សារជាតិនៃសាច់ឈាមដែលត្រូវបានគង់សណ្ឋិតដោយព្រះជាម្ចាស់

ព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្សលើកដំបូង បានរស់នៅលើផែនដីអស់រយៈពេលសាមសិបបីឆ្នាំកន្លះ ហើយក្នុងពេលប៉ុន្មានឆ្នាំនោះ ទ្រង់បានធ្វើព័ន្ធកិច្ចរបស់ទ្រង់តែបីឆ្នាំកន្លះប៉ុណ្ណោះ។ ទាំងក្នុងពេល និងមុនពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ទ្រង់បានកាន់កាប់ភាពជាមនុស្សសាមញ្ញ ដូច្នេះ ទ្រង់បានគង់សណ្ឋិតក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់អស់រយៈពេលសាមសិបបីឆ្នាំកន្លះ។ នៅក្នុងរយៈពេលបីឆ្នាំកន្លះចុងក្រោយ ទ្រង់បានបើកសម្ដែងអង្គទ្រង់ជាព្រះដែលយកកំណើតជាមនុស្ស។ មុនពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ច ទ្រង់បានបង្ហាញអង្គទ្រង់ជាមួយភាពជាមនុស្សសាមញ្ញធម្មតា ដោយមិនបានធ្វើទីសម្គាល់នៃភាពជាព្រះរបស់ទ្រង់ឡើយ គឺមានតែក្រោយរយៈពេលនោះប៉ុណ្ណោះ ទើបទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ជាផ្លូវការ ដែលបើកសម្ដែងអំពីភាពជាព្រះរបស់ទ្រង់។ ព្រះជន្ម និងកិច្ចការរបស់ទ្រង់នៅក្នុងអំឡុងពេលម្ភៃប្រាំបួនឆ្នាំដំបូងនោះបានបង្ហាញថា ទ្រង់ជាមនុស្សសុទ្ធសាធ ជាកូនមនុស្ស និងជារូបកាយខាងសាច់ឈាម ព្រោះថាព័ន្ធកិច្ចរបស់ទ្រង់បានចាប់ផ្ដើមឡើងដល់កម្រិតខ្លាំងជាងមុន ក្រោយពេលទ្រង់មានព្រះជន្មម្ភៃប្រាំបួនឆ្នាំនេះហើយ។ “ការយកកំណើតជាមនុស្ស” គឺជាការបង្ហាញរូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិនៅក្នុងរូបភាពជាសាច់ឈាម។ ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញជាមុនសិន ព្រោះថានេះគឺជាលក្ខខណ្ឌតម្រូវដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម និងមានន័យថា ព្រះជាម្ចាស់ដែលនៅក្នុងសារជាតិដើមរបស់ទ្រង់ក្លាយជាសាច់ឈាម ឬជាមនុស្ស។ ព្រះជន្ម និងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ អាចត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគឺជាព្រះជន្មដែលទ្រង់រស់នៅ មុនពេលទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់រស់នៅក្នុងគ្រួសារមនុស្សសាមញ្ញមួយ នៅក្នុងភាពជាមនុស្សសាមញ្ញបំផុត គោរពតាមសីលធម៌ និងវិន័យសាមញ្ញនៃការរស់នៅជីវិតជាមនុស្ស ហើយទ្រង់ក៏មានតម្រូវការជាមនុស្ស (អាហារ សម្លៀកបំពាក់ ការគេង ជម្រក) មានចំណុចខ្សោយ និងអារម្មណ៍ជាមនុស្សសាមញ្ញផងដែរ។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងនៃដំណាក់កាលដំបូងនេះ ទ្រង់រស់នៅក្នុងភាពមិនមែនជាព្រះ គឺរស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង ដោយចូលរួមនៅក្នុងគ្រប់សកម្មភាពជាមនុស្សសាមញ្ញតែម្ដង។ ដំណាក់កាលទីពីរគឺជាជីវិតដែលទ្រង់រស់នៅ ក្រោយចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់នៅតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សសាមញ្ញ ជាមួយសំបកកាយជាមនុស្សសាមញ្ញ ដោយមិនបង្ហាញសញ្ញាខាងក្រៅអំពីកិច្ចការអធិធម្មជាតិឡើយ។ ប៉ុន្តែ ទ្រង់រស់នៅយ៉ាងបរិសុទ្ធសម្រាប់ជាប្រយោជន៍ដល់ព័ន្ធកិច្ចរបស់ទ្រង់ ហើយក្នុងអំឡុងពេលនេះ ទ្រង់នៅតែមានភាពជាមនុស្សសាមញ្ញដដែល ដើម្បីទ្រទ្រង់ដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ ព្រោះថាមានតែបែបនេះទេ ទើបភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានចម្រើនពេញវ័យដល់កម្រិតមួយដែលអាចធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះ ដំណាក់កាលទីពីរនៃព្រះជន្មរបស់ទ្រង់ គឺដើម្បីធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ជាពេលដែលជីវិតមួយមានទាំងភាពជាមនុស្សសាមញ្ញផង និងភាពជាព្រះទាំងស្រុងផង។ ក្នុងអំឡុងដំណាក់កាលទីមួយនៃព្រះជន្មទ្រង់ ហេតុផលដែលនាំឲ្យទ្រង់រស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង គឺដោយសារតែភាពជាមនុស្សរបស់ទ្រង់មិនទាន់អាចបន្តកិច្ចការរបស់ព្រះបានទាំងស្រុង ព្រោះវាមិនទាន់បានចាស់ទុំនៅឡើយ ហើយមានតែក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ចម្រើនវ័យចាស់ទុំប៉ុណ្ណោះ ទើបទ្រង់អាចទទួលយកព័ន្ធកិច្ចរបស់ទ្រង់ ហើយអាចចាប់ផ្ដើមធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើបាន។ ដោយសារតែទ្រង់ត្រូវការលូតលាស់ និងពេញវ័យ ក្នុងនាមជាសាច់ឈាម ដូច្នេះ ដំណាក់កាលដំបូងនៃព្រះជន្មទ្រង់ គឺត្រូវតែចេញពីភាពជាមនុស្សសាមញ្ញ ខណៈដែលនៅក្នុងដំណាក់កាលទីពីរ ដោយសារតែភាពជាមនុស្សរបស់ទ្រង់មានសមត្ថភាពអាចធ្វើកិច្ចការ និងព័ន្ធកិច្ចរបស់ទ្រង់បាន ដូច្នេះ ព្រះជន្មនៃព្រះដែលយកកំណើតជាមនុស្សគង់នៅ ក្នុងអំឡុងនៃព័ន្ធកិច្ចរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានទាំងភាពជាមនុស្សផង និងភាពជាព្រះទាំងស្រុងផង។ ចាប់តាំងពីពេលដែលទ្រង់ប្រសូតមក ប្រសិនបើព្រះដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ឡើងដល់កម្រិតខ្ពស់ ធ្វើទីសម្គាល់អស្ចារ្យ និងឫទ្ធិបារមី នោះទ្រង់នឹងគ្មានសារជាតិខាងសាច់ឈាមឡើយ។ ដូច្នេះ ទ្រង់មានភាពជាមនុស្សសម្រាប់ជាប្រយោជន៍នៃសារជាតិខាងសាច់ឈាមរបស់ទ្រង់ ព្រោះថាវាមិនអាចមានសាច់ឈាមណា ដែលគ្មានភាពជាមនុស្សនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សនោះដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិដែលមានពីកំណើតនៃការយកកំណើតខាងសាច់ឈាមរបស់ព្រះជាម្ចាស់។ ការនិយាយថា “នៅពេលដែលព្រះជាម្ចាស់ក្លាយជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះឡើយ” គឺជាការប្រមាថព្រះហើយ ព្រោះថាឃ្លានេះមិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គឺថានៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បម្រើគោលបំណងតែមួយនៃការអនុញ្ញាតឲ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញ។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺជាភាពជាព្រះដែលកំពុងតែគង់នៅក្នុងភាពជាមនុស្សរបស់ទ្រង់។ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ គ្រាន់តែភាពជាព្រះនេះត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ ដូច្នេះ កិច្ចការរបស់ទ្រង់ត្រូវបានធ្វើ ដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ប៉ុន្តែ អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ព្រោះថាព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម ជាមួយសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស តែក៏មានសារជាតិជាព្រះផងដែរ។ ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ ដូច្នេះ ទ្រង់មានឋានៈខ្ពស់ជាងមនុស្សលោកទាំងអស់ ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះ។ ហើយនៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះដែលជាព្រះយកកំណើតជាមនុស្ស ហើយអ្នកឯទៀតៗគ្រាន់តែជាមនុស្សលោកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សលោកគ្មានអ្វី ក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ នៅក្នុងសាច់ឈាមរបស់ទ្រង់ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែ ភាពជាព្រះរបស់ទ្រង់មានការពិបាកនឹងយល់ណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ត្រូវបានស្ដែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមានលក្ខណៈអធិធម្មជាតិដូចជាអ្វីដែលមនុស្សស្រមើស្រមៃ ដូច្នេះ វាមានការពិបាកខ្លាំងណាស់សម្រាប់មនុស្សក្នុងការមើលឃើញ។ សូម្បីតែសព្វថ្ងៃ មនុស្សមានការពិបាកយ៉ាងខ្លាំងបំផុតក្នុងការយល់អំពីសារជាតិដ៏ពិតរបស់ព្រះដែលយកកំណើតជាមនុស្ស។ ទោះបីក្រោយពេលខ្ញុំបាននិយាយអំពីចំណុចនេះយូរបន្តិចក៏ដោយ ក៏ខ្ញុំរំពឹងថា វានៅតែជារឿងអាថ៌កំបាំងចំពោះអ្នករាល់គ្នាភាគច្រើនដដែល។ តាមពិតទៅ ចំណុចនេះមានភាពសាមញ្ញណាស់៖ ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ ជាព្រះជាម្ចាស់ដែលគង់នៅលើផែនដី។ 

ខាង​ដើម៖ មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

បន្ទាប់៖ ការយកកំណើតជាមនុស្សទាំងពីរលើកបិទបញ្ចប់ភាពសំខាន់នៃការយកកំណើតជាមនុស្ស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ