៣. វិធីដែលមនុស្សគួរតែយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត ដើម្បីចូលទៅក្នុងតថភាពនៃសេចក្ដីពិត

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់មិនតម្រូវឲ្យមនុស្សមានសមត្ថភាពនិយាយអំពីការពិតនោះទេ នោះជាការងាយស្រួលពេកហើយ មែនឬទេ? ដូចនេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលពីមាគ៌ាចូលក្នុងជីវិត? ហេតុអ្វីបានជាព្រះអង្គមានបន្ទូលអំពីការបំផ្លាស់បំប្រែ? ប្រសិនបើមនុស្សគ្រាន់តែអាចមានសមត្ថភាពនិយាយពីការពិតដោយឥតបានការ នោះតើគេអាចទទួលបានការបំផ្លាស់បំប្រែផ្នែកនិស្ស័យរបស់ខ្លួនដែរឬទេ? ទាហានដ៏ល្អនៅក្នុងនគរព្រះ មិនមែនត្រូវបានបង្វឹកបង្វឺនឲ្យធ្វើជាក្រុមមនុស្សដែលអាចត្រឹមតែនិយាយពីការពិត ឬក៏អួតអាងប៉ុណ្ណោះទេ តែពួកគេបានទទួលការបង្វឹកបង្វឺនឲ្យចេះរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាឲ្យគ្មានបញ្ហាកើតឡើង បើទោះបីជាពួកគេប្រឈមនឹងភាពបរាជ័យក្ដី និងដើម្បីរស់នៅឲ្យបានខ្ជាប់ខ្ជួនស្របតាមព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ ហើយមិនត្រូវវិលត្រលប់ទៅរកលោកិយ៍វិញឡើយ។ នេះជាការពិតដែលព្រះជាម្ចាស់មានព្រះបន្ទូល នេះជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ យ៉ាងណាក្ដី ចូរកុំចាត់ទុកការពិតដែលព្រះជាម្ចាស់មានបន្ទូលថាជារឿងធម្មតាឲ្យសោះ។ សេចក្ដីបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធមិនស្មើនឹងការមានការពិតឡើយ។ នេះមិនមែនជាភាពខ្ពង់ខ្ពស់របស់មនុស្សទេ វាជាព្រះគុណរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនបានចូលរួមអ្វីទាល់តែសោះ។ បុគ្គលម្នាក់ៗត្រូវតែស៊ូទ្រាំនឹងការរងទុក្ខរបស់ពេត្រុស ហើយលើសពីនេះទៅទៀតនោះ គឺទទួលបាននូវសិរីល្អរបស់ពេត្រុស ដែលពួកគេរស់នៅ ក្រោយពីបានទទួលនូវកិច្ចការរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអាចហៅថាជាការពិត។ ចូរកុំគិតថាអ្នកមានការពិត ដោយគ្រាន់តែអ្នកអាចនិយាយពីការពិតបានឲ្យសោះ នោះគ្រាន់តែជាការដោះសារប៉ុណ្ណោះ។ គំនិតបែបនេះមិនសមស្របនឹងបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយគ្មានសារៈសំខាន់ពិតប្រាកដផង។ នៅថ្ងៃខាងមុខ មិនត្រូវពោលពាក្យបែបនេះឡើយ ចូរឈប់ប្រើពាក្យសម្ដីបែបនេះ! អស់អ្នកណាដែលមានការយល់ដឹងខុសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ សុទ្ធតែជាអ្នកមិនជឿ។ ពួកគេមិនមានចំណេះដឹងពិតប្រាកដទេ ក៏ខ្វះភាពខ្ពង់ខ្ពស់ពិតប្រាកដដែរ គឺពួកគេជាមនុស្សល្ងង់ខ្លៅដែលខ្វះនូវការពិត។ ម្យ៉ាងទៀត អស់អ្នកណាដែលរស់នៅក្រៅខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាអ្នកមិនជឿ។ អស់អ្នកដែលមនុស្សចាត់ទុកថាជាអ្នកមិនជឿ គឺជាពួកសត្វសាហាវនៅចំពោះព្រះភ័ក្ររបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលព្រះជាម្ចាស់ចាត់ទុកថាជាពួកអ្នកមិនជឿ គឺជាមនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់ខ្លួន។ ដូចនេះ អាចនិយាយបានថា អស់អ្នកណាដែលមិនមានការពិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកណាដែលមិនបានរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះអង្គ គឺជាអ្នកមិនជឿ។ បំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់គឺ ដើម្បីឲ្យគ្រប់គ្នារស់នៅក្នុងការពិតតាមព្រះបន្ទូលរបស់ទ្រង់ មិនមែនឲ្យគ្រប់គ្នាបានត្រឹមតែនិយាយអំពីការពិតនោះទេ ប៉ុន្ដែលើសពីនេះទៅទៀត គឺដើម្បីជួយឲ្យគ្រប់គ្នាអាចរស់នៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «មានតែការយកសេចក្ដីពិតទៅអនុវត្ដប៉ុណ្ណោះ ទើបមានការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីទៅដែលសំខាន់ជាងគេបំផុតនៅក្នុងការអនុវត្តសេចក្ដីពិត? តើមិនមែនថាដំបូងអ្នកត្រូវចាប់យល់អំពីគោលការណ៍ទាំងនេះសិនទេឬ? តើគោលការណ៍ទាំងនេះមានអ្វីខ្លះ? គោលការណ៍ទាំងនេះ គឺជាផ្នែកជាក់ស្ដែងនៃសេចក្ដីពិត។ នៅពេលអ្នកអានឃ្លានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកគិតថាវាគឺជាសេចក្ដីពិត ប៉ុន្តែអ្នកពុំបានចាប់យល់អំពីគោលការណ៍នៅក្នុងនោះទេ។ អ្នកមានអារម្មណ៍ថាឃ្លានោះត្រឹមត្រូវ ប៉ុន្តែអ្នកពុំដឹងថាវាជាក់ស្ដែងបែបណានោះទេ ឬថាឃ្លានោះចង់និយាយអំពីសភាពអ្វីនោះទេ។ អ្នកមិនអាចចាប់យល់ពីគោលការណ៍របស់វា ឬផ្លូវនៃការអនុវត្តឃ្លានោះឡើយ។ ចំពោះអ្នក សេចក្ដីពិតដែលអ្នកយល់បាននេះ គឺគ្រាន់តែជាគោលលទ្ធិតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅពេលដែលអ្នកចាប់យល់អំពីតថភាពនៃសេចក្ដីពិតនៃឃ្លានោះ ក៏ដូចជាអ្វីដែលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់មាន ប្រសិនបើអ្នកពិតជាយល់អំពីចំណុចទាំងនេះមែន និងអាចលះបង់តម្លៃ ព្រមទាំងអនុវត្តវាបាន នោះអ្នកនឹងទទួលបានសេចក្ដីពិតមិនខាន។ នៅពេលដែលអ្នកទទួលបានសេចក្ដីពិតនោះ បន្តិចម្ដងៗ និស្ស័យពុករលួយរបស់អ្នកត្រូវបានដោះស្រាយ ហើយសេចក្ដីពិតនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងខ្លួនអ្នក។ នៅពេលអ្នកអាចអនុវត្តតថភាពនៃសេចក្ដីពិតបាន ហើយនៅពេលការបំពេញភារកិច្ចរបស់អ្នក គ្រប់សកម្មភាពរបស់អ្នក និងទង្វើរបស់អ្នកក្នុងនាមជាមនុស្សម្នាក់ ពឹងផ្អែកទៅតាមគោលការណ៍នៃការអនុវត្តសេចក្ដីពិតនេះ ដូច្នេះតើអ្នកមិនផ្លាស់ប្ដូរទេឬ? លើសពីនេះទៅទៀត អ្នកបានក្លាយជាមនុស្សម្នាក់ដែលកំពុងមានតថភាពនៃសេចក្ដីពិត។ តើមនុស្សម្នាក់ដែលមានតថភាពនៃសេចក្ដីពិត មិនដូចគ្នានឹងមនុស្សម្នាក់ដែលអនុវត្តតាមគោលការណ៍ទេឬ? ហើយតើមនុស្សម្នាក់ដែលធ្វើទៅតាមគោលការណ៍ មិនដូចគ្នានឹងមនុស្សម្នាក់ដែលកំពុងមានសេចក្ដីពិតទេឬ? តើមនុស្សម្នាក់ដែលកំពុងមានសេចក្ដីពិត ក៏មិនមែនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរទេឬអី? នោះហើយគឺជាទំនាក់ទំនងនៃចំណុចទាំងនេះ។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

ទិដ្ឋភាពណាមួយក៏ដោយនៃតថភាពនៃសេចក្ដីពិតដែលអ្នកបានស្ដាប់ឮ ប្រសិនបើអ្នកលើកខ្លួនឯងប្រឆាំងនឹងវា អនុវត្តពាក្យទាំងនេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយរួបរួមពួកវាទៅក្នុងការអនុវត្តផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកនឹងច្បាស់ជាទទួលបានអ្វីមួយជាក់ជាមិនខាន ហើយអ្នកមុខតែផ្លាស់ប្ដូរមិនខាន។ ប្រសិនបើអ្នកគ្រាន់តែញាត់ព្រះបន្ទូលទាំងនេះទៅក្នុងពោះរបស់អ្នក ហើយទន្ទិញពួកវានៅក្នុងខួរក្បាល នោះអ្នកនឹងមិនដែលផ្លាស់ប្ដូរទេ។ ខណៈពេលដែលស្ដាប់សេចក្ដីអធិប្បាយ អ្នកគួរតែសញ្ជឹងគិតដូច្នេះ៖ «តើព្រះបន្ទូលទាំងនេះសំដៅទៅលើសភាពប្រភេទណា។ តើទិដ្ឋភាពនៃសារជាតិអ្វីដែលព្រះបន្ទូលទាំងនេះសំដៅលើ? តើខ្ញុំគួរតែប្រើប្រាស់ទិដ្ឋភាពនៃសេចក្ដីពិតនេះនៅក្នុងបញ្ហាអ្វី? ពេលណាក៏ដោយដែលខ្ញុំធ្វើអ្វីមួយដែលទាក់ទងទៅនឹងទិដ្ឋភាពនៃសេចក្ដីពិតនេះ តើខ្ញុំកំពុងតែអនុវត្តដោយផ្អែកលើវាឬទេ? ហើយនៅពេលដែលខ្ញុំកំពុងតែយកទិដ្ឋភាពនៃសេចក្ដីពិតនេះទៅអនុវត្ត តើសភាពរបស់ខ្ញុំកំពុងរក្សាព្រះបន្ទូលទាំងនេះឬទេ? ប្រសិនបើមិនដូច្នោះទេ នោះតើខ្ញុំគួរតែស្វែងរក ប្រកបគ្នា ឬក៏រង់ចាំ?» តើអ្នកអនុវត្តដោយរបៀបនេះនៅក្នុងជីវិតរបស់អ្នករាល់គ្នាឬទេ? ប្រសិនបើអ្នកមិនអនុវត្តដោយរបៀបនេះទេ នោះជីវិតរបស់អ្នករាល់គ្នា គឺគ្មានព្រះជាម្ចាស់ និងគ្មានសេចក្ដីពិតទេ។ អ្នករស់នៅដោយផ្អែកលើអក្សរ និងគោលលទ្ធិ ឬក៏ផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួន ភាពជឿជាក់ និងការរីករាយសាទររបស់អ្នក។ អស់អ្នកណាដែលមិនមានសេចក្ដីពិត ជាភាពពិត គឺជាអស់អ្នកដែលគ្មានភាពពិត ហើយមនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាភាពពិតរបស់ពួកគេ គឺជាមនុស្សដែលមិនបានចូលទៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ។ តើអ្នករាល់គ្នាយល់ពីអ្វីដែលខ្ញុំកំពុងមានបន្ទូលទេ? វាជារឿងល្អបំផុត ប្រសិនបើអ្នករាល់គ្នាមិនគិតពីអ្វីដែលអ្នករាល់គ្នាយល់ពីពួកវា និងយល់ច្បាស់ពីអ្វីដែលអ្នកបានឮបានប៉ុនណា តែរឿងដែលសំខាន់គឺថា អ្នកអាចណែនាំពីអ្វីដែលអ្នកបានយល់ទៅក្នុងជីវិត ហើយយកវាទៅអនុវត្ត។ មានតែដូច្នោះទេ ទើបកម្ពស់របស់អ្នកនឹងអាចលូតលាស់ ហើយមានតែដូច្នោះទេ ទើបការផ្លាស់ប្ដូរនឹងកើតឡើងនៅក្នុងនិស្ស័យរបស់អ្នក។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការចូលទៅក្នុងភាពពិតនៃសេចក្តីពិត មិនមែនជារឿងសាមញ្ញនោះទេ។ ចំណុចសំខាន់គឺផ្តោតលើការស្វែងរកនូវសេចក្ដីពិត និងយកសេចក្ដីពិតមកអនុវត្ត។ អ្នកត្រូវតែប្រកាន់ខ្ជាប់នូវការទាំងនេះទុកក្នុងចិត្តអ្នករាល់ថ្ងៃ។ មិនថាអ្នកប្រឈមមុខនឹងបញ្ហាអ្វីក៏ដោយ កុំការពារតែផលប្រយោជន៍ខ្លួនឯងជានិច្ចនោះឡើយ តែគួររៀនស្វែងរកនូវសេចក្ដីពិត និងការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនវិញ។ មិនថាអ្នកត្រូវបានគេឃើញថាមានសេចក្ដីពុករលួយអ្វីក៏ដោយ អ្នកមិនត្រូវទុកវាចោលនោះឡើយ។ វាជារឿងល្អបំផុត ប្រសិនបើអ្នកអាចឆ្លុះបញ្ចាំង ហើយទទួលស្គាល់នូវសារជាតិពុករលួយរបស់អ្នក។ ប្រសិនបើក្នុងស្ថានភាពប្រចាំថ្ងៃ គំនិតរបស់អ្នកផ្ដោតទៅលើរបៀបដោះស្រាយនូវនិស្ស័យពុករលួយរបស់អ្នក ផ្តោតទៅលើរបៀបនៃការអនុវត្តសេចក្តីពិត ហើយនិងអ្វីដែលជាគោលការណ៍នៃសេចក្តីពិត នោះអ្នកអាចរៀនពីរបៀបប្រើប្រាស់សេចក្តីពិតដើម្បីដោះស្រាយបញ្ហារបស់អ្នក ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើធ្វើដូច្នេះបាន នោះអ្នកនឹងចូលទៅក្នុងភាពពិតបន្តិចម្តងៗហើយ។ ប្រសិនបើគំនិតរបស់អ្នកពោរពេញទៅដោយការគិតអំពីវិធីដើម្បីទទួលបានឋានៈខ្ពស់ជាងមុន ឬធ្វើអ្វីៗនៅចំពោះមុខអ្នកដទៃដើម្បីឲ្យពួកគេកោតសរសើរអ្នក នោះអ្នកកំពុងនៅលើផ្លូវខុសហើយ។ វាមានន័យថាអ្នកកំពុងធ្វើអ្វីៗសម្រាប់សាតាំង។ អ្នកកំពុងធ្វើការបម្រើសាតាំងហើយ។ ប្រសិនបើគំនិតរបស់អ្នកពោរពេញទៅដោយការគិតអំពីវិធីនៃការផ្លាស់ប្តូរ ដើម្បីឲ្យអ្នកកាន់តែដូចជាមនុស្ស ស្របទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មានសមត្ថភាពក្នុងការចុះចូលចំពោះទ្រង់ និងត្រឡប់មករកទ្រង់វិញ ហើយបង្ហាញនូវការអត់ធ្មត់ និងទទួលយកការពិនិត្យហ្មត់ចត់របស់ទ្រង់ចំពោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នោះស្ថានភាពរបស់អ្នកនឹងកាន់តែប្រសើរឡើងៗហើយ។ នេះមានន័យថា អ្នកជាមនុស្សម្នាក់ដែលរស់នៅសម្រាប់ព្រះជាម្ចាស់។ ដូច្នេះមានផ្លូវពីរ៖ ផ្លូវមួយគ្រាន់តែសង្កត់ធ្ងន់លើអាកប្បកិរិយា ការបំពេញនូវមហិច្ឆតា ចំណង់ចិត្ត សេចក្ដីប្រាថ្នា និងផែនការផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ប៉ុណ្ណោះ ដែលនេះគឺជាការរស់នៅសម្រាប់សាតាំង ហើយរស់នៅក្រោមអំណាចរបស់វា។ ចំណែកផ្លូវមួយទៀត សង្កត់ធ្ងន់ទៅលើវិធីដើម្បីបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ការចូលទៅក្នុងភាពពិតនៃសេចក្កីពិត ការចុះចូលចំពោះព្រះជាម្ចាស់ និងមិនមានការយល់ច្រលំ ឬការមិនស្តាប់បង្គាប់ទ្រង់ ដែលការទាំងនេះធ្វើឲ្យមនុស្សគោរពព្រះជាម្ចាស់ ហើយបំពេញនូវកាតព្វកិច្ចរបស់គេបានប្រសើរ។ នេះជាអត្ថន័យនៃការរស់នៅសម្រាប់ព្រះជាម្ចាស់។

ដកស្រង់ពី «មានតែតាមរយៈការអនុវត្តនូវសេចក្តីពិតប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សមានភាពជាមនុស្សធម្មតាបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សដែលលះបង់ខ្លួនយ៉ាងពិតប្រាកដសម្រាប់ព្រះជាម្ចាស់ ប្រគល់ខ្លួនរបស់ពួកគេទាំងស្រុងនៅចំពោះទ្រង់។ ពួកគេចុះចូលយ៉ាងពិតប្រាកដចំពោះគ្រប់ទាំងព្រះសូរសៀងរបស់ទ្រង់ ហើយអាចអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ ពួកគេដាក់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយពួកគេអាចស្វែងរកនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត ដើម្បីរកមើលថាតើមានផ្នែកណាខ្លះដែលពួកគេត្រូវអនុវត្តតាម។ មនុស្សបែបនេះហើយគឺជាអ្នកដែលរស់នៅយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់នោះ។ បើអ្វីដែលអ្នកធ្វើផ្ដល់ជាប្រយោជន៍សម្រាប់ជីវិតរបស់អ្នក ហើយតាមរយៈការបរិភោគ និងការផឹកពីព្រះបន្ទូលរបស់ទ្រង់ អ្នកអាចបំពេញតម្រូវការខាងក្នុង និងសេចក្ដីខ្វះចន្លោះរបស់អ្នក ដើម្បីបំផ្លាស់បំប្រែនិស្ស័យជីវិតរបស់អ្នកបាន នោះការនេះនឹងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យមិនខាន។ បើអ្នកប្រព្រឹត្តតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយបើអ្នកមិនចម្អែតតាមសាច់ឈាម តែបែរមកបំពេញតាមព្រះហឫទ័យរបស់ទ្រង់វិញ នោះដោយធ្វើបែបនេះ អ្នកនឹងបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ទ្រង់មិនខាន។ ពេលនិយាយដល់ការចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង វាមានន័យថា អ្នកអាចបំពេញភារកិច្ចរបស់អ្នក និងបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ មានតែប្រភេទនៃសកម្មភាពជាក់ស្ដែងទាំងនេះទេ ទើបអាចត្រូវបានហៅថាជាការចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ទ្រង់។ បើអ្នកអាចចូលទៅក្នុងការពិតនេះបាន នោះអ្នកនឹងមានសេចក្តីពិតហើយ។ នេះហើយជាទីចាប់ផ្ដើមនៃការចូលទៅក្នុងការពិត។ ដំបូង អ្នកត្រូវតែទទួលការបណ្ដុះបណ្ដាលនេះ ហើយមានតែបែបនេះទេ ទើបអ្នកនឹងអាចចូលទៅកាន់ការពិតបានកាន់តែស៊ីជម្រៅ។

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចាប់តាំងពីពេលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេបានលាក់ពួនបំណងដែលមិនត្រឹមត្រូវជាច្រើន។ នៅពេលអ្នកមិនអនុវត្តនូវសេចក្ដីពិត អ្នកមានអារម្មណ៍ថា បំណងរបស់អ្នកទាំងអស់គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងឃើញថា នៅក្នុងខ្លួនឯងមានបំណងមិនត្រឹមត្រូវជាច្រើន។ ដូច្នេះ នៅពេលព្រះជាម្ចាស់ធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ ទ្រង់ធ្វើឲ្យពួកគេដឹងថា មានសញ្ញាណជាច្រើននៅក្នុងខ្លួនពួកគេដែលរារាំងពួកគេមិនឲ្យស្គាល់ព្រះជាម្ចាស់។ នៅពេលអ្នកដឹងថា បំណងរបស់អ្នកសុទ្ធតែខុស ហើយប្រសិនបើអ្នកអាចឈប់អនុវត្តតាមសញ្ញាណ និងបំណងរបស់អ្នក ហើយអាចធ្វើទីបន្ទាល់ពីព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវជំហររបស់អ្នកទោះមានរឿងអ្វីកើតឡើងចំពោះអ្នកក៏ដោយ នេះទើបបញ្ជាក់ថា អ្នកបានបះបោរទាស់នឹងសាច់ឈាម។ នៅពេលអ្នកបះបោរទាស់នឹងសាច់ឈាម នោះនឹងមានចម្បាំងនៅក្នុងខ្លួនឯងដោយចៀសមិនរួចឡើយ។ សាតាំងនឹងព្យាយាមធ្វើឲ្យមនុស្សធ្វើតាមវា វានឹងព្យាយាមធ្វើឲ្យពួកគេធ្វើតាមសញ្ញាណខាងសាច់ឈាម ហើយប្រកាន់យកផលប្រយោជន៍ខាងសាច់ឈាម ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបំភ្លឺ ហើយពន្យល់មនុស្សពីខាងក្នុង ហើយនៅពេលនេះ វាអាស្រ័យលើអ្នក ថាតើអ្នកធ្វើតាមព្រះជាម្ចាស់ ឬធ្វើតាមសាតាំង។ ព្រះជាម្ចាស់ប្រាប់ឲ្យមនុស្សអនុវត្តនូវសេចក្ដីពិតជាចម្បង ដើម្បីដោះស្រាយជាមួយរឿងរ៉ាវនានានៅក្នុងខ្លួនពួកគេ ដើម្បីដោះស្រាយជាមួយគំនិត និងសញ្ញាណរបស់ពួកគេ ដែលមិនស្របទៅតាម ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធទាក់ទងមនុស្សតាមរយៈចិត្តរបស់ពួកគេ រួចហើយបំភ្លឺ និងពន្យល់ពួកគេ។ ដូច្នេះចម្បាំងនៅពីក្រោយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើង៖ នៅរាល់ពេលដែលមនុស្សអនុវត្តនូវសេចក្តីពិត ឬអនុវត្តនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ វាមានចម្បាំងយ៉ាងខ្លាំងក្លាមួយ ហើយទោះបីជាគ្រប់យ៉ាងអាចមើលទៅហាក់ដូចជាល្អជាមួយសាច់ឈាមរបស់ពួកគេក៏ដោយ ក៏តាមពិតទៅនៅក្នុងជម្រៅចិត្តរបស់ពួកគេ នឹងមានចម្បាំងស្លាប់រស់មួយកើតមានជាដរាប ហើយមានតែក្រោយពេលចម្បាំងដ៏ខ្លាំងក្លានេះចប់ និងក្រោយពេលលទ្ធផលដ៏ច្រើនមហិមាចេញមកប៉ុណ្ណោះ ទើបអាចកំណត់ការឈ្នះចាញ់បាន។ គេមិនដឹងថាតើត្រូវសើច ឬយំនោះទេ។ ព្រោះបំណងជាច្រើននៅក្នុងខ្លួនមនុស្សគឺសុទ្ធតែខុសឆ្គង ឬដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ភាគច្រើនគឺផ្ទុយពីសញ្ញាណរបស់ពួកគេ នៅពេលមនុស្សអនុវត្តនូវសេចក្តីពិត ចម្បាំងដ៏អស្ចារ្យមួយបានកើតឡើងនៅពីក្រោយឆាក។ ដោយបានអនុវត្តនូវសេចក្ដីពិតនេះ នៅពីក្រោយឆាក មនុស្សនឹងស្រក់ទឹកភ្នែកសោកសៅយ៉ាងច្រើនរាប់មិនអស់ មុនពេលដែលពួកគេរៀបចំចិត្តរបស់ខ្លួនដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅទីបំផុត។ ដោយសារតែចម្បាំងនេះ មនុស្សត្រូវស៊ូទ្រាំនឹងការរងទុក្ខ និងការបន្សុទ្ធ ហើយនេះគឺជាការរងទុក្ខពិតប្រាកដ។ នៅពេលចម្បាំងនេះកើតមានមកលើអ្នក ហើយប្រសិនបើអ្នកពិតជាអាចឈរនៅខាងព្រះជាម្ចាស់មែន នោះអ្នកនឹងអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ ខណៈពេលអនុវត្តនូវសេចក្តីពិត វាចៀសមិនរួចទេថា គេនឹងរងទុក្ខនៅខាងក្នុង ហើយប្រសិនបើនៅពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត អ្វីគ្រប់យ៉ាងនៅក្នុងខ្លួនមនុស្សសុទ្ធតែត្រឹមត្រូវមែន នោះពួកគេនឹងមិនត្រូវការព្រះជាម្ចាស់ធ្វើឲ្យពួកគេគ្រប់លក្ខណ៍នោះទេ ឯចម្បាំងនឹងមិនមានឡើយ ហើយពួកគេនឹងមិនរងទុក្ខដែរ។ ដោយសារតែមានរឿងរ៉ាវជាច្រើននៅក្នុងខ្លួនមនុស្សដែលមិនសមស្របនឹងឲ្យព្រះជាម្ចាស់ប្រើការ ហើយដោយសារតែមាននិស្ស័យបះបោរយ៉ាងច្រើនរបស់សាច់ឈាមបែបនេះ ទើបមនុស្សត្រូវរៀនមេរៀនអំពីការបះបោរទាស់នឹងសាច់ឈាមឲ្យបានកាន់តែជ្រៅជ្រះ។ នេះគឺជាអ្វីដែលព្រះជាម្ចាស់ហៅថា ការរងទុក្ខ ដែលទ្រង់បានមានបន្ទូលប្រាប់មនុស្សឲ្យទទួលរងជាមួយទ្រង់។ ពេលអ្នកជួបការលំបាក សូមប្រញាប់អធិស្ឋានដល់ព្រះជាម្ចាស់ថា៖ «ឱ ព្រះអង្គអើយ! កូនចង់បំពេញតាមព្រះហឫទ័យរបស់ទ្រង់ កូនចង់ស៊ូទ្រាំនឹងការលំបាកចុងក្រោយ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយមិនខ្វល់ថាកូនជួបប្រទះឧបសគ្គខ្លាំងយ៉ាងណានោះទេ កូននៅតែបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច។ ទោះបីជាកូនត្រូវលះបង់ជីវិតរបស់កូនទាំងស្រុងក្ដី ក៏កូននៅតែត្រូវបំពេញតាមព្រះហឫទ័យរបស់ទ្រង់ជានិច្ច!» ដោយមានការតាំងចិត្តបែបនេះ នៅពេលអ្នកអធិស្ឋានដូច្នេះ អ្នកនឹងអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់អ្នក។ រាល់ពេលដែលពួកគេអនុវត្តនូវសេចក្ដីពិត រាល់ពេលដែលពួកគេទទួលរងនូវការបន្សុទ្ធ រាល់ពេលដែលពួកគេត្រូវបានល្បងល ហើយរាល់ពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មកដល់ពួកគេ មនុស្សត្រូវតែស៊ូទ្រាំនឹងការឈឺចាប់ដ៏សែនខ្លាំង។ ទាំងអស់នេះគឺជាការសាកល្បងសម្រាប់មនុស្ស ដូច្នេះហើយបានជាមានចម្បាំងនៅក្នុងខ្លួនពួកគេទាំងអស់គ្នា។ នេះគឺជាតម្លៃជាក់ស្តែងដែលពួកគេត្រូវបង់។ ការអានព្រះបន្ទូលឲ្យបានច្រើន និងការរវល់ខ្លាំងច្រើនគឺជាចំណែកមួយនៃតម្លៃនោះ។ វាជាអ្វីដែលមនុស្សគួរតែធ្វើ វាជាករណីយកិច្ចរបស់ពួកគេ និងជាការទទួលខុសត្រូវដែលពួកគេគួរតែបំពេញ ប៉ុន្តែមនុស្សត្រូវតែទុកចោលនូវអ្វីៗនៅក្នុងខ្លួនពួកគេដែលចាំបាច់ត្រូវទុកចោល។ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ នោះទោះជាអ្នករងទុក្ខវេទនាខាងក្រៅខ្លាំងយ៉ាងណាក៏ដោយ ទោះជាអ្នករវល់ខ្លាំងយ៉ាងណាក៏ដោយ ទាំងអស់នោះនឹងគ្មានប្រយោជន៍អ្វីឡើយ! និយាយឲ្យចំទៅគឺថា មានតែការផ្លាស់ប្ដូរនៅក្នុងខ្លួនឯងតែប៉ុណ្ណោះទើបអាចកំណត់ ថាតើការលំបាកខាងក្រៅរបស់អ្នកមានតម្លៃឬអត់។ នៅពេលនិស្ស័យខាងក្នុងរបស់អ្នកបានផ្លាស់ប្តូររួចហើយ ហើយអ្នកបានអនុវត្តនូវសេចក្តីពិត នោះការរងទុក្ខខាងក្រៅរបស់អ្នកទាំងអស់នឹងទទួលបានការអនុម័តពីព្រះជាម្ចាស់ តែប្រសិនបើនិស្ស័យខាងក្នុងរបស់អ្នកគ្មានការផ្លាស់ប្តូរទេ នោះទោះបីជាអ្នកស៊ូទ្រាំនឹងការរងទុក្ខយ៉ាងណា ឬទោះជាអ្នករវល់ខ្លាំងនៅខាងក្រៅយ៉ាងណាក៏ដោយ ក៏នឹងគ្មានការអនុម័តពីព្រះជាម្ចាស់ឡើយ ហើយការលំបាកដែលគ្មានការបញ្ជាក់ពីព្រះជាម្ចាស់គឺឥតប្រយោជន៍នោះទេ។ ដូច្នេះ មិនថាតម្លៃដែលអ្នកបានបង់ត្រូវបានព្រះជាម្ចាស់អនុម័ត ឬអត់ គឺវាត្រូវបានកំណត់ដោយថាតើមានការផ្លាស់ប្ដូរនៅក្នុងខ្លួនឯង ឬអត់ និងដោយថាតើអ្នកអនុវត្តនូវសេចក្ដីពិត ហើយបះបោរទាស់នឹងបំណង និងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឬអត់ ដើម្បីបំពេញបានតាមព្រះហឫទ័យព្រះជាម្ចាស់ ស្គាល់ព្រះជាម្ចាស់ និងមានភក្ដីភាពចំពោះព្រះជាម្ចាស់។ មិនថាអ្នករវល់ខ្លាំងយ៉ាងណានោះទេ ប្រសិនបើអ្នកមិនដែលចេះធ្វើការបះបោរទាស់នឹងបំណងផ្ទាល់ខ្លួនរបស់អ្នកទេ ប៉ុន្តែចេះតែធ្វើការស្វះស្វែងរកសកម្មភាព និងជំនឿមុតមាំខាងក្រៅ ហើយមិនដែលយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នកទេ នោះការលំបាករបស់អ្នកនឹងគ្មានប្រយោជន៍អ្វីឡើយ។ នៅក្នុងស្ថានភាពមួយចំនួន ប្រសិនបើអ្នកមានអ្វីមួយចង់និយាយ ប៉ុន្តែអ្នកមានអារម្មណ៍ក្នុងខ្លួនថា ការនិយាយនេះមិនត្រឹមត្រូវ ការនិយាយនេះមិនផ្ដល់ប្រយោជន៍ដល់បងប្អូនប្រុសស្រីរបស់អ្នកទេ ហើយអាចធ្វើឲ្យពួកគេឈឺចាប់ទៅទៀត ពេលនោះអ្នកនឹងមិននិយាយចេញមកទេ ដោយសុខចិត្តឈឺចាប់នៅខាងក្នុងវិញ ត្បិតពាក្យសម្ដីទាំងនេះមិនអាចបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ នៅពេលនេះ នឹងមានចម្បាំងមួយនៅក្នុងខ្លួនឯង តែអ្នកនឹងសុខចិត្តរងការឈឺចាប់ ហើយលះបង់នូវអ្វីដែលអ្នកស្រលាញ់។ អ្នកនឹងសុខចិត្តស៊ូទ្រាំរងការលំបាកនេះ ដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ ហើយទោះបីជាអ្នកនឹងរងការឈឺចាប់នៅក្នុងខ្លួនក៏ដោយ ក៏អ្នកនឹងមិនផ្គាប់ផ្គុនដល់សាច់ឈាមដែរ ហើយនៅតែបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ដដែល ដូច្នេះហើយអ្នកក៏នឹងទទួលបានភាពសុខស្រួលនៅក្នុងខ្លួនវិញផងដែរ។ នេះទើបពិតជាការបង់ថ្លៃ ហើយជាតម្លៃដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ ប្រសិនបើអ្នកអនុវត្តតាមរបៀបនេះ ព្រះជាម្ចាស់ប្រាកដជាប្រទានពរដល់អ្នក ប្រសិនបើអ្នកមិនអាចធ្វើបែបនេះបានទេ នោះមិនថាអ្នកយល់ដឹងច្រើនប៉ុនណា ឬអ្នកចេះនិយាយបានល្អប៉ុនណាទេ វានឹងគ្មានបានការអ្វីឡើយ! នៅលើផ្លូវឆ្ពោះទៅរកការស្រឡាញ់ព្រះជាម្ចាស់ ប្រសិនបើអ្នកអាចឈរនៅខាងព្រះជាម្ចាស់នៅពេលទ្រង់ច្បាំងជាមួយសាតាំង ហើយអ្នកមិនត្រឡប់ទៅរកសាតាំងវិញទេ នោះអ្នកនឹងសម្រេចបាននូវសេចក្ដីស្រឡាញ់ដល់ព្រះជាម្ចាស់ ហើយអ្នកនឹងបានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន។

ដកស្រង់ពី «មានតែការស្រលាញ់ព្រះជាម្ចាស់តែប៉ុណ្ណោះទើបជាការជឿលើព្រះជាម្ចាស់ពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សរុបសេចក្ដីមក ការដើរតាមមាគ៌ារបស់ពេត្រុសនៅក្នុងសេចក្ដីជំនឿរបស់បុគ្គលម្នាក់ មានន័យថាដើរលើមាគ៌ានៃការដេញតាមសេចក្ដីពិត ដែលមានន័យថាមាគ៌ានៃការស្គាល់ខ្លួនឯងពិតប្រាកដ និងការផ្លាស់ប្ដូរនិស្ស័យរបស់បុគ្គលម្នាក់។ មានតែតាមរយៈការដើរតាមមាគ៌ារបស់ពេត្រុសប៉ុណ្ណោះ ដែលបុគ្គលម្នាក់ស្ថិតនៅលើមាគ៌ានៃការប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បុគ្គលម្នាក់ត្រូវតែមានភាពច្បាស់លាស់ អំពីរបៀបដើរតាមមាគ៌ារបស់ពេត្រុស ក៏ដូចជាយកវាទៅអនុវត្ត។ ជាដំបូង បុគ្គលម្នាក់ត្រូវតែទុកទៅម្ខាងនូវចេតនាផ្ទាល់ខ្លួន ការដេញតាមមិនត្រឹមត្រូវ និងសូម្បីតែគ្រួសារ ព្រមទាំងអ្វីៗទាំងអស់ខាងសាច់ឈាមរបស់គេ។ បុគ្គលម្នាក់ត្រូវតែមានភក្ដីភាពស្មោះអស់ពីចិត្ត ពោលគឺបុគ្គលម្នាក់ត្រូវតែមានភក្ដីភាពទាំងស្រុងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ដោតលើការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ចង់អារម្មណ៍លើការស្វែងរកសេចក្ដីពិត និងស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់អ្វីៗទាំងអស់។ នេះគឺជាវិធីសាស្ដ្រគ្រឹះ និងសំខាន់បំផុតនៃការអនុវត្ត។ នេះគឺជាអ្វីដែលពេត្រុសបានធ្វើក្រោយពេលមើលឃើញព្រះយេស៊ូវ ហើយមានតែតាមរយៈការអនុវត្តតាមវិធីនេះប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចសម្រេចបានលទ្ធផលដ៏ល្អបំផុត។ ភក្ដីភាពស្មោះអស់ពីចិត្តចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាចម្បងទាក់ទងនឹងការស្វែងរកសេចក្ដីពិត ស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ផ្ដោតលើការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងការទទួលបានសេចក្ដីពិតជាច្រើនទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអានព្រះបន្ទូលរបស់ទ្រង់ ពេត្រុសមិនបានផ្ដោតលើការយល់ដឹងពីគោលលទ្ធិនោះទេ ហើយគាត់រឺតតែមិនបានផ្ដោតលើការទទួលបានចំណេះដឹងផ្នែកទេវសាស្ដ្រទៅទៀត ផ្ទុយទៅវិញ គាត់បានផ្ចង់អារម្មណ៍ទៅលើការយល់ដឹងពីសេចក្ដីពិត និងការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏ដូចជាការសម្រេចឲ្យបាននូវការយល់ដឹងអំពីនិស្ស័យរបស់ទ្រង់ និងភាពគួរឲ្យស្រលាញ់របស់ទ្រង់។ ពេត្រុសក៏បានព្យាយាមស្វែងយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាធម្មជាតិពុករលួយ និងភាពខ្វះចន្លោះជាក់ស្ដែងរបស់មនុស្សដែរ ដូច្នេះហើយទើបមានការបំពេញតាមគ្រប់ទិដ្ឋភាពនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ដើម្បីផ្គាប់ព្រះហឫទ័យទ្រង់។ ពេត្រុសមានការអនុវត្តត្រឹមត្រូវជាច្រើនដែលប្រកាន់ខ្ជាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនេះជាអ្វីដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បំផុត ហើយវាគឺជាវិធីដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចសហការបាន ខណៈពេលកំពុងមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលដែលឆ្លងកាត់ការល្បងលរាប់រយមកពីព្រះជាម្ចាស់ ពេត្រុសបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរ៉ឹងធៀបនឹងព្រះបន្ទូលអំពីការជំនុំជម្រះរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ព្រះបន្ទូលទាំងអស់អំពីការបើកសម្ដែងរបស់ព្រះជាម្ចាស់ដល់មនុស្ស និងបានព្យាយាមស្វែងយល់ពីអត្ថន័យនៃព្រះបន្ទូលទាំងនោះ។ គាត់បានព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីសញ្ជឹងគិត និងទន្ទេញព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ ព្រមទាំងសម្រេចបានលទ្ធផលយ៉ាងល្អ។ តាមរយៈការអនុវត្តរបៀបនេះ គាត់អាចសម្រេចការយល់ដឹងមួយអំពីខ្លួនឯងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់មិនត្រឹមតែបានយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានយល់អំពីសារជាតិ ធម្មជាតិ និងភាពខ្វះចន្លោះផ្សេងៗរបស់មនុស្សដែរ។ នេះហើយជាអត្ថន័យនៃការយល់ដឹងពីខ្លួនឯងពិតប្រាកដ។ ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពេត្រុសមិនត្រឹមតែសម្រេចបាននូវការយល់ដឹងមួយពិតប្រាកដអំពីខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្ដែតាមរយៈអ្វីៗដែលបានសម្ដែងចេញនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះកិច្ចការរបស់ទ្រង់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សជាតិជាដើម គឺតាមរយៈព្រះបន្ទូលទាំងនេះហើយដែលគាត់បានស្គាល់ព្រះជាម្ចាស់យ៉ាងពេញខ្នាត។ គាត់បានស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ គាត់បានស្គាល់ និងយល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពគួរឲ្យស្រលាញ់របស់ព្រះជាម្ចាស់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សដែរ។ ទោះបីជាកាលនោះ ព្រះជាម្ចាស់មិនបានមានបន្ទូលច្រើនដូចដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃនេះក៏ដោយ ក៏លទ្ធផលនៅក្នុងទិដ្ឋភាពទាំងនេះបានសម្រេចនៅក្នុងពេតុ្រសដែរ។ នេះគឺជារឿងមួយដ៏កម្រ និងមានតម្លៃ។ ពេត្រុសបានឆ្លងកាត់ការល្បងលរាប់រយជំពូក ប៉ុន្ដែមិនបានរងទុក្ខដោយឥតប្រយោជន៍នោះទេ។ គាត់មិនត្រឹមតែបានយល់ពីខ្លួនឯងចេញពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានស្គាល់ព្រះជាម្ចាស់ដែរ។ បន្ថែមលើនេះទៀត គាត់បានផ្ដោតជាពិសេសទៅលើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ មិនថាក្នុងទិដ្ឋភាពបែបណានោះទេ ឲ្យតែមនុស្សគួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដើម្បីឲ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺពេត្រុសបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទិដ្ឋភាពទាំងនេះ និងសម្រេចបាននូវភាពច្បាស់លាស់ពេញលេញ ហើយការនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះច្រកចូលរបស់គាត់។ មិនថាព្រះជាម្ចាស់មានបន្ទូលអ្វីក៏ដោយ ដរាបណាព្រះបន្ទូលទាំងនោះអាចក្លាយជាជីវិត និងជាសេចក្ដីពិត នោះពេត្រុសអាចឆ្លាក់វានៅក្នុងដួងចិត្ដរបស់គាត់ ដើម្បីសញ្ជឹងគិត និងសរសើរពីព្រះបន្ទូលទាំងនោះជារឿយៗ។ ក្រោយពេលស្ដាប់ឮព្រះបន្ទូលរបស់ព្រះយេស៊ូវហើយ គាត់អាចយកព្រះបន្ទូលទាំងនោះចូលទៅក្នុងដួងចិត្ត ដែលបង្ហាញថា គាត់បានផ្ដោតជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់ពិតជាសម្រេចបានលទ្ធផលនៅទីបញ្ចប់។ មានន័យថា គាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តដោយសេរី អនុវត្តសេចក្ដីពិតយ៉ាងត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើសកម្មភាពស្របតាមចេតនារបស់ព្រះជាម្ចាស់ និងលះបង់ចោលគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គាត់។ តាមរបៀបនេះ ពេត្រុសបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ២. អ្វីជាការធ្វើតាមច្បាប់វិន័យ ហើយអ្វីជាភាពខុសគ្នារវាងការធ្វើតាមច្បាប់វិន័យ និងការអនុវត្តសេចក្ដីពិត

បន្ទាប់៖ ១. អ្វីជារាស្ត្ររបស់ព្រះជាម្ចាស់ ហើយអ្វីជាអ្នកស៊ីឈ្នួល

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ