១. វិធីស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ចេញពីកិច្ចការរបស់ទ្រង់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ចាប់តាំងពីអត្ថិភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់មក ព្រះអង្គតែងតែលះបង់គ្រប់យ៉ាងនៅក្នុងការបំពេញកិច្ចការរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គបានបិទបាំងអង្គរបស់ព្រះអង្គពីមនុស្សក៏ដោយ ក៏ព្រះអង្គតែងតែគង់នៅក្បែរមនុស្ស បំពេញកិច្ចការលើមនុស្ស បង្ហាញពីនិស្ស័យរបស់ព្រះអង្គ ដឹកនាំមនុស្សជាតិទាំងអស់ជាមួយនឹងសារជាតិរបស់ព្រះអង្គ ព្រមទាំងបំពេញកិច្ចការលើមនុស្សគ្រប់រូប តាមរយៈព្រះចេស្ដា ព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ព្រះអង្គ ប្រយោជន៍នាំពួកគេចូលទៅក្នុងយុគសម័យកិ្រត្យនៃវិន័យ យុគសម័យនៃព្រះគុណ ហើយនិងយុគសម័យនៃនគរព្រះនាពេលបច្ចុប្បន្ននេះ។ ទោះបីជាព្រះជាម្ចាស់លាក់បាំងអង្គរបស់ព្រះអង្គពីមនុស្សក៏ដោយ ក៏និស្ស័យរបស់ព្រះអង្គ លក្ខណៈ និងកម្មសិទ្ធរបស់ព្រះអង្គ និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ត្រូវបានបង្ហាញដោយឥតលាក់លៀមចំពោះមនុស្សដែរ ដើម្បីឲ្យពួកគេមើលឃើញ និងទទួលបានបទពិសោធន៍។ អាចនិយាយម៉្យាងវិញទៀតបានថា ទោះបីជាមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់ព្រះជាម្ចាស់បានក្តី តែនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ដែលមនុស្សជាតិបានជួបប្រទះ គឺជាការសម្តែងឲ្យឃើញយ៉ាងជាក់ពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើនោះមិនមែនការពិតទេឬអី? មិនថាវិធី ឬមុំនៃវិធីសាស្រ្តដែលព្រះជាម្ចាស់ជ្រើសរើសសម្រាប់កិច្ចការរបស់ព្រះអង្គបែបណានោះទេ ព្រះអង្គតែងតែប្រព្រឹត្ដចំពោះមនុស្សតាមរយៈអត្ដសញ្ញាណពិតរបស់ព្រះអង្គ បំពេញកិច្ចការដែលជាភារៈកិច្ចរបស់ព្រះអង្គ ហើយមានបន្ទូលនូវអ្វីដែលព្រះអង្គចាំបាច់ត្រូវមានបន្ទូល។ មិនខ្វល់ថាព្រះជាម្ចាស់ ទ្រង់មានបន្ទូលចេញពីឋានៈជាអ្វីនោះទេ ទោះបើព្រះអង្គឈរមានបន្ទូលពីស្ថានសួគ៌ ឬក្នុងសាច់ឈាមកី្ត ឬក្នុងឋានៈជាមនុស្សសាមញ្ញធម្មតាក្តីក៏ដោយ ក៏ព្រះអង្គតែងតែមានបន្ទូលទៅកាន់មនុស្សដោយអស់ពីព្រះហឫទ័យ និងអស់ពីព្រះតម្រិះរបស់ព្រះអង្គ ដោយគ្មានការបោកប្រាស់ ឬការលាក់បាំងអ្វីឡើយ។ នៅពេលដែលព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ គឺព្រះជាម្ចាស់បង្ហាញព្រះបន្ទូល និងនិស្ស័យរបស់ព្រះអង្គ ព្រមទាំងបង្ហាញពីលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះអង្គដោយគ្មានសំចៃអ្វីទាំងអស់។ ព្រះអង្គដឹកនាំមនុស្សជាតិដោយជីវិតរបស់ទ្រង់ និងលក្ខណៈ និងកម្មសិទ្ធិរបស់ព្រះអង្គផងដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

និស្ស័យរបស់ព្រះជាម្ចាស់ គឺបើកចំហសម្រាប់មនុស្សគ្រប់ៗគ្នា ហើយក៏មិនបានលាក់លៀមអ្វីនោះដែរ ត្បិតព្រះជាម្ចាស់ ទ្រង់មិនដែលគេចវេសពីមនុស្សណាម្នាក់ ហើយក៏មិនដែលព្យាយាមបិទបាំងអង្គទ្រង់ ដើម្បីរារាំងមនុស្សមិនឲ្យស្គាល់ព្រះអង្គ ឬក៏យល់ពីព្រះអង្គនោះឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺតែងតែបើកចំហ និងបែរទៅរកមនុស្សម្នាក់ៗដោយស្មោះត្រង់។ នៅក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បំពេញកិច្ចការរបស់ព្រះអង្គ ទតមើលទៅឯមនុស្សគ្រប់ៗគ្នា ហើយកិច្ចការរបស់ព្រះអង្គត្រូវបានធ្វើចប់សព្វគ្រប់នៅលើមនុស្សម្នាក់។ នៅពេលដែលព្រះអង្គធ្វើកិច្ចការនេះ គឺព្រះអង្គកំពុងបង្ហាញនិស្ស័យរបស់ព្រះអង្គ ហើយបន្តប្រើប្រាស់សារជាតិរបស់ព្រះអង្គ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ ដើម្បីណែនាំ និងផ្គត់ផ្គង់ដល់មនុស្សគ្រប់ៗគ្នា។ នៅគ្រប់សម័យកាល និងគ្រប់ដំណាក់កាល មិនថាកាលៈទេសៈល្អ ឬអាក្រក់នោះទេ និស្ស័យរបស់ព្រះជាម្ចាស់ តែងតែបើកចំហដល់មនុស្សគ្រប់ៗគ្នា ហើយអ្វីដែលជាកម្មសិទ្ធិរបស់ព្រះអង្គ និងលក្ខណៈរបស់ព្រះអង្គ គឺតែងតែបើកចំហរដល់មនុស្សម្នាក់ៗ ដូចជាជីវិតរបស់ព្រះអង្គ គឺព្រះអង្គតែងប្រទាន និងគាំទ្រដល់មនុស្សជាតិដោយឥតឈប់ឈរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការទាំងបីដំណាក់កាលនេះ ជាស្នូលនៃកិច្ចការគ្រប់គ្រង ទាំងមូលរបស់ព្រះជាម្ចាស់ ហើយនិស្ស័យ និងលក្ខណៈរបស់ទ្រង់ ក៏ត្រូវបានបង្ហាញចេញមកនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សដែលមិនដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្មានសមត្ថភាពស្គាល់វិធីដែលព្រះជាម្ចាស់បង្ហាញនូវនិស្ស័យរបស់ទ្រង់បានឡើយ ហើយក៏មិនស្គាល់អំពីប្រាជ្ញាញាណ នៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេក៏នៅតែមិនដឹងពីវិធីនានា ដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ និងមិនដឹងពីព្រះហឫទ័យដែលទ្រង់មាន សម្រាប់មនុស្សជាតិទាំងមូលដែរ។ កិច្ចការទាំងបីដំណាក់កាល មានពេញដោយការបង្ហាញឲ្យឃើញពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ។ មនុស្សដែលពុំដឹងពីកិច្ចការទាំងបីដំណាក់កាល គេក៏ពុំដឹងអំពីទ្រឹស្ដី និងគោលការណ៍នានានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ហើយអស់អ្នកដែលមានៈកាន់តាមគោលលទ្ធិដែលនៅសល់ពីដំណាក់កាលនៃកិច្ចការណាមួយ អ្នកនោះគឺជាមនុស្សដែលកំហិតព្រះជាម្ចាស់ទៅតាមគោលលទ្ធិ ហើយជំនឿរបស់គេចំពោះព្រះជាម្ចាស់ ជាជំនឿស្រពេចស្រពិល និងមិនច្បាស់លាស់។ មនុស្សបែបនេះ នឹងមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ មានតែកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចបង្ហាញឲ្យឃើញ នូវនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់យ៉ាងពេញលេញ ព្រមទាំងបង្ហាញពីដំណើរទាំងអស់ នៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ នេះជាភ័ស្តុតាងបង្ហាញថា ទ្រង់បានយកឈ្នះសាតាំងនិងទទួលបានមនុស្សជាតិ ក៏ជាភ័ស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់ និងជាការបង្ហាញពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ត្រឹមមួយដំណាក់កាល គេស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ត្រឹមតែមួយចំណែកប៉ុណ្ណោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស កិច្ចការតែមួយដំណាក់កាលនេះ ងាយនឹងក្លាយទៅជាគោលលទ្ធិណាស់ ហើយមនុស្សក៏ងាយនឹងបង្កើតបានជាក្រឹត្យក្រមដ៏តឹងរ៉ឹងអំពីព្រះជាម្ចាស់ ព្រមទាំងប្រើនិស្ស័យតែមួយចំណែករបស់ព្រះជាម្ចាស់ យកមកធ្វើជាតំណាងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ភាគច្រើននៃការស្រមើស្រមៃរបស់មនុស្សមានលាយឡំក្នុងដួងចិត្តរបស់គេ មនុស្សបែបនេះ គេដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះនិស្ស័យ លក្ខណៈ និងប្រាជ្ញាញាណក៏ដូចជា គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងព្រំដែនដែលបានកំណត់ដោយជឿថា ប្រសិនបើព្រះជាម្ចាស់ធ្លាប់មានលក្ខណៈបែបនេះម្ដងហើយ នោះទ្រង់នឹងនៅតែដដែលគ្រប់ពេលវេលា ហើយមិនប្រែប្រួលឡើយ។ មានតែមនុស្សដែលស្គាល់ និងឲ្យតម្លៃកិច្ចការទាំងបីដំណាក់កាល ទើបអាចស្គាល់ព្រះជាម្ចាស់ពេញលេញនិងច្បាស់លាស់បាន។ យ៉ាងហោចណាស់ ពួកគេមិនកំណត់និយមន័យព្រះជាម្ចាស់ថាជាព្រះនៃសាសន៍អ៊ីស្រាអែល ឬសាសន៍យូដា ហើយមិនចាត់ទុកទ្រង់គឺ ជាព្រះដែលនៅជាប់លើឈើឆ្កាងជានិរន្ត៍ ដើម្បីប្រយោជន៍មនុស្សនោះឡើយ។ ប្រសិនបើបុគ្គលម្នាក់ចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តែពីដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់នោះចំណេះដឹងរបស់គេ គឺតិចតួចណាស់ ហើយប្រៀបមិនស្មើនឹងទឹកមួយដំណក់ស្រក់ក្នុងមហាសមុទ្រផង។ បើមិនដូច្នោះទេ ហេតុអ្វីក៏ឆ្មាំសាសនាចាស់ៗទាំងអស់នោះ ដំព្រះជាម្ចាស់ឆ្កាងទាំងរស់? តើមិនមែនដោយសារមនុស្សកំហិតព្រះជាម្ចាស់ ឲ្យនៅក្នុងព្រះដែនជាក់លាក់ទេឬអី?

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សជាតិ ហើយក៏មិនមែនជារឿងស្រមើស្រមៃដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាចង់ស្វែងរកការយល់ដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ នោះអ្នកត្រូវតែដឹងអំពីកិច្ចការទាំងបីដំណាក់កាល ដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ ហើយជាងនេះទៀត អ្នកមិនត្រូវរំលងដំណាក់កាលណាមួយនោះឡើយ។ នេះគឺជាកម្រិតទាបបំផុតដែលត្រូវសម្រេចបានដោយមនុស្សដែលព្យាយាមស្គាល់ព្រះជាម្ចាស់។ មនុស្សខ្លួនឯងផ្ទាល់ពុំអាចបង្កើតចំណេះដឹងពិតអំពីព្រះជាម្ចាស់បានឡើយ។ នេះមិនមែនជារឿងដែលមនុស្សខ្លួនឯងអាចស្រមៃបាន ក៏មិនមែនជាផលនៃព្រះហឫទ័យអនុគ្រោះពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ប្រទានដល់មនុស្ស ណាម្នាក់ឡើយ។ ផ្ទុយទៅវិញ នេះគឺជាចំណេះដឹងដែលបានមក បន្ទាប់ពីមនុស្សបានស្គាល់នូវកិច្ចការរបស់ព្រះជាម្ចាស់ និងជាចំណេះដឹងអំពីព្រះ ដែលបានមកលុះត្រាតែគេបានស្គាល់ពីការពិតនានា នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ចំណេះដឹងបែបនេះ មិនអាចសម្រេចដោយសន្ទុះចិត្តបានឡើយ ហើយក៏មិនមែនជាមេរៀនដែលអាចបង្រៀនបានដែរ។ ចំណេះដឹងនេះពាក់ព័ន្ធទាំងស្រុងទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួន។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ម្រាប់មនុស្សជាតិ គឺជាស្នូលនៃកិច្ចការទាំងបីដំណាក់កាលនេះ ប៉ុន្តែមានទ្រឹស្ដីនៃការអនុវត្តកិច្ចការ និងមធ្យោបាយជាច្រើនដែលព្រះជាម្ចាស់បង្ហាញពីនិស្ស័យរបស់ទ្រង់ ត្រូវបានបញ្ចូលនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ។ នេះគឺជាកត្តាដែលមនុស្សពិបាកសម្គាល់ ហើយវាក៏ជាកត្តាដែលមនុស្ស ពិបាកយល់ដែរ។ ការបែងចែកយុគសម័យ ការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ ការផ្លាស់ប្ដូរទីតាំងនៃកិច្ចការ ការផ្លាស់ប្ដូរអ្នកទទួលកិច្ចការនេះ។ ល។ និង។ ល។ ទាំងអស់នេះសុទ្ធតែត្រូវបានបញ្ចូលនៅក្នុងកិច្ចការទាំងបីដំណាក់កាល។ ជាពិសេស ភាពខុសគ្នានៅក្នុងវិធីធ្វើការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំប្លែងនិស្ស័យ រូបអង្គ ព្រះនាមអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរផ្សេងៗទៀត គឺសុទ្ធតែជាចំណែកនៃកិច្ចការទាំងបីដំណាក់កាលនេះ។ កិច្ចការមួយដំណាក់កាល អាចតំណាងបានតែមួយចំណែកគត់ ហើយត្រូវកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់។ កិច្ចការនេះពុំមានពាក់ព័ន្ធនឹងការបែងចែកយុគសម័យ ឬការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ទេ រឹតតែមិនពាក់ព័ន្ធនឹងចំណុចដទៃទៀតដែរ។ នេះជាការពិតជាក់ស្តែងណាស់។ កិច្ចការទាំងបីដំណាក់កាល ជាកិច្ចការទាំងមូលរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានចំពោះព្រះជាម្ចាស់ គ្មានអ្វីទាំងអស់ក្រៅតែពីពាក្យពេចន៍ អត់ប្រយោជន៍គ្មានអ្វីក្រៅតែពីការនិយាយអួតតែពីខ្លួនឯងឡើយ។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងកំណត់ត្រានៃរឿងរបស់លោកណូអេ តើអ្នក រាល់គ្នាឃើញផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? ការអត់ធ្មត់របស់ព្រះជាម្ចាស់ គឺមានកម្រិតចំពោះសេចក្ដីពុករលួយ ភាពស្មោគគ្រោគ និងអំពើហិង្សារបស់មនុស្ស។ នៅពេលដែលព្រះអង្គឈានដល់កម្រិតនោះហើយ នោះព្រះអង្គនឹងលែងអត់ធ្មត់ ហើយនឹងចាប់ផ្តើមការគ្រប់គ្រងថ្មី និងផែនការថ្មីរបស់ព្រះអង្គ ចាប់ផ្តើមធ្វើអ្វីដែលព្រះអង្គត្រូវធ្វើ បើកសម្តែងពីការប្រព្រឹត្ដរបស់ព្រះអង្គ និងផ្នែកមួយទៀតនៃនិស្ស័យរបស់ព្រះអង្គ។ សកម្មភាពរបស់ព្រះអង្គនេះ គឺមិនមែនដើម្បីបង្ហាញថា ព្រះអង្គដាច់ខាតមិនឲ្យមនុស្សវាយប្រហារបាន ឬថាព្រះអង្គពេញដោយសិទ្ធិអំណាច និងសេចក្តីក្រោធឡើយ ហើយវាក៏មិនមែនបង្ហាញថា ព្រះអង្គអាចបំផ្លាញមនុស្សបានតាមតែព្រះទ័យរបស់ព្រះអង្គនោះដែរ។ វាគឺដោយសារតែនិស្ស័យ និងសារជាតិដ៏បរិសុទ្ធរបស់ព្រះអង្គ លែងអនុញ្ញាត ឬអត់ធ្មត់បានចំពោះមនុស្សជាតិប្រភេទនេះ ឲ្យរស់នៅចំពោះព្រះអង្គ ឬក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះអង្គទៀតហើយ។ នោះគឺមានន័យថា នៅពេលដែលមនុស្សទាំងអស់ប្រឆាំងនឹងព្រះអង្គ ហើយនៅពេលដែលគ្មាននរណាម្នាក់ អាចជួយសង្គ្រោះនៅលើផែនដីទាំងមូលបាន នោះទ្រង់នឹងមិនអត់ធ្មត់ចំពោះមនុស្សប្រភេទនេះទេ ហើយព្រះអង្គនឹងអនុវត្តផែនការរបស់ព្រះអង្ក ដើម្បីបំផ្លាញមនុស្សប្រភេទនេះដោយគ្មានការរារែក ឬសោកស្តាយឡើយ។ ការប្រព្រឹត្ដបែបនេះរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយនិស្ស័យរបស់ព្រះអង្គ។ នេះគឺជាផលវិបាកដ៏ចាំបាច់មួយ ហើយជាផលវិបាកដែលមនុស្សទាំងអស់ ដែលបានបង្កើតមកនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវតែទទួល។ តើការនេះមិនបានបង្ហាញ ថាព្រះជាម្ចាស់មិនអាចរង់ចាំតទៅ ដើម្បីបញ្ចប់ផែនការរបស់ព្រះអង្គ ហើយជួយសង្គ្រោះមនុស្សដែលព្រះអង្គចង់សង្រ្គោះនៅក្នុងយុគសម័យបច្ចុប្បន្ននេះទេឬ? ក្នុងកាលៈទេសៈទាំងនេះ តើព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងអ្វីជាងគេ? គឺមិនមែនជាអ្នកដែលមិនដើរតាមព្រះអង្គទាល់តែសោះ ឬអ្នកដែលប្រឆាំង ឬរឹងទទឹងនឹងព្រះអង្គ ឬមនុស្សដែលកំពុងប្រមាថមាក់ងាយដល់ព្រះអង្គឡើយ។ ព្រះអង្គយកព្រះទ័យទុកដាក់តែចំពោះអស់អ្នកដែលដើរតាមព្រះអង្គ យកចិត្តទុកដាក់លើគោលបំណងនៃសេចក្តីសង្គ្រោះរបស់ព្រះអង្គ នៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គ អស់អ្នកដែលបានពេញខ្នាតដោយសារព្រះអង្គ និងបានជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គតែប៉ុណ្ណោះ។ ចំណែកឯអស់អ្នកដែលមិនដើរតាមព្រះអង្គវិញ គឺព្រះអង្គនឹងផ្តល់នូវការដាក់ទោស ទុកជាការព្រមាន ដើម្បីបង្ហាញពីសេចក្តីក្រោធរបស់ព្រះអង្គ។ ឧទាហរណ៍ដូចជា រលកយក្សស៊ូណាមិ ការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាដើម។ ក្នុងពេលជាមួយគ្នានេះ ព្រះអង្គក៏កំពុងការពារ និងមើលថែរក្សាអស់អ្នកដែលដើរតាមព្រះអង្គយ៉ាងខ្លាំង ហើយព្រះអង្គក៏កំពុងចាំសង្គ្រោះពួកគេដែរ។ និស្ស័យរបស់ព្រះជាម្ចាស់គឺយ៉ាងនេះ៖ នៅផ្នែកម្ខាង ព្រះអង្គអាចមានការអត់ធ្មត់យ៉ាងខ្លាំង និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្ស ដែលព្រះអង្គមានបំណងធ្វើឲ្យបានពេញខ្នាត ហើយព្រះអង្គអាចរង់ចាំពួកគេ ដរាបណាព្រះអង្គអាចធ្វើបាន។ រីឯផ្នែកម្ខាងទៀតវិញ ព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមដល់មនុស្សប្រភេទសាតាំង ដែលមិនដើរតាមព្រះអង្គ និងប្រឆាំងនឹងព្រះអង្គ។ ទោះបីជាព្រះអង្គមិនខ្វល់ថា តើមនុស្សប្រភេទសាតាំងទាំងនេះដើរតាមព្រះអង្គ ឬថ្វាយបង្គំព្រះអង្គក៏ដោយក្តី តែព្រះអង្គនៅតែស្អប់ពួកគេនៅក្នុងព្រះទ័យរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គអត់ធ្មត់ចំពោះពួកគេ ហើយនៅពេលដែលព្រះអង្គកំណត់ទីបញ្ចប់នៃប្រភេទមនុស្សសាតាំងទាំងនេះ នោះព្រះអង្គក៏កំពុងតែរង់ចាំការមកដល់នៃជំហានផែនការគ្រប់គ្រងរបស់ព្រះអង្គដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កាលដើមឡើយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សមក នៅក្នុងព្រះនេត្ររបស់ព្រះអង្គ គឺពួកគេល្អណាស់ ហើយក៏ជិតស្និទ្ធនឹងព្រះអង្គដែរ ប៉ុន្តែពួកគេត្រូវបានបំផ្លាញចោលដោយទឹកជំនន់ ក្រោយពីមានការបះបោរប្រឆាំងនឹងព្រះអង្គ។ តើវាបានធ្វើឲ្យព្រះជាម្ចាស់ឈឺចាប់ដែរឬទេ នៅពេលដែលមនុស្សត្រូវបាត់បង់ភ្លាមៗបែបនេះ? ជាការពិត វាជារឿងដែលគួរឲ្យឈឺចាប់ណាស់! ដូច្នេះ តើអ្វីជាការបង្ហាញពីការឈឺចាប់របស់ព្រះអង្គ? តើវាត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ាងដូចម្តេច? វាត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរជាពាក្យពេចន៍ដូចខាងក្រោម៖ «ហើយខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ្នករាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែន‌ដីទៀតដែរ»។ ប្រយោគដ៏សាមញ្ញនេះ បង្ហាញពីព្រះតម្រិះរបស់ព្រះជាម្ចាស់។ ការបំផ្លាញលោកីយនេះបានធ្វើឲ្យព្រះអង្កឈឺចាប់ណាស់។ តាមសំដីរបស់មនុស្ស គឺព្រះអង្គពិតជាសោកសៅណាស់។ យើងអាចស្រមៃមើល៖ តើផែនដីដែលធ្លាប់ពេញទៅដោយជីវិត ប្រែទៅជាបែបណា ក្រោយពីត្រូវបំផ្លាញដោយទឹកជំនន់រួច? តើផែនដីដែលធ្លាប់មានមនុស្សរស់នៅពេញ មានលក្ខណៈបែបណានៅពេលនោះ? គ្មានទីលំនៅរបស់មនុស្ស គ្មានសត្វមានជីវិត ហើយទឹកនៅគ្រប់ទីកន្លែង និងឃើញមានតែការបំផ្លិចបំផ្លាញទាំងស្រុងនៅលើផ្ទៃទឹក។ តើឈុតឆាកបែបនេះ ជាចេតនាដើមរបស់ព្រះជាម្ចាស់នៅពេលដែលព្រះអង្គបានបង្កើតពិភពលោកនេះឬ? ជាការពិត គឺមិនមែនដូច្នោះទេ! គោលបំណងដើមរបស់ព្រះជាម្ចាស់គឺចង់ឃើញជីវិតនៅពាសពេញលើផែនដី ចង់ឃើញមនុស្សដែលព្រះអង្គបានបង្កើតមក គោរពថ្វាយបង្គំដល់ព្រះអង្គ គឺមិនមែនតែលោកណូអេ ម្នាក់ប៉ុណ្ណោះទេ ដែលគោរពថ្វាយបង្គំព្រះអង្គនោះ ឬក៏ជាមនុស្សតែម្នាក់គត់ដែលអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ ដើម្បីបំពេញនូវអ្វីដែលព្រះអង្គបានប្រគល់ឲ្យគាត់ធ្វើនោះឡើយ។ នៅពេលដែលមនុស្សបានបាត់បង់ទៅ នោះព្រះជាម្ចាស់មិនបានទតមើលឃើញពីអ្វី ដែលព្រះអង្គមានបំណងតាំងពីដើមដំបូងមកនោះទេ គឺផ្ទុយស្រឡះទាំងស្រុង។ តើមិនឲ្យព្រះទ័យព្រះអង្គឈឺចាប់ដូចម្តេចកើត? ដូច្នេះ នៅពេលដែលព្រះអង្គកំពុងបើកបង្ហាញពីនិស្ស័យរបស់ព្រះអង្គ និងបង្ហាញពីអារម្មណ៍របស់ព្រះអង្គនោះ ព្រះជាម្ចាស់បានធ្វើការសម្រេចព្រះទ័យមួយ។ តើអ្វីដែលព្រះអង្គបានធ្វើការសំរេចព្រះទ័យ? គឺព្រះអង្គបានបង្កើតឥន្ធនូនៅក្នុងពពក (នោះគឺជាឥន្ធនូ ដែលយើងបានឃើញសព្វថ្ងៃនេះ) ទុកជាការតាំងសញ្ញាមួយជាមួយមនុស្ស ដែលជាការសន្យាថា ព្រះជាម្ចាស់នឹងមិនបំផ្លាញមនុស្សជាតិដោយទឹកជំនន់ម្តងទៀតឡើយ។ ទន្ទឹមនឹងនេះដែរ វាក៏ជាការប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានបំផ្លាញពិភពលោកដោយទឹកជំនន់ ដើម្បីឲ្យមនុស្សជាតិចងចាំជារៀងរហូតថា មូលហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើរឿងបែបនេះ។

............

តើយើងគួររៀនពីផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់? ព្រះជាម្ចាស់ស្អប់មនុស្ស ពីព្រោះមនុស្សបានតាំងខ្លួនជាសត្រូវទាស់នឹងព្រះអង្គ ក៏ប៉ុន្តែ នៅក្នុងព្រះទ័យរបស់ព្រះអង្គ គឺព្រះអង្គយកព្រះទ័យទុកដាក់ បារម្ភ និងមានសេចក្ដីមេត្ដាករុណាចំពោះមនុស្សជានិច្ច មិនផ្លាស់ប្តូរឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិក៏ដោយ ក៏ព្រះទ័យរបស់ព្រះអង្គនៅតែមិនផ្លាស់ប្តូរដដែល។ នៅពេលមនុស្សពោរពេញទៅដោយសេចក្ដីពុករលួយ និងការមិនស្តាប់បង្គាប់ព្រះជាម្ចាស់យ៉ាងខ្លាំង នោះព្រះជាម្ចាស់ត្រូវតែបំផ្លាញមនុស្សនេះចោល ដោយព្រោះតែនិស្សន័យ និងសារជាតិរបស់ទ្រង់ និងស្របតាមគោលការណ៍របស់ទ្រង់។ ប៉ុន្ដែ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ នោះព្រះអង្គនៅតែអាណិតអាសូរមនុស្សជាតិ ហើយថែមទាំងចង់ប្រើវិធីផ្សេងៗលោះមនុស្សជាតិ ដើម្បីឲ្យពួកគេអាចបន្តរស់នៅបានទៀតផង។ ទោះយ៉ាងណា មនុស្សនៅតែបន្តប្រឆាំងនឹងព្រះជាម្ចាស់ ហើយមិនស្តាប់បង្គាប់ព្រះអង្គ ថែមទាំងបដិសេធមិនទទួលយកសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទៀតផង ដែលនោះគឺជាការបដិសេធ មិនព្រមទទួលយកបំណងល្អរបស់ព្រះអង្គ។ មិនខ្វល់ថាព្រះជាម្ចាស់បានត្រាស់ហៅពួកគេ រំឭកពួកគេ ផ្គត់ផ្គង់ពួកគេ ជួយពួកគេ ឬអត់ឱនដល់ពួកគេយ៉ាងណាក៏ដោយ ក៏មនុស្សមិនយល់ ថែមទាំងមិនដឹងគុណទៀតផង គឺពួកគេនៅតែមិនយកចិត្តទុកដាក់ដដែល។ នៅក្នុងការឈឺចាប់របស់ព្រះអង្គ ព្រះជាម្ចាស់នៅតែមិនភ្លេចប្រទានឲ្យមនុស្សនូវការអត់ឱនយ៉ាងច្រើនរបស់ព្រះអង្គ ដោយរង់ចាំពួកគេងាកត្រឡប់មកវិញ។ ក្រោយពីព្រះអង្គបានអត់ធ្មត់ដល់កម្រិតរបស់ព្រះអង្គហើយ នោះព្រះអង្គក៏បានធ្វើអ្វីដែលព្រះអង្គត្រូវធ្វើដោយមិនស្ទាក់ស្ទើរឡើយ។ អាចនិយាយម៉្យាងទៀតបានថា ព្រះជាម្ចាស់បានទុកគំលាតរយៈពេល និងដំណើរការដ៏ជាក់លាក់មួយ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានគ្រោងនឹងបំផ្លាញមនុស្សជាតិរហូតដល់ការចាប់ផ្តើមសម្រេចកិច្ចការរបស់ព្រះអង្គនៅក្នុងការបំផ្លាញមនុស្សជាតិនោះ។ ដំណើរការនេះកើតមានឡើង គឺសម្រាប់គោលបំណងនៃការធ្វើឲ្យមនុស្សអាចផ្លាស់ប្តូរទិសដៅ ហើយនេះគឺជាឱកាសចុងក្រោយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស។ ដូច្នេះ តើព្រះជាម្ចាស់ បានធ្វើអ្វីនៅគ្រានេះ មុនពេលដែលព្រះអង្គបំផ្លាញមនុស្សជាតិ? ព្រះជាម្ចាស់បានធ្វើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីរំឭក និងដាស់តឿនដល់ពួកគេ។ មិនថានៅក្នុងព្រះទ័យរបស់ព្រះអង្គទទួលការឈឺចាប់ និងទុក្ខព្រួយកម្រិតណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តយកព្រះទ័យទុកដាក់ បារម្ភ និងប្រទានសេចក្តីមេត្តាករុណាយ៉ាងបរិបូរណ៌របស់ព្រះអង្គចំពោះមនុស្សជាតិដដែល។ តើយើងមើលឃើញអ្វីខ្លះពីត្រង់ចំណុចនេះ? ដោយគ្មានការសង្ស័យ យើងឃើញថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិគឺពិតប្រាកដ ហើយមិនមែនជាអ្វីដែលព្រះអង្គគ្រាន់តែមានបន្ទូលតែបបូរមាត់ប៉ុណ្ណោះទេ។ វាជារឿងជាក់ស្តែង អាចមើលឃើញ និងគួរឲ្យសរសើរ មិនក្លែងក្លាយ មិនផិតក្បត់ មិនបំភាន់ ឬធ្វើពុតឡើយ។ ព្រះជាម្ចាស់មិនដែលប្រើការបោកប្រាស់ណាមួយ ឬបង្កើតរូបភាពមិនពិត ដើម្បីធ្វើឲ្យមនុស្សឃើញថាព្រះអង្គគួរឲ្យស្រឡាញ់នោះទេ។ ព្រះអង្គមិនដែលប្រើទីបន្ទាល់ក្លែងក្លាយ ដើម្បីឲ្យមនុស្សមើលឃើញពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ឬដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងភាពបរិសុទ្ធរបស់ព្រះង្គឡើយ។ តើទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់ទាំងនេះ មិនសក្ដិសមនឹងសេចក្ដីស្រឡាញ់របស់មនុស្សទេឬអី? តើទិដ្ឋភាពទាំងនេះមិនសមនឹងឲ្យថ្វាយបង្គំទេឬអី? តើទិដ្ឋភាពទាំងនេះមិនគួរឲ្យស្រឡាញ់ទេឬអី? នៅត្រង់ចំណុចនេះ ខ្ញុំចង់សួរអ្នករាល់គ្នាថា៖ ក្រោយពីបានស្ដាប់ឮព្រះបន្ទូលទាំងនេះហើយ តើអ្នករាល់គ្នាគិតថា ភាពអស្ចារ្យរបស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យទទេឥតប្រយោជន៍ ដែលសរសេរនៅលើក្រដាសមួយសន្លឹកឬ? តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យទទេឬ? ទេ! មិនមែនបែបនោះទេ! ភាពឧត្តុង្គឧត្ដម ភាពបរិសុទ្ធ ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ និងអ្វីៗផ្សេងៗទៀត ពោលគឺគ្រប់ទាំងសេចក្ដីលំអិតអំពីទិដ្ឋភាពផ្សេងៗនៃនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ តែងបង្ហាញចេញយ៉ាងជាក់ស្តែង នៅរាល់ពេលដែលព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ និងត្រូវបានរួមបញ្ចូលក្នុងបំណងព្រះហឫទ័យរបស់ព្រះអង្គចំពោះមនុស្ស ហើយក៏ត្រូវបានបំពេញ និងឆ្លុះបញ្ចាំងនៅក្នុងមនុស្សគ្រប់គ្នាដែរ។ មិនថាអ្នកធ្លាប់មានអារម្មណ៍បែបនេះពីមុនមកនោះទេ តែព្រះជាម្ចាស់កំពុងយកព្រះទ័យទុកដាក់ចំពោះមនុស្សគ្រប់រូប តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដោយប្រើព្រះទ័យទៀងត្រង់ ព្រះប្រាជ្ញាញាណរបស់ព្រះអង្គ រួមនិងវិធីសាស្រ្តផ្សេងៗ ដើម្បីផ្តល់ភាពកក់ក្តៅដល់មនុស្សម្នាក់ៗ ព្រមទាំងដាស់ស្មារតីរបស់ពួកគេដែរ។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការដែលព្រះជាម្ចាស់ប្រើប្រាស់ភ្លើង ដើម្បីបំផ្លាញទីក្រុងសូដុម គឺជាវិធីសាស្ត្រដ៏លឿនបំផុត ដើម្បីបំផ្លាញមនុស្ស ឬអ្វីមួយឲ្យវិនាសសាបសូន្យ។ ការដុតបំផ្លាញអ្នកក្រុងសូដុមដោយភ្លើង មិនគ្រាន់តែបំផ្លាញរូបកាយរបស់គេប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បំផ្លាញដល់វិញ្ញាណ ព្រលឹង និងរូបកាយទាំងមូលរបស់គេដែរ ដើម្បីធានាថា មនុស្សនៅក្នុងក្រុងនេះនឹងលែងមានវត្តមានតទៅទៀតនៅក្នុងពិភពលោករូបិយ និងពិភពលោកអរូបិយ។ នេះគឺជាផ្លូវតែមួយគត់ដែលព្រះជាម្ចាស់បើកសម្ដែង និងបង្ហាញពីព្រះពិរោធរបស់ទ្រង់។ ការបើកសម្ដែង និងការបង្ហាញបែបនេះ គឺជាទិដ្ឋភាពមួយអំពីលក្ខណៈសំខាន់នៃព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការបើកសម្ដែងអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចេញព្រះពិរោធរបស់ទ្រង់ ព្រះអង្គលែងបើកសម្ដែងពីសេចក្តីមេត្តាករុណា ឬសេចក្តីស្រឡាញ់ដ៏សប្បុរស ហើយក៏លែងបង្ហាញព្រះទ័យអត់ឱន ឬព្រះទ័យអត់ធ្មត់តទៅទៀត ហើយក៏គ្មាននរណាម្នាក់ គ្មានអ្វីមួយ ឬហេតុផលណាមួយដែលអាចបញ្ចុះបញ្ចូលឲ្យទ្រង់បន្តមានព្រះទ័យអត់ធ្មត់ ប្រទានសេចក្តីមេត្តាករុណា និងការអត់ឱនរបស់ទ្រង់តទៅទៀតនោះដែរ។ ផ្ទុយទៅវិញ ដោយគ្មានភាពអល់អែក ព្រះជាម្ចាស់បានបញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ ដោយធ្វើអ្វីដែលទ្រង់ចង់ធ្វើ។ ទ្រង់នឹងធ្វើរឿងទាំងនេះនៅក្នុងល្បឿនដ៏លឿន និងកម្ចាត់ចោលយ៉ាងស្អាត ដើម្បីឲ្យស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ នេះគឺជាផ្លូវមួយដែលព្រះជាម្ចាស់បញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ ដែលមនុស្សមិនត្រូវបំពានឡើយ ហើយវាក៏ជាការបង្ហាញចេញនូវទិដ្ឋភាពមួយអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរ។ នៅពេលដែលមនុស្សមើលឃើញព្រះជាម្ចាស់សម្ដែងការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ចំពោះពួកគេ ពួកគេមិនអាចយល់ពីព្រះពិរោធរបស់ទ្រង់ មិនអាចឃើញឫទ្ធានុភាពរបស់ទ្រង់ ឬមិនអាចដឹងអំពីការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការបំពាននោះឡើយ។ ការទាំងនេះតែងតែនាំឲ្យមនុស្សជឿថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺមានតែសេចក្តីមេត្តាករុណា សេចក្តីអត់ឱន និងសេចក្តីស្រឡាញ់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា នៅពេលដែលគេមើលឃើញព្រះជាម្ចាស់បំផ្លាញទីក្រុងមួយ ឬស្អប់ខ្ពើមមនុស្សណាម្នាក់ ឃើញពីសេចក្តីក្រោធរបស់ទ្រង់នៅក្នុងការបំផ្លាញមនុស្ស និងឫទ្ធានុភាពរបស់ទ្រង់ វាជួយឲ្យមនុស្សមើលឃើញផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ នេះគឺជាការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការបំពានតទៅទៀត។ និស្ស័យរបស់ព្រះជាម្ចាស់ដែលលែងអត់ឱនចំពោះការបំពាន មានកម្រិតខ្ពស់ហួសពីការស្រមើស្រមៃរបស់ភាវៈរូបិយ ហើយនៅក្នុងចំណោមភាវៈអរូបិយ គឺគ្មាននរណាម្នាក់អាចចូលអន្តរាគមន៍ ឬជះឥទ្ធិពលលើនិស្ស័យនេះបានឡើយ ហើយក៏មិនអាចក្លែងបន្លំ ឬចម្លងបានដែរ។ ដូច្នេះ ទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់នេះ គឺជាទិដ្ឋភាពមួយដែលមនុស្សគួរតែដឹងជាងគេបំផុត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលមាននិស្ស័យប្រភេទនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលកាន់កាប់និស្ស័យបែបនេះ។ ព្រះជាម្ចាស់កាន់កាប់និស្ស័យដ៏សុចរិតនេះ ដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីអាក្រក់ សេចក្តីងងឹត ការបះបោរ និងអំពើអាក្រក់របស់សាតាំង ដែលធ្វើឲ្យមនុស្សជាតិពុករលួយ និងបំផ្លាញមនុស្ស ហើយក៏ដោយសារតែទ្រង់ស្អប់ខ្ពើមគ្រប់ទាំងអំពើបាបដែលប្រឆាំងនឹងទ្រង់ និងដោយសារតែលក្ខណៈសំខាន់ដ៏បរិសុទ្ធ និងឥតសៅហ្មងរបស់ទ្រង់ដែរ។ វាគឺដោយសារតែការនេះហើយដែលនាំឲ្យទ្រង់ទ្រាំលែងបានជាមួយភាវៈរូបិយ ឬភាវៈអរូបិយ ដែលប្រឆាំង ឬប្រជែងជាមួយទ្រង់ទាំងចំហនោះ។ សូម្បីតែមនុស្សដែលទ្រង់ធ្លាប់សម្ដែងសេចក្តីមេត្តាករុណា ឬទ្រង់ធ្លាប់បានជ្រើសរើសពីមុន ក៏រករឿងដល់និស្ស័យរបស់ទ្រង់ ហើយរំលងគោលការណ៍នៃព្រះទ័យអត់ធ្មត់ និងការអត់ឱនរបស់ទ្រង់ផងដែរ ហើយព្រះជាម្ចាស់នឹងបញ្ចេញ និងបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលលែងអត់ឱនតទៅទៀតចំពោះការបំពាន ដោយគ្មានសេចក្តីមេត្តាករុណា ឬការអាឡោះអាល័យ សូម្បីតែបន្ដិច។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មានគោលការណ៍ចំពោះសកម្មភាពរបស់ព្រះជាម្ចាស់ ហើយមុនធ្វើការសម្រេចព្រះទ័យ ទ្រង់នឹងចំណាយពេលយ៉ាងយូរ ដើម្បី សង្កេត និងព្រះតម្រិះទុក ទ្រង់ដាច់ខាតមិនធ្វើការសម្រេចព្រះទ័យ ឬក៏ធ្វើការសន្និដ្ឋាន មុនពេលវេលាមកដល់នោះទេ។ ការដោះដូររវាងអ័ប្រាហាំ និងព្រះជាម្ចាស់បង្ហាញឲ្យយើងឃើញថា ការដែលព្រះជាម្ចាស់សម្រេចព្រះទ័យបំផ្លាញក្រុងសូដុម គឺមិនខុសទេ សូម្បីតែបន្តិច ដ្បិតព្រះជាម្ចាស់ជ្រាបជាស្រេចហើយថា នៅក្នុងទីក្រុងនេះគ្មានមនុស្សសុចរិតសែសិបនាក់ សាមសិបនាក់ ឬម្ភៃនាក់នោះឡើយ។ សូម្បីតែដប់នាក់ក៏មិនមានផង។ មនុស្សសុចរិតតែម្នាក់គត់នៅក្នុងក្រុងនេះគឺ លោកឡុត។ អ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងក្រុងសូដុម និងស្ថានការណ៍នានានៅក្នុងទីក្រុងនេះ ត្រូវបានសង្កេតមើលដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជ្រាបរឿងនេះច្បាស់ ដូចជាស្គាល់ព្រះហស្តរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ការសម្រេចព្រះទ័យរបស់ទ្រង់ គឺមិនអាចខុសឡើយ។ ផ្ទុយទៅវិញ ប្រៀបធៀបនឹងភាពពេញដោយព្រះចេស្ដារបស់ព្រះជាម្ចាស់ មនុស្សស្ពឹកស្រពន់ខ្លាំង ល្ងីល្ងើ និងល្ងង់ខ្លៅខ្លាំង គិតគូរមិនបានវែងឆ្ងាយ។ នេះគឺជាអ្វីដែលយើងមើលឃើញនៅក្នុងការសន្ទនារវាងលោកអ័ប្រាហាំ និងព្រះជាម្ចាស់។ ព្រះជាម្ចាស់បញ្ចេញនិស្ស័យរបស់ទ្រង់តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ក្នុងនេះក៏មាននិស្ស័យរបស់ព្រះជាម្ចាស់ដែលយើងគួរមើលឃើញដូចគ្នាដែរ។ ចំនួនសាមញ្ញនោះទេ វាមិនបង្ហាញពីអ្វីទាំងអស់ ប៉ុន្តែ នៅក្នុងនេះមានការបង្ហាញចេញមួយដ៏សំខាន់ ស្ដីអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនបំផ្លាញក្រុងនេះទេ ដោយសារតែមនុស្សសុចរិតហាសិបនាក់។ តើនេះមកពីព្រះគុណរបស់ព្រះជាម្ចាស់ឬ? ឬក៏មកពីសេចក្ដីស្រឡាញ់ និងការអធ្យាស្រ័យរបស់ព្រះអង្គ? តើអ្នករាល់គ្នាធ្លាប់ឃើញនិស្ស័យបែបនេះរបស់ព្រះជាម្ចាស់ដែរឬទេ? ទោះបីជាមានមនុស្សសុចរិតត្រឹមតែដប់នាក់ ក៏ព្រះជាម្ចាស់មិនបំផ្លាញក្រុងនោះដែរ ដោយសារតែមនុស្សសុចរិតទាំងដប់នាក់នោះ។ តើនេះមកការអធ្យាស្រ័យ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មែន ឬមិនមែន? ដោយសារសេចក្ដីមេត្តាករុណា ការអធ្យាស្រ័យ និងការយកព្រះទ័យទុកដាក់ដល់មនុស្សសុចរិត ទ្រង់នឹងមិនបំផ្លាញទីក្រុងនេះទេ។ នេះជាការអធ្យាស្រ័យរបស់ព្រះជាម្ចាស់។ ហើយនៅទីបញ្ចប់ តើយើងមើលឃើញលទ្ធផលអ្វីខ្លះ? នៅពេលដែលអ័ប្រាហាំនិយាយថា «ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ» ព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ»។ ក្រោយមកទៀត អ័ប្រាហាំក៏លែងនិយាយអ្វីទៀត ដ្បិតនៅក្នុងក្រុងសូដុម គ្មានមនុស្សសុចរិតដប់នាក់ដែលគាត់និយាយសំដៅនោះទេ រួចគាត់ក៏គ្មានអ្វីនិយាយតទៅទៀត ហើយនៅពេលនោះគាត់ក៏យល់មូលហេតុដែលព្រះជាម្ចាស់បានតាំងព្រះទ័យបំផ្លាញក្រុងសូដុម។ នៅក្នុងនេះ តើអ្នករាល់គ្នាមើលឃើញនិស្ស័យអ្វីខ្លះរបស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់បានធ្វើការតាំងព្រះទ័យអ្វីខ្លះ? ព្រះជាម្ចាស់បានតាំងព្រះទ័យរួចហើយថា ប្រសិនបើក្រុងនេះគ្មានមនុស្សសុចរិតដប់នាក់ទេ នោះទ្រង់នឹងមិនអនុញ្ញាតឲ្យវានៅមានទៀតទេ ហើយនឹងបំផ្លាញវា ដោយចៀសមិនរួចឡើយ។ តើនេះមិនមែនជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេឬអី? តើសេចក្ដីក្រោធនេះ តំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងពីលក្ខណៈដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដែរឬទេ? តើវាជាការបើកសម្ដែងអំពីលក្ខណៈសុចរិតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនត្រូវប្រព្រឹត្តល្មើសដែរឬទេ? ព្រះជាម្ចាស់ប្រាកដព្រះទ័យក្នុងការបំផ្លាញទីក្រុងនេះ ដោយបានបញ្ជាក់ហើយថា គ្មានមនុស្សសុចរិតដប់នាក់នៅក្នុងក្រុងសូដុមឡើយ ហើយទ្រង់នឹងដាក់ទោសមនុស្សនៅក្នុងក្រុងនោះយ៉ាងធ្ងន់ធ្ងរ ដ្បិតពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយដោយសារតែពួកគេស្មោកគ្រោក និងពុករលួយផង។

... សេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យរបស់ព្រះជាម្ចាស់ គឺមានពិត ប៉ុន្តែភាពបរិសុទ្ធ និងភាពសុចរិតរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ក៏បង្ហាញឲ្យមនុស្សឃើញនិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនស៊ូទ្រាំនឹងការប្រព្រឹត្តិល្មើសណាឡើយ។ នៅពេលដែលមនុស្សអាចស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ពេញលេញ ហើយប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏មានពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សដែរ នៅពេលដែលមនុស្សមានពេញដោយសេចក្ដីពុករលួយ សេចក្ដីសម្អប់ និងភាពជាខ្មាំងសត្រូវចំពោះព្រះអង្គ នោះព្រះជាម្ចាស់ក៏មានសេចក្ដីខ្ញាល់ខ្លាំងក្រៃ។ តើទ្រង់មានសេចក្ដីខ្ញាល់ដល់កម្រិតណា? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងឋិតថេរនៅដរាបដល់ទ្រង់លែងទតឃើញការតតាំង និងទង្វើអាក្រក់របស់មនុស្សតទៅទៀត គឺរហូតទាល់តែគេលែងនៅចំពោះព្រះនេត្ររបស់ទ្រង់ទៀត។ ពេលនោះទើបសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់រលាយបាត់។ អាចនិយាយម្យ៉ាងទៀតបានថា មិនថាបុគ្គលនោះជានរណាឡើយ ប្រសិនបើចិត្តរបស់គេនៅឆ្ងាយពីព្រះជាម្ចាស់ ហើយបែរចេញពីព្រះជាម្ចាស់ មិនត្រឡប់មកវិញ នោះទោះបីជាមើលពីក្រៅ ឬក៏សេចក្ដីប្រាថ្នាក្នុងចិត្តរបស់គេ គេចង់ថ្វាយបង្គំ ដើរតាម ហើយស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងរូបកាយ ឬនៅក្នុងគំនិតរបស់គេយ៉ាងណាក៏ដោយ នៅពេលដែលដួងចិត្ដរបស់គេងាកចេញពីព្រះជាម្ចាស់ភ្លាម នោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងបញ្ចេញមកឥតឈប់ឈរដែរ។ ដល់ថ្នាក់ថា នៅពេលដែលព្រះជាម្ចាស់បញ្ចេញនូវសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់ចេញមក បន្ទាប់ពីបានប្រទានឱកាសគ្រប់គ្រាន់ឲ្យមនុស្សហើយ នៅពេលដែលសេចក្ដីក្រោធនេះត្រូវបានបញ្ចេញមក គឺគ្មានផ្លូវណាដកយកទៅវិញឡើយ ហើយទ្រង់នឹងមិនមានសេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យម្ដងទៀតដល់មនុស្សជាតិបែបនេះឡើយ។ នេះជានិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនអធ្យាស្រ័យចំពោះការប្រព្រឹត្តិល្មើសណាឡើយ។ ត្រង់នេះមើលទៅហាក់បីដូចជាធម្មតាចំពោះមនុស្សដែលព្រះជាម្ចាស់នឹងបំផ្លាញក្រុង ដ្បិតក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ក្រុងមួយដែលមានពេញដោយអំពើបាប គឺមិនអាចមានអត្ថិភាព និងមិនអាចបន្តនៅបានទៀតទេ ហើយវាសមហេតុផលដែរដែលវាត្រូវបំផ្លាញចោលដោយព្រះជាម្ចាស់នោះ។ តែតាមរយៈរឿងដែលបានកើតឡើងមុន និងក្រោយការដែលទ្រង់បំផ្លាញក្រុងសូដុមនោះ យើងមើលឃើញទាំងស្រុងនូវនិស្ស័យរបស់ព្រះជាម្ចាស់។ ទ្រង់អធ្យាស្រ័យ និងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្វីៗដែលត្រឹមត្រូវ ស្រស់ស្អាត និងល្អប្រពៃ ប៉ុន្ដែចំពោះអ្វីៗដែលអាក្រក់ ពេញដោយអំពើបាប និងកាចសាហាវ គឺទ្រង់ពេញដោយសេចក្ដីក្រោធ ដល់ថ្នាក់ក្រោធមិនឈប់ទៀតផង។ នេះគឺជាគោលការណ៍ពីរយ៉ាង និងជាចំណុចសំខាន់បំផុតនៃនិស្ស័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ សេចក្ដីនេះត្រូវបានបើកសម្ដែងដោយព្រះជាម្ចាស់ តាំងតែពីដើមដល់ទីបញ្ចប់៖ សេចក្ដីមេត្តាករុណាដ៏បរិបូរ និងសេចក្ដីក្រោធដ៏ខ្លាំងក្រៃ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បន្ទាប់ពីបានបង្កើតមនុស្សរួចមក ព្រះយេហូវ៉ាមិនបានណែនាំ ឬទូន្មានពួកគេ ចាប់តាំងតែពីជំនាន់អ័ដាមរហូតដល់ជំនាន់ណូអេ។ ផ្ទុយទៅវិញ លុះដល់ក្រោយសម័យទឹកជំនន់បានបំផ្លាញពិភពលោករួចមក ទើបព្រះអង្គចាប់ផ្ដើមទូន្មាន ជនជាតិអ៊ីស្រាអែលជាពូជពង្សរបស់ណូអេ និងអ័ដាមជាផ្លូវការ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ផ្ដល់នូវការទូន្មានដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ពេលពួកគេរស់នៅក្នុងជីវិតរបស់ពួកគេនៅលើដែនដី អ៊ីស្រាអែលទាំងមូល។ ការនេះបង្ហាញដល់មនុស្សថា ព្រះយេហូវ៉ាមិនត្រឹមតែអាចផ្លុំខ្យល់ដង្ហើមចូលទៅក្នុងមនុស្ស ដើម្បីឱ្យគាត់មានជីវិតពីទ្រង់ និងរស់ឡើងចេញពីធូលីដី ទៅជាមនុស្សដែលទ្រង់បង្កើតមកប៉ុណ្ណោះទេ តែទ្រង់ក៏អាចបំផ្លាញមនុស្ស និងដាក់បណ្ដាសាមនុស្ស ព្រមទាំងប្រើព្រនង់របស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សបាន។ ធ្វើដូច្នេះទើបពួកគេយល់ឃើញថា ព្រះយេហូវ៉ាអាចដឹកនាំជីវិតរបស់មនុស្ស នៅលើផែនដី និងមានព្រះបន្ទូល ព្រមទាំងធ្វើការនៅក្នុងចំណោមមនុស្ស ស្របទៅតាមម៉ោងពេលនៃវេលាថ្ងៃ និងយប់ផង។ កិច្ចការដែលព្រះអង្គបានធ្វើ គឺដើម្បីឱ្យមនុស្សដែលទ្រង់បានបង្កើតមកដឹងថា មនុស្សបានកើតមកពីធូលីដី ដែលទ្រង់បានរើស ហើយលើសពីនេះទៀត គឺមនុស្សត្រូវបានបង្កើតឡើងដោយសារទ្រង់។ មិនត្រឹមតែប៉ុណ្ណេះទេ ដំបូងទ្រង់បានធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ដើម្បីឱ្យមនុស្ស និងប្រជាជាតិដទៃទៀត (ដែលតាមពិតមិនមែនដាច់ដោយឡែកពីអ៊ីស្រាអែលទេ តែផ្ទុយទៅវិញមានអម្បូរចេញពីជនជាតិអ៊ីស្រាអែល ដែលនៅតែជាតំណវង្សពីអ័ដាម និងអេវ៉ា) អាចទទួលដំណឹងល្អរបស់ព្រះយេហូវ៉ា ពីអ៊ីស្រាអែល ដើម្បីឱ្យមនុស្សដែលត្រូវបានបង្កើតមកទាំងអស់នៅក្នុងចក្រវាឡ អាចគោរពកោតខ្លាចដល់ព្រះយេហូវ៉ា និងលើកតម្កើងទ្រង់ជាព្រះដ៏ឧត្ដម។

ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានប្រទានបញ្ញត្តិ ជាច្រើនដល់ម៉ូសេ ដើម្បីឱ្យលោកផ្ទេរបញ្ញត្តិទាំងអស់នេះឱ្យទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមលោកចេញពីស្រុកអេស៊ីព្ទ។ បញ្ញត្តិទាំងនេះត្រូវបានប្រទានមកដោយព្រះយេហូវ៉ា សម្រាប់ជនជាតិអ៊ីស្រាអែល និងគ្មានទាក់ទងអ្វីជាមួយជនជាតិអេស៊ីព្ទឡើយ គឺដើម្បីដាក់កំហិតដល់ជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់។ ទោះបីជាពួកគេប្រតិបត្តិតាមថ្ងៃឈប់សម្រាកឬអត់ ទោះបីជាពួកគេគោរពឪពុកម្ដាយរបស់ពួកគេ ឬអត់ ទោះបីជាពួកគេថ្វាយបង្គំរូបព្រះ និងធ្វើអ្វីៗផ្សេងទៀតឬអត់ ក៏ចំណុចទាំងនេះគឺជាគោលការណ៍សម្រាប់វិនិច្ឆ័យឱ្យពួកគេមានបាប ឬក៏បានរាប់ជាសុចរិតដែរ។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម និងអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដោយអាស្រ័យថា ពួកគេស្ដាប់ ឬមិនស្ដាប់តាមបញ្ញត្តិទាំងនេះ។ អស់អ្នកដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ រីឯពួកសង្ឃដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ ចំណែកឯអស់អ្នកដែលមិនគោរពដល់ឪពុកម្ដាយរបស់ខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ នេះគឺជាបញ្ញត្តិទាំងប៉ុន្មានដែលបានមកពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យទាំងប៉ុន្មាន ដើម្បីឱ្យបណ្តាជនស្ដាប់ និងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គហើយមិនបះបោរប្រឆាំងនឹងទ្រង់ នៅពេលដែលព្រះអង្គដឹកនាំជីវិតរបស់ពួកគេ។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីរក្សាពូជសាសន៍មនុស្សដែលកើតថ្មីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយចាក់គ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ព្រះអង្គនាពេលអនាគត។ ដូច្នេះ យោងតាមកិច្ចការដែលព្រះយេហូវ៉ាទ្រង់បានធ្វើគ្រាដំបូងបំផុតនេះត្រូវបានហៅថា «យុគសម័យនៃក្រឹត្យវិន័យ»។ ទោះបីជាព្រះយេហូវ៉ាបានមានព្រះបន្ទូល និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ក៏ទ្រង់គ្រាន់តែទូន្មានមនុស្សតាមបែបវិជ្ជមាន ដោយបង្រៀនមនុស្សល្ងង់ខ្លៅទាំងអស់នេះឲ្យដឹងពីរបៀបធ្វើជាមនុស្សដឹងពីរបៀបរស់នៅ និងដឹងពីរបៀបស្វែងយល់ ផ្លូវរបស់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។ កិច្ចការភាគច្រើនដែលព្រះអង្គបានធ្វើ គឺដើម្បីនាំមនុស្ស ឲ្យមើលឃើញនូវផ្លូវរបស់ ព្រះអង្គ និងធ្វើតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើទៅលើមនុស្សពុករលួយ តែកិច្ចការនេះមិនបានឈានទៅដល់ការផ្លាស់ប្រែនិស្ស័យឬវឌ្ឍនភាពនៃជីវិតរបស់ពួកគេឡើយ។ ទ្រង់គ្រាន់តែខ្វល់ខ្វាយ អំពីការប្រើប្រាស់ក្រឹត្យវិន័យ ដើម្បីរិតត្បិត និងគ្រប់គ្រងមនុស្សប៉ុណ្ណោះ។ ចំពោះជនជាតិអ៊ីស្រាអែលនាសម័យនោះ ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ដែលគង់នៅក្នុងព្រះវិហារ និងជាព្រះជាម្ចាស់ ដែលគង់នៅស្ថានសួគ៌។ ទ្រង់ជាបង្គោលពពក និងជាបង្គោលភ្លើង។ អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាតម្រូវឱ្យពួកគេធ្វើ គឺស្ដាប់បង្គាប់តាមអ្វីដែលមនុស្សសព្វថ្ងៃនេះស្គាល់ថាជាក្រឹត្យវិន័យ និងបញ្ញត្តិ អ្នកខ្លះហៅថាច្បាប់ ព្រោះអ្វីដែលព្រះយេហូវ៉ាបានធ្វើ គឺមិនមែនដើម្បីផ្លាស់ប្រែពួកគេទេ តែដើម្បីប្រទានដល់ពួកគេថែមទៀតនូវអ្វីដែលមនុស្សគួរតែមាន និងដើម្បីណែនាំពួកគេចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ដ្បិតក្រោយពីព្រះអង្គបានបង្កើតមនុស្សមក នោះមនុស្សគ្មានអ្វី ដែលពួកគេគួរមានជាកម្មសិទ្ធិទេ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រទានដល់មនុស្ស នូវអ្វីដែលពួកគេគួរមានជាកម្មសិទ្ធិសម្រាប់ជីវិតពួកគេនៅលើផែនដី ធ្វើឱ្យមនុស្ស ដែលព្រះអង្គបានដឹកនាំមានលើសពីឰយុកោរបស់ពួកគេ គឺអ័ដាម និងនាងអេវ៉ា ព្រោះអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ វាលើសពីអ្វីដែលព្រះអង្គ បានប្រទានដល់អ័ដាម និងនាងអេវ៉ា កាលពីដើម ដំបូង។ យ៉ាងណាក្ដី កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីទូន្មានមនុស្ស និងឱ្យពួកគេស្គាល់ព្រះអាទិកររបស់ពួកគេប៉ុណ្ណោះ។ ព្រះអង្គមិនបានយកឈ្នះលើពួកគេ ឬផ្លាស់ប្រែពួកគេទេ គឺព្រះអង្គគ្រាន់តែតម្រង់ផ្លូវពួកគេប៉ុណ្ណោះ។ នេះគឺជាសេចក្ដីសង្ខេបនៃកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សេចក្ដីនេះជាប្រវត្តិ ជារឿងពិត និងជាលក្ខណៈពិសេសនៃកិច្ចការរបស់ព្រះអង្គ នៅក្នុងទឹកដីទាំងមូលរបស់អ៊ីស្រាអែល ព្រមទាំងជាការចាប់ផ្ដើមកិច្ចការរបស់ទ្រង់រយៈពេលប្រាំមួយពាន់ឆ្នាំ ដើម្បីរក្សាមនុស្សឱ្យស្ថិតក្រោមការគ្រប់គ្រង នៃព្រះហស្តរបស់ព្រះយេហូវ៉ា។ មានកិច្ចការដទៃទៀតបានកើតចេញពីគម្រោងគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។

ដកស្រង់ពី «កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺស្របទៅនឹងសេចក្ដីត្រូវការ របស់មនុស្សនៅក្នុងយុគសម័យនោះ។ ភារកិច្ចរបស់ព្រះអង្គ គឺប្រោសលោះមនុស្ស និងអត់ទោសអំពើបាបរបស់ពួកគេ ដូច្នេះ ទើបនិស្ស័យរបស់ទ្រង់ មានទាំងការបន្ទាបខ្លួន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការគោរពកោតខ្លាចព្រះ ការអត់ទ្រាំ សេចក្ដីមេត្ដាករុណានិងសេចក្ដីស្រលាញ់អស់ពីព្រះទ័យ។ ព្រះអង្គបាននាំមកនូវព្រះគុណ និងព្រះពរជាបរិបូរដល់មនុស្ស ហើយអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យមនុស្សរស់នៅយ៉ាងរីករាយ ទ្រង់បានប្រទានសេចក្តីទាំងអស់នោះដល់គេ សម្រាប់ជាអំណរសប្បាយរបស់គេ ដូចជាសេចក្ដីសុខសាន្ត និងសុភមង្គល សេចក្ដីត្រាប្រណី និងសេចក្ដីស្រឡាញ់របស់ទ្រង់សេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យរបស់ទ្រង់។ គ្រានោះ ភាពបរិបូរនៃសព្វសារពើសម្រាប់អំណរសប្បាយដែលមនុស្សធ្លាប់មាន ដូចជា អារម្មណ៍សុខសាន្ត និងសុខសុវត្ថិភាពនៅក្នុងដួងចិត្តរបស់គេ អារម្មណ៍កក់ក្ដៅនៅក្នុងវិញ្ញាណរបស់គេ និងការពឹងអាងរបស់គេលើព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសុទ្ធតែមានក្នុងយុគសម័យដែលគេរស់នៅ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សត្រូវបានធ្វើឲ្យពុករលួយដោយសារសាតាំងរួចទៅហើយ ដូច្នេះ ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះមនុស្សគ្រប់គ្នា តម្រូវឲ្យមានព្រះគុណជាបរិបូរ ការអត់ទ្រាំ និងការអត់ធ្មត់ឥតដែនកំណត់ ហើយលើសពីនេះទៀត គឺតង្វាយដ៏ស័ក្ដិសមមួយឲ្យធួននឹងបាបរបស់មនុស្ស ទើបអាចយកជាការបាន។ អ្វីដែលមនុស្សមើលឃើញនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រាន់តែជាតង្វាយរបស់ខ្ញុំ សម្រាប់ថ្វាយឲ្យធួននឹងបាបរបស់មនុស្សប៉ុណ្ណោះ៖ ព្រះយេស៊ូវ។ គ្រប់យ៉ាងដែលគេដឹងគឺថា ព្រះជាម្ចាស់ច្បាស់មានព្រះទ័យមេត្តា និងអត់ធ្មត់ ហើយគ្រប់យ៉ាងដែលគេបានឃើញ គឺសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យរបស់ព្រះយេស៊ូវ។ ទាំងអស់នេះ គឺដោយសារតែពួកគេកើតមកក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះហើយ មុនពេលពួកគេអាចត្រូវបានប្រោសលោះ ពួកគេរីករាយនឹងព្រះគុណច្រើនយ៉ាង ដែលព្រះយេស៊ូវបានប្រទានឱ្យគេ ដើម្បីឲ្យបានជាប្រយោជន៍ពីការនោះ។ តាមវិធីនេះ ពួកគេអាចត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនតាមរយៈអំណររីករាយចំពោះព្រះគុណ ហើយក៏អាចមានឱកាសទទួលបាននូវការប្រោសលោះតាមរយៈការរីករាយនឹងការអត់ទ្រាំ និងក្ដីអំណត់របស់ព្រះយេស៊ូវទៀតផង។ មានតែតាមរយៈការអត់ទ្រាំ និងក្ដីអំណត់របស់ព្រះយេស៊ូវទេ ទើបពួកគេអាចមានសិទ្ធិក្នុងការទទួលបាននូវការអត់ទោស ហើយរីករាយនឹងភាពបរិបូរនៃព្រះគុណដែលព្រះយេស៊ូវប្រទានឲ្យ។ ដូចដែលព្រះយេស៊ូវមានបន្ទូលប្រាប់ថា៖ ខ្ញុំមិនមែនមកប្រោសលោះមនុស្សសុចរិតទេ គឺមកប្រោសលោះមនុស្សបាបវិញ ដើម្បីឱ្យមនុស្សបាបអាចត្រូវបានអត់ទោស ពីអំពើបាបរបស់ខ្លួន។ កាលព្រះយេស៊ូវយាងមកប្រសូតជាសាច់ឈាម ប្រសិនបើទ្រង់យាងមកទាំងយកនិស្ស័យនៃការជំនុំជម្រះ បណ្ដាសា និងព្រះទ័យគុំកួនចំពោះសេចក្ដីរំលងរបស់មនុស្សមកជាមួយ នោះមនុស្សច្បាស់ជាគ្មានឱកាសទទួលបាន ការប្រោសលោះឡើយហើយគេប្រាកដជានៅជាប់បាបអស់កល្បជានិច្ចមិនខាន។ បើដូច្នេះមែន ផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ ច្បាស់ជាត្រូវផ្អាកត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយយុគសម័យនៃក្រឹត្យវិន័យច្បាស់ជាត្រូវអូសបន្លាយរហូតដល់ទៅ៦ពាន់ឆ្នាំ។ អំពើបាបរបស់មនុស្សច្បាស់ជាកើនឡើងកាន់តែច្រើន និងកាន់តែអាក្រក់ផង ហើយការបង្កើតមនុស្សមក ក៏ប្រែជាសូន្យទទេដែរ។ ត្រឹមតែបម្រើព្រះយេហូវ៉ានៅក្រោមក្រឹត្យវិន័យមនុស្សច្បាស់ជាអាចធ្វើបាន តែអំពើបាបរបស់គេមុខជាលើសលុបជាងមនុស្សដែលត្រូវបានបង្កើតមកតាំងពីគ្រាដំបូងទៅទៀត។ កាលណាព្រះយេស៊ូវកាន់តែស្រឡាញ់មនុស្ស អត់ទោសបាបឲ្យគេ និងនាំគេមកក្នុងក្ដីករុណា និងសេចក្ដីក្ដីមេត្តាករុណាជាបរិបូរ នោះពួកគេក៏រឹតតែក្អេងក្អាងថានឹងបានសង្គ្រោះ ដោយសារព្រះយេស៊ូវដែរដើម្បីឲ្យបានហៅថាជាកូនចៀមវង្វេងដែលព្រះយេស៊ូវ បានលោះមកវិញក្នុងតម្លៃដ៏លើសលុប។ សាតាំងមិនអាចជ្រៀតជ្រែក ក្នុងកិច្ចការនេះបានទេ ដ្បិតព្រះយេស៊ូវប្រព្រឹត្តចំពោះអ្នកដែលដើរតាមទ្រង់ ដូចជាម្ដាយដែលពេញដោយក្ដីស្រឡាញ់ កំពុងបីកូនតូចជាប់នឹងទ្រូង។ ទ្រង់មិនបានខឹងក្រោធ ឬមើលងាយពួកគេទេ តែទ្រង់មានពេញដោយការកម្សាន្តចិត្តវិញ។ ទ្រង់មិនដែលបញ្ចេញសេចក្ដីក្រោធចំពោះពួកគេទេ ទ្រង់មានតែទ្រាំទ្រនឹងអំពើបាបគេ ហើយបាំងព្រះនេត្រពីភាពលេលា និងភាពល្ងង់ខ្លៅរបស់គេ ដល់ថ្នាក់មានព្រះបន្ទូលថា «ចូរអត់ទោសដល់អ្នកដទៃដល់ទៅ ៧ចិតសិបដង»។ នេះហើយជាដួងចិត្តរបស់អស់អ្នកដែលត្រូវបានបំផ្លាស់បំប្រែតាមព្រះហឫទ័យទ្រង់ ហើយមានតែមនុស្សបែបនេះទេ ទើបអាចទទួលបានការអត់ទោសបាបរបស់ខ្លួន តាមរយៈការទ្រាំទ្ររបស់ទ្រង់។

ដកស្រង់ពី «រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គោលបំណងរបស់ព្រះយេស៊ូវ គឺដើម្បីឲ្យមនុស្សអាចបន្តជីវិតបាន ដើម្បីបន្តរស់នៅ និងដើម្បីឲ្យគេអាចមានជីវិតនៅក្នុងផ្លូវដែលល្អប្រសើរ។ ទ្រង់បានសង្គ្រោះមនុស្សឲ្យរួចពីអំពើបាបដើម្បីឲ្យគេអាចឈប់ធ្លាក់ទៅក្នុងអំពើគ្មានគុណធម៌ និងលែងរស់នៅក្នុងស្ថានឃុំព្រលឹង និងស្ថាននរក ហើយតាមរយៈការសង្គ្រោះមនុស្សពីស្ថានឃុំព្រលឹង និងស្ថាននរកនេះ ព្រះយេស៊ូវបានអនុញ្ញាតឲ្យគេបន្តរស់នៅតទៅទៀត។ បច្ចុប្បន្ននេះ គ្រាចុងក្រោយបានចូលមកដល់ហើយ។ ព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សវិនាសហិនហោច និងបំផ្លាញពូជមនុស្សទាំងស្រុង ពោលគឺទ្រង់នឹងបំផ្លាស់បំប្រែការបះបោររបស់មនុស្សជាតិ។ ដោយព្រោះមូលហេតុនេះ និងតាមរយៈនិស្ស័យនៃចិត្តក្ដួលអាណិត និងគួរឲ្យស្រឡាញ់ពីអតីតកាល វានឹងមិនអាចទៅរួចនោះទេ ដែលព្រះជាម្ចាស់ត្រូវបញ្ចប់យុគសម័យនេះ ឬនាំផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ឲ្យចេញផលផ្លែ។ នៅគ្រប់យុគសម័យទាំងអស់ មានការតំណាងជាពិសេសអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយគ្រប់យុគសម័យទាំងអស់ សុទ្ធតែមានកិច្ចការដែលព្រះជាម្ចាស់គប្បីត្រូវបំពេញ។ ដូច្នេះ កិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានបំពេញនៅក្នុងយុគសម័យនីមួយៗ មានការបើកសម្ដែងពីនិស្ស័យពិតប្រាកដរបស់ទ្រង់ ហើយព្រះនាមទាំងពីររបស់ទ្រង់ និងកិច្ចការដែលទ្រង់បំពេញ បានផ្លាស់ប្ដូរជាមួយនឹងយុគសម័យនេះ ពោលគឺកិច្ចការទាំងអស់នេះ សុទ្ធតែថ្មីទាំងអស់។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់ន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់សត្តនិករទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ចិត្តក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាព្រះអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់ព្រះអង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយអំពើបាបរបស់ពួកគេត្រូវបានអត់អត់ទោសឲ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មីលើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។ ហេតុនេះ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ហើយនៅក្នុងយុគសម័យនៃព្រះគុណ ព្រះនាមព្រះយេស៊ូវ គឺបានតំណាងឲ្យព្រះជាម្ចាស់។ ក្នុងអំឡុងគ្រាចុងក្រោយ ព្រះនាមរបស់ទ្រង់គឺ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏មានគ្រប់ចេស្ដា ដែលប្រើព្រះចេស្ដារបស់ទ្រង់ដើម្បីដឹកនាំមនុស្ស យកឈ្នះលើមនុស្ស និងទទួលបានមនុស្ស ហើយចុងក្រោយ នាំយុគសម័យនោះទៅរកទីបញ្ចប់។ នៅគ្រប់ដំណាក់កាលទាំងអស់ នៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាភស្ដុតាង។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឲ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេដែលអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងវាសនារបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឲ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឲ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឲ្យឃើញ ដើម្បីឲ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឲ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានដល់កម្រិតកំពូល ហើយការមិនសម្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាល និងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឲ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឲ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឲ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានអំពើបានខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកវាសនាសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឲ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ ព្រះជាម្ចាស់កាត់ទោស អ្នករាល់គ្នា ធ្វើទោសអ្នករាល់គ្នា និងផ្ដន្ទាទោសអ្នករាល់គ្នា យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ អ្នកត្រូវតែដឹងថា ប្រយោជន៍នៃការផ្ដន្ទាទោសអ្នកនេះ គឺដើម្បីឲ្យអ្នកស្គាល់ខ្លួនឯង។ ទ្រង់ផ្ដន្ទាទោស ដាក់បណ្តាសាកាត់ទោស និងវាយប្រដៅ ដើម្បីឲ្យអ្នកអាចស្គាល់ខ្លួនឯង ដើម្បីឲ្យនិស្ស័យរបស់អ្នកអាចផ្លាស់ប្តូរបានហើយលើសពីនេះទៅទៀត គឺដើម្បីឲ្យអ្នកអាចស្គាល់តម្លៃរបស់ខ្លួន និងមើលឃើញថា សកម្មភាពទាំងអស់របស់ព្រះជាម្ចាស់ គឺសុទ្ធតែសុចរិត ហើយស្របទៅនឹងនិស្ស័យរបស់ទ្រង់ និងតម្រូវការ នៃកិច្ចការរបស់ទ្រង់ ឃើញថា ទ្រង់ធ្វើការស្របតាមផែនការរបស់ទ្រង់ ដើម្បីសង្គ្រោះមនុស្សលោក ហើយឃើញថា ទ្រង់គឺជាព្រះដ៏សុចរិតដែលស្រឡាញ់ សង្គ្រោះ កាត់ទោស និងធ្វើទោសធ្ងន់ធ្ងរលើមនុស្សលោក។ ប្រសិនបើអ្នកគ្រាន់តែដឹងថា អ្នកមានឋានៈទាប អ្នកខូចអាក្រក់ និងមិនស្ដាប់បង្គាប់ តែមិនដឹងថា ព្រះជាម្ចាស់ចង់សម្ដែងឲ្យអ្នកឃើញច្បាស់នូវសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរយៈការកាត់ទោស និងការវាយប្រដៅ ដែលទ្រង់ធ្វើលើអ្នករាល់គ្នា សព្វថ្ងៃនេះទេ នោះអ្នកគ្មានផ្លូវទទួលបានបទពិសោធឡើយ ហើយរឹតតែមិនអាចបន្តទៅមុខទៀតបានឡើយ។ ព្រះជាម្ចាស់មិនបានយាងមក ដើម្បីសម្លាប់ ឬបំផ្លាញនោះទេ តែដើម្បីកាត់ទោស ដាក់បណ្ដាសា វាយប្រដៅ និងសង្គ្រោះ។ មុនពេលដែលព្រះជាម្ចាស់បើកសម្ដែងលទ្ធផល សម្រាប់ជំពូកមនុស្សនីមួយៗ កិច្ចការរបស់ទ្រង់នៅលើផែនដី គឺនៅតែធ្វើជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះដដែល ទាល់តែផែនការរយៈពេល៦ពាន់ឆ្នាំរបស់ទ្រង់ត្រូវដល់ទីបញ្ចប់ គោលបំណងនៃកិច្ចការនេះគឺគ្មានអ្វីក្រៅតែពីដើម្បីធ្វើឲ្យអ្នកដែលស្រឡាញ់ទ្រង់បានពេញខ្នាត និងដើម្បីនាំពួកគេឲ្យចុះចូលក្រោមការត្រួតត្រារបស់ទ្រង់ទាំងស្រុង។ មិនថាព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សតាមវិធីណាក៏ដោយ កិច្ចការទាំងអស់នោះត្រូវបានធ្វើឡើងដោយបំបែកពួកគេចេញពីនិស្ស័យសាតាំងចាស់របស់ពួកគេ ពោលគឺ ទ្រង់សង្គ្រោះពួកគេដោយឲ្យពួកគេស្វះស្វែងរកជីវិត។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះពួកគេនឹងគ្មានផ្លូវទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ សេចក្ដីសង្គ្រោះគឺជាកិច្ចការរបស់ព្រះជា ម្ចាស់ផ្ទាល់ព្រះអង្គ រីឯការស្វះស្វែងរកជីវិតគឺជាកិច្ចការដែលមនុស្សលោកត្រូវតែធ្វើ ដើម្បីទទួលយកសេចក្ដីសង្គ្រោះ។ នៅក្នុងក្រសែភ្នែករបស់មនុស្សលោក សេចក្ដីសង្គ្រោះគឺជាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់ព្រះ មិនអាចជាការវាយប្រដៅ ការកាត់ទោស និងការដាក់បណ្ដាសានោះទេ សេចក្ដីសង្គ្រោះត្រូវតែមានសេចក្ដីស្រឡាញ់ មេត្តាករុណា ហើយលើសពីនេះទៅទៀតគឺ ព្រះបន្ទូលលួងលោម ព្រមទាំងព្រះពរដែលគ្មានព្រំដែន ដែលព្រះជាម្ចាស់ត្រូវប្រទានឲ្យ។ មនុស្សលោកជឿថា នៅពេលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សលោក ទ្រង់ធ្វើដូច្នោះតាមរយៈការបណ្ដាលចិត្តពួកគេដោយប្រើព្រះពរ និងព្រះគុណរបស់ទ្រង់ ដើម្បីឲ្យពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះអង្គ។ និយាយឲ្យចំគឺថា ការដែលទ្រង់លូកព្រះហស្តទៅពាល់មនុស្សលោក នោះហើយគឺជាការសង្គ្រោះរបស់ទ្រង់ចំពោះពួកគេ។ សេចក្ដីសង្គ្រោះប្រភេទនេះ ត្រូវបានធ្វើឡើងដោយការដោះដូរគ្នា។ ទាល់តែពេលព្រះជាម្ចាស់ផ្ដល់ឲ្យពួកគេច្រើនរយដង ទើបមនុស្សលោកព្រមចុះចូលចំពោះព្រះនាមព្រះជាម្ចាស់ ហើយព្យាយាមធ្វើឲ្យបានល្អសម្រាប់ទ្រង់ និងថ្វាយសិរីល្អដល់ទ្រង់។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន សម្រាប់មនុស្សជាតិឡើយ។ ព្រះជាម្ចាស់យាងមកធ្វើការនៅលើផែនដី ដើម្បីជួយសង្គ្រោះមនុស្សលោកដែលខូចអាក្រក់ ឥតមានពាក្យមុសានៅក្នុងចេតនានេះទេ។ ប្រសិនបើមានមែន ម្ល៉េះទ្រង់ច្បាស់ជាមិនយាងមក ធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នោះឡើយ។ កាលពីមុន មធ្យោបាយនៃសេចក្ដីសង្គ្រោះរបស់ទ្រង់រួមមានទាំងការបង្ហាញនូវសេចក្ដីស្រឡាញ់ និងក្ដីមេត្តាករុណាបំផុត រហូតដល់ថ្នាក់ទ្រង់បានប្រគល់របស់ទ្រង់គ្រប់យ៉ាងទៅឲ្យសាតាំង ជាថ្នូរនឹងមនុស្សជាតិទាំងមូល។ បច្ចុប្បន្ននេះ មិនដូចអតីតកាលទេ៖ សេចក្ដីសង្គ្រោះដែលត្រូវផ្ដល់ឲ្យអ្នករាល់គ្នា សព្វថ្ងៃនេះ កើតឡើងនៅគ្រាចុងក្រោយ ក្នុង អំឡុងពេលបែងចែកមនុស្សម្នាក់ៗទៅតាមជំពូក មធ្យោបាយក្នុងការសង្គ្រោះអ្នក រាល់គ្នា មិនមែនជាសេចក្ដីស្រឡាញ់ ឬក្ដីមេត្តាករុណាទៀតទេ តែជាការវាយប្រដៅ និងការកាត់ទោស ដើម្បីឲ្យមនុស្សលោកអាចត្រូវបានសង្គ្រោះទាំងស្រុងថែមទៀត។ ដូច្នេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាទទួលបានគឺជាការវាយប្រដៅ ការកាត់ទោស និងការវាយផ្ចាលឥតមេត្តា ប៉ុន្តែចូរដឹងថា៖ នៅក្នុងការវាយផ្ចាលដ៏កាចសាហាវនេះ គឺឥតមានការ ដាក់ទណ្ឌកម្មសូម្បីតែបន្តិចឡើយ។ មិនខ្វល់ថា ព្រះបន្ទូលរបស់ខ្ញុំគ្រោតគ្រាតយ៉ាងណានោះទេ ប៉ុន្តែ អ្វីដែលកើតមានដល់អ្នករាល់គ្នា គ្រាន់តែជាព្រះបន្ទូលបន្តិចបន្តួច ដែលហាក់ដូចជា សាហាវមែនទែនចំពោះអ្នករាល់គ្នា ហើយមិនថា ខ្ញុំខឹងក្រោធយ៉ាងណានោះទេ អ្វីៗដែលធ្លាក់ស្រោចលើអ្នករាល់គ្នាក៏នៅតែជាពាក្យប្រៀនប្រដៅ ហើយខ្ញុំគ្មានបំណងធ្វើបាបអ្នករាល់គ្នា ឬសម្លាប់អ្នករាល់គ្នានោះទេ។ តើទាំងអស់នេះមិនមែនជាការពិតទេឬអី? ចូរដឹងថា សព្វថ្ងៃនេះ មិនថា ការកាត់ទោសដ៏សុចរិត ឬជាការបន្សុទ្ធ និងការ វាយប្រដៅដ៏កាចសាហាវនោះទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បី សេចក្ដីសង្គ្រោះ។ មិនខ្វល់ថា សព្វថ្ងៃនេះ មនុស្សម្នាក់ៗដែលត្រូវបានចាត់ថ្នាក់ទៅតាមជំពូក ឬលំដាប់ ត្រូវបានលាតត្រដាងអស់ ឬអត់ក៏ដោយគោលបំណងនៃព្រះបន្ទូល និងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់គឺ ជួយសង្គ្រោះមនុស្សដែលស្រឡាញ់ព្រះអង្គពិតប្រាកដ។ ការកាត់ទោសដ៏សុចរិតត្រូវបាននាំមក ដើម្បីញែកមនុស្សលោកជាបរិសុទ្ធ ឯការបន្សុទ្ធដ៏កាចសាហាវ ត្រូវបានធ្វើឡើង ដើម្បីសម្អាតពួកគេ។ ព្រះបន្ទូលដ៏គ្រោតគ្រាត ឬការវាយផ្ចាល គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីបន្សុទ្ធ និងសម្រាប់ជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះ។

ដកស្រង់ពី «អ្នកគប្បីទុកព្រះពរ អំពីឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឲ្យមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ឥឡូវនេះគឺជាពេលដែលខ្ញុំកំណត់លទ្ធផលចុងក្រោយសម្រាប់មនុស្សម្នាក់ៗមិនមែនជាដំណាក់កាល ដែលខ្ញុំចាប់ផ្តើមកែខៃមនុស្សទេ។ ខ្ញុំសរសេរនៅក្នុងសៀវភៅកំណត់ត្រារបស់ខ្ញុំម្តងមួយៗ នូវពាក្យសំដី និងអំពើ របស់មនុស្សម្នាក់ៗបែបបទដែល ពួកគេបានដើរតាមខ្ញុំ ចរិតលក្ខណៈជាប់នឹងខ្លួនរបស់ពួកគេ និងអាកប្បកិរិយាដែលពួកគេបានប្រកាន់យកចុងក្រោយ។ តាមវិធីនេះ មិនថាពួកគេជាមនុស្សប្រភេទណាក៏ដោយ គ្មាននរណាម្នាក់អាចរត់គេចពីដៃខ្ញុំបានទេ ហើយមនុស្សទាំងអស់នឹងនៅតាមប្រភេទរបស់ខ្លួនដូចដែលខ្ញុំចាត់ចែង។ ខ្ញុំកំណត់វាសនារបស់មនុស្ស ម្នាក់ៗដោយមិនផ្អែកលើអាយុ អតីតភាព ទំហំនៃការរងទុក្ខ និងជាពិសេស កម្រិតដែលពួកគេសុំឲ្យមានក្ដីអាណិតទេ ប៉ុន្តែយោងទៅលើថាតើពួកគេមានសេចក្ដីពិតឬអត់។ មិនមានជម្រើសផ្សេងក្រៅពីនេះទេ។ អ្នករាល់គ្នាត្រូវដឹងថា អស់អ្នកដែលមិនធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏នឹងត្រូវទទួលទណ្ឌកម្មផងដែរ។ នេះគឺជាការពិតដែលមិនអាចផ្លាស់ប្តូរបាន។ ហេតុដូចនេះ អស់អ្នកដែលទទួលទណ្ឌកម្មទាំងនោះ ត្រូវទទួលទណ្ឌកម្មយ៉ាងខ្លាំងសម្រាប់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់និងជាសំណងសម្រាប់អំពើទុច្ចរិតយ៉ាងច្រើនរបស់ពួកគេ។ ...

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខ ដោយសារភាពអត់ឃ្លាន និងគ្រោះកាច សាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលខ្ញុំមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ត្បិតខ្ញុំឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចឡើយ នូវអស់អ្នកដែលគ្មានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេ ឲ្យសប្បាយភ្នែក ម្ដង។ ឥឡូវនេះ ថ្ងៃរបស់ខ្ញុំបានមកដល់ហើយនៅទីបំផុត ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើត មក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។

ដកស្រង់ពី «ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៤. អ្វីជាការដើរតាមព្រះជាម្ចាស់ និងអ្វីជាការដើរតាមមនុស្ស

បន្ទាប់៖ ២. ព្រះបន្ទូលស្ដីពីការស្គាល់និស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើការប្រែចិត្តជាអ្វី? តើគ្រីស្ទបរិស័ទ្ទគួរប្រែចិត្តយ៉ាងដូចម្ដេច ស្ថិតក្នុងគ្រោះមហន្តរាយ?

By Xiaoyu, USA ក្នុងឆ្នាំ ២០២០ វីរុសកូវីដ-១៩ បានវាយលុកសកលលោក ដែលនាំពិភពលោកឱ្យធ្លាក់ក្នុងជំងឺរាតត្បាត។ ហើយគួរឱ្យរន្ធត់ផងដែរនោះ...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ