១. អ្វីដែលជាការយកកំណើតជាមនុស្ស និងសារជាតិរបស់វា

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

«ការយកកំណើតជាមនុស្ស» គឺជាការបង្ហាញរូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិ នៅក្នុងរូបភាពជាសាច់ឈាម។ ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញជាមុនសិន ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្ស នៅក្នុងសារជាតិដើមរបស់ទ្រង់។

ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម ហើយកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។ ក្នុងអំឡុងពេលនៃការយាងមកជាលើកដំបូងរបស់ទ្រង់ ប្រសិនបើព្រះជាម្ចាស់មិនមានភាពជាមនុស្សសាមញ្ញ មុនពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំទេ ប្រសិនបើពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចធ្វើការអស្ចារ្យភ្លាម ប្រសិនបើពេលទ្រង់រៀននិយាយភ្លាម ទ្រង់អាចនិយាយភាសាស្ថានសួគ៌បានភ្លាម ប្រសិនបើពេលដែលទ្រង់ដាក់ព្រះបាទាជាលើកដំបូងនៅលើផែនដីភ្លាម ស្រាប់តែទ្រង់អាចយល់គ្រប់ទាំងរឿងខាងលោកីយ៍ យល់គ្រប់ទាំងគំនិត និងចេតនារបស់មនុស្ស នោះមនុស្សបែបនេះ គឺមិនអាចនឹងត្រូវបានហៅថាជាមនុស្សសាមញ្ញម្នាក់បានឡើយ ហើយសាច់ឈាមបែបនេះក៏មិនអាចត្រូវបានហៅថាជាសាច់ឈាមជាមនុស្សនោះដែរ។ ប្រសិនបើព្រះគ្រីស្ទស្ថិតនៅក្នុងករណីបែបនេះ នោះអត្ថន័យ និងសារជាតិនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នឹងត្រូវបាត់បង់មិនខាន។ ការដែលទ្រង់មានភាពជាមនុស្សសាមញ្ញបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតនៅក្នុងសាច់ឈាម ហើយការពិតដែលទ្រង់ត្រូវឆ្លងកាត់ដំណើរការលូតលាស់ជាមនុស្សសាមញ្ញ ក៏កាន់តែបង្ហាញថា ទ្រង់ជាសាច់ឈាមធម្មតាម្នាក់ផងដែរ។ លើសពីនេះទៅទៀត កិច្ចការរបស់ទ្រង់ក៏ជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា ទ្រង់ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលក្លាយជាសាច់ឈាម។

ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវបានហៅថាជាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទក៏ជាសាច់ឈាម ដែលត្រូវបានបំពាក់ដោយព្រះវិញ្ញាណនៃព្រះផងដែរ។ សាច់ឈាមនេះមិនដូចមនុស្សណាផ្សេងដែលកើតចេញពីសាច់ឈាមទេ។ ភាពខុសគ្នាគឺថា ព្រះគ្រីស្ទមិនបានប្រសូត្រមកពីសាច់ និងឈាមឡើយ ប៉ុន្តែ ទ្រង់គឺជាការយកកំណើតរបស់ព្រះវិញ្ញាណវិញ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់មិនត្រូវបានកាន់កាប់ដោយមនុស្សណាម្នាក់ឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ជួយទ្រទ្រង់នូវសកម្មភាពសាមញ្ញទាំងអស់របស់ទ្រង់នៅក្នុងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ ជួយប្រតិបត្តិកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាព្រះអង្គនៅក្នុងភាពជាមនុស្ស ឬភាពជាព្រះឡើយ ទ្រង់តែងតែចុះចូលតាមព្រះហឫទ័យ របស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ជានិច្ច។ សារជាតិរបស់ព្រះគ្រីស្ទ គឺជាព្រះវិញ្ញាណដែលជាភាពជាព្រះ។ ដូច្នេះ សារជាតិរបស់ទ្រង់គឺមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ សារជាតិនេះនឹងមិនរំខានដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនអាចធ្វើអ្វីមួយដែលបំផ្លាញដល់កិច្ចការរបស់ទ្រង់ផ្ទាល់ ឬក៏នឹងមានបន្ទូលអ្វីមួយដែលទាស់ប្រឆាំងនឹងព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ឡើយ។ ដូច្នេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនឹងមិនអាចធ្វើកិច្ចការណាមួយដែលរំខានដល់ការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់ទេ។ នេះជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែយល់។ កិច្ចការដ៏ចម្បងរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការសង្រ្គោះមនុស្ស និងជាប្រយោជន៍ដល់ការគ្រប់គ្រងផ្ទាល់របស់ព្រះជាម្ចាស់។ ដូចគ្នាដែរ កិច្ចការរបស់ព្រះគ្រីស្ទក៏ជាការសង្រ្គោះមនុស្ស និងជាប្រយោជន៍ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទ្រង់ទទួលស្គាល់សារជាតិរបស់ទ្រង់ដែលស្ថិតនៅក្នុងសាច់ឈាមរបស់ទ្រង់ ដែលថាសាច់ឈាមរបស់ទ្រង់គឺគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ដូច្នេះ គ្រប់កិច្ចការរបស់ព្រះវិញ្ញាណនៃព្រះត្រូវបានជំនួសដោយកិច្ចការរបស់ព្រះគ្រីស្ទ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ហើយគោលបំណងស្នូលនៃគ្រប់កិច្ចការនៅក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សនេះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ វាមិនអាចត្រូវបានលាយឡំជាមួយកិច្ចការពីសម័យកាលផ្សេងៗឡើយ។ ហើយដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់ធ្វើការនៅក្នុងអត្តសញ្ញាណនៃសាច់ឈាមរបស់ទ្រង់។ ដោយសារតែទ្រង់យាងមកនៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់នឹងបញ្ចប់កិច្ចការនៅក្នុងសាច់ឈាមដែលទ្រង់គួរតែធ្វើ។ មិនថាជាព្រះវិញ្ញាណនៃព្រះ ឬជាព្រះគ្រីស្ទឡើយព្រះអង្គទាំងពីរសុទ្ធតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយទ្រង់ធ្វើកិច្ចការ និងព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។

ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយ ព្រះគ្រីស្ទដែលអាចប្រទានឲ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានលក្ខណៈពិតរបស់ព្រះជាម្ចាស់ មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ហើយព្រះប្រាជ្ញាញាណដែលទ្រង់មានក្នុងការអនុវត្ត កិច្ចការរបស់ទ្រង់ ជាប្រាជ្ញាញាណដែលមនុស្សរកយល់មិនដល់ឡើយ។ មនុស្សដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទ មិនមែនត្រឹមតែជាការបង្ហាញព្រះកាយ របស់ព្រះជាម្ចាស់នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់ទ្រង់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ រូបកាយសាច់ឈាមនេះ មិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឲ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឲ្យមនុស្សមានជីវិតផង។

ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់ បានត្រលប់ជាសាច់ឈាម ដូច្នេះទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្ស ដូច្នេះវាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់សួរនាំថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា ដូច្នេះ គេត្រូវតែបញ្ជាក់អះអាងការនេះ ដោយចេញពីនិស្ស័យដែលទ្រង់បង្ហាញចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីបញ្ជាក់អះអាងថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដើម្បីកំណត់ថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ចំណុចគន្លឹះស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាងងឹតងងល់ និងល្ងង់ខ្លៅហើយ។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្ស នៅក្នុងសារជាតិដើមរបស់ទ្រង់។ ព្រះជន្ម និងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ អាចត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគឺជាព្រះជន្មដែលទ្រង់រស់នៅ មុនពេលទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់រស់នៅក្នុងគ្រួសារមនុស្សសាមញ្ញមួយ នៅក្នុងភាពជាមនុស្សសាមញ្ញបំផុត គោរពតាមសីលធម៌និងវិន័យសាមញ្ញនៃការរស់នៅក្នុងជីវិតជាមនុស្ស ហើយទ្រង់ក៏មានតម្រូវការជាមនុស្ស (អាហារ សម្លៀកបំពាក់ ការគេង ជម្រក) មានចំណុចខ្សោយ និងអារម្មណ៍ជាមនុស្សសាមញ្ញផងដែរ។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងនៃដំណាក់កាលដំបូងនេះទ្រង់រស់នៅក្នុងភាពមិនមែនជាព្រះ គឺរស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុងដោយចូលរួមនៅក្នុងគ្រប់សកម្មភាពជាមនុស្សសាមញ្ញតែម្ដង។ ដំណាក់កាលទីពីរ គឺជាព្រះជន្មដែលទ្រង់រស់នៅ បន្ទាប់ពីការចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់នៅតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សសាមញ្ញ ជាមួយសំបកកាយជាមនុស្សសាមញ្ញដោយមិនបង្ហាញសញ្ញាខាងក្រៅអំពីកិច្ចការអធិធម្មជាតិឡើយ។ ប៉ុន្តែ ទ្រង់រស់នៅសម្រាប់ជាប្រយោជន៍ ដល់ព័ន្ធកិច្ចរបស់ទ្រង់ សុទ្ធសាធ ហើយក្នុងអំឡុងពេលនេះភាពជាមនុស្សសាមញ្ញរបស់ទ្រង់ នៅមានទាំងស្រុង ដើម្បីទ្រទ្រង់ដល់កិច្ចការសាមញ្ញ នៃភាពជាព្រះរបស់ទ្រង់ ដ្បិតនៅពេលនោះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បាន ចម្រើនពេញវ័យ ដល់កម្រិតមួយដែលអាចធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះដំណាក់កាលទីពីរនៃព្រះជន្មរបស់ទ្រង់ គឺដើម្បីធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ជាពេលដែលជីវិតមួយ មានទាំងភាពជាមនុស្សសាមញ្ញផង និងភាពជាព្រះទាំងស្រុងផង។ ក្នុងអំឡុងដំណាក់កាលទីមួយនៃព្រះជន្មទ្រង់ ហេតុផលដែលនាំឲ្យទ្រង់រស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង គឺដោយសារតែភាពជាមនុស្សរបស់ទ្រង់មិនទាន់អាចទ្រទ្រង់កិច្ចការរបស់ព្រះបានទាំងស្រុង ព្រោះភាពជាមនុស្សនេះមិនទាន់ចាស់ចិត្តគំនិតនៅឡើយ ទាល់តែក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ចាស់ចិត្តគំនិត មានសមត្ថភាពរ៉ាប់រងព័ន្ធកិច្ចរបស់ទ្រង់ទើបទ្រង់អាចអាចចាប់ផ្ដើមធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើបាន។ ដោយសារតែទ្រង់ត្រូវការលូតលាស់ និងចាស់ចិត្តគំនិត ក្នុងនាមជាសាច់ឈាម ដូច្នេះ ដំណាក់កាលដំបូងនៃព្រះជន្មទ្រង់ គឺត្រូវតែជាព្រះជន្មនៃភាពជាមនុស្សសាមញ្ញ ខណៈដែលនៅក្នុងដំណាក់កាលទីពីរ ដោយសារតែភាពជាមនុស្សរបស់ទ្រង់ មានសមត្ថភាពអាចធ្វើកិច្ចការ និងធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន ដូច្នេះ ព្រះជន្មនៃព្រះដែលយកកំណើតជាមនុស្សគង់នៅ ក្នុងពេលកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានទាំងភាពជាមនុស្សផង និងភាពជាព្រះទាំងស្រុងផង។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ក្នុងកម្រិតខ្ពស់ ដោយធ្វើទីសម្គាល់អស្ចារ្យនិងឫទ្ធិបារមី ចាប់តាំងពីពេលដែលទ្រង់ប្រសូតមក នោះទ្រង់នឹងគ្មានសារជាតិជារូបកាយសាច់ឈាមឡើយ។ ដូច្នេះ ភាពជាមនុស្សរបស់ទ្រង់ មានឡើងសម្រាប់ជាប្រយោជន៍ដល់សារជាតិជារូបកាយសាច់ឈាមរបស់ទ្រង់ ដ្បិតភាពជាមនុស្សមិនអាចគ្មានសាច់ឈាមនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិពីដើមនៃសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់។ ការនិយាយថា «នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះ» គឺជាការប្រមាថដល់ព្រះហើយ ដ្បិតសម្ដីមួយឃ្លានេះ មិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គ្រាន់តែថា នៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បំពេញគោលបំណងនៃការអនុញ្ញាតឲ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញតែម្យ៉ាងគត់។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺភាពជាព្រះដែលកំពុងតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែ គ្រាន់តែភាពជាព្រះនេះ ត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ និយាយឲ្យខ្លី កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ដោយឡែក អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ដ្បិតព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម ជាមួយសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស តែក៏មានសារជាតិជាព្រះផងដែរ។ ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ ដូច្នេះ ទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សលោកទាំងអស់ ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះគ្រាន់តែជាមនុស្សលោកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សលោកគ្មានអ្វី ក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែ ភាពជាព្រះរបស់ទ្រង់ គឺពិបាកនឹងយល់ណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានស្ដែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងណាស់ សម្រាប់ឲ្យមនុស្សមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានការពិបាកយល់អំពីសារជាតិដ៏ពិតរបស់ព្រះដែលយកកំណើតជាមនុស្សខ្លាំងបំផុត។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីរឿងនេះយូរបន្តិចហើយក៏ដោយ ក៏ខ្ញុំរំពឹងថា រឿងនៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ រឿងនេះងាយយល់ណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ ជាព្រះជាម្ចាស់ផ្ទាល់ដែលគង់នៅលើផែនដី។

ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្សកើតមាន ដើម្បីបន្តថែរក្សាកិច្ចការសាមញ្ញរបស់ព្រះនៅក្នុងសាច់ឈាម ហើយការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់ ជួយទ្រទ្រង់ដល់ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងគ្រប់សកម្មភាពខាងសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយបានថា ការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់កើតមានបាន គឺដើម្បីជួយទ្រទ្រង់ដល់គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសាច់ឈាម។ ប្រសិនបើសាច់ឈាមនេះមិនមានគំនិតតាមបែបមនុស្សសាមញ្ញទេ នោះព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងសាច់ឈាមបានឡើយ ហើយអ្វីដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាម ក៏មិនអាចសម្រេចបាននោះដែរ។ ទោះបីព្រះដែលយកកំណើតជាមនុស្សមានគំនិតតាមបែបមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែ កិច្ចការរបស់ទ្រង់មិនត្រូវបានលាយឡំ ដោយគំនិតរបស់មនុស្សឡើយ។ ទ្រង់ធ្វើកិច្ចការនៅក្នុងភាពជាមនុស្ស ជាមួយគំនិតសាមញ្ញ ក្រោមលក្ខខណ្ឌតម្រូវជាមុននៃការមានគំនិតតាមបែបភាពជាមនុស្ស មិនមែនដោយការអនុវត្តតាមគំនិតមនុស្សសាមញ្ញនោះឡើយ។ មិនថាគំនិតខាងសាច់ឈាមរបស់ទ្រង់វិសេសវិសាលប៉ុនណា ក៏កិច្ចការរបស់ទ្រង់មិនត្រូវបានប្រឡាក់ប្រឡូកជាមួយតក្កៈ ឬការគិតដែរ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ទ្រង់មិនត្រូវបានយល់ ដោយគំនិតខាងសាច់ឈាមរបស់ទ្រង់ឡើយ ប៉ុន្តែ ជាការស្ដែងចេញដោយផ្ទាល់នូវកិច្ចការរបស់ព្រះនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺជាព័ន្ធកិច្ចដែលទ្រង់ត្រូវតែសម្រេច ហើយគ្មានកិច្ចការណាមួយដែលត្រូវបានយល់ ដោយខួរក្បាលរបស់ទ្រង់ឡើយ។ ឧទាហរណ៍ ការប្រោសអ្នកជំងឺឲ្យជា ការបណ្ដេញអារក្ស និងការជាប់ឆ្កាង មិនមែនកើតចេញពីគំនិតតាមបែបមនុស្សរបស់ទ្រង់ឡើយ ហើយក៏មិនអាចត្រូវបានសម្រេច ដោយមនុស្សណាម្នាក់ ដែលមានគំនិតជាមនុស្សដែរ។ ដូចគ្នាផងដែរ កិច្ចការច្បាំងយកជ័យនាពេលសព្វថ្ងៃ គឺជាព័ន្ធកិច្ចមួយដែលត្រូវតែធ្វើ ដោយព្រះដែលយកកំណើតជាមនុស្ស ប៉ុន្តែ វាមិនមែនជាកិច្ចការចេញពីឆន្ទៈរបស់មនុស្សឡើយ វាជាកិច្ចការដែលភាពជាព្រះរបស់ទ្រង់គួរតែធ្វើ ជាកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមណាអាចធ្វើបានឡើយ។ ដូច្នេះ ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែមានគំនិតបែបមនុស្សសាមញ្ញ ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតទ្រង់ត្រូវតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ដែលមានគំនិតសាមញ្ញ។ នេះជាសារជាតិនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ជាសារជាតិដើមរបស់ព្រះដែលយកកំណើតជាមនុស្ស។

មុនពេលដែលព្រះយេស៊ូវចាប់ផ្ដើមធ្វើការ គឺទ្រង់គ្រាន់តែរស់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចប្រាប់ បានឡើយថា ទ្រង់ជាព្រះជាម្ចាស់ គ្មាននរណាអាចរកឃើញឡើយថា ទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស ហើយមនុស្សគ្រាន់តែដឹងថា ទ្រង់ជាមនុស្សសាមញ្ញទាំងស្រុងម្នាក់ ប៉ុណ្ណោះ។ ភាពជាមនុស្សសាមញ្ញធម្មតាទាំងស្រុងរបស់ទ្រង់ គឺជាភស្តុតាងបង្ហាញថាព្រះជាម្ចាស់យកកំណើតជាមនុស្សនៅក្នុងសាច់ឈាម និងបញ្ជាក់ថា យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្សមិនមែនជាយុគសម័យនៃកិច្ចការរបស់ព្រះវិញ្ញាណឡើយ។ វាជាភស្តុតាងដែលបង្ហាញថាព្រះវិញ្ញាណនៃព្រះត្រូវបានលេចជារូបរាងទាំងស្រុងនៅក្នុងសាច់ឈាម ហើយនៅក្នុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ សាច់ឈាមរបស់ទ្រង់នឹងធ្វើគ្រប់ទាំងកិច្ចការរបស់ព្រះវិញ្ញាណ។ ព្រះគ្រីស្ទជាមួយភាពជាមនុស្សសាមញ្ញ គឺជាសាច់ឈាម ដែលព្រះវិញ្ញាណបានលេចជារូបរាង ហើយត្រូវបានកាន់កាប់ដោយភាពជាមនុស្សសាមញ្ញ ញាណសាមញ្ញ និងគំនិតជាមនុស្ស។ «ការលេចចេញជារូបរាង» មានន័យថា ព្រះជាម្ចាស់ក្លាយជាមនុស្ស ព្រះវិញ្ញាណក្លាយជាសាច់ឈាមហើយបើនិយាយឲ្យកាន់តែច្បាស់ វាជាពេលមួយដែលព្រះជាម្ចាស់ផ្ទាល់គង់សណ្ឋិតក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយស្ដែងចេញអំពីកិច្ចការ នៃព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សនេះ។ នេះហើយជាអត្ថន័យនៃពាក្យ លេចចេញជារូបរាង ឬយកកំណើតជាមនុស្សនោះ។ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ទ្រង់ ការប្រោសអ្នកជំងឺឲ្យជា និងការបណ្ដេញអារក្ស គឺជាកិច្ចការចាំបាច់សម្រាប់ព្រះជាម្ចាស់ ដោយសារតែកិច្ចការរបស់ទ្រង់ គឺជាការប្រោសលោះ។ ដើម្បីប្រោសលោះមនុស្សជាតិទាំងមូល ទ្រង់ត្រូវតែមានចិត្តក្ដួលអាណិត និងការអត់ទោស។ កិច្ចការដែលទ្រង់បានធ្វើ មុនពេលទ្រង់បានជាប់ឆ្កាង គឺជាការប្រោសអ្នកជំងឺឲ្យជា និងការបណ្ដេញអារក្ស ដែលប្រាប់ជាមុនអំពីកិច្ចការសង្រ្គោះមនុស្សរបស់ទ្រង់ ឲ្យរួចពីអំពើបាប និងសេចក្តីស្មោកគ្រោក។ ដោយសារតែវាជាយុគសម័យនៃព្រះគុណ ដូច្នេះ ការប្រោសអ្នកជំងឺឲ្យជា បង្ហាញទីសម្គាល់ និងឫទ្ធិបារមី ដែលជាសេចក្តីតំណាងនៃព្រះគុណនៅក្នុងយុគសម័យនោះ គឺជាកិច្ចការចាំបាច់សម្រាប់ទ្រង់ ដ្បិតយុគសម័យនៃព្រះគុណផ្តោតសំខាន់ទៅលើការប្រទានព្រះគុណ ដែលមានសញ្ញាសម្គាល់ជាសេចក្តីសុខសាន្ត អំណរ និងព្រះពរខាងសម្ភារៈហើយទាំងអស់នេះជានិមិត្តរូបនៃសេចក្តីជំនឿរបស់មនុស្សនៅក្នុងព្រះយេស៊ូវ។ មានន័យថា ការប្រោសអ្នកជំងឺឲ្យជា ការបណ្ដេញអារក្ស និងការប្រទានព្រះគុណគឺជាសមត្ថភាពពីកំណើតខាងសាច់ឈាមរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ហើយការទាំងនេះគឺជាកិច្ចការរបស់ព្រះវិញ្ញាណ ដែលត្រូវបានសម្រេចនៅក្នុងសាច់ឈាម។ ប៉ុន្តែ កាលទ្រង់កំពុងតែធ្វើកិច្ចការបែបនេះ គឺទ្រង់កំពុងតែរស់នៅក្នុងសាច់ឈាម ហើយមិនលើសកម្រិតសមត្ថភាពនៃសាច់ឈាមឡើយ។ មិនថា ទ្រង់បានធ្វើការប្រោសឲ្យជានូវជំងឺអ្វីខ្លះនោះឡើយ ទ្រង់នៅតែមានភាពជាមនុស្សសាមញ្ញ នៅតែរស់នៅក្នុងជីវិតជាមនុស្សសាមញ្ញដដែល។ ហេតុផលដែលខ្ញុំនិយាយថា ក្នុងអំឡុងយុគសម័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់សាច់ឈាមធ្វើគ្រប់កិច្ចការរបស់ព្រះវិញ្ញាណនោះគឺថា មិនថា ទ្រង់បានធ្វើកិច្ចការអ្វីទេ ទ្រង់បានធ្វើវានៅក្នុងសាច់ឈាម។ ប៉ុន្តែ ដោយសារតែកិច្ចការរបស់ទ្រង់ មនុស្សមិនបានចាត់ទុកសាច់ឈាមរបស់ទ្រង់ថា មានសារជាតិខាងសាច់ឈាមទាំងស្រុងឡើយ ដ្បិតសាច់ឈាមនេះអាចធ្វើការអស្ចារ្យ ហើយក៏អាចធ្វើកិច្ចការដែលហួសពីសមត្ថភាពនៃសាច់ឈាមផងដែរ។ ពិតប្រាកដណាស់ គ្រប់ហេតុការណ៍ទាំងអស់នេះបានកើតឡើង ក្រោយពេលទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ ដូចជាការដែលទ្រង់ជួបសេចក្តីល្បងលរយៈពេលសែសិបថ្ងៃ ឬការដែលទ្រង់ប្រែព្រះភ័ក្ត្រភ្លឺចាំងដូចពន្លឺថ្ងៃនៅលើភ្នំ។ ដូច្នេះ ជាមួយព្រះយេស៊ូវ អត្ថន័យនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ មិនទាន់បានពេញលេញនៅឡើយទេ ប៉ុន្តែ ទ្រង់សម្រេចបានតែផ្នែកខ្លះប៉ុណ្ណោះ។ ព្រះជន្មដែលទ្រង់បានរស់នៅក្នុងសាច់ឈាម មុនពេលចាប់ផ្ដើមកិច្ចការរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានលក្ខណៈសាមញ្ញទាំងស្រុងនៅគ្រប់ផ្នែកតែម្ដង។ ក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការ ទ្រង់រក្សាទុកតែសំបកខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ ដោយសារតែកិច្ចការរបស់ទ្រង់ គឺជាការសម្ដែងចេញនូវភាពជាព្រះ ដូច្នេះ វាបានទៅលើសកម្រិតមុខងារសាមញ្ញនៃសាច់ឈាម។ ចុងបញ្ចប់ សាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ មានលក្ខណៈខុសគ្នាពីមនុស្សខាងរូបសាច់ និងឈាម។ ពិតណាស់ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ព្រះអង្គត្រូវការអាហារ សម្លៀកបំពាក់ ការគេង និងទីជម្រក។ ទ្រង់ត្រូវការតម្រូវការដ៏ចាំបាច់សាមញ្ញទាំងអស់នេះ ហើយទ្រង់មានអារម្មណ៍ និងគិតដូចជាមនុស្សសាមញ្ញដែរ។ មនុស្សនៅតែគិតថា ទ្រង់ជាមនុស្សសាមញ្ញ លើកលែងតែកិច្ចការដែលទ្រង់បានធ្វើ ជាកិច្ចការអធិធម្មជាតិប៉ុណ្ណោះ។ តាមពិតទៅ មិនថា ទ្រង់បានធ្វើអ្វីឡើយ ទ្រង់បានរស់នៅក្នុងភាពជាមនុស្សធម្មតា និងសាមញ្ញម្នាក់ ហើយទោះបីជាទ្រង់បានធ្វើកិច្ចការបែបនេះក៏ដោយក៏ញាណរបស់ទ្រង់មានភាពសាមញ្ញ គំនិតរបស់ទ្រង់មានភាពច្បាស់លាស់ពិសេស លើសពីមនុស្សសាមញ្ញផ្សេងទៀតផង។ ការដែលត្រូវមានគំនិត និងញាណបែបនេះវាចាំបាច់សម្រាប់ព្រះដែលយកកំណើតជាមនុស្ស ដ្បិតកិច្ចការនៃព្រះត្រូវតែស្ដែងចេញ តាមរយៈសាច់ឈាមដែលមានញាណសាមញ្ញបំផុត និងគំនិតច្បាស់លាស់បំផុត ហើយទាល់តែធ្វើបែបនេះ ទើបសាច់ឈាមរបស់ទ្រង់អាចសម្ដែងចេញនូវកិច្ចការនៃព្រះបាន។ នៅក្នុងរយៈពេលសាមសិបបីឆ្នាំកន្លះដែលព្រះយេស៊ូវបានរស់នៅលើផែនដី ទ្រង់បានរក្សាភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ប៉ុន្តែ ដោយសារតែកិច្ចការរបស់ទ្រង់ ក្នុងអំឡុងពេលនៃព័ន្ធកិច្ចបីឆ្នាំកន្លះរបស់ទ្រង់ មនុស្សបានគិតថាទ្រង់មានអំណាចខ្ពង់ខ្ពស់លើសមនុស្សសាមញ្ញ និងគិតទៀតថា ទ្រង់មានលក្ខណៈអធិធម្មជាតិជាងពេលមុនៗ។ តាមពិតទៅ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានបន្តមិនផ្លាស់ប្រែឡើយ ទាំងមុន និងក្រោយដែលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ភាពជាមនុស្សរបស់ទ្រង់នៅតែដដែលជានិច្ច ប៉ុន្តែ ដោយសារតែភាពខុសគ្នា នៅមុន និងក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ដូច្នេះ ទស្សនៈខុសគ្នាទាំងពីរនេះបានលេចឡើង ទាក់ទងនឹងសាច់ឈាមរបស់ទ្រង់។ មិនថាមនុស្សបានគិតបែបណានោះឡើយ ព្រះដែលយកកំណើតជាមនុស្សនៅតែរក្សាភាពជាមនុស្សសាមញ្ញដើមរបស់ទ្រង់នៅគ្រប់ពេលវេលា ដ្បិតតាំងពីព្រះជាម្ចាស់បានយកកំណើតជាមនុស្សទ្រង់បានរស់នៅក្នុងសាច់ឈាមនេះ ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញនេះឯង។ ទោះបីជាទ្រង់មិនធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ភាពជាមនុស្សសាមញ្ញនៃសាច់ឈាមរបស់ទ្រង់ មិនអាចត្រូវបានលុបចោលនោះឡើយ ដ្បិតភាពជាមនុស្ស គឺជាសារជាតិមូលដ្ឋានខាងសាច់ឈាម។ មុនពេលព្រះយេស៊ូវ បានធ្វើព័ន្ធកិច្ចរបស់ទ្រង់សាច់ឈាមរបស់ទ្រង់ បានបន្តនៅសាមញ្ញទាំងស្រុង ដោយចូលរួមនៅក្នុងគ្រប់ទាំងសកម្មភាពរបស់មនុស្សសាមញ្ញ។ ទ្រង់មិនបានលេចចេញនៅក្នុងទម្រង់ អធិធម្មជាតិសូម្បីបន្តិច ហើយក៏មិនបានបង្ហាញទីសម្គាល់អស្ចារ្យអ្វីដែរ។ នៅពេលនោះ ទ្រង់គ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលថ្វាយបង្គំព្រះជាម្ចាស់ ទោះបីជាការព្យាយាមឲ្យបានរបស់ទ្រង់ មានភាពទៀងត្រង់ និងស្មោះត្រង់ ជាងមនុស្សផ្សេងទៀតក៏ ដោយ។ នេះគឺជារបៀបដែលភាពជាមនុស្សសាមញ្ញទាំងស្រុង របស់ទ្រង់ បានស្ដែងចេញមកដោយឯកឯង។ ដោយសារតែទ្រង់មិនបានធ្វើការទាល់តែសោះ មុនពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទើបគ្មានមនុស្សណាម្នាក់ដឹងអំពីអត្តសញ្ញាណរបស់ទ្រង់ ក៏គ្មាននរណាម្នាក់អាចដឹងថា សាច់ឈាមរបស់ទ្រង់ខុសប្លែកពីអ្នកផ្សេងទៀតដែរ ដ្បិតទ្រង់មិនបានធ្វើការអស្ចារ្យ និងមិនធ្វើកិច្ចការរបស់ព្រះជាម្ចាស់ សូម្បីតែបន្ដិចនោះឡើយ។ យ៉ាងណាមិញ ក្រោយពេលទ្រង់បានចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ ទ្រង់បានរក្សាសំបកខាងក្រៅនៃភាពជាមនុស្សសាមញ្ញ ហើយនៅតែរស់នៅជាមួយការត្រិះរិះពិចារណាជាមនុស្សសាមញ្ញដដែល ប៉ុន្តែ ដោយសារតែទ្រង់បានចាប់ផ្ដើមធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ធ្វើព័ន្ធកិច្ចរបស់ព្រះគ្រីស្ទ និងធ្វើកិច្ចការដែលមនុស្សខាងសាច់ និងឈាមគ្មានសមត្ថភាពអាចធ្វើបាន ទើបមនុស្សបានសន្មតថា ទ្រង់មិនមានភាពជាមនុស្សសាមញ្ញ ហើយទ្រង់មិនមែនជាសាច់ឈាមសាមញ្ញទាំងស្រុងឡើយ ប៉ុន្តែ ជាសាច់ឈាមមិនពេញលេញវិញ។ ដោយសារតែកិច្ចការដែលទ្រង់បានធ្វើ ទើបមនុស្សបាននិយាយថា ទ្រង់ជាព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាមដែលមិនមានភាពជាមនុស្សសាមញ្ញ។ ការយល់ដឹងបែបនេះ គឺជារឿងភាន់ច្រឡំហើយ ដ្បិតមនុស្សមិនយល់អំពីសារៈសំខាន់នៃការយកកំណើត ជាមនុស្សរបស់ព្រះជាម្ចាស់ឡើយ។ ការយល់ច្រឡំនេះបានកើតឡើងចេញពីការពិតដែលថាកិច្ចការដែលស្ដែងចេញដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាកិច្ចការរបស់ព្រះស្ដែងចេញនៅក្នុងសាច់ឈាមមួយដែលមានភាពជាមនុស្សសាមញ្ញ។ ព្រះជាម្ចាស់ត្រូវបានគ្របដណ្ដប់ដោយសាច់ឈាម ទ្រង់បានគង់សណ្ឋិតនៅក្នុងសាច់ឈាម ហើយកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សរបស់ទ្រង់ បានធ្វើឲ្យភាពជាមនុស្សសាមញ្ញរបស់ទ្រង់មានភាពស្រពេចស្រពិល។ ដោយសារតែហេតុផលនេះហើយ ទើបមនុស្សជឿថា ព្រះជាម្ចាស់មិនមានភាពជាមនុស្សឡើយ គឺមានតែភាពជាព្រះតែប៉ុណ្ណោះ។

ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ភាពជាមនុស្សរបស់ព្រះគ្រីស្ទត្រូវបានគ្រប់គ្រងដោយភាពជាព្រះរបស់ទ្រង់។ ទោះបីទ្រង់រស់នៅក្នុងសាច់ឈាមក៏ដោយ ប៉ុន្តែ ភាពជាមនុស្សរបស់ទ្រង់ខុសស្រឡះពីមនុស្សខាងសាច់ឈាម។ ទ្រង់មានអត្តចរិតវិសេសខុសគេ ហើយការនេះក៏ត្រូវបានគ្រប់គ្រង ដោយភាពជាព្រះរបស់ទ្រង់ផងដែរ។ ភាពជាព្រះរបស់ទ្រង់គ្មានភាពកម្សោយឡើយ។ ភាពកម្សោយរបស់ព្រះគ្រីស្ទ សំដៅទៅលើភាពជាមនុស្សរបស់ទ្រង់។ ដោយនៅកម្រិតណាមួយ ភាពកម្សោយនេះរាំងខ្ទប់ភាពជាព្រះរបស់ទ្រង់ ប៉ុន្តែវាមានកម្រិតនៅក្នុងផ្នែកវិសាលភាព ពេលវេលា និងដែនកំណត់ជាក់លាក់ណាមួយប៉ុណ្ណោះ។ នៅពេលដែលការប្រតិបត្តិកិច្ចការនៃភាពជាព្រះរបស់ទ្រង់មកដល់ នោះវាត្រូវបានសម្រេច ដោយមិនគិតពីភាពជាមនុស្សរបស់ទ្រង់ឡើយ។ ភាពជាមនុស្សរបស់ព្រះគ្រីស្ទត្រូវបានដឹកនាំទាំងស្រុង ដោយភាពជាព្រះរបស់ទ្រង់។ ក្រៅពីជីវិតសាមញ្ញនៃភាពជាមនុស្សរបស់ទ្រង់ សកម្មភាពដទៃផ្សេងទៀតនៃភាពជាមនុស្សរបស់ទ្រង់ត្រូវរងឥទ្ធិពល ប៉ះពាល់ និងដឹកនាំដោយភាពជាព្រះរបស់ទ្រង់។ ទោះបីព្រះគ្រីស្ទមានភាពជាមនុស្សក៏ដោយ ប៉ុន្តែ វាមិនបង្អាក់ដល់កិច្ចការនៃភាពជាព្រះរបស់ទ្រង់ឡើយ ហើយវាកើតឡើងបែបនេះ ដោយសារតែភាពជាមនុស្សរបស់ព្រះគ្រីស្ទត្រូវបានដឹកនាំដោយភាពជាព្រះរបស់ទ្រង់។ ទោះបីភាពជាមនុស្សរបស់ទ្រង់មិនទាន់ចាស់ទុំនៅក្នុងរបៀបប្រតិបត្ដិខ្លួនជាមួយអ្នកដទៃក៏ដោយ ប៉ុន្តែ វាមិនជះឥទ្ធិពលដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ឡើយ។ នៅពេលដែលខ្ញុំនិយាយថា ភាពជាមនុស្សរបស់ទ្រង់មិនត្រូវបានពុករលួយ ខ្ញុំចង់មានន័យថា ភាពជាមនុស្សរបស់ព្រះគ្រីស្ទអាចត្រូវបានបញ្ជាដោយផ្ទាល់ពីភាពជាព្រះរបស់ទ្រង់ ហើយចង់មានន័យថា ទ្រង់មានញាណយល់ដឹងខ្ពស់ជាងមនុស្សសាមញ្ញ។ ភាពជាមនុស្សរបស់ទ្រង់គឺសក្ដិសមបំផុត ដែលត្រូវបានដឹកនាំដោយភាពជាព្រះនៅក្នុងកិច្ចការរបស់ទ្រង់។ ភាពជាមនុស្សរបស់ទ្រង់អាចបង្ហាញចេញបានល្អបំផុតអំពីកិច្ចការនៃភាពជាព្រះ និងអាចចុះចូលបានល្អបំផុតចំពោះកិច្ចការមួយនេះ។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមទ្រង់មិនដែលខកខាននឹងភារកិច្ចដែលមនុស្សនៅក្នុងសាច់ឈាមគួរតែបំពេញនោះឡើយ។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌ ដោយចេញពីដួងចិត្តដ៏ពិត។ ទ្រង់មានសារជាតិរបស់ព្រះ ហើយអត្តសញ្ញាណរបស់ទ្រង់គឺមកពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដោយសារតែទ្រង់បានយាងមកផែនដី ដើម្បីក្លាយជាមនុស្ស ដោយមានសំបកខាងក្រៅជាមនុស្ស ទើបឥឡូវនេះ ព្រះអង្គកាន់កាប់ភាពជាមនុស្ស ដែលទ្រង់មិនមានពីមុនមក។ ទ្រង់អាចថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌។ នេះជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ ហើយមនុស្សមិនអាចត្រាប់តាមបានឡើយ។ អត្តសញ្ញាណរបស់ទ្រង់ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ វាចេញពីទិដ្ឋភាពខាងសាច់ឈាមថាទ្រង់ថ្វាយបង្គំព្រះជាម្ចាស់។ ដូច្នេះពាក្យដែលថា «ព្រះគ្រីស្ទថ្វាយបង្គំព្រះជាម្ចាស់នៅស្ថានសួគ៌» គឺគ្មានអ្វីខុសឡើយ។ អ្វីដែលទ្រង់ស្នើសុំពីមនុស្ស គឺជាអង្គទ្រង់ដោយផ្ទាល់តែម្ដង។ ទ្រង់បានសម្រេចគ្រប់កិច្ចការដែលទ្រង់ស្នើសុំពីមនុស្ស មុនពេលទ្រង់បានសុំពីពួកគេទៅទៀត។ បើព្រះអង្គផ្ទាល់មិនទាន់មានសេរីភាពពីសេចក្តីទាំងនេះទេ នោះទ្រង់នឹងមិនទាមទារវាពីមនុស្សឡើយ ព្រោះថាសេចក្តីទាំងអស់នេះផ្សំគ្នាឡើងជាអង្គរបស់ទ្រង់។ មិនថាទ្រង់ប្រតិបត្តិកិច្ចការរបស់ទ្រង់បែបណា ទ្រង់នឹងមិនប្រព្រឹត្តនៅក្នុងឥរិយាបថណាមួយដែលមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ឡើយ។ មិនថាទ្រង់ស្នើសុំអ្វីពីមនុស្ស ទ្រង់នឹងមិនទាមទារលើសពីអ្វីដែលមនុស្សអាចទទួលនោះឡើយ។ រាល់អ្វីៗដែលទ្រង់ធ្វើ គឺធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជាប្រយោជន៍សម្រាប់ការគ្រប់គ្រងរបស់ទ្រង់។ ភាពជាព្រះរបស់ព្រះគ្រីស្ទគឺខ្ពង់ខ្ពស់លើសមនុស្សទាំងអស់។ ដូច្នេះ ទ្រង់គឺជាសិទ្ធិអំណាចដ៏ខ្ពស់បំផុតលើអ្វីទាំងអស់ដែលបានបង្កើតមក។ សិទ្ធិអំណាចនេះគឺជាភាពជាព្រះរបស់ទ្រង់ ដែលជានិស្ស័យ និងលក្ខណៈព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកំណត់ពីអត្តសញ្ញាណរបស់ទ្រង់។ ដូច្នេះ មិនថាភាពជាមនុស្សរបស់ទ្រង់សាមញ្ញាប៉ុនណា ប៉ុន្តែ វាមិនអាចប្រកែកបានឡើយថា ទ្រង់មានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មិនថាទ្រង់មានបន្ទូលចេញពីទស្សនៈបែបណា ឬស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងណា ក៏គេមិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។

ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បុត្រមនុស្សដែលយកកំណើតជាមនុស្សនេះបានបង្ហាញចេញនូវភាពជាព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សរបស់ទ្រង់ ហើយបានបង្ហាញព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សជាតិ។ តាមរយៈការសម្ដែងចេញរបស់ទ្រង់អំពីព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ ទ្រង់ក៏បានបើកសម្ដែងឱ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន ជាព្រះដែលគង់នៅក្នុងពិភពខាងវិញ្ញាណដែរ។ អ្វីដែលមនុស្សបានឃើញ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងទម្រង់រូបិយ ដែលមានជាសាច់ និងឈាម។ ដូច្នេះ បុត្រមនុស្សដែលយកកំណើតជាមនុស្សបានធ្វើឱ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈ រូបភាព និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពច្បាស់លាស់ និងតាមបែបជាមនុស្ស។ ទោះបីរូបរាងខាងក្រៅរបស់បុត្រមនុស្សមាននូវដែនកំណត់ខ្លះ ទាក់ទងនឹងរូបអង្គរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ អាចតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏វាមាននូវភាពខុសគ្នាមួយចំនួននៅក្នុងទម្រង់នៃការបង្ហាញចេញដែរ។ យើងមិនអាចបដិសេធបានថា បុត្រមនុស្សតំណាងឱ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនៅក្នុងទម្រង់នៃភាពជាមនុស្សរបស់ទ្រង់ និងនៅក្នុងភាពជាព្រះរបស់ទ្រង់នោះឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានធ្វើការតាមរយៈសាច់ឈាម បានមានបន្ទូលចេញពីទិដ្ឋភាពនៃសាច់ឈាម និងបានឈរនៅមុខមនុស្សជាតិជាមួយអត្តសញ្ញាណ និងឋានៈជាបុត្រមនុស្ស ហើយការនេះបានផ្ដល់ឱ្យមនុស្សនូវឱកាស ដើម្បីជួប និងដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ។ វាក៏បានជួយឱ្យមនុស្សទទួលបានគតិជ្រៅជ្រះអំពីភាពជាព្រះ និងភាពធំធេងរបស់ទ្រង់នៅក្នុងការបន្ទាបអង្គទ្រង់ ក៏ដូចជាទទួលបានការយល់ដឹង និងនិយមន័យដំបូងអំពីភាពពិតប្រាកដ និងតថភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីកិច្ចការត្រូវបានសម្រេចដោយព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏របៀបនៃការធ្វើការរបស់ទ្រង់ និងទិដ្ឋភាពចេញពីការដែលទ្រង់មានបន្ទូល មានលក្ខណៈខុសគ្នាពីអង្គពិតរបស់ព្រះជាម្ចាស់នៅក្នុងពិភពខាងវិញ្ញាណដែរ ហើយអ្វីៗគ្រប់យ៉ាងអំពីទ្រង់ពិតជាបានតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែន ដែលមនុស្សជាតិមិនធ្លាប់បានឃើញកាលពីមុនមកឡើយហើយការនេះមិនអាចបដិសេធបានឡើយ! គឺអាចនិយាយបានថា ទោះបីព្រះជាម្ចាស់លេចមកនៅក្នុងទម្រង់បែបណា មិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពមួយណា ឬទ្រង់ជួបជាមួយមនុស្សនៅក្នុងរូបភាពអ្វីនោះឡើយ ព្រះជាម្ចាស់មិនបានតំណាងឱ្យអ្វីឡើយ ក្រៅពីអង្គទ្រង់ផ្ទាល់។ ទ្រង់មិនតំណាងឱ្យមនុស្សណាម្នាក់ ឬមនុស្សជាតិដ៏ពុករលួយណាមួយឡើយ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយការនេះមិនអាចបដិសេធបានឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សារជាតិដើមរបស់ព្រះជាម្ចាស់ផ្ទាល់មាននូវសិទ្ធិអំណាច ប៉ុន្តែ ទ្រង់អាចចុះចូលទាំងស្រុងចំពោះសិទ្ធិអំណាចដែលមកពីទ្រង់។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការខាងសាច់ឈាមឡើយ កិច្ចការទាំងពីរនេះមិនដែលមានជម្លោះនឹងគ្នាទេ។ ព្រះវិញ្ញាណរបស់ព្រះគឺជាសិទ្ធិអំណាចមួយលើការបង្កើតទាំងអស់។ សាច់ឈាមដែលមានសារជាតិនៃព្រះ ក៏មាននូវសិទ្ធិអំណាចដែរ ប៉ុន្តែ ព្រះជាម្ចាស់នៅខាងក្នុងសាច់ឈាមអាចធ្វើគ្រប់កិច្ចការដែលស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ មនុស្សណាផ្សេងមិនអាចទទួល ឬចាប់កំណើតដោយសិទ្ធិអំណាចនេះបានឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសិទ្ធិអំណាច ប៉ុន្តែសាច់ឈាមរបស់ទ្រង់អាចចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់។ នេះជាអត្ថន័យរបស់វា នៅពេលដែលគេនិយាយថា «ព្រះគ្រីស្ទស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតា»។ ព្រះជាម្ចាស់ជាព្រះវិញ្ញាណ ហើយទ្រង់អាចធ្វើកិច្ចការនៃសេចក្តីសង្រ្គោះដូចដែលព្រះជាម្ចាស់អាចក្លាយជាមនុស្សដែរ។ ទោះជាយ៉ាងណា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គធ្វើកិច្ចការរបស់ទ្រង់។ ទ្រង់មិនរំខាន មិនជ្រៀតជ្រែក ហើយក៏មិនធ្វើកិច្ចការទាំងឡាយណាដែលផ្ទុយនោះដែរ ដ្បិតសារជាតិនៃកិច្ចការដែលត្រូវសម្រេចដោយព្រះវិញ្ញាណ និងសាច់ឈាម គឺជាកិច្ចការតែមួយ។ មិនថាជាព្រះវិញ្ញាណ ឬជាសាច់ឈាមឡើយ ព្រះអង្គទាំងពីរធ្វើការ ដើម្បីសម្រេចព្រះហឫទ័យតែមួយ និងគ្រប់គ្រងកិច្ចការដូចគ្នា។ ទោះបីព្រះវិញ្ញាណ និងសាច់ឈាមមានគុណសម្បត្តិពីរខុសគ្នាស្រឡះក៏ដោយ ប៉ុន្តែ សារជាតិរបស់ព្រះអង្គទាំងពីរគឺដូចគ្នា។ ព្រះអង្គទាំងពីរមានសារជាតិជាព្រះ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគ្មានសមាសធាតុនៃការមិនស្ដាប់បង្គាប់ឡើយ។ សារជាតិរបស់ទ្រង់គឺល្អ។ ទ្រង់ជាការសម្ដែងចេញនៃគ្រប់ទាំងភាពស្រស់ស្អាត និងសេចក្តីល្អ ក៏ដូចជារាល់សេចក្តីស្រឡាញ់ដែរ។ សូម្បីតែនៅក្នុងសាច់ឈាម ព្រះជាម្ចាស់មិនបានធ្វើអ្វីមួយដែលបំផ្លាញដល់ព្រះវរបិតាឡើយ។ សូម្បីតែពេល នៃការបូជាព្រះជន្មរបស់ទ្រង់ក៏ទ្រង់ព្រមធ្វើតាមយ៉ាងអស់ពីចិត្ត ហើយទ្រង់នឹងមិនជ្រើសយក ជម្រើសណាផ្សេងឡើយ។ ព្រះជាម្ចាស់គ្មានសមាសធាតុនៃការរាប់ខ្លួនឯងជាសុចរិត ការរាប់ខ្លួនឯងជា សំខាន់ ឬសមាសធាតុនៃសេចក្តីអួត និងសេចក្តីក្អេងក្អាងឡើយ ហើយសមាសធាតុនៃសេចក្តីវៀចវេរក៏ទ្រង់គ្មានដែរ។ អ្វីគ្រប់យ៉ាងដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ សុទ្ធតែមកពីអារក្សសាតាំង ព្រោះថាសាតាំងជាប្រភព នៃគ្រប់ទាំងសេចក្តីស្មោកគ្រោក និងសេចក្តីអាក្រក់។ ហេតុផលដែលមនុស្សមានលក្ខណៈសម្បត្តិស្រដៀងគ្នាទៅនឹងអារក្សសាតាំង គឺដោយសារតែមនុស្សត្រូវបានពុករលួយ និងកែខៃដោយអារក្សសាតាំង។ ព្រះគ្រីស្ទមិនត្រូវបានពុករលួយ ដោយអារក្សសាតាំងឡើយ ដូច្នេះ ទ្រង់មានចរិតលក្ខណៈរបស់ព្រះជាម្ចាស់តែម្ដង ហើយគ្មានសូម្បីតែបន្តិចនូវចរិតលក្ខណៈរបស់អារក្សសាតាំង។ មិនថាកិច្ចការពិបាកខ្លាំងប៉ុនណា ឬសាច់ឈាមទន់ខ្សោយយ៉ាងណា ក្នុងពេលដែលព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាម ក៏ទ្រង់នឹងមិនដែលធ្វើអ្វីមួយដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ រួមទាំងការបោះបង់ចោល និងការមិនស្ដាប់បង្គាប់តាមព្រះហឫទ័យ របស់ព្រះវរបិតាផង។ ផ្ទុយទៅវិញ ព្រះអង្គនឹងព្រមទទួលយកការឈឺចាប់ ខាងសាច់ឈាម ជាជាងក្បត់ចំពោះព្រះហឫទ័យរបស់ព្រះវរបិតា។ វាដូចអ្វីដែលព្រះយេស៊ូវបានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! ប្រសិនបើអាច សូមឲ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ មនុស្សធ្វើតាមជម្រើសរបស់គេ ប៉ុន្តែ ព្រះគ្រីស្ទមិនធ្វើបែបនេះឡើយ។ ទោះបីទ្រង់មានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ប៉ុន្តែ ទ្រង់នៅតែស្វែងរកព្រះហឫទ័យរបស់ព្រះវរបិតា និងបំពេញកិច្ចការដែលព្រះវរបិតាបានប្រទានដល់ទ្រង់ ដោយចេញពីទិដ្ឋភាពខាងសាច់ឈាម។ នេះជាអ្វីមួយដែលមនុស្សមិនអាចយល់បាន។ អ្វីដែលមកពីអារក្សសាតាំង មិនអាចមានសារជាតិ របស់ព្រះជាម្ចាស់ឡើយ។ សារជាតិតែមួយគត់របស់វាគឺជាការមិនស្ដាប់បង្គាប់ និងការប្រឆាំងចំពោះព្រះជាម្ចាស់។ វាមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានពេញលេញ ហើយក៏មិនព្រមស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សទាំងអស់ដែលនៅដាច់ចេញពីព្រះគ្រីស្ទអាចធ្វើកិច្ចការដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយគ្មានមនុស្សណាម្នាក់ អាចធ្វើកិច្ចការដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់ពួកគេដោយផ្ទាល់ឡើយ។ គ្មាននរណាម្នាក់អាចចាត់ទុកការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ជាភារកិច្ចមួយដែលគេត្រូវធ្វើដោយផ្ទាល់ឡើយ។ សារជាតិរបស់ព្រះគ្រីស្ទគឺជាការចុះចូលតាមព្រះហឫទ័យរបស់ព្រះវរបិតា។ ចំណែកឯការមិនស្ដាប់បង្គាប់ទាស់នឹងព្រះជាម្ចាស់ គឺជាចរិតលក្ខណៈរបស់អារក្សសាតាំង។ គុណសម្បត្តិទាំងពីរនេះគឺមិនស៊ីគ្នាទេ ហើយអស់អ្នកណាដែលមានគុណសម្បត្តិរបស់អារក្សសាតាំង មិនអាចត្រូវបានហៅថាជាព្រះគ្រីស្ទឡើយ។ ហេតុផលដែលមនុស្សមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជំនួសទ្រង់បាន គឺដោយសារតែមនុស្សមិនមានសារជាតិណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សធ្វើការសម្រាប់ព្រះជាម្ចាស់សម្រាប់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងសអនាគតរបស់គេប៉ុណ្ណោះ ប៉ុន្តែ ព្រះគ្រីស្ទធ្វើការ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះវរបិតា។

ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គឧត្ដមណាស់។ ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង។ ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដម ប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែល បរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះ ចេស្ដា។ ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និងភាពយុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹង វិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ បរិសុទ្ធ ដូច្នេះសាច់ឈាមរបស់ទ្រង់ ក៏សាតាំងមិនអាចធ្វើឲ្យពុករលួយបានដែរ។ សាច់ឈាមរបស់ទ្រង់ ជាសាច់ឈាមដែលមានសារជាតិខុសពីសាច់ឈាមរបស់មនុស្ស។ ដ្បិតនេះជាមនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ មិនមែនជាព្រះជាម្ចាស់ឡើយ។ សាតាំងមិនអាចធ្វើឲ្យសាច់ឈាមរបស់ព្រះជាម្ចាស់ពូករលួយបានឡើយ។ ហេតុនេះ ទោះបីជាមនុស្ស និងព្រះគ្រីស្ទ ស្ថិតនៅក្នុងកន្លែងតែមួយដូចគ្នា ក៏មានតែមនុស្សទេទើបត្រូវបានកាន់កាប់ ប្រើប្រាស់ និងជាប់អន្ទាក់សាតាំង។ ផ្ទុយទៅវិញ ព្រះគ្រីស្ទមិនរញ្ជួយដោយសារសេចក្ដីពុករលួយរបស់សាតាំងជានិរន្តន៍ ពីព្រោះសាតាំងមិនអាចចុះមកពីស្ថានដ៏ខ្ពស់បំផុត ហើយមិនអាចចូលមកកៀកនឹងព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ អ្នករាល់គ្នាគប្បីដឹងថា គឺមានតែមនុស្សជាតិដែលត្រូវបានពុករលួយដោយសាតាំងទេ ទើបក្បត់ខ្ញុំ។ អំពើក្បត់មិនមែនជាបញ្ហាដែលពាក់ព័ន្ធនឹងព្រះគ្រីស្ទបន្តិចឡើយ។

ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ អារម្ភកថា

បន្ទាប់៖ ២. មូលហេតុដែលគេនិយាយថា មនុស្សជាតិដែលពុករលួយ ត្រូវការសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្រើនជាង

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea «ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែលរួចក៏ដកយកមកវិញ បន្ទាប់មក ខ្ញុំបាននាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ