ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់

កិច្ចការគ្រប់គ្រងមនុស្សជាតិ ត្រូវបានបែងចែកជាបីដំណាក់កាល។ នេះមានន័យថា កិច្ចការសង្គ្រោះមនុស្សជាតិ ក៏ត្រូវបានបែងចែកជាបីដំណាក់ដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍ទេ ផ្ទុយទៅវិញ កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ យុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ។ កិច្ចការនៃការបង្កើតលោកីយ៍ គឺជាកិច្ចការនៃការបង្កើតមនុស្សជាតិទាំងមូល មិនមែនជាកិច្ចការនៃការសង្គ្រោះមនុស្សជាតិទេ ហើយគ្មានពាក់ព័ន្ធនឹងកិច្ចការនៃការសង្គ្រោះមនុស្សជាតិឡើយ ពីព្រោះពេលដែលលោកីយ៍នេះត្រូវបានបង្កើតឡើង មនុស្សជាតិមិនទាន់ត្រូវសាតាំងឱ្យធ្វើឱ្យពុករលួយនៅឡើយទេ ដូច្នេះហើយ ពុំចាំបាច់ត្រូវបំពេញកិច្ចការ ដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សជាតិទេ។ កិច្ចការនៃការសង្គ្រោះមនុស្ស ទើបតែចាប់ផ្ដើមនៅពេលដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយប៉ុណ្ណោះ ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏ទើបតែនឹងចាប់ផ្ដើមនៅពេលដែលមនុស្សជាតិត្រូវឱ្យបានធ្វើឱ្យពុករលួយនេះដែរ។ និយាយមួយបែបទៀតគឺថា ការគ្រប់គ្រងមនុស្សជាតិពីសំណាក់ព្រះជាម្ចាស់នេះ បានចាប់ផ្ដើមឡើងដោយសារតែកិច្ចការនៃការសង្គ្រោះមនុស្សជាតិនេះឯង មិនមែនកើតចេញពីកិច្ចការនៃការបង្កើតលោកីយ៍ទេ។ គឺទើបតែពេលដែលមនុស្សជាតិមាននិស្ស័យពុករលួយប៉ុណ្ណោះ ដែលកិច្ចការនៃការគ្រប់គ្រងនេះកើតមានឡើង ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិនេះ មានបីផ្នែក មិនមែនបួនដំណាក់កាល ឬបួនយុគសម័យនោះទេ។ ការនិយាយសំដៅដល់កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់តាមរបៀបនេះ ទើបជាវិធីត្រឹមត្រូវ។ ពេលយុគសម័យចុងក្រោយឈានដល់ទីបញ្ចប់ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ នឹងឈានមកដល់ទីបញ្ចប់ទាំងស្រុងដែរ។ ការបិទបញ្ចប់កិច្ចការនៃការគ្រប់គ្រងមានន័យថា កិច្ចការនៃការសង្គ្រោះមនុស្សជាតិទាំងអស់ នឹងបានបំពេញចប់សព្វគ្រប់ដែរ ដូច្នេះហើយ ជំហាននេះក៏នឹងត្រូវបញ្ចប់សម្រាប់មនុស្សជាតិដូចគ្នា។ ប្រសិនបើគ្មានកិច្ចការនៃការសង្គ្រោះមនុស្សជាតិទាំងអស់ទេ នោះកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏នឹងមិនកើតមានដែរ ហើយក៏គ្មានកិច្ចការទាំងបីដំណាក់កាលនេះដូចគ្នា។ ប្រាកដណាស់ គឺដោយសារសេចក្ដីខូចអាក្រក់របស់របស់មនុស្សជាតិនេះហើយ និងដោយសារតែមនុស្សកំពុងត្រូវការសេចក្ដីសង្គ្រោះបន្ទាន់ ទើបព្រះយេហូវ៉ាបានបញ្ចប់កិច្ចការនៃការបង្កើតលោកីយ៍ ហើយបានចាប់ផ្ដើមកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ។ មកដល់ត្រឹមគ្រានោះឯង ទើបកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិបានចាប់ផ្ដើម ដែលនេះមានន័យថា ទើបតែគ្រានោះទេ ដែលកិច្ចការនៃការសង្គ្រោះមនុស្សជាតិបានចាប់ផ្ដើម។ «ការគ្រប់គ្រងមនុស្សជាតិ» មិនមែនសំដៅលើការដឹកនាំជីវិតរបស់មនុស្សជាតិដែលទើបនឹងបានបង្កើតឡើងនៅលើផែនដីនេះទេ (មនុស្សជាតិដែលមិនទាន់ត្រូវបានធ្វើឱ្យពុករលួយ)។ តែផ្ទុយទៅវិញ កិច្ចការនេះជាសេចក្ដីសង្គ្រោះចំពោះមនុស្សជាតិដែលសាតាំងបានធ្វើឱ្យពុករលួយ ពោលគឺដើម្បីបំផ្លាស់បំប្រែមនុស្សជាតិដែលពុករលួយ។ នេះជាអត្ថន័យនៃពាក្យថា «ការគ្រប់គ្រងមនុស្សជាតិ»។ កិច្ចការនៃការសង្គ្រោះមនុស្សជាតិ មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍ទេ ដូច្នេះហើយ កិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ក៏មិនរាប់បញ្ចូលកិច្ចការនៃការបង្កើតលោកីយ៍នេះដែរ។ ផ្ទុយទៅវិញ កិច្ចការនេះរាប់បញ្ចូលតែកិច្ចការទាំងបីដំណាក់កាល ដែលខុសគ្នាពីការបង្កើតលោកីយ៍ទេ។ ដើម្បីយល់ពីកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ ចាំបាច់ត្រូវដឹងពីប្រវត្តិនៃកិច្ចការទាំងបីដំណាក់កាលនេះសិន។ មនុស្សគ្រប់គ្នាត្រូវតែដឹងរឿងនេះ ដើម្បីឱ្យបានសង្គ្រោះ។ ក្នុងនាមជាភាវៈដែលព្រះជាម្ចាស់បានបង្កើតមក អ្នកគួរដឹងថា មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយអ្នកគួរដឹងពីប្រភពនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ ព្រមទាំងដឹងពីដំណើរនៃសេចក្ដីសង្គ្រោះរបស់មនុស្សផង។ ប្រសិនបើអ្នករាល់គ្នាដឹងត្រឹមវិធីប្រព្រឹត្តឱ្យស្របតាមគោលលទ្ធិ ដោយប៉ុនប៉ងទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ ប៉ុន្តែគ្មានការយល់ដឹងពីរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ ឬដឹងពីប្រភពដើមនៃសេចក្ដីពុករលួយរបស់មនុស្សជាតិទេ ដូច្នេះ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតមក អ្នកនៅខ្វះចំណុចត្រង់នេះ។ អ្នកមិនគួរស្កប់ចិត្តត្រឹមតែការយល់ដឹងពីសេចក្ដីពិតទាំងឡាយដែលអាចយកទៅអនុវត្តបានប៉ុណ្ណេះទេ ទាំងដែលនៅល្ងង់ខ្លៅមិនដឹងពីវិសាលភាពធំធេងនៃកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះ។ បើដូច្នេះមែន អ្នកជាមនុស្សមានៈរឹងរូសជ្រុលពេកហើយ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជារឿងអាថ៌កំបាំងនៃការគ្រប់គ្រងមនុស្សជាតិពីសំណាក់ព្រះជាម្ចាស់ ជាការមកដល់នៃដំណឹងល្អរបស់លោកីយ៍ទាំងមូល ជាជារឿងអាថ៌កំបាំងដ៏ធំបំផុតនៅក្នុងចំណោមមនុស្សជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៃការផ្សាយដំណឹងល្អផងដែរ។ ប្រសិនបើអ្នកផ្ដោតតែទៅលើការយល់ដឹងពីសេចក្ដីពិតងាយៗ ដែលទាក់ទងនឹងជីវិតរបស់អ្នក ហើយពុំដឹងអ្វីសោះពីសេចក្ដីអាថ៌កំបាំងនិងនិមិត្តអស្ចារ្យទាំងអស់នេះ ដូច្នេះ តើជីវិតរបស់អ្នកមិនដូចគ្នានឹងផលិតផលខូចគុណភាពទៅហើយទេ ដែលគ្មានប្រយោជន៍អ្វីក្រៅតែពីល្អមើលនោះទេ?

ប្រសិនបើមនុស្សយកចិត្តទុកដាក់តែទៅលើការអនុវត្ត ហើយចាត់ទុកកិច្ចការរបស់ព្រះជាម្ចាស់ និងអ្វីដែលមនុស្សគួរដឹង ថាជារឿងបន្ទាប់បន្សំ តើគេមិនមែនជាមនុស្សគិតតែរឿងតូចតាច មិនគិតដល់រឿងធំដុំទេឬអី? រឿងណាដែលអ្នកត្រូវដឹង អ្នកត្រូវតែដឹងឱ្យបាន កិច្ចការណាដែលអ្នកត្រូវអនុវត្ត អ្នកត្រូវតែអនុវត្តដាច់ខាត។ ទាល់តែបែបនេះ ទើបអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលដឹងពីវិធីដេញតាមសេចក្ដីពិត។ លុះដល់ថ្ងៃដែលអ្នកត្រូវផ្សាយដំណឹងល្អហើយ ប្រសិនបើអ្នកអាចនិយាយត្រឹមថា ព្រះជាម្ចាស់ជាព្រះដ៏មហិមានិងសុចរិត ថាទ្រង់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះដែលគ្មានមនុស្សអស្ចារ្យណាម្នាក់អាចប្រៀបនឹងទ្រង់បាន និងថាព្រះអង្គជាព្រះដែលគ្មាននរណាម្នាក់ខ្ពស់ជាងទ្រង់... ប្រសិនបើអ្នកអាចនិយាយត្រឹមពាក្យសម្ដីមិនទាក់ទងនិងរាក់កំផែលទាំងអស់នេះ ដោយមិនអាចនិយាយពាក្យពេចន៍សំខាន់និងមានខ្លឹមសារបានទេ ប្រសិនបើអ្នកគ្មានអ្វីត្រូវនិយាយទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ ឬទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយមិនអាចពន្យល់ពីសេចក្ដីពិត ឬមិនអាចបង្ហាញពីអ្វីដែលមនុស្សខ្វះខាតបានទេ ដូច្នេះមនុស្សដូចជារូបអ្នកនេះ គ្មានសមត្ថភាពបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អទេ។ ការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ និងការផ្សាយដំណឹងល្អអំពីនគរព្រះ មិនមែនជារឿងងាយទេ។ ដំបូង អ្នកត្រូវតែបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិត និងឱ្យខ្លួនឯងយល់ពីនិមិត្ដផ្សេងៗសិន។ កាលណាអ្នកយល់ច្បាស់ពីនិមិត្តនិងសេចក្ដីពិតទាក់ទងនឹងទិដ្ឋភាពផ្សេងៗនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកយល់ពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ដូច្នេះមិនថាព្រះជាម្ចាស់ធ្វើកិច្ចការអ្វីក៏ដោយ (មិនថាជាការជំនុំជម្រះដ៏សុចរិត ឬការបន្សុទ្ធមនុស្សទេ) ក៏អ្នកនៅតែមាននិមិត្តដ៏អស្ចារ្យជាគ្រឹះរបស់អ្នក នៅតែមានសេចក្ដីពិតដ៏ត្រឹមត្រូវដើម្បីអនុវត្តដែរ។ ពេលនោះ អ្នកនឹងអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់បានហើយ។ អ្នកត្រូវដឹងថា ទោះបីជាព្រះអង្គធ្វើការអ្វីក៏ដោយ ក៏គោលដៅនៃកិច្ចការរបស់ទ្រង់មិនប្រែប្រួលដែរ ចំណុចស្នូលនៃកិច្ចការរបស់ទ្រង់ មិនប្រែប្រួលនោះទេ ហើយបំណងព្រះហឫទ័យដែលទ្រង់មានចំពោះមនុស្សជាតិ ក៏មិនប្រែប្រួលដែរ។ ទោះបីជាព្រះបន្ទូលទ្រង់ម៉ឺងម៉ាត់យ៉ាងណា ទោះបីជាមជ្ឈដ្ឋាននោះមិនអំណោយផលយ៉ាងណា ក៏គោលការណ៍នៃកិច្ចការរបស់ទ្រង់មិនប្រែប្រួលដែរ ហើយបំណងព្រះហឫទ័យដែលទ្រង់ចង់សង្គ្រោះមនុស្សជាតិ ក៏មិនប្រែប្រួលដូចគ្នា។ ឱ្យតែកិច្ចការនេះមិនមែនជាកិច្ចការនៃការបើកសម្ដែងពីទីបញ្ចប់ឬទិសដៅរបស់មនុស្ស និងមិនមែនជាកិច្ចការនៃដំណាក់កាលចុងក្រោយ ឬក៏កិច្ចការដែលនាំទៅរកការបញ្ចប់ផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូលទេ ហើយឱ្យតែកិច្ចការនោះធ្វើឡើងក្នុងអំឡុងពេលដែលទ្រង់កែខៃមនុស្ស នោះចំណុចស្នូលនៃកិច្ចការរបស់ព្រះអង្គនឹងមិនប្រែប្រួលឡើយ។ កិច្ចការនោះនឹងនៅតែជាសេចក្ដីសង្គ្រោះដល់មនុស្សជាតិជានិច្ច។ សេចក្ដីនេះគួរតែជាគ្រឹះនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ គោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះ គឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិទាំងមូល ពោលគឺជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិឱ្យរួចពីដែនត្រួតត្រារបស់សាតាំងទាំងស្រុង។ ទោះបីជាដំណាក់កាលនីមួយៗនៃកិច្ចការនេះ មានវត្ថុបំណង និងមានសារៈសំខាន់ខុសៗគ្នាក៏ពិតមែន ក៏ប៉ុន្តែដំណាក់កាលនីមួយៗ ជាចំណែកនៃកិច្ចការសង្គ្រោះមនុស្សជាតិ ហើយដំណាក់កាលនីមួយៗ គឺជាកិច្ចការនៃការសង្គ្រោះខុសៗគ្នា ដែលបានបំពេញស្របទៅតាមតម្រូវការរបស់មនុស្សជាតិ។ កាលណាអ្នកដឹងអំពីគោលបំណងនៃកិច្ចការទាំងបីដំណាក់កាលនេះហើយ នោះអ្នកនឹងដឹងថាត្រូវឱ្យតម្លៃលើសារៈសំខាន់នៃកិច្ចការក្នុងដំណាក់កាលនីមួយៗនោះដោយរបៀបណាហើយ ហើយអ្នកក៏នឹងដឹងថាត្រូវធ្វើបែបណាដើម្បីបំពេញតាមបំណងហឫព្រះទ័យចង់បានរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកអាចឈានដល់ចំណុចនេះបាន នោះនិមិត្តដ៏អស្ចារ្យជាងគេបំផុតទាំងអស់នេះ នឹងក្លាយទៅជាគ្រឹះនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់មិនខាន។ អ្នកមិនគួរស្វែងរកតែវិធីអនុវត្តងាយៗ ឬសេចក្ដីពិតស៊ីជម្រៅនោះទេ ប៉ុន្តែអ្នកគួរផ្សារភ្ជាប់និមិត្តជាមួយនឹងការអនុវត្តដើម្បីឱ្យមានទាំងសេចក្ដីពិតដែលអាចយកទៅអនុវត្តបានផង និងមានទាំងចំណេះដឹងដែលពឹងផ្អែកលើនិមិត្តទាំងអស់នោះផង។ មានតែធ្វើបែបនេះទេ ទើបនឹងអ្នកក្លាយជាមនុស្សម្នាក់ដែលដេញតាមសេចក្ដីពិតយ៉់ាងពេញលេញ។

កិច្ចការទាំងបីដំណាក់កាលនេះ ជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ហើយនិស្ស័យនិងលក្ខណៈរបស់ទ្រង់ ក៏ត្រូវបានសម្ដែងចេញនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សដែលមិនដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងបីដំណាក់កាលនេះទេ ពុំអាចដឹងថាព្រះជាម្ចាស់សម្ដែងចេញនិស្ស័យរបស់ទ្រង់ដោយរបៀបណាឡើយ ហើយពួកគេក៏មិនដឹងអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេនៅតែមិនដឹងពីវិធីនានាដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិដដែល ក៏មិនដឹងពីបំណងព្រះហឫទ័យដែលទ្រង់មានចំពោះមនុស្សជាតិទាំងមូលដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺជាការបើកសម្ដែងឱ្យដឹងទាំងស្រុងពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ។ មនុស្សដែលពុំដឹងពីកិច្ចការទាំងបីដំណាក់កាលនេះ នឹងពុំដឹងពីវិធីសាស្រ្ត និងគោលការណ៍នានានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយអ្នកណាដែលមានះកាន់តាមគោលលទ្ធិដែលនៅសល់ពីដំណាក់កាលនៃកិច្ចការណាមួយ អ្នកនោះគឺជាមនុស្សដែលដាក់កំហិតព្រះជាម្ចាស់ទៅតាមគោលលទ្ធិ ហើយជំនឿរបស់គេលើព្រះជាម្ចាស់ ជាជំនឿស្រពេចស្រពិល និងមិនច្បាស់លាស់។ មនុស្សបែបនេះ នឹងមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ មានតែកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចបើកសម្ដែងពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់បានទាំងស្រុង និងអាចបើកសម្ដែងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិទាំងអស់ និងពីដំណើរការទាំងមូលនៃសេចក្ដីសង្គ្រោះមនុស្សជាតិបាន។ នេះជាភ័ស្តុតាងបញ្ជាក់ថា ទ្រង់បានយកឈ្នះសាតាំង និងទទួលបានមនុស្សជាតិ ក៏ជាភ័ស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់ និងជាការបើកសម្ដែងពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលយល់កិច្ចការរបស់ព្រះជាម្ចាស់ត្រឹមមួយដំណាក់កាល ស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ត្រឹមតែមួយចំណែកប៉ុណ្ណោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស កិច្ចការតែមួយដំណាក់កាលនេះ ងាយនឹងក្លាយទៅជាគោលលទ្ធិណាស់ ហើយមនុស្សក៏ងាយនឹងបង្កើតជាក្រឹត្យក្រមដ៏តឹងរ៉ឹងអំពីព្រះជាម្ចាស់ ព្រមទាំងប្រើនិស្ស័យតែមួយចំណែករបស់ព្រះជាម្ចាស់នេះ ធ្វើជាតំណាងឱ្យនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ផង។ ជាងនេះទៅទៀត ភាគច្រើននៃការស្រមើស្រមៃរបស់មនុស្ស មានលាយឡំនឹងចិត្តគំនិតរបស់គេ មនុស្សបែបនេះ ដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះនិស្ស័យ លក្ខណៈ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងព្រំដែនដែលបានកំណត់ ដោយជឿថា ប្រសិនបើព្រះជាម្ចាស់ធ្លាប់មានលក្ខណៈបែបនេះម្ដងហើយ នោះទ្រង់នឹងនៅតែមានលក្ខណៈបែបនេះទៀតគ្រប់ពេលវេលា ហើយមិនប្រែប្រួលឡើយ។ មានតែមនុស្សដែលស្គាល់ និងឱ្យតម្លៃកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចស្គាល់ព្រះជាម្ចាស់ពេញលេញនិងច្បាស់លាស់បាន។ យ៉ាងហោចណាស់ ពួកគេនឹងមិនកំណត់និយមន័យព្រះជាម្ចាស់ ថាជាព្រះនៃសាសន៍អ៊ីស្រាអែល ឬសាសន៍យូដាដែរ ហើយនឹងមិនចាត់ទុកទ្រង់ ជាព្រះដែលត្រូវគេឆ្កាងដើម្បីមនុស្សជារៀងរហូតដែរ។ ប្រសិនបើបុគ្គលម្នាក់គ្រាន់តែស្គាល់ព្រះជាម្ចាស់តាមរយៈកិច្ចការក្នុងដំណាក់កាលណាមួយ នោះចំណេះដឹងរបស់គេ គឺតិចតួចណាស់ ហើយប្រៀបមិនស្មើនឹងទឹកមួយដំណក់ដែលស្រក់ក្នុងមហាសមុទ្រផង។ បើមិនដូច្នោះទេ ហេតុអ្វីក៏អ្នកកាន់សាសនាចាស់ៗទាំងអស់នោះ ឆ្កាងព្រះជាម្ចាស់ទាំងរស់បែបនេះ? តើនេះមិនមែនដោយសារមនុស្សដាក់កំហិតព្រះជាម្ចាស់ ឱ្យនៅក្នុងព្រះដែនជាក់លាក់ទេឬអី? តើមនុស្សជាច្រើនមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងបង្អាក់ដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ដែលមានបម្រែបម្រួល និងខុសប្លែកពីគ្នា ហើយលើសពីនេះទៀត មិនមែនដោយសារពួកគេមានតែចំណេះដឹង និងគោលលទ្ធិតិចតួច យកមកវាស់ស្ទង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ទោះបទពិសោធមនុស្សបែបនេះរាក់កំផែលក៏ដោយ ក៏ពួកគេក្រអឺតក្រទម និងបណ្ដែតបណ្ដោយតាមធម្មជាតិគេដែរ ហើយពួកគេមិនឱ្យតម្លៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ គេមិនអើពើនឹងគោលការណ៍របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយជាងនេះទៅទៀត ពួកគេប្រើការជជែកវែកញែកចាស់គំរឹលនិងរាក់កំផែលរបស់គេមក «បញ្ជាក់» ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេក៏ធ្វើពុតជាសម្ដែង ហើយជឿស្លុងលើការរៀនសូត្រនិងចំណេះវិជ្ជាជ្រៅជ្រះរបស់គេ ហើយជឿថា ពួកគេអាចធ្វើដំណើរទូទាំងពិភពលោកបាន។ តើមនុស្សបែបនេះ មិនមែនជាមនុស្សដែលត្រូវព្រះវិញ្ញាណបរិសុទ្ធស្អប់ និងបដិសេធទេឬអី ហើយតើពួកគេមិនត្រូវផាត់ចោលដោយយុគសម័យថ្មីទេឬអី? តើអ្នកដែលចូលមកចំពោះព្រះជាម្ចាស់ ហើយប្រឆាំងទាស់នឹងទ្រង់ទាំងបើកចំហរ មិនមែនជាមនុស្សគួរឱ្យស្អប់គ្មានដឹងខ្យល់អ្វី ដែលគ្រាន់តែប្រឹងបង្អួតថា ខ្លួនគេឆ្លាតប៉ុនណាទេឬអី? ពួកគេព្យាយាមធ្វើកុបកម្មចូលទៅក្នុង «មជ្ឈដ្ឋានអប់រំ» របស់លោកីយ៍ ដោយប្រើចំណេះដឹងដ៏តិចតួចរបស់គេ។ ពួកគេព្យាយាមបង្វែរកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងព្យាយាមធ្វើឱ្យកិច្ចការនោះ នៅវិលវល់ជុំវិញដំណើរនៃការត្រិះរិះរបស់គេ ដោយប្រើគោលលទ្ធិរាក់កំផែលដែលគេយកទៅបង្រៀនមនុស្ស។ មនុស្សងងឹតភ្នែកដូចជាពួកគេនេះ ព្យាយាមសំឡឹងមើលកិច្ចការរយៈពេល ៦,០០០ ឆ្នាំ របស់ព្រះជាម្ចាស់ឱ្យអស់ត្រឹមតែមួយកន្ទុយភ្នែក។ ពួកមនុស្សទាំងនោះ គ្មានហេតុផលដែលសមនឹងលើកយកមកនិយាយឡើយ! តាមពិត មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែច្រើន កាន់តែមិនប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះជាម្ចាស់។ ជាងនេះទៀត ពួកគេគ្រាន់តែនិយាយពីចំណេះដឹងតិចតួចទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកគេមិនប្រញាប់វិនិច្ឆ័យផ្ដេសផ្ដាសនោះទេ។ មនុស្សដែលស្គាល់ព្រះជាម្ចាស់កាន់តែតិច កាន់តែក្រអឺតក្រទម និងកាន់តែជឿជាក់លើខ្លួនឯង ហើយពួកគេរឹតតែប្រកាសអំពីលក្ខណៈរបស់ព្រះជាម្ចាស់ដោយឥតសំចៃ ប៉ុន្តែពួកគេនិយាយត្រឹមតែទ្រឹស្ដីប៉ុណ្ណោះ មិនបានផ្ដល់ភ័ស្តុតាងជាក់ស្ដែងឡើយ។ មនុស្សបែបនេះ គ្មានតម្លៃអ្វីទាល់តែសោះ។ អ្នកដែលចាត់ទុកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ថាជាល្បែងកម្សាន្ដ គឺជាមនុស្សល្ងីល្ងើ! មនុស្សដែលមិនប្រុងប្រយ័ត្នពេលគេជួបប្រទះកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ និយាយមិនចេះគិត គឺជាមនុស្សដែលប្រញាប់វិនិច្ឆ័យ ជាមនុស្សដែលបញ្ចេញលក្ខណៈសម្បត្តិខ្លួនតាមទំនើងចិត្ត ដើម្បីបដិសេធភាពត្រឹមត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាមនុស្សដែលមើលងាយ និងប្រមាថដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ។ តើមនុស្សព្រហើនបែបនេះ មិនមែនជាមនុស្សល្ងង់មិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? ជាងនេះទៅទៀត តើពួកគេមិនមែនជាមនុស្សក្រអឺតក្រទមខ្លាំង ជាមនុស្សដែលមានអំណួតពីកំណើត និងមិនអាចគ្រប់គ្រងបានទេឬអី? បើទោះបីថ្ងៃមួយ មនុស្សបែបនេះទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមិនអត់ឱ្យពួកគេដែរ។ ពួកគេមិនត្រឹមតែមើលងាយអ្នកដែលធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះទេ តែពួកគេក៏ប្រមាថព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ មនុស្សហួសហេតុបែបនេះ នឹងមិនទទួលបានការអត់ទោសឡើយ មិនថាក្នុងយុគសម័យនេះ ឬយុគសម័យខាងមុខទេ ហើយពួកគេនឹងត្រូវវិនាសនៅឯស្ថាននរក! មនុស្សព្រហើន និងបណ្ដែតបណ្ដោយដូចជាពួកគេនេះ កំពុងធ្វើពុតជាជឿលើព្រះជាម្ចាស់ ហើយកាលណាមនុស្សកាន់តែមានចរិតបែបនេះ ពួកគេក៏កាន់តែងាយល្មើសនឹងបញ្ញត្ដិរដ្ឋបាលរបស់ព្រះជាម្ចាស់ដែរ។ តើមនុស្សក្រអឺតក្រទមដែលមិនចេះប្រយ័ត្នមាត់ពីកំណើត និងមនុស្សដែលមិនស្ដាប់បង្គាប់នរណាសោះ មិនមែនសុទ្ធតែដើរលើផ្លូវនេះទេឬអី? ពីមួយថ្ងៃទៅមួយថ្ងៃ តើពួកគេមិនមែនប្រឆាំងទាស់នឹងព្រះជាម្ចាស់ដ៏ជាព្រះដែលថ្មីជានិច្ចនិងមិនចេះចាស់ ទេឬអី? សព្វថ្ងៃនេះ អ្នករាល់គ្នាគប្បីយល់ពីហេតុផលដែលអ្នករាល់គ្នាត្រូវដឹងពីសារៈសំខាន់នៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់។ បន្ទូលដែលខ្ញុំថ្លែងមកនេះ គឺជាប្រយោជន៍ដល់អ្នករាល់គ្នាទេ មិនមែនគ្រាន់តែជាបន្ទូលគ្មានខ្លឹមសារនោះឡើយ។ ប្រសិនបើអ្នករាល់គ្នាគ្រាន់តែអានព្រះបន្ទូលនេះ ដូចអ្នកកំពុងសរសើរសម្រស់ផ្កាទាំងកំពុងបំផាយលើខ្នងសេះនោះ តើការខិតខំប្រឹងប្រែងទាំងអម្បាលម៉ានរបស់ខ្ញុំ មិនទៅជាអសារឥតការទៅហើយទេ? អ្នករាល់គ្នាគួរស្គាល់ពីធម្មជាតិរបស់ខ្លួនឯងផ្ទាល់។ ភាគច្រើនក្នុងចំណោមអ្នករាល់គ្នានេះ ពូកែខាងជជែកតវ៉ាណាស់។ អ្នករាល់គ្នាឆ្លើយសំណួរទ្រឹស្ដី ហូរដូចទឹក ប៉ុន្តែពេលនិយាយពាក់ព័ន្ធនឹងសារជាតិវិញ អ្នករាល់គ្នាគ្មានពាក្យអ្វីនិយាយទេ។ សូម្បីសព្វថ្ងៃនេះ អ្នករាល់គ្នានៅតែបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងការសន្ទនាឥតប្រយោជន៍ មិនអាចផ្លាស់ប្ដូរនិស្ស័យចាស់របស់ខ្លួនបាន ហើយអ្នករាល់គ្នាភាគច្រើន គ្មានចេតនាចង់ផ្លាស់ប្ដូរវិធីដេញតាមដើម្បីសម្រេចសេចក្ដីពិតដ៏ឧត្ដុង្គឧត្ដមជាងនេះឡើយ តែអ្នកបែរជារស់នៅក្នុងជីវិតព្រងើយកន្តើយទៅវិញ។ តើមនុស្សដូច ជាអ្នកនេះ អាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់ដែរឬទេ? ទោះបីជាអ្នកអាចដើរដល់ទីបញ្ចប់នៃផ្លូវនេះក៏ដោយចុះ តើមានប្រយោជន៍អ្វីដល់អ្នករាល់គ្នាទៅ? យកល្អ គួរផ្លាស់ប្ដូរគំនិតរបស់អ្នកឱ្យហើយទៅ កុំឱ្យហួសពេលទាន់។ ត្រូវធ្វើការដេញតាមឱ្យបានពិតប្រាកដ ពុំនោះទេ ចូរដកខ្លួនឱ្យឆាប់ទៅ។ ពេលវេលាចេះតែកន្លងទៅ នោះអ្នកនឹងក្លាយជាមនុស្សបញ្អើក្អែកមិនខាន។ តើអ្នកព្រមបំពេញតួនាទីដ៏តូចតាច និងថោកទាបបែបនេះដែរឬអី?

កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ គឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ហើយក៏មិនមែនជារឿងស្រមើស្រមៃដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាចង់ស្វែងរកការយល់ដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់មែន នោះអ្នកត្រូវតែដឹងអំពីកិច្ចការទាំងបីដំណាក់កាលដែលព្រះជាម្ចាស់ត្រូវបំពេញសិន ហើយជាងនេះទៀត អ្នកមិនត្រូវរំលងដំណាក់កាលណាមួយឡើយ។ អ្នកណាដែលស្វែងរកចង់ស្គាល់ព្រះជាម្ចាស់ ត្រូវតែសម្រេចឱ្យបាននូវលក្ខខណ្ឌដ៏តិចតួចនេះ។ មនុស្សខ្លួនឯងពុំអាចបង្កើតចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់បានឡើយ។ មនុស្សខ្លួនឯងពុំអាចនឹកស្រមៃពីរឿងនេះបានទេ ហើយរឿងនេះក៏មិនមែនជាលទ្ធផលដែលកើតចេញពីព្រះហឫទ័យអនុគ្រោះពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធចំពោះមនុស្សណាម្នាក់ដែរ។ ផ្ទុយទៅវិញ នេះគឺជាចំណេះដឹងដែលទទួលបានបន្ទាប់ពីមនុស្សបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងជាចំណេះដឹងអំពីព្រះជាម្ចាស់ដែលបានមកបន្ទាប់ពីបានឆ្លងកាត់ការពិតនានានៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ចំណេះដឹងបែបនេះ មិនអាចទទួលបានមកជាស្រេចនោះទេ ហើយក៏មិនអាចបង្រៀនបានដែរ។ ចំណេះដឹងនេះ ពាក់ព័ន្ធទៅនឹងបទពិសោធផ្ទាល់ខ្លួនទាំងស្រុង។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ម្រាប់មនុស្សជាតិ គឺជាចំណុចស្នូលនៃកិច្ចការទាំងបីដំណាក់កាលនេះ ប៉ុន្តែនៅក្នុងកិច្ចការនៃការសង្គ្រោះនេះ មានវិធីសាស្រ្តបំពេញកិច្ចការ និងមានមធ្យោបាយជាច្រើន ដែលបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់។ ចំណុចនេះហើយដែលមនុស្សពិបាកនឹងកំណត់បាន ហើយចំណុចនេះហើយដែលមនុស្សពិបាកនឹងយល់បាននោះ។ ការបែងចែកយុគសម័យ ការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ ការផ្លាស់ប្ដូរទីតាំងនៃការបំពេញកិច្ចការ ការផ្លាស់ប្ដូរអ្នកទទួលយកកិច្ចការនេះ ។ល។ និង ។ល។ ទាំងអស់នេះសុទ្ធតែមាននៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ។ ជាពិសេស ភាពខុសគ្នានៅក្នុងវិធីបំពេញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការផ្លាស់ប្ដូរនិស្ស័យ រូបអង្គ ព្រះនាម អត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរផ្សេងៗទៀត គឺសុទ្ធតែជាចំណែកនៃកិច្ចការទាំងបីដំណាក់កាលនេះទាំងអស់។ កិច្ចការមួយដំណាក់កាល អាចតំណាងបានត្រឹមតែមួយចំណែកប៉ុណ្ណោះ ហើយត្រូវកំណត់នៅក្នុងវិសាលភាពមួយជាក់លាក់។ កិច្ចការនេះពុំមានពាក់ព័ន្ធនឹងការបែងចែកយុគសម័យ ឬការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ទេ រឹតតែមិនពាក់ព័ន្ធនឹងចំណុចដទៃទៀតដែរ។ នេះជាការពិតជាក់ស្តែងណាស់។ កិច្ចការទាំងបីដំណាក់កាលនេះ ជាកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យរបស់ទ្រង់នៅក្នុងកិច្ចការនៃការសង្គ្រោះនេះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គ្មានអ្វីក្រៅតែពីពាក្យពេចន៍អត់ប្រយោជន៍ គ្មានអ្វីក្រៅតែពីការនិយាយអួតពីខ្លួនឯងឡើយ។ ចំណេះដឹងបែបនេះ មិនអាចនិយាយឱ្យមនុស្សជឿជាក់បានទេ ហើយក៏មិនអាចយកឈ្នះមនុស្សបានដែរ។ វាផ្ទុយទៅនឹងតថភាព ហើយវាមិនមែនជាសេចក្ដីពិតឡើយ។ ចំណេះដឹងនេះអាចគ្រប់គ្រាន់បរិបូរ និងពីរោះស្ដាប់ក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើវាផ្ទុយទៅនឹងនិស្ស័យរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងមិនទុកអ្នកឡើយ។ ទ្រង់មិនត្រឹមតែមិនសរសើរចំណេះដឹងរបស់អ្នកទេ តែទ្រង់ក៏នឹងផ្ដន្ទាទោសអ្នកទៀតផង ដ្បិតអ្នកគឺជាមនុស្សមានបាប ដែលបានប្រមាថទ្រង់។ ពាក្យពេចន៍អំពីការស្គាល់ព្រះជាម្ចាស់ មិនមែនចេះតែនិយាយចេញមកដោយងាយៗនោះទេ។ ទោះបីអ្នកអាចពូកែនិយាយបញ្ចុះបញ្ចូល និងពូកែនិយាយឱ្យគេជឿ ហើយទោះបីពាក្យសម្ដីរបស់អ្នកវាងវៃ ដែលអាចនិយាយពីខ្មៅឱ្យទៅជាស ពីសឱ្យទៅជាខ្មៅបានក៏ដោយ ក៏អ្នកនៅតែគ្មានសមត្ថភាពនិយាយពីការស្គាល់ព្រះជាម្ចាស់ដដែល។ ព្រះជាម្ចាស់ ពុំមែនជាបុគ្គលដែលអ្នកអាចវិនិច្ឆ័យបានឆាប់ ឬសរសើរតម្កើងតាមធម្មតា ឬនិយាយមើលងាយម្ដងហើយម្ដងទៀតបានឡើយ។ អ្នកអាចនិយាយសរសើរមនុស្សគ្រប់គ្នាបាន ប៉ុន្តែអ្នកពិបាករកពាក្យមកពណ៌នាអំពីព្រះគុណដ៏មហិមារបស់ព្រះជាម្ចាស់ឱ្យត្រូវណាស់។ នេះជាចំណុចដែលមនុស្សបរាជ័យគ្រប់គ្នាសុទ្ធតែដឹង។ ទោះបីជាមានអ្នកជំនាញខាងភាសាជាច្រើន ដែលអាចរៀបរាប់ពីព្រះជាម្ចាស់បានក៏ដោយ ក៏សុក្រឹតភាពនៃអ្វីដែលពួកគេបានរៀបរាប់នោះ គ្រាន់តែជាចំណែកមួយភាគរយនៃសេចក្ដីពិតដែលរាស្ត្ររបស់ព្រះជាម្ចាស់បាននិយាយប៉ុណ្ណោះ ជាមនុស្សមិនសូវសម្បូរវាចារ តែពួកគេមានបទពិសោធច្រើនដែលពួកគេអាចលើកមកនិយាយបាន។ ដូច្នេះ យើងអាចមើលឃើញថា ចំណេះដឹងអំពីព្រះជាម្ចាស់ ស្ថិតនៅលើសុក្រឹតភាពនិងភាពពិតជាក់ស្ដែង មិនមែនស្ថិតលើការប្រើប្រាស់ពាក្យសម្ដីដ៏ឈ្លាសវៃ ឬវោហារសព្ទសម្បូរបែបអ្វីទេ ហើយចំណេះដឹងរបស់មនុស្ស និងចំណេះដឹងអំពីព្រះជាម្ចាស់ ពុំមានអ្វីពាក់ព័ន្ធគ្នាសោះឡើយ។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ខ្ពង់ខ្ពស់ជាងវិទ្យាសាស្ត្រពិតរបស់មនុស្សជាតិទៅទៀត។ មានមនុស្សតិចតួចបំផុតដែលអាចសម្រេចការយល់ដឹងអំពីមេរៀននេះបាន។ ពួកគេជាអ្នកដែលស្វែងរកដើម្បីបានស្គាល់ព្រះជាម្ចាស់។ ត្រឹមតែជាបុគ្គលម្នាក់ដែលមានទេពកោសល្យ ក៏មិនអាចសម្រេចការយល់ដឹងមេរៀននេះបានដែរ។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវចាត់ទុកការស្គាល់ព្រះជាម្ចាស់និងការដេញតាមសេចក្ដីពិត ថាជារឿងដែលសូម្បីតែកូនក្មេងក៏អាចសម្រេចបាននោះទេ។ ប្រហែលជាអ្នកមានជោគជ័យពេញលេញក្នុងជីវិតគ្រួសារ ឬក្នុងអាជីពការងារ ឬក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នក ប៉ុន្តែពេលនិយាយដល់សេចក្ដីពិត និងមេរៀនពីការស្គាល់ព្រះជាម្ចាស់វិញ អ្នកគ្មានអ្វីសម្រាប់អួតអាងពីខ្លួនឯងទេ ហើយអ្នកក៏គ្មានសម្រេចលទ្ធផលអ្វីដែរ។ អាចនិយាយបានថា ការអនុវត្តសេចក្ដីពិត គឺជារឿងលំបាកបំផុតសម្រាប់អ្នករាល់គ្នា ហើយការស្គាល់ព្រះជាម្ចាស់ កាន់តែជារឿងលំបាកជាងនេះទៀតហើយ។ នេះគឺជាការលំបាករបស់អ្នករាល់គ្នា ហើយនេះក៏ជាការលំបាកដែលមនុស្សជាតិទាំងមូលបានជួបប្រទះដែរ។ នៅក្នុងចំណោមមនុស្សដែលមានស្នាដៃខ្លះនៅក្នុងបុព្វហេតុនៃការស្វែងរកដើម្បីស្គាល់ព្រះជាម្ចាស់ សឹងតែគ្មានមនុស្សណាម្នាក់ដែលត្រូវតាមស្ដង់ដានោះទេ។ មនុស្សមិនដឹងថា ការស្គាល់ព្រះជាម្ចាស់មានអត្ថន័យយ៉ាងណាទេ ក៏មិនដឹងថាហេតុអ្វីចាំបាច់ត្រូវស្គាល់ព្រះជាម្ចាស់ដែរ រឹតតែមិនដឹងថាមនុស្សត្រូវឈានដល់កម្រិតណា ទើបអាចស្គាល់ព្រះជាម្ចាស់បាន។ នេះគឺជារឿងដែលធ្វើឱ្យមនុស្សទាល់គំនិតបំផុត ហើយនិយាយឱ្យខ្លី នេះគឺជាប្រស្នាធំបំផុតដែលមនុស្សបានជួបប្រទះ។ គ្មាននរណាម្នាក់អាចដោះប្រស្នានេះបានទេ ក៏គ្មាននរណាម្នាក់ព្រមឆ្លើយដោះប្រស្នានេះដែរ ដ្បិតរហូតមកទល់សព្វថ្ងៃនេះ គ្មានមនុស្សណាម្នាក់នៅក្នុងចំណោមមនុស្សជាតិនេះ បានសម្រេចជោគជ័យណាមួយនៅក្នុងការសិក្សាអំពីរឿងនេះឡើយ។ ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបកស្រាយឱ្យមនុស្សជាតិដឹង ពេលនោះនឹងលេចចេញបន្តកន្ទុយគ្នានូវក្រុមមនុស្សមានទេពកោសល្យ ដែលស្គាល់ព្រះជាម្ចាស់។ ជាការពិតណាស់ ខ្ញុំសង្ឃឹមថារឿងនឹងទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរការនៃការបំពេញកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងបានឃើញមនុស្សមានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅពេលដ៏ខ្លីខាងមុខនេះ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងគេដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចមកនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ ឬប្រសិនបើមានមនុស្សបែបនេះតែម្នាក់ ឬពីរនាក់ ដែលត្រូវព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ដោយផ្ទាល់ នោះគ្មានអ្វីដែលតឹងចិត្ត និងគួរឱ្យសោកស្ដាយជាងនេះទៀតទេ។ យ៉ាងណាមិញ នេះគ្រាន់តែជាសេណារីយោដ៏អាក្រក់បំផុតប៉ុណ្ណោះ។ ទោះបីជាករណីទៅជាបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថា អ្នកដែលដេញតាមយ៉ាងពិតប្រាកដ នឹងអាចទទួលបានព្រះពរនេះមិនខាន។ តាំងពីគ្រាដំបូងមក គឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះ មិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការវិវដ្តរបស់មនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដំបូងគេដែលស្គាល់ព្រះជាម្ចាស់មែន តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវព្រះជាម្ចាស់សរសើរជាងនេះទេ? កិច្ចការបែបនេះ មិនងាយនឹងសម្រេចបានឡើយ ប៉ុន្តែនៅទីបំផុត ក៏នៅតែអាចទទួលរង្វាន់បានដដែល។ នៅទីបញ្ចប់ មនុស្សដែលអាចសម្រេចការស្គាល់ព្រះជាម្ចាស់បាន នឹងទទួលបានកិត្តិយសដ៏ធំបំផុតពីព្រះជាម្ចាស់ ហើយនឹងក្លាយជាមនុស្សមួយក្រុមគត់ដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទោះជាពួកគេមានភេទ ឬមានសញ្ជាតិអ្វីក៏ដោយ។ នេះគឺជាកិច្ចការបច្ចុប្បន្ន ហើយក៏ជាកិច្ចការនៅថ្ងៃអនាគតដែរ ជាកិច្ចការចុងក្រោយបង្អស់ និងជាកិច្ចការដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវសម្រេចឱ្យបានក្នុងកិច្ចការរយៈពេល ៦,០០០ ឆ្នាំនេះ ហើយក៏ជារបៀបបំពេញកិច្ចការដែលបើកសម្ដែងពីជំពូកមនុស្សនីមួយៗផងដែរ។ តាមរយៈកិច្ចការនៃការធ្វើឱ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ឋានៈខុសៗគ្នារបស់មនុស្ស ត្រូវបានបើកសម្ដែងឱ្យដឹង៖ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ និងទទួលបានសេចក្ដីសន្យារបស់ទ្រង់ ឯមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ទេ គ្មានលក្ខណៈសម្បត្តិទទួលបានព្រះពរពីព្រះជាម្ចាស់ និងមិនទទួលបានសេចក្ដីសន្យារបស់ទ្រង់ឡើយ។ អ្នកណាដែលស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ទេ មិនអាចហៅថាជាមនុស្សជំនិតរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សជំនិតរបស់ព្រះជាម្ចាស់ អាចទទួលព្រះពរគ្រប់យ៉ាងពីព្រះជាម្ចាស់ ចំណែកឯមនុស្សមិនជំនិតនឹងទ្រង់វិញ គេមិនស័ក្តិសមនឹងទទួលកិច្ចការណាមួយរបស់ទ្រង់ឡើយ។ មិនថាជាទុក្ខវេទនា ការបន្សុទ្ធ ឬការជំនុំជម្រះនោះទេ កិច្ចការទាំងអស់នេះ គឺសុទ្ធតែដើម្បីឱ្យមនុស្សសម្រេចបាននូវការស្គាល់ព្រះជាម្ចាស់នៅទីបំផុត ហើយដើម្បីឱ្យមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់បាន។ នេះហើយគឺជាផលដែលនឹងត្រូវសម្រេចបាននៅទីបំផុត។ ក្នុងកិច្ចការទាំងបីដំណាក់កាលនេះ ពុំមានអ្វីលាក់បាំងទេ ហើយក៏ជាចំណុចល្អសម្រាប់ការស្គាល់ព្រះជាម្ចាស់ពីសំណាក់មនុស្សដែរ ហើយក៏ជាជំនួយដើម្បីឱ្យមនុស្សសម្រេចនូវការស្គាល់ព្រះជាម្ចាស់ពេញលេញ និងគ្រប់ជ្រុងជ្រោយ។ កិច្ចការអស់ទាំងនេះ គឺសុទ្ធតែមានអត្ថប្រយោជន៍ដល់មនុស្សជាតិទាំងអស់។

កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជានិមិត្តដែលមនុស្សត្រូវតែដឹង ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់ គ្មានមនុស្សណាអាចសម្រេចបានទេ ហើយមនុស្សក៏មិនអាចកាន់កាប់បានដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ ជាការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយគ្មាននិមិត្តអស្ចារ្យជាងនេះណា ដែលមនុស្សគួរដឹងនោះទេ។ ប្រសិនបើមនុស្សមិនស្គាល់ពីនិមិត្តដ៏មានគ្រប់ចេស្ដានេះទេ នោះគេមិនងាយនឹងស្គាល់ព្រះជាម្ចាស់ឡើយ ក៏មិនងាយនឹងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ ហើយជាងនេះទៅទៀត ផ្លូវដែលមនុស្សដើរនោះ នឹងរឹតតែពិបាកឡើងៗ។ ប្រសិនបើគ្មាននិមិត្តនេះទេ មនុស្សមុខជាមិនអាចមកដល់ឆ្ងាយថ្នាក់នេះបានឡើយ។ គឺបាននិមិត្តនេះហើយ ដែលជួយឃុំគ្រងមនុស្សរហូតមកទល់សព្វថ្ងៃនេះ និងបានផ្ដល់ការការពារដ៏អស្ចារ្យបំផុតដល់មនុស្ស។ នៅថ្ងៃអនាគត ចំណេះដឹងរបស់អ្នករាល់គ្នាត្រូវតែស៊ីជម្រៅ ហើយអ្នករាល់គ្នាត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គទាំងស្រុង និងត្រូវដឹងពីសារជាតិនៃកិច្ចការដ៏ឈ្លាសវៃរបស់ព្រះអង្គនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ។ នេះទើបជាកម្ពស់ពិតប្រាកដរបស់អ្នករាល់គ្នា។ កិច្ចការដំណាក់កាលចុងក្រោយ មិនមែនជាកិច្ចការខុសពីគេនោះទេ ប៉ុន្តែជាចំណែកមួយនៃកិច្ចការទាំងមូល ដែលរួមគ្នាជាមួយនឹងកិច្ចការចំនួនពីរដំណាក់កាលមុន។ នេះមានន័យថា កិច្ចការនៃការសង្គ្រោះទាំងមូល មិនអាចសម្រេចទៅបានដោយគ្រាន់តែបំពេញកិច្ចការតែមួយដំណាក់កាលក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលឡើយ។ ទោះបីជាកិច្ចការដំណាក់កាលចុងក្រោយ អាចសង្គ្រោះមនុស្សបានទាំងស្រុងក៏ពិតមែន ក៏ប៉ុន្តែ នេះមិនមានន័យថា ចាំបាច់ត្រូវតែធ្វើកិច្ចការតែមួយដំណាក់កាលនេះដាច់តែឯងនោះទេ និងមិនមានន័យថា ការសង្គ្រោះមនុស្សពីឥទ្ធិពលរបស់សាតាំង មិនត្រូវការកិច្ចការទាំងពីរដំណាក់កាលពីមុននោះដែរ។ ក្នុងដំណាក់កាលទាំងបីនេះ គ្មានដំណាក់កាលមួយណា ត្រូវបានរាប់ជានិមិត្តតែមួយគត់ដែលមនុស្សជាតិទាំងអស់ត្រូវដឹងនោះទេ ដ្បិតកិច្ចការនៃការសង្គ្រោះទាំងមូល គឺជាកិច្ចការទាំងបីដំណាក់កាលនេះ មិនមែនជាកិច្ចការតែមួយក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលនេះឡើយ។ ដរាបណាកិច្ចការនៃការសង្គ្រោះមិនទាន់បានបញ្ចប់ទេ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងមិនអាចឈានមកដល់ទីបញ្ចប់ទាំងស្រុងបានឡើយ។ លក្ខណៈរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ សុទ្ធតែត្រូវបើកសម្ដែងនៅក្នុងកិច្ចការនៃការសង្គ្រោះទាំងមូល។ អ្វីទាំងអស់នេះមិនមែនបើកសម្ដែងឱ្យមនុស្សបានឃើញនៅគ្រាដំបូងឡើយ តែត្រូវបានបើកសម្ដែងបន្តិចម្ដងតាមរយៈកិច្ចការនៃការសង្គ្រោះនេះ។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការនៃការសង្គ្រោះ បើកសម្ដែងពីចំណែកនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងចំណែកនៃលក្ខណៈរបស់ព្រះអង្គ។ គ្មានដំណាក់កាលណាមួយនៃកិច្ចការនេះ អាចបើកសម្ដែងពីលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ និងពេញលេញបានទាំងស្រុងឡើយ។ ដូច្នេះ កិច្ចការនៃការសង្គ្រោះ អាចបញ្ចប់ទៅទាំងស្រុងបាន លុះត្រាតែកិច្ចការទាំងបីដំណាក់កាលនេះត្រូវបានបញ្ចប់ដែរ។ ដូច្នេះហើយ ចំណេះដឹងរបស់មនុស្សទាក់ទងនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ មិនអាចកាត់ផ្ដាច់ចេញពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ អ្វីដែលមនុស្សទទួលបានពីកិច្ចការក្នុងដំណាក់កាលណាមួយ គឺគ្រាន់តែជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ មិនអាចតំណាងឱ្យនិស្ស័យ និងលក្ខណៈដែលបានបើកសម្ដែងនៅក្នុងដំណាក់កាលមុន ឬដំណាក់កាលក្រោយបានឡើយ។ នោះគឺមកពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ មិនអាចបញ្ចប់ទៅបានភ្លាមៗក្នុងពេលមួយគ្រា ឬក្នុងទីតាំងតែមួយកន្លែងនោះទេ ប៉ុន្តែកិច្ចការនេះកាន់តែជ្រាលជ្រៅបន្តិចម្ដងៗ ទៅតាមកម្រិតនៃការវិវដ្ដរបស់មនុស្សនៅក្នុងពេលវេលានិងទីកន្លែងខុសៗគ្នា។ កិច្ចការនេះ ត្រូវបំពេញជាដំណាក់កាលៗ ហើយមិនអាចបញ្ចប់ត្រឹមមួយដំណាក់កាលបានឡើយ។ ដូច្នេះ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទាំងមូល ត្រូវបង្ហាញចេញឱ្យឃើញច្បាស់នៅក្នុងដំណាក់កាលទាំងបីនេះ មិនមែនតែនៅក្នុងដំណាក់កាលមួយទេ។ លក្ខណៈនិងព្រះប្រាជ្ញាញាណរបស់ព្រះអង្គទាំងមូល មាននៅក្នុងដំណាក់កាលទាំងបីនេះ។ ដំណាក់កាលនីមួយៗសុទ្ធតែមានលក្ខណៈរបស់ទ្រង់ ហើយដំណាក់កាលនីមួយៗ គឺជាកំណត់ត្រាអំពីព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ទ្រង់។ មនុស្សគប្បីស្គាល់ពីនិស្ស័យទាំងអស់ ដែលព្រះជាម្ចាស់បានបើកសម្ដែងនៅក្នុងដំណាក់កាលទាំងបីនេះ។ លក្ខណៈទាំងអស់របស់ទ្រង់ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិគ្រប់ៗគ្នា ហើយនៅពេលថ្វាយបង្គំព្រះជាម្ចាស់ ប្រសិនបើមនុស្សគ្មានចំណេះដឹងនេះទេ នោះពួកគេក៏គ្មានអ្វីខុសពីមនុស្សដែលថ្វាយបង្គំព្រះពុទ្ធដែរ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សជាតិ មិនបានលាក់បាំងពីមនុស្សជាតិឡើយ ហើយអ្នកទាំងឡាយណាដែលថ្វាយបង្គំព្រះជាម្ចាស់ គួរដឹងពីកិច្ចការនេះ។ ដោយសារព្រះជាម្ចាស់បានបំពេញកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះក្នុងចំណោមមនុស្សជាតិ ដូច្នេះ មនុស្សក៏គួរតែដឹងពីការបង្ហាញពីកម្មសិទ្ធិនិងលក្ខណៈរបស់ទ្រង់នៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សត្រូវតែធ្វើកិច្ចការនេះ។ អ្វីដែលព្រះជាម្ចាស់លាក់បាំងមិនឱ្យមនុស្សដឹង មនុស្សពុំអាចដឹងបានឡើយ ហើយមនុស្សក៏មិនគួរដឹងដែរ ចំណែកអ្វីដែលទ្រង់បង្ហាញឱ្យមនុស្សឃើញ មនុស្សគួរតែដឹង ហើយមនុស្សគួរមាននៅក្នុងខ្លួន។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវធ្វើឡើងនៅលើមូលដ្ឋានគ្រឹះនៃដំណាក់កាលពីមុន។ កិច្ចការនោះមិនត្រូវធ្វើឡើងដាច់ដោយឡែកពីកិច្ចការនៃការសង្គ្រោះឡើយ។ បើទោះបីជាក្នុងយុគសម័យនោះ និងក្នុងកិច្ចការដែលត្រូវបំពេញនោះ មានភាពខុសគ្នាខ្លាំងក្ដី ក៏ចំណុចស្នូលនៃកិច្ចការនេះ នៅតែជាសេចក្ដីសង្គ្រោះដល់មនុស្សជាតិដដែល ហើយដំណាក់កាលនីមួយៗក្នុងកិច្ចការនៃការសង្គ្រោះនេះ ក៏កាន់តែស៊ីជម្រៅជាងមុនដែរ។ ដំណាក់កាលនៃកិច្ចការនីមួយៗ បន្តនៅលើមូលដ្ឋានគ្រឹះនៃដំណាក់កាលចាស់ ជាគ្រឹះដែលមិនអាចរំលើងចោលបានទេ។ ក្នុងលក្ខណៈនេះ ព្រះជាម្ចាស់កំពុងបើកសម្ដែងពីទិដ្ឋភាពនានានៃនិស្ស័យរបស់ទ្រង់ឥតឈប់ តាមរយៈកិច្ចការរបស់ទ្រង់ដែលតែងតែថ្មីជានិច្ចនិងមិនដែលចាស់ឡើយ ដែលពីមុនមកមិនធ្លាប់បានសម្ដែងចេញឱ្យមនុស្សដឹងឡើយ ហើយទ្រង់តែងតែបើកសម្ដែងពីកិច្ចការថ្មីនិងលក្ខណៈថ្មីរបស់ទ្រង់ឱ្យមនុស្សបានដឹងជានិច្ច ហើយទោះបីជាអ្នកកាន់សាសនាចាស់គំរឹល ប្រឹងអស់ពីលទ្ធភាពដើម្បីតតាំងនឹងសេចក្ដីនេះ ព្រមទាំងប្រឆាំងទាស់នឹងសេចក្ដីនេះដោយបើកចំហក៏ដោយ ក៏ព្រះជាម្ចាស់តែងធ្វើកិច្ចការថ្មីដែលទ្រង់ចង់ធ្វើជានិច្ច។ កិច្ចការរបស់ទ្រង់តែងផ្លាស់ប្ដូរជានិច្ច ហើយដោយព្រោះមូលហេតុនេះហើយ ទើបកិច្ចការរបស់ទ្រង់តែងតែពើបប្រទះនឹងការប្រឆាំងទាស់ពីសំណាក់មនុស្សជានិច្ច។ និស្ស័យរបស់ព្រះអង្គ ក៏តែងផ្លាស់ប្ដូរជានិច្ចដែរ ហើយយុគសម័យនិងអ្នកទទួលយកកិច្ចការរបស់ទ្រង់ក៏ផ្លាស់ប្ដូរដូចគ្នាដែរ។ ជាងនេះទៅទៀត ទ្រង់តែងធ្វើកិច្ចការណាដែលពុំធ្លាប់មានគេធ្វើពីមុនមក ថែមទាំងធ្វើកិច្ចការណាដែលមនុស្សមើលទៅផ្ទុយស្រឡះពីកិច្ចការដែលធ្លាប់បានធ្វើពីមុនមកផង ដើម្បីដើរបញ្ច្រាសគេ។ មនុស្សអាចទទួលយកកិច្ចការត្រឹមតែមួយប្រភេទ ឬទទួលយកត្រឹមវិធីអនុវត្តតែមួយប៉ុណ្ណោះ ហើយមនុស្សពិបាកនឹងទទួលយកកិច្ចការ ឬវិធីអនុវត្តណាដែលផ្ទុយពីពួកគេ ឬខ្ពង់ខ្ពស់ជាងពួកគេណាស់។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើកិច្ចការថ្មីជានិច្ច ដូច្នេះហើយ តែងលេចចេញនូវអ្នកជំនាញខាងសាសនាដែលប្រឆាំងទាស់នឹងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ មួយក្រុមហើយមួយក្រុមទៀត។ ច្បាស់ណាស់ថា មនុស្សទាំងអស់នេះបានក្លាយជាអ្នកជំនាញ គឺដោយសារមនុស្សមិនដឹងថា ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ ហើយគេក៏មិនដឹងអំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ជាងនេះទៅទៀត គេមិនដឹងអំពីវិធីជាច្រើនដែលព្រះជាម្ចាស់ប្រើដើម្បីសង្គ្រោះមនុស្សជាតិឡើយ។ ដូច្នេះ មនុស្សមិនអាចប្រាប់បានទេថា មួយណាជាកិច្ចការដែលមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយមួយណាជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ មនុស្សជាច្រើន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបែបនេះ។ ប្រសិនបើអ្វីមួយដូចគ្នាទៅនឹងព្រះបន្ទូលពីមុន នោះពួកគេនឹងទទួលយក ហើយប្រសិនបើមានភាពខុសប្លែកគ្នាពីកិច្ចការចាស់ នោះពួកគេនឹងជំទាស់ ព្រមទាំងបដិសេធកិច្ចការនោះផង។ សព្វថ្ងៃនេះ តើអ្នករាល់គ្នាមិនប្រកាន់តាមគោលការណ៍បែបនេះទេឬអី? កិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះ ពុំមានឥទ្ធិពលអ្វីធំដុំលើអ្នករាល់គ្នាទេ ហើយមានអ្នកខ្លះទៀតជឿថា កិច្ចការទាំងពីរដំណាក់កាលមុន គ្រាន់តែជាបន្ទុកមួយប៉ុណ្ណោះ។ ពួកគេមិនចាំបាច់ត្រូវដឹងនោះទេ។ ពួកគេគិតថា ដំណាក់កាលទាំងអស់នេះ មិនគួរយកទៅប្រកាសប្រាប់មហាជនទេ ហើយគួរដកចេញវិញឱ្យបានឆាប់ ដើម្បីកុំឱ្យមនុស្សមានអារម្មណ៍តឹងតែងខ្លាំង ដោយសារតែដំណាក់កាលទាំងពីរនេះ។ មនុស្សភាគច្រើនជឿថា ការប្រកាសប្រាប់ពីកិច្ចការទាំងពីរដំណាក់កាលមុន គឺជាជំហានដ៏វែងឆ្ងាយមួយ ហើយក៏គ្មានប្រយោជន៍អ្វីសម្រាប់ការស្គាល់ព្រះជាម្ចាស់ដែរ។ អ្នករាល់គ្នាគិតបែបនេះឯង។ សព្វថ្ងែនេះ អ្នករាល់គ្នាជឿថា ការប្រព្រឹត្តបែបនេះ គឺជាទង្វើដ៏ត្រឹមត្រូវ ប៉ុន្តែថ្ងៃណាមួយ អ្នករាល់គ្នានឹងទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំ។ អ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើកិច្ចការណាដែលគ្មានប្រយោជន៍នោះទេ។ ការដែលខ្ញុំកំពុងប្រកាសពីកិច្ចការទាំងបីដំណាក់កាលឱ្យអ្នករាល់គ្នាបានដឹង គឺដោយសារកិច្ចការនោះមានប្រយោជន៍ដល់អ្នករាល់គ្នា។ ដោយសារកិច្ចការទាំងបីដំណាក់កាលនេះ គឺជាចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល។ ដូច្នេះហើយ មនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូល ត្រូវតែយកចិត្តទុកដាក់នឹងកិច្ចការទាំងនេះ។ ថ្ងៃមួយ អ្នករាល់គ្នានឹងទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចការនេះ។ អ្នករាល់គ្នានឹងដឹងថា អ្នករាល់គ្នាប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រើសញ្ញាណផ្ទាល់ខ្លួន មកវាស់ស្ទង់កិច្ចការសព្វថ្ងៃនេះ ដ្បិតអ្នករាល់គ្នាពុំដឹងពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ទេ និងដោយសារអ្នករាល់គ្នាប្រញាប់វិនិច្ឆ័យកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលឿនពេក។ ការដែលអ្នករាល់គ្នាប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងការរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសុទ្ធតែបង្កឡើងដោយសញ្ញាណ និងភាពក្រអឺតក្រទមពីកំណើតរបស់អ្នករាល់គ្នា មិនមែនមកពីកិច្ចការរបស់ព្រះជាម្ចាស់ខុសនោះទេ តែមកពីអ្នករាល់គ្នាចចេសរឹងរូសតាំងពីកំណើតម្ល៉េះ។ បន្ទាប់ពីពួកគេជឿលើព្រះជាម្ចាស់ហើយ មនុស្សខ្លះមិនទាំងអាចនិយាយដោយភាពជឿជាក់ថាមនុស្សមកពីណាផង ប៉ុន្តែ ពួកគេបែរជាហ៊ាននិយាយវាយតម្លៃភាពខុសត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជាសាធារណៈទៅវិញ។ ពួកគេថែមទាំងបង្រៀនពួកសាវ័កដែលមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធទៀតផង ដោយផ្ដល់មតិយោបល់ និងនិយាយចេញមកទាំងដែលខ្លួនគ្មានសិទ្ធិអំណាចអ្វីសោះ។ ភាពជាមនុស្សរបស់គេនៅទាបណាស់ ហើយពួកគេគ្មានហេតុផលនៅក្នុងខ្លួនសូម្បីតែបន្តិច។ តើថ្ងៃដែលមនុស្សបែបនេះត្រូវកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបដិសេធ និងត្រូវដុតដោយភ្លើងស្ថាននរក នឹងមិនចូលមកដល់ទេឬអី? ពួកគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ តែពួកគេបែរជាទិតៀនកិច្ចការរបស់ទ្រង់ទៅវិញ ហើយថែមទាំងព្យាយាមណែនាំព្រះជាម្ចាស់ពីរបៀបធ្វើការទៀតផង។ តើមនុស្សគ្មានហេតុផលបែបនេះ ស្គាល់ព្រះជាម្ចាស់ដូចម្ដេចទៅ? មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ក្នុងអំឡុងពេលកំពុងស្វែងរក និងដកពិសោធន៍។ មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តាមរយៈការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនតាមរយៈការទិតៀនតាមទំនើងចិត្តទេ។ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់រឹតតែច្បាស់ នោះគេរឹតតែលែងហ៊ានប្រឆាំងទាស់នឹងទ្រង់។ ផ្ទុយទៅវិញ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់កាន់តែតិច នោះពួកគេកាន់តែប្រឆាំងទាស់នឹងទ្រង់ខ្លាំងឡើង។ សញ្ញាណរបស់អ្នក ធម្មជាតិពីមុនរបស់អ្នក ភាពជាមនុស្សរបស់អ្នក ចរិតនិងទស្សនៈខាងសីលធម៌របស់អ្នក គឺជាដើមទុនដែលអ្នកយកមកតតាំងនឹងព្រះជាម្ចាស់ ហើយកាលណាសីលធម៌របស់អ្នកខូចខ្លាំង កាលណាគុណសម្បត្តិរបស់អ្នកគួរឱ្យខ្ពើមរអើមខ្លាំង ហើយកាលណាភាពជាមនុស្សរបស់អ្នកកាន់តែអន់ថយខ្លាំង នោះអ្នកកាន់តែក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ មនុស្សណាដែលមានសញ្ញាណច្រើន និងមាននិស្ស័យរាប់ខ្លួនឯងជាសុចរិត នោះគេរឹតតែជាសត្រូវនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សខ្លាំងឡើង។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនបានកែប្រែសញ្ញាណរបស់អ្នកឱ្យត្រឹមត្រូវទេ សញ្ញាណទាំងនោះនឹងតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ជានិច្ច។ អ្នកនឹងមិនដែលចុះសម្រុងជាមួយព្រះជាម្ចាស់ឡើយ ហើយអ្នកក៏នឹងតែងតែឃ្លាតឆ្ងាយពីទ្រង់ជានិច្ចដែរ។

មានតែការលះបង់សញ្ញាណចាស់ៗរបស់អ្នកចោលទេ ទើបអាចឱ្យអ្នកទទួលបានចំណេះដឹងថ្មីៗ តែចំណេះដឹងចាស់ៗនេះ មិនចាំបាច់ត្រូវស្មើនឹងសញ្ញាណចាស់ៗនោះទេ។ «សញ្ញាណ» សំដៅលើអ្វីៗដែលមនុស្សស្រមើស្រមៃ ដែលមានលក្ខណៈខុសពីការពិតជាក់ស្ដែង។ ប្រសិនបើចំណេះដឹងចាស់ៗហួសសម័យកាលពីយុគសម័យមុន បានរារាំងមនុស្សមិនឱ្យចូលទៅក្នុងកិច្ចការថ្មី នោះចំណេះដឹងបែបនេះ ក៏ជាសញ្ញាណមួយដែរ។ ប្រសិនបើមនុស្សអាចជ្រើសរើសវិធីសាស្រ្តត្រឹមត្រូវដើម្បីទទួលបានចំណេះដឹង ហើយអាចចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់បាន តាមរយៈទិដ្ឋភាពផ្សេងៗ ដោយរួមបញ្ចូលទាំងចំណេះដឹងចាស់និងថ្មី នោះចំណេះដឹងចាស់នឹងក្លាយជាជំនួយដល់មនុស្ស និងក្លាយជាមូលដ្ឋានសម្រាប់ឱ្យមនុស្សចូលទៅក្នុងយុគសម័យថ្មីជាមិនខាន។ មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ទាមទារឱ្យអ្នកចេះច្បាស់ពីគោលការណ៍ជាច្រើនដូចជា៖ របៀបដើរលើផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់ សេចក្ដីពិតណាខ្លះដែលអ្នកត្រូវតែដឹងដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់ និងវិធីកម្ចាត់ចោលនូវសញ្ញាណ និងនិស្ស័យចាស់ៗរបស់អ្នក ដើម្បីឱ្យអ្នកអាចចុះចូលនឹងការរៀបចំទាំងអស់នៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកប្រើគោលការណ៍ទាំងនេះធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ចូលទៅក្នុងមេរៀនអំពីការស្គាល់ព្រះជាម្ចាស់ នោះចំណេះដឹងរបស់អ្នកនឹងកាន់តែស៊ីជម្រៅទៅៗ។ ប្រសិនបើអ្នកមានចំណេះដឹងច្បាស់លាស់អំពីកិច្ចការទាំងបីដំណាក់កាលនេះ (ផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល) ហើយប្រសិនបើអ្នកអាចផ្សារភ្ជាប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ទាំងពីរដំណាក់កាលមុន ជាមួយនឹងដំណាក់កាលបច្ចុប្បន្ន ហើយដឹងថា កិច្ចការនេះគឺជាកិច្ចការដែលបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ នោះអ្នកនឹងមានគ្រឹះមួយដ៏រឹងមាំ គ្មានអ្វីប្រៀបបានឡើយ។ កិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ នេះគឺជានិមិត្តដ៏អស្ចារ្យបំផុតមួយ ហើយនេះក៏ជាមាគ៌ាតែមួយគត់ដើម្បីបានស្គាល់ព្រះជាម្ចាស់ដែរ។ កិច្ចការទាំងបីដំណាក់កាលនេះ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបអាចសម្រេចបាន ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានដែរ។ នេះមានន័យថា គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបអាចសម្រេចកិច្ចការរបស់ទ្រង់ផ្ទាល់ តាំងពីគ្រាដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ទោះបីកិច្ចការទាំងបីដំណាក់កាលនេះ ត្រូវបានបំពេញនៅក្នុងយុគសម័យនិងទីកន្លែងខុសៗគ្នាក៏ដោយ ហើយទោះបីកិច្ចការនីមួយៗខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គដែរ។ នៅក្នុងចំណោមនិមិត្តទាំងអស់ គឺនិមិត្តនេះហើយដែលអស្ចារ្យបំផុត ដែលមនុស្សគួរតែដឹង ហើយប្រសិនបើមនុស្សអាចយល់ពីនិមិត្តនេះបានទាំងស្រុង នោះគេនឹងអាចមានសេចក្ដីខ្ជាប់ខ្ជួនមិនខាន។ សព្វថ្ងៃនេះ បញ្ហាដ៏ធំបំផុតដែលសាសនា និងនិកាយផ្សេងៗកំពុងតែជួបប្រទះនោះគឺ ពួកគេមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមិនអាចបែងចែកបានរវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការដែលមិនមែនជារបស់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយហេតុនេះហើយទើបពួកគេមិនអាចប្រាប់បានថា កិច្ចការក្នុងដំណាក់កាលនេះ ជាកិច្ចការដែលត្រូវបំពេញដោយព្រះយេហូវ៉ាដ៏ជាព្រះ ដូចកិច្ចការនៅក្នុងដំណាក់កាលទាំងពីរក្នុងគ្រាមុនដែរ។ ទោះបីមនុស្សដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេភាគច្រើន នៅតែមិនអាចប្រាប់បានថា ផ្លូវមួយណាជាផ្លូវត្រឹមត្រូវទេ។ មនុស្សខ្វល់ថាផ្លូវនេះជាផ្លូវដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់ឬមិនមែន និងខ្វល់ថាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ជាការពិតឬអត់ប៉ុណ្ណោះ ហើយមនុស្សភាគច្រើននៅតែគ្មានតម្រុយអំពីរបៀបយល់ដឹងពីរឿងទាំងអស់នេះឡើយ។ មនុស្សដែលដើរតាមព្រះជាម្ចាស់មិនអាចកំណត់ផ្លូវនេះបានទេ ដូច្នេះហើយ សារដែលបានថ្លែងមក គឺមានឥទ្ធិពលតែមួយចំណែកប៉ុណ្ណោះ នៅក្នុងចំណោមមនុស្សទាំងនេះ និងមិនអាចមានប្រសិទ្ធភាពទាំងស្រុងបានឡើយ។ ហេតុនេះ វាក៏ជះឥទ្ធិពលដល់ច្រកចូលទៅក្នុងជីវិតរបស់មនុស្សបែបនេះ។ ប្រសិនបើមនុស្សអាចយល់បានតាមរយៈកិច្ចការទាំងបីដំណាក់កាលនេះថា កិច្ចការទាំងនេះត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នៅក្នុងពេលវេលានិងទីកន្លែងខុសគ្នា និងនៅក្នុងចំណោមមនុស្សខុសគ្នា ហើយប្រសិនបើមនុស្សអាចយល់បានថា ទោះបីជាកិច្ចការនេះខុសគ្នាក៏ដោយ ក៏កិច្ចការទាំងអស់នេះត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ ហើយដោយសារកិច្ចការនេះត្រូវបានបំពេញដោយព្រះជាម្ចាស់តែមួយព្រះអង្គ ទើបកិច្ចការនេះត្រូវតែត្រឹមត្រូវ គ្មានកំហុស ហើយទោះបីជាកិច្ចការនេះខុសពីសញ្ញាណរបស់មនុស្សក្ដី ក៏មិនអាចបដិសេធថា កិច្ចការនេះមិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គបានដែរ។ ប្រសិនបើមនុស្សអាចនិយាយដោយជាក់ច្បាស់ថា កិច្ចការនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ នោះសញ្ញាណរបស់មនុស្សនឹងត្រូវធ្លាក់មកត្រឹមតែជារឿងកំប៉ិកកំប៉ុក មិនសមលើកមកនិយាយទេ។ ដោយសារតែនិមិត្តរបស់មនុស្សមិនច្បាស់លាស់ ហើយដោយសារតែមនុស្សដឹងតែត្រឹមថា ព្រះយេហូវ៉ា គឺជាព្រះ និងដឹងត្រឹមថា ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ ហើយគេមានគំនិតមិនដាច់ស្រេចអំពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ដូច្នេះទើបមនុស្សជាច្រើននៅតែលះបង់ដើម្បីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវដដែល ហើយត្រូវរងការរំខានពីសញ្ញាណផ្សេងៗអំពីកិច្ចការនាពេលបច្ចុប្បន្ន។ មនុស្សភាគច្រើនតែងមានការសង្ស័យ ហើយមិនយកចិត្តទុកដាក់ចំពោះកិច្ចការបច្ចុប្បន្ននេះទេ។ មនុស្សគ្មានសញ្ញាណអំពីកិច្ចការទាំងពីរដំណាក់កាលចុងក្រោយទេ ជាកិច្ចការគេមើលមិនឃើញ។ នោះគឺមកពីមនុស្សពុំយល់ពីការពិតនៃកិច្ចការទាំងពីរដំណាក់កាលចុងក្រោយនោះ និងមិនបានមើលឃើញកិច្ចការនោះដោយផ្ទាល់ភ្នែករបស់គេ។ ដោយសារតែកិច្ចការនៅក្នុងដំណាក់កាលទាំងនោះ មើលមិនឃើញ ដូចច្នេះហើយ មនុស្សក៏នឹកស្រមៃតាមតែចិត្តគេចង់។ មិនថាគេផុសចេញគំនិតបែបណានោះទេ ក៏ការស្រមើស្រមៃនោះ គ្មានការពិតមកបញ្ជាក់ ហើយក៏គ្មាននរណាម្នាក់កែតម្រូវការស្រមើស្រមៃនោះដែរ។ មនុស្សបណ្ដែតបណ្ដោយខ្លួនតាមនិស្ស័យធម្មជាតិរបស់គេ ដោយមិនខ្វល់ថាលទ្ធផលនឹងទៅជាយ៉ាងណា ហើយបណ្ដោយឱ្យគំនិតគេនឹកស្រមើស្រមៃតាមតែអំពើចិត្ត ហើយគ្មានការពិតណាមកបញ្ជាក់ពីការស្រមើស្រមៃរបស់គេទេ។ ដូច្នេះហើយ មិនថាមានឬគ្មានភ័ស្តុតាងមកបញ្ជាក់ពីការស្រមើស្រមៃរបសគេឬអត់នោះ ការស្រមើស្រមៃរបស់មនុស្សក៏បានក្លាយជា «ការពិត»។ ហេតុនេះ មនុស្សជឿលើការព្រះជាម្ចាស់ដែលគេស្រមើស្រមៃនៅក្នុងចិត្តរបស់គេ ហើយមិនស្វែងរកព្រះជាម្ចាស់ក្នុងភាពជាក់ស្ដែងឡើយ។ ប្រសិនបើបុគ្គលម្នាក់មានជំនឿមួយប្រភេទ នោះក្នុងចំណោមមនុស្សមួយរយនាក់ ប្រាកដជានឹងមានជំនឿមួយរយប្រភេទដែរមិនខាន។ មនុស្សមានជំនឿបែបនេះ ដោយសារគេមើលមិនឃើញពីតថភាពនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារគេបានត្រឹមតែស្ដាប់ឮពីសេចក្ដីនេះដោយត្រចៀករបស់គេ តែមិនបានមើលឃើញនឹងភ្នែករបស់គេ។ មនុស្សបានស្ដាប់រឿងព្រេង និងរឿងរ៉ាវផ្សេងៗ តែគេកម្រនឹងបានឮពីចំណេះដឹងអំពីការពិតពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់ណាស់។ ដូច្នេះ បានជាមនុស្សដែលទើបជឿព្រះបានមួយឆ្នាំ ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ដោយមានសញ្ញាណផ្ទាល់ខ្លួនរបស់គេ។ អ្នកដែលបានជឿព្រះជាម្ចាស់ពេញមួយជីវិតហើយ ក៏នៅតែមានសញ្ញាណដូចគ្នានេះដែរ។ មនុស្សណាដែលមិនអាចមើលឃើញការពិតបាន នឹងមិនអាចគេចផុតពីជំនឿដែលបានមកពីសញ្ញាណដែលគេមានចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សជឿថា គេបានដោះខ្លួនឱ្យរួចពីចំណងនៃសញ្ញាណចាស់ៗ និងបានចូលក្នុងទឹកដីថ្មីហើយ។ តើមនុស្សមិនដឹងទេថា ចំណេះដឹងរបស់មនុស្សដែលមើលមិនឃើញព្រះភ័ក្ត្រពិតរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាសញ្ញាណ និងជំនឿខុសឆ្គងតែប៉ុណ្ណោះ? មនុស្សគិតថា សញ្ញាណរបស់គេត្រឹមត្រូវ គ្មានកំហុសទេ ហើយគេគិតថា សញ្ញាណទាំងនេះមកអំពីព្រះជាម្ចាស់។ សព្វថ្ងៃនេះ នៅពេលមនុស្សមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក គេក៏លះបង់សញ្ញាណដែលគរទុករាប់សិបឆ្នាំនោះចោល។ ការស្រមើស្រមៃ និងគំនិតចាស់ៗ បានក្លាយជាឧបសគ្គរាំងស្ទះដល់កិច្ចការនៅក្នុងដំណាក់កាលនេះ ហើយមនុស្សពិបាកនឹងលះបង់សញ្ញាណបែបនេះ ពិបាកនឹងបដិសេធគំនិតបែបនេះណាស់។ សញ្ញាណរបស់អ្នកដែលបានដើរតាមព្រះជាម្ចាស់មកទល់សព្វថ្ងៃនេះ ពាក់ព័ន្ធនឹងកិច្ចការមួយដំណាក់ៗនេះ កាន់តែយ៉ាប់ទៅៗ ហើយមនុស្សទាំងនេះ ក៏បានក្លាយខ្លួនជាសត្រូវក្បាលរឹងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បន្តិចម្ដងៗដែរ។ ប្រភពនៃសេចក្ដីសម្អប់នេះ ស្ថិតនៅលើសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស បានក្លាយជាសត្រូវនៃកិច្ចការរបស់ព្រះសព្វថ្ងៃ ជាកិច្ចការដែលខុសគ្នាពីសញ្ញាណរបស់មនុស្ស។ ច្បាស់ណាស់ រឿងនេះកើតឡើងដោយសារតែការពិតមិនអនុញ្ញាតឱ្យមនុស្សស្រមើស្រមៃតាមតែអំពើចិត្តឡើយ ហើយជាងនេះទៅទៀត មនុស្សក៏មិនអាចបដិសេធដោយងាយៗបានដែរ ហើយសញ្ញាណនិងការស្រមើស្រមៃរបស់មនុស្ស មិនទទួលស្គាល់ថាមានការពិតទេ ហើយដោយសារមនុស្សមិនគិតគូរពីភាពត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវការពិតនេះហើយ ទើបគេចេះតែបណ្ដែតបណ្ដោយតាមសញ្ញាណរបស់ខ្លួន ហើយទទួលយកតែការស្រមើស្រមៃរបស់គេប៉ុណ្ណោះ។ រឿងនេះអាចនិយាយបានថាជាកំហុសនៃសញ្ញាណរបស់មនុស្សប៉ុណ្ណោះ មិនអាចថាជាកំហុសនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សអាចស្រមៃអ្វីក៏បានតាមតែចិត្តគេចង់ តែគេមិនអាចបដិសេធកិច្ចការរបស់ព្រះជាម្ចាស់ក្នុងដំណាក់កាលណាមួយ ឬចំណែកណាមួយបានតាមអំពើចិត្តឡើយ។ មនុស្សមិនអាចបំពានការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់បានទេ។ អ្នកអាចស្រមើស្រមៃតាមអំពើចិត្តបាន ហើយអ្នកក៏អាចចងក្រងរឿងរ៉ាវល្អៗអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវបានដែរ ក៏ប៉ុន្តែ អ្នកប្រហែលជាមិនអាចបដិសេធការពិតក្នុងដំណាក់កាលនីមួយនៃកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវបានឡើយ។ នេះជាគោលការណ៍ផង ជាបញ្ញត្ដិរដ្ឋបាលផង ហើយអ្នករាល់គ្នាគួរតែដឹងអំពីសារៈសំខាន់នៃបញ្ហានេះ។ មនុស្សជឿថា កិច្ចការដំណាក់នេះមិនស្របទៅនឹងសញ្ញាណរបស់មនុស្សទេ ហើយជឿថា កិច្ចការពីរដំណាក់កាលមុន មិនមែនដូច្នេះឡើយ។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស គេជឿថា កិច្ចការពីរដំណាក់កាលមុន ប្រាកដជាមិនដូចគ្នានឹងកិច្ចការបច្ចុប្បន្ននេះទេ។ ប៉ុន្តែ តើអ្នកធ្លាប់បានពិចារណាដែរឬទេថា គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ គឺសុទ្ធតែដូចគ្នាទាំងអស់ កិច្ចការរបស់ទ្រង់តែងតែជាក់ស្ដែងជានិច្ច ហើយមិនថាយុគសម័យណានោះទេ គឺតែងមានមនុស្សជាច្រើនដែលចេញមកទាស់ទទឹងនិងប្រឆាំងនឹងការពិតនៃកិច្ចការរបស់ទ្រង់ជានិច្ច? គ្មានអ្វីត្រូវឆ្ងល់ទេ មនុស្សទាំងអស់ដែលទាស់ទទឹង និងប្រឆាំងនឹងកិច្ចការនៅដំណាក់កាលនេះ ក៏ជាមនុស្សដែលបានប្រឆាំងនឹងព្រះជាម្ចាស់កាលពីពេលមុនដែរ ដ្បិតមនុស្សបែបនេះ តែងតែជាសត្រូវរបស់ព្រះជាម្ចាស់ជានិច្ច។ មនុស្សដែលដឹងការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់ នឹងយល់ថា កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ព្រមទាំងលះបង់សញ្ញាណរបស់គេចោលទៀតផង។ អ្នកទាំងនេះគឺជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ ហើយមនុស្សបែបនេះ គឺជាមនុស្សដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ពេលដែលការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ខិតទៅរកទីបញ្ចប់ ព្រះជាម្ចាស់នឹងបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ទ្រង់នឹងឱ្យមនុស្សត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ទ្រង់វិញ។ នេះជាការបិទបញ្ចប់កិច្ចការទាំងបីដំណាក់កាលនេះ។ ដំណាក់កាលកិច្ចការនៃគ្រាចុងក្រោយ និងដំណាក់កាលទាំងពីរពីមុននៅក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា គឺសុទ្ធតែជាផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងសកលលោកទាំងមូល។ គ្មាននរណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ ហើយនេះគឺជាការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ទោះបីមនុស្សមិនបានឆ្លងកាត់ ឬមិនបានឃើញកិច្ចការនេះផ្ទាល់នឹងភ្នែកក៏ដោយ ក៏ការពិតនៅតែជាការពិតដដែល ហើយគ្មានមនុស្សណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ។ មនុស្សដែលជឿលើព្រះជាម្ចាស់គ្រប់ទីកន្លែងក្នុងសកលលោកនេះ នឹងទទួលយកកិច្ចការទាំងបីដំណាក់កាលនេះ។ ប្រសិនបើអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលតែមួយ ហើយមិនស្គាល់កិច្ចការក្នុងដំណាក់កាលពីរទៀត មិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពីមុន នោះអ្នកមិនអាចនិយាយពីការពិតទាំងស្រុងទាក់ទងទៅនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងស្រុងបានទេ ហើយចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គឺជាចំណេះដឹងមិនគ្រប់ជ្រុងជ្រោយ ដ្បិតនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនស្គាល់ ឬយល់ពីទ្រង់ឡើយ ដូច្នេះហើយ អ្នកមិនស័ក្តិសមនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ។ មិនថាចំណេះដឹងបច្ចុប្បន្នរបស់អ្នកអំពីកិច្ចការទាំងអស់នេះ មានលក្ខណៈជ្រាលជ្រៅ ឬរាក់កំផែលនោះទេ ក៏នៅទីបញ្ចប់ អ្នករាល់គ្នាត្រូវតែមានចំណេះដឹង និងត្រូវមានជំនឿចិត្តទាំងស្រុងដែរ ហើយមនុស្សទាំងអស់នឹងឃើញពីភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងចុះចូលនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ផង។ នៅចុងបញ្ចប់នៃកិច្ចការនេះ សាសនាទាំងអស់នឹងរួបរួមគ្នាតែមួយ សត្តនិករទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ ហើយសាសនាអាក្រក់ទាំងអស់ នឹងរលាយបាត់អស់ មិនកើតជាថ្មីទៀតឡើយ។

ហេតុអ្វីក៏ចេះតែលើកយកកិច្ចការទាំងបីដំណាក់កាលនេះមកនិយាយម្ដងហើយម្ដងទៀតដូច្នេះ? ការផ្លាស់ប្ដូរយុគសម័យ ការវិវដ្ដសង្គម និងការផ្លាស់ប្ដូរលក្ខណៈធម្មជាតិ សុទ្ធតែកើតឡើងស្របតាមការប្រែប្រួលនៃកិច្ចការទាំងបីដំណាក់កាលនេះទាំងអស់។ មនុស្សជាតិប្រែប្រួលទៅតាមពេលវេលានៃកិច្ចការរបស់ព្រះជាម្ចាស់ មិនប្រែប្រួលទៅតាមមនុស្សជាតិខ្លួនឯងឡើយ។ កិច្ចការទាំងបីដំណាក់កាលរបស់ព្រះជាម្ចាស់ ត្រូវបានលើកយកមកនិយាយ ដើម្បីនាំសត្តនិករ និងមនុស្សទាំងអស់ពីគ្រប់សាសនា និងគ្រប់និកាយ ឱ្យមកនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ។ មិនថាអ្នកកាន់សាសនាណាទេ ចុងក្រោយ អ្នករាល់គ្នានឹងត្រូវចុះចូលនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ដែលអាចអនុវត្តកិច្ចការនេះបាន។ ប្រមុខសាសនា មិនអាចធ្វើកិច្ចការនេះបានទេ។ មានសាសនាធំៗជាច្រើននៅក្នុងពិភពលោកនេះ ហើយសាសនានីមួយៗ គឺសុទ្ធតែមានប្រមុខឬអ្នកដឹកនាំរបស់ខ្លួន ហើយអ្នកជឿក៏រីកសាយទៅតាមបណ្ដាប្រទេស និងតំបន់ជាច្រើនខុសៗគ្នានៅទូទាំងពិភពលោក។ ស្ទើរតែគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែមានសាសនាក្នុងប្រទេសនោះ។ ក៏ប៉ុន្តែ ទោះបីជាក្នុងពិភពលោកនេះមានសាសនាច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត មនុស្សទាំងអស់ក្នុងសកលលោកនេះ នឹងត្រូវមានវត្តមាននៅក្រោមការដឹកនាំរបស់ព្រះជាម្ចាស់តែមួយព្រះអង្គដែរ ហើយវត្តមានរបស់ពួកគេក៏មិនត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាដែរ។ នេះមានន័យថា មនុស្សជាតិពុំត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាម្នាក់ឡើយ។ ផ្ទុយទៅវិញ មនុស្សជាតិទាំងមូល ត្រូវបានព្រះអាទិករដឹកនាំ ជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើ ហើយក៏ជាព្រះដែលបានបង្កើតមនុស្សជាតិដែរ។ នេះគឺជាការពិត។ ទោះជាពិភពលោកនេះ មានសាសនាធំៗច្រើនក៏ពិតមែន ប៉ុន្តែមិនថាសាសនាទាំងនោះធំប៉ុនណានោះទេ ក៏សាសនាទាំងនោះសុទ្ធតែស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករដែរ ហើយគ្មានសាសនាណាអាចគេចផុតពីវិសាលភាពនៃការគ្រប់គ្រងនេះបានឡើយ។ ការវិវដ្ដរបស់មនុស្សជាតិ ការជំនួសសង្គមចាស់ដែលអន់ថយ ការរីកចម្រើននៃវិទ្យាសាស្ត្រពិត សុទ្ធតែមិនអាចកាត់ផ្ដាច់ចេញពីការរៀបចំរបស់ព្រះអាទិករបានឡើយ ហើយកិច្ចការនេះ ពុំមែនជាកិច្ចការដែលប្រមុខសាសនាណាម្នាក់អាចធ្វើបានឡើយ។ ប្រមុខសាសនា គឺត្រឹមតែជាអ្នកដឹកនាំសាសនាជាក់លាក់ណាមួយប៉ុណ្ណោះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ ហើយក៏មិនអាចតំណាងព្រះ ដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើបានដែរ។ ប្រមុខសាសនាម្នាក់ អាចដឹកនាំមនុស្សនៅក្នុងសាសនានោះប៉ុណ្ណោះ ប៉ុន្តែគេមិនអាចបញ្ជាសត្តនិករទាំងអស់ដែលនៅក្រោមមេឃនេះបានទេ។ នេះគឺជាការពិតមួយដែលត្រូវបានគេទទួលស្គាល់ជាសកល។ ប្រមុខសាសនាម្នាក់ គឺត្រឹមតែជាអ្នកដឹកនាំម្នាក់ប៉ុណ្ណោះ មិនអាចឈរស្មើព្រះជាម្ចាស់ (ជាព្រះអាទិករ) បានឡើយ។ របស់សព្វសារពើសុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះអាទិករទាំងអស់ ហើយនៅទីបញ្ចប់ ពួកគេនឹងត្រូវត្រឡប់ទៅក្នុងព្រះហស្តរបស់ព្រះអាទិករវិញ។ ព្រះជាម្ចាស់បានបង្កើតមនុស្សឡើងមក ហើយមនុស្សគ្រប់គ្នានឹងត្រូវត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិញ ទោះបីជាគេកាន់សាសនាអ្វីក៏ដោយ។ ចំណុចនេះមិនអាចចៀសផុតទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមរបស់សព្វសារពើ ហើយសូម្បីអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមសត្តនិករទាំងអស់ ក៏ត្រូវតែត្រឡប់មកនៅក្រោមការត្រួត្រារបស់ព្រះអង្គវិញដែរ។ មិនថាមនុស្សមានឋានៈខ្ពង់ខ្ពស់យ៉ាងណា ក៏គេមិនអាចនាំមនុស្សទៅរកគោលដៅសមស្របណាមួយបានដែរ ហើយក៏គ្មាននរណាម្នាក់អាចបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វាបានដែរ។ ព្រះយេហូវ៉ាផ្ទាល់ព្រះអង្គបានបង្កើតមនុស្សជាតិមក និងបានបែងចែកមនុស្សម្នាក់ៗទៅតាមជំពូករៀងៗខ្លួន ហើយនៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះអង្គនឹងនៅតែធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដដែល ដោយបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ គ្មានអ្នកផ្សេងណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ។ កិច្ចការទាំងបីដំណាក់កាលនេះដែលបានបំពេញតាំងពីគ្រាដំបូងរហូដមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាលនេះ គឺជាការពិតអំពីការដឹកនាំរបស់ព្រះជាម្ចាស់លើមនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅចុងបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាលនេះ របស់សព្វសារពើនឹងត្រូវបែងចែកទៅតាមប្រភេទរបស់វា ហើយត្រូវត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ ព្រោះនៅក្នុងសកលលោកទាំងមូល មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ហើយគ្មានសាសនាដទៃផ្សេងទៀតឡើយ។ ព្រះណាដែលគ្មានសមត្ថភាពបង្កើតលោកីយ៍នេះ ក៏គ្មានសមត្ថភាពបញ្ចប់លោកីយ៍នេះដែរ ចំណែកឯព្រះណាដែលបានបង្កើតលោកីយ៍នេះ មុខជាអាចនាំលោកីយ៍នេះទៅរកទីបញ្ចប់ទៅបានជាប្រាកដ។ ដូច្នេះ ប្រសិនបើមនុស្សណាម្នាក់មិនអាចធ្វើឱ្យយុគសម័យមួយបញ្ចប់ទៅបានទេ ហើយបានត្រឹមជួយឱ្យមនុស្សបណ្ដុះគំនិតរបស់គេ អ្នកនោះប្រាកដជាមិនមែនជាព្រះទេ ហើយច្បាស់ជាមិនមែនជាព្រះអម្ចាស់របស់មនុស្សជាតិឡើយ។ គេនឹងពុំអាចធ្វើកិច្ចការអស្ចារ្យបែបនេះបានទេ។ មានតែព្រះមួយអង្គគត់ដែលអាចបំពេញកិច្ចការបែបនេះបាន ហើយមនុស្សទាំងអស់ដែលពុំអាចធ្វើកិច្ចការនេះបាន គឺសុទ្ធតែជាសត្រូវ មិនមែនជាព្រះជាម្ចាស់ទេ។ សាសនាអាក្រក់ទាំងអស់ គឺសុទ្ធតែមិនចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយដោយសារពួកគេមិនចុះសម្រុងជាមួយព្រះជាម្ចាស់បែបនេះហើយ ទើបពួកគេសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់ត្រូវព្រះដ៏ពិតតែមួយអង្គនេះបំពេញទាំងអស់ ហើយសកលលោកទាំងមូល ក៏ត្រូវបានព្រះមួយព្រះអង្គនេះបញ្ជាដែរ។ ទោះបីកិច្ចការរបស់ទ្រង់ ជាកិច្ចការនៅស្រុកអ៊ីស្រាអែល ឬនៅក្នុងប្រទេសចិនក៏ដោយ ទោះបីកិច្ចការនោះ ត្រូវបានបំពេញដោយព្រះវិញ្ញាណ ឬដោយសាច់ឈាមក៏ដោយ ក៏កិច្ចការទាំងអស់ សុទ្ធតែត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់អង្គ ហើយគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ។ ច្បាស់ណាស់ ដោយសារទ្រង់គឺជាព្រះជាម្ចាស់របស់មនុស្សជាតិគ្រប់គ្នា ដូច្នេះហើយទើបទ្រង់អាចបំពេញកិច្ចការដោយសេរី គ្មានការបង្ខិតបង្ខំពីលក្ខខណ្ឌណាមួយនោះទេ។ នេះគឺជានិមិត្តដ៏អស្ចារ្យក្នុងបណ្ដានិមិត្តទាំងអស់។ ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកចង់បំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកត្រូវតែស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់សត្តនិករទាំងអស់ អ្នកត្រូវតែយល់ពីផែនការនៃការគ្រប់គ្រងរបស់ទ្រង់ ហើយអ្នកត្រូវតែយល់ពីសារៈសំខាន់ទាំងអស់នៃកិច្ចការដែលទ្រង់ធ្វើ។ អ្នកដែលមិនយល់ពីសេចក្ដីនេះទេ គ្មានលក្ខណៈសម្បត្តិធ្វើជាសត្តនិកររបស់ព្រះជាម្ចាស់ឡើយ! ក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកពុំដឹងថា អ្នកមកពីណា មិនដឹងពីប្រវត្តិសាស្ត្រមនុស្សជាតិ ហើយពុំដឹងពីកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានបំពេញទេ ហើយក៏ពុំយល់ពីរបៀបដែលមនុស្សបានវិវដ្ដមកទល់សព្វថ្ងៃនេះដែរនោះ ហើយមិនដឹងថា នរណាជាអ្នកបញ្ជាលើមនុស្សជាតិទាំងមូលផង នោះអ្នកពុំអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ ព្រះជាម្ចាស់បានដឹកនាំមនុស្សជាតិរហូតដល់សព្វថ្ងៃនេះ ហើយចាប់តាំងតែពីគ្រាដែលទ្រង់បានបង្កើតមនុស្សនៅលើផែនដីនេះមក ទ្រង់មិនដែលចាកចោលគេឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលឈប់ធ្វើការទេ ក៏មិនដែលឈប់ដឹកនាំមនុស្សជាតិ ឬចាកចោលមនុស្សជាតិដែរ។ ប៉ុន្តែ មនុស្សជាតិមិនដែលដឹងថា មានព្រះជាម្ចាស់ទេ ក៏រឹតតែមិនស្គាល់ព្រះជាម្ចាស់ទៀត។ ចំពោះសត្តនិកររបស់ព្រះជាម្ចាស់ទាំងអស់ តើមានអ្វីដែលគួរឱ្យអាម៉ាស់ជាងនេះទៀតទៅ? ព្រះជាម្ចាស់ដឹកនាំមនុស្សដោយផ្ទាល់ព្រះអង្គ ប៉ុន្តែមនុស្សពុំស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទៅវិញ។ អ្នកគឺជាសត្តនិកររបស់ព្រះជាម្ចាស់ តែអ្នកបែរជាពុំដឹងពីប្រវត្តិរបស់ខ្លួនឯង ហើយមិនដឹងថា អ្នកណាដឹកនាំអ្នកនៅលើដំណើរជីវិតនេះទេ អ្នកមិនស្គាល់កិច្ចការដែលព្រះជាម្ចាស់បំពេញ ដូច្នេះ អ្នកមិនអាចស្គាល់ព្រះជាម្ចាស់បានទេ។ ប្រសិនបើពេលនេះ អ្នកនៅតែមិនដឹងពីចំណុចទាំងនេះទៀត នោះអ្នកពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើបន្ទាល់អំពីព្រះជាម្ចាស់ឡើយ។ សព្វថ្ងៃនេះ ព្រះអាទិករដឹកនាំមនុស្សទាំងអស់ដោយព្រះអង្គឯងជាថ្មីម្ដងទៀត ហើយឱ្យមនុស្សទាំងអស់មើលឃើញពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា សេចក្ដីសង្គ្រោះ និងភាពអស្ចារ្យរបស់ព្រះអង្គ។ ក៏ប៉ុន្តែអ្នកនៅតែមិនដឹង នៅតែមិនយល់ដដែល។ ដូច្នេះ តើអ្នកមិនមែនជាមនុស្សម្នាក់ដែលនឹងមិនទទួលបានសេចក្ដីសង្គ្រោះទេឬអី? មនុស្សដែលជាកម្មសិទ្ធរបស់សាតាំង មិនយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ឯមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន។ មនុស្សគ្រប់ៗគ្នាដែលស្គាល់ និងយល់ពីបន្ទូលដែលខ្ញុំថ្លែងមកនេះ ជាមនុស្សដែលនឹងត្រូវសង្គ្រោះ និងជាអ្នកធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ អ្នកទាំងឡាយណាដែលមិនយល់ពីបន្ទូលដែលខ្ញុំថ្លែងមកទេ មិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បានឡើយ ហើយជាមនុស្សដែលនឹងត្រូវផាត់ចោល។ មនុស្សណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនស្គាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ទេ មិនអាចស្គាល់ព្រះជាម្ចាស់បានឡើយ ហើយមនុស្សបែបនេះក៏មិនអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បានដែរ។ ប្រសិនបើអ្នកចង់ធ្វើបន្ទាល់អំពីព្រះជាម្ចាស់ នោះអ្នកត្រូវតែស្គាល់ព្រះជាម្ចាស់។ ការស្គាល់ព្រះជាម្ចាស់ សម្រេចទៅបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ សរុបសេចក្ដីមក ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្គាល់កិច្ចការរបស់ព្រះជាម្ចាស់។ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត។ នៅពេលកិច្ចការទាំងបីដំណាក់កាលនេះឈានមកដល់ទីបញ្ចប់ នោះមនុស្សមួយក្រុមដែលនឹងត្រូវធ្វើបន្ទាល់អំពីព្រះជាម្ចាស់ (ក្រុមមនុស្សដែលស្គាល់ព្រះជាម្ចាស់) នឹងត្រូវបង្កើតឡើង។ មនុស្សទាំងអស់នេះ នឹងស្គាល់ព្រះជាម្ចាស់ ព្រមទាំងអាចអនុវត្តសេចក្ដីពិតបានផង។ ពួកគេមានភាពជាមនុស្ស និងមានហេតុផល ហើយគេសុទ្ធតែដឹងពីកិច្ចការនៃការសង្គ្រោះទាំងបីដំណាក់កាលនេះ។ នៅចុងបញ្ចប់ កិច្ចការនេះនឹងត្រូវសម្រេច ហើយមនុស្សទាំងអស់នេះ គឺជាកញ្ចប់ឆ្លុះពីកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំ និងជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីយកឈ្នះលើសាតាំងនៅទីចុងបំផុត។ មនុស្សដែលអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បាន នឹងអាចទទួលបានសេចក្ដីសន្យា និងព្រះពរពីព្រះជាម្ចាស់ ហើយជាក្រុមដែលបន្តស្ថិតនៅរហូតដល់ទីបញ្ចប់ ជាក្រុមដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បាន។ ប្រហែលជាក្នុងចំណោមអ្នករាល់គ្នាទាំងអស់នេះ សុទ្ធតែអាចក្លាយជាសមាជិកនៃក្រុមនេះ ឬប្រហែលជាមានត្រឹមពាក់កណ្ដាល ឬពីរបីនាក់ប៉ុណ្ណោះ ដែលអាចក្លាយជាសមាជិកក្នុងក្រុមនេះបាន។ រឿងនេះស្ថិតនៅលើឆន្ទៈរបស់អ្នករាល់គ្នា និងស្ថិតនៅលើការដេញតាមរបស់អ្នករាល់គ្នាដែរ។

ខាង​ដើម៖ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)

បន្ទាប់៖ មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ