មានតែក្នុងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ទើបមនុស្សអាចបានសង្គ្រោះ

នៅចំពោះមុខមនុស្សគ្រប់គ្នា ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺជាកិច្ចការដែលគេមិនធ្លាប់បានដឹងសោះ ដ្បិតមនុស្សគិតថា ការគ្រប់គ្រងរបស់ទ្រង់ ត្រូវបានដាក់ឲ្យនៅឆ្ងាយពីគេស្រឡះ។ មនុស្សគិតថា ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺជាកិច្ចការរបស់ទ្រង់តែមួយអង្គគត់ ហើយមានតែទ្រង់ទេដែលត្រូវខ្វល់ខ្វាយនឹងកិច្ចការនេះ ដូច្នេះហើយ បានជាមនុស្សជាតិ មិនអើពើនឹងកិច្ចការគ្រប់គ្រងរបស់ទ្រង់ឡើយ។ យ៉ាងនេះបានជាសេក្ដីសង្គ្រោះរបស់មនុស្សជាតិ ក្លាយជាស្រពិចស្រពិល មើលមិនយល់ ហើយពេលនេះក៏ទទេស្អាត គឺសល់តែវោហារឥតន័យប៉ុណ្ណោះ។ ថ្វីបើមនុស្សដើរតាមព្រះជាម្ចាស់ ដើម្បីទទួលនូវសេចក្ដីសង្គ្រោះ ហើយឈានទៅដល់គោលដៅដ៏អស្ចារ្យនេះ គេគ្មានអ្វីត្រូវខ្វល់ខ្វាយថា ព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់យ៉ាងណាឡើយ។ មនុស្សមិនយកចិត្តទុកដាក់នឹងអ្វីដែលព្រះជាម្ចាស់បានគ្រោងទុកទេ ក៏មិនខ្វល់នឹងចំណែកតួនាទីដែលគេត្រូវបំពេញ ដើម្បីឲ្យបានសង្គ្រោះនោះដែរ។ នេះបានពិតជាគួរឲ្យស្ដាយណាស់។ សេចក្ដីសង្គ្រោះរបស់មនុស្ស មិនកាត់ផ្ដាច់ចេញពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនអាចកាត់ផ្ដាច់ចេញពីផែនការរបស់ទ្រង់ដែរ។ ដោយឡែក មនុស្សមិនគិតគូរអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទេ ហើយគេក៏នៅកាន់តែឆ្ងាយពីទ្រង់ទៀតផង។ កត្តានេះបានបង្កឲ្យចំនួនមនុស្សដែលមិនដឹងអ្វីសោះអំពីបញ្ហាសំខាន់ទាក់ទងនឹងចម្ងល់អំពីសេចក្ដីសង្គ្រោះ ដែលមានដូចជា អ្វីទៅជាកំណើតផែនដី អ្វីទៅជាជំនឿលើព្រះជាម្ចាស់ វិធីថ្វាយបង្គំព្រះជាម្ចាស់ ។ល។ និង ។ល។ កើនឡើងកាន់តែច្រើន បន្ថែមលើចំនួនអ្នកដែលដើរតាមទ្រង់។ ហេតុនេះ ពេលនេះយើងត្រូវពិភាក្សាអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សម្នាក់ៗដែលដើរតាមទ្រង់ យល់ច្បាស់អំពីអត្ថន័យនៃការដើរតាម និងការជឿដល់ទ្រង់។ ទង្វើនេះនឹងជួយឲ្យមនុស្សម្នាក់ៗ ជ្រើសរើសផ្លូវដែលគេត្រូវដើរបានយ៉ាងសុក្រឹត មិនមែនគ្រាន់តែដើរតាមព្រះជាម្ចាស់ ដើម្បីឲ្យបានតែព្រះពរ ឬក៏គេចពីសេចក្ដីវិនាសអន្តរាយ ឬឲ្យបានឈ្មោះល្បីនៅក្នុង ចំណោមមនុស្សដទៃនោះឡើយ។

ថ្វីបើការគ្រប់គ្រងរបស់ព្រះជាម្ចាស់មានលក្ខណៈ ជ្រាលជ្រៅក៏ពិតមែន ប៉ុន្តែក៏មិនមែនហួសពីការយល់ដឹងរបស់មនុស្សដែរ។ នេះគឺមកពីកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រង និងកិច្ចការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ ហើយក៏ពាក់ព័ន្ធនឹងជីវិត ការរស់នៅ និងគោលដៅជីវិតរបស់មនុស្សជាតិដែរ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងចំណោមមនុស្ស ហើយធ្វើលើជីវិតគេ អាចនិយាយបានថាជាកិច្ចការដ៏ជាក់ច្បាស់ ហើយពោរពេញដោយអត្ថន័យទៀតផង។ មនុស្សអាចមើលឃើញ និងអាចស្គាល់កិច្ចការនេះច្បាស់ ម្យ៉ាងកិច្ចការនេះមិនមែនជាកិច្ចការអរូបីនោះទេ។ ប្រសិនបើមនុស្សមិនអាចទទួលយកកិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ នោះតើកិច្ចការរបស់ទ្រង់មានសារៈប្រយោជន៍អ្វី? ហើយតើការគ្រប់គ្រងបែបនេះ អាចនាំមនុស្សទៅឯសេចក្ដីសង្គ្រោះបានដោយរបៀបណា? មនុស្សជាច្រើនដែលដើរតាមព្រះជាម្ចាស់ ខ្វល់ខ្វាយតែនឹងរឿងធ្វើយ៉ាងណា ទើបបានព្រះពរ ឬធ្វើយ៉ាងណា ទើបចៀសផុតពីក្ដីវិនាសអន្តរាយតែប៉ុណ្ណោះ។ កាលណាកិច្ចការ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានលើកយកមកនិយាយ នោះពួកគេនឹងស្ងាត់មាត់ឈឹង ហើយលែងចាប់អារម្មណ៍ភ្លាម។ ពួកគេគិតថា ការយល់ដឹងអំពីបញ្ហាដ៏គួរឲ្យធុញទ្រាន់បែបនេះ នឹងមិនជួយឲ្យជីវិតរបស់គេចម្រើនឡើង ឬផ្ដល់ជាប្រយោជន៍អ្វីនោះឡើយ។ ហេតុនេះ បើទោះបីជាពួកគេបានដឹងឮអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏ពួកគេពុំសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។ ពួកគេមិនរាប់សេចក្ដីនេះទុកជារបស់មានតម្លៃ ដែលត្រូវទទួលទុកទេ ក៏រឹតតែមិនទទួលយកសេចក្ដីនេះ មកធ្វើជាចំណែកនៃជីវិតរបស់គេផង។ មនុស្សបែបនេះមានគោលដៅដ៏សាមញ្ញមួយគត់ ក្នុងការដើរតាមព្រះជាម្ចាស់ ហើយគោលដៅសាមញ្ញមួយនោះគឺ ការទទួលព្រះពរ។ មនុស្សបែបនេះមិនរវល់យកចិត្តទុកដាក់នឹងអ្វីៗផ្សេងទៀត ដែលមិនពាក់ព័ន្ធគោលដៅនេះឡើយ។ ចំពោះពួកគេ ការជឿលើព្រះជាម្ចាស់ គឺគ្មានគោលដៅណាមួយ ដែលស័ក្តិសមជាងការទទួលព្រះពរនោះឡើយ នេះហើយគឺជាគុណតម្លៃដ៏ពិតនៃសេចក្ដីជំនឿរបស់គេ។ ប្រសិនបើកិច្ចការផ្សេងទៀត គ្មានចំណេញអ្វីសោះដល់គោលបំណងមួយនេះ ពួកគេនឹងមិនខ្វល់នឹងកិច្ចការនោះឡើយ។ នេះគឺជាករណីជាក់ស្ដែង សម្រាប់មនុស្សភាគច្រើនដែលជឿលើព្រះជាម្ចាស់សព្វថ្ងៃនេះ។ គោលបំណង និងក្ដីប្រាថ្នារបស់គេ ហាក់បីដូចជាស័ក្តិសមណាស់ ដ្បិតនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ពួកគេលះបង់ដើម្បីព្រះជាម្ចាស់ គេដាក់ចិត្តកាយថ្វាយដល់ព្រះជាម្ចាស់ និងបំពេញកាតព្វកិច្ចរបស់គេទៀតផង។ ពួកគេបោះបង់យុវភាពរបស់គេ បោះបង់គ្រួសារ និងការងាររបស់គេ ថែមទាំងចំណាយពេលជាច្រើនឆ្នាំនៅឆ្ងាយពីគ្រួសារ ធ្វើឲ្យខ្លួនឯងមមាញឹក។ ដោយសារគោលបំណងចុងក្រោយរបស់ខ្លួន ពួកគេផ្លាស់ប្ដូរចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គេ ផ្លាស់ប្ដូរទស្សនគតិចំពោះជីវិតរបស់គេ ព្រមទាំងបោះបង់ទិសដៅជីវិតដែលគេស្វះស្វែងរក ប៉ុន្តែពួកគេមិនអាចបោះបង់គោលបំណងនៃជំនឿរបស់គេ ចំពោះព្រះជាម្ចាស់បានឡើយ។ ពួកគេវីវក់វិលវល់នឹងការគ្រប់គ្រងគំនិតស្រមើស្រមៃផ្ទាល់ខ្លួនរបស់គេ ទោះបីជាផ្លូវនោះឆ្ងាយយ៉ាងណា ហើយទោះបីជាមានការលំបាក និងឧបសគ្គនៅតាមផ្លូវច្រើនយ៉ាងណា ក៏ពួកគេនៅតែតស៊ូ ហើយមិនភ័យខ្លាចចំពោះសេចក្ដីស្លាប់ដែរ។ តើមានអនុភាពអ្វីមកជំរុញឲ្យពួកគេបន្តដាក់ចិត្តកាយលះបង់របៀបនេះ? តើវាជាបញ្ញាចិត្តរបស់គេមែនទេ? តើវាជាចរិតឆ្នើម និងថ្លៃថ្នូររបស់គេមែនទេ? តើវាជាការតាំងចិត្តតយុទ្ធនឹងអំណាចវិញ្ញាណអាក្រក់ រហូតដល់ទីបញ្ចប់មែនទេ? តើវាជាសេចក្ដីជំនឿរបស់គេ ក្នុងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ដោយមិនគិតចង់បានរង្វាន់មែនទេ? តើវាជាភាពស្មោះត្រង់របស់គេ ក្នុងការស្ម័គ្រចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសម្រេចបំណងព្រះហឫទ័យព្រះមែនទេ? ឬមួយវាជាទឹកចិត្តភក្ដីរបស់គេក្នុងការពលីជានិច្ច នូវការទាមទារផ្ទាល់ខ្លួនហួសហេតុ? សម្រាប់មនុស្សម្នាក់ដែលមិនធ្លាប់យល់ពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តែនៅលះបង់ច្រើនដល់ម្ល៉ឹង និយាយឲ្យខ្លីទៅ គឺអស្ចារ្យណាស់! ចូរយើងផ្អាកជជែកពីទំហំនៃការលះបង់របស់មនុស្សបែបនេះមួយគ្រាសិន។ យ៉ាងណាមិញ កិរិយារបស់ពួកគេ គឺពិតជាសមនឹងឲ្យយើងយកមកវិភាគមែន។ ក្រៅពីអត្ថប្រយោជន៍ដែលមានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយនឹងពួកគេ តើអាចមានហេតុផលអ្វីខ្លះទៀត ដែលធ្វើឲ្យមនុស្សដែលមិនយល់ពីព្រះជាម្ចាស់ ហ៊ានលះបង់ច្រើនដល់ម្ល៉ឹង? ក្នុងអត្ថបទនេះ យើងរកឃើញបញ្ហាមួយដែលមិនត្រូវបានគេរកឃើញពីមុនមកសោះគឺ៖ សម្ពន្ធភាពរបស់មនុស្សជាមួយនឹងព្រះជាម្ចាស់ គឺគ្រាន់តែជាសម្ពន្ធភាពដើម្បីប្រយោជន៍ខ្លួនឯងសុទ្ធសាធ។ សម្ពន្ធភាពនេះ គឺជាសម្ពន្ធភាពរវាងអ្នកទទួលព្រះពរ និងអ្នកប្រទានព្រះពរ។ និយាយឲ្យចំទៅ គឺវាស្រដៀងគ្នានឹងសម្ពន្ធភាពរវាងកូនឈ្នួល និងថៅកែដែរ។ កូនឈ្នួលធ្វើការដើម្បីទទួលតែរង្វាន់ដែលថៅកែផ្ដល់ឲ្យ។ សម្ពន្ធភាពមួយនេះ ទឹកចិត្តស្រឡាញ់គឺគ្មានទេ មានតែការជួញដូរ។ ការស្រឡាញ់ និងការទទួលនូវការស្រឡាញ់ គឺគ្មានទេ មានតែទាន និងចិត្តមេត្តា។ គ្មានការយោគយល់ មានតែការតូចចិត្តដែល ត្រូវគេសង្កត់សង្កិន និងការបោកប្រាស់តែប៉ុណ្ណោះ។ ភាពស្និទ្ធស្នាលក៏គ្មាន គឺមានតែភាពខ្វែងគំនិត ដែលមិនអាចឆ្លងគ្នាបាន។ ពេលនេះ អ្វីៗក៏បានឈានមកដល់ចំណុចនេះទៅហើយ តើនរណាអាចឲ្យសកម្មភាពនេះ ត្រឡប់ទៅក្រោយវិញបាន? ហើយតើមានមនុស្សប៉ុន្មាននាក់ ដែលអាចយល់ដឹងប្រាកដថា សម្ពន្ធភាពនេះដុនដាបដល់កម្រិតណាហើយ? អញជឿថា កាលណាមនុស្សពន្លិចខ្លួន ឯងទៅក្នុងអំណរនៃការទទួលព្រះពរនោះ គឺគ្មាននរណាម្នាក់គិតស្មានសោះថា សម្ពន្ធភាពបែបនេះជាមួយនឹងព្រះជាម្ចាស់ វាគួរឲ្យអាម៉ាស់ និងអាក្រក់កម្រិតណា។

រឿងដ៏សោកសៅបំផុតអំពីជំនឿរបស់មនុស្សជាតិ លើព្រះជាម្ចាស់គឺ មនុស្សអនុវត្តការគ្រប់គ្រងផ្ទាល់ខ្លួនរបស់គេនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ ភាពបរាជ័យដ៏ធំបំផុតរបស់មនុស្ស ស្ថិតនៅក្នុងរបៀបដែលមនុស្សកំពុងបង្កើតគោលដៅជីវិតដ៏ល្អជារបស់ខ្លួនឯង ហើយរៀបគម្រោងធ្វើយ៉ាងណាដើម្បីទទួលបាននូវព្រះពរដ៏ធំបំផុត និងគោលដៅជីវិតដ៏ល្អបំផុត។ ប្រសិនបើមនុស្សយល់ដឹងថា ពួកគេគួរឲ្យអាណិត គួរឲ្យស្អប់ និងគួរឲ្យអាសូរកម្រិតណា តើមនុស្សប៉ុន្មាននាក់អាចបោះបង់គំនិត និងសេចក្ដីសង្ឃឹមរបស់គេភ្លាមៗបាន? តើនរណាខ្លះអាចផ្អាកដំណើរជីវិតរបស់ខ្លួនឯង ហើយបញ្ឈប់គំនិតអាត្មានិយមដែលគិតតែពីខ្លួនឯងបាន? ព្រះជាម្ចាស់ត្រូវការមនុស្សណាដែលសហការយ៉ាងជិតស្និទ្ធជាមួយទ្រង់ ដើម្បីសម្រេចការគ្រប់គ្រងរបស់ព្រះអង្គ។ ព្រះជាម្ចាស់ត្រូវការអស់អ្នកដែលចុះចូលចំពោះទ្រង់ ដោយលះបង់គំនិត និងរូបកាយ ដើម្បីកិច្ចការគ្រប់គ្រងរបស់ទ្រង់។ ទ្រង់មិនត្រូវការមនុស្សណាដែលលាដៃសុំពីទ្រង់រាល់ថ្ងៃឡើយ ក៏រឹតតែមិនត្រូវការមនុស្សណាដែលលះបង់តែបន្តិចបន្តួច រួចហើយទន្ទឹងរង់ចាំទទួលរង្វាន់ធំនោះដែរ។ ព្រះជាម្ចាស់ស្អប់អស់អ្នកដែលធ្វើទានបន្តចបន្តួច ហើយស្កប់ចិត្តនឹងស្នាដៃរបស់ខ្លួន ទាំងមិនធ្វើអ្វីសោះ។ ទ្រង់ស្អប់មនុស្សឈាមត្រជាក់ដែលពេញចិត្តនឹងកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយចង់និយាយតែអំពីរឿងទៅស្ថានសួគ៌ និងការទទួលព្រះពរ។ ទ្រង់ក៏រឹតតែស្អប់អស់អ្នកដែលកេងចំណេញពីឱកាសដែលផ្ដល់ដោយកិច្ចការដែលទ្រង់ធ្វើក្នុងការសង្គ្រោះមនុស្សជាតិ។ នោះគឺមកពីមនុស្សទាំងអស់នេះ មិនដែលខ្វល់ខ្វាយនឹងលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេច និងយកឲ្យបានតាមរយៈកិច្ចការគ្រប់គ្រងរបស់ទ្រង់ទេ។ ពួកគេខ្វល់តែរឿងធ្វើយ៉ាងណាឲ្យពួកគេអាចប្រើឱកាស ដែលត្រូវបានផ្ដល់ឲ្យដោយកិច្ចការរបស់ព្រះជាម្ចាស់ មកទទួលយកព្រះពរតែប៉ុណ្ណោះ។ ពួកគេមិនខ្វល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដោយរវល់អំពល់គិតអំពីអនាគត និងជោគវាសនាផ្ទាល់របស់ពួកគេ។ មនុស្សដែលពេញចិត្តនឹងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ប៉ុន្តែគ្មានចំណាប់អារម្មណ៍ចំពោះរបៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ និងចំពោះបំណងព្រះហឫទ័យទ្រង់ សូម្បីតែបន្តិច គឺគេកំពុងតែផ្គាប់ចិត្តខ្លួនឯងតាមរបៀបមួយ ដែលដាច់ចេញពីកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិននឹកចាំ និងមិនទទួលកិរិយារបស់ពួកគេឡើយ ហើយក៏រឹតតែមិនទតមកពួកគេដោយពេញព្រះហឫទ័យដែរ។

នៅក្នុងភាពល្វឹងល្វើយនៃចក្រវាឡ និងនភាល័យ មានសភាវៈមានជីវិតរាប់មិនអស់កំពុងតែរស់រាន និងបន្តពូជទៅតាមក្រឹត្យក្រមវដ្ដជីវិត ហើយប្រកាន់ខ្ជាប់នូវក្រឹត្យក្រមដ៏ម៉ឺងម៉ាត់មួយ។ មនុស្សដែលស្លាប់ គឺស្លាប់ទៅទាំងយករឿងរ៉ាវមនុស្សដែលនៅរស់ទៅជាមួយ ឯមនុស្សដែលនៅរស់ គឺរស់ជាន់ដានប្រវត្តិសាស្ត្រសោកនាដកម្មដូចគ្នាដដែលៗរបស់មនុស្សដែលស្លាប់ទៅ។ ហេតុនេះហើយ មនុស្សជាតិគ្មានទីពឹងឡើយ មានតែពីសួរខ្លួនឯងថា៖ ហេតុអ្វីបានជាយើងរស់រាន? ហើយហេតុអ្វីបានជាយើងស្លាប់? តើនរណាជាអ្នកបញ្ជាពិភពលោកនេះ? ហើយតើនរណាបានបង្កើតមនុស្សជាតិនេះឡើងមក? តើមនុស្សជាតិពិតជាកើតមកពីមាតាធម្មជាតិមែនទេ? តើមនុស្សជាតិ គឺជាអ្នកគ្រប់គ្រងជោគវាសនារបស់ខ្លួនឯងពិតប្រាកដទេ? ... ទាំងអស់នេះគឺជាចម្ងល់ ដែលមនុស្សចេះតែសួរឥតស្រាកស្រាន្ត អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ជាអកុសល កាលណាមនុស្សរឹតតែខ្វល់ចិត្តនឹងសំណួរទាំងអស់នេះ ពួកគេក៏រឹតតែស្រេកឃ្លានចង់ដឹងពីវិទ្យាសាស្ត្រដែរ។ វិទ្យាសាស្រ្តផ្ដល់ក្ដីសោមនស្សមួយរយៈខ្លី និងផ្ដល់ភាពរីករាយបណ្ដោះអាសន្នដល់សាច់ឈាម ប៉ុន្តែមិនល្មមនឹងរំដោះមនុស្សឲ្យរួចពីភាពត្រម៉ង់ត្រម៉ោច ភាពតែលតោល និងភាពភ័យខ្លាចដែលពិបាកបិទបាំង ព្រមទាំងភាពគ្មានទីពឹង ដែលកប់ជ្រៅនៅក្នុងចិត្តរបស់គេ។ មនុស្សជាតិគ្រាន់តែប្រើចំណេះដឹងផ្នែកវិទ្យាសាស្រ្តដែលគេអាចមើលឃើញនឹងភ្នែករបស់គេផ្ទាល់ ហើយយល់ដោយខួរក្បាលរបស់គេ ដើម្បីធ្វើឲ្យចិត្តរបស់គេស្ងប់ប៉ុណ្ណោះ។ ប៉ុន្តែ ចំណេះដឹងផ្នែកវិទ្យាសាស្រ្តបែបនេះ មិនល្មមនឹងអាចបញ្ឈប់មនុស្សជាតិពីការស្រាវជ្រាវ សេចក្ដីអាថ៌កំបាំងឡើយ។ មនុស្សជាតិមិនស្គាល់ព្រះដែលប្រកបដោយអធិបតីភាពលើរបស់សព្វសារពើក្នុងពភពលោកនេះជានរណាទេ គេក៏រឹតតែមិនដឹងពីដើមចម និងអនាគតរបស់មនុស្សជាតិទៅទៀត។ មនុស្សជាតិរស់នៅក្នុងក្រឹត្យក្រមនេះ ព្រោះតែវាមិនអាចចៀសផុតប៉ុណ្ណោះ។ គ្មាននរណាអាចគេចផុតពីក្រឹត្យក្រមនេះឡើយ ហើយក៏គ្មាននរណាអាចផ្លាស់ប្ដូរក្រឹត្យក្រមនេះដែរ ដ្បិតនៅក្នុងសព្វសារពើទាំងអស់ ទាំងនៅស្ថានសួគ៌ផង គឺមានតែព្រះមួយអង្គគត់ ដែលមានអធិបតេយ្យភាពលើអ្វីៗគ្រប់យ៉ាង។ ទ្រង់គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់មើលឃើញ គឺជាព្រះដែលមនុស្សជាតិមិនធ្លាប់ដឹងឮ ជាព្រះដែលមនុស្សជាតិមិនជឿថា មានវត្តមានគង់នៅ ប៉ុន្តែ ទ្រង់ជាព្រះដែលបានផ្លុំខ្យល់ដង្ហើមជីវិតឲ្យបុព្វបុរសរបស់មនុស្សជាតិ ព្រមទាំងប្រទានជីវិតដល់មនុស្សជាតិផង។ ព្រះអង្គជាព្រះដែលផ្គត់ផ្គង់ និងចិញ្ចឹមបីបាច់មនុស្សជាតិ ឲ្យគេបានរស់នៅ ហើយក៏ជាព្រះដែលបានដឹកនាំមនុស្សជាតិ ដរាបដល់សព្វថ្ងៃនេះដែរ។ ជាងនេះទៅទៀត ព្រះអង្គតែ១អង្គគត់ គឺជាព្រះដែលមនុស្សជាតិពឹងអាង ដើម្បីជីវិតរស់នៅ។ ទ្រង់មានអធិបតេយ្យភាពលើគ្រប់សព្វសារពើ ហើយគ្រប់គ្រងសភាវៈមានជីវិតទាំងអស់នៅក្នុងសកលលោក។ ទ្រង់បង្គាប់ឲ្យមាន៤រដូវកាល ហើយទ្រង់ក៏ជាអ្នកបង្គាប់ឲ្យមានជាខ្យល់លំហើយ ខ្យល់ត្រជាក់ ព្រិល និងទឹកភ្លៀងទៀតផង។ ព្រះអង្គនាំពន្លឺព្រះអាទិត្យមកឲ្យមនុស្សជាតិ ហើយចាំយាមនៅពេលយប់។ ទ្រង់ក៏ជាអ្នកលាតសន្ធឹងផ្ទៃមេឃ និងផែនដី ទាំងប្រទានឲ្យមនុស្សជាតិមានភ្នំ បឹងបួរ ស្ទឹង និងទន្លេ ព្រមទាំងអ្វីៗសព្វសារពើដែលមាននៅក្នុងរបស់ទាំងនេះផង។ ស្នាព្រះហស្តទ្រង់នៅសព្វទីកន្លែង ព្រះចេស្ដាទ្រង់នៅសព្វទីកន្លែង ព្រះប្រាជ្ញាញាណទ្រង់នៅសព្វទីកន្លែង ហើយសិទ្ធិអំណាចរបស់ទ្រង់ក៏នៅសព្វទីកន្លែងដែរ។ ក្រឹត្យក្រម និងបញ្ញត្តិនីមួយៗ គឺជាគំរូពីស្នាព្រះហស្តទ្រង់ ក្រឹត្យក្រម និងបញត្តិនីមួយៗ ក៏ស្ដែងឲ្យឃើញពីព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាចរបស់ទ្រង់ទៀតផង។ តើនរណាអាចគេចខ្លួនផុតពីអធិបតេយ្យភាពរបស់ទ្រង់បាន? ហើយតើនរណាអាចដកខ្លួនចេញពីការរៀបចំរបស់ទ្រង់បាន? គ្រប់សភាវៈទាំងអស់សុទ្ធតែមានជីវិតនៅក្រោមការឃ្លាំមើលរបស់ទ្រង់ ហើយជាងនេះទៅទៀត គ្រប់សភាវៈទាំងអស់ សុទ្ធតែរស់រាននៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ ស្នាព្រះហស្ត និងព្រះចេស្ដារបស់ទ្រង់ ធ្វើឲ្យមនុស្សជាតិគ្មានជម្រើសអ្វីសោះ ក្រៅតែពីការទទួលស្គាល់ការពិតថា ទ្រង់មានវត្តមានគង់នៅយ៉ាងពិតប្រាកដ ហើយក៏មានអធិបតេយ្យភាពលើគ្រប់សព្វសារពើទាំងអស់។ ក្រៅពីទ្រង់ គឺគ្មានអ្វីអាចបង្គាប់បញ្ជាចក្រវាឡនេះបានឡើយ ក៏រឹតតែគ្មានអ្វីអាចមកចិញ្ចឹមបីបាច់មនុស្សជាតិ ដោយឥតឈប់ឈរនោះបានឡើយ។ បើទោះបីជាឯងមិនអាចមើលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ក៏ដោយ ហើយបើទោះបីជាឯងមិនជឿលើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គ្មានអ្វីគួរសង្ស័យឡើយថា ជោគវាសនារបស់ឯង គឺព្រះជាម្ចាស់បានកំណត់ទុក ហើយក៏គ្មានអ្វីគួរសង្ស័យទៀតថា ព្រះជាម្ចាស់នៅតែមានអធិបតេយ្យភាពលើគ្រប់សព្វសារពើជានិរន្ត។ ព្រះវត្តមាន និងសិទ្ធិអំណាចរបស់ទ្រង់ មិនមែនសំអាងលើកត្តាដែលមនុស្សជាតិទទួលស្គាល់ ឬមិនទទួលស្គាល់ ដឹងឮ ឬមិនដឹងឮនោះទេ។ មានតែព្រះអង្គទេដែលជ្រាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់មនុស្សជាតិ ហើយមានតែព្រះអង្គទេ ទើបអាចកំណត់ជោគវាសនារបស់មនុស្សជាតិ។ បើទោះបីជាឯងមិនអាចទទួលស្គាល់ការពិតនេះក៏ដោយ មិនយូរប៉ុន្មានមនុស្សជាតិនឹងឃើញការពិតទាំងអស់នេះផ្ទាល់នឹងភ្នែករបស់គេ ហើយនេះក៏ជាការពិត ដែលព្រះជាម្ចាស់នឹងនាំយកមកអនុវត្តផងដែរ។ មនុស្សរស់រាន និងបាត់បង់ជីវិត នៅក្រោមព្រះនេត្រទតមើលរបស់ព្រះជាម្ចាស់។ មនុស្សជាតិរស់នៅដើម្បីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយកាលណាគេបិទភ្នែករបស់គេជាលើកចុងក្រោយ ក៏គេបិទទៅដើម្បីការគ្រប់គ្រងនេះដែរ។ មនុស្សស្លាប់រស់ វិលវល់ទៅមក ម្ដងហើយម្ដងទៀត។ ទាំងអស់នេះ គឺសុទ្ធតែជាចំណែកមួយនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ គ្មានលើកលែងអ្វីសោះ។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺមិនដែលឈប់សម្រាកម្ដងណាឡើយ កិច្ចការនេះវិវឌ្ឍទៅមុខជានិច្ច។ ព្រះអង្គនឹងធ្វើឲ្យមនុស្សជាតិដឹងពីអត្ថិភាពទ្រង់ ជឿលើអធិបតីភាពរបស់ទ្រង់ មើលឃើញស្នាព្រះហស្តទ្រង់ ហើយត្រឡប់មកក្នុងនគររបស់ទ្រង់វិញ។ នេះគឺជាផែនការរបស់ទ្រង់ ហើយជាកិច្ចការដែលទ្រង់កំពុងចាត់ចែងរាប់ពាន់ឆ្នាំមកហើយ។

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមព្រម គ្នានឹងកំណើតផែនដី ហើយមនុស្សគឺជាចំណុចស្នូល នៃកិច្ចការនេះ។ អាចនិយាយបានថា ការដែលព្រះជាម្ចាស់បង្កើតសព្វសារពើឡើងមក គឺដើម្បីមនុស្ស។ ដោយព្រោះកិច្ចការគ្រប់គ្រងរបស់ទ្រង់ លាតសន្ធឹងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយមិនមែនសម្រេចបានតែក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ឬវិនាទី ឬមួយប៉ប្រិចភ្នែក ឬមួយឆ្នាំពីរឆ្នាំបាន ទើបទ្រង់ត្រូវបង្កើតនូវសភាវៈចាំបាច់នានា សម្រាប់ការរស់រានរបស់មនុស្សជាតិ រួមមានដូចជា ព្រះអាទិត្យ ព្រះច័ន្ទ សភាវៈមានជីវិតគ្រប់យ៉ាង មានទាំងស្បៀងអាហារ ព្រមទាំងបរិយាកាសដ៏ស្រស់ត្រកាលទៀតផង។ នេះហើយជាការចាប់ផ្ដើមនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។

បន្ទាប់មក ព្រះជាម្ចាស់ក៏ប្រគល់មនុស្សជាតិទៅឲ្យសាតាំង ហើយមនុស្សក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់វា ដែលកត្តានេះនាំឆ្ពោះទៅរកកិច្ចការរបស់ព្រះជាម្ចាស់នៅយុគសម័យទី១ គឺព្រឹត្តការណ៍យុគសម័យនៃក្រឹត្យវិន័យ... សន្សឹមៗ។ មនុស្សជាតិទម្លាប់ខ្លួនស៊ាំនឹងការដឹកនាំក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមិនឲ្យតម្លៃការដឹកនាំនេះទៀតផង។ មនុស្សក៏ចាកចេញពីការបីបាច់រក្សារបស់ព្រះជាម្ចាស់បន្តិចម្ដងៗ។ ហេតុនេះហើយ ពួកគេក៏បានថ្វាយបង្គំរូបសំណាក ហើយប្រព្រឹត្តទង្វើអាក្រក់ ខណៈដែលពួកគេកំពុងដើរតាមក្រឹត្យវិន័យផង។ ពួកគេពុំមានការការពារពីព្រះយេហូវ៉ាឡើយ ហើយពួកគេគ្រាន់តែរស់នៅក្នុងជីវិតជាអ្នកបម្រើទីអាសនានៅក្នុងព្រះវិហារប៉ុណ្ណោះ។ តាមការពិត កិច្ចការរបស់ព្រះជាម្ចាស់បានចាកចេញពីពួកគេតាំងពីយូរណាស់មកហើយ ហើយបើទោះបីជាសាសន៍អ៊ីស្រាអែលនៅប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យ និងហៅព្រះនាមព្រះយេហូវ៉ា ព្រមទាំងជឿដោយមោទកភាពថា មានតែពួកគេទេទើបជាប្រជារាស្ត្ររបស់ព្រះយេហូវ៉ា និងជារាស្ត្រជ្រើសរើសរបស់ព្រះយេហូវ៉ាក៏ដោយ ក៏សិរីរុងរឿងរបស់ព្រះជាម្ចាស់ បានបោះបង់ពួកគេចោល យ៉ាងស្ងៀមស្ងាត់រួចបាត់ទៅហើយ...។

ពេលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ នោះទ្រង់ តែងតែចាកចេញពីកន្លែងមួយយ៉ាងស្ងៀមស្ងាត់ រួចអនុវត្តកិច្ចការថ្មីមួយ ដែលទ្រង់ចាប់ផ្ដើមនៅទីកន្លែងផ្សេងទៀត យ៉ាងសន្សឹមៗ។ រឿងនេះហាក់បីដូចជាមិនអាចទៅរួចទេ សម្រាប់មនុស្សដែលស្រយុតស្រយង់។ មនុស្សតែងតែឲ្យតម្លៃនូវអ្វីដែលចាស់គំរិល ហើយសម្លឹងមើលទៅអ្វីៗដែលថ្មីស្រឡាង ជារឿងដែលខ្មាំងសត្រូវមិនធ្លាប់ដឹងឮ ឬយល់ថាជាការរំខានចិត្តវិញ។ ហេតុដូច្នេះ រាល់កិច្ចការថ្មីៗដែលព្រះជាម្ចាស់អនុវត្តក្នុងចំណោមសភាវៈសព្វសារពើ មនុស្សគឺជាសភាវៈចុងក្រោយបង្អស់ ដែលដឹងអំពីកិច្ចការនេះតាំងតែពីដើមដល់ចប់។

ដូចសព្វដងដែរ ព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការថ្មីរបស់ទ្រង់ក្នុងដំណាក់កាលទី២ ដោយយាងមកសណ្ឋិតក្នុងសាច់ឈាម គឺយាងមកយកកំណើតជាមនុស្ស រយៈពេលដប់ម្ភៃឆ្នាំ បន្ទាប់ពីបានធ្វើកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងយុគសម័យក្រឹត្យវិន័យរួច ទាំងប្រកាស និងធ្វើ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមអ្នកជឿទៀតផង។ គ្មាន នរណាម្នាក់ដឹងអំពីកិច្ចការនេះឡើយ ហើយបន្ទាប់ពីព្រះអម្ចាស់យេស៊ូវត្រូវគេបោះភ្ជាប់នឹងឈើឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលទទួលស្គាល់ថា ទ្រង់គឺជាព្រះដែលត្រលប់ជាសាច់ឈាម ហើយទាំងអស់នេះគឺសុទ្ធតែជាការពិត។ រឿងដែលមិនដាច់ស្រេច គឺមានមនុស្សម្នាក់ឈ្មោះថា ប៉ុលបានបង្ហាញខ្លួន ជាមនុស្សដែលតាំងខ្លួនឯងជាសត្រូវខាងសាច់ឈាមជាមួយនឹងព្រះជាម្ចាស់។ លោកប៉ុលមិនបានផ្លាស់ប្ដូរនិស្ស័យចាស់របស់គាត់ឡើយ ហើយគាត់ក៏នៅតែបន្តដើរលើផ្លូវទាស់ទទឹងនឹងព្រះជាម្ចាស់ សូម្បីក្រោយពេលដែលគាត់ត្រូវវាយឲ្យដួល ហើយបានក្លាយជាសាវ័កហើយក៏ដោយ។ ក្នុងគ្រាដែលគាត់ធ្វើការ គាត់បានសរសេរសំបុត្រជាច្រើន តែគួរឲ្យស្ដាយ មនុស្សជំនាន់ក្រោយៗ បានឲ្យតម្លៃសំបុត្ររបស់គាត់ ស្មើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយថែមទាំងបញ្ចូលសំបុត្រទាំងនោះទៅក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយច្រឡំជាមួយនឹងព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ផ្ទាល់។ កត្តានេះបានក្លាយជារឿងដ៏អាម៉ាស់បំផុត តាំងពីការមកដល់នៃបទគម្ពីរ! តើនេះមិនមែនជាកំហុសដែលត្រូវបានប្រព្រឹត្តឡើង ដោយសារតែភាពលេលាជ្រុលរបស់មនុស្សទេឬអី? ពួកគេសឹងតែមិនដឹងសោះថា នៅក្នុងសំបុត្រ ឬ សំណេរខាងព្រលឹងវិញ្ញាណរបស់មនុស្ស ដែលជាការកត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យព្រះគុណ មិនគួរយកមកតំណាងឲ្យកិច្ចការ និងតំណាង ឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ប៉ុន្តែ នេះមិនមែនជាចំណុចដែលយើងចង់និយាយទេ ចូរយើងត្រឡប់ទៅមើលប្រធានបទដើមរបស់យើងវិញ។ នៅពេលដែលកិច្ចការដំណាក់កាលទី២របស់ព្រះជាម្ចាស់ បានសម្រេចភ្លាម គឺបន្ទាប់ពីការឆ្កាងទ្រង់ នោះកិច្ចការសង្គ្រោះមនុស្សពីអំពើបាប (ពោលគឺ ការសង្គ្រោះមនុស្សចេញពីកណ្ដាប់ដៃរបស់សាតាំង) ក៏សម្រេចដែរ។ ហេតុនេះហើយ ចាប់ពីពេលនោះមក មនុស្សជាតិមានតែទទួលយកព្រះអម្ចាស់យេស៊ូវធ្វើជាព្រះអង្គសង្គ្រោះប៉ុណ្ណោះ ទើបអំពើបាបរបស់គេត្រូវបានលើកលែង។ និយាយឲ្យចំទៅ អំពើបាបរបស់មនុស្សលែងជាឧបសគ្គដល់ការទទួលបានសេចក្ដីសង្គ្រោះរបស់គេ និងការចូលមករកព្រះជាម្ចាស់ ហើយក៏លែងជាឥទ្ធិពលដែលសាតាំងប្រើ សម្រាប់ចោទប្រកាន់មនុស្សដូចមុនហើយ។ នេះដោយសារព្រះជាម្ចាស់ផ្ទាល់ ទ្រង់បានធ្វើនូវកិច្ចការដ៏ពិតប្រាកដ បានក្លាយជារូបសាច់ និងជាគំរូពីសាច់ឈាមដែលពេញដោយអំពើបាប ហើយព្រះជាម្ចាស់ផ្ទាល់ជាតង្វាយលោះបាប។ តាមរយៈវិធីនេះ មនុស្សបានចុះពីលើឈើឆ្កាង ហើយត្រូវបានប្រោសលោះ និងបានសង្គ្រោះតាមរយៈសាច់ឈាមរបស់ព្រះជាម្ចាស់ គឺតាមរយៈរូបសាច់នៃសាច់ឈាមដែលពេញដោយអំពើបាបនេះ។ ហេតុនេះ មនុស្សក៏បានឈានមួយជំហានកាន់តែកៀកទៅនឹងការទទួលសេចក្ដីសង្គ្រោះពីទ្រង់នៅចំពោះព្រះជាម្ចាស់ បន្ទាប់ពីត្រូវបានសាតាំងចាប់ជាឈ្លើយ។ ប្រាកដណាស់ កិច្ចការដំណាក់កាលនេះជ្រាលជ្រៅជាង និងមានការវវឌ្ឍជាងកិច្ចការគ្រប់គ្រង នៅក្នុងយុគសម័យក្រឹត្យវិន័យ។

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺ ប្រគល់មនុស្សជាតិ គឺជាមនុស្សដែលមិនស្គាល់ពីលក្ខណៈរបស់ព្រះជាម្ចាស់ មិនស្គាល់ពីលក្ខណៈរបស់ព្រះអាទិករ មិនដឹងពីរបៀបថ្វាយបង្គំព្រះជាម្ចាស់ ឬមិនដឹងអំពីហេតុផលចាំបាច់ក្នុងការចុះចូលចំពោះព្រះជាម្ចាស់ ឲ្យទៅសាតាំង ហើយឲ្យសាតាំងបង្ខូចគេបង់ទៅ។ ហើយបន្ទាប់មក ព្រះជាម្ចាស់ក៏សង្គ្រោះមនុស្សចេញពីដៃរបស់សាតាំងវិញសន្សឹមៗ រហូតទាល់តែមនុស្សថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពេញទំហឹង រួចបោះបង់សាតាំងចោល។ នេះហើយជាកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ កិច្ចការនេះស្ដាប់ទៅហាក់ដូចជាទេវកថាដែលគេប្រឌិតឡើង ហើយមើលទៅដូចជាវង្វេងវង្វាន់អស់ហើយ។ មនុស្សគិតថានេះគឺជាទេវកថា ដ្បិតវាគ្មានតឹកតាងអ្វីពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើងចំពោះមនុស្ស អស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយនោះទេ ពួកគេក៏កាន់តែមិនដឹងទៀតថា មានរឿងច្រើនប៉ុនណាបានកើតឡើងនៅក្នុងសកលលោកដ៏ធំល្វឹងល្វើយនេះ។ ហើយជាងនេះទៅទៀត នោះគឺមកពីពួកគេមិនអាចយល់អំពីពិភពលោក ដែលកាន់តែអស្ចារ្យ កាន់តែជំរុញដោយភាពភ័យខ្លាចដែលកំពុងមានវត្តមានលើសពីពិភពរូបវន្ត ដែលភ្នែកសាច់ឈាមរបស់គេបង្ខាំងមិនឲ្យគេមើលឃើញ។ មនុស្សមិនអាចយល់ពីរឿងនេះបានទេ ដ្បិតពួកគេគ្មានការយល់ដឹងអំពីសារៈសំខាន់ នៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ ក៏មិនយល់អំពីសារៈសំខាន់នៃកិច្ចការគ្រប់គ្រងរបស់ទ្រង់ ហើយមិនយល់ថា នៅទីបញ្ចប់ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យមនុស្សជាតិទៅជាយ៉ាងណានោះដែរ។ តើព្រះអង្គចង់ឲ្យគេត្រូវសាតាំងបង្ខូច ដូចជាអ័ដាម និងអេវ៉ាមែនឬអី? អត់ទេ! គោលបំណងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺទទួល យកក្រុមមនុស្សណាដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយចុះចូលចំពោះទ្រង់ ។ ថ្វីបើមនុស្សទាំងអស់នេះ ត្រូវសាតាំងបង្ខូច តែពួកគេលែងរាប់សាតាំងជាឪពុករបស់គេទៀតហើយ ពួកគេស្គាល់មុខមាត់ដ៏គួរឲ្យស្អប់របស់សាតាំង ព្រមទាំងបោះបង់វាចោលទៀត ហើយពួកគេបានចូលមកចំពោះព្រះជាម្ចាស់ ដើម្បីទទួលការជំនុំជម្រះ និងការដាក់ទោសទណ្ឌពីព្រះអង្គ។ ពួកគេស្គាល់អ្វីអាក្រក់ ហើយដឹងថា ការអាក្រក់នេះវាខុសគ្នាពីភាពបរិសុទ្ធយ៉ាងណា និងបានទទួលស្គាល់ភាពមហិមា និងសេចក្ដីអាក្រក់របស់សាតាំងទៀតផង។ មនុស្សបែបនេះ គេលែងធ្វើការបម្រើសាតាំង លែងថ្វាយបង្គំ ឬតម្កើងវាជាវត្ថុស័ក្តិសិទ្ធហើយ។ នេះមកពីពួកគេជាក្រុមមនុស្សដែលត្រូវបានព្រះជាម្ចាស់ ទទួលយកយ៉ាងពិតប្រាកដ។ នេះហើយជាសារៈសំខាន់នៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ ក្នុងកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅពេលនេះ មនុស្សគឺជាកម្មវត្ថុនៃការបង្ខូចរបស់សាតាំង ហើយជាកម្មវត្ថុនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ផង មនុស្សក៏ជាផលដែលព្រះជាម្ចាស់ និងសាតាំងកំពុងតយុទ្ធដណ្ដើមគ្នាដែរ។ ពេលដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏កំពុងជួយសង្គ្រោះមនុស្សពីកណ្ដាប់ដៃសាតាំងសន្សឹមៗដែរ ហេតុនេះ មនុស្សនឹងចូលមករកព្រះជាម្ចាស់កាន់តែកៀកជាងមុន...។

បន្ទាប់មក យុគសម័យនគរព្រះ ជាដំណាក់កាលកិច្ចការមួយ ដែលរឹតតែជាក់ច្បាស់ជាងមុនទៀតនោះក៏មកដល់ ប៉ុន្តែយុគសម័យនេះក៏នៅតែជាដំណាក់កាលដ៏ពិបាកបំផុតនឹងឲ្យមនុស្សទទួលយកដដែល។ ចំណែកមូលហេតុគឺនៅត្រង់ថា កាលណាមនុស្សកាន់តែចូលមកកៀកនឹងព្រះជាម្ចាស់ ដំបងរាជ្យរបស់ព្រះអង្គ ក៏រឹតតែខិតមកជិតគេដែរ ហើយព្រះភក្ត្រទ្រង់នឹងបង្ហាញឲ្យគេឃើញរឹតតែច្បាស់។ បន្ទាប់ពីការប្រោសលោះមនុស្សជាតិរួច មនុស្សនឹងត្រឡប់មកក្នុងគ្រួសាររបស់ព្រះជាម្ចាស់វិញជាផ្លូវការ។ មនុស្សគិតថា ពេលនេះជាពេលដែលត្រូវរីករាយ តែគេត្រូវរងការធ្វើទុក្ខពីព្រះជាម្ចាស់ទាំងអាក្រាត ជាការធ្វើទុក្ខដែលគ្មាននរណាអាចស្មានដឹងមុនសោះ៖ លទ្ធផលចុងក្រោយគឺខុសស្រឡះ នេះជាពិធីបុណ្យជ្រមុជ ដែលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវ “ទទួលដោយអំណរ”។ ស្ថិតក្រោមស្ថានភាពបែបនេះ មនុស្សគ្មានជម្រើសអ្វីក្រៅតែពីឈប់ស្ងៀម ហើយគិតក្នុងចិត្តថា “ខ្ញុំជាកូនចៀមវង្វេងអស់រយៈពេលជាច្រើនឆ្នាំ ដែលព្រះជាម្ចាស់បានលោះខ្ញុំមកវិញដោយតម្លៃថ្លៃពន់ពេក ចុះហេតុអ្វីបានជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំបែបនេះ? នេះឬជាវិធីដែលព្រះជាម្ចាស់សើចចំអកដាក់ខ្ញុំ និងលាតត្រដាងពីខ្ញុំ?...” កន្លងផុតទៅជាច្រើនឆ្នាំ មនុស្សក៏ត្រូវទ្រុឌទ្រោមដោយអាកាសធាតុ បានឆ្លងកាត់បទពិសោធន៍លំបាកៗដោយសារការបន្សុទ្ធ និងការដាក់ទោសទណ្ឌ។ ទោះបីមនុស្សបានបាត់បង់ “សិរីរុងរឿង” និង “ភាពផ្អែមល្អែម” ពីអតីតកាលទាំងមិនដឹងខ្លួនក៏ដោយ តែពេលនេះគេបានយល់ពីគោលការណ៍នៃកិរិយាប្រព្រឹត្តរបស់មនុស្ស ហើយចេះឲ្យតម្លៃពេលវេលានៃភក្ដីភាពរបស់ព្រះជាម្ចាស់ ក្នុងការជួយសង្គ្រោះមនុស្សជាតិ។ មនុស្សចាប់ផ្ដើមស្អប់ភាពព្រៃផ្សៃរបស់ខ្លួនឯងបន្តិចម្ដងៗ។ គេចាប់ផ្ដើមស្អប់ចរិតយង់ឃ្នងរបស់ខ្លួន ស្អប់ការយល់ខុសរបស់ខ្លួនចំពោះព្រះជាម្ចាស់ និងស្អប់ការទាមទារមិនសមហេតុផល ដែលគេតម្រូវពីទ្រង់។ ពេលវេលាមិនអាចត្រឡប់ក្រោយឡើយ។ រឿងរ៉ាវអតីតកាលក្លាយជាអនុស្សាវរីយ៍ពោរពេញដោយវិប្បដិសារីរបស់មនុស្ស រីឯព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ក៏ក្លាយជាកម្លាំងជម្រុញនៅក្នុងជីវិតថ្មីរបស់មនុស្សវិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ របួសរបស់មនុស្សក៏ជាសះ កម្លាំងគេក៏ដូចដើម រួចគេក៏ក្រោកឈរសម្លឹងមើលទៅព្រះដ៏មានដ៏មានគ្រប់ចេស្ដា ដើម្បីឲ្យដឹងថា ទ្រង់តែងតែនៅក្បែរខ្ញុំជានិច្ច និងដើម្បីឲ្យដឹងថា ស្នាមញញឹម និងព្រះភក្ត្រដ៏ស្រស់បស់របស់ទ្រង់ នៅតែធ្វើឲ្យរំជួលចិត្តដដែល។ ព្រះហឫទ័យរបស់ទ្រង់នៅតែខ្វល់ខ្វាយ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតឡើង ហើយព្រះហស្តទ្រង់ក៏នៅតែកក់ក្ដៅ និងពេញដោយព្រះចេស្ដាដូចគ្រាដំបូងដដែល។ មនុស្សហាក់ដូចជាបានវិលត្រឡប់ទៅសួនអេដែនវិញ តែពេលនេះ មនុស្សលែងស្ដាប់ការល្បួងរបស់សត្វពស់ ហើយគេក៏លែងគេចពីព្រះភក្ត្រព្រះយេហូវ៉ាទៀតដែរ។ មនុស្សលត់ជង្គង់នៅចំពោះព្រះជាម្ចាស់ សម្លឹងមើលព្រះភក្ត្រព្រះជាម្ចាស់ ដែលកំពុងតែញញឹម ហើយថ្វាយតង្វាយដ៏មានតម្លៃបំផុតរបស់ខ្លួន - ឱព្រះដ៏ជាព្រះអម្ចាស់នៃទូលបង្គំអើយ!

សេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ជ្រាបចូលក្នុងគ្រប់សេចក្ដីពិស្ដារនៃកិច្ចការគ្រប់ គ្រងរបស់ព្រះជាម្ចាស់ ហើយបើទោះបីជាមនុស្សមិនអាចយល់ពីព្រះហឫទ័យដ៏ល្អរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបន្តធ្វើកិច្ចការដែលទ្រង់តាំងព្រះហឫទ័យសម្រេចឲ្យទាល់តែបាន ដោយមិនហត់នឿយឡើយ។ ទោះបីជា មនុស្សយល់ពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់តិច ឬច្រើនយ៉ាងណា ក៏គ្រប់គ្នានៅឲ្យតម្លៃជំនួយ និងអត្ថប្រយោជន៍ដែលគេទទួលបានពីកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ មកដល់ថ្ងៃនេះ ឯងប្រហែលជាមិនទាន់ស្គាល់អំពីក្ដីស្រឡាញ់ និងជីវិតដែលព្រះជាម្ចាស់ប្រទានឲ្យគេ ប៉ុន្តែដរាបណាឯងមិនបោះបង់ព្រះជាម្ចាស់ និងមិនបោះបង់ការតាំងចិត្តតាមរកសេចក្ដីពិតទេនោះ គង់មានថ្ងៃមួយ ព្រះជាម្ចាស់នឹងឲ្យឯងបានឃើញស្នាមញញឹមរបស់ទ្រង់ជាមិនខាន។ គោលបំណងនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺសង្គ្រោះមនុស្សដែលស្ថិតក្រោមអំណាចគ្រប់គ្រងរបស់សាតាំងយកមកវិញ មិនមែនបោះបង់មនុស្សដែលត្រូវសាតាំងបង្ខូច ហើយទាស់ទទឹងនឹងទ្រង់នោះទេ។

ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០០៥

ខាង​ដើម៖ ខ្យល់ដង្ហើមនៃព្រះដ៏មានឫទ្ធានុភាព

បន្ទាប់៖ ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរក ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ