដែលរូបកាយខាងវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវបង្ហាញអង្គទ្រង់ឲ្យគាត់បានឃើញដោយផ្ទាល់ និងជួយឲ្យគាត់ពាល់ស្នាមដែកគោលដែលមាននៅលើព្រះកាយរបស់ទ្រង់ប៉ុណ្ណោះ បើមិនដូច្នោះទេ គ្មាននរណាម្នាក់អាចដោះមន្ទិល និងធ្វើឲ្យគាត់ជម្រះចោលរាល់ភាពសង្ស័យរបស់គាត់នោះឡើយ។ ដូច្នេះ ចាប់តាំងពីពេលដែលព្រះអម្ចាស់យេស៊ូវបានឲ្យថូម៉ាសពាល់ឆ្អឹងជំនីររបស់ទ្រង់ និងឲ្យគាត់មានអារម្មណ៍ដឹងអំពីអត្ថិភាពនៃស្នាមដែកគោលមក ភាពសង្ស័យរបស់ថូម៉ាសក៏បានរលាយបាត់សូន្យឈឹង ហើយគាត់បានដឹងយ៉ាងប្រាកដថា ព្រះ អម្ចាស់យេស៊ូវពិតជាបានមានព្រះជន្មរស់ឡើងវិញ ហើយគាត់បានទទួលស្គាល់ និងជឿថា ព្រះអម្ចាស់យេស៊ូវគឺជាព្រះគ្រីស្ទ និងព្រះដែលយកកំណើតជាមនុស្សយ៉ាងប្រាកដមែន។ ទោះបីនៅពេលនោះ ថូម៉ាសលែងមានមន្ទិលសង្ស័យក៏ដោយ ក៏គាត់បានបាត់បង់ជារៀងរហូតនូវឱកាស ដើម្បីជួបជាមួយព្រះគ្រីស្ទដែរ។ គាត់បានបាត់បង់ជារៀងរហូតនូវឱកាស ដើម្បីនៅជាមួយទ្រង់ ដើរតាមទ្រង់ និងស្គាល់ទ្រង់។ គាត់បានបាត់បង់នូវឱកាស ដើម្បីឲ្យព្រះគ្រីស្ទប្រោសគាត់ឲ្យបានគ្រប់លក្ខណ៍។ ការបង្ហាញអង្គទ្រង់របស់ព្រះអម្ចាស់យេស៊ូវ និងព្រះបន្ទូលរបស់ទ្រង់ បានប្រទាននូវសេចក្តីសន្និដ្ឋាន និងសាលក្រមមួយទៅលើសេចក្តីជំនឿរបស់អស់អ្នកដែលពេញដោយភាពសង្ស័យ។ ទ្រង់បានប្រើប្រាស់ព្រះបន្ទូល និងសកម្មភាពពិតៗរបស់ទ្រង់ ដើម្បីប្រាប់ដល់បុគ្គលមានចិត្តសង្ស័យ ប្រាប់មនុស្សដែលគ្រាន់តែជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ តែមិនជឿលើព្រះគ្រីស្ទថា៖ ព្រះជាម្ចាស់មិនបានកោតសរសើរដល់ជំនឿរបស់គេ ហើយទ្រង់ក៏មិនកោតសរសើរពួកគេសម្រាប់ការដើរតាមទ្រង់ ក្នុងពេលដែលពួកគេសង្ស័យលើទ្រង់នោះដែរ។ ថ្ងៃដែលពួកគេជឿទាំងស្រុងលើព្រះជាម្ចាស់ និងព្រះគ្រីស្ទ មានតែជាថ្ងៃដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការដ៏ធំរបស់ទ្រង់ប៉ុណ្ណោះ។ ជាការពិត ថ្ងៃនោះក៏ជាថ្ងៃដែលសាលក្រមត្រូវបានសម្រេចចំពោះភាពសង្ស័យរបស់គេផងដែរ។ ចិត្តគំនិតរបស់គេដែលមានចំពោះព្រះគ្រីស្ទបានកំណត់នូវវាសនារបស់គេ ហើយភាពសង្ស័យដ៏រឹងចចេសរបស់គេបានធ្វើឲ្យសេចក្តីជំនឿរបស់គេមិនបង្កើតផលផ្លែ ហើយចិត្តរឹងរបស់គេបានធ្វើឲ្យសេចក្តីសង្ឃឹមរបស់គេទៅជាអសារឥតការ។ ដោយសារតែជំនឿរបស់គេលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌បានពេញដោយភាពភាន់ច្រឡំ ហើយភាពសង្ស័យរបស់គេចំពោះព្រះគ្រីស្ទ គឺជាចិត្តគំនិតដ៏ពិតរបស់គេដែលមានចំពោះព្រះជាម្ចាស់ ទោះបីពួកគេបានពាល់ស្នាមដែកគោលនៅលើព្រះកាយរបស់ព្រះ អម្ចាស់យេស៊ូវក៏ដោយ ក៏សេចក្តីជំនឿរបស់គេនៅតែគ្មានប្រយោជន៍ ហើយលទ្ធផលរបស់គេអាចត្រូវបានពណ៌នា ដូចជាការដងទឹកដោយប្រើកន្ត្រកឫស្សីអ៊ីចឹង គឺវាគ្មានបានការអ្វីសោះឡើយ។ អ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់ ថូម៉ាស ក៏ជារបៀបដែលទ្រង់កំពុងតែប្រាប់ទៅកាន់មនុស្សគ្រប់រូបយ៉ាងច្បាស់ថា៖ ព្រះអម្ចាស់យេស៊ូវដែលបានរស់ឡើងវិញ គឺជាព្រះអម្ចាស់យេស៊ូវដែលបានចំណាយពេលសាមសិបបីឆ្នាំកន្លះធ្វើការនៅក្នុងចំណោមមនុស្សលោកដែរ។ ទោះបីទ្រង់ត្រូវបានជាប់ឆ្កាង និងបានដកពិសោធន៍នូវស្រមោលនៃសេចក្តីស្លាប់ ហើយទោះបីទ្រង់បានដកពិសោធន៍នូវការរស់ឡើងវិញក៏ដោយ ក៏ទ្រង់មិនមានការផ្លាស់ប្ដូរនៅក្នុងទិដ្ឋភាពណាមួយដែរ។ ទោះបីឥឡូវទ្រង់មានស្នាមដែកគោលនៅលើព្រះកាយរបស់ទ្រង់ ហើយទោះបីទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងបានយាងចេញពីផ្នូរក៏ដោយ ក៏និស្ស័យរបស់ទ្រង់ ការយល់ដឹងរបស់ទ្រង់អំពីមនុស្សជាតិ និងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សជាតិមិនបានផ្លាស់ប្ដូរសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ ជាមួយគ្នាផងដែរ ទ្រង់កំពុងតែប្រាប់ដល់មនុស្សថា ទ្រង់បានយាងចុះពីឈើឆ្កាង យកឈ្នះលើអំពើបាប យកឈ្នះលើទុក្ខលំបាក និងសេចក្តីស្លាប់រួចហើយ។ ស្នាមដែកគោលគ្រាន់តែជាភស្ដុតាងអំពីជ័យជម្នះរបស់ទ្រង់ទៅលើអារក្សសាតាំង ជាភស្តុតាងនៃការក្លាយជាតង្វាយលោះបាប ដើម្បីប្រោសលោះមនុស្សជាតិទាំងអស់ប្រកបដោយភាពជោគជ័យប៉ុណ្ណោះ។ ទ្រង់កំពុងតែប្រាប់ដល់មនុស្សថា ទ្រង់បានទទួលយកអំពើបាបរបស់មនុស្សលោករួចស្រេចទៅហើយ និងចង់ប្រាប់ទៀតថា ទ្រង់បានបញ្ចប់កិច្ចការនៃការប្រោសលោះរបស់ទ្រង់រួចហើយ។ នៅពេលដែលទ្រង់យាងត្រលប់មកជួបសិស្សរបស់ទ្រង់ ទ្រង់បានប្រាប់ពួកគេនូវសារនេះ ពេលទ្រង់បង្ហាញអង្គទ្រង់នោះ៖ “ខ្ញុំនៅមានព្រះជន្មរស់ ខ្ញុំនៅមានជីវិតនៅឡើយទេ។ ថ្ងៃនេះ ខ្ញុំកំពុងតែឈរនៅមុខអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចមើលឃើញ និងប៉ះពាល់ខ្ញុំ។ ខ្ញុំនឹងតែងតែគង់នៅជាមួយអ្នករាល់គ្នាជានិច្ច។” ព្រះអម្ចាស់យេស៊ូវក៏ចង់ប្រើប្រាស់ករណីរបស់ថូម៉ាស ជាសេចក្តីព្រមានមួយដើម្បីប្រាប់ដល់មនុស្សនៅថ្ងៃអនាគតថា៖ ទោះបីឯងមិនអាចមើលឃើញ ឬប៉ះពាល់ព្រះអម្ចាស់យេស៊ូវនៅក្នុងសេចក្តីជំនឿរបស់ឯងលើទ្រង់ក៏ដោយ ក៏ឯងមានពរហើយ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់ឯង ហើយឯងអាចមើលឃើញព្រះ អម្ចាស់យេស៊ូវ ដោយសារតែសេចក្តីជំនឿដ៏ពិតរបស់ឯង ហើយបុគ្គលបែបនេះមានពរហើយ។

ព្រះបន្ទូលដែលចែងនៅក្នុងព្រះគម្ពីរថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូល នៅពេលដែលទ្រង់បានបង្ហាញអង្គទ្រង់ឲ្យថូម៉ាសបានឃើញ បានផ្ដល់ជាជំនួយដ៏ធំចំពោះមនុស្សទាំងអស់នៅក្នុងយុគសម័យនៃព្រះគុណ។ ការបង្ហាញខ្លួនរបស់ទ្រង់នៅចំពោះថូម៉ាស និងព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់គាត់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅទៅលើមនុស្សជំនាន់ក្រោយៗ ហើយវាមាននូវភាពសំខាន់ដ៏ស្ថិតស្ថេរជានិច្ច។ ថូម៉ាសតំណាងឲ្យមនុស្សមួយប្រភេទដែលជឿលើព្រះជាម្ចាស់ ទាំងចិត្តសង្ស័យលើព្រះជាម្ចាស់។ ពួកគេមាននិស្ស័យសង្ស័យ មានដួងចិត្តដ៏កំណាច ទុយ៌ស ហើយមិនជឿលើអ្វីដែលព្រះជាម្ចាស់អាចសម្រេចបាននោះឡើយ។ ពួកគេមិនជឿលើសព្វានុភាពរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់ ហើយក៏មិនជឿលើព្រះដែលយកកំណើតជាមនុស្សដែរ។ យ៉ាងណាមិញ ការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវបានផ្ទុយពីចរិតលក្ខណៈទាំងនេះ ដែលពួកគេមាន ហើយវាក៏បានផ្ដល់ឲ្យពួកគេនូវឱកាស ដើម្បីរកឃើញពីភាពសង្ស័យរបស់គេ ឲ្យស្គាល់ពីភាពសង្ស័យរបស់គេ និងទទួលស្គាល់ពីភាពទុយ៌សរបស់គេ ហើយចាប់ផ្ដើមជឿយ៉ាងពិតប្រាកដលើអត្ថិភាព និងការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូវផងដែរ។ អ្វីដែលបានកើតឡើងជាមួយលោកថូម៉ាស គឺជាសេចក្តីព្រមាន និងសេចក្តីដាស់តឿនមួយសម្រាប់មនុស្សជំនាន់ក្រោយៗ ដើម្បីឲ្យមានមនុស្សកាន់តែច្រើនចេះដាស់តឿនខ្លួនឯងកុំឲ្យក្លាយជាមនុស្សសង្ស័យ ដូចជាថូម៉ាស និងជាការដាស់តឿនថា ប្រសិនបើពួកគេចម្អែតខ្លួនដោយភាពសង្ស័យ នោះពួកគេនឹងលិចលង់ចូលទៅក្នុងសេចក្តីងងឹតមិនខាន។ ប្រសិនបើឯងដើរតាមព្រះជាម្ចាស់ ប៉ុន្តែដើរតាមបែបលោកថូម៉ាស ដែលតែងតែចង់ពាល់ឆ្អឹងជំនីររបស់ព្រះអម្ចាស់ និងចង់ពាល់ស្នាមដែកគោលរបស់ទ្រង់ ដើម្បីបញ្ជាក់ ផ្ទៀងផ្ទាត់ ស្ទង់មើលថាតើព្រះជាម្ចាស់ពិតមានព្រះជន្មរស់ឬក៏អត់ នោះព្រះជាម្ចាស់នឹងបោះបង់ឯងចោលមិនខាន។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវតម្រូវឲ្យមនុស្សកុំធ្វើដូចជាលោកថូម៉ាស ដែលគ្រាន់តែជឿលើអ្វីដែលពួកគេអាចមើលឃើញ ដោយផ្ទាល់ភ្នែក ប៉ុន្តែចង់ឲ្យគេក្លាយជាមនុស្សដ៏បរិសុទ្ធ ស្មោះពិត មិនមានចិត្តសង្ស័យចំពោះព្រះជាម្ចាស់ ហើយគ្រាន់តែជឿ និងដើរតាមទ្រង់។ មនុស្សបែបនេះ គឺមានពរហើយ។ នេះគឺជាលក្ខខណ្ឌតម្រូវដ៏តិចតួចមួយដែលព្រះអម្ចាស់យេស៊ូវមានចំពោះមនុស្ស ហើយវាក៏ជាសេចក្តីព្រមានមួយដល់អ្នកដើរតាមទ្រង់ផងដែរ។

ខាងលើនេះគឺជាចិត្តគំនិតរបស់ព្រះអម្ចាស់យេស៊ូវដែលមានចំពោះអស់អ្នកដែលពេញដោយចិត្តសង្ស័យ។ ដូច្នេះ តើព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងធ្វើអ្វីខ្លះទៅចំពោះមនុស្សដែលអាចជឿ និងដើរតាមទ្រង់យ៉ាងស្មោះត្រង់? នេះជាអ្វីដែលយើងនឹងពិនិត្យមើលបន្ទាប់ទៀត តាមរយៈកិច្ចសន្ទនាមួយរវាងព្រះអម្ចាស់យេស៊ូវ និងលោកពេត្រុស។

នៅក្នុងកិច្ចសន្ទនានេះ ព្រះអម្ចាស់យេស៊ូវបានសួរទៅកាន់លោកពេត្រុសម្ដងហើយម្ដងទៀតអំពីសំណួរមួយ៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» នេះគឺជាបទដ្ឋានដ៏ខ្ពស់មួយដែលព្រះអម្ចាស់យេស៊ូវបានទាមទារពីមនុស្ស ដូចជាពេត្រុស ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ជាមនុស្សដែលជឿលើព្រះគ្រីស្ទយ៉ាងពិតប្រាកដ និងស្វះស្វែងស្រឡាញ់ព្រះអម្ចាស់។ សំណួរនេះគឺជាប្រភេទនៃការស៊ើបអង្កេត និងការសួរដេញដោល ប៉ុន្តែលើសពីនេះទៅទៀត វាក៏ជាការទាមទារចង់បាន និងជាសេចក្តីរំពឹងទុកចំពោះមនុស្ស ដូចជាពេត្រុសផងដែរ។ ព្រះអម្ចាស់យេស៊ូវបានប្រើប្រាស់វិធីសាស្ត្រនៃការសួរដេញដោលនេះ ដើម្បីឲ្យមនុស្សឆ្លុះកញ្ចក់មើលខ្លួនឯង ដោយសួរថា៖ “តើលក្ខខណ្ឌតម្រូវរបស់ព្រះអម្ចាស់យេស៊ូវចំពោះមនុស្សមានអ្វីខ្លះ? តើខ្ញុំស្រឡាញ់ព្រះអម្ចាស់ឬទេ? តើខ្ញុំជាបុគ្គលម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ឬទេ? តើខ្ញុំគួរតែស្រឡាញ់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ទោះបីព្រះអម្ចាស់យេស៊ូវបានសួរសំណួរនេះទៅកាន់ពេត្រុសក៏ដោយ ក៏ការពិតនោះគឺថា តាមរយៈការសួរសំណួរទាំងនេះទៅកាន់ពេត្រុស នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទ្រង់ចង់ប្រើឱកាសនេះ ដើម្បីសួរសំណួរដូចគ្នានេះទៅមនុស្សកាន់តែច្រើនដែលព្យាយាមស្រឡាញ់ព្រះជាម្ចាស់ផងដែរ។ លោកពេត្រុសពិតជាមានពរណាស់ដែលអាចដើរតួជាអ្នកតំណាងឲ្យមនុស្សប្រភេទនេះ ក្នុងការទទួលសំណួរនេះពីព្រះឱស្ឋរបស់ព្រះអម្ចាស់យេស៊ូវដោយផ្ទាល់នោះ។

បើធៀបទៅនឹងព្រះបន្ទូលដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទៅកាន់ថូម៉ាស ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់៖ «ចូរយកម្រាមដៃអ្នក ស្ទាបមើលដៃខ្ញុំមើល៍ ហើយលូកដៃអ្នកមកចាក់ឆ្អឹងជំនីរខ្ញុំនៅត្រង់នេះ។ កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ!» ជាមួយសំណួរដដែលៗចំនួនបីដងរបស់ទ្រង់ទៅកាន់លោកពេត្រុស៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» នោះវាជួយឲ្យមនុស្សកាន់តែដឹងអំពីភាពប្រាកដប្រជានៃចិត្តគំនិតរបស់ព្រះអម្ចាស់យេស៊ូវ និងភាពបន្ទាន់ដែលទ្រង់មាន ក្នុងអំឡុងពេលនៃការចោទសួររបស់ទ្រង់។ ចំពោះលោកថូម៉ាស ដែលជាអ្នកមន្ទិល ជាមួយនិស្ស័យបោកបញ្ឆោតរបស់គាត់ ព្រះអម្ចាស់យេស៊ូវបានអនុញ្ញាតឲ្យគាត់លូកម្រាមដៃរបស់គាត់ ហើយពាល់ស្នាមដែកគោលនៅក្នុងព្រះកាយរបស់ទ្រង់ ដែលនាំឲ្យគាត់ជឿថា ព្រះអម្ចាស់យេស៊ូវជាបុត្រមនុស្សដែលមានព្រះជន្មរស់ឡើងវិញ និងទទួលស្គាល់អត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវ ជាព្រះគ្រីស្ទ។ ហើយទោះបីព្រះអម្ចាស់យេស៊ូវមិនបានស្ដីបន្ទោសថូម៉ាសខ្លាំងៗ និងមិនបានសម្ដែងការជំនុំជម្រះច្បាស់ៗចំពោះគាត់ក៏ដោយ ប៉ុន្តែទ្រង់បានប្រើសកម្មភាពជាក់ស្ដែង ដើម្បីជួយឲ្យថូម៉ាសដឹងថា ទ្រង់បានយល់ពីគាត់ ខណៈពេលដែលទ្រង់កំពុងតែបង្ហាញចិត្តគំនិត និងការតាំងចិត្តរបស់ទ្រង់ចំពោះមនុស្សបែបនេះ។ លក្ខខណ្ឌតម្រូវ និងសេចក្តីរំពឹងទុករបស់ព្រះជាម្ចាស់យេស៊ូវចំពោះមនុស្សបែបនោះ មិនអាចត្រូវបានមើលឃើញចេញពីអ្វីដែលទ្រង់មានបន្ទូលឡើយ ដោយសារតែមនុស្សបែបថូម៉ាសមិនមានសេចក្តីជំនឿដ៏ពិតប្រាកដឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ លក្ខខណ្ឌតម្រូវរបស់ព្រះអម្ចាស់យេស៊ូវសម្រាប់ពួកគេ គឺមានកម្រិត ប៉ុន្តែចិត្តគំនិតដែលទ្រង់បង្ហាញចំពោះមនុស្សបែបពេត្រុស គឺមានលក្ខណៈខុសគ្នាស្រឡះ។ ទ្រង់មិនបានតម្រូវឲ្យពេត្រុសលូកម្រាមដៃរបស់គាត់មកពាល់ស្នាមដែកគោលរបស់ទ្រង់ ហើយក៏មិនបានមានបន្ទូលទៅកាន់ពេត្រុសថា៖ “កុំរឹងរូសមិនព្រមជឿដូច្នេះឡើយ ចូរជឿទៅ!” ផ្ទុយទៅវិញ ទ្រង់បានសួរពេត្រុសនូវសំណួរដដែលៗ។ សំណួរនេះជាសំណួរចាក់ដោតគំនិត និងមានអត្ថន័យ ជាសំណួរមួយដែលធ្វើឲ្យអ្នកដើរតាមព្រះគ្រីស្ទគ្រប់រូបមានវិប្បដិសារី និងអារម្មណ៍ភ័យខ្លាច ប៉ុន្តែវាក៏នាំឲ្យដឹងពីអារម្មណ៍អន្ទះអន្ទែង និងសោកសៅរបស់ព្រះអម្ចាស់យេស៊ូវផងដែរ។ ហើយនៅពេលដែលពួកគេមានការឈឺចាប់ និងកំពុងរងទុក្ខយ៉ាងខ្លាំង ពួកគេកាន់តែអាចយល់ពីក្ដីកង្វល់របស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងការយកព្រះទ័យទុកដាក់របស់ទ្រង់។ ពួកគេចាប់ផ្ដើមដឹងអំពីសេចក្ដីបង្រៀនដ៏ស្មោះអស់ពីចិត្ត និងលក្ខខណ្ឌតម្រូវដ៏តឹងរ៉ឹងរបស់ទ្រង់នៃការចង់បានមនុស្សដ៏បរិសុទ្ធ និងទៀងត្រង់។ សំណួររបស់ព្រះអម្ចាស់យេស៊ូវជួយឲ្យមនុស្សមានអារម្មណ៍ដឹងថា សេចក្តីរំពឹងទុករបស់ព្រះអម្ចាស់ចំពោះមនុស្សដែលបានបើកសម្ដែងនៅក្នុងព្រះបន្ទូលដ៏សាមញ្ញនេះ គឺមិនគ្រាន់តែជាការជឿ និងការដើរតាមទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការស្រឡាញ់ព្រះអម្ចាស់ និងព្រះជាម្ចាស់របស់ឯងផងដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះ គឺជាការយកចិត្តទុកដាក់ និងការស្ដាប់បង្គាប់។ វាជាការដែលមនុស្សលោករស់នៅសម្រាប់ព្រះជាម្ចាស់ ស៊ូស្លាប់សម្រាប់ព្រះជាម្ចាស់ ឧទ្ទិសអ្វីៗគ្រប់យ៉ាងចំពោះព្រះជាម្ចាស់ និងលះបង់ ព្រមទាំងថ្វាយអ្វីៗគ្រប់យ៉ាងសម្រាប់ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់ប្រភេទនេះក៏កំពុងតែថ្វាយការកម្សាន្តចិត្តដល់ព្រះជាម្ចាស់ ជួយឲ្យទ្រង់រីករាយនឹងទីបន្ទាល់ និងបានស្ងប់ព្រះទ័យផងដែរ។ វាជាការតបស្នងសងគុណរបស់មនុស្សលោកចំពោះព្រះជាម្ចាស់ ជាទំនួលខុសត្រូវ កាតព្វកិច្ច និងភារកិច្ចរបស់មនុស្ស ហើយវាជាផ្លូវដ៏ពិតមួយដែលមនុស្សត្រូវដើរតាមអស់មួយជីវិតរបស់គេ។ សំណួរទាំងបីនេះគឺជាលក្ខខណ្ឌតម្រូវ និងជាការដាស់តឿនដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់លោកពេត្រុស និងមនុស្សទាំងអស់ដែលទ្រង់នឹងប្រោសឲ្យគ្រប់លក្ខណ៍។ ជាសំណួរទាំងបីនេះហើយដែលបានដឹកនាំ និងជំរុញចិត្តរបស់លោកពេត្រុសឲ្យចាប់ផ្ដើមដំណើរផ្លូវរបស់គាត់នៃការប្រោសឲ្យគ្រប់លក្ខណ៍ ដែលបានដឹកនាំគាត់ ដោយសារតែសេចក្តីស្រឡាញ់របស់គាត់សម្រាប់ព្រះអម្ចាស់ ដែលខ្វល់ខ្វាយអំពីព្រះហឫទ័យរបស់ព្រះអម្ចាស់ ដែលស្ដាប់បង្គាប់ព្រះអម្ចាស់ ដែលផ្ដល់ការកម្សាន្តចិត្តដល់ព្រះអម្ចាស់ និងដែលលះបង់ជីវិតរបស់គាត់ទាំងស្រុង និងអ្វីៗទាំងអស់របស់គាត់ ដោយសារតែសេចក្តីស្រឡាញ់នេះ។

ក្នុងអំឡុងយុគសម័យនៃព្រះគុណ កិច្ចការរបស់ព្រះជាម្ចាស់ផ្តោតជាចម្បងទៅលើមនុស្សពីរប្រភេទ។ ប្រភេទទីមួយជាមនុស្សដែលជឿ និងដើរតាមទ្រង់ ដែលអាចកាន់តាមបទបញ្ញត្តិរបស់ទ្រង់ ដែលអាចលីឈើឆ្កាង និងកាន់តាមផ្លូវដ៏ពិតនៃយុគសម័យនៃព្រះគុណ។ មនុស្សប្រភេទនេះនឹងទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទទីពីរ គឺដូចជាលោកពេត្រុស ជាម្នាក់ដែលអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ ដូច្នេះ ក្រោយពេលព្រះអម្ចាស់យេស៊ូវបានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានធ្វើកិច្ចការដ៏មានអត្ថន័យបំផុតចំនួនពីរមុនគេបង្អស់។ កិច្ចការនេះត្រូវបានធ្វើជាមួយលោកថូម៉ាស ហើយកិច្ចការទីពីរគឺជាមួយលោកពេត្រុស។ តើកិច្ចការទាំងពីរនេះតំណាងឲ្យអ្វីខ្លះទៅ? តើកិច្ចការទាំងពីរនេះតំណាងឲ្យបំណងព្រះហឫទ័យដ៏ពិតរបស់ព្រះជាម្ចាស់នៃការសង្រ្គោះមនុស្សលោកដែរឬទេ? តើកិច្ចការទាំងពីរនេះតំណាងឲ្យភាពស្មោះត្រង់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោកដែរឬទេ? កិច្ចការដែលទ្រង់បានធ្វើជាមួយលោកថូម៉ាស គឺជាការព្រមានដល់មនុស្សមិនឲ្យក្លាយជាអ្នកចូលចិត្តសង្ស័យ ប៉ុន្តែគឺគ្រាន់តែជឿចុះ។ កិច្ចការដែលទ្រង់បានធ្វើជាមួយលោកពេត្រុស គឺជាការពង្រឹងសេចក្តីជំនឿរបស់មនុស្សបែបពេត្រុស និងដើម្បីប្រាប់ឲ្យដឹងច្បាស់អំពីលក្ខខណ្ឌតម្រូវរបស់ទ្រង់ដែលមានចំពោះមនុស្សបែបនេះ ដោយបង្ហាញអំពីគោលដៅដែលពួកគេគួរតែដេញតាម។

ក្រោយព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ទ្រង់បានបង្ហាញអង្គទ្រង់ឲ្យមនុស្សដែលទ្រង់ចាត់ទុកថាសំខាន់បានឃើញ ទ្រង់បានមានបន្ទូលជាមួយពួកគេ ហើយបានប្រាប់ពួកគេអំពីលក្ខខណ្ឌតម្រូវរបស់ទ្រង់ ដោយឲ្យពួកគេបានដឹងអំពីបំណងព្រះហឫទ័យ និងសេចក្តីរំពឹងទុករបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ក្នុងនាមជាព្រះដែលយកកំណើតជាមនុស្ស ក្តីបារម្ភរបស់ទ្រង់ចំពោះមនុស្សលោក និងលក្ខខណ្ឌតម្រូវរបស់ទ្រង់ចំពោះមនុស្ស មិនដែលផ្លាស់ប្ដូរឡើយ ហើយវានៅតែដដែល នៅពេលដែលទ្រង់បានគង់នៅក្នុងសាច់ឈាម និងពេលដែលទ្រង់គង់នៅក្នុងរូបកាយខាងវិញ្ញាណរបស់ទ្រង់ ក្រោយពេលទ្រង់បានជាប់ឆ្កាង និងមានព្រះជន្មរស់ឡើងវិញ។ ទ្រង់បានខ្វល់ខ្វាយអំពីពួកសិស្សទាំងនេះ មុនពេលទ្រង់ជាប់ឆ្កាង ហើយនៅក្នុងព្រះហឫទ័យរបស់ទ្រង់ ព្រះអង្គបានជ្រាបដឹងយ៉ាងច្បាស់អំពីសភាពរបស់មនុស្សម្នាក់ៗ និងទ្រង់បានយល់អំពីភាពទន់ខ្សោយរបស់មនុស្សម្នាក់ៗ ហើយជាការពិត ការយល់ដឹងរបស់ទ្រង់អំពីមនុស្សគ្រប់រូប ក្រោយទ្រង់បានសុគត បានមានព្រះជន្មរស់ឡើងវិញ និងក្លាយជារូបកាយខាងវិញ្ញាណ គឺដូចគ្នាទៅនឹងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមផងដែរ។ ទ្រង់បានជ្រាបថា មនុស្សមិនបានដឹងច្បាស់អំពីអត្តសញ្ញាណរបស់ទ្រង់ ជាព្រះគ្រីស្ទឡើយ ប៉ុន្តែក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ទ្រង់មិនមានការទាមទារដ៏តឹងរ៉ឹងពីមនុស្សឡើយ។ យ៉ាងណាមិញ ក្រោយពេលទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានបង្ហាញអង្គទ្រង់ឲ្យពួកគេឃើញ ហើយទ្រង់បានធ្វើឲ្យពួកគេដឹងយ៉ាងប្រាកដថា ព្រះអម្ចាស់យេស៊ូវបានយាងមកពីព្រះជាម្ចាស់ និងដឹងទៀតថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់ប្រើការបង្ហាញអង្គទ្រង់ និងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នេះ ជានិមិត្ត និងការជំរុញចិត្តដ៏ខ្ពស់បំផុតសម្រាប់ការដេញតាមអស់មួយជីវិតរបស់មនុស្សលោក។ ការមានព្រះជន្មរស់ឡើងវិញពីសុគតរបស់ទ្រង់មិនគ្រាន់តែបានផ្ដល់កម្លាំងដល់អស់អ្នកដែលបានដើរតាមទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែការនេះក៏បានអនុវត្តកិច្ចការនៅយុគសម័យនៃព្រះគុណរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងម៉ឺងម៉ាត់ផងដែរ ហើយជាលទ្ធផល ដំណឹងល្អអំពីសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ បន្តិចម្ដងៗ បានផ្សព្វផ្សាយទៅកាន់គ្រប់ជ្រុងនៃមនុស្សជាតិ។ តើឯងនឹងនិយាយថា ការបង្ហាញអង្គទ្រង់របស់ព្រះអម្ចាស់យេស៊ូវ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ មានភាពសំខាន់ណាមួយឬទេ? បើឯងជាថូម៉ាស ឬជាពេត្រុសនៅគ្រានោះ ហើយឯងបានជួបហេតុការណ៍ដូចគ្នានេះនៅក្នុងជីវិតរបស់ឯង ជាហេតុការណ៍ដ៏មានអត្ថន័យបំផុត តើវានឹងមានការជះឥទ្ធិពលអ្វីខ្លះទៅលើឯង? តើឯងនឹងមើលឃើញហេតុការណ៍នេះជានិមិត្តដ៏ល្អបំផុត និងធំបំផុតនៃជីវិតរបស់ឯងដែលជឿលើព្រះជាម្ចាស់ឬ? តើឯងនឹងមើលឃើញហេតុការណ៍នេះ ជាកម្លាំងជំរុញចិត្តឯង នៅពេលដែលឯងដើរតាមព្រះជាម្ចាស់ ស្វះស្វែងខំបំពេញតាមព្រះហឫទ័យរបស់ទ្រង់ និងព្យាយាមស្រឡាញ់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ឯងទាំងស្រុងឬ? តើឯងនឹងខិតខំប្រឹងប្រែងអស់មួយជីវិត ដើម្បីផ្សព្វផ្សាយអំពីនិមិត្តដ៏ធំបំផុតនេះឬ? តើឯងនឹងទទួលយកភារកិច្ចនៃការផ្សព្វផ្សាយសេចក្តីសង្រ្គោះរបស់ព្រះអម្ចាស់យេស៊ូវ ជាបទបញ្ជាមួយមកពីព្រះជាម្ចាស់ឬ? ទោះបីឯងរាល់គ្នាមិនទាន់បានដកពិសោធន៍ហេតុការណ៍នេះក៏ដោយ ប៉ុន្តែឧទាហរណ៍ចំនួនពីររបស់ថូម៉ាស និងពេត្រុសគឺគ្រប់គ្រាន់សម្រាប់មនុស្សសម័យទំនើប ដើម្បីទទួលបានការយល់ដឹងដ៏ច្បាស់លាស់អំពីព្រះជាម្ចាស់ និងអំពីព្រះហឫទ័យរបស់ទ្រង់។ គឺអាចនិយាយបានថា ក្រោយពេលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ក្រោយពេលទ្រង់បានដកពិសោធន៍ជីវិតដោយផ្ទាល់នៅក្នុងចំណោមមនុស្សលោក និងដកពិសោធន៍ដោយផ្ទាល់នូវជីវិតជាមនុស្ស ហើយក្រោយពេលទ្រង់បានទតឃើញសេចក្តីអាក្រក់របស់មនុស្សលោក និងស្ថានភាពនៃជីវិតជាមនុស្សនៅគ្រានោះ ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមបានមានអារម្មណ៍យ៉ាងជ្រាលជ្រៅអំពីភាពតែលតោល ភាពអាណោចអាធ័ម និងភាពគួរឲ្យអាណិតរបស់មនុស្សលោក។ ព្រះជាម្ចាស់កាន់តែមានព្រះទ័យអាណិតអាសូរចំពោះស្ថានភាពមនុស្សលោក ដោយសារតែភាពជាមនុស្សដែលទ្រង់មាន ខណៈពេលទ្រង់កំពុងតែមានព្រះជន្មរស់នៅក្នុងសាច់ឈាម ដោយសារតែសភាវៈខាងសាច់ឈាមរបស់ទ្រង់។ ការនេះបាននាំឲ្យទ្រង់មានអារម្មណ៍ខ្វល់ខ្វាយកាន់តែខ្លាំងចំពោះអ្នកដើរតាមរបស់ទ្រង់។ នេះប្រហែលជាអ្វីដែលឯងរាល់គ្នាមិនអាចយល់បានឡើយ ប៉ុន្តែអញអាចពណ៌នាអំពីក្ដីបារម្ភ និងការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់គង់ក្នុងសាច់ឈាមមានចំពោះអ្នកដើរតាមគ្រប់រូបរបស់ទ្រង់ ដោយគ្រាន់តែប្រើពាក្យពីរម៉ាត់ប៉ុណ្ណោះ៖ “បារម្ភយ៉ាងខ្លាំង” ទោះបីពាក្យនេះចេញមកពីភាសាមនុស្សលោកក៏ដោយ ហើយទោះបីវាមានលក្ខណៈមនុស្សលោកក្ដី ប៉ុន្តែ ពាក្យនេះពិតជាបង្ហាញ និងពណ៌នាអំពីអារម្មណ៍របស់ព្រះជាម្ចាស់ដែលមានចំពោះអ្នកដើរតាមរបស់ទ្រង់។ ចំពោះការបារម្ភយ៉ាងខ្លាំងរបស់ព្រះជាម្ចាស់ចំពោះមនុស្សលោក នៅលើដំណើរផ្លូវនៃបទពិសោធន៍របស់ឯង បន្តិចម្ដងៗ ឯងរាល់គ្នានឹងយល់អំពីអារម្មណ៍នេះ និងភ្លក់រសជាតិនៃអារម្មណ៍នេះ។ យ៉ាងណាមិញ ការនេះអាចសម្រេចទៅបាន តាមរយៈការយល់បន្តិចម្ដងៗអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ដោយឈរលើមូលដ្ឋាននៃការដេញតាមការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ឯងផ្ទាល់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានបង្ហាញអង្គទ្រង់ វាបានធ្វើឲ្យក្ដីបារម្ភយ៉ាងខ្លាំងរបស់ទ្រង់ដែលមានចំពោះអ្នកដើរតាមរបស់ទ្រង់នៅក្នុងភាពជាមនុស្ស បានសម្ដែងចេញ និងបន្តទៅកាន់រូបកាយខាងវិញ្ញាណរបស់ទ្រង់ ឬក៏ឯងអាចនិយាយបានថា ទៅកាន់ភាពជាព្រះរបស់ទ្រង់។ ការបង្ហាញអង្គទ្រង់នេះបានជួយឲ្យមនុស្សដកពិសោធន៍ និងមានអារម្មណ៍ដឹងអំពីក្តីបារម្ភ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ម្ដងទៀត ក្នុងពេលដែលវាក៏បញ្ជាក់យ៉ាងច្បាស់ផងដែរថា ព្រះជាម្ចាស់ជាព្រះដែលផ្ដើមយុគសម័យមួយ ដែលលាតត្រដាងយុគសម័យមួយ ហើយក៏ជាព្រះដែលបិទបញ្ចប់យុគសម័យមួយដែរ។ តាមរយៈការបង្ហាញអង្គទ្រង់នេះ ព្រះអង្គបានពង្រឹងសេចក្តីជំនឿរបស់មនុស្សទាំងអស់ និងបានបញ្ជាក់ទៅកាន់ពិភពលោកនូវការពិតថា ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់។ ការនេះបានធ្វើឲ្យអ្នកដើរតាមរបស់ទ្រង់ទទួលបាននូវការបញ្ជាក់ដ៏អស់កល្បជានិច្ច ហើយតាមរយៈការបង្ហាញអង្គទ្រង់នេះ ព្រះអង្គក៏បានផ្ដើមនូវដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យថ្មីផងដែរ។

១៣. ព្រះយេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយព្រះអង្គមានព្រះជន្មរស់ឡើងវិញពីសុគត។

លូកា ២៤:៣០-៣២ លុះដល់ពេលជប់លៀង ពេលទ្រង់គង់នៅតុអាហារជាមួយគ្នា ព្រះ‌អង្គបានយកនំបុ័ង ហើយក៏ប្រទានពរ រួចកាច់ប្រទានឲ្យគេ។ ហើយភ្នែកគេបើកភ្លឺឡើង ហើយគេក៏បានស្គាល់ទ្រង់ តែព្រះ‌អង្គក៏បាត់ពីភ្នែករបស់គេទៅ។ ហើយពួកគេនិយាយគ្នាថា៖ «តើដួងចិត្តរបស់យើងមិនឆេះឆួលទេឬអី ពេលដែលទ្រង់មានព្រះ‌បន្ទូលមកកាន់យើងនៅតាមផ្លូវ និងក្នុងពេលទ្រង់បកស្រាយបទគម្ពីរប្រាប់យើង?»

១៤. ពួកសិស្សថ្វាយត្រីអាំងដល់ព្រះយេស៊ូវ ដើម្បីបរិភោគ។

លូកា ២៤:៣៦-៤៣ ហើយកាលពួកគេកំពុងនិយាយអំពីរឿងទាំងនេះ ព្រះ‌យេស៊ូវក៏បានឈរនៅកណ្ដាលចំណោមពួកគេ ហើយមានព្រះ‌បន្ទូលថា៖ «សូមឲ្យសេចក្តីសុខសាន្តកើតមានដល់អ្នករាល់គ្នាចុះ!»។ ប៉ុន្ដែ ពួកគេបានភ័យតក់ស្លុតជាខ្លាំង ព្រោះគេស្មានថាជាខ្មោចលង។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាថប់បារម្ភ និងមានចិត្តសង្ស័យដូច្នេះ? ចូរមើលដៃជើងខ្ញុំទៅ ដើម្បីឲ្យប្រាកដថា នេះគឺខ្ញុំមែន។ សាកស្ទាបខ្ញុំមើល៍ ដ្បិតខ្មោចគ្មានសាច់ និងឆ្អឹង ដូចជាអ្នករាល់គ្នាឃើញខ្ញុំនេះទេ»។ ពេលទ្រង់មានព្រះ‌បន្ទូលទាំងនេះរួចហើយ ព្រះអង្គក៏បង្ហាញព្រះ‌ហស្ត និងព្រះ‌បាទាទ្រង់ឲ្យគេឃើញ។ កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះតែគេអរផង និងងឿងឆ្ងល់ផង ព្រះ‌អង្គក៏មានព្រះ‌បន្ទូលសួរគេថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិ‌ភោគឬទេ?» ពួកគេក៏យកត្រីអាំងមួយដុំ និងផ្លិតឃ្មុំមកថ្វាយព្រះ‌អង្គ ហើយព្រះ‌អង្គទទួលយកមកសោយនៅចំពោះមុខពួកគេ។

បន្ទាប់មកទៀត យើងនឹងពិនិត្យមើលទៅលើបទគម្ពីរខាងលើ។ បទគម្ពីរទីមួយ គឺជាការពណ៌នាអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងបរិភោគនំប៉័ង និងកំពុងតែពន្យល់អំពីបទគម្ពីរ ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយបទគម្ពីរទីពីរគឺជាពណ៌នាអំពីព្រះអម្ចាស់យេស៊ូវដែលកំពុងតែបរិភោគត្រីអាំង។ តើបទគម្ពីរទាំងពីរនេះជួយឲ្យឯងដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? តើឯងអាចស្រមៃឃើញអំពីរូបភាពដែលឯងទទួលបានចេញពីសេចក្តីពណ៌នាទាំងនេះអំពីព្រះអម្ចាស់យេស៊ូវកំពុងបរិភោគនំប៉័ង ហើយបន្ទាប់មក បរិភោគត្រីអាំងដែរឬទេ? តើឯងអាចស្រមៃឃើញទេថា បើព្រះអម្ចាស់យេស៊ូវកំពុងតែឈរនៅមុខឯងរាល់គ្នា កំពុងតែបរិភោគនំប៉័ង តើឯងមានអារម្មណ៍ដូចម្ដេចដែរ? ឬប្រសិនបើទ្រង់កំពុងតែបរិភោគរួមតុជាមួយឯងរាល់គ្នា បរិភោគត្រី និងនំប៉័ងជាមួយមនុស្ស តើឯងនឹងមានអារម្មណ៍ដូចម្ដេចដែរនៅពេលនោះ? ប្រសិនបើឯងនឹងមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះអម្ចាស់ និងមានអារម្មណ៍ ទ្រង់មានភាពស្និទ្ធស្នាលជាមួយឯង នោះវាជាអារម្មណ៍ត្រឹមត្រូវហើយ។ នេះគឺជាលទ្ធផលដ៏ជាក់ច្បាស់ថា ព្រះអម្ចាស់យេស៊ូវចង់នាំឲ្យមានការបរិភោគនំប៉័ង និងត្រីនៅមុខក្រុមមនុស្ស ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ។ ប្រសិនបើព្រះអម្ចាស់យេស៊ូវបានមានបន្ទូលជាមួយមនុស្ស ក្រោយទ្រង់មានព្រះជន្មរស់ឡើងវិញ ប្រសិនបើពួកគេមិនអាចមានអារម្មណ៍ដឹងអំពីសាច់ និងឆ្អឹងរបស់ទ្រង់ទេ ប៉ុន្តែ ផ្ទុយទៅវិញ មានអារម្មណ៍ថា ទ្រង់ជាព្រះវិញ្ញាណដែលមិនអាចពាល់បាន តើពួកគេនឹងមានអារម្មណ៍ដូចម្ដេចទៅ? តើពួកគេនឹងមិនត្រូវខកចិត្តទេឬ? ដោយមានអារម្មណ៍ខកចិត្ត តើមនុស្សនឹងមិនមានអារម្មណ៍ថា ទ្រង់បានបោះបង់ពួកគេចោលដែរឬទេ? តើពួកគេនឹងមិនមានអារម្មណ៍ពីគម្លាតរវាងខ្លួនគេ និងព្រះអម្ចាស់យេស៊ូវគ្រីស្ទទេឬ? តើគម្លាតនេះនឹងបង្កើតឲ្យមានការជះឥទ្ធិពលអវិជ្ជមានអ្វីខ្លះទៅលើទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់? មនុស្សនឹងប្រាកដជាមានអារម្មណ៍ភ័យខ្លាច មិនហ៊ានចូលជិតទ្រង់ឡើយ ហើយជាលទ្ធផល ពួកគេនឹងមានចិត្តគំនិតចង់រក្សាគម្លាតនៅចម្ងាយពីទ្រង់មិនខាន។ ចាប់ពីពេលនោះទៅ ពួកគេនឹងប្រិតប្រៀងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់គេជាមួយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយវិលត្រលប់ទៅកាន់ទំនាក់ទំនងមួយរវាងមនុស្សជាតិ និងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែលមានកាលមុនយុគសម័យនៃព្រះគុណ។ រូបកាយខាងវិញ្ញាណដែលមនុស្សមិនអាចពាល់បាន ឬមានអារម្មណ៍ដឹងនេះ នឹងនាំមកនូវការលុបបំបាត់ភាពស្និទ្ធស្នាលរបស់គេជាមួយព្រះជាម្ចាស់ ហើយវាក៏នឹងបញ្ចប់ទំនាក់ទំនងស្និទ្ធស្នាលនោះ ដែលបានផ្ដើមឡើងក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានគង់នៅក្នុងសាច់ឈាម ដែលគ្មានគម្លាតរវាងទ្រង់ និងមនុស្សលោកទៀតឡើយ។ អារម្មណ៍តែមួយគត់ដែលផុសឡើងនៅក្នុងមនុស្ស តាមរយៈរូបកាយខាងវិញ្ញាណ គឺជាអារម្មណ៍ភ័យខ្លាច ការគេចវេះ និងការសម្លក់សម្លឹងដោយឥតមាត់ក។ ពួកគេនឹងមិនហ៊ានចូលជិត ឬចូលរួមសន្ទនាជាមួយទ្រង់ឡើយ ហើយក៏មិនហ៊ានដើរតាម ទុកចិត្ត ឬសម្លឹងមើលទៅកាន់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនចង់ទតឃើញមនុស្សលោកមានអារម្មណ៍បែបនេះចំពោះទ្រង់ឡើយ ទ្រង់មិនចង់ទតឃើញមនុស្សគេចវេះពីទ្រង់ ឬដកខ្លួនចេញពីទ្រង់នោះទេ។ ទ្រង់គ្រាន់តែចង់ឲ្យមនុស្សយល់ពីទ្រង់ ចូលជិតទ្រង់ និងក្លាយជាក្រុមគ្រួសាររបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើក្រុមគ្រួសាររបស់ឯង កូនចៅរបស់ឯងបានឃើញឯង ប៉ុន្តែមិនទទួលស្គាល់ឯង និងមិនហ៊ានចូលជិតឯង តែបែរជាចេះតែគេចវេះពីឯង ប្រសិនបើឯងមិនអាចទទួលបានការយល់ដឹងរបស់គេសម្រាប់អ្វីៗគ្រប់យ៉ាងដែលឯងបានធ្វើសម្រាប់ពួកគេ តើវានឹងធ្វើឲ្យឯងមានអារម្មណ៍ដូចម្ដេចទៅ? តើវានឹងមិនធ្វើឲ្យឯងឈឺចាប់ទេឬ? តើឯងនឹងមិនខូចចិត្តទេឬ? នោះហើយជាអារម្មណ៍ដែលព្រះជាម្ចាស់មាន នៅពេលដែលមនុស្សគេចវេះពីទ្រង់។ ដូច្នេះ ក្រោយពេលទ្រង់មានព្រះជន្មរស់ឡើងវិញ ព្រះអម្ចាស់យេស៊ូវនៅតែបង្ហាញអង្គទ្រង់ឲ្យមនុស្សបានឃើញនៅក្នុងទម្រង់ជាសាច់ឈាមរបស់ទ្រង់ ហើយទ្រង់នៅតែបរិភោគ និងផឹកជាមួយពួកគេ។ ព្រះជាម្ចាស់ទតឃើញមនុស្សជាក្រុមគ្រួសារមួយ ហើយព្រះជាម្ចាស់ក៏ចង់ឲ្យមនុស្សលោកមើលឃើញទ្រង់ជាព្រះដ៏ជាទីស្រឡាញ់របស់គេផងដែរ។ គឺមានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចទទួលបានមនុស្សយ៉ាងពិតប្រាកដ ហើយមានតែបែបនេះទេ ទើបមនុស្សអាចស្រឡាញ់ និងថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ឥឡូវនេះ តើឯងរាល់គ្នាអាចយល់ហើយឬនៅអំពីបំណងព្រះហឫទ័យរបស់អញនៅក្នុងការដកស្រង់បទគម្ពីរទាំងពីរនេះ ដែលចែងអំពីព្រះអម្ចាស់យេស៊ូវបរិភោគនំប៉័ង និងពន្យល់អំពីបទគម្ពីរ ក្រោយពេលទ្រង់មានព្រះជន្មរស់ឡើងវិញ និងចែងអំពីពួកសិស្សថ្វាយត្រីអាំងឲ្យព្រះយេស៊ូវបរិភោគ?

គឺអាចនិយាយបានថា យើងបានគិតពិចារណាយ៉ាងខ្លាំងទៅលើហេតុការណ៍ជាបន្តបន្ទាប់ដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូល និងបានធ្វើ ក្រោយពេលទ្រង់បានមានព្រះជន្មរស់ឡើងវិញ។ រឿងទាំងនេះបានពេញដោយសេចក្តីសប្បុរស និងសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិ ហើយក៏ពេញដោយ សេចក្តីថ្នាក់ថ្នាម និងការយកព្រះទ័យទុកដាក់ដែលទ្រង់មានចំពោះទំនាក់ទំនងដ៏ស្និទ្ធស្នាលដែលទ្រង់បានបង្កើតឡើងជាមួយមនុស្សជាតិ ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមផងដែរ។ លើសពីនេះទៅទៀត សាច់រឿងទាំងនេះក៏ពេញដោយភាពអាឡោះអាល័យ និងអារម្មណ៍ប៉ងចង់បរិភោគអាហារ និងរស់នៅជាមួយអ្នកដើរតាមទ្រង់ ក្នុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាមផងដែរ។ ដូច្នេះ ព្រះជាម្ចាស់មិនចង់ឲ្យមនុស្សមានអារម្មណ៍គម្លាតរវាងព្រះជាម្ចាស់ និងមនុស្សឡើយ ហើយទ្រង់ក៏មិនចង់ឲ្យមនុស្សលោកឃ្លាតចេញពីព្រះជាម្ចាស់នោះដែរ។ លើសពីនេះទៅទៀត ទ្រង់មិនចង់ឲ្យមនុស្សលោកមានអារម្មណ៍ថា ព្រះអម្ចាស់យេស៊ូវ ក្រោយការមានព្រះជន្មរស់ឡើងវិញ លែងជាព្រះអម្ចាស់ដែលធ្លាប់មានទំនាក់ទំនងស្និទ្ធស្នាលជាមួយមនុស្ស មិនចង់ឲ្យគេមានអារម្មណ៍ថា ទ្រង់លែងនៅជាមួយមនុស្សលោក ដោយសារតែទ្រង់បានយាងត្រលប់ទៅឯពិភពខាងវិញ្ញាណ ត្រលប់ទៅឯព្រះវរបិតាដែលមនុស្សមិនអាចមើលឃើញ ឬពាល់បាន។ ទ្រង់មិនចង់ឲ្យមនុស្សមានអារម្មណ៍ពីភាពខុសគ្នាណាមួយនៅក្នុងឋានៈដែលបានលេចឡើងរវាងទ្រង់ និងមនុស្សជាតិឡើយ។ នៅពេលដែលព្រះជាម្ចាស់ទតឃើញមនុស្សដែលចង់ដើរតាមទ្រង់ តែរក្សាគម្លាតនៅឆ្ងាយពីទ្រង់ ព្រះហឫទ័យរបស់ទ្រង់បានឈឺចាប់ ដោយសារតែការនេះមានន័យថា ដួងចិត្តរបស់គេគឺនៅឆ្ងាយពីទ្រង់ និងមានន័យទៀតថា វានឹងពិបាកខ្លាំងសម្រាប់ទ្រង់ក្នុងការទទួលបានដួងចិត្តរបស់គេ។ ដូច្នេះ ប្រសិនបើទ្រង់បានបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញនៅក្នុងរូបកាយខាងវិញ្ញាណ ដែលពួកគេមិនអាចមើលឃើញ ឬពាល់បាន នោះវានឹងធ្វើឲ្យមនុស្សឃ្លាតឆ្ងាយចេញពីទ្រង់ម្ដងទៀត ហើយវានឹងនាំឲ្យមនុស្សយល់ច្រឡំចំពោះព្រះគ្រីស្ទ ក្រោយពេលទ្រង់មានព្រះជន្មរស់ឡើងវិញ ដោយចាត់ទុកទ្រង់ថាខ្ពង់ខ្ពស់ ហើយមានលក្ខណៈខុសប្លែកពីមនុស្សលោក និងជាម្នាក់ដែលលែងរួមតុ ទទួលទានអាហារជាមួយមនុស្ស ដោយសារតែមនុស្សលោកជាមនុស្សមានបាប និងស្មោកគ្រោក ហើយគេមិនអាចចូលជិតព្រះជាម្ចាស់បានឡើយ។ ដើម្បីលុបបំបាត់ការយល់ច្រឡំរបស់មនុស្សលោកទាំងអស់នេះ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការមួយចំនួនដែលទ្រង់ធ្លាប់បានធ្វើនៅក្នុងសាច់ឈាម ដូចបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរថា៖ “ព្រះ‌អង្គបានយកនំបុ័ង ហើយក៏ប្រទានពរ រួចកាច់ប្រទានឲ្យគេ។” ទ្រង់ក៏បានពន្យល់បទគម្ពីរទៅពួកគេ ដូចដែលទ្រង់ធ្លាប់បានធ្វើកាលពីអតីតកាល។ គ្រប់កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើនេះ បានធ្វើឲ្យមនុស្សគ្រប់គ្នាដែលបានឃើញទ្រង់ មានអារម្មណ៍ថា ព្រះអម្ចាស់មិនបានផ្លាស់ប្ដូរឡើយ មានអារម្មណ៍ថា ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែល។ ទោះបីទ្រង់បានជាប់ឆ្កាង ហើយបានដកពិសោធន៍សេចក្តីស្លាប់ហើយក៏ដោយ ក៏ទ្រង់បានមានព្រះជន្មរស់ឡើងវិញ និងមិនបានចាកចោលមនុស្សលោកនោះឡើយ។ ទ្រង់បានត្រលប់មកគង់នៅកណ្ដាលចំណោមមនុស្សលោក ហើយគ្មានអ្វីមួយអំពីទ្រង់ដែលផ្លាស់ប្ដូរឡើយ។ បុត្រមនុស្សដែលកំពុងតែឈរនៅមុខមនុស្ស គឺនៅតែជាព្រះអម្ចាស់យេស៊ូវដដែល។ ឥរិយាបថរបស់ទ្រង់ និងរបៀបនៃការសន្ទនារបស់ទ្រង់ជាមួយមនុស្ស គឺនៅតែដដែល។ ទ្រង់នៅតែជាព្រះពេញដោយសេចក្តីស្រឡាញ់សប្បុរស ព្រះគុណ និងសេចក្តីអត់ឱន។ ទ្រង់នៅតែជាព្រះអម្ចាស់យេស៊ូវដដែលដែលស្រឡាញ់អ្នកដទៃ ដូចស្រឡាញ់អង្គទ្រង់ ដែលអាចអត់ទោសឲ្យមនុស្សលោកចិតសិបដងប្រាំពីរដង។ ដូចជាទ្រង់តែងតែធ្វើកាលពីមុន ទ្រង់បានបរិភោគអាហារជាមួយមនុស្ស ពិភាក្សាអំពីបទគម្ពីរជាមួយពួកគេ ហើយអ្វីដែលកាន់តែសំខាន់នោះគឺ ដូចកាលគ្រាមុនដែរ ទ្រង់បានចេញមកពីសាច់ឈាម ហើយមនុស្សអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន។ បុត្រមនុស្សដែលធ្លាប់ជួយឲ្យមនុស្សមានអារម្មណ៍ស្និទ្ធស្នាល មានអារម្មណ៍សុខស្រួល និងមានអំណរនៃការទទួលបានម្ដងទៀតនូវអ្វីមួយដែលធ្លាប់បានបាត់បង់។ ជាមួយភាពសុខស្រួលដ៏ខ្លាំងនោះ ពួកគេបានចាប់ផ្ដើមពឹងអាង និងសម្លឹងទៅកាន់បុត្រមនុស្សនេះ ដែលអាចអត់ទោសដល់មនុស្សលោកពីអំពើបាបរបស់គេ ទាំងចិត្តក្លាហាន និងទំនុកចិត្ត។ ពួកគេក៏ចាប់ផ្ដើមអធិស្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ដោយគ្មានចិត្តអល់អែក អធិស្ឋានចង់ទទួលបានព្រះគុណ ព្រះពររបស់ទ្រង់ និងទទួលបានសេចក្តីសុខសាន្ត និងសេចក្តីអំណរពីទ្រង់ ទទួលបានការយកចិត្តទុកដាក់ និងការការពារពីទ្រង់ ហើយពួកគេចាប់ផ្ដើមប្រោសអ្នកជំងឺឲ្យជា និងបណ្ដេញអារក្សនៅក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ។

ក្នុងអំឡុងពេលដែលព្រះអម្ចាស់យេស៊ូវបានធ្វើការនៅក្នុងសាច់ឈាម អ្នកដើរតាមទ្រង់ភាគច្រើនមិនអាចផ្ទៀងផ្ទាត់ទាំងស្រុងអំពីអត្តសញ្ញាណរបស់ទ្រង់ និង សេចក្តីដែលទ្រង់បានមានបន្ទូលនោះឡើយ។ នៅពេលដែលទ្រង់កំពុងតែចូលជិតឈើឆ្កាង ចិត្តគំនិតរបស់អ្នកដើរតាមទ្រង់ គឺជាការអង្កេតមើល។ បន្ទាប់មក ចាប់តាំងពីពេលដែលទ្រង់បានជាប់ឆ្កាង រហូតដល់ទ្រង់បានសុគតនៅក្នុងផ្នូរ ចិត្តគំនិតរបស់មនុស្សដែលមានចំពោះទ្រង់ គឺជាការខកចិត្ត។ ក្នុងអំឡុងពេលនេះ មនុស្សបានចាប់ផ្ដើមចេញពីការមានភាពសង្ស័យក្នុងចិត្តរបស់គេទៅលើសេចក្តីដែលព្រះ អម្ចាស់យេស៊ូវបានមានបន្ទូល ក្នុងអំឡុងពេលទ្រង់គង់នៅក្នុងសាច់ឈាម ទៅរកការបដិសេធសេចក្តីទាំងនោះទាំងស្រុងតែម្ដង។ បន្ទាប់មក នៅពេលដែលទ្រង់បានយាងចេញពីផ្នូរ ហើយបានបង្ហាញអង្គទ្រង់ឲ្យពួកគេបានឃើញម្ដងមួយៗ នោះមនុស្សភាគច្រើនដែលបានឃើញទ្រង់ផ្ទាល់នឹងភ្នែក ឬបានឮដំណឹងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ បន្ដិចម្ដងៗ ចាប់ផ្ដើមប្ដូរចិត្តគំនិតរបស់គេពីការបដិសេធ ទៅរកភាពសង្ស័យវិញ។ មានតែពេលដែលព្រះអម្ចាស់យេស៊ូវបានឲ្យលោកថូម៉ាសលូកម្រាមដៃរបស់គាត់ចូលក្នុងឆ្អឹងជំនីររបស់ទ្រង់ និងពេលដែលទ្រង់បានកាច់នំប៉័ង ហើយបរិភោគនៅមុខបណ្ដាជន ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ហើយបន្ទាប់មក បន្តបរិភោគត្រីអាំងនៅមុខពួកគេប៉ុណ្ណោះ ទើបពួកគេបានទទួលយកការពិតថា ព្រះអម្ចាស់យេស៊ូវពិតជាព្រះគ្រីស្ទដែលគង់នៅក្នុងសាច់ឈាមមែន។ ឯងអាចនិយាយបានថា មើលទៅដូចជារូបកាយនៃសាច់ និងឈាមខាងវិញ្ញាណនេះកំពុងតែឈរនៅមុខមនុស្សទាំងនោះ ដែលកំពុងតែដាស់ពួកគេម្នាក់ៗឲ្យភ្ញាក់ផ្អើលពីសុបិនអ៊ីចឹង៖ បុត្រមនុស្សដែលកំពុងតែឈរនៅមុខពួកគេ គឺជាព្រះដែលបានមានព្រះជន្មរស់ តាំងពីយូរយារណាស់មកហើយ។ ទ្រង់មានរូបរាង មានសាច់ និងឆ្អឹង ហើយទ្រង់ក៏បានរស់នៅ និងបរិភោគរួមជាមួយមនុស្សលោកអស់រយៈពេលជាយូរឆ្នាំមកហើយដែរ... នៅពេលនេះ មនុស្សមានអារម្មណ៍ថា អត្ថិភាពរបស់ទ្រង់គឺជាការពិត និងពិតជាអស្ចារ្យណាស់។ នៅពេលដូចគ្នានោះ ពួកគេក៏មានអំណរ និងរីករាយ និងមានអារម្មណ៍រំជើបរំជួលយ៉ាងខ្លាំងផងដែរ។ ការបង្ហាញអង្គទ្រង់នេះបានជួយឲ្យមនុស្សមើលឃើញពីការបន្ទាបខ្លួនរបស់ទ្រង់ មានអារម្មណ៍ដឹងអំពីភាពស្និទ្ធស្នាល និងការជំពាក់ចិត្តរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រមទាំងមានអារម្មណ៍ដឹងអំពីទំហំដែលទ្រង់បានគិតគូរអំពីពួកគេ។ ការជួបជុំដ៏ខ្លីនេះបានធ្វើឲ្យមនុស្សដែលបានឃើញព្រះអម្ចាស់យេស៊ូវ មានអារម្មណ៍ថា ឆាកជីវិតនេះបានកន្លងផុតទៅហើយអ៊ីចឹង។ ដួងចិត្តដែលធ្លាប់បាត់បង់ ច្របូកច្របល់ ខ្លាច អន្ទះសា ស្រេកឃ្លាន និងស្ពឹកស្រពន់របស់គេ ទទួលបានការកម្សាន្តចិត្ត។ ពួកគេលែងសង្ស័យ ឬខកចិត្តទៀតហើយ ដោយសារតែពួកគេមានអារម្មណ៍ថា ឥឡូវនេះ គេមានសេចក្តីសង្ឃឹម និងអ្វីមួយដែលពួកគេអាចពឹងអាស្រ័យបាន។ បន្ទាប់មក បុត្រមនុស្សដែលបានឈរនៅចំពោះពួកគេ នឹងក្លាយជាអង្គរក្សរបស់គេជារៀងរហូត។ ទ្រង់នឹងក្លាយជាប៉មដ៏រឹងមាំរបស់គេ ជាជម្រករបស់គេអស់កល្បជានិច្ច។

ទោះបីព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញក៏ដោយ ប៉ុន្តែព្រះហឫទ័យ និងកិច្ចការរបស់ទ្រង់មិនបានចាកចោលមនុស្សជាតិឡើយ។ តាមរយៈការបង្ហាញអង្គទ្រង់ឲ្យមនុស្សបានឃើញ ទ្រង់បានប្រាប់ពួកគេថា ទោះបីទ្រង់បានគង់នៅក្នុងទម្រង់អ្វីក៏ដោយ ក៏ទ្រង់នឹងនៅតាមការពារមនុស្ស ដើរជាមួយពួកគេ និងគង់នៅជាមួយពួកគេគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ។ ទ្រង់បានប្រាប់ពួកគេថា នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ទ្រង់នឹងផ្គត់ផ្គង់ដល់មនុស្សលោក និងតាមមើលថែពួកគេ អនុញ្ញាតឲ្យពួកគេមើលឃើញ និងប៉ះពាល់ទ្រង់ ហើយធានាថា ពួកគេនឹងមិនមានអារម្មណ៍តែលតោលម្ដងទៀតឡើយ។ ព្រះអម្ចាស់យេស៊ូវក៏ចង់ឲ្យមនុស្សដឹងថា ពួកគេមិនរស់នៅតែម្នាក់ឯងនៅក្នុងលោកនេះឡើយ។ មនុស្សលោកមាននូវការមើលថែរបស់ព្រះជាម្ចាស់ ហើយព្រះអម្ចាស់គង់នៅជាមួយពួកគេ។ ពួកគេអាចតែងតែពឹងអាងលើព្រះជាម្ចាស់បានជានិច្ច ហើយទ្រង់ជាគ្រួសារដល់អ្នកដើរតាមទ្រង់គ្រប់គ្នា។ ដោយមានព្រះជាម្ចាស់ជាទីពំនាក់ មនុស្សលោកនឹងលែងមានអារម្មណ៍ឯកោ ឬតែលតោល ហើយអស់អ្នកដែលទទួលយកទ្រង់ ជាតង្វាយលោះបាបរបស់គេ នឹងលែងជាប់នៅក្នុងអំពើបាបតទៅទៀតហើយ។ នៅក្នុងភ្នែករបស់មនុស្ស ចំណែកនៃកិច្ចការដែលព្រះអម្ចាស់យេស៊ូវបានអនុវត្ត ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ទាំងនេះ គឺជាកិច្ចការតូចតាចបំផុត ប៉ុន្តែរបៀបដែលអញមើលឃើញនោះគឺថា គ្រប់កិច្ចការដែលទ្រង់បានធ្វើ សុទ្ធតែមានន័យ មានតម្លៃ សំខាន់ និងពេញដោយសារៈសំខាន់។

ទោះបីពេលនៃការធ្វើការនៅក្នុងសាច់ឈាមរបស់ព្រះអម្ចាស់យេស៊ូវ មានពេញដោយទុក្ខលំបាក និងទុក្ខវេទនាក៏ដោយ ក៏ទ្រង់បានសម្រេចបានទាំងស្រុង និងគ្រប់លក្ខណ៍នូវកិច្ចការរបស់ទ្រង់នាគ្រាដែលទ្រង់គង់នៅខាងក្នុងសាច់ឈាម ដើម្បីប្រោសលោះមនុស្សលោក តាមរយៈការបង្ហាញអង្គទ្រង់នៅក្នុងរូបកាយខាងវិញ្ញាណនៃសាច់ និងឈាមរបស់ទ្រង់។ ទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ តាម រយៈការត្រលប់ជាសាច់ឈាម ហើយទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ តាមរយៈការបង្ហាញអង្គទ្រង់ឲ្យមនុស្សលោកបានឃើញនៅក្នុងទម្រង់ខាងសាច់ឈាមរបស់ទ្រង់។ ទ្រង់បានប្រកាសអំពីយុគសម័យនៃព្រះគុណ ចាប់ផ្ដើមយុគសម័យមួយថ្មី តាមរយៈអត្តសញ្ញាណរបស់ទ្រង់ ជាព្រះគ្រីស្ទ។ តាមរយៈអត្តសញ្ញាណរបស់ទ្រង់ជាព្រះគ្រីស្ទ ទ្រង់បានអនុវត្តកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់បានពង្រឹង និងដឹកនាំអ្នកដើរតាមទ្រង់ទាំងអស់នៅក្នុងយុគសម័យនៃព្រះគុណ។ គឺអាចនិយាយបានថា ទ្រង់ពិតជាបានបញ្ចប់កិច្ចការរបស់ព្រះជាម្ចាស់ ដែលទ្រង់បានចាប់ផ្ដើម។ វាមាននូវជំហាន និងផែនការ ហើយកិច្ចការនេះក៏ពេញដោយព្រះប្រាជ្ញាញាណ សព្វានុភាព កិច្ចការដ៏អស្ចារ្យរបស់ទ្រង់ និងសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ទ្រង់ផងដែរ។ ជាការពិត រឿងដ៏សំខាន់ដែលមាននៅទូទាំងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាការមើលថែរបស់ទ្រង់ចំពោះមនុស្សលោក ព្រោះព្រះហឫទ័យរបស់ទ្រង់បានពេញដោយក្តីបារម្ភដែលទ្រង់មិនអាចបោះចោលបានឡើយ។ នៅក្នុងខគម្ពីរទាំងនេះ នៅក្នុងគ្រប់កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ សេចក្តីសង្ឃឹម និងសេចក្ដីបារម្ភដ៏មិនផ្លាស់ប្រែរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ត្រូវបានបើកសម្ដែង ហើយការយកព្រះទ័យទុកដាក់ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិ ក៏ត្រូវបានលាតត្រដាងផងដែរ។ គ្មានអ្វីមួយបានផ្លាស់ប្ដូរឡើយ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ន គឺនៅតែដដែល។ តើឯងរាល់គ្នាមើលឃើញអំពីការនេះឬទេ? នៅពេលដែលឯងរាល់គ្នាមើលឃើញការនេះ តើដួងចិត្តរបស់ឯងរាល់គ្នាមិនស្រូបចូលកាន់តែជិតព្រះជាម្ចាស់ទាំងមិនដឹងខ្លួនទេឬ? ប្រសិនបើឯងរាល់គ្នាបានរស់នៅក្នុងយុគសម័យនោះ ហើយព្រះអម្ចាស់យេស៊ូវបានបង្ហាញអង្គទ្រង់ឲ្យឯងបានឃើញ ក្រោយការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់នៅក្នុងទម្រង់រូបិយ ហើយប្រសិនបើទ្រង់បានអង្គុយនៅពីមុខឯង បរិភោគនំប៉័ង និងត្រី ហើយពន្យល់អំពីបទគម្ពីរដល់ឯងរាល់គ្នា និងនិយាយជាមួយឯងរាល់គ្នា តើឯងរាល់គ្នានឹងមានអារម្មណ៍ដូចម្ដេចដែរ? តើឯងនឹងមានអារម្មណ៍រីករាយដែរឬទេ? ឬក៏ឯងនឹងមានអារម្មណ៍ពិរុទ្ធ? ការយល់ច្រឡំ និងការគេចចេញពីព្រះជាម្ចាស់កាលពីអតីតកាល ជម្លោះ និងភាពសង្ស័យលើព្រះជាម្ចាស់ តើអ្វីៗទាំងអស់មិនត្រូវរលាយបាត់ទេឬអី? តើទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្សនឹងមិនកាន់តែក្លាយជាធម្មតា និងត្រឹមត្រូវទេឬ?

តាមរយៈការបកស្រាយជំពូកព្រះគម្ពីរដ៏តិចតួចនេះ តើឯងរាល់គ្នារកឃើញគុណវិបត្តិណាមួយនៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើឯងរាល់គ្នារកឃើញសេចក្តីខូចណាមួយនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ឬទេ? តើឯងរាល់គ្នាមើលឃើញសេចក្តីបញ្ឆោត ឬការអាក្រក់ណាមួយនៅក្នុងសព្វានុភាព ឬព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ឬទេ? គឺប្រាកដជាគ្មានឡើយ! ឥឡូវ តើឯងរាល់គ្នាអាចនិយាយយ៉ាងប្រាកដច្បាស់ថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធដែរឬទេ? តើឯងអាចនិយាយយ៉ាងប្រាកដច្បាស់ថា អារម្មណ៍នីមួយៗរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងអំពីសារជាតិ និងនិស្ស័យរបស់ទ្រង់ដែរឬទេ? អញសង្ឃឹមថា ក្រោយពេលឯងរាល់គ្នាបានអានអំពីព្រះបន្ទូលទាំងនេះហើយ ការយល់ដឹងដែលឯងរាល់គ្នាទទួលបានពីព្រះបន្ទូលទាំងនេះ នឹងជួយដល់ឯង ហើយផ្ដល់ជាប្រយោជន៍ដល់ឯងនៅក្នុងការដេញតាមចង់បានការផ្លាស់ប្ដូរមួយនៅក្នុងនិស្ស័យ និងការគោរពកោតខ្លាចព្រះជាម្ចាស់ និងសង្ឃឹមថា វានឹងបង្កើតផលផ្លែនៅក្នុងឯងរាល់គ្នា ជាផលផ្លែដែលចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ នៅក្នុងដំណើរការនៃការដេញតាមនេះ ឯងរាល់គ្នានឹងចូលកាន់តែជិតព្រះជាម្ចាស់ ព្រមទាំងចូលកាន់តែជិតបទដ្ឋានដែលព្រះជាម្ចាស់តម្រូវទុកផងដែរ។ ឯងនឹងលែងធុញទ្រាន់ក្នុងការដេញតាមសេចក្តីពិតព្រមទាំងលែងមានអារម្មណ៍ថា ការដេញតាមសេចក្តីពិត និងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ គឺជារឿងក្ដៅក្រហាយ ឬជាបន្ទុកដ៏លើសលប់ទៀតហើយ។ ផ្ទុយទៅវិញ ដោយទទួលបានការជំរុញចិត្តពីការបង្ហាញនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់ និងសារជាតិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ ឯងរាល់គ្នានឹងទន្ទឹងចង់បានពន្លឺ ចង់បាន សេចក្តីយុត្តិធម៌ ចង់ដេញតាមសេចក្តីពិត ដេញតាមការបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយឯងនឹងក្លាយជាបុគ្គលម្នាក់ដែលព្រះជាម្ចាស់ទទួលយក ក្លាយជាមនុស្សដ៏ពិតម្នាក់។

នៅថ្ងៃនេះ យើងបានពិភាក្សាគ្នាអំពីកិច្ចការមួយចំនួនដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលទ្រង់បានយកកំណើតជាមនុស្សជាលើកទីមួយ។ ចេញពីចំណុចទាំងនេះ យើងបានមើលឃើញពីនិស្ស័យ ដែលទ្រង់បានបង្ហាញចេញ និងបើកសម្ដែងនៅក្នុងសាច់ឈាម ក៏ដូចជាគ្រប់ផ្នែកនៃអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់។ ទិដ្ឋភាពទាំងអស់អំពីអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់នេះ មើលទៅហាក់មានលក្ខណៈបែបមនុស្សលោក ប៉ុន្តែ ការពិតនោះគឺថា សារជាតិនៃអ្វីៗគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែង និងបង្ហាញនោះ មិនអាចដាច់ចេញពីនិស្ស័យផ្ទាល់របស់ទ្រង់ឡើយ។ គ្រប់វិធីសាស្ត្រ និងគ្រប់ទិដ្ឋភាពរបស់ព្រះដែលយកកំណើតជាមនុស្ស ដែលកំពុងបង្ហាញអំពីនិស្ស័យរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ត្រូវបានតភ្ជាប់យ៉ាងជំពាក់ជំពិនជាមួយសារជាតិរបស់ទ្រង់ផ្ទាល់។ ដូច្នេះ វាពិតជាសំខាន់ណាស់ដែលព្រះជាម្ចាស់ចូលទៅរកមនុស្សលោក ដោយប្រើរបៀបនៃការយកកំណើតជាមនុស្ស។ កិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមក៏សំខាន់ផងដែរ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ចំពោះមនុស្សលោកគ្រប់រូបដែលកំពុងតែរស់នៅក្នុងសាច់ឈាម ហើយកំពុងរស់នៅក្នុងសេចក្តីពុករលួយនោះ គឺជានិស្ស័យដែលទ្រង់បានបើកសម្ដែង និងព្រះហឫទ័យដែលទ្រង់បានបង្ហាញ។ តើនេះជាអ្វីមួយដែលឯងរាល់គ្នាអាចយល់ដែរឬទេ? ក្រោយបានយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីដែលទ្រង់មាន ព្រមទាំងលក្ខណៈរបស់ទ្រង់ហើយ តើឯងរាល់គ្នាបានទាញសេចក្តីសន្និដ្ឋានណាមួយអំពីរបៀបដែលឯងគួរតែប្រព្រឹត្តចំពោះព្រះជាម្ចាស់ឬ? ចុងបញ្ចប់ ដើម្បីឆ្លើយសំណួរនេះ អញចង់ផ្ដល់នូវដំបូន្មានចំនួនបីចំណុចដល់ឯងរាល់គ្នា៖ ដំបូន្មានទីមួយ មិនត្រូវល្បងលព្រះជាម្ចាស់ឡើយ។ មិនថាឯងរាល់គ្នាយល់អំពីព្រះជាម្ចាស់កម្រិតណា មិនថាឯងចេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់បែបណានោះឡើយ ប៉ុន្តែមិនត្រូវល្បងលទ្រង់នោះឡើយ។ ដំបូន្មានទីពីរ មិនត្រូវប្រយុទ្ធចង់បានឋានៈជាមួយព្រះជាម្ចាស់ឡើយ។ ទោះបីព្រះជាម្ចាស់ប្រទានឋានៈអ្វីដល់ឯង ឬទ្រង់ផ្ទុកផ្ដាក់កិច្ចការបែបណាដល់ឯង មិនថាទ្រង់បានតាំងឯងឡើងឲ្យបំពេញភារកិច្ចអ្វី ហើយមិនថាឯងបានលះបង់ខ្លួន និងពលីសម្រាប់ព្រះជាម្ចាស់ច្រើនយ៉ាងណាក៏ដោយ គឺឯងមិនត្រូវប្រកួតចង់បាន ឋានៈជាមួយទ្រង់នោះឡើយ។ ដំបូន្មានទីបី មិនត្រូវប្រកួតជាមួយព្រះជាម្ចាស់ឡើយ។ មិនថាឯងយល់ដឹងកម្រិតណា ឬប្រសិនបើឯងអាចចុះចូលចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើជាមួយឯង អ្វីដែលទ្រង់រៀបចំទុកសម្រាប់ឯង និងកិច្ចការដែលទ្រង់ប្រទានដល់ឯងក៏ដោយ គឺឯងមិនត្រូវប្រកួតជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើឯងអាចធ្វើតាមដំបូន្មានទាំងបីនេះ នោះឯងនឹងមានសុវត្ថិភាព ហើយឯងនឹងមិនឆាប់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់នោះឡើយ។ យើងនឹងបញ្ចប់ការប្រកបគ្នារបស់យើងនាថ្ងៃនេះ ត្រឹមនេះហើយ។

ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៣

លេខយោង៖

ក. “មន្តអាគមនៃកងរឹតក្បាល [ស៊ុនអ៊ូខុង]” គឺជាមន្តអាគមមួយដែលត្រូវបានសង្ឃថាំងចេងប្រើនៅក្នុងខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា ដំណើរផ្លូវឆ្ពោះទៅទិសខាងលិច។ គាត់បានប្រើមន្តអាគមនេះ ដើម្បីគ្រប់គ្រងស៊ុនអ៊ូខុង ដោយរឹតក្បាល ធ្វើឲ្យអ៊ុខុងឈឺក្បាលយ៉ាងខ្លាំង ហើយជាលទ្ធផល គាត់ក៏ព្រមចុះចូលចំពោះថាំងចេង។ វាបានក្លាយជារឿងប្រៀបធៀបមួយ ដើម្បីពណ៌នាអំពីអ្វីមួយដែលចងមនុស្សម្នាក់។

ខាង​ដើម៖ របៀបដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់

បន្ទាប់៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ