៣. អ្វីជាការលាក់ពុត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ដោយសារពួកផារិស៊ីជាមនុស្សពុតត្បុត អ្វីៗគ្រប់យ៉ាងដែលស្ដែងចេញមក និងបើកសម្ដែងឱ្យឃើញ គឺសុទ្ធតែក្លែងក្លាយទាំងអស់ ពោលគឺសុទ្ធតែជាការធ្វើពុត មិនមែនជាមុខមាត់ពិតរបស់ពួកគេទេ។ មុខមាត់ពិតរបស់ពួកគេបានលាក់ទុកនៅក្នុងចិត្ដរបស់ពួកគេ គឺមើលមិនឃើញនោះទេ។ ប្រសិនបើមនុស្សមិនដេញតាមសេចក្ដីពិត ហើយប្រសិនបើពួកគេមិនយល់ពីសេចក្ដីពិតទេ នោះតើទ្រឹស្ដីដែលពួកគេបានទទួលទាំងប៉ុន្មានក្លាយជាអ្វីទៅ? តើវាមិនក្លាយទៅជាសំបុត្រ និងគោលលទ្ធិដែលមនុស្សតែងតែលើកឡើងទេឬអី? មនុស្សប្រើគោលលទ្ធិដែលគេរាប់ថាត្រឹមត្រូវទាំងនេះ ដើម្បីធ្វើការបំភាន់ភ្នែក និងបិទបាំងខ្លួនឯងយ៉ាងស្អាត។ កន្លែងណាក៏ដោយដែលពួកគេទៅ អ្វីៗដែលពួកគេជជែក អ្វីៗដែលពួកគេនិយាយ និងឥរិយាបថខាងក្រៅរបស់ពួកគេទាំងអស់ សុទ្ធតែមើលទៅត្រឹមត្រូវ និងល្អចំពោះអ្នកដទៃ។ ទាំងអស់នោះសុទ្ធតែស្របទៅនឹងសញ្ញាណ និងរសជាតិរបស់មនុស្ស។ នៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ពួកគេជាមនុស្សដែលមានទាំងភក្ដីភាពនិងបន្ទាបខ្លួន ពូកែអត់ទ្រាំនិងមានអធ្យាស្រ័យ ព្រមទាំងអាចស្រលាញ់អ្នកដទៃនិងស្រលាញ់ព្រះជាម្ចាស់ទៀតផង។ តាមពិតទៅ ទាំងអស់នេះក៏សុទ្ធតែក្លែងក្លាយដែរ វាសុទ្ធតែជាការធ្វើពុត និងវិធីដែលពួកគេបិទបាំងខ្លួនឯងប៉ុណ្ណោះ។ ពីខាងក្រៅ ពួកគេមើលទៅមានភក្ដីភាពចំពោះព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពួកគេគ្រាន់តែកំពុងសម្ដែងឱ្យអ្នកដទៃមើលឃើញប៉ុណ្ណោះ។ នៅពេលដែលគ្មាននរណាម្នាក់ចាំមើល នោះពួកគេគ្មានភក្ដីភាពសូម្បីតែបន្ដិច ហើយអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ គឺសុទ្ធតែជាការបង្គ្រប់កិច្ច។ មើលពីខាងក្រៅទៅ ពួកគេបានលះបង់គ្រួសារ និងអាជីពរបស់ខ្លួន ដោយបង្ហាញថាពួកគេខំប្រឹងធ្វើការ និងលះបង់ខ្លួនឯង ប៉ុន្តែនៅក្នុងតថភាពជាក់ស្ដែងវិញ គឺពួកគេកំពុងយកផលប្រយោជន៍ពីក្រុមជំនុំ និងលួចដង្វាយដោយស្ងាត់ៗ។ អ្វីៗគ្រប់យ៉ាងដែលពួកគេសម្ដែងចេញពីខាងក្រៅ ពោលគឺឥរិយាបថរបស់ពួកគេទាំងអស់ សុទ្ធតែក្លែងក្លាយ។ នេះហើយជាអត្ថន័យនៃផារិស៊ីដែលពុតត្បុត។ តើ «ពួកផារិស៊ី» ដែលជាមនុស្សទាំងអស់នេះ មកពីណា? តើពួកគេលេចចេញមកពីក្នុងចំណោមអ្នកមិនជឿឬ? ពួកគេទាំងអស់គ្នាសុទ្ធតែចេញមកពីក្នុងចំណោមអ្នកជឿ។ តើហេតុអ្វីបានជាអ្នកជឿទាំងអស់នេះបំផ្លាស់បំប្រែទៅជាបែបនេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចធ្វើឱ្យពួកគេទៅជាបែបនោះឬ? (អត់ទេ)។ តើអ្វីទៅជាមូលហេតុ? គឺដោយសារតែមាគ៌ាដែលពួកគេបានយក។ ពួកគេបានយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើជាឧបករណ៍ប្រដាប់ខ្លួនពួកគេ។ ពួកគេប្រដាប់ខ្លួនដោយព្រះបន្ទូលទាំងនេះ ដោយប្រព្រឹត្តចំពោះព្រះបន្ទូលទុកដូចជាដើមទុនដែលធានាពីការរស់នៅ និងដើម្បីទទួលបានអ្វីមួយដោយមិនអស់អ្វីសោះ។ ពួកគេគ្រាន់តែអធិប្បាយពីគោលលទ្ធិប៉ុណ្ណោះ ប៉ុន្ដែមិនដែលយកព្រះបន្ទូលទាំងនោះទៅអនុវត្តសោះឡើយ។ តើអ្នកទាំងអស់នោះជាមនុស្សប្រភេទណាទៅ ដែលបន្ដអធិប្បាយព្រះបន្ទូល និងគោលលទ្ធិ បើទោះបីជាមិនដែលបានធ្វើតាមផ្លូវរបស់ព្រះជាម្ចាស់ក៏ដោយ? អ្នកទាំងអស់នេះគឺជាពួកផារិស៊ីដែលមានពុតត្បុត។ ឥរិយាបថដែលគេសន្មតថាល្អបន្ដិចបន្ដួច និងវិធីល្អៗក្នុងការសម្ដែងចេញពីខ្លួនឯង ព្រមទាំងអ្វីបន្ដិចបន្ដួចដែលពួកគេបានបោះបង់ និងបានចំណាយ គឺសុទ្ធតែត្រូវបានបង្ខំទាំងអស់។ ទាំងអស់នោះសុទ្ធតែជាការសម្ដែងដែលពួកគេធ្វើប៉ុណ្ណោះ។ ទាំងអស់នោះសុទ្ធតែក្លែងក្លាយទេ។ សកម្មភាពទាំងអស់នោះសុទ្ធតែជាការធ្វើពុតប៉ុណ្ណោះ។ នៅក្នុងចិត្តរបស់មនុស្សទាំងអស់នេះ គ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ហើយពួកគេក៏គ្មានសេចក្ដីជំនឿពិតប្រាកដណាមួយលើព្រះជាម្ចាស់ដែរ។ លើសពីនោះទៅទៀត ពួកគេស្ថិតនៅក្នុងចំណោមអ្នកមិនជឿ។ ប្រសិនបើមនុស្សមិនដេញតាមសេចក្ដីពិតទេ នោះពួកគេនឹងដើរនៅលើផ្លូវប្រភេទនេះ ហើយពួកគេនឹងក្លាយទៅជាពួកផារិស៊ី។ តើនោះមិនគួរឱ្យខ្លាចទេឬ?

ដកស្រង់ពី «សូចនាករទាំងប្រាំមួយអំពីការរីកចម្រើននៃជីវិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងប្រទេសអ៊ីស្រាអែល «ពួកផារិស៊ី» ធ្លាប់មានឈ្មោះបែបនេះដែរ។ តើហេតុអ្វីបានជាពេលនេះ វាក្លាយជាស្លាកឈ្មោះទៅវិញ? នេះគឺដោយសារ ពួកផារីស៊ីបានក្លាយជាតំណាងឲ្យមនុស្សមួយប្រភេទ។ តើមនុស្សមួយប្រភេទនេះមានលក្ខណៈបែបណា? ពួកគេសូត្រពាក្យស្លោក ពួកគេពូកែខាងធ្វើពុត ពូកែតុបតែងខ្លួន ពូកែលាក់បាំងធាតុពិតរបស់ពួកគេ ហើយពួកគេមានឥទ្ធិពលលើសេចក្ដីថ្លៃថ្នូរ ភាពបរិសុទ្ធ សេចក្ដីស្លូតត្រង់ ភាពទៀងត្រង់យុត្តិធម៌ និងកិត្តិយស។ ហេតុនេះហើយ ពួកគេពុំអនុវត្តសេចក្ដីពិតបន្តិចណាសោះឡើយ។ តើពួកគេធ្វើដូចម្ដេច? ពួកគេអានបទគម្ពីរ ពួកគេប្រៀនប្រដៅ ពួកគេបង្រៀនអ្នកដទៃឲ្យធ្វើល្អ មិនឲ្យធ្វើអាក្រក់ មិនទទឹងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេប្រព្រឹត្តល្អនៅចំពោះមុខអ្នកដទៃ ក៏ប៉ុន្តែនៅពេលអ្នកដទៃបែរខ្នងចេញ ពួកគេក៏លួចតង្វាយ។ ព្រះអម្ចាស់យេស៊ូវ បានមានព្រះបន្ទូលថា ពួកគេ «អ្នករាល់គ្នាច្រោះមមង់ចេញ ហើយលេបអូដ្ឋវិញ»។ នេះមានន័យថា អាកប្បកិរិយាទាំងអស់របស់ពួកគេ មើលទៅល្អតែសំបកក្រៅទេ។ ពួកគេសូត្រសុភាសិតដោយអួតអាង ពួកគេនិយាយអំពីទ្រឹស្ដីឧត្តុង្គឧត្តម ហើយសម្ដីរបស់ពួកគេគួរចង់ស្ដាប់ណាស់ ក៏ប៉ុន្តែអំពើរបស់ពួកគេរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ទទឹងទាស់នឹងព្រះជាម្ចាស់ទាំងស្រុង។ អាកប្បកិរិយា និងការបង្ហាញពីសំបកក្រៅរបស់ពួកគេ គឺសុទ្ធតែជាការធ្វើពុត សុទ្ធតែជាការបោកបញ្ឆោតទាំងអស់។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត និងរឿងល្អៗបន្តិចសោះឡើយ។ ពួកគេស្អប់សេចក្ដីពិត ស្អប់គ្រប់យ៉ាងដែលមកអំពីព្រះជាម្ចាស់ ហើយស្អប់អ្វីដែលល្អៗ។ តើពួកគេស្រឡាញ់អ្វីខ្លះ? តើពួកគេស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតដែរឬទេ? (អត់ទេ)។ តើអ្នកអាចដឹងបានថាពួកគេមិនស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតបានដោយរបៀបណា? (ព្រះអម្ចាស់យេស៊ូវបានផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ ដែលពួកគេមិនគ្រាន់បដិសេធមិនទទួលយកនោះទេ ពួកគេថែមទាំងថ្កោលទោសថែមទៀតផង)។ ប្រសិនបើគ្មានការថ្កោលទោសរបស់ពួកគេទេ តើអ្នកអាចដឹងបានទេ? នៅមុនពេលដែលព្រះអម្ចាស់យេស៊ូវយាងមកបំពេញកិច្ចការ តើមានអ្វីដែលប្រាប់អ្នកថា ពួកគេមិនស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតនោះ? អ្នកនឹងមិនអាចប្រាប់បានទេ មែនទេ? អាកប្បកិរិយារបស់ពួកគេ គឺសុទ្ធតែជាការធ្វើពុត ហើយពួកគេប្រើការធ្វើពុតជាមានអាកប្បកិរិយាល្អនេះ ដើម្បីបោកប្រាស់យកទំនុកចិត្តរបស់អ្នកដទៃ។ តើនេះមិនមែនជាសេចក្ដីពុតត្បុត និងការបោកបញ្ឆោតទេឬអី? តើមនុស្សបោកប្រាស់បែបនេះ អាចស្រឡាញ់សេចក្ដីពិតដែរឬទេ? តើអាកប្បកិរិយាល្អរបស់ពួកគេមានគោលបំណងលាក់បាំងអ្វីខ្លះ? មួយផ្នែកនៃគោលបំណងរបស់ពួកគេ គឺដើម្បីបោកប្រាស់អ្នកដទៃ។ មួយផ្នែកទៀត គឺដើម្បីបោកបញ្ឆោតអ្នកដទៃ ដើម្បីយកឈ្នះពួកគេ និងឲ្យពួកគេថ្វាយបង្គំ ហើយចុងក្រោយ ដើម្បីទទួលបានរង្វាន់។ តើបច្ចេកទេសពួកគេឆ្លាតប៉ុនណា ដើម្បីអាចបង្កើតគ្រោងការបោកប្រាស់ដ៏ធំនេះបាន? ដូច្នេះ តើមនុស្សបែបនេះស្រឡាញ់យុត្តិធម៌ និងសេចក្ដីសុចរិតដែរឬទេ? ពិតណាស់។ ពួកគេស្រឡាញ់បុណ្យស័ក្តិ ពួកគេស្រឡាញ់កិត្តិយស និងលាភសក្ការៈ ហើយពួកគេចង់ទទួលបានរង្វាន់។ ពួកគេមិនបានអនុវត្តតាមព្រះបន្ទូលប្រៀនប្រដៅមនុស្សរបស់ព្រះជាម្ចាស់សោះឡើយ។ ពួកគេមិនបានរស់នៅតាមព្រះបន្ទូលទេ។ ពួកគេគ្រាន់តែប្រើគ្រឿងតុបតែងខ្លួន និងក្លែងខ្លួនដើម្បីឆបោកមនុស្ស និងយកឈ្នះលើពួកគេ ដើម្បីការពារបុណ្យស័ក្តិនិងកេរ្តិ៍ឈ្មោះផ្ទាល់របស់ពួកគេតែប៉ុណ្ណោះ។ នៅពេលអ្វីទាំងនេះអាចធានាបានហើយ ពួកគេប្រើវាដើម្បីប្រមូលទុន និងជាប្រភពប្រាក់ចំណូល។ តើនេះមិនគួរឲ្យស្អប់ខ្ពើមទេឬអី? អំពើនេះអាចមើលឃើញបានតាមរយៈអាកប្បកិរិយារបស់ពួកគេទាំងអស់នេះ ដែលខ្លឹមសាររបស់វា គឺមិនមែនជាការស្រឡាញ់សេចក្ដីពិតនោះទេ ដ្បិតពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ។ តើមានទីសម្គាល់អ្វីខ្លះដែលពួកគេមិនអនុវត្តសេចក្ដីពិត? នេះគឺជាទីសម្គាល់ដ៏ធំជាងគេ៖ ព្រះអម្ចាស់យេស៊ូវបានយាងមកបំពេញកិច្ចការ ហើយគ្រប់ការទាំងអស់ដែលទ្រង់មានបន្ទូល សុទ្ធតែត្រឹមត្រូវ គ្រប់សព្វកិច្ចការដែលទ្រង់មានព្រះបន្ទូល គឺជាសេចក្ដីពិត។ តើពួកគេចាត់ទុកព្រះបន្ទូលនោះដូចម្ដេច? (ពួកគេមិនទទួលយកវាទេ)។ តើពួកគេមិនទទួលយកព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដោយសារពួកគេបានជឿថា ព្រះបន្ទូលទាំងនោះខុស ឬពួកគេមិនបានទទួលយកព្រះបន្ទូលនោះ បើទោះបីជាដឹងថាព្រះបន្ទូលនោះត្រូវក៏ដោយមែនទេ? (ពួកគេមិនទទួលយកព្រះបន្ទូលនោះ បើទោះបីដឹងថាព្រះបន្ទូលនោះត្រឹមត្រូវក៏ដោយ)។ តើអ្វីដែលធ្វើឲ្យគេគិតបែបនេះ? ពួកគេពុំស្រឡាញ់សេចក្ដីពិតទេ ហើយពួកគេស្អប់ខ្ពើមអ្វីដែលល្អជាខ្លាំង។ គ្រប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូល គឺត្រឹមត្រូវ គ្មានកំហុសឆ្គងសោះឡើយ ហើយបើទោះបីជាពួកគេរកពុំឃើញកំហុសនៅក្នុងព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដើម្បីប្រើវាប្រឆាំងនឹងទ្រង់ក្ដី ក៏ពួកគេនៅតែផ្ដន្ទាទោសទ្រង់ដដែល ហើយពួកគេមានរួមគំនិតឃុបឃិតថា៖ «ឆ្កាងទ្រង់ទៅ។ បើមិនឆ្កាងទ្រង់ទេ ឆ្កាងពួកយើងចុះ»។ ក្នុងលក្ខណៈនេះ ពួកគេប្រឆាំងទាស់នឹងព្រះអម្ចាស់យេស៊ូវ។ បើទោះបីជាពួកគេមិនជឿថាព្រះអម្ចាស់យេស៊ូវ គឺជាព្រះអម្ចាស់ក៏ដោយចុះ តែទ្រង់គឺជាមនុស្សល្អ ដែលមិនបានល្មើសច្បាប់ ឬក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា[ក] ឡើយ តើហេតុអ្វីបានពួកគេថ្កោលទោសព្រះអម្ចាស់យេស៊ូវទៅវិញ? តើហេតុអ្វីបានជាគេប្រព្រឹត្តដាក់ព្រះអម្ចាស់យេស៊ូវដូច្នេះ? គេអាចមើលឃើញថា មនុស្សទាំងនេះទុច្ចរិតនិងសាហាវឃោឃៅខ្លាំងប៉ុនណា។ ពួកគេអាក្រក់ខ្លាំងណាស់។ ការបញ្ចេញទឹកមុខអាក្រក់របស់ពួកផារិស៊ី គ្មានអ្វីខុសប្លែកពីការបន្លំខ្លួនធ្វើជាចិត្តល្អរបស់ពួកគេទេ។ មានមនុស្សជាច្រើនដែលមិនអាចដឹងបានថាតើមួយណាជាទឹកមុខពិតប្រាកដរបស់ពួកគេ ហើយមួយណាជាទឹកមុខក្លែងក្លាយរបស់ពួកគេ ក៏ប៉ុន្តែ ការលេចមក និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ បានបើកសម្ដែងឲ្យឃើញពីពួកគេទាំងអស់។ ពួកផារិស៊ីពិតជាពូកែក្លែងខ្លួនណាស់ ពួកគេមើលពីសំបកក្រៅទៅល្អខ្លាំងណាស់។ បើសិនជាការពិតមិនត្រូវបានបើកសម្ដែងឲ្យឃើញទេនោះ គ្មាននរណាម្នាក់អាចមើលឃើញថាពួកគេជានរណានោះទេ។

ដកស្រង់ពី «ផ្នែកដែលសំខាន់ជាងគេបំផុតក្នុងការជឿលើព្រះជាម្ចាស់ គឺការអនុវត្តសេចក្ដីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងពាក្យ «ក្លែងបន្លំ» ផ្នែកដែលអនុវត្តគឺលក្ខណៈផ្ទាល់ខ្លួន។ ដូច្នេះ តើលក្ខណៈផ្ទាល់ខ្លួនអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទសន្សំទុកនឹងខ្លួនឯង? តើពួកគេធ្វើពុតជានរណា? ជាការពិតណាស់ ការក្លែងបន្លំរបស់ពួកគេ គឺដើម្បីឋានៈ និងកេរ្តិ៍ឈ្មោះ។ វាមិនអាចបំបែកចេញពីចំណុចទាំងនោះបានទេ ឬបើពុំដូច្នោះទេ ពួកគេនឹងមិនអាចធ្វើពុតបែបនោះបានទេ។ គ្មានផ្លូវណាដែលពួកគេអាចធ្វើអ្វីដែលល្ងង់ខ្លៅដូច្នេះឡើយ។ ប្រសិនបើឥរិយាបថបែបនេះ ត្រូវចាត់ទុកថាគួរតែត្រូវស្ដីបន្ទោស គួរឱ្យស្អប់ និងគួរឱ្យខ្ពើម តើហេតុអ្វីបានជាពួកគេនៅបន្តធ្វើវាទៀត? មិនបាច់ឆ្ងល់នោះទេ ពួកគេមានគោលបំណង និងការជំរុញចិត្តផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមានគោលបំណង និងការជំរុញចិត្តនៅក្នុងនោះ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទត្រូវទទួលបានឋានៈនៅក្នុងចិត្តរបស់មនុស្ស ពួកគេត្រូវធ្វើឱ្យមនុស្សទាំងអស់គិតថាពួកគេខ្ពង់ខ្ពស់។ តើអ្វីដែលធ្វើឱ្យមនុស្សធ្វើបែបនេះ? បន្ថែមលើការក្លែងបន្លំឥរិយាបថ និងសម្ដីមួយចំនួន ដែលតាមសញ្ញាណរបស់មនុស្សជឿថាល្អនោះ ពួកទទឹងនឹងព្រះគ្រីស្ទក៏ក្លែងបន្លំឥរិយាបថ និងរូបភាពជាក់លាក់មួយចំនួនដែលមនុស្សជឿថាឧត្តុង្គឧត្តមផងដែរ ដើម្បីធ្វើឱ្យមនុស្សដទៃកោតសរសើរចំពោះពួកគេ។ អ្វីដែលមនុស្សតែងតែជួបប្រះទះនៅក្នុងក្រុមជំនុំ គឺជាមនុស្សមួយចំនួនដែលក្លែងខ្លួនធ្វើជាបុគ្គលខាងវិញ្ញាណ ដើម្បីឱ្យមនុស្សដទៃគិតថាពួកគេបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមកហើយ និងជាបុគ្គលខាងវិញ្ញាណខ្លាំងណាស់។ ហើយតើមនុស្សមិនជឿលើអ្នកខាងវិញ្ញាណដ៏អស្ចារ្យនិងខ្ពង់ខ្ពស់ទេឬអី? (ជឿ)។ មិនថាពួកទទឹងនឹងព្រះគ្រីស្ទក្លែងបន្លំជាមនុស្សប្រភេទណា ឬមនុស្សជំពូកណានោះទេ មនុស្សនោះត្រូវតែជាប្រភេទដែលមនុស្សយល់ថាល្អ និងខ្ពង់ខ្ពស់ ហើយថ្លៃថ្នូរ ឬបើពុំដូច្នេះទេ ពួកគេនឹងមិនក្លែងបន្លំជាពួកគេឡើយ។ តើមនុស្សនឹងគិតថាពួកគេខ្ពស់ខ្ពស់ដែរឬទេ ប្រសិនបើពួកគេក្លែងបន្លំជាសាតាំងនោះ? ប្រសិនបើពួកគេក្លែងបន្លំជាមនុស្សធ្វើបាបគេ ជនពាល ជនឧក្រិដ្ឋ ឬស្រីសំផឹង តើមនុស្សនឹងគិតថាពួកគេខ្ពង់ខ្ពស់ដែរឬទេ? (អត់ទេ)។ ប្រសិនបើពួកគេនិយាយថាពួកគេជាពួកផារិស៊ី ឬពួកយូដា តើមនុស្សនឹងបដិសេធពួកគេដែរឬទេ? (បដិសេធ)។ បុគ្គលបែបនេះ ច្បាស់ណាស់ត្រូវគេចាត់ទុកថាអវិជ្ជមាន ថាមិនល្អ។ ពួកទទឹងនឹងព្រះគ្រីស្ទនឹងមិនក្លែងបន្លំជាមនុស្សបែបនោះឡើយ។ ដូច្នេះ តើពួកគេក្លែងបន្លំនរណា? នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេក្លែងបន្លំជាអ្នកដែលគេមើលឃើញថាខ្ពង់ខ្ពស់ ល្អ និងអស្ចារ្យ។ ដំបូងគឺជាមនុស្សនៅក្នុងក្រុមជំនុំដែលបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំ អ្នកដែលមានបទពិសោធន៍ខាងវិញ្ញាណ និងមានទីបន្ទាល់ ដែលបានទទួលព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ បានឆ្លងកាត់ទីសម្គាល់ និងការអស្ចារ្យ បានឃើញនិមិត្តដ៏អស្ចារ្យ និងអ្នកមានបទពិសោធន៍ពិសេសៗ។ ក៏មានអ្នកដែលពូកែនិយាយនៅពេលដែលនៅក្បែរមនុស្សដទៃ អ្នកដែលអាចបន្តនិយាយបានពីរឬបីម៉ោង ឬច្រើនជាងនេះដែរ។ ក៏មានផ្លូវ មធ្យោបាយ និងគោលការណ៍ក្នុងការធ្វើអ្វីៗស្របគ្នាជាមួយក្បួនខ្នាតរបស់ក្រុមជំនុំដែរ។ ហើយបន្ទាប់មក ក៏មានអ្នកដែលមើលទៅហាក់ដូចជាមានសេចក្ដីជំនឿអស្ចារ្យចំពោះព្រះជាម្ចាស់ដែរ។ មនុស្សទាំងអស់នេះ ត្រូវគេស្គាល់ថាជាមនុស្សខាងវិញ្ញាណ។ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទក្លែងបន្លំជាមនុស្សខាងវិញ្ញាណដោយរបៀបណា? ពួកគេគ្រាន់តែធ្វើដូចគ្នាបេះបិទប៉ុណ្ណោះ ដូច្នេះមនុស្សយល់ថាពួកគេជាមនុស្សខាងវិញ្ញាណហើយ។ ហើយនៅពេលពួកគេធ្វើអ្វីទាំងអស់នេះ តើវាកើតឡើងដោយឯកឯងពីក្នុងដួងចិត្តរបស់ពួកគេដែរឬទេ? អត់ទេ។ ពួកទទឹងនឹងព្រះគ្រីស្ទគ្រាន់តែក្លែងបន្លំ និងអនុវត្តតាមក្បួនខ្នាតប៉ុណ្ណោះ។ ហើយអ្វីមួយចំនួនដែលពួកគេធ្វើ ហាក់ដូចជាមនុស្សដទៃគិតថាជាឥរិយាបថត្រឹមត្រូវ។ ឧទាហរណ៍ ពួកគេឆាប់អធិស្ឋាននៅពេលពួកគេជួបបញ្ហា ប៉ុន្តែពួកគេថ្លឹងថ្លែងសញ្ញាណទាំងអស់នៅពេលពួកគេធ្វើបែបនេះ។ ការពិតទៅ ពួកគេមិនបានស្វែងរក និងអធិស្ឋានដោយពិតប្រាកដទេ។ ពួកគេគ្រាន់តែព្យាយាមធ្វើឱ្យមនុស្សនិយាយថា ពួកគេស្រឡាញ់ព្រះជាម្ចាស់ និងមានការគោរពយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ហើយថាពួកគេពឹងផ្អែកលើការអធិស្ឋាននៅពេលដែលពួកគេជួបប្រទះបញ្ហា។ បន្ថែមលើនេះ មិនថាពួកគេឈឺធ្ងន់ប៉ុនណានោះទេ ពួកគេមិនទៅរកពេទ្យព្យាបាលឡើយ នៅពេលដែលពួកគេគប្បីត្រូវទៅពេទ្យ ឬលេបថ្នាំ។ មនុស្សនិយាយថា៖ «ប្រសិនបើអ្នកមិនលេបថ្នាំ ជំងឺរបស់អ្នកអាចកាន់តែធ្ងន់ធ្ងរ។ មានពេលសម្រាប់ការអធិស្ឋាន និងពេលសម្រាប់លេបថ្នាំ។ អ្នកគ្រាន់តែត្រូវធ្វើតាមសេចក្ដីជំនឿរបស់អ្នកទៅបានហើយ និងមិនត្រូវបោះបង់ភារកិច្ចរបស់អ្នកទេ»។ ពួកគេឆ្លើយថា៖ «មិនអីទេ ខ្ញុំមានព្រះជាម្ចាស់ ខ្ញុំមិនខ្លាចនោះទេ»។ សំបកក្រៅ ពួកគេធ្វើពុតជាស្ងប់ស្ងៀម និងមិនខ្លាចរអា ព្រមទាំងពោរពេញដោយសេចក្ដីជំនឿ ប៉ុន្តែខាងក្នុងវិញ ពួកគេភ័យខ្លាចស្ទើរស្លាប់ទៅហើយ។ នៅពេលនៅតែម្នាក់ឯង ពួកគេលេបថ្នាំហើយលេបថ្នាំទៀត ហើយលួចទៅជួបវេជ្ជបណ្ឌិតស្ងាត់ៗនៅពេលណាដែលពួកគេមានអារម្មណ៍មិនស្រួលខ្លួន។ ប្រសិនបើមនុស្សឃើញពួកគេលេបថ្នាំ និងសួរពួកគេថាជាអ្វី ពួកគេនិយាយថា៖ «ខ្ញុំគ្រាន់តែលេបអាហារបំប៉នសុខភាពប៉ុណ្ណោះ។ វាជួយផ្ដល់កម្លាំងដល់ខ្ញុំ ដូច្នេះខ្ញុំនឹងមិនធ្វើឱ្យអាក់ខានពេលបំពេញភារកិច្ចរបស់ខ្ញុំឡើយ»។ ពួកគេក៏និយាយផងដែរថា៖ «ជំងឺគឺជាការល្បងលមកអំពីព្រះជាម្ចាស់តែប៉ុណ្ណោះ។ នៅពេលយើងរស់នៅក្នុងចំណោមជំងឺ យើងធ្លាក់ខ្លួនឈឺ។ នៅពេលយើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជំងឺនោះក៏បាត់ទៅវិញ។ យើងមិនត្រូវរស់នៅក្នុងចំណោមជំងឺទេ ប្រសិនបើយើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជំងឺនេះនឹងបាត់ទៅវិញ»។ នោះហើយគឺជាអ្វីដែលពួកគេតែងបង្រៀនមនុស្សតែសំបកក្រៅ ដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីជួយដល់អ្នកដទៃ។ ប៉ុន្តែនៅពេលមានអ្វីកើតឡើងចំពោះពួកគេ ពួកគេព្យាយាមដោះស្រាយវាដោយខ្លួនឯង ដោយមធ្យោបាយផ្ទាល់ខ្លួន។ សំបកក្រៅ ពួកគេនិយាយថា៖ ពឹងផ្អែកលើព្រះជាម្ចាស់ទាំងស្រុង ហើយអ្វីគ្រប់យ៉ាងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ប៉ុន្តែ នោះមិនមែនជាអ្វីដែលពួកគេធ្វើដោយស្ងាត់ៗនោះទេ។ ពួកគេគ្មានសេចក្ដីជំនឿពិតប្រាកដនោះទេ។ នៅពេលពួកគេជួបប្រទះបញ្ហា នៅចំពោះមុខមនុស្សដទៃ ពួកគេអធិស្ឋាន និងនិយាយថា ពួកគេចុះចូលនឹងអធិបតេយ្យភាពនិងការរៀបចំរបស់ព្រះជាម្ចាស់ ថាបញ្ហានេះមកអំពីព្រះជាម្ចាស់ ហើយមនុស្សមិនគួររអ៊ូរទាំឡើយ។ ប៉ុន្តែនៅក្នុងដួងចិត្តរបស់ពួកគេវិញ ពួកគេកំពុងគិតថា៖ «ខ្ញុំបានលះបង់ខ្លាំងណាស់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំងក្នុងការបំពេញភារកិច្ចរបស់ខ្ញុំ តើជំងឺនេះអាចកើតមានដល់ខ្ញុំបានដោយរបៀបណា? ហើយតើមនុស្សផ្សេងទៀតមិនអាចទទួលជំងឺយ៉ាងដូចម្ដេចទៅ?» ពួកគេមិនហ៊ាននិយាយរអ៊ូរទាំអ្វីទេ ប៉ុន្តែមានការសង្ស័យអំពីការយាងមករបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ចំពោះពួកគេ វាហាក់ដូចជាអ្វីគ្រប់សព្វសារពើដែលព្រះជាម្ចាស់ធ្វើ គឺមិនសុទ្ធតែត្រឹមត្រូវនោះទេ។ សំបកក្រៅ បើទោះបីជាពួកគេបង្ហាញថាគ្មានអ្វីខុសក្ដី បើទោះបីជាមានជំងឺ ជំងឺនោះនៅតែមិនអាចបញ្ឈប់ពួកគេបានឡើយ ពួកគេនៅតែអាចបំពេញភារកិច្ចរបស់ពួកគេបានដដែល ពួកគេនៅតែមានសេចក្ដីជំនឿ និងនៅតែអាចលះបង់ខ្លួនដើម្បីព្រះជាម្ចាស់បានដដែល។ នៅពេលគេនិយាយថា ពួកគេជាអ្នកក្លែងបន្លំ នោះឥរិយាបថរបស់ពួកគេបង្ហាញថាមិនល្អ។ សេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់មនុស្សបែបនេះ គឺក្លែងក្លាយ ហើយភាពស្មោះត្រង់របស់ពួកគេក៏ក្លែងក្លាយដែរ។ ពុំមានការស្ដាប់បង្គាប់ពិតប្រាកដទេ ហើយក៏គ្មានសេចក្ដីជំនឿពិតដែរ ហើយពួកគេក៏មិនបានពឹងផ្អែកលើព្រះជាម្ចាស់ និងថ្វាយបញ្ហាទៅក្នុងព្រះហស្ដរបស់ទ្រង់ដែរ។ ពួកគេមិនខ្វាយខ្វល់អំពីអ្វីដែលព្រះជាម្ចាស់រៀបចំ ឬអ្វីជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។ ពួកគេពុំបានពិនិត្យមើលនិស្ស័យពុករលួយរបស់ពួកគេទេ ពួកគេពុំបានពិនិត្យមើលបញ្ហាដែលពួកគេមានឡើយ ហើយពួកគេក៏មិនបានដោះស្រាយបញ្ហាដែរ ប៉ុន្តែសំបកក្រៅ ធ្វើពុតថាគ្មានអ្វីដែលអាចឃាត់ឃាំងពួកគេបានទេ ថាពួកគេអាចចុះចូល និងមានសេចក្ដីជំនឿ និងអាចឈរបានរឹងមាំ។ ក៏ប៉ុន្តែ នៅក្នុងដួងចិត្តរបស់ពួកគេវិញ ពួកគេកំពុងគិតថា៖ «តើជំងឺនេះកើតមានមកលើខ្ញុំ ដោយសារព្រះជាម្ចាស់ស្អប់ខ្ញុំមែនទេ? ហើយដោយសារទ្រង់ស្អប់ទូលបង្គំ តើទូលបង្គំជាអ្នកស៊ីឈ្នួលមែនទេ? តើព្រះជាម្ចាស់ប្រើទូលបង្គំដើម្បីឱ្យធ្វើការមែនទេ? តើទូលបង្គំនៅតែមានទីបំផុតដែរឬទេ? តើព្រះជាម្ចាស់ប្រើចំណុចនេះដើម្បីបើកសម្ដែងឱ្យឃើញពីទូលបង្គំ ដើម្បីបញ្ឈប់ទូលបង្គំមិនឱ្យបំពេញភារកិច្ចមែនទេ?» នោះគឺជាអ្វីដែលពួកគេគិតនៅក្នុងដួងចិត្តរបស់ពួកគេ ចំណែកសំបកក្រៅវិញ ធ្វើពុតជាមនុស្សខាងវិញ្ញាណ ដោយនិយាយថា៖ «បំណងល្អរបស់ព្រះជាម្ចាស់ គឺនៅពីក្រោយការនេះ» ហើយគេមិនរអ៊ូរទាំទេ មិនថាមានអ្វីកើតឡើងចំពោះពួកគេឡើយ។ ពួកគេពុំរអ៊ូរទាំដោយបើកចំហទេ ប៉ុន្តែដួងចិត្តរបស់ពួកគេវិញ បោកបក់ប្រៀបដូចជាសមុទ្រជួបព្យុះ។ ការរអ៊ូរទាំអំពីព្រះជាម្ចាស់ និងសេចក្ដីសង្ស័យ និងសំណួរអំពីព្រះជាម្ចាស់ កើតមកក្នុងពេលតែមួយ។ សំបកក្រៅ ពួកគេបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានត្រៀមខ្លួនក្នុងការបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែក្នុងដួងចិត្តរបស់ពួកគេ ពួកគេបានបោះបង់ចោលភារកិច្ចរបស់ពួកគេរួចទៅហើយ។ តើនេះមិនមែនជាអត្ថន័យនៃការធ្វើពុតទេឬអី?

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (X)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មិនថានៅកន្លែងណា ឬពួកគេបំពេញភារកិច្ចរបស់ពួកគេនៅកន្លែងណាទេ ពួកទទឹងនឹងព្រះគ្រីស្ទ បង្ហាញថាខ្លួនមិនទន់ខ្សោយ មានសេចក្ដីស្រឡាញ់ជាខ្លាំងចំពោះព្រះជាម្ចាស់ ពោរពេញដោយសេចក្ដីជំនឿលើព្រះជាម្ចាស់ និងមិនធ្លាប់អវិជ្ជមាន លាក់បាំងឥរិយាបថពិត និងទស្សនៈពិតដែលពួកគេមាននៅក្នុងជម្រៅចិត្តរបស់ពួកគេអំពីសេចក្ដីពិត និងព្រះជាម្ចាស់។ ការពិតទៅ នៅក្នុងជម្រៅចិត្តរបស់ពួកគេ តើពួកគេពិតជាជឿថា ពួកគេពោរពេញដោយអំណាចមែនទេ? តើពួកគេពិតជាជឿថាខ្លួនពួកគេគ្មានចំណុចខ្សោយមែនទេ? អត់ទេ។ ដូច្នេះ ដោយដឹងថាពួកគេមានចំណុចខ្សោយ មានការបះបោរ និងនិស្ស័យពុករលួយ តើហេតុអ្វីបានជាពួកគេនិយាយ និងសម្ដែងឥរិយាបថដោយបែបនេះនៅចំពោះមុខអ្នកដទៃ? គោលដៅរបស់ពួកគេគឺច្បាស់លាស់ណាស់៖ វាគឺគ្រាន់តែដើម្បីការពារឋានៈរបស់ពួកគេក្នុងចំណោម និងចំពោះមុខអ្នកដទៃប៉ុណ្ណោះ។ ពួកគេជឿថា ប្រសិនបើនៅចំពោះមុខអ្នកដទៃ ពួកគេបង្ហាញចំណុចអវិជ្ជមានដោយបើកចំហ និយាយអ្វីដែលទន់ខ្សោយដោយបើកចំហ បើកសម្ដែងពីការបះបោរ និងនិយាយពីការស្គាល់ខ្លួនឯង ដូច្នេះ នេះគឺជាអ្វីដែលប៉ះពាល់ដល់ឋានៈ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ វាគឺជាការខាតបង់មួយ។ ហេតុនេះ ពួកគេសុខចិត្តស្លាប់ មិននិយាយថាពួកគេទន់ខ្សោយ និងអវិជ្ជមាន និងថាពួកគេមិនគ្រប់លក្ខណ៍ និងជាមនុស្សធម្មតាម្នាក់នោះទេ។ ពួកគេគិតថា ប្រសិនបើពួកគេទទួលស្គាល់ថា ពួកគេមាននិស្ស័យពុករលួយ ថាពួកគេជាមនុស្សធម្មតាម្នាក់ ជាសត្តនិករតូចទាប និងគ្មានតម្លៃ ដូច្នេះពួកគេនឹងបាត់បង់ឋានៈរបស់ពួកគេនៅក្នុងគំនិតរបស់មនុស្ស។ ដូច្នេះហើយ មិនថាបែបណាក៏ដោយ ពួកគេមិនអាចឱ្យឋានៈរបស់ពួកគេបាត់បង់ឡើយ ប៉ុន្តែពួកគេខិតខំយ៉ាងខ្លាំងដើម្បីធានាវាឱ្យបានគង់វង្ស។ នៅរាល់ពេលដែលពួកគេជួបបញ្ហា ពួកគេដើរទៅមុខ ប៉ុន្តែនៅពេលដែលឃើញថាពួកគេអាចត្រូវគេបើកបង្ហាញឱ្យឃើញ ថាមនុស្សមើលធ្លុះពួកគេ ពួកគេលាក់ខ្លួនយ៉ាងរហ័ស។ ប្រសិនបើមានចន្លោះអាចឱ្យគេប្រើកលល្បិចបាន ប្រសិនបើពួកគេនៅតែមានឱកាសក្នុងការបង្អួតខ្លួនពួកគេ ធ្វើពុតថាពួកគេបានខំប្រឹង ថាពួកគេដឹងអំពីបញ្ហានេះ និងយល់ពីវា ព្រមទាំងអាចដោះស្រាយបញ្ហានេះបាន នោះពួកគេប្រញាប់ប្រញាល់ទៅមុខចាប់យកឱកាសនេះដើម្បីទទួលបានការកោតសរសើរពីអ្នកដទៃ ដើម្បីឱ្យមនុស្សដឹងថាពួកគេមានជំនាញក្នុងផ្នែកនេះ។ ប្រសិនបើក្នុងស្ថានភាពណាមួយ នរណាម្នាក់សួរពួកគេអំពីការយល់ដឹងរបស់ពួកគេអំពីបញ្ហាអ្វីមួយ និងថាតើពួកគេមានទស្សនៈបែបណានោះ ពួកគេរួញរាមិនចង់និយាយទេ ហើយពួកគេឱ្យមនុស្សម្នាក់ផ្សេងទៀតនិយាយមុន។ ការរួញរារបស់ពួកគេមានហេតុផលមួយ៖ វាមិនមែនថាពួកគេគ្មានទស្សនៈអ្វីនោះទេ ប៉ុន្តែពួកគេខ្លាចក្រែងថា ការនិយាយឡើងដោយផ្ទាល់ នឹងធ្វើឱ្យពួកគេបាក់មុខ ឬថាពួកគេនឹងនិយាយអ្វីដែលល្ងង់ខ្លៅ ឬមិនសំខាន់ដែលគ្មាននរណាម្នាក់យល់ស្របតាម។ នេះគឺជាហេតុផលមួយ។ ហេតុផលមួយទៀតគឺថា ពួកគេគ្មានទស្សនៈ និងមិនហ៊ាននិយាយតាមទំនើងចិត្តនោះទេ។ ដោយសារមូលហេតុទាំងពីរនេះហើយ ឬហេតុផលជាច្រើនផ្សេងទៀត ទើបពួកគេគេចមិនព្រមនិយាយ និងបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេឡើយ ពួកគេខ្លាចក្រែងត្រូវបើកសម្ដែងឱ្យឃើញមុខមាត់ពិតរបស់ពួកគេ ពួកគេខ្លាចក្រែងត្រូវបើកសម្ដែងឱ្យឃើញកម្ពស់ពិត និងទស្សនៈពិតរបស់ពួកគេ និងធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ពួកគេដែលមនុស្សដទៃបានគិតនៅក្នុងដួងចិត្តរបស់ពួកគេ។ ដូច្នេះហើយ នៅពេលមនុស្សប្រកបគ្នាអំពីទស្សនៈ គំនិត និងការយល់ដឹង ពួកគេតាមស្ដាប់ឃ្លាប្រយោគរបស់មនុស្សណាម្នាក់ ឬមនុស្សណាមួយ ឃ្លាប្រយោគដែលប្រកបដោយបញ្ញា និងដែលអាចយកមកការពារបាន ហើយពួកគេប្រើវាជាសម្ដីផ្ទាល់ខ្លួន ពួកគេបន្សុទ្ធសម្ដីនោះ និងប្រកបវាជាមួយមនុស្សគ្រប់គ្នា ហើយការធ្វើបែបនេះ ធ្វើឲ្យពួកគេទទួលបានឋានៈខ្ពង់ខ្ពស់នៅក្នុងដួងចិត្តមនុស្ស។ នៅពេលវេលាដែលត្រូវបង្ហាញពីទស្សនៈនោះចូលមកដល់មែនទែន ពួកគេមិនដែលបើកចំហអំពីសភាពពិតរបស់ពួកគេដល់មនុស្ស ឬឱ្យមនុស្សដឹងថាពួកគេគិតអ្វីឱ្យប្រាកដ លក្ខណសម្បត្តិរបស់ពួកគេបែបណា ភាពជាមនុស្សរបស់ពួកគេបែបណា អំណាចនៃការយល់ដឹងរបស់ពួកគេបែបណា និងថាតើពួកគេមានចំណេះដឹងពិតប្រាកដអំពីសេចក្ដីពិតឬអត់នោះទេ។ ដូច្នេះហើយ ក្នុងពេលជាមួយគ្នានោះ ពួកគេអួតអាង និងធ្វើពុតជាអ្នកខាងវិញ្ញាណ ជាមនុស្សគ្រប់លក្ខណ៍ ពួកគេធ្វើវាឲ្យបានល្អបំផុតដើម្បីលាក់បាក់មុខមាត់ពិត និងកម្ពស់ពិតរបស់ពួកគេ។ ពួកគេមិនដែលបើកសម្ដែងពីភាពទន់ខ្សោយរបស់ពួកគេឱ្យបងប្អូនប្រុសស្រីបានដឹងទេ ហើយពួកគេក៏មិនដែលទទួលស្គាល់ចំណុចខ្វះខាត និងចំណុចខ្សោយផ្ទាល់របស់ពួកគេដែរ។ ផ្ទុយទៅវិញ ពួកគេខំយ៉ាងខ្លាំងដើម្បីលាក់បាំងខ្លួនពួកគេ។ មនុស្សសួរពួកគេថា «អ្នកបានជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំមកហើយ តើអ្នកមានការសង្ស័យណាមួយអំពីព្រះជាម្ចាស់ដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ»។ គេសួរពួកគេថា៖ «តើអ្នកទួញយំដែរឬទេនៅពេលសមាជិកគ្រួសាររបស់អ្នកស្លាប់?» ពួកគេឆ្លើយថា៖ «អត់ទេ ខ្ញុំមិនស្រក់ទឹកភ្នែកសូម្បីមួយតំណក់»។ គេសួរពួកគេថា៖ «អ្នកបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំមកហើយ អ្នកបានធ្វើការលះបង់ជាច្រើន និងបានលះបង់ខ្លួនយ៉ាងច្រើន តើអ្នកធ្លាប់មានការស្ដាយក្រោយណាមួយដែរឬទេ?» ពួកគេឆ្លើយថា៖ «ទេ អត់ទេ»។ គេសួរពួកគេថា៖ «នៅពេលគ្មាននរណាម្នាក់ខ្វាយខ្វល់នឹងអ្នក នៅពេលអ្នកឈឺ តើអ្នកអន់ចិត្តដែរឬទេ តើអ្នកនឹកផ្ទះដែរទេ?» ហើយពួកគេឆ្លើយថា៖ «អត់ទេ»។ ពួកគេបង្ហាញថាពួកគេរឹងមាំ មានឆន្ទៈរឹងមាំ អាចធ្វើការលះបង់ អាចលះបង់ខ្លួនពួកគេបាន ជាមនុស្សម្នាក់ដែលគ្មានចំណុចខ្វះខាត គ្មានកំហុសអ្វីឡើយ។ ហើយតើពួកគេប្រតិកម្មយ៉ាងណាប្រសិនបើអ្នកប្រាប់ពួកគេអំពីកំហុសរបស់ពួកគេ និយាយបើកចំហ និងប្រកបគ្នាជាមួយពួកគេក្នុងនាមជាបងប្អូនប្រុសស្រីធម្មតា? ពួកគេខំប្រឹងអស់ពីសមត្ថភាពដើម្បីបង្ហាញថាខ្លួនឯងគ្មានទោស និងនិយាយល្អពីខ្លួនពួកគេ ដើម្បីរក្សាស្ថានការណ៍ ដើម្បីមើលស្រាលអ្វីដែលអ្នកបាននិយាយ ដើម្បីធ្វើឱ្យអ្នកលេបសម្ដីរបស់អ្នកត្រឡប់ទៅវិញ និងចុងក្រោយទទួលស្គាល់ថា ពួកគេពុំមានបញ្ហានេះទេ ហើយថាពួកគេនៅតែគ្រប់លក្ខណ៍ដដែល ជាមនុស្សខាងវិញ្ញាណ ដែលមនុស្សគិតថាពួកគេមានលក្ខណៈបែបនេះ។ តើនេះមិនសុទ្ធតែជាការធ្វើពុតទេឬអី? នរណាម្នាក់ដែលគិតថាពួកគេគ្រប់លក្ខណ៍ និងពោរពេញដោយអំណាច គឺគ្រាន់តែជាការធ្វើពុតប៉ុណ្ណោះ។ តើហេតុអ្វីបានជាខ្ញុំនិយាយថាពួកគេគ្រាន់តែកំពុងធ្វើពុតនោះ? តើហេតុអ្វីបានជាខ្ញុំគិតថាពួកគេមានលក្ខណៈមិនល្អដូចតែគ្នា? តើនរណាដែលគ្រប់លក្ខណ៍? តើនរណាម្នាក់ដែលពោរពេញដោយអំណាច? តើពាក្យ «ពោរពេញដោយអំណាច» មានន័យដូចម្ដេច? តើវាមានន័យថា មានគ្រប់ចេស្ដា មែនទេ? គ្មាននរណាម្នាក់នៅក្នុងសកលលោកនេះ ពោរពេញដោយអំណាចនោះទេ។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានគ្រប់ព្រះចេស្ដា។ ចុះមនុស្សដែលអះអាងថាពួកគេពោរពេញដោយអំណាច និងមានគ្រប់ចេស្ដាវិញនោះ? ពួកគេគឺជាមហាទេវតា ពួកគេជាអារក្ស ហើយពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងចំណោមមនុស្ស។ ពួកទទឹងនឹងព្រះគ្រីស្ទធ្វើពុតថា ពួកគេពោរពេញដោយអំណាច ថាពួកគេគ្រប់លក្ខណ៍។ តើពួកទទឹងនឹងព្រះគ្រីស្ទស្គាល់ខ្លួនឯងដែរឬទេ? (អត់ទេ)។ ពួកគេមិនស្គាល់ខ្លួនឯងទេ ដូច្នេះ តើពួកគេអាចប្រកបគ្នាអំពីការស្គាល់ខ្លួនឯងបានដែរឬទេ? (មនុស្សលាក់ពុតខ្លះអាច)។ ត្រឹមត្រូវហើយ មនុស្សទាំងនេះធ្វើពុតជាប្រកបអំពីការស្គាល់ខ្លួនឯង។ ដូច្នេះ តើមានភាពខុសគ្នាអ្វីរវាងពួកគេធ្វើការប្រកបអំពីការស្គាល់ខ្លួនឯង និងការស្គាល់នរណាម្នាក់ពិតប្រាកដនោះ? (មនុស្សលាក់ពុតប្រកបគ្នាអំពីការស្គាល់ខ្លួនឯងដើម្បីឱ្យមនុស្សដទៃគិតថាពួកគេខ្ពង់ខ្ពស់ ដើម្បីបង្ហាញពីចំណុចល្អរបស់ពួកគេ។ អស់អ្នកដែលស្គាល់ខ្លួនពួកគេពិតប្រាកដ ប្រកបគ្នា និងវែកញែកអំពីនិស្ស័យពុករលួយរបស់ពួកគេ អំពីការទទួលបានចំណេះដឹងពិតប្រាកដអំពីខ្លួនឯង និងបង្ហាញការសោកស្ដាយជាប្រាកដ តាមរយៈការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់)។ មានភាពខុសគ្នាមួយ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទនិយាយអំពីការស្គាល់ខ្លួនឯង ពួកគេពន្យល់ និងបង្ហាញថាខ្លួនឯងគ្មានទោសដោយប្រើអ្វីដែលនិយាយពីពួកគេ ដែលមនុស្សគ្រប់គ្នាដឹង និងឃើញ ដើម្បីឱ្យមនុស្សគិតថា ពួកគេត្រឹមត្រូវ និងគិតថាពួកគេខ្ពង់ខ្ពស់ ហើយគិតថាពួកគេស្គាល់ខ្លួនឯង ហើយសូម្បីតែពេលដែលពួកគេគ្មានអ្វីខុសឆ្គងច្រើនក៏ដោយ ក៏ពួកគេនៅតែអាចមកចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់ដើម្បីទទួលស្គាល់កំហុសរបស់ពួកគេ និងប្រែចិត្តដែរ។ តើពួកគេមានគោលបំណងអ្វី? ដើម្បីបោកប្រាស់មនុស្ស។ ពួកគេមិនបង្ហាញពីនិស្ស័យពុករលួយរបស់ពួកគេ ដើម្បីឱ្យមនុស្សអាចរៀនពីពួកគេបានទាល់តែសោះ។ តើមានឥទ្ធិពលអ្វីនៅដែលពួកគេប្រើការស្គាល់ខ្លួនឯងដើម្បីធ្វើឱ្យមនុស្សគិតថាពួកគេខ្ពស់ខ្ពស់? ពួកគេបោកប្រាស់មនុស្ស។ តើនេះជាការស្គាល់ខ្លួនឯងយ៉ាងម៉េចទៅ? វាគឺជាការបោកប្រាស់មនុស្ស ប្រើការនិយាយ និងការអនុវត្តការស្គាល់ខ្លួនឯងដើម្បីបោកប្រាស់មនុស្ស និងធ្វើឱ្យអ្នកដទៃគិតថាពួកគេខ្ពង់ខ្ពស់។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (X)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

គ្មានអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទពូកែជាងការបណ្ដុះឥរិយាបថ និងសម្ដីល្អ និងការប្រព្រឹត្តតាមក្បួនខ្នាតជាក់លាក់នោះទេ។ នេះគឺជាអ្វីដែលពួកគេពូកែជាងគេ។ ហើយអ្វីដែលពួកគេពូកែនេះ គឺជាអ្វីដែលមាននៅក្នុងឆ្អឹងរបស់ពួកគេ ដែលមានន័យថា វាគឺជាសារជាតិរបស់ពួកគេ។ រឿងដែលពួកគេពូកែបំផុត មិនមែនជាការស្វែងរកបែបវិជ្ជមាន និងការសង្ឃឹមជ្រាលជ្រៅក្នុងដួងចិត្តរបស់មនុស្សទេ ប៉ុន្តែគឺស្វែងរកអ្វីដែលគ្រាន់តែមើលទៅល្អ និងត្រឹមត្រូវតែសំបកក្រៅប៉ុណ្ណោះ។ សារជាតិ និងនិស្ស័យរបស់ពួកគេ ឬអ្វីដែលកប់ជ្រៅនៅក្នុងខ្លួនពួកគេ គឺច្បាស់ជាផ្ទុយគ្នានឹងឥរិយាបថខាងក្រៅរបស់ពួកគេ។ ឧទាហរណ៍ មានពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួនដែលពេលនិយាយ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ មើលទៅចិត្តល្អ និងបន្ទាបខ្លួន មិនដែលនិយាយអ្វីដែលធ្វើឱ្យគេឈឺចាប់ទេ តែងតែព្យាយាមរក្សានូវសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ មិនដែលបើកបង្ហាញនូវចំណុចខ្វះខាតរបស់អ្នកដទៃ ក៏មិនជំនុំជម្រះ ឬថ្កោលទោសពួកគេដោយចៃដន្យ ដែលពួកគេតែងឈោងដៃទៅជួយដល់មនុស្សដែលមានការបាក់ទឹកចិត្ត និងទន់ខ្សោយ។ ពួកគេមានការសម្ដែងចេញជាមនុស្សល្អ មានចិត្តទូលាយ និងសណ្ដានចិត្តល្អ។ នៅពេលមនុស្សស្ថិតក្នុងការលំបាក ពេលខ្លះពួកគេជួយនិយាយលួងលោម ហើយពេលខ្លះពួកគេជួយផ្ដល់កម្លាំងផងដែរ។ ហើយក៏មានពេលខ្លះទៀត ពួកគេជួយសង្គ្រោះដោយបរិច្ឆាគប្រាក់ ឬរបស់របរផ្សេងៗទៀតផង។ បើមើលពីសំបកក្រៅ តើឥរិយាបថបែបនេះល្អដែរឬទេ? នៅក្នុងចិត្តរបស់មនុស្សភាគច្រើន នេះគឺជាប្រភេទមនុស្សដែលពួកគេចង់ប្រាស្រ័យទាក់ទង និងរាប់រកជាមួយ។ មនុស្សបែបនេះ នឹងមិនបង្កការគំរាមកំហែង ឬការរំខានដល់នរណាម្នាក់ឡើយ ហើយក៏អាចជួយដល់មនុស្សបានទៀតផង មិនថាជាជំនួយខាងសម្ភារៈឬផ្លូវចិត្ត ឬសូម្បីជំនួយលក្ខណៈជាគោលលទ្ធិជាដោយការចូលទៅក្នុងជីវិត និងជំនួយផ្សេងទៀត។ សំបកក្រៅ មនុស្សបែបនេះ មិនធ្វើអ្វីអាក្រក់នោះទេ ហើយពួកគេក៏មិនរំខានដល់អ្នកដទៃដែរ។ ពួកគេហាក់ដូចជានាំមកនូវសាមគ្គីភាពជាពិសេស មិនថាក្រុមណាដែលពួកគេស្ថិតនៅនោះទេ។ ស្ថិតក្រោមការដឹកនាំ និងការសម្របសម្រួលរបស់ពួកគេ មនុស្សគ្រប់គ្នាហាក់ដូចជាសប្បាយចិត្ត មនុស្សចុះសម្រុងគ្នាល្អ ពួកគេគ្មានការឈ្មោះប្រកែកគ្នា ឬទាស់ទែងគ្នាទេ ហើយពួកគេចូលចិត្តមិត្តភាពដែលពួកគេមានជាមួយគ្នា។ នៅពេលពួកគេនៅទីនោះ មនុស្សគ្រប់គ្នាគិតថាពួកគេចុះសម្រុងគ្នាល្អណាស់ ពួកគេស្និតស្នាលនឹងគ្នា។ នៅពេលពួកគេចេញបាត់ មនុស្សខ្លះចាប់ផ្ដើមខ្វែងគំនិតគ្នាទៅវិញទៅមកនៅពេលពួកគេមកជុំគ្នា បណ្ដេញគ្នាចេញពីក្រុម ហើយមានការច្រណែន និងមានទំនាស់នឹងគ្នា។ ប៉ុន្តែនៅពេលពួកទទឹងនឹងព្រះគ្រីស្ទមកក្នុងចំណោមពួកគេដើម្បីសម្របសម្រួល មនុស្សគ្រប់គ្នាឈប់ឈ្លោះប្រកែកគ្នា។ ពួកទទឹងនឹងព្រះគ្រីស្ទហាក់ដូចជាប៉ិនប្រសប់នឹងការងាររបស់ពួកគេណាស់ ប៉ុន្តែមានរឿងមួយដែលបង្ហាញយ៉ាងច្បាស់ថា «ការងារ» របស់ពួកគេយ៉ាងណានោះ។ ក្រោមការណែនាំ និងការដឹកនាំរបស់ពួកគេ មនុស្សបានរៀនពីរបៀបរាក់ទាក់ដាក់គ្នា របៀបនិយាយផ្អែមល្ហែម និងបញ្ជោរអ្នកដទៃ របៀបនិយាយរឿងល្អចំពោះមុខពួកគេ របៀបនិយាយអ្វីដែលត្រូវ និងអ្វីដែលមិនធ្វើឱ្យមនុស្សមានអារម្មណ៍ឈឺចាប់។ តើពួកគេបានកែប្រែក្រុមជំនុំទៅជាអ្វីហើយ? ទៅជាក្រុមសង្គមមួយ។ នៅពេលពួកទទឹងនឹងព្រះគ្រីស្ទបានដឹកនាំបងប្អូនប្រុសស្រីនៅលើផ្លូវនេះ ពួកគេគិតថា ពួកគេគួរតែមានកេរ្តិ៍ឈ្មោះល្អ ពួកគេបានធ្វើអ្វីដែលគួរឱ្យកោតសរសើរសម្រាប់បងប្អូនប្រុសស្រី កិច្ចការដែលមានសារៈសំខាន់ធំបំផុត និងបានជួយដល់បងប្អូនប្រុសស្រីយ៉ាងច្រើនអនេក។ ជារឿយៗ ពួកគេបង្រៀនបងប្អូនប្រុសស្រីឱ្យបន្ទាបខ្លួន ឲ្យចេះចម្រាញ់ពាក្យសម្ដីឱ្យបានល្អ និងឱ្យបានសមសួន ឱ្យពួកគេគប្បីមានដងខ្លួនបែបណានៅពេលអង្គុយ ឬឈរ ត្រូវសម្លឹងភ្នែកទៅខាងណានៅពេលកំពុងនិយាយ និងរបៀបដែលពួកគេគប្បីស្លៀកពាក់។ អ្វីដែលពួកគេតែងតែបង្រៀនបងប្អូនប្រុសស្រី គឺមិនមែនជារបៀបដើម្បីយល់ដឹងពីសេចក្ដីពិត ឬដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ។ ផ្ទុយទៅវិញ ពួកគេបង្រៀនពួកនោះពីរបៀបគោរពតាមក្បួនខ្នាត និងមានឥរិយាបថល្អ។ ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកគេ ការប្រាស្រ័យទាក់ទងរវាងមនុស្សមិនផ្អែកលើសេចក្ដីពិត ឬគោលការណ៍សេចក្ដីពិតទេ ប៉ុន្តែផ្អែកលើទស្សនវិជ្ជាផ្ទាល់ខ្លួននៃការក្លាយជាមនុស្សល្អម្នាក់។ សំបកក្រៅ គ្មាននរណាម្នាក់បង្កការឈឺចាប់ដល់អារម្មណ៍នរណាម្នាក់ទេ គ្មាននរណាម្នាក់និយាយចំណុចខ្វះខាតរបស់នរណាឡើយ។ ក៏ប៉ុន្តែ គ្មាននរណាម្នាក់ធ្លាប់ប្រាប់នរណាម្នាក់អំពីអ្វីដែលពួកគេកំពុងគិតឱ្យប្រាកដនោះទេ ពួកគេពុំបើកដួងចិត្តរបស់ពួកគេដើម្បីប្រកបគ្នាជាមួយនិស្ស័យពុករលួយ និងការមិនស្ដាប់បង្គាប់របស់ពួកគេឡើយ ហើយពួកគេក៏មិនប្រកបចំណុចខ្វះខាត និងអំពើរំលងដែរ។ ផ្ទុយទៅវិញ នៅកម្រិតរាក់កំភែល ពួកគេនិយាយឥតបានការអំពីអ្នកដែលបានរងទុក្ខលំបាក និងបានលះបង់តម្លៃ អ្នកដែលមានភាពស្មោះត្រង់នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ អ្នកដែលមានសមត្ថភាពពាំនាំនូវអត្ថប្រយោជន៍ដល់បងប្អូនប្រុសស្រី អ្នកដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ដំណាក់របស់ព្រះជាម្ចាស់ អ្នកដែលត្រូវបានជាប់ឃុំឃាំង និងកាត់ទោសទៅវិញ។ ទាំងអស់នេះគឺជារឿងដែលពួកគេនិយាយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនគ្រាន់តែប្រើឥរិយាបថល្អដូចជាការបន្ទាបខ្លួន ការអត់ធ្មត់ ការអធ្យាស្រ័យ ការជួយមនុស្សតាមគ្រប់វិធីពីសម្បកក្រៅ ដើម្បីធ្វើការក្លែងបន្លំខ្លួន និងបិទបាំងខ្លួនពួកគេប៉ុណ្ណោះទេ ប៉ុន្តែស្របពេលជាមួយគ្នា ពួកគេក៏នឹងព្យាយាមធ្វើជាគំរូផ្ទាល់ខ្លួនដែលឆ្លងដល់អ្នកដទៃតាមរយៈឥរិយាបថល្អនេះ និងធ្វើឱ្យពួកគេប្រជែងគ្នាធ្វើត្រាបតាមវាដែរ។ គោលបំណងពីក្រោយឥរិយាបថល្អនេះ គឺគ្មានអ្វីក្រៅពីធ្វើឱ្យមនុស្សយកចិត្តទុកដាក់ចំពោះពួកគេឡើយ ពោលគឺចំពោះការដែលថាមានតែពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលបន្ទាបខ្លួន និងអត់ធ្មត់ មានតែពួកគេប៉ុណ្ណោះដែលមានអធ្យាស្រ័យលើគេ ហើយមិនដោះស្រាយជាមួយ ឬលួសកាត់នរណាម្នាក់ ឬក៏បើកបង្ហាញពីចំណុចខ្វះខាតរបស់នរណាម្នាក់ឡើយ ថែមទាំងចុះសម្រុងជាមួយមនុស្សគ្រប់គ្នាទៀតផង នៅពេលមនុស្សភាគច្រើននៅក្នុងក្រុមជំនុះកំពុងពិភាក្សាគ្នាអំពីនិស្ស័យពុករលួយរបស់ពួកគេផ្ទាល់ និងនៅពេលនរណាម្នាក់ក្នុងចំណោមបងប្អូនប្រុសស្រីដឹងថាអ្នកផ្សេងមាននិស្ស័យពុករលួយ និងអាចដោះស្រាយជាមួយនិស្ស័យនេះបាន។ មានតែពួកគេប៉ុណ្ណោះដែលជាមនុស្សល្អនៅក្នុងក្រុមជំនុំ។ នេះគឺជាឥរិយាបថក្លែងក្លាយមួយដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ។

ដកស្រង់ពី «ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ព្រះដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (X)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

មនុស្សខ្លះបំពាក់ខ្លួនជាមួយសេចក្តីពិតជាក់លាក់សម្រាប់តែភាពអាសន្ន ឬដើម្បីបោះបង់ខ្លួនឯង និងជួយអ្នកដទៃ តែមិនមែនដើម្បីដោះស្រាយបញ្ហារបស់ខ្លួនឡើយ។ យើងហៅពួកគេថា «មនុស្សមិនអាត្មានិយម»។ ពួកគេចាត់ទុកអ្នកដទៃជាអាយ៉ងនៃសេចក្តីពិត និងចាត់ទុកខ្លួនឯងជាម្ចាស់អាយ៉ង ដោយបង្រៀនអ្នកដទៃឲ្យប្រកាន់ខ្ជាប់តាមសេចក្តីពិត និងមិនត្រូវអកម្ម ខណៈពេលដែលខ្លួនឯងវិញបន្តជាអ្នកអង្គុយមើលនៅខាងក្រៅទីលាន។ តើពួកគេជាមនុស្សបែបណាទៅ? ពួកគេបំពាក់ខ្លួនជាមួយព្រះបន្ទូលនៃសេចក្តីពិតទាំងនេះ តែប្រើប្រាស់ព្រះបន្ទូលទាំងនោះ ដើម្បីតែអប់រំដល់អ្នកដទៃ ដោយមិនធ្វើអ្វីដើម្បីការពារខ្លួនពីសេចក្តីវិនាសអន្តរាយទាល់តែសោះ។ វាពិតជាសង្វេគអ្វីម្ល៉េះទេ! បើពាក្យរបស់ពួកគេអាចជួយដល់អ្នកដទៃបាន ចុះហេតុអ្វីបានជាពួកគេមិនអាចជួយខ្លួនឯងបានផងទៅ? យើងគួរតែដាក់ងារឲ្យពួកគេថាជាមនុស្សមានពុត ដែលគ្មានភាពជាក់ស្ដែង។ ពួកគេផ្ដល់ព្រះបន្ទូលនៃសេចក្តីពិតទៅកាន់អ្នកដទៃ ហើយសុំឲ្យគេយកព្រះបន្ទូលទាំងនោះទៅអនុវត្ត ខណៈពេលដែលខ្លួនឯងមិនអនុវត្តអ្វីសោះឡើយ។ តើពួកគេមិនគួរឲ្យស្អប់ទេឬ? ច្បាស់ណាស់ ពួកគេមិនអាចធ្វើវាដោយខ្លួនឯងផង តែពួកគេបែរជាបង្ខំអ្នកដទៃឲ្យយកព្រះបន្ទូលនៃសេចក្តីពិតទៅអនុវត្តទៅវិញ។ នេះជាវិធីសាស្ត្រឃោរឃៅពេកហើយ! ពួកគេមិនកំពុងប្រើប្រាស់ភាពជាក់ស្ដែង ដើម្បីជួយដល់អ្នកដទៃទេ ហើយពួកគេក៏មិនកំពុងប្រើប្រាស់សេចក្តីស្រឡាញ់ ដើម្បីផ្គត់ផ្គង់ដល់អ្នកដទៃដែរ។ ពួកគេកំពុងតែបោកបញ្ឆោត និងធ្វើបាបមនុស្សប៉ុណ្ណោះ។ បើទង្វើបែបនេះនៅតែបន្តទៀត ដោយបុគ្គលម្នាក់ៗផ្ទេរព្រះបន្ទូលនៃសេចក្តីពិតទៅកាន់បុគ្គលម្នាក់ទៀត តើនៅទីបំផុត ការនេះនឹងមិនធ្វើឲ្យគ្រប់គ្នាគ្រាន់តែនិយាយព្រះបន្ទូលនៃសេចក្តីពិត ក្នុងពេលដែលខ្លួនគ្មានសមត្ថភាពយកសេចក្តីពិតទៅអនុវត្តទេឬ? តើមនុស្សបែបនេះអាចផ្លាស់ប្រែបានដោយរបៀបណា? ពួកគេមិនទទួលស្គាល់បញ្ហារបស់ខ្លួនសោះឡើយ។ តើអាចមានផ្លូវខាងមុខសម្រាប់ពួកគេយ៉ាងដូចម្ដេចទៅ?

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់សេចក្តីពិតមានផ្លូវនៅខាងមុខ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សមួយចំនួនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯង។ នៅចំពោះមុខបងប្អូនប្រុសស្រីរបស់ខ្លួន ពួកគេប្រហែលជានិយាយថា ខ្លួនជំពាក់ព្រះ ប៉ុន្តែ នៅក្រោយខ្នងអ្នកទាំងនោះ ពួកគេមិនអនុវត្តនូវសេចក្ដីពិត ហើយប្រព្រឹត្តខុសស្រឡះ។ តើការទាំងនេះមិនមែនជាពួកផារិស៊ី ដែលកាន់សាសនាទេមែនទេ? មនុស្សម្នាក់ដែលពិតជាស្រលាញ់ព្រះមែន ហើយមាននូវសេចក្ដីពិត គេជាមនុស្សដែលស្មោះត្រង់នឹងព្រះ ប៉ុន្តែមិនបញ្ចេញឫកពារបែបនេះទេ។ បុគ្គលបែបនេះសុខចិត្តអនុវត្តនូវសេចក្ដីពិត នៅពេលមានស្ថានការណ៍កើតឡើង ហើយមិនស្រដី ឬប្រព្រឹត្តទង្វើដែលប្រឆាំងនឹងមនសិការរបស់គេឡើយ។ បុគ្គលបែបនេះបង្ហាញនូវប្រាជ្ញា នៅពេលដែលមានបញ្ហាកើតមានឡើង ហើយមានគោលការណ៍នៅក្នុងការប្រព្រឹត្តរបស់ខ្លួន មិនថាមានស្ថានការណ៍អ្វីក៏ដោយ។ បុគ្គលបែបនេះអាចផ្ដល់នូវការបម្រើយ៉ាងពិតប្រាកដ។ ជាញឹកញាប់ មានមនុស្សមួយចំនួននិយាយបានត្រឹមតែបបូរមាត់ អំពីការដែលគេជំពាក់គុណព្រះ ពួកគេចំណាយពេលក្នុងជីវិតរបស់គេដោយបង្ហាញទឹកមុខខ្វល់ខ្វាយ បង្ហាញឥរិយាបថថា ខ្លួនដូចជារងការប៉ះពាល់ ហើយធ្វើពុតគួរឲ្យអាណិត។ ពិតជាគួរឲ្យស្អប់ខ្ពើមណាស់! ប្រសិនបើអ្នកសួរគេថា «តើអ្នកអាចប្រាប់ខ្ញុំបានទេថា អ្នកជំពាក់គុណព្រះយ៉ាងណាដែរ?» នោះគេនឹងគាំងសម្ដី និយាយអ្វីមិនចេញ។ ប្រសិនបើអ្នកស្មោះត្រង់នឹងព្រះមែន ចូរកុំដើរនិយាយពីការណ៍នេះ ផ្ទុយទៅវិញ ចូរបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះ ដោយវិធីអនុវត្តជាក់ស្ដែង ហើយអធិស្ឋានទៅកាន់ទ្រង់ដោយដួងចិត្តយ៉ាងពិតប្រាកដវិញ។ អស់អ្នកដែលគ្រាន់តែប្រព្រឹត្តចំពោះព្រះត្រឹមតែមាត់ និងគ្រាន់តែដើម្បីបង្គ្រប់កិច្ច គឺសុទ្ធតែជាមនុស្សកំពុត! មានមនុស្សមួយចំនួននិយាយពីការជំពាក់គុណនឹងព្រះនៅរាល់លើកដែលគេអធិស្ឋាន ហើយចាប់ផ្ដើមយំនៅរាល់លើកដែលគេអធិស្ឋាន ទោះបីជាមិនទទួលបានការប៉ះពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធក្ដី។ មនុស្សបែបនេះត្រូវបានគ្រប់គ្រងដោយច្បាប់ពិធី និងសញ្ញាណផ្នែកសាសនា ពួកគេរស់នៅដោយទំនៀម និងសញ្ញាណសាសនា ពួកគេរស់នៅកាន់តាមទំនៀម និងសញ្ញាណបែបនេះ ដោយជឿជាក់ជានិច្ចថា សកម្មភាពទាំងនោះគាប់ព្រះហឫទ័យព្រះ ហើយជឿថា ទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិតាមព្រះបែបលំៗ ឬទឹកភ្នែកសោកសៅ។ តើមានអ្វីល្អចេញពីមនុស្សមិនសមហេតុផលបែបនេះ? ដើម្បីបង្ហាញនូវការបន្ទាបខ្លួន មនុស្សមួយចំនួនធ្វើពុតជាប្រកបដោយព្រះគុណ នៅពេលខ្លួននិយាយចំពោះមុខអ្នកដទៃ។ អ្នកខ្លះក្រាបលូនដោយចេតនា នៅចំពោះមុខអ្នកដទៃ ធ្វើខ្លួនដូចជាកូនចៀមដែលគ្មានកម្លាំងកំហែងបន្តិចសោះ។ តើនេះឬជាឫកពារដ៏សក្ដិសមរបស់ប្រជារាស្តនៃនគរព្រះ? ប្រជារាស្ដ្រនៅក្នុងនគរព្រះគួរតែរស់រវើក និងមានសេរីភាព គ្មានទោស និងបើកចំហ ស្មោះត្រង់ និងគួរឲ្យស្រលាញ់ ហើយរស់នៅក្នុងស្ថានភាពមួយប្រកបដោយសេរីភាព។ ពួកគេគួរមានសច្ចភាព និងភាពថ្លៃថ្នូរ ហើយអាចឈរជាស្មរបន្ទាល់នៅគ្រប់ទីកន្លែងដែលគេទៅ ទាំងព្រះ ទាំងមនុស្សផងទាំងពួង សុទ្ធតែស្រឡាញ់មនុស្សបែបនេះ។ មនុស្សក្មេងខ្ចីខាងឯជំនឿ មានការអនុវត្តខាងក្រៅច្រើនពេក ពួកគេត្រូវឆ្លងកាត់រយៈពេលដែលត្រូវលាងជម្រះ និងបំបាក់បំបកជាមុនសិន។ មនុស្សដែលមានជំនឿលើព្រះយ៉ាងជ្រាលជ្រៅ គឺមិនអាចសម្គាល់ខុសពីអ្នកដទៃដោយមើលពីសំបកក្រៅទេ ប៉ុន្តែសកម្មភាព និងការប្រព្រឹត្តរបស់គេគឺគួរឲ្យសរសើរវិញ។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបអាចរាប់ទុកថារស់នៅតាមព្រះបន្ទូលរបស់ព្រះ។ ប្រសិនបើអ្នកប្រកាសដំណឹងល្អរាល់ថ្ងៃ ទៅកាន់មនុស្សជាច្រើន ដើម្បីខិតខំនាំគេចូលមកកាន់ការសង្គ្រោះ ប៉ុន្តែនៅទីបញ្ចប់ អ្នកនៅតែរស់នៅតាមច្បាប់ទម្លាប់ និងគោលលទ្ធិផ្សេងៗ នោះអ្នកមិនអាចថ្វាយសិរីល្អដល់ព្រះបានឡើយ។ មនុស្សបែបនេះ គឺជាអ្នកកាន់សាសនា ហើយក៏ជាមនុស្សកំពុតដែរ។

នៅពេលដែលអ្នកកាន់សាសនាទាំងនោះជួបជុំគ្នា ពួកគេប្រហែលជាសួរថា «បងស្រី បងសុខសប្បាយឬទេសព្វថ្ងៃនេះ?» នាងប្រហែលជាតបថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាប់ជំពាក់នឹងព្រះ ហើយខ្ញុំគិតថា ខ្ញុំមិនអាចផ្គាប់ព្រះហឫទ័យទ្រង់ទេ»។ ម្នាក់ទៀតក៏ប្រហែលជានិយាយថា «ខ្ញុំក៏មានអារម្មណ៍ជំពាក់ព្រះដែរ ហើយខ្ញុំមិនអាចផ្គាប់ព្រះហឫទ័យទ្រង់ទេ»។ ត្រឹមតែប្រយោគ និងពាក្យសម្ដីមួយចំនួននេះ គឺវា បញ្ជាក់ពីសេចក្ដីគួរខ្ពើមក្នុងជម្រៅចិត្តគេស្រេចហើយ ពាក្យសម្ដីបែបនេះគឺគួរឲ្យស្អប់ និងគួរឲ្យខ្ពើមជាពន់ពេក។ និស្ស័យរបស់មនុស្សបែបនេះគឺប្រឆាំងនឹងព្រះ។ មនុស្សដែលផ្ដោតលើការពិត អ្វីៗដែលមានក្នុងចិត្តគំនិតរបស់គេ គឺគេនិយាយចេញអស់ ហើយបើកចិត្តរបស់គេនៅក្នុងការប្រកបគ្នា។ ពួកគេមិនចូលរួមនៅក្នុងការអនុវត្តខុសឆ្គងណាមួយ ហើយក៏មិនបង្ហាញសេចក្ដីគួរសម ឬភាពរីករាយដែលគ្មានន័យបែបនេះទេ។ ពួកគេតែងនិយាយត្រង់ៗ ហើយមិនអនុវត្តច្បាប់របស់លោកិយនោះឡើយ។ មនុស្សមួយចំនួនចូលចិត្តការសម្ដែងអការៈខាងក្រៅ រហូតដល់លែងគិតពិចារណាអ្វីសោះ។ នៅពេលដែលនរណាម្នាក់ច្រៀង ពួកគេចាប់ផ្ដើមរាំ មិនទាំងដឹងផងថាបាយនៅក្នុងឆ្នាំងរបស់គេខ្លោច។ មនុស្សបែបនេះ មិនគោរពដល់ព្រះ ក៏មិនសមនឹងទទួលកិត្តិយស និងរឹតតែផ្ដេសផ្ដាស ទៅទៀត។ សេចក្ដីទាំងប៉ុន្មាននេះ គឺជាការស្ដែងឲ្យឃើញអំពីកង្វះភាពជាកស្ដែង។ ពេលដែលមនុស្សមួយចំនួន ប្រកបគ្នាជជែកអំពីបញ្ហាជីវិតខាងវិញ្ញាណ ទោះបីជាពួកគេមិននិយាយអំពីការជំពាក់អ្វីនឹងព្រះ ក៏ពួកគេនៅតែរក្សាសេចក្ដីស្រលាញ់ដ៏ពិតប្រាកដសម្រាប់ទ្រង់ នៅក្នុងជម្រៅចិត្តគេដែរ។ អារម្មណ៍ដែលអ្នកគិតថាជំពាក់គុណព្រះ មិនពាក់ព័ន្ធនឹងអ្នកដទៃទេ អ្នកជំពាក់ព្រះ មិនមែនមនុស្សលោកទាងអស់ទេ។ បើអ្នកចេះតែនិយាយពីការណ៍នេះប្រាប់អ្នកដទៃ តើមានប្រយោជន៍អ្វីដល់អ្នក? អ្នកត្រូវឲ្យតម្លៃលើការចូលទៅក្នុងភាពជាក់ស្ដែង មិនមែនលើភាពមោះមុត ឬការសម្ដែងអការៈខាងក្រៅនោះទេ។

តើទង្វើល្អដ៏រាក់កំផែលរបស់មនុស្សតំណាងឲ្យអ្វី? ការណ៍ទាំងនោះតំណាងឲ្យសាច់ឈាម ហើយសូម្បីតែការអនុវត្តខាងក្រៅដ៏ល្អបំផុតក៏មិនតំណាងឲ្យជីវិតដែរ ការទាំងនោះអាចគ្រាន់តែបង្ហាញពីលក្ខណៈជាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ការអនុវត្តពីខាងក្រៅរបស់មនុស្សគឺមិនអាចបំពេញព្រះហឫទ័យចង់បានរបស់ព្រះបានទេ។ អ្នកនិយាយអំពីការជំពាក់ព្រះជាប់ជានិច្ច ប៉ុន្តែអ្នកមិនអាចផ្គត់ផ្គង់ជីវិតរបស់អ្នកដទៃ ឬលើកទឹកចិត្តពួកគេឲ្យស្រលាញ់ព្រះបានឡើយ។ តើអ្នកជឿថា សកម្មភាពនានាដែលអ្នកប្រព្រឹត្តនោះ នឹងបំពេញព្រះហឫទ័យព្រះដែរឬទេ? អ្នកគិតថា ទង្វើរបស់អ្នកសមស្របតាមព្រះហឫទ័យព្រះ ហើយសកម្មភាពទាំងនោះកើតចេញពីព្រះវិញ្ញាណ ប៉ុន្តែតាមការពិត គំនិតនេះ សុទ្ធតែជាគំនិតលេលា! អ្នកជឿថា អ្វីដែលគាប់ចិត្តអ្នក និងអ្វីដែលអ្នកសុខចិត្តធ្វើ គឺច្បាស់ជាអ្វីដែលព្រះសព្វព្រះហឫទ័យ។ តើអ្វីដែលអ្នកចូលចិត្ត អាចតំណាងឲ្យព្រះបានទេ? តើអត្តចរិតរបស់បុគ្គលម្នាក់ អាចតំណាងឲ្យព្រះបានទេ? ច្បាស់ណាស់ អ្វីដែលគាប់ចិត្តអ្នក គឺជាអ្វីដែលព្រះស្អប់ខ្ពើម ហើយទម្លាប់របស់អ្នក គឺជាអ្វីដែលព្រះមិនគាប់ព្រះហឫទ័យ ហើយបដិសេធ។ ប្រសិនបើអ្នកមានអារម្មណ៍ជំពាក់ព្រះ ចូរទៅអធិស្ឋាននៅចំពោះព្រះចុះ មិនចាំបាច់និយាយពីរឿងនេះប្រាប់អ្នកដទៃទេ។ ប្រសិនបើអ្នកមិនអធិស្ឋាននៅចំពោះព្រះទេ ហើយផ្ទុយទៅវិញ អ្នកចេះតែបង្វែរចំណាប់អារម្មណ៍មកលើខ្លួនឯង នៅចំពោះមុខអ្នកដទៃ តើទង្វើនេះអាចផ្គាប់ព្រះហឫទ័យព្រះបានដែរឬទេ? ប្រសិនបើសកម្មភាពរបស់អ្នក មានតែក្នុងអការៈសម្ដែងខាងក្រៅ នោះមានន័យថា អ្នកទៅជាឥតប្រយោជន៍ ដោយព្រោះទង្វើជ្រុលនិយមនេះហើយ។ តើចរិតបែបណាខ្លះ ជាចរិតមនុស្សដែលគ្រាន់តែប្រព្រឹត្តអំពើល្អបែបរាក់កំផែល ហើយគ្មានការពិត? មនុស្សបែបនេះគ្រាន់តែជាពួកផារិស៊ីដ៏កំពុត និងជាអ្នកកាន់សាសនាប៉ុណ្ណោះ! ប្រសិនបើអ្នកមិនបោះបង់ចោលនូវការប្រព្រឹត្តតែសំបកក្រៅរបស់អ្នក ហើយមិនអាចធ្វើការផ្លាស់ប្ដូរបានទេ នោះចរិតពុតត្បុតនៅក្នុងចិត្តអ្នកនឹងចម្រើនឡើងថែមទៀត។ បើចរិតពុតត្បុតរបស់អ្នកអ្នកកាន់តែធំ នោះទាស់ទទឹងនឹងព្រះជាម្ចាស់ក៏មានកាន់តែច្រើនដែរ។ នៅទីបញ្ចប់ មនុស្សបែបនេះនឹងត្រូវលុបបំបាត់ចោលជាប្រាកដ!

ដកស្រង់ពី «មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អត្ថបទដើមមិនមានពាក្យ «ព្រះយេហូវ៉ា»។

ខាង​ដើម៖ ២. អ្វីជាមេដឹកនាំក្លែងក្លាយ ឬអ្នកគង្វាលក្លែងក្លាយ និងវិធីដែលពួកគេអាចត្រូវបានសម្គាល់

បន្ទាប់៖ ៤. អ្វីជាអ្នកមិនជឿ និងវិធីដែលពួកគេបើកបង្ហាញ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ