២. អ្នកដែលព្រះជាម្ចាស់សង្គ្រោះ និងអ្នកដែលទ្រង់លុបបំបាត់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

បច្ចុប្បន្ននេះ អ្នកដែលស្វែងរក និងអ្នកដែលមិនស្វែងរក គឺជាមនុស្សពីរប្រភេទដែលខុសគ្នាស្រឡះ ហើយគោលដៅរបស់ពួកគេ ក៏ខុសគ្នាយ៉ាងខ្លាំងផងដែរ។ មនុស្សដែលស្វែងរកចំណេះដឹងអំពីសេចក្ដីពិត និងប្រតិបត្តិនូវសេចក្ដីពិត គឺមនុស្សដែលព្រះជាម្ចាស់នឹងប្រទានសេចក្ដីសង្គ្រោះដល់គេ។ អស់អ្នកណាដែលមិនដឹងអំពីផ្លូវពិត គឺសុទ្ធតែជាពួកអារក្ស និងជាពួកសត្រូវ។ ពួកគេជាកូនចៅនៃមហាទេវតា ហើយនឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ សូម្បីតែអស់អ្នកណាដែលជឿស៊ប់លើព្រះជាម្ចាស់ដែលស្រពិចស្រពិល តើពួកគេមិនមែនជាពួកអារក្សទេឬអី? មនុស្សដែលមានសតិសម្បជញ្ញៈល្អ ប៉ុន្តែពុំទទួលយកផ្លូវពិត គឺសុទ្ធតែពួកជាអារក្ស។ សារជាតិរបស់ពួកគេ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលមិនទទួលយកផ្លូវត្រូវ គឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយទោះបីជាមនុស្សបែបនេះ ទទួលរងនូវទុក្ខលំបាកក្ដី ក៏ពួកគេនឹងនៅតែត្រូវបំផ្លាញចោលដដែល។ អស់អ្នកណាដែលមិនសុខចិត្តលះបង់លោកិយនេះ អស់អ្នកណាដែលមិនអាចអត់ទ្រាំបែកចេញពីឪពុកម្ដាយរបស់ពួកគេបាន និងអស់អ្នកណាដែលមិនអាចលះបង់នូវការសប្បាយរីករាយខាងសាច់ឈាមបាន គឺសុទ្ធតែជាមនុស្សរឹងចចេសនឹងព្រះជាម្ចាស់ ហើយអ្នកទាំងអស់នេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។ ជាងនេះទៅទៀត នរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាពួកអារក្ស ហើយនឹងត្រូវបំផ្លាញចោល។ អស់អ្នកណាដែលមានសេចក្ដីជំនឿ ប៉ុន្តែមិនបានប្រតិបត្តិតាមសេចក្ដីពិត អស់អ្នកណាដែលមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងអស់អ្នកណាដែលមិនជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ក៏នឹងក្លាយទៅជារបស់ដែលត្រូវបំផ្លាញចោលផងដែរ។ អ្នកទាំងឡាយណាដែលនឹងត្រូវអនុញ្ញាតឲ្យបន្តរស់នៅ គឺសុទ្ធតែជាមនុស្សដែលបានឆ្លងកាត់នូវទុក្ខវេទនានៃការបន្សុទ្ធ និងប្រកាន់ខ្ជាប់នូវជំហរយ៉ាងរឹងមាំ។ មនុស្សទាំងអស់នេះ គឺជាមនុស្សដែលបានឆ្លងកាត់ការល្បងលយ៉ាងពិតប្រាកដ។ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ គឺជាសត្រូវ ពោលគឺ នរណាម្នាក់ដែលមិនទទួលស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស (មិនថា ពួកគេនៅក្នុង ឬនៅក្រៅកិច្ចការបម្រើទេ) គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ។ តើសាតាំងជានរណា តើអារក្សជានរណា ហើយតើសត្រូវរបស់ព្រះជាម្ចាស់ជានរណា ប្រសិនបើមិនមែនជាពួកតតាំងដែលមិនជឿលើព្រះជាម្ចាស់នោះ? តើពួកគេមិនមែនជាមនុស្សដែលរឹងទទឹងនឹងព្រះជាម្ចាស់ទេឬ អី? តើពួកគេមិនជាមនុស្សដែលអះអាងថា ខ្លួនមានសេចក្ដីជំនឿ តែខ្វះនូវសេចក្ដីពិតទេឬអី? តើពួកគេមិនមែនជាពួកដែលគ្រាន់តែព្យាយាមចង់បានព្រះពរ តែមិនអាចធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ទេឬអី? សព្វថ្ងៃនេះ ឯងនៅលាយឡំជាមួយនឹងពួកអារក្ស ទាំងមានសតិសម្បជញ្ញៈ និងសេចក្ដីស្រឡាញ់ចំពោះពួកវា ប៉ុន្តែ ក្នុងករណីនេះ តើឯងមិនកំពុងបន្ថែមសមានចិត្តចំពោះសាតាំងទេឬអី? តើឯងមិនមែនកំពុងសេពគប់នឹង ពួកអារក្សទេឬអី? ប្រសិនបើមនុស្សសម័យនេះ នៅតែមិនអាចបែងចែកភាពខុសគ្នា រវាងអ្វីល្អ និងអ្វីអាក្រក់ទេ ហើយបន្តធ្វើជាមនុស្សគួរឲ្យស្រឡាញ់ និងមានមេត្តាធម៌ទាំងងងឹតងងុល ដោយគ្មានបំណងចង់ឈ្វេងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអាចដាក់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅក្នុងចិត្តរបស់ខ្លួនដោយវិធីណាមួយបាន នោះចុងបញ្ចប់របស់ពួកគេរាល់គ្នានឹងកាន់អាក្រក់ទៅៗ។ អ្នកណាមួយដែលមិនជឿលើព្រះជាម្ចាស់ដែលសណ្ឋិតក្នុងសាច់ឈាម គឺជាសត្រូវរបស់ព្រះជាម្ចាស់។ ប្រសិនបើឯងអាចមានសតិសម្បជញ្ញៈ និងក្ដីស្រឡាញ់ចំពោះសត្រូវ តើឯងមិនមែនខ្វះស្មារតីនៃសេចក្ដីសុចរិតទេឬអី? ប្រសិនបើឯងចុះសម្រុងនឹងអស់អ្នកដែលខ្ញុំស្អប់ខ្ពើម និងអស់អ្នកដែលខ្ញុំមិនយល់ស្របនោះ ហើយនៅតែមានសេចក្ដីស្រឡាញ់ និងអារម្មណ៍ផ្ទាល់ខ្លួនដក់ជាប់ចំពោះពួកគេ ដូច្នេះ តើឯងមិនមែនជាមនុស្សរឹងចចេសទេឬអី? តើឯងមិនមែនកំពុងប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទេឬអី? តើមនុស្សបែបនេះ មានសេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សដែលមានសតិសម្បជញ្ញៈចំពោះសត្រូវ មានសេចក្ដីស្រឡាញ់ចំពោះពួកអារក្ស និងមានសេចក្ដីសន្ដោសប្រណីចំពោះសាតាំង ដូច្នេះ តើពួកគេមិនមែនកំពុងតែរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាទេឬអី? អស់អ្នកណាដែលជឿតែលើព្រះយេស៊ូវគ្រីស្ទនិងមិនជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក្នុងគ្រាចុងក្រោយ ក៏ដូចជាអស់អ្នកដែលអះអាងដោយបបូរមាត់ថា គេជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស តែប្រព្រឹត្តអំពើអាក្រក់ គឺសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទ ដោយមិនចាំបាច់និយាយដល់អ្នកណាដែលមិនបានជឿលើព្រះជាម្ចាស់ឡើយ។ មនុស្សអស់ទាំងនេះ នឹងក្លាយជារបស់ដែលត្រូវបំផ្លាញចោល។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សមានជីវិតត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់។ ពួកគេត្រូវបានជំនុំជម្រះ និងវាយផ្ចាលដោយព្រះជាម្ចាស់ ពួកគេចង់ថ្វាយខ្លួន និងរីករាយក្នុងការថ្វាយជីវិតរបស់ពួកសម្រាប់ព្រះជាម្ចាស់ ហើយពួកគេនឹងបូជាជីវិតរបស់ពួកគេទាំងមូលថ្វាយព្រះជាម្ចាស់យ៉ាងរីករាយ។ ទាល់តែពេលដែលមនុស្សមានជីវិតធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ទើបសាតាំងត្រូវអាម៉ាស់មុខ។ ទាល់តែមនុស្សមានជីវិត ទើបអាចផ្សព្វផ្សាយកិច្ចការដំណឹងល្អរបស់ព្រះជាម្ចាស់បាន ទាល់តែមនុស្សមានជីវិត ទើបត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយទាល់តែមនុស្សមានជីវិត ទើបជាមនុស្សពិត។ ដំបូងឡើយ មនុស្សដែលព្រះជាម្ចាស់បានបង្កើតមានជីវិត ប៉ុន្តែដោយសារតែសេចក្តីពុករលួយរបស់សាតាំង នោះមនុស្សរស់នៅក្នុងសេចក្តីស្លាប់ ហើយរស់នៅក្រោមឥទ្ធិពលរបស់សាតាំង ហើយដោយសារតែបែបនេះ ទើបមនុស្សបានក្លាយជាមនុស្សស្លាប់គ្មានវិញ្ញាណ ពួកគេបានក្លាយជាសត្រូវដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ពួកគេបានក្លាយជាឧបករណ៍របស់សាតាំង ហើយពួកគេបានក្លាយជាចំណាប់ខ្មាំងរបស់សាតាំងទៀតផង។ មនុស្សមានជីវិតទាំងអស់ដែលព្រះជាម្ចាស់បានបង្កើត បានក្លាយជាមនុស្សស្លាប់ ដូច្នេះ ព្រះជាម្ចាស់បានបាត់បង់ទីបន្ទាល់របស់ទ្រង់ ហើយទ្រង់បានបាត់បង់មនុស្សជាតិដែលទ្រង់បានបង្កើត និងដែលជាវត្ថុតែមួយគត់ដែលមានខ្យល់ដង្ហើមរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់នឹងត្រូវយកទីបន្ទាល់របស់ទ្រង់ត្រឡប់មកវិញ ហើយយកអស់អ្នកដែលទ្រង់បានបង្កើតដោយព្រះហស្ដរបស់ទ្រង់ផ្ទាល់ ប៉ុន្តែដែលត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងត្រឡប់មកវិញ នោះទ្រង់ត្រូវតែប្រោសឲ្យពួកគេរស់ឡើងវិញ ដើម្បីឲ្យពួកគេក្លាយជាភាវៈមានជីវិត ហើយទ្រង់ត្រូវតែទទួលយកពួកគេមកវិញ ដើម្បីឲ្យពួកគេរស់នៅក្នុងពន្លឺរបស់ទ្រង់។ មនុស្សស្លាប់ គឺជាមនុស្សដែលគ្មានវិញ្ញាណ មនុស្សស្ពឹកស្រពន់បំផុត និងជាមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ ពួកគេនៅខាងមុខបង្អស់ក្នុងចំណោមអ្នកដែលមិនស្គាល់ព្រះជាម្ចាស់។ មនុស្សទាំងនេះគ្មានបំណងស្តាប់បង្គាប់ព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ ពួកគេមានតែបះបោរប្រឆាំងនឹងទ្រង់ ហើយទាស់ទទឹងនឹងទ្រង់ ព្រមទាំងគ្មានភាពស្មោះត្រង់សូម្បីតែបន្តិច។ មនុស្សមានជីវិតជាមនុស្សដែលមានវិញ្ញាណកើតជាថ្មី ជាមនុស្សដែលចេះស្តាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ពួកគេមានសេចក្តីពិត និងទីបន្ទាល់ ហើយមានតែមនុស្សទាំងនេះទេ ទើបគាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងដំណាក់របស់ទ្រង់។ ព្រះជាម្ចាស់សង្គ្រោះមនុស្សដែលអាចមកឯជីវិត ជាមនុស្សដែលអាចមើលឃើញការសង្គ្រោះរបស់ព្រះជាម្ចាស់ ជាមនុស្សដែលអាចស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាមនុស្សសុខចិត្តស្វះស្វែងរកព្រះជាម្ចាស់។ ទ្រង់សង្គ្រោះអស់អ្នកដែលជឿលើការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងជឿលើការលេចមករបស់ទ្រង់។ មនុស្សមួយចំនួនអាចមកឯជីវិត ហើយមនុស្សមួយចំនួនមិនអាច។ រឿងនេះអាស្រ័យលើថា តើធម្មជាតិរបស់ពួកគេអាចត្រូវបានសង្គ្រោះ ឬអត់។ មនុស្សជាច្រើនបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ប៉ុន្តែពួកគេមិនយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយពួកគេនៅតែមិនអាចយកព្រះបន្ទូលទាំងនោះទៅអនុវត្តដដែល។ មនុស្សបែបនេះមិនអាចស្ដែងចេញនូវសេចក្តីពិតណាមួយតាមរយៈការរស់នៅ ហើយក៏ជ្រៀតជ្រែកនូវកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនាដែរ។ ពួកគេមិនអាចធ្វើកិច្ចការណាមួយសម្រាប់ព្រះជាម្ចាស់ឡើយ ពួកគេមិនអាចថ្វាយអ្វីមួយទៅទ្រង់ឡើយ ហើយពួកគេក៏ចំណាយលុយរបស់ក្រុមជំនុំជាសម្ងាត់ ព្រមទាំងទទួលទាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយមិនបង់ថ្លៃផង។ មនុស្សទាំងនេះ គឺជាមនុស្សស្លាប់ ហើយពួកគេនឹងមិនត្រូវបានសង្គ្រោះឡើយ។ ព្រះជាម្ចាស់សង្គ្រោះអស់អ្នកដែលនៅក្នុងកិច្ចការរបស់ទ្រង់ ប៉ុន្តែមានមនុស្សមួយចំនួនដែលមិនអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចទទួលបានការសង្គ្រោះរបស់ទ្រង់។ នេះដោយសារតែមនុស្សភាគច្រើនបានពុករលួយយ៉ាងខ្លាំង និងបានក្លាយជាមនុស្សស្លាប់ ហើយពួកគេនៅហួសពីការសង្គ្រោះ។ ពួកគេត្រូវបានកេងប្រវ័ញ្ចដោយសាតាំងទាំងស្រុង ហើយធម្មជាតិរបស់ពួកគេអាក្រក់ខ្លាំងពេក។ មនុស្សមួយចំនួនតូចនោះ ក៏មិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពេញលេញដែរ។ ពួកគេមិនមែនជាមនុស្សដែលស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់តាំងពីដើមរៀងមក ឬជាមនុស្សដែលមានសេចក្តីស្រឡាញបំផុតសម្រាប់ព្រះជាម្ចាស់តាំងពីដំបូងនោះទេ។ ផ្ទុយទៅវិញ ដោយសារតែកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ ទើបពួកគេបានស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយសារតែសេចក្តីស្រឡាញ់ដ៏ឧត្តុង្គឧត្តមរបស់ទ្រង់ ទើបពួកគេមើលឃើញព្រះជាម្ចាស់ ដោយសារតែនិស្ស័យសុច្ចរិតរបស់ព្រះជាម្ចាស់ ទើបពួកគេមានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ ហើយដោយសារតែកិច្ចការរបស់ទ្រង់ ជាកិច្ចការដែលជាក់ស្តែង និងសាមញ្ញផង ទើបពួកគេចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់។ បើគ្មានកិច្ចការរបស់ព្រះជាម្ចាស់នេះទេ នោះមិនថាមនុស្សទាំងនេះល្អប៉ុណ្ណានោះទេ ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់សាតាំង ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់សេចក្តីស្លាប់ ហើយពួកគេនឹងនៅតែស្លាប់ដដែល។ ការពិតដែលថា សព្វថ្ងៃនេះ មនុស្សទាំងនេះអាចទទួលបានការសង្គ្រោះរបស់ព្រះជាម្ចាស់បាន គឺដោយសារតែពួកគេព្រមសហការជាមួយព្រះជាម្ចាស់។

ដកស្រង់ពី «តើអ្នកគឺជាមនុស្សម្នាក់ដែលមានជីវិតឬ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ គឺជាការសង្គ្រោះដល់អស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត ជាការសង្គ្រោះនៃផ្នែកណាមួយរបស់ពួកគេដែលមានបំណង និងការតាំងចិត្ត និងនៃផ្នែកណាមួយដែលជាការចង់បានរបស់ពួកគេចំពោះសេចក្ដីពិត និងសេចក្ដីសុចរិតនៅក្នុងចិត្តរបស់ពួកគេ។ ការតាំងចិត្តរបស់មនុស្សម្នាក់ គឺជាផ្នែកនៃការតាំងចិត្តនៅក្នុងដួងចិត្តរបស់ពួកគេ ដែលចង់បានសេចក្ដីសុចរិត សេចក្ដីល្អ និងសេចក្ដីពិត ហើយប្រកបដោយមនសិការ។ ព្រះជាម្ចាស់សង្គ្រោះផ្នែកនេះរបស់មនុស្ស ហើយតាមរយៈការណ៍នេះ ទ្រង់ផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់ពួកគេ ដើម្បីឱ្យពួកគេអាចយល់ និងទទួលបានសេចក្ដីពិត ដើម្បីឱ្យសេចក្ដីពុករលួយរបស់ពួកគេអាចត្រូវបានសម្អាត ហើយនិស្ស័យជីវិតរបស់ពួកគេអាចត្រូវបានផ្លាស់ប្ដូរ។ ប្រសិនបើអ្នកមិនមានអ្វីៗទាំងនេះនៅជាមួយអ្នកទេ នោះអ្នកមិនអាចត្រូវបានសង្គ្រោះឡើយ។ នៅក្នុងអ្នក ប្រសិនបើមានគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត ឬសេចក្ដីប្រាថ្នាចំពោះសេចក្ដីសុចរិត និងពន្លឺ។ ពេលណាក៏ដោយ ប្រសិនបើអ្នកជួបប្រទះរឿងអាក្រក់ ហើយអ្នកមិនមានបំណងកម្ចាត់រឿងអាក្រក់ចេញ ឬមានការតាំងចិត្តដើម្បីឈឺចាប់នឹងការលំបាក។ ជាងនេះទៅទៀត ប្រសិនបើមនសិការរបស់អ្នកស្ពឹក ប្រសិនបើសម្បទារបស់អ្នកក្នុងការទទួលយកសេចក្ដីពិតក៏ត្រូវបានធ្វើឱ្យស្ពឹក ហើយអ្នកមិនអាចស្រុះស្រួលចំពោះសេចក្ដីពិត និងហេតុការណ៍ដែលកើតឡើង ហើយប្រសិនបើអ្នកមិនយល់អំពីគ្រប់បញ្ហា ហើយមិនអាចរកដំណោះស្រាយ ឬដោះស្រាយអ្វីៗដោយខ្លួនឯងបានទេ នោះគ្មានផ្លូវនឹងត្រូវបានសង្គ្រោះឡើយ។ មនុស្សបែបនេះ គ្មានអ្វីត្រូវផ្ដល់ការណែនាំចំពោះពួកគេនោះទេ គ្មានអ្វីដែលមានតម្លៃក្នុងការប្រើប្រាស់ឥទ្ធិពលលើពួកគេទេ។ មនសិការរបស់ពួកគេស្ពឹក គំនិតរបស់ពួកគេប្រឡូកប្រឡាក់ ហើយពួកគេមិនស្រឡាញ់សេចក្ដីពិត និងចង់បានសេចក្ដីសុចរិតយ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេនោះទេ ហើយមិនថា ព្រះជាម្ចាស់មានបន្ទូលអំពីសេចក្ដីពិតច្បាស់ ឬមានតម្លាភាពប៉ុនណា ក៏ពួកគេមិនឆ្លើយតបដែរ ហាក់ដូចជាពួកគេស្លាប់ហើយអ៊ីចឹង។ តើអ្វីៗមិនហួសសម្រាប់ពួកគេទៅហើយឬ? មនុស្សម្នាក់ដែលមានដង្ហើមនៅសល់ក្នុងពួកគេ អាចត្រូវបានសង្គ្រោះដោយការដកដង្ហើមសិប្បនិម្មិត ប៉ុន្តែ ប្រសិនបើពួកគេបានស្លាប់រួចហើយ ហើយព្រលឹងរបស់ពួកគេបានចាកចេញហើយ នោះការដកដង្ហើមសិប្បនិម្មិតនឹងមិនអាចធ្វើអ្វីបានទេ។ នៅពេលដែលអ្នកជួបប្រទះបញ្ហា ប្រសិនបើអ្នកឱនគេច ហើយព្យាយាមជៀសវាងវា នេះមានន័យថា អ្នកមិនបាននាំយកទីបន្ទាល់ទេ។ ដូច្នេះ អ្នកមិនដែលអាចត្រូវបានសង្គ្រោះឡើយ ហើយអ្នកត្រូវបានបញ្ចប់ទាំងស្រុង។

ដកស្រង់ពី «មនុស្សដែលភាន់ច្រឡំ មិនអាចត្រូវបានសង្គ្រោះទេ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខណៈពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការសង្គ្រោះ បុគ្គលគ្រប់រូបដែលអាចបានសង្គ្រោះ នឹងត្រូវបានសង្គ្រោះ យ៉ាងអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយគ្មាននរណាម្នាក់ ត្រូវបានបោះបង់ចោលឡើយដ្បិតគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីសង្គ្រោះដល់មនុស្ស លោក។ ក្នុងអំឡុងពេលដែលព្រះជាម្ចាស់ ធ្វើកិច្ចការសង្គ្រោះមនុស្សលោក មនុស្សណាដែលមិនអាចសម្រេចបាននូវការផ្លាស់ប្ដូរ និស្ស័យរបស់ពួកគេ និងមនុស្សណាដែលមិនអាចចុះចូលព្រះជាម្ចាស់បានទាំងស្រុង នឹងក្លាយជាកម្មវត្ថុ សម្រាប់ការដាក់ទណ្ឌកម្ម។ កិច្ចការនៃព្រះបន្ទូលដែលជាកិច្ចការក្នុងដំណាក់កាលនេះនឹងបើកបង្ហាញដល់មនុស្សនូវផ្លូវ និងអាថ៌កំបាំងទាំងអស់ដែលពួកគេមិនយល់ ដើម្បីឲ្យពួកគេអាចយល់ពីព្រះហឫទ័យរបស់ព្រះ និងតម្រូវការដែលព្រះទាមទារពួកគេ និងដើម្បីឲ្យពួកគេអាចមានលក្ខណៈចាំបាច់ទុកជាមុន សម្រាប់យកព្រះបន្ទូលទៅអនុវត្តនិងសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេ។ ព្រះជាម្ចាស់ប្រើតែព្រះបន្ទូលប៉ុណ្ណោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយមិនដាក់ទណ្ឌកម្មមនុស្ស ចំពោះការបះបោរតួចតាចទេនេះ ក៏ដោយសារតែឥឡូវនេះជាពេលវេលាធ្វើកិច្ចការសង្គ្រោះ។ បើសិនជាដាក់ទណ្ឌកម្មមនុស្សរាល់គ្នាដែលបានប្រព្រឹត្ដបែបបះបោរ នោះនឹងគ្មាននរណាម្នាក់មានឱកាសទទួលបានការសង្គ្រោះឡើយ។ គ្រប់គ្នានឹងត្រូវទទួលទណ្ឌកម្ម ហើយធ្លាក់ចូលក្នុងស្ថានឃុំព្រលឹង។ គោលបំណងនៃព្រះបន្ទូលដែលជំនុំជម្រះមនុស្សលោក គឺដើម្បីឲ្យពួកគេស្គាល់ខ្លួនឯង ហើយចុះចូលព្រះជាម្ចាស់ មិនមែនដើម្បីដាក់ទណ្ឌកម្មពួកគេដោយការជំនុជម្រះបែបនោះឡើយ។ ក្នុងអំឡុងពេលធ្វើកិច្ចការនៃព្រះបន្ទូល មនុស្សជាច្រើននឹងសម្ដែងចេញនូវការបះបោរ និងការរឹងទទឹងរបស់ពួកគេ ព្រមទាំងការមិនស្ដាប់បង្គាប់របស់ពួកគេ ចំពោះព្រះដែលបានចាប់បដិសន្ធិជាមនុស្ស។ តែទោះយ៉ាងណាក៏ដោយ ទ្រង់នឹងមិនដាក់ទណ្ឌកម្មមនុស្សទាំងអស់នេះ មកធ្វើជាលទ្ធផលនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់គ្រាន់តែបោះមនុស្សដែលខូចអាក្រក់ដល់បណ្ដូលចិត្ត និងមនុស្សដែលមិនអាចបានសង្គ្រោះ ទុកទៅម្ខាងសិនប៉ុណ្ណោះ។ ទ្រង់នឹងប្រគល់សាច់ឈាមរបស់ពួកគេទៅឲ្យសាតាំង ហើយក្នុងករណីមួយចំនួនតូច ទ្រង់នឹងបញ្ចប់ជិវិតសាច់ឈាមរបស់ពួកគេ។ មនុស្សដែលនៅសល់នឹងបន្តធ្វើតាម និងឆ្លងកាត់នូវការដោះស្រាយ និងការលួសកាត់។ នៅខណៈពេលកំពុងធ្វើតាម ប្រសិនបើមនុស្សទាំងនេះ នៅតែមិនអាចទទួលយកការដោះស្រាយ និងការលួសកាត់បាន ហើយក្លាយជាកាន់តែអាក្រក់ទៅៗ នោះពួកគេនឹងបាត់បង់ឱកាសទទួលបាននូវសេចក្ដីសង្គ្រោះ។ បុគ្គលណាដែលចុះចូលទទួលការបង្ក្រាបដោយព្រះបន្ទូល នឹងមានឱកាសច្រើនសម្រាប់ទទួលសេចក្ដីសង្គ្រោះ។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សម្នាក់ៗ នឹងបង្ហាញពីសេចក្ដីអត់ឱនជាទីបំផុតរបស់ទ្រង់។ ម្យ៉ាងវិញទៀត ពួកគេនឹងឃើញនូវសេចក្ដីត្រាប្រណីបំផុត។ ដរាបណាមនុស្សងាកចេញពីផ្លូវខុសឆ្គង ហើយដរាបណាពួកគេអាចប្រែចិត្ត នោះព្រះជាម្ចាស់នឹងឲ្យពួកគេនូវឱកាសទទួលបានសេចក្តីសង្គ្រោះពីទ្រង់។ នៅពេលមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់ជាលើកដំបូង ទ្រង់គ្មានបំណងសម្លាប់ពួកគេទេ ផ្ទុយទៅវិញ ទ្រង់ធ្វើសព្វបែបយ៉ាងដែលអាចធ្វើបាន ដើម្បីសង្គ្រោះពួកគេ។ ប្រសិនបើនរណាម្នាក់ពិតជាគ្មានចិត្តចង់បានសេចក្ដីសង្គ្រោះទេ នោះព្រះជាម្ចាស់នឹងបោះចោលពួកគេទៅម្ខាង។ មូលហេតុដែលព្រះជាម្ចាស់យឺតយ៉ាវក្នុងការដាក់ទណ្ឌកម្មមនុស្សមួយចំនួនគឺដោយសារតែទ្រង់ចង់សង្គ្រោះមនុស្សគ្រប់គ្នាដែលអាចទទួលការសង្គ្រោះបាន។ ទ្រង់ជំនុំជម្រះ ទ្រង់បំភ្លឺ និងណែនាំមនុស្សដោយប្រើតែព្រះបន្ទូលប៉ុណ្ណោះ ហើយទ្រង់ក៏មិនប្រើដំបងមកសម្លាប់ពួកគេដែរ។ ការប្រើព្រះបន្ទូល ដើម្បីនាំសេចក្ដីសង្គ្រោះមកឲ្យមនុស្សលោកគឺជាគោលបំណង និងជាសារៈសំខាន់នៃដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «អ្នកគប្បីទុកព្រះពរ អំពីឋានៈចោលមួយឡែក រួចឈ្វេងយល់ព្រះហឫទ័យព្រះ ក្នុងការនាំសេចក្ដីសង្គ្រោះ មកឲ្យមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជាច្រើនសុខចិត្តឲ្យគេដាក់ទោសទៅកាន់ឋាននរកជាជាងនិយាយ និងប្រព្រឹត្តដោយស្មោះត្រង់។ គ្មានអ្វីប្លែកទេដែលខ្ញុំមានការតបស្នងផ្សេងទៀតនៅក្នុងដៃរបស់អ្នកដែលមិនស្មោះត្រង់។ ជាការពិត ខ្ញុំដឹងយ៉ាងច្បាស់ថាវាពិបាកយ៉ាងណាសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យមាន ភាពស្មោះ ត្រង់។ ដោយសារតែអ្នករាល់គ្នាមានភាពឆ្លាតវៃទាំងអស់គ្នា ហេតុដូច្នេះ អ្នករាល់គ្នាពូកែខាង ការវាស់ស្ទង់មនុស្ស ដោយប្រើគោលការណ៍ថ្នាក់ទាបផ្ទាល់ខ្លួន របស់អ្នករាល់គ្នា ដែលនេះធ្វើឱ្យការងាររបស់ខ្ញុំមានភាពសាមញ្ញច្រើន។ ហើយចាប់តាំងពីអ្នករាល់គ្នាឱបអាថ៌កំបាំងរបស់ខ្លួននៅក្នុងដើមទ្រូងរបស់អ្នករាល់គ្នា នោះខ្ញុំនឹងបញ្ជូនអ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឲ្យទទួលបាន «ការអប់រំ» ដោយភ្លើង ដើម្បីឲ្យក្រោយមក អ្នករាល់គ្នាអាចនឹងស្លាប់ចិត្ដនៅក្នុងជំនឿលើពាក្យសម្ដីរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងឮពាក្យសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ដែលអ្នករាល់គ្នានឹងទះទ្រូង និងវាចាដោយកំសត់ថា «ភាពពុតត្បុត គឺជាបេះដូងរបស់មនុស្ស!»។ តើអ្វីទៅជាសណ្ឋាននៃចិត្តរបស់អ្នករាល់គ្នានៅពេលនេះ? ខ្ញុំនឹកស្រម៉ៃថា អ្នករាល់គ្នា នឹងមិនមានភាពជោគជ័យដូចនៅពេលឥឡូវនេះទេ។ ហើយអ្នកនឹងមិនសូវមាន «ភាពជ្រាលជ្រៅ និងភាពងងឹតងងល់» ដូចអ្នកនៅពេលឥឡូវនេះទេ។ ក្រោមវត្តមាននៃព្រះជាម្ចាស់ មនុស្សមួយចំនួនសុទ្ធតែមានលក្ខណៈសមសួន និងត្រឹមត្រូវ។ ពួកគេទទួលរងការឈឺចាប់ដើម្បីមាន «អាកប្បកិរិយាល្អ» ប៉ុន្ដែពួកគេហ៊ានយកចង្កូម និងប្រើក្រញាំរបស់ពួកគេនៅចំពោះវត្ដមាននៃព្រះវិញ្ញាណ។ តើអ្នកនឹងរាប់បញ្ចូលមនុស្សបែបនេះ ក្នុងចំណោមជួរនៃមនុស្សស្មោះត្រង់បានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ទំនាក់ទំនងរវាងបុគ្គល» នោះខ្ញុំនិយាយថា អ្នកពិតជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលជាមួយនឹងការដោះសារ និងយុត្តិកម្មដែលគ្មានតម្លៃ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលស្អប់ខ្ពើមក្នុងការអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែកប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ។ ប្រសិនបើការស្វែងរកផ្លូវនៃសេចក្តីពិត ធ្វើឲ្យអ្នកពេញចិត្ត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជានិច្ច។ ប្រសិនបើអ្នកសប្បាយចិត្តខ្លាំង នៅពេលដែលបានធ្វើជាអ្នកបម្រើនៅក្នុងដំណាក់នៃព្រះជាម្ចាស់ បំពេញការងារដោយភាពឧស្សាហ៍ព្យាយាម និងមានមនសិការនៅក្នុងភាពងងឹត តែងតែផ្តល់និងមិនដែលទទួលយកវិញ នោះខ្ញុំនិយាយថាអ្នកជាបុគ្គលបរិសុទ្ធដោយភក្ដីភាពពីព្រោះអ្នកមិនស្វែងរករង្វាន់តបស្នង ហើយនិយាយដោយសាមញ្ញ ជាមនុស្សម្នាក់ដែលស្មោះត្រង់។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការនិយាយដោយស្មោះត្រង់ ប្រសិនបើអ្នកមានឆន្ទៈក្នុងការចំណាយអ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចបូជាជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ និងឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់អ្នក ប្រសិនបើអ្នកមានភាពស្មោះត្រង់ក្នុងកម្រិតដែលអ្នកត្រឹមតែដឹងថា ដើម្បីបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ និងមិនគិតអំពីខ្លួនឯង ឬទាមទារយកសម្រាប់ខ្លួនឯងនោះឡើយ នោះខ្ញុំនិយាយថាមនុស្សបែបនេះគឺជាមនុស្សដែលត្រូវបានចិញ្ចឹមដោយពន្លឺ និងជាមនុស្សដែលត្រូវរស់នៅជារៀងរហូតក្នុងនគរព្រះ។ អ្នកគប្បីដឹងថាតើមានសេចក្ដីជំនឿពិត និងភក្ដីភាពពិតនៅក្នុងខ្លួនរបស់អ្នកដែរឬទេ តើអ្នកមានកំណត់ត្រានៃការរងទុក្ខ ដើម្បីព្រះជាម្ចាស់ដែរឬទេ និងថាតើអ្នកបានប្រគល់ខ្លួនទាំងមូលដល់ព្រះជាម្ចាស់ដែរឬទេ។ ប្រសិនបើអ្នកខ្វះខាតនូវរបស់ទាំងនេះ នោះនៅក្នុងខ្លួនអ្នកមានតែការមិនស្តាប់បង្គាប់ ការបោកប្រាស់ ការលោភលន់ និងការស្ដីបន្ទោសប៉ុណ្ណោះ។ ដោយសារចិត្តរបស់អ្នកនៅឆ្ងាយពីភាពស្មោះត្រង់ អ្នកមិនដែលបានការទទួលស្គាល់ជាវិជ្ជមានពីព្រះជាម្ចាស់ឡើយ និងមិនដែលបានរស់នៅក្នុងពន្លឺនោះទេ។ ជោគវាសនារបស់មនុស្សម្នាក់នឹងក្លាយទៅជាយ៉ាងណានៅទីបញ្ចប់ ក្រោយពេលដែលពួកគេមានចិត្តស្មោះត្រង់ និងឈាមក្រហម និងក្រោយពេលដែលពួកគេមានដួងព្រលឹងបរិសុទ្ធ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលគ្មានភាពស្មោះត្រង់ខ្លាំង ជាមនុស្សដែលមានចិត្តនៃការព្យាបាទ ជាមនុស្សដែលមាន ដួងព្រលឹងមិនស្អាត នោះអ្នកប្រាកដជា ត្រូវបញ្ចប់ នៅទីកន្លែងដែលមនុស្សត្រូវបានដាក់ទណ្ឌកម្មទៅតាមអំពើដែលត្រូវបានកត់ត្រាក្នុងកំណត់ត្រានៃជោគវាសនារបស់អ្នក។

ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ឥឡូវនេះ តើអ្នកដឹងអំពីហេតុផលដែលនាំឲ្យអ្នកជឿលើខ្ញុំ យ៉ាងពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីគោលបំណង និងសារៈសំខាន់នៃកិច្ចការរបស់ខ្ញុំពិតប្រាកដហើយឬនៅ? តើអ្នកដឹងអំពីភារកិច្ចរបស់អ្នកពិតប្រាកដដែរឬទេ? តើអ្នកស្គាល់ទី បន្ទាល់របស់ខ្ញុំ ពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកគ្រាន់តែជឿលើខ្ញុំ ប៉ុន្តែ គ្មាន សញ្ញាអំពីសិរីល្អ ឬបន្ទាល់របស់ខ្ញុំនៅក្នុងអ្នកទេ នោះខ្ញុំបានលុបបំបាត់ អ្នកចោលតាំងពីយូរណាស់មកហើយ។ សម្រាប់អស់អ្នកដែលចេះអស់ហើយ ពួកគេរឹតតែ ប្រៀបដូចជាបន្លាដ៏ច្រើននៅក្នុងព្រះនេត្រខ្ញុំ ពួកគេគ្មានអ្វីក្រៅតែជាឧបសគ្គរាំងផ្លូវរបស់ ខ្ញុំនិងនៅក្នុងដំណាក់របស់ខ្ញុំ ពួកគេជាស្រងែដែលត្រូវដករំលើងចោលចេញពីកិច្ចការរបស់ខ្ញុំ ព្រោះថា ពួក គេគ្មានប្រយោជន៍ និងគ្មានតម្លៃទាល់តែសោះ ហើយខ្ញុំបានស្អប់ខ្ពើមពួកគេយូរណាស់ មកហើយ។ ជារឿយៗ ព្រះពិរោធរបស់ខ្ញុំធ្លាក់ទៅលើអស់អ្នកណាដែលលែងមាន ទីបន្ទាល់ ហើយដំបងរបស់ខ្ញុំក៏នៅមិនឆ្ងាយពីពួកគេដែរ។ ខ្ញុំមានបំណងចង់ ប្រគល់ពួកគេទៅក្នុងដៃរបស់មេកំណាចជាយូរមកហើយ។ ពួកគេលែងមានព្រះពរ របស់ខ្ញុំហើយ។ នៅពេលដែលថ្ងៃនោះមកដល់ ទោសរបស់គេនឹងគួរឲ្យសោក សង្រេងជាងទោសរបស់ពួកស្ត្រីល្ងង់ខ្លៅទៅទៀត។ ថ្ងៃនេះ ខ្ញុំធ្វើកិច្ចការណាដែលជា ភារកិច្ចដែលខ្ញុំត្រូវធ្វើតែប៉ុណ្ណោះ។ ខ្ញុំនឹងចងស្រូវសាលីទាំងអស់ជាកណ្ដាប់ រួមជាមួយស្រងែទាំងនោះផងដែរ។ នេះជាកិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ។ ស្រងែទាំងនោះ នឹងត្រូវដករលើងចោលទាំងអស់ នៅក្នុងគ្រា នៃការញែករបស់ខ្ញុំបន្ទាប់មក គ្រាប់ស្រូវនឹងត្រូវប្រមូលទុកនៅក្នុងឃ្លាំង ហើយស្រងែទាំងប៉ុន្មាន ដែលប្រមូលបាន នឹងត្រូវដុតចោល ឲ្យក្លាយជាផេះ។ កិច្ចការរបស់ខ្ញុំនៅថ្ងៃនេះ គឺគ្រាន់តែចងមនុស្សទាំងអស់ជាកណ្ដាប់ មានន័យថា ត្រូវច្បាំងយកជ័យលើពួកគេទាំងស្រុងសិន។ បន្ទាប់មក ខ្ញុំនឹង ចាប់ផ្ដើមដំណើរការនៃការញែក ដើម្បីបើកសម្ដែងពីគ្រាចុងបញ្ចប់របស់មនុស្សទាំងអស់។

ដកស្រង់ពី «តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រប់ក្រុមជំនុំទាំងអស់សុទ្ធតែមានមនុស្សដែលបង្កបញ្ហាដល់ក្រុមជំនុំ ឬជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់ជាសាតាំងដែលបានបន្លំខ្លួនជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សបែបនេះពូកែសំដែងណាស់៖ ពួកគេមកនៅចំពោះខ្ញុំដោយការគោរពដ៏ខ្ពង់ខ្ពស់ ដោយឱនក្រាបថ្វាយបង្គំ រស់នៅដូចឆ្កែអង្គែស៊ី និងលះបង់ «អ្វីៗទាំងអស់» របស់ពួកគេ ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេបង្ហាញផ្នែកអាក្រក់របស់ពួកគេ។ នៅពេលពួកគេឃើញមនុស្សដែលអនុវត្តនូវសេចក្ដីពិត ពួកគេវាយវាយប្រហារមនុស្សទាំងនោះ ហើយដាក់មនុស្សទាំងនោះមួយឡែក។ នៅពេលដែលពួកគេឃើញមនុស្សដែលអស្ចារ្យជាងខ្លួន ពួកគេបញ្ចើចបញ្ចើ និងលែបខាយចំពោះមនុស្សទាំងនោះ។ ពួកគេធ្វើអ្វីតាមចិត្តនៅក្នុងក្រុមជំនុំ។ អាចនិយាយបានថា «មនុស្សរករឿងគេក្នុងក្រុមជំនុំ» បែបនេះ និង «មនុស្សចាំតែធ្វើតាមគេប្រាប់» បែបនេះ មាននៅក្នុងក្រុមជំនុំភាគច្រើន។ ពួកគេដើរចុះឡើងជាមួយគ្នា ព្រិចភ្នែក និងឲ្យសញ្ញាសម្ងាត់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអនុវត្តនូវសេចក្ដីពិតទេ។ អ្នកណាដែលពិសពុលខ្លាំងជាងគេ គឺជា «មេអារក្ស» ហើយអ្នកណាមានកិត្យានុភាពខ្ពស់បំផុតនឹងដឹកនាំពួកគេ ដោយលើកទង់របស់គេខ្ពស់ឡើង។ មនុស្សទាំងនេះទាស់ទែងគ្នានៅក្នុងក្រុមជំនុំ ដោយផ្សាយពីភាពអវិជ្ជមានរបស់ពួកគេ បង្ហាញពីការស្លាប់ ធ្វើអ្វីតាមដែលពួកគេពេញចិត្ត និយាយតាមដែលពួកគេពេញចិត្ត ហើយគ្មាននរណាម្នាក់ហ៊ានបញ្ឈប់ពួកគេទេ។ ពួកគេពោរពេញទៅដោយនិស្ស័យរបស់សាតាំង។ មិនយូរប៉ុន្មានពួកគេបណ្តាលឲ្យមានការរំខានជាងខ្យល់នៃសេចក្តីស្លាប់ចូលក្រុមជំនុំទៅទៀត។ អស់អ្នកដែលនៅក្នុងក្រុមជំនុំដែលអនុវត្តនូវសេចក្តីពិត ត្រូវបានបណ្តេញចេញ មិនអាចធ្វើអ្វីបានទាំងអស់ ខណៈអ្នកដែលរំខានដល់ពួកជំនុំ ហើយលាតត្រដាងពីសេចក្ដីស្លាប់ដោយភាពក្រេវក្រោធ ហើយមានច្រើនទៀត បែរជាមានមនុស្សភាគច្រើនដើរតាមពួកគេទៅវិញ។ ជាការពិត ពួកជំនុំបែបនេះគ្រប់គ្រងដោយសាតាំង ហើយអារក្សគឺជាស្តេចរបស់ពួកគេ។ ប្រសិនបើពួកជំនុំមិនក្រោកឡើង ហើយបដិសេធនឹងមេអារក្សនោះទេ នោះពួកគេមិនយូរមិនឆាប់នឹងត្រូវវិនាសអន្តរាយដែរ។ ចាប់ពីពេលនេះទៅ ចំណាត់ការត្រូវធ្វើឡើងទាស់ប្រឆាំងនឹងពួកជំនុំបែបនេះ។ ប្រសិនបើអស់អ្នកដែលមានសមត្ថភាព តែមិនអនុវត្តស្វែងរកនូវសេចក្ដីពិតបន្តិចបន្តួចនោះទេ ពេលនោះពួកជំនុំនោះនឹងត្រូវបណ្តេញចេញ។ ប្រសិនបើពួកជំនុំមិនមាននរណាម្នាក់ដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត ហើយគ្មាននរណាម្នាក់ដែលអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ នោះពួកជំនុំនោះគប្បីនៅដាច់ឆ្ងាយពីគេទាំងស្រុង ហើយទំនាក់ទំនងរបស់ពួកជំនុំនោះជាមួយពួកជំនុំផ្សេងទៀត ត្រូវតែកាត់ផ្តាច់។ នេះគេហៅថា «ការបញ្ចុះសព»។ នេះជាអត្ថន័យនៃការបណ្ដេញអារក្សចេញ។ ប្រសិនបើពួកជំនុំមួយមានក្រុមមនុស្សរករឿងគេច្រើន ហើយពួកគេត្រូវបានដើរតាមដោយ «ពួកពលបរិវារ» ដែលខ្វះនូវយោបល់ទាំងស្រុង ហើយប្រសិនបើពួកជំនុំដែលសូម្បីតែបន្ទាប់ពីបានឃើញនូវសេចក្ដីពិតហើយ នៅតែមិនអាចបដិសេធបានចំពោះការចងភ្ជាប់ និងឧបាយកលនៃក្រុមមនុស្សដែលរករឿងទាំងនេះបានទេ នោះមនុស្សល្ងីល្ងើទាំងអស់នោះ នឹងត្រូវលុបបំបាត់នៅទីបំផុត។ ពួកពលបរិវារទាំងនេះប្រហែលជាមិនបានធ្វើអ្វីមួយដែលអាក្រក់នោះទេ ប៉ុន្តែពួកគេកាន់តែមានភាពបោកបញ្ឆោត កាន់តែវង្វេង ហើយមនុស្សគ្រប់រូបដែលបែបនេះនឹងត្រូវលុបបំបាត់។ មិនមាននរណាម្នាក់ឡើយដែលនឹងនៅសល់! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំងនឹងត្រូវត្រឡប់ទៅសាតាំងវិញ រីឯអស់អ្នកដែលជារបស់ព្រះជាម្ចាស់ ប្រាកដជាស្វែងរកនូវសេចក្តីពិត។ ការនេះគឺសម្រេចដោយធម្មជាតិរបស់ពួកគេ។ អស់អ្នកដែលដើរតាមសាតាំងទាំងអស់នឹងត្រូវវិនាស! គ្មានការអាណិតអាសូរណា នឹងត្រូវបានបង្ហាញដល់មនុស្សបែបនេះឡើយ។ ចូរឲ្យអ្នកដែលស្វែងរកសេចក្តីពិតនឹងត្រូវបានប្រទានឲ្យ ហើយចូរឲ្យពួកគេអាចរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តដែលស្កប់របស់ពួកគេ។ ព្រះជាម្ចាស់ទ្រង់សុចរិត។ ទ្រង់នឹងមិនបង្ហាញការសព្វព្រះទ័យដោយលំអៀងចំពោះនរណាម្នាក់ឡើយ។ ប្រសិនបើអ្នកជាអារក្ស នោះអ្នកមិនអាចអនុវត្តនូវសេចក្ដីពិតបានឡើយ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្វែងរកសេចក្ដីពិត នោះវាប្រាកដច្បាស់ថា អ្នកនឹងមិនត្រូវបានចាប់ជាឈ្លើយដោយសាតាំងឡើយ។ ការនេះគឺហួសពីការសង្ស័យទាំងអស់។

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ គឺជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ មនុស្សដែលពិតជាអាចឈររឹងមាំក្នុងការធ្វើបន្ទាល់របស់ពួកគេអំពីព្រះជាម្ចាស់ ក៏ជាអ្នកដែលមានឆន្ទៈអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ហើយអាចឈរយ៉ាងពិតប្រាកដនៅខាងសេចក្តីពិតបានដែរ។ មនុស្សដែលចូលចិត្តប្រើកលល្បិច និងភាពអយុត្តិធម៌ ពួកគេទាំងអស់នោះខ្វះនូវសេចក្ដីពិត ហើយពួកគេទាំងអស់នាំនូវភាពអាម៉ាស់ទៅកាន់ព្រះជាម្ចាស់។ អ្នកដែលបង្កជម្លោះនៅក្នុងក្រុមជំនុំ គឺជាកញ្ជះរបស់សាតាំង ពួកគេជាតំណាងរបស់សាតាំង។ មនុស្សបែបនេះគឺរប៉ិលរប៉ូចណាស់។ អស់អ្នកដែលគ្មានយោបល់ ហើយមិនអាចឈរនៅខាងសេចក្ដីពិត អ្នកទាំងអស់នោះមានបំណងអាក្រក់ ហើយធ្វើឲ្យខូចដល់សេចក្ដីពិត។ លើសពីនេះទៅទៀត ពួកគេគឺជាអ្នកតំណាងពីបុរាណរបស់សាតាំង។ ពួកគេគឺលើសហួសពីការប្រោសលោះ ហើយនឹងត្រូវលុបបំបាត់ដោយធម្មជាតិ។ គ្រួសាររបស់ព្រះជាម្ចាស់ មិនអនុញ្ញាតឲ្យអស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នៅសល់នោះឡើយ ហើយក៏មិនអនុញ្ញាតឲ្យនៅតែសល់ អស់អ្នកដែលជាអ្នកដែលមានចិត្តចង់រុះរើពួកជំនុំនោះដែរ។ ទោះយ៉ាងណា ពេលនេះមិនមែនជាពេលវេលាដើម្បីធ្វើកិច្ចការបណ្តេញចេញនោះទេ។ មនុស្សបែបនេះនឹងត្រូវបានលាតត្រដាង និងលុបបំបាត់ចោលនៅទីបំផុត។ គ្មានកិច្ចការដែលគ្មានប្រយោជន៍ទៀត ដែលត្រូវលះបង់សម្រាប់មនុស្សទាំងនេះទេ។ អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង មិនអាចឈរនៅខាងសេចក្តីពិតបានឡើយ រីឯអស់អ្នកដែលស្វែងរកនូវសេចក្តីពិត គឺអាចឈរនៅខាងសេចក្ដីពិតបាន។ មនុស្សដែលមិនអនុវត្តនូវសេចក្តីពិត គឺមិនសមនឹងស្តាប់ឮផ្លូវនៃសេចក្តីពិត និងមិនសក្តិសមក្នុងការធ្វើបន្ទាល់ពីសេចក្តីពិតឡើយ។ សេចក្ដីពិតគឺមិនមែនសម្រាប់ត្រចៀករបស់ពួកគេទេ។ ផ្ទុយទៅវិញ វាត្រូវត្រឡប់ឆ្ពោះទៅឯអ្នកដែលអនុវត្តនូវសេចក្ដីពិត។ មុនពេលចុងបញ្ចប់របស់មនុស្សគ្រប់រូបត្រូវបានបើកសម្ដែង អស់អ្នកដែលយាយីដល់ពួកជំនុំ ហើយរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវទុកចោលជាមុនសិនសម្រាប់ពេលឥឡូវនេះ ដើម្បីដោះស្រាយនៅពេលក្រោយ។ នៅពេលដែលកិច្ចការត្រូវបានបញ្ចប់ មនុស្សទាំងនេះនឹងត្រូវបានលាតត្រដាង ហើយបន្ទាប់មកពួកគេនឹងត្រូវលុបបំបាត់ចោល។ សម្រាប់ពេលបច្ចុប្បន្ននេះ ខណៈពេលដែលសេចក្ដីពិតកំពុងត្រូវបានប្រទានឲ្យ សេចក្ដីពិតនឹងត្រូវគេមិនអើពើ។ នៅពេលដែលសេចក្តីពិតទាំងមូលត្រូវបានបើកសម្ដែងដល់មនុស្ស មនុស្សទាំងនោះនឹងត្រូវលុបបំបាត់ចោល។ នោះគឺជាពេលវេលាដែលមនុស្សទាំងអស់នឹងត្រូវបានចាត់ថ្នាក់តាមប្រភេទរបស់ពួកគេ។ ឧបាយកលតូចតាចរបស់អ្នកដែលមិនមានយោបល់ នឹងនាំទៅដល់ការបំផ្លាញពួកគេ ដោយដៃរបស់មនុស្សអាក្រក់ ហើយពួកគេនឹងត្រូវល្បួងដោយការទាំងនោះ ដោយមិនវិលត្រឡប់មកវិញឡើយ។ ហើយការប្រព្រឹត្ដិបែបនេះ គឺជាអ្វីដែលពួកគេសមនឹងទទួល ព្រោះពួកគេមិនស្រឡាញ់សេចក្តីពិត ព្រោះពួកគេមិនអាចឈរនៅខាងនៃសេចក្តីពិតបាន ពីព្រោះពួកគេដើរតាមមនុស្សអាក្រក់ ហើយឈរនៅខាងមនុស្សអាក្រក់ ហើយដោយសារតែពួកគេឃុបឃិតជាមួយមនុស្សអាក្រក់ និងប្រឆាំងព្រះជាម្ចាស់។ ពួកគេដឹងយ៉ាងច្បាស់ថាអ្វីដែលមនុស្សអាក្រក់បញ្ចេញគឺជាអំពើអាក្រក់ ប៉ុន្តែពួកគេមានចិត្តរឹងរូស ហើយបែរខ្នងដាក់សេចក្ដីពិតដើម្បីដើរតាមពួកគេវិញ។ តើមនុស្សទាំងនេះដែលមិនអនុវត្តនូវសេចក្តីពិត ប៉ុន្តែជាអ្នកដែលបំផ្លាញ និងគួរឲ្យស្អប់ខ្ពើម មិនមែនសុទ្ធតែប្រព្រឹត្តអំពើអាក្រក់ទេឬអី? ទោះបីមានអ្នកខ្លះក្នុងចំណោមពួកគេដែលធ្វើខ្លួនគេថាជាស្តេច និងជាអ្នកដទៃទៀតដែលដើរតាមពួកគេក៏ដោយ តើធម្មជាតិដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ មិនដូចគ្នាទាំងអស់ទេឬ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនជួយសង្រ្គោះពួកគេនោះ? តើមានលេសអ្វីដែលពួកគេអាចអះអាងថាព្រះជាម្ចាស់មិនសុចរិត? តើវាមិនមែនជាអំពើអាក្រក់របស់ពួកគេដែលកំពុងតែបំផ្លាញពួកគេទេឬ? តើវាមិនមែនជាការបះបោររបស់ពួកគេដែលកំពុងទាញពួកគេធ្លាក់ចូលក្នុងនរកទេឬ? នៅទីបំផុតមនុស្សដែលអនុវត្តនូវសេចក្តីពិត នឹងត្រូវបានសង្គ្រោះ និងធ្វើឲ្យបានគ្រប់លក្ខណ៍ ដោយសារតែសេចក្ដីពិត។ នៅទីបំផុត អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត នឹងនាំសេចក្តីអន្តរាយដល់ខ្លួនគេដោយសារតែសេចក្តីពិត។ ទាំងនេះគឺជាការបញ្ចប់ដែលរង់ចាំអ្នកដែលអនុវត្តនូវសេចក្តីពិត និងអ្នកដែលមិនអនុវត្តនូវសេចក្ដីពិត។

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សនឹងត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ទាំងស្រុង នៅក្នុងយុគសម័យនៃនគរព្រះ។ ក្រោយកិច្ចការនៃការយកឈ្នះ មនុស្សនឹងត្រូវទទួលការបន្សុទ្ធ និងទុក្ខវេទនា។ អស់អ្នកណាដែលអាចយកឈ្នះ និងឈរធ្វើទីបន្ទាល់ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ គឺជាមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នៅទីចុងបញ្ចប់ ហើយពួកគេគឺជាអ្នកមានជ័យជម្នះ។ ក្នុងអំឡុងពេលនៃទុក្ខវេទនានេះ មនុស្សតម្រូវឲ្យទទួលយកការបន្សុទ្ធនេះ ហើយការបន្សុទ្ធនេះគឺជាហេតុការណ៍ចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់។ វាជាពេលចុងក្រោយដែលមនុស្សនឹងត្រូវបន្សុទ្ធ មុនពេលធ្វើការបូកសរុបកិច្ចការទាំងអស់នៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ ត្រូវទទួលយកការសាកល្បង ចុងក្រោយនេះ ហើយពួកគេត្រូវទទួលយកការបន្សុទ្ធចុងក្រោយនេះ។ អស់អ្នកណាដែលត្រូវបានរុកគួនដោយទុក្ខវេទនា គឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការដឹកនាំរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ អស់អ្នកដែលត្រូវបានព្រះជាម្ចាស់យកឈ្នះដោយពិតប្រាកដ ហើយពិតជាស្វែងរកព្រះជាម្ចាស់ នោះពួកគេនឹងឈររឹងមាំនៅចុងបញ្ចប់ ហើយពួកគេជាម្នាក់ដែលមានភាពជាមនុស្ស និងជាអ្នកដែលស្រឡាញ់ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះឡើយ មនុស្សដ៏មានជ័យទាំងនេះនឹងមិនបាត់និមិត្តឡើយ ហើយគេនឹងនៅតែអនុវត្តតាមសេចក្តីពិតដោយមិនបរាជ័យនៅក្នុងទីបន្ទាល់របស់ពួកគេនោះឡើយ។ ពួកគេជាម្នាក់ដែលនឹងងើបឡើងចេញពីទុក្ខវេទនាដ៏ធំនៅគ្រាចុងក្រោយ។ បើអ្នកដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ នៅតែអាចកេងចំណេញនាពេលសព្វថ្ងៃដដែល ដូច្នេះ គ្មាននរណាម្នាក់អាចគេចផុតពីទុក្ខវេទនាចុងក្រោយ ហើយគ្មាននរណាម្នាក់អាចគេចផុតពីការសាកល្បងចុងក្រោយឡើយ។ សម្រាប់មនុស្សដែលត្រូវបានយកឈ្នះ ទុក្ខវេទនាបែបនេះគឺជាការបន្សុទ្ធដ៏ធំបំផុតមួយ ប៉ុន្តែ សម្រាប់មនុស្សដែលកេងចំណេញពីកាលៈទេសៈជ្រួលច្របល់ វាជាកិច្ចការនៃលុបបំបាត់ចោលទាំងស្រុង។ មិនថាពួកគេត្រូវបានសាកល្បងបែបណាឡើយ ចិត្តភក្ដីភាពរបស់អស់អ្នកដែលមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរដដែល ប៉ុន្តែ សម្រាប់អស់អ្នកដែលមិនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេវិញ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនមានប្រយោជន៍សម្រាប់សាច់ឈាមរបស់ពួកគេ នោះពួកគេប្រាកដជាផ្លាស់ប្ដូរទស្សនៈរបស់ពួកគេអំពីព្រះជាម្ចាស់ ហើយថែមទាំងឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៀតផង។ មនុស្សបែបនេះ នឹងមិនឈររឹងមាំនៅក្នុងគ្រាចុងក្រោយឡើយ ដ្បិតពួកគេជាមនុស្សស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ហើយគ្មានបំណងចង់លះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់និងថ្វាយខ្លួនទាំងស្រុងដល់ទ្រង់ឡើយ។ មនុស្សគ្មានតម្លៃបែបនេះនឹងត្រូវបណ្ដេញចេញទាំងអស់ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ទីបញ្ចប់ហើយពួកគេមិនសក្តិសមនឹងឲ្យអាណិតឡើយ។ អស់អ្នកណាដែលគ្មានភាពជាមនុស្ស នឹងគ្មានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដឡើយ។ នៅពេលដែលបរិយាកាសមានសុវត្ថិភាព និងសន្តិសុខល្អ ឬមានប្រយោជន៍ដល់ពួកគេ ពួកគេក៏ស្ដាប់បង្គាប់ព្រះជាម្ចាស់ទាំងស្រុង ប៉ុន្តែ នៅពេលដែលការប៉ងប្រាថ្នារបស់គេត្រូវបានចរចា ឬជំទាស់នៅចុងបញ្ចប់ ភ្លាមៗនោះ ពួកគេក៏បះបោរ។ ទោះបីជានៅក្នុងពេលតែមួយយប់ក៏ដោយ ក៏ពួកគេអាចប្រែប្រួលពីមនុស្សម្នាក់ដែលញញឹមញញែម «ចិត្តល្អ» ទៅក្លាយជាឃាតកមុខអាក្រក់ និងកាចសាហាវម្នាក់ដែរ ដោយចាត់ទុកអ្នកមានគុណរបស់ពួកគេកាលពីអតីតកាល ជាខ្មាំងសត្រូវស្លាប់រស់របស់ពួកគេ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។ ប្រសិនបើពួកអារក្សទាំងនេះមិនត្រូវបានបណ្ដេញចេញទេ នោះពួកវានឹងសម្លាប់មនុស្សដោយគ្មានចិត្តអល់អែកនោះឡើយ ដូច្នេះ តើពួកវានឹងមិនក្លាយជាគ្រោះថ្នាក់កំបាំងមុខទេឬអី? កិច្ចការនៃការសង្រ្គោះមនុស្ស មិនត្រូវបានសម្រេច ក្រោយការសម្រេចនៃកិច្ចការយកឈ្នះនោះឡើយ។ ទោះបីជាកិច្ចការនៃការយកឈ្នះបានមកដល់ទីបញ្ចប់ក៏ដោយ ប៉ុន្តែ កិច្ចការបន្សុទ្ធមនុស្សឲ្យបរិសុទ្ធមិនទាន់បានចប់នៅឡើយទេ។ កិច្ចការបែបនេះនឹងត្រូវសម្រេចបាន លុះត្រាតែមនុស្សត្រូវបានញែកជាបរិសុទ្ធទាំងស្រុង លុះត្រាតែមនុស្សដែលបានចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដ ត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ និងលុះត្រាតែមនុស្សក្លែងបន្លំ ដែលគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេទាំងនោះ ត្រូវបានកម្ចាត់ចោលឲ្យស្អាតសិន។ អស់អ្នកណាដែលមិនបំពេញតាមព្រះទ័យ របស់ព្រះជាម្ចាស់ នៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ នឹងត្រូវលុបបំបាត់ចោលទាំងស្រុង ហើយអស់អ្នកណាដែលត្រូវលុបបំបាត់ចោល គឺសុទ្ធតែមកពីអារក្ស។ នៅពេលដែលពួកគេគ្មានសមត្ថភាពបំពេញតាមព្រះទ័យព្រះជាម្ចាស់ ពួកគេបះបោរប្រឆាំងនឹងព្រះជាម្ចាស់ហើយទោះបីជាមនុស្សទាំងនេះដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃក៏ដោយ ក៏វាមិនបញ្ជាក់បានថា ពួកគេជាមនុស្សដែលនឹងបន្តដើរតាមទ្រង់រហូតដល់ចុងក្រោយនោះដែរ។ នៅក្នុងឃ្លាថា «អស់អ្នកដែលដើរតាមព្រះជាម្ចាស់ដល់ទីចុងបញ្ចប់នឹងទទួលបានសេចក្តីសង្រ្គោះ» អត្ថន័យនៃពាក្យថា «ដើរតាម» គឺជាការឈររឹងមាំនៅក្នុងពេលជួបទុក្ខវេទនា។ សព្វថ្ងៃនេះ មនុស្សជាច្រើនជឿថា ការដើរតាមព្រះជាម្ចាស់ គឺជារឿងងាយស្រួល ប៉ុន្តែ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ជិតមកដល់ទីបញ្ចប់នោះអ្នកនឹងដឹងអំពីអត្ថន័យដ៏ពិត នៃពាក្យថា «ដើរតាម» មិនខាន។ ដោយគ្រាន់តែអ្នកនៅតែអាចដើរតាមព្រះជាម្ចាស់នាពេលសព្វថ្ងៃ ក្រោយត្រូវបានទ្រង់យកឈ្នះ ការនេះមិនបញ្ជាក់បានថា អ្នកជាម្នាក់នៅក្នុងចំណោមមនុស្សដែលនឹងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកណាដែលមិនអាចទ្រាំទ្រនឹងការសាកល្បង ជាអ្នកដែលគ្មានសមត្ថភាពមានជ័យជម្នះនៅក្នុងពេលជួបទុក្ខវេទនានាពេលចុងបញ្ចប់ គេនឹងគ្មានសមត្ថភាពឈររឹងមាំ ហើយគេនឹងមិនអាចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់នោះឡើយ។ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ អាចឈរមាំនឹងការសាកល្បងនៃកិច្ចការរបស់ពួកគេ ខណៈមនុស្សដែលមិនដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ នឹងគ្មានសមត្ថភាពឈរមាំនឹងការសាកល្បងណាមួយរបស់ព្រះជាម្ចាស់ឡើយ។ មិនយូរមិនឆាប់ ពួកគេនឹងត្រូវបណ្ដេញចេញ ខណៈពេលដែលពួកអ្នកមានជ័យជម្នះនឹងបន្តនៅក្នុងនគរព្រះ។ មនុស្សម្នាក់ស្វែងរកព្រះជាម្ចាស់យ៉ាងពិតប្រាកដឬយ៉ាងណា គឺត្រូវកំណត់ដោយការសាកល្បងនៃកិច្ចការរបស់គេ ដែលជាការល្បងលរបស់ព្រះជាម្ចាស់ ហើយវាគ្មានទាក់ទងអ្វីជាមួយនឹងការសម្រេចចិត្តដែលមនុស្សធ្វើនោះឡើយ។ ព្រះជាម្ចាស់មិនបដិសេធបុគ្គលណាម្នាក់ដោយឥតហេតុផលឡើយ ហើយគ្រប់កិច្ចការដែលទ្រង់ធ្វើ អាចធ្វើឲ្យមនុស្សជឿជាក់ទាំងស្រុង។ ទ្រង់មិនធ្វើអ្វីមួយដែលមនុស្សមើលមិនឃើញ ឬធ្វើកិច្ចការណាមួយដែលមិនអាចធ្វើឲ្យមនុស្សជឿនោះទេ។ បើចង់ដឹងថា សេចក្តីជំនឿរបស់មនុស្សពិត ឬក្លែងក្លាយ គឺត្រូវបញ្ជាក់ដោយការពិត ហើយវាមិនអាចត្រូវបានសម្រេចចិត្តដោយមនុស្សឡើយ។ «ស្រូវមិនអាចធ្វើឲ្យក្លាយជាស្រងែបានឡើយ ហើយស្រងែក៏មិនអាចធ្វើឲ្យក្លាយជាស្រូវបានដែរ» នេះជាចំណុចមួយដែលគ្មានអ្វីគួរឲ្យសង្ស័យឡើយ។ អស់អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ចុងបញ្ចប់ គេនឹងបន្តនៅក្នុងនគរព្រះ ហើយព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ឥឡូវនេះ ការដេញតាមរបស់អ្នកមានប្រសិទ្ធភាពឬក៏អត់ នោះគឺត្រូវបានវាស់វែងដោយអ្វីដែលអ្នករាល់គ្នាមានក្នុងពេលបច្ចុប្បន្ន។ នេះជាអ្វីដែលត្រូវបានប្រើ ដើម្បីកំណត់ពីលទ្ធផលរបស់អ្នករាល់គ្នា។ គឺអាចនិយាយបានថា លទ្ធផលរបស់អ្នករាល់គ្នាត្រូវបានបើកសម្ដែងនៅក្នុងការលះបង់ដែលអ្នករាល់គ្នាបានធ្វើ ព្រមទាំងនៅក្នុងកិច្ចការដែលអ្នកបានធ្វើ។ លទ្ធផលរបស់អ្នករាល់គ្នានឹងត្រូវបានគេដឹង តាមរយៈការដេញតាមរបស់អ្នក សេចក្តីជំនឿរបស់អ្នក និងអ្វីដែលអ្នករាល់គ្នាបានធ្វើ។ នៅក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះរួចទៅហើយ ដ្បិតនៅថ្ងៃនេះគឺជាថ្ងៃនៃការបើកសម្ដែងអំពីលទ្ធផលរបស់មនុស្ស ហើយខ្ញុំនឹងមិនច្របូកច្របល់នៅក្នុងកិច្ចការរបស់ខ្ញុំទេ។ ខ្ញុំនឹងមិនដឹកនាំអស់អ្នកដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ចូលទៅក្នុងយុគសម័យបន្ទាប់ឡើយ។ នាពេលមួយ កិច្ចការរបស់ខ្ញុំនឹងត្រូវបានបញ្ចប់។ ខ្ញុំនឹងមិនធ្វើការលើសាកសពដែលគ្មានវិញ្ញាណស្អុយរលួយទាំងនោះ ដែលមិនអាចត្រូវបានសង្រ្គោះសោះនោះឡើយ។ ឥឡូវនេះគឺជាគ្រាចុងក្រោយនៃសេចក្តីសង្រ្គោះរបស់មនុស្ស ហើយខ្ញុំនឹងមិនធ្វើកិច្ចការដែលគ្មានប្រយោជន៍ទេ។ កុំតវ៉ានឹងផ្ទៃមេឃ និងផែនដីឡើយ ដ្បិតចុងបញ្ចប់នៃពិភពលោកកំពុងតែចូលមកដល់ហើយ។ វាមិនអាចចៀសផុតទេ។ អ្វីៗបានមកដល់ចំណុចនេះ ហើយក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក គ្មានអ្វីមួយដែលអ្នកអាចធ្វើបាន ដើម្បីបញ្ឈប់ការទាំងនោះទេ។ អ្នកមិនអាចផ្លាស់ប្ដូរអ្វីៗតាមតែចិត្តរបស់អ្នកនោះឡើយ។ កាលពីម្សិលមិញ អ្នកមិនបានបង់ថ្លៃ ដើម្បីដេញតាមសេចក្តីពិត ហើយអ្នកមិនមានភក្ដីភាពទេ។ នៅថ្ងៃនេះ ពេលកំណត់បានមកដល់ អ្នកនៅឆ្ងាយពីសេចក្តីសង្រ្គោះ។ ហើយនៅថ្ងៃស្អែក អ្នកនឹងត្រូវលុបបំបាត់ ហើយវានឹងគ្មានពេលបន្ថែមសម្រាប់សេចក្តីសង្រ្គោះរបស់អ្នកឡើយ។ ទោះបីជាខ្ញុំមានព្រះហឫទ័យស្លូតត្រង់ ហើយខ្ញុំកំពុងតែព្យាយាមសង្រ្គោះអ្នកក៏ដោយ បើអ្នកមិនស្វះស្វែងដោយខ្លួនឯង ឬចេះគិតគូរសម្រាប់ខ្លួនឯងទេ តើការនេះត្រូវពាក់ព័ន្ធអ្វីជាមួយខ្ញុំទៅ? អស់អ្នកដែលគិតតែពីសាច់ឈាមរបស់ខ្លួន និងអ្នកដែលរីករាយនឹងភាពស្រណុកសុខស្រួល អស់អ្នកដែលហាក់ដូចជាជឿ តែមិនជឿយ៉ាងពិតប្រាកដ អស់អ្នកដែលពាក់ព័ន្ធនៅក្នុងការព្យាបាលតាមបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់ អស់អ្នកដែលប្រាសចាកសីលធម៌ រយីករយាក អស់អ្នកដែលលួចយញ្ញបូជាដែលថ្វាយដល់ព្រះយេហូវ៉ា និងទ្រព្យសម្បត្តិរបស់ទ្រង់ អស់អ្នកដែលចូលចិត្តការសូកប៉ាន់ អស់អ្នកដែលកំជិលផេះ ហើយស្រមៃចង់ឡើងស្ថានសួគ៌ អស់អ្នកដែលអួតក្អេងក្អាង និងក្រអឺតក្រទម ដែលស្វះស្វែងរកតែភាពល្បីល្បាញ និងភាពស្ដុកស្ដម្ភ អស់អ្នកដែលបោះសម្ដីទ្រគោះបោះបោក អស់អ្នកដែលប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ អស់អ្នកដែលគ្មានធ្វើអ្វីសោះ ក្រៅពីធ្វើការវិនិច្ឆ័យ និងមួលបង្កាច់ព្រះជាម្ចាស់ផ្ទាល់ អស់អ្នកដែលបង្កើតក្រុម ដើម្បីស្វែងរកឯករាជ្យ អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ជាងព្រះជាម្ចាស់ ពួកបុរសស្ត្រីទាំងវ័យក្មេង ទាំងវ័យកណ្ដាល និងទាំងវ័យចំណាស់ដ៏ផ្ដេសផ្ដាសដែលផុងជាប់នៅក្នុងអំពើប្រាសចាក ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ? អំពើប្រាសចាកសីលធម៌ អំពើបាប ការព្យាបាលក្នុងផ្លូវអាក្រក់ អំពើអាបធ្មប់ ការប្រមាថព្រះ និងពាក្យទ្រគោះបោះបោក សុទ្ធតែកើនឡើងយ៉ាងរហ័សនៅក្នុងចំណោមអ្នករាល់គ្នា។ ហើយសេចក្តីពិត និងព្រះបន្ទូលនៃជីវិតត្រូវបានជាន់ឈ្លីនៅក្នុងចំណោមអ្នករាល់គ្នា ហើយភាសាបរិសុទ្ធក៏ត្រូវបានបង្ខូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកដែលជាសាសន៍ដទៃ ត្រូវបានពេញពោរដោយសេចក្ដីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់! តើលទ្ធផលចុងក្រោយរបស់អ្នកនឹងក្លាយជាអ្វីទៅ? តើអស់អ្នកដែលស្រឡាញ់សាច់ឈាម ដែលប្រព្រឹត្តអំពើអាបធ្មប់នៃសាច់ឈាម និងដែលបានជាប់នៅក្នុងអំពើបាបដ៏ប្រាសចាកសីលធម៌ មានភាពអង់អាចក្នុងការបន្តរស់នៅម្ដេចកើតទៅ? តើអ្នកមិនដឹងទេឬថា មនុស្សបែបអ្នករាល់គ្នាគឺជាសត្វដង្កូវដែលនៅឆ្ងាយពីសេចក្តីពិត? តើអ្វីទៅដែលផ្ដល់ឲ្យអ្នកមានសិទ្ធិទាមទារនេះ និងទាមទារនោះ? មកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្ដូរសូម្បីតែបន្ដិចឡើយនៅក្នុងអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្រឡាញ់តែសាច់ឈាមនោះ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដោយរបៀបណា? អស់អ្នកដែលមិនស្រឡាញ់ផ្លូវនៃជីវិត ដែលមិនលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់ ដែលរៀបគម្រោងសម្រាប់តែផលប្រយោជន៍នៃឋានៈបុណ្យសក្ដិផ្ទាល់ខ្លួន ដែលលើកសរសើរខ្លួនឯង តើពួកគេមិននៅតែដដែល រហូតដល់សព្វថ្ងៃទេឬ? តើអ្វីទៅជាគុណតម្លៃនៃការសង្រ្គោះពួកគេទៅ? ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះមិនអាស្រ័យលើអតីតភាពខ្ពស់កម្រិតណាដែលអ្នកមាន ឬថាអ្នកបានកំពុងតែធ្វើការជាច្រើនឆ្នាំនោះឡើយ ហើយក៏មិនអាស្រ័យលើសញ្ញាប័ត្រដែលអ្នកបានខំសាងនោះដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើការដេញតាមរបស់អ្នកបានបង្កើតជាផលផ្លែឬអត់។ អ្នកគួរតែដឹងថា អស់អ្នកដែលត្រូវបានសង្រ្គោះគឺជា «ដើមឈើ» ដែលបង្កើតផលផ្លែ មិនមែនជាដើមឈើដែលមានស្លឹកខៀវស្រងាត់ និងផ្កាច្រើន តែមិនបង្កើតផលផ្លែនោះឡើយ។ ទោះបើអ្នកបានចំណាយពេលជាច្រើនឆ្នាំដើរត្រាច់ចរតាមដងផ្លូវ តើវាសំខាន់អ្វីទៅ? តើទីបន្ទាល់របស់អ្នកនៅកន្លែងណា? ការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់គឺនៅខ្សោយជាងការស្រឡាញ់របស់អ្នកចំពោះខ្លួនឯង និងចំពោះសេចក្តីប៉ងប្រាថ្នាដ៏ស្រើបស្រាលរបស់អ្នកទៅទៀត។ តើបុគ្គលបែបនេះមិនត្រូវចុះខ្សោយទៅៗទេឬ? តើពួកគេអាចក្លាយជាបុគ្គលគំរូសម្រាប់សេចក្តីសង្រ្គោះម្ដេចកើតទៅ? ធម្មជាតិរបស់អ្នកមិនអាចកែបាន អ្នកជាមនុស្សបះបោរខ្លាំងណាស់ ហើយក៏នៅឆ្ងាយពីសេចក្តីសង្រ្គោះដែរ! តើមនុស្សបែបនេះមិនមែនជាមនុស្សដែលនឹងត្រូវលុបបំបាត់ទេឬ? តើពេលវេលាដែលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ មិនមែនជាពេលនៃការមកដល់នៃគ្រាចុងក្រោយរបស់អ្នកទេឬ? ខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ហើយក៏បានថ្លែងនូវព្រះបន្ទូលយ៉ាងច្រើននៅក្នុងចំណោមអ្នករាល់គ្នាដែរ តើមានព្រះបន្ទូលប៉ុន្មានហើយដែលបានចូលត្រចៀករបស់អ្នកយ៉ាងពិតប្រាកដនោះ? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នកបានស្ដាប់បង្គាប់តាម? នៅពេលដែលកិច្ចការខ្ញុំត្រូវបញ្ចប់ នោះវានឹងក្លាយជាពេលមួយ ដែលអ្នកឈប់ប្រឆាំងនឹងខ្ញុំ ជាពេលដែលអ្នកឈប់ទាស់នឹងខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ អ្នករាល់គ្នាតែងតែប្រព្រឹត្តទាស់នឹងខ្ញុំជានិច្ច។ អ្នករាល់គ្នាមិនដែលធ្វើស្របតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយអ្នកធ្វើ «កិច្ចការ» របស់អ្នក ដោយបង្កើតនគរដ៏តូចរបស់អ្នកផ្ទាល់។ អ្នករាល់គ្នាគ្រាន់តែជាឆ្កែព្រៃ និងឆ្កែស្រុកមួយក្រុម ដែលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ! អ្នកកំពុងតែព្យាយាមក្ដាប់ក្រសោបយកមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ទាំងស្រុងរបស់ពួកគេដល់អ្នក តើការគោរពរបស់អ្នកនៅឯណាទៅ? គ្រប់យ៉ាងដែលអ្នកធ្វើសុទ្ធតែជាការបោកបញ្ឆោត! អ្នកគ្មានការស្ដាប់បង្គាប់ ឬការគោរពទេ ហើយគ្រប់យ៉ាងដែលអ្នកធ្វើគឺជារឿងបោកបញ្ឆោត និងការប្រមាថប៉ុណ្ណោះ! តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? បុរសៗដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសម្រើបកាម តែងតែចង់អូសទាញស្ត្រីពេស្យាដែលម្ញ៉ិកម៉្ញក់ទៅឯពួកគេ ដើម្បីឲ្យពួកគេសប្បាយ។ ដាច់ខាត ខ្ញុំនឹងមិនសង្រ្គោះពួកអារក្សប្រាសចាកសីលធម៌ខាងផ្លូវភេទបែបនេះឡើយ។ ខ្ញុំស្អប់អ្នករាល់គ្នា ដែលជាពួកអារក្សអសោច ហើយភាពសម្រើបកាម និងភាពម្ញ៉ិចម្ញ៉ក់របស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាឲ្យធ្លាក់នរកមិនខាន។ តើអ្នករាល់គ្នាត្រូវនិយាយអ្វីខ្លះ ដើម្បីការពារខ្លួនទៅ? ឱពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់អើយ អ្នករាល់គ្នាពិតជាគួរឲ្យស្អប់ខ្ពើមណាស់! អ្នកគួរឲ្យរអើមណាស់! តើសំរាមបែបនេះអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? តើពួកគេដែលត្រូវបានជាប់នៅក្នុងអំពើបាប អាចនៅតែត្រូវបានសង្គ្រោះដែរឬទេ? នៅថ្ងៃនេះ សេចក្តីពិតនេះ ផ្លូវនេះ និងជីវិតនេះមិនទាក់ទាញអ្នករាល់គ្នាទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាជាប់ចិត្តនឹងអំពើបាប លុយកាក់ ឋានៈបុណ្យសក្ដិ ភាពល្បីល្បាញ និងផលប្រយោជន៍ សេចក្តីសប្បាយនៃសាច់ឈាម ភាពសង្ហារបស់បុរស និងភាពមានមន្តស្នេហ៍របស់ស្ត្រីទៅវិញ។ តើអ្វីទៅដែលធ្វើឲ្យអ្នករាល់គ្នាមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគរខ្ញុំទៅ? រូបភាពរបស់អ្នករាល់គ្នាថែមទាំងធំជាងរូបភាពរបស់ព្រះជាម្ចាស់ ឋានៈរបស់អ្នករាល់គ្នាថែមទៀតខ្ពស់ជាងឋានៈរបស់ព្រះជាម្ចាស់ កុំនិយាយដល់កិត្យានុភាពរបស់អ្នកនៅក្នុងចំណោមមនុស្សឡើយ ពោលគឺអ្នករាល់គ្នាបានក្លាយជារូបព្រះដែលមនុស្សថ្វាយបង្គំទៅហើយ។ តើអ្នកមិនបានក្លាយជាមហាទេវតាទេឬអី? នៅពេលដែលលទ្ធផលរបស់មនុស្សត្រូវបានបើកសម្ដែង ហើយនោះក៏ជាពេលដែលកិច្ចការសង្រ្គោះនឹងជិតចូលដល់ទីបញ្ចប់ដែរ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នានឹងក្លាយជាសាកសពដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយត្រូវបានលុបបំបាត់តែម្ដង។

ដកស្រង់ពី «ការអនុវត្តន៍ (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់មិនបានប្រោសឱ្យជាភ្នែកដែលខ្វាក់ ឬត្រចៀកដែលថ្លង់របស់មនុស្សដែលប្រមាថ ឬប្រឆាំងនឹងទ្រង់ ឬមនុស្សដែលនិយាយបង្កាច់បង្ខូចទ្រង់ ជាមនុស្សដែលមានបំណងវាយប្រហារ និយាយបង្កាច់បង្ខូច និងជេរប្រទេចផ្ដាសាទ្រង់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់មានអាកប្បកិរិយាច្បាស់លាស់មួយចំពោះពួកគេ។ ទ្រង់ស្អប់ខ្ពើមមនុស្សទាំងនេះ ហើយទ្រង់ថ្កោលទោសពួកគេនៅក្នុងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់ថែមទាំងប្រកាសដោយចំហអំពីលទ្ធផលដែលពួកគេនឹងទទួលបាន ដើម្បីឱ្យមនុស្សដឹងថា ទ្រង់មានឥរិយាបថដ៏ច្បាស់លាស់មួយចំពោះមនុស្សដែលប្រមាថទ្រង់ និងដើម្បីឱ្យពួកគេដឹងអំពីរបៀបដែលទ្រង់នឹងកំណត់លទ្ធផលរបស់ពួកគេ។ យ៉ាងណាមិញ ក្រោយពេលដែលព្រះជាម្ចាស់បានមានបន្ទូលរឿងទាំងនេះរួច មនុស្សសឹងតែមិនអាចមើលឃើញពីសេចក្តីពិតអំពីរបៀបដែលព្រះជាម្ចាស់នឹងដោះស្រាយជាមួយមនុស្សទាំងនោះ ហើយពួកគេក៏មិនអាចយល់អំពីគោលការណ៍ដែលនៅពីក្រោយលទ្ធផល និងសាលក្រមដែលព្រះជាម្ចាស់បានចេញចំពោះពួកគេដែរ។ គឺអាចនិយាយបានថា មនុស្សមិនអាចមើលឃើញវិធីសាស្ត្រ និងរបៀបដ៏ជាក់ស្ដែងដែលព្រះជាម្ចាស់មានក្នុងការដោះស្រាយជាមួយពួកគេឡើយ។ ការនេះត្រូវពាក់ព័ន្ធនឹងគោលការណ៍របស់ព្រះជាម្ចាស់ក្នុងការធ្វើកិច្ចការ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីដោះស្រាយជាមួយទង្វើអាក្រក់របស់មនុស្សមួយចំនួន។ នេះមានន័យថា ទ្រង់មិនប្រកាសពីអំពើបាបរបស់ពួកគេ ហើយមិនកំណត់ពីលទ្ធផលរបស់ពួកគេឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់ប្រើប្រាស់ព្រឹត្តិការណ៍នៃការពិត ដើម្បីប្រទានជាទោសទណ្ឌ និងការដាក់ទោសដល់ពួកគេ។ នៅពេលដែលការពិតទាំងនេះកើតឡើង គឺសាច់ឈាមរបស់មនុស្សដែលរងទោសទណ្ឌ ហើយទោសទណ្ឌនេះ មានន័យថាជាអ្វីមួយដែលភ្នែកមនុស្សអាចមើលឃើញ។ នៅពេលដែលដោះស្រាយជាមួយអាកប្បកិរិយាអាក្រក់របស់មនុស្ស ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលដាក់បណ្ដាសាពួកគេ ហើយព្រះពិរោធរបស់ទ្រង់ក៏ធ្លាក់លើពួកគេដែរ ប៉ុន្តែទោសទណ្ឌដែលពួកគេទទួលនោះ គឺជាអ្វីមួយដែលមនុស្សមើលមិនឃើញឡើយ។ យ៉ាងណាមិញ លទ្ធផលប្រភេទនេះអាចមានកម្រិតធ្ងន់ធ្ងរជាងលទ្ធផលដែលមនុស្សអាចមើលឃើញ ដូចជាការរងទារុណកម្ម ឬត្រូវគេសម្លាប់ទៅទៀត។ នោះគឺដោយសារតែនៅក្រោមកាលៈទេសៈដែលព្រះជាម្ចាស់បានកំណត់នោះ មិនបានសង្រ្គោះមនុស្សបែបនេះ លែងបង្ហាញសេចក្តីមេត្តាករុណា ឬលែងមានការអត់ឱនចំពោះពួកគេ និងប្រទានឱកាសដល់ពួកគេទៀតហើយ ដូច្នេះ ឥរិយាបថដែលទ្រង់មានចំពោះពួកគេ គឺជាការបោះបង់ពួកគេចោល។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នកប្រព្រឹត្តអាក្រក់ និងអ្នកសុចរិតទាំងអស់គឺ សុទ្ធតែជាសត្តនិករទាំងអស់។ សត្តនិករដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោលហើយសត្តនិករដែលប្រព្រឹត្តសុចរិត នឹងត្រូវរួចជីវិត។ នេះគឺជាការរៀបចំដ៏សមស្របបំផុតសម្រាប់សត្តនិករទាំងពីរប្រភេទនេះ។ ដោយសារការមិនស្ដាប់បង្គាប់របស់ពួកគេទោះបីជាពួកគេជាសន្តនិករដែលព្រះបានបង្កើតមកក្ដី ក៏អ្នកប្រព្រឹត្តអាក្រក់ មិនអាចប្រកែកបានឡើយថា សាតាំងបានចាប់ចងពួកគេឡើយ ហើយដោយហេតុនេះ មិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ផ្អែកតាមការពិតដែលថាពួកគេនឹងត្រូវរួចជីវិតនោះ សត្តនិករដែលប្រព្រឹត្តខ្លួនដោយសុចរិត មិនអាចបដិសេធបានឡើយថា ព្រះជា ម្ចាស់បានបង្កើតពួកគេឡើងមក តែនៅមិនទាន់ទទួលបាននូវសេចក្ដីសង្គ្រោះ បន្ទាប់ពីត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ អ្នកប្រព្រឹត្តអាក្រក់ គឺជាអ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ពួកគេគឺជាសត្តនិករដែលមិនអាចទទួលបានសេចក្ដីសង្គ្រោះ ហើយត្រូវបានសាតាំងចាប់ទុក ជាយូរណាស់មកហើយ។ មនុស្សដែលប្រព្រឹត្តអាក្រក់ ក៏ជាមនុស្សដែរ។ ពួកគេជាមនុស្ស ដែលត្រូវបានធ្វើឲ្យពុករលួយដល់ឆ្អឹង និងមិនអាចទទួលសេចក្ដីសង្គ្រោះបានឡើយ។ មនុស្សដែលប្រព្រឹត្តសុចរិត ក៏ត្រូវបានធ្វើឲ្យពុករលួយដូចជាសត្តនិករផ្សេងដែរ ប៉ុន្តែពួកគេជាមនុស្សដែលអាចផ្ដាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ពួកគេបាន និងមានសមត្ថភាពចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សដែលប្រព្រឹត្តិសុចរិត មិនពេញប្រៀបទៅដោយ សេចក្ដីសុចរិតនោះទេ។ តែផ្ទុយទៅវិញ ពួកគេបានទទួលនូវសេចក្ដីសង្គ្រោះ និងបានផ្ដាច់ចេញពីនិស្ស័យពុករលួយរបស់ពួកគេ។ ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់បាន។ ពួកគេនឹងប្រកាន់ខ្ជាប់ដោយបែបនេះរហូតដល់ទីបញ្ចប់ បើទោះបីមិនចាំបាច់និយាយថា ពួកគេមិនធ្លាប់ត្រូវបានសាតាំងធ្វើឲ្យពុករលួយក៏ដោយ។ ក្រោយពីកិច្ចការរបស់ព្រះជាម្ចាស់បានបញ្ចប់ ក្នុងចំណោមសត្តនិករទាំងអស់របស់ទ្រង់ នឹងមានអ្នកដែលនឹងត្រូវបំផ្លាញចោល និងអ្នកដែលនឹងត្រូវរួចខ្លួន។ នេះគឺជានិន្នាការដែលមិនអាចជៀសផុតបានឡើយនៅក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់។ គ្មាននរណាម្នាក់អាចបដិសេធកិច្ចការនេះបានឡើយ។ អ្នកធ្វើអាក្រក់ នឹងមិនត្រូវអនុញ្ញាតឲ្យរួចខ្លួនបានឡើយ។ អ្នកដែលចុះចូល និងដើរតាមព្រះជាម្ចាស់រហូដល់ទីបញ្ចប់ ប្រាកដជានឹងត្រូវរួចខ្លួន។ ដោយសារកិច្ចការនេះ គឺជាកិច្ចការនៃការគ្រប់គ្រងរបស់មនុស្ស នោះនឹងមានអ្នកដែលត្រូវនៅ និងអ្នកដែលត្រូវបំផ្លាញចោល។ ទាំងអស់នេះ គឺជាលទ្ធផលខុសៗគ្នាសម្រាប់មនុស្សពីរប្រភេទផ្សេងគ្នានេះ ហើយពួកគេគឺជាការរៀបចំដ៏ស័ក្ដិសមបំផុតសម្រាប់សត្តនិកររបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. មូលដ្ឋាននៃការកំណត់របស់ព្រះជាម្ចាស់អំពីលទ្ធផលរបស់បុគ្គលម្នាក់

បន្ទាប់៖ ១. អ្វីដែលព្រះជាម្ចាស់សន្យាចំពោះអស់អ្នកដែលបានទទួលសេចក្ដីសង្គ្រោះ និងអស់អ្នកដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

ទីសម្គាល់នៃគ្រាចុងក្រោយ៖ ព្រះចន្ទក្រហមធំបំផុតនឹងលេចមកម្ដងទៀតនៅក្នុងឆ្នាំ២០២១

កំណត់សម្គាល់អ្នកនិពន្ធ៖ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតនៅលើផ្ទៃមេឃ «ព្រះចន្ទក្រហម» បានលេចចេញឡើងជាញឹកញាប់។ គ្រោះមហន្ដរាយជាច្រើនដូចជា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ