តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?

បន្ទាប់ពីសេចក្ដីពិតអំពីព្រះយេស៊ូវត្រឡប់មកជាសាច់ឈាមបានលេចចេញមក មនុស្សក៏ជឿលើរឿងនេះថា៖ មិនមែនមានតែព្រះវរបិតាទេ ដែលគង់នៅស្ថានសួគ៌ សូម្បីតែព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណបរិសុទ្ធក៏គង់ទីនោះដែរ។ នេះជាសញ្ញាណទូទៅមួយ ដែលមនុស្សប្រកាន់ខ្ជាប់ថា មានព្រះមួយអង្គបែបនេះគង់នៅស្ថានសួគ៌៖ ជាព្រះត្រៃឯកអង្គ ដែលមាន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងអស់សុទ្ធតែមានសញ្ញាណទាំងនេះថា៖ ព្រះជាម្ចាស់គឺជាព្រះតែមួយ ប៉ុន្តែមានបីអង្គ ជាជំនឿដែលអ្នកទាំងអស់នោះជឿស៊ប់ ក្នុងសញ្ញាណទូទៅរបស់គេ មានដូចជា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ មានតែបីអង្គនេះទេ ទើបរួបរួមគ្នាមកជាព្រះតែមួយបាន។ ប្រសិនបើគ្មានព្រះវរបិតាដ៏បរិសុទ្ធ ព្រះជាម្ចាស់មិនអាចពេញជាព្រះដែរ។ ដូចគ្នាដែរ ព្រះជាម្ចាស់មុខជាមិនអាចពេញជាព្រះទេ ប្រសិនបើគ្មានព្រះរាជបុត្រា ឬព្រះវិញ្ញាណដ៏បរិសុទ្ធ។ នៅក្នុងសញ្ញាណរបស់គេ ពួកគេជឿថា ព្រះវរបិតាបិតាតែអង្គឯង ឬព្រះរាជបុត្រាតែអង្គឯង មិនអាចរាប់ជាព្រះបានឡើយ។ ទាល់តែព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធរួមគ្នា ទើបរាប់ជាព្រះជាម្ចាស់បាន។ ពេលនេះ អ្នកជឿលើសាសនាទាំងអស់ ហើយសូម្បីតែពួកបរិស័ទ នៅក្នុងចំណោមឯងរាល់គ្នា សុទ្ធតែប្រកាន់ខ្ជាប់ជំនឿនេះ។ ប៉ុន្តែត្រង់ថា ជំនឿនេះ ត្រូវ ឬមិនត្រូវ គ្មាននរណាអាចពន្យល់បានឡើយ ដ្បិតឯងរាល់គ្នាតែងតែមានភាពស្រពេចស្រពិលយល់ច្រឡំ ចំពោះរឿងដែលទាក់ទងនឹងព្រះជាម្ចាស់ផ្ទាល់។ ទោះបីជាសេចក្ដីទាំងនេះ គ្រាន់តែជាសញ្ញាណ ក៏ឯងរាល់គ្នាមិនដឹងដែរថា សេចក្ដីនេះត្រូវ ឬខុសឡើយ ដ្បិតឯងរាល់គ្នារងនូវឥទ្ធិពលពីសញ្ញាណសាសនាខ្លាំងពេក។ ឯងរាល់គ្នាបានទទួលសញ្ញាណសាសនាទូទៅនេះ ជ្រាលជ្រៅពេក ហើយជាតិពុលនេះបានជ្រាបចូលក្នុងខ្លួនឯងជ្រៅពេក។ ហេតុនេះ ឯងរាល់គ្នាក៏បានចុះចូលចំពោះឥទ្ធិពលដ៏សាហាវ នៅក្នុងបញ្ហានេះដែរ ដ្បិតព្រះត្រៃឯកអង្គ គ្មានវត្តមានគង់នៅតែម្ដង។ ពោលគឺ ត្រៃឯកភាព នៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណដ៏បរិសុទ្ធ គ្មានវត្តមាន គង់នៅតែម្ដង។ ទាំងអស់នេះ គឺជាសញ្ញាណទូទៅទាំងអស់របស់មនុស្ស និងជាជំនឿក្លែងក្លាយរបស់មនុស្សផង។ ជាច្រើនសតវត្សកន្លងមកនេះ មនុស្សបានជឿលើព្រះត្រៃឯក ជំនឿនេះបានរងនូវឥទ្ធិពលពីសញ្ញាណនៅក្នុងគំនិតរបស់មនុស្ស ប្រឌិតឡើងដោយមនុស្ស ហើយក៏មិនធ្លាប់មានមនុស្សណាម្នាក់ធ្លាប់បានឃើញពីមុនមកដែរ។ ជាច្រើនឆ្នាំកន្លងមកនេះ មានអ្នកបកស្រាយព្រះគម្ពីរជាច្រើន ធ្លាប់បានពន្យល់អំពី “អត្ថន័យពិត” នៃព្រះត្រៃឯក ប៉ុន្តែការពន្យល់អំពី ព្រះត្រៃឯកអង្គថាជាព្រះបីអង្គខុសគ្នា ដែលមានលក្ខណៈដូចៗគ្នា មានសភាពស្រពិចស្រពិល និងមិនច្បាស់លាស់ មនុស្សទាំងអស់ក៏វង្វេងដោយសារ “ការកាត់ស្រាយ” អំពីព្រះជាម្ចាស់។ គ្មានមនុស្សអស្ចារ្យណាម្នាក់អាចផ្ដល់ការពន្យល់ក្បោះក្បាយមួយបានឡើយ។ ការពន្យល់ភាគច្រើនទទួលយកបាន ដោយព្រោះការលើកហេតុផល និងជាសំណេរ ប៉ុន្តែគ្មានមនុស្សណាម្នាក់មានការយល់ដឹងពេញលេញ ច្បាស់លាស់ពីអត្ថន័យនៃសេចក្ដីពន្យល់នោះឡើយ។ មូលហេតុគឺមកពីត្រៃឯកភាពដ៏អស្ចារ្យដែលមនុស្សជឿក្នុងចិត្តនេះ គឺគ្មានវត្តមានតែម្ដង។ ដ្បិតពុំមាននរណាម្នាក់ធ្លាប់បានឃើញព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ ក៏ពុំមាននរណាមានភ័ព្វសំណាង បានឡើងទៅលេងដំណាក់របស់ព្រះជាម្ចាស់ ដើម្បីពិនិត្យថា មានវត្ថុអ្វីខ្លះមានវត្តមាន នៅកន្លែងដែលព្រះជាម្ចាស់គង់នៅ ដើម្បីពិនិត្យឲ្យច្បាស់ថា មានមនុស្សប៉ុន្មានម៉ឺន ឬប៉ុន្មានរយលានជំនាន់ នៅក្នុង “ដំណាក់របស់ព្រះជាម្ចាស់” ឬដើម្បីសង្កេតមើលថា ទ្រង់ទ្រាយដែលព្រះជាម្ចាស់មានជាយូរមកហើយនោះ ផ្គុំឡើងប៉ុន្មានផ្នែកនោះឡើយ។ អ្វីដែលត្រូវយកមកពិនិត្យ គឺដូច្នេះ៖ យុគសម័យរបស់ព្រះវរបិតា និងព្រះរាជបុត្រា ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធ ការលេចមករៀងខ្លួនរបស់អង្គព្រះនីមួយៗ វិធីជាក់ស្ដែងដែលទ្រង់ទាំងបីនៅទីទៃពីគ្នា និងវិធីដែលទ្រង់ទាំងបី រួមគ្នាមកតែមួយ។ គួរឲ្យស្ដាយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពុំមាននរណាម្នាក់អាចកំណត់នូវសេចក្ដីពិត ទាក់ទងនឹងបញ្ហាទាំងនេះទេ។ ពួកគេបានត្រឹមតែស្មានប៉ុណ្ណោះ ដ្បិតពុំមាននរណាម្នាក់ធ្លាប់ឡើងទៅលេងស្ថានសួគ៌ រួចត្រឡប់មកវិញ ទាំងយក “របាយការណ៍ស៊ើបអង្កេត” មកឲ្យមនុស្សជាតិគ្រប់ៗគ្នា ដើម្បីរាយការណ៍ពីសេចក្ដីពិតទាក់ទងនឹងបញ្ហានេះ ប្រាប់ដល់ពួកបរិស័ទដែលឆេះឆួល និងជឿស៊ប់លើជំនឿព្រះត្រៃឯកនេះ។ ពិតណាស់ ការបង្កើតឲ្យមាននូវសញ្ញាណបែបនេះ បើដាក់ការបន្ទោសមកលើមនុស្សក៏មិនកើតដែរ ដ្បិតហេតុអ្វីក៏ព្រះយេហូវ៉ាដ៏ជាព្រះវរបិតា ពុំមានព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៅជាមួយទ្រង់ ពេលទ្រង់បង្កើតមនុស្សលោក? កាលដើមដំបូង ប្រសិនបើគ្រប់យ៉ាងប្រើតែព្រះនាមព្រះយេហូវ៉ា នោះគឺមុខជាល្អជាងនេះមិនខាន។ ប្រសិនបើត្រូវបន្ទោសលើពេលវេលាដ៏ខ្លីដែលកន្លងផុតរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលទ្រង់មិនបានហៅព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ មកចំពោះទ្រង់ក្នុងគ្រាបង្កើតសត្តនិករទាំងអស់ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់អនុវត្ត កិច្ចការនេះតែមួយអង្គឯង។ ប្រសិនបើទ្រង់ទាំងបីអង្គ ធ្វើកិច្ចការ ទាំងអស់នេះព្រមគ្នាតើទ្រង់ទាំងបីព្រះអង្គមិនក្លាយជាព្រះតែមួយទេឬអី? តាំងពីដើមដំបូងរហូតមកដល់ទីបញ្ចប់ ប្រសិនបើមានតែព្រះនាមព្រះយេហូវ៉ា ហើយគ្មានព្រះនាមព្រះយេស៊ូវពីយុគសម័យនៃព្រះគុណ ឬប្រសិនបើទ្រង់នៅតែប្រើព្រះនាមថា ព្រះយេហូវ៉ា តើព្រះជាម្ចាស់មិនត្រូវមនុស្សទុកជីវិត មិនឲ្យរងទុក្ខលំបាកពីការបែងចែកនេះទេឬអី? និយាយឲ្យចំទៅ រឿងទាំងអស់មិនអាចបន្ទោស ព្រះយេហូវ៉ាបានទេ ប្រសិនបើត្រូវបន្ទោស គឺបន្ទោសព្រះវិញ្ញាណបរិសុទ្ធ ដ្បិតរយៈពេលរាប់ពាន់ឆ្នាំមកនេះ ព្រះអង្គបានបន្តកិច្ចការរបស់ទ្រង់ដោយប្រើព្រះនាមព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងព្រះនាមព្រះវិញ្ញាណបរិសុទ្ធផងធ្វើឲ្យមនុស្សវង្វេង ហើយភ័ន្តច្រឡំ ដល់ថ្នាក់មិនអាចដឹងច្បាស់ថា ព្រះអង្គណាមួយជាព្រះជាម្ចាស់។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធផ្ទាល់ បានធ្វើកិច្ចការដោយគ្មានទ្រង់ទ្រាយ ឬរូបអង្គ ហើយជាងនេះទៅទៀត គឺដោយមិនប្រើព្រះនាមព្រះយេស៊ូវ ហើយមនុស្សក៏មិនអាចពាល់ទ្រង់ ឬមើលឃើញទ្រង់ បានត្រឹមតែស្ដាប់ឮតែសំឡេងផ្គរលាន់ តើកិច្ចការបែបនេះមិនមានប្រយោជន៍ដល់មនុស្សច្រើនជាងទេឬអី? ដូច្នេះ តើពេលនេះគួរធ្វើអ្វីវិញ? សញ្ញាណរបស់មនុស្សបង្គរឡើងខ្ពស់ដូចភ្នំ ហើយល្ហល្ហាចដូចផ្ទៃសមុទ្រ ដល់ថ្នាក់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នលែងអាចទ្រាំនឹងសញ្ញាណទាំងនេះបាន ហើយមិនដឹងជាត្រូវធ្វើយ៉ាងណាឡើយ។ កាលពីមុន ពេលដែលមានតែព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធ មនុស្សមិនដឹងជាត្រូវប្រឈមយ៉ាងណាទៅហើយ ពេលនេះមានព្រះដ៏មានគ្រប់ព្រះចេស្ដា ថែមមួយទៀត ដែលមានបន្ទូលថាជាអង្គមួយរបស់ព្រះជាម្ចាស់ដែរ។ តើនរណាដឹងថា ទ្រង់ជានរណា ហើយតើទ្រង់ជាអង្គណាមួយក្នុងព្រះត្រៃឯក ដែលទ្រង់គង់បង្កប់ជាមួយ ឬលាក់ព្រះកាយក្នុងអង្គណាមួយ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ? តើមនុស្សអាចទ្រាំនឹងសេចក្ដីនេះបានយ៉ាងដូចម្ដេច? ត្រឹមព្រះត្រៃឯកអង្គប៉ុណ្ណឹង ល្មមឲ្យមនុស្សចំណាយពេលមួយជីវិតមកពន្យល់ទៅហើយ តែពេលនេះមាន “ព្រះតែមួយមាន បួនអង្គ” ទៀត។ តើគួរពន្យល់រឿងនេះដោយរបៀបណា? តើឯងអាចពន្យល់បានទេ? បងប្អូនប្រុសស្រីអើយ! តើឯងរាល់គ្នាបានជឿដល់ ព្រះបែបនេះ មកទល់សព្វថ្ងៃនេះដែរឬទេ? អញសូមសរសើរឯងរាល់គ្នាទៅចុះ។ ព្រះត្រៃឯកអង្គ គឺល្មមនឹងទ្រាំទ្រស្រេចទៅហើយ ចុះម្ដេចក៏ឯងរាល់គ្នាបន្តមានជំនឿឥតរង្គើ លើព្រះមួយដែលមានដល់ទៅបួនអង្គទៀតនោះ? ឯងរាល់គ្នាត្រូវបានជំរុញឲ្យចេញទៅ តែឯងរាល់គ្នាបដិសេធ។ ពិតជាស្មានមិនដល់មែន! ឯងរាល់គ្នា ពិតជាហ៊ានមែន! មនុស្សម្នាក់ពិតជាអាចដល់ថ្នាក់ជឿលើព្រះដល់ទៅបួនអង្គ ហើយមិនរាប់ជំនឿនោះគឺជាជំនឿសំខាន់ទៀត តើឯងរាល់គ្នាមិនគិតថា វាជារឿងអស្ចារ្យទេឬអី? អញមិនដឹងថាប្រាប់ឯងយ៉ាងណាទេថា ឯងរាល់គ្នាអាចធ្វើការអស្ចារ្យបាន! អញប្រាប់ឯងរាល់គ្នាទៅចុះ តាមពិត ព្រះត្រៃឯកអង្គ គ្មានវត្តមាននៅទីកន្លែងណាមួយនៅក្នុង សកលលោកនេះទេ។ ព្រះពុំមានព្រះវរបិតា ក៏ពុំមានព្រះរាជបុត្រា ហើយរឹតតែគ្មានគំនិតគិតថា ព្រះវរបិតា និងព្រះរាជបុត្រាសហការគ្នាប្រើព្រះវិញ្ញាណបរិសុទ្ធជាឧបករណ៍ដែរ។ ទាំងអស់នេះសុទ្ធតែជាជំនឿខុសឆ្គងដ៏ធំបំផុត ហើយគ្មាននៅក្នុងពិភពលោកនេះតែម្ដង! ប៉ុន្តែ បើទោះបីជាជំនឿខុសឆ្គងនេះមានប្រភពដើម ហើយប្រភពដើមនោះមិនមែនគ្មានមូលដ្ឋានទាំងស្រុងដែរ ដ្បិតគំនិតរបស់ឯងរាល់គ្នាមិនមែនសាមញ្ញ ហើយតម្រិះរបស់ឯងរាល់គ្នាក៏ពុំមែនឥតហេតុផលដែរ។ ផ្ទុយទៅវិញ គំនិត និងតម្រិះទាំងអស់នោះ គឺសុទ្ធតែត្រឹមត្រូវ និងប៉ិនប្រសប់ រហូតដល់ថ្នាក់សូម្បីសាតាំងក៏មិនអាចដណ្ដើមបានផង។ រឿងគួរឲ្យអាណិតគឺ គំនិតទាំងនេះ សុទ្ធតែជាគំនិតខុសឆ្គង ហើយគ្មានវត្តមានតែម្ដង! ឯងរាល់គ្នាពុំបានឃើញ សេចក្ដីពិតដ៏ពិតប្រាកដទាល់តែសោះ។ ឯងរាល់គ្នាគ្រាន់តែធ្វើការស្មាន និងស្រមើស្រមៃ បន្ទាប់មកបញ្ចូលគ្រប់យ៉ាងដោយប្រឌិតចេញជារឿងមួយ ដើម្បីទទួលបានការទុកចិត្តរបស់អ្នកដទៃដោយការបោកបញ្ឆោត និងដើម្បីទទួលបាននូវអំណាចគ្រប់គ្រងលើមនុស្សដែលល្ងីល្ងើបំផុត ក្នុងចំណោមមនុស្សឥតគំនិត ឬហេតុផល ដើម្បីឲ្យពួកគេជឿលើ “សេចក្ដីបង្រៀនដ៏ជំនាញ” ដែលអស្ចារ្យ និងល្បីល្បាញរបស់ឯងរាល់គ្នាវិញ។ តើនេះជាការពិតទេ? តើនេះជាផ្លូវជីវិតដែលមនុស្សគួរ តែទទួលមែនទេ? សុទ្ធតែចោលម្សៀតទាំងអស់! សូម្បីសម្ដីមួយ ម៉ាត់ក៏មិនត្រូវផង! ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រះជាម្ចាស់ ត្រូវឯងរាល់គ្នាញែកចេញមកបែបនេះ ដោយត្រូវញែកចេញទៅជាតូចទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ថ្នាក់ព្រះមួយអង្គត្រូវបែងចែកជាចំហឲ្យទៅជាព្រះបីអង្គ។ ហើយពេលនេះ មនុស្សមិនអាចបង្រួមព្រះឲ្យមកជាព្រះតែមួយវិញបានយ៉ាងងាយឡើយ ដ្បិតឯងរាល់គ្នាបានបែងចែកទ្រង់ឲ្យទៅជាតូចពេកទៅហើយ! ប្រសិនបើមិនមែនដោយសារតែកិច្ចការដ៏រហ័សរបស់អញ មុនពេលវាយឺតពេល គឺពិបាកនិយាយថា ឯងនឹងបន្តនៅតែបែបនេះ ដោយពុំមានភាពខ្មាសអៀនយូរប៉ុនណាណាស់! បើនៅតែបន្តចែកព្រះជាម្ចាស់បែបនេះ តើទ្រង់នៅអាចធ្វើជាព្រះជាម្ចាស់របស់ឯងរាល់គ្នា ដូចម្ដេចទៅ? តើឯងរាល់គ្នានឹងនៅតែទទួលស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើឯងរាល់គ្នានៅតែទទួលស្គាល់ថា ទ្រង់ជាឪពុករបស់ឯងរាល់គ្នា ហើយត្រឡប់ទៅរកទ្រង់វិញ ដូចម្ដេចទៅ? ប្រសិនបើអញមកដល់យឺត ជាងនេះ នោះឯងច្បាស់ជាបញ្ជូន “ព្រះវរបិតា និងព្រះរាជបុត្រា” គឺព្រះយេហូវ៉ា និងព្រះយេស៊ូវ ឲ្យត្រឡប់ទៅអ៊ីស្រាអែលវិញ ហើយ ប្រកាសថា ឯងរាល់គ្នាផ្ទាល់ក៏ជាផ្នែកមួយរបស់ព្រះជាម្ចាស់ជាមិនខាន។ សំណាងល្អហើយដែលគ្រានេះជាគ្រាចុងក្រោយ។ ទីបំផុត ថ្ងៃដែលអញទន្ទឹងជាយូរមកហើយនេះក៏បានមកដល់ ហើយទាល់តែអញបានអនុវត្តកិច្ចការដំណាក់កាលនេះឲ្យហើយ ដោយព្រះហស្តអញផ្ទាល់ ទើបការបែងចែកព្រះជាម្ចាស់ផ្ទាល់ ពីសំណាក់ឯងរាល់គ្នា ត្រូវបានបញ្ឈប់។ ប្រសិនបើមិនមែនដោយព្រោះរឿងនេះទេ ឯងរាល់គ្នាមុខជាតម្កើងខ្លួនឯង ថែមទាំងលើកតម្កើងពួកសាតាំង ក្នុងចំណោមឯងរាល់គ្នា ដាក់លើតុរបស់ឯងរាល់គ្នា រួចថ្វាយបង្គំផង។ នេះហើយជាវិធីដែលឯងរាល់គ្នាបែងចែកព្រះជាម្ចាស់! តើឯងរាល់គ្នានឹងបន្តធ្វើបែបនេះ ដល់ពេលនេះមែនទេ? អញសួរឯងរាល់គ្នាទៅចុះ៖ តើមានព្រះចំនួនប៉ុន្មាន? តើព្រះណាមួយដែលនាំយកសេចក្ដីសង្គ្រោះមកឯងរាល់គ្នា? តើព្រះដែលឯងរាល់គ្នាតែងតែអធិស្ឋានរក គឺជាព្រះទីមួយ ទីពីរ ឬទីបី? តើឯងរាល់គ្នាតែងតែជឿលើព្រះ អង្គណា? ព្រះវរបិតា? ព្រះរាជបុត្រា? ឬក៏ព្រះវិញ្ញាណ? ចូរប្រាប់អញមកថា ឯងជឿលើព្រះណាមួយ។ ទោះបីជាឯងនិយាយពាក្យ គ្រប់ម៉ាត់ថា ឯងជឿលើព្រះ តែអ្វីដែលឯងរាល់គ្នាជឿពិតប្រាកដ គឺខួរក្បាលរបស់ឯងរាល់គ្នាផ្ទាល់! ឯងគ្មានព្រះជាម្ចាស់ក្នុងចិត្តរបស់ឯងរាល់គ្នាតែម្ដង! ដោយឡែក នៅក្នុងគំនិតរបស់ឯងរាល់គ្នា មាន “ព្រះត្រៃឯក” បែបនេះច្រើនណាស់! តើឯងរាល់គ្នាមិនយល់ស្របទេឬអី?

ប្រសិនបើកិច្ចការទាំងបីដំណាក់កាល ត្រូវបានវាយតម្លៃតាមជំនឿលើព្រះត្រៃឯកនេះ នោះត្រូវតែមានព្រះទាំងបីអង្គព្រោះកិច្ចការត្រូវបានអនុវត្តដោយព្រះនីមួយៗគឺមិនដូចគ្នាឡើយ។ ប្រសិនបើនរណាម្នាក់ក្នុងចំណោមឯងរាល់គ្នា និយាយថា ព្រះត្រៃឯកពិតជាមានមែនជាប្រាកដមែន នោះចូរពន្យល់ថា នៅក្នុងអង្គទាំងបីនេះ ព្រះណាមួយគឺជាអ្វីឲ្យប្រាកដ។ តើព្រះវរបិតាដ៏បរិសុទ្ធ គឺជាអ្វី? តើព្រះរាជបុត្រា គឺជាអ្វី? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះយេហូវ៉ា គឺជាព្រះវរបិតាដ៏បរិសុទ្ធ? តើព្រះយេស៊ូវ គឺជាព្រះរាជបុត្រា? ចុះចំណែកព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះវរបិតា មិនមែនជាវិញ្ញាណទេ ឬអី? តើលក្ខណៈពិតរបស់ព្រះរាជបុត្រា គឺមិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងគ្រាដែលត្រូវបានអនុវត្តដោយព្រះវិញ្ញាណ នោះមិនដូចជាកិច្ចការរបស់ព្រះយេស៊ូវទេឬអី? តើព្រះជាម្ចាស់មានវិញ្ញាណប៉ុន្មាន? យោងតាមការពន្យល់របស់ឯង អង្គទាំងបីរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ បើដូច្នេះមែន គឺមានព្រះវិញ្ញាណបី ប៉ុន្តែដើម្បីមាននូវព្រះវិញ្ញាណបី មានន័យថា ត្រូវតែមានព្រះបីអង្គ។ ដូច្នេះមានន័យថា គ្មាននូវព្រះដ៏ពិតតែមួយទេ។ ធ្វើម្ដេចឲ្យព្រះបែបនេះ នៅតែមានលក្ខណៈដើមជាព្រះជាម្ចាស់បាន? ប្រសិនបើឯងទទួលស្គាល់ថា មានព្រះតែមួយ នោះធ្វើម្ដេចអាចឲ្យទ្រង់មានបុត្រាម្នាក់ ហើយធ្វើជាឪពុកម្នាក់បាន? តើទាំងអស់នេះ មិនមែនត្រឹមតែជាសញ្ញាណរបស់ឯងរាល់គ្នាទេឬអី? មានព្រះតែមួយប៉ុណ្ណោះនៅក្នុងព្រះនេះ មានតែមួយអង្គ ហើយក៏មានវិញ្ញាណនៃព្រះតែមួយ ដូចដែលមានចែងក្នុងព្រះគម្ពីរថា “មានព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយមានព្រះតែមួយគត់”។ មិនថាព្រះវរបិតា ឬព្រះរាជបុត្រា ដែលឯងនិយាយនេះ មាន ឬគ្មានព្រះវត្ដមានក៏ដោយ ទីបំផុត ក៏មានតែព្រះជាម្ចាស់តែមួយគត់ ហើយលក្ខណៈពិតរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ ដែលឯងរាល់គ្នាជឿនេះ ជាលក្ខណៈពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ន័យមួយទៀតគឺ ព្រះគឺជាវិញ្ញាណ ប៉ុន្តែទ្រង់ក៏អាចក្លាយជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្សលោក ព្រមទាំងខ្ពស់ឧត្ដមលើសអ្វីៗទាំងអស់ផង។ វិញ្ញាណរបស់ទ្រង់ ក៏រួមបញ្ចូលទាំងអស់ ហើយមានវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់អាចជាសាច់ឈាម ហើយនៅខ្ពស់ក្រៅចក្រវាឡនេះព្រមគ្នាក៏បាន។ ដ្បិត មនុស្សទាំងអស់និយាយថា ព្រះជាម្ចាស់ គឺជាព្រះដ៏ពិតតែមួយ រួចមានព្រះតែមួយអង្គ ហើយមានតែមួយអង្គគត់ ពុំមាននរណាម្នាក់ អាចបែងចែកតាមចិត្តបានឡើយ! ព្រះជាម្ចាស់ជាព្រះវិញ្ញាណតែ មួយ ហើយមានតែមួយអង្គគត់ ព្រមទាំងនិយាយថា នោះគឺជាព្រះ វិញ្ញាណនៃព្រះ។ ប្រសិនបើដូចអ្វីដែលឯងនិយាយមែន ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ តើទាំងបីអង្គនេះ មិនមែនជា ព្រះបីអង្គពីគ្នាទេឬអី? ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងមួយ ព្រះរាជបុត្រា គឺជារឿងមួយ ហើយព្រះវរបិតា គឺជារឿងមួយដោយឡែក។ អង្គទាំងបីអង្គខុសគ្នា ហើយលក្ខណៈរបស់ព្រះទាំងបីអង្គក៏ខុសគ្នាដែរ ដូច្នេះតើព្រះទាំងបីអង្គអាចជាចំណែកនីមួយៗនៃព្រះតែមួយបានយ៉ាងដូចម្ដេច? ព្រះវិញ្ញាណបរិសុទ្ធ គឺជាវិញ្ញាណមួយ ចំណុចនេះមនុស្សងាយយល់ទេ។ ប្រសិនបើដូច្នេះមែន នោះព្រះវរបិតា ក៏រឹតតែជាវិញ្ញាណមួយទៅទៀត។ ទ្រង់មិនធ្លាប់យាងចុះមកផែនដី និងមិនធ្លាប់បានក្លាយជាសាច់ឈាមផង ទ្រង់ជាព្រះយេហូវ៉ាដ៏ជាព្រះ នៅក្នុងដួងចិត្តរបស់មនុស្ស ហើយទ្រង់ក៏ជាវិញ្ញាណមួយយ៉ាងពិតប្រាកដដែរ។ ចុះតើអ្វីជាសម្ពន្ធភាពរវាងព្រះអង្គ និងព្រះវិញ្ញាណបរិសុទ្ធ? តើនោះជាសម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រា? ឬជាសម្ពន្ធភាពរវាងព្រះវិញ្ញាណបរិសុទ្ធ និងព្រះវិញ្ញាណរបស់ព្រះវរបិតា? តើលក្ខណៈពិតនៃវិញ្ញាណនីមួយៗ ដូចគ្នាដែរឬទេ? ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ គឺជាភាជនៈរបស់ព្រះវរបិតា? តើរឿងនេះត្រូវពន្យល់យ៉ាងដូចម្ដេចវិញ? ចុះតើសម្ពន្ធភាពរវាងព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើជាសម្ពន្ធភាពរវាងវិញ្ញាណពីរ ឬក៏ជាសម្ពន្ធភាពរវាងមនុស្ស និងវិញ្ញាណ? ទាំងអស់នេះគឺសុទ្ធតែជាបញ្ហាដែលគ្មានការបកស្រាយ! ប្រសិនបើព្រះទាំងបីអង្គសុទ្ធតែជាវិញ្ញាណ នោះគ្មានអ្វីត្រូវជជែកអំពីព្រះទាំងបីអង្គទៀតទេ ដ្បិតទាំងបីអង្គសុទ្ធតែមានវិញ្ញាណមួយ។ ប្រសិនបើទាំងបីអង្គនេះគឺជាព្រះដោយឡែកពីគ្នា នោះវិញ្ញាណរបស់ព្រះទាំងបីមុខជាមានអានុភាពខុសគ្នា ហើយព្រះទាំងបីអង្គ មិនអាចជាវិញ្ញាណតែមួយបានទេ។ ជំនឿបែបនេះអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺលេលាបំផុត! កត្តានេះញែកព្រះជាម្ចាស់ និងបែងចែកទ្រង់ចេញជាបីអង្គ អង្គនីមួយៗមានទាំងឋានៈ និងមានទាំងវិញ្ញាណ តើទ្រង់នៅតែអាចជាវិញ្ញាណតែមួយ និងជាព្រះតែមួយបានយ៉ាងដូចម្ដេច? ចូរប្រាប់អញមកមើលថា ផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើលើផែនដីនេះ ត្រូវបានបង្កើតឡើងដោយព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណដ៏បរិសុទ្ធ? អ្នកខ្លះក៏និយាយថា ព្រះទាំងបីអង្គបានបង្កើតរបស់សព្វសារពើ រួមជាមួយគ្នា។ តើព្រះអង្គណា ជាអ្នកសង្គ្រោះមនុស្ស ជាតិ? ព្រះវិញ្ញាណបរិសុទ្ធ ព្រះរាជបុត្រា ឬព្រះវរបិតា? មានអ្នក ខ្លះថា ព្រះរាជបុត្រា គឺជាព្រះដែលបានសង្គ្រោះមនុស្សជាតិ។ ចុះ តើព្រះរាជបុត្រាមានលក្ខណៈពិតជាព្រះបែបណា? តើព្រះអង្គមិនមែនជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះទេឬអី? សាច់ឈាមដែលជារូបកាយរបស់ព្រះវិញ្ញាណនៃព្រះ ហៅព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះនាមថា ព្រះវរបិតា តាមទស្សនៈជាមនុស្ស ដែលព្រះបានបង្កើត។ តើឯងមិនដឹងទេថា ព្រះយេស៊ូវបានប្រសូតមកដោយការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាឯងនិយាយអ្វី ក៏ទ្រង់នៅតែជាព្រះ ដែលគង់នៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះ។ គំនិតគិតបែបនេះ ចំពោះព្រះរាជបុត្រា គឺមិនពិតតែម្ដង។ គឺជាវិញ្ញាណតែមួយដែល អនុវត្តកិច្ចការទាំងអស់ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាវិញ្ញាណនៃព្រះ ដែលអនុវត្តកិច្ចការរបស់ទ្រង់។ តើព្រះវិញ្ញាណនៃព្រះនេះ ជាអ្នកណា? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើការជាមួយព្រះយេស៊ូវទេ ឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវបានអនុវត្តដោយព្រះវិញ្ញាណ បរិសុទ្ធ (ដែលជាព្រះវិញ្ញាណនៃព្រះ) តើកិច្ចការរបស់ទ្រង់ អាច តំណាងឲ្យព្រះជាម្ចាស់ផ្ទាល់យ៉ាងដូចម្ដេច? នៅពេលព្រះយេស៊ូវ ហៅព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា នៅ ពេលទ្រង់អធិដ្ឋាន គឺទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្សដែល ព្រះបានបង្កើតតែប៉ុណ្ណោះ ហេតុផលមួយគត់ គឺមកពីព្រះវិញ្ញាណនៃព្រះគ្រងរូបកាយសាច់ឈាមធម្មតា ហើយមានសម្បកកាយជាភាវៈដែលត្រូវបានបង្កើតមក។ បើទោះបីជានៅក្នុងទ្រង់មានព្រះវិញ្ញាណនៃព្រះ សម្បក កាយរបស់ទ្រង់ នៅតែជាមនុស្សធម្មតា ពោលគឺទ្រង់បានក្លាយជា “កូនមនុស្ស” ដែលមនុស្សទាំងអស់បានលើកយកមកនិយាយ រួមទាំងព្រះយេស៊ូវផ្ទាល់ផង។ ដែលទ្រង់ត្រូវបានគេហៅថា កូនមនុស្ស ព្រោះទ្រង់ជាបុគ្គលម្នាក់ (មិនដឹងជាបុរស ឬស្ត្រីទេ តែយ៉ាងណាក៏ទ្រង់មានសម្បកកាយជាមនុស្សដែរ) ដែលកើតក្នុងគ្រួសារធម្មតានៃមនុស្សទូទៅមួយ។ ដូច្នេះ ព្រះយេស៊ូវហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា គឺដូចដែលឯងរាល់គ្នាហៅទ្រង់ថា ព្រះវរបិតាពីដំបូងដែរ។ ទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្ស។ តើឯងរាល់គ្នានៅចាំសេចក្ដីអធិដ្ឋាននៃព្រះអម្ចាស់ដែលព្រះយេស៊ូវ បានបង្រៀនឯងរាល់គ្នាឲ្យទន្ទេញទេ? “ឱព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយ…” ទ្រង់បានបង្គាប់ឲ្យមនុស្សទាំងអស់ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមថាព្រះវរបិតា។ ដ្បិតព្រះអង្គហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតាដែរ ហើយទ្រង់ធ្វើដូច្នេះ តាមទស្សនៈជាមនុស្សម្នាក់ ដែលមានឋានៈស្មើនឹងឯងរាល់គ្នា។ ដោយព្រោះឯងរាល់គ្នា ហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតាដែរ នេះ បង្ហាញថា ព្រះយេស៊ូវបានរាប់អង្គទ្រង់ផ្ទាល់ ក្នុងឋានៈស្មើនឹងឯងរាល់គ្នា ហើយជាមនុស្សម្នាក់ដែឡត្រូវបានព្រះជ្រើសរើស នៅលើ ផែនដី (ពោលគឺជាព្រះរាជបុត្រានៃព្រះ)។ ប្រសិនបើឯងរាល់គ្នា ហៅព្រះជាម្ចាស់ថា ព្រះវរបិតា តើនេះមិនមែនដោយសារឯងរាល់គ្នា គឺជាមនុស្សទេឬអី? ទោះបីជាសិទ្ធិអំណាចរបស់ព្រះយេស៊ូវនៅលើផែនដីធំប៉ុនណាមុនពេលដែលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលឃុំគ្រងដោយព្រះវិញ្ញាណបរិសុទ្ធ (ពោលគឺជាព្រះជាម្ចាស់) ហើយជាមនុស្សម្នាក់ នៅក្នុងចំណោមមនុស្សដែល ព្រះបានបង្កើតនៅលើផែនដី ដ្បិតព្រះអង្គមិនទាន់សម្រេចកិច្ចការរបស់ទ្រង់នៅឡើយ។ ដូច្នេះ ការដែលទ្រង់ហៅព្រះដែលគង់ស្ថានសួគ៌ថា ព្រះវរបិតា គឺជាការបន្ទាបខ្លួន និងជាការស្ដាប់បង្គាប់របស់ទ្រង់ទាំងស្រុង។ យ៉ាងណាមិញ ការដែលព្រះអង្គហៅព្រះជាម្ចាស់ (ព្រះវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌)ដោយកិរិយាបែបនេះ មិនបញ្ជាក់ថា ទ្រង់ជាព្រះបុត្រារបស់ព្រះវិញ្ញាណព្រះ ដែលគង់នៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ នោះមកពីទស្សនៈរបស់ទ្រង់ខុសគេ មិនមែនមកពីទ្រង់ជាមនុស្សខុសគេទេ។ វត្តមាននៃអង្គខុសគ្នារបស់ព្រះ ជាជំនឿខុសឆ្គង! មុនពេលព្រះយេស៊ូវត្រូវគេឆ្កាង ទ្រង់គ្រាន់តែជាកូនមនុស្សម្នាក់ ដែលជាប់ចំណងកំហិតនៃសាច់ឈាម ហើយទ្រង់គ្មានសិទ្ធិអំណាចពេញលេញរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ហេតុនេះទើបទ្រង់អាចស្វែងរកព្រះហឫទ័យនៃព្រះ ដ៏ជាព្រះវរបិតា តាមតែត្រឹមទស្សនៈជាមនុស្សប៉ុណ្ណោះ។ ពេលព្រះអង្គអធិស្ឋានលើកទីបី នៅសួនកេតសេម៉ានី ទ្រង់អធិស្ឋានថា “សូមកុំតាមចិត្តរបស់ទូលបង្គំឡើយ ប៉ុន្តែសូមតាមព្រះហឫទ័យរបស់ទ្រង់វិញ”។ មុនពេលទ្រង់ត្រូវជាប់ឆ្កាង ទ្រង់ត្រឹមតែជាស្ដេចនៃសាសន៍យូដា ទ្រង់ជាព្រះគ្រីស្ទ ជាកូនមនុស្ស ហើយក៏មិនមែនជារូបកាយ ដែលពេញដោយសិរីល្អដែរ។ ហេតុនេះ តាមទស្សនៈនៃភាវៈដែលត្រូវបានបង្កើតមក ទ្រង់ហៅព្រះជាម្ចាស់ថា ព្រះវរបិតា។ ពេលនេះ ឯងមិនអាចពោលថា អ្នកដែលហៅព្រះជាម្ចាស់ថា ព្រះវរបិតា ជាព្រះបុត្រានោះទេ។ ប្រសិនបើដូច្នេះមែន តើឯងរាល់គ្នានឹងមិនក្លាយទៅជាព្រះបុត្រា នៅពេលដែលព្រះយេស៊ូវបានបង្រៀនឯងរាល់គ្នា អំពីសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់ហើយទេឬអី? ប្រសិនបើឯងរាល់គ្នានៅតែមិនទាន់ជឿ ចូរប្រាប់អញមកមើលថា តើអ្នកដែលឯងរាល់គ្នាហៅថា ព្រះវរបិតា គឺជាអ្នកណា? ប្រសិនបើឯងសំដៅលើព្រះយេស៊ូវ ចុះព្រះវរបិតា របស់ព្រះយេស៊ូវជាអ្នកណា ចំពោះឯងរាល់គ្នាវិញ? ក្រោយពេលដែលព្រះយេស៊ូវយាងចេញទៅបាត់ គំនិតបែបនេះ អំពីព្រះវរបិតា និងព្រះបុត្រាក៏លែងមានតទៅទៀត។ គំនិតបែបនេះ ត្រឹមត្រូវតែក្នុងគ្រាដែលព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាមតែប៉ុណ្ណោះ នៅក្នុងកាលៈទេសៈផ្សេងទៀត ពេលដែលឯងរាល់គ្នាហៅ ព្រះថាព្រះវរបិតា សម្ពន្ធភាពនេះ គឺគ្រាន់តែជា សម្ពន្ធភាពរវាងព្រះអម្ចាស់នៃសត្តនិករ និងមនុស្សដែលព្រះអង្គបានបង្កើតតែប៉ុណ្ណោះ។ ពុំមានវេលាដែលគំនិតអំពីត្រៃឯកភាពនៃ ព្រះវរបិតា ព្រះរាជបុត្រា និង ព្រះវិញ្ញាណបរិសុទ្ធនេះ អាចឈរនៅបានឡើយ។ វាជាជំនឿខុសឆ្គងមួយ ដែលកម្រមានគេឃើញក្នុងយុគសម័យទាំងអស់ណាស់ ហើយក៏មិនមាននៅផង!

កត្តានេះធ្វើឲ្យមនុស្សភាគច្រើននឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីក្នុងគម្ពីរលោកុប្បត្តិថា “ចូរយើងបង្កើតមនុស្សឲ្យដូចរូបយើង មានលក្ខណៈដូចយើងតែម្ដង”។ ព្រះបន្ទូលដែល ព្រះមានបន្ទូលថា ចូរ “យើង” ធ្វើមនុស្សឲ្យដូចរូប “យើង” សំដៅ លើអង្គព្រះពីរអង្គ ឬច្រើនជាងនេះ ដ្បិតទ្រង់បានប្រើព្រះបន្ទូលថា “យើង” ដូច្នេះ មិនមែនមានព្រះតែមួយអង្គទេ។ ដោយសារតែការបង្ហាញរបៀបនេះ មនុស្សចាប់ផ្ដើមគិតតាមគំនិតអរូបីរបស់អង្គនៃព្រះផ្សេងៗពីគ្នា ហើយពាក្យទាំងនេះ ផុសចេញពីគំនិតផ្ដោតលើព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ រួចចុះព្រះវរបិតាមានលក្ខណៈដូចម្ដេច? តើព្រះបុត្រាមានលក្ខណៈដូចម្ដេច? ហើយព្រះវិញ្ញាណបរិសុទ្ធ មានលក្ខណៈដូចម្ដេច? តើអាចទេថា មនុស្សសព្វថ្ងៃ ត្រូវបានបង្កើតមកតាមរូបអង្គរបស់ព្រះទាំងបីរួមគ្នា? នោះតើរូបកាយរបស់មនុស្សមានលក្ខណៈដូចទៅនឹងព្រះវរបិតា ព្រះរាជបុត្រា ឬក៏ ព្រះវិញ្ញាណបរិសុទ្ធ? តើមនុស្សមានលក្ខណៈដូចគ្នាទៅនឹងព្រះអង្គណាមួយ? គំនិតរបស់មនុស្សបែបនេះ គឺមិនត្រឹមត្រូវ ហើយចោលម្សៀតទៀតផង! វាអាចត្រឹមបែងចែកព្រះមួយអង្គឲ្យក្លាយជា ព្រះជាច្រើនអង្គតែប៉ុណ្ណោះ។ ក្នុងគ្រាដែលលោកម៉ូសេសរសេរបទគម្ពីរលោកុប្បត្តិ មនុស្សជាតិត្រូវបានបង្កើតនៅក្រោយពេលដែលបង្កើតភពផែនដីនេះរួច។ នៅគ្រាដំបូងបង្អស់ ពេលដែលផែនដីនេះចាប់ផ្ដើមឡើង លោកម៉ូសេ មិនទាន់មានវត្តមានទេ។ ហើយលោកម៉ូសេក៏បានសរសេរកណ្ឌគម្ពីរនេះ ក្នុងគ្រាក្រោយពេលដែលការបង្កើតផែនដីនេះកើតឡើងយ៉ាងយូរ ដូច្នេះ ម្ដេចបានជាគាត់អាចដឹងពីអ្វី ដែលព្រះដែលគង់នៅឯស្ថាន សួគ៌មានព្រះបន្ទូល? លោកពុំមានតឹកតាងអ្វីបន្តិចអំពីរបៀបដែល ព្រះជាម្ចាស់បង្កើតលោកិយនេះឡើងនោះទេ។ នៅក្នុងគម្ពីរសញ្ញាចាស់ ពុំមាននិយាយអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណទេ គឺមានតែព្រះដ៏ពិតតែមួយ គឺព្រះយេហូវ៉ា ដែលកំពុងតែអនុវត្ត កិច្ចការរបស់ទ្រង់ក្នុងស្រុកអ៊ីស្រាអែលតែប៉ុណ្ណោះ។ ទ្រង់ត្រូវបាន គេហៅដោយព្រះនាមផ្សេងៗពីគ្នាពេលយុគសម័យមានការផ្លាស់ប្ដូរ ប៉ុន្តែកត្តានេះមិនអាចបញ្ជាក់ថា ព្រះនាមនីមួយៗសំដៅលើអង្គព្រះខុសគ្នានោះដែរ។ ប្រសិនបើដូច្នោះមែន នោះអង្គព្រះដែលនៅក្នុងព្រះជាម្ចាស់ មិនច្រើនឥតគណនាទៅហើយទេឬអី? អ្វីដែលមានចែងនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ា ជាដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ សម្រាប់ការផ្ដើមយុគសម័យនៃក្រឹត្យវិន័យ។ គឺកិច្ចការរបស់ព្រះយេហូវ៉ានេះហើយ នៅពេលទ្រង់មានបន្ទូល នោះវាក៏មានឡើង ពេលទ្រង់បង្គាប់ នោះវាក៏លេចមក។ ពុំមានគ្រាណាមួយ ដែលព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់ជាព្រះវរបិតា ដែលយាងមកអនុវត្តកិច្ចការនេះ ហើយទ្រង់ក៏មិនធ្លាប់ថ្លែងទំនាយថា ព្រះរាជបុត្រានឹងយាងប្រោសលោះមនុស្សជាតិដែរ។ នោះមកដល់សម័យព្រះយេស៊ូវ ក៏មានតែត្រឹមពាក្យថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីសង្គ្រោះមនុស្សជាតិ មិនមានពាក្យថា ព្រះរាជបុត្រាត្រូវយាងមកនោះទេ។ ដោយសារយុគសម័យទាំងនោះមិនដូចគ្នា ហើយកិច្ចការដែលព្រះធ្វើដោយផ្ទាល់ក៏ខុសគ្នា ទ្រង់ក៏ត្រូវអនុវត្តកិច្ចការរបស់ទ្រង់ នៅក្នុងភពខុសគ្នា។ អត្តសញ្ញាណដែលទ្រង់តំណាង ក៏ខុសគ្នាទៅតាមរបៀបនេះដែរ។ មនុស្សជឿថា ព្រះយេហូវ៉ាគឺជាព្រះវរបិតារបស់ព្រះយេស៊ូវ តែតាម ពិត រឿងនេះមិនត្រូវបានព្រះយេស៊ូវទទួលស្គាល់ទេ ទ្រង់មានព្រះបន្ទូលថា “យើងពុំដែលត្រូវបានបែងចែកជាព្រះវរបិតា និងព្រះរាជបុត្រាឡើយ។ ខ្ញុំ និងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ គឺតែមួយ។ ព្រះវរបិតាគង់ក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងព្រះវរបិតាខ្ញុំដែរ។ កាលណាមនុស្សមើលឃើញព្រះបុត្រា ពួកគេក៏កំពុងមើលឃើញព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ។” នៅពេលព្រះបន្ទូលទាំងអស់នេះត្រូវបានថ្លែង ទោះជាព្រះវរបិតា ឬព្រះបុត្រាក៏ដោយ ព្រះទាំងពីរអង្គជាវិញ្ញាណតែមួយ មិនមែនព្រះដែលត្រូវបានបែងចែងក្លាយជាអង្គព្រះដោយឡែកពីគ្នានោះឡើយ។ នៅពេលមនុស្សព្យាយាមពន្យល់ បញ្ហាទាំងនោះក៏ចាក់ស្រេះជាមួយនឹងគំនិតថាមានព្រះជាច្រើនអង្គ ហើយក៏មានសម្ពន្ធភាពរវាងព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ ពេលមនុស្សនិយាយអំពីអង្គព្រះដោយឡែកពីគ្នា តើសម្ដីបែបនេះមិនកំណត់រូបរាងរបស់ព្រះជាម្ចាស់ទេឬអី? មនុស្សថែមទាំងចាត់ថ្នាក់អង្គទាំងបីរបស់ព្រះ ជាព្រះទីមួយ ទីពីរ និងទីបីទៀតផង។ ទាំងអស់នេះ សុទ្ធតែជាការស្រមើស្រមៃរបស់មនុស្ស ពុំសមយកធ្វើជាឯកសារយោង និងមិនប្រាកដប្រជាទាល់តែសោះ! ប្រសិនបើឯងសួរគេថា “តើព្រះមានប៉ុន្មាន?” នោះគេ ប្រាកដជាឆ្លើយថា ព្រះជាម្ចាស់ គឺជាព្រះត្រៃឯក រួមមានព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ជាព្រះពិតតែមួយ។ ប្រសិនបើឯងសួរគេម្ដងទៀតថា “តើព្រះវរបិតាជាអ្នកណា?” នោះគេនឹង ឆ្លើយថា “ព្រះវរបិតាគឺជាវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌។” ទ្រង់គ្រប់គ្រងលើទាំងអស់ ហើយក៏ជាម្ចាស់ឋានសួគ៌ទៀតផង។” “ចុះព្រះយេហូវ៉ា គឺជាវិញ្ញាណដែរឬទេ?” នោះគេនឹងឆ្លើយ “មែនហើយ!” ប្រសិនបើឯងសួរគេថា “តើព្រះរាជបុត្រាគឺជាអ្នកណា?” គេនឹងឆ្លើយថា ពិតណាស់ ព្រះយេស៊ូវ គឺជាព្រះរាជបុត្រា។ ចុះតើ អ្វីជាដំណើររឿងព្រះយេស៊ូវ? តើទ្រង់យាងមកពីកន្លែងណា? គេមុខជាឆ្លើយថា “ព្រះយេស៊ូវប្រសូតពីនាងម៉ារា ដោយសារការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ។” ចុះតើលក្ខណៈពិតរបស់ទ្រង់ មិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ទ្រង់មិនតំណាងឲ្យកិច្ចការរបស់ទ្រង់ មិនតំណាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ទេឬអី? ព្រះយេហូវ៉ាជាវិញ្ញាណ ដូច្នេះហើយ លក្ខណៈពិតរបស់ព្រះយេស៊ូវក៏ជាវិញ្ញាណដែរ។ គ្រានេះគឺជាគ្រាចុងក្រោយ ទោះមិននិយាយក៏ដឹងដែរថា ព្រះវិញ្ញាណកំពុងនៅធ្វើការ តើព្រះទាំងបីអង្គ គឺជាអង្គព្រះខុសគ្នាដោយរបៀបណា? ដូច្នេះ ព្រះទាំងបីអង្គគ្មានអ្វីខុសគ្នាទេ។ ព្រះយេស៊ូវត្រូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណ បរិសុទ្ធ ហើយគ្មានអ្វីគួរឲ្យសង្ស័យទេថា កិច្ចការរបស់ទ្រង់គឺពិតជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងដំណាក់កាលទីមួយនៃ កិច្ចការដែលត្រូវបានអនុវត្តដោយព្រះយេហូវ៉ា ទ្រង់បានត្រឡប់ជាសាច់ឈាម និងមិនបានលេចមកឲ្យមនុស្សឃើញដែរ។ ហេតុនេះ មនុស្សមិនធ្លាប់ឃើញការលេចមករបស់ទ្រង់ឡើយ។ ទោះបីទ្រង់អស្ចារ្យ និងខ្ពង់ខ្ពស់យ៉ាងណា ក៏ទ្រង់នៅតែជាវិញ្ញាណដដែលដែរ ជាព្រះជាម្ចាស់ផ្ទាល់ ដែលជាអ្នកបង្កើតមនុស្សមក។ មានន័យថា ទ្រង់គឺជាវិញ្ញាណរបស់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលមកកាន់មនុស្សពីលើពពក ព្រះអង្គត្រឹមតែជាវិញ្ញាណមួយប៉ុណ្ណោះ។ គ្មាននរណាម្នាក់បានឃើញការលេចមករបស់ទ្រង់ដោយផ្ទាល់ភ្នែកនោះឡើយ មានតែក្នុងយុគសម័យនៃព្រះគុណ នៅពេលដែលវិញ្ញាណនៃព្រះបានត្រឡប់ជាសាច់ឈាម ហើយបានយកកំណើតជាសាច់ឈាមក្នុងស្រុកយូដា ទើបមនុស្សមើលឃើញរូបអង្គព្រះដែលយក កំណើតជាមនុស្សជាលើកទីមួយ ជាសាសន៍យូដាម្នាក់។ គ្មាននរណាដឹងពីទឹកព្រះទ័យរបស់ព្រះយេហូវ៉ា ទេ។ យ៉ាងណាមិញ ទ្រង់បានចាប់បដិសន្ធិដោយវិញ្ញាណនៃព្រះយេហូវ៉ាផ្ទាល់ ហើយព្រះយេស៊ូវនៅតែប្រសូតក្នុងឋានៈជាតំណាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សមើលឃើញដំបូង គឺព្រះវិញ្ញាណបរិសុទ្ធយាងចុះមក សណ្ឋិតលើព្រះយេស៊ូវ ដូចជាសត្វព្រាប។ ព្រះវិញ្ញាណនេះមិនមែនជាវិញ្ញាណដែលរួមក្នុងព្រះយេស៊ូវទេ តែជាព្រះវិញ្ញាណបរិសុទ្ធវិញ។ ចុះតើវិញ្ញាណរបស់ព្រះយេស៊ូវ ដោយឡែកពីព្រះវិញ្ញាណបរិសុទ្ធ មែនទេ? ប្រសិនបើព្រះយេស៊ូវ គឺជាព្រះយេស៊ូវដ៏ជាព្រះរាជបុត្រា ហើយព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះវិញ្ញាណបរិសុទ្ធ តើព្រះអង្គទាំងពីរជាព្រះតែមួយយ៉ាងដូចម្ដេច? ប្រសិនបើដូច្នេះមែន កិច្ចការនេះមិនអាចអនុវត្តបានឡើយ។ ព្រះវិញ្ញាណដែលនៅក្នុងព្រះយេស៊ូវ ព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌ និងព្រះវិញ្ញាណនៃព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះវិញ្ញាណអាចហៅថា ព្រះវិញ្ញាណដ៏បរិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណទាំងប្រាំពីរ និង ព្រះវិញ្ញាណដែលរួមបញ្ចូលគ្រប់ទាំងអស់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចបង្ក្រាប និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចធ្វើឡើងដោយអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់ អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និង ព្រះយេស៊ូវ ក៏ដូចជា ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះអង្គគឺជាព្រះ អម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់ គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយ គ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សលោក ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅ ដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះដែរ ហើយកិច្ចការទាំងអស់ គឺជាការបង្ហាញឲ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណ បរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់ នៅគ្រាចុងក្រោយផងដែរ។ គឺមានតែព្រះថា ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ គឺជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ពេលវេលា។ អង្គព្រះខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានជំនឿអំពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធផង។ នៅស្ថានសួគ៌ និងផែនដីនេះ គឺមានព្រះតែមួយគត់។

ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់លាតសន្ធឹងប្រាំមួយពាន់ឆ្នាំ ហើយត្រូវបានបែងចែងជាបីយុគសម័យ ផ្អែកតាមភាពខុសគ្នានៃកិច្ចការរបស់ទ្រង់ យុគសម័យទីមួយ ជាយុគសម័យនៃក្រឹត្យវិន័យក្នុងគ្រាសញ្ញាចាស់ យុគសម័យទីពីរ គឺជាយុគសម័យនៃព្រះគុណ ឯយុគសម័យទីបី ជាគ្រាចុងក្រោយ - យុគសម័យនៃនគរព្រះ។ ក្នុងយុគសម័យនីមួយៗ អត្តសញ្ញាណប្លែកមួយត្រូវបានបង្ហាញចេញមក។ នេះ ក៏ព្រោះតែភាពខុសគ្នាក្នុងកិច្ចការនេះប៉ុណ្ណោះ ពោលគឺ លក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ ដំណាក់កាលទីមួយនៃកិច្ចការក្នុងសម័យនៃក្រឹត្យវិន័យ ត្រូវបានអនុវត្តនៅក្នុងស្រុកអ៊ីស្រាអែល ហើយដំណាក់កាលទីពីរនៃការបញ្ចប់កិច្ចការប្រោសលោះ ត្រូវបានអនុវត្តនៅក្នុងស្រុកយូដា។ សម្រាប់កិច្ចការនៃការប្រោសលោះ ព្រះយេស៊ូវបានមក ប្រសូតតាមរយៈការចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងធ្វើជាព្រះបុត្រាតែមួយគត់។ ទាំងអស់នេះ គឺសុទ្ធតែមកពីលក្ខខណ្ឌតម្រូវនៃកិច្ចការនេះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ចង់បន្សាយកិច្ចការរបស់ទ្រង់ដល់សាសន៍ដទៃ រួចក៏យកឈ្នះមនុស្សនៅទីនោះ ដើម្បីឲ្យព្រះនាមទ្រង់ល្បីរន្ទឺក្នុងចំណោមពួកគេ។ ទ្រង់ចង់ដឹកនាំមនុស្ស ទាំងក្នុងការយល់ដឹង និងការចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ កិច្ចការទាំងអស់នេះ ត្រូវបានអនុវត្តដោយព្រះវិញ្ញាណតែ មួយ។ បើទោះបីជាទ្រង់ប្រហែលជាធ្វើដូច្នេះ តាមទស្សនៈខុសគ្នា តែសណ្ឋាន និងគោលការណ៍នៃកិច្ចការនេះ គឺនៅដូចគ្នាដដែល។ កាលណាឯងប្រកាន់ខ្ជាប់តាមគោលការណ៍ និងសណ្ឋានកិច្ចការ ដែលព្រះអង្គបានអនុវត្ត នោះឯងនឹងដឹងថា កិច្ចការនេះ គឺសុទ្ធតែត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណតែមួយ។ នៅតែមានមនុស្សខ្លះនិយាយថា “ព្រះវរបិតាជាព្រះវរបិតា ព្រះរាជបុត្រាជាព្រះរាជបុត្រា ព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណបរិសុទ្ធ ហើយនៅទីបំផុត ទាំងបីព្រះអង្គនឹងរួមគ្នាមកតែមួយ។” តើឯងនឹងធ្វើឲ្យព្រះទាំងបីអង្គ រួមគ្នាមកតែមួយដោយវិធីណា? តើព្រះវរបិតា និងព្រះវិញ្ញាណបរិសុទ្ធ រួមគ្នាមកតែមួយដោយវិធីណា? ប្រសិនបើព្រះទាំងពីរអង្គ គឺជាព្រះពីរអង្គរហូតមក ទោះបីជាព្រះទាំងពីរអង្គរួមគ្នាយ៉ាងណា តើទ្រង់ទាំងពីរ មិននៅតែជាព្រះពីរអង្គ ដោយឡែកពីគ្នាទេឬអី? កាលណាឯងនិយាយអំពីការបង្រួមព្រះទាំងពីរអង្គមកតែមួយ តើនោះមិនត្រឹមតែជាការបង្រួមចំណែកពីរ ដើម្បីឲ្យក្លាយជាចំណែកមួយទាំងមូលទេឬអី? ប៉ុន្តែ តើព្រះអង្គទាំងពីរពុំមែនជាចំណែកពីរ មុនពេលរួមគ្នាមកតែមួយទេឬអី? ព្រះវិញ្ញាណនីមួយៗ ទ្រង់មានលក្ខណៈពិតខុសគ្នា ហើយព្រះវិញ្ញាណទាំងពីរ មិនអាចបង្រួមគ្នាមកតែមួយបាននោះទេ។ ព្រះវិញ្ញាណមិនមែនជាវត្ថុធាតុ ហើយក៏ មិនដូចនឹងវត្ថុផ្សេងទៀតក្នុងពិភពលោកនេះឡើយ។ ព្រះវរបិតា ជាព្រះវិញ្ញាណមួយ ព្រះរាជបុត្រាជាព្រះវិញ្ញាណមួយ ចំណែកព្រះវិញ្ញាណបរិសុទ្ធជាព្រះវិញ្ញាណមួយផ្សេងទៀត ហើយព្រះវិញ្ញាណទាំងបីរួមគ្នា ដូចជាទឹកបីកែវរួមគ្នាមកតែមួយទាំងមូល។ តើនោះ មិនមែនជាព្រះបីអង្គរួមគ្នាមកតែមួយទេឬអី? នេះជាពន្យល់ដែលខុសសុទ្ធសាធ! តើនេះមិនមែនជាការបែងចែកព្រះទេឬអី? តើធ្វើយ៉ាងណាអាចឲ្យព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ បង្រួមគ្នាមកតែមួយបាន? តើព្រះទាំងបីអង្គមិនមែនជាចំណែកបី ដែលមានលក្ខណៈខុសគ្នាទេឬអី? នៅតែមានមនុស្សនិយាយថា “តើព្រះជាម្ចាស់មិនបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ រាជបុត្រស្ងួនភ្ងារបស់ទ្រង់ទេឬអី?” ព្រះយេស៊ូវ គឺជាបុត្រាស្ងួនភ្ងា របស់ព្រះជាម្ចាស់ ជាបុត្រដែលទ្រង់សព្វព្រះហឫទ័យណាស់ ព្រះបន្ទូលនេះ គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកថ្លែងមែន។ គឺព្រះជាម្ចាស់ជាអ្នកធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់ តែធ្វើតាមទស្សនៈខុសពីគ្នាប៉ុណ្ណោះ នោះជាព្រះវិញ្ញាណនៅស្ថានសួគ៌ ធ្វើបន្ទាល់ពីរូបកាយសាច់ឈាមរបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវ គឺជារូបកាយសាច់ឈាមរបស់ទ្រង់ ពុំមែនជាព្រះបុត្រារបស់ទ្រង់ដែលនៅស្ថានសួគ៌ទេ។ តើឯងយល់ ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះយេស៊ូវថា “ខ្ញុំនៅក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏គង់ក្នុងខ្ញុំ” មិនបង្ហាញថា ព្រះអង្គទាំងបី ជាព្រះវិញ្ញាណតែមួយទេឬអី? តើមិនមែនដោយសារតែការយកកំណើតជាសាច់ឈាមទេឬអី ដែលព្រះទាំងបីអង្គត្រូវបានញែកចេញរវាងស្ថានសួគ៌ និងផែនដី? ក្នុងភាពជាក់ស្ដែង ព្រះអង្គទាំងបី គឺនៅតែជាព្រះវិញ្ញាណតែមួយ តែទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាព្រះ ដែលកំពុងតែធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់តែប៉ុណ្ណោះ។ ដោយសារតែការប្រែប្រួលយុគសម័យ លក្ខខណ្ឌតម្រូវនៃកិច្ចការ ហើយនិងដំណាក់កាលខុសៗគ្នានៃផែនការគ្រប់គ្រងរបស់ទ្រង់ ព្រះនាមដែលមនុស្សហៅទ្រង់ក៏ខុសៗគ្នាដែរ។ កាលទ្រង់យាងមកអនុវត្តដំណាក់កាលទីមួយនៃកិច្ចការនេះ ទ្រង់ត្រូវបានគេហៅដោយព្រះនាមថា ព្រះយេហូវ៉ា អ្នកគង្វាលនៃសាសន៍អ៊ីស្រាអែល។ នៅក្នុងដំណាក់កាលទីពីរ ព្រះដែលយកកំណើតជាសាច់ឈាម ហៅបានត្រឹមថា ព្រះអម្ចាស់ និងព្រះគ្រីស្ទ។ តែនៅពេលនោះ ព្រះវិញ្ញាណដែលគង់នៅស្ថានសួគ៌ បានប្រកាសត្រឹមថា ទ្រង់ជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយពុំមានការលើកឡើងអំពីអត្តភាព របស់ទ្រង់ថាជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់នោះឡើយ។ រឿងនេះមិនអាចកើតឡើងងាយដូច្នេះទេ។ ម្ដេចបានជាព្រះមានបុត្រតែមួយនោះ? តើព្រះមិនបានក្លាយជាមនុស្សទេឬអី? ដោយសារទ្រង់ជារូបកាយសាច់ឈាម ទើបទ្រង់ត្រូវបានហៅថា ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ហើយតាំងពីពេលនោះមក សម្ពន្ធភាពរវាងព្រះវរបិតា និងព្រះរាជបុត្រាក៏ចាប់ផ្ដើមមាន។ សម្ពន្ធភាពនេះកើតឡើង ដោយសារការបែងចែករវាងស្ថានសួគ៌ និងផែនដី។ ព្រះយេស៊ូវបានអធិស្ឋានតាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដោយសារតែទ្រង់គ្រងរូបកាយសាច់ឈាមរបស់មនុស្សសាមញ្ញៗ បែបនេះ ទ្រង់មានបន្ទូលតាមទស្សនៈជាមនុស្សថា “សម្បកកាយរបស់អញ គឺជាសម្បកកាយមនុស្ស។ ដោយសារអញគ្រងរូបកាយផ្នែកសាច់ឈាមរបស់មនុស្ស ដើម្បីយាងមកផែនដីនេះ ពេលនេះអញនៅឆ្ងាយពីស្ថានសួគ៌ណាស់។” ដោយព្រោះហេតុនេះ ទើបទ្រង់បានត្រឹមតែអាចអធិដ្ឋានទៅឯព្រះដ៏ជាព្រះវរបិតា តាមទស្សនៈជា មនុស្សខាងសាច់ឈាម។ នេះគឺជាកាតព្វកិច្ចរបស់ព្រះអង្គ ហើយវាជាកាតព្វកិច្ចដែលព្រះវិញ្ញាណនៃព្រះដែលយកកំណើតជាមនុស្ស គួរផ្ដល់ជូន។ មិនអាចនិយាយថា ទ្រង់មិនមែនជាព្រះជាម្ចាស់ ដោយសារតែទ្រង់បានអធិស្ឋានទៅរកព្រះវរបិតា តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ទោះបីទ្រង់ត្រូវបានហៅថាជាព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះជាម្ចាស់ ប៉ុន្តែទ្រង់ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដដែល ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណ ហើយលក្ខណៈ ពិតរបស់ទ្រង់ គឺនៅតែជាវិញ្ញាណ។ មនុស្សឆ្ងល់ពីហេតុផលដែលទ្រង់អធិស្ឋាន ហាក់ដូចទ្រង់ជាព្រះជាម្ចាស់ផ្ទាល់។ មូលហេតុមកពីទ្រង់គឺជាព្រះដែលយកកំណើតជាមនុស្ស ជាព្រះជាម្ចាស់ដែលកំពុងគង់ក្នុងសាច់ឈាម ហើយមិនមែនជាព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌នោះឡើយ។ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ សុទ្ធតែជាព្រះ។ ទាល់តែព្រះទាំងបីអង្គ រួមគ្នាមកតែមួយ ទើបអាចរាប់ថាជាព្រះពិតតែមួយបាន ហើយព្រះចេស្ដារបស់ទ្រង់ ក៏អស្ចារ្យខុសពីធម្មតាដោយសារវិធីនេះដែរ។ នៅតែមានមនុស្សខ្លះនិយាយថា គឺមានតែវិធីនេះទេទើបទ្រង់អាចធ្វើជាព្រះវិញ្ញាណទាំងប្រាំពីរបាន។ ពេលដែលព្រះរាជបុត្រាអធិស្ឋាន បន្ទាប់ពីទ្រង់យាងមកនោះ ព្រះដែលទ្រង់អធិស្ឋានរក គឺព្រះវិញ្ញាណ។ នៅក្នុងភាពជាក់ស្ដែង ទ្រង់កំពុងអធិស្ឋានតាមទស្សនៈជាមនុស្ស។ ទ្រង់មិនពេញលេញ ដោយសារតែសាច់ឈាមមិនពេញលេញ ហើយ ទ្រង់មានសេចក្ដីកម្សោយជាច្រើន ពេលដែលព្រះអង្គយាងមកក្នុងសាច់ ហើយទ្រង់ជួបនូវបញ្ហាជាច្រើន នៅពេលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ នៅក្នុងសាច់ឈាម។ ហេតុនេះបានជាទ្រង់អធិស្ឋានបីដងទៅកាន់ព្រះវរបិតា មុនពេលទ្រង់ត្រូវគេឆ្កាង និងជាច្រើនលើក ទៀត មុនពេលទ្រង់ជាប់ឆ្កាងផងដែរ។ ទ្រង់បានអធិស្ឋាននៅក្នុងចំណោមពួកសិស្សទ្រង់ ទ្រង់បានអធិស្ឋានម្នាក់ឯងនៅលើភ្នំ ទ្រង់ក៏បានអធិស្ឋាននៅលើទូកនេសាទ រួចទ្រង់ក៏បានអធិស្ឋាននៅក្នុងចំណោមបណ្ដាជន ទ្រង់ក៏បានអធិស្ឋានទាំងពេលកំពុងកាច់នំប៉័ង  ហើយទ្រង់ក៏អធិស្ឋានពេលកំពុងឲ្យពរអ្នកដទៃទៀតផង។ ហេតុអ្វីបានជាទ្រង់ធ្វើដូច្នេះ? ទ្រង់អធិស្ឋានទៅកាន់ព្រះវិញ្ញាណ ព្រះអង្គកំពុងអធិស្ឋានទៅកាន់ព្រះវិញ្ញាណ គឺទៅកាន់ព្រះដែលនៅឯស្ថានសួគ៌ តាមទស្សនៈជាមនុស្សខាងសាច់ឈាម។ ដូច្នេះតាមទស្សនៈរបស់មនុស្ស ព្រះយេស៊ូវបានក្លាយជាព្រះរាជបុត្រានៅក្នុងដំណាក់កាលនោះ។ យ៉ាងណាមិញ នៅក្នុងដំណាក់កាលនេះ ព្រះអង្គមិន អធិស្ឋានទេ។ ហេតុអ្វីក៏បែបនេះ? នេះគឺមកពីអ្វីដែលទ្រង់នាំយក នោះ គឺជាកិច្ចការនៃព្រះបន្ទូល ព្រមទាំងការជំនុំជម្រះ និងការវាយផ្ចាល។ ទ្រង់មិនត្រូវការនូវការអធិស្ឋាន ហើយព័ន្ធកិច្ចរបស់ទ្រង់ គឺត្រូវថ្លែងព្រះបន្ទូល។ ទ្រង់ពុំមែនត្រូវគេឆ្កាង ហើយទ្រង់ក៏មិនត្រូវមនុស្សចាប់យកទៅឲ្យពួកអ្នកមានអំណាចដែរ។ ទ្រង់គ្រាន់តែអនុវត្តកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ នៅគ្រាដែលព្រះយេស៊ូវអធិស្ឋាន ទ្រង់កំពុងអធិស្ឋានទៅកាន់ព្រះដ៏ជាព្រះវរបិតា ដើម្បីឲ្យនគរស្ថានសួគ៌មកដល់ ដើម្បីឲ្យព្រះហឫទ័យព្រះវរបិតាបានសម្រេច និងសម្រាប់កិច្ចការដែលនឹងត្រូវមកដល់។ នៅក្នុងដំណាក់កាលនេះ នគរស្ថានសួគ៌បានចុះមកដល់ហើយ តើទ្រង់នៅតែត្រូវការអធិស្ឋានបែបនេះទៀតមែនទេ? កិច្ចការរបស់ទ្រង់ គឺបញ្ចប់យុគសម័យនេះ ហើយពុំមានយុគសម័យថ្មីទៀតទេ ហេតុនេះ ចាំបាច់អីត្រូវអធិស្ឋានសម្រាប់ដំណាក់កាលបន្ទាប់ទៀតនោះ? អញខ្លាចតែគ្មានទេ!

ក្នុងការបកស្រាយរបស់មនុស្ស មាននូវសម្ដីផ្ទុយគ្នាជាច្រើន។ ពិតណាស់ ទាំងអស់នេះជាសញ្ញាណរបស់មនុស្ស ប្រសិនបើគ្មានការពិនិត្យពិច័យទេ ឯងរាល់គ្នាមុខជាជឿថា ការពន្យល់របស់ពួកគេ សុទ្ធតែត្រឹមត្រូវទាំងអស់។ តើអ្នកមិនដឹងទេឬថា ជំនឿជឿថា ព្រះជាម្ចាស់ គឺជាព្រះត្រៃឯង គ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ចំណេះដឹងរបស់មនុស្ស ពុំមានចំណេះដឹងណាពេញលេញ ឬម៉ត់ចត់នោះទេ។ ភាពស្មោកគ្រោកក៏ចេះតែមាន ហើយមនុស្សក៏មានគំនិតច្រើនដែរ។ នេះបង្ហាញថា មនុស្សម្នាក់មិនអាចត្រឹមតែ ពន្យល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ។ មានរឿងច្រើនណាស់នៅក្នុងគំនិតរបស់មនុស្សទាំងអស់ គឺសុទ្ធតែចេញមកពីហេតុផល និងតម្រិះរបស់គេ ដែលផ្ទុយអំពីសេចក្ដីពិត។ តើហេតុផលរបស់ឯងអាចកាត់ញែកកិច្ចការរបស់ព្រះជាម្ចាស់ឲ្យម៉ត់ចត់ដែរឬទេ? តើឯងអាចទទួលបានតម្រិះស៊ីជម្រៅ ក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះយេហូវ៉ាដែរឬទេ? ក្នុងឋានៈជាមនុស្ស តើឯងអាចមើលឃើញកិច្ចការទាំងអស់នេះទេ ឬក៏ព្រះជាម្ចាស់ផ្ទាល់ទើប អាចមើលឃើញពីអស់កល្បជានិច្ច ដល់អស់កល្បជានិច្ចបាន។ តើគឺឯងមែនទេ ដែលអាចមើលឃើញអតីតកាល ពីអស់កល្បជានិច្ច ដល់អនាគតកាលដ៏អស់កល្បជានិច្ច ឬទាល់តែព្រះជាម្ចាស់ ទើបអាចធ្វើបែបនេះបាន? តើឯងនិយាយអ្វីខ្លះ? តើឯងអាចស័ក្ដិសមនឹងពន្យល់ព្រះជាម្ចាស់ទេ? តើការពន្យល់របស់ឯងផ្អែកលើអ្វី? តើឯងគឺជាព្រះមែនទេ? ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ សុទ្ធតែត្រូវបានបង្កើតដោយព្រះជាម្ចាស់ផ្ទាល់។ អ្នកដែល ធ្វើកិច្ចការនេះ គឺមិនមែនជាឯងទេ ដូច្នេះ ហេតុអ្វីទើបឯងផ្ដល់នូវការពន្យល់មិនត្រឹមត្រូវបែបនេះ? ពេលនេះ តើឯងបន្តជឿលើព្រះត្រៃឯកទៀតដែរឬទេ? តើឯងមិនគិតទេថា វិធីនេះគឺជាបន្ទុកខ្លាំង ពេកទេឬអី? ល្អបំផុត គឺអ្នកត្រូវជឿលើព្រះតែមួយបានហើយ មិន ចាំបាច់ជឿព្រះបីអង្គទេ។ ស្រាលខ្លួន គឺជារឿងល្អបំភុត ដ្បិតបន្ទុករបស់ព្រះអម្ចាស់ ស្រាលទេ។

ខាង​ដើម៖ ភាពខុសគ្នារវាងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភារកិច្ចរបស់មនុស្ស

បន្ទាប់៖ និមិត្ត​​អំពីកិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ (៣)

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ