ជំពូកទី ២០

ភាពសម្បូរហូរហៀរនៃផ្ទះសំបែងរបស់អញ គឺមិនអាចរាប់ ឬវាស់បានឡើយ ប៉ុន្តែមនុស្សមិនដែលមករកអញដើម្បីរីករាយនឹងរបស់ទាំងនោះទេ។ មនុស្សមិនអាចរីករាយតែម្នាក់ឯង ហើយក៏មិនអាចការពារខ្លួនដោយប្រើប្រាស់ការព្យាយាមផ្ទាល់ខ្លួនបានដែរ។ ផ្ទុយទៅវិញ គេតែងតែទុកចិត្តអ្នកដទៃ។ មនុស្សទាំងអស់ដែលអញទតមើល គ្មាននរណាម្នាក់ស្វែងរកអញដោយផ្ទាល់ និងដោយផ្ចឹតផ្ចង់នោះទេ។ ពួកគេមកនៅចំពោះមុខអញដោយសារអ្នកដទៃជំរុញ ធ្វើតាមមនុស្សភាគច្រើនតែប៉ុណ្ណោះ ហើយពួកគេមិនចង់លះបង់ ឬចំណាយពេលដើម្បីបង្កើនជីវិតផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។ ដូច្នេះហើយ ក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់រស់ក្នុងតថភាពឡើយ ហើយមនុស្សទាំងអស់សុទ្ធតែរស់នៅក្នុងជីវិតដែលគ្មានន័យ។ ដោយសារតែទំនៀមទម្លាប់ និងវិធីដែលបានបង្កើតតាំងពីយូរលង់ណាស់មកហើយរបស់មនុស្សមនុស្សនេះឯង ទើបធ្វើឲ្យរូបកាយរបស់មនុស្សទាំងអស់សាយភាយដោយក្លិននៃដីនៅផែនដី។ ជាលទ្ធផល មនុស្សមនុស្សធំធាត់ទាំងស្ពឹកស្រពន់ ដោយមិនដឹងពីការបំផ្លាញរបស់ពិភពលោកទេ ហើយផ្ទុយទៅវិញ គេធ្វើឲ្យខ្លួនឯងរវល់ដោយការរីករាយជាមួយកិច្ចការនៅក្នុងលោកីយ៍ដ៏ត្រជាក់នេះ។ ជីវិតរបស់មនុស្សមិនមានភាពកក់ក្តៅសូម្បីតែបន្តិច ហើយមិនមានដាននៃមនុស្ស ឬពន្លឺទាល់តែសោះ ប៉ុន្តែពួកគេផ្តេកផ្តួល រស់នៅតាមគុណតម្លៃឥតខ្លឹមសារដែលខ្លួនចង់បានអស់មួយជីវិត ដោយគ្មានទទួលបានអ្វីសោះ។ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ថ្ងៃនៃសេចក្តីស្លាប់ក៏បានចូលមកជិត ហើយមនុស្សស្លាប់ទាំងក្រៀមក្រំ។ នៅក្នុងលោកីយ៍នេះ គាត់មិនបានសម្រេចលទ្ធផលអ្វី ឬទទួលបានអ្វីនោះទេ គាត់មកដល់ទីនេះទាំងប្រញាប់ប្រញាល់ ហើយត្រឡប់ទៅវិញក៏ប្រញាប់ប្រញាល់ដែរ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលនៅក្នុងក្រសែភ្នែកអញ បាននាំយកអ្វីមក ឬយកអ្វីទៅវិញនោះទេ ដូច្នេះហើយមនុស្សមានអារម្មណ៍ថា លោកីយ៍គឺអយុត្តិធម៌ចំពោះពួកគេ។ ប៉ុន្តែគ្មាននរណាម្ចាក់ចង់ទៅឲ្យឆាប់នោះទេ។ ពួកគេគ្រាន់តែទន្ទឹងរង់ចាំថ្ងៃដែលសេចក្តីសន្យាពីស្ថានសួគ៌របស់អញនឹងមកក្នុងចំណោមមនុស្សមួយរំពេច ដោយអនុញ្ញាតឲ្យពួកគេចាប់យកវិធីជីវិតអស់កល្បម្តងទៀត នៅពេលដែលពួកគេដើរខុសផ្លូវ។ ដូច្នេះ មនុស្សសង្កេតមើលគ្រប់ទង្វើ និងសកម្មភាពរបស់អញ ដើម្បីចង់ដឹងថា តើអញពិតជារក្សាសេចក្តីសន្យារបស់អញចំពោះគេមែនឬអត់។ នៅពេលគេស្ថិតនៅក្នុងស្ថានភាពទុក្ខលំបាក ឬការឈឺចាប់ដ៏ខ្លាំង ឬក៏វាយលុកដោយការល្បងល ហើយកំពុងតែចាញ់ការល្បងលនោះ មនុស្សក៏ដាក់បណ្តាសារថ្ងៃកំណើតរបស់ខ្លួន ដើម្បីឲ្យគេអាចគេចពីបញ្ហារបស់ខ្លួនបានកាន់តែឆាប់ ហើយផ្លាស់ទៅកន្លែងផ្សេងដែលល្អប្រសើរ។ ប៉ុន្តែ នៅពេលដែលការល្បងលត្រូវបានបញ្ចប់ មនុស្សពេញដោយអំណរ។ គេអបអរសាទរថ្ងៃកំណើតរបស់គេនៅលើផែនដី ហើយសូមឲ្យអញប្រទានពរថ្ងៃកំណើតរបស់គេ។ ពេលនេះ មនុស្សឈប់និយាយអំពីសម្បថកាលពីអតីតកាលទៀតហើយ ដោយភ័យខ្លាចយ៉ាងខ្លាំងចំពោះសេចក្តីស្លាប់ដែលនឹងមករកគេជាលើកទីពីរ។ នៅពេលដែលដៃរបស់អញលើកពិភពលោកនេះឡើង មនុស្សរាំដោយក្តីអំណរ ពួកគេឈប់កើតទុក្ខ ហើយពួកគេទាំងអស់ពឹងលើអញ។ នៅពេលដែលអញយកដៃខ្ទប់មុខរបស់អញ ហើយសង្កត់មនុស្សដែលនៅក្រោមដី ភ្លាមៗនោះពួកគេនឹងមានអារម្មណ៍ថាដកដង្ហើមបានខ្លី ហើយពិបាករស់។ ពួកគេទាំងអស់ស្រែករកអញ ខ្លាចអញនឹងបំផ្លាញពួកគេ ព្រោះថាពួកគេចង់ឃើញថ្ងៃដែលអញបានទទួលសិរីរុងរឿង។ មនុស្សយកថ្ងៃរបស់អញធ្វើជាទុននៃជីវិតរបស់គេ ហើយដោយសារតែមនុស្សចង់ឃើញថ្ងៃដែលសិរីរុងរឿងរបស់អញមកដល់ ទើបមនុស្សរស់រហូតមកទល់សព្វថ្ងៃនេះ។ ព្រះពរដែលចេញពីមាត់អញគឺថា អស់អ្នកណាដែលកើតនៅថ្ងៃចុងក្រោយ គឺមានសំណាងគ្រប់គ្រាន់ក្នុងការមើលពីសិរីរុងរឿងទាំងអស់របស់អញ។

អស់រយៈពេលជាច្រើនសម័យកាលមកហើយ ដែលមនុស្សជាច្រើនបានចាកចេញពីលោកីយ៍នេះទាំងខកចិត្ត និងស្ទាក់ស្ទើរ ហើយមនុស្សជាច្រើនទៀតបានមកដោយក្តីសង្ឃឹម និងសេចក្តីជំនឿ។ អញបានរៀបចំឲ្យមនុស្សជាច្រើនមក ហើយក៏បានបញ្ជូនមនុស្សជាច្រើនចេញដែរ។ មនុស្សរាប់មិនអស់បានឆ្លងកាត់ដៃរបស់អញ។ វិញ្ញាណជាច្រើនបានបោះចូលទៅក្នុងរណ្តៅនរក វិញ្ញាណជាច្រើនបានរស់នៅក្នុងសាច់ឈាម ហើយវិញ្ញាណជាច្រើនបានស្លាប់ និងបានកើតឡើងវិញនៅលើផែនដី។ ប៉ុន្តែ មិនដែលមានវិញ្ញាណណាមួយមានឱកាសរីករាយនឹងព្រះពររបស់នគរព្រះនៅសព្វថ្ងៃនេះទេ។ អញបានប្រទានឲ្យមនុស្សច្រើនណាស់ ប៉ុន្តែគេទទួលបានតិចតួច ដោយសារការវាយលុករបស់កម្លាំងសាតាំង បានធ្វើឲ្យពួកគេមិនអាចរីករាយគ្រប់ទាំងភាពបរិបូរណ៍របស់អញបាន។ គេបានត្រឹមតែមើលប៉ុណ្ណោះ ប៉ុន្តែមិនអាចរីករាយជាមួយនឹងភាពបរិបូរណ៍នោះបានឡើយ។ មនុស្សមិនដែលបានរកឃើញផ្ទះរតនសម្បត្តិនៅក្នុងរាងកាយរបស់គាត់ ដើម្បីទទួលយកភាពបរិបូរណ៍នៃស្ថានសួគ៌បានទេ ដូច្នេះគេបាត់បង់ព្រះពរដែលអញបានប្រទានដល់គេហើយ។ តើវិញ្ញាណរបស់មនុស្ស មិនមែនជាអំណាចតែមួយដែលភ្ជាប់គេជាមួយវិញ្ញាណអញទេឬ? ហេតុអ្វីមនុស្សមកជិតអញដោយសាច់ឈាមបាន ប៉ុន្តែមិនអាចមកជិតអញដោយវិញ្ញាណបាន? តើព្រះភ័ក្រ្ដពិតរបស់អញ ជាព្រះភ័ក្រ្ដសាច់ឈាមមែនទេ? ហេតុអ្វីបានជាមនុស្សមិនដឹងពីចំណុចសំខាន់របស់អញ? តើពិតជាមិនដែលមានដានរបស់អញនៅក្នុងវិញ្ញាណរបស់មនុស្សមែនឬ? តើអញបានបាត់ចេញពីវិញ្ញាណរបស់មនុស្សទាំងស្រុងឬ? ប្រសិនបើមនុស្សមិនចូលទៅក្នុងពិភពខាងវិញ្ញាណ តើគេអាចចាប់បានគោលបំណងរបស់អញដោយវិធីណា? នៅក្នុងភ្នែករបស់មនុស្ស តើមានអ្វីដែលអាចធ្វើឲ្យយល់ពីរឿងខាងវិញ្ញាណដោយផ្ទាល់ទេ? ជាច្រើនលើក ដែលអញបានហៅមនុស្សដោយព្រះវិញ្ញាណរបស់អញ ប៉ុន្តែមនុស្សធ្វើដូចជាអញបានចាក់គេ ហើយគោរពអញពីចម្ងាយ ដោយភ័យខ្លាចអញនឹងនាំគេទៅកាន់ពិភពថ្មីមួយទៀត។ ជាច្រើនលើក ដែលអញបានសាកសួរនៅក្នុងវិញ្ញាណរបស់មនុស្ស ប៉ុន្តែគេពិតជាខ្លាចជាខ្លាំង ខ្លាចអញចូលទៅក្នុងផ្ទះរបស់គេ ហើយរកឱកាសដើម្បីដកកម្មសិទ្ធិគ្រប់យ៉ាងរបស់គេ។ ដូច្នេះ គេក៏បិទទ្វារដោយទុកឲ្យអញនៅខាងក្រៅ ទុកឱ្យអញរងារ ដោយបិទទ្វារយ៉ាងណែន។ ជាច្រើនលើកច្រើនសារ ដែលមនុស្សបានធ្លាក់ ហើយអញបានសង្គ្រោះគេ ប៉ុន្តែបន្ទាប់ពីគេក្រោកដើររួច គេក៏ចាកចេញពីអញមួយរំពេច ហើយសម្លក់ដាក់អញ ដោយមិនបានប៉ះពាល់ចិត្តដោយសារក្តីស្រឡាញ់របស់អញទេ ព្រោះអញមិនដែលធ្វើឲ្យចិត្តមនុស្សបានកក់ក្តៅឡើយ។ មនុស្សគឺជាសត្វដែលមានឈាមត្រជាក់ គ្មានមនោសញ្ចេតនា។ ទោះបីអញឱបគេដោយកក់ក្តៅក៏ដោយ ក៏គេមិនដែលរំកិលឲ្យបានស៊ីជម្រៅដោយសារការឱបនោះទេ។មនុស្សប្រៀបដូចជាបំណែកភ្នំមួយ។ គេមិនដែលផ្តល់តម្លៃដល់ការលើកទឹកចិត្តរបស់អញចំពោះមនុស្សនោះទេ។ គេមិនចង់មករកអញឡើយ គឺចង់តែរស់នៅកណ្ដាលភ្នំ ជាកន្លែងដែលគេស៊ូទ្រាំនឹងការគម្រាមកំហែងរបស់សត្វព្រៃតិរច្ឆាន ប៉ុន្តែគេនៅតែមិនចង់មកជ្រកកោននៅក្នុងអញ។ អញមិនបង្ខំមនុស្សណាម្នាក់នោះទេ អញគ្រាន់តែធ្វើកិច្ចការរបស់អញប៉ុណ្ណោះ។ ថ្ងៃនោះនឹងមកដល់ គឺជាថ្ងៃដែលមនុស្សហែលពីកណ្តាលមហាសមុទ្រដ៏ធំធេងមកខាងអញ ដើម្បីឲ្យគេអាចរីករាយរាល់ភាពបរិបូរណ៍នៅលើផែនដី ហើយទុកគ្រោះថ្នាក់ពីការលេបដោយសមុទ្រមួយឡែកសិន។

នៅពេលដែលព្រះបន្ទូលរបស់អញបានសម្រេច នោះនគរព្រះនឹងលេចរូបរាងឡើងបន្តិចម្តងៗនៅលើផែនដី ហើយមនុស្សនឹងត្រឡប់មកភាពប្រក្រតីវិញបន្តិចម្តងៗ ដូច្នេះ នៅក្នុងព្រះហឫទ័យរបស់អញ គឺមាននគរព្រះបានបង្កើតនៅលើផែនដីហើយ។ នៅក្នុងនគរនោះ រាស្ដ្ររបស់ព្រះជាម្ចាស់ទាំងអស់ស្តារជីវិតជាមនុស្សប្រក្រតីឡើងវិញ។ រដូវរងារដ៏ត្រជាក់បាត់ទៅ ដោយត្រូវជំនួសដោយពិភពទីក្រុងនៃរដូវផ្ការីក ជាកន្លែងដែលមានផ្ការីកពេញមួយឆ្នាំ។ មនុស្សមិនប្រឈមមុខនឹងភាពងងឹត មិនប្រឈមមុខនឹងពិភពមនុស្សដែលអកុសល ហើយពួកគេមិនអត់ធន់នឹងភាពត្រជាក់នៃពិភពរបស់មនុស្សតទៅទៀតទេ។ មនុស្សមិនឈ្លោះគ្នា ប្រទេសជាតិមិនធ្វើសង្គ្រាមប្រឆាំងគ្នា លែងមានការកាប់សម្លាប់គ្នា និងលែងមានឈាមដែលហូរចេញពីការសម្លាប់គ្នាតទៅទៀត។ ដែនដីទាំងអស់ពេញទៅដោយសុភមង្គល ហើយគ្រប់ទីកន្លែងពោរពេញទៅដោយភាពកក់ក្តៅរវាងមនុស្ស  និងមនុស្ស។ អញផ្លាស់ទៅគ្រប់កន្លែងនៃពិភពលោក អញរីករាយពីលើកំពូលបល្ល័ង្គរបស់អញ ហើយអញគង់នៅក្នុងចំណោមដួងតារាទាំងពួង។ ពួកទេវតាច្រៀងចំរៀងថ្មី និងរាំបទថ្មីថ្វាយអញ។ ភាពបែកបាក់របស់ពួកគេ ឈប់ធ្វើឲ្យពួកគេស្រក់ទឹកភ្នែកតទៅទៀតហើយ។ អញលែងឮសម្លេងរបស់ពួកទេវតាយំខ្សឹកខ្សួលនៅចំពោះមុខអញតទៅទៀតហើយ ហើយក៏លែងមាននរណាម្នាក់រអ៊ូរទាំដាក់អញពីការលំបាកតទៅទៀតដែរ។ ថ្ងៃនេះ ឯងរាល់គ្នារស់នៅចំពោះមុខអញ។ ថ្ងៃស្អែក ឯងរាល់គ្នានឹងរស់នៅក្នុងនគររបស់អញ។ តើនេះ មិនមែនជាព្រះពរដ៏ធំបំផុតដែលអញប្រទានដល់មនុស្សទេឬអី? ដោយសារតែឯងបានលះបង់នៅថ្ងៃនេះ ឯងនឹងទទួលព្រះពរនៅពេលអនាគត ហើយនឹងរស់នៅក្នុងសិរីរុងរឿងរបស់អញ។ តើឯងរាល់គ្នា នៅតែមិនចង់ជាប់ពាក់ព័ន្ធជាមួយនឹងសារៈសំខាន់នៃព្រះវិញ្ញាណរបស់អញមែនទេ? តើឯងនៅតែចង់សម្លាប់ខ្លួនឯងមែនទេ? មនុស្សចង់តាមរកសេចក្តីសន្យាដែលពួកគេមើលឃើញ ទោះបីជាសេចក្តីសន្យាទាំងនោះមិនឋិតឋេរក៏ដោយ ប៉ុន្តែគ្មាននរណាម្នាក់ចង់ទទួលសេចក្តីសន្យានៃថ្ងៃស្អែកទេ ទោះបីជាសេចក្តីសន្យានោះនៅអស់កល្បជានិច្ចក៏ដោយ។ របស់ដែលមនុស្សមើលឃើញ គឺជារបស់ដែលអញនឹងបំផ្លាញឲ្យសាបសូន្យ ចំណែករបស់ដែលមនុស្សមើលមិនឃើញ គឺជារបស់ដែលអញនឹងធ្វើឲ្យសម្រេច។ នេះគឺជាភាពខុសគ្នារវាងព្រះជាម្ចាស់ និងមនុស្ស។

មនុស្សបានគន់គូរពីថ្ងៃមកដល់របស់អញ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងថ្ងៃពិតប្រាកដនោះទេ ដូច្នេះហើយ មនុស្សអាចរស់នៅតែក្នុងស្ថានភាពធីងធោងប៉ុណ្ណោះ។ ដោយសារបំណងប្រាថ្នារបស់មនុស្សឮខ្ទរខ្ទារពេញទាំងផ្ទៃមេឃដែលគ្មានព្រំដែន ហើយក្រោយមកក៏បាត់ទៅវិញ មនុស្សបានបាត់បង់ក្តីសង្ឃឹមម្តងហើយម្តងទៀត ដូច្នេះហើយ ទើបគេធ្លាក់មកដល់ស្ថានភាពដូចបច្ចុប្បន្ន។ គោលដៅនៃព្រះសូរសៀងរបស់អញ មិនមែនធ្វើឲ្យមនុស្សតាមរកកាលបរិច្ឆេទ ឬនាំគេទៅរកការបំផ្លាញខ្លួនឯងដោយសារភាពអស់សង្ឃឹមនោះទេ។ អញចង់ធ្វើឲ្យមនុស្សទទួលយកសេចក្តីសន្យារបស់អញ ហើយអញចង់ឲ្យមនុស្សទាំងអស់នៅលើលោកនេះ មានចំណែកក្នុងសេចក្តីសន្យារបស់អញ។ អ្វីដែលអញចង់បានគឺឲ្យសត្តនិករមានជីវិតពេញលេញ  មិនមែនជាសាកសពដែលបានស្លាប់ហើយនោះទេ។ ដោយសារអញទម្រេតខ្លួនទៅនឹងតុនៃនគរព្រះ នោះអញនឹងបញ្ជាមនុស្សទាំងអស់នៅលើផែនដីឲ្យទទួលយកការត្រួតត្រារបស់អញ។ អញមិនអនុញ្ញាតឲ្យមានវត្តមានរបស់ស្មោគគ្រោកនៅចំពោះមុខអញឡើយ។ អញមិនអនុញ្ញាតឲ្យមនុស្សជ្រៀតជ្រែតក្នុងកិច្ចការរបស់អញឡើយ។ អស់អ្នកដែលជ្រៀតជ្រែកក្នុងកិច្ចការរបស់អញ នឹងត្រូវបោះចូលទៅក្នុងគុកងងឹត ហើយបន្ទាប់ពីគេត្រូវបានដោះលែង គ្រោះកំណាចនឹងនៅតែតាមយាយីពួកគេ ដោយទទួលនូវអណ្តាតភ្លើងដ៏សន្ធោរសន្ធៅនៃផែនដី។ នៅពេលដែលអញនៅជាសាច់ឈាម អ្នកណាដែលជជែកដេញដោលកិច្ចការរបស់អញ ជាមួយសាច់ឈាមរបស់អញ អញនឹងស្អប់ខ្ពើមអ្នកនោះ។ ជាច្រើនលើកច្រើនសារ ដែលអញបានរំលឹកមនុស្សទាំងអស់ថា អញគ្មានសាច់ញាតិនៅលើផែនដីទេ ហើយអ្នកណាដែលមើលមកអញដោយស្មើភាព ហើយទាញអញទៅរកពួកគេដើម្បីនិយាយពីពេលវេលាដែលបានកន្លងទៅជាមួយអញ នោះនឹងត្រូវបំផ្លាញចោល។ នេះជាអ្វីដែលអញបញ្ជា។ នៅក្នុងរឿងបែបនេះ អញមិនអត់ឱនឲ្យមនុស្សសូម្បីតែបន្តិចឡើយ។ អស់អ្នកដែលជ្រៀតជ្រែកក្នុងកិច្ចការរបស់អញ ហើយចង់ផ្តល់យោបល់ដល់អញ អញនឹងដាក់វាយផ្ចាលអ្នកនោះ ហើយអញនឹងមិនអភ័យទោសឡើយ។ ប្រសិនបើអញមិនមានបន្ទូលដោយត្រង់ទេ មនុស្សនឹងគ្មានថ្ងៃយល់បានឡើយ ហើយគេនឹងធ្លាក់ក្នុងការវាយផ្ចាលរបស់អញដោយមិនដឹងខ្លួន ដោយសារមនុស្សមិនស្គាល់អញនៅក្នុងសាច់ឈាមរបស់អញ។

ថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១៩

បន្ទាប់៖ ជំពូកទី ២២

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ