៤. អ្វីជាគោលការណ៍នៃការអនុវត្តនៅក្នុងការក្លាយជាបុគ្គលស្មោះត្រង់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ភាពស្មោះត្រង់ គឺមានន័យថាអ្នកប្រគល់ដួងចិត្តរបស់អ្នក ថ្វាយដល់ព្រះជាម្ចាស់ មានភាពស្មោះត្រង់ពិតប្រាកដចំពោះព្រះជាម្ចាស់ ក្នុងកិច្ចការគ្រប់យ៉ាង មិនលាក់បាំងសេចក្ដីពិត មិនព្យាយាមបោកបញ្ឆោតអ្នកដែលនៅខាងលើ និងខាងក្រោមអ្នក ហើយមិនធ្វើអ្វីដែលគ្រាន់តែដើម្បីចង់បានការគាំទ្រពីព្រះជាម្ចាស់។ សរុបសេចក្ដីមក ដើម្បីមានភាពស្មោះត្រង់គឺត្រូវមានភាពបរិសុទ្ធនៅក្នុងទង្វើ និងពាក្យសម្ដីរបស់អ្នក ហើយក៏មិនបោកបញ្ឆោតព្រះជាម្ចាស់ និងមនុស្សទាំងឡាយដែរ។ អ្វីដែលខ្ញុំ និយាយ គឺងាយស្រួលណាស់ប៉ុន្តែចំពោះអ្នកវិញ វាពិបាកក្រៃលែង ព្រោះមនុស្សជាច្រើនសុខចិត្តឲ្យគេដាក់ទោសទៅកាន់ឋាននរកជាជាងនិយាយ និងប្រព្រឹត្ដិដោយស្មោះត្រង់។ គ្មានអ្វីប្លែកទេដែលខ្ញុំមានការតបស្នងផ្សេងទៀតនៅក្នុងដៃរបស់អ្នកដែលមិនស្មោះត្រង់។ ជាការពិត ខ្ញុំដឹងយ៉ាងច្បាស់ថាវាពិបាកយ៉ាងណាសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យមាន ភាពស្មោះ ត្រង់។ ដោយសារតែអ្នករាល់គ្នាមានភាពឆ្លាតវៃទាំងអស់គ្នា ហេតុដូច្នេះ អ្នករាល់គ្នាពូកែខាង ការវាស់ស្ទង់មនុស្ស ដោយប្រើគោលការណ៍ថ្នាក់ទាបផ្ទាល់ខ្លួន របស់អ្នករាល់គ្នា ដែលនេះធ្វើឱ្យការងាររបស់ខ្ញុំមានភាពសាមញ្ញច្រើន។ ហើយចាប់តាំងពីអ្នករាល់គ្នាឱបអាថ៌កំបាំងរបស់ខ្លួននៅក្នុងដើមទ្រូងរបស់អ្នករាល់គ្នា នោះខ្ញុំនឹងបញ្ជូនអ្នករាល់គ្នាម្តងមួយៗចូលទៅក្នុងគ្រោះមហន្តរាយ ដើម្បីឲ្យទទួលបាន «ការអប់រំ» ដោយភ្លើង ដើម្បីឲ្យក្រោយមក អ្នករាល់គ្នាអាចនឹងស្លាប់ចិត្ដនៅក្នុងជំនឿលើពាក្យសម្ដីរបស់ខ្ញុំ។ នៅទីបំផុត ខ្ញុំនឹងឮពាក្យសម្ដីចេញពីមាត់របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់» ដែលអ្នករាល់គ្នានឹងទះទ្រូង និងវាចាដោយកំសត់ថា «ភាពពុតត្បុត គឺជាបេះដូងរបស់មនុស្ស!» តើអ្វីទៅជាសណ្ឋាននៃចិត្តរបស់អ្នករាល់គ្នានៅពេលនេះ? ខ្ញុំនឹកស្រម៉ៃថា អ្នករាល់គ្នា នឹងមិនមានភាពជោគជ័យដូចនៅពេលឥឡូវនេះទេ។ ហើយអ្នកនឹងមិនសូវមាន «ភាពជ្រាលជ្រៅ និងភាពងងឹតងងល់» ដូចអ្នកនៅពេលឥឡូវនេះទេ។ ក្រោមវត្តមាននៃព្រះជាម្ចាស់ មនុស្សមួយចំនួនសុទ្ធតែមានលក្ខណៈសមសួន និងត្រឹមត្រូវ។ ពួកគេទទួលរងការឈឺចាប់ដើម្បីមាន «អាកប្បកិរិយាល្អ» ប៉ុន្ដែពួកគេហ៊ានយកចង្កូម និងប្រើក្រញាំរបស់ពួកគេនៅចំពោះវត្ដមាននៃព្រះវិញ្ញាណ។ តើអ្នកនឹងរាប់បញ្ចូលមនុស្សបែបនេះ ក្នុងចំណោមជួរនៃមនុស្សស្មោះត្រង់បានដែរឬទេ? ប្រសិនបើអ្នករាល់គ្នាជាមនុស្សលាក់ពុតដែលមានជំនាញក្នុង «ទំនាក់ទំនងរវាងបុគ្គល» នោះខ្ញុំនិយាយថា អ្នកពិតជាមនុស្សម្នាក់ដែលព្យាយាមលេងសើចនឹងព្រះជាម្ចាស់។ ប្រសិនបើពាក្យសម្តីរបស់អ្នករអាក់រអួលជាមួយនឹងការដោះសារ និងយុត្តិកម្មដែលគ្មានតម្លៃ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលស្អប់ខ្ពើមក្នុងការអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកមានការសម្ងាត់ច្រើនដែលមិនចង់ចែករំលែកប្រសិនបើអ្នកមិនពេញចិត្តក្នុងការលាតត្រដាងអាថ៌កំបាំងរបស់អ្នក ការលំបាករបស់អ្នកចំពោះមុខអ្នកដទៃ ដើម្បីស្វែងរកផ្លូវនៃពន្លឺទេ នោះខ្ញុំនិយាយថាអ្នកជាមនុស្សដែលមិនទទួលបានការសង្គ្រោះដោយងាយទេ ហើយនឹងមិនងាយចេញផុតពីភាពងងឹតបានឡើយ។ ប្រសិនបើការស្វែងរកផ្លូវនៃសេចក្តីពិត ធ្វើឲ្យអ្នកពេញចិត្ត នោះអ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅក្នុងពន្លឺជានិច្ច។ ប្រសិនបើអ្នកសប្បាយចិត្តខ្លាំង នៅពេលដែលបានធ្វើជាអ្នកបម្រើនៅក្នុងដំណាក់នៃព្រះជាម្ចាស់ បំពេញការងារដោយភាពឧស្សាហ៍ព្យាយាម និងមានមនសិការនៅក្នុងភាពងងឹត តែងតែផ្តល់និងមិនដែលទទួលយកវិញ នោះខ្ញុំនិយាយថាអ្នកជាបុគ្គលបរិសុទ្ធដោយភក្ដីភាពពីព្រោះអ្នកមិនស្វែងរករង្វាន់តបស្នង ហើយនិយាយដោយសាមញ្ញ ជាមនុស្សម្នាក់ដែលស្មោះត្រង់។ ប្រសិនបើអ្នកមានឆន្ទៈក្នុងការនិយាយដោយស្មោះត្រង់ ប្រសិនបើអ្នកមានឆន្ទៈក្នុងការចំណាយអ្វីៗទាំងអស់របស់អ្នក ប្រសិនបើអ្នកអាចបូជាជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ និងឈរយ៉ាងរឹងមាំក្នុងទីបន្ទាល់របស់អ្នក ប្រសិនបើអ្នកមានភាពស្មោះត្រង់ក្នុងកម្រិតដែលអ្នកត្រឹមតែដឹងថា ដើម្បីបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់ និងមិនគិតអំពីខ្លួនឯង ឬទាមទារយកសម្រាប់ខ្លួនឯងនោះឡើយ នោះខ្ញុំនិយាយថាមនុស្សបែបនេះគឺជាមនុស្សដែលត្រូវបានចិញ្ចឹមដោយពន្លឺ និងជាមនុស្សដែលត្រូវរស់នៅជារៀងរហូតក្នុងនគរព្រះ។

ដកស្រង់ពី «សេចក្ដីដាស់តឿនទាំងបី» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ មនុស្ស ភាគច្រើនភ័យខ្លាចក្នុងការនាំយកទង្វើរបស់ខ្លួនមកចំពោះព្រះពេក ដ្បិតខណៈពេលដែលអ្នកបំភាន់សាច់ឈាមរបស់ទ្រង់ នោះអ្នកមិនអាចបំភាន់ព្រះវិញ្ញាណទ្រង់បានឡើយ។ គ្រប់បញ្ហាដែលមិនអាចទ្រាំទ្រនឹងការពិនិត្យពិច័យរបស់ព្រះបានទេនោះ ទាស់ទទឹងនឹងសេចក្ដីពិត ហើយក៏គួរតែត្រូវបោះចោលទៅម្ខាងដែរ ទង្វើផ្ទុយពីនេះ គឺជាអំពើបាបទាស់នឹងព្រះហើយ។ ដូច្នេះ អ្នកត្រូវតែថ្វាយដួងចិត្តរបស់អ្នកនៅចំពោះព្រះ គ្រប់ពេលទាំងអស់ ទាំងពេលអធិស្ឋាន ពេលនិយាយស្ដី និងពេលប្រកបគ្នាជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងពេលអ្នកបំពេញកាតព្វកិច្ច និងប្រកបរបរចិញ្ចឹមជីវិតរបស់អ្នក។ នៅពេលដែលអ្នកបំពេញតួនាទីរបស់ខ្លួន នោះព្រះគង់នៅជាមួយអ្នក ហើយដរាបណាដែលចេតនារបស់អ្នកបានត្រឹមត្រូវ និងជាចេតនា សម្រាប់កិច្ចការនៅក្នុងដំណាក់របស់ព្រះ នោះទ្រង់នឹងទទួលយករាល់កិច្ចការដែលអ្នកធ្វើ អ្នកគួរតែលះបង់ខ្លួនដោយចិត្តស្មោះស ដើម្បីបំពេញមុខងាររបស់ខ្លួន។ នៅពេលអ្នកអធិស្ឋាន ប្រសិនបើអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះនៅក្នុងចិត្ត ហើយស្វែងរកការថែរក្សាការការពារ និងការពិនិត្យពិច័យពីព្រះជាម្ចាស់ ប្រសិនបើកិច្ចការទាំងអស់នេះគឺជាចេតនារបស់អ្នក នោះសេចក្ដីអធិស្ឋានរបស់អ្នកច្បាស់ជាមានប្រសិទ្ធិភាព។ ឧទាហរណ៍ នៅពេលអ្នកអធិស្ឋាននៅក្នុងការប្រជុំនានា ប្រសិនបើអ្នកបើកដួងចិត្ត រួចអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយទូលទ្រង់នូវអ្វីដែលមាននៅក្នុងចិត្តដោយមិនពោលពាក្យកុហក នោះសេចក្ដីអធិស្ឋានរបស់អ្នកនឹងមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ ...

ដើម្បីក្លាយជាអ្នកជឿព្រះជាម្ចាស់ មានន័យថា រាល់អ្វីទាំងអស់ដែលអ្នកធ្វើ ត្រូវតែនាំមកចំពោះទ្រង់ ហើយឆ្លងកាត់ការពិនិត្យពិច័យរបស់ទ្រង់។ ប្រសិនបើអ្វីដែលអ្នកធ្វើ អាចយកមកដាក់ចំពោះព្រះភក្ត្រព្រះវិញ្ញាណនៃព្រះបាន ប៉ុន្តែមិនអាចយកមកដាក់ចំពោះរូបកាយសាច់ឈាមរបស់ព្រះទេ នោះវាបង្ហាញឲ្យឃើញថា អ្នកមិនទាន់បានឆ្លងកាត់ការពិនិត្យពិច័យដោយព្រះវិញ្ញាណរបស់ទ្រង់នៅឡើយទេ។ តើព្រះវិញ្ញាណនៃព្រះ គឺជានរណា? តើបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គឺជានរណា? តើទ្រង់ទាំងពីរអង្គនេះមិនមែនជាព្រះតែមួយ ហើយដូចគ្នាទេឬអី? មនុស្សភាគច្រើនចាត់ទុកទ្រង់ទាំងពីរថាជាអង្គពីរផ្សេងគ្នា ដោយជឿថា ព្រះវិញ្ញាណព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយបុគ្គលដែលព្រះជាម្ចាស់ធ្វើបន្ទាល់ពីគេនោះ គ្រាន់តែជាមនុស្សលោកម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែ តើអ្នកមិនមែនគិតខុសទេឬអី? តើបុគ្គលម្នាក់នេះ ធ្វើការជួសមុខឲ្យអ្នកណា? មនុស្សណាដែលមិនស្គាល់ព្រះដែលយកកំណើតជាសាច់ឈាម អ្នកទាំងនោះពុំមានការយល់ដឹងខាងវិញ្ញាណឡើយ។ ព្រះវិញ្ញាណនៃព្រះ និងសាច់ឈាមរបស់ទ្រង់ ដែលបានយកកំណើតជាសាច់ឈាម គឺជាអង្គតែមួយ ព្រោះវិញ្ញាណព្រះជាម្ចាស់បានគង់នៅក្នុងសាច់ឈាម។ ប្រសិនបើបុគ្គលម្នាក់នេះពុំមានចិត្តសណ្ដោសចំពោះអ្នកទេ តើវិញ្ញាណព្រះជាម្ចាស់នឹងមានសេចក្ដីសណ្ដោសដែរឬទេ? តើអ្នកមិនច្រឡំទេឬអី? សព្វថ្ងៃនេះ មនុស្សណាដែលពុំអាចទទួលយកការពិនិត្យពិច័យរបស់ព្រះ នោះពុំអាចទទួលបានការអនុម័តិពីទ្រង់ឡើយ ហើយមនុស្សណាដែលពុំស្គាល់ព្រះដែលយកកំណើតជាសាច់ឈាមទេ នោះពុំអាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍បានឡើយ។ ចូរមើលទៅទង្វើទាំងអស់ដែលអ្នកធ្វើចុះ ក្រែងអ្នកអាចយកកិច្ចការនោះ មកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកពុំអាចនាំយកទង្វើទាំងអស់ដែលអ្នកធ្វើមកដាក់ចំពោះព្រះភក្ត្រព្រះជាម្ចាស់ទេ ការណ៍នោះបង្ហាញថា អ្នកគឺជាមនុស្សអាក្រក់ហើយ។ តើមនុស្សអាក្រក់អាចត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដែរឬទេ? រាល់ទង្វើដែលអ្នកប្រព្រឹត្ត រាល់សកម្មភាព រាល់ចេតនា និងរាល់ប្រតិកម្មទាំងអស់របស់អ្នក គួរតែត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់។ សូម្បីតែជីវិតខាងវិញ្ញាណប្រចាំថ្ងៃរបស់អ្នក រួមមានការអធិស្ឋានរបស់អ្នក ភាពជិតស្និទ្ធរបស់អ្នកចំពោះព្រះជាម្ចាស់ របៀបដែលអ្នកបរិភោគ និងផឹកព្រះបន្ទូលព្រះ ការប្រកបគ្នារបស់អ្នកជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជីវិតរបស់អ្នកនៅក្នុងពួកជំនុំ រួមទាំងការបម្រើជាដៃគូរបស់អ្នក ក៏អាចត្រូវបានយកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដើម្បីធ្វើការពិនិត្យពិច័យផងដែរ។ ការអនុវត្តបែបនេះហើយដែលនឹងជួយអ្នកឲ្យសម្រេចបានភាពរីកចម្រើននៅក្នុងជីវិត។ ដំណើរការនៃការទទួលយកការពិនិត្យពិច័យរបស់ព្រះ គឺជាដំណើរការនៃការបន្សុទ្ធ។ កាលណាអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះកាន់តែច្រើន នោះអ្នកត្រូវបានបន្សុទ្ធ ហើយអ្នកកាន់តែត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ប្រយោជន៍កុំឲ្យអ្នកត្រូវនាំទៅរកឧបាយមុខ ហើយឲ្យដួងចិត្តរបស់អ្នក ស្ថិតនៅក្នុងព្រះវត្តមានរបស់ទ្រង់។ កាលណាដែលអ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះកាន់តែច្រើន នោះសាតាំងក៏អាប់មុខកាន់តែខ្លាំង ហើយអ្នកសមត្ថភាពរបស់អ្នកក្នុងការបង់បោះចោលសាច់ឈាម ក៏កាន់តែប្រសើរឡើងដែរ។ ដូច្នេះ ការទទួលយកការពិនិត្យពិច័យរបស់ព្រះ គឺជាមាគ៌ាមួយនៃការប្រព្រឹត្តដែលមនុស្សលោកគួរតែដើរតាម។ ទោះបីជាអ្នកប្រព្រឹត្តអ្វីក៏ដោយ ក៏អ្នកអាចនាំយកការប្រព្រឹត្តរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយស្វែងរកការពិនិត្យពិច័យរបស់ទ្រង់ និងព្យាយាមធ្វើតាមព្រះជាម្ចាស់បានដែរ សូម្បីតែពេលដែលអ្នកប្រាស្រ័យទាក់ទងជាមួយបងប្អូនប្រុសស្រីរបស់អ្នកក្ដី ដ្បិតការណ៍នេះនឹងធ្វើឲ្យការអនុវត្តរបស់អ្នកកាន់តែត្រឹមត្រូវ។ មានតែតាមរយៈការនាំយករាល់ទង្វើរបស់អ្នកមកចំពោះព្រះភក្ត្រព្រះជាម្ចាស់ ហើយទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលអាចរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «ព្រះជាម្ចាស់ប្រោសមនុស្សណាដែលត្រូវនឹងព្រះហឫទ័យទ្រង់ឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ផ្នែកដែលសំខាន់ជាងគេបំផុតនៃការធ្វើជាមនុស្សស្មោះត្រង់ គឺថាដួងចិត្តរបស់អ្នកត្រូវតែបើកចំហចំពោះព្រះជាម្ចាស់។ បន្ទាប់ពីនោះមក អ្នកអាចរៀនបើកដួងចិត្តចំពោះអ្នកដទៃ ដើម្បីនិយាយដោយស្មោះត្រង់ និងពិតប្រាកដ ដើម្បីនិយាយអ្វីដែលមានក្នុងដួងចិត្តរបស់អ្នក ដើម្បីក្លាយជាមនុស្សដែលមានសេចក្ដីថ្លៃថ្នូរ សុចរិត និងប្រកបដោយបុគ្គលិកលក្ខណៈ និងមិនត្រូវនិយាយបំភ្លៃ ឬកុហក ឬប្រើពាក្យសម្ដីដើម្បីបោកបញ្ឆោតខ្លួនឯង ឬបោកប្រាស់អ្នកដទៃឡើយ។ ក៏នៅមិនទាន់មានទិដ្ឋភាពនៃការអនុវត្តផ្សេងទៀតដែលពាក់ព័ន្ធជាមួយមនុស្សស្មោះត្រង់ដែរ ពោលគឺ មនុស្សម្នាក់ត្រូវតែជ្រើសយក និងមានអាកប្បកិរិយាស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ ឬធ្វើកិច្ចការដោយមានដួងចិត្តស្មោះត្រង់។ អ្នកត្រូវតែស្របនឹងគោលការណ៍ទាំងនេះ និងយកវាទៅប្រតិបត្តិនៅក្នុងការអនុវត្តរបស់អ្នក។ វាមិនមែនត្រឹមតែនិយាយចោលនោះទេ ហើយក៏មិនគ្រាន់តែដើម្បីមានអាកប្បកិរិយាជាក់លាក់ណាមួយ រួចហើយក៏ប្រាប់អ្នកដទៃឱ្យទៅធ្វើការ ចំណែកឯអ្នកនៅសម្រាកនោះដែរ។ តើតថភាពនៃការធ្វើជាមនុស្សស្មោះត្រង់នៅត្រង់ណា នៅពេលអ្នកកំពុងសម្រាក? វានឹងមិនគ្រាន់តែដើម្បីស្វែងរកពាក្យស្លោកដោយគ្មានតថភាពនោះទេ។ ព្រះជាម្ចាស់ពិនិត្យពិច័យមនុស្ស ហើយក្រៅពីការពិនិត្យពិច័យដួងចិត្តខាងក្នុងរបស់មនុស្ស និងការទតមើលពីដួងចិត្តខាងក្នុងរបស់មនុស្ស ទ្រង់ក៏ទតមើលពីឥរិយាបថ និងការអនុវត្តរបស់គេដែរ។ ប្រសិនបើអ្នកគិតពីអ្វីមួយនៅក្នុងដួងចិត្តរបស់អ្នក ប៉ុន្តែអ្នកពុំបានអនុវត្តវា តើវាគឺជាការសម្ដែងចេញឱ្យឃើញរបស់មនុស្សស្មោះត្រង់ដែរឬទេ? ការធ្វើបែបនេះ គឺជាការនិយាយរឿងមួយ ហើយទៅគិតរឿងផ្សេង។ វាគឺជាការធ្វើអ្វីដែលធ្វើឱ្យអ្នកមើលទៅល្អ ហើយវាគឺជាការធ្វើឱ្យអ្នកដទៃល្ងីល្ងើដោយពាក្យសម្ដីរបស់អ្នក គឺដូចជាពួកផារិស៊ីដែរ ដែលពូកែអានគម្ពីរ និងចេះអានបញ្ច្រាសទៅបញ្ច្រាសមក។ ក៏ប៉ុន្តែ នៅពេលនិយាយដល់ការអនុវត្តវិញ នៅពេលពួកគេត្រូវលះបង់តម្លៃ និងបោះបង់ព្រះពរខាងឋានៈបុណ្យស័ក្តិ ពួកគេមិនបានធ្វើបែបនេះឡើយ ហើយពួកគេចាប់ផ្ដើមជំនុំជម្រះព្រះជាម្ចាស់ ហើយថ្កោលទោសទ្រង់ និងប្រជែងតំណែងរបស់ទ្រង់។ ព្រះជាម្ចាស់ចាត់ទុកអំពើនេះថាគួរឱ្យស្អប់ខ្ពើម ថានោះមិនមែនជាផ្លូវល្អដើម្បីដើរនោះទេ! តើមនុស្សដទៃអាចទុកចិត្តមនុស្សប្រភេទនេះបានទេ? (អត់ទេ)។

ដកស្រង់ពី «មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលធ្វើជាមនុស្សល្អ ដំបូងមនុស្សម្នាក់ត្រូវតែរៀនបើកដួងចិត្តរបស់ពួកគេចំពោះព្រះជាម្ចាស់ និងអធិស្ឋានជារៀងរាល់ថ្ងៃ ដោយទូលទៅព្រះជាម្ចាស់នូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ឧបមាថាថ្ងៃនេះ អ្នកបាននិយាយកុហក។ គ្មាននរណាម្នាក់បានដឹងរឿងនេះនៅឡើយទេ ហើយអ្នកនៅមិនទាន់មានសេចក្ដីក្លាហានគ្រប់គ្រាន់ក្នុងការនិយាយការពិតជាមួយមនុស្សគ្រប់គ្នាទេ។ យ៉ាងហោចណាស់ អ្នកក៏ធ្លាប់ទូលដល់ព្រះជាម្ចាស់នូវទោសកំហុស និងការភូតភរ ព្រមទាំងការកុហកដែលអ្នកបានពិនិត្យពិច័យ និងរកឃើញនៅក្នុងទង្វើរបស់អ្នកសព្វថ្ងៃនេះដែរ ហើយសារភាពអំពើបាបរបស់អ្នក រួចទូលថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំបាននិយាយកុហកម្ដងទៀតហើយ។ ទូលបង្គំធ្វើវាដើម្បីរឿងនេះ ឬរឿងនោះ។ ទូលបង្គំសូមទ្រង់ប្រៀនប្រដៅទូលបង្គំផង»។ ប្រសិនបើអ្នកមានអាកប្បកិរិយាបែបនេះ ព្រះជាម្ចាស់នឹងទទួលយកអ្នក ហើយអ្នកនឹងចង់ចាំវា។ ប្រហែលជាអ្នកនឹងត្រូវប្រឹងប្រែង និងប្រើកម្លាំងខ្លាំងដើម្បីដោះស្រាយនិស្ស័យមិនល្អ ឬនិស្ស័យពុករលួយនៃការភូតកុហកនោះ ប៉ុន្តែមិនត្រូវខ្លាចនោះទេ ព្រះជាម្ចាស់គង់នៅជាមួយអ្នក ហើយទ្រង់នឹងណែនាំអ្នក និងជួយអ្នកឱ្យឆ្លងកាត់ការលំបាកដែលកើតមាននេះ ដោយប្រទានសេចក្ដីក្លាហានដល់អ្នកមិនឱ្យនិយាយកុហក ឬសេចក្ដីក្លាហានក្នុងការទទួលស្គាល់ថា អ្នកបាននិយាយកុហក ទទួលស្គាល់នូវការកុហកដែលអ្នកបាននិយាយ ហេតុអ្វីបានជាអ្នកនិយាយកុហក ហើយតើអ្នកមានបំណង និងគោលបំណងអ្វីខ្លះ ទទួលស្គាល់ថា អ្នកមិនមែនជាមនុស្សស្មោះត្រង់។ ដើម្បីទទួលស្គាល់ថាអ្នកជាមនុស្សបោកបញ្ឆោត។ ហើយទ្រង់នឹងប្រទានសេចក្ដីក្លាហានដល់អ្នកដើម្បីពុះជ្រែកឆ្លងកាត់ឧបសគ្គនេះ និងដើម្បីគេចចេញពីទ្រុងរបស់សាតាំង និងគេចចេញពីការគ្រប់គ្រងរបស់វា។ តាមវិធីនេះ អ្នកនឹងត្រូវរស់នៅក្នុងពន្លឺបន្តិចម្ដងៗ ស្ថិតក្រោមការណែនាំ និងព្រះពររបស់ព្រះជាម្ចាស់។ នៅពេលអ្នកបានឆ្លងកាត់ឧបសគ្គនៃការចាប់ចងខាងសាច់ឈាម និងអាចចុះចូលនឹងសេចក្ដីពិតបាន នោះអ្នកនឹងត្រឡប់ជាមានសេរីភាព និងត្រូវបានដោះលែង។ នៅពេលអ្នករស់នៅដោយវិធីនេះ មនុស្សមិនត្រឹមតែចូលចិត្តអ្នកទេ ប៉ុន្តែព្រះជាម្ចាស់ក៏នឹងសព្វព្រះទ័យនឹងអ្នកដែរ។ បើទោះបីជាពេលខ្លះ អ្នកនៅតែអាចធ្វើរឿងមិនល្អដដែល ហើយបើទោះបីជាអ្នកពេលខ្លះនឹងនៅតែនិយាយកុហកបានដដែល ហើយបើទោះបីជាពេលខ្លះ អ្នកនឹងនៅតែមានបំណងផ្ទាល់ខ្លួនរបស់អ្នកដដែល ក៏ដូចជាមានបំណងអាត្មានិយម មានទង្វើ និងគំនិតអាត្មានិយម និងគួរឱ្យស្អប់ខ្ពើមក្ដី ក៏អ្នកអាចទទួលយកការពិនិត្យមើលរបស់ព្រះជាម្ចាស់ និងបើកសម្ដែងឱ្យឃើញពីដួងចិត្តរបស់អ្នក សភាពជាក់ស្ដែងរបស់អ្នក និងនិស្ស័យពុករលួយរបស់អ្នកនៅចំពោះព្រះជាម្ចាស់ដែរ ហេតុនេះហើយ អ្នកនឹងមានផ្លូវអនុវត្តមួយដែលត្រឹមត្រូវ។ ប្រសិនបើផ្លូវអនុវត្តរបស់អ្នកត្រឹមត្រូវ ហើយទិសដៅទៅមុខរបស់អ្នកត្រឹមត្រូវ នោះក្ដីសង្ឃឹមរបស់អ្នក នឹងស្រស់បំព្រង និងភ្លឺថ្លា។ តាមរបៀបនេះ អ្នកនឹងរស់នៅដោយមានដួងចិត្តស្ងប់។ វិញ្ញាណរបស់អ្នកនឹងត្រូវធំធាត់ឡើង ហើយអ្នកនឹងមានអារម្មណ៍ថាមានការលូតលាស់ និងសេចក្ដីអរសប្បាយ។ ប្រសិនបើអ្នកមិនអាចពុះពារឧបសគ្គនៃការចាប់ចងខាងសាច់ឈាមនេះបានទេ និងតែងតែជាប់ជំពាក់ដោយអារម្មណ៍ និងទស្សនៈវិជ្ជារបស់សាតាំង ហើយសម្ដីនិងសកម្មភាពរបស់អ្នក គឺតែងតែលាក់លៀម និងលាក់បាំង មិនដែលឃើញច្បាស់ក្នុងពេលកណ្ដាលថ្ងៃចែស នោះអ្នកគឺជាមនុស្សម្នាក់ដែលរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងហើយ។ នៅពេលដែលអ្នកយល់អំពីសេចក្ដីពិត និងអាចឆ្លងកាត់ឧបសគ្គនៃការចាប់ចងខាងសាច់ឈាមបាន នោះបន្តិចម្ដងៗ អ្នកចាប់ផ្ដើមមានលក្ខណៈដូចមនុស្ស។ អ្នកនិយាយ និងធ្វើការដោយស្មោះត្រង់ និងឥតលាក់លៀម និងបង្ហាញដល់អ្នកដទៃនូវទស្សនៈឬគំនិតដែលអ្នកអាចមាន ឬអ្វីមួយដែលអ្នកបានធ្វើខុស ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចមើលឃើញវាដោយច្បាស់ ហើយចុងក្រោយ ពួកគេនឹងនិយាយថា អ្នកជាមនុស្សទៀងត្រង់។ តើមនុស្សទៀងត្រង់មានន័យបែបណា? គឺជាមនុស្សម្នាក់ដែលមិននិយាយកុហក ដែលមានសម្ដីស្មោះត្រង់ខ្លាំង ហើយពាក្យសម្ដីរបស់ពួកគេ មនុស្សគ្រប់គ្នាជឿថាជាការពិត។ បើទោះបីជាពួកគេនិយាយកុហកដោយអចេតនា ឬនិយាយអ្វីខុស មនុស្សគ្រប់គ្នាគឺអាចអត់ទោសឱ្យពួកគេបាន ដោយដឹងថា ពួកគេធ្វើវាដោយអចេតនា។ នៅពេលណាដែលពួកគេដឹងអំពីរឿងនេះ ពួកគេនឹងត្រឡប់មកវិញ ដើម្បីសុំទោសនិងកែតម្រូវវាឱ្យបានត្រឹមត្រូវ។ នេះគឺមនុស្សទៀងត្រង់ម្នាក់។ មនុស្សគ្រប់គ្នាចូលចិត្ត និងអាចទុកចិត្តមនុស្សប្រភេទនេះបាន។ ប្រសិនបើអ្នកឈានដល់កម្រិតនេះ និងទទួលបានការទុកព្រះទ័យពីព្រះជាម្ចាស់ និងការទុកចិត្តរបស់អ្នកដទៃ អ្នកនឹងបានសម្រេចកិច្ចការដែលមិនធម្មតា។ នេះគឺជាសេចក្ដីថ្លៃថ្នូរដ៏ខ្ពង់ខ្ពស់បំផុតដែលមនុស្សម្នាក់អាចមាន ហើយមានតែមនុស្សបែបនេះទេ ដែលមានការគោរពចំពោះខ្លួនឯង។

ដកស្រង់ពី «មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ក្នុងនាមជាមនុស្សទៀងត្រង់ម្នាក់ ជាដំបូង អ្នកត្រូវតែបើកចំហដួងចិត្តរបស់អ្នក ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចស្វែងយល់ពីអ្នក ព្យាយាមយល់អំពីអ្វីៗគ្រប់យ៉ាងដែលអ្នកកំពុងគិត ហើយមើលឃើញពីមុខមាត់ពិតរបស់អ្នក ដូច្នេះ អ្នកមិនចាំបាច់ព្យាយាមក្លែងខ្លួន ឬធ្វើខ្លួនដូចជាមនុស្សល្អឡើយ។ មានតែបែបនេះទេ ទើបមនុស្សនឹងទុកចិត្តអ្នក ហើយចាត់ទុកអ្នកជាមនុស្សទៀងត្រង់។ នេះគឺជាការអនុវត្តដ៏សំខាន់បំផុត និងជាលក្ខខណ្ឌតម្រូវជាមុន ដើម្បីក្លាយខ្លួនជាមនុស្សទៀងត្រង់ម្នាក់។ អ្នកតែងតែធ្វើពុត តែងតែក្លែងជាមានភាពវិសុទ្ធ ភាពត្រឹមត្រូវ ភាពអស្ចារ្យ និងក្លែងជាមានគុណតម្លៃសីលធម៌ខ្ពស់។ អ្នកមិនឲ្យមនុស្សមើលឃើញនូវសេចក្ដីពុករលួយរបស់ខ្លួន និងការបរាជ័យ។ អ្នកបង្ហាញឲ្យឃើញនូវរូបភាពក្លែងក្លាយទៅកាន់មនុស្ស ដើម្បីឲ្យគេជឿថាអ្នកកំពុងមានភាពលេចធ្លោ អស្ចារ្យ លះបង់ខ្លួនឯង មិនលំអៀង និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ នេះគឺជាការបោកបញ្ឆោត។ ចូរកុំបន្តការក្លែងបន្លំ ហើយមិនត្រូវបំពាក់ខ្លួនអ្នកនឹងការនេះឡើយ។ ផ្ទុយទៅវិញ ត្រូវលាតត្រដាងខ្លួនអ្នក និងដួងចិត្តរបស់អ្នកឲ្យអ្នកដទៃបានឃើញ។ ប្រសិនបើអ្នកអាចលាតត្រដាងដួងចិត្តឲ្យអ្នកដទៃបានឃើញដោយឥតបិទបាំង និងបង្ហាញគំនិតរបស់អ្នកទាំងអស់ ព្រមទាំងផែនការ គឺទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន នោះអ្នកនឹងមិនមានភាពស្មោះត្រង់ទេឬ? ប្រសិនបើអ្នកអាចបង្ហាញឲ្យអ្នកដទៃឲ្យឃើញអ្នកទទេគ្មានបិទបាំង នោះព្រះជាម្ចាស់ក៏នឹងឃើញអ្នក ហើយមានបន្ទូលមកថា «អ្នកបានបង្ហាញខ្លួនអ្នកឲ្យអ្នកដទៃបានឃើញដោយគ្មានបិទបាំង ដូចនេះ អ្នកក៏ជាមនុស្សស្មោះត្រង់នៅចំពោះខ្ញុំជាប្រាកដ»។ ប្រសិនបើអ្នកបានតែបង្ហាញខ្លួនអ្នកដោយឥតបិទបាំងនៅចំពោះព្រះជាម្ចាស់ នៅពេលអ្នកដទៃមិនឃើញ ហើយតែងតែធ្វើពុតថាខ្លួនអស្ចារ្យ និងត្រឹមត្រូវ ឬយុត្តិធម៌ និងមិនគិតប្រយោជន៍ផ្ទាល់ខ្លួននៅពេលដែលនៅជាមួយពួកគេ នោះតើព្រះជាម្ចាស់ទ្រង់ព្រះតម្រិះ និងមានបន្ទូលបែបណា? ទ្រង់នឹងមានបន្ទូលថា «អ្នកមានភាពបោកបញ្ឆោតជាខ្លាំង។ អ្នកជាមនុស្សមានពុតត្បុត និងគ្មានបានការ ហើយអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ»។ ព្រះជាម្ចាស់នឹងថ្កោលទោសអ្នកយ៉ាងនេះ។ ប្រសិនបើអ្នកចង់ធ្វើជាបុគ្គលស្មោះត្រង់ម្នាក់ នោះមិនថាអ្វីដែលអ្នកធ្វើនៅចំពោះព្រះជាម្ចាស់ ឬនៅចំពោះអ្នកដទៃទេ គឺអ្នកគួរតែអាចបើកបង្ហាញពីខ្លួនអ្នកដោយចំហរ និងលាតត្រដាងពីខ្លួនអ្នកដោយឥតបិទបាំង។ តើនេះងាយសម្រេចបានទេ? វាត្រូវការពេលវេលា។ វាត្រូវការការតស៊ូខាងក្នុង ហើយយើងត្រូវតែអនុវត្តជាប្រចាំ។ បន្តិចម្ដងៗ ចិត្តរបស់យើងនឹងបើក ហើយយើងនឹងអាចលាតត្រដាងខ្លួនយើង។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្វីដែលអ្នកជួបប្រទះក្នុងអំឡុងពេលបំពេញភារកិច្ចឡើយ មិនថាជាភាពអវិជ្ជមាន និងភាពកម្សោយ ឬការមាននូវអារម្មណ៍មិនល្អក្រោយពេលដោះស្រាយវានោះទេ អ្នកគួរតែធ្វើវាឲ្យបានសមរម្យត្រឹមត្រូវ ហើយអ្នកក៏ត្រូវតែស្វែងរកសេចក្ដីពិត និងស្វែងយល់អំពីបំណងព្រហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ តាមរយៈការធ្វើបែបនេះ អ្នកនឹងមានផ្លូវដើម្បីអនុវត្តបាន។ ប្រសិនបើអ្នកចង់ធ្វើឲ្យបានល្អក្នុងការបំពេញភារកិច្ចរបស់ខ្លួន នោះអ្នកមិនត្រូវទទួលរងឥទ្ធិពលពីអារម្មណ៍របស់ខ្លួនឡើយ។ មិនថាអ្នកមានអារម្មណ៍អវិជ្ជមាន ឬខ្សោយប៉ុនណានោះទេ អ្នកគួរតែអនុវត្តសេចក្ដីពិតក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ ដោយធ្វើដោយភាពតឹងតែង និងខ្ជាប់ខ្ជួនទៅនឹងគោលការណ៍។ ប្រសិនបើអ្នកធ្វើបែបនេះ នោះអ្នកនឹងមិនត្រឹមតែមានការឯកភាពពីអ្នកដទៃនោះទេ តែព្រះជាម្ចាស់ក៏នឹងសព្វព្រះទ័យចំពោះអ្នកដូចគ្នាដែរ។ ដូចនេះ អ្នកនឹងជាមនុស្សដែលមានទំនួលខុសត្រូវ និងជាអ្នកដែលរែកអម្រែកនៃបន្ទុក។ អ្នកនឹងក្លាយជាមនុស្សល្អជាប្រាកដ ដែលបានបំពេញនូវភារកិច្ចរបស់អ្នកត្រូវនឹងបទដ្ឋាន និងជាអ្នកដែលសម្ដែងចេញយ៉ាងពេញលេញនូវលក្ខណៈនៃមនុស្សពិតប្រាកដ។ មនុស្សបែបនេះត្រូវបានបន្សុទ្ធ និងទទួលនូវការបំផ្លាស់បំប្រែពិតប្រាកដនៅពេលបំពេញភារកិច្ចរបស់គេ ហើយពួកគេអាចត្រូវបានចាត់ទុកថាមានភាពស្មោះត្រង់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះដែលអាចស៊ូទ្រាំជាមួយការអនុវត្តសេចក្ដីពិត និងជោគជ័យចំពោះការប្រព្រឹត្តិតាមគោលការណ៍ ព្រមទាំងអាចបំពេញភារកិច្ចរបស់ពួកគេឲ្យត្រូវតាមបទដ្ឋានទៀតផង។ មនុស្សដែលប្រព្រឹត្តតាមគោលការណ៍បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អិតល្អន់ នៅពេលដែលពួកគេមានអារម្មណ៍ល្អ។ ពួកគេមិនធ្វើការក្នុងលក្ខណៈដើម្បីតែជាការគម្រប់កិច្ចនោះទេ ពួកគេមិនក្រអឺតក្រទម ហើយពួកគេមិនអួតអំពីខ្លួនឯងដើម្បីឲ្យអ្នកផ្សេងគិតល្អពីពួកគេឡើយ។ យ៉ាងណាក្ដី នៅពេលពួកគេមានអារម្មណ៍មិនល្អ ពួកគេក៏បំពេញកិច្ចការប្រចាំថ្ងៃរបស់ខ្លួនដោយអស់ពីចិត្ត និងដោយទំនួលខុសត្រូវ ហើយទោះបីជាពួកគេជួបប្រទះនូវអ្វីដែលធ្វើឲ្យខូចដល់ការបំពេញភារកិច្ចរបស់គេក្ដី ឬទោះបីការនោះបានដាក់សម្ពាធដល់ពួកគេបន្តិចបន្តួចក្ដី ឬបង្ករនូវការរំខានក្នុងពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួនក្ដី ក៏ពួកគេនៅតែអាចមានភាពស្ងប់ស្ងៀមនៅក្នុងដួងចិត្តនៅចំពោះព្រះជាម្ចាស់ ព្រមទាំងអធិស្ឋាន និងពោលថា «មិនថាបញ្ហាធំប៉ុនណាដែលទូលបង្គំជួបប្រទះនោះទេ បើទោះបីជាស្ថានសួគ៌ត្រូវក្រឡាប់ចុះក៏ដោយ ដរាបណាព្រះជាម្ចាស់អនុញ្ញាតឲ្យទូលបង្គំនៅបន្តមានជីវិត នោះទូលបង្គំតាំងចិត្តធ្វើការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អបំផុត។ ជារៀងរាល់ថ្ងៃដែលទូលបង្គំត្រូវបានអនុញ្ញាតឲ្យរស់នៅ នោះគឺជាថ្ងៃដែលទូលបង្គំនឹងប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីឲ្យទូលបង្គំមានតម្លៃសមនឹងភារកិច្ចដែលព្រះជាម្ចាស់បានប្រទានមកឲ្យទូលបង្គំនេះ ក៏ដូចជាដង្ហើមដែលទ្រង់បានប្រទានដាក់លើរូបកាយរបស់ទូលបង្គំដែរ។ មិនខ្វល់ថាទូលបង្គំអាចជួបភាពលំបាកធំប៉ុនណានោះទេ ទូលបង្គំនឹងទុកវាមួយឡែក ដ្បិតការបំពេញភារកិច្ចរបស់ទូលបង្គំគឺជារឿងសំខាន់ចាំបាច់បំផុត!» អស់អ្នកដែលមិនរងឥទ្ធិពលពីបុគ្គល ព្រឹត្តិការណ៍ រឿងរ៉ាវ ឬមជ្ឈដ្ឋានជុំវិញណាមួយ អ្នកដែលមិនត្រូវបានគ្របដណ្ដប់ដោយអារម្មណ៍ ឬស្ថានភាពខាងក្រៅ ហើយអ្នកដែលយកកាតព្វកិច្ច និងបេសកកម្មដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ជារឿងទីមួយ និងសំខាន់បំផុត នោះពួកគេគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងជាអ្នកដែលចុះចូលនឹងព្រះអង្គដ៏ពិតប្រាកដ។ មនុស្សបែបនេះបានទទួលច្រកចូលទៅក្នុងជីវិត និងបានចូលក្នុងសេចក្ដីពិតដ៏ជាក់ស្ដែង។ នេះជាការបើកបង្ហាញដ៏ជាក់ស្ដែង និងពិតប្រាកដមួយអំពីការសម្ដែងចេញពីសេចក្ដីពិត។

ដកស្រង់ពី «ច្រកចូលទៅកាន់ជីវិតត្រូវតែចាប់ផ្ដើមជាមួយនឹងបទពិសោធន៍នៃការបំពេញភារកិច្ចរបស់ខ្លួន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មិនថាអ្នកប្រឈមនឹងបញ្ហាអ្វីទេ មិនថាវាជាព្រះរាជបញ្ជាដែលព្រះជាម្ចាស់បានត្រាស់បញ្ជាមកអ្នកដោយផ្ទាល់ ឬជាភារកិច្ចដែលអ្នកគប្បីបំពេញនោះទេ ឬមិនថាវាជារឿងដែលនរណាម្នាក់បានប្រាប់អ្នក ហើយមិនថាវាពាក់ព័ន្ធនឹងរបៀបដែលអ្នកប្រព្រឹត្តខ្លួន ឬរបៀបដែលអ្នកដោះស្រាយបញ្ហានោះទេ អ្នកត្រូវតែដោះស្រាយវាដោយដួងចិត្តស្មោះត្រង់ជានិច្ច។ តើមនុស្សម្នាក់គប្បីអនុវត្តការដោះស្រាយអ្វីៗដោយដួងចិត្តស្មោះត្រង់ដោយរបៀបណា? ត្រូវនិយាយអ្វីដែលអ្នកគិត និងនិយាយដោយស្មោះត្រង់។ មិនត្រូវនិយាយពាក្យពិសេសផ្លូវការ មិនត្រូវនិយាយអ្វីដែលពីរោះស្ដាប់ បញ្ចើចបញ្ចើ ឬការកុហកលាក់ពុតនោះទេ ប៉ុន្តែត្រូវនិយាយពាក្យដែលមាននៅក្នុងដួងចិត្តរបស់អ្នក និងបើកសម្ដែងនូវគំនិត និងទស្សនៈពិតប្រាកដដែលមាននៅក្នុងដួងចិត្តរបស់អ្នក។ នេះហើយគឺជាអ្វីដែលមនុស្សស្មោះត្រង់ត្រូវធ្វើ។ ប្រសិនបើអ្នកមិនដែលនិយាយ ឬទម្លាយអ្វីដែលអ្នកគិតនៅក្នុងចិត្តទេ ហើយសម្ដីនៅបបូរមាត់របស់អ្នកមិនដែលដូចគ្នានឹងអ្វីដែលអ្នកគិតក្នុងចិត្តរបស់អ្នកនោះ នេះគឺមិនមែនជារបៀបដែលមនុស្សស្មោះត្រង់បញ្ចេញឥរិយាបថរបស់ពួកគេឡើយ។ ឧទាហរណ៍ថា អ្នកមិនបានបំពេញភារកិច្ចឱ្យបានល្អទេ។ មានគេម្នាក់សួរអ្នកថា តើមានរឿងអ្វី ហើយអ្នកតបថា៖ «ខ្ញុំចង់បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ប៉ុន្តែខ្ញុំធ្វើមិនបាន ដោយសារហេតុផលនេះ ឬហេតុផលនោះ»។ ការពិតទៅ អ្នកដឹងនៅក្នុងដួងចិត្តរបស់អ្នកថា អ្នកបានធ្វេសប្រហែស ប៉ុន្តែអ្នកមិនបាននិយាយដោយបើកចំហ និងដោយស្មោះត្រង់នោះទេ ហើយអ្នកបានឱ្យគេទទួលខុសត្រូវជំនួស ឬបើមិនដូច្នោះទេ អ្នកស្វែងរកហេតុផលគ្រប់បែបយ៉ាងដើម្បីលាក់បាំងនូវសេចក្ដីពិតជាក់ស្ដែង។ តើនេះគឺការធ្វើជាមនុស្សស្មោះត្រង់មែនទេ? ការនិយាយបែបនេះអាចឱ្យអ្នកដោះសាបាន ប៉ុន្តែអ្នកមិនបានបញ្ចេញអ្វីដែលមាននៅខាងក្នុងខ្លួនអ្នកមកដាក់នៅក្នុងពន្លឺ ដើម្បីដោះស្រាយនោះទេ ដែលវានឹងធ្វើឱ្យអ្នកឈឺនៅក្នុងចិត្ត។ ប្រសិនបើចំណុចនេះចាក់ឫសគល់ក្នុងដួងចិត្តរបស់អ្នក នោះវានឹងក្លាយជាបញ្ហាមិនខាន។ អ្នកត្រូវនិយាយដោយបើកចំហ និងដោយស្មោះត្រង់ថា៖ «ខ្ញុំធ្លាប់បានធ្វេសប្រហែសបន្តិចបន្ដួចដែរនៅក្នុងបំពេញភារកិច្ចនេះ និងមិនបានយកចិត្តទុកលើកិច្ចការនោះឡើយ។ ខ្ញុំក៏បានខំប្រឹងខ្លាំងបន្តិចដែរ ហើយបន្ទាប់មក ខ្ញុំក៏លែងខំប្រឹងប្រែងបន្តិចណាសោះ។ នៅពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំអាចលះបង់តម្លៃខ្លះបាន ប៉ុន្តែនៅពេលខ្ញុំមិនមានអារម្មណ៍ល្អទេ ខ្ញុំមិនបានខំប្រឹងប្រែងអ្វីទេ ខ្ញុំប្រែទៅជាមិនអាចលះបង់តម្លៃបាន ខ្ញុំប្រែជាខ្ជិលច្រអូស ហើយខ្ញុំលោភលន់ចង់បានភាពសុខស្រួលខាងរាងកាយ ដូច្នេះ ការបំពេញភារកិច្ចរបស់ខ្ញុំ មិនសម្រេចបានផលអ្វីឡើយ។ នៅក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានភ្ញាក់ខ្លូន ហើយខ្ញុំខិតខំប្រឹងប្រែងដើម្បីឱ្យភារកិច្ចទៅមុខទៀតរបស់ខ្ញុំបានប្រសើរឡើង ដើម្បីពង្រឹងប្រសិទ្ធភាពរបស់ខ្ញុំ និងធ្វើការងារឱ្យបានលឿនជាងមុន»។ តើមនុស្សអាចស្ដាប់បានថាការឆ្លើយតបទាំងពីរនេះមួយណាស្មោះត្រង់ដែរឬទេ? តើអ្នករាល់គ្នាថាបែបណា? វាច្បាស់ណាស់ថា ការឆ្លើយតបទីមួយគឺជាការនិយាយវាយប្រហារដោយគិតទុកជាមុនពីនរណាម្នាក់ ដែលដោយសារពួកគេភ័យខ្លាចត្រូវគេដោះស្រាយជាមួយ ភ័យខ្លាចថាអ្នកដទៃរកឃើញថាមានបញ្ហាអ្វីមួយ និងខ្លាចត្រូវគេស៊ើបអង្កេតនិងឱ្យទទួលខុសត្រូវ ក៏រកលេសទុកជាមុនដើម្បីលាក់បាំងសេចក្ដីពិត និងដើម្បីទប់កុំឱ្យមានការចោទប្រកាន់ ដោយផ្ទេរការទទួលខុសត្រូវទៅឱ្យអ្នកផ្សេង ដើម្បីកុំឱ្យត្រូវគេដោះស្រាយជាមួយ។ នេះហើយគឺជាប្រភពនៃការកុហករបស់ពួកគេ។ ទីពីរ គឺជាមនុស្សម្នាក់ដែលកំពុងនិយាយប្រាប់ពីសេចក្ដីពិត ហើយបើទោះបីជាការនិយាយនោះមានហេតុផលដែលថាពួកគេគប្បីត្រូវដោះស្រាយជាមួយ និងគប្បីត្រូវទទួលខុសត្រូវក្ដី ក៏វាគឺជាសេចក្ដីពិតដែរ។ នេះហើយគឺជាសភាពធម្មតារបស់មនុស្ស។ បើទោះបីជាអ្នកមិននិយាយអ្វីសោះ ក៏មនុស្សនៅតែដឹងដដែល។ អ្នកមិនបានជ្រើសរើសមិននិយាយនោះទេ ហើយអ្នកក៏មិនបានជ្រើសរើសនិយាយល្អពីខ្លួនឯង ឬការពារខ្លួនឯងដែរ ប៉ុន្តែផ្ទុយទៅវិញ បាននិយាយវាដោយត្រង់។ នេះបង្ហាញថា អ្នកមានអាកប្បកិរិយាស្មោះត្រង់ និងកំពុងស្វែងរកការផ្លាស់ប្ដូរ ជាជាងការប្រកាន់ខ្ជាប់ដោយតឹងតែង និងរឹងត្អឹងទៅតាមការដោះសាផ្ទាល់ខ្លួនដើម្បីលាក់បាំងសេចក្ដីពិតជាក់ស្ដែង ឬដើម្បីបោកបញ្ឆោតមនុស្ស។ តើផ្លូវមួយណាត្រឹមត្រូវ? តើផ្លូវមួយណាដែលមនុស្សស្មោះត្រង់អនុវត្ត? ការបើកចិត្ត និងការបញ្ចេញរឿងផ្ទាល់ខ្លួន ការនិយាយដោយស្មោះត្រង់ ការបង្ហាញពីសភាពជាក់ស្ដែង និងបញ្ហាជាក់ស្ដែងរបស់អ្នក នេះហើយគឺជារបៀបដែលមនុស្សស្មោះត្រង់អនុវត្ត ហើយការអនុវត្តបែបនេះ គឺជារឿងត្រឹមត្រូវ។

ដកស្រង់ពី «មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលអ្នកប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដំបូង អ្នកត្រូវឱ្យពួកគេយល់ពីដួងចិត្តពិតប្រាកដ និងភាពស្មោះត្រង់របស់អ្នកសិន។ នៅក្នុងការនិយាយ ការទាក់ទង និងការធ្វើការរួមគ្នាជាមួយអ្នកដទៃ ប្រសិនបើពាក្យសម្ដីរបស់នរណាម្នាក់ និយាយមកឱ្យតែរួចពីមាត់ ជាពាក្យបំភ្លៃ ពាក្យលេងសើច ពាក្យបញ្ចើចបញ្ចើ គ្មានទំនួលខុសត្រូវ និងស្រមើស្រមៃ ឬប្រសិនបើពួកគេគ្រាន់តែនិយាយដើម្បីបំពេញចិត្តអ្នកដទៃ នោះពាក្យសម្ដីរបស់ពួកគេខ្វះនូវការជឿទុកចិត្តបានទាំងស្រុង ហើយសម្ដីទាំងនោះមិនស្មោះត្រង់បន្តិចសោះឡើយ។ មិនថាអ្នកដទៃទាំងអស់នោះជានរណាក៏ដោយ នេះគឺជាលក្ខណៈនៃការប្រាស្រ័យទាក់ទងរបស់ពួកគេជាមួយអ្នកដទៃ។ តើមនុស្សបែបនេះមានដួងចិត្តស្មោះត្រង់ដែរឬទេ? នេះមិនមែនជាមនុស្សស្មោះត្រង់ទេ។ ឧបមាថាមាននរណាម្នាក់មានចំណុចខ្វះខាត ហើយពួកគេនិយាយទៅកាន់អ្នកដោយស្មោះត្រង់ និងដោយពិតប្រាកដថា៖ «សូមប្រាប់ខ្ញុំមកថាហេតុអ្វីបានជាខ្ញុំអវិជ្ជមានខ្លាំងបែបនេះ។ ខ្ញុំរកគិតវាមិនចេញសោះ!» ហើយតាមពិតទៅ អ្នកពិតជាបានដឹងអំពីបញ្ហារបស់ពួកគេនៅក្នុងដួងចិត្តរបស់អ្នក ប៉ុន្តែអ្នកមិនប្រាប់ពួកគេទេ ផ្ទុយទៅវិញបែរជានិយាយថា៖ «គ្មានអ្វីនោះទេ។ ខ្ញុំក៏តែងតែអវិជ្ជមានបែបនេះដែរ»។ ពាក្យសម្ដីទាំងអស់នេះគឺជាការលួងលោមយ៉ាងខ្លាំងទៅអ្នកដែលស្ដាប់ពួកគេនិយាយ ប៉ុន្តែតើអាកប្បកិរិយារបស់អ្នកស្មោះត្រង់ដែរឬទេ? ទេ មិនស្មោះត្រង់ទេ។ អ្នកគ្រាន់តែធ្វើបង្គ្រប់កិច្ចជាមួយមនុស្សដទៃប៉ុណ្ណោះ ដូច្នេះដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍កាន់តែសុខស្រួលនៅក្នុងចិត្ត និងមានការលួងលោមចិត្ត អ្នកបានបដិសេធមិននិយាយដោយស្មោះត្រង់ជាមួយពួកគេ។ អ្នកមិនមែនកំពុងជួយពួកគេដោយស្មោះអស់ពីចិត្ត ដើម្បីឱ្យពួកគេអាចទុកភាពអវិជ្ជមានរបស់អ្នកចោលនោះទេ។ អ្វីគ្រប់យ៉ាងគឺដើម្បីតែការព្យាយាមលួងលោមពួកគេ និងធ្វើឱ្យពួកគេច្បាស់ថា រវាងអ្នករាល់គ្នា គ្មានការទាស់ទែង ឬទំនាស់អ្វីឡើយ អ្នកបានធ្វើរឿងតិចតួចបំផុតតាមដែលអាចធ្វើទៅបានជាមួយពួកគេ ហើយនេះមិនមែនជាការធ្វើជាមនុស្សស្មោះត្រង់នោះទេ។ ដូច្នេះ ក្នុងនាមជាមនុស្សស្មោះត្រង់ម្នាក់ តើអ្នកគប្បីធ្វើអ្វីខ្លះនៅពេលជួបប្រទះនឹងស្ថានភាពបែបនេះ? ចូរប្រាប់ពួកគេពីអ្វីដែលអ្នកបានឃើញ និងបានកត់សម្គាល់៖ «ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលខ្ញុំបានឃើញ និងអ្វីដែលខ្ញុំបានជួបប្រទះ។ អ្នកត្រូវសម្រេចចិត្តថាតើអ្វីដែលខ្ញុំនិយាយនោះត្រូវឬខុស។ ប្រសិនបើវាខុស អ្នកមិនចាំបាច់ទទួលយកវាទេ។ ប្រសិនបើវាត្រូវ ខ្ញុំសង្ឃឹមថាអ្នកនឹងទទួលយកវា។ ប្រសិនបើខ្ញុំនិយាយអ្វីដែលពិបាកឱ្យអ្នកស្ដាប់ចូល និងធ្វើឱ្យអ្នកឈឺចាប់ ខ្ញុំសង្ឃឹមថា អ្នកអាចទទួលយកបានអំពីព្រះជាម្ចាស់។ ចេតនា និងគោលបំណងរបស់ខ្ញុំ គឺដើម្បីជួយអ្នក។ ខ្ញុំមើលឃើញពីបញ្ហានេះច្បាស់ណាស់៖ កិត្តិយសផ្ទាល់ខ្លួនរបស់អ្នកត្រូវបានបំផ្លាញ។ គ្មាននរណាម្នាក់បំពេញមហិច្ចតារបស់អ្នកទេ ហើយអ្នកគិតថា មនុស្សដទៃទៀត មើលងាយអ្នក ថាអ្នកត្រូវបានគេវាយប្រហារ ហើយថាអ្នកមិនដែលធ្វើខុសអ្វីខ្លាំងបែបនេះទេ។ អ្នកមិនអាចអត់ទ្រាំបាន ហើយក៏ក្លាយជាអវិជ្ជមាន។ តើអ្នកគិតបែបណា តើនេះពិតជាអ្វីដែលកំពុងកើតឡើងមែនទេ?» ហើយនៅពេលស្ដាប់ឮបែបនេះ ពួកគេមានអារម្មណ៍ថា រឿងគឺបែបនេះមែនហើយ។ នេះគឺជាអ្វីដែលមានពិតប្រាកដនៅក្នុងដួងចិត្តរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនមែនជាមនុស្សស្មោះត្រង់ទេ នោះអ្នកនឹងមិននិយាយវាចេញមកឡើយ។ អ្នកនឹងនិយាយថា៖ «ខ្ញុំក៏តែងតែមានភាពអវិជ្ជមានដែរ» ហើយនៅពេលដែលមនុស្សដទៃស្ដាប់ឮថាមនុស្សគ្រប់គ្នាមានភាពអវិជ្ជមាន ពួកគេក៏គិតថា នេះគឺជារឿងធម្មតាទេ ហើយចុងក្រោយ ពួកគេមិនអាចលះបង់ភាពអវិជ្ជមានរបស់ពួកគេបានឡើយ។ ប្រសិនបើអ្នកគឺជាមនុស្សស្មោះត្រង់ម្នាក់ ហើយអ្នកជួយពួកគេដោយអាកប្បកិរិយាស្មោះត្រង់ និងដួងចិត្តស្មោះត្រង់ នោះអ្នកអាចជួយពួកគេឱ្យយល់ពីសេចក្ដីពិតបាន និងលះបង់ភាពអវិជ្ជមានរបស់ពួកគេចោល។

ដកស្រង់ពី «មានតែការស្មោះត្រង់ប៉ុណ្ណោះទើបមនុស្សម្នាក់អាចសម្ដែងចេញនូវលក្ខណៈដូចរបស់មនុស្សពិតប្រាកដបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើមានគោលការណ៍អ្វីខ្លះដែលមនុស្សគប្បីទាក់ទងជាមួយព្រះគ្រីស្ទ? តើមានគោលការណ៍អ្វីខ្លះដែលមនុស្សគប្បីប្រកាន់យកពាក់ព័ន្ធនឹងការប្រើប្រាស់ការបញ្ជោរ ដោយប៉ុនប៉ងចង់ផ្គាប់ផ្គុនអែបអបរកប្រយោជន៍ និងជ្រើសរើសពាក្យពេចន៍របស់ពួកគេដើម្បីឲ្យមានការពេញចិត្ត? ត្រូវស្មោះត្រង់ និងមិនត្រូវឲ្យខ្លួនឯងពាក់ព័ន្ធនឹងពាក្យបញ្ជោរ ឬការផ្គាប់ផ្គុនអែបអបរកប្រយោជន៍ទេ។ គ្មានចាំបាច់អ្វីត្រូវអែបអបនោះទេ គ្រាន់តែត្រូវស្មោះត្រង់ទៅបានហើយ។ ជាពិសេស តើត្រូវអនុវត្តចំណុចនេះដោយរបៀបណា? ដើម្បីស្មោះត្រង់បាន ដំបូងអ្នកត្រូវទុកចំណង់ផ្ទាល់ខ្លួនរបស់អ្នកមួយឡែកសិន។ ជំនួសឲ្យការផ្ដោតសំខាន់លើថាតើព្រះជាម្ចាស់ចាត់ទុកអ្នកដូចម្ដេចនោះ ចូរនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក ហើយមិនត្រូវគិតឬពិចារណាថានឹងមានផលវិបាកអ្វីដែលកើតចេញពីពាក្យសម្ដីរបស់អ្នកនោះទេ។ ចូរនិយាយអ្វីដែលអ្នកកំពុងគិត ចូរទុកអារម្មណ៍របស់អ្នកមួយឡែកសិន ហើយមិនត្រូវនិយាយអ្វីដើម្បីតែសម្រេចគោលបំណងមួយចំនួននោះទេ។ នៅពេលអ្នកមានបំណងផ្ទាល់ខ្លួនច្រើនពេក នោះគេតែងតែគិតពីអ្នកទៅតាមរបៀបដែលអ្នកនិយាយដែរ។ «ខ្ញុំគួរនិយាយបែបនេះ មិនមែនបែបនោះទេ ខ្ញុំត្រូវប្រយ័ត្នសម្ដីដែលខ្ញុំនិយាយ ខ្ញុំត្រូវសម្រេចបំណងរបស់ខ្ញុំ» តើមានការជំរុញចិត្តផ្ទាល់ខ្លួននៅក្នុងនេះដែរទេ? នៅក្នុងដួងចិត្តរបស់អ្នក អ្នកបាននិយាយត្រឡប់ចុះត្រឡប់ឡើងរួចទៅហើយ មុនពេលដែលពាក្យទាំងនោះបានចេញពីមាត់របស់អ្នក អ្នកក៏បានគិតគូរពីអ្វីដែលអ្នកត្រូវនិយាយនោះជាច្រើនដងផងដែរ និងបានសម្រិតសម្រាំងវាជាច្រើនសានៅក្នុងក្បាលរបស់អ្នក។ នៅពេលចេញពីមាត់របស់អ្នកទៅ ពាក្យទាំងអស់នេះមានទៅដោយគ្រោងការបោកបញ្ឆោតរបស់សាតាំង។ នោះគឺដោយសារពាក្យដែលចេញពីមាត់របស់អ្នក មានការគិតចង់ធ្វើអ្វីមួយ និងគោលបំណងផ្ទាល់ខ្លួន។ ពាក្យបែបនេះ មិនពិតនោះទេ ហើយពាក្យទាំងនោះមិនចេញពីចិត្តដែរ។ នេះមិនមែនជាការធ្វើជាមនុស្សស្មោះត្រង់ទេ។ តើហៅថាជាអ្វីទៅវិញ? គឺហៅថាជាការគិតចង់មានបំណងអាក្រក់។ ក្រៅពីនេះ អ្នកអាចអង្កេតមើលការបញ្ចេញទឹកព្រះភ័ក្រ និងព្រះនេត្រជាបន្តបន្ទាប់នៅពេលកំពុងនិយាយ ចូរបន្តនិយាយទៀតចុះបើទឹកព្រះភ័ក្រនិងព្រះនេត្ររបស់ទ្រង់សម្ដែងការសព្វព្រះទ័យ។ នៅពេលអ្នកស្ដាប់ឮឃ្លាណាមិនល្អ អ្នកស្ទាក់ស្ទើរមិនហ៊ាននិយាយពាក្យសម្ដីរបស់អ្នកទេ។ នៅពេលណាដែលអ្នកឃើញទ្រង់មិនសព្វព្រះទ័យនឹងអ្វីដែលទ្រង់កំពុងស្ដាប់ឮ អ្នកក៏ឈប់និយាយ។ នៅពេលណាដែលទ្រង់ហាក់ដូចជាមិនចាប់អារម្មណ៍ និងមិនអាចយកព្រះទ័យទុកដាក់នឹងអ្នកបាន អ្នកគិតក្នុងចិត្តថា៖ «តើទូលបង្គំអាចនិយាយអ្វីបានខ្លះដែលនឹងធ្វើឲ្យទ្រង់សព្វព្រះទ័យ និងធ្វើឲ្យទ្រង់ចង់យកព្រះទ័យទុកដាក់ចំពោះទូលបង្គំ? តើទូលបង្គំអាចធ្វើឲ្យទ្រង់គិតថាទូលបង្គំជាមនុស្សល្អបានដោយរបៀបណា? តើទូលបង្គំអាចធ្វើឲ្យទ្រង់សព្វព្រះទ័យនឹងទូលបង្គំបានដោយរបៀបណា? តើទូលបង្គំអាចអាចផ្លាស់ប្ដូរចំណាប់អារម្មណ៍របស់ទ្រង់ចំពោះទូលបង្គំបានដោយរបៀបណា? តើទូលបង្គំនិយាយបែបណាដែលនឹងធ្វើឲ្យទ្រង់សប្បាយព្រះទ័យ ដើម្បីឲ្យទ្រង់មិនដោះស្រាយជាមួយទូលបង្គំ? តើទូលបង្គំអាចនិយាយអ្វីបានខ្លះដើម្បីកុំឲ្យទ្រង់ជ្រាបពីស្ថានការណ៍ជាក់ស្ដែងនេះបាន? តើទូលបង្គំអាចបង្វៀងប្រធានបទដែលទ្រង់គិតថាមិនសព្វព្រះទ័យនឹងសណ្ដាប់បានដោយរបៀបណា? អ្វីក៏ដោយដែលនិយាយទៅសម្រេចការនេះបាន នោះទូលបង្គំនឹងនិយាយទាំងអស់»។ តើនេះគឺអ្វីដែលហៅថាការធ្វើជាអ្នកស្មោះត្រង់មែនទេ? (ទេ មិនមែនទេ)។ មនុស្សខ្លះគិតថា៖ «ប្រសិនបើទ្រង់មិនជ្រាបអំពីរឿងនេះ នោះទូលបង្គំនឹងមិនទូលថ្វាយឡើយ។ ផ្ទុយទៅវិញ ទូលបង្គំនឹងរង់ចាំឲ្យអ្នកផ្សេងទៀតទូលថ្វាយរឿងនេះ ហើយពេលនោះ ទើបទូលបង្គំនឹងធ្វើតាមមនុស្សផ្សេងទៀតដោយទូលថ្វាយអំពីរឿងនេះដែរ។ ការធ្វើបែបនេះ ទូលបង្គំធ្វើឲ្យទ្រង់ជ្រាបថា ការទូលថ្វាយរបស់ទូលបង្គំ គឺជាការពិត ផ្ទុយទៅវិញ បើទូលបង្គំទូលថ្វាយវាមុនគេ នោះទូលបង្គំអាចនឹងត្រូវដោះស្រាយជាមួយមិនខាន។ បក្សីណាដែលអើតក្បាលចេញពីសំបុក រមែងត្រូវគេបាញ់ ហើយទូលបង្គំមិនចង់ធ្វើជាបក្សីនោះទេ។ ទូលបង្គំនឹងមិនធ្វើជាមនុស្សដែលដើរទៅមុខមុនគេទេ»។ តើនេះជាកាធ្វើជាមនុស្សរស្មោះត្រង់ដែរឬទេ? ឧបមាថាអ្នកបានដឹងពីព័ត៌មានពិតអំពីនរណាម្នាក់ ហើយប្រសិនបើអ្នកជាមនុស្សតែម្នាក់គត់ដែលដឹង ហើយមនុស្សផ្សេងទៀតមិនបានដឹងទេ ហើយពួកគេនៅតែគិតថា បុគ្គលនោះ គឺជាមនុស្សល្អដដែល ហើយប្រសិនបើព្រះគ្រីស្ទ ក៏មិនបានជ្រាបអំពីដំណឹងនេះ ក្នុងកាលៈទេសៈនេះ តើអ្នកនឹងទូលព្រះគ្រីស្ទអំពីរឿងនេះ ដោយការស្មោះត្រង់អស់ពីចិត្តដែរឬទេ? ប្រសិនបើអ្នកឈប់និយាយ លាក់វាទុក និងមិនព្រមនិយាយវាចេញមកសោះ មិនដែលទម្លាយវាចេញមក ហើយប្រសិនបើអ្នកគ្រាន់តែក្រោកឈរឡើង និងនិយាយវាចេញមកនៅពេលបុគ្គលនោះត្រូវបានបង្ហាញថាពួកគេជាមនុស្សបែបណាទៅ និងត្រូវគេដកពីតំណែងរបស់ពួកគេ ឬត្រូវដកចេញពីដំណាក់របស់ព្រះជាម្ចាស់រួចទៅហើយនោះ តើនេះគឺជាការធ្វើជាមនុស្សស្មោះត្រង់ដែរឬទេ? មិនថានរណាត្រូវគេបើកសម្ដែងឲ្យឃើញថាមានបញ្ហា ឬមិនថាបញ្ហាដទៃផ្សេងទៀតអ្វីដែលត្រូវរាយការណ៍នោះទេ អ្នកតែងតែជាមនុស្សចុងក្រោយគេដែលនិយាយវាចេញមក។ តើនេះមិនមែនជាការធ្វើជាមនុស្សស្មោះត្រង់ទេឬអី? ឧបមាថាអ្នកខ្លួនឯងស្អប់នរណាម្នាក់ ឬថានរណាម្នាក់នៅខឹងនឹងអ្នក។ មនុស្សម្នាក់នោះមិនចាំបាច់ជាមនុស្សអាក្រក់ ឬបានប្រព្រឹត្តអំពើអាក្រក់អ្វីនោះទេ ប៉ុន្តែអ្នកស្អប់ពួកគេ និងចង់ឲ្យពួកគេវិនាស ចង់ធ្វើឲ្យពួកគេមើលទៅល្ងីល្ងើ ដូច្នេះហើយ អ្នកគិតរកវិធី និងឱកាសដើម្បីនិយាយអាក្រក់ពីពួកគេ។ បើទោះបីជាអ្នកគ្រាន់តែនិយាយវា តែមិនបាននិយាយអ្វីឲ្យច្បាស់លាស់ពីបុគ្គលម្នាក់នោះក្ដី ចេតនាអាក្រក់របស់អ្នក គឺអាចមើលឃើញច្បាស់នៅគ្រប់ផ្នែកនៃការរៀបរាប់អំពីបញ្ហារបស់អ្នក។ អ្នកកំពុងព្យាយាមប្រើព្រះហស្តរបស់ទ្រង់ដើម្បីដោះស្រាយជាមួយពួកគេ។ សំបកក្រៅ ហាក់ដូចជាថា អ្នកគ្រាន់តែនិយាយអំពីការពិត ប៉ុន្តែពួកគេត្រូវប្រឡាក់ជាប់ទៅដោយចេតនាផ្ទាល់ខ្លួនរបស់អ្នក។ នេះមិនមែនជាការធ្វើជាមនុស្សស្មោះត្រង់ទេ។

ដកស្រង់ពី «ពួកគេស្អប់ខ្ពើមសេចក្ដីពិត បំពានយ៉ាងប្រត្យក្សលើគោលការណ៍ទាំងនេះ និងមិនយកចិត្តទុកដាក់លើការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

ការដែលអាចធ្វើជាមនុស្សទៀងត្រង់ និងមិនលាក់លៀមបាន គឺជាការអាចធ្វើជាមនុស្សស្មោះត្រង់ហើយ។ វាមានន័យថា មនុស្សម្នាក់មានដួងចិត្ត និងវិញ្ញាណរបស់គេបើកចំហទាំងស្រុងថ្វាយព្រះជាម្ចាស់ គ្មានអ្វីលាក់បាំង និងគ្មានអ្វីត្រូវលាក់នោះទេ។ ដួងចិត្តរបស់មនុស្សបែបនេះ បានប្រគល់ថ្វាយព្រះជាម្ចាស់ និងបានបង្ហាញទៅព្រះជាម្ចាស់ទាំងស្រុង។ ពោលគឺ លក្ខណៈរបស់ពួកគេទាំងមូល បានប្រគល់ថ្វាយទៅព្រះជាម្ចាស់ទាំងស្រុង។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថាពួកគេអាក្រក់ ពួកគេទទួលយកបែបនោះ។ ប្រសិនបើព្រះជាម្ចាស់មានព្រះបន្ទូលថា ពួកគេក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត នោះពួកគេទទួលស្គាល់បែបនោះ ហើយទទួលយកវាទាំងស្រុង។ តើពួកគេគ្រាន់តែទទួលយកព្រះបន្ទូលនោះ ហើយបន្ទាប់មក មិនខ្វាយខ្វល់នឹងវាមែនទេ? ពួកគេនៅតែត្រូវប្រែចិត្ត ខិតខំដើម្បីទទួលបានគោលការណ៍សេចក្ដីពិត កែប្រែកំហុសដែលពួកគេបានដឹង និងស្វែងរកឫសគល់នៃកំហុសរបស់ពួកគេ។ ដូច្នេះ នៅពេលដែលពួកគេដឹងអំពីចំណុចនេះ ពួកគេបានកែប្រែរាល់ឥរិយាបទខុសឆ្គងរបស់ពួកគេទាំងអស់ និងកែប្រែវិធីដែលពួកគេបោកបញ្ឆោត បន្លំ កិបកេង និងការធ្វេសប្រហែសក្នុងរឿងជាច្រើនដែលនាំឱ្យអន់ថយទៅៗ។ កាលណាពួកគេរស់នៅក្នុងរបៀបនេះកាន់តែយូរ ពួកគេកាន់តែមានភាពទៀងត្រង់ និងឈប់លាក់លៀម ហើយពួកគេកាន់តែខិតទៅរកគោលដៅនៃការធ្វើជាមនុស្សស្មោះត្រង់។ នេះគឺជាការរស់នៅក្នុងពន្លឺ។ សូមឱ្យគ្រប់សិរីល្អទាំងអស់មានដល់ព្រះជាម្ចាស់! គឺព្រះជាម្ចាស់នេះហើយដែលធ្វើឱ្យមនុស្សរស់នៅក្នុងពន្លឺ។ មនុស្សគ្មានអ្វីត្រូវអួតអាងនោះទេ។ នៅពេលមនុស្សរស់នៅក្នុងពន្លឺ ពួកគេយល់ដឹងអំពីសេចក្ដីពិតទាំងមូល ពួកគេមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ពួកគេដឹងពីរបៀបស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់បញ្ហាដែលពួកគេជួបប្រទះ ហើយពួកគេរស់នៅក្នុងភាពជាមនុស្ស។ បើទោះបីជាពួកគេមិនអាចហៅថាជាមនុស្សល្អទាំងស្រុងបានក្ដី ក៏នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេមានភាពជាមនុស្ស និងលែងមានទំនាស់ ឬការទទឹងទាស់ទៀតហើយ ហើយពួកគេលែងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ឬបដិសេធទ្រង់ទៀតហើយ។ បើទោះបីជាពួកគេមិនមានការយល់ដឹងជ្រៅជ្រះអំពីសេចក្ដីពិតក្ដី ក៏ពួកគេអាចស្ដាប់បង្គាប់បានដែរ ហើយនៅពេលដែលពួកគេទទួលបានកិច្ចការ ឬភារកិច្ចអ្វីមួយ ពួកគេអាចប្រើដួងចិត្ត និងគំនិតរបស់ពួកគេបានទាំងស្រុង ហើយធ្វើទៅតាមសមត្ថភាពរបស់ពួកគេ។ ពួកគេអាចទុកចិត្តបាន ហើយព្រះជាម្ចាស់គ្មានព្រះទ័យព្រួយបារម្ភអំពីពួកគេឡើយ។ មនុស្សបែបនេះរស់នៅក្នុងពន្លឺ។ តើអស់អ្នកដែលរស់នៅក្នុងពន្លឺ អាចទទួលយកការពិនិត្យពិច័យល្អិតល្អន់ពីព្រះជាម្ចាស់បានដែរឬទេ? តើពួកគេអាចនឹងនៅតែលាក់បាំងដួងចិត្តរបស់ពួកគេមិនឱ្យព្រះជាម្ចាស់ជ្រាបដែរទេ? តើពួកគេនៅតែប្រើល្បិចតិចតួចទៀតដែរឬទេ? តើពួកគេមានអាថ៌កំបាំងអ្វីដែរឬទេ? (អត់ទេ)។ ដួងចិត្តរបស់ពួកគេបើកចំហយ៉ាងធំចំពោះព្រះជាម្ចាស់។ ពោលគឺគ្មានអ្វីលាក់បាំងទាំងអស់ គ្មានអ្វីដែលពួកគេមានការអៀនខ្មាសមិនហ៊ាននិយាយនោះទេ ហើយគ្មានអ្វីដែលពួកគេត្រូវទុកក្នុងចិត្តរបស់ពួកគេដោយការខ្មាសអៀនឡើយ។ ពួកគេបានថ្វាយគ្រប់ការទាំងអស់ទៅព្រះជាម្ចាស់។ ព្រះជាម្ចាស់ជ្រាបសព្វគ្រប់កិច្ចការទាំងអស់។ នៅពេលមនុស្សអាចសម្រេចទង្វើនេះបាន ពួកគេរស់នៅក្នុងពន្លឺ និងក្នុងភាពងាយស្រួល ហើយពួកគេរស់នៅដោយមានសេរីភាព។

ដកស្រង់ពី «មនុស្សអាចអរសប្បាយបានដោយពិតប្រាកដ លុះត្រាណាតែមានភាពស្មោះត្រង់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៣. មូលហេតុដែលមនុស្សបោកបញ្ឆោតមិនអាចទទួលបានសេចក្ដីសង្រ្គោះ

បន្ទាប់៖ ១. អ្វីជាភារកិច្ច និងរបៀបដែលមនុស្សគួរតែចាត់ទុកវា

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ហេតុផលដែលពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាត្រូវបានលើកឡើងថាជឿលើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស

សាសនាដ៏ធំបំផុតចំនួនពីរនៅក្នុងពិភពលោក គឺគ្រីស្ទសាសនា និងកាតូលិក សុទ្ធតែជឿលើព្រះអម្ចាស់យេស៊ូវ ហើយទទួលស្គាល់ថា...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ