១. អ្វីជាការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងប្រភេទនៃការបើកបង្ហាញដែលអ្នកធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់មាន

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅគ្រប់យុគសម័យទាំងអស់ ក្នុងពេលដែលកំពុងធ្វើការនៅក្នុងចំណោមមនុស្ស ព្រះជាម្ចាស់ប្រទានព្រះបន្ទូលខ្លះដល់ពួកគេ និងមានបន្ទូលប្រាប់ពួកគេអំពីសេចក្តីពិតមួយចំនួន។ សេចក្តីពិតទាំងនេះបម្រើជាផ្លូវដែលមនុស្សគួរតែប្រកាន់ខ្ជាប់ ជាផ្លូវដែលពួកគេគួរតែដើរតាម ជាផ្លូវដែលជួយឲ្យពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ព្រមទាំងជាផ្លូវដែលមនុស្សគួរតែយកមកអនុវត្ត និងប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេ និងនៅលើដំណើរផ្លូវនៃជីវិតរបស់គេផង។ គឺដោយសារតែហេតុផលទាំងនេះហើយបានជាព្រះជាម្ចាស់បង្ហាញព្រះសូរសៀងទាំងនេះទៅកាន់មនុស្ស។ មនុស្សគួរតែប្រកាន់ខ្ជាប់ព្រះបន្ទូលដែលចេញពីព្រះជាម្ចាស់ទាំងនេះ ហើយការប្រកាន់ខ្ជាប់ចំពោះព្រះបន្ទូលទាំងនេះ គឺជាការទទួលបានជីវិត។ ប្រសិនបើមនុស្សមិនប្រកាន់ខ្ជាប់តាមព្រះបន្ទូលទាំងនេះ មិនអនុវត្តតាម និងមិនរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គេទេ នោះបុគ្គលនេះមិនមែនកំពុងអនុវត្តតាមសេចក្តីពិតឡើយ។ លើសពីនេះទៅទៀត ប្រសិនបើមនុស្សមិនអនុវត្តតាមសេចក្តីពិតទេ នោះពួកគេមិនមែនកំពុងតែកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ ហើយពួកគេក៏មិនបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលគ្មានសមត្ថភាពបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ មិនអាចទទួលបានការសរសើរពីទ្រង់ឡើយ ហើយមនុស្សបែបនេះក៏គ្មានលទ្ធផលអ្វីនោះដែរ។

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះយេស៊ូវអាចបំពេញសេចក្តីបង្គាប់របស់ព្រះដែលជាកិច្ចការនៃការប្រោសលោះមនុស្សទាំងអស់ ពីព្រោះទ្រង់បានយកចិត្ដទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះដោយមិនចាំបាច់មានផែនការ ឬការរៀបចំណាមួយ សម្រាប់អង្គទ្រង់ ឡើយ។ ដូច្នេះ ទ្រង់គឺជាមិត្តសម្លាញ់របស់ព្រះ គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ ជាព្រះដែលអ្នករាល់គ្នាយល់ច្បាស់។ (តាមពិត ទ្រង់គឺជាអង្គព្រះជាម្ចាស់ផ្ទាល់ដែលត្រូវបានធ្វើបន្ទាល់ដោយព្រះ។ ខ្ញុំនិយាយអំពីរឿងនេះនៅទីនេះ ដើម្បីប្រើអង្គហេតុពីព្រះយេស៊ូវមកបង្ហាញពីបញ្ហានេះ)។ ទ្រង់អាចដាក់ផែនការគ្រប់គ្រងរបស់ព្រះនៅកណ្តាល ហើយទ្រង់តែងតែអធិស្ឋានដល់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ និងបានស្វែងរកបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដែលគង់នៅស្ថានសួគ៌។ ទ្រង់បានអធិស្ឋាន និងមានបន្ទូលថា៖ «ឱព្រះដ៏ជាព្រះវរ‌បិតា! សូមសម្រេចទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ កុំតាមចិត្តទូលបង្គំឡើយ ប៉ុន្តែតាមផែនការរបស់ទ្រង់វិញ។ មនុស្សអាចនឹងខ្សោយ ប៉ុន្តែ ហេតុអ្វីទ្រង់យកព្រះទ័យទុកដាក់នឹងគេ? តើមនុស្សដែលប្រៀបដូចជាស្រមោច នៅក្នុងព្រះហស្ថរបស់ទ្រង់ មានតម្លៃអ្វី ដែលទ្រង់ត្រូវយកព្រះទ័យទុកដាក់? ក្នុងដួងចិត្តទូលបង្គំ ទូលបង្គំគ្រាន់តែចង់សម្រេចតាមបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទូលបង្គំចង់ឲ្យទ្រង់ធ្វើអ្វីនៅក្នុងទូលបង្គំ តាមបំណងព្រះហឫទ័យរបស់ទ្រង់»។ តាមផ្លូវទៅក្រុងយេរូសាឡិម ព្រះយេស៊ូវមានព្រះទ័យក្រៀមក្រំជាខ្លាំង ដូចជាកាំបិតកំពុងចាក់ចូលទៅក្នុងព្រះទ័យរបស់ទ្រង់ តែទ្រង់មិនមានបំណងងាកបែរពីព្រះបន្ទូលរបស់ទ្រង់សូម្បីតែបន្តិច។ តែងតែមានកម្លាំងដ៏មានអានុភាពដែលបង្ខំឲ្យទ្រង់ឆ្ពោះទៅកន្លែងដែលទ្រង់នឹងត្រូវគេឆ្កាង។ នៅទីបំផុត ទ្រង់ត្រូវបានគេដំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រឡប់ដូចជាសាច់ឈាមដ៏មានបាបដែលបំពេញកិច្ចការនៃការប្រោសលោះរបស់មនុស្ស។ ទ្រង់បានផ្ដាច់ច្រវាក់នៃសេចក្តីស្លាប់ និងស្ថានឃុំព្រលឹង។ នៅចំពោះទ្រង់សេចក្តីស្លាប់ ស្ថាននរក និងស្ថានឃុំព្រលឹង បានបាត់បង់អំណាចរបស់វា ហើយត្រូវបានទ្រង់យកឈ្នះរួចទៅហើយ។ ទ្រង់បានរស់នៅអស់រយៈពេលសាមសិបបីឆ្នាំ ជារយៈពេលដែលទ្រង់តែងតែខិតខំអស់ពីសមត្ថភាព ដើម្បីបំពេញតាមបំណងព្រះហឬទ័យរបស់ព្រះ ស្របតាមកិច្ចការរបស់ព្រះនៅពេលនោះ ទាំងមិនដែលគិតពីផលប្រយោជន៍ ឬការខាតបង់ផ្ទាល់ខ្លួនឡើយ ហើយតែងតែគិតពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ ដូច្នេះ បន្ទាប់ពីទ្រង់បានទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់ក៏មានបន្ទូលថា៖ «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់»។ ដោយសារតែការបម្រើរបស់ទ្រង់នៅចំពោះព្រះ ស្របនឹងព្រះហឬទ័យរបស់ព្រះ ទើបបានជាព្រះដាក់បន្ទុកដ៏ធ្ងន់នៃការប្រោសលោះមនុស្សទាំងអស់ លើស្មារបស់ទ្រង់ និងធ្វើឲ្យទ្រង់សម្រេចកិច្ចការនោះបាន ហើយទ្រង់មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបំពេញកិច្ចការដ៏សំខាន់នេះ។ ពេញមួយជីវិតរបស់ទ្រង់ ទ្រង់បានស៊ូទ្រាំនឹងការរងទុក្ខដែលមិនអាចវាស់បានសម្រាប់ព្រះ ហើយទ្រង់ត្រូវបានល្បួងដោយសាតាំងជាច្រើនដង ប៉ុន្តែទ្រង់មិនដែលធ្លាក់ទឹកចិត្តឡើយ។ ព្រះបានប្រគល់កិច្ចការដ៏ធំសម្បើមដល់ទ្រង់ ពីព្រោះព្រះបានទុកចិត្តលើទ្រង់ ហើយស្រឡាញ់ទ្រង់ ដូច្នេះ ព្រះបានមានបន្ទូលដោយផ្ទាល់ថា «នេះគឺជាបុត្រស្ងួនភ្ងារបស់ខ្ញុំ ខ្ញុំសព្វព្រះទ័យនឹងទ្រង់ណាស់»។ នៅពេលនោះ មានតែព្រះយេស៊ូវទេ ដែលអាចសម្រេចសេចក្តីបង្គាប់នេះបាន ហើយនេះគឺជាទិដ្ឋភាពជាក់ស្តែងមួយនៃការបញ្ចប់កិច្ចការប្រោសលោះមនុស្សលោកទាំងអស់របស់ព្រះជាម្ចាស់ នៅក្នុងយុគសម័យនៃព្រះគុណ។

ប្រសិនបើអ្នករាល់គ្នាអាចផ្តោតការយកចិត្តទុកដាក់ចំពោះបន្ទុករបស់ព្រះ ហើយបោះបង់ចោលសាច់ឈាមរបស់អ្នក ដូចជាព្រះយេស៊ូវ នោះព្រះនឹងប្រគល់កិច្ចការសំខាន់ៗដល់អ្នករាល់គ្នា ដូច្នេះ អ្នករាល់គ្នានឹងបំពេញតាមលក្ខខណ្ឌតម្រូវដើម្បីបម្រើព្រះ។ មានតែនៅក្នុងកាលៈទេសៈបែបនេះទេ ទើបអ្នករាល់គ្នាអាចនិយាយបានថា អ្នករាល់គ្នាកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះ ហើយបំពេញតាមសេចក្តីបង្គាប់របស់ទ្រង់ ហើយមានតែពេលនោះទេ ទើបអ្នកហ៊ាននិយាយថា អ្នកពិតជាកំពុងបម្រើព្រះ។

ដកស្រង់ពី «របៀបបម្រើស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីបង្គាប់របស់ព្រះជាម្ចាស់សម្រាប់រាស្ដ្រនៃនគរព្រះមានដូចខាងក្រោម៖

១. ពួកគេត្រូវតែទទួលយកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ គឺមានន័យថា ពួកគេត្រូវតែទទួលយកនូវព្រះបន្ទូលទាំងអស់ដែលបានថ្លែងនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។

២. ពួកគេត្រូវតែចូលទៅកាន់ការបង្វឹកបង្វឺននៃនគរព្រះ។

៣. ពួកគេត្រូវតែ ស្វែងរកនូវដួងចិត្តរបស់គេ ដែលព្រះជាម្ចាស់បានប៉ះពាល់។ នៅពេលដែលដួងចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកមានជីវិតខាងព្រលឹងវិញ្ញាណមួយដែលធម្មតា នោះអ្នកនឹងរស់នៅក្នុងអាណាចក្រដែលមានសេរីភាព មានន័យថា អ្នកនឹងរស់នៅក្រោមការថែរក្សា និងការការពារនៃក្តីស្រលាញ់របស់ព្រះជាម្ចាស់។ មានតែពេលដែលអ្នករស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់ទេ ទើបអ្នកនឹងក្លាយជាកម្មសិទ្ធិរបស់ទ្រង់។

៤. ព្រះជាម្ចាស់ត្រូវតែទទួលបានពួកគេ។

៥. ពួកគេត្រូវតែក្លាយជាការសម្ដែងចេញនូវសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី។

ចំណុចទាំង៥នេះ គឺជាបញ្ជាបេសកកម្មរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា។ ព្រះបន្ទូលរបស់ខ្ញុំថ្លែងមកចំពោះរាស្ត្ររបស់ព្រះជាម្ចាស់ ហើយប្រសិនជាអ្នកមិនចង់ទទួលយកបញ្ជាបេសកកម្មទាំងនេះទេ ខ្ញុំក៏មិនបង្ខំអ្នកដែរ ប៉ុន្តែប្រសិនបើអ្នកទទួលយកបញ្ជាបេសកកម្មទាំងនេះដោយពិតប្រាកដ នោះអ្នកនឹងអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ អ្នករាល់គ្នាចាប់ផ្តើមទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ហើយចង់ឲ្យក្លាយខ្លួនជារាស្ត្រនៃនគរព្រះ និងទទួលបាននូវបទដ្ឋានដែលតម្រូវឲ្យក្លាយជារាស្ត្រនៃនគរព្រះ។ ជាជំហានដំបូងនៃការចូលទៅរកការបង្វឹកបង្វឺន។ ប្រសិនបើអ្នកចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឲ្យបានពេញលេញ នោះអ្នកត្រូវតែទទួលយកបញ្ជាបេសកកម្មទាំង៥នេះ ហើយប្រសិនបើអ្នកអាចសម្រេចបញ្ជាបេសកកម្មទាំងនេះបាន នោះអ្នកនឹងបានថ្វាយដួងចិត្តទៅកាន់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ប្រាកដជានឹងប្រើប្រាស់អ្នកយ៉ាងល្អបំផុត។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចំពោះព្រះជាម្ចាស់ មិនថាមនុស្សនោះជាមនុស្សអស្ចារ្យ ឬសំខាន់យ៉ាងណានោះឡើយ ដរាបណាពួកគេអាចស្តាប់ព្រះអង្គ ស្ដាប់បង្គាប់តាមការណែនាំរបស់ព្រះអង្គ និងអ្វីដែលព្រះអង្គបានប្រគល់ឲ្យ ហើយគេអាចសហការជាមួយកិច្ចការ បំណងព្រះហឫទ័យ និងផែនការរបស់ព្រះអង្គ ដើម្បីឲ្យបំណងព្រះហឬទ័យ និងផែនការរបស់ព្រះអង្គអាចសម្រេចបានដោយរលូន នោះការប្រព្រឹត្ដរបស់គេសាកសមនឹងទទួលបានការចងចាំ ក៏ដូចជា ទទួលព្រះពររបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ឲ្យតម្លៃដល់មនុស្សបែបនេះ ហើយព្រះអង្គគាប់ព្រះទ័យនឹងសកម្មភាពសេចក្តីស្រឡាញ់ និងការជាប់ចិត្តរបស់ពួកគេចំពោះព្រះអង្គដែរ។ នេះគឺជាឥរិយាបថរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់អ្នកដែលបម្រើព្រះគួរតែជាមិត្តសម្លាញ់របស់ព្រះពួកគេគួរតែផ្គាប់ព្រះហឫទ័យព្រះ ហើយមានភាពស្មោះត្រង់បំផុតចំពោះព្រះ។ មិនថាអ្នកធ្វើសកម្មភាពជាឯកជន ឬនៅទីសាធារណៈ អ្នកអាចទទួលបានសេចក្តីអំណររបស់ព្រះនៅចំពោះព្រះ អ្នកអាចឈរមាំនៅចំពោះព្រះ ហើយទោះបីមនុស្សដទៃប្រព្រឹត្តនឹងអ្នកយ៉ាងណា ក៏អ្នកតែងតែដើរតាមផ្លូវដែលអ្នកគួរតែដើរជានិច្ច ហើយយកចិត្តទុកដាក់ដល់បន្ទុករបស់ព្រះយ៉ាងល្អិតល្អន់។ មានតែមនុស្សជំពូកនេះទេ ទើបជាមិត្តសម្លាញ់របស់ព្រះ។ មិត្តសម្លាញ់របស់ព្រះទាំងអស់នោះ អាចបម្រើទ្រង់ដោយផ្ទាល់ ព្រោះពួកគេបានទទួលការត្រាស់បង្គាប់ដ៏អស្ចារ្យ និងបន្ទុករបស់ព្រះ ពួកគេអាចយកព្រះហឫទ័យរបស់ព្រះដាក់នៅក្នុងដួងចិត្តរបស់គេ ហើយយកបន្ទុករបស់ព្រះធ្វើជាបន្ទុករបស់ពួកគេផ្ទាល់ ហើយពួកគេមិនគិតពីអនាគតរបស់ពួកគេឡើយ សូម្បីតែនៅពេលដែលពួកគេមិនមានការរំពឹងទុក ហើយពួកគេឈរមាំទាំងមិនបានទទួលអ្វីសោះ ក៏ពួកគេនៅតែជឿលើព្រះដោយចិត្តស្រទ្បាញ់។ ហេតុដូច្នេះ មនុស្សជំពូកនេះគឺជាមិត្តសម្លាញ់របស់ព្រះ។ មិត្តសម្លាញ់របស់ព្រះក៏ជាអ្នកជិតស្និទ្ធរបស់ទ្រង់ដែរ។ មានតែអ្នកជិតស្និទ្ធរបស់ព្រះប៉ុណ្ណោះ ទើបអាចចែករំលែកនូវភាពល្វើយរបស់ទ្រង់ និងព្រះតម្រិះរបស់ទ្រង់ ហើយទោះបីសាច់ឈាមរបស់ពួកគេគឺឈឺចាប់ និងខ្សោយក៏ដោយ ក៏ពួកគេអាចស៊ូទ្រាំនឹងការឈឺចាប់ និងលះបង់អ្វីដែលពួកគេចូលចិត្ត ដើម្បីផ្គាប់ព្រះហឫទ័យព្រះ។ ព្រះដាក់បន្ទុកកាន់តែច្រើនដល់មនុស្សជំពូកនេះ ហើយអ្វីដែលព្រះសព្វព្រះហឫទ័យត្រូវបានស្តែងចេញតាមរយៈទីបន្ទាល់របស់មនុស្សជំពូកនេះ។ ដូច្នេះ មនុស្សទាំងនេះគាប់ព្រះហឫទ័យព្រះ ពួកគេជាអ្នកបម្រើរបស់ព្រះដែលដើរតាមបំណងព្រះហឫទ័យរបស់ព្រះ ហើយមានតែមនុស្សជំពូកនេះប៉ុណ្ណោះដែលអាចគ្រងរាជ្យជាមួយព្រះបាន។

ដកស្រង់ពី «របៀបបម្រើស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្វីដែលអ្នករាល់គ្នាបានពិសោធ និងបានឃើញ គឺប្រសើរជាងពួកបរិសុទ្ធ និង ពួកហោរាពីគ្រប់សម័យកាលទៅទៀត ប៉ុន្តែ តើអ្នករាល់គ្នាអាចធ្វើទីបន្ទាល់ឲ្យបានប្រសើរ ជាងពួកបរិសុទ្ធ និងពួកហោរាពីសម័យបុរាណទាំងនេះដែរឬទេ? អ្វីដែលខ្ញុំប្រទានឲ្យ អ្នករាល់គ្នាឥឡូវនេះ គឺប្រសើរលើសម៉ូសេ ហើយច្រើនជាងដាវីឌផង ដូច្នេះ ខ្ញុំ ក៏សុំឲ្យទីបន្ទាល់របស់អ្នករាល់គ្នា ល្អលើសម៉ូសេ ហើយសុំឲ្យពាក្យរបស់អ្នករាល់គ្នាអស្ចារ្យជាងដាវីឌផងដែរ។ ខ្ញុំប្រទានដល់អ្នករាល់គ្នាលើសគេមួយរយដង ដូច្នេះ ខ្ញុំតម្រូវឲ្យអ្នករាល់គ្នាតបស្នងមកខ្ញុំវិញដូចគ្នាផងដែរ។ អ្នកត្រូវតែដឹងថាខ្ញុំគឺជា ព្រះមួយអង្គដែលប្រទានជីវិត ដល់មនុស្សលោក គឺជាអ្នករាល់គ្នាហើយដែលទទួលបាននូវជីវិតពីខ្ញុំ និងត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ។ នេះជាភារកិច្ច ដែលខ្ញុំប្រទានដល់អ្នក រាល់គ្នា ហើយវាជាអ្វីដែលអ្នករាល់គ្នាគួរតែធ្វើសម្រាប់ខ្ញុំ។ ខ្ញុំបានប្រទាននូវសិរីល្អទាំងអស់របស់ខ្ញុំដល់អ្នករាល់គ្នា ខ្ញុំបានប្រទានដល់អ្នករាល់គ្នានូវជីវិត ដែលពួកអ៊ីស្រាអែល ជាមនុស្សរើសតាំងរបស់ខ្ញុំ មិនធ្លាប់បានទទួលពីមុនឡើយ។ តាមត្រូវអ្នករាល់គ្នាគួរតែធ្វើបន្ទាល់ពីខ្ញុំ ហើយថ្វាយភាពយុវវ័យរបស់អ្នក និងលះបង់ជីវិតរបស់អ្នកសម្រាប់ខ្ញុំ។ អស់អ្នកណាដែលខ្ញុំប្រទានសិរីល្អខ្ញុំដល់ដល់គេ អ្នកនោះនឹងត្រូវធ្វើបន្ទាល់ពីខ្ញុំ និងថ្វាយជីវិតរបស់គេសម្រាប់ខ្ញុំ។ នេះជាសេចក្ដីដែលខ្ញុំបានកំណត់ទុកយូរណាស់មកហើយ។ សំណាងល្អហើយដែល ខ្ញុំប្រទានសិរីល្អរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយ ភារកិច្ចរបស់អ្នករាល់គ្នា គឺត្រូវធ្វើបន្ទាល់ពីសិរីល្អរបស់ខ្ញុំ។ បើអ្នករាល់គ្នាជឿលើខ្ញុំ ដោយគ្រាន់តែចង់បានព្រះពរ នោះកិច្ចការរបស់ខ្ញុំនឹងទទួលបាននូវសារៈសំខាន់ តិចតួចបំផុត ហើយអ្នករាល់គ្នានឹងមិនបំពេញភារកិច្ចរបស់អ្នករាល់គ្នាឡើយ។ ពួកអ៊ីស្រាអែលបានឃើញតែសេចក្តីមេត្តា សេចក្តីស្រឡាញ់ និងភាពធំឧត្ដមរបស់ ខ្ញុំប៉ុណ្ណោះ ហើយពួកយូដាបានឃើញព្រះទ័យអត់ធ្មត់ និងការប្រោសលោះរបស់ ខ្ញុំផ្ទាល់ភ្នែកដែរ។ ពួកគេបានឃើញ កិច្ចការនៃព្រះវិញ្ញាណរបស់ខ្ញុំតិចតួចបំផុតគឺថាពួកគេយល់បានតែមួយភាគមួយម៉ឺននៃអ្វីដែលអ្នករាល់គ្នាបានឮ និងបានឃើញប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាបានឃើញ គឺប្រសើរជាង ពួកសម្ដេចសង្ឃដែលស្ថិតនៅក្នុងចំណោមពួកគេទៅទៀត។ សេចក្តីពិតដែលអ្នករាល់គ្នា យល់នាពេលសព្វថ្ងៃ គឺប្រសើរលើសសេចក្តីពិតដែលគេយល់ទៅទៀត។ អ្វីដែលអ្នករាល់ គ្នាបានឃើញនាពេលសព្វថ្ងៃ គឺប្រសើរលើសអ្វីដែលគេបានឃើញ នៅក្នុងយុគសម័យនៃ ក្រឹត្យវិន័យក៏ដូចជាយុគសម័យ នៃព្រះគុណទៅទៀត ហើយសេចក្ដីអ្វី ដែលអ្នករាល់គ្នាបាន ពិសោធ ក៏លើសទាំងម៉ូសេ និងអេលីយ៉ាផងដែរ។ ដ្បិតអ្វីដែល ពួកអ៊ីស្រាអែលបានយល់ គឺគ្រាន់តែជាក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជាប្រឹស្ដាង្គរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ។ អ្វីដែលពួកយូដាបាន យល់ គ្រាន់តែជាការប្រោសលោះរបស់ព្រះយេស៊ូវ។ អ្វីដែលពួកគេបានទទួល គ្រាន់តែជាព្រះគុណដែលព្រះយេស៊ូវបានប្រទានមក ហើយអ្វីដែលពួកគេបានឃើញ គឺគ្រាន់តែជារូប អង្គរបស់ព្រះយេស៊ូវ នៅក្នុងផ្ទះរបស់សាសន៍យូដាប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាមើល ឃើញសព្វថ្ងៃ គឺជាសិរីល្អរបស់ព្រះយេហូវ៉ា ការប្រោសលោះរបស់ព្រះយេស៊ូវ និងគ្រប់ទាំង ទង្វើរបស់ខ្ញុំនៅសម័យនេះ។ ដូច្នេះ អ្នកក៏បានឮអំពីព្រះបន្ទូលនៃ ព្រះវិញ្ញាណរបស់ខ្ញុំ បានកោតសរសើរព្រះប្រាជ្ញាញាណរបស់ខ្ញុំ មកស្គាល់ពីឫទ្ធិបារមីរបស់ខ្ញុំ និងបានរៀនអំពីនិស្ស័យរបស់ខ្ញុំផង។ ខ្ញុំក៏បានប្រាប់ អ្នករាល់គ្នាអំពីផែនការគ្រប់គ្រងទាំងអស់របស់ខ្ញុំដែរ។ អ្វីដែលអ្នករាល់គ្នាបានឃើញ មិនគ្រាន់តែជាព្រះជាម្ចាស់ដ៏ពេញដោយសេចក្តីស្រឡាញ់ និងក្តីមេត្តាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដ៏ពេញដោយសេចក្តីសុចរិតផងដែរ។ អ្នកបានឃើញ កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំ និងបានដឹងហើយថា ខ្ញុំពេញពោរដោយព្រះចេស្ដា និង ព្រះពិរោធ។ លើសពីនេះទៅទៀត អ្នកដឹងថា ខ្ញុំធ្លាប់នាំ សេចក្តីពិរោធរបស់ខ្ញុំមក លើពូជពង្សអ៊ីស្រាអែល ហើយដឹងថា នៅថ្ងៃនេះ សេចក្ដីពិរោធនេះបានមកដល់អ្នក រាល់គ្នាហើយ។ អ្នករាល់គ្នាយល់អំពីសេចក្តីលាក់កំបាំងរបស់ខ្ញុំនៅឯស្ថានសួគ៌ ច្រើន ជាងអេសាយ និងយ៉ូហានទៅទៀតផង ហើយអ្នករាល់គ្នាក៏ស្គាល់ពីភាពគួរឲ្យ ស្រឡាញ់ និងភាពគួរឲ្យគោរពរបស់ខ្ញុំ ច្រើនជាងពួកបរិសុទ្ធទាំងអស់ កាលពីអតីតកាលផងដែរ។ អ្វីដែលអ្នករាល់គ្នាបានទទួល មិនគ្រាន់តែជាសេចក្តីពិត ជាផ្លូវ និងជាជីវិត របស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ ជានិមិត្ត និងការបើកសម្ដែងដែលអស្ចារ្យជាង អ្វីដែលយ៉ូហានបានទទួលទៅទៀត។ អ្នករាល់គ្នាយល់នូវសេចក្តីលាក់កំបាំង ច្រើនលើសនេះទៅទៀត ហើយក៏បានសម្លឹងឃើញព្រះភក្ត្រពិតរបស់ខ្ញុំផងដែរ។ អ្នករាល់គ្នាបានទទួលការជំនុំជម្រះរបស់ខ្ញុំកាន់តែច្រើន ហើយក៏ស្គាល់អំពី និស្ស័យសុចរិតរបស់ខ្ញុំកាន់តែច្រើនផងដែរ។ ហើយទោះបីជាអ្នករាល់គ្នាបានកើតមកនៅគ្រាចុងក្រោយក៏ដោយ ប៉ុន្តែ អ្នកក៏មានការយល់ដឹងបែបចាស់គំរិលពីអតីត កាល ហើយអ្នកក៏បានពិសោធរឿងរ៉ាវសព្វថ្ងៃ ដែលការទាំងអស់នេះ សុទ្ធ តែត្រូវបានធ្វើឡើង ដោយខ្ញុំផ្ទាល់។ អ្វីដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មិនជ្រុលពេក ឡើយ ដ្បិតខ្ញុំបានប្រទានដល់អ្នករាល់គ្នាច្រើនណាស់ ហើយអ្នករាល់គ្នាក៏បានឃើញ រឿងរ៉ាវជាច្រើន នៅក្នុងខ្ញុំផងដែរ។ ដូច្នេះ ខ្ញុំសុំឲ្យអ្នករាល់គ្នាធ្វើបន្ទាល់ ពីខ្ញុំទៅកាន់ពួកបរិសុទ្ធនាសម័យមុន ហើយនេះជាបំណងព្រះហឫទ័យតែមួយគត់ របស់ខ្ញុំ។

ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្វីដែលខ្ញុំចង់បាន គឺជាភក្តីភាព និងការស្ដាប់បង្គាប់ សេចក្តីស្រឡាញ់ និងបន្ទាល់របស់អ្នកនៅពេលនេះ។ ទោះបីជាពេលនេះអ្នកមិនដឹងថា អ្វីទៅជាទីបន្ទាល់ ឬអ្វីទៅជាសេចក្តីស្រឡាញ់ក៏ដោយ ប៉ុន្តែ អ្នកគួតែថ្វាយដល់ខ្ញុំ នូវអ្វីគ្រប់យ៉ាងរបស់អ្នក ហើយប្រគល់ដល់ខ្ញុំនូវទ្រព្យសម្បត្តិតែមួយគត់ ដែលអ្នក មានគឺជាភក្តីភាព និងការស្ដាប់បង្គាប់របស់អ្នក។ អ្នកគួរតែដឹងថា ទីបន្ទាល់អំពីជ័យ ជម្នះរបស់ខ្ញុំលើអារក្សសាតាំងស្ថិត គឺនៅក្នុងភក្តីភាព និងការស្ដាប់បង្គាប់របស់មនុស្សហើយក៏ស្ថិតលើទីបន្ទាល់អំពីជ័យជម្នះទាំងស្រុងរបស់ខ្ញុំ ទៅលើមនុស្សផងដែរ។ ភារកិច្ចនៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ គឺត្រូវធ្វើបន្ទាល់អំពីខ្ញុំ មានភក្តីភាពចំពោះខ្ញុំតែម្នាក់គត់ ហើយស្ដាប់បង្គាប់ដល់ទីបញ្ចប់។ មុនពេលខ្ញុំ ចាប់ផ្ដើមជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ តើអ្នកនឹងធ្វើបន្ទាល់អំពីខ្ញុំ យ៉ាងដូច ម្ដេច? តើអ្នកនឹងមានភក្តីភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំដោយរបៀបណា? តើអ្នក ដាក់ភក្តីភាពទាំងស្រុងរបស់អ្នកចំពោះកិច្ចការរបស់អ្នក ឬក៏អ្នកនឹងគ្រាន់តែបោះបង់វា ចោល? តើអ្នកនឹងចុះចូលចំពោះគ្រប់ទាំងការរៀបចំរបស់ខ្ញុំ (ទោះបីជាត្រូវ ស្លាប់ ឬវិនាស) ឬក៏រត់យករួចខ្លួនទាំងពាក់កណ្ដាលទី ដើម្បីគេចវេសពីការដាក់ទោស របស់ខ្ញុំ? ខ្ញុំដាក់ទោសអ្នក ដើម្បីឲ្យអ្នកនឹងធ្វើបន្ទាល់ពីខ្ញុំ មានភក្ដី ភាព និងស្ដាប់បង្គាប់ចំពោះខ្ញុំ។ លើសពីនេះ ការដាក់ទោសនាពេលសព្វថ្ងៃ គឺដើម្បី បើកបង្ហាញពីជំហានបន្ទាប់នៃកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឲ្យកិច្ចការនេះ វិវឌ្ឍទៅមុខ ដោយគ្មានការបង្អាក់។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នកថា អ្នកគួរតែមានប្រាជ្ញា ហើយមិន ត្រូវចាត់ទុកជីវិតរបស់អ្នក ក៏ដូចជាសារៈសំខាន់នៃវត្តមានជីវិតអ្នក ដូចជាគ្រាប់ខ្សាច់ ដែលគ្មានតម្លៃនោះទេ។ តើអ្នកអាចដឹងថា កិច្ចការនាពេលខាងមុខរបស់ខ្ញុំ នឹងមានលក្ខណៈបែបណាឲ្យប្រាកដដែរឬទេ? តើអ្នកដឹងអំពីរបៀបដែលខ្ញុំនឹងធ្វើ ការនៅថ្ងៃខាងមុខ និងរបៀបដែលកិច្ចការខ្ញុំនឹងបើកបង្ហាញដែរឬទេ? អ្នកគួរតែដឹងពី សារៈសំខាន់នៃបទពិសោធន៍របស់អ្នកអំពីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះទៅ ទៀត គឺដឹងអំពីសារៈសំខាន់នៃសេចក្តីជំនឿរបស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានធ្វើកិច្ចការជាច្រើនរួចទៅហើយ។ តើខ្ញុំអាចបោះបង់ចោលទាំងពាក់កណ្ដាលទី ដូចអ្នកស្រមើស្រមៃយ៉ាងម៉េច? ខ្ញុំបានធ្វើការយ៉ាងច្រើនម្ល៉ឹងហើយ តើខ្ញុំអាច បំផ្លាញវាចោលយ៉ាងដូចម្ដេច? តាមពិតទៅ ខ្ញុំបានមក ដើម្បីបញ្ចប់យុគ សម័យនេះ។ នេះជាសេចក្តីពិត ប៉ុន្តែ លើសពីនេះទៅទៀត អ្នកត្រូវតែដឹងថា ខ្ញុំកំពុងតែចាប់ផ្ដើមយុគសម័យមួយថ្មី ចាប់ផ្ដើមកិច្ចការមួយថ្មី ហើយ អ្វីដែលសំខាន់បំផុតនោះគឺដើម្បីផ្សាយដំណឹងល្អអំពីនគរព្រះ។ ដូច្នេះ អ្នកគួរតែដឹងថា កិច្ចការបច្ចុប្បន្ន គឺគ្រាន់តែចាប់ផ្ដើមយុគសម័យមួយ និងចាក់គ្រឹះមូលដ្ឋាន សម្រាប់ការ ផ្សាយដំណឹងល្អនាពេលខាងមុខ ហើយបញ្ចប់សម័យកាលនេះ នៅ ពេលអនាគត។ កិច្ចការរបស់ខ្ញុំ មិនមែនសាមញ្ញដូចអ្វីដែលអ្នកគិតឡើយ ហើយក៏មិន មែនគ្មានតម្លៃ ឬគ្មានន័យដូចអ្វីដែលអ្នកជឿដែរ។ ដូច្នេះ ខ្ញុំនៅតែត្រូវនិយាយទៅ កាន់អ្នកថា៖ អ្នកគួរតែថ្វាយជីវិតរបស់អ្នកដើម្បីកិច្ចការរបស់ខ្ញុំ ហើយលើសពីនេះ អ្នកគួរតែលះបង់ជីវិតរបស់អ្នក សម្រាប់សិរីល្អរបស់ខ្ញុំ។ ខ្ញុំបានទន្ទឹងរង់ចាំឲ្យអ្នកធ្វើបន្ទាល់ពីខ្ញុំយូរណាស់មកហើយ ហើយខ្ញុំក៏ ទន្ទឹងឲ្យអ្នកផ្សាយដំណឹងល្អរបស់ខ្ញុំយូរជាងនេះទៅទៀត។ អ្នកគួរតែយល់ អំពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំ។

ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីអ្នករាល់គ្នាមានសេចក្តីជំនឿដ៏ស្មោះក៏ដោយ ប៉ុន្តែ នៅក្នុងចំណោមអ្នក រាល់គ្នា គ្មាននរណាម្នាក់ដែលអាចរ៉ាយរាប់ អំពីខ្ញុំបានទាំងស្រុងឡើយ ហើយក៏គ្មាននរណាម្នាក់ អាចធ្វើបន្ទាល់ពេញលេញអំពីគ្រប់ទាំងសេចក្តីដែលអ្នកមើលឃើញដែរ។ ចូរគិតអំពីការនេះចុះ៖ ថ្ងៃនេះ អ្នករាល់គ្នាភាគច្រើនធ្វេសប្រហែសនឹងភារកិច្ចរបស់ខ្លួន ដោយព្យាយាមដេញតាមសាច់ឈាម ចម្អែតសាច់ឈាម ហើយរីករាយនឹងសាច់ឈាម ទាំងមានចិត្តលោភផង។ អ្នកមានសេចក្តីពិតតិចតួចណាស់។ ដូច្នេះ តើអ្នកអាចធ្វើបន្ទាល់ អំពីរាល់ទាំងសេចក្តីដែលអ្នករាល់គ្នាបានឃើញយ៉ាងដូចម្ដេច? តើអ្នករាល់គ្នាពិតជា មានទំនុកចិត្តដែរឬទេថា អ្នកអាចក្លាយជាបន្ទាល់របស់ខ្ញុំ? ប្រសិនបើថ្ងៃមួយមកដល់ ពេលដែលអ្នកមិនអាចធ្វើបន្ទាល់ពីគ្រប់ទាំងសេចក្តីដែលអ្នកបានឃើញនៅថ្ងៃនេះ នោះអ្នកនឹងបាត់បង់មុខងារជាមនុស្ស ហើយការដែលអ្នកមានជីវិត នេះ គឺគ្មានន័យទាល់តែសោះ។ អ្នកនឹងមិនសមអ្វីធ្វើជាមនុស្សឡើយ។ អាចនិយាយបានថា អ្នកនឹងមិនមែនជាមនុស្សតែម្ដង! យើងបានធ្វើកិច្ចការដ៏ច្រើន សន្ធឹកសន្ធាប់សម្រាប់អ្នករាល់គ្នា ប៉ុន្តែ ឥឡូវនេះ ដោយសារតែអ្នករាល់គ្នារៀនមិនបានអ្វី សោះ គ្មានដឹងអ្វីទាំងអស់ ហើយការលះបង់របស់អ្នកក៏គ្មានប្រសិទ្ធភាពទៀត ដូច្នេះ នៅពេលដែលយើងត្រូវពង្រីកកិច្ចការរបស់យើង នោះអ្នកនឹងបានត្រឹមជាមនុស្សម្នាក់ដែលឈរមើល ទាំងបិទមាត់យ៉ាងជិត ហើយគ្មានប្រយោជន៍អ្វីសោះឡើយ។ តើការនេះមិនធ្វើឲ្យអ្នកក្លាយជាមនុស្សបាប អស់មួយជីវិតទេឬអី? លុះដល់វេលាកំណត់តើអ្នកនឹងគ្មានអារម្មណ៍ស្ដាយក្រោយខ្លាំងបំផុតទេឬអី? តើអ្នកនឹងគ្មានអារម្មណ៍សោកសង្រេងទេឬអី? គ្រប់កិច្ចការដែលខ្ញុំធ្វើនាថ្ងៃនេះ មិនត្រូវបានធ្វើឡើង ដោយភាពខ្ជិលច្រអូស និងភាពធុញទ្រាន់ឡើយ ប៉ុន្តែ ដើម្បីចាក់គ្រឹះសម្រាប់កិច្ចការនាពេលអនាគតរបស់ខ្ញុំវិញ។ វាមិនមែនដោយសារតែខ្ញុំអស់ផ្លូវ ហើយត្រូវបង្កើតអ្វីមួយថ្មីឡើយ។ អ្នកគួរតែយល់ពីកិច្ចការដែលខ្ញុំធ្វើ វាមិនមែនជាកិច្ចការដែលត្រូវសម្រេចឡើង ដោយកូនក្មេងលេងដីនៅតាមចិញ្ចើមថ្នល់ឡើយ ប៉ុន្តែ វាជាកិច្ចការដែលត្រូវធ្វើឡើង ជាតំណាងឲ្យព្រះវរបិតារបស់ខ្ញុំ។ អ្នករាល់គ្នាគួរតែដឹងថា វាមិនមែនជាខ្ញុំទេ ដែលកំពុងតែធ្វើកិច្ចការទាំងអស់នេះតែម្នាក់ឯង ប៉ុន្តែ ខ្ញុំតំណាងឲ្យព្រះវរបិតាខ្ញុំវិញទេ។ បច្ចុប្បន្ននេះ តួនាទីរបស់អ្នករាល់គ្នាគឺត្រូវដើរតាម ស្ដាប់បង្គាប់ ផ្លាស់ប្ដូរ និងធ្វើបន្ទាល់ យ៉ាងតឹងរឹងបំផុត។ អ្វីដែលអ្នករាល់គ្នាគួរតែយល់ គឺជាហេតុផលដែលនាំឲ្យអ្នករាល់គ្នា គួរតែជឿលើខ្ញុំ។ នេះជាសំណួរដ៏សំខាន់បំផុតដែលអ្នករាល់គ្នាម្នាក់ៗ ត្រូវយល់។ ព្រះវរបិតាខ្ញុំបានដៅអ្នករាល់គ្នាទុកជាមុនសម្រាប់ខ្ញុំ តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមកម៉្លេះ សម្រាប់ជាប្រយោជន៍ដល់សិរីល្អទ្រង់។ ព្រះអង្គបានដៅកំណត់អ្នករាល់គ្នាទុកជាមុន សម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំ និងជាប្រយោជន៍ដល់សិរីល្អរបស់ទ្រង់។ គឺដោយសារតែព្រះវរបិតារបស់ខ្ញុំ ទើបអ្នករាល់គ្នាជឿលើខ្ញុំ។ គឺដោយសារតែការដៅ ទុកជាមុនរបស់ព្រះបិតាខ្ញុំ ទើបអ្នករាល់គ្នាដើរតាមខ្ញុំ។ គ្មានការណាមួយដែលកើតចេញពីការជ្រើសរើសរបស់អ្នករាល់គ្នាឡើយ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា អ្នករាល់គ្នាយល់ថា អ្នករាល់គ្នាជាមនុស្សដែលព្រះវរបិតាខ្ញុំបានប្រទានដល់ខ្ញុំ សម្រាប់គោលបំណងនៃការធ្វើបន្ទាល់ពីខ្ញុំ។ ដោយសារតែទ្រង់បានប្រទានអ្នករាល់គ្នាដល់ខ្ញុំ ដូច្នេះ អ្នករាល់គ្នាគួរតែនៅជាប់ជាមួយផ្លូវ ដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា ក៏ដូចជាផ្លូវ និងពាក្យដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាដែរ ព្រោះថាវាជាភារកិច្ចរបស់អ្នករាល់គ្នាដែលត្រូវនៅជាប់ក្នុងផ្លូវរបស់ខ្ញុំ។ នេះជាគោលបំណងដើម នៃសេចក្តីជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា៖ អ្នករាល់គ្នាគ្រាន់តែជាមនុស្សដែលព្រះបិតារបស់ខ្ញុំប្រទានមកដល់ខ្ញុំ ដើម្បីឲ្យនៅជាប់ក្នុងផ្លូវរបស់ខ្ញុំប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នករាល់គ្នាគ្រាន់តែជឿលើខ្ញុំ អ្នកមិនមែនជារបស់ខ្ញុំ ដោយសារតែអ្នករាល់គ្នាមិនមែនជាក្រុមគ្រួសារអ៊ីស្រាអែល ប៉ុន្តែ អ្នកជាប្រភេទតែមួយនៃសត្វពស់ពីបុរាណវិញ។ អ្វីគ្រប់យ៉ាងដែលខ្ញុំកំពុងតែទាមទារឲ្យអ្នករាល់គ្នាធ្វើ គឺត្រូវធ្វើបន្ទាល់សម្រាប់ខ្ញុំ ប៉ុន្តែ ថ្ងៃនេះ អ្នករាល់គ្នាត្រូវតែដើរតាមផ្លូវរបស់ខ្ញុំ។ អ្វីទាំងអស់នេះ គឺសម្រាប់ជាប្រយោជន៍ដល់ ទីបន្ទាល់នាពេលអនាគត។ ប្រសិនបើអ្នករាល់គ្នាធ្វើការ ដូចជាមនុស្សដែលគ្រាន់ តែស្ដាប់តាមផ្លូវរបស់ខ្ញុំ នោះអ្នកនឹងក្លាយជាមនុស្សគ្មានតម្លៃ ហើយសារៈសំខាន់នៃការដែលព្រះវរបិតាខ្ញុំបានប្រទានអ្នករាល់គ្នាមកខ្ញុំ នឹងត្រូវបាត់បង់មិនខាន។ អ្វីដែលខ្ញុំទទូចប្រាប់ដល់អ្នករាល់គ្នាគឺថា៖ អ្នករាល់គ្នាគួរតែដើរតាមផ្លូវរបស់ខ្ញុំ។

ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ហេតុផលដែលមនុស្សដែលធ្វើបន្ទាល់ពិតពីព្រះជាម្ចាស់ អាចធ្វើបន្ទាល់ខ្ទរខ្ទារពីទ្រង់បាន គឺមកពីទីបន្ទាល់របស់ពួកគេចាក់គ្រឹះនៅលើការដឹងឮ និងការចង់បានព្រះជាម្ចាស់ពិតប្រាកដ។ ទីបន្ទាល់បែបនេះ មិនមែនត្រូវបានប្រទានមកស្របទៅនឹងសន្ទុះចិត្តឡើយ តែស្របទៅនឹងការស្គាល់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់វិញ។ ដោយសារតែពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ពួកគេគិតថា ពួកគេប្រាកដជាត្រូវធ្វើបន្ទាល់ពីព្រះអង្គ និងត្រូវធ្វើឲ្យពួកមនុស្សដែលចង់បានព្រះជាម្ចាស់ បានស្គាល់ទ្រង់ ហើយត្រូវដឹងពីលក្ខណៈគួរឲ្យស្រឡាញ់ និងភាពជាក់លាក់របស់ទ្រង់។ ទីបន្ទាល់របស់គេ កើតពីឆន្ទៈស្ម័គ្រចិត្តដូចគ្នានឹងសេចក្ដីស្រឡាញ់ដែលគេមានចំពោះព្រះជាម្ចាស់ដែរ។ ទីបន្ទាល់ នេះ គឺជាទីបន្ទាល់ពិត ហើយមានសារៈសំខាន់ និងតម្លៃពិត។ ទីបន្ទាល់នេះ មិនមែនជាទីបន្ទាល់អសកម្ម ឬល្អតែខាងក្រៅ និងគ្មានន័យនោះទេ។ ហេតុផលមានតម្លៃ និងមានន័យបំផុត ដែលមានតែមនុស្សដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ អាចមាននៅក្នុងជីវិតគេ ក៏ជាហេតុផលដែល ធ្វើឲ្យពួកគេជឿលើព្រះជាម្ចាស់ពិតប្រាកដ នោះគឺមនុស្សទាំងនេះ អាចរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់ ហើយអាចរស់នៅដើម្បីកិច្ចការ និងការគ្រប់គ្រងរបស់ព្រះអង្គបាន។ ដោយសារតែពួកគេរស់នៅក្នុងពន្លឺ មិនរស់នៅក្នុងសេចក្ដីងងឹត ទើបពួកគេមិនរស់ក្នុងជីវិតឥតន័យ តែរស់ក្នុងជីវិតដែលប្រកបដោយព្រះពរដែលមកពីព្រះជាម្ចាស់វិញ។ មានតែមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ទេ ទើបអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ មានតែពួកគេទេ ទើបជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ មានតែពួកគេទេ ទើបអាចទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយមានតែពួកគេទេ ទើបអាចទទួលនូវសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ មនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ គឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពួកគេជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយពួកគេអាចអាស្រ័យផលនៃព្រះពរជាមួយគ្នានឹងព្រះជាម្ចាស់។ មានតែមនុស្សបែបនេះទេ ទើបរស់នៅអស់កល្បជានិច្ច ហើយមានតែពួកគេទេ ទើបអាចរស់នៅក្រោមការថែរក្សា និងការការពាររបស់ព្រះជាម្ចាស់បាន។ ព្រះជាម្ចាស់ គឺជាព្រះសម្រាប់ឲ្យមនុស្សស្រឡាញ់ ហើយទ្រង់ក៏ស័ក្ដិសមនឹងឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចស្រឡាញ់ទ្រង់បាននោះទេ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយទទួលព្រះចេស្ដាជាមួយនឹងព្រះជាម្ចាស់ដែរ។ ពួកមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ គេអាចដើរគ្រប់ទីកន្លែងនៅក្រោមមេឃ ដោយគ្មាននរណាហ៊ានប្រឆាំងទាស់នឹងពួកគេឡើយ ហើយពួកគេពួកគេអាចប្រើអនុភាពនៅលើផែនដី ហើយគ្រប់គ្រងរាស្ត្រទាំងអស់របស់ព្រះជាម្ចាស់ ដោយសារពួកគេអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងអាចថ្វាយការប្រឹងប្រែងទាំងអស់របស់គេ សម្រាប់កិច្ចការរបស់ព្រះអង្គបាន។ មនុស្សទាំងនេះ មកជុំគ្នាពីគ្រប់ទីកន្លែង ក្នុងពិភពលោក។ ពួកគេនិយាយភាសាខុសៗគ្នា ហើយមានសម្បុរស្បែកខុសៗគ្នា តែវត្តមានជីវិតរបស់ពួកគេមានអត្ថន័យដូចៗគ្នា។ ពួកគេសុទ្ធតែមានដួងចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ ពួកគេមានទីបន្ទាល់ដូចគ្នា និងមានការតាំងចិត្តដូចគ្នា ហើយមានសេចក្ដីប្រាថ្នាដូចគ្នាផង។ មនុស្សដែល ស្រឡាញ់ព្រះជាម្ចាស់ គេអាចដើរពេញពិភពលោកដោយ សេរី ចំណែកឯមនុស្សដែលធ្វើបន្ទាល់ពីព្រះជាម្ចាស់ អាចធ្វើដំណើរទៅទូទាំងសកលលោកទៀតផង។ មនុស្សទាំងនេះ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ពួកគេទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយពួកគេនឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច។

ដកស្រង់ពី «អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់នឹងរស់នៅក្នុងពន្លឺរបស់ទ្រង់អស់កល្បជានិច្ច» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃ ព្រះជាម្ចាស់បានចាប់ផ្ដើមការកែឲ្យមនុស្សបានគ្រប់លក្ខណ៍ជាផ្លូវការហើយ។ ដើម្បីឲ្យបានគ្រប់លក្ខណ៍ មនុស្សត្រូវតែឆ្លងកាត់ការបើកសម្ដែង ការជំនុំជម្រះ និងការដាក់ទោសដោយបន្ទូលរបស់ទ្រង់ ពួកគេត្រូវឆ្លងកាត់ទុក្ខលំបាក និងការបន្សុទ្ធដោយព្រះបន្ទូលរបស់ទ្រង់ (ដូចជា ទុក្ខលំបាករបស់អ្នកស៊ីឈ្នួល) ហើយពួកគេត្រូវតែអាចទ្រាំទ្រនឹងការទុក្ខលំបាកនៃសេចក្ដីស្លាប់។ អត្ថន័យរបស់វាគឺ នៅក្នុងពេលកំពុងជំនុំជម្រះ ពេលកំពុងវាយផ្ចាល និងការល្បងលដោយព្រះជាម្ចាស់ មនុស្សណាដែលពិតជាប្រកាន់ខ្ជាប់តាមបំណងព្រះហឫទ័យព្រះជាម្ចាស់បាន អ្នកនោះនឹងអាចសរសើរតម្កើងព្រះជាម្ចាស់ពីទីជម្រៅនៃដួងចិត្តបស់ពួកគេ ព្រមទាំងស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយលះបង់ខ្លួនឯងបានទាំងស្រុង ទាំងស្រឡាញ់ព្រះជាម្ចាស់ ដោយដួងចិត្តស្មោះត្រង់ ឥតងាករេ និងបរិសុទ្ធ បែបនេះទើបជាមនុស្សគ្រប់លក្ខណ៍ ហើយជាកិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើ និងជាកិច្ចការដែលទ្រង់នឹងសម្រេចបានប្រាកដណាស់។

ដកស្រង់ពី «អំពីជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ថ្ងៃនេះ អ្នកគួរដឹងពីរបៀបត្រូវយកឈ្នះ និងដឹងពីរបៀបដែលមនុស្សបញ្ចេញកិរិយារបស់ខ្លួន បន្ទាប់ពីត្រូវបានយកឈ្នះ។ អ្នកប្រហែលជានិយាយថា អ្នកទើបតែត្រូវបានយកឈ្នះ ប៉ុន្តែ តើអ្នកអាចស្ដាប់បង្គាប់រហូតដល់ទីមរណាបានទេ? អ្នកត្រូវតែអាចដើរតាមដល់ទីបញ្ចប់ បើទោះបីជាមាន ឬគ្មានអនាគតក៏ដោយ ហើយអ្នកមិនត្រូវបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ ទោះបីស្ថិតក្នុងបរិយាកាសណាក៏ដោយ។ ជាចុងក្រោយ អ្នកត្រូវតែសម្រេចឲ្យបាននូវទិដ្ឋភាពពីរយ៉ាងនៃទីបន្ទាល់គឺ ទីបន្ទាល់របស់យ៉ូប ការស្ដាប់បង្គាប់រហូតដល់ទីមរណា និងទីបន្ទាល់របស់ពេត្រុស សេចក្ដីស្រឡាញ់ដ៏ក្រៃលែងចំពោះព្រះជាម្ចាស់។ ក្នុងន័យមួយ អ្នកត្រូវតែដូចជាយ៉ូប៖ គាត់បានបាត់បង់ទ្រព្យសម្បត្តិដែលជាសម្ភារៈគ្រប់យ៉ាងទាំងអស់ ហើយត្រូវរំខានដោយការឈឺចាប់ខាងសាច់ឈាមផង ប៉ុន្តែ គាត់មិនបានបោះបង់ព្រះនាមព្រះយេហូវ៉ាចោលឡើយ។ នេះហើយជាទីបន្ទាល់របស់យ៉ូប។ ពេត្រុសអាចស្រឡាញ់ព្រះជាម្ចាស់រហូតដល់ទីមរណា។ នៅពេលដែលគាត់ត្រូវគេឆ្កាង ហើយប្រឈម នឹងសេចក្ដីស្លាប់ ក៏គាត់នៅតែស្រឡាញ់ព្រះជាម្ចាស់ដែរ គាត់មិនបានគិតអំពីអនាគតខ្លួនឯង ឬព្យាយាមឲ្យបានសេចក្ដីសង្ឃឹមដ៏ល្អត្រចង់ ឬឲ្យបានគំនិតហួសប្រមាណនោះដែរ ហើយគាត់មានតែព្យាយាមស្រឡាញ់ព្រះជាម្ចាស់ និងស្ដាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ នេះហើយគឺជាបទដ្ឋានដែលអ្នកគួរសម្រេចឲ្យបាន មុនពេលអ្នកពិចារណាចង់ធ្វើទីបន្ទាល់ មុនពេលអ្នកក្លាយជាមនុស្សម្នាក់ដែលត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់ពីត្រូវបានយកឈ្នះ។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុង អំពីកិច្ចការនៃការយកឈ្នះ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ថ្ងៃនេះ ចូរយើងត្រឡប់ទៅមើលដំណើររឿងនៃទូករបស់ណូអេ។ តើនេះគឺជាព្រឹត្តការណ៍តូច ឬធំ? តើវាគ្រាន់តែជារឿងនិទានធម្មតាមួយរបស់មនុស្សចាស់ម្នាក់ ដែលបានសាងសង់ទូកនៅក្នុងពេលដែលកន្លងផុតទៅឬ? (ទេ)។ ក្នុងចំណោមមនុស្សទាំងអស់ ណូអេ គឺជាមនុស្សដែលមានតម្លៃជាងក្នុងការយកឈ្នះ ជាអ្នកដែលបានកោតខ្លាចព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងបំពេញនូវអ្វីដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ឱ្យគាត់។ គាត់ត្រូវបានព្រះជាម្ចាស់កោតសរសើរ ហើយគួរតែជាបុគ្គលគម្រូដល់អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់នៅបច្ចុប្បន្ននេះ។ តើអ្វីដែលមានតម្លៃបំផុតអំពីគាត់? គាត់មានឥរិយាបថតែមួយចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ស្ដាប់និងទទួលយក ទទួលយកនិងស្ដាប់បង្គាប់ ហើយស្ដាប់បង្គាប់រហូតដល់ស្លាប់។ គឺឥរិយាបថនេះហើយ ដែលជាឥរិយាបថដ៏មានតម្លៃបំផុតក្នុងចំណោមឥរិយាបថទាំងអស់ ទើបគាត់ទទួលបានការកោតសរសើររបស់ព្រះជាម្ចាស់។ បើនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់មិនបានខិតខំប្រឹងប្រែងតិចតួច មិនត្រឹមតែឆ្លងកាត់ចលនា ហើយគាត់មិនបានសិក្សា វិភាគ ប្រឆាំង ឬបដិសេធព្រះបន្ទូលនៅក្នុងខួរក្បាលរបស់គាត់ ហើយក្រោយមកមិនបានបំភ្លេចព្រះបន្ទូលចោលនោះទេ។ ផ្ទុយទៅវិញ គាត់បានស្ដាប់ដោយស្មោះត្រង់ បានទទួលយកពួកវា បន្តិចម្ដងៗនៅក្នុងចិត្តរបស់គាត់ ហើយបន្ទាប់មកគាត់សញ្ជឹងគិតពីវិធីដើម្បីនាំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបង្កើតផ្លែផ្កា ពីវិធីដើម្បីយកពួកវាទៅអនុវត្ត ពីវិធីដើម្បីអនុវត្តតាមបំណងដើម ដោយមិនធ្វើឱ្យពួកវាខុសភាពដើមនោះទេ។ ហើយស្របពេលដែលគាត់បានសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បាននិយាយទៅកាន់ខ្លួនឯងយ៉ាងសម្ងាត់ថា «ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងនេះគឺជាការណែនាំរបស់ព្រះជាម្ចាស់ ជាព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ ខ្ញុំត្រូវជាប់កាតព្វកិច្ច ខ្ញុំត្រូវតែស្ដាប់បង្គាប់ ខ្ញុំមិនអាចទុកចោលសេចក្ដីលម្អិតណាមួយទេ ខ្ញុំមិនអាចប្រឆាំងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេទោះតាមវិធីណាក៏ដោយ ហើយខ្ញុំក៏មិនអាចមើលស្រាលសេចក្ដីលម្អិតណាមួយនូវអ្វីដែលទ្រង់បានមានបន្ទូលដែរ ហើយខ្ញុំក៏មិនសក្ដិសមនឹងហៅថាជាមនុស្សផងដែឬ ខ្ញុំនឹងមិនមានតម្លៃសម្រាប់ព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ និងមិនមានតម្លៃសម្រាប់ការកោតសរសើររបស់ទ្រង់ទេ។ ប្រសិនបើខ្ញុំមិនអាចសម្រេចបានរាល់អ្វីដែលព្រះជាម្ចាស់បានមានបន្ទូលប្រាប់ខ្ញុំ និងផ្ទុកផ្ដាក់មកខ្ញុំ នោះខ្ញុំនឹងមានវិប្បដិសារីជាច្រើនមិនខាន។ ជាងនោះទៅទៀត ខ្ញុំនឹងស្គាល់ខ្លួនឯងថា មិនមានតម្លៃសម្រាប់ព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ និងការកោតសរសើររបស់ទ្រង់ចំពោះខ្ញុំនោះទេ ហើយខ្ញុំនឹងមិនមានមុខដើម្បីមកចំពោះព្រះភ័ក្ត្ររបស់ព្រះអាទិករម្ដងទៀតឡើយ»។ គ្រប់យ៉ាងដែលណូអេបានគិត និងបានសញ្ជឹងគិតនៅក្នុងចិត្តរបស់គាត់ ការយល់ឃើញ និងឥរិយាបថនីមួយៗរបស់គាត់ ទាំងអស់នេះបានកំណត់ពីវិធីដែលគាត់អាចនាំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ហើយធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិត នាំយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យកើតផលផ្លែ ធ្វើដូច្នោះទើបព្រះបន្ទូលត្រូវបានសម្រេចតាមរយៈគាត់ ហើយបានក្លាយជាការពិតតាមរយៈគាត់ ដូច្នោះហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមកដោយគ្មានប្រយោជន៍នោះទេ។ ការកាត់សេចក្ដីតាមរយៈអ្វីៗគ្រប់យ៉ាងដែលណូអេបានគិត ទស្សនៈនីមួយៗដែលកើតឡើងនៅក្នុងចិត្តរបស់គាត់ និងឥរិយាបថរបស់គាត់ចំពោះព្រះជាម្ចាស់ នោះណូអេមានតម្លៃសម្រាប់ព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ គាត់គឺជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ទុកព្រះទ័យ ហើយជាមនុស្សម្នាក់ដែលព្រះជាម្ចាស់សព្វព្រះទ័យ។ ព្រះជាម្ចាស់សង្កេតរាល់ពាក្យសម្ដី និងសកម្មភាពនីមួយៗរបស់មនុស្ស ទ្រង់ទតមើលការគិត និងទស្សនៈរបស់ពួកគេ។ ដោយសារការដែលណូអេអាចគិតបែបនេះបាន នោះនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់មិនបានជ្រើសរើសខុសនោះទេ។ ណូអេបានបង្ហាញថាខ្លួនគាត់មានតម្លៃក្នុងការបំពេញព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ មានតម្លៃក្នុងការទទួលបានទំនុកចិត្តរបស់ព្រះជាម្ចាស់ គាត់អាចសម្រេចបានតាមព្រះរាជបញ្ជារបស់ព្រះជាម្ចាស់៖ គាត់គឺជាជម្រើសតែមួយគត់ក្នុងចំណោមមនុស្សជាតិទាំងអស់។

ដកស្រង់ពី «សេចក្ដីបន្ថែមទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ ឬនិយាយអ្វីដែលជាអំពើបាបទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ គាត់បានឈ្នះសេចក្ដីល្បួងរបស់សាតាំង ហើយគាត់បានឈ្នះទាំងទ្រព្យសម្បត្តិរូបវន្ត ទាំងកូនចៅ ហើយនិងការល្បងលនៃការបាត់បង់ទ្រព្យសម្បត្តិលោកិយទាំងអស់ មានន័យថា គាត់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅពេលដែលទ្រង់ដកយកអ្វីៗគ្រប់យ៉ាងចេញពីគាត់ ហើយគាត់ក៏អាចថ្វាយការអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ ដោយព្រោះអ្វីដែលទ្រង់បានធ្វើទៀតផង។ នេះហើយជាកិរិយារបស់លោកយ៉ូបក្នុងគ្រាដែលត្រូវល្បួងរបស់សាតាំងលើកដំបូង ហើយនេះក៏ជាទីបន្ទាល់របស់លោកយ៉ូបក្នុងគ្រាដែលត្រូវរង នូវការល្បងលពីព្រះជាម្ចាស់លើកដំបូងដែរ។ នៅក្នុងការល្បងលលើកទីពីរ សាតាំងបានសន្ធឹងដៃរបស់វាទៅពាល់លោកយ៉ូប ហើយទោះបីលោកយ៉ូបបានឆ្លងកាត់នូវការឈឺចាប់លើសពីការដែលគាត់ធ្លាប់បានឆ្លងកាត់ពីមុន ក៏ទីបន្ទាល់របស់លោកនៅតែល្មមនឹងអាចឲ្យមនុស្សស្រឡាំងកាំងបានដែរ។ លោកប្រើសេចក្ដីអំណត់ ជំនឿជឿសប់ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ ក៏ដូចជាការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់ មកយកឈ្នះសាតាំងម្ដងទៀត ហើយកិរិយា និងទីបន្ទាល់របស់លោកត្រូវបានសរសើរ និងទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរ។ ក្នុងការល្បួងនេះ លោកយ៉ូបប្រើកិរិយារបស់លោកផ្ទាល់ មកប្រកាសប្រាប់សាតាំងថា ការឈឺចាប់នៃសាច់ឈាម មិនអាចបង្វែរសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់លោកចំពោះព្រះជាម្ចាស់ ឬដកយកភក្ដីភាព និងការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់បាននោះឡើយ ហើយលោកក៏នឹងមិនបោះបង់ព្រះជាម្ចាស់ ឬបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកផ្ទាល់ ព្រោះតែលោកប្រឈបនឹងសេចក្ដីស្លាប់នោះដែរ។ ការតាំងចិត្តរបស់លោក បានធ្វើឲ្យសាតាំងទៅជាកំសាក សេចក្ដីជំនឿរបស់លោកបានធ្វើឲ្យសាតាំងញញើត និងញាប់ញ័រ ប្រពលភាពដែលលោកតយុទ្ធទាស់នឹងសាតាំងក្នុងសង្គ្រាមស្លាប់រស់របស់លោកជាមួយនឹងសាតាំង បានបណ្ដុះសេចក្ដីសម្អប់ និងការតូចចិត្តដ៏ស៊ីជម្រៅនៅក្នុងសាតាំង ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់មិនបានបន្សល់ទុកអ្វីមួយឲ្យសាតាំងប្រព្រឹត្តមកលើគាត់ទៀតឡើយ ហេតុនេះបានជាសាតាំងបោះបង់ការ វាយប្រហារបស់វាចំពោះលោក និងបោះបង់ការចោទប្រកាន់ ដែលវាបានលើកឡើងទាស់នឹងលោកយ៉ូបនៅចំពោះព្រះជាម្ចាស់កាលពីមុន។ នេះមានន័យថា លោកយ៉ូបបានឈ្នះលោកិយ លោកបានឈ្នះសាច់ឈាម លោកបានឈ្នះសាតាំង ហើយលោកបានឈ្នះសេចក្ដីស្លាប់ លោកពេញខ្នាតជាមនុស្សម្នាក់ ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុង។ ក្នុងការល្បងលទាំងពីរនេះ លោកយ៉ូបបានឈរមាំនៅក្នុងទីបន្ទាល់របស់លោក លោកពិតជាបានសម្រេចនូវភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក ហើយបានពង្រីកវិសាលភាពគោលការណ៍រស់នៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកទៀតផង។ ដោយបានឆ្លងកាត់នូវការល្បងលទាំងពីរនេះ លោកយ៉ូបក៏បង្កើតបានបទពិសោធន៍កាន់តែច្រើន ហើយបទពិសោធន៍នេះបានធ្វើឲ្យគាត់កាន់តែចាស់ទុំ ហើយចេះដឹងកាន់តែច្បាស់ វាបានធ្វើឲ្យគាត់កាន់តែរឹងមាំ និងមានជំនឿកាន់តែអស្ចារ្យ ហើយបានធ្វើឲ្យគាត់កាន់តែជឿជាក់លើភាពត្រឹមត្រូវ និងគុណតម្លៃនៃសច្ចភាពដែលគាត់ប្រកាន់ខ្ជាប់យ៉ាងមាំ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះចំពោះលោកយ៉ូប បានផ្ដល់ឲ្យគាត់នូវការយល់ដឹងស៊ីជម្រៅ និងដឹងអំពីព្រះទ័យខ្វល់ខ្វាយដែលព្រះជាម្ចាស់មានចំពោះមនុស្ស និងបានអនុញ្ញាតឲ្យគាត់ស្គាល់ពីតម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដឹងអំពីចំណុចគួរពិចារណា ហើយសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានបន្ថែមលើការកោតខ្លាចដែល គាត់មានចំពោះព្រះជាម្ចាស់ដែរ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែមិនបានកាត់លោកយ៉ូបចេញពីព្រះអង្គទេ តែបាននាំឲ្យចិត្តរបស់គាត់ចូលរឹតតែកៀកនឹងព្រះជាម្ចាស់វិញ។ នៅពេលដែលការឈឺចាប់ខាងសាច់ឈាមដែលលោកយ៉ូបបានទ្រាំទ្រ ឈានដល់កម្រិតកំពូលរបស់វា ព្រះទ័យខ្វល់ខ្វាយដែលគាត់ដឹងថាព្រះយេហូវ៉ាដ៏ជាព្រះមានចំពោះគាត់ មិនបានផ្ដល់ជម្រើសអ្វីផ្សេងឲ្យគាត់សោះ ក្រៅតែពីការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់។ កិរិយាបែបនេះ គឺមិនបានគ្រោងទុកជាយូរមកហើយនោះទេ តែជាការបញ្ចេញឲ្យដឹងពីការតបស្នង និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ តាមលក្ខណៈធម្មជាតិ វាគឺជាការ បញ្ចេញឲ្យដឹងបែបធម្មជាតិ ដែលចេញពីការការតបស្នង និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់។ មានន័យថា ដោយសារលោកស្អប់ខ្លួនអ្នក ទើបលោកមិនព្រម និងមិនអាចទ្រាំឲ្យព្រះជាម្ចាស់ឈឺចាប់ឡើយ ដូច្នេះ ការតបស្នង និងសេចក្ដីស្រឡាញ់របស់លោក ឈានដល់កម្រិតមួយដែលលែងគិតពីខ្លួនអ្នក។ នៅពេលនេះ លោកក៏លើកកម្ពស់ការស្ញប់ស្ងែង និងការចង់បានព្រះជាម្ចាស់ជាយូរមកហើយ និងភក្ដីភាពរបស់លោកចំពោះព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតបស្នង និងការស្រឡាញ់។ ក្នុងពេលជាមួយគ្នា លោកក៏បានលើកកម្ពស់សេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់លោក ចំពោះព្រះជាម្ចាស់ និងការកោតខ្លាចព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតបស្នង និងការស្រឡាញ់ដែរ។ លោកមិនបានបណ្ដោយខ្លួនឲ្យធ្វើអ្វីមួយ ដែលធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យឡើយ លោកមិនបានបណ្ដោយខ្លួនឲ្យប្រព្រឹត្តកិរិយាណាមួយដែលនាំឲ្យព្រះជាម្ចាស់ព្រះទ័យឡើយ ហើយក៏មិនបណ្ដោយខ្លួនអ្នកឲ្យនាំមកនូវក្ដីទុក្ខព្រួយ ក្ដីបារម្ភ ឬសូម្បីតែរឿងអពមង្គលមកដាក់លើព្រះជាម្ចាស់ ដោយសារតែហេតុផលផ្ទាល់របស់លោកនោះឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទោះបីជាលោកយ៉ូបនៅតែជាលោកយ៉ូបដដែលដូចកាលពីមុនក៏ដោយ ក៏សេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ បាននាំមកនូវសេចក្ដីសោមនស្ស និងភាពរីករាយដ៏ពេញខ្នាតថ្វាយព្រះជាម្ចាស់ដែរ។ នៅវេលានេះ លោកយ៉ូបបានទទួលភាពគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់រំពឹងថាគាត់នឹងទទួលបាន។ លោកបានក្លាយជាមនុស្សម្នាក់ដែលពិតជាស័ក្ដិសមនឹងហៅថា «មនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់» នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ទង្វើសុចរិតរបស់លោកបានអនុញ្ញាតឲ្យលោកឈ្នះសាតាំង និងឈរមាំ ក្នុងទីបន្ទាល់របស់លោកចំពោះព្រះជាម្ចាស់។ ដូច្នេះ ទង្វើសុចរិតរបស់លោក ក៏បានធ្វើឲ្យលោកគ្រប់លក្ខណ៍ និងបានអនុញ្ញាតិឲ្យគុណតម្លៃនៃជីវិតរបស់លោកត្រូវបានលើកកម្ពស់ រួចឡើងខ្ពស់ជាងពេលណាទាំងអស់ ហើយសេចក្ដីទាំងនេះក៏បានធ្វើ ឲ្យលោកក្លាយជាមនុស្សដំបូងគេដែលលែងត្រូវវាយប្រហារ និងត្រូវល្បួងពីសំណាក់មារសាតាំង។ ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើបលោកត្រូវចោទប្រកាន់ និងត្រូវល្បួងពីសំណាក់សាតាំង ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើបលោកត្រូវប្រគល់ទៅក្នុងដៃរបស់សាតាំង ហើយដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើប លោកបានឈ្នះ និងធ្វើឲ្យសាតាំងបរាជ័យបាន ហើយបានឈរមាំក្នុងទីបន្ទាល់របស់លោកបាន។ ដូច្នេះ លោកយ៉ូបក្លាយជាមនុស្សដំបូងគេដែលលែងត្រូវបានប្រគល់ទៅឲ្យសាតាំង លោកពិតជាបានចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយបានរស់នៅក្នុងពន្លឺ នៅក្រោមព្រះពររបស់ព្រះជាម្ចាស់ ដោយពុំមានការឈ្លបអង្កេត ឬពុំមានការបង្ហិនបង្ហោចពីសាតាំងឡើយ...។ លោកបានក្លាយជាមនុស្សពិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយលោកត្រូវបានដោះឲ្យមានសេរីភាព ...

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះជាម្ចាស់កំពុងតែវាយផ្ចាលគាត់ ពេត្រុសបានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! សាច់ឈាមរបស់ទូលបង្គំមិនស្ដាប់បង្គាប់ឡើយ ហើយទ្រង់វាយផ្ចាល និងជំនុំជម្រះទូលបង្គំ។ ទូលបង្គំអរសប្បាយនៅក្នុងការវាយផ្ចាល និងការជំនុំជម្រះរបស់ទ្រង់ ហើយទោះបីជាទ្រង់មិនសព្វព្រះហឫទ័យចង់បានទូលបង្គំក៏ដោយ ប៉ុន្តែ នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ នៅពេលដែលទ្រង់ជំនុំជម្រះទូលបង្គំ ដើម្បីឲ្យអ្នកដទៃអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នៅក្នុងការជំនុំជម្រះរបស់ទ្រង់ ទូលបង្គំមានអារម្មណ៍ពេញចិត្តណាស់។ ប្រសិនបើវាអាចស្ដែងចេញពីនិស្ស័យរបស់ទ្រង់ និងអនុញ្ញាតឲ្យសត្តនិករទាំងអស់មើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយប្រសិនបើវាអាចធ្វើឲ្យសេចក្តីស្រឡាញ់របស់ទូលបង្គំចំពោះទ្រង់កាន់តែបរិសុទ្ធ ដើម្បីឲ្យទូលបង្គំអាចមានលក្ខណៈជាមនុស្សសុចរិត នោះការជំនុំជម្រះរបស់ទ្រង់ គឺជារឿងល្អហើយ ព្រោះថាការជំនុំជម្រះបែបនេះគឺធ្វើឡើងចេញពីព្រះហឫទ័យដ៏ពេញដោយព្រះគុណរបស់ទ្រង់។ ទូលបង្គំដឹងថា នៅក្នុងទូលបង្គំមាននូវសារជាតិបះបោរជាច្រើនទៀត និងដឹងទៀតថា ទូលបង្គំមិនទាន់សក្ដិសមចូលមកចំពោះទ្រង់នៅឡើយទេ។ ទូលបង្គំចង់ឲ្យទ្រង់ជំនុំជម្រះទូលបង្គំកាន់តែច្រើន មិនថាតាមរយៈបរិយាកាសឃោរឃៅ ឬទុក្ខវេទនាដ៏ខ្លាំងនោះឡើយ ហើយមិនថាទ្រង់ធ្វើចំពោះទូលបង្គំបែបណាក៏ដោយ ក៏វាជារឿងមានតម្លៃជានិច្ចដែរ។ សេចក្តីស្រឡាញ់របស់ទ្រង់ជ្រាលជ្រៅណាស់ ហើយទូលបង្គំសុខចិត្តលះបង់ខ្លួននៅក្រោមការចាត់ចែងរបស់ទ្រង់ ដោយគ្មានការរអ៊ូរទាំសូម្បីតែបន្ដិចឡើយ»។ នេះគឺជាចំណេះដឹងរបស់ពេត្រុស ក្រោយពេលដែលគាត់ដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាក៏ជាទីបន្ទាល់មួយអំពីសេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ... នៅជិតចុងបញ្ចប់នៃជីវិតរបស់គាត់ ក្រោយពេលដែលព្រះអង្គបានប្រោសគាត់ឲ្យគ្រប់លក្ខណ៍ ពេត្រុសបានមានប្រសាសន៍ថា៖ «ឱ ព្រះជាម្ចាស់អើយ! ប្រសិនបើទូលបង្គំត្រូវរស់នៅបានពីរបីឆ្នាំទៀត ទូលបង្គំប្រាថ្នាចង់មានសេចក្តីស្រឡាញ់ចំពោះទ្រង់កាន់តែបរិសុទ្ធ និងកាន់តែស៊ីជម្រៅ»។ នៅពេលដែលគាត់រៀបនឹងត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង នៅក្នុងដួងចិត្តរបស់គាត់ គាត់បានអធិស្ឋានថា៖ «ឱ ព្រះជាម្ចាស់អើយ! ឥឡូវនេះ ពេលកំណត់របស់ទ្រង់បានមកដល់ហើយ ដ្បិតពេលវេលាដែលទ្រង់បានរៀបចំសម្រាប់ទូលបង្គំនោះ បានមកដល់ហើយ។ ទូលបង្គំត្រូវតែជាប់ឆ្កាងដើម្បីទ្រង់ ទូលបង្គំត្រូវតែធ្វើបន្ទាល់នេះអំពីទ្រង់ ហើយទូលបង្គំសង្ឃឹមថា សេចក្តីស្រឡាញ់របស់ទូលបង្គំអាចបំពេញតាមលក្ខខណ្ឌរបស់ទ្រង់ និងសង្ឃឹមទៀតថា វាអាចកាន់តែបរិសុទ្ធ។ នៅថ្ងៃនេះ ការដែលទូលបង្គំអាចស្លាប់ និងជាប់ឆ្កាងដើម្បីទ្រង់ គឺជារឿងកំសាន្តចិត្ត និងការធានាអះអាងចំពោះទូលបង្គំ ដ្បិតគ្មានការអ្វីមួយដែលធ្វើឲ្យទូលបង្គំស្កប់ចិត្ត ជាងការដែលទូលបង្គំអាចជាប់ឆ្កាងដើម្បីទ្រង់ និងបំពេញតាមបំណងរបស់ទ្រង់ និងការដែលទូលបង្គំអាចថ្វាយខ្លួន ថ្វាយជីវិតទូលបង្គំដល់ទ្រង់នោះឡើយ។ ឱ ព្រះជាម្ចាស់អើយ! ទ្រង់ពិតជាគួរឲ្យស្រឡាញ់ណាស់! បើទ្រង់អនុញ្ញាតឲ្យទូលបង្គំមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់កាន់តែខ្លាំងជាងមុន។ ដរាបណាទូលបង្គំនៅមានជីវិតរស់ នោះទូលបង្គំនឹងស្រឡាញ់ទ្រង់។ ទូលបង្គំចង់ស្រឡាញ់ទ្រង់កាន់តែស៊ីជម្រៅ។ ទ្រង់ជំនុំជម្រះ និងវាយផ្ចាលនិងសាកល្បងទូលបង្គំ ដោយសារតែទូលបង្គំជាមនុស្សមិនសុចរិត និងដោយសារតែទូលបង្គំបានប្រព្រឹត្តអំពើបាប ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ស្ដែងឲ្យទូលបង្គំមើលឃើញកាន់តែច្បាស់។ នេះគឺជាព្រះពរមួយសម្រាប់ទូលបង្គំ ដ្បិតទូលបង្គំអាចស្រឡាញ់ទ្រង់កាន់តែជ្រាលជ្រៅ ហើយទូលបង្គំសុខចិត្តស្រឡាញ់ទ្រង់បែបនេះ ទោះបីជាទ្រង់មិនស្រឡាញ់ទូលបង្គំក៏ដោយ។ ទូលបង្គំសុខចិត្តសំឡឹងមើលពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដ្បិតវាធ្វើឲ្យទូលបង្គំអាចរស់នៅក្នុងជីវិតដែលកាន់តែមានន័យ។ ទូលបង្គំមានអារម្មណ៍ថា ជីវិតរបស់ទូលបង្គំឥឡូវនេះ កាន់តែមានអត្ថន័យ ដ្បិតទូលបង្គំបានជាប់ឆ្កាងសម្រាប់ជាប្រយោជន៍ដល់ទ្រង់ ហើយវាជាជីវិតមួយដ៏មានន័យ ដែលអាចស្លាប់ដើម្បីទ្រង់បាន។ ប៉ុន្តែ ទូលបង្គំនៅតែមិនទាន់មានអារម្មណ៍ស្កប់ចិត្តនៅឡើយទេ ដ្បិតទូលបង្គំដឹងតិចតួចពេកអំពីទ្រង់ ទូលបង្គំដឹងថា ទូលបង្គំមិនអាចបំពេញតាមបំណងរបស់ទ្រង់ទាំងស្រុង ហើយទូលបង្គំបានតបស្នងសងគុណទ្រង់វិញតែបន្ដិចបន្ដួចប៉ុណ្ណោះ។ នៅក្នុងជីវិតរបស់ទូលបង្គំ ទូលបង្គំគ្មានសមត្ថភាពសងគុណទ្រង់វិញបានទាំងស្រុងឡើយ ដ្បិតទូលបង្គំនៅឆ្ងាយណាស់។ នៅពេលដែលទូលបង្គំក្រឡេកមើលក្រោយក្នុងពេលនេះ ទូលបង្គំមានអារម្មណ៍ថា ទូលបង្គំបានជំពាក់ទ្រង់ច្រើនណាស់ ហើយទូលបង្គំមានតែពេលនេះប៉ុណ្ណោះ ដើម្បីតបស្នងចំពោះកំហុសឆ្គងទាំងប៉ុន្មានរបស់ទូលបង្គំ និងរាល់សេចក្តីស្រឡាញ់ដែលទូលបង្គំមិនទាន់បានតបស្នងចំពោះទ្រង់»។

ដកស្រង់ពី «បទពិសោធន៍របស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. វិធីដែលមនុស្សម្នាក់គួរតែតាមរកសេចក្ដីពិត ដើម្បីសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍

បន្ទាប់៖ ២. ការរងទុក្ខ និងការអធិស្ឋានមានតម្លៃចំពោះព្រះជាម្ចាស់ ដូចគ្នានឹងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអត់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ