១. មូលហេតុដែលមនុស្សជាតិគួរតែជឿលើព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់គឺជាព្រះមួយអង្គដែលត្រួតត្រាលើរបស់សព្វសារពើ ហើយគ្រប់គ្រងលើរបស់សព្វសារពើ។ ទ្រង់បានបង្កើតអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់គ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលមាន ទ្រង់ត្រួតត្រាលើអ្វីៗគ្រប់យ៉ាងដែលមាន ហើយទ្រង់ផ្គត់ផ្គង់ដល់អ្វីៗគ្រប់យ៉ាងដែលមាន។ នេះគឺជាឋានៈរបស់ព្រះជាម្ចាស់ ហើយវាគឺជាអត្តសញ្ញាណរបស់ទ្រង់។ ចំពោះរបស់សព្វសារពើ និងអ្វីៗគ្រប់យ៉ាងដែលមាន អត្តសញ្ញាណដ៏ពិតរបស់ព្រះជាម្ចាស់ គឺជាព្រះអាទិករ និងអ្នកត្រួតត្រាលើរបស់នៃការបង្កើតទាំងអស់។ នេះគឺជាអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទ្រង់គឺជាព្រះអង្គតែមួយគត់នៅក្នុងចំណោមរបស់សព្វសារពើ។ គ្មានសត្តនិកររបស់ព្រះជាម្ចាស់ណាមួយ មិនថាពួកវាស្ថិតក្នុងចំណោមមនុស្សជាតិ ឬនៅក្នុងពិភពខាងវិញ្ញាណ អាចប្រើមធ្យោបាយ ឬការដោះសារណាមួយដើម្បីតំណាង ឬជំនួសអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ ដោយសារមានតែមួយអង្គក្នុងចំណោមរបស់សព្វសារពើដែលមានអត្តសញ្ញាណ អំណាច សិទ្ធិ និងសមត្ថភាពដើម្បីត្រួតត្រាលើការបង្កើត៖ នោះគឺព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ទ្រង់រស់នៅ និងផ្លាស់ទីក្នុងចំណោមរបស់សព្វសារពើ។ ទ្រង់អាចឈរនៅទីកន្លែងខ្ពស់បំផុតខាងលើរបស់សព្វសារពើ។ ទ្រង់អាចបន្ទាបព្រះកាយព្រះអង្គផ្ទាល់ ដោយការក្លាយជាមនុស្ស ក្លាយជាម្នាក់ក្នុងចំណោមអស់អ្នកដែលរស់នៅក្នុងសាច់ឈាម មកជួបមនុស្សផ្ទាល់ និងចែករំលែកសុខទុក្ខជាមួយពួកគេ ស្របពេលជាមួយគ្នានេះ ទ្រង់បញ្ជាគ្រប់យ៉ាងដែលមាន ដោយសម្រចពីជោគវាសនារបស់គ្រប់យ៉ាងដែលមាន ហើយសម្រេចពីទិសដៅដែលពួកវាផ្លាស់ទី។ ជាងនេះទៅទៀត ទ្រង់ដឹកនាំជោគវាសនារបស់មនុស្សជាតិទាំងអស់ ហើយតម្រង់ទិសដៅរបស់ពួកគេ។ ព្រះជាម្ចាស់ដែលមានលក្ខណៈបែបនេះ គួរតែត្រូវបានថ្វាយបង្គំ គោរពតាម និងស្គាល់ ដោយភាវៈមានជីវិតទាំងអស់។ ដូច្នេះ មិនថាអ្នកស្ថិតនៅក្នុងមនុស្សជាតិប្រភេទណាមួយនោះទេ ការជឿលើព្រះជាម្ចាស់ ដើរតាមទ្រង់ ការគោរពតាមព្រះជាម្ចាស់ ការទទួលយកការត្រួតត្រារបស់ទ្រង់ និងការទទួលយកការរៀបចំរបស់ទ្រង់សម្រាប់ជោគវាសនារបស់អ្នក គឺជាជម្រើសតែមួយគត់ ជាជម្រើសដ៏ចាំបាច់សម្រាប់មនុស្សគ្រប់គ្នា និងសម្រាប់ភាវៈមានជីវិតទាំងអស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ X» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឲ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក មនុស្សក៏ចាប់ផ្ដើមមានឪពុកម្ដាយ និងសាច់ញាតិ ហើយក៏លែងឯកាទៀត។ ចាប់តាំងពីពេលដែលមនុស្ស បានសម្លឹងមើលពិភពលោកខាង សម្ភារៈនេះជាលើកដំបូង គឺគេត្រូវបានកំណត់ឲ្យរស់នៅ ក្នុងការចាត់តាំងរបស់ទ្រង់ទៅ ហើយ។ ខ្យល់ដង្ហើមជីវិតដែលចេញមកពីព្រះជាម្ចាស់ ទ្រទ្រង់សភាវមានជីវិតទាំងឡាយឲ្យលូតលាស់រហូតដល់ពេញវ័យ។ ក្នុងអំឡុងពេលនៃដំណើរការនេះគ្មាននរណាម្នាក់មានអារម្មណ៍ថាមនុស្សធំធាត់ឡើងក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ទេ ផ្ទុយទៅវិញពួកគេជឿថា មនុស្សធំធាត់ឡើងក្រោមការយកចិត្តទុកដាក់ប្រកបដោយក្ដីស្រលាញ់របស់ឪពុកម្ដាយខ្លួន ហើយជឿថាសភាវគតិនៃជីវិតរបស់គេ គឺជាអ្វីដែលជម្រុញដល់ការធំធាត់របស់ពួកគេ។ នេះគឺដោយសារតែមនុស្សមិនស្គាល់អ្នកដែលបានផ្ដល់ជីវិតរបស់ខ្លួនមក ឬមិនដឹងថាជីវិតរបស់ខ្លួនបានមកពីណា ពោលគឺមិនដឹងពីរបៀបដែលសភាវគតិនៃជីវិតបង្កើតការអស្ចារ្យ។ គេដឹងត្រឹមតែថា ចំណីអាហារគឺជាមូលដ្ឋានដែលធ្វើឲ្យជីវិតរបស់គេបន្ដរស់នៅតទៅទៀត និងថាភាពតស៊ូគឺជាប្រភពនៃការរស់នៅរបស់គេ ព្រមទាំងថាជំនឿនៅក្នុងគំនិតរបស់គេ គឺជាដើមទុនដែលការរស់នៅរបស់គេត្រូវពឹងផ្អែកលើ។ មនុស្សភ្លេចទាំងស្រុងនូវព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាគេមិនខ្វល់ពីជីវិតដែលព្រះជាម្ចាស់បានប្រទានដល់គេ...។ គ្មានមនុស្សណាម្នាក់ដែលព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ទាំងយប់ទាំងថ្ងៃ យកខ្លួនគេមកថ្វាយបង្គំទ្រង់ឡើយ។ ព្រះជាម្ចាស់បន្ដដោះស្រាយជាមួយមនុស្សដូចដែលទ្រង់បានគ្រោងទុក ទោះបីជាទ្រង់មិនបានរំពឹងទុកអ្វីពីគេក៏ដោយ។ ទ្រង់ធ្វើដូច្នេះព្រោះសង្ឃឹមថា ថ្ងៃណាមួយមនុស្សនឹងភ្ញាក់ពីសុបិនរបស់ខ្លួន ហើយចាប់ផ្ដើមទទួលស្គាល់ភ្លាមៗនូវគុណតម្លៃ និងអត្ថន័យនៃជីវិត និងតម្លៃដែលព្រះជាម្ចាស់បានបង់សម្រាប់អ្វីៗទាំងអស់ដែលទ្រង់បានប្រទានដល់គេ ព្រមទាំងភាពអន្ទះសាដែលព្រះជាម្ចាស់រង់ចាំឲ្យមនុស្សវិលត្រលប់មករកទ្រង់វិញ។ គ្មាននរណាម្នាក់ធ្លាប់សម្លឹងមើលទៅអាថ៌កំបាំងដែលគ្រប់គ្រងលើដើមកំណើតនិងការបន្ដនៃជីវិតរបស់មនុស្សទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយល់ពីការទាំងអស់នេះ ហើយទ្រាំទ្រយ៉ាងស្ងៀមស្ងាត់ចំពោះការឈឺចាប់ និងការវាយប្រហារដែលមនុស្សផ្ដល់ឲ្យទ្រង់ គឺជាមនុស្សដែលបានទទួលអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់ប៉ុន្ដែមិនចេះដឹងគុណទ្រង់ឡើយ។ ដូចគ្នាផងដែរ មនុស្សមិនចេះស្ញប់ស្ញែង ចំពោះអ្វីៗដែលកើតមានចំពោះជីវិត ដូច្នេះ វាជា «រឿងធម្មតា» ទេ ដែលព្រះជាម្ចាស់ត្រូវបានមនុស្សក្បត់ បំភ្លេច និងគំរាមកំហែង។ តើវាអាចទេដែលថា ផែនការរបស់ព្រះជាម្ចាស់ពិតជាមានសារៈសំខាន់បែបនេះ? តើវាអាចទេដែលថា មនុស្សដែលជាសភាវមានជីវិតដែលចេញមកពីព្រះហស្ដរបស់ព្រះជាម្ចាស់ពិតជាមានសារៈសំខាន់បែបនេះ? ផែនការរបស់ព្រះជាម្ចាស់ពិតជាមាន សារៈសំខាន់ណាស់ ប៉ុន្ដែសភាវមានជីវិតដែលបានកើតមកដោយសារព្រះហស្ដរបស់ព្រះជាម្ចាស់ រស់នៅសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។ ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចបោះបង់ផែនការរបស់ទ្រង់ចោល ដោយសារតែសេចក្ដីស្អប់ ចំពោះពូជមនុស្សនេះឡើយ។ ព្រះជាម្ចាស់ទ្រាំទទួលទារុណកម្មគ្រប់យ៉ាងសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់ និងខ្យល់ដង្ហើមដែលទ្រង់បានផ្លុំចេញមក មិនមែនសម្រាប់ជាប្រយោជន៍ដល់សាច់ឈាមរបស់មនុស្សទេ ប៉ុន្ដែសម្រាប់ជាប្រយោជន៍ដល់ជីវិតរបស់មនុស្សវិញ។ ទ្រង់ធ្វើដូច្នេះដើម្បីយកជីវិតដែលទ្រង់បានផ្លុំចេញ ឲ្យត្រលប់មកវិញ មិនមែនដើម្បីយកសាច់ឈាមរបស់មនុស្ស ទេ។ នេះគឺជាផែនការរបស់ទ្រង់។

មនុស្សគ្រប់គ្នាដែលចូលមកក្នុងលោកិយនេះ ត្រូវតែឆ្លងកាត់ជីវិត និងសេចក្ដីស្លាប់ហើយភាគច្រើនក្នុងចំណោមពួកគេបានឆ្លងកាត់វដ្តនៃសេចក្ដីស្លាប់ និងការកើតម្ដងទៀត។ អស់អ្នកដែលកំពុងនៅរស់ មិនយូរទេគេនឹងស្លាប់ទៅ ហើយអ្នកដែលបានស្លាប់ទៅហើយ មិនយូរទេគេនឹងត្រលប់ទៅកើតម្ដងទៀត។ ទាំងអស់នេះជាដំណើរជីវិតដែលព្រះបានរៀបចំសម្រាប់សភាវៈមានជីវិតនីមួយៗ។ ដោយឡែកដំណើរជីវិត និងវដ្តជីវិតនេះ គឺគ្រាន់តែជាសេចក្ដីពិតដែលព្រះចង់ឲ្យមនុស្សប្រកាន់ខ្ជាប់ថា៖ ជីវិតដែលព្រះបានប្រទានដល់មនុស្ស គឺឥតដែនកំណត់ឡើយ មិនមែនជាប់ឃុំក្នុងរាងកាយ ពេលវេលា ឬក្នុងលំហនោះទេ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះបានប្រទានដល់មនុស្ស និងជាភ័ស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីព្រះអង្គ។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងគ្រប់យ៉ាងដែលកើតមកពីទ្រង់ ដោយចៀសមិនរួច ទោះបីជាគេមិនជឿឬបដិសេធព្រះវត្តមានរបស់ទ្រង់ក៏ដោយ។ គង់មានថ្ងៃមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យ ហើយចង់ទាមទារមកវិញនូវអ្វីៗសព្វសារពើដែលមានវត្តមានក្នុងលោកិយនេះ ព្រមទាំងទារយកជីវិតដែលទ្រង់បានប្រទាន នោះគ្រប់ទាំងអស់នឹងលែងមានទៀតហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើទាំងមានជីវិត និងគ្មានជីវិត ទាំងនាំមកនូវសណ្ដាប់ធ្នាប់ល្អ តាមរយៈគុណធម៌នៃព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាសេចក្ដីពិតមួយដែលគ្មាននរណាម្នាក់អាចយល់បាន ហើយសេចក្ដីពិតដ៏មិនអាចយល់បាននេះ គឺជាការបើកសម្ដែងនិងជាបន្ទាល់នៃថាមពលជីវិតរបស់ព្រះ។ ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នកថា៖ ឧត្ដមភាពនៃជីវិតរបស់ព្រះជាម្ចាស់ និងព្រះចេស្ដានៃព្រះជន្មរបស់ទ្រង់ គឺគ្មានមនុស្សណាម្នាក់អាចយល់បានឡើយ។ ពេលនេះក៏បែបនេះ ពីមុនក៏បែបនេះ ហើយនឹងនៅតែបែបនេះរហូតតទៅអនាគត។ អាថ៌កំបាំងទីពីរដែលខ្ញុំចង់ប្រាប់គឺ ប្រភពនៃជីវិតមកពីព្រះជាម្ចាស់ សម្រាប់គ្រប់សភាវៈមានជីវិតទាំងអស់ បើទោះបីជាពួកគេមានសណ្ឋាន ឬលក្ខណៈខុសគ្នាយ៉ាងណាក៏ដោយ។ ទោះបីអ្នកជាសភាវៈមានជីវិតបែបណា ក៏អ្នកមិនអាចទាស់ទទឹងនឹងគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកដែរ។ ទោះក្នុងករណីណាក៏ដោយ គ្រប់យ៉ាងដែលខ្ញុំប្រាថ្នា គឺឲ្យមនុស្សយល់ដូច្នេះថា ប្រសិនបើគ្មានការបីបាច់ ថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបានគ្រប់យ៉ាងដែលគេត្រូវទទួលបានឡើយ បើទោះបីជាខំប្រឹងព្យាយាម ឬខ្នះខ្នែង តស៊ូយ៉ាងណាក៏ដោយ។ ប្រសិនបើគ្មានការប្រទានជីវិតមកពីព្រះជាម្ចាស់ទេ មនុស្សបាត់បង់គុណតម្លៃក្នុងការរស់នៅ និងបាត់បង់អត្ថន័យនៃជីវិត។ តើព្រះជាម្ចាស់អនុញ្ញាតឲ្យមនុស្សដែលខ្ជះខ្ជាយតម្លៃជីវិតជាអសារឥតការ អាចរស់នៅដោយមិនខ្វល់បែបនេះដូចម្ដេចបាន? ដូចខ្ញុំបាននិយាយរួចហើយថា សូមកុំភ្លេចឲ្យសោះថាព្រះជាម្ចាស់គឺជាប្រភពនៃជីវិតរបស់អ្នក។ ប្រសិនបើមនុស្ស មិនពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានឲ្យដល់គេទេ នោះទ្រង់មិនត្រឹមតែដកយកនូវអ្វីដែលទ្រង់បានប្រទានឲ្យតាំងតែពីដើមមកវិញប៉ុណ្ណោះទេ តែទ្រង់ក៏នឹងតម្រូវឲ្យមនុស្សសងមកវិញទ្វេដងនូវតម្លៃនៃរបស់គ្រប់យ៉ាងដែលទ្រង់បានប្រទានឲ្យដល់គេផងដែរ។

ដកស្រង់ពី «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សលោក ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សលោកទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សលោកបានហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សលោកទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សលោក មិនអាចកាត់ផ្ដាច់ចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងវប្បធម៌របស់មនុស្សលោក មិនអាចកែប្រែឲ្យខុសពីគម្រោងការណ៍របស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការណ៍របស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រង់គ្រងដំណើរជីវិតរបស់មនុស្សនេះ។ ប្រសិនបើមនុស្សលោកចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនានិងគោលដៅរបស់មនុស្សលោក នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

ចូរត្រឡប់ទៅមើលសម័យដែលលោកណូអេសាងសង់ទូកធំ៖ មនុស្សលោកខូចអាក្រក់ខ្លាំងណាស់ គេបានវង្វេងចេញពីព្រះពររបស់ព្រះ ព្រះជាម្ចាស់ក៏លែងយកព្រះទ័យទុកដាក់ចំពោះគេ រួចគេក៏បានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមកពួកគេបានប្រាសចាកសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឲ្យទៅក្នុងអំពើអគុណធម៌គួរឲ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឲ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សអសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែលោកណូអេទេ ដែលថ្វាយបង្គំព្រះជាម្ចាស់ និងអាចជៀសចេញពីអំពើអាក្រក់ បាន ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែលោកណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតលោកណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។

ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចជា លោកណូអេ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងជៀសចេញពីអំពើអាក្រក់លែងកើតទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណី ចំពោះមនុស្សលោក និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេច បេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះ ដោយមិនមានការរារាំងពីអំណាច ឬអនុភាពណាមួយនោះព្រះជាម្ចាស់នឹងទតមើលអ្នក ដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នកប៉ុន្តែ កត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឲ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឲ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នក ខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នក នៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការសុចរិត ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺធ្វើដើម្បីប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីកម្ចាត់មនុស្សចេញពីការការពាររបស់ព្រះជាម្ចាស់ និងដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមជីវិតដែលគ្មានដែនកំណត់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។

ដកស្រង់ពី «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដោយសារតែការបង្កើតវិទ្យាសាស្រ្តសង្គមរបស់មនុស្ស ទើបគំនិតរបស់គេត្រូវពង្វក់ដោយវិទ្យាសាស្ត្រ និងចំណេះដឹង។ ក្រោយមក វិទ្យាសាស្រ្ត និងចំណេះដឹងក៏បានក្លាយជាឧបករណ៍ សម្រាប់គ្រប់គ្រងមនុស្សលោក ហើយលែងមានចន្លោះគ្រប់គ្រាន់ សម្រាប់ឲ្យមនុស្សថ្វាយបង្គំព្រះជាម្ចាស់ និងលែងមានលក្ខខណ្ឌអនុគ្រោះសម្រាប់ការថ្វាយបង្គំព្រះទៀតដែរ។ ឋានៈរបស់ព្រះជាម្ចាស់ បានធ្លាក់ចុះកាន់តែទាបនៅក្នុងចិត្តមនុស្ស។ បើគ្មានព្រះនៅក្នុងចិត្តទេ ពិភពខាងក្នុងរបស់មនុស្សនឹងងងឹត អស់សង្ឃឹម និងទទេស្អាត។ ក្រោយៗមកទៀត អ្នកវិទ្យាសាស្រ្ត សង្គម អ្នកប្រវត្តិសាស្រ្ត និងអ្នកនយោបាយជាច្រើន បានក្លាយជាអ្នកនាំមុខគេ ក្នុងការបង្ហាញពីទ្រឹស្ដីវិទ្យាសាស្រ្តសង្គម ទ្រឹស្ដីនៃការវិវត្តរបស់មនុស្សលោក និងទ្រឹស្ដីផ្សេងៗទៀត ដែលផ្ទុយទៅនឹងសេចក្តីពិតដែលព្រះបានបង្កើតមនុស្សលោក ដើម្បីបំពេញតាមចិត្ត និងគំនិតរបស់មនុស្សលោក។ ដោយសារតែបែបនេះ ទើបមនុស្សដែលជឿថា ព្រះជាម្ចាស់បានបង្កើតអ្វីៗគ្រប់យ៉ាង មានកាន់តែតិចទៅៗ ហើយមនុស្សដែលជឿលើទ្រឹស្ដីនៃការវិវត្ត នោះក៏កាន់តែមានចំនួនច្រើនឡើងៗ។ មនុស្សកាន់តែច្រើនឡើង ចាត់ទុកកំណត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ និងបន្ទូលរបស់ទ្រង់ក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ ជាទេវកថា និងជារឿងព្រេងនិទាន។ នៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សលែងអើពើចំពោះភាពថ្លៃថ្នូ និងភាពមហិមារបស់ព្រះជាម្ចាស់ទៀតហើយ គេលែងអើពើចំពោះគោលជំនឿថា ព្រះជាម្ចាស់មានពិត និងមានអំណាចត្រួតត្រាលើគ្រប់អ្វីៗទាំងអស់។ ការរស់រានរបស់មនុស្សលោក និងវាសនាប្រទេសនិងជាតិសាសន៍នានា លែងសំខាន់ចំពោះពួកគេទៀតហើយ ហើយមនុស្សរស់នៅក្នុងពិភពដែលគ្មានខ្លឹមសារ ដែលខ្វល់ខ្វាយតែនឹងរឿងហូបចុក ស៊ីផឹក និងរឿង សប្បាយ។ ... មានមនុស្សតិចណាស់ដែលគិតថា ខ្លួនមានកាតព្វកិច្ច ក្នុងការស្វែងរកទីកន្លែងដែលព្រះបំពេញកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃនេះ ឬព្យាយាមស្វែងយល់ពីរបៀបដែលទ្រង់គ្រប់គ្រង និងរៀបចំគោលដៅរបស់មនុស្សលោក។ ហើយដោយបែបនេះ ទើបអរិយធម៌របស់មនុស្ស កាន់តែមិនអាចត្រួសត្រាយក្ដីប្រាថ្នារបស់មនុស្សលោកបាន ក៏លែងមានមនុស្សស្គាល់ ហើយខណៈកំពុងរស់នៅក្នុងពិភពបែបនេះ ទើបមនុស្សច្រើនណាស់មានអារម្មណ៍ថា ពួកគេសប្បាយចិត្ត តិចជាងមនុស្សដែលបានស្លាប់ទៅហើយ។ សូម្បីតែប្រជាជននៃប្រទេសដែលធ្លាប់មានអរិយធម៌ថ្កុំថ្កើង ក៏ជួបនឹងទុក្ខព្រួយបែបនេះដែរ។ មិនថា មេដឹកនាំ និងអ្នកប្រាជ្ញសង្គមវិទ្យា ខំប្រឹងប្រើខួរក្បាលរបស់ពួកគេ ដើម្បីថែរក្សាអរិយធម៌របស់មនុស្សលោកយ៉ាងណាក៏ដោយ ក៏វាគ្មានបានការអ្វីដែរ ដ្បិតគ្មានការដឹកនាំរបស់ព្រះជាម្ចាស់។ គ្មាននរណាម្នាក់អាចបំពេញដួងចិត្តទទេស្អាតរបស់មនុស្សលោកបានទេ ដ្បិតគ្មាននរណាម្នាក់អាចធ្វើជាជីវិតរបស់មនុស្សលោកបានឡើយ ហើយគ្មានទ្រឹស្ដីសង្គមណាមួយ អាចរំដោះមនុស្សចេញពីភាពទទេស្អាត ដែលធ្វើឲ្យគេរងទុក្ខវេទនាបានដែរ។ វិទ្យាសាស្រ្ត ចំណេះដឹង សេរីភាព លទ្ធិប្រជាធិបតេយ្យ ការកម្សាន្ត ភាពស្រាកស្រាន្ត កត្តាទាំងអស់នេះ អាចលួងលោមចិត្តមនុស្សបានបណ្ដោះអាសន្ន ប៉ុណ្ណោះ។ ទោះបីជាមានកត្តាទាំងអស់នេះក្ដី ក៏មនុស្សនឹងនៅតែមានបាប និងទួញសោកចំពោះអំពើអយុត្តិធម៌ក្នុងសង្គម ដោយជៀសមិនផុតដែរ។ ចំណុចទាំងអស់នេះ មិនអាចហាមឃាត់ចំណង់ និងសេចក្តីប្រាថ្នារបស់មនុស្ស ដើម្បីរុករកអ្វីថ្មីៗបានឡើយ។ នេះគឺដោយសារព្រះជាម្ចាស់បង្កើតមនុស្សលោកមក ហើយការលះបង់ និងការរុករកឥតន័យខ្លឹមសាររបស់មនុស្ស អាចត្រឹមនាំទៅរកសេចក្ដីទុក្ខព្រួយកាន់តែខ្លាំងឡើង និងធ្វើឲ្យមនុស្សរស់នៅក្នុងអារម្មណ៍ភ័យខ្លាចឥតឈប់តែប៉ុណ្ណោះ ទាំងមិនដឹងថា ត្រូវប្រឈមមុខចំពោះអនាគតរបស់ មនុស្សលោកដោយរបៀបណា ឬត្រូវប្រឈមមុខនឹងផ្លូវនៅខាងមុខនោះដោយបែបណាឡើយ។ មនុស្សនឹង កាន់តែកោតខ្លាច ចំពោះវិទ្យាសាស្រ្ត និងចំណេះដឹង និងកាន់តែភ័យខ្លាចចំពោះអារម្មណ៍ទទេស្អាត។ នៅក្នុងពិភពលោកនេះ មិនថាអ្នករស់នៅក្នុងប្រទេសសេរី ឬប្រទេសដែលគ្មានសិទ្ធិមនុស្សឡើយ អ្នកគ្មានសមត្ថភាពគេចចេញពីវាសនារបស់មនុស្សលោកបានឡើយ។ មិនថា អ្នកជាមេដឹកនាំ ឬត្រូវគេដឹកនាំនោះទេ ទីបំផុត អ្នកនៅតែគ្មានសមត្ថភាពគេចពីចំណង់ក្នុងការរុករកវាសនា សេចក្ដីអាថ៌កំបាំង និងគោលដៅរបស់មនុស្សលោកបានឡើយ ហើយអ្នកកាន់តែគ្មានសមត្ថភាពគេចចេញពីគំនិតវិលវល់នៃអារម្មណ៍ទទេស្អាតនេះដែរ។ បាតុភូតបែបនេះ កើតមានជាទូទៅចំពោះមនុស្សគ្រប់រូប ហើយត្រូវអ្នកសង្គមវិទ្យាហៅថា បាតុភូតសង្គម ប៉ុន្តែ គ្មានមនុស្សអស្ចារ្យណាម្នាក់ដែលអាចមកដោះស្រាយបញ្ហាបែបនេះបានឡើយ។ ចុងក្រោយទៅ មនុស្សនៅតែជាមនុស្ស ហើយគ្មានមនុស្សណាម្នាក់ ដែលអាចជំនួសឋានៈ និងព្រះជន្មរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សលោកមិនត្រឹមតែត្រូវការសង្គមមួយដែលមានយុត្តិធម៌ ដែលមនុស្សគ្រប់គ្នាមានអាហារគ្រប់គ្រាន់ រស់នៅស្មើភាពគ្នា និងមានសេរីភាពនោះទេ តែអ្វីដែលមនុស្សលោកត្រូវការ គឺសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់និងការប្រទានជីវិតពីទ្រង់ដល់ពួកគេ។ ទាល់តែមនុស្សទទួលបានការប្រទានជីវិតពីព្រះ និងការសង្រ្គោះរបស់ទ្រង់ ពេលនោះទើបសេចក្តីត្រូវការ ការស្រេកឃ្លានក្នុងការរុករក និងភាពទទេស្អាតនៃវិញ្ញាណរបស់មនុស្ស អាចដោះស្រាយបាន។ ប្រសិនបើប្រជាជននៃប្រទេស ឬជាតិសាសន៍មួយ មិនអាចទទួលបានសេចក្តីសង្គ្រោះ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់ទេ ដូច្នេះ ប្រទេស ឬជាតិសាសន៍នោះ នឹងធ្វើដំណើរលើផ្លូវទៅកាន់សេចក្ដីវិនាសហិនហោច ឆ្ពោះទៅរកភាពងងឹត និងត្រូវព្រះជាម្ចាស់ធ្វើឲ្យវិនាសសាបសូន្យ។

ដកស្រង់ពី «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនា របស់មនុស្សលោកទាំងអស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយ មានការផ្លាស់ប្ដូរជាច្រើនរាប់មិនអស់បានកើតឡើង ដូចជាមហាសមុទ្រនាំដីល្បាប់ចូលទៅក្នុងស្រែចំការចម្ការ ហើយស្រែចម្ការជន់ទឹកឡើងចូលទៅក្នុងមហាសមុទ្រម្ដងហើយម្ដងទៀត។ ក្រៅពីព្រះអង្គដែលគ្រប់គ្រងលើអ្វីៗទាំងអស់នៅក្នុងចក្រវាឡ គ្មាននរណាម្នាក់អាចដឹកនាំ និងណែនាំពូជមនុស្សនេះបានឡើយ។ គ្មាននរណាម្នាក់ខ្លាំងពូកែដែលធ្វើការងារ ឬក៏ធ្វើការរៀបចំសម្រាប់ពូជមនុស្សនេះទេ ព្រោះមានមនុស្សតិចតួចណាស់ដែលអាចដឹកនាំពូជមនុស្សនេះឆ្ពោះទៅកាន់គោលដៅនៃពន្លឺ និងរំដោះពួកគេពីភាពអយុត្តិធម៌នៅលើផែនដីនេះ។ ព្រះជាម្ចាស់សោយសោកចំពោះអនាគតរបស់មនុស្ស ទ្រង់ព្រួយព្រះហឫទ័យនៅពេលដែលមនុស្សធ្លាក់ចុះ ហើយទ្រង់ឈឺព្រះហឫទ័យដែលមនុស្សដើរមួយជំហានម្ដងៗទៅរកភាពពុករលួយ និងផ្លូវដែលមិនអាចត្រលប់ក្រោយវិញ បាន។ មនុស្សបានធ្វើឲ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្ទេចខ្ទាំ និងបានបោះបង់ចោលទ្រង់ទៅស្វែងរកមេកំណាច៖ តើមាននរណាម្នាក់ធ្លាប់គិត ពីទិសដៅដែលមនុស្សប្រភេទនេះអាចត្រូវបាននាំទៅដែរឬទេ? ប្រាកដណាស់ថា គឺដោយសារមូលហេតុនេះហើយបានជាគ្មាននរណាម្នាក់មានអារម្មណ៍ដឹងពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ហើយគ្មាននរណាម្នាក់ស្វែងរកវិធីដើម្បីផ្គាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏ព្យាយាមចូលទៅជិត ព្រះជាម្ចាស់ទេ ហើយលើសពីនោះទៅទៀត គឺដោយសារមូលហេតុនេះហើយ បានជាគ្មាននរណាម្នាក់យល់ច្បាស់ពីការព្រួយព្រះហឫទ័យ និងការឈឺចាប់របស់ព្រះជាម្ចាស់។ ទោះបីជាក្រោយពេល ដែលស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏មនុស្សនៅតែបន្ដដើរលើផ្លូវរបស់ខ្លួន នៅតែបន្ដវង្វេងចេញពីព្រះជាម្ចាស់ ដោយការគេចចេញពីព្រះគុណ និងការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់ ព្រមទាំងគេចចេញពីសេចក្ដីពិតរបស់ទ្រង់ ដោយព្រមលក់ខ្លួនទៅឲ្យអារក្សសាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ បើមនុស្សនៅក្បាលរឹងបែបនេះ តើព្រះជាម្ចាស់នឹងប្រព្រឹត្ដយ៉ាងណាចំពោះមនុស្សដែលបានបោះបង់ទ្រង់ចោល ដោយគ្មានងាកក្រោយសូម្បីតែបន្ដិច? គ្មាននរណាម្នាក់ដឹងឡើយថា មូលហេតុដែលនាំឲ្យទ្រង់រំឭក និងដាស់តឿនម្ដងហើយម្ដងទៀត នោះគឺដោយសារទ្រង់បានរៀបចំគ្រោះមហន្ដរាយមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងព្រះហស្ដទ្រង់ជាគ្រោះមហន្ដរាយមួយដែលសាច់ឈាម និងព្រលឹងរបស់មនុស្សមិនអាចទ្រាំទ្របាននោះទេ។ គ្រោះមហន្ដរាយនេះមិនមែនគ្រាន់តែជាទណ្ឌកម្មនៃសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្ដែក៏ជាទណ្ឌកម្មនៃព្រលឹងដែរ។ អ្នកត្រូវដឹងពីចំណុចនេះ៖ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់បរាជ័យ ហើយនៅពេលដែលការរំឭក និងការដាស់តឿនរបស់ទ្រង់គ្មានការឆ្លើយតប តើទ្រង់នឹងសម្ដែងសេចក្ដីក្រោធប្រភេទណាទៅ? គឺសេចក្ដីក្រោធដែលមិនធ្លាប់មានអ្នកជួបប្រទះ ឬក៏ធ្លាប់ឮពីមុនមកទេ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា គ្រោះមហន្ដរាយនេះមិនធ្លាប់មានពីមុនមកទេ ហើយក៏នឹងមិនកើតឡើងម្ដងទៀតដែរ។ ដ្បិតផែនការរបស់ព្រះជាម្ចាស់ គឺបង្កើតមនុស្សជាតិតែមួយដង និងសង្គ្រោះមនុស្សជាតិតែមួយដងនេះប៉ុណ្ណោះ។ នេះគឺជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរ។ ដូច្នេះហើយ គ្មាននរណាម្នាក់អាចយល់ពីបំណងព្រះហឫទ័យក្នុងការទទួលយកការឈឺចាប់ និងការគិតទុកជាមុនដ៏ក្លៀវក្លា ដែលព្រះជាម្ចាស់ជួយសង្គ្រោះមនុស្សនៅគ្រានេះទេ។

ដកស្រង់ពី «ព្រះជាម្ចាស់គឺជាប្រភពនៃជីវិតមនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សមិនដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ ដ្បិតគេបានបែរចេញពីការផ្គត់ផ្គង់ជីវិតរបស់ព្រះដ៏មានគ្រប់ចេស្ដា តែយ៉ាងណាក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដែរ។ ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំខ្លួនឯងឲ្យបន្តរស់នៅក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ ជាសំបកខាងសាច់ឈាមដែលមិនដឹងអ្វីសោះអំពីព្រលឹងរបស់ខ្លួន។ អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការមកដល់របស់ទ្រង់ ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះបញ្ញាចិត្ត គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ។ ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតដោយបែបនេះដដែល។ ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះបញ្ញាចិត្ត ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់មានព្រះទ័យស្វះស្វែងរកដួងចិត្តនិងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឲ្យអ្នកហើយដាស់អ្នកឲ្យភ្ញាក់ដើម្បីកុំឲ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ អស់កម្លាំងនិងនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ថា នៅក្នុងពិភពលោកនេះមានអ្វីមួយត្រូវវិនាសហិនហោច ចូរកុំវង្វេងឡើយ ចូរកុំទួញសោកឡើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំ ដូចដើមវិញភ្លាម៖ នៅពេលអ្នកដឹងខ្លួនថា អ្នកមកអំពីព្រះជាម្ចាស់ ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នក នៅពេលណាមួយ ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវ ហើយនៅពេលណាមួយអ្នកក៏រកបាន «ឪពុក» ម្នាក់ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់ចេស្ដាកំពុងឃ្លាំមើល និង កំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះអស់ពេលជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាមមិនប្រែប្រួលរបស់ទ្រង់មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីជាប្រយោជន៍ដល់ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស។ ប្រហែលជាការចាំយាមឥតប្រែប្រួលនេះគ្មានដែនកំណត់ឡើយ ហើយវាក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា។

ដកស្រង់ពី «ខ្យល់ដង្ហើមនៃព្រះដ៏មានគ្រប់ចេស្ដា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ២. លក្ខណៈនៃវាសនាដ៏អស្ចារ្យរបស់មនុស្ស

បន្ទាប់៖ ២. អត្ថន័យនៃការជឿលើព្រះជាម្ចាស់ពិតប្រាកដ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្វីជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើត?

ពេលនេះយើងស្ថិតក្នុងគ្រាចុងក្រោយ បទទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ក៏ត្រូវបានសម្រេចស្ទើរទាំងអស់ ហើយពួកអ្នកជឿស៊ប់រាប់ពាន់នាក់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ