មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

ព្រះជាម្ចាស់បានត្រលប់​ជាសាច់ឈាម ដោយសារតែកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ មិនមែនជាវិញ្ញាណរបស់សាតាំង ឬអ្វីមួយអរូបិយឡើយ ប៉ុន្តែ ជាមនុស្ស ដែលចេញមកពីសាច់ឈាម ហើយត្រូវបានសាតាំងធ្វើឲ្យពុករលួយ​។ ដោយសារតែសាច់ឈាមរបស់មនុស្សត្រូវបានពុករលួយនោះហើយ ទើបព្រះជាម្ចាស់បានដាក់មនុស្សខាងសាច់ឈាមជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ហើយ​លើសពីនេះ ដោយសារតែមនុស្សជាកម្ម​វត្ថុនៃសេចក្តីពុករលួយ ព្រះជាម្ចាស់បានជ្រើសរើសយកមនុស្ស ដើម្បីក្លាយជាកម្មវត្ថុតែមួយគត់នៃកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលទាំងអស់នៃកិច្ចការសង្រ្គោះរបស់ទ្រង់។ មនុស្សជាភាវៈមានសាច់ និងឈាមមួយដែលរមែងតែងនឹងស្លាប់ ហើយព្រះជាម្ចាស់ជាព្រះតែមួយគត់ដែលអាចសង្រ្គោះមនុស្សបាន។ តាម​បៀបនេះ ព្រះជាម្ចាស់ត្រូវតែត្រលប់​ជាសាច់ឈាម ដែលមានលក្ខណៈ​​ដូចគ្នានឹងមនុស្ស ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បី​ឲ្យ​កិច្ចការរបស់ទ្រង់អាចទទួលបានលទ្ធផលដ៏ប្រសើរ។ ព្រះជាម្ចាស់ត្រូវតែត្រលប់​ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឲ្យបានត្រឹមត្រូវ ដោយសារតែមនុស្សនៅខាងសាច់ឈាម ហើយគេគ្មានសមត្ថភាពយកឈ្នះលើអំពើបាប ឬដកខ្លួនចេញពីសាច់ឈាមនោះឡើយ។ ទោះបីលក្ខណៈ​សំខាន់​ និងអត្តសញ្ញាណរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សខុសគ្នាស្រឡះពីលក្ខណៈ​សំខាន់​ និងអត្តសញ្ញាណរបស់មនុស្សក៏ដោយ ក៏រូបរាងរបស់ទ្រង់មានលក្ខណៈដូចគ្នាទៅនឹងរូបរាងរបស់មនុស្សដែរ។ ទ្រង់មានរូបរាងជាមនុស្សសាមញ្ញ និងរស់នៅជីវិតជាមនុស្សសាមញ្ញ ហើយអស់អ្នកដែលឃើញទ្រង់មិនអាចដឹងពីភាពខុសគ្នារវាងទ្រង់ និងមនុស្សសាមញ្ញម្នាក់នោះឡើយ។ រូបរាងដ៏សាមញ្ញ និងភាពជាមនុស្សសាមញ្ញនេះ គឺគ្រប់គ្រាន់សម្រាប់ទ្រង់ ដើម្បីធ្វើកិច្ចការជាព្រះរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ។ សាច់ឈាមរបស់ទ្រង់អនុញ្ញាតឲ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញ និងជួយឲ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ហើយលើសពីនេះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ក៏ជួយឲ្យទ្រង់អនុវត្តកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សដែរ។ ទោះបីភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានបង្កឲ្យមានភាពជ្រួលច្របល់ជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ភាពជ្រួលច្របល់ទាំងនេះមិនបានជះឥទ្ធិពលទៅលើលទ្ធផលនៃកិច្ចការរបស់ទ្រង់ឡើយ។ សរុបមក កិច្ចការនៃសាច់ឈាមសាមញ្ញរបស់ទ្រង់ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះមនុស្ស។ ទោះបីមនុស្សភាគច្រើនមិនទទួលយកភាពជាមនុស្សសាមញ្ញរបស់ទ្រង់ក៏ដោយ ក៏កិច្ចការរបស់ទ្រង់នៅតែអាចទទួលបានលទ្ធផល ហើយលទ្ធផលទាំងនេះអាចសម្រេចបាន ដោយសារតែភាពជាមនុស្សសាមញ្ញរបស់ទ្រង់។ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយអំពីរឿងនេះ។ តាម​រយៈកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម មនុស្សទទួលបានលទ្ធផលដប់ ឬដប់ពីរដងច្រើនជាងសញ្ញាណដែលមាននៅក្នុងមនុស្សអំពីភាពជាមនុស្សសាមញ្ញរបស់ទ្រង់ទៅទៀត ហើយនៅទីបំផុត សញ្ញាណទាំងនេះនឹងត្រូវរលាយបាត់ ដោយសារតែកិច្ចការរបស់ទ្រង់មិនខាន។ ហើយលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់ គឺអាចនិយាយបានថា ចំណេះដឹងដែលមនុស្សមានចំពោះទ្រង់ មានកម្រិតខុសគ្នាឆ្ងាយពីសញ្ញាណរបស់មនុស្សអំពីទ្រង់។ មនុស្សមិនអាចស្រមៃ ឬវាស់វែងអំពីកិច្ចការដែលទ្រង់ធ្វើនៅក្នុងសាច់ឈាមបានឡើយ ព្រោះកិច្ចការរបស់ទ្រង់ខុសប្លែកពីកិច្ចការរបស់មនុស្ស។ ទោះបីជាសំបកក្រៅដូចគ្នាមែន ប៉ុន្តែ លក្ខណៈ​សំខាន់​មិនដូចគ្នាឡើយ​។ សាច់ឈាមរបស់ទ្រង់បង្កើតនូវសញ្ញាណជាច្រើននៅក្នុងចំណោមមនុស្សអំពីព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាមរបស់ទ្រង់ក៏អាចអនុញ្ញាតឲ្យមនុស្សទទួលបាននូវចំណេះដឹងជាច្រើន ហើយថែមទាំងអាចយកឈ្នះមនុស្សណាដែលមានសំបកក្រៅស្រដៀងគ្នាទៀតផង។ ទ្រង់មិនគ្រាន់តែជាមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ជាព្រះជាម្ចាស់ដែលមានសំបកក្រៅជាមនុស្សដែរ ហើយគ្មាននរណាម្នាក់អាចវាស់ស្ទង់ ឬយល់អំពីទ្រង់បានទាំងស្រុងឡើយ។ មនុស្សទាំងអស់ស្រឡាញ់ និងស្វាគមន៍ព្រះជាម្ចាស់ដែលអរូបិយ និងគ្មានរូបរាង។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែជាព្រះវិញ្ញាណមួយដែលមនុស្សមើលមិនឃើញ នោះមនុស្សនឹងងាយជឿលើព្រះជាម្ចាស់ជាង​។ មនុស្សអាចស្រមើស្រមៃគ្រប់បែបយ៉ាង អាចជ្រើសរើសរូបភាពណាក៏បានដែលពួកគេចូលចិត្ត ទុកដូចជារូបភាពរបស់ព្រះជាម្ចាស់ ដើម្បីផ្គាប់ចិត្តខ្លួន និងធ្វើឲ្យខ្លួនពួកគេមានអារម្មណ៍សប្បាយចិត្ត។ តាម​របៀបនេះ មនុស្សអាចធ្វើអ្វីៗគ្រប់យ៉ាងដែលព្រះរបស់គេភាគច្រើនចូលចិត្ត និងចង់ឲ្យពួកគេធ្វើ ដោយគ្មានការអល់អែកនោះឡើយ។ លើសពីនេះទៀត មនុស្សជឿថា គ្មាននរណាម្នាក់មានស្វាមីភក្តិ និងស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ជាងពួកគេនោះឡើយ ហើយអ្នកផ្សេងទៀតគ្រាន់តែជាឆ្កែនៃសាសន៍ដទៃ ដែលគ្មានស្វាមីភក្តិចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ គឺអាចនិយាយបានថា នេះគឺជាអ្វីដែលត្រូវបានស្វែងរក ដោយអស់អ្នកដែលមានជំនឿលើព្រះជាម្ចាស់នៅក្នុងភាពស្រពេចស្រពិល និងឈរលើគោលលទ្ធិ ប៉ុន្តែ អ្វីដែលពួកគេស្វែងរកនោះ ភាគច្រើនមានលក្ខណៈដូចគ្នា គឺមានភាពខុសគ្នាតិចតួចណាស់។ អ្វីដែលខុសគ្នា គឺជារូបភាពអំពីព្រះជាម្ចាស់នៅក្នុងការស្រមើស្រមៃរបស់គេ ប៉ុន្តែ លក្ខណៈ​សំខាន់​ររបស់គេវិញ គឺដូចគ្នាតែ​ម្ដង​។

មនុស្សស្ងប់ចិត្ត ដោយជំនឿដ៏ឥតខ្វល់របស់គេទៅលើព្រះជាម្ចាស់ និងជឿលើព្រះណាមួយដែលគេចូលចិត្ត។ នេះជា «សិទ្ធិ និងសេរីភាពរបស់មនុស្ស» ដែលគ្មាននរណាម្នាក់អាចជ្រៀតជ្រែងបានឡើយ ព្រោះមនុស្សជឿលើព្រះរបស់គេ មិនមែនជាព្រះជាម្ចាស់នៃមនុស្សរាល់គ្នាឡើយ។ នេះជាទ្រព្យ​សម្បត្តិ​ឯកជនរបស់គេ ហើយសឹងតែមនុស្សគ្រប់គ្នាមានទ្រព្យ​សម្បត្តិ​ឯកជនប្រភេទនេះ។ មនុស្សចាត់ទុកទ្រព្យ​សម្បត្តិ​នេះ ជាកំណប់ដ៏មានតម្លៃមួយ ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ គេចាត់ទុកទ្រង់ដូចជាទន់ទាប ឬគ្មានតម្លៃសោះ ដូច្នេះ វាគ្មានសញ្ញានៃការប្រឆាំងណាចំពោះព្រះជាម្ចាស់ដែលច្បាស់ជាងទ្រព្យ​សម្បត្តិ​ឯកជនរបស់មនុស្សនេះឡើយ។ នេះគឺដោយសារតែកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនេះ​ហើយ​ ទើប​ព្រះជាម្ចាស់ត្រលប់​ជាសាច់ឈាមក្នុងទម្រង់រូបិយ ដើម្បីឲ្យមនុស្សអាចមើលឃើញ និងប៉ះពាល់បាន។ ទ្រង់មិនមែនជាព្រះវិញ្ញាណដែលគ្មានរូបរាងនោះឡើយ ប៉ុន្តែ ជាសាច់ឈាមមួយដែលអាចមើលឃើញ និងមានទំនាក់ទំនងជាមួយបាន។ យ៉ាងណាមិញ ព្រះភាគច្រើនដែលមនុស្សជឿ គឺជាពួកព្រះដែលគ្មានសាច់ឈាម គ្មានរូបរាង ហើយក៏ជាទម្រង់មួយដែលគាប់ចិត្តគេដែរ។ តាម​របៀបនេះ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សបានក្លាយជាសត្រូវរបស់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់ ហើយអស់អ្នកដែលមិនអាចទទួលយកការពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក៏ក្លាយជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ដែរ។ មនុស្សមានសញ្ញាណផ្សេងៗ មិនមែនដោយសារតែរបៀបគិតរបស់គេ ឬដោយសារតែការបះបោររបស់គេនោះឡើយ ប៉ុន្តែ ដោយសារតែទ្រព្យ​សម្បត្តិ​ឯកជនរបស់មនុស្សនេះវិញ។ ដោយសារតែទ្រព្យ​សម្បត្តិ​នេះហើយ ដែលនាំឲ្យមនុស្សភាគច្រើនស្លាប់ និងដោយសារតែព្រះដ៏ស្រពេច​ស្រពិល​ដែលប៉ះពាល់មិនកើត មើលមិនឃើញ និងគ្មានរូបជាក់ច្បាស់នេះហើយ ដែលបំផ្លាញដល់ជីវិតរបស់មនុស្ស។ ជីវិតរបស់មនុស្សត្រូវបានបាត់បង់ មិនមែនដោយសារតែព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សឡើយ ហើយក៏មិនមែនដោយសារព្រះជាម្ចាស់នៃស្ថានសួគ៌នោះដែរ ប៉ុន្តែ ដោយសារតែព្រះនៃការស្រមើស្រមៃរបស់មនុស្សវិញ។ ហេតុផលតែមួយគត់ដែលនាំឲ្យព្រះជា​ម្ចាស់​យកកំណើតជាមនុស្សត្រលប់​ជាសាច់ឈាម គឺដោយសារតែតម្រូវការរបស់មនុស្សដ៏ពុករលួយ​។ វាដោយសារតែតម្រូវការរបស់មនុស្ស មិនមែនតម្រូវការរបស់ព្រះជាម្ចាស់ទេ ហើយគ្រប់ទាំងការលះបង់ និងទុក្ខវេទនារបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ មិនមែនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ឡើយ។ សម្រាប់ព្រះជាម្ចាស់ វាគ្មានគុណសម្បត្តិ គុណវិបត្តិ ឬរង្វាន់តបស្នងអ្វី​នោះ​ទេ ហើយទ្រង់នឹងមិនច្រូតផលសម្រាប់ថ្ងៃអនាគតនោះឡើយ ប៉ុន្តែ នោះជាអ្វីដែលមនុស្សត្រូវជំពាក់ដល់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ គឺមិនមែនដើម្បីឲ្យទ្រង់ទទួលបានរង្វាន់ដ៏ធំឡើយ ប៉ុន្តែ សម្រាប់ជាប្រយោជន៍របស់មនុស្សជាតិសុទ្ធសាធតែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមាននូវទុក្ខលំបាកដែលនឹកស្មាន​មិនដល់ជាច្រើនក៏ដោយ ប៉ុន្តែ លទ្ធផលដែលកិច្ចការនោះសម្រេចបាននៅទីបំផុត គឺ​ខ្ពស់ជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណ​ឆ្ងាយ​ណាស់​។ កិច្ចការនៃសាច់ឈាមតម្រូវឲ្យមានទុក្ខលំបាកជាច្រើន ហើយសាច់ឈាមមិនអាចមានអត្តសញ្ញាណដ៏ធំអស្ចារ្យ ដូចជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនអាចអនុវត្តកិច្ចការអធិធម្មជាតិ ដូចជាព្រះវិញ្ញាណ ហើយក៏មិនអាចមានសិទ្ធិអំណាច ដូចជាព្រះវិញ្ញាណនោះដែរ។ ប៉ុន្តែ កិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាមដ៏សាមញ្ញនេះមានភាពសំខាន់ខ្ពស់ជាងកិច្ចការដែលព្រះវិញ្ញាណធ្វើដោយផ្ទាល់ ហើយសាច់ឈាមនេះ គឺជាចម្លើយចំពោះតម្រូវការរបស់មនុស្សជាតិគ្រប់រូប។ សម្រាប់អស់អ្នកដែលបានសង្រ្គោះ តម្លៃនៃការប្រើប្រាស់ព្រះវិញ្ញាណមានកម្រិតទាបជាងតម្លៃនៃការប្រើប្រាស់សាច់ឈាម៖ កិច្ចការរបស់ព្រះវិញ្ញាណអាចគ្របបាំងចក្រវាលទាំងមូល ភ្នំ ទន្លេ បឹងបួ និងមហាសមុទ្របាន ប៉ុន្តែ កិច្ចការនៃសាច់ឈាមមានទំនាក់ទំនងជាមួយមនុស្សគ្រប់រូបដែលទ្រង់មានទំនាក់ទំនងជាមួយ ប្រកបដោយប្រសិទ្ធភាពជាង។ លើសពីនេះ​ សាច់ឈាមរបស់ព្រះជាម្ចាស់ជាមួយទម្រង់រូបិយ អាចធ្វើឲ្យមនុស្សកាន់តែយល់ និងកាន់តែទុកចិត្ត ហើយអាចធ្វើឲ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅ និងអាចនាំឲ្យមនុស្សមានអារម្មណ៍ដក់ជាប់កាន់តែជ្រាលជ្រៅអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណត្រូវបានលាក់កំបាំងនៅក្នុងភាពអាថ៌កំបាំង ហើយ​វាពិបាកសម្រាប់មនុស្សដែលរមែងនឹងស្លាប់នេះ ក្នុងការវាស់ស្ទង់ ហើយពួក​គេ​ក៏​កាន់តែពិបាកនឹង​មើលឃើញដែរ ដូច្នេះ ពួកគេអាចពឹងអាងលើការស្រមើស្រមៃដែលប្រហោងក្នុងរបស់គេតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាម ជាកិច្ចការសាមញ្ញ និងមានមូលដ្ឋានលើតថភាពពិតជាក់ស្ដែង ព្រមទាំងពេញដោយព្រះប្រាជ្ញាញាណ ហើយតាមពិតទៅ កិច្ចការនេះអាចត្រូវបានមើលឃើញដោយភ្នែករបស់មនុស្ស ដូច្នេះ មនុស្សអាចដកពិសោធន៍ដោយផ្ទាល់នូវព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនចាំបាច់ប្រើការស្រមើស្រមៃដ៏ច្រើនរបស់គេឡើយ។ នេះជាសុក្រឹត្យភាព និងតម្លៃពិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណអាចធ្វើកិច្ចការដែលមនុស្សមើលមិនឃើញ និងពិបាកស្រមើស្រមៃប៉ុណ្ណោះ ឧទាហរណ៍ ដូចជាការបំភ្លឺរបស់ព្រះវិញ្ញាណ ការធ្វើចលនារបស់ព្រះវិញ្ញាណ និងការដឹកនាំរបស់ព្រះវិញ្ញាណ ប៉ុន្តែ សម្រាប់មនុស្សដែលមានគំនិត កិច្ចការទាំងនេះមិនផ្ដល់នូវអត្ថន័យដ៏ច្បាស់លាស់ឡើយ។ កិច្ចការទាំងនេះគ្រាន់តែផ្ដល់នូវការរំជួលចិត្ត ឬអត្ថន័យទូលំទូលាយប៉ុណ្ណោះ ប៉ុន្តែ វាមិនអាចផ្ដល់ជាពាក្យណែនាំឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមានលក្ខណៈខុសគ្នាច្រើនណាស់៖ កិច្ចការនេះពាក់ព័ន្ធនឹងការចង្អុលបង្ហាញយ៉ាងសុក្រឹត្យអំពីព្រះបន្ទូល ហើយវាមានឆន្ទៈ និងគោលដៅច្បាស់លាស់​។ ដូច្នេះ មនុស្សមិនចាំបាច់ប្រើអារម្មណ៍ ឬការស្រមើស្រមៃរបស់ខ្លួនឡើយ ហើយក៏មិនចាំបាច់ប្រើការស្មានព្រាវៗនោះដែរ។ នេះជាភាពច្បាស់លាស់នៃកិច្ចការនៅក្នុងសាច់ឈាម និងជាភាពខុសគ្នាដ៏ធំពីកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណសក្តិសមសម្រាប់វិសាលភាពដែលមានកម្រិតមួយប៉ុណ្ណោះ ហើយកិច្ចការនេះមិនអាចប្រើជំនួសកិច្ចការរបស់សាច់ឈាមនោះឡើយ។ កិច្ចការរបស់សាច់ឈាមផ្ដល់ឲ្យមនុស្សនូវគោលដៅចំៗ និងចាំបាច់ ព្រមទាំងចំណេះដឹងដ៏ពិត និងមានតម្លៃជាងកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុតចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែង​រក ហើយអាចមើលឃើញ និងប៉ះពាល់បាន​។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបាន តាមរយៈព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីអតីតនិស្ស័យដ៏ពុករលួយ និងអាក្រក់របស់គេ។ ទោះបីព្រះវិញ្ញាណជាសារជាតិ​ដែល​ជាប់​មាន​មក​ជា​មួយ​របស់ព្រះជាម្ចាស់ក៏ដោយ ក៏កិច្ចការបែបនេះអាចសម្រេចបាន តាមរយៈតែ​សាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះ។ បើព្រះវិញ្ញាណបានធ្វើការតែអង្គទ្រង់ នោះកិច្ចការរបស់ទ្រង់នឹងមិនអាចទទួលបានលទ្ធផលឡើយ។ នេះជាសេចក្តីពិតដ៏ច្បាស់លាស់មួយ។ ទោះបីមនុស្សភាគច្រើនបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ដោយសារតែសាច់ឈាមនេះក៏ដោយ នៅពេលដែលទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់ អស់អ្នកដែលប្រឆាំងនឹងទ្រង់នឹងមិនគ្រាន់តែឈប់ក្លាយជាខ្មាំងសត្រូវរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ គេនឹងក្លាយជាបន្ទាល់របស់ទ្រង់ថែមទៀតផង។ ពួកគេនឹងក្លាយជាស្មរបន្ទាល់ដែលទ្រង់បានយកឈ្នះ ជាស្មរបន្ទាល់ដែលចុះសម្រុងជាមួយទ្រង់ និងមិនអាចដាច់ចេញពីទ្រង់បានឡើយ។ ព្រះអង្គនឹងធ្វើឲ្យមនុស្សដឹងអំពីសារៈសំខាន់នៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមចំពោះមនុស្ស ហើយមនុស្សនឹងដឹងអំពីសារៈសំខាន់នៃសាច់ឈាមនេះចំពោះអត្ថន័យនៃអត្ថិភាព​របស់គេ គេនឹងដឹងអំពីតម្លៃដ៏ពិតចំពោះការចម្រើនឡើងនៃជីវិតរបស់មនុស្ស ហើយលើសពីនេះ គេនឹងដឹងថា សាច់ឈាមនេះនឹងក្លាយទៅ​ជាប្រភព​ទឹកដ៏រស់នៃជីវិត ដែលមនុស្សមិនអាចដាច់ចេញឆ្ងាយបានឡើយ។ ទោះបីសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនអាចប្រៀបផ្ទឹមទៅនឹងអត្តសញ្ញាណ និងមុខតំណែងរបស់ព្រះជាម្ចាស់ ហើយចំពោះមនុស្ស វាហាក់ដូចជាមិនស្របជាមួយឋានៈដ៏ពិតរបស់ទ្រង់ក៏ដោយ ក៏សាច់ឈាម ដែលមិនមានរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ ឬអត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់នេះ អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបានដោយផ្ទាល់ដែរ។ នេះគឺជាភាពសំខាន់ និងតម្លៃដ៏ពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ហើយមនុស្សមិនអាចយល់ និងទទួលស្គាល់ពីភាពសំខាន់ និងតម្លៃនេះឡើយ។ ទោះបីមនុស្សជាតិទាំងអស់ស្ងើចសរសើរចំពោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និង​មើលងាយមើលថោកចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ក៏ដោយ ហើយមិនថាពួកគេមានទស្សនៈ ឬគំនិតបែបណានោះទេ ក៏សារៈសំខាន់ និងតម្លៃដ៏ពិតនៃសាច់ឈាម មានកម្រិតខ្ពស់ជាងខាង​ព្រះវិញ្ញាណដែរ។ ជាការពិត តម្លៃនេះគឺសម្រាប់តែមនុស្សជាតិដ៏ពុករលួយប៉ុណ្ណោះ។ សម្រាប់អស់អ្នកណាដែលស្វែងរកសេចក្តីពិត ហើយទន្ទឹងរង់​ចាំ​ការ​លេច​មក​របស់ព្រះជាម្ចាស់ នោះកិច្ចការរបស់ព្រះវិញ្ញាណអាចប្រទាននូវការរំជួលចិត្ត ឬការបណ្ដាលចិត្ត និងអារម្មណ៍ប្លែកចិត្តដែលហួសពីសេចក្តីពន្យល់ និងការស្រមើស្រមៃ ព្រមទាំងអារម្មណ៍ដ៏អស្ចារ្យ គិតមិនដល់ និងគួរឲ្យស្ងើចសរសើរ ប៉ុន្តែ មនុស្សទាំងអស់មិនអាចទទួលបាន និងយល់បានឡើយ។ មនុស្ស និងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចសម្លឹងមើលគ្នាពីចម្ងាយតែប៉ុណ្ណោះ ប្រៀប​ដូចជាមានគម្លាតដ៏ធំមួយនៅចន្លោះពួកគេ ហើយពួកគេគ្មានថ្ងៃនឹងដូចគ្នាឡើយ គឺដូចជាមនុស្ស និងព្រះជាម្ចាស់ត្រូវបានដាច់ចេញពីគ្នា ដោយរនាំងខណ្ឌចែកអរូបិយមួយអ៊ីចឹង។ តាមពិតទៅ នេះគឺជាដំណើរបំភាន់មួយដែលព្រះវិញ្ញាណប្រទានដល់មនុស្ស ដោយសារតែព្រះវិញ្ញាណ និងមនុស្សមិនអាចមានលក្ខណៈដូចគ្នាឡើយ ហើយពួកគេក៏មិនអាចរួមរស់ជាមួយគ្នានៅក្នុងពិភពលោកតែមួយបាន​នោះដែរ និងដោយសារតែព្រះវិញ្ញាណគ្មានលក្ខណៈរបស់មនុស្សសោះឡើយ។ ដូច្នេះ មនុស្សមិនមានតម្រូវការពីព្រះវិញ្ញាណទេ ព្រោះព្រះវិញ្ញាណមិនអាចធ្វើកិច្ចការដែលមនុស្សត្រូវការបំផុត ដោយអង្គទ្រង់ផ្ទាល់បានឡើយ។ កិច្ចការនៃសាច់ឈាមផ្ដល់ឲ្យមនុស្សនូវគោលបំណងដ៏ពិត ដើម្បីដេញតាម ផ្ដល់ជាព្រះបន្ទូលច្បាស់ៗ និងផ្ដល់នូវអារម្មណ៍ថា ទ្រង់ពិតជាមានមែន ហើយទ្រង់ជាមនុស្សសាមញ្ញ ព្រមទាំងផ្ដល់ជាអារម្មណ៍ថា ទ្រង់បន្ទាបអង្គទ្រង់ និងជាមនុស្សធម្មតាម្នាក់​។ ទោះបីមនុស្សអាចមានអារម្មណ៍ខ្លាចទ្រង់ក៏ដោយ ក៏សម្រាប់មនុស្សភាគច្រើន ទ្រង់ងាយស្រួលក្នុងការមានទំនាក់ទំនងជាមួយដែរ៖ មនុស្សអាចមើលឃើញព្រះភ័ក្ត្រទ្រង់ ស្ដាប់ឮព្រះសូរសៀងទ្រង់ ហើយគេមិនចាំបាច់សម្លឹងទៅកាន់ទ្រង់ពីចម្ងាយនោះឡើយ។ សាច់ឈាមនេះធ្វើឲ្យមនុស្សមានអារម្មណ៍ថា គេអាចចូលទៅរកទ្រង់បាន។ គេមិនមានអារម្មណ៍ថា ទ្រង់នៅសែនឆ្ងាយ ឬមិនអាចវាស់ស្ទង់បាននោះឡើយ ប៉ុន្តែ គេអាចមើលឃើញ និងប៉ះពាល់ទ្រង់បាន ព្រោះសាច់ឈាមនេះស្ថិតនៅក្នុងពិភពលោកដែលមនុស្សរស់នៅ។

សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឲ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឲ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចបានតែតាមរយៈសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបានតាមរយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលដែលនាំឲ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលដែល​ញ៉ាំងឲ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សតម្រូវឲ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបភាពអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេតម្រូវឲ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន​។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបភាពព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបានលទ្ធផលដ៏សមរម្យឡើយ។ រូបភាពនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបភាពដែល​ចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឲ្យមនុស្សស្គាល់ពីរូបភាពទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចជួយបាន។ សញ្ញាណរបស់មនុស្សត្រូវបានលាតត្រដាងឲ្យឃើញ នៅពេលដែលព្រះជា​ម្ចាស់​ដែល​យកកំណើតជាមនុស្ស ធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ពី​ព្រោះ​ភាពសាមញ្ញ និងតថភាពពិតនៃព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស មាន​សភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឲ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជាតួអង្គប្រៀបធៀបទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញឡើយ។ គ្មាននរណាម្នាក់មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេចន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់បាន ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ទោះបីមនុស្សមានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញរូបភាព និងរូបអង្គរបស់ទ្រង់ឲ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។ ជាការពិត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏គ្មានសមត្ថភាពសម្រេចលទ្ធផលនេះបានដែរ។ ព្រះជាម្ចាស់អាចសង្រ្គោះមនុស្សដ៏ពុករលួយពីឥទ្ធិពលរបស់សាតាំងបាន ប៉ុន្តែ កិច្ចការនេះមិនអាចត្រូវបានសម្រេចដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ កិច្ចការនេះអាចសម្រេចបានតាមរយៈសាច់ឈាមដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចូលសណ្ឋិត ឬដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ សាច់ឈាមនេះ គឺជាមនុស្ស ហើយក៏ជាព្រះជាម្ចាស់ដែរ។ សាច់ឈាមនេះគឺជាមនុស្សដែលមានភាពជាមនុស្សសាមញ្ញ ហើយក៏ជាព្រះជាម្ចាស់ដែលមានភាពជាព្រះដ៏ពេញលេញផងដែរ។ ដូច្នេះ ទោះបីសាច់ឈាមនេះមិនមែនជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះវិញ្ញាណក៏ដោយ ក៏នៅតែជាព្រះជា​ម្ចាស់ផ្ទាល់​ព្រះ​អង្គ​​ដែលយកកំណើតជាមនុស្សដដែល ដែលសង្រ្គោះមនុស្ស ហើយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនេះជាព្រះវិញ្ញាណផង និងជាសាច់ឈាមផង។ មិនថាមនុស្សហៅទ្រង់បែបណានោះឡើយ ទីបំផុត គឺនៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ដដែល ដែលសង្រ្គោះមនុស្ស​ជាតិ​។ ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមិនអាចដាច់ចេញពីសាច់ឈាម ហើយកិច្ចការនៃសាច់ឈាម ក៏ជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរនោះ ទើប​កិច្ចការនេះមិនគ្រាន់តែត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់ព្រះវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់សាច់ឈាមដែរ។ កិច្ចការដែលព្រះវិញ្ញាណត្រូវធ្វើដោយផ្ទាល់ មិនតម្រូវឲ្យមានការយកកំណើតជាមនុស្សឡើយ ហើយកិច្ចការដែលតម្រូវឲ្យសាច់ឈាមធ្វើ ក៏មិនអាចធ្វើដោយផ្ទាល់ពីព្រះវិញ្ញាណដែរ ប៉ុន្តែ អាចត្រូវបានធ្វើ ដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ។ នេះជាអ្វីដែលតម្រូវឲ្យមានសម្រាប់កិច្ចការនេះ ហើយវាជាអ្វីដែលមនុស្សជាតិដ៏ពុករលួយត្រូវការជាចាំបាច់។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ មានតែដំណាក់កាលមួយប៉ុណ្ណោះ ដែលត្រូវបានអនុវត្តដោយផ្ទាល់ពីព្រះវិញ្ញាណ ហើយដំណាក់កាលពីរផ្សេងទៀតត្រូវបានអនុវត្ត ដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណទេ។ កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ មិនបានពាក់​ព័ន្ធ​នឹង​ការផ្លាស់​ប្ដូរនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ ហើយវាក៏គ្មានទាក់ទងអ្វីនឹងចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណា​មិញ កិច្ចការនៃសាច់ឈាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ពាក់ព័ន្ធនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ហើយវាជាផ្នែកដ៏សំខាន់ និងចាំបាច់ចំពោះ​កិច្ចការនៃសេចក្តីសង្រ្គោះ។ ដូច្នេះ មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់​ដែលយកកំណើតជាមនុស្ស ហើយគេកាន់តែត្រូវការកិច្ចការដោយផ្ទាល់របស់ព្រះជា​ដែលយកកំណើតជាមនុស្ស។ មនុស្សជាតិត្រូវការព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ចាំមើលថែគេ ចាំជួយគាំទ្រគេ ចាំប្រទានឲ្យទឹកគេ ចាំប្រទាន​អាហារដល់គេ ជំនុំជម្រះ និងវាយផ្ចាលគេ ហើយគេត្រូវការព្រះគុណកាន់តែច្រើន និងការប្រោសលោះកាន់តែខ្លាំងពីព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស​។ មានតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចក្លាយជាបុគ្គលជំនិតរបស់មនុស្ស ជា​គង្វាលរបស់មនុស្ស ជាជំនួយគ្រប់ពេលរបស់មនុស្ស ហើយអ្វីៗទាំងអស់នេះគឺជាភាពចាំបាច់នៃការយកកំណើតជាមនុស្ស ទាំងពេលសព្វថ្ងៃ និងពីអតីតកាល។

មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយមនុស្សជាទម្រង់ដ៏ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់របស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ កម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ គឺជាមនុស្ស មិនមែនសាតាំងឡើយ ហើយអ្វីដែលនឹងត្រូវទទួលការសង្រ្គោះ គឺជាសាច់ឈាម និងព្រលឹងរបស់មនុស្ស មិនមែនជាអារក្សនោះឡើយ​។ កម្មវត្ថុរបស់ព្រះជាម្ចាស់ចំពោះសាតាំង គឺជាការវិនាសសាបសូន្យ ហើយកម្មវត្ថុរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺជាសេចក្តីសង្រ្គោះ។ សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ដូច្នេះ រឿងទីមួយដែលត្រូវសង្រ្គោះ គឺ​ត្រូវតែជាសាច់ឈាមរបស់មនុស្ស។ សាច់ឈាមរបស់មនុស្សត្រូវបានពុករលួយយ៉ាងជ្រាលជ្រៅបំផុត ហើយវាបានក្លាយជាអ្វីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ដល់ថ្នាក់ប្រឆាំង និងបដិសេធចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ទាំងបើកចំហ។ សាច់ឈាមដ៏ពុករលួយនេះចចេសរឹងរូស ហើយគ្មានអ្វីមួយដែលពិបាកដោះស្រាយ ឬពិបាកផ្លាស់ប្ដូរ ជាងនិស្ស័យដ៏ពុករលួយរបស់សាច់ឈាមនោះឡើយ។ សាតាំងចូលក្នុងសាច់ឈាមរបស់មនុស្ស ដើម្បីបង្កឲ្យមានភាពចលាចល ហើយវាប្រើសាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងបំផ្លាញផែនការរបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សបានក្លាយជាសាតាំង និងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ដើម្បីឲ្យមនុស្សបានសង្រ្គោះ ជាដំបូង ព្រះជាម្ចាស់ត្រូវតែយកឈ្នះគេជាមុនសិន។ ដោយសារតែហេតុផលនេះហើយ ទើបព្រះជាម្ចាស់ឆ្លើយតបចំពោះបញ្ហា ហើយយាងចូលទៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងច្បាំងជាមួយសាតាំង​។ គោលបំណងរបស់ទ្រង់ គឺដើម្បីសង្រ្គោះមនុស្សដែលត្រូវបានពុករលួយ ព្រមទាំងយកឈ្នះលើសាតាំងដែលបះបោរនឹងទ្រង់ និងធ្វើឲ្យវាវិនាសសាបសូន្យ​។ ទ្រង់យកឈ្នះលើសាតាំងតាមរយៈកិច្ចការនៃការយកឈ្នះលើ​មនុស្សរបស់ទ្រង់ ខណៈពេលដូចគ្នានោះ ទ្រង់សង្រ្គោះមនុស្សជាតិដ៏ពុករលួយ​។ ដូច្នេះ នេះជាកិច្ចការមួយដែលសម្រេចបានគោលបំណងពីរក្នុងពេលតែមួយ​។ ទ្រង់ធ្វើការនៅក្នុងសាច់ឈាម និងមានបន្ទូលនៅក្នុងសាច់ឈាម ហើយធ្វើគ្រប់កិច្ចការនៅក្នុងសាច់ឈាម ដើម្បីមានទំនាក់ទំនងកាន់តែប្រសើរជាមួយមនុស្ស និងយកឈ្នះលើមនុស្សឲ្យបានកាន់តែប្រសើរ។ ពេលចុងក្រោយដែលព្រះជាម្ចាស់ត្រលប់​ជាសាច់ឈាម កិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម។ ទ្រង់នឹងចាត់ថ្នាក់មនុស្សទាំងអស់ទៅតាមប្រភេទរបស់គេ បញ្ចប់ការគ្រប់គ្រងទាំងអស់របស់ទ្រង់ ហើយក៏បញ្ចប់កិច្ចការរបស់ទ្រង់ទាំងអស់នៅក្នុងសាច់ឈាមដែរ។ ក្រោយពេលកិច្ចការទាំងអស់របស់ទ្រង់នៅលើផែនដីត្រូវបានបញ្ចប់ ទ្រង់នឹងមានជ័យជម្នះទាំងស្រុង។ តាម​រយៈ​ការ​ធ្វើការនៅក្នុងសាច់ឈាម ព្រះជាម្ចាស់នឹងយកឈ្នះទាំងស្រុងលើមនុស្សជាតិ ហើយទ្រង់នឹងទទួលបាន​មនុស្សជាតិទាំងស្រុង។ តើនេះមិនមានន័យថា ការគ្រប់​គ្រង​ទាំងស្រុងរបស់ទ្រង់នឹងត្រូវបញ្ចប់ទេឬអី? នៅពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម នៅពេលដែលទ្រង់បានច្បាំងឈ្នះសាតាំង និងមានជ័យជម្នះទាំងស្រុង នោះសាតាំងនឹងគ្មានឱកាស ដើម្បីធ្វើឲ្យមនុស្សពុករលួយទៀតឡើយ​។ កិច្ចការនៃការយកកំណើតជាមនុស្សលើកទីមួយរបស់ព្រះជាម្ចាស់ គឺជាការប្រោសលោះ និងការអត់ទោសដល់អំពើបាបរបស់មនុស្ស​។ ឥឡូវនេះ វាជាកិច្ចការនៃការយកឈ្នះ និងការទទួលបាន​មនុស្សជាតិទាំងស្រុង ដូច្នេះ សាតាំងនឹងលែងមានផ្លូវ ដើម្បីធ្វើកិច្ចការរបស់វាតទៅទៀត។ វានឹងត្រូវបានចាញ់ទាំងស្រុងតែម្ដង ហើយព្រះជាម្ចាស់នឹងមានជ័យជម្នះទាំងស្រុងតែម្ដង។ នេះគឺជាកិច្ចការនៃសាច់ឈាម និងជាកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់។ កិច្ចការដំបូងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើដោយផ្ទាល់ដោយព្រះវិញ្ញាណ មិនមែនដោយសាច់ឈាមឡើយ។ យ៉ាងណាមិញ កិច្ចការចុងក្រោយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើដោយព្រះជា​ម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណផ្ទាល់ឡើយ។ កិច្ចការនៃការប្រោសលោះនៅដំណាក់កាលកណ្ដាល ក៏ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាមដែរ។ នៅក្នុងចំណោមកិច្ចការនៃការគ្រប់គ្រងទាំងមូល កិច្ចការដ៏សំខាន់បំផុត គឺជាការសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំង។ កិច្ចការដ៏សំខាន់ គឺជាការយកឈ្នះទាំងស្រុងលើមនុស្សដ៏ពុករលួយ ដើម្បីស្តារឲ្យមានការគោរពដំបូងឡើងវិញចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់មនុស្សដែលត្រូវបានយកឈ្នះ និងដើម្បីអនុញ្ញាតឲ្យគេទទួលបានជីវិតសាមញ្ញ ដែលជាជីវិតសាមញ្ញនៃសត្តនិកររបស់ព្រះជាម្ចាស់។ កិច្ចការនេះពិតជាសំខាន់ ហើយវាជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រង។ នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការសង្រ្គោះ ដំណាក់កាលទីមួយនៃកិច្ចការ ដែលជាយុគសម័យនៃក្រឹត្យវិន័យ គឺស្ថិតនៅឆ្ងាយពីចំណុចស្នូលនៃកិច្ចការគ្រប់គ្រង​។ វាគ្រាន់តែមានការលេចមក​តិចតួចអំពីកិច្ចការសង្រ្គោះ ហើយវាមិនមែនជាទីចាប់ផ្ដើមនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុង​ការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងឡើយ​។ ដំណាក់កាលទីមួយនៃកិច្ចការ គឺ​ព្រះ​វិញ្ញាណ​ជា​អ្នក​ធ្វើដោយ​ផ្ទាល់ ពី​ព្រោះ​នៅ​ពេល​ដែល​ស្ថិតនៅក្រោមក្រឹត្យវិន័យ ​មនុស្សដឹងតែកាន់តាមក្រឹត្យវិន័យប៉ុណ្ណោះ ហើយ​មនុស្សមិនមានសេចក្តីពិតជាច្រើនទេ ហើយ​ដោយសារតែកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនសូវពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់មនុស្ស ក៏មិនសូវពាក់ព័ន្ធនឹងកិច្ចការនៃការសង្រ្គោះមនុស្សពីដែនគ្រប់គ្រងរបស់សាតាំងដែរ។ ដូច្នេះ ព្រះវិញ្ញាណ​របស់ព្រះជាម្ចាស់បានបញ្ចប់ដំណាក់កាលនៃកិច្ចការដ៏សាមញ្ញ និងខ្ពង់​ខ្ពស់នេះ ដែលមិនទាក់ទងនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ។ ដំណាក់កាលនៃកិច្ចការនេះមានទំនាក់ទំនងតិចតួចណាស់ទៅនឹងចំណុចស្នូលនៃការគ្រប់គ្រង ហើយវាគ្មានទំនាក់ទំនងអ្វីធំដុំទៅនឹងកិច្ចការជាផ្លូវការនៃការសង្រ្គោះមនុស្ស ហើយវាក៏មិនបានតម្រូវឲ្យព្រះជាម្ចាស់ត្រលប់​ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់នោះដែរ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ គឺជាកិច្ចការដោយប្រយោល និងមិនអាចវាស់ស្ទង់បាន ហើយកិច្ចការនោះធ្វើឲ្យមនុស្សភ័យខ្លាច និងមិនអាចចូលទៅជិតបានឡើយ។ ព្រះវិញ្ញាណមិនសក្ដិសមធ្វើកិច្ចការសង្រ្គោះដោយផ្ទាល់ឡើយ ហើយក៏មិនសក្ដិសមប្រទានជីវិតដល់មនុស្សដោយផ្ទាល់នោះដែរ។ កិច្ចការដ៏សក្តិសមបំផុតសម្រាប់មនុស្ស គឺជាការផ្លាស់ប្ដូរកិច្ចការរបស់ព្រះវិញ្ញាណ ឲ្យក្លាយជាវិធីសាស្ត្រមួយដែលស្និទ្ធស្នាលចំពោះមនុស្ស គឺអាចនិយាយបានថា អ្វីដែលសក្តិសមបំផុតសម្រាប់មនុស្ស គឺជាការដែលព្រះជាម្ចាស់ក្លាយជាមនុស្សសាមញ្ញធម្មតា ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ការនេះតម្រូវឲ្យព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស មកជំនួសកន្លែងរបស់ព្រះវិញ្ញាណនៅក្នុងកិច្ចការរបស់ទ្រង់ ហើយសម្រាប់មនុស្ស វាគ្មានផ្លូវណាផ្សេងទៀតដែលសក្តិសមសម្រាប់ព្រះជាម្ចាស់ធ្វើការនោះឡើយ។ នៅក្នុងចំណោមដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះ ដំណាក់កាលពីរត្រូវបានអនុវត្តដោយសាច់ឈាម ហើយដំណាក់កាលទាំងពីរនេះ គឺជាដំណាក់កាលដ៏សំខាន់នៃកិច្ចការគ្រប់គ្រង។ ការយកកំណើតជាមនុស្សទាំងពីរលើក គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក ហើយដំណាក់កាលទាំងពីរនេះបំពេញឲ្យគ្នាយ៉ាងល្អឥតខ្ចោះ។ ដំណាក់កាលទីមួយនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់បានចាក់គ្រឹះមូលដ្ឋានសម្រាប់ដំណាក់កាលទីពីរ ហើយវាអាចនិយាយបានថា ការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់បង្កើតឲ្យមានភាពពេញលេញមួយ ហើយវាគ្មានការមិនចុះសម្រុងនឹងគ្នានោះឡើយ។ ដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ត្រូវបានអនុវត្ត ដោយព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណនៃព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ដោយសារតែដំណាក់កាលទាំងពីរនេះពិតជាសំខាន់ណាស់ចំពោះកិច្ចការទាំងស្រុងនៃការគ្រប់គ្រង។ គេសឹងតែអាចនិយាយបានថា បើគ្មានកិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ព្រះជាម្ចាស់ទេ នោះកិច្ចការគ្រប់គ្រងទាំងស្រុងនឹងត្រូវបញ្ឈប់ ហើយកិច្ចការនៃការសង្រ្គោះមនុស្សជាតិនឹងគ្មានន័យអ្វី ក្រៅពីការនិយាយចោលនោះឡើយ។ កិច្ចការនេះសំខាន់ ឬមិនសំខាន់ គឺអាស្រ័យលើតម្រូវការរបស់មនុស្សជាតិ អាស្រ័យលើតថភាពពិតជាក់ស្ដែងនៃភាពពុករលួយរបស់មនុស្សជាតិ និងអាស្រ័យលើភាពធ្ងន់ធ្ងរនៃការមិនស្ដាប់បង្គាប់របស់សាតាំង និងការរំខានរបស់វាចំពោះកិច្ចការ។ បុគ្គលដែលមានគុណសម្បត្តិសក្ដិសមនឹងការងារ ត្រូវអាស្រ័យលើធម្មជាតិនៃការងារដែលត្រូវបានធ្វើដោយអ្នកធ្វើ និងសារៈសំខាន់នៃការងារ។ នៅ​ពេល​ដែល​និយាយ​អំពីចំណុច​សំខាន់នៃកិច្ចការនេះ ទាក់ទងនឹងវិធីសាស្ត្រធ្វើការបែបណាដែលត្រូវប្រើ ថាតើកិច្ចការនោះត្រូវធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ឬក៏តាមរយៈមនុស្ស ជំហានដំបូងដែលត្រូវជម្រុះចោលនោះ គឺជាកិច្ចការដែលត្រូវធ្វើតាមរយៈមនុស្ស ហើយបើផ្អែកលើធម្មជាតិនៃការងារ និងធម្មជាតិនៃកិច្ចការរបស់ព្រះវិញ្ញាណ ទល់នឹងធម្មជាតិនៃសាច់ឈាមវិញ ទីបំផុត គេអាចសម្រេចចិត្តបានថា កិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាម មានប្រយោជន៍ចំពោះមនុស្សខ្លាំងជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយ​ព្រះវិញ្ញាណ ហើយគេអាចសម្រេចចិត្តបានទៀតថា វាផ្ដល់នូវគុណប្រយោជន៍ច្រើនជាង។ នេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅគ្រានោះ នៅពេលដែលទ្រង់សម្រេចព្រះទ័យថាតើកិច្ចការនេះត្រូវធ្វើដោយព្រះវិញ្ញាណ ឬក៏ដោយសាច់ឈាម។ វាមានសារៈ​សំខាន់ និងមូលដ្ឋានរបស់វាចំពោះដំណាក់កាលនីមួយៗនៃកិច្ចការ។ វាមិនមែនជាការស្រមើស្រមៃដែលគ្មានមូលដ្ឋាន និងត្រូវបានអនុវត្តតាមតែអំពើចិត្តនោះទេ ប៉ុន្តែ ដំណាក់កាលទាំងនេះត្រូវបានធ្វើប្រកបដោយព្រះប្រាជ្ញាញាណ។ នេះគឺជាសេចក្តីពិតមួយដែលស្ថិតនៅពីក្រោយគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់។ ជាពិសេស នៅក្នុងកិច្ចការដ៏ធំនោះ វាមានផែនការជាច្រើនរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះជា​ម្ចាស់​ដែល​យកកំណើតជាមនុស្ស ធ្វើការដោយផ្ទាល់នៅក្នុងចំណោម​មនុស្ស។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងភាពទាំងស្រុងនៃអង្គទ្រង់ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងគ្រប់សកម្មភាព គ្រប់ព្រះតម្រិះ និងគ្រប់យោបល់នៃកិច្ចការរបស់ទ្រង់ ហើយនេះគឺជាលក្ខណៈកាន់តែរឹងមាំ និងជាប្រព័ន្ធរបស់ព្រះជាម្ចាស់។ ព្រះតម្រិះ និងយោបល់ដ៏ល្អិតល្អន់ទាំងនេះពិតជាពិបាកឲ្យមនុស្សស្រមើស្រមៃ និងពិបាកឲ្យមនុស្សជឿ ហើយលើសពីនេះ គឺពិបាកឲ្យមនុស្សដឹង។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺធ្វើឡើងស្របតាមគោលការណ៍ទូទៅ ជាគោលការណ៍ដែលមនុស្សពេញចិត្តខ្លាំង។ ប៉ុន្តែ បើធៀបជាមួយកិច្ចការរបស់ព្រះជាម្ចាស់វិញ វាហាក់ដូចជាមានភាពខុសគ្នាដ៏ធំមួយ​​។ ទោះបីទង្វើរបស់ព្រះជាម្ចាស់ធំធេងអស្ចារ្យ ហើយកិច្ចការរបស់ព្រះជាម្ចាស់មានវិសាលភាពប្រសើរក្រៃលែងយ៉ាងណាក៏ដោយ ក៏នៅពីក្រោយកិច្ចការទាំងនោះ មាននូវការចំណាយពេលរាប់ម៉ោងធ្វើផែនការ និងការចាត់ចែងដ៏ច្បាស់លាស់ ដែលមនុស្សមិនអាចស្រមៃដល់នោះឡើយ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ទ្រង់ មិនគ្រាន់តែត្រូវបានធ្វើស្របតាមគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែ ដំណាក់កាលនីមួយៗក៏មានផ្ទុកនូវចំណុចជាច្រើនដែលមិនអាចបរិយាយ ដោយភាសារបស់​មនុស្សដែរ ហើយទាំងនេះគឺជារឿងដែលមនុស្សមើលមិនឃើញឡើយ។ មិនថាវាជាកិច្ចការរបស់ព្រះវិញ្ញាណ ឬក៏ជាកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនោះឡើយ កិច្ចការនីមួយៗសុទ្ធ​តែ​មាននូវផែនការនៃកិច្ចការរបស់ទ្រង់។ ទ្រង់មិនធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ទេ ហើយក៏មិនធ្វើកិច្ចការណាដែលមិនសំខាន់នោះដែរ។ នៅពេលដែលព្រះវិញ្ញាណធ្វើការដោយផ្ទាល់ ទ្រង់ធ្វើការដោយមានគោលដៅរបស់ទ្រង់ ហើយនៅពេលដែលទ្រង់ក្លាយជាមនុស្ស (អាចនិយាយបានថា នៅពេលដែលទ្រង់បំផ្លាស់បំប្រែសំបកក្រៅរបស់ទ្រង់) ដើម្បីធ្វើការ គឺទ្រង់កាន់តែធ្វើការពាក់ព័ន្ធនឹងគោលបំណងរបស់ទ្រង់។ តើហេតុអ្វីបានជាទ្រង់ត្រូវផ្លាស់ប្ដូរអត្តសញ្ញាណរបស់ទ្រង់យ៉ាងស្រួលដូច្នេះ? ហេតុអ្វីបានជាទ្រង់ត្រូវក្លាយជាមនុស្សដែលត្រូវបានគេចាត់ទុកជាអ្នកទន់ទាប និងជួបការបៀតបៀនយ៉ាងស្រួលបែបនេះ?

កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានសារៈ​សំខាន់បំផុត ហើយកិច្ចការនេះត្រូវបានថ្លែងឡើងពាក់ព័ន្ធនឹងកិច្ចការ និងព្រះមួយអង្គ ដែលនៅទីបញ្ចប់ នឹងត្រូវបញ្ចប់កិច្ចការ គឺ​ព្រះជាម្ចាស់​ដែលយកកំណើតជាមនុស្ស មិនមែនជាព្រះវិញ្ញាណឡើយ។ អ្នកខ្លះជឿថា ព្រះជាម្ចាស់អាចយាងមកកាន់ផែនដី ហើយបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញ នៅពេលមិនប្រាកដណាមួយ ហើយខណៈពេលនោះ ទ្រង់ផ្ទាល់នឹងជំនុំជម្រះមនុស្សជាតិទាំងអស់ ល្បងលពួកគេម្ដងម្នាក់ៗ ដោយគ្មាននរណាម្នាក់អាចរួចខ្លួនឡើយ។ អស់អ្នកដែលគិតបែបនេះ មិនដឹងអំពីដំណាក់កាលនៃកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សឡើយ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សម្នាក់ម្ដងៗទេ ហើយទ្រង់ក៏មិនល្បងលមនុស្សម្នាក់ម្ដងៗនោះដែរ ព្រោះថាបើធ្វើបែបនេះ វានឹងមិនមែនជាកិច្ចការនៃការជំនុំជម្រះនោះឡើយ។ តើមិនមែនសេចក្តីពុករលួយរបស់មនុស្សជាតិទាំងអស់សុទ្ធ​តែ​ដូចគ្នាទេឬអី? តើមិនមែនសារជាតិ​របស់មនុស្សទាំងអស់សុទ្ធ​តែ​ដូចគ្នាទេឬអី? អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិ​ដ៏ពុករលួយរបស់មនុស្សជាតិ ជាសារជាតិ​របស់មនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយមនុស្សទាំងអស់សុទ្ធតែមានអំពើបាប។ ព្រះជាម្ចាស់មិនជំនុំជម្រះកំហុសដ៏កំប៉ិកកំប៉ុក និងមិនសំខាន់របស់មនុស្សឡើយ។ កិច្ចការនៃការជំនុំជម្រះ គឺជាកិច្ចការតំណាង ហើយវាមិនត្រូវបានអនុវត្តជាពិសេសសម្រាប់មនុស្សជាក់លាក់ណា​ម្នាក់​ឡើយ។ ផ្ទុយទៅវិញ វាជាកិច្ចការដែលមនុស្សមួយក្រុម​ត្រូវបានជំនុំជម្រះ ដើម្បីតំណាងឲ្យការជំនុំជម្រះរបស់​មនុស្សជាតិទាំងអស់​។ តាមរយៈការអនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ទៅលើមនុស្សមួយក្រុម ព្រះជាម្ចាស់នៅក្នុងសាច់ឈាមប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីតំណាងឲ្យកិច្ចការរបស់មនុស្សជាតិទាំងអស់ ក្រោយពេលកិច្ចការនោះត្រូវបានផ្សព្វផ្សាយបន្ដិចម្ដងៗ។ នេះក៏ជារបៀបនៃកិច្ចការជំនុំជម្រះដែរ។ ព្រះជាម្ចាស់មិនជំនុំជម្រះមនុស្សមួយប្រភេទ ឬមនុស្សមួយក្រុមជាក់លាក់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្សជាតិទាំង មូល ឧទាហរណ៍ ដូចជា ការប្រឆាំងរបស់មនុស្សចំពោះព្រះជាម្ចាស់ ការមិនគោរពរបស់មនុស្សចំពោះទ្រង់ ឬការរំខានរបស់មនុស្សចំពោះកិច្ចការរបស់ព្រះជាម្ចាស់ជាដើម។ អ្វីដែលត្រូវជំនុំជម្រះ គឺជាសារជាតិនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់ ហើយកិច្ចការនេះក៏ជាកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយដែរ។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ដែលមនុស្សបានឃើញផ្ទាល់ភ្នែក គឺជាកិច្ចការនៃការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយដែលមនុស្សបានមើលឃើញកាលពីអតីតកាល។ កិច្ចការដែលកំពុងតែធ្វើក្នុងពេលបច្ចុប្បន្ន ដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស និយាយឲ្យចំទៅ គឺជាការជំនុំជម្រះនៅមុខបល្ល័ង្កពណ៌សដ៏ធំនោះហើយ។ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ គឺជាព្រះជា​ម្ចាស់​ដែលជំនុំជម្រះមនុស្សជាតិទាំងមូល ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ​។ សាច់ឈាមនេះ និងកិច្ចការរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងនិស្ស័យទាំងស្រុងរបស់ទ្រង់ គឺជាភាពទាំងស្រុងរបស់ទ្រង់។ ទោះបីវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅមានកម្រិត ហើយទ្រង់មិនបានពាក់ព័ន្ធដោយផ្ទាល់នឹងចក្រវាលទាំងមូលក៏ដោយ ប៉ុន្តែ សារជាតិនៃកិច្ចការជំនុំជម្រះ គឺជាការជំនុំជម្រះដោយផ្ទាល់ទៅលើមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់ជាប្រយោជន៍ដល់ពួកជ្រើសតាំងនៃប្រទេសចិន ឬសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយក្រុមតូចនោះឡើយ​។ ក្នុងអំឡុងពេល​នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ទោះបីវិសាលភាពនៃកិច្ចការនេះ មិនពាក់ព័ន្ធនឹងចក្រវាលទាំងមូលក៏ដោយ ក៏វាតំណាងឲ្យកិច្ចការនៃចក្រវាលទាំងមូលដែរ ហើយបន្ទាប់ពីទ្រង់បញ្ចប់កិច្ចការ ដែលស្ថិតក្នុងវិសាលភាពនៃកិច្ចការខាងសាច់ឈាមរបស់ទ្រង់រួច ភ្លាម​ៗនោះ ទ្រង់នឹងពង្រីកកិច្ចការនេះទៅកាន់ចក្រវាល​ទាំងមូល នៅក្នុងរបៀបដូចគ្នាដែលដំណឹងល្អរបស់ព្រះយេស៊ូវបានរីកសាយភាយនៅទូទាំងចក្រវាល ក្រោយពេលដែល​ទ្រង់មានព្រះជន្មរស់ឡើងវិញ និងយាងឡើងទៅស្ថានសួគ៌។ មិនថាជាកិច្ចការនៃព្រះវិញ្ញាណ ឬជាកិច្ចការនៃសាច់ឈាមនោះឡើយ វាគឺ​ជាកិច្ចការមួយដែលត្រូវបានអនុវត្តនៅក្នុងវិសាលភាពមួយមានកម្រិត ប៉ុន្តែ វាតំណាងឲ្យកិច្ចការនៃចក្រវាល​ទាំងមូល​។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ដោយបង្ហាញអង្គទ្រង់នៅក្នុងអត្តសញ្ញាណនៃព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ហើយព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺជាព្រះជា​ម្ចាស់​ដែលជំនុំជម្រះមនុស្សនៅមុខបល្ល័ង្កពណ៌សដ៏ធំ។ មិនថាទ្រង់ជាព្រះវិញ្ញាណ ឬជាសាច់ឈាមនោះឡើយ​ ព្រះអង្គដែលធ្វើកិច្ចការនៃការជំនុំជម្រះ គឺជាព្រះជា​ម្ចាស់​ដែលជំនុំជម្រះមនុស្សជាតិក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ការនេះត្រូវបានកំណត់ទុកដោយផ្អែកលើកិច្ចការរបស់ទ្រង់ ហើយវាមិនត្រូវបានកំណត់ទុកស្របតាមរូបរាងខាងក្រៅរបស់ទ្រង់ ឬកត្តាជាច្រើនផ្សេងទៀតនោះឡើយ។ ទោះបីមនុស្សមានសញ្ញាណអំពីព្រះ​បន្ទូល​ទាំងនេះក៏ដោយ ក៏គ្មាននរណាម្នាក់អាចបដិសេធការពិតអំពីការជំនុំជម្រះ និងការយកឈ្នះលើមនុស្សជាតិទាំងអស់របស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សបាន​ដែរ។ មិនថាមនុស្សគិតអំពីវាបែបណាឡើយ ការពិតគឺ​នៅតែជាការពិត។ គ្មាននរណាម្នាក់អាចនិយាយថា «កិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ ប៉ុន្តែ សាច់ឈាមមិនមែនជាព្រះជាម្ចាស់» នោះឡើយ។ នេះជារឿងគ្មានន័យសោះឡើយ ព្រោះថាកិច្ចការនេះមិនអាចត្រូវបានធ្វើដោយនរណាផ្សេង ក្រៅពីព្រះជាម្ចាស់នៅក្នុងសាច់ឈាមឡើយ។ ដោយសារតែកិច្ចការនេះត្រូវបានបញ្ចប់រួចហើយ ដូច្នេះ កិច្ចការបន្ទាប់ទៀត គឺជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដែលនឹងមិនលេចមក​ជាលើកទីពីរឡើយ ព្រោះព្រះជាម្ចាស់នៅក្នុងការយកកំណើតជាមនុស្ស​លើកទីពីររបស់ទ្រង់បានបញ្ចប់កិច្ចការនៃការគ្រប់គ្រងទាំងអស់រួចហើយ ហើយវានឹងគ្មានដំណាក់កាលលើកទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ពោល​គឺជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយមិនមែនវិញ្ញាណរបស់សាតាំងទេ​ដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់នោះ ដូច្នេះ កិច្ចការនៃការជំនុំជម្រះមិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែ ត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។ គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះ​ទេ សម្រាប់​កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស​។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឲ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកមុខទល់នឹងមុខជាមួយមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាម ធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ។ ដោយមានលក្ខណៈដូចមនុស្ស ដែលមានភាពជាមនុស្សសាមញ្ញ ព្រះជាម្ចាស់នៅក្នុងសាច់ឈាម អាចជំនុំជម្រះដោយផ្ទាល់លើសេចក្តីទុច្ចរិតរបស់មនុស្ស។ នេះគឺជាសញ្ញាមួយអំពីភាពបរិសុទ្ធពីដើមរបស់ទ្រង់ និងអំពីភាពអស្ចារ្យរបស់ទ្រង់។ មានតែព្រះជាម្ចាស់មួយប៉ុណ្ណោះដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងអាចកាន់មុខតំណែងជំនុំជម្រះមនុស្ស ព្រោះថាទ្រង់មានសេចក្តីពិត និងសេចក្តីសុចរិត ដូច្នេះ ទ្រង់អាចជំនុំជម្រះមនុស្សបាន។ អស់អ្នកដែលគ្មានសេចក្តីពិត និងសេចក្តីសុចរិត មិនសក្តិសមក្នុងការជំនុំជម្រះអ្នកដទៃឡើយ។ បើកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ​។​​ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះ​ព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឲ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែ វាជាកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។ នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះតាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗ តាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះក្នុងអំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណនោះ​ឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស គឺជាកិច្ចការដ៏ធំធេងបំផុត ដ៏ជ្រាលជ្រៅបំផុត ហើយផ្នែកដ៏សំខាន់មួយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស។ សេចក្តីពុករលួយដ៏ជ្រាលជ្រៅរបស់មនុស្ស គឺជាឧបសគ្គដ៏ធំមួយចំពោះកិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស។ ជាពិសេស កិច្ចការដែលត្រូវបានអនុវត្តទៅលើមនុស្សនៅគ្រាចុងក្រោយ ពិតជាសំខាន់ណាស់ ហើយបរិយាកាសពេញដោយការប្រឆាំង ឯគុណសម្បត្តិរបស់មនុស្សគ្រប់ប្រភេទវិញ គឺទន់ខ្សោយណាស់។ ប៉ុន្តែ នៅចុងបញ្ចប់នៃកិច្ចការនេះ វានឹងនៅតែសម្រេចបានលទ្ធផលដ៏ល្អ ដោយគ្មានកំហុសណាមួយឡើយ ដ្បិតនេះជាលទ្ធផលនៃកិច្ចការខាងសាច់ឈាម ហើយលទ្ធផលនេះគួរឲ្យជឿជាក់ជាងលទ្ធផលចេញពីកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងត្រូវបញ្ចប់នៅក្នុងសាច់ឈាម ហើយកិច្ចការទាំងនេះត្រូវតែបញ្ចប់ ដោយព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស។ កិច្ចការដ៏សំខាន់បំផុតត្រូវបានធ្វើនៅក្នុងសាច់ឈាម ហើយសេចក្តីសង្រ្គោះរបស់មនុស្ស ត្រូវបានអនុវត្តដោយផ្ទាល់ ដោយព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ទោះបីមនុស្សជាតិទាំងអស់មានអារម្មណ៍ថា ព្រះជាម្ចាស់នៅក្នុងសាច់ឈាមហាក់ដូចជាគ្មានពាក់ព័ន្ធអ្វីជា​មួយមនុស្សក៏ដោយ ក៏ជាការពិត សាច់ឈាមនេះខ្វល់ខ្វាយពីវាសនា និងអត្ថិភាពរបស់មនុស្សជាតិទាំងមូល។

គ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងអស់ និងផ្តោតទៅលើមនុស្សជាតិទាំងអស់តែម្ដង។ ថ្វីបើវាជាកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមក៏ដោយ ក៏វានៅតែផ្ដោតទៅលើមនុស្សជាតិទាំងអស់ដដែល។ ទ្រង់ជាព្រះជាម្ចាស់នៃមនុស្សជាតិទាំងអស់ ហើយទ្រង់ជាព្រះជាម្ចាស់នៃអ្វីគ្រប់យ៉ាងដែលត្រូវបានបង្កើតមក និងមិនបានបង្កើតមក។ ទោះបីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមស្ថិតនៅក្នុងវិសាលភាពមានកម្រិត ហើយកម្មវត្ថុនៃកិច្ចការនេះមានកម្រិតក៏ដោយ ក៏គ្រប់ពេលដែលទ្រង់ត្រលប់​ជាសាច់ឈាមដើម្បីធ្វើកិច្ចការនេះ ទ្រង់ជ្រើសរើសកម្មវត្ថុមួយនៃកិច្ចការរបស់ទ្រង់ដែលជាអ្នកតំណាងដ៏ខ្ពស់បំផុតដែរ។ ទ្រង់មិនជ្រើសរើសមនុស្សមួយក្រុមដែលសាមញ្ញ និងធម្មតា ដើម្បីធ្វើការឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ជ្រើសរើសមនុស្សមួយក្រុមដែលមានសមត្ថភាព ជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ដើម្បីឲ្យគេក្លាយជាអ្នកតំណាងសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម។ មនុស្សមួយក្រុមនេះត្រូវបានជ្រើសរើស ដោយសារតែវិសាលភាពនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមមានកម្រិត ហើយត្រូវបានរៀបចំជាពិសេសសម្រាប់សាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់ និងត្រូវបានជ្រើសរើសជាពិសេសសម្រាប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម។​ ការជ្រើសរើសរបស់ព្រះជាម្ចាស់ទៅលើកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ មិនមែនគ្មានមូលដ្ឋាននោះឡើយ ប៉ុន្តែ ត្រូវបានធ្វើឡើងស្របទៅ​តាមគោលការណ៍៖ កម្មវត្ថុនៃកិច្ចការត្រូវតែផ្ដល់ជាប្រយោជន៍ដល់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម និងត្រូវតែអាចតំណាងឲ្យមនុស្សជាតិទាំងមូល។ ឧទាហរណ៍ សាសន៍យូដាអាចតំណាងឲ្យមនុស្សជាតិទាំងមូលនៅក្នុងការទទួលយកព្រះយេស៊ូវ ដែលជាព្រះប្រោសលោះ ហើយជនជាតិចិនអាចតំណាងឲ្យមនុស្សជាតិទាំងមូលក្នុងការទទួលយកការ យកឈ្នះផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់​ដែលយកកំណើតជាមនុស្ស។ វាមាននូវមូលដ្ឋានមួយសម្រាប់ការតំណាងរបស់សាសន៍យូដាចំពោះមនុស្សជាតិទាំង​មូល ហើយវាក៏មានមូលដ្ឋានសម្រាប់ការតំណាងរបស់ប្រជាជនចិនចំពោះមនុស្សជាតិទាំងមូលនៅក្នុងការទទួលយកការយកឈ្នះផ្ទាល់ខ្លួនរបស់ព្រះជាម្ចាស់ដែរ។ គ្មានអ្វីមួយបើកសម្ដែងអំពីសារៈ​សំខាន់នៃការប្រោសលោះ ជាងកិច្ចការនៃការប្រោសលោះដែលត្រូវបានធ្វើនៅក្នុងចំណោមសាសន៍​យូដាឡើយ ហើយក៏គ្មានអ្វីមួយដែលបើកសម្ដែងអំពីភាពហ្មត់ចត់ និងភាពជោគជ័យនៃកិច្ចការយកឈ្នះ ជាងកិច្ចការនៃការយកឈ្នះដែលត្រូវបានធ្វើឡើង​នៅក្នុងចំណោមប្រជាជនចិននោះដែរ​។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស លេចមក​ដោយផ្ដោតទៅលើតែមនុស្សមួយក្រុមតូចប៉ុណ្ណោះ ប៉ុន្តែ ជាការពិត កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សមួយក្រុមតូចនេះ គឺជាកិច្ចការនៃចក្រវាលទាំងមូល ហើយព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់មនុស្សជាតិទាំងមូល​។ ក្រោយ​ពេលដែល​កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមត្រូវបានបញ្ចប់ អស់អ្នកដែលដើរតាមទ្រង់នឹងចាប់ផ្ដើមផ្សព្វផ្សាយអំពីកិច្ចការដែលទ្រង់បាន​ធ្វើនៅក្នុងចំណោមពួកគេ។ រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់​តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិសម្រាប់​អស់អ្នកដែលដើរតាមទ្រង់ ដើម្បី​ឲ្យ​ក្រោយ​មក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម និងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នកដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្ស​ប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សបញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ាបែរព្រះ​ប្រឹស្ដាង្គ (ខ្នង) ទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្សជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់​ដែលយកកំណើតជាមនុស្ស គឺនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិត និងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងវាសនា​របស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រង និងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេច ស្រពិល ជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែ មិនអាចមើលឃើញ ទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែល​ថ្មីស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមរបស់ទ្រង់ អស់អ្នកដែលដើរតាមទ្រង់លែងស្វែងរក និងព្យាយាមស្រវាចាប់អ្វីៗដែលហាក់ដូចជាមាន និងមិនមាន ហើយពួកគេលែងស្មានព្រាវ​ៗអំពីព្រះហឫទ័យរបស់ព្រះដ៏ស្រពេចស្រពិលទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់ផ្សព្វផ្សាយកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម អស់អ្នកដែលដើរតាមទ្រង់នឹងផ្ទេរកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមទៅកាន់គ្រប់សាសនា និងគ្រប់និកាយ ហើយពួកគេនឹងប្រាស្រ័យទាក់ទងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ត្រចៀករបស់មនុស្សជាតិទាំងអស់។ អស់អ្នកដែលបានឮ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ នឹងក្លាយជាការពិតនៃកិច្ចការរបស់ទ្រង់ នឹងក្លាយជាបុគ្គលដែលមនុស្សអាចមើលឃើញ និងស្ដាប់ឮ ព្រមទាំងក្លាយជាការពិត មិនមែនជាពាក្យចចាមអារ៉ាមឡើយ។ ការពិតទាំងនេះគឺជាភស្តុតាងដែលទ្រង់ផ្សព្វផ្សាយកិច្ចការ ហើយពួកគេក៏ជាឧបករណ៍ដែលទ្រង់ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការដែរ។ បើគ្មានអត្ថិ​ភាព​នៃការពិតទេ នោះដំណឹងល្អរបស់ទ្រង់នឹងមិនរីកសាយភាយទៅគ្រប់ប្រទេស និងទៅគ្រប់ទីកន្លែងឡើយ។ បើគ្មានការពិត ហើយមានតែការស្រមើស្រមៃរបស់មនុស្ស នោះទ្រង់នឹងមិនអាចធ្វើកិច្ចការនៃការយកឈ្នះចក្រវាលទាំងមូលបានឡើយ។ មនុស្សមិនអាចយល់ និងមើលមិនឃើញព្រះវិញ្ញាណឡើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណក៏គ្មានសមត្ថភាពបន្សល់ទុកនូវ ភស្តុតាង ឬការពិតបន្ថែមអំពីកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែរ។ មនុស្សនឹងមិនអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ ហើយ​គេនឹងតែងតែជឿលើព្រះដ៏ស្រពេចស្រពិលដែលគ្មានពិតប្រាកដ​នោះ។ មនុស្ស​នឹងមើលមិនឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយក៏ស្ដាប់មិនឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ដែរ។ ទីបំផុត ការស្រមើស្រមៃរបស់មនុស្សគឺគ្មានន័យ ហើយមិនអាចជំនួសឲ្យព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់បានឡើយ។ និស្ស័យដើមរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្ក​ មិនអាចត្រូវបានបន្លំ ដោយមនុស្សបានទេ។ ព្រះជាម្ចាស់ដែលអរូបិយគង់នៅស្ថានសួគ៌ ហើយ​កិច្ចការរបស់ទ្រង់ អាចត្រូវបាននាំមកកាន់ផែនដីបាន តាមរយៈព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស ដែលធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ នេះជាផ្លូវដ៏វិសេសបំផុតសម្រាប់ព្រះជាម្ចាស់ ដើម្បីបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញ គឺឲ្យគេអាចមើលឃើញព្រះជាម្ចាស់ និងស្គាល់ពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ ហើយកិច្ចការនេះមិនអាចត្រូវបានសម្រេច ដោយព្រះជា​ម្ចាស់​ដែលមិនយកកំណើតជាមនុស្សបានឡើយ។ ដោយបានអនុវត្តកិច្ចការរបស់ទ្រង់មកដល់ដំណាក់កាលនេះ កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចលទ្ធផលខ្ពស់បំផុត ហើយបានទទួលជោគជ័យទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម សម្រេចបានកៅសិបភាគរយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់។ សាច់ឈាមនេះបានផ្ដល់ជាទីចាប់ផ្ដើមដ៏ប្រសើរទៅកាន់កិច្ចការទាំងអស់របស់ទ្រង់ ផ្តល់ជាសេចក្តីសង្ខេបសម្រាប់គ្រប់កិច្ចការរបស់ទ្រង់ និងបានប្រកាសឲ្យប្រើគ្រប់កិច្ចការរបស់ទ្រង់ ព្រមទាំងបានធ្វើការបំពេញបន្ថែមដ៏ហ្មត់ចត់ចុងក្រោយទៅកាន់គ្រប់កិច្ចការនេះ។ ដូច្នេះ នឹងគ្មានព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សមួយទៀត ដើម្បីធ្វើដំណាក់កាលទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏នឹងគ្មានកិច្ចការដ៏អស្ចារ្យរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សលើកទីបីនោះដែរ។

ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម តំណាងឲ្យកិច្ចការរបស់ទ្រង់នៅក្នុង​យុគសម័យទាំងមូល ហើយវាមិនតំណាងឲ្យអំឡុងពេលជាក់លាក់ណាមួយ និងកិច្ចការរបស់មនុស្សឡើយ។ ដូច្នេះ ចុងបញ្ចប់នៃកិច្ចការយកកំណើតជាមនុស្សចុងក្រោយរបស់ទ្រង់ មិនមានន័យថា កិច្ចការរបស់ទ្រង់បានមកដល់ទីបញ្ចប់នោះ​ទេ ព្រោះថាកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមតំណាងឲ្យយុគសម័យទាំងមូល ហើយមិនគ្រាន់តែតំណាងឲ្យអំឡុងពេលមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមនោះឡើយ។ វាគ្រាន់តែទ្រង់បញ្ចប់កិច្ចការរបស់ទ្រង់នៅក្នុង​យុគសម័យទាំងមូល ក្នុងអំឡុងពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម ក្រោយពេលកិច្ចការនេះផ្សព្វផ្សាយទៅកាន់គ្រប់ទីកន្លែងប៉ុណ្ណោះ។ ក្រោយពេលព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សបំពេញព័ន្ធកិច្ចរបស់ទ្រង់រួចហើយ ទ្រង់នឹងផ្ទុកផ្ដាក់កិច្ចការអនាគតរបស់ទ្រង់ទៅកាន់អស់អ្នកដែលដើរតាមទ្រង់។ ដោយធ្វើបែបនេះ កិច្ចការនៅយុគសម័យទាំងមូលរបស់ទ្រង់នឹងត្រូវបន្តដោយគ្មានអាក់ខានឡើយ។ កិច្ចការនៅយុគសម័យទាំងមូលនៃការយកកំណើតជាមនុស្ស នឹងត្រូវបានចាត់ទុកថាបញ្ចប់ នៅពេលដែលកិច្ចការនេះបានផ្សព្វផ្សាយទៅកាន់ចក្រវាលទាំងមូល។ កិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សចាប់ផ្ដើមនូវយុគសម័យថ្មី ហើយអស់អ្នកដែលបន្តកិច្ចការរបស់ទ្រង់ គឺជាមនុស្សដែលត្រូវបានទ្រង់ប្រើប្រាស់។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គឺជាកិច្ចការដែលស្ថិតនៅក្នុងព័ន្ធកិច្ចរបស់ព្រះជាម្ចាស់ក្នុងសាច់ឈាម ហើយកិច្ចការនេះគ្មានសមត្ថភាពទៅហួសវិសាលភាពនេះឡើយ។ ប្រសិនបើព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្ស មិនយាងមកធ្វើកិច្ចការរបស់ទ្រង់ទេ នោះមនុស្សនឹងមិនអាចចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែស្ថិតនៅក្នុងដែនភារកិច្ចរបស់គេ ដែលអាចធ្វើបានដោយមនុស្ស ហើយវាមិនតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មានតែព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចយាងមក ដើម្បីបញ្ចប់កិច្ចការដែលទ្រង់គួរតែធ្វើ ហើយក្រៅពីទ្រង់ នោះគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ពិតមែនហើយ អ្វីដែលខ្ញុំមានបន្ទូលនេះ គឺទាក់ទងនឹងកិច្ចការយកកំណើតជាមនុស្ស​។ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សលើកទីមួយនេះ អនុវត្តជំហានទីមួយនៃកិច្ចការ ដែលមិនស្របតាមសញ្ញាណរបស់មនុស្សឡើយ ក្រោយពេលទ្រង់ធ្វើកិច្ចការជាច្រើនដែលមិនស្របតាមសញ្ញាណរបស់មនុស្ស​។ គោលបំណងនៃកិច្ចការ គឺជាការយកឈ្នះលើមនុស្ស។ នៅក្នុងន័យម្យ៉ាង ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មិនស្របតាមសញ្ញាណរបស់មនុស្ស ដោយ​បន្ថែមពីលើការដែលទ្រង់ធ្វើកិច្ចការជាច្រើនដែលមិនស្របតាមសញ្ញាណរបស់មនុស្ស ទើប​ធ្វើ​ឲ្យ​មនុស្សមានទស្សនៈកាន់តែច្រើនអំពីទ្រង់។ ទ្រង់គ្រាន់តែធ្វើកិច្ចការនៃការយកឈ្នះនៅក្នុងចំណោមមនុស្ស ដែលមានសញ្ញាណដ៏ច្រើនអនេកអំពីទ្រង់។ ទោះបីពួកគេប្រព្រឹត្តចំពោះទ្រង់បែបណា នៅពេលដែលទ្រង់បានបញ្ចប់ព័ន្ធកិច្ចរបស់ទ្រង់ នោះមនុស្សទាំងអស់នឹងស្ថិតនៅក្រោមការត្រួតត្រារបស់ទ្រង់មិនខាន។ ការពិតគឺថា កិច្ចការនេះមិនគ្រាន់តែឆ្លុះបញ្ចាំងនៅក្នុងចំណោមប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តំណាងឲ្យរបៀបដែលមនុស្សជាតិទាំងមូលនឹងត្រូវបានយកឈ្នះដែរ។ លទ្ធផលដែលត្រូវសម្រេចបានលើមនុស្សទាំងនេះ គឺជាប្រផ្នូលមួយចំពោះលទ្ធផលដែលនឹងត្រូវសម្រេចបាននៅលើមនុស្ស​ជាតិទាំងមូល ហើយលទ្ធផលនៃកិច្ចការដែលទ្រង់ធ្វើនៅក្នុងពេលអនាគត ក៏នឹងមានកម្រិតកាន់តែខ្ពស់ជាងលទ្ធផលទៅលើមនុស្សទាំងនេះដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនរួមបញ្ចូលសំឡេងត្រែដ៏លាន់រំពង ហើយក៏គ្មានការបំពាក់កម្រងផ្កានៅក្នុងភាពមិនច្បាស់លាស់នោះដែរ។ វាជាកិច្ចការដ៏ពិត និងជាក់ស្ដែង ហើយវាជាកិច្ចការដែលមួយបូកមួយស្មើនឹងពីរ។ កិច្ចការនេះមិនត្រូវបានលាក់បាំងពីនរណាម្នាក់ឡើយ ហើយវាក៏មិនបោកបញ្ឆោតនរណាម្នាក់នោះដែរ។ អ្វីដែលមនុស្សមើលឃើញ គឺជារឿងពិត និងឥតក្លែងបន្លំ ហើយអ្វីដែលមនុស្សទទួលបាន គឺជាសេចក្តីពិត និងចំណេះដឹងដ៏ពិត។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ នោះមនុស្សនឹងមានចំណេះដឹងថ្មីអំពីទ្រង់ ហើយអស់អ្នកដែលដេញតាមយ៉ាងពិតប្រាកដ នឹងលែងមានសញ្ញាណអំពីទ្រង់តទៅទៀត។ នេះមិនគ្រាន់តែជាលទ្ធផលនៃកិច្ចការរបស់ទ្រង់ទៅលើជនជាតិចិននោះទេ ប៉ុន្តែ វាក៏តំណាងឲ្យលទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងការយកឈ្នះលើ​មនុស្សជាតិទាំងមូលដែរ ព្រោះថាគ្មានអ្វីមួយមានប្រយោជន៍ចំពោះកិច្ចការនៃការយកឈ្នះលើមនុស្សជាតិទាំងមូល ខ្លាំងជាងសាច់ឈាមនេះ កិច្ចការនៃសាច់ឈាមនេះ និងអ្វីៗគ្រប់យ៉ាងនៃសាច់ឈាមនេះឡើយ។ ការទាំងនេះមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់នៅថ្ងៃនេះ និងមានប្រយោជន៍ចំពោះកិច្ចការរបស់ទ្រង់នាពេលអនាគត។ សាច់ឈាមនេះនឹងយកឈ្នះមនុស្សជាតិទាំងមូល ព្រមទាំងទទួលបានមនុស្សជាតិទាំងមូល។ គ្មានកិច្ចការណាដែលប្រសើរជាងកិច្ចការនេះ ដើម្បីឲ្យមនុស្សជាតិទាំងមូលនឹងមើលឃើញព្រះជាម្ចាស់ ស្ដាប់បង្គាប់ព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់នោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយមនុស្ស គ្រាន់តែតំណាងឲ្យវិសាលភាពដែលមានកម្រិតមួយ ហើយនៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ព្រះអង្គមិនមានបន្ទូលទៅកាន់បុគ្គលជាក់លាក់ណាម្នាក់​ឡើយ ប៉ុន្តែ ទ្រង់មានបន្ទូលទៅកាន់មនុស្សជាតិទាំងមូល និងអស់អ្នកដែលទទួលយកព្រះបន្ទូលរបស់ទ្រង់។ ចុងបញ្ចប់ដែលទ្រង់ប្រកាស គឺជាចុងបញ្ចប់នៃមនុស្សជាតិទាំងអស់ មិនមែនគ្រាន់តែជាចុងបញ្ចប់នៃបុគ្គលម្នាក់ឡើយ​។ ទ្រង់មិនប្រព្រឹត្តជាពិសេសទៅកាន់បុគ្គលណាម្នាក់ឡើយ ហើយក៏មិនធ្វើឲ្យនរណាម្នាក់ក្លាយជាជនរងគ្រោះនោះដែរ ប៉ុន្តែ ទ្រង់ធ្វើការ និងមានបន្ទូលទៅកាន់មនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនេះ បានធ្វើការចាត់ថ្នាក់មនុស្សជាតិទាំងមូលស្របទៅតាមប្រភេទរបស់គេរួចទៅហើយ ទ្រង់បានជំនុំជម្រះមនុស្សជាតិទាំងមូលរួចទៅហើយ ហើយទ្រង់បានរៀបចំវាសនាដ៏សមរម្យមួយសម្រាប់មនុស្សជាតិទាំងមូលរួចទៅហើយ។ ទោះបីព្រះជាម្ចាស់ធ្វើតែកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែ តាមពិតទៅ ទ្រង់បានសម្រេចកិច្ចការនៃចក្រវាលទាំងមូលរួចស្រេចទៅហើយ។ ទ្រង់មិនអាចរង់ចាំរហូតដល់កិច្ចការរបស់ទ្រង់បានផ្សព្វផ្សាយនៅក្នុង​ចំណោមមនុស្សជាតិ មុនពេលដែល​ទ្រង់ថ្លែងព្រះសូរសៀង និងធ្វើការរៀបចំមួយជំហានម្ដងៗនោះឡើយ។ បើធ្វើបែបនេះ តើវាមិនយឺតពេលពេកទេឬអី? ឥឡូវនេះ ទ្រង់អាចសម្រេចកិច្ចការនាពេលអនាគតបានទាំងស្រុងជាមុន។ ដោយសារតែព្រះជា​ម្ចាស់​ដែលកំពុងតែធ្វើការ គឺជាព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់កំពុងតែធ្វើកិច្ចការដ៏គ្មានដែនកំណត់នៅក្នុងវិសាលភាពមួយដែលមានកម្រិត ហើយក្រោយមកទៀត ទ្រង់នឹងធ្វើឲ្យមនុស្សបំពេញភារកិច្ចដែលមនុស្សគួរតែធ្វើ។ នេះហើយជាគោលការណ៍នៃកិច្ចការរបស់ទ្រង់នោះ។ ទ្រង់អាចមានព្រះជន្មរស់នៅជាមួយមនុស្សក្នុងពេលមួយប៉ុណ្ណោះ ហើយទ្រង់មិនអាចរួមដំណើរជាមួយមនុស្ស រហូតដល់កិច្ចការនៃយុគសម័យទាំងមូលត្រូវបានបញ្ចប់នោះឡើយ។ ដោយសារតែទ្រង់ជាព្រះជាម្ចាស់ ទើបទ្រង់ទតឃើញជាមុនអំពីកិច្ចការនាពេលអនាគតរបស់ទ្រង់បែបនេះ។ ក្រោយមក ទ្រង់នឹងធ្វើការចាត់ថ្នាក់មនុស្សជាតិទាំងអស់ស្របតាមប្រភេទរបស់គេ ដោយព្រះបន្ទូលរបស់ទ្រង់ ហើយមនុស្សជាតិនឹងចូលទៅក្នុងកិច្ចការរបស់​ទ្រង់​មួយជំហានម្ដងៗ ស្របទៅតាមព្រះបន្ទូលរបស់ទ្រង់។ គ្មាននរណាម្នាក់នឹងរួចខ្លួនឡើយ ហើយមនុស្សទាំងអស់ត្រូវតែអនុវត្តស្របតាមការនេះ។ ដូច្នេះ នៅ​ពេលអនាគត យុគសម័យនឹងត្រូវបានដឹកនាំដោយព្រះបន្ទូលរបស់ទ្រង់ មិនមែនដឹកនាំដោយព្រះវិញ្ញាណនោះឡើយ​។

កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ត្រូវតែធ្វើឡើងនៅក្នុងសាច់ឈាម។ បើវាត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងគ្មានបានលទ្ធផលឡើយ។ ទោះបីវាត្រូវបានធ្វើដោយព្រះវិញ្ញាណក៏ដោយ ក៏កិច្ចការនោះនឹងគ្មានសារៈសំខាន់ធំដុំទេ ហើយនៅទីបំផុត វានឹងមិនគួរឲ្យជឿជាក់បានឡើយ។ សត្តនិករទាំងអស់ចង់ដឹងថាតើកិច្ចការរបស់ព្រះអាទិករមានសារៈ​សំខាន់ឬអត់ កិច្ចការនោះតំណាងឲ្យអ្វី ហើយវាត្រូវបានធ្វើទៅជាប្រយោជន៍សម្រាប់អ្វី និងចង់ដឹងថាតើកិច្ចការរបស់ព្រះជាម្ចាស់ពេញដោយសិទ្ធិអំណាច និងព្រះប្រាជ្ញាញាណ និងជាកិច្ចការដែលមានតម្លៃ និងសារៈ​សំខាន់បំផុតឬអត់។ កិច្ចការដែលទ្រង់ធ្វើ ត្រូវបានធ្វើសម្រាប់ជាសេចក្តីសង្រ្គោះរបស់មនុស្សជាតិទាំងមូល សម្រាប់ជាប្រយោជន៍​នៃការយកលើ​ឈ្នះសាតាំង និងសម្រាប់ជាការធ្វើបន្ទាល់អំពីអង្គទ្រង់នៅក្នុងចំណោមរបស់​សព្វសារពើ។ ដូច្នេះ កិច្ចការដែលទ្រង់ធ្វើ ប្រាកដជាមានសារៈ​សំខាន់ធំធេងណាស់។ សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយវាត្រូវបានខ្វាក់ និងខូចខាតយ៉ាងជ្រាលជ្រៅបំផុត។ ហេតុផលដ៏សំខាន់បំផុតដែលព្រះជាម្ចាស់ធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាម គឺដោយសារតែកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ គឺជាមនុស្សដែលមកពីសាច់ឈាម និងដោយសារតែសាតាំងប្រើប្រាស់សាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ សមរភូមិជាមួយសាតាំង តាមពិតទៅ ជាកិច្ចការនៃការយកឈ្នះលើ​មនុស្ស ហើយស្រប​ពេលជា​មួយគ្នានោះ មនុស្សក៏ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែរ។ ដោយឃើញបែបនេះ កិច្ចការរបស់ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សពិតជាសំខាន់ណាស់។ សាតាំងបានធ្វើឲ្យសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សបានក្លាយជាតំណាងរបស់សាតាំង និងបានក្លាយជាកម្មវត្ថុមួយដែលព្រះជាម្ចាស់ត្រូវយកឈ្នះ។ នៅក្នុងន័យនេះ គឺកិច្ចការនៃការប្រយុទ្ធជាមួយសាតាំង និងការសង្រ្គោះមនុស្សជាតិ ត្រូវតែកើតឡើងនៅលើផែនដី ហើយព្រះជាម្ចាស់ត្រូវតែក្លាយជាមនុស្ស ដើម្បីប្រយុទ្ធជាមួយសាតាំង។ នេះជាកិច្ចការនៃភាពជាក់ស្ដែងបំផុត។ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ហើយទ្រង់ធ្វើ​ឲ្យ​កិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ ហើយម្នាក់ដែលត្រូវយកឈ្នះ គឺជាអ្នកតំណាងរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សដែរ) ដែលជាពួកទទឹងនឹងទ្រង់ ហើយបុគ្គលដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សដែរ។ នៅក្នុងន័យនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្ស ដែលមានសំបកក្រៅជាសត្តនិករម្នាក់ ដើម្បីឲ្យទ្រង់អាចចូលសមរភូមិពិតប្រយុទ្ធទាស់នឹងសាតាំង ដើម្បីយកឈ្នះលើមនុស្ស ដែលមិនស្ដាប់បង្គាប់ទ្រង់ និងមានសំបកខាងក្រៅដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានបំផ្លាញដោយសាតាំង។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់ គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្ស ដែលត្រូវបានបង្កើតឡើងដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយ​តាម​របៀបនេះ កិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង។ ទ្រង់អាចបង្រ្កាបសាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយលើសពីនេះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ។ ទោះបីសាច់ឈាមនេះមានភាពសាមញ្ញ និងពិតក៏ដោយ ក៏ទ្រង់មិនមែនជាសាច់ឈាមដែលសាមញ្ញនោះដែរ៖ ទ្រង់មិនមែនជាសាច់ឈាមមួយដែលគ្រាន់តែជាមនុស្សនោះឡើយ ប៉ុន្តែ ទ្រង់ក៏ជាសាច់ឈាមមួយដែលមានលក្ខណៈជាមនុស្សផង និងជាព្រះជាម្ចាស់ផងដែរ។ នេះជាភាពខុសគ្នារវាងទ្រង់ និងមនុស្ស ហើយវាក៏ជាសញ្ញាសម្គាល់អំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ មានតែសាច់ឈាមបែបនេះទេ ទើបអាចធ្វើកិច្ចការដែលទ្រង់ចង់ធ្វើ និងបំពេញព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយសម្រេចកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សបានយ៉ាងពេញលេញ។ បើមិនដូច្នេះទេ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សនឹងតែងតែគ្មានន័យ ហើយ​មានកំហុសជានិច្ច។ ទោះបីព្រះជាម្ចាស់អាចប្រយុទ្ធជាមួយវិញ្ញាណរបស់សាតាំង ហើយមានជ័យជម្នះក៏ដោយ ប៉ុន្តែ ធម្ម​ជាតិ​ដើមរបស់មនុស្សដ៏ពុករលួយមិនត្រូវបានដោះស្រាយ ហើយអស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងប្រឆាំងទ្រង់មិនអាចក្លាយជាចំណុះនៅក្រោមការត្រួតត្រារបស់ទ្រង់យ៉ាងពិតប្រាកដឡើយ គឺអាចនិយាយបានថា ទ្រង់មិនដែលយកឈ្នះលើមនុស្សជាតិ ហើយមិនដែលទទួលបានមនុស្សជាតិទាំងមូលឡើយ​។ បើកិច្ចការរបស់ទ្រង់នៅលើផែនដីមិនត្រូវបានសម្រេចទេ នោះការគ្រប់គ្រងរបស់ទ្រង់នឹងមិនដែលត្រូវបានបញ្ចប់ ហើយមនុស្សជាតិទាំងមូលនឹងមិនអាចចូលសម្រាកបានឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនអាចចូលសម្រាកជាមួយសត្តនិករទាំងអស់របស់ទ្រង់ទេ នោះកិច្ចការគ្រប់គ្រងរបស់ទ្រង់នឹងគ្មានលទ្ធផលឡើយ ដូច្នេះ សិរីល្អរបស់ព្រះជាម្ចាស់នឹងរលាយបាត់មិនខាន។ ទោះបីសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចក៏ដោយ ក៏កិច្ចការដែលទ្រង់ធ្វើ នឹងទទួលបានលទ្ធផលមិនខាន។ នេះគឺជាទិសដៅដែលចៀសមិនផុតនៃកិច្ចការរបស់ទ្រង់។ ទោះបីសាច់ឈាមរបស់ទ្រង់មានសិទ្ធិអំណាច ឬក៏អត់ ដរាបណាទ្រង់មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់​ព្រះ​អង្គ​ នោះទ្រង់ជាព្រះជាម្ចាស់ផ្ទាល់​ព្រះ​អង្គ​ហើយ។ ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាបែបណាក៏ដោយ ក៏ទ្រង់អាចធ្វើកិច្ចការដែលទ្រង់គួរតែធ្វើដែរ ព្រោះសាច់ឈាមនេះគឺជាព្រះជាម្ចាស់ និងមិនគ្រាន់តែជាមនុស្សឡើយ​។ ហេតុផលដែលសាច់ឈាមនេះអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន គឺដោយសារតែសារជាតិ​ខាងក្នុងរបស់ទ្រង់ខុសពីសារជាតិរបស់មនុស្ស ហើយហេតុផលដែលទ្រង់អាចសង្រ្គោះមនុស្សបាន គឺដោយសារតែអត្តសញ្ញាណរបស់ទ្រង់មាន​លក្ខណៈ​ខុសប្លែកពីអត្តសញ្ញាណរបស់មនុស្ស។ សាច់ឈាមនេះសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ ដោយសារតែទ្រង់ជាមនុស្ស ហើយលើសពីនេះទៀត គឺ​ទ្រង់ជាព្រះជាម្ចាស់ ដោយសារតែ​ទ្រង់អាចធ្វើកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមសាមញ្ញណាមួយអាចធ្វើបានឡើយ និងដោយសារតែទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយ ដែលរស់នៅជាមួយទ្រង់នៅលើផែនដី។ ទោះបីទ្រង់មានលក្ខណៈដូចមនុស្សក៏ដោយ ប៉ុន្តែ ព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សមានសារៈ​សំខាន់ចំពោះមនុស្សជាតិ ជាងបុគ្គលដ៏មានតម្លៃណាទៅទៀត ព្រោះថាទ្រង់អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបាន ទ្រង់អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះ​អង្គ​ ច្រើន​ជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចទទួលបានមនុស្សជាតិទាំងស្រុង ច្រើន​ជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀត។ ជាលទ្ធផល ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាក៏ដោយ ក៏ការចូលរួមចំណែករបស់ទ្រង់ចំពោះមនុស្សជាតិ និងសារៈសំខាន់របស់ទ្រង់ចំពោះជីវិតរបស់មនុស្សជាតិ ធ្វើឲ្យទ្រង់មានតម្លៃយ៉ាងខ្លាំងដែរ ហើយតម្លៃ និងសារៈ​សំខាន់ពិតរបស់សាច់ឈាមនេះ គ្មានមនុស្សណាម្នាក់អាចវាស់វែងបានឡើយ។ ទោះបីសាច់ឈាមនេះមិនអាចបំផ្លាញសាតាំងបានដោយផ្ទាល់ក៏ដោយ ក៏ទ្រង់អាចប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីយកឈ្នះលើមនុស្សជាតិ និងបង្រ្កាបសាតាំង ព្រមទាំងធ្វើឲ្យសាតាំងចុះចូលទាំងស្រុងចំពោះការត្រួតត្រារបស់ទ្រង់ដែរ។ គឺដោយសារតែព្រះជា​ម្ចាស់​ដែលយកកំណើតជាមនុស្សនេះ​ហើយ ទើបទ្រង់អាចបង្រ្កាបសាតាំង និងអាចសង្រ្គោះមនុស្សជាតិបាន។ ទ្រង់មិនបំផ្លាញសាតាំងដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ត្រលប់​ជាសាច់ឈាម ដើម្បីធ្វើកិច្ចការដែលយកឈ្នះលើ​មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ តាម​របៀប​នេះ ទ្រង់អាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់ ហើយទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយបានកាន់តែប្រសើរ។ ការដែលព្រះជា​ម្ចាស់​យកកំណើតជាមនុស្សបង្រ្កាបសាតាំង ធ្វើបន្ទាល់កាន់តែធំ និងកាន់តែគួរឲ្យជឿជាក់ ខ្លាំងជាងការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផ្លាញសាតាំងដោយផ្ទាល់ទៅទៀត។ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជួយឲ្យមនុស្សស្គាល់ព្រះអាទិករកាន់តែប្រសើរ និងអាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់។

ខាង​ដើម៖ មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់

បន្ទាប់៖ សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ