II. អំពីសេចក្តីពិតទាក់ទងនឹងការយកកំណើតជាមនុស្ស
១. «ការយកកំណើតជាមនុស្ស» គឺជាការបង្ហាញរូបអង្គរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិ នៅក្នុងរូបភាពជាសាច់ឈាម។ ដូច្នេះ ដើម្បីឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សបាន ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សសាមញ្ញជាមុនសិន ដ្បិតនេះគឺជាលក្ខខណ្ឌតម្រូវដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺត្រលប់ជាមនុស្ស នៅក្នុងសារជាតិដើមរបស់ទ្រង់។
ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២. ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម ហើយកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ។
ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣. ព្រះគ្រីស្ទជាមួយភាពជាមនុស្សសាមញ្ញ គឺជាសាច់ឈាមដែលព្រះវិញ្ញាណបានលេចជារូបរាង ហើយត្រូវបានកាន់កាប់ដោយភាពជាមនុស្សសាមញ្ញ ញាណសាមញ្ញ និងគំនិតជាមនុស្ស។ «ការលេចចេញជារូបរាង» មានន័យថា ព្រះជាម្ចាស់ក្លាយជាមនុស្ស ព្រះវិញ្ញាណក្លាយជាសាច់ឈាម ហើយបើនិយាយឲ្យកាន់តែច្បាស់ វាជាពេលមួយដែលព្រះជាម្ចាស់ផ្ទាល់គង់សណ្ឋិតក្នុងសាច់ឈាមជាមួយភាពជាមនុស្សសាមញ្ញ ហើយស្ដែងចេញអំពីកិច្ចការនៃព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សនេះ។ នេះហើយជាអត្ថន័យនៃពាក្យ លេចចេញជារូបរាង ឬយកកំណើតជាមនុស្សនោះ។
ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៤. ព្រះជាម្ចាស់ដែលបានប្រសូតជាសាច់ឈាម មានព្រះនាមថាព្រះគ្រីស្ទ ហើយ ព្រះគ្រីស្ទដែលអាចប្រទានឲ្យមនុស្សមានសេចក្ដីពិតនេះ ហៅថាព្រះជាម្ចាស់។ គ្មានអ្វីលើសពីនេះទេ ដ្បិតព្រះគ្រីស្ទមានលក្ខណៈពិតរបស់ព្រះជាម្ចាស់ មានទាំងនិស្ស័យរបស់ព្រះជាម្ចាស់ ហើយព្រះប្រាជ្ញាញាណដែលទ្រង់មានក្នុងការអនុវត្ត កិច្ចការរបស់ទ្រង់ ជាប្រាជ្ញាញាណដែលមនុស្សរកយល់មិនដល់ឡើយ។ មនុស្សដែលហៅខ្លួនឯងថាព្រះគ្រីស្ទ ប៉ុន្តែមិនអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គឺជាមនុស្សបោកប្រាស់ហើយ។ ព្រះគ្រីស្ទមិនមែនត្រឹមតែជាការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ នៅលើផែនដីនេះទេ តែជារូបកាយសាច់ឈាមដ៏វិសេសវិសាល ដែលព្រះជាម្ចាស់ទ្រង់សណ្ឋិតពេលទ្រង់អនុវត្ត និងសម្រេចកិច្ចការរបស់ទ្រង់នៅកណ្ដាលចំណោមមនុស្ស។ រូបកាយសាច់ឈាមនេះ មិនមែនមនុស្សណាក៏សុទ្ធតែអាចជំនួសបាននោះទេ ប៉ុន្តែជារូបកាយសាច់ឈាមមួយ ដែលអាចទ្រាំទ្រកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនេះបានយ៉ាងមានប្រសិទ្ធភាព ក៏ស្ដែងនូវនិស្ស័យរបស់ព្រះជាម្ចាស់ ទាំងតំណាងឲ្យព្រះជាម្ចាស់បានយ៉ាងល្អ ហើយប្រទានឲ្យមនុស្សមានជីវិតផង។
ដកស្រង់ពី «មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៥. ព្រះដែលយកកំណើតជាមនុស្ស នឹងមានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស នឹងមានការសម្ដែងរបស់ព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្រេចកិច្ចការដែលទ្រង់ចង់ធ្វើ ហើយដោយសារតែព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់នឹងសម្ដែងអំពីលក្ខណៈរបស់ទ្រង់ ហើយទ្រង់នឹងអាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងដឹកនាំផ្លូវគេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ដូច្នេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។
ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៦. ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សត្រូវបានហៅថាជាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទក៏ជាសាច់ឈាមដែលត្រូវបានបំពាក់ដោយព្រះវិញ្ញាណនៃព្រះដែរ។ សាច់ឈាមនេះមិនដូចមនុស្សណាផ្សេងដែលកើតចេញពីសាច់ឈាមទេ។ ភាពខុសគ្នាគឺថា ព្រះគ្រីស្ទមិនបានប្រសូត្រមកពីសាច់ និងឈាមឡើយ ប៉ុន្តែ ទ្រង់គឺជាការយកកំណើតរបស់ព្រះវិញ្ញាណវិញ។ ព្រះអង្គមានទាំងភាពជាមនុស្សសាមញ្ញ និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់មិនត្រូវបានកាន់កាប់ដោយមនុស្សណាម្នាក់ឡើយ។ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ជួយទ្រទ្រង់នូវសកម្មភាពសាមញ្ញទាំងអស់របស់ទ្រង់នៅក្នុងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ ជួយប្រតិបត្តិកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។
ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៧. ដោយសារតែទ្រង់ជាមនុស្សដែលមានសារជាតិជាព្រះជាម្ចាស់ ដូច្នេះ ទ្រង់ខ្ពង់ខ្ពស់ជាងមនុស្សលោកទាំងអស់ ខ្ពស់ជាងមនុស្សទាំងឡាយណាដែលអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន។ ដូច្នេះហើយ នៅក្នុងចំណោមមនុស្សទាំងអស់ដែលមានសំបកកាយជាមនុស្សដូចទ្រង់ ក្នុងចំណោមមនុស្សទាំងអស់ដែលមានភាពជាមនុស្ស គឺមានតែទ្រង់ម្នាក់ប៉ុណ្ណោះ ទើបជាព្រះជាម្ចាស់ផ្ទាល់ដែលយកកំណើតជាមនុស្ស ហើយអ្នកឯទៀតទាំងអស់នោះ គ្រាន់តែជាមនុស្សលោកប៉ុណ្ណោះ។ ទោះបីពួកគេទាំងអស់គ្នាមានភាពជាមនុស្សក៏ដោយ ក៏មនុស្សលោកគ្មានអ្វី ក្រៅពីភាពជាមនុស្សនោះឡើយ ខណៈឯព្រះដែលយកកំណើតជាមនុស្សវិញ ទ្រង់មានលក្ខណៈខុសពីគេ៖ ព្រះអង្គមិនគ្រាន់តែមានភាពជាមនុស្ស នៅក្នុងសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលសំខាន់ជាងនេះទៅទៀត ទ្រង់ក៏មានភាពជាព្រះផងដែរ។ ភាពជាមនុស្សរបស់ទ្រង់អាចត្រូវបានមើលឃើញនៅក្នុងរូបរាងខាងក្រៅនៃសាច់ឈាមរបស់ទ្រង់ និងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ទ្រង់ ប៉ុន្តែ ភាពជាព្រះរបស់ទ្រង់ គឺពិបាកនឹងយល់ណាស់។ ដោយសារតែភាពជាព្រះរបស់ទ្រង់ ត្រូវបានស្ដែងចេញតែនៅពេលដែលទ្រង់មានភាពជាមនុស្ស ហើយក៏មិនមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមៃដែរ ដូច្នេះ វាមានការពិបាកខ្លាំងណាស់ សម្រាប់ឲ្យមនុស្សមើលឃើញ... ដោយសារតែព្រះជាម្ចាស់ក្លាយជាសាច់ឈាម ដូច្នេះ សារជាតិរបស់ទ្រង់ គឺជាបន្សំនៃភាពជាមនុស្ស និងភាពជាព្រះ។ បន្សំនេះត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ ជាព្រះជាម្ចាស់ផ្ទាល់ដែលគង់នៅលើផែនដី។
ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៨. ព្រះជន្ម និងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់ អាចត្រូវបានបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទីមួយ គឺជាព្រះជន្មដែលទ្រង់រស់នៅ មុនពេលទ្រង់ធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់រស់នៅក្នុងគ្រួសារមនុស្សសាមញ្ញមួយ នៅក្នុងភាពជាមនុស្សសាមញ្ញបំផុត គោរពតាមសីលធម៌ និងវិន័យសាមញ្ញនៃការរស់នៅក្នុងជីវិតជាមនុស្ស ហើយទ្រង់ក៏មានតម្រូវការជាមនុស្ស (អាហារ សម្លៀកបំពាក់ ការគេង ជម្រក) មានចំណុចខ្សោយ និងអារម្មណ៍ជាមនុស្សសាមញ្ញផងដែរ។ នៅក្នុងន័យម្យ៉ាងទៀត ក្នុងអំឡុងនៃដំណាក់កាលដំបូងនេះ ទ្រង់រស់នៅក្នុងភាពមិនមែនជាព្រះ គឺរស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង ដោយចូលរួមនៅក្នុងគ្រប់សកម្មភាពជាមនុស្សសាមញ្ញតែម្ដង។ ដំណាក់កាលទីពីរ គឺជាព្រះជន្មដែលទ្រង់រស់នៅ បន្ទាប់ពីការចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់។ ទ្រង់នៅតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សសាមញ្ញ ជាមួយសំបកកាយជាមនុស្សសាមញ្ញ ដោយមិនបង្ហាញសញ្ញាខាងក្រៅអំពីកិច្ចការអធិធម្មជាតិឡើយ។ ប៉ុន្តែ ទ្រង់រស់នៅសម្រាប់ជាប្រយោជន៍ដល់ព័ន្ធកិច្ចរបស់ទ្រង់សុទ្ធសាធ ហើយក្នុងអំឡុងពេលនេះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់នៅមានទាំងស្រុង ដើម្បីទ្រទ្រង់ដល់កិច្ចការសាមញ្ញនៃភាពជាព្រះរបស់ទ្រង់ ដ្បិតនៅពេលនោះ ភាពជាមនុស្សសាមញ្ញរបស់ទ្រង់បានចម្រើនពេញវ័យ ដល់កម្រិតមួយដែលអាចធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន។ ដូច្នេះ ដំណាក់កាលទីពីរនៃព្រះជន្មរបស់ទ្រង់ គឺដើម្បីធ្វើព័ន្ធកិច្ចរបស់ទ្រង់នៅក្នុងភាពជាមនុស្សសាមញ្ញរបស់ទ្រង់ ជាពេលដែលជីវិតមួយ មានទាំងភាពជាមនុស្សសាមញ្ញផង និងភាពជាព្រះទាំងស្រុងផង។ ក្នុងអំឡុងដំណាក់កាលទីមួយនៃព្រះជន្មទ្រង់ ហេតុផលដែលនាំឲ្យទ្រង់រស់នៅក្នុងភាពជាមនុស្សសាមញ្ញទាំងស្រុង គឺដោយសារតែភាពជាមនុស្សរបស់ទ្រង់មិនទាន់អាចទ្រទ្រង់កិច្ចការរបស់ព្រះបានទាំងស្រុង ព្រោះភាពជាមនុស្សនេះមិនទាន់ចាស់ចិត្តគំនិតនៅឡើយ ទាល់តែក្រោយពេលដែលភាពជាមនុស្សរបស់ទ្រង់ចាស់ចិត្តគំនិត មានសមត្ថភាពរ៉ាប់រងព័ន្ធកិច្ចរបស់ទ្រង់ ទើបទ្រង់អាចអាចចាប់ផ្ដើមធ្វើព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើបាន។ ដោយសារតែទ្រង់ត្រូវការលូតលាស់ និងចាស់ចិត្តគំនិត ក្នុងនាមជាសាច់ឈាម ដូច្នេះ ដំណាក់កាលដំបូងនៃព្រះជន្មទ្រង់ គឺត្រូវតែជាព្រះជន្មនៃភាពជាមនុស្សសាមញ្ញ ខណៈដែលនៅក្នុងដំណាក់កាលទីពីរ ដោយសារតែភាពជាមនុស្សរបស់ទ្រង់មានសមត្ថភាពអាចធ្វើកិច្ចការ និងធ្វើព័ន្ធកិច្ចរបស់ទ្រង់បាន ដូច្នេះ ព្រះជន្មនៃព្រះដែលយកកំណើតជាមនុស្សគង់នៅ ក្នុងពេលកំពុងធ្វើព័ន្ធកិច្ចរបស់ទ្រង់ គឺជាព្រះជន្មមួយដែលមានទាំងភាពជាមនុស្សផង និងភាពជាព្រះទាំងស្រុងផង។ ប្រសិនបើព្រះដែលយកកំណើតជាមនុស្ស បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ក្នុងកម្រិតខ្ពស់ ដោយធ្វើទីសម្គាល់អស្ចារ្យ និងឫទ្ធិបារមី ចាប់តាំងពីពេលដែលទ្រង់ប្រសូតមក នោះទ្រង់នឹងគ្មានសារជាតិជារូបកាយសាច់ឈាមឡើយ។ ដូច្នេះ ភាពជាមនុស្សរបស់ទ្រង់ មានឡើងសម្រាប់ជាប្រយោជន៍ដល់សារជាតិជារូបកាយសាច់ឈាមរបស់ទ្រង់ ដ្បិតភាពជាមនុស្សមិនអាចគ្មានសាច់ឈាមនោះឡើយ ហើយមនុស្សម្នាក់ដែលគ្មានភាពជាមនុស្ស ក៏មិនមែនជាមនុស្សដែរ។ នៅក្នុងន័យដូចគ្នានេះ ភាពជាមនុស្សខាងសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាទ្រព្យសម្បត្តិពីដើមនៃសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់។ ការនិយាយថា «នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម នោះទ្រង់ជាព្រះទាំងស្រុង ហើយមិនមែនជាមនុស្សសោះ» គឺជាការប្រមាថដល់ព្រះហើយ ដ្បិតសម្ដីមួយឃ្លានេះ មិនអាចកើតឡើងបានឡើយ ហើយវាក៏បំពានដល់គោលការណ៍នៃការយកកំណើតជាមនុស្សផងដែរ។ សូម្បីតែក្រោយពេលទ្រង់ចាប់ផ្ដើមធ្វើព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ ក៏ទ្រង់នៅតែរស់នៅក្នុងភាពជាព្រះរបស់ទ្រង់ ជាមួយសំបកកាយខាងក្រៅជាមនុស្សដដែល នៅពេលដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់។ គ្រាន់តែថា នៅពេលនោះ ភាពជាមនុស្សរបស់ទ្រង់បំពេញគោលបំណងនៃការអនុញ្ញាតឲ្យភាពជាព្រះរបស់ទ្រង់ធ្វើការនៅក្នុងសាច់ឈាមសាមញ្ញតែម្យ៉ាងគត់។ ដូច្នេះ ភ្នាក់ងារនៃកិច្ចការ គឺភាពជាព្រះដែលកំពុងតែគង់សណ្ឋិតនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ ភាពជាព្រះរបស់ទ្រង់វិញទេដែលកំពុងធ្វើការ មិនមែនភាពជាមនុស្សរបស់ទ្រង់ឡើយ ប៉ុន្តែ គ្រាន់តែភាពជាព្រះនេះ ត្រូវបានលាក់កំបាំងនៅខាងក្នុងភាពជាមនុស្សរបស់ទ្រង់ប៉ុណ្ណោះ និយាយឲ្យខ្លី កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដោយភាពជាព្រះរបស់ទ្រង់ទាំងស្រុង មិនមែនដោយភាពជាមនុស្សរបស់ទ្រង់ឡើយ។ ដោយឡែក អ្នកប្រតិបត្តិកិច្ចការ គឺជាសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយថា ទ្រង់ជាមនុស្សផង និងជាព្រះជាម្ចាស់ផង ដ្បិតព្រះជាម្ចាស់ក្លាយជាព្រះដែលកំពុងរស់នៅក្នុងសាច់ឈាម ជាមួយសំបកកាយជាមនុស្ស និងសារជាតិជាមនុស្ស តែក៏មានសារជាតិជាព្រះផងដែរ។
ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៩. ភាពជាមនុស្សរបស់ព្រះដែលយកកំណើតជាមនុស្សកើតមាន ដើម្បីបន្តថែរក្សាកិច្ចការសាមញ្ញរបស់ព្រះនៅក្នុងសាច់ឈាម ហើយការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់ ជួយទ្រទ្រង់ដល់ភាពជាមនុស្សសាមញ្ញរបស់ទ្រង់ និងគ្រប់សកម្មភាពខាងសាច់ឈាមរបស់ទ្រង់។ គេអាចនិយាយបានថា ការគិតតាមបែបមនុស្សសាមញ្ញរបស់ទ្រង់កើតមានបាន គឺដើម្បីជួយទ្រទ្រង់ដល់គ្រប់កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ប្រសិនបើសាច់ឈាមនេះមិនមានគំនិតតាមបែបមនុស្សសាមញ្ញទេ នោះព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងសាច់ឈាមបានឡើយ ហើយអ្វីដែលទ្រង់ត្រូវធ្វើនៅក្នុងសាច់ឈាម ក៏មិនអាចសម្រេចបាននោះដែរ។ ទោះបីព្រះដែលយកកំណើតជាមនុស្សមានគំនិតតាមបែបមនុស្សសាមញ្ញក៏ដោយ ប៉ុន្តែ កិច្ចការរបស់ទ្រង់មិនត្រូវបានលាយឡំ ដោយគំនិតរបស់មនុស្សឡើយ។ ទ្រង់ធ្វើកិច្ចការនៅក្នុងភាពជាមនុស្សជាមួយគំនិតសាមញ្ញ ក្រោមលក្ខខណ្ឌតម្រូវជាមុននៃការមានគំនិតតាមបែបភាពជាមនុស្ស មិនមែនដោយការអនុវត្តតាមគំនិតមនុស្សសាមញ្ញនោះឡើយ។ មិនថាគំនិតខាងសាច់ឈាមរបស់ទ្រង់វិសេសវិសាលប៉ុនណា ក៏កិច្ចការរបស់ទ្រង់មិនត្រូវបានប្រឡាក់ប្រឡូកជាមួយតក្កៈ ឬការគិតដែរ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ទ្រង់មិនត្រូវបានយល់ ដោយគំនិតខាងសាច់ឈាមរបស់ទ្រង់ឡើយ ប៉ុន្តែ ជាការស្ដែងចេញដោយផ្ទាល់នូវកិច្ចការរបស់ព្រះនៅក្នុងភាពជាមនុស្សរបស់ទ្រង់។ គ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺជាព័ន្ធកិច្ចដែលទ្រង់ត្រូវតែសម្រេច ហើយគ្មានកិច្ចការណាមួយដែលត្រូវបានយល់ ដោយខួរក្បាលរបស់ទ្រង់ឡើយ។ ឧទាហរណ៍ ការប្រោសអ្នកជំងឺឲ្យជា ការបណ្ដេញអារក្ស និងការជាប់ឆ្កាង មិនមែនកើតចេញពីគំនិតតាមបែបមនុស្សរបស់ទ្រង់ឡើយ ហើយក៏មិនអាចត្រូវបានសម្រេច ដោយមនុស្សណាម្នាក់ដែលមានគំនិតជាមនុស្សដែរ។ ដូចគ្នាផងដែរ កិច្ចការច្បាំងយកជ័យនាពេលសព្វថ្ងៃ គឺជាព័ន្ធកិច្ចមួយដែលត្រូវតែធ្វើ ដោយព្រះដែលយកកំណើតជាមនុស្ស ប៉ុន្តែ វាមិនមែនជាកិច្ចការចេញពីឆន្ទៈរបស់មនុស្សឡើយ វាជាកិច្ចការដែលភាពជាព្រះរបស់ទ្រង់គួរតែធ្វើ ជាកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមណាអាចធ្វើបានឡើយ។ ដូច្នេះ ព្រះដែលយកកំណើតជាមនុស្ស ត្រូវតែមានគំនិតបែបមនុស្សសាមញ្ញ ត្រូវតែមានភាពជាមនុស្សសាមញ្ញ ដ្បិតទ្រង់ត្រូវតែធ្វើកិច្ចការរបស់ទ្រង់នៅក្នុងភាពជាមនុស្ស ដែលមានគំនិតសាមញ្ញ។ នេះជាសារជាតិនៃកិច្ចការរបស់ព្រះដែលយកកំណើតជាមនុស្ស ជាសារជាតិដើមរបស់ព្រះដែលយកកំណើតជាមនុស្ស។
ដកស្រង់ពី «សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១០. បុត្រមនុស្សដែលយកកំណើតជាមនុស្សនេះបានបង្ហាញចេញនូវភាពជាព្រះរបស់ទ្រង់ តាមរយៈភាពជាមនុស្សរបស់ទ្រង់ ហើយបានបង្ហាញព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សជាតិ។ តាមរយៈការសម្ដែងចេញរបស់ទ្រង់អំពីព្រះហឫទ័យ និងនិស្ស័យរបស់ព្រះជាម្ចាស់ ទ្រង់ក៏បានបើកសម្ដែងឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ ឬប៉ះពាល់បាន ជាព្រះដែលគង់នៅក្នុងពិភពខាងវិញ្ញាណដែរ។ អ្វីដែលមនុស្សបានឃើញ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនៅក្នុងទម្រង់រូបិយ ដែលមានជាសាច់ និងឈាម។ ដូច្នេះ បុត្រមនុស្សដែលយកកំណើតជាមនុស្សបានធ្វើឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ឋានៈ រូបភាព និស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មានភាពច្បាស់លាស់ និងតាមបែបជាមនុស្ស។ ទោះបីរូបរាងខាងក្រៅរបស់បុត្រមនុស្សមាននូវដែនកំណត់ខ្លះ ទាក់ទងនឹងរូបអង្គរបស់ព្រះជាម្ចាស់ សារជាតិរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ អាចតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គក៏ដោយ ក៏វាមាននូវភាពខុសគ្នាមួយចំនួននៅក្នុងទម្រង់នៃការបង្ហាញចេញដែរ។ យើងមិនអាចបដិសេធបានថា បុត្រមនុស្សតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ទាំងនៅក្នុងទម្រង់នៃភាពជាមនុស្សរបស់ទ្រង់ និងនៅក្នុងភាពជាព្រះរបស់ទ្រង់នោះឡើយ។ យ៉ាងណាមិញ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់បានធ្វើការតាមរយៈសាច់ឈាម បានមានបន្ទូលចេញពីទិដ្ឋភាពនៃសាច់ឈាម និងបានឈរនៅមុខមនុស្សជាតិជាមួយអត្តសញ្ញាណ និងឋានៈជាបុត្រមនុស្ស ហើយការនេះបានផ្ដល់ឲ្យមនុស្សនូវឱកាស ដើម្បីជួប និងដកពិសោធន៍នូវព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សជាតិ។ វាក៏បានជួយឲ្យមនុស្សទទួលបានគតិជ្រៅជ្រះអំពីភាពជាព្រះ និងភាពធំធេងរបស់ទ្រង់នៅក្នុងការបន្ទាបអង្គទ្រង់ ក៏ដូចជាទទួលបានការយល់ដឹង និងនិយមន័យដំបូងអំពីភាពពិតប្រាកដ និងតថភាពរបស់ព្រះជាម្ចាស់ដែរ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១១. ទោះបីរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សដូចបេះដាក់ទៅនឹងមនុស្សក៏ដោយ ហើយទោះបីទ្រង់មានចំណេះដឹងរបស់មនុស្ស និងចេះនិយាយភាសារបស់មនុស្ស ហើយពេលខ្លះ ទោះបីជាទ្រង់បង្ហាញព្រះតម្រិះរបស់ទ្រង់តាមរយៈវិធីសាស្ត្រ ឬរបៀបនៃការនិយាយរបស់មនុស្សជាតិក៏ដោយ ក៏របៀបដែលទ្រង់ទតឃើញមនុស្សលោក និងទតឃើញសារជាតិនៃរឿងទាំងនោះ មិនដូចគ្នាទៅនឹងរបៀបដែលមនុស្សដ៏ពុករលួយមើលឃើញមនុស្សជាតិ និងសារជាតិនៃរឿងរ៉ាវនោះដែរ។ ទស្សនៈ និងការលើកឡើងរបស់ទ្រង់ដែលទ្រង់ប្រកាន់យក គឺជាអ្វីមួយដែលមនុស្សដ៏ពុករលួយមិនអាចយល់បានឡើយ។ នោះគឺដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ដោយសារតែសាច់ឈាមដែលទ្រង់ពាក់នោះ ក៏មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះតម្រិះរបស់ទ្រង់ និងការដែលភាពជាមនុស្សរបស់ទ្រង់បានសម្ដែងចេញនោះ ក៏ជាសេចក្តីពិតដែរ។ សម្រាប់មនុស្សដ៏ពុករលួយ អ្វីដែលទ្រង់សម្ដែងចេញនៅក្នុងសាច់ឈាម គឺជាការប្រទាននូវសេចក្ដីពិត និងជីវិត។ ការប្រទានមកនេះ មិនមែនគ្រាន់តែសម្រាប់មនុស្សម្នាក់ឡើយ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងអស់វិញ... ទោះបីជាសាច់ឈាមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់មានភាពសាមញ្ញ ធម្មតា ព្រមទាំងទន់ទាបកម្រិតណា ឬទោះបីជាមនុស្សចំអកមើលងាយទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះតម្រិះ និងឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិ គឺជាអ្វីដែលគ្មានមនុស្សណាម្នាក់អាចមាន ឬយកតម្រាប់តាមបានឡើយ។ ទ្រង់នឹងតែងតែសង្កេតមើលមនុស្សចេញពីទស្សនៈនៃភាពជាព្រះ ចេញពីការលើកឡើងនៃមុខតំណែងរបស់ទ្រង់ ក្នុងនាមជាព្រះអាទិករ។ ទ្រង់នឹងតែងតែទតមើលឃើញមនុស្សជាតិ តាមរយៈសារជាតិ និងផ្នត់គំនិតរបស់ព្រះជាម្ចាស់។ ទ្រង់មិនអាចទតមើលមនុស្សជាតិចេញពីទស្សនៈទន់ទាបរបស់មនុស្សសាមញ្ញ ឬចេញពីទស្សនៈរបស់មនុស្សដ៏ពុករលួយនោះឡើយ។ នៅពេលដែលមនុស្សមើលទៅកាន់មនុស្សជាតិ ពួកគេមើលចេញពីភ្នែករបស់មនុស្ស ហើយពួកគេប្រើប្រាស់ចំណេះដឹង ក្បួនច្បាប់ និងទ្រឹស្ដីជាមនុស្សមកធ្វើជាខ្នាតវាស់វែង។ ការនេះស្ថិតនៅក្នុងវិសាលភាពនៃអ្វីដែលមនុស្សអាចមើលឃើញជាមួយភ្នែករបស់ពួកគេ និងវិសាលភាពដែលមនុស្សដ៏ពុករលួយអាចសម្រេចបាន។ នៅពេលដែលព្រះជាម្ចាស់ទតមើលទៅកាន់មនុស្សជាតិ ទ្រង់ទតមើលជាមួយព្រះនេត្រជាព្រះ ហើយទ្រង់ប្រើប្រាស់សារជាតិរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ធ្វើជាខ្នាតវាស់វែង។ វិសាលភាពនេះ រួមបញ្ចូលចំណុចដែលមនុស្សមិនអាចមើលឃើញ ហើយនេះជាទីកន្លែងដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងមនុស្សដ៏ពុករលួយមានលក្ខណៈខុសគ្នាស្រឡះ។ ភាពខុសគ្នានេះត្រូវបានកំណត់ ដោយសារជាតិខុសគ្នារបស់មនុស្ស និងរបស់ព្រះជាម្ចាស់ ព្រោះថាគឺជាសារជាតិខុសគ្នាទាំងនេះហើយដែលកំណត់ពីអត្តសញ្ញាណ និងមុខតំណែងរបស់ពួកគេ ក៏ដូចជាទស្សនៈ និងការលើកឡើងចេញពីអ្វីដែលពួកគេមើលឃើញ។
ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១២. សាច់ឈាមដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់សណ្ឋិត គឺជាសាច់ឈាមរបស់ព្រះជាម្ចាស់ផ្ទាល់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ឧត្ដុង្គឧត្ដមណាស់។ ទ្រង់ប្រកបដោយព្រះចេស្ដា ទ្រង់បរិសុទ្ធ ហើយសុចរិតផង។ ដូចគ្នាដែរ សាច់ឈាមរបស់ទ្រង់ក៏ឧត្ដុង្គឧត្ដម ប្រកបដោយព្រះចេស្ដា បរិសុទ្ធ និងសុចរិតដែរ។ សាច់ឈាមបែបនេះ អាចធ្វើបានតែកិច្ចការណាដែលសុចរិត និងមានប្រយោជន៍ដល់មនុស្សជាតិប៉ុណ្ណោះ គឺជាកិច្ចការដែលបរិសុទ្ធ ប្រកបដោយសិរីល្អ និងប្រកបដោយព្រះចេស្ដា។ ទ្រង់មិនអាចធ្វើកិច្ចការដែលបំពានសេចក្ដីពិត បំពានសីលធម៌ និងភាពយុត្តិធម៌ ហើយរឹតតែមិនអាចធ្វើកិច្ចការដែលក្បត់នឹងវិញ្ញាណរបស់ព្រះជាម្ចាស់បានឡើយ។
ដកស្រង់ពី «បញ្ហាដ៏ធ្ងន់ធ្ងរមួយ៖ អំពើក្បត់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៣. ដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ទ្រង់ទទួលស្គាល់សារជាតិរបស់ទ្រង់ដែលស្ថិតនៅក្នុងសាច់ឈាមរបស់ទ្រង់ ដែលថាសាច់ឈាមរបស់ទ្រង់គឺគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ ដូច្នេះ គ្រប់កិច្ចការរបស់ព្រះវិញ្ញាណនៃព្រះត្រូវបានជំនួសដោយកិច្ចការរបស់ព្រះគ្រីស្ទ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្ស ហើយគោលបំណងស្នូលនៃគ្រប់កិច្ចការនៅក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សនេះ គឺជាកិច្ចការរបស់ព្រះគ្រីស្ទ។ វាមិនអាចត្រូវបានលាយឡំជាមួយកិច្ចការពីសម័យកាលផ្សេងៗឡើយ។ ហើយដោយសារតែព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ដូច្នេះ ទ្រង់ធ្វើការនៅក្នុងអត្តសញ្ញាណនៃសាច់ឈាមរបស់ទ្រង់។ ដោយសារតែទ្រង់យាងមកនៅក្នុងសាច់ឈាម ដូច្នេះ ទ្រង់នឹងបញ្ចប់កិច្ចការនៅក្នុងសាច់ឈាមដែលទ្រង់គួរតែធ្វើ។ មិនថាជាព្រះវិញ្ញាណនៃព្រះ ឬជាព្រះគ្រីស្ទឡើយ ព្រះអង្គទាំងពីរសុទ្ធតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយទ្រង់ធ្វើកិច្ចការ និងព័ន្ធកិច្ចដែលទ្រង់គួរតែធ្វើ។
ដកស្រង់ពី «សារជាតិរបស់ព្រះគ្រីស្ទ គឺជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៤. កិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់មិនត្រូវបានធ្វើឡើងដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ និងអត្តសញ្ញាណរបស់ព្រះវិញ្ញាណឡើយ ព្រោះថាមនុស្សមិនអាចប៉ះពាល់ ឬមើលឃើញព្រះវិញ្ញាណរបស់ទ្រង់ឡើយ ហើយក៏មិនអាចចូលជិតទ្រង់បានដែរ។ ប្រសិនបើទ្រង់ព្យាយាមសង្រ្គោះមនុស្សដោយផ្ទាល់ ដោយប្រើប្រាស់វិធីសាស្ត្ររបស់ព្រះវិញ្ញាណ នោះមនុស្សនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់ឡើយ។ ប្រសិនបើព្រះជាម្ចាស់មិនពាក់សំបកខាងក្រៅជាមនុស្សទេ នោះមនុស្សនឹងគ្មានផ្លូវទទួលបានសេចក្តីសង្រ្គោះនេះឡើយ។ ព្រោះថាមនុស្សគ្មានផ្លូវចូលទៅរកទ្រង់ ហើយក៏គ្មាននរណាម្នាក់អាចចូលជិតពពករបស់ព្រះយេហូវ៉ាបាននោះដែរ។ មានតែតាមរយៈការក្លាយជាមនុស្ស ពោលគឺមានតែតាមរយៈការយកព្រះបន្ទូលរបស់ទ្រង់ដាក់ចូលទៅក្នុងរូបកាយ ដែលទ្រង់រៀបនឹងត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ទើបទ្រង់អាចធ្វើការដោយផ្ទាល់ ដោយធ្វើឲ្យព្រះបន្ទូលចូលទៅក្នុងអស់អ្នកដែលដើរតាមទ្រង់។ មានតែបែបនេះទេ ទើបមនុស្សអាចមើលឃើញ និងស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដោយផ្ទាល់បាន ហើយលើសពីនេះ គេអាចចូលកាន់កាប់ព្រះបន្ទូលរបស់ទ្រង់ គឺមានតែតាមមធ្យោបាយនេះប៉ុណ្ណោះ ទើបគេអាចទទួលបានសេចក្ដីសង្រ្គោះយ៉ាងពេញលេញ។ ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះគ្មានសាច់ និងឈាមណាមួយនឹងអាចទទួលបានសេចក្តីសង្រ្គោះដ៏ធំបែបនេះ ហើយក៏គ្មានមនុស្សណាម្នាក់ទទួលបានសេចក្ដីសង្រ្គោះនោះដែរ។ ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្សជាតិ នោះមនុស្សជាតិទាំងអស់នឹងត្រូវវាយបំផ្លាញមិនខាន បើមិនដូច្នោះទេ ពួកគេគ្មានផ្លូវចូលទៅជិតព្រះជាម្ចាស់បានឡើយ ហើយពួកគេនឹងត្រូវជាប់ជាឈ្លើយសឹករបស់សាតាំងទាំងស្រុងមិនខាន។
ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៥. ប្រសិនបើព្រះជាម្ចាស់មិនត្រលប់ជាសាច់ឈាមទេ នោះទ្រង់នឹងបន្តជាព្រះវិញ្ញាណដែលមនុស្សមិនអាចមើលឃើញ និងពាល់បាន។ មនុស្សជាសត្តនិករនៃសាច់ឈាម ដូច្នេះ គេ និងព្រះជាម្ចាស់មានពិភពពីរផ្សេងគ្នា និងមានធម្មជាតិខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចចុះសម្រុងជាមួយមនុស្ស ដែលមកពីសាច់ឈាមឡើយ ហើយវាក៏គ្មានផ្លូវនៃការបង្កើតនូវទំនាក់ទំនងរវាងពួកគេបានដែរ បើដូច្នេះ មនុស្សគ្មានសមត្ថភាពទទួលបានការបំផ្លាស់ប្រែខាងវិញ្ញាណឡើយ។ ដោយសារតែហេតុផលនេះហើយបានជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវតែត្រលប់ជាមនុស្ស ដើម្បីធ្វើកិច្ចការដើមរបស់ទ្រង់។ ព្រះជាម្ចាស់អាចយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត និងបន្ទាបអង្គទ្រង់ត្រលប់ជាមនុស្ស ដើម្បីធ្វើការនៅក្នុងចំណោមមនុស្សជាតិ និងរស់នៅកណ្ដាលចំណោមពួកគេបាន ប៉ុន្តែ មនុស្សមិនអាចឡើងទៅកាន់ទីដ៏ខ្ពស់បំផុត និងក្លាយជាវិញ្ញាណបានទេ ហើយលើសពីនេះ គេក៏មិនអាចចុះទៅកាន់ទីដ៏ទាបបំផុតនោះដែរ។ នេះជាហេតុផលដែលព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការរបស់ទ្រង់។ ដោយសារហេតុផលដដែលនេះហើយ បានជាក្នុងអំឡុងនៃការយកកំណើតជាមនុស្សលើកទីមួយ មានតែសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ទើបអាចប្រោសលោះមនុស្សតាមរយៈការជាប់ឆ្កាង ប៉ុន្តែ វាគ្មានផ្លូវណាដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រូវបានជាប់ឆ្កាង ជាតង្វាយលោះបាបសម្រាប់មនុស្សឡើយ។ ព្រះជាម្ចាស់អាចត្រលប់ជាសាច់ឈាមដោយផ្ទាល់ ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែ មនុស្សមិនអាចឡើងដោយផ្ទាល់ទៅស្ថានសួគ៌ ដើម្បីទទួលតង្វាយលោះបាបដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់គេឡើយ។ ដោយសារហេតុផលនេះ អ្វីគ្រប់យ៉ាងដែលអាចធ្វើបាន គឺសុំឲ្យព្រះជាម្ចាស់រត់ចុះឡើងពីរបីដងនៅចន្លោះស្ថានសួគ៌ និងផែនដី ដោយមិនចាំបាច់ឲ្យមនុស្សត្រូវឡើងទៅស្ថានសួគ៌ ដើម្បីទទួលយកសេចក្តីសង្រ្គោះនេះទេ ព្រោះមនុស្សបានធ្លាក់ចុះ ហើយលើសពីនេះទៅទៀត មនុស្សក៏មិនអាចឡើងទៅស្ថានសួគ៌បានដែរ ថែមទាំងមិនអាចទទួលយកតង្វាយលោះបានទៀតផង។ ដូច្នេះ វាចាំបាច់ណាស់ដែលព្រះយេស៊ូវត្រូវយាងមកកណ្ដាលចំណោមមនុស្សជាតិ ហើយធ្វើកិច្ចការដែលមនុស្សមិនអាចសម្រេចបាន ដោយព្រះអង្គទ្រង់ផ្ទាល់។ គ្រប់ពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម គឺសុទ្ធតែជាពេលដ៏ចាំបាច់បំផុត។ បើមានដំណាក់កាលណាមួយដែលអាចត្រូវបានអនុវត្តដោយផ្ទាល់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះទ្រង់នឹងមិនចាំបាច់ត្រូវចុះចូល រហូតដល់រងការអាម៉ាស់នៃការយកកំណើតជាមនុស្សនោះឡើយ។
ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៦. សម្រាប់អស់អ្នកដែលបានសង្រ្គោះ តម្លៃនៃការប្រើប្រាស់ព្រះវិញ្ញាណមានកម្រិតទាបជាងតម្លៃនៃការប្រើប្រាស់សាច់ឈាម៖ កិច្ចការរបស់ព្រះវិញ្ញាណអាចគ្របបាំងចក្រវាលទាំងមូល ភ្នំ ទន្លេ បឹងបួ និងមហាសមុទ្របាន ប៉ុន្តែ កិច្ចការនៃសាច់ឈាមមានទំនាក់ទំនងជាមួយមនុស្សគ្រប់រូបដែលទ្រង់មានទំនាក់ទំនងជាមួយ ប្រកបដោយប្រសិទ្ធភាពជាង។ លើសពីនេះ សាច់ឈាមរបស់ព្រះជាម្ចាស់ជាមួយទម្រង់រូបិយ អាចធ្វើឲ្យមនុស្សកាន់តែយល់ និងកាន់តែទុកចិត្ត ហើយអាចធ្វើឲ្យចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់កាន់តែស៊ីជម្រៅ និងអាចនាំឲ្យមនុស្សមានអារម្មណ៍ដក់ជាប់កាន់តែជ្រាលជ្រៅអំពីទង្វើដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណត្រូវបានលាក់កំបាំងនៅក្នុងភាពអាថ៌កំបាំង ហើយវាពិបាកសម្រាប់មនុស្សដែលរមែងនឹងស្លាប់នេះ ក្នុងការវាស់ស្ទង់ ហើយពួកគេក៏កាន់តែពិបាកនឹងមើលឃើញដែរ ដូច្នេះ ពួកគេអាចពឹងអាងលើការស្រមើស្រមៃដែលប្រហោងក្នុងរបស់គេតែមួយប៉ុណ្ណោះ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាម ជាកិច្ចការសាមញ្ញ និងមានមូលដ្ឋានលើតថភាពពិតជាក់ស្ដែង ព្រមទាំងពេញដោយព្រះប្រាជ្ញាញាណ ហើយតាមពិតទៅ កិច្ចការនេះអាចត្រូវបានមើលឃើញដោយភ្នែករបស់មនុស្ស ដូច្នេះ មនុស្សអាចដកពិសោធន៍ដោយផ្ទាល់នូវព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយគេមិនចាំបាច់ប្រើការស្រមើស្រមៃដ៏ច្រើនរបស់គេឡើយ។ នេះជាសុក្រឹត្យភាព និងតម្លៃពិតនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណអាចធ្វើកិច្ចការដែលមនុស្សមើលមិនឃើញ និងពិបាកស្រមើស្រមៃប៉ុណ្ណោះ ឧទាហរណ៍ ដូចជាការបំភ្លឺរបស់ព្រះវិញ្ញាណ ការធ្វើចលនារបស់ព្រះវិញ្ញាណ និងការដឹកនាំរបស់ព្រះវិញ្ញាណ ប៉ុន្តែ សម្រាប់មនុស្សដែលមានគំនិត កិច្ចការទាំងនេះមិនផ្ដល់នូវអត្ថន័យដ៏ច្បាស់លាស់ឡើយ។ កិច្ចការទាំងនេះគ្រាន់តែផ្ដល់នូវការរំជួលចិត្ត ឬអត្ថន័យទូលំទូលាយប៉ុណ្ណោះ ប៉ុន្តែ វាមិនអាចផ្ដល់ជាពាក្យណែនាំឡើយ។ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមានលក្ខណៈខុសគ្នាច្រើនណាស់៖ កិច្ចការនេះពាក់ព័ន្ធនឹងការចង្អុលបង្ហាញយ៉ាងសុក្រឹត្យអំពីព្រះបន្ទូល ហើយវាមានឆន្ទៈ និងគោលដៅច្បាស់លាស់។ ដូច្នេះ មនុស្សមិនចាំបាច់ប្រើអារម្មណ៍ ឬការស្រមើស្រមៃរបស់ខ្លួនឡើយ ហើយក៏មិនចាំបាច់ប្រើការស្មានព្រាវៗនោះដែរ។ នេះជាភាពច្បាស់លាស់នៃកិច្ចការនៅក្នុងសាច់ឈាម និងជាភាពខុសគ្នាដ៏ធំពីកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណសក្តិសមសម្រាប់វិសាលភាពដែលមានកម្រិតមួយប៉ុណ្ណោះ ហើយកិច្ចការនេះមិនអាចប្រើជំនួសកិច្ចការរបស់សាច់ឈាមនោះឡើយ។ កិច្ចការរបស់សាច់ឈាមផ្ដល់ឲ្យមនុស្សនូវគោលដៅចំៗ និងចាំបាច់ ព្រមទាំងចំណេះដឹងដ៏ពិត និងមានតម្លៃជាងកិច្ចការរបស់ព្រះវិញ្ញាណ។ កិច្ចការដែលមានតម្លៃដ៏ធំធេងបំផុតចំពោះមនុស្សដ៏ពុករលួយនេះ គឺជាកិច្ចការដែលផ្ដល់នូវព្រះបន្ទូលដ៏សុក្រឹត្យ ផ្ដល់នូវគោលដៅច្បាស់ៗដើម្បីស្វែងរក ហើយអាចមើលឃើញ និងប៉ះពាល់បាន។ មានតែកិច្ចការប្រាកដនិយម និងការចង្អុលបង្ហាញទាន់ពេលប៉ុណ្ណោះ ដែលសក្តិសមនឹងរសជាតិរបស់មនុស្ស ហើយមានតែកិច្ចការពិតៗប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីនិស្ស័យដ៏ពុករលួយ និងដ៏អាក្រក់របស់គេបាន។ ការនេះអាចសម្រេចបាន តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សតែប៉ុណ្ណោះ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ ដែលអាចសង្រ្គោះមនុស្សពីអតីតនិស្ស័យដ៏ពុករលួយ និងអាក្រក់របស់គេ។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៧. ដូច្នេះ ប្រសិនបើកិច្ចការនេះត្រូវព្រះវិញ្ញាណបំពេញ ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្សទេ តែផ្ទុយទៅវិញ ព្រះវិញ្ញាណបានមានព្រះបន្ទូលដោយផ្ទាល់តាមរយៈសំឡេងផ្គរលាន់ ដើម្បីឲ្យមនុស្សគ្មានផ្លូវណាអាចទាក់ទងជាមួយទ្រង់បាន តើមនុស្សអាចស្គាល់ពីនិស្ស័យរបស់ទ្រង់ដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបំពេញកិច្ចការតែមួយព្រះអង្គអ្នក នោះមនុស្សនឹងគ្មានផ្លូវដែលអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សអាចត្រឹមតែឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេ នៅពេលដែលទ្រង់យកកំណើតជាមនុស្ស នៅពេលដែលព្រះបន្ទូលលេចមកជាសាច់ឈាម ហើយទ្រង់បើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងតាមរយៈសាច់ឈាមប៉ុណ្ណោះ។ ព្រះជាម្ចាស់ពិតជារស់នៅក្នុងចំណោមមនុស្សពិតប្រាកដមែន។ ទ្រង់គឺរូបី មនុស្សអាចបន្ស៊ីគ្នាជាមួយនិស្ស័យរបស់ទ្រង់បានដោយផ្ទាល់ អាចពាក់ព័ន្ធនឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន។ មានតែបែបនេះទេដែលមនុស្សអាចស្គាល់ទ្រង់បានដោយពិតប្រាកដ។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៨. ការមកដល់របស់ព្រះជាម្ចាស់ជាសាច់ឈាមគឺដើម្បីជួយមនុស្សឲ្យមើលឃើញទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់ដើម្បីផ្ដល់ជារូបរាងនៃសាច់ឈាមទៅដល់ព្រះវិញ្ញាណដែលគ្មានរូបរាង និងដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញ និងបានប៉ះពាល់ទ្រង់ផង។ តាមរយៈសេចក្ដីនេះ អស់អ្នកណាដែលទ្រង់បានចាក់បំពេញ នឹងរស់នៅបង្ហាញទ្រង់ ទ្រង់នឹងទទួលបានពួកគេ ហើយគេនឹងដើរតាមព្រះហឬទ័យរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់មានបន្ទូលតែក្នុងស្ថានសួគ៌ ហើយមិនបានយាងមកផែនដីពិតប្រាកដទេនោះ មនុស្សនឹងមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ ពួកគេនឹងបានត្រឹមតែអាចអធិប្បាយពីការប្រព្រឹត្ដរបស់ព្រះជាម្ចាស់ដោយការប្រើប្រាស់ទ្រឹស្ដីទទេសូន្យ និងមិនអាចមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ ការសំខាន់ដែលព្រះជាម្ចាស់បានយាងមកផែនដីនេះគឺដើម្បីធ្វើជាឧទាហរណ៍ និងជាគំរូសម្រាប់អស់អ្នកដែលទ្រង់ទទួលបាន និងអស់អ្នកដែលមើលឃើញទ្រង់ ហើយមានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចទទួលបានពួកគេយ៉ាងពិតប្រាកដ។
ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
១៩. មានតែពេលដែលព្រះជាម្ចាស់បន្ទាបព្រះអង្គទ្រង់មកដល់ចំណុចណាមួយប៉ុណ្ណោះ ពោលគឺមានតែពេលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមប៉ុណ្ណោះ ដែលមនុស្សអាចក្លាយជាមនុស្សជិតស្និទ្ធ និងជាមនុស្សជំនិតរបស់ទ្រង់បាន។ ព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ៖ តើមនុស្សអាចមានលក្ខណៈសម្បត្តិធ្វើជាមនុស្សជិតស្និទ្ធនឹងព្រះវិញ្ញាណ ដែលថ្កុំថ្កើង និងមិនអាចវាស់ស្ទង់បាននេះ បានដោយរបៀបណា? មានតែពេលដែលព្រះវិញ្ញាណនៃព្រះជាម្ចាស់ យកកំណើតមកខាងឯសាច់ឈាម និងក្លាយជាសភាវៈដែលមានសម្បកខាងក្រៅដូចជាមនុស្សជាតិតែប៉ុណ្ណោះ ដែលមនុស្សអាចយល់ពីព្រះហឫទ័យរបស់ទ្រង់បាន និងអាចឲ្យទ្រង់ទទួលយកបានដោយពិតប្រាកដ។ ទ្រង់មានបន្ទូល និងបំពេញកិច្ចការខាងសាច់ឈាម ចែករំលែកសេចក្តីអរសប្បាយ ទុក្ខសោក និងការឈឺចាប់របស់មនុស្សជាតិ រស់នៅក្នុងពិភពតែមួយជាមួយមនុស្សជាតិ ការពារមនុស្សជាតិ និងណែនាំពួកគេ ហើយតាមរយៈនេះ ទ្រង់សម្អាតមនុស្សឲ្យបានស្អាត និងអនុញ្ញាតឲ្យពួកគេទទួលបានការសង្គ្រោះ និងព្រះពររបស់ទ្រង់។ នៅពេលទទួលបានអ្វីទាំងអស់នេះហើយ មនុស្សពិតជាស្គាល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយមានតែពេលនោះទេ ដែលពួកគេអាចក្លាយជាមនុស្សជិតស្និទ្ធនឹងព្រះជាម្ចាស់បាន។ មានតែចំណុចនេះទេដែលជាក់ស្ដែង។ ប្រសិនបើព្រះជាម្ចាស់ ពិតជាមិនអាចឲ្យមនុស្សមើលឃើញ និងអរូបីមែន នោះតើពួកគេអាចក្លាយជាមនុស្សជិតស្និទ្ធនឹងទ្រង់បានដោយរបៀបណា? តើនេះមិនមែនជាគោលលទ្ធិដែលគ្មានខ្លឹមសារទេឬអី?
ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២០. ដោយសារតែអ្នកដែលត្រូវទទួលការជំនុំជម្រះ គឺជាមនុស្ស ពោលគឺជាមនុស្សដែលមកពីសាច់ឈាម និងត្រូវបានពុករលួយ ហើយមិនមែនវិញ្ញាណរបស់សាតាំងទេដែលត្រូវទទួលការជំនុំជម្រះដោយផ្ទាល់នោះ ដូច្នេះ កិច្ចការនៃការជំនុំជម្រះមិនត្រូវបានអនុវត្តនៅក្នុងពិភពខាងវិញ្ញាណឡើយ ប៉ុន្តែ ត្រូវបានធ្វើនៅក្នុងចំណោមមនុស្សវិញ។ គ្មាននរណាម្នាក់សក្ដិសម និងមានគុណសម្បត្តិគ្រប់គ្រាន់ ជាងព្រះជាម្ចាស់នៅក្នុងសាច់ឈាមនោះទេ សម្រាប់កិច្ចការជំនុំជម្រះសេចក្តីពុករលួយនៃសាច់ឈាមរបស់មនុស្ស។ ប្រសិនបើការជំនុំជម្រះត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនគ្របដណ្ដប់មនុស្សទាំងអស់ឡើយ។ លើសពីនេះទៀត កិច្ចការបែបនេះនឹងពិបាកឲ្យមនុស្សទទួលយក ព្រោះព្រះវិញ្ញាណមិនអាចយាងមកមុខទល់នឹងមុខជាមួយមនុស្សឡើយ។ ដោយសារតែហេតុផលនេះ វានឹងមិនទទួលបានលទ្ធផលមួយរំពេចឡើយ ហើយមនុស្សក៏មិនអាចមើលឃើញនិស្ស័យដែលមិនអាចប្រកែកបានរបស់ព្រះជាម្ចាស់កាន់តែច្បាស់នោះដែរ។ សាតាំងអាចចាញ់ទាំងស្រុងបាន លុះត្រាតែព្រះជាម្ចាស់នៅក្នុងសាច់ឈាម ធ្វើការជំនុំជម្រះសេចក្តីពុករលួយរបស់មនុស្សជាតិ... បើកិច្ចការនេះត្រូវបានធ្វើដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ នោះវានឹងមិនមានន័យថាជាជ័យជម្នះលើសាតាំងឡើយ។ ព្រះវិញ្ញាណត្រូវទទួលបានការលើកតម្កើងខ្លាំងជាងមនុស្សដែលរមែងនឹងស្លាប់ ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ និងមានជ័យជម្នះលើសាច់ឈាម។ ប្រសិនបើព្រះវិញ្ញាណបានធ្វើកិច្ចការនេះដោយអង្គទ្រង់ផ្ទាល់ នោះទ្រង់នឹងមិនអាចជំនុំជម្រះការមិនស្ដាប់បង្គាប់របស់មនុស្សទាំងអស់បានឡើយ ហើយទ្រង់ក៏មិនអាចបើកសម្ដែងពីគ្រប់ទាំងអំពើទុច្ចរិតរបស់មនុស្សទាំងអស់បានដែរ។ សម្រាប់កិច្ចការនៃការជំនុំជម្រះ ក៏ត្រូវអនុវត្តតាមរយៈសញ្ញាណរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ ហើយមនុស្សមិនដែលមានសញ្ញាណណាមួយអំពីព្រះវិញ្ញាណទេ ដូច្នេះ ព្រះវិញ្ញាណគ្មានសមត្ថភាពបើកសម្ដែងបានយ៉ាងប្រសើរអំពីសេចក្តីទុច្ចរិតរបស់មនុស្ស ហើយក៏មិនអាចលាតត្រដាងទាំងស្រុងអំពីសេចក្តីទុច្ចរិតនោះដែរ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាខ្មាំងសត្រូវរបស់អស់អ្នកដែលមិនស្គាល់ទ្រង់។ តាមរយៈការជំនុំជម្រះសញ្ញាណ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះទ្រង់ នោះព្រះអង្គនឹងធ្វើការលាតត្រដាងរាល់ការមិនស្ដាប់បង្គាប់របស់មនុស្សជាតិទាំងអស់។ លទ្ធផលនៃកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម គឺស្ដែងចេញឲ្យឃើញច្បាស់ជាងលទ្ធផលនៃកិច្ចការរបស់ព្រះវិញ្ញាណទៅទៀត។ ដូច្នេះ ការជំនុំជម្រះមនុស្សជាតិទាំងអស់មិនត្រូវបានអនុវត្តដោយផ្ទាល់ ដោយព្រះវិញ្ញាណឡើយ ប៉ុន្តែ វាជាកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សវិញទេ។ ចំពោះព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សអាចមើលឃើញ និងអាចប៉ះពាល់បាន ដូច្នេះ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចយកឈ្នះលើមនុស្សបានទាំងស្រុង។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២១. ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយផ្ទាល់ទៅកាន់មនុស្ស នោះមនុស្សជាតិទាំងអស់នឹងចុះចូលចំពោះព្រះសូរសៀង ក្រាបចុះ ដោយគ្មានពាក្យនៃការបើកសម្ដែងឡើយ គឺដូចជារបៀបដែលប៉ុលបានធ្លាក់ដួលទៅលើដី ដោយសារតែពន្លឺដ៏ចាំងនៅតាមផ្លូវទៅកាន់ទីក្រុងដាម៉ាសអ៊ីចឹងដែរ។ ប្រសិនបើព្រះជាម្ចាស់បានបន្តធ្វើកិច្ចការតាមរបៀបនេះ នោះមនុស្សនឹងមិនអាចស្គាល់ពីនិស្ស័យដ៏ពុករលួយរបស់គេតាមរយៈការជំនុំជម្រះនៃព្រះបន្ទូល និងទទួលបានសេចក្តីសង្រ្គោះឡើយ។ មានតែតាមរយៈការត្រលប់ជាសាច់ឈាមទេ ទើបព្រះជាម្ចាស់អាចមានបន្ទូលដោយផ្ទាល់ទៅកាន់ត្រចៀករបស់មនុស្សម្នាក់ៗ ដើម្បីឲ្យមនុស្សទាំងអស់ដែលមានត្រចៀក អាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយទទួលយកកិច្ចការនៃការជំនុំជម្រះរបស់ទ្រង់ តាមរយៈព្រះបន្ទូល។ មានតែបែបនេះទេ ទើបលទ្ធផលអាចសម្រេចបានតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាជាងឲ្យព្រះវិញ្ញាណស្ដែងចេញ ដើម្បីធ្វើឲ្យមនុស្សចុះចូលទាំងភ័យខ្លាច។ មានតែតាមរយៈកិច្ចការដ៏ជាក់ស្ដែង តែអស្ចារ្យនេះប៉ុណ្ណោះ ទើបនិស្ស័យចាស់របស់មនុស្សដែលកប់យ៉ាងជ្រៅអស់រយៈពេលជាច្រើនឆ្នាំ អាចត្រូវបានលាតត្រដាងយ៉ាងពេញលេញ ដើម្បីឲ្យមនុស្សអាចស្គាល់វា និងឲ្យទ្រង់ផ្លាស់ប្ដូរវា។ ទាំងនេះគឺជាកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយមានតែតាមរយៈការមានបន្ទូល និងការអនុវត្តការជំនុំជម្រះនៅក្នុងលក្ខណៈជាក់ស្ដែងនេះទេ ទើបទ្រង់សម្រេចបានលទ្ធផលនៃការជំនុំជម្រះទៅលើមនុស្សតាមរយៈព្រះបន្ទូល។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ វាត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យមនុស្សស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដើម្បីឲ្យដឹងអំពីលទ្ធផលដែលត្រូវបានសម្រេច តាមរយៈកិច្ចការនៃព្រះបន្ទូល និងដើម្បីឲ្យដឹងថា ព្រះវិញ្ញាណបានយាងមកនៅក្នុងសាច់ឈាម ហើយបង្ហាញសិទ្ធិអំណាចរបស់ទ្រង់តាមរយៈការជំនុំជម្រះមនុស្សដោយព្រះបន្ទូល។ ទោះបីជាសាច់ឈាមរបស់ទ្រង់មានទម្រង់ខាងក្រៅនៃភាពជាមនុស្សសាមញ្ញ និងធម្មតាក៏ដោយ ប៉ុន្តែ លទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់សម្រេចបាននោះ បង្ហាញដល់មនុស្សថា ទ្រង់ពេញដោយសិទ្ធិអំណាច ថាទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនិងថាព្រះបន្ទូលរបស់ទ្រង់គឺជាការស្ដែងចេញអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។
ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២២. ប៉ុន្ដែ មានសេចក្ដីពិតមួយ ដែលអ្នកប្រហែលជាមិនស្កាល់៖ និស្ស័យពុករលួយរបស់មនុស្ស និងភាពបះបោរ ព្រមទាំងការជំទាស់របស់គេ នឹងត្រូវបានលាតត្រដាង ពេលគេបានជួបនឹងព្រះគ្រីស្ទ ហើយភាពបះបោរ និងការជំទាស់របស់មនុស្សដែលបានលាតត្រដាងនៅពេលនេះ គឺកាន់តែច្បាស់លាស់ និងបង្ហាញយ៉ាងច្បាស់ ជាងពេលណាៗទាំងអស់។ ដោយព្រោះតែព្រះគ្រីស្ទជាបុត្រមនុស្ស (បុត្រមនុស្សដែលមាននូវភាពជាមនុស្សធម្មតា) ជាបុត្រមនុស្សដែលមិនទទួលបានការលើកតម្កើង និងការគោរព។ ដោយសារតែព្រះជាម្ចាស់រស់នៅក្នុងសាច់ឈាម ដែលការបះបោររបស់មនុស្សត្រូវបានលាតត្រដាងយ៉ាងច្បាស់ ហើយហ្មត់ចត់ផង។ ដូចនេះ ខ្ញុំសូមនិយាយថា ការយាងមករបស់ព្រះគ្រីស្ទ បានលាតត្រដាងនូវការបះបោររបស់មនុស្សជាតិទាំងអស់ ហើយក៏បានធ្វើឲ្យលក្ខណៈដើមនៃមនុស្សជាតិ បានប្រសើរឡើងដែរ។ ការនេះត្រូវបានហៅថា «ព្រលែងខ្លាឲ្យចុះពីភ្នំ» និង «ព្រលែងចចកចេញពីរូង»។
ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២៣. ហេតុផលដែលទ្រង់ត្រលប់ជាសាច់ឈាម គឺដោយសារតែសាច់ឈាមក៏អាចមានសិទ្ធិអំណាចដែរ ហើយទ្រង់អាចអនុវត្តកិច្ចការតាមរបៀបជាក់ស្ដែងមួយនៅក្នុងចំណោមមនុស្សជាតិ គឺតាមរបៀបមួយដែលមនុស្សអាចមើលឃើញ និងស្ទាបបាន។ កិច្ចការនេះមានលក្ខណៈប្រាកដប្រជាជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលមានគ្រប់ទាំងសិទ្ធិអំណាច ហើយលទ្ធផលរបស់វាក៏ស្ដែងចេញឲ្យឃើញច្បាស់ដែរ។ នេះគឺដោយសារតែសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ អាចមានបន្ទូល និងធ្វើការនៅតាមរបៀបជាក់ស្ដែង។ ទម្រង់ខាងក្រៅនៃសាច់ឈាមរបស់ទ្រង់គ្មានសិទ្ធិអំណាចអ្វីឡើយ ហើយមនុស្សអាចចូលទៅជិតបាន ខណៈដែលលក្ខណៈសំខាន់របស់ទ្រង់មានសិទ្ធិអំណាច ប៉ុន្តែ ចំពោះសិទ្ធិអំណាចរបស់ទ្រង់ គ្មាននរណាម្នាក់អាចមើលឃើញឡើយ។ នៅពេលដែលទ្រង់មានបន្ទូល និងធ្វើការ មនុស្សមិនអាចដឹងពីអត្ថិភាពនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយការនេះជួយឲ្យទ្រង់ធ្វើកិច្ចការចេញពីលក្ខណៈជាក់ស្ដែង។
ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២៤. ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដោយសារតែកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ មិនមែនជាវិញ្ញាណរបស់សាតាំង ឬអ្វីមួយអរូបិយឡើយ ប៉ុន្តែ ជាមនុស្ស ដែលចេញមកពីសាច់ឈាម ហើយត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ដោយសារតែសាច់ឈាមរបស់មនុស្សត្រូវបានពុករលួយនោះហើយ ទើបព្រះជាម្ចាស់បានដាក់មនុស្សខាងសាច់ឈាមជាកម្មវត្ថុនៃកិច្ចការរបស់ទ្រង់ ហើយលើសពីនេះ ដោយសារតែមនុស្សជាកម្មវត្ថុនៃសេចក្តីពុករលួយ ព្រះជាម្ចាស់បានជ្រើសរើសយកមនុស្ស ដើម្បីក្លាយជាកម្មវត្ថុតែមួយគត់នៃកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលទាំងអស់នៃកិច្ចការសង្រ្គោះរបស់ទ្រង់។ មនុស្សជាភាវៈមានសាច់ និងឈាមមួយដែលរមែងតែងនឹងស្លាប់ ហើយព្រះជាម្ចាស់ជាព្រះតែមួយគត់ដែលអាចសង្រ្គោះមនុស្សបាន។ តាមបៀបនេះ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដែលមានលក្ខណៈដូចគ្នានឹងមនុស្ស ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដើម្បីឲ្យកិច្ចការរបស់ទ្រង់អាចទទួលបានលទ្ធផលដ៏ប្រសើរ។ ព្រះជាម្ចាស់ត្រូវតែត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឲ្យបានត្រឹមត្រូវ ដោយសារតែមនុស្សនៅខាងសាច់ឈាម ហើយគេគ្មានសមត្ថភាពយកឈ្នះលើអំពើបាប ឬដកខ្លួនចេញពីសាច់ឈាមនោះឡើយ។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២៥. មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយមនុស្សជាទម្រង់ដ៏ខ្ពស់បំផុតនៅក្នុងចំណោមសត្តនិករទាំងអស់របស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់។ កម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ គឺជាមនុស្ស មិនមែនសាតាំងឡើយ ហើយអ្វីដែលនឹងត្រូវទទួលការសង្រ្គោះ គឺជាសាច់ឈាម និងព្រលឹងរបស់មនុស្ស មិនមែនជាអារក្សនោះឡើយ។ កម្មវត្ថុរបស់ព្រះជាម្ចាស់ចំពោះសាតាំង គឺជាការវិនាសសាបសូន្យ ហើយកម្មវត្ថុរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស គឺជាសេចក្តីសង្រ្គោះ។ សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ដូច្នេះ រឿងទីមួយដែលត្រូវសង្រ្គោះ គឺត្រូវតែជាសាច់ឈាមរបស់មនុស្ស។ សាច់ឈាមរបស់មនុស្សត្រូវបានពុករលួយយ៉ាងជ្រាលជ្រៅបំផុត ហើយវាបានក្លាយជាអ្វីមួយដែលប្រឆាំងនឹងព្រះជាម្ចាស់ ដល់ថ្នាក់ប្រឆាំង និងបដិសេធចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់ទាំងបើកចំហ។ សាច់ឈាមដ៏ពុករលួយនេះចចេសរឹងរូស ហើយគ្មានអ្វីមួយដែលពិបាកដោះស្រាយ ឬពិបាកផ្លាស់ប្ដូរ ជាងនិស្ស័យដ៏ពុករលួយរបស់សាច់ឈាមនោះឡើយ។ សាតាំងចូលក្នុងសាច់ឈាមរបស់មនុស្ស ដើម្បីបង្កឲ្យមានភាពចលាចល ហើយវាប្រើសាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងបំផ្លាញផែនការរបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សបានក្លាយជាសាតាំង និងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ដើម្បីឲ្យមនុស្សបានសង្រ្គោះ ជាដំបូង ព្រះជាម្ចាស់ត្រូវតែយកឈ្នះគេជាមុនសិន។ ដោយសារតែហេតុផលនេះហើយ ទើបព្រះជាម្ចាស់ឆ្លើយតបចំពោះបញ្ហា ហើយយាងចូលទៅក្នុងសាច់ឈាម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងច្បាំងជាមួយសាតាំង។ គោលបំណងរបស់ទ្រង់ គឺដើម្បីសង្រ្គោះមនុស្សដែលត្រូវបានពុករលួយ ព្រមទាំងយកឈ្នះលើសាតាំងដែលបះបោរនឹងទ្រង់ និងធ្វើឲ្យវាវិនាសសាបសូន្យ។ ទ្រង់យកឈ្នះលើសាតាំងតាមរយៈកិច្ចការនៃការយកឈ្នះលើមនុស្សរបស់ទ្រង់ ខណៈពេលដូចគ្នានោះ ទ្រង់សង្រ្គោះមនុស្សជាតិដ៏ពុករលួយ។ ដូច្នេះ នេះជាកិច្ចការមួយដែលសម្រេចបានគោលបំណងពីរក្នុងពេលតែមួយ។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២៦. សាច់ឈាមរបស់មនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយវាត្រូវបានខ្វាក់ និងខូចខាតយ៉ាងជ្រាលជ្រៅបំផុត។ ហេតុផលដ៏សំខាន់បំផុតដែលព្រះជាម្ចាស់ធ្វើការដោយផ្ទាល់នៅក្នុងសាច់ឈាម គឺដោយសារតែកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ គឺជាមនុស្សដែលមកពីសាច់ឈាម និងដោយសារតែសាតាំងប្រើប្រាស់សាច់ឈាមរបស់មនុស្ស ដើម្បីបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ សមរភូមិជាមួយសាតាំង តាមពិតទៅ ជាកិច្ចការនៃការយកឈ្នះលើមនុស្ស ហើយស្របពេលជាមួយគ្នានោះ មនុស្សក៏ជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែរ។ ដោយឃើញបែបនេះ កិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សពិតជាសំខាន់ណាស់។ សាតាំងបានធ្វើឲ្យសាច់ឈាមរបស់មនុស្សពុករលួយ ហើយមនុស្សបានក្លាយជាតំណាងរបស់សាតាំង និងបានក្លាយជាកម្មវត្ថុមួយដែលព្រះជាម្ចាស់ត្រូវយកឈ្នះ។ នៅក្នុងន័យនេះ គឺកិច្ចការនៃការប្រយុទ្ធជាមួយសាតាំង និងការសង្រ្គោះមនុស្សជាតិ ត្រូវតែកើតឡើងនៅលើផែនដី ហើយព្រះជាម្ចាស់ត្រូវតែក្លាយជាមនុស្ស ដើម្បីប្រយុទ្ធជាមួយសាតាំង។ នេះជាកិច្ចការនៃភាពជាក់ស្ដែងបំផុត។ នៅពេលដែលព្រះជាម្ចាស់កំពុងតែធ្វើការនៅក្នុងសាច់ឈាម តាមពិតទៅ ទ្រង់កំពុងតែប្រយុទ្ធជាមួយសាតាំងនៅក្នុងសាច់ឈាម។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងសាច់ឈាម ទ្រង់កំពុងតែធ្វើការរបស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ហើយទ្រង់ធ្វើឲ្យកិច្ចការទាំងអស់របស់ទ្រង់នៅក្នុងពិភពខាងវិញ្ញាណ ក្លាយជាការពិតនៅលើផែនដី។ បុគ្គលដែលទ្រង់ត្រូវយកឈ្នះ គឺជាមនុស្ស ជាមនុស្សដែលមិនស្ដាប់បង្គាប់ទ្រង់ ហើយម្នាក់ដែលត្រូវយកឈ្នះ គឺជាអ្នកតំណាងរបស់សាតាំង (ពិតណាស់ នេះក៏ជាមនុស្សដែរ) ដែលជាពួកទទឹងនឹងទ្រង់ ហើយបុគ្គលដែលត្រូវទទួលសេចក្តីសង្រ្គោះនៅទីបំផុត ក៏ជាមនុស្សដែរ។ នៅក្នុងន័យនេះ វាកាន់តែចាំបាច់សម្រាប់ព្រះជាម្ចាស់ ដើម្បីក្លាយជាមនុស្ស ដែលមានសំបកក្រៅជាសត្តនិករម្នាក់ ដើម្បីឲ្យទ្រង់អាចចូលសមរភូមិពិតប្រយុទ្ធទាស់នឹងសាតាំង ដើម្បីយកឈ្នះលើមនុស្ស ដែលមិនស្ដាប់បង្គាប់ទ្រង់ និងមានសំបកខាងក្រៅដូចជាទ្រង់ និងដើម្បីសង្រ្គោះមនុស្ស ដែលមានសំបកក្រៅដូចទ្រង់ ហើយត្រូវបានបំផ្លាញដោយសាតាំង។ ខ្មាំងសត្រូវរបស់ទ្រង់ គឺជាមនុស្ស កម្មវត្ថុនៃការយកឈ្នះរបស់ទ្រង់ គឺជាមនុស្ស ហើយកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ក៏ជាមនុស្ស ដែលត្រូវបានបង្កើតឡើងដោយទ្រង់ដែរ។ ដូច្នេះ ទ្រង់ត្រូវតែក្លាយជាមនុស្ស ហើយតាមរបៀបនេះ កិច្ចការរបស់ទ្រង់កាន់តែងាយស្រួលខ្លាំង។ ទ្រង់អាចបង្រ្កាបសាតាំង និងយកឈ្នះលើមនុស្សជាតិ ហើយលើសពីនេះ ទ្រង់អាចសង្រ្គោះមនុស្សជាតិ។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២៧. នៅក្នុងន័យម្យ៉ាង ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ កម្ចាត់ចោលកន្លែងដែលមានផ្ទុកនូវព្រះដ៏ស្រពិចស្រពិលនៅក្នុងសញ្ញាណរបស់មនុស្ស ដូច្នេះ វានឹងលែងគ្មានរូបភាពអំពីព្រះដ៏ស្រពិចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សទៀតហើយ។ តាមរយៈព្រះបន្ទូល និងកិច្ចការដ៏ពិតរបស់ទ្រង់ ចលនារបស់ទ្រង់នៅទូទាំងទឹកដី និងកិច្ចការដ៏ពិតអស្ចារ្យ និងធម្មតា ដែលទ្រង់ធ្វើនៅក្នុងចំណោមមនុស្ស ទ្រង់ធ្វើឲ្យមនុស្សស្គាល់ពីការពិតរបស់ព្រះជាម្ចាស់ ហើយកម្ចាត់ចោលកន្លែងរបស់ព្រះដ៏ស្រពិចស្រពិលដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់ប្រើព្រះបន្ទូលដែលថ្លែងចេញពីសាច់ឈាមរបស់ទ្រង់ ដើម្បីធ្វើឲ្យមនុស្សបានពេញខ្នាត និងសម្រេចគ្រប់កិច្ចការទាំងអស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់នឹងសម្រេច ក្នុងអំឡុងគ្រាចុងក្រោយ។
ដកស្រង់ពី «ការដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២៨. សម្រាប់អស់អ្នកណាដែលរស់នៅក្នុងសាច់ឈាម ការផ្លាស់ប្ដូរនិស្ស័យរបស់គេតម្រូវឲ្យមានគោលដៅ ដើម្បីដេញតាម ហើយការស្គាល់ព្រះជាម្ចាស់តម្រូវឲ្យមានការឃើញផ្ទាល់នឹងភ្នែកនូវទង្វើដ៏ពិត និងមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់។ កិច្ចការទាំងពីរនេះអាចសម្រេចបានតែតាមរយៈសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយកិច្ចការទាំងពីរនេះអាចសម្រេចបានតាមរយៈសាច់ឈាមដ៏សាមញ្ញ និងពិតប្រាកដតែប៉ុណ្ណោះ។ នេះជាហេតុផលដែលនាំឲ្យការយកកំណើតជាមនុស្សមានភាពសំខាន់ចាំបាច់ និងជាហេតុផលដែលញ៉ាំងឲ្យមនុស្សជាតិដ៏ពុករលួយទាំងអស់ត្រូវការជាចាំបាច់។ ដោយសារតែមនុស្សតម្រូវឲ្យស្គាល់ព្រះជាម្ចាស់ ដូច្នេះ រូបភាពអំពីព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ ត្រូវតែលុបបំបាត់ចេញពីដួងចិត្តរបស់គេ ហើយដោយសារតែពួកគេតម្រូវឲ្យកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់គេ ដូច្នេះ ជាដំបូង ពួកគេត្រូវដឹងអំពីនិស្ស័យដ៏ពុករលួយរបស់គេជាមុនសិន។ បើមនុស្សធ្វើកិច្ចការនៃការលុបចោលរូបភាពព្រះដ៏ស្រពេចស្រពិលចេញពីដួងចិត្តរបស់មនុស្ស នោះគេនឹងមិនអាចទទួលបានលទ្ធផលដ៏សមរម្យឡើយ។ រូបភាពនៃព្រះដ៏ស្រពេចស្រពិលនៅក្នុងដួងចិត្តរបស់មនុស្សមិនអាចត្រូវបានលុបចោល កម្ចាត់ចេញ ឬលុបបំបាត់ទាំងស្រុង ដោយពាក្យសម្ដីតែម្យ៉ាងឡើយ។ បើធ្វើបែបនេះ នៅទីបំផុត វានឹងនៅតែមិនអាចដកចោលរូបភាពដែលចាក់ឫសយ៉ាងជ្រៅទាំងនេះចេញពីមនុស្សបានឡើយ។ មានតែតាមរយៈការជំនួសរូបដ៏ស្រពេចស្រពិល និងអធិធម្មជាតិទាំងនេះ ដោយព្រះជាម្ចាស់ដ៏ពិត និងរូបភាពដ៏ពិតរបស់ព្រះជាម្ចាស់ និងធ្វើឲ្យមនុស្សស្គាល់ពីរូបភាពទាំងនោះបន្ដិចម្ដងៗប៉ុណ្ណោះ ទើបវាអាចទទួលបានលទ្ធផល។ មនុស្សទទួលស្គាល់ថា ព្រះជាម្ចាស់ដែលគេស្វែងរកពីអតីតកាល គឺជាព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិ។ ការដឹកនាំដោយផ្ទាល់ពីព្រះវិញ្ញាណ និងសេចក្តីបង្រៀនរបស់មនុស្ស មិនអាចជួយទៅសម្រេចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះដែលអាចជួយបាន។ សញ្ញាណរបស់មនុស្សត្រូវបានលាតត្រដាងឲ្យឃើញ នៅពេលដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ធ្វើកិច្ចការរបស់ទ្រង់ជាផ្លូវការ ពីព្រោះភាពសាមញ្ញ និងតថភាពពិតនៃព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសភាពផ្ទុយគ្នាទៅនឹងព្រះដ៏ស្រពេចស្រពិល និងអធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ សញ្ញាណដើមរបស់មនុស្សអាចត្រូវបានបើកសម្ដែងឲ្យឃើញ នៅពេលដែលធ្វើការប្រៀបធៀបជាមួយនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ បើគ្មានការប្រៀបធៀបទៅនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សទេ នោះសញ្ញាណរបស់មនុស្សមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញនោះឡើយ ហើយនៅក្នុងន័យម្យ៉ាងទៀត បើគ្មានតថភាពពិតជាតួអង្គប្រៀបធៀបទេ នោះរូបភាពដ៏ស្រពេចស្រពិលមិនអាចត្រូវបានបើកសម្ដែងឲ្យឃើញឡើយ។ គ្មាននរណាម្នាក់មានសមត្ថភាពប្រើប្រាស់ពាក្យសម្ដី ដើម្បីធ្វើកិច្ចការនេះឡើយ ហើយក៏គ្មាននរណាម្នាក់អាចបរិយាយអំពីកិច្ចការនេះ ដោយប្រើវោហារសព្ទជាពាក្យពេចន៍នោះដែរ។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលអាចធ្វើកិច្ចការរបស់ទ្រង់បាន ហើយគ្មានអ្នកណាផ្សេងអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ ទោះបីមនុស្សមានសំនួនវោហារសព្ទសម្បូរបែបយ៉ាងណា ក៏គេគ្មានសមត្ថភាពបរិយាយអំពីតថភាពពិត និងភាពសាមញ្ញរបស់ព្រះជាម្ចាស់បានដែរ។ មនុស្សអាចស្គាល់ព្រះជាម្ចាស់កាន់តែជាក់ស្ដែង និងអាចមើលឃើញទ្រង់កាន់តែច្បាស់ លុះត្រាតែទ្រង់ធ្វើការដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយបង្ហាញរូបភាព និងរូបអង្គរបស់ទ្រង់ឲ្យគេឃើញទាំងស្រុងប៉ុណ្ណោះ។ លទ្ធផលនេះមិនអាចសម្រេចបាន ដោយមនុស្សខាងសាច់ឈាមណាម្នាក់ឡើយ។ ជាការពិត ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ក៏គ្មានសមត្ថភាពសម្រេចលទ្ធផលនេះបានដែរ។ ព្រះជាម្ចាស់អាចសង្រ្គោះមនុស្សដ៏ពុករលួយពីឥទ្ធិពលរបស់សាតាំងបាន ប៉ុន្តែ កិច្ចការនេះមិនអាចត្រូវបានសម្រេចដោយផ្ទាល់ពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ កិច្ចការនេះអាចសម្រេចបានតាមរយៈសាច់ឈាមដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ចូលសណ្ឋិត ឬដោយសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ សាច់ឈាមនេះ គឺជាមនុស្ស ហើយក៏ជាព្រះជាម្ចាស់ដែរ។ សាច់ឈាមនេះគឺជាមនុស្សដែលមានភាពជាមនុស្សសាមញ្ញ ហើយក៏ជាព្រះជាម្ចាស់ដែលមានភាពជាព្រះដ៏ពេញលេញផងដែរ។ ដូច្នេះ ទោះបីសាច់ឈាមនេះមិនមែនជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ និងមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីព្រះវិញ្ញាណក៏ដោយ ក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលយកកំណើតជាមនុស្សដដែល ដែលសង្រ្គោះមនុស្ស ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះជាព្រះវិញ្ញាណផង និងជាសាច់ឈាមផង។ មិនថាមនុស្សហៅទ្រង់បែបណានោះឡើយ ទីបំផុត គឺនៅតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដដែល ដែលសង្រ្គោះមនុស្សជាតិ។ ដោយសារតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលមិនអាចដាច់ចេញពីសាច់ឈាម ហើយកិច្ចការនៃសាច់ឈាម ក៏ជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរនោះ ទើបកិច្ចការនេះមិនគ្រាន់តែត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់ព្រះវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានធ្វើដោយប្រើអត្តសញ្ញាណរបស់សាច់ឈាមដែរ។ កិច្ចការដែលព្រះវិញ្ញាណត្រូវធ្វើដោយផ្ទាល់ មិនតម្រូវឲ្យមានការយកកំណើតជាមនុស្សឡើយ ហើយកិច្ចការដែលតម្រូវឲ្យសាច់ឈាមធ្វើ ក៏មិនអាចធ្វើដោយផ្ទាល់ពីព្រះវិញ្ញាណដែរ ប៉ុន្តែ អាចត្រូវបានធ្វើ ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សប៉ុណ្ណោះ។ នេះជាអ្វីដែលតម្រូវឲ្យមានសម្រាប់កិច្ចការនេះ ហើយវាជាអ្វីដែលមនុស្សជាតិដ៏ពុករលួយត្រូវការជាចាំបាច់។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
២៩. រឿងដ៏ល្អបំផុតអំពីកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាមគឺថា ទ្រង់អាចបន្សល់ទុកនូវព្រះបន្ទូល និងសេចក្តីដាស់តឿនដ៏សុក្រឹត្យ ព្រមទាំងព្រះហឫទ័យដ៏ជាក់លាក់របស់ទ្រង់សម្រាប់មនុស្សជាតិសម្រាប់អស់អ្នកដែលដើរតាមទ្រង់ ដើម្បីឲ្យក្រោយមក អ្នកដើរតាមទ្រង់អាចផ្ទេរកាន់តែសុក្រឹត្យ និងកាន់តែច្បាស់លាស់អំពីគ្រប់កិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម និងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សជាតិ ទៅកាន់អស់អ្នកដែលទទួលយក។ មានតែកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមក្នុងចំណោមនុស្សប៉ុណ្ណោះ ដែលនាំទៅសម្រេចចេញជាការពិតនៃព្រះជន្ម និងការរស់នៅរបស់ព្រះជាម្ចាស់ជាមួយមនុស្ស។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបបំពេញបំណងប្រាថ្នារបស់មនុស្សដែលចង់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ចង់ឃើញផ្ទាល់ភ្នែកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សបញ្ចប់នូវយុគសម័យមួយ នៅពេលដែលព្រះយេហូវ៉ាបែរព្រះប្រឹស្ដាង្គ (ខ្នង) ទ្រង់ទៅកាន់មនុស្សជាតិ ហើយទ្រង់ក៏បញ្ចប់យុគសម័យនៃជំនឿរបស់មនុស្សជាតិទៅលើព្រះដ៏ស្រពេចស្រពិលដែរ។ ជាពិសេស កិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលប្រាកដនិយមជាង ជាក់ស្ដែងជាង និងស្រស់ស្អាតជាង។ ទ្រង់មិនគ្រាន់តែបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ និងគោលលទ្ធិប៉ុណ្ណោះទេ ប៉ុន្តែ អ្វីដែលកាន់តែសំខាន់នោះគឺ ទ្រង់បើកសម្ដែងទៅកាន់មនុស្សជាតិអំពីព្រះជាម្ចាស់មួយអង្គដែលជាព្រះពិត និងសាមញ្ញ ជាព្រះដែលសុចរិត និងបរិសុទ្ធ ជាព្រះដែលសម្រេចកិច្ចការនៃផែនការគ្រប់គ្រង និងជាព្រះដែលបង្ហាញពីសេចក្តីលាក់កំបាំង និងវាសនារបស់មនុស្ស ជាព្រះដែលបានបង្កើតមនុស្សជាតិ និងបញ្ចប់កិច្ចការនៃការគ្រប់គ្រង និងជាព្រះដែលបានបន្តលាក់ព្រះភ័ក្ត្រអស់រយៈពេលជាច្រើនពាន់ឆ្នាំ។ ព្រះអង្គបញ្ចប់ទាំងស្រុងនូវយុគសម័យនៃភាពស្រពេច ស្រពិល ជាយុគសម័យមួយដែលមនុស្សជាតិទាំងអស់ចង់ស្វែងរកព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ប៉ុន្តែ មិនអាចមើលឃើញ ទ្រង់បញ្ចប់យុគសម័យមួយដែលមនុស្សជាតិទាំងអស់បានបម្រើសាតាំង ហើយទ្រង់ដឹកនាំមនុស្សជាតិទាំងអស់ចូលទៅក្នុងយុគសម័យមួយដែលថ្មីស្រឡាង។ កិច្ចការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ដែលធ្វើការជំនួសឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាមរបស់ទ្រង់ អស់អ្នកដែលដើរតាមទ្រង់លែងស្វែងរក និងព្យាយាមស្រវាចាប់អ្វីៗដែលហាក់ដូចជាមាន និងមិនមាន ហើយពួកគេលែងស្មានព្រាវៗអំពីព្រះហឫទ័យរបស់ព្រះដ៏ស្រពេចស្រពិលទៀតហើយ។ នៅពេលដែលព្រះជាម្ចាស់ផ្សព្វផ្សាយកិច្ចការរបស់ទ្រង់នៅក្នុងសាច់ឈាម អស់អ្នកដែលដើរតាមទ្រង់នឹងផ្ទេរកិច្ចការដែលទ្រង់បានធ្វើនៅក្នុងសាច់ឈាមទៅកាន់គ្រប់សាសនា និងគ្រប់និកាយ ហើយពួកគេនឹងប្រាស្រ័យទាក់ទងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ទៅកាន់ត្រចៀករបស់មនុស្សជាតិទាំងអស់។ អស់អ្នកដែលបានឮ ហើយទទួលយកដំណឹងល្អរបស់ទ្រង់ នឹងក្លាយជាការពិតនៃកិច្ចការរបស់ទ្រង់ នឹងក្លាយជាបុគ្គលដែលមនុស្សអាចមើលឃើញ និងស្ដាប់ឮ ព្រមទាំងក្លាយជាការពិត មិនមែនជាពាក្យចចាមអារ៉ាមឡើយ។ ការពិតទាំងនេះគឺជាភស្តុតាងដែលទ្រង់ផ្សព្វផ្សាយកិច្ចការ ហើយពួកគេក៏ជាឧបករណ៍ដែលទ្រង់ប្រើប្រាស់ ដើម្បីផ្សព្វផ្សាយអំពីកិច្ចការដែរ។ បើគ្មានអត្ថិភាពនៃការពិតទេ នោះដំណឹងល្អរបស់ទ្រង់នឹងមិនរីកសាយភាយទៅគ្រប់ប្រទេស និងទៅគ្រប់ទីកន្លែងឡើយ។ បើគ្មានការពិត ហើយមានតែការស្រមើស្រមៃរបស់មនុស្ស នោះទ្រង់នឹងមិនអាចធ្វើកិច្ចការនៃការយកឈ្នះចក្រវាលទាំងមូលបានឡើយ។ មនុស្សមិនអាចយល់ និងមើលមិនឃើញព្រះវិញ្ញាណឡើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណក៏គ្មានសមត្ថភាពបន្សល់ទុកនូវ ភស្តុតាង ឬការពិតបន្ថែមអំពីកិច្ចការរបស់ព្រះជាម្ចាស់សម្រាប់មនុស្សដែរ។ មនុស្សនឹងមិនអាចមើលឃើញព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ ហើយគេនឹងតែងតែជឿលើព្រះដ៏ស្រពេចស្រពិលដែលគ្មានពិតប្រាកដនោះ។ មនុស្សនឹងមើលមិនឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយក៏ស្ដាប់មិនឮព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ដែរ។ ទីបំផុត ការស្រមើស្រមៃរបស់មនុស្សគឺគ្មានន័យ ហើយមិនអាចជំនួសឲ្យព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់បានឡើយ។ និស្ស័យដើមរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្កមិនអាចត្រូវបានបន្លំ ដោយមនុស្សបានទេ។ ព្រះជាម្ចាស់ដែលអរូបិយគង់នៅស្ថានសួគ៌ ហើយកិច្ចការរបស់ទ្រង់ អាចត្រូវបាននាំមកកាន់ផែនដីបាន តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់នៅក្នុងចំណោមមនុស្ស។ នេះជាផ្លូវដ៏វិសេសបំផុតសម្រាប់ព្រះជាម្ចាស់ ដើម្បីបង្ហាញអង្គទ្រង់ឲ្យមនុស្សឃើញ គឺឲ្យគេអាចមើលឃើញព្រះជាម្ចាស់ និងស្គាល់ពីព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ ហើយកិច្ចការនេះមិនអាចត្រូវបានសម្រេច ដោយព្រះជាម្ចាស់ដែលមិនយកកំណើតជាមនុស្សបានឡើយ។ ដោយបានអនុវត្តកិច្ចការរបស់ទ្រង់មកដល់ដំណាក់កាលនេះ កិច្ចការរបស់ព្រះជាម្ចាស់បានសម្រេចលទ្ធផលខ្ពស់បំផុត ហើយបានទទួលជោគជ័យទាំងស្រុង។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម សម្រេចបានកៅសិបភាគរយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ទ្រង់។ សាច់ឈាមនេះបានផ្ដល់ជាទីចាប់ផ្ដើមដ៏ប្រសើរទៅកាន់កិច្ចការទាំងអស់របស់ទ្រង់ ផ្តល់ជាសេចក្តីសង្ខេបសម្រាប់គ្រប់កិច្ចការរបស់ទ្រង់ និងបានប្រកាសឲ្យប្រើគ្រប់កិច្ចការរបស់ទ្រង់ ព្រមទាំងបានធ្វើការបំពេញបន្ថែមដ៏ហ្មត់ចត់ចុងក្រោយទៅកាន់គ្រប់កិច្ចការនេះ។ ដូច្នេះ នឹងគ្មានព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមួយទៀត ដើម្បីធ្វើដំណាក់កាលទីបួននៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ហើយក៏នឹងគ្មានកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សលើកទីបីនោះដែរ។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣០. ហេតុផលតែមួយគត់ដែលនាំឲ្យព្រះជាម្ចាស់យកកំណើតជាមនុស្សត្រលប់ជាសាច់ឈាម គឺដោយសារតែតម្រូវការរបស់មនុស្សដ៏ពុករលួយ។ វាដោយសារតែតម្រូវការរបស់មនុស្ស មិនមែនតម្រូវការរបស់ព្រះជាម្ចាស់ទេ ហើយគ្រប់ទាំងការលះបង់ និងទុក្ខវេទនារបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍របស់មនុស្សជាតិ មិនមែនសម្រាប់ជាប្រយោជន៍របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឡើយ។ សម្រាប់ព្រះជាម្ចាស់ វាគ្មានគុណសម្បត្តិ គុណវិបត្តិ ឬរង្វាន់តបស្នងអ្វីនោះទេ ហើយទ្រង់នឹងមិនច្រូតផលសម្រាប់ថ្ងៃអនាគតនោះឡើយ ប៉ុន្តែ នោះជាអ្វីដែលមនុស្សត្រូវជំពាក់ដល់ទ្រង់។ គ្រប់យ៉ាងដែលទ្រង់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ គឺមិនមែនដើម្បីឲ្យទ្រង់ទទួលបានរង្វាន់ដ៏ធំឡើយ ប៉ុន្តែ សម្រាប់ជាប្រយោជន៍របស់មនុស្សជាតិសុទ្ធសាធតែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាមមាននូវទុក្ខលំបាកដែលនឹកស្មានមិនដល់ជាច្រើនក៏ដោយ ប៉ុន្តែ លទ្ធផលដែលកិច្ចការនោះសម្រេចបាននៅទីបំផុត គឺខ្ពស់ជាងកិច្ចការដែលត្រូវបានធ្វើដោយផ្ទាល់ ដោយព្រះវិញ្ញាណឆ្ងាយណាស់។ កិច្ចការនៃសាច់ឈាមតម្រូវឲ្យមានទុក្ខលំបាកជាច្រើន ហើយសាច់ឈាមមិនអាចមានអត្តសញ្ញាណដ៏ធំអស្ចារ្យ ដូចជាព្រះវិញ្ញាណឡើយ។ ទ្រង់មិនអាចអនុវត្តកិច្ចការអធិធម្មជាតិ ដូចជាព្រះវិញ្ញាណ ហើយក៏មិនអាចមានសិទ្ធិអំណាច ដូចជាព្រះវិញ្ញាណនោះដែរ។ ប៉ុន្តែ កិច្ចការដែលត្រូវបានធ្វើដោយសាច់ឈាមដ៏សាមញ្ញនេះមានភាពសំខាន់ខ្ពស់ជាងកិច្ចការដែលព្រះវិញ្ញាណធ្វើដោយផ្ទាល់ ហើយសាច់ឈាមនេះ គឺជាចម្លើយចំពោះតម្រូវការរបស់មនុស្សជាតិគ្រប់រូប។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣១. ហេតុផលដែលសាច់ឈាមនេះអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន គឺដោយសារតែសារជាតិខាងក្នុងរបស់ទ្រង់ខុសពីសារជាតិរបស់មនុស្ស ហើយហេតុផលដែលទ្រង់អាចសង្រ្គោះមនុស្សបាន គឺដោយសារតែអត្តសញ្ញាណរបស់ទ្រង់មានលក្ខណៈខុសប្លែកពីអត្តសញ្ញាណរបស់មនុស្ស។ សាច់ឈាមនេះសំខាន់ខ្លាំងណាស់ចំពោះមនុស្សជាតិ ដោយសារតែទ្រង់ជាមនុស្ស ហើយលើសពីនេះទៀត គឺទ្រង់ជាព្រះជាម្ចាស់ ដោយសារតែទ្រង់អាចធ្វើកិច្ចការដែលគ្មានមនុស្សខាងសាច់ឈាមសាមញ្ញណាមួយអាចធ្វើបានឡើយ និងដោយសារតែទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយ ដែលរស់នៅជាមួយទ្រង់នៅលើផែនដី។ ទោះបីទ្រង់មានលក្ខណៈដូចមនុស្សក៏ដោយ ប៉ុន្តែ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមានសារៈសំខាន់ចំពោះមនុស្សជាតិ ជាងបុគ្គលដ៏មានតម្លៃណាទៅទៀត ព្រោះថាទ្រង់អាចធ្វើកិច្ចការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មិនអាចធ្វើបាន ទ្រង់អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចទទួលបានមនុស្សជាតិទាំងស្រុង ច្រើនជាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទៅទៀត។ ជាលទ្ធផល ទោះបីសាច់ឈាមនេះមានលក្ខណៈសាមញ្ញ និងធម្មតាក៏ដោយ ក៏ការចូលរួមចំណែករបស់ទ្រង់ចំពោះមនុស្សជាតិ និងសារៈសំខាន់របស់ទ្រង់ចំពោះជីវិតរបស់មនុស្សជាតិ ធ្វើឲ្យទ្រង់មានតម្លៃយ៉ាងខ្លាំងដែរ ហើយតម្លៃ និងសារៈសំខាន់ពិតរបស់សាច់ឈាមនេះ គ្មានមនុស្សណាម្នាក់អាចវាស់វែងបានឡើយ។ ទោះបីសាច់ឈាមនេះមិនអាចបំផ្លាញសាតាំងបានដោយផ្ទាល់ក៏ដោយ ក៏ទ្រង់អាចប្រើប្រាស់កិច្ចការរបស់ទ្រង់ ដើម្បីយកឈ្នះលើមនុស្សជាតិ និងបង្រ្កាបសាតាំង ព្រមទាំងធ្វើឲ្យសាតាំងចុះចូលទាំងស្រុងចំពោះការត្រួតត្រារបស់ទ្រង់ដែរ។ គឺដោយសារតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនេះហើយ ទើបទ្រង់អាចបង្រ្កាបសាតាំង និងអាចសង្រ្គោះមនុស្សជាតិបាន។ ទ្រង់មិនបំផ្លាញសាតាំងដោយផ្ទាល់ឡើយ ប៉ុន្តែផ្ទុយទៅវិញ ទ្រង់ត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការដែលយកឈ្នះលើមនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ តាមរបៀបនេះ ទ្រង់អាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់ ហើយទ្រង់អាចសង្រ្គោះមនុស្សដ៏ពុករលួយបានកាន់តែប្រសើរ។ ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សបង្រ្កាបសាតាំង ធ្វើបន្ទាល់កាន់តែធំ និងកាន់តែគួរឲ្យជឿជាក់ ខ្លាំងជាងការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បំផ្លាញសាតាំងដោយផ្ទាល់ទៅទៀត។ ព្រះជាម្ចាស់នៅក្នុងសាច់ឈាមអាចជួយឲ្យមនុស្សស្គាល់ព្រះអាទិករកាន់តែប្រសើរ និងអាចធ្វើបន្ទាល់កាន់តែប្រសើរអំពីអង្គទ្រង់នៅក្នុងចំណោមសត្តនិកររបស់ទ្រង់។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣២. នៅក្នុងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ មានតែដំណាក់កាលមួយប៉ុណ្ណោះ ដែលត្រូវបានអនុវត្តដោយផ្ទាល់ពីព្រះវិញ្ញាណ ហើយដំណាក់កាលពីរផ្សេងទៀតត្រូវបានអនុវត្ត ដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនមែនដោយព្រះវិញ្ញាណទេ។ កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យដែលត្រូវបានធ្វើដោយព្រះវិញ្ញាណ មិនបានពាក់ព័ន្ធនឹងការផ្លាស់ប្ដូរនិស្ស័យដ៏ពុករលួយរបស់មនុស្សឡើយ ហើយវាក៏គ្មានទាក់ទងអ្វីនឹងចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ដែរ។ យ៉ាងណាមិញ កិច្ចការនៃសាច់ឈាមរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃព្រះគុណ និងយុគសម័យនៃនគរព្រះ ពាក់ព័ន្ធនឹងនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ ហើយវាជាផ្នែកដ៏សំខាន់ និងចាំបាច់ចំពោះកិច្ចការនៃសេចក្តីសង្រ្គោះ។ ដូច្នេះ មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយគេកាន់តែត្រូវការកិច្ចការដោយផ្ទាល់របស់ព្រះជាដែលយកកំណើតជាមនុស្ស។ មនុស្សជាតិត្រូវការព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ចាំមើលថែគេ ចាំជួយគាំទ្រគេ ចាំប្រទានឲ្យទឹកគេ ចាំប្រទានអាហារដល់គេ ជំនុំជម្រះ និងវាយផ្ចាលគេ ហើយគេត្រូវការព្រះគុណកាន់តែច្រើន និងការប្រោសលោះកាន់តែខ្លាំងពីព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មានតែព្រះជាម្ចាស់នៅក្នុងសាច់ឈាមប៉ុណ្ណោះ ដែលអាចក្លាយជាបុគ្គលជំនិតរបស់មនុស្ស ជាគង្វាលរបស់មនុស្ស ជាជំនួយគ្រប់ពេលរបស់មនុស្ស ហើយអ្វីៗទាំងអស់នេះគឺជាភាពចាំបាច់នៃការយកកំណើតជាមនុស្ស ទាំងពេលសព្វថ្ងៃ និងពីអតីតកាល។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣៣. នៅក្នុងទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់នៅក្នុងសាច់ឈាម មនុស្សវិវឌ្ឍពីការប្រឆាំងទៅជាការស្ដាប់បង្គាប់ វិវឌ្ឍពីការបៀតបៀនទៅជាការទទួលយក វិវឌ្ឍពីសញ្ញាណទៅជាចំណេះដឹង និងពីការបដិសេធទៅជាសេចក្តីស្រឡាញ់ ហើយការទាំងអស់នេះគឺជាលទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។ មនុស្សបានសង្រ្គោះតាមរយៈការទទួលយកការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ មនុស្សចាប់ផ្ដើមស្គាល់ទ្រង់បន្ដិចម្ដងៗ តាមរយៈព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ប៉ុណ្ណោះ មនុស្សត្រូវបានទ្រង់យកឈ្នះក្នុងអំឡុងពេលដែលគេប្រឆាំងនឹងទ្រង់ ហើយគេទទួលបានការផ្គត់ផ្គង់សម្រាប់ជីវិតពីទ្រង់ក្នុងអំឡុងពេលនៃការទទួលយកការវាយផ្ចាលរបស់ទ្រង់។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម មិនមែនជាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអត្តសញ្ញាណរបស់ទ្រង់ ដែលជាព្រះវិញ្ញាណនោះឡើយ។ កិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺជាកិច្ចការដ៏ធំធេងបំផុត ដ៏ជ្រាលជ្រៅបំផុត ហើយផ្នែកដ៏សំខាន់មួយនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស។
ដកស្រង់ពី «មនុស្សជាតិដ៏ពុករលួយកាន់តែត្រូវការសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣៥. នៅសម័យនេះ ព្រះជាម្ចាស់មិនយាងមកធ្វើកិច្ចការក្នុងរូបកាយខាងព្រលឹងវិញ្ញាណទេ ប៉ុន្ដែគឺក្នុងរូបកាយដ៏សាមញ្ញមួយវិញ។ លើសពីនេះទៅទៀត វាមិនត្រឹមតែជារូបកាយរបស់ព្រះជាម្ចាស់ដែលមកយកនិស្ស័យជាមនុស្សជាលើកទីពីរប៉ុណ្ណោះទេ តែក៏ជារូបកាយដែលព្រះជាម្ចាស់ត្រលប់មកកាន់សាច់ឈាមវិញដែរ។ អ្នកមិនអាចមើលឃើញអ្វីៗដែលធ្វើឲ្យទ្រង់លេចធ្លោជាងអ្នកដទៃទេ ប៉ុន្ដែអ្នកអាចទទួលបានពីទ្រង់នូវសេចក្ដីពិតដែលមិនធ្លាប់ឮពីមុនមក។ រូបកាយសាច់ឈាមដ៏សំខាន់នេះ តំណាងអស់ទាំងព្រះបន្ទូលនៃសេចក្ដីពិត ដែលមកពីព្រះជាម្ចាស់ ក៏អនុវត្តកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ និងបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ឲ្យមនុស្សបានយល់ទៀតផង។ តើអ្នកមិនប្រាថ្នាចង់ឃើញព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់យល់ពីព្រះជាម្ចាស់នៅលើស្ថានសួគ៌ជាខ្លាំងទេឬអី? តើអ្នកមិនប្រាថ្នាចង់ឃើញគោលដៅរបស់មនុស្សលោកជាខ្លាំងទេឬអី? ទ្រង់នឹងប្រាប់អ្នកអំពីអាថ៌កំបាំងទាំងអស់នេះ ជាអាថ៌កំបាំងដែលគ្មានមនុស្សណាអាចប្រាប់អ្នកបានឡើយ ហើយទ្រង់ក៏នឹងប្រាប់អ្នកអំពីសេចក្ដីពិត ដែលអ្នកមិនយល់ដែរ។ ទ្រង់ជាក្លោងទ្វាររបស់អ្នក សម្រាប់ចូលទៅក្នុងនគរស្ថានសួគ៌ និងជាមគ្គុទេសន៍របស់អ្នក សម្រាប់ចូលទៅក្នុងយុគសម័យថ្មី។ រូបកាយសាច់ឈាមដ៏សាមញ្ញមួយនេះផ្ទុកនូវអាថ៌កំបាំងជាច្រើនដែលមិនអាចយល់បាន។ ទង្វើរបស់ទ្រង់អាចនឹងពិបាកយល់សម្រាប់អ្នក ប៉ុន្ដែគោលដៅទាំងមូលនៃកិច្ចការដែលទ្រង់ធ្វើ ល្មមគ្រប់គ្រាន់នឹងឲ្យអ្នកមើលឃើញថា ទ្រង់មិនមែនជារូបកាយសាច់ឈាមធម្មតាមួយដូចដែលមនុស្សជឿនោះទេ។ ដ្បិតទ្រង់តំណាងឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការថែរក្សា ដែលព្រះជាម្ចាស់បានបង្ហាញចំពោះមនុស្សលោក នៅគ្រាចុងក្រោយ។ ទោះបីជាអ្នកមិនអាចស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ដែលហាក់ដូចជាអង្រួនឲ្យផ្ទៃមេឃ និងផែនដីរញ្ជួយ ឬក៏មើលឃើញព្រះនេត្ររបស់ទ្រង់ ដែលដូចជាអណ្ដាតភ្លើងឆេះសន្ធោរសន្ធៅ ហើយទោះបីជាអ្នកមិនអាចមានអារម្មណ៍ដឹងពីការដាក់វិន័យដោយដំបងដែករបស់ទ្រង់ក៏ដោយ ក៏អ្នកអាចស្ដាប់ឮពីព្រះបន្ទូលរបស់ទ្រង់ថា ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយដឹងថា ព្រះជាម្ចាស់កំពុងបង្ហាញព្រះហឫទ័យក្ដួលអាណិតចំពោះមនុស្សលោកដែរ។ អ្នកអាចមើលឃើញនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយលើសពីនេះទៀត អ្នកក៏អាចដឹងពីការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោកទាំងអស់ដែរ។ កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺដើម្បីឲ្យមនុស្សមើលឃើញព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ កំពុងរស់នៅជាមួយមនុស្សលោកលើផែនដី និងដើម្បីជួយឲ្យមនុស្សអាចស្គាល់ ស្ដាប់បង្គាប់ គោរព និងស្រលាញ់ព្រះជាម្ចាស់។ នេះហើយជាមូលហេតុដែលទ្រង់បានយាងត្រលប់មកយកនិស្ស័យសាច់ឈាមជាលើកទីពីរ។ ទោះបីជាអ្វីដែលមនុស្សមើលឃើញសព្វថ្ងៃនេះ គឺជាព្រះមួយអង្គ ដែលមានលក្ខណៈដូចមនុស្ស ជាព្រះដែលមានច្រមុះមួយ និងភ្នែកពីរ និងជាព្រះមួយអង្គដែលមិនគួរឲ្យកត់សម្គាល់ក៏ដោយ ក៏នៅទីបញ្ចប់ ព្រះជាម្ចាស់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃ និងផែនដីនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ប្រសិនបើគ្មានព្រះមួយអង្គនេះទេ នោះផ្ទៃមេឃនឹងប្រែជាស្រអាប់ ផែនដីនឹងធ្លាក់ទៅក្នុងភាពវឹកវរ ហើយមនុស្សជាតិទាំងអស់នឹងរស់នៅក្នុងភាពទុរ្ភិក្ស និងគ្រោះកាចនានាផង។ ទ្រង់នឹងបង្ហាញឲ្យអ្នករាល់គ្នាឃើញថា ប្រសិនព្រះជាម្ចាស់មិនបានយកនិស្ស័យជាមនុស្សមកជួយសង្គ្រោះអ្នករាល់គ្នានៅគ្រាចុងក្រោយទេ នោះព្រះជាម្ចាស់ ច្បាស់ជាបំផ្លាញមនុស្សលោកទាំងអស់ ទៅក្នុងស្ថាននរកជាយូរមកហើយ។ ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ នោះអ្នករាល់គ្នានឹងក្លាយទៅជាមនុស្សមានបាបយ៉ាងធំ ហើយក្លាយទៅជាសាកសពជារៀងរហូតដែរ។ អ្នករាល់គ្នាគួរតែដឹងថា ប្រសិនបើគ្មានរូបកាយសាច់ឈាមនេះទេ មនុស្សលោកទាំងអស់នឹងជួបនូវគ្រោះមហន្ដរាយមួយដែលចៀសមិនរួច និងរឹតតែឃើញថា មិនអាចគេចផុតពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលព្រះជាម្ចាស់ដាក់ចំពោះមនុស្សលោកនៅគ្រាចុងក្រោយដែរ។ ប្រសិនបើរូបកាយសាច់ឈាមធម្មតានេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងស្ថិតនៅក្នុងសភាពមួយដែលអ្នករាល់គ្នាអង្វរសុំជីវិត ដែលមិនអាចរស់នៅបាន និងអធិស្ឋានសុំសេចក្ដីស្លាប់ ដែលមិនអាចស្លាប់បាន ហើយប្រសិនបើរូបកាយសាច់ឈាមនេះមិនបានកើតមកទេ នោះអ្នករាល់គ្នានឹងមិនអាចទទួលបានសេចក្ដីពិត និងមិនអាចចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់នៅថ្ងៃនេះបានឡើយ ប៉ុន្ដែផ្ទុយទៅវិញ អ្នកនឹងត្រូវព្រះជាម្ចាស់ដាក់ទណ្ឌកម្មដោយព្រោះអំពើបាបដ៏ធ្ងន់ធ្ងររបស់អ្នក។ តើអ្នករាល់គ្នាបានដឹងទេថា ប្រសិនបើព្រះជាម្ចាស់មិនបានត្រលប់មកយកនិស្ស័យជាមនុស្សទេ នោះគ្មានអ្នកណាម្នាក់មានឱកាសទទួលបានសេចក្ដីសង្គ្រោះឡើយ ហើយប្រសិនបើមិនមែនដោយសារការមកដល់នៃរូបកាយសាច់ឈាមនេះទេ នោះព្រះជាម្ចាស់ច្បាស់ជាបញ្ចប់យុគសម័យចាស់ជាយូរមកហើយ? ដូច្នេះ តើអ្នករាល់គ្នានៅតែអាចបដិសេធចំពោះការមកយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់បានដែរឬអី? ដោយព្រោះអ្នករាល់គ្នាអាចទាញយកអត្ថប្រយោជន៍ជាច្រើន ចេញពីមនុស្សធម្មតាម្នាក់នេះ តើហេតុអ្វីបានជាអ្នករាល់គ្នាមិនទទួលយកទ្រង់ដោយរីករាយ?
ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការអស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣៦. គ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ សុទ្ធតែបានសម្រេចតាមរយៈមនុស្សសាមញ្ញម្នាក់នេះ។ ទ្រង់នឹងប្រទានអ្វីៗគ្រប់យ៉ាងមកឲ្យអ្នក ហើយលើសពីនោះទៅទៀត ទ្រង់អាចនឹងសម្រេចអ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអ្នក។ តើមនុស្សប្រភេទនេះអាចជាអ្វីដែលអ្នករាល់គ្នាជឿអំពីទ្រង់ឬទេថា៖ ទ្រង់ជាមនុស្សម្នាក់ដែលសាមញ្ញមិនស័ក្ដិសមនឹងរំឭក? តើសេចក្ដីពិតរបស់ទ្រង់មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? តើស្មរបន្ទាល់អំពីទង្វើរបស់ទ្រង់ មិនគ្រប់គ្រាន់នឹងបញ្ចុះបញ្ចូលឲ្យអ្នករាល់គ្នាជឿទេឬអី? ឬថា ផ្លូវដែលទ្រង់នាំអ្នកទៅ មិនស័ក្ដិសមនឹងឲ្យអ្នករាល់គ្នាដើរលើវាទេឬអី? នៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានគេនិយាយ និងបានធ្វើ តើអ្វីទៅដែលជម្រុញឲ្យអ្នករាល់គ្នាស្អប់ខ្ពើមទ្រង់ និងបោះបង់ទ្រង់ចោល ព្រមទាំងបណ្ដេញទ្រង់ទៅឆ្ងាយ? គឺមនុស្សម្នាក់នេះហើយ ដែលបង្ហាញសេចក្ដីពិត គឺមនុស្សម្នាក់នេះហើយ ដែលផ្ដល់សេចក្ដីពិត ហើយគឺមនុស្សម្នាក់នេះហើយ ដែលផ្ដល់ផ្លូវមួយឲ្យអ្នករាល់គ្នាដើរតាម។ តើអ្នករាល់គ្នានៅតែមិនអាចរកឃើញដាននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងសេចក្ដីពិតទាំងនេះទៀតឬអី? បើគ្មានកិច្ចការរបស់ព្រះយេស៊ូវទេ មនុស្សលោកមិនអាចចុះពីឈើឆ្កាងបានទេ ប៉ុន្ដែ បើគ្មានការយកនិស្ស័យជាមនុស្ស នៅសម័យនេះ នោះអស់អ្នកដែលបានចុះពីឈើឆ្កាង ក៏មិនអាចទទួលបានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ឬក៏ចូលទៅក្នុងយុគសម័យថ្មីបានឡើយ។ បើគ្មានការមកដល់នៃមនុស្សសាមញ្ញម្នាក់នេះទេ អ្នករាល់គ្នានឹងគ្មានឱកាស មើលឃើញព្រះភក្រ្ដពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ ហើយអ្នករាល់គ្នាក៏មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែរ ដ្បិតអ្នករាល់គ្នាគឺជាកម្មវត្ថុដែលគួរតែត្រូវបានបំផ្លាញចោលជាយូរមកហើយ។ ដោយសារការមកដល់នៃការយកនិស្ស័យជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នា ហើយបានបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នករាល់គ្នា។ មិនថាយ៉ាងណានោះទេ ព្រះបន្ទូលដែលខ្ញុំត្រូវទុកនៅជាមួយអ្នករាល់គ្នានៅទីបញ្ចប់ គឺនៅតែជាព្រះបន្ទូលទាំងនេះដដែល គឺថា៖ មនុស្សសាមញ្ញម្នាក់នេះ ជាព្រះដែលយកកំណើតជាមនុស្ស ហើយទ្រង់មានសារៈសំខាន់ណាស់ សម្រាប់អ្នករាល់គ្នា។ នេះគឺជាកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើក្នុងចំណោមមនុស្សលោករួចហើយ។
ដកស្រង់ពី «តើអ្នកដឹងទេ? ព្រះជាម្ចាស់បានធ្វើការអស្ចារ្យមួយ នៅក្នុងចំណោមមនុស្សលោក» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម
៣៧. ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម សម្រាប់ការបើកបង្ហាញនូវគោលបំណងដ៏ជាក់លាក់មួយ ចាប់យុគសម័យថ្មីមួយ ហើយពិតណាស់ ពេលទ្រង់ចាប់ផ្ដើមយុគសម័យថ្មី ទ្រង់នឹងបញ្ចប់យុគសម័យចាស់ ក្នុងពេលជាមួយគ្នាតែម្ដង។ ព្រះជាម្ចាស់ គឺជាទីចាប់ផ្ដើម និងជាទីបញ្ចប់។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាអ្នកធ្វើឲ្យកិច្ចការរបស់ទ្រង់ចាប់ផ្ដើមដំណើរការ ដូច្នេះហើយ អ្នកដែលបញ្ចប់យុគសម័យចាស់ក៏ត្រូវតែជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែរ។ នោះគឺជាភ័ស្តុតាងពីការដែលទ្រង់យកឈ្នះសាតាំង និងការដែលទ្រង់យកឈ្នះលោកីយ៍។ រាល់ពេលដែលព្រះជាម្ចាស់ផ្ទាល់ធ្វើការនៅក្នុងចំណោមមនុស្សលោក នោះហើយគឺជាចាប់ផ្ដើមសង្គ្រាមមួយថ្មី។ គ្មានការចាប់ផ្ដើមកិច្ចការថ្មី តាមធម្មតាក៏គ្មានការបញ្ចប់សង្គ្រាមចាស់ដែរ។ ហើយកាលណាគ្មានការបញ្ចប់សង្គ្រាមចាស់ នេះក៏ជាភស្តុតាងបញ្ជាក់ថា សង្គ្រាមជាមួយសាតាំង ក៏មិនទាន់ដល់ទីបញ្ចប់ដែរ។ លុះត្រាតែព្រះជាម្ចាស់ផ្ទាល់ទ្រង់យាងមក ហើយអនុវត្តកិច្ចការថ្មីក្នុងចំណោមមនុស្សលោក ទើបមនុស្សអាចរួចខ្លួនទាំងស្រុងពីការគ្រប់គ្រងរបស់សាតាំង ហើយទទួលបាននូវជីវិតថ្មី និងការចាប់ផ្ដើមថ្មីមួយ។ ពុំនោះទេ មនុស្សនឹងរស់នៅក្នុងយុគសម័យចាស់ជានិរន្ត ហើយរស់នៅក្រោមឥទ្ធិពលចាស់របស់សាតាំងជារៀងរហូត... កិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវតែធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ គឺព្រះអង្គហើយដែលជាអ្នកធ្វើឲ្យកិច្ចការរបស់ទ្រង់ដំណើរការទៅបាន ហើយព្រះអង្គក៏ជាអ្នកបង្ហើយកិច្ចការរបស់ទ្រង់ដែរ។ ព្រះអង្គជាអ្នករៀបចំផែនការអំពីកិច្ចការនេះ ហើយព្រះអង្គក៏ជាអ្នកចាត់ចែងកិច្ចការនេះដែរ ជាងនេះទៅទៀត ព្រះអង្គក៏ជាអ្នកនាំកិច្ចការនេះឲ្យឈានទៅរកផលសម្រេចដែរ។ ដូចមានចែងក្នុងព្រះគម្ពីរថា «ខ្ញុំជាដើម ហើយជាចុង ខ្ញុំជាអ្នកព្រោះពូជ និងជាអ្នកច្រូតផល។» គ្រប់យ៉ាងដែលពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ព្រះអង្គ សុទ្ធតែត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់។ ទ្រង់គឺជាអ្នកគ្រប់គ្រងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ គ្មាននរណាអាចធ្វើកិច្ចការរបស់ទ្រង់ ជំនួសទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចបិទបញ្ចប់កិច្ចការរបស់ទ្រង់ដែរ ដ្បិតគឺទ្រង់ហើយជាអ្នកក្ដោបក្ដាប់អ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តរបស់ព្រះអង្គ។ បន្ទាប់ពីបានបង្កើតលោកីយ៍នេះរួច ទ្រង់នឹងដឹកនាំលោកីយ៍ទាំងមូល ទៅរស់ក្នុងពន្លឺរបស់ព្រះអង្គ ហើយទ្រង់នឹងបញ្ចប់យុគសម័យនេះទាំងមូលផងដែរ ដោយនាំផែនការទាំងមូលរបស់ព្រះអង្គ ឈានទៅរកផលសម្រេច!
ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម