២. ពិភពសាសនាជឿថា ខគម្ពីរទាំងអស់ត្រូវបានជំរុញដោយព្រះជាម្ចាស់ ហើយខគម្ពីរទាំងអស់គឺជាព្រះបន្ទូលរបស់ទ្រង់ ការយល់ឃើញនេះគឺខុស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។ ពួកគេក៏ជឿផងដែរថា ពាក្យពេចន៍ទាំងអស់របស់ព្រះគម្ពីរគឺសុទ្ធតែជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងមកប៉ុណ្ណោះ ហើយជឿថា ពាក្យពេចន៍ទាំងអស់នោះ សុទ្ធត្រូវព្រះជាម្ចាស់ថ្លែងមក។ សូម្បីអស់អ្នកដែលជឿព្រះជាម្ចាស់ក៏គិតថា ទោះបីជាកណ្ឌគម្ពីរទាំង ៦៦កណ្ឌ ក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ត្រូវបានសរសេរដោយមនុស្សក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបានប្រទាននូវការបណ្ដាលចិត្ត ដោយព្រះជាម្ចាស់ដែរ និងជាកំណត់ត្រាអំពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជាការយល់ខុសរបស់មនុស្ស ហើយវាមិនស្របទៅនឹងការពិតទាំងស្រុងនោះឡើយ។ តាមពិត ក្រៅពីកណ្ឌគម្ពីរទំនាយ គម្ពីរសញ្ញាចាស់ភាគច្រើន គឺជាកំណត់ត្រាប្រវត្តិសាស្ត្រ។ សំបុត្រមួយចំនួនរបស់គម្ពីរសញ្ញាថ្មី បានមកពីបទពិសោធន៍របស់មនុស្ស ហើយមួយចំនួនទៀត បានមកពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឧទាហរណ៍ សំបុត្ររបស់ប៉ុល បានកើតចេញពីកិច្ចការរបស់មនុស្សម្នាក់ សំបុត្រទាំងអស់នេះ គឺជាលទ្ធផលនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសំបុត្រទាំងនោះត្រូវបានសរសេរសម្រាប់ពួកជំនុំ ហើយជាពាក្យពេចន៍រម្លឹកដាស់តឿន និងលើកទឹកចិត្ត សម្រាប់បងប្អូនប្រុសស្រីក្នុងពួកជំនុំ។ ពាក្យពេចន៍ទាំងនេះមិនមែនជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធថ្លែងនោះទេ។ ប៉ុលមិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ ហើយគាត់ក៏មិនមែនជាហោរាដែរ ហើយលើសពីនេះទៅទៀត គាត់មិនបានឃើញនិមិត្តដែលយ៉ូហានបានមើលឃើញនោះឡើយ។ សំបុត្ររបស់គាត់ត្រូវបានសរសេរសម្រាប់ពួកជំនុំអេភេសូរ ភីឡាដិលភា កាឡាទី និងពួកជំនុំដទៃទៀត។ ដូច្នេះ កណ្ឌគម្ពីរសំបុត្ររបស់ប៉ុលក្នុងសញ្ញាថ្មី គឺជាកណ្ឌគម្ពីរដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំនានា និងមិនមែនជាការជំរុញទឹកចិត្តពីព្រះវិញ្ញាណបរិសុទ្ធ ក៏មិនមែនជាព្រះសូរសៀងផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ សំបុត្រទាំងនេះគ្រាន់តែជាពាក្យពេចន៍រម្លឹកដាស់តឿន កម្សាន្តចិត្ត និងលើកទឹកចិត្ត ដែលគាត់បានសរសេរសម្រាប់ពួកជំនុំនានា អំឡុងពេលធ្វើកិច្ចការរបស់គាត់ប៉ុណ្ណោះ។ វាក៏ជាការកត់ត្រាអំពីកិច្ចការជាច្រើនរបស់ប៉ុល នៅពេលនោះដែរ។ ពួកវាត្រូវបានសរសេរសម្រាប់មនុស្សទាំងអស់គ្នាដែលជាបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យបងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនៅពេលនោះ ដើរតាមដំបូន្មាន និងគោរពតាមផ្លូវនៃការប្រែចិត្តរបស់ព្រះអម្ចាស់យេស៊ូវ។ មិនថាពួកជំនុំនៅពេលនោះ ឬពួកជំនុំនៅថ្ងៃអនាគតឡើយ គ្មានមធ្យោបាយណាដែលប៉ុលបាននិយាយថា គ្រប់គ្នាត្រូវតែបរិភោគ និងផឹកអ្វីៗដែលគាត់បានសរសេរ ហើយក៏មិនបាននិយាយថា ពាក្យសម្ដីរបស់គាត់ទាំងអស់ សុទ្ធតែបានមកពីព្រះជាម្ចាស់នោះឡើយ។ ផ្អែកលើកាលៈទេសៈនៃពួកជំនុំពេលនោះគាត់គ្រាន់តែទំនាក់ទំនងជាមួយបងប្អូនប្រុសស្រី និងរម្លឹកដាស់តឿនពួកគេ ព្រមទាំងជំរុញជំនឿនៅក្នុងពួកគេ ហើយគាត់គ្រាន់តែអធិប្បាយ ឬក្រើនរម្លឹកមនុស្ស និងដាស់តឿនពួកគេប៉ុណ្ណោះ។ ពាក្យរបស់គាត់គឺផ្អែកលើអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយគាត់បានជ្រោមជ្រែងមនុស្សទាំងនោះ តាមរយៈពាក្យពេចន៍ទាំងនេះ។ គាត់បានធ្វើកិច្ចការរបស់ពួកសាវ័កម្នាក់នៃពួកជំនុំនានានៅពេលនោះ គាត់គឺជាអ្នកធ្វើការម្នាក់ ដែលព្រះអម្ចាស់យេស៊ូវបានប្រើ ដូច្នេះហើយ គាត់ត្រូវតែទទួលខុសត្រូវចំពោះពួកជំនុំនានា ហើយត្រូវតែធ្វើកិច្ចការរបស់ពួកជំនុំនានា គាត់ត្រូវតែស្វែងយល់អំពីសភាពរបស់បងប្អូនប្រុសស្រី ហើយដោយសារតែមូលហេតុនេះ គាត់បានសរសេរសំបុត្រសម្រាប់បងប្អូនប្រុសស្រីទាំងអស់នៅក្នុងព្រះអម្ចាស់។ គ្រប់យ៉ាងដែលគាត់បាននិយាយ ជាការស្អាងចិត្ត និងវិជ្ជមានចំពោះមនុស្ស គឺសុទ្ធតែត្រឹមត្រូវ ប៉ុន្តែវាមិនបានបង្ហាញឲ្យឃើញពីព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយវាមិនអាចតំណាងព្រះជាម្ចាស់បានទេ។ វាគឺជាការយល់ខុសប្រក្រតី និងជាការប្រមាថដ៏ខ្លាំងមួយ ដែលមនុស្សចាត់ទុកការកត់ត្រានៃបទពិសោធន៍របស់មនុស្សម្នាក់ និងសំបុត្ររបស់មនុស្សម្នាក់ ជាព្រះបន្ទូលដែលព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលទៅកាន់ពួកជំនុំនានានោះ! វាជារឿងពិតប្រាកដណាស់ នៅពេលនិយាយអំពីសំបុត្រដែលប៉ុលបានសរសេរសម្រាប់ពួកជំនុំ ដោយសារតែសំបុត្រទាំងនេះ ត្រូវបានសរសេរសម្រាប់បងប្អូនប្រុសស្រី ដោយផ្អែកលើកាលៈទេសៈ និងស្ថានភាពនៃពួកជំនុំនីមួយៗនៅពេលនោះ ហើយត្រូវបានសរសេរដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ។ សំបុត្រដែលគាត់សរសេរ គឺដើម្បីដាស់តឿនបងប្អូនប្រុសស្រីនៅពេលនោះ។ អាចនិយាយបានថា នេះគឺជាអម្រែកផ្ទាល់ខ្លួនរបស់គាត់ ហើយក៏ជាអម្រែកដែលព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យគាត់ផងដែរ។ សរុបមក គាត់គឺជាសាវ័កម្នាក់ ដែលបានដឹកនាំពួកជំនុំនានានៅពេលនោះ ជាអ្នកដែលបានសរសេរសំបុត្រសម្រាប់ពួកជំនុំ និងបានដាស់តឿនពួកគេ នោះហើយគឺជាទំនួលខុសត្រូវរបស់គាត់។ អត្តសញ្ញាណរបស់គាត់ គឺគ្រាន់តែជាអត្តសញ្ញាណរបស់សាវ័កធ្វើការម្នាក់ ហើយគាត់គ្រាន់តែជាសាវ័កម្នាក់ដែលព្រះជាម្ចាស់បានចាត់ឲ្យមកប៉ុណ្ណោះ។ គាត់មិនមែនជាហោរា ឬជាអ្នកថ្លែងទំនាយនោះទេ។ សម្រាប់គាត់ កិច្ចការផ្ទាល់ខ្លួនរបស់គាត់ និងជីវិតរបស់បងប្អូនប្រុសស្រី គឺជារឿងដែលសំខាន់បំផុត។ ដូច្នេះ គាត់មិនអាចនិយាយជំនួសព្រះវិញ្ញាណបរិសុទ្ធបានទេ។ ពាក្យរបស់គាត់មិនមែនជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ ហើយកាន់តែមិនអាចនិយាយបានថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត ដោយសារតែប៉ុលគ្មានអ្វីក្រៅតែពីសត្តនិករមួយរបស់ព្រះជាម្ចាស់នោះទេ ហើយគាត់ពិតជាមិនមែនមនុស្សដែលព្រះជាម្ចាស់យកកំណើតនោះទេ។ អត្តសញ្ញាណរបស់គាត់មិនដូចអត្តសញ្ញាណរបស់ព្រះយេស៊ូវទេ។ ព្រះបន្ទូលរបស់ព្រះយេស៊ូវ គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រះបន្ទូលទាំងនោះ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារអត្តសញ្ញាណរបស់ទ្រង់ គឺជាអត្តសញ្ញាណរបស់ព្រះគ្រីស្ទ ដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។ ធ្វើដូចម្តេចទើបប៉ុលអាចស្មើទ្រង់បាន? ប្រសិនបើមនុស្សឃើញសំបុត្រ ឬពាក្យដូចជាពាក្យរបស់ប៉ុល ថាជាព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយថ្វាយបង្គំពាក្យពេចន៍ទាំងនេះដូចជាព្រះជាម្ចាស់ នោះអាចនិយាយបានតែម៉្យាងថា ពួកគេមិនរើសមុខពេកហើយ។ និយាយឲ្យឃោរឃៅជាងនេះ តើនេះមិនមែនជាការប្រមាថទេឬអី? ធ្វើដូចម្តេចទើបមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់បាន? ហើយម្តេចបានជាមនុស្សអាចឱនក្រាបនៅចំពោះការកត់ត្រានៃសំបុត្រ និងពាក្យដែលគាត់បាននិយាយ ទុកដូចជាគម្ពីរដ៏បរិសុទ្ធមួយ ឬគម្ពីរមួយក្បាលដែលមកពីស្ថានសួគ៌ដូច្នេះ? តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានថ្លែងម្តងម្កាលដោយមនុស្សម្នាក់ឬទេ? តើមនុស្សម្នាក់អាចនិយាយជំនួសព្រះជាម្ចាស់ដូចម្ដេចបាន? ដូច្នេះ តើអ្នកនិយាយដូចម្ដេចវិញ តើសំបុត្រដែលគាត់បានសរសេរសម្រាប់ពួកជំនុំ មិនអាចត្រូវបង្ខូចដោយទស្សនៈផ្ទាល់ខ្លួនរបស់គាត់ទេឬអី? ធ្វើដូចម្តេចទើបសំបុត្រទាំងនោះមិនត្រូវបានបង្ខូចដោយសារទស្សនៈរបស់មនុស្សនោះ? គាត់បានសរសេរសំបុត្រសម្រាប់ពួកជំនុំ ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និងចំណេះដឹងផ្ទាល់ខ្លួនរបស់គាត់។ ឧទាហរណ៍ ប៉ុលបានសរសេរសំបុត្រមួយទៅកាន់ពួកជំនុំកាឡាទី ដោយមាននូវទស្សនៈជាក់លាក់មួយ ហើយពេត្រុសបានសរសេរសំបុត្រមួយផ្សេងទៀត ដែលមានទស្សនៈផ្សេងមួយទៀត។ តើក្នុងចំណោមសំបុត្រទាំងពីរ មួយណាមកពីព្រះវិញ្ញាណបរិសុទ្ធ? គ្មាននរណាម្នាក់អាចនិយាយឲ្យប្រាកដបានទេ។ ដូច្នេះ វាគ្រាន់តែអាចនិយាយថា លិខិតទាំងពីរនេះមានអម្រែកសម្រាប់ពួកជំនុំក ប៉ុន្តែន័យពាក្យរបស់ពួកគេតំណាងឲ្យកម្ពស់របស់ពួកគេ ពួកវាតំណាងឲ្យការផ្គត់ផ្គង់ និងការជ្រោមជ្រែងសម្រាប់បងប្អូនប្រុសស្រី និងតំណាងឲ្យអម្រែករបស់ពួកគេចំពោះពួកជំនុំ ហើយពួកវាគ្រាន់តែតំណាងឲ្យកិច្ចការរបស់មនុស្សប៉ុណ្ណោះ។ ន័យពាក្យទាំងនេះមិនមែនតំណាងឲ្យព្រះវិញ្ញាណបរិសុទ្ធទាល់តែសោះ។ ប្រសិនបើអ្នកនិយាយថា សំបុត្ររបស់គាត់គឺជាព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកល្ងីល្ងើណាស់ ហើយអ្នកកំពុងតែប្រព្រឹត្តការប្រមាថទៀតផង! សំបុត្ររបស់ប៉ុល និងសំបុត្រដទៃទៀតរបស់សញ្ញាថ្មី គឺស្មើនឹងការចងចាំរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន៖ សំបុត្រទាំងនេះស្មើនឹងសៀវភៅរបស់ វ៉ចមែន នី ឬស្មើនឹងបទពិសោធន៍របស់ ឡរិនស៍ ។ល។ វាគ្រាន់តែថា សៀវភៅរបស់បុគ្គលខាងវិញ្ញាណបច្ចុប្បន្ន មិនត្រូវបានចងក្រងទៅក្នុងសញ្ញាថ្មីប៉ុណ្ណោះ ប៉ុន្តែលក្ខណៈរបស់មនុស្សទាំងនេះគឺដូចគ្នា៖ ពួកគេគឺជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបានប្រើ ក្នុងរយៈពេលជាក់លាក់មួយ ហើយពួកគេមិនអាចតំណាងដោយផ្ទាល់ឲ្យព្រះជាម្ចាស់នោះឡើយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មិនមែនគ្រប់យ៉ាងនៅក្នុងព្រះគម្ពីរ សុទ្ធតែជាការកត់ត្រានៃព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលដោយផ្ទាល់ព្រះអង្គនោះទេ។ ព្រះគម្ពីរគ្រាន់តែកត់ត្រាដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលផ្នែកមួយគឺជាការកត់ត្រាអំពីបទទំនាយរបស់ពួកហោរា ហើយផ្នែកមួយទៀត គឺជាបទពិសោធន៍ និងចំណេះដឹង ដែលត្រូវបានសរសេរដោយមនុស្សដែលព្រះជាម្ចាស់បានប្រើ ជាច្រើនយុគសម័យ។ បទពិសោធន៍របស់មនុស្សបានបង្ខូចដោយសារទស្សនៈ និងចំណេះដឹង ហើយនេះគឺជារឿងដែលមិនអាចជៀសវាងបានទេ។ នៅក្នុងកណ្ឌគម្ពីរនានារបស់ព្រះគម្ពីរ គឺជាសញ្ញាណរបស់មនុស្ស ភាពលម្អៀងរបស់មនុស្ស និងការយល់ដែលមិនសមហេតុផលរបស់មនុស្ស។ ពិតណាស់ ពាក្យពេចន៍ភាគច្រើន គឺជាលទ្ធផលនៃការបំភ្លឺ និងការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយពួកវាគឺជាការយល់ដ៏ត្រឹមត្រូវ ប៉ុន្តែនៅតែមិនអាចនិយាយបានថា ពាក្យពេចន៍ទាំងនេះ គឺជាការស្ដែងចេញនូវសេចក្ដីពិតដ៏ត្រឹមត្រូវទាំងស្រុងនោះទេ។ ទស្សនៈរបស់ពួកគេចំពោះរឿងរ៉ាវជាក់លាក់មួយចំនួន គ្មានអ្វីក្រៅពីចំណេះដឹងដែលបានមកពីបទពិសោធន៍ផ្ទាល់ខ្លួន ឬការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ទំនាយរបស់ពួកហោរាត្រូវបានណែនាំដោយផ្ទាល់ពីព្រះជាម្ចាស់៖ ដូចជា ទំនាយរបស់ហោរាអេសាយ ដានីយ៉ែល អែសរ៉ា យេរេមា និងអេសេគាល បានមកពីការណែនាំដោយផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សទាំងនេះ គឺជាមនុស្សដែលបានមើលឃើញ ពួកគេបានទទួលវិញ្ញាណនៃបទទំនាយ ហើយពួកគេទាំងអស់ គឺជាហោរាក្នុងគម្ពីរសញ្ញាចាស់។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មនុស្សទាំងអស់នេះដែលបានទទួលការជំរុញទឹកចិត្តពីព្រះយេហូវ៉ា បានបានថ្លែងនូវបទទំនាយជាច្រើន ដែលព្រះយេហូវ៉ាបានណែនាំដោយផ្ទាល់។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងអំឡុងពេលនៃជំនាន់គម្ពីរសញ្ញាចាស់ដែលជាយុគសម័យនៃក្រឹត្យវិន័យ មានហោរាជាច្រើនដែលព្រះយេហូវ៉ាបានលើកឡើងបានថ្លែងនូវទំនាយអំពីទ្រង់ ដោយពួកគេបានបង្ហាត់បង្ហាញដល់ពួកកុលសម្ព័ន្ធ និងប្រជាជាតិផ្សេងៗ ហើយបានថ្លែងទំនាយអំពីកិច្ចការដែលព្រះយេហូវ៉ានឹងត្រូវធ្វើ។ មនុស្សទាំងនេះដែលព្រះយេហូវ៉ាបានលើកពួកគេឡើង សុទ្ធតែបានប្រទាននូវព្រះវិញ្ញាណនៃការថ្លែងទំនាយពីព្រះយេហូវ៉ា៖ ពួកគេអាចមើលឃើញនូវនិមិត្តពីព្រះយេហូវ៉ា ហើយឮព្រះសូរសៀងរបស់ទ្រង់ ដូច្នេះហើយពួកគេត្រូវបានទ្រង់បណ្ដាល ហើយបានសរសេរនូវសេចក្ដីទំនាយ។ កិច្ចការដែលពួកគេបានធ្វើ គឺជាការសម្ដែងចេញនូវព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាការសម្ដែងចេញនូវសេចក្ដីទំនាយរបស់ព្រះយេហូវ៉ា ហើយកិច្ចការរបស់ព្រះយេហូវ៉ានៅគ្រានោះ គឺគ្រាន់តែណែនាំមនុស្សដោយប្រើព្រះវិញ្ញាណ គឺទ្រង់មិនបានត្រឡប់ជាសាច់ទេ ហើយមនុស្សក៏មិនបានឃើញព្រះភក្រ្តទ្រង់សោះឡើយ។ ដូច្នេះ ទ្រង់បានបណ្ដាលឲ្យមានពួកហោរាជាច្រើនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយបានឲ្យពួកគេថ្លែងនូវទំនាយ ដែលពួកគេបានទាយទៅគ្រប់ពូជអំបូរ និងអំបូរអ៊ីស្រាអែលផងដែរ។ កិច្ចការរបស់ពួកគេ គឺត្រូវនិយាយពីទំនាយ ហើយពួកគេខ្លះ បានសរសេរអំពីការបង្ហាត់បង្ហាញរបស់ព្រះយេហូវ៉ាដល់ពួកគេ ដើម្បីបើកសម្ដែងដល់អ្នកដទៃ។ ព្រះយេហូវ៉ាបានលើកមនុស្សទាំងនេះឲ្យបានខ្ពង់ខ្ពស់ឡើង ដើម្បីថ្លែងអំពីសេចក្ដីទំនាយ ប្រាប់អំពីកិច្ចការនាពេលអនាគត ឬកិច្ចការដែលត្រូវធ្វើនៅគ្រានោះ ដើម្បីឲ្យមនុស្សអាចឃើញភាពអស្ចារ្យ និងព្រះប្រាជ្ញារបស់ព្រះយេហូវ៉ា។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺខុសគ្នាឆ្ងាយណាស់ពីសៀវភៅគម្ពីរឯទៀតៗនៃព្រះគម្ពីរ។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺជាព្រះបន្ទូលដែលបានថ្លែង ឬសរសេរ ដោយអ្នកដែលត្រូវបានប្រទានព្រះវិញ្ញាណនៃការថ្លែងទំនាយ ដោយអ្នកដែលបានទទួលនូវនិមិត្ត ឬព្រះសួរសៀងពីព្រះយេហូវ៉ា។ ក្រៅពីសៀវភៅទំនាយ សៀវភៅឯទៀតនៅក្នុងសញ្ញាចាស់ត្រូវបានបង្កើតឡើងដោយកំណត់ត្រាដែលបានធ្វើឡើងដោយមនុស្ស បន្ទាប់ពីព្រះយេហូវ៉ាបានបញ្ចប់កិច្ចការរបស់ទ្រង់។ សៀវភៅទាំងនេះ មិនអាចជំនួសការថ្លែងពីទំនាយដោយពួកហោរា ដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យមាននោះទេ ដូចដែលសៀវភៅគម្ពីរលោកុប្បត្តិ និងគម្ពីរនិក្ខមន មិនអាចប្រៀបធៀបទៅនឹងសៀវភៅអេសាយ និងសៀវភៅដានីយ៉ែលបានទេ។ សេចក្ដីទំនាយនានា ត្រូវបានថ្លែងប្រាប់ មុនពេលដែលកិច្ចការត្រូវបានធ្វើឡើង។ រីឯសៀវភៅគម្ពីរឯទៀតៗ ត្រូវបានសរសេរបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ដែលជាអ្វីដែលមនុស្សអាចធ្វើបាន។ ពួកហោរានៅសម័យនោះ ត្រូវបានបណ្ដាលដោយព្រះយេហូវ៉ា ហើយបានថ្លែងនូវទំនាយខ្លះៗ ពួកគេបានថ្លែងនូវព្រះបន្ទូលជាច្រើន ហើយពួកគេបានទាយនូវទំនាយអំពីរឿងរ៉ាវនៃយុគសម័យព្រះគុណ និងការបំផ្លាញពិភពលោកនៅគ្រាចុងក្រោយ ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានគ្រោងនឹងធ្វើ។ សៀវភៅគម្ពីរឯទៀតៗ កត់ទាំងអស់អំពីកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ ដូច្នេះ ពេលអ្នកអានព្រះគម្ពីរ អ្នកកំពុងតែអានភាគច្រើនអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ សញ្ញាចាស់ បានកត់ទុកជាចម្បងទៅលើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងការនាំផ្លូវប្រជារាស្រ្តអ៊ីស្រាអែល ការដែលទ្រង់ប្រើម៉ូសេដើម្បីនាំប្រជារាស្រ្តអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ដែលបាននាំពួកគេចេញពីនឹមរបស់ស្តេចផារ៉ោន និងយកពួកគេចេញទៅក្នុងទីរហោស្ថាន បន្ទាប់ពីនោះពួកគេបានចូលទៅកាន់ស្រុកកាណាន ហើយអ្វីៗបន្ទាប់ពីនេះ គឺជាជីវិតរបស់ពួកគេនៅស្រុកកាណាន។ អ្វីៗក្រៅពីនេះ គឺត្រូវបានកត់ត្រាទុកអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេញទូទាំងអ៊ីស្រាអែល។ អ្វីៗគ្រប់យ៉ាងដែលបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល វាគឺជាកិច្ចការដែលព្រះយេហូវ៉ាបានធ្វើ នៅក្នុងទឹកដីដែលទ្រង់បានបង្កើតអ័ដាម និងអេវ៉ា។ ចាប់ពីពេលដែលព្រះជាម្ចាស់បានចាប់ផ្តើមជាផ្លូវការក្នុងការដឹកនាំមនុស្សនៅលើផែនដីបន្ទាប់ពីណូអេ អ្វីទាំងអស់ដែលបានកត់ទុកក្នុងសញ្ញាចាស់ គឺជាកិច្ចការរបស់អ៊ីស្រាអែល។ ហើយហេតុអ្វីបានជាមិនមានការកត់ត្រាទុកអំពីកិច្ចការណាក្រៅពីអ៊ីស្រាអែលអ៊ីចឹង? ពីព្រោះទឹកដីអ៊ីស្រាអែលជាអណ្តូងរបស់មនុស្ស។ កាលពីដើមដំបូងឡើយ មិនមានប្រទេសណាក្រៅពីប្រទេសអ៊ីស្រាអែលទេ ហើយព្រះយេហូវ៉ាមិនបានធ្វើកិច្ចការនៅកន្លែងផ្សេងដែរ។ តាមវិធីនេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាចាស់ គឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់នៅអ៊ីស្រាអែលក្នុងពេលនោះ។ ព្រះបន្ទូលដែលថ្លែងដោយពួកហោរា ដោយអេសាយ ដានីយ៉ែល យេរេមា និងអេសេគាល ... ពាក្យរបស់ពួកគេដែលបានទាយទុកអំពី កិច្ចការផ្សេងទៀតរបស់ទ្រង់នៅលើផែនដី គឺពួកគេបានទាយពីកិច្ចការរបស់ព្រះយេហូវ៉ាដែលជាព្រះអង្គទ្រង់ផ្ទាល់។ អ្វីៗទាំងអស់នេះមកពីព្រះជាម្ចាស់ វាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយក្រៅពីសៀវភៅគម្ពីរព្យាការីទាំងនេះ ចំពោះសៀវភៅគម្ពីរផ្សេងៗទៀត គឺជាការកត់ត្រាទុកនូវបទពិសោធន៍របស់មនុស្សអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅថ្ងៃនេះ តើនរណាខ្លះនៅក្នុងចំណោមអ្នករាល់គ្នាដែលហ៊ាននិយាយថា គ្រប់ទាំងពាក្យ ដែលត្រូវបានថ្លែងដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ សុទ្ធតែបានចេញមកពីព្រះវិញ្ញាណបរិសុទ្ធ? តើអ្នកណាខ្លះដែលហ៊ាននិយាយពាក្យបែបនេះទៅ? ប្រសិនបើអ្នកពិតជានិយាយបែបនេះមែនចុះហេតុអ្វី បានជាកណ្ឌគម្ពីរទំនាយរបស់អែសរ៉ា ត្រូវបានបោះបង់ចោល ហើយហេតុអ្វីបានជារឿងដូចគ្នានេះត្រូវបានធ្វើចំពោះកណ្ឌគម្ពីររបស់ពួកបរិសុទ្ធ និងពួកហោរាពីបុរាណទាំងនោះ? ប្រសិនបើពួកគេទាំងអស់នោះ បានមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាហ៊ានធ្វើការជ្រើសរើសដ៏សាវ៉ាបែបនេះ? តើអ្នកមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬ? មានសាច់រឿងជាច្រើន ចេញពីអ៊ីស្រាអែល ក៏ត្រូវបានបោះបង់ចោលដែរ ហើយប្រសិនបើអ្នកជឿថា សំណេរកាលពីអតីតកាលទាំងនេះ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ហេតុអ្វីបានជាសៀវភៅមួយចំនួនត្រូវបានបោះបង់ចោលដូច្នេះ? ប្រសិនបើសៀវភៅទាំងអស់នេះបានមកពីព្រះវិញ្ញាណបរិសុទ្ធ នោះសៀវភៅទាំងនោះគួរតែត្រូវបានរក្សាទុក ហើយផ្ញើទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំដើម្បីអានបាត់ទៅហើយ។ សៀវភៅទាំងនោះ មិនគួរណា មិនត្រូវបានជ្រើសរើស ឬបោះបង់ចោល ដោយឆន្ទៈរបស់មនុស្សឡើយ ដ្បិតការធ្វើបែបនេះ គឺជារឿងខុសហើយ។ ការនិយាយថា បទពិសោធន៍របស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយគតិជ្រៅជ្រះផ្ទាល់ខ្លួនរបស់គេ មិនមែនមានន័យថា បទពិសោធន៍ និងចំណេះដឹងរបស់គេ មកពីអារក្សសាតាំងនោះឡើយ ប៉ុន្តែ វាគ្រាន់តែមានន័យថា ពួកគេមាននូវសេចក្តីដែលចេញមកពីបទពិសោធន៍ និងគតិជ្រៅជ្រះរបស់គេប៉ុណ្ណោះ។ ចំណេះដឹងរបស់គេគឺស្របតាមសាវតារនៃបទពិសោធន៍ពិតរបស់គេនៅគ្រានោះ ដូច្នេះ តើនរណាអាចហ៊ាននិយាយទាំងជឿជាក់ថា អ្វីៗទាំងអស់នេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះ? ប្រសិនបើកណ្ឌគម្ពីរដំណឹងល្អទាំងបួនសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ចែងខុសៗគ្នាអំពីកិច្ចការរបស់ព្រះយេស៊ូវបែបនេះ? ប្រសិនបើអ្នករាល់គ្នាមិនជឿលើការនេះទេ សាកបើកមើលព្រះគម្ពីរអំពីរបៀបដែលពេត្រុសបដិសេធព្រះអម្ចាស់ចំនួនបីដងទៅមើល៍៖ កណ្ឌគម្ពីរទាំងអស់ចែងខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវចរិតលក្ខណៈរបស់គេរៀងៗខ្លួន។ មនុស្សដែលល្ងីល្ងើនិយាយថា «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ជាមនុស្សផងដែរ ដូច្នេះ តើព្រះបន្ទូលដែលទ្រង់ថ្លែងពិតជាអាចចេញមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើពាក្យរបស់ប៉ុល និងយ៉ូហាន ត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស តើព្រះបន្ទូលដែលទ្រង់ថ្លែងនោះមិនលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?» មនុស្សដែលនិយាយបែបនេះ គឺជាមនុស្សខ្វាក់ និងល្ងង់ខ្លៅ! ចូរអានកណ្ឌគម្ពីរដំណឹងល្អទាំងបួនដោយយកចិត្តទុកដាក់ចុះ។ ចូរអានអ្វីដែលគេបានកត់ត្រាអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងព្រះបន្ទូលដែលទ្រង់បានថ្លែង។ កណ្ឌគម្ពីរនីមួយៗមានលក្ខណៈខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវទស្សនៈរបស់វាផ្ទាល់។ ប្រសិនបើសេចក្តីដែលត្រូវបានសរសេរដោយអ្នកនិពន្ធនៃកណ្ឌគម្ពីរទាំងនេះ សុទ្ធតែមកអំពពីព្រះវិញ្ញាណបរិសុទ្ធ នោះវាគួរតែមានភាពដូចគ្នា និងភាពជាប់លាប់មិនខាន។ ចុះហេតុអ្វីបានជាវាមានភាពផ្សេងគ្នាយ៉ាងដូច្នេះ? តើមនុស្សមិនល្ងីល្ងើពេកទេឬអី ដែលមើលមិនឃើញអំពីចំណុចនេះ?

ដកស្រង់ពី «អំពីងារ និងអត្តសញ្ញាណ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដំណឹងល្អតាមរយៈម៉ាថាយនៅក្នុងគម្ពីរសញ្ញាថ្មី កត់ត្រាអំពីពង្សាវតារបស់ព្រះយេស៊ូវ។ ជាដំបូងព្រះគម្ពីរនិយាយថា ព្រះយេស៊ូវគឺជាពូជពង្សរបស់អ័ប្រាហាំ និងដាវីដ ហើយជាកូនរបស់យ៉ូសែប។ បន្ទាប់មកព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ និងបានប្រសូតពីស្ត្រីព្រហ្មចារី ដែលអាចមានន័យថា ទ្រង់មិនមែនជាកូនរបស់យ៉ូសែប ឬជាពូជពង្សរបស់អ័ប្រាហាំ និងក៏មិនមែនជាពូជពង្សរបស់ព្រះបាទដាវីដនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពង្សាវតាអះអាងពីទំនាក់ទំនងរវាងព្រះយេស៊ូវ និងយ៉ូសែប។ បន្ទាប់មក ពង្សាវតាចាប់ផ្តើមកត់ត្រាអំពីដំណើររឿងដែលព្រះយេស៊ូវបានប្រសូត។ ព្រះគម្ពីរនិយាយថា ព្រះយេស៊ូវបានចាប់បដិសន្ធិដោយព្រះវិញ្ញាណបរិសុទ្ធ ទ្រង់បានប្រសូតពីស្ត្រីព្រហ្មចារី និងមិនមែនជាកូនរបស់យ៉ូសែបទេ។ ប៉ុន្តែនៅក្នុងពង្សាវតាបានសរសេរយ៉ាងច្បាស់ថា ព្រះយេស៊ូវគឺជាកូនរបស់យ៉ូសែប ហើយដោយសារពង្សាវតាត្រូវបានសរសេរសម្រាប់ព្រះយេស៊ូវ នោះវាបានកត់ត្រាមនុស្ស ៤២ជំនាន់។ នៅពេលដែលដល់ជំនាន់យ៉ូសែប ព្រះគម្ពីរក៏រៀបរាប់យ៉ាងប្រញាប់ប្រញាល់ថា យ៉ូសែបគឺជាប្តីនាងម៉ារា ជាពាក្យដែលត្រូវបានផ្តល់មកដើម្បីអះអាងថា ព្រះយេស៊ូវ គឺជាពូជពង្សរបស់អ័ប្រាហាំ។ តើនេះមិនមែនជាភាពផ្ទុយគ្នាទេឬអី? ពង្សាវតាកត់ត្រាយ៉ាងច្បាស់អំពីពូជពង្សរបស់យ៉ូសែប គឺពិតជាពង្សាវតារបស់យ៉ូសែបមែន ប៉ុន្តែម៉ាថាយបញ្ជាក់ថា វាគឺជាពង្សាវតារបស់ព្រះយេស៊ូវ។ តើនេះមិនមែនបដិសេធនឹងការពិតអំពីការចាប់បដិសន្ធិរបស់ព្រះយេស៊ូវ ដោយព្រះវិញ្ញាណបរិសុទ្ធទេឬអី? ដូច្នេះ តើពង្សាវតាដែលម៉ាថាយសរសេរនេះ មិនមែនជាគំនិតរបស់មនុស្សទេឬអី? វាគួរឲ្យអស់សំណើចណាស់! នេះគឺជាវិធីដែលអ្នកអាចដឹងថា កណ្ឌគម្ពីរនេះមិនមែនមកពីព្រះវិញ្ញាណបរិសុទ្ធទាំងស្រុងនោះទេ។ ប្រហែលជាមានមនុស្សមួយចំនួនគិតថា ព្រះជាម្ចាស់ត្រូវតែមានពង្សាវតាមួយនៅលើផែនដី ដោយសារពួកគេចាត់ទុកព្រះយេស៊ូវ ជាកូនចៅជំនាន់ទី ៤២របស់អ័ប្រាហាំ។ នោះពិតជារឿងគួរឲ្យអស់សំណើចមែន! បន្ទាប់ពីការយាងមកកាន់ផែនដី ម្តេចក៏ព្រះជាម្ចាស់អាចមានពង្សាវតាទៅកើត? ប្រសិនបើអ្នកនិយាយថា ព្រះជាម្ចាស់មានពង្សាវតា តើអ្នកមិនចាត់ថ្នាក់ទ្រង់ ទៅក្នុងចំណោមសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? ដោយសារព្រះជាម្ចាស់មិនមែនជារបស់ផែនដី ទ្រង់គឺជាព្រះអម្ចាស់នៃការបង្កើត ហើយទោះបីជាទ្រង់នៅក្នុងសាច់ឈាមក៏ដោយ ក៏ទ្រង់មិនមានលក្ខណៈដូចមនុស្សដែរ។ ម្តេចក៏អ្នកអាចចាត់ថ្នាក់ព្រះជាម្ចាស់ជាប្រភេទដូចគ្នាទៅនឹងសត្តនិកររបស់ព្រះជាម្ចាស់បាន? អ័ប្រាហាំមិនអាចតំណាងព្រះជាម្ចាស់បានទេ។ គាត់គឺជាកម្មវត្ថុនៃកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ គាត់គ្រាន់តែអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ ដែលព្រះយេហូវ៉ាបានយល់ព្រមប៉ុណ្ណោះ ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនអ៊ីស្រាអែលប៉ុណ្ណោះ។ ម្តេចក៏គាត់អាចជាបុព្វបុរសរបស់ព្រះយេស៊ូវទៅកើត?

តើនរណាជាអ្នកសរសេរអំពីពង្សាវតារបស់ព្រះយេស៊ូវ? តើព្រះយេស៊ូវផ្ទាល់ព្រះអង្គបានសរសេរវាមែនទេ? តើព្រះយេស៊ូវបានមានបន្ទូលដោយផ្ទាល់ទៅកាន់ពួកគេថា «ចូរសរសេរពង្សាវតារបស់ខ្ញុំ» មែនទេ? ពង្សាវតានេះត្រូវបានកត់ត្រាដោយម៉ាថាយ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាងនឹងដែកគោលនៅលើឈើឆ្កាង។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើនដែលពួកសាវ័ករបស់ទ្រង់មិនអាចយល់បាន ហើយទ្រង់មិនបានផ្តល់ការពន្យល់ណាមួយនោះទេ។ បន្ទាប់ពីទ្រង់ចាកចេញទៅ ពួកសាវ័កចាប់ផ្តើមអធិប្បាយព្រះបន្ទូល និងធ្វើកិច្ចការគ្រប់ទីកន្លែង ហើយដើម្បីផលប្រយោជន៍នៃដំណាក់កាលរបស់កិច្ចការនោះ ពួកគេចាប់ផ្តើមសរសេរសំបុត្រ និងកណ្ឌគម្ពីរដំណឹងល្អ។ កណ្ឌគម្ពីរនៃដំណឹងល្អរបស់សញ្ញាថ្មីត្រូវបានកត់ត្រា ២០ ទៅ ៣០ឆ្នាំ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានឆ្កាង។ ពីមុន ប្រជាជនអ៊ីស្រាអែលអានតែគម្ពីរសញ្ញាចាស់ប៉ុណ្ណោះ។ ពោលគឺ នៅដើមយុគសម័យនៃព្រះគុណ មនុស្សបានអានសញ្ញាចាស់។ ព្រះគម្ពីរសញ្ញាថ្មីទើបតែបានលេចឡើងអំឡុងពេលយុគសម័យនៃព្រះគុណប៉ុណ្ណោះ។ នៅពេលដែលព្រះយេស៊ូវបានធ្វើកិច្ចការ គម្ពីរសញ្ញាថ្មីមិនមាននោះទេ។ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ និងបានយាងទៅកាន់ស្ថានសួគ៌វិញ ទើបមនុស្សបានកត់ត្រាកិច្ចការរបស់ទ្រង់។ ពេលនោះ គឺទើបមានកណ្ឌគម្ពីរដំណឹងល្អចំនួនបួនកណ្ឌប៉ុណ្ណោះ បន្ថែមទៅលើសំបុត្ររបស់ប៉ុល និងពេត្រុស ក៏ដូចជាកណ្ឌគម្ពីរវិវរណៈ។ ជាងបីរយឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានយាងទៅស្ថានសួគ៌វិញ មនុស្សជំនាន់ក្រោយៗបានប្រមូលចងក្រងឯកសារទាំងនេះយ៉ាងសម្រិតសម្រាំង ហើយទើបមានជាព្រះគម្ពីរសញ្ញាថ្មី។ ទាល់តែកិច្ចការនេះបានចប់រួចរាល់ប៉ុណ្ណោះ ទើបមានព្រះគម្ពីរសញ្ញាថ្មី ដែលពីមុនគឺគ្មានព្រះគម្ពីរនេះទេ។ ព្រះជាម្ចាស់បានធ្វើកិច្ចការទាំងអស់នោះ ហើយប៉ុល និងសាវ័កដទៃទៀត បានសរសេរសំបុត្រជាច្រើនទៅកាន់ពួកជំនុំនៅតាមទីកន្លែងនានា។ បន្ទាប់ពីនោះមក មនុស្សជំនាន់ក្រោយៗក៏បានប្រមូលផ្តុំសំបុត្ររបស់ពួកគេ ហើយបានបញ្ចូលនិមិត្តដ៏អស្ចារ្យ ដែលបានកត់ត្រាដោយយ៉ូហាន នៅលើកោះប៉ាត់ម៉ុស ដែលទាយទុកពីកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ មនុស្សបានបង្កើតលំដាប់លេខរៀងនេះ ដែលខុសពីសូរសៀងសព្វថ្ងៃ។ អ្វីដែលត្រូវបានកត់ត្រាសព្វថ្ងៃនេះ គឺផ្អែកលើជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សចូលរួមនៅសព្វថ្ងៃនេះ គឺជាកិច្ចការដែលព្រះជាម្ចាស់បានធ្វើដោយផ្ទាល់ ហើយព្រះបន្ទូលត្រូវបានថ្លែងដោយទ្រង់ផ្ទាល់។ អ្នកដែលជាមនុស្សជាតិ មិនត្រូវការជ្រៀតជ្រែកនោះទេ។ ព្រះបន្ទូលដែលមកដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានរៀបចំជាជំហានៗ ហើយខុសពីការរៀបចំនៃការកត់ត្រារបស់មនុស្ស។ អ្វីដែលពួកគេបានកត់ត្រា អាចនិយាយបានថា ផ្អែកលើកម្រិតនៃការអប់រំរបស់ពួកគេ និងសមត្ថភាពជាមនុស្ស។ អ្វីដែលពួកគេបានកត់ត្រា គឺជាបទពិសោធន៍របស់មនុស្ស ហើយម្នាក់ៗមានមធ្យោបាយនៃការកត់ត្រា និងការយល់ដឹងផ្ទាល់ខ្លួនរបស់ពួកគេ ហើយការកត់ត្រានីមួយៗគឺខុសៗគ្នា។ ដូច្នេះ ប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរជាព្រះជាម្ចាស់ នោះអ្នកល្ងង់ខ្លៅ និងល្ងីល្ងើបំផុត! ហេតុអ្វីបានជាអ្នកមិនស្វះស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់សព្វថ្ងៃ? មានតែកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចសង្គ្រោះមនុស្សបាន។ ព្រះគម្ពីរមិនអាចសង្គ្រោះមនុស្សបានទេ មនុស្សអាចអានអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយនៅតែអាចមិនមានការផ្លាស់ប្តូរសូម្បីបន្តិចនៅក្នុងពួកគេ ហើយប្រសិនបើអ្នកថ្វាយបង្គំព្រះគម្ពីរ នោះអ្នកនឹងមិនដែលទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។

ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. ព្រះគម្ពីរគ្រាន់តែជាការកត់ត្រាមួយនៃដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គឺយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ ព្រះគម្ពីរមិនមែនជាការកត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងឡើយ។

បន្ទាប់៖ ៣. ពិភពសាសនាគិតថា ជំនឿលើព្រះជាម្ចាស់គឺជាជំនឿលើព្រះគម្ពីរ ហើយការចាកចេញពីព្រះគម្ពីរ គឺមិនមែនជាជំនឿលើព្រះជាម្ចាស់ឡើយ ការយល់ឃើញនេះ គឺខុស

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ