តើការជំនុំជម្រះរបស់ព្រះជាម្ចាស់ដើម្បីការបន្សុទ្ធនិងការសង្រ្គោះ ឬដើម្បីការថ្កោលទោស និងការវិនាសសាបសូន្យ?

02-12-2021

ពេលដែលមហន្តរាយរាលដាលពេញផែនដី អ្នកជឿលើព្រះអម្ចាស់បានទន្ទឹងរង់ចាំឲ្យព្រះអម្ចាស់យេស៊ូវយាងមកនៅលើពពក និងនាំពួកគេឡើងទៅលើមេឃ ដើម្បីជួបទ្រង់ និងរួចផុតពីមហន្តរាយ។ តែពួកគេនៅមិនទាន់បានឃើញព្រះអម្ចាស់យេស៊ូវយាងចុះមកលើពពកនៅឡើយទេ ផ្ទុយទៅវិញ ផ្លេកបន្ទោរពីទិសខាងកើតកំពុងតែធ្វើបន្ទាល់ឥតឈប់ថា ទ្រង់បានយាងត្រឡប់មកវិញហើយ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស ដោយសម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សទាំងស្រុង។ ការនេះធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គេគិតថា៖ «ព្រះអម្ចាស់គួរតែនាំពួកអ្នកជឿឡើងទៅលើមេឃជាមុនសិន។ សំខាន់ត្រូវសង្រ្គោះយើងពីមហន្តរាយជាមុនសិន។ ហេតុអ្វីក៏ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ? យើងសុទ្ធតែត្រូវព្រះជាម្ចាស់អត់ទោសបាប និងរាប់ជាសុចរិត ដូច្នេះ តើចាំបាច់អ្វីត្រូវមានការជំនុំជម្រះពីព្រះទៀត»? មនុស្សភាគច្រើនជឿថា នៅគ្រាចុងក្រោយ ការជំនុំជម្រះរបស់ព្រះនឹងផ្តោតទៅលើអ្នកមិនជឿ ការជំនុំជម្រះនោះ គឺជាការថ្កោលទោស និងសេចក្ដីហិនវិនាស ហើយពួកយើងដែលត្រូវបានអត់ទោសបាប នឹងមិនត្រូវទទួលការជំនុំជម្រះឡើយ។ ដូច្នេះ តើការជំនុំជម្រះរបស់ព្រះជាម្ចាស់លើមនុស្សជាតិដើម្បីការបន្សុទ្ធនិងការសង្រ្គោះ ឬដើម្បីការថ្កោលទោស និងការវិនាសសាបសូន្យ? ថ្ងៃនេះ យើងនឹងជជែកគ្នាពីចំណុចនេះ។

តើការជំនុំជម្រះរបស់ព្រះជាម្ចាស់ដើម្បីការបន្សុទ្ធនិងការសង្រ្គោះ ឬដើម្បីការថ្កោលទោស និងការវិនាសសាបសូន្យ?

តែមុនពេលយើងចូលដល់រឿងនេះ សូមពិភាក្សាគ្នាសិន ថាតើមានមូលដ្ឋានព្រះគម្ពីរអំពីការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយដែរឬអត់។ តាមពិត ចំណុចនេះត្រូវបានលើកឡើងក្នុងសេចក្ដីទំនាយជាច្រើនក្នុងព្រះគម្ពីរ ហើយសំខាន់បំផុត នៅក្នុងសេចក្ដីទំនាយចេញពីព្រះឱស្ឋរបស់ព្រះអម្ចាស់ផ្ទាល់តែម្ដង៖ «អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ។ ... ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២២ ២៧)។ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ចូរប្រោសពួកគេឱ្យបានបរិសុទ្ធដោយសេចក្ដីពិតរបស់ទ្រង់ ដ្បិតបន្ទូលរបស់ទ្រង់គឺជាសេចក្ដីពិត» (យ៉ូហាន ១៧:១៧)។ ហើយក៏មានចែងនៅក្នុងគម្ពីរវិវរណៈផងដែរថា៖ «ហើយខ្ញុំបានឃើញទេវតាមួយទៀតហោះនៅកណ្ដាលមេឃ ទាំងមានដំណឹងល្អដ៏អស់កល្ប ដើម្បីប្រកាសទៅកាន់ពួកគេដែលស្ថិតនៅលើផែនដី ព្រមទាំងទៅកាន់គ្រប់ជាតិសាសន៍ គ្រប់អំបូរ គ្រប់ភាសា និងគ្រប់មនុស្ស ដោយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ 'ចូរកោតខ្លាចព្រះជាម្ចាស់ ហើយថ្វាយសិរី‌ល្អដល់ទ្រង់ចុះ ដ្បិតវេលានៃការជំនុំជម្រះរបស់ទ្រង់ជិតមកដល់ហើយ'» (វិវរណៈ ១៦:៦-៧)។ ព្រះបន្ទូលទាំងនេះច្បាស់លាស់ណាស់ មែនទេ? ព្រះអម្ចាស់យាងមកវិញជាសាច់ឈាម ជាបុត្រមនុស្ស ដោយសម្ដែងចេញសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ គ្មានអ្វីត្រូវសង្ស័យពីចំនុចនេះឡើយ។ សេចក្ដីទំនាយទាំងនេះលើកឡើងថា «ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» និង «ទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង»។ ដូច្នេះ មនុស្សអាចឃើញយ៉ាងច្បាស់ថា ព្រះប្រើសេចក្តីពិត ដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ ដើម្បីនាំយើងចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង ដោយឲ្យមនុស្សជាតិរួចផុតពីអំពើបាប និងត្រូវព្រះជាម្ចាស់សង្រ្គោះទាំងស្រុង។ ១ពេត្រុស ៤:១៧ ចែងថា៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់»។ នេះមានន័យថា នៅគ្រាចុងក្រោយ ព្រះធ្វើកិច្ចការជំនុំជម្រះរបស់ទ្រង់ ដោយចាប់ផ្ដើមពីដំណាក់របស់ទ្រង់ កិច្ចការនោះនឹងចាប់ផ្ដើមជាមួយអស់អ្នកដែលបានទទួលយកការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយ។ នេះហើយជាអត្ថន័យនៃការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះនោះ។ អស់អ្នកណាដែលទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវតែទទួលយកការជំនុំជម្រះនៃបន្ទូលព្រះ និងអាចចូលទៅក្នុងនគរទ្រង់បាន នៅពេលគេត្រូវបានបន្សុទ្ធហើយប៉ុណ្ណោះ។ អស់អ្នកណាដែលអះអាងថាខ្លួនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា តែមិនត្រូវបានបន្សុទ្ធតាមរយៈការជំនុំជម្រះ ទីបំផុត នឹងត្រូវលុបបំបាត់ និងបំផ្លាញនៅក្នុងមហន្តរាយមិនខាន។ អ្នកមិនជឿនឹងត្រូវបានដោះស្រាយតាមរយៈមហន្តរាយ ព្រោះថាអ្នកណាដែលបដិសេធការជំនុំជម្រះរបស់ព្រះ នឹងមិនអាចត្រូវបានបន្សុទ្ធ ឬទទួលបានសេចក្ដីសង្រ្គោះឡើយ។ ពួកគេនឹងត្រូវថ្កោលទោស ហើយក្រោយមកត្រូវវិនាស។ យើងអាចមើលឃើញតាមរយៈចំណុចនេះថា កិច្ចការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយ គឺដើម្បីសង្រ្គោះមនុស្សឲ្យបានច្រើនបំផុត។ មិនថាពួកគេជាអ្នកជឿលើព្រះអម្ចាស់ឬអត់ឡើយ ដរាបណាពួកគេទទួលយកការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងត្រូវបានបន្សុទ្ធ នោះពួកគេជាអ្នកដែលត្រូវព្រះជាម្ចាស់សង្រ្គោះទាំងស្រុង។ អ្នកណាដែលបដិសេធកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នឹងត្រូវថ្កោលទោស និងលុបបំបាត់ ហើយមានតែធ្លាក់ទៅក្នុងមហន្តរាយប៉ុណ្ណោះ។ ពេលពិនិត្យលទ្ធផលនៃកិច្ចការជំនុំជម្រះរបស់ព្រះ តើត្រឹមត្រូវដែរឬទេដែលប្រៀបប្រដូចវាទៅនឹងការថ្កោលទោស និងការវិនាសសាបសូន្យ? នោះជាកំហុសដ៏ធំមួយ។ កិច្ចការរបស់ព្រះដែលនាំអ្នកជឿទៅក្នុងនគរព្រះ ត្រូវបានធ្វើឡើងដោយសេចក្ដីសង្រ្គោះទាំងស្រុង តាមរយៈការជំនុំជម្រះ និងការបន្សុទ្ធ។ តើនេះមិនមានអត្ថន័យអស្ចារ្យទេឬ? ចុះហេតុអ្វីក៏មនុស្សជាច្រើនមើលមិនឃើញចំណុចនេះអ៊ីចឹង? បើការជំនុំជម្រះរបស់ព្រះគឺដើម្បីថ្កោលទោស និងដាក់ទោសមនុស្ស តើកិច្ចការនោះមានសារៈសំខាន់អ្វីទៅ? ព្រះជាម្ចាស់គ្រាន់តែបង្អុរមហន្តរាយចុះមក និងធ្វើឲ្យមនុស្សវិនាសអស់ទៅបានហើយ។ ចុះហេតុអ្វីខំប្រឹងធ្វើកិច្ចការនេះទៀត? មនុស្សជាច្រើនឮអំពីកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយមិនទាំងយកភ្នែកមើលផង តែបែរជាវិនិច្ឆ័យ និងថ្កោលទោសទៅវិញ។ តើនោះមិនក្រអឺតក្រទមទេឬ? អ្នកជឿលើព្រះអម្ចាស់សុទ្ធតែថ្វាយបង្គំព្រះគម្ពីរ និងពឹងផ្អែកតាមព្រះគម្ពីរគ្រប់យ៉ាង។ ហេតុអ្វីគេមើលមិនឃើញថា កិច្ចការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយស្របតាមព្រះគម្ពីរទាំងស្រុងអ៊ីចឹង? ក៏មានសេចក្ដីទំនាយជាច្រើនក្នុងព្រះគម្ពីរអំពីព្រះជាម្ចាស់បំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយផងដែរ។ ហេតុអ្វីក៏ពួកគេមិនចាប់អារម្មណ៍ពីសេចក្ដីទំនាយទាំងនោះ? មិនថាអ្នកយល់ឃើញបែបណាទេ នរណាម្នាក់ដែលមិនទទួលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺជាមនុស្សខ្វាក់ និងល្ងង់ខ្លៅ ហើយមិនយល់ពីព្រះគម្ពីរឡើយ។ ពួកគេសុទ្ធតែក្រអឺតក្រទម និងគ្មានហេតុផល។ ពួកគេមិនបានទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយទេ ហើយបានបាត់បង់ឱកាសនឹងត្រូវបានលើកឡើងមុនមហន្តរាយរួចទៅហើយ។ ការនេះសម្រេចតាមសេចក្ដីទំនាយរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ដ្បិតនឹងឱ្យដល់អ្នកណាដែលមាន ហើយគេនឹងមានជាបរិបូរ តែចំពោះអ្នកណាដែលគ្មានវិញ នោះនឹងត្រូវដកយក សូម្បីតែអ្វីដែលអ្នកនោះមានផង។ ហើយបណ្ដេញអ្នកបម្រើដែលគ្មានប្រយោជន៍ទៅក្នុងទីងងឹតនៅខាងក្រៅ ជាទីដែលនឹងយំ ហើយសង្កៀតធ្មេញ» (ម៉ាថាយ ២៥:២៩-៣០)។

ហេតុអ្វីក៏អ្នកជឿត្រូវឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះជាម្ចាស់? នោះជាអាថ៌កំបាំងមួយទៀតដែលមនុស្សភាគច្រើនមិនយល់ សូមមើលបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាអំពីចំណុចនេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» (អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ... នេះគឺជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

បន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដាចែងច្បាស់ណាស់។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការប្រោសលោះ ដោយបានបញ្ចប់ត្រឹមពាក់កណ្ដាលទីមួយនៃកិច្ចការសង្រ្គោះរបស់ទ្រង់ប៉ុណ្ណោះ។ ជំនឿលើព្រះអម្ចាស់ មានន័យថា អំពើបាបរបស់មនុស្សត្រូវបានអត់ទោស ហើយពួកគេនឹងមិនត្រូវថ្កោលទោសក្រោមក្រឹត្យវិន័យទេ ហើយពួកគេត្រូវបានអនុញ្ញាតឲ្យមកចំពោះព្រះអម្ចាស់ ដើម្បីអធិស្ឋាន និងទាក់ទងជាមួយទ្រង់ ដើម្បីទទួលបានព្រះគុណ និងព្រះពររបស់ទ្រង់។ នេះជាលទ្ធផលដែលកិច្ចការប្រោសលោះសម្រេចបាន។ តែទោះបីអំពើបាបរបស់គេត្រូវបានអត់ទោសក្ដី ក៏មនុស្សនៅតែបន្តនិយាយកុហក និងប្រព្រឹត្តបាប នៅតែខំដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មានចិត្តច្រណែន និងមួលបង្កាច់ វិនិច្ឆ័យគេ និងមានចិត្តស្អប់ដដែល។ ពួកគេចង់អនុវត្តតាមបន្ទូលព្រះអម្ចាស់ តែធ្វើមិនបាន។ ពួកគេកំពុងរស់នៅក្នុងវដ្ដនៃការប្រព្រឹត្តបាបឥតឈប់ លន់តួបាប និងប្រព្រឹត្តបាបដដែលៗ ដោយមិនអាចគេចផុតទាំងស្រុង។ ការនេះបង្ហាញថា ទោះបីព្រះអម្ចាស់បានអត់ទោសបាបរបស់មនុស្សក៏ដោយ ក៏ធម្មជាតិបាបរបស់យើងនៅតែស្ថិតក្នុងខ្លួនយើងដដែល។ នេះជាធម្មជាតិ និងនិស្ស័យបែបសាតាំងរបស់យើងដែលជំរុញឲ្យយើងប្រព្រឹត្តបាប។ បើឫសគល់នៃអំពើបាបមិនត្រូវបានដោះស្រាយទេ មិនថាអំពើបាបរបស់មនុស្សម្នាក់ត្រូវបានអត់ទោសច្រើនដងប៉ុនណាទេ ក៏គេនឹងអាចរួចផុតពីអំពើបាប និងក្លាយជាបរិសុទ្ធដែរ។ ពួកគេមានតែបន្តប្រព្រឹត្តបាប និងទាស់នឹងព្រះប៉ុណ្ណោះ។ សូមគិតអំពីពួកផារីស៊ីចុះ។ ពួកគេបានថ្វាយបង្គំព្រះនៅក្នុងព្រះវិហារ ហើយតែងតែថ្វាយយញ្ញបូជា តែពួកគេមិនទទួលយកព្រះអម្ចាស់យេស៊ូវឡើយ ពេលដែលទ្រង់បានលេចមក និងធ្វើការ។ ពួកគេបានទាស់ទទឹង និងថ្កោលទោសទ្រង់យ៉ាងខ្លាំង ហើយថែមទាំងឆ្កាងទ្រង់ទៀត ដោយបានប្រព្រឹត្តអំពើបាបដ៏សាហាវឃោរឃៅ។ តើចំណុចនេះបង្ហាញយើងអ្វីខ្លះ? តាមធម្មជាតិបែបសាតាំង មិនថាបុគ្គលម្នាក់ថ្វាយតង្វាយលោះបាបដើម្បីការអត់ទោសច្រើនដងប៉ុនណាឡើយ ក៏គេនៅតែបន្តធ្វើអាក្រក់ដដែល។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងសម្ដែងចេញព្រះបន្ទូលនៃសេចក្តីពិតរាប់លាន ធ្វើកិច្ចការជំនុំជម្រះដោយចាប់ផ្ដើមពីដំណាក់របស់ព្រះ។ ទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុម នៅមុនមហន្តរាយ ដោយបង្ហាញពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះទាំងស្រុង និងធ្វើឲ្យពិភពលោកទាំងមូលរញ្ជួយ។ ដូច្នេះ អ្នកកាន់សាសនាជាច្រើនមិនស្វែងរក ឬសិក្សាសោះឡើយ តែបែរជាប្រកាន់តាមសញ្ញាណរបស់ខ្លួនទៅវិញ ដោយធ្វើគ្រប់យ៉ាង ដើម្បីថ្កោលទោស ទាស់ទទឹង និងប្រមាថដល់កិច្ចការថ្មីរបស់ព្រះ ដោយហ៊ានឆ្កាងព្រះគ្រីស្ទ ដែលសម្ដែងចេញសេចក្តីពិតជាថ្មីម្ដងទៀត។ នេះបង្ហាញថា ទោះបីអំពើបាបមនុស្សត្រូវបានអត់ទោសហើយក្ដី តែដោយសារធម្មជាតិបែបសាតាំងរបស់គេ ពួកគេនៅតែទាស់ទទឹងនឹងព្រះយ៉ាងខ្លាំង និងចាត់ទុកទ្រង់ជាសត្រូវ មិនចុះសម្រុងគ្នាឡើយ។ និស្ស័យសុចរិត បរិសុទ្ធរបស់ព្រះនឹងមិនអត់ឱនចំពោះការប្រមាថនោះឡើយ ដូច្នេះ តើទ្រង់នឹងនាំមនុស្សដែលត្រូវបានអត់ទោសហើយ តែបន្តប្រព្រឹត្តបាប និងទាស់នឹងទ្រង់ ចូលទៅក្នុងនគរទ្រង់ដែរឬទេ? ច្បាស់ជាអត់ហើយ។ ព្រះអម្ចាស់យេស៊ូវមានបន្ទូលថា៖ «ខ្ញុំសូមប្រាប់អ្នកជាប្រាកដថា អ្នកណាដែលប្រព្រឹត្តអំពើបាប អ្នកនោះជាអ្នកបម្រើអំពើបាបហើយ។ ហើយអ្នកបម្រើមិននៅក្នុងផ្ទះរហូតទេ៖ ប៉ុន្តែ បុត្រាគង់នៅជាដរាបវិញ» (យ៉ូហាន ៨:៣៤-៣៥)។ «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ ហើយព្រះគម្ពីរក៏ចែងដែរថា៖ «ដ្បិតបើគ្មានភាពបរិសុទ្ធទេ នោះគ្មាននរណានឹងឃើញព្រះអម្ចាស់ឡើយ» (ហេព្រើរ ១២:១៤)។ «ដ្បិតប្រសិនបើយើងប្រព្រឹត្តបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្ដីពិតហើយ នោះគ្មានតង្វាយលោះបាបទៀតឡើយ» (ហេព្រើរ ១០:២៦)។ និស្ស័យបរិសុទ្ធ សុចរិតរបស់ព្រះមិនអាចបំពានបានទេ។ អ្នកណាដែលប្រឆាំងនឹងព្រះ នឹងត្រូវទទួលទោស និងវិនាស ហើយមិនត្រូវអនុញ្ញាតឲ្យចូលក្នុងនគរព្រះឡើយ។ ហេតុនេះហើយពេលព្រះអម្ចាស់យេស៊ូវសន្យាថា ទ្រង់នឹងយាងត្រឡប់មកវិញនៅគ្រាចុងក្រោយ គឺមិនមែនដើម្បីនាំយើងទៅស្ថានសួគ៌ទេ ហើយក៏មិនមែនដើម្បីថ្កោលទោស និងបំផ្លាញពួកអ្នកជឿដោយមហន្តរាយដោយផ្ទាល់ដែរ។ នោះគឺដើម្បីសម្ដែងចេញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដើម្បីធម្មជាតិ និងនិស្ស័យបែបសាតាំងរបស់មនុស្ស ដើម្បីសង្រ្គោះមនុស្សជាតិពីអំពើអាក្រក់ និងកម្លាំងរបស់សាតាំងជាមុន ដូច្នេះ យើងអាចបែរទៅរកព្រះទាំងស្រុង ហើយត្រូវបានទ្រង់ទទួល រួចក៏ត្រូវនាំទៅក្នុងនគររបស់ទ្រង់។ ពេលនោះ កិច្ចការសង្រ្គោះរបស់ព្រះនឹងត្រូវបញ្ចប់។ បើការជំនុំជម្រះរបស់ព្រះគ្រាន់តែដើម្បីថ្កោលទោស និងបំផ្លាញមនុស្សជាតិ ដូចដែលមនុស្សនឹកស្រមៃ ដូច្នេះ តើនរណានឹងបានរួចផុតពីភាពជាមនុស្សពុករលួយទៅ? តើនៅទីបញ្ចប់ គ្រប់គ្នានឹងមិនត្រូវព្រះធ្វើឲ្យវិនាសអស់ទៅដោយព្រោះការប្រព្រឹត្តបាប និងការប្រឆាំងនឹងទ្រង់ទេឬអី? បើពិតជាបែបនោះមែន តើផែនការរបស់ព្រះ ដើម្បីសង្គ្រោះមនុស្ស នឹងមិនឥតបានការទៅហើយទេ? ហេតុនេះហើយព្រះបានយកកំណើតជាមនុស្សម្ដងទៀតនៅគ្រាចុងក្រោយ ស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សជាតិ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាលាក់កំបាំងដោយបន្ទាបខ្លួននៅក្នុងចំណោមមនុស្ស ហើយសម្ដែងចេញសេចក្តីពិតជាច្រើន ដោយធ្វើកិច្ចការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះ ដើម្បីបន្សុទ្ធ និងសង្រ្គោះអ្នកណាដែលទទួលយកការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយ។ បែបនេះ ទើបយើងអាចរួចផុតពីអំពើអាក្រក់ និងត្រូវបានបន្សុទ្ធ ទើបមានតម្លៃនាំចូលទៅក្នុងនគរព្រះ។ កិច្ចការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយ មិនមែនជាការថ្កោលទោស ឬការបំផ្លាញមនុស្សជាដាច់ខាច តែកិច្ចការទាំងមូលគឺជាការបន្សុទ្ធ និងការសង្រ្គោះ។ សំខាន់ត្រូវយល់ពីបំណងព្រះហឫទ័យព្រះ។ កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះសម្រាប់ការសង្រ្គោះរបស់មនុស្ស គឺជាជំហានដ៏សំខាន់បំផុតរបស់ទ្រង់ ហើយការទទួលយកការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាផ្លូវតែមួយគត់ ដែលយើងអាចរួចផុតពីសេចក្តីពុករលួយ ត្រូវបានបន្សុទ្ធ និងបានសង្រ្គោះពីមហន្តរាយ។

គេអាចលើកជាសំណួរថា៖ តើព្រះដ៏មានគ្រប់ព្រះចេស្ដាបន្សុទ្ធ និងសង្គ្រោះមនុស្សជាតិតាមរយៈកិច្ចការជំនុំជម្រះដោយរបៀបណាទៅ? យើងអាចរកឃើញចម្លើយនៅក្នុងព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«តើព្រះជាម្ចាស់ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍តាមមធ្យោបាយណាខ្លះទៅ? វាអាចសម្រេចបានតាមរយៈមធ្យោបាយនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មាននូវធាតុផ្សំជាចម្បង ដូចជាសេចក្តីសុចរិត សេចក្តីក្រោធ ឫទ្ធានុភាព ការជំនុំជម្រះ និងការដាក់បណ្ដាសា ហើយទ្រង់ប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ ជាចម្បងតាមរយៈមធ្យោបាយនៃការជំនុំជម្រះរបស់ទ្រង់។ មនុស្សមួយចំនួនមិនយល់ បែរជាសួរអំពីហេតុផលដែលនាំឲ្យព្រះជាម្ចាស់អាចប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ តាមរយៈការជំនុំជម្រះ និងការដាក់បណ្ដាសា។ ពួកគេនិយាយថា 'ប្រសិនបើព្រះជាម្ចាស់ត្រូវដាក់បណ្ដាសាមនុស្ស តើមនុស្សនឹងមិនស្លាប់ទេឬអី? ប្រសិនបើព្រះជាម្ចាស់ត្រូវជំនុំជម្រះមនុស្ស នោះតើមនុស្សនឹងមិនត្រូវមានទោសទេឬអី? បើដូច្នេះ តើគេអាចនៅតែត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍យ៉ាងដូចម្ដេចកើតទៅ?' ទាំងនេះគឺជាពាក្យរបស់មនុស្សដែលមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អ្វីដែលព្រះជាម្ចាស់ដាក់បណ្ដាសា គឺជាការមិនស្ដាប់បង្គាប់របស់មនុស្ស ហើយអ្វីដែលទ្រង់ជំនុំជម្រះ គឺជាអំពើបាបរបស់មនុស្ស។ ទោះបីជាព្រះអង្គមានបន្ទូលគំរោះគំរើយ និងគ្មានក្ដីមេត្តាក៏ដោយ ក៏ទ្រង់បើកសម្ដែងនូវអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុងមនុស្ស ដោយបើកសម្ដែងតាមរយៈព្រះបន្ទូលដ៏ប្រិតប្រៀនទាំងនេះ ដែលមានសារៈសំខាន់នៅក្នុងមនុស្សដែរ ប៉ុន្តែ តាមរយៈការជំនុំជម្រះបែបនេះ ទ្រង់ប្រទានដល់មនុស្សនូវចំណេះដឹងដ៏ជ្រាលជ្រៅអំពីសារជាតិនៃសាច់ឈាម ហើយជាលទ្ធផល មនុស្សក៏ចុះចូលចំពោះព្រះជាម្ចាស់» («មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលខូចអាក្រក់ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមក ធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឲ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឲ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុង អំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក មធ្យោបាយក្នុងការសង្គ្រោះអ្នក រាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយប្រដៅ និងការកាត់ទោស ដើម្បីឲ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបានគឺជាការវាយប្រដៅ ការកាត់ទោស និងការវាយផ្ចាលឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ចាលដ៏កាចសាហាវនេះ គឺឥតមានការ ដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជា សាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថា ខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថា ការកាត់ទោសដ៏សុចរិត ឬជាការបន្សុទ្ធ និងការ វាយប្រដៅដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូក ឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយគោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺ ជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើង ដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ» («អ្នកគប្បីទុកព្រះពរអំពីឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះជាម្ចាស់ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឲ្យមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

ក្រោយបានអានបន្ទូលរបស់ព្រះរួចមក តើយើងមិនច្បាស់ជាងមុនពីរបៀបដែលព្រះអនុវត្តកិច្ចការជំនុំជម្រះរបស់ទ្រង់ទេឬ? មនុស្សជាច្រើនមិនយល់ពីកិច្ចការរបស់ព្រះឡើយ ដូច្នេះ ពេលពួកគេឃើញពាក្យថា ការជំនុំជម្រះ និងការវាលផ្ចាល ពួកគេគិតដល់ការថ្កោលទោស និងការដាក់ទោសរបស់ព្រះ។ គំនិតបែបនេះគឺខុសហើយ។ នៅក្រោមក្រឹត្យវិន័យ ការជំនុំជម្រះគឺដើម្បីដាក់កម្រិតឥរិយាបថ តាមរយៈការដាក់ទោស តែវាមិនដោះស្រាយធម្មជាតិមានបាបរបស់មនុស្សឡើយ។ តែការជំនុំជម្រះរបស់ព្រះ ជាចម្បង ស្ដីពីការសម្ដែងចេញសេចក្តីពិត ដើម្បីជំនុំជម្រះ និងបើកសម្ដែងធម្មជាតិ និងនិស្ស័យបែបសាតាំងខាងក្នុងខ្លួនយើង ហើយបន្ទាប់មក ប្រើគ្រប់មធ្យោបាយ ដូចជា ការដោះស្រាយជាមួយ ការប្រៀនប្រដៅ និងការសាកល្បងយើង ដើម្បីលាតត្រដាងពីយើង។ ធ្វើបែបនេះ ទើបយើងអាចមើលឃើញពីសារជាតិពុករលួយរបស់យើង ឃើញពីភាពជាក់ស្ដែងនៃសេចក្តីពុករលួយរបស់យើង ក្រោយមក យើងក៏ស្អប់ខ្លួនឯង បែរខ្នងដាក់សាច់ឈាម អនុវត្តតាមសេចក្តីពិត និងប្រែចិត្តដ៏ពិត។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកសម្ដែងនូវលក្ខណៈ និស្ស័យបែបសាតាំងរបស់មនុស្ស បំណងដ៏ថោកទាប ភាពកខ្វក់ពុករលួយរបស់យើង និងទស្សនៈដ៏គួរឲ្យអស់សំណើច។ ដោយប្រឈមនឹងការជំនុំជម្រះពីបន្ទូលព្រះ យើងឃើញថា នៅក្នុងជំនឿយើង យើងគ្រាន់តែស្រេកឃ្លានចង់បានព្រះពរប៉ុណ្ណោះ គ្មានភាពស្មោះសរចំពោះព្រះឡើយ។ យើងលះបង់តិចតួច បង់ថ្លៃតិចតួច ហើយគិតថា យើងមានសិទ្ធិទទួលបានព្រះគុណព្រះ និងចូលទៅក្នុងនគរព្រះ។ តែពេលជួបការល្បងល យើងស្ដីបន្ទោសព្រះ និងសួររកហេតុផលជាមួយព្រះ ហើយថែមទាំងលែងចង់ធ្វើការថ្វាយទ្រង់ទៀតផង។ យើងមិនស្ដាប់បង្គាប់ទ្រង់ឡើយ។ ច្បាស់ណាស់ យើងខ្វះតថភាពនៃសេចក្តីពិត តែបានត្រឹមបន្តកាន់តាមគោលលទ្ធិ ដើម្បីសម្ញែង និងទទួលការកោតសរសើរប៉ុណ្ណោះ។ យើងកំពុងការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់យើង ហើយមិនយល់ស្របជាមួយអ្នកដទៃ ទោះបីជាយើងដឹងថា ទស្សនៈរបស់គេស្របតាមសេចក្តីពិតក៏ដោយ។ យើងក្រអឺតក្រទម ក្បាលរឹង ខ្វះភាពជាមនុស្ស និងគ្មានហេតុផលសោះឡើយ។ តាមរយៈការជំនុំជម្រះពីបន្ទូលព្រះ យើងឃើញពីរបៀបដែលសាតាំងធ្វើឲ្យយើងពុករលួយយ៉ាងខ្លាំង ឃើញថា យើងក្រអឺតក្រទម បញ្ឆោត និងអាក្រក់ ហើយយើងរស់នៅក្នុងលក្ខណៈរបស់អារក្ស។ យើងគ្មានកន្លែងលាក់ខ្លួន និងមានអារម្មណ៍អាម៉ាស់។ ជាមួយនឹងការសោកស្ដាយ យើងអធិស្ឋាន និងជេរខ្លួនឯង ហើយចង់ឈប់រស់នៅក្នុងសេចក្តីពុករលួយបែបសាតាំងរបស់យើង។ យើងក៏ដកពិសោធន៍ពីសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះដែរ ថាទ្រង់នឹងពិនិត្យ និងលាតត្រដាងសេចក្តីពុករលួយណាមួយដែលយើងមាន ថានិស្ស័យរបស់ទ្រង់មិនអាចប្រមាថបានឡើយ ហើយយើងមុខជាត្រូវទទួលទោស បើយើងមិនប្រែចិត្ត និងមិនផ្លាស់ប្ដូរ។ ក្រោយមក យើងមានការគោរពចំពោះព្រះ។ បន្ទាប់ពីត្រូវបានជំនុំជម្រះ វាយផ្ចាល លួសកាត់ ដោះស្រាយជាមួយ សាកល្បង និងបន្សុទ្ធជាច្រើនដងរួចមក និស្ស័យពុករលួយរបស់យើង ត្រូវបានបន្សុទ្ធ និងផ្លាស់ប្ដូរបន្ដិចម្ដងៗ។ យើងកាន់តែបន្ទាបខ្លួន កាន់តែមានហេតុផលនៅក្នុងការនិយាយស្ដី និងទង្វើ។ យើងទទួលយក និងចុះចូលនឹងអ្វីដែលស្របតាមសេចក្តីពិត មិនថាវាចេញមកពីនរណាឡើយ ហើយយើងមានភាពកខ្វក់កាន់តែតិចទៅៗនៅក្នុងភារកិច្ចរបស់យើង។ ទោះមាន ឬគ្មានព្រះពររបស់ព្រះ ហើយមិនថាលទ្ធផល និងទិសដៅចុងក្រោយរបស់យើងបែបណាទេ យើងរីករាយនឹងចុះចូលចំពោះព្រះ និងបំពេញភារកិច្ច ជាភាវៈដែលបានបង្កើតមក។ តាមរយៈការជំនុំជម្ររបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ទីបំផុត យើងអាចរួចពីអំពើបាប រស់នៅក្នុងលក្ខណៈជាមនុស្សដ៏ពិត និងទទួលបានសេរីភាពពិតប្រាកដ។ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះ គឺពិតជាសេចក្ដីស្រឡាញ់ និងសេចក្ដីសង្រ្គោះដ៏ធំធេងរបស់ទ្រង់ចំពោះមនុស្សជាតិមែន! បើគ្មានវាទេ យើងនឹងមិនដែលស្គាល់ខ្លួនឯង ហើយយើងនឹងមិនដែលមើលឃើញពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់យើងឡើយ។ យើងនឹងបន្តរស់នៅក្នុងសុបិនរបស់យើង ដោយគិតថា យើងមានសិទ្ធិចូលក្នុងនគរព្រះ ដោយសារតែអំពើបាបរបស់យើងត្រូវបានអត់ទោស ដោយរង់ចាំឲ្យព្រះអម្ចាស់លើកយើងឡើង ដើម្បីទទួលព្រះពរពីទ្រង់។ នោះពិតជាល្ងីល្ងើ និងគ្មានកេរ្តិ៍ខ្មាសមែន។ យើងបានដកពិសោធន៍ថា ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាផ្លូវតែមួយគត់ ដើម្បីកម្ចាត់សេចក្តីពុករលួយ ត្រូវបានបន្សុទ្ធ និងចូលទៅក្នុងនគរព្រះ។ អ្នកអាចនិយាយថា ការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាផ្លូវតែមួយគត់របស់យើង ដើម្បីបានរួចផុតពីបាប ត្រូវបានព្រះសង្រ្គោះទាំងស្រុង ហើយបន្ទាប់មក ចូលទៅក្នុងនគរព្រះ។ ដូចព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ ប្រសិនបើគេចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យ និងបំពេញតាមភារកិច្ចរបស់ខ្លួនក្នុងនាមជាសត្តនិករម្នាក់ នោះគេត្រូវតែទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបណ្ដោយឲ្យការលត់ដំ និងការផ្ចាញ់ផ្ចាលរបស់ព្រះជាម្ចាស់ឃ្លាតឆ្ងាយចេញពីគេឡើយ ដើម្បីឲ្យគេអាចរួចខ្លួនចេញពីការបង្គាប់បញ្ជា និងឥទ្ធិពលរបស់អារក្សសាតាំង ហើយរស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ចូរដឹងថា ការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាពន្លឺ ពោលគឺជាពន្លឺនៃសេចក្តីសង្រ្គោះរបស់មនុស្ស និងដឹងទៀតថា វាគ្មានព្រះពរ ព្រះគុណ ឬការការពារណាដែលប្រសើរជាងនេះសម្រាប់មនុស្សឡើយ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

បីទសវត្សរ៍ហើយ ចាប់តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាចាប់ផ្ដើមធ្វើកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយមក។ រាស្ត្ររើសតាំងជាច្រើនរបស់ព្រះកំពុងឆ្លងកាត់ការនេះ បានរួចពីសេចក្តីពុករលួយ និងត្រូវបានបន្សុទ្ធបន្តិចម្ដងៗ ហើយអ្នកមានជ័យជម្នះមួយក្រុមត្រូវបានបង្កើតឡើង នៅមុនមហន្តរាយ។ ពួកគេមានទីបន្ទាល់ដ៏ល្អអំពីការរួចផុតពីអំពើបាប និងត្រូវបានសង្រ្គោះ ដូចជាការយកឈ្នះសាតាំង តាមរយៈការបៀតបៀន និងទុក្ខលំបាក ការប្រែចិត្តដ៏ពិត តាមរយៈការជំនុំជម្រះ និងការវាយផ្ចាលចេញពីបន្ទូលរបស់ព្រះ ការអនុវត្តតាមសេចក្តីពិត និងការក្លាយជាមនុស្សស្មោះត្រង់ ការចុះចូលនឹងព្រះ តាមរយៈការល្បងល និងការបន្សុទ្ធ ជាដើម។ ទីបន្ទាល់ទាំងនេះត្រូវបានផលិតចេញជាវីដេអូ ដែលមានលើអនឡាញ ដោយធ្វើបន្ទាល់ទៅកាន់ពិភពលោកអំពីកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ ដើម្បីឲ្យគ្រប់គ្នាអាចបើកភ្នែករបស់គេ ហើយជឿជាក់ទាំងស្រុង។ មនុស្សកាន់តែច្រើនឡើងៗដែលស្រឡាញ់សេចក្តីពិត មកពីគ្រប់ប្រទេស និងគ្រប់និកាយ ស្គាល់ព្រះសូរសៀងព្រះ នៅក្នុងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងមកចំពោះបល្ល័ង្ករបស់ព្រះ។ ដំណឹងល្អអំពីនគរព្រះបានសាយភាយក្នុងពិភពលោក ហើយហៀបនឹងបង្កើតផលផ្លែយ៉ាងអស្ចារ្យ។ ច្បាស់ណាស់ ការជំនុំជម្រះរបស់ព្រះនៅគ្រាចុងក្រោយ ដែលចាប់ផ្ដើមពីដំណាក់របស់ទ្រង់កំពុងតែសម្រេចហើយ។ មហន្តរាយកំពុងតែបង្អុរមកដូចភ្លៀង ហើយអ្នកណាដែលបើកភ្នែក អាចមើលឃើញថា មហន្តរាយដ៏ធំបានចាប់ផ្ដើមហើយ។ អ្នកណាដែលទទួលការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងត្រូវបានបន្សុទ្ធពីសេចក្ដីពុករលួយរបស់ខ្លួន នឹងទទួលការការពារឆ្លងផុតមហន្តរាយ ហើយចូលទៅក្នុងនគរព្រះ។ អ្នកណាដែលគិតតែពីព្រះពរ និងការចូលទៅក្នុងនគរព្រះ ដោយមិនទទួលយកសេចក្តីពិត និងការជំនុំជម្រះ ឬការបន្សុទ្ធរបស់ព្រះ គឺជាស្រងែ ជាអ្នកមិនជឿ ដែលត្រូវបានលាតត្រដាងដោយកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយ។ ព្រះបានថ្កោលទោសពួកគេរួចហើយ ហើយពួកគេនឹងធ្លាក់នរក ទទួលទោស ពេលដែលមហន្តរាយមកដល់។ ការនេះសម្រេចតាមបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា៖ «កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាការលេចមកជាសាធារណៈរបស់ព្រះអាទិត្យ នៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក ប៉ុន្តែអ្នកតោងដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏ជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីទទួលទុក្ខទោសដែរ។ គ្រានោះនឹងក្លាយជាគ្រាចុងក្រោយនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ជាគ្រាដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់ទៅ មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាពេលដែលមានតែការបើកសម្ដែងអំពីសេចក្ដីពិតតែប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយត្រូវបានបន្សុទ្ធ នឹងត្រូវត្រឡប់មកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនយាងចុះមកដោយជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលបង្ហាញទីសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលប្រកាសពីការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបង្ហើបប្រាប់ពីផ្លូវពិត និងជីវិត។ ដូច្នេះ គឺមានតែព្រះយេស៊ូវទេ ទើបអាចចាត់ការពួកគេបាន នៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហ នៅលើពពកស។ ពួកគេចចេសរឹងរូស មានភាពជឿជាក់លើខ្លួនឯង និងក្រអឺតក្រទមណាស់។ តើមនុស្សអាក្រក់បែបនេះ អាចនឹងទទួលរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបាន?» («ទម្រាំដល់ពេលដែលអ្នកបានឃើញព្រះកាយខាងវិញ្ញាណ របស់ព្រះយេស៊ូវពីចម្ងាយ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

«អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ (ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ) នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយទៅត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបសម្អាតសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវសម្អាតឲ្យបានស្អាត និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមកពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងមានមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ... គោលបំណងទាំងស្រុងនៃកិច្ចការរបស់ចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់» («ព្រះជាម្ចាស់និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

សព្វថ្ងៃនេះ ជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅទូទាំងពិភពលោក ហើយគ្រោះមហន្តរាយនានា ក៏ចេះតែធ្ងន់ធ្ងរទៅៗដែរ។ យើងបានឃើញពីគ្រោះរញ្ជួយដី គ្រោះអត់ឃ្លាន...

ការស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត

ថ្ងៃនេះ ខ្ញុំចង់និយាយអំពី របៀបស្គាល់ព្រះគ្រីស្ទក្លែងក្លាយពីព្រះគ្រីស្ទពិត។ អ្នកខ្លះអាចសួរអំពី អ្វីដែលត្រូវធ្វើជាមួយជំនឿរបស់យើងលើព្រះ។...

តើពិតទេដែលថា កិច្ចការ និងបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ សុទ្ធតែមាននៅក្នុងព្រះគម្ពីរ?

ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។...

តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

រយៈពេល ៣០ ឆ្នាំពេញ តាំងពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយចាប់ផ្ដើមធ្វើកិច្ចការ និងសម្ដែងចេញសេចក្ដីពិតនៅឆ្នាំ...