តើអ្នកជាអ្នកជឿលើព្រះជាម្ចាស់ ដ៏ពិតប្រាកដមែនទេ?

ប្រហែល អ្នកបានដើរនៅលើផ្លូវនៃសេចក្តីជំនឿជឿដល់ព្រះ ជាងមួយឆ្នាំ ឬពីរឆ្នាំហើយ ហើយក្នុងពេលប៉ុន្មានឆ្នាំនេះ អ្នកប្រហែលជារងទុក្ខលំបាកជាច្រើន នៅក្នុងជីវិតរបស់អ្នក ឬមួយក៏អ្នកមិនបានរងទុក្ខលំបាកច្រើនឡើយ ប៉ុន្តែ អ្នកទទួលបានព្រះគុណច្រើនវិញ។ អ្នកក៏ប្រហែលជាមិនបានទាំងរងទុក្ខ ហើយក៏មិនបានទាំងព្រះគុណដែរ ប៉ុន្តែ រស់នៅក្នុងជីវិតមួយដែលសាមញ្ញៗ។ យ៉ាងណាក៏អ្នកនៅតែជាអ្នកដើរតាមព្រះ ដូច្នេះ ចូរយើងសិក្សាជាមួយគ្នា អំពីប្រធានបទនៃការដើរតាមព្រះជាម្ចាស់វិញ។ យ៉ាងណាមិញ យើងត្រូវតែរំឭកមនុស្សទាំងអស់ដែលអានពាក្យទាំងនេះថា ព្រះបន្ទូលរបស់ព្រះ ត្រូវបានប្រទានដល់អ្នកដែលទទួលស្គាល់ និងដើរតាមទ្រង់ មិនមែនសម្រាប់មនុស្សទាំងអស់ឡើយ មិនថា គេទទួលស្គាល់ទ្រង់ ឬក៏អត់នោះឡើយ។ ប្រសិនបើអ្នកជឿថា ព្រះជាម្ចាស់មានបន្ទូលទៅកាន់មហាជន ទៅកាន់មនុស្សទាំងអស់ នៅក្នុងពិភពលោក ដូច្នេះ ព្រះបន្ទូលរបស់ព្រះនឹងគ្មានឥទ្ធិពលទៅលើអ្នកឡើយ។ ដូច្នេះ អ្នកគួរតែចងចាំពាក្យទាំងនេះ នៅក្នុងដួងចិត្តរបស់អ្នក ហើយមិនត្រូវដកចិត្តអ្នកចេញពីពាក្យទាំងនេះឡើយ។ យ៉ាងណាក៏ដោយ ចូរយើងនិយាយអំពីអ្វីដែលកំពុងតែកើតឡើង នៅក្នុងផ្ទះរបស់យើង។

ឥឡូវ អ្នករាល់គ្នាគួរតែយល់អំពីអត្ថន័យដ៏ពិតនៃសេចក្តីជំនឿលើព្រះជាម្ចាស់ហើយ។ អត្ថន័យនៃជំនឿលើព្រះជាម្ចាស់ ដែលខ្ញុំធ្លាប់មានបន្ទូលកាលពីមុន ទាក់ទងជាមួយនឹងផ្លូវចូលវិជ្ជមានរបស់អ្នករាល់គ្នា។ ថ្ងៃនេះ គឺខុសពីមុន៖ ថ្ងៃនេះ ខ្ញុំចង់វិភាគអំពីខ្លឹមសារនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះព្រះ។ ប្រាកដណាស់ ការនេះនឹងដឹកនាំអ្នករាល់គ្នាចេញពីទស្សនៈអវិជ្ជមាន ប្រសិនបើខ្ញុំមិនបានធ្វើបែបនេះទេ នោះអ្នករាល់គ្នានឹងមិនស្គាល់ពីមុខមាត់ដ៏ពិតរបស់ខ្លួន ហើយនៅតែបន្តអួតអាងពីការគោរពប្រណិប័តន៍ដល់ព្រះ និងសេចក្តីស្មោះត្រង់របស់ខ្លួនជារៀងរហូត។ វាជាការសមគួរដែលនិយាយថា ប្រសិនបើខ្ញុំមិនបកអាក្រាតពីសេចក្តីស្មោកគ្រោក នៅក្នុងជម្រៅចិត្តរបស់អ្នករាល់គ្នាទេ នោះម្នាក់ៗនឹងពាក់មកុដលើក្បាលរបស់ខ្លួន ហើយទទួលយកគ្រប់ទាំងសិរីល្អសម្រាប់ខ្លួនឯងមិនខាន។ និស្ស័យអំណួត និងភាពក្អេងក្អាងរបស់អ្នករាល់គ្នា គឺជាកត្តាដែលជំរុញឲ្យអ្នករាល់គ្នាក្បត់បញ្ញាចិត្តរបស់ខ្លួន ឲ្យអ្នកបះបោរទាស់ទទឹងនឹងព្រះគ្រីស្ទ និងបង្ហាញពីសេចក្តីស្មោកគ្រោក ពីចេតនា ពីសញ្ញាណ ពីសេចក្តីប៉ងប្រាថ្នាហួសប្រមាណ និងកែវភ្នែកដែលពោរពេញទៅដោយភាពលោភលន់របស់អ្នករាល់គ្នា ដោយយកវាមកដាក់នៅទីភ្លឺ។ ប៉ុន្តែ អ្នករាល់គ្នានៅតែបន្តនិយាយប៉ប៉ាច់ប៉ប៉ោចពីបំណងចិត្តចង់ធ្វើការថ្វាយព្រះគ្រីស្ទរហូតមួយជីវិតរបស់អ្នក ហើយនិយាយដដែលៗពីសេចក្តីពិតដែលព្រះគ្រីស្ទមានព្រះបន្ទូល កាលពីយូរលង់ណាស់មកហើយ។ នេះជា «សេចក្តីជំនឿ» របស់អ្នករាល់គ្នា ជា «សេចក្តីជំនឿឥតសៅហ្មង»។ យើងបានដាក់បទដ្ឋានដ៏តឹងរឹងមួយឲ្យមនុស្សកាន់តាម ពេញមួយជីវិត។ បើចិត្តភក្ដីភាពរបស់អ្នកមានភ្ជាប់ជាមួយចេតនា និងលក្ខខណ្ឌ ដូច្នេះ យើងមិនចង់បានចិត្តភក្ដីភាពរបស់អ្នកឡើយ ព្រោះថា យើងស្អប់ណាស់អ្នកណាដែលបោកបញ្ឆោតយើង ដោយចេតនារបស់គេ ហើយមកកំហែងយើងដោយលក្ខខណ្ឌរបស់គេនេះ។ យើងចង់បានតែមនុស្សដែលស្មោះត្រង់ពិតចំពោះយើង ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីបញ្ជាក់ និងជាប្រយោជន៍ដល់សេចក្តីជំនឿ។ យើងស្អប់ណាស់ពាក្យអែបអប ដែលអ្នករាល់គ្នាប្រើ ដើម្បីព្យាយាមធ្វើឲ្យយើងអរសប្បាយ ដ្បិតកន្លងមក យើងតែងតែប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយព្រះទ័យស្មោះសរ ហើយយើងសង្ឃឹមថា អ្នករាល់គ្នាក៏ប្រព្រឹត្តចំពោះយើង ដោយសេចក្តីជំនឿដ៏ពិតវិញផងដែរ។ ពេលនិយាយដល់សេចក្តីជំនឿ មនុស្សជាច្រើនគិតថា ពួកគេដើរតាមព្រះ ដោយសារតែគេមានសេចក្តីជំនឿ ដូច្នេះ គេនឹងមិនរងទុក្ខវេទនាឡើយ។ ហេតុនេះ យើងសូមសួរអ្នករាល់គ្នាដូច្នេះថា៖ បើអ្នកជឿថាពិតជាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកមិនគោរពប្រណិប័តន៍ទ្រង់? បើអ្នកជឿថាមានព្រះជាម្ចាស់មែន ហេតុអ្វីបានជាអ្នកគ្មានការគោរពកោតខ្លាចដល់ទ្រង់ សូម្បីតែបន្ដិច នៅក្នុងដួងចិត្តរបស់អ្នកដូច្នេះ? អ្នកទទួលស្គាល់ថា ព្រះគ្រីស្ទជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដូច្នេះ ហេតុអ្វីបានជាអ្នកខ្វះការគោរពចំពោះទ្រង់? ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះទ្រង់ ដោយខ្វះការគោរពបែបនេះ? ហេតុអ្វីបានជាអ្នកវិនិច្ឆ័យទ្រង់ ដោយបើកចំហរ? ហេតុអ្វីបានជាអ្នកចេះតែលបយកការណ៍ ពីដំណើរទៅមករបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនចុះចូល ចំពោះការរៀបចំរបស់ទ្រង់? ហេតុអ្វីបានជាអ្នកមិនប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ទ្រង់? ហេតុអ្វីបានជាអ្នកព្យាយាមកំហែង និងលួចតង្វាយរបស់ទ្រង់? ហេតុអ្វីបានជាអ្នកនិយាយជំនួសព្រះគ្រីស្ទ? ហេតុអ្វីបានជាអ្នកហ៊ានវិនិច្ឆ័យថា កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ ត្រូវ ឬខុស? ហេតុអ្វីបានជាអ្នកថ្លើមធំ ហ៊ានប្រមាថដល់ទ្រង់ ពីក្រោយខ្នងដូច្នេះ? តើសេចក្តីពណ៌នាទាំងនេះ ជាធាតុផ្សំនៃសេចក្តីជំនឿរបស់អ្នករាល់គ្នាមែនទេ?

ធាតុផ្សំចិត្តមិនជឿរបស់អ្នករាល់គ្នាចំពោះព្រះគ្រីស្ទ ត្រូវបានស្ដែងចេញមកតាមរយៈពាក្យសម្ដី និងកិរិយារបស់អ្នករាល់គ្នា។ ចិត្តមិនជឿបញ្ជ្រាបទៅដល់ទាំងបំណង និងគោលដៅនៃកិច្ចការដែលអ្នកធ្វើ។ សូម្បីតែអត្តចរិតនៃការសំឡក់សម្លឹងរបស់អ្នករាល់គ្នា ក៏មានចិត្តមិនជឿលើព្រះគ្រីស្ទនៅក្នុងនោះដែរ។ គឺអាចនិយាយបានថា ពីមួយនាទីទៅមួយនាទី អ្នករាល់គ្នាម្នាក់ៗ ក្រសោបយកធាតុផ្សំនៃចិត្តមិនជឿរហូត។ នេះមានន័យថា អ្នករាល់គ្នាស្ថិតក្នុងគ្រោះថ្នាក់នៃការក្បត់ព្រះគ្រីស្ទ នៅគ្រប់ពេលតែម្ដង ព្រោះថា ឈាមដែលហូរកាត់រាងកាយអ្នក ត្រូវបានបញ្ចូលជាមួយនឹងចិត្តមិនជឿលើព្រះដែលយកកំណើតជាមនុស្ស។ ដូច្នេះ ខ្ញុំប្រាប់ទៅចុះថា ដានជើងដែលអ្នករាល់គ្នាបន្សល់ទុកនៅលើមាគ៌ានៃសេចក្តីជំនឿជឿដល់ព្រះ មិនមែនជាដានជើងពិតឡើយ។ ពេលដែលអ្នករាល់គ្នាដើរនៅលើផ្លូវនៃសេចក្តីជំនឿជឿដល់ព្រះ អ្នកមិនដាក់ជើងយ៉ាងមាំទៅលើដីឡើយ គឺអ្នកគ្រាន់តែធ្វើតាមតែបញ្ជា ទាំងចិត្តមិនចង់ប៉ុណ្ណោះ។ អ្នករាល់គ្នាមិនដែលជឿលើព្រះបន្ទូលរបស់ព្រះគ្រីស្ទយ៉ាងអស់ពីចិត្តឡើយ ហើយក៏គ្មានសមត្ថភាពយកព្រះបន្ទូលនោះ ទៅអនុវត្តភ្លាមៗដែរ។ នេះជាហេតុផលដែលអ្នករាល់គ្នាមិនមានជំនឿលើព្រះគ្រីស្ទ។ ដែលអ្នករាល់គ្នាតែងតែមានគំនិតបែបនេះបែបនោះអំពីទ្រង់ ក៏ជាហេតុផលមួយទៀត ដែលនាំឲ្យអ្នករាល់គ្នា មិនមានសេចក្តីជំនឿចំពោះទ្រង់ដែរ។ ខាងក្រោមនេះ គឺជាធាតុផ្សំផ្សេងទៀត ដែលនាំឲ្យអ្នកមិនមានជំនឿនៅក្នុងចិត្ត ដូចជា ការសង្ស័យអំពីកិច្ចការរបស់ព្រះគ្រីស្ទឥតល្ហែរ ការបណ្ដោយឲ្យព្រះបន្ទូលរបស់ព្រះធ្លាក់ទៅលើត្រចៀកថ្លង់ ការមានទស្សនៈបែបនេះបែបនោះចំពោះកិច្ចការដែលព្រះគ្រីស្ទបានធ្វើ ហើយមិនយល់អំពីកិច្ចការនោះឲ្យបានត្រឹមត្រូវ ការពិបាកបោះបង់គំនិតរបស់អ្នកដោយឡែក មិនថា អ្នកទទួលបានសេចក្តីពន្យល់បែបណា និងហេតុផលផ្សេងទៀតយ៉ាងណាក៏ដោយ។ ទោះអ្នករាល់គ្នាអនុវត្តតាមកិច្ចការរបស់ព្រះគ្រីស្ទ ហើយមិនដែលបរាជ័យក៏ដោយ ប៉ុន្តែ អ្នកមានការបះបោរច្រើនពេកហើយ ដែលច្របូកច្របល់នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា។ ការបះបោរនេះ គឺជាភាពសៅហ្មងនៅក្នុងជំនឿរបស់អ្នករាល់គ្នា ចំពោះព្រះជាម្ចាស់។ ប្រហែលអ្នករាល់គ្នាមិនបានគិតបែបនេះឡើយ ប៉ុន្តែ ប្រសិនបើអ្នកគ្មានសមត្ថភាពស្គាល់ពីចេតនារបស់ខ្លួន តាមរយៈពាក្យនេះទេ នោះអ្នកត្រូវជាប់នៅក្នុងចំណោមមនុស្ស ដែលត្រូវវិនាស ដ្បិតទាល់តែមនុស្សដែលជឿពិតលើព្រះជាម្ចាស់ ទើបទ្រង់ប្រោសគេឲ្យបានគ្រប់លក្ខណ៍ មិនមែនមនុស្សដែលមានចិត្តសង្ស័យចំពោះទ្រង់ ហើយក៏មិនមែនមនុស្សដែលមានចិត្តអល់អែក ក្នុងការដើរតាមទ្រង់ ទាំងមិនធ្លាប់ជឿថា ទ្រង់ជាព្រះនោះឡើយ។

មនុស្សមួយចំនួនមិនអរសប្បាយនៅក្នុងសេចក្តីពិតទេ ក៏រឹតតែមិនអរសប្បាយនឹងការជំនុំជម្រះដែរ។ ផ្ទុយទៅវិញ គេបែរជាអរសប្បាយនៅក្នុងអំណាច និងភាពមានបានទៅវិញ។ មនុស្សបែបនេះគេហៅថា អ្នកស្វែងរកអំណាច។ ពួកគេស្វែងរកតែនិកាយទាំងឡាយណា ដែលមានឥទ្ធិពលនៅក្នុងពិភពលោក ហើយរកតែគ្រូគង្វាល និងគ្រូបង្រៀន ដែលចេញមកពីសាលាព្រះគម្ពីរ។ ទោះពួកគេបានទទួលយកផ្លូវនៃសេចក្តីពិតក៏ដោយ ក៏ពួកគេមានជំនឿតែពាក់កណ្ដាលប៉ុណ្ណោះ។ ពួកគេមិនអាចថ្វាយដួងចិត្ត និងគំនិតរបស់គេទាំងអស់ដល់ព្រះបានឡើយ ហើយទោះបីជាមាត់របស់គេនិយាយអំពីការលះបង់ខ្លួនឯង ដើម្បីបម្រើព្រះក៏ដោយ ប៉ុន្តែភ្នែករបស់គេផ្ដោតទៅលើតែគ្រូគង្វាល និងគ្រូបង្រៀនល្បីៗប៉ុណ្ណោះ ហើយមិនសម្លឹងមើលទៅព្រះគ្រីស្ទ សូម្បីមួយវិនាទីឡើយ។ ដួងចិត្តរបស់គេវក់ទៅនឹងការចង់បានតែ កិត្តិនាម ទ្រព្យសម្បត្តិ និងសិរីរុងរឿង។ ដោយព្រោះតែចម្ងល់មួយថា ម៉េចបានជាមនុស្សតូចទាបបែបនេះ មានសមត្ថភាពអាចយកឈ្នះមនុស្សជាច្រើនបាន ទើបពួកគេគិតថា មនុស្សដ៏សាមញ្ញនេះអាចប្រោសមនុស្សលោកឲ្យឥតខ្ចោះបាន។ ពួកគេគិតដោយសារតែគេឆ្ងល់ថា ម៉េចក៏មនុស្សថោកទាបបាតសង្គមទាំងនេះ គឺជារាស្ត្រដែលព្រះជាម្ចាស់ជ្រើសរើសទៅវិញ។ ពួកគេជឿថា ប្រសិនបើមនុស្សបែបនេះ ជាវត្ថុបំណងនៃសេចក្តីសង្រ្គោះរបស់ព្រះ នោះផ្ទៃមេឃ និងផែនដីនឹងក្រឡាប់ចក្រ ហើយមនុស្សទាំងអស់ នឹងសើចមិនខានចំអកខ្លាំងជាមិនខាន។ ពួកគេជឿថា ប្រសិនបើព្រះជាម្ចាស់បានជ្រើសរើសមនុស្សសំរាមទាំងនេះ ឲ្យក្លាយជាគ្រប់លក្ខណ៍ ដូច្នេះ មនុស្សអស្ចារ្យទាំងនោះ នឹងក្លាយជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គហើយ។ ទស្សនៈរបស់គេត្រូវសៅហ្មងដោយចិត្តមិនជឿ ពួកគេមិនត្រឹមតែមិនជឿទេ ពួកគេគឺដូចជាសត្វតិរច្ឆានដល្ងង់ខ្លៅតែម្ដង។ ពួកគេគោរពតែពួកជំនុំ និងនិកាយធំៗប៉ុណ្ណោះ ព្រោះថា ពួកគេឲ្យតម្លៃតែលើឋានៈ បុណ្យសក្តិ និងអំណាចប៉ុណ្ណោះ។ ពួកគេគ្មានការគោរពចំពោះមនុស្សដែលព្រះគ្រីស្ទដឹកនាំសោះឡើយ សូម្បីតែបន្ដិចក៏គ្មានផង។ មែនទែនទៅ ពួកគេគ្រាន់តែជាជនក្បត់ ដែលបានបែរខ្នងដាក់ព្រះគ្រីស្ទ បែរខ្នងដាក់សេចក្តីពិត និងបែរខ្នងដាក់ជីវិតតែប៉ុណ្ណោះ។

អ្វីដែលអ្នកគោរពសរសើរ មិនមែនជាការបន្ទាបខ្លួនរបស់ព្រះ គ្រីស្ទឡើយ ប៉ុន្តែជាពួកគង្វាលក្លែងក្លាយ ដែលមានកិត្តិនាមលេចធ្លោទៅវិញ។ អ្នកមិនសរសើរចំពោះភាពគួរឲ្យស្រឡាញ់ ឬព្រះប្រាជ្ញាញាណរបស់ព្រះគ្រីស្ទឡើយ ប៉ុន្តែ បែរជាសរសើរពួកខិលខូចដែលលង់នៅក្នុងសេចក្តីសោ្មកគ្រោកនៃលោកីយ៍ទៅវិញ។ អ្នកសើចចំអកចំពោះការឈឺចាប់របស់ព្រះគ្រីស្ទ ទាំងដែលទ្រង់គ្មានកន្លែងសម្រាប់កើយព្រះសិរសាទ្រង់ ប៉ុន្តែបែរជាសរសើរសាកសព ដែលតាមប្រមាញ់តង្វាយ ហើយរស់នៅក្នុងអំពើឧបាយមុខទៅវិញ។ អ្នកមិនព្រមរងទុក្ខរួមជាមួយព្រះគ្រីស្ទទេ ប៉ុន្តែ អ្នកបែរជារីករាយនឹងប្រគល់ខ្លួន ទៅក្នុងដៃរបស់ពួកទទឹងព្រះគ្រីស្ទ ទាំងកំព្រើល ទោះពួកគេឲ្យអ្នកបានតែសាច់ឈាម ពាក្យសម្ដី និងការត្រួតត្រាក៏ដោយ។ សូម្បីតែពេលនេះ ដួងចិត្តរបស់អ្នក នៅតែបែរទៅរកពួកគេ ទៅរកកេរ្តិ៍ឈ្មោះរបស់គេ ទៅរកឋានៈរបស់គេ និងទៅរកឥទ្ធិពលរបស់គេ។ ហើយអ្នកនៅតែបន្តប្រកាន់ខ្ជាប់នូវចិត្តគំនិតមួយគិតថា កិច្ចការរបស់ព្រះគ្រីស្ទពិបាកទទួលយកណាស់ ហើយអ្នកក៏មិនព្រមទទួលយកកិច្ចការនេះដែរ។ នេះជាហេតុផលដែលខ្ញុំហ៊ាននិយាយថា អ្នកខ្វះសេចក្តីជំនឿក្នុងការទទួលស្គាល់ព្រះគ្រីស្ទ។ ហេតុផលដែលនាំឲ្យអ្នកបានដើរតាមទ្រង់មកដល់សព្វថ្ងៃ គឺដោយសារតែអ្នកគ្មានជម្រើសផ្សេងប៉ុណ្ណោះ។ នៅក្នុងដួងចិត្តរបស់អ្នក ចេះតែលេចឡើងនូវរូបភាពបុគ្គលខ្ពង់ខ្ពស់ជាច្រើន។ ពាក្យសម្ដី ទង្វើ និងស្នាដៃដ៏មានឥទ្ធិពលរបស់គេ ដក់ជាប់នៅក្នុងគំនិតរបស់អ្នកជានិច្ច។ ក្នុងចិត្តអ្នករាល់គ្នា ពួកគេជាបុគ្គលដ៏ខ្ពស់ឧត្តម និងជាវីរបុរសក្នុងចិត្តរបស់អ្នកជារៀងរហូត។ ប៉ុន្តែ សព្វថ្ងៃនេះ អ្នកមិនបានគិតបែបនេះ ចំពោះព្រះគ្រីស្ទឡើយ។ នៅក្នុងដួងចិត្តរបស់អ្នក ទ្រង់គ្មានសារៈសំខាន់ ហើយមិនសក្ដិសមទទួលបានការគោរពស្រឡាញ់របស់អ្នក ជារៀងរហូត។ ដ្បិតទ្រង់ជាមនុស្សសាមញ្ញពេក មានឥទ្ធិពលតិចតួចពេក និងរឹតតែគ្មានមានឋានៈ យសសក្ដិ ខ្ពង់ខ្ពស់អ្វីឡើយ។

ទោះយ៉ាងណា ក៏ខ្ញុំហ៊ាននិយាយបានថា មនុស្សទាំងអស់ដែលមិនឲ្យតម្លៃចំពោះសេចក្តីពិត សុទ្ធតែជាអ្នកមិនជឿ ហើយគេជាជនក្បត់ចំពោះសេចក្តីពិតដែរ។ មនុស្សបែបនេះនឹងមិនទទួលបានការសរសើរពីព្រះគ្រីស្ទឡើយ។ ឥឡូវនេះ តើអ្នកបានដឹងពីទំហំចិត្តមិនជឿ នៅក្នុងជីវិតរបស់អ្នក ហើយដឹងពីទំហំចិត្តក្បត់ ដែលអ្នកមានចំពោះព្រះគ្រីស្ទហើយឬនៅ? ខ្ញុំសូមដាស់តឿនដល់អ្នកដូច្នេះថា៖ ដោយសារតែអ្នកបានជ្រើសរើសផ្លូវនៃសេចក្តីពិត ដូច្នេះ អ្នកគួរតែថ្វាយជីវិតរបស់អ្នកទាំងស្រុងដល់ទ្រង់ចុះ កុំធ្វើជាមនុស្ស ស្ទាក់ស្ទើរ ឬមនុស្សដែលនិយាយខុសពីចិត្តនោះឡើយ។ អ្នកគួរតែយល់ថា ព្រះជាម្ចាស់មិនមែនជាកម្មសិទ្ធិនៃលោកីយ៍ ឬជារបស់នរណាម្នាក់ឡើយ ប៉ុន្តែ ទ្រង់ជាកម្មសិទ្ធិរបស់មនុស្សទាំងអស់ ដែលជឿលើទ្រង់យ៉ាងពិតប្រាកដ ជាអ្នកដែលថ្វាយបង្គំទ្រង់ ជាមនុស្សប្ដូរផ្ដាច់ ហើយស្មោះត្រង់ចំពោះទ្រង់។

ថ្ងៃនេះ ចិត្តមិនជឿរបស់អ្នកនៅតែមានច្រើន នៅក្នុងជីវិតរបស់អ្នក។ ចូរប្រឹងសម្លឹងមើលជីវិតរបស់អ្នករាល់គ្នាទៅមើល៍ នោះអ្នកនឹងរកឃើញចម្លើយរបស់អ្នកជាប្រាក។ ពេលដែលអ្នករកឃើញចម្លើយដ៏ពិត នោះអ្នកនឹងទទួលស្គាល់ថា អ្នកមិនមែនជាអ្នកជឿលើព្រះឡើយ ប៉ុន្តែជាមនុស្សដែលបញ្ឆោត ប្រមាថ ហើយក្បត់ទ្រង់ ព្រមទាំងជាមនុស្សដែលគ្មានចិត្តស្មោះចំពោះទ្រង់ឡើយ។ បន្ទាប់មក អ្នកនឹងទទួលស្គាល់ថា ព្រះគ្រីស្ទមិនគ្រាន់តែជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់ដែរ។ ពេលដែលថ្ងៃនោះមកដល់ អ្នកនឹងគោរពកោតខ្លាច និងស្រឡាញ់ព្រះគ្រីស្ទយ៉ាងពិតប្រាកដ។ ឥឡូវនេះ ដួងចិត្តរបស់អ្នកមានតែសាមសិបភាគរយប៉ុណ្ណោះ ដែលមានពេញដោយសេចក្តីជំនឿ ខណៈឯចិតសិបភាគរយទៀត មានពេញដោយសេចក្តីសង្ស័យ។ គ្រប់យ៉ាងដែលព្រះគ្រីស្ទធ្វើ និងមានបន្ទូល មុខជាធ្វើឲ្យអ្នករាល់គ្នាមានគំនិត និងទស្សនៈចំពោះទ្រង់ ជាគំនិត និងទស្សនៈដែលមានឫសគល់ ចេញពីចិត្តមិនជឿទាំងស្រុងរបស់អ្នកចំពោះទ្រង់។ អ្នករាល់គ្នាគោរពសរសើរ និងកោតខ្លាចតែព្រះដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ ប៉ុន្តែអ្នកគ្មានការគោរពចំពោះព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅលើផែនដីនេះឡើយ។ តើនេះមិនមែនជាចិត្តមិនជឿរបស់អ្នករាល់គ្នាទេឬអី? អ្នករាល់គ្នាស្រេកឃ្លានចង់បានតែព្រះជាម្ចាស់ ដែលបានធ្វើការពីអតីតកាល ប៉ុន្តែមិនព្រមសម្លឹងទៅរកព្រះគ្រីស្ទ នាពេលសព្វថ្ងៃឡើយ។ ទាំងអស់នេះគឺជា «សេចក្តីជំនឿ» ដែលត្រូវបានលាយឡំជានិច្ច នៅក្នុងដួងចិត្តរបស់អ្នក ជាសេចក្តីជំនឿដែលមិនជឿលើព្រះគ្រីស្ទ នាពេលសព្វថ្ងៃឡើយ។ ខ្ញុំមិនមែនមើលងាយអ្នករាល់គ្នា ដោយសារតែអ្នករាល់គ្នាមានចិត្តមិនជឿច្រើនពេក នៅក្នុងជីវិតរបស់ខ្លួន ទាំងមានភាពសៅហ្មងច្រើនពេក នៅក្នុងចិត្តដែលត្រូវយកមកវិភាគវែកញែកនោះទេ។ ភាពសៅហ្មងទាំងនេះ គឺជាសញ្ញាមួយដែលបង្ហាញថា អ្នករាល់គ្នាគ្មានជំនឿទាល់តែសោះ ជាសញ្ញាដែលបង្ហាញថា អ្នករាល់គ្នាបានបោះបង់ចោលព្រះគ្រីស្ទ និងជាសញ្ញាដៅសម្គាល់អ្នករាល់គ្នាថា គេជាជនក្បត់ព្រះគ្រីស្ទផងដែរ។ វាជាស្បៃដែលគ្របបាំងមិនឲ្យអ្នករាល់គ្នាស្គាល់ព្រះគ្រីស្ទ ជារនាំងដែលនាំឲ្យព្រះគ្រីស្ទមិនទទួលយកអ្នករាល់គ្នា ជាឧបសគ្គចំពោះភាពចុះសម្រុងរបស់អ្នករាល់គ្នាជាមួយព្រះគ្រីស្ទ និងជាភស្ដុតាងដែលនាំឲ្យព្រះគ្រីស្ទមិនទទួលយកអ្នករាល់គ្នា។ ឥឡូវនេះ ដល់ពេលដែលអ្នករាល់គ្នាត្រូវពិនិត្យមើលគ្រប់ផ្នែកនៃជីវិតរបស់ខ្លួនហើយ! ការធ្វើបែបនេះ វានឹងផ្ដល់ប្រយោជន៍ដល់អ្នករាល់គ្នា ដោយស្មានមិនដល់!

ខាង​ដើម៖ អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ

បន្ទាប់៖ ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ