១. អ្វីជាការផ្លាស់ប្ដូរនិស្ស័យ និងអ្វីជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនិស្ស័យ និងឥរិយាបថល្អ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

និស្ស័យរបស់មនុស្សផ្លាស់ប្ដូរទៅតាមបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកនៅតោងជាប់នឹងបទពិសោធន៍ចាស់ៗ និងច្បាប់វិន័យពីមុន នោះនិស្ស័យរបស់អ្នកមិនអាចផ្លាស់ប្ដូរបានឡើយ។ ប្រសិនបើព្រះបន្ទូលនៃព្រះវិញ្ញាណបរិសុទ្ធក្នុងពេលសព្វថ្ងៃនេះសុំឲ្យមនុស្សទាំងអស់ចូលទៅក្នុងជីវិតមនុស្សជាតិធម្មតា តែអ្នកនៅតែប្រកាន់ខ្ជាប់នូវរឿងខាងក្រៅ ហើយមានការយល់ច្រឡំអំពីភាពពិត ហើយមិនបានយកចិត្ដទុកដាក់ នោះអ្នកជាមនុស្សម្នាក់ដែលបរាជ័យតាមមិនទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ អ្នកជាមនុស្សដែលមិនទាន់បានចូលក្នុងមាគ៌ានៃការត្រួសត្រាយពីព្រះវិញ្ញាណបរិសុទ្ធនៅឡើយ។ មិនថានិស្ស័យរបស់អ្នកអាចបំផ្លាស់បំប្រែបានអាស្រ័យលើការដែលអ្នករក្សានូវព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬក៏អត់ទេ ហើយក៏មិនអាស្រ័យលើការដែលអ្នកមានចំណេះដឹងពិតប្រាកដ ឬក៏អត់ដែរ។ ការនេះ គឺខុសផ្សេងពីអ្វីដែលអ្នករាល់គ្នាធ្លាប់បានយល់ពីមុនមក។ ការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នកដែលយល់កាលពីមុន ដែលអ្នកធ្លាប់តែឆាប់វិនិច្ឆ័យនោះ គឺថាអ្នកដែលឈប់និយាយដោយគ្មានការគិតពិចារណា តាមរយៈការដាក់និវ័យពីព្រះជាម្ចាស់ទៀតហើយ ប៉ុន្ដែនោះគ្រាន់តែជាចំណុចមួយនៃការផ្លាស់ប្ដូរតែប៉ុណ្ណោះ។ ពេលនេះ ចំណុចសំខាន់បំផុតគឺជាការធ្វើតាមការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ៖ ចូរធ្វើតាមអ្វីៗដែលព្រះជាម្ចាស់មានបន្ទូល និងស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូលមក។ មនុស្សមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់ខ្លួនឡើយ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ព្រមទាំងរងការឈឺចាប់ និងការបន្សុទ្ធ ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬត្រូវដោះស្រាយជាមួយ ការលត់ដំ និងលួសកាត់ដោយព្រះន្ទូលរបស់ទ្រង់។ បែបនេះ ទើបពួកគេទទួលបានការស្ដាប់បង្គាប់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយឈប់ធ្វើសម្រាប់ព្រះអង្គដើម្បីតែបង្គ្រប់កិច្ចទៀតហើយ។ និស្ស័យរបស់មនុស្សផ្លាស់ប្ដូរបានដោយឆ្លងកាត់ការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែតាមរយៈការបង្ហាញឲ្យឃើញ ការជំនុំជម្រះ ការលត់ដំ និងការដោះស្រាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះដែលពួកគេនឹងមិនហ៊ានប្រព្រឹត្ដទាំងប្រញ៉ាប់ប្រញ៉ាល់ទៀត ប៉ុន្ដែផ្ទុយទៅវិញ ពួកគេនឹងមានភាពនឹងនរ និងស្ងៀមស្ងាត់វិញ។ ចំណុចសំខាន់បំផុតគឺ ពួកគេអាចចុះចូលនឹងព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងចុះចូលចំពោះកិច្ចការរបស់ព្រះអង្គផង ហើយបើទោះបីជាវាមិនស៊ីសង្វាក់នឹងការយល់ឃើញរបស់មនុស្សក្ដី ក៏ពួកគេអាចទុកការយល់ឃើញនេះចោលមួយឡែក ហើយបែរមកមានចិត្ដចុះចូលនឹងទ្រង់វិញ។ កាលពីមុន អត្ថន័យចម្បងនៃការនិយាយពីការផ្លាស់ប្ដូរនិស្ស័យ គឺសំដៅលើការអាចលះបង់ខ្លួនឯង ដើម្បីទុកឲ្យសាច់ឈាមរងទុក្ខ ជាការលត់ដំរូបកាយ និងការកំចាត់ចោលនូវការចង់បានរបស់ខ្លួនខាងផ្នែកសាច់ឈាម ដែលនេះជាប្រភេទនៃការផ្លាស់ប្ដូរនិស្ស័យមួយបែប។ សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាដឹងថា ការបង្ហាញពីការផ្លាស់ប្ដូរនិស្ស័យយ៉ាងពិតប្រាកដ គឺជាការស្ដាប់បង្គាប់ព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់ និងដឹងពីកិច្ចការថ្មីរបស់ព្រះអង្គយ៉ាងពិតប្រាក។ ការយល់ដឹងពីមុនរបស់មនុស្សចំពោះព្រះជាម្ចាស់ ដែលពួកគេគ្រាន់តែដឹងតាមការយល់ឃើញរបស់ខ្លួននោះ អាចត្រូវបានលុបចោល ហើយពួកគេអាចទទួលបានចំណេះដឹងពិតប្រាកដ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺមានតែបែបនេះទេទើបជាការបង្ហាញយ៉ាងពិតប្រាកដពីការផ្លាស់ប្ដូរនិស្ស័យ។

ដកស្រង់ពី «មនុស្សដែលបានផ្លាស់ប្ដូរនិស្ស័យ គឺជាអ្នកដែលបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើការបំផ្លាស់បំប្រែនិស្ស័យមានន័យដូចម្ដេច? វាកើតឡើងនៅពេលអ្នកដែលស្រឡាញ់សេចក្ដីពិត ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ទ្រង់ ហើយទទួលការរងទុក្ខ និងការបន្សុទ្ធគ្រប់បែបយ៉ាង ក្នុងពេលដកពិសោធន៍កិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សបែបនេះត្រូវបានញែកជាបរិសុទ្ធពីថ្នាំពុលរបស់សាតាំងដែលនៅក្នុងខ្លួនរបស់គាត់ ហើយផ្ដាច់ចេញទាំងស្រុងនូវនិស្ស័យពុករលួយរបស់គាត់ ដូច្នេះគាត់អាចចុះចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងការចាត់ចែង និងការរៀបចំទាំងអស់របស់ទ្រង់បាន ដោយមិនបះបោរទាស់ប្រឆាំងនឹងទ្រង់ ឬទទឹងទាស់នឹងទ្រង់ម្ដងទៀតឡើយ។ នេះគឺជាការបំផ្លាស់ប្រែនិស្ស័យ។ ... ការផ្លាស់ប្រែនិស្ស័យមានន័យថា ដោយសារតែគាត់ស្រឡាញ់ និងអាចទទួលយកសេចក្ដីពិតបាន មនុស្សម្នាក់ នៅទីបំផុត ទៅជាស្គាល់ពីធម្មជាតិបះបោររបស់គាត់ដែលប្រឆាំងនឹងព្រះជាម្ចាស់ គាត់យល់ដឹងថា មនុស្សគឺពុករលួយជ្រៅខ្លាំងណាស់ គាត់ទទួលស្គាល់ភាពមិនសមហេតុសមផល និងការបញ្ឆោតរបស់មនុស្ស គាត់ទទួលស្គាល់ភាពទន់ខ្សោយ និងភាពគួរឱ្យអាណិតរបស់មនុស្ស ហើយចុងក្រោយគាត់ក៏យល់ដឹងពីសារជាតិនៃធម្មជាតិរបស់មនុស្ស។ ដោយសារការដឹងអ្វីៗទាំងអស់នេះ គាត់ក្លាយជាអាចបដិសេធ និងលះបង់ចោលខ្លួនឯងទាំងស្រុង អាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តសេចក្ដីពិតនៅក្នុងគ្រប់ការទាំងអស់។ នេះហើយគឺជាអ្នកដែលស្គាល់ព្រះជាម្ចាស់ នេះហើយគឺជាមនុស្សដែលបានផ្លាស់ប្រែធម្មជាតិរបស់ខ្លួន។

ដកស្រង់ពី «របៀបស្គាល់ពីធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការបំផ្លាស់បំប្រែខាងឯនិស្ស័យ សំដៅជាចម្បងទៅលើការបំផ្លាស់បំប្រែធម្មជាតិរបស់បុគ្គលម្នាក់។ រឿងរ៉ាវនៃធម្មជាតិរបស់បុគ្គលម្នាក់មិនអាចមើលឃើញតាមរយៈអាកប្បកិរិយាពីខាងក្រៅនោះទេ ព្រោះវាទាក់ទងដោយផ្ទាល់ទៅនឹងតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់គាត់។ ពោលគឺវាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងទស្សនរបស់បុគ្គលម្នាក់អំពីជីវិត និងគុណតម្លៃរបស់គាត់ រឿងរ៉ាវដែលនៅក្នុងជម្រៅនៃព្រលឹងរបស់គាត់ និងសារជាតិរបស់គាត់។ ប្រសិនបើបុគ្គលម្នាក់មិនអាចទទួលយកសេចក្ដីពិតទេ នោះគាត់នឹងមិនឆ្លងកាត់ការបំផ្លាស់បំប្រែនៅក្នុងទិដ្ឋភាពទាំងនេះឡើយ។ មានតែតាមរយៈបទពិសោធន៍ជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ការចូលទៅក្នុងសេចក្ដីពិតយ៉ាងពេញលេញ ការផ្លាស់ប្ដូរគុណតម្លៃរបស់ខ្លួន និងទស្សនរបស់ខ្លួនអំពីអត្ថិភាព និងជីវិត ការសម្របទស្សនរបស់ខ្លួនទៅតាមទស្សនរបស់ព្រះជាម្ចាស់ និងការចុះចូលទាំងស្រុង ព្រមទាំងមានភក្ដីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចនិយាយបាថានិស្ស័យរបស់បុគ្គលម្នាក់បានបំផ្លាស់បំប្រែ។ អ្នកមើលទៅអាចនឹងខិតខំប្រឹងប្រែងខ្លះៗ អ្នកប្រហែលជាស៊ូទ្រាំនៅពេលជួបការលំបាក អ្នកប្រហែលជាអាចអនុវត្តការរៀបចំកិច្ចការពីខាងលើ ឬអ្នកប្រហែលជាអាចទៅកន្លែងណាដែលគេប្រាប់អ្នកឱ្យទៅ ប៉ុន្តែទាំងអស់នេះគ្រាន់តែជាការផ្លាស់ប្ដូរអាកប្បកិរិយាតិចតួចប៉ុណ្ណោះ ហើយមិនទាន់គ្រប់គ្រាន់នឹងរាប់ថាជាការបំផ្លាស់បំប្រែខាងឯនិស្ស័យរបស់អ្នកឡើយ។ អ្នកប្រហែលជាអាចឈប់នៅលើមាគ៌ាជាច្រើន រងទុក្ខការលំបាកជាច្រើន ហើយទ្រាំទ្រនឹងការអាម៉ាស់យ៉ាងខ្លាំង អ្នកប្រហែលជាមានអារម្មណ៍ថាជិតស្និទ្ធជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណបរិសុទ្ធប្រហែលជាធ្វើកិច្ចការខ្លះៗនៅក្នុងអ្នក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះជាម្ចាស់សុំឱ្យអ្នកធ្វើអ្វីមួយដែលមិនស្របតាមសញ្ញាណរបស់អ្នក អ្នកនៅតែមិនអាចចុះចូល ហើយផ្ទុយទៅវិញ អ្នកអាចរកលេសដោះសារ បះបោរ និងតតាំងជាមួយព្រះជាម្ចាស់ ហើយថែមទាំងរិះគន់ និងប្រឆាំងជាមួយទ្រង់ទៀតផង។ ការនេះនឹងក្លាយជាបញ្ហាមួយដ៏ធ្ងន់ធ្ងរ។ វានឹងបង្ហាញថាអ្នកនៅតែមានធម្មជាតិមួយដែលតតាំងជាមួយព្រះជាម្ចាស់ ហើយថាអ្នកមិនបានឆ្លងកាត់ការបំផ្លាស់បំប្រែអ្វីសោះ។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់មិនមែនជាការផ្លាស់ប្ដូរអាកប្បកិរិយា ហើយក៏មិនមែនជាការផ្លាស់ប្ដូរក្លែងក្លាយខាងក្រៅ ឬការកែប្រែបណ្ដោះអាសន្នដែលធ្វើឡើងដោយការខំប្រឹងនោះដែរ ផ្ទុយទៅវិញ វាគឺជាការបំផ្លាស់បំប្រែនិស្ស័យពិតប្រាកដដែលនាំឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយា។ ការផ្លាស់ប្ដូរអាកប្បកិរិយាបែបនេះមិនដូចជាការផ្លាស់ប្ដូរដែលសម្ដែងអាកប្បកិរិយា និងសកម្មភាពខាងក្រៅរបស់មនុស្សនោះទេ។ ការបំផ្លាស់បំប្រែនិស្ស័យមានន័យថា អ្នកបានយល់ និងដកពិសោធន៍សេចក្ដីពិត និងមានន័យថា សេចក្ដីពិតបានក្លាយជាជីវិតរបស់អ្នក។ កាលពីមុនអ្នកបានយល់ពីសេចក្ដីពិតនៃបញ្ហានេះហើយ ប៉ុន្តែអ្នកមិនអាចអនុវត្តវាបាន។ សេចក្ដីពិតគ្រាន់តែជាគោលលទ្ធិមួយចំពោះអ្នកដែលមិនស្អិតជាប់។ ឥឡូវនេះ និស្ស័យរបស់អ្នកបានផ្លាស់ប្រែ អ្នកមិនត្រឹមតែយល់ពីសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុវត្តតាមបានទៀតផង។ ឥឡូវនេះ អ្នកអាចព្រលែងចោលនូវអ្វីៗដែលអ្នកធ្លាប់ចូលចិត្តកាលពីមុន រឿងដែលអ្នកធ្លាប់ចង់ធ្វើ ការស្រមើស្រមៃរបស់អ្នក និងសញ្ញាណរបស់អ្នក។ ឥឡូវនេះ អ្នកអាចព្រលែងចោលនូវអ្វីៗដែលអ្នកមិនអាចព្រលែងចោលបានកាលពីមុន។ នេះគឺជាការបំផ្លាស់បំប្រែនិស្ស័យ ហើយវាក៏ជាដំណើរការនៃការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកផងដែរ។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងការស្វែងរកដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់អ្នក អ្នកត្រូវតែឈានឱ្យដល់ដំណាក់កាលជាក់លាក់មួយនៅក្នុងការយល់ដឹងពីខ្លួនឯង ដែលពេលនោះអ្នកអាចស្វែងរកថ្នាំពុលរបស់សាតាំងដែលមាននៅក្នុងធម្មជាតិផ្ទាល់ខ្លួនរបស់អ្នក។ អ្នកត្រូវតែដឹងពីអត្ថន័យនៃការបំពានលើព្រះជាម្ចាស់ ក៏ដូចជាអត្ថន័យនៃការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ហើយអ្នកត្រូវតែរៀនពីរបៀបប្រតិបត្ដិខ្លួន ដែលស្របនឹងសេចក្ដីពិត នៅក្នុងគ្រប់បញ្ហាទាំងអស់។ អ្នកក៏ត្រូវតែទទួលបានការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មួយចំនួន និងសេចក្ដីតម្រូវរបស់ទ្រង់ពីមនុស្សដែរ។ អ្នកត្រូវតែមានមនសិការ និងហេតុផលនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ អ្នកមិនត្រូវនិយាយយ៉ាងអួតអាង ឬបោកបញ្ឆោតព្រះជាម្ចាស់ទេ ហើយអ្នកមិនត្រូវធ្វើអ្វីមួយដែលរឹងទទឹងនឹងទ្រង់តទៅទៀតឡើយ។ ធ្វើបែបនេះ អ្នកនឹងបានប្ដូរនិស្ស័យរបស់អ្នក។ អស់អ្នកដែលនិស្ស័យរបស់ពួកគេបានបំផ្លាស់បំប្រែ មានអារម្មណ៍នៃការគោពចំពោះព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅនៅក្នុងចិត្តរបស់ពួកគេ ហើយការបះបោររបស់ពួកគេប្រឆាំងនឹងព្រះជាម្ចាស់កាន់តែថយចុះបន្តិចម្ដងៗ។ ជាងនេះទៅទៀត នៅក្នុងការបំពេញភារកិច្ចរបស់ពួកគេ ពួកគេលែងត្រូវការឱ្យអ្នកដទៃព្រួយបារម្ភអំពីពួកគេទៀតហើយ ហើយព្រះវិញ្ញាណបរិសុទ្ធក៏មិនចាំបាច់ធ្វើកិច្ចការប្រៀនប្រដៅពួកគេជានិច្ចដែរ។ ជាមូលដ្ឋាន ពួកគេអាចចុះចូលចំពោះព្រះជាម្ចាស់ ហើយសេចក្ដីពិតគឺមានវត្តមាននៅក្នុងទស្សនៈរបស់ពួកគេលើអ្វីមួយ។ ទាំងអស់នេះ មានភាពស៊ីគ្នាជាមួយព្រះជាម្ចាស់បាន។

ដកស្រង់ពី «មានតែការតាមរកសេចក្ដីពិតទេដែលអាចឲ្យមនុស្សម្នាក់ទទួលបាននូវការផ្លាស់ប្ដូរនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការផ្លាស់ប្ដូរនិស្ស័យមានលក្ខណៈពិសេសមួយ នោះគឺការអាចចុះចូលចំពោះអ្វីដែលត្រឹមត្រូវបាន និងស្របទៅតាមសេចក្ដីពិត។ មិនថានរណាផ្ដល់គំនិតអ្វីដល់អ្នកនោះទេ មិនថាពួកគេក្មេងឬចាស់នោះទេ មិនថាអ្នករាល់គ្នាចុះសម្រុងគ្នាបានល្អឬអត់នោះទេ ហើយមិនថាទំនាក់ទំនងរវាងអ្នករាល់គ្នាល្អឬអាក្រក់នោះទេ ឲ្យតែពួកគេនិយាយអ្វីដែលត្រឹមត្រូវ និងស្របទៅតាមសេចក្ដីពិត និងដើម្បីជាប្រយោជន៍ដល់កិច្ចនៃដំណាក់របស់ព្រះជាម្ចាស់ផងនោះ អ្នកអាចស្ដាប់ ប្រកាន់តាម និងទទួលយកវាបាន និងមិនត្រូវទទួលរងការប៉ះពាល់ដោយសារកត្តាដទៃផ្សេងទៀតឡើយ។ នេះគឺជាទិដ្ឋភាពទីមួយនៃលក្ខណៈពិសេសនោះ។ ជាដំបូង អ្នកអាចទទួលយកសេចក្ដីពិតបាន ក៏ដូចជាអ្វីៗដែលត្រឹមត្រូវ និងស្របទៅតាមសេចក្ដីពិតផងដែរ។ ទិដ្ឋភាពមួយទៀត គឺជាការអាចស្វែងរកសេចក្ដីពិតបាន នៅពេលណាដែលអ្នកជួបប្រទះនឹងបញ្ហាអ្វីមួយ។ អ្នកមិនគ្រាន់តែអាចទទួលយកសេចក្ដីពិតបានប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវអាចស្វែងរកសេចក្ដីពិតបានផងដែរ។ ឧទាហរណ៍ ប្រសិនបើអ្នកជួបប្រទះបញ្ហាថ្មីណាមួយដែលគ្មាននរណាម្នាក់អាចយល់បាន នោះអ្នកអាចស្វែងរកសេចក្ដីពិត និងពិនិត្យមើលអ្វីដែលអ្នកគប្បីធ្វើឬអនុវត្តដើម្បីឲ្យបញ្ហានោះបានស្របទៅតាមគោលការណ៍សេចក្ដីពិត និងបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ ទិដ្ឋភាពមួយទៀត គឺការទទួលបានសមត្ថភាពក្នុងការគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើអ្នកគប្បីគិតគូរអំពីបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? ចំណុចនេះអាស្រ័យលើភារកិច្ចដែលអ្នកកំពុងបំពេញ និងសេចក្ដីតម្រូវដែលទ្រង់មានលើកិច្ចការនោះ។ អ្នកត្រូវចាប់គោលការណ៍នេះឲ្យបាន៖ ត្រូវបំពេញភារកិច្ចរបស់អ្នកស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងត្រូវបំពេញវាទៅតាមបំណងព្រះហឫទ័យរបស់ទ្រង់។ អ្នកក៏ត្រូវយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងលទ្ធផលចង់បានពីភារកិច្ចរបស់អ្នកផងដែរ ហើយអ្នកត្រូវតែអាចប្រព្រឹត្តដោយមានទំនួលខុសត្រូវ និងភាពស្មោះត្រង់។ ចំណុចទាំងអស់នេះគឺជារបៀបក្នុងការគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកពុំដឹងថាត្រូវគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយរបៀបណានៅក្នុងកិច្ចការដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ននេះទេ នោះអ្នកត្រូវធ្វើការស្វែងរកខ្លះៗដើម្បីសម្រេចកិច្ចការនោះឲ្យបាន និងដើម្បីផ្គាប់តាមបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើអ្នករាល់គ្នាអាចអនុវត្តគោលការណ៍ទាំងអស់នេះបាន អាចវាស់ស្ទង់ថាតើអ្នកកំពុងរស់នៅបានល្អយ៉ាងណាទៅតាមគោលការណ៍ទាំងនេះ និងអាចស្វែងរកមាគ៌ាដើម្បីអនុវត្តបាន នោះអ្នកនឹងអាចដោះស្រាយបញ្ហានានាទៅតាមលក្ខណៈគោលការណ៍បាន។ មិនថាអ្នកអាចនឹងជួបប្រទះនឹងអ្វីនោះទេ ហើយមិនថាអ្នកត្រូវដោះស្រាយជាមួយបញ្ហាអ្វីនោះទេ អ្នកត្រូវតែស្វែងរកគោលការណ៍ដែលត្រឹមត្រូវដើម្បីអនុវត្តតាមជានិច្ច ថាតើមានគោលការណ៍លម្អិតអ្វីខ្លះ ហើយត្រូវអនុវត្តបែបណាដើម្បីកុំឲ្យអ្នកនឹងត្រូវបំពានលើគោលការណ៍ទាំងនោះ។ នៅពេលណាដែលអ្នកមានការយល់ដឹងជាក់ច្បាស់អំពីចំណុចទាំងអស់នេះ អ្នកនឹងអាចអនុវត្តសេចក្ដីពិតបានដោយឯកឯងមិនខាន។

ដកស្រង់ពី «មានតែការអនុវត្តសេចក្ដីពិតប៉ុណ្ណោះទើបមនុស្សម្នាក់អាចដោះច្រវាក់នៃនិស្ស័យពុករលួយចេញបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ទាក់ទងនឹងការដេញតាមការផ្លាស់ប្តូរនូវនិស្ស័យរបស់អ្នក អ្នកត្រូវតែយល់ពីអ្វីដែលមិនទាក់ទងនឹងការផ្លាស់ប្តូរនូវនិស្ស័យ ហើយនិងអ្វីដែលមិនស្ថិតនៅក្នុងពិភពរបស់វា ប៉ុន្តែគឺជាអាកប្បកិរិយាល្អខាងក្រៅទៅវិញទេ ដែលជាអ្វីដែលព្រះជាម្ចាស់ចង់មានន័យនៅពេលដែលទ្រង់មានព្រះបន្ទូលអំពីការផ្លាស់ប្តូរនិស្ស័យ និងអ្វីដែលមាននៅក្នុងមនុស្សដែលព្រះជាម្ចាស់ចង់ឲ្យផ្លាស់ប្តូរ។ មនុស្សត្រូវតែយល់ពីរឿងទាំងនេះ។ អ្វីដែលអ្នកគិតថាជាការផ្លាស់ប្តូរនូវនិស្ស័យ ហើយនិងអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលថាជាការផ្លាស់ប្តូរនូវនិស្ស័យ គឺជារឿងពីរផ្សេងគ្នា គឺផ្លូវពីរ។ អ្វីដែលអ្នកមាននៅក្នុងគំនិតរបស់អ្នក នៅចុងបញ្ចប់នឹងមិនបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អ្វីដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថាជាការផ្លាស់ប្តូរនូវនិស្ស័យ គឺនៅពេលមនុស្សម្នាក់ត្រូវបានដោះស្រាយ និងលួសកាត់ ហើយត្រូវបានល្បងល និងបន្សុទ្ធដោយព្រះជាម្ចាស់ ទទួលបានការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគោលការណ៍នៃសេចក្តីពិត ហើយរស់នៅស្របតាមគោលការណ៍នៃសេចក្តីពិត រហូតដល់ពួកគេទទួលបាននូវការចុះចូល និងមានចិត្តគោរពដល់ព្រះជាម្ចាស់ដោយគ្មានការយល់ច្រលំពីព្រះជាម្ចាស់ ហើយមានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ និងថ្វាយបង្គំទ្រង់យ៉ាងពិតប្រាកដ ដោយប្រើការអនុវត្តនូវសេចក្តីពិត និងទទួលនូវការជំនុំជម្រះ និងការវាយផ្ចាល។ អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលមក គឺជាអ្វីដែលត្រូវធ្វើជាមួយនិស្ស័យរបស់មនុស្សម្នាក់។ បើដូច្នេះ តើមនុស្សចង់មានន័យយ៉ាងណាពេលពួកគេនិយាយអំពីការផ្លាស់ប្តូរនូវនិស្ស័យ? ពួកគេចង់មានន័យថាអាកប្បកិរិយារបស់មនុស្សម្នាក់ គឺមានភាពប្រសើរឡើង ដែលមើលទៅដូចជាគ្មានឧបាយកល និងមានការគ្រប់គ្រងបានល្អ ដែលការនិយាយរបស់ពួកគេមានលក្ខណៈស៊ីវិល័យ ហើយពួកគេយកចិត្តទុកដាក់លើមនសិការរបស់ពួកគេនៅក្នុងទំនាក់ទំនងរវាងពួកគេជាមួយអ្នកដទៃ និងមានបទដ្ឋានសីលធម៌។ តើមានអ្វីខុសគ្នារវាងការនេះ និងអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល? មិនថាទាក់ទងនឹងមនុស្ស ឬវត្ថុអ្វី គ្រប់ទាំងកត្តាជម្រុញរបស់អ្នក គោលការណ៍នៅពីក្រោយសកម្មភាពរបស់អ្នក និងស្ដង់ដានៃការវាយតម្លៃរបស់អ្នកក៏ដោយ ក៏ត្រូវតែស្របតាមសេចក្ដីពិត ហើយអ្នកត្រូវតែស្វែងរកគោលការណ៍នៃសេចក្ដីពិត។ មានតែធ្វើដូច្នេះទេ ទើបការផ្លាស់ប្តូរនូវនិស្ស័យអាចសម្រេចទៅបាន។ ប្រសិនបើអ្នកតែងតែប្រើបទដ្ឋានអាកប្បកិរិយាសម្រាប់ការវាស់វែង និងតែងតែផ្តោតលើការផ្លាស់ប្តូរអាកប្បកិរិយាខាងក្រៅ ប៉ុន្តែមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់ខ្លួនអ្នកទេ នោះអ្នកមិនអាចទទួលបានចំណេះដឹងអំពីភាពសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះទេ ហើយក្នុងករណីនេះ តើអ្នកនឹងអភិវឌ្ឃនូវដួងចិត្តពិតប្រាកដនៃការគោរពចំពោះព្រះជាម្ចាស់យ៉ាងដូចម្តេច? ប្រសិនបើមនុស្សមិនអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីការអាក្រក់បានទេ នោះមានន័យថាគ្មានអាកប្បកិរិយាល្អណាមួយអាចចុះចូលយ៉ាងពិតប្រាកដទៅចំពោះព្រះជាម្ចាស់បាននោះឡើយ។ ដូច្នេះ បើទោះជាមនុស្សម្នាក់មានអាកប្បកិរិយាល្អៗជាច្រើនក៏ដោយ ក៏មិនមែនមានន័យថាមានការផ្លាស់ប្តូរនូវនិស្ស័យរបស់មនុស្សម្នាក់នោះឡើយ។

ដកស្រង់ពី «មានតែតាមរយៈការអនុវត្តនូវសេចក្តីពិតប៉ុណ្ណោះ ទើបអាចធ្វើឲ្យមនុស្សមានភាពជាមនុស្សធម្មតាបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

សារជាតិនៃការផ្លាស់ប្ដូរនិស្ស័យ និងការផ្លាស់ប្ដូរអាកប្បកិរិយាគឺខុសគ្នា ឯការផ្លាស់ប្ដូរក្នុងការអនុវត្តក៏ខុសគ្នាដែរ ពោលគឺពួកវាមានសារជាតិខុសគ្នា។ មនុស្សភាគច្រើនផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើអាកប្បកិរិយានៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ជាហេតុធ្វើឱ្យមានការផ្លាស់ប្ដូរមួយចំនួននៅក្នុងអាកប្បកិរិយារបស់ពួកគេ។ បន្ទាប់ពីពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ ពួកគេឈប់ប្រជែងជាមួយអ្នកដទៃ ឈប់ជេរប្រមាថ និងវាយតប់ជាមួយមនុស្ស ឈប់ជក់បារី និងផឹកស៊ី ព្រមទាំងឈប់លួចទ្រព្យសម្បត្តិសាធារណៈ (សូម្បីតែជាដែកគោល ឬបន្ទះក្ដារក៏ដោយ) ហើយពួកគេថែមទាំងធ្វើរហូតដល់ថ្នាក់មិនប្ដឹងតុលាការទៅទៀត នៅពេលណាពួកគេទទួលរងការខាតបង់ ឬការធ្វើបាប។ គ្មានអ្វីត្រូវសង្ស័យនោះទេ ពួកគេពិតជាធ្វើការផ្លាស់ប្ដូរអាកប្បកិរិយាមួយចំនួនមែន។ ដោយសារតែ នៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ ការទទួលយកផ្លូវពិតធ្វើឱ្យមនុស្សមានអារម្មណ៍ល្អយ៉ាងពិសេស ហើយក៏ដោយសារតែពួកគេបានភ្លក់នូវព្រះគុណនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ទើបពួកគេមានភាពក្លៀវក្លាប្លែក និងគ្មានអ្វីដែលថា ពួកគេមិនអាចលះបង់ចោល ឬទទួលរងបាននោះទេ។ ទោះយ៉ាងណា បន្ទាប់ពីបានជឿអស់រយៈពេលបីឆ្នាំ ប្រាំឆ្នាំ ដប់ឆ្នាំ ឬសាមសិបឆ្នាំមក ដោយសារតែគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេ ចុងក្រោយពួកគេក៏ត្រលប់ទៅផ្លូវចាស់វិញដដែល ភាពក្រអឺតក្រទម និងភាពកោងកាចរបស់ពួកគេកាន់តែលេចធ្លោ ពួកគេចាប់ផ្ដើមប្រកួតប្រជែងដើម្បីអំណាច និងប្រាក់ចំណេញ ពួកគេលោភលន់ប្រាក់របស់ក្រុមជំនុំ ពួកគេធ្វើគ្រប់យ៉ាងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេចង់បានតែឋានៈ និងការសប្បាយ ហើយពួកគេបានក្លាយជាបញ្ញើក្អែកនៃដំណាក់របស់ព្រះជាម្ចាស់។ ជាពិសេស ពួកអ្នកដែលធ្វើជាអ្នកដឹកនាំភាគច្រើនត្រូវបានមនុស្សបោះបង់ចោល។ ហើយតើការពិតទាំងនេះបញ្ជាក់ពីអ្វីខ្លះ? ការផ្លាស់ប្ដូរតែអាកប្បកិរិយាគឺមិនមាននិរន្តរភាពទេ ប្រសិនបើមិនមានការប្រែប្រួលក្នុងនិស្ស័យនៃជីវិតរបស់មនុស្សទេ នោះមិនយូរមិនឆាប់ ផ្នែកកាចសាហាវរបស់ពួកគេនឹងបង្ហាញខ្លួនចេញមក។ ដោយសារតែប្រភពនៃការផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេគឺជាសេចក្ដីក្លៀវក្លា ហើយគួបផ្សំនឹងកិច្ចការមួយចំនួនដោយព្រះវិញ្ញាណបរិសុទ្ធនៅពេលនោះ វាងាយស្រួលនឹងឱ្យពួកគេក្លាយជាក្លៀវក្លា ឬបង្ហាញសេចក្ដីសប្បុរសបណ្តោះអាសន្នណាស់។ ដូចដែលអ្នកមិនជឿនិយាយថា «ការធ្វើអំពើល្អមួយពេលគឺងាយស្រួលទេ អ្វីដែលពិបាកគឺការធ្វើអំពីល្អពេញមួយជីវិត»។ មនុស្សគ្មានសមត្ថភាពធ្វើអំពើល្អពេញមួយជីវិតរបស់ពួកគេនោះទេ។ អាកប្បកិរិយារបស់មនុស្សត្រូវបានដឹកនាំដោយជីវិត ជីវិតបែបណា អាកប្បកិរិយាបែបនោះ ហើយមានតែអ្វីៗដែលត្រូវបានបើកសម្ដែងដោយឯកឯងទេទើបតំណាងឱ្យជីវិត និងនិស្ស័យរបស់មនុស្ស។ អ្វីដែលក្លែងក្លាយមិនអាចស្ថិតស្ថេរបាននោះទេ។ នៅពេលព្រះជាម្ចាស់ធ្វើកិច្ចការសង្គ្រោះមនុស្ស វាមិនមែនដើម្បីលម្អមនុស្សដែលមានអាកប្បកិរិយាល្អនោះទេ ព្រោះគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់គឺដើម្បីបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីធ្វើឱ្យពួកគេកើតឡើងវិញទៅជាមនុស្សថ្មី។ ដូច្នេះ ព្រះជាម្ចាស់ធ្វើការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធមនុស្សសុទ្ធតែដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ដើម្បីឱ្យពួកគេអាចសម្រេចបាននូវការចុះចូល និងភក្ដីភាពទាំងស្រុងចំពោះព្រះជាម្ចាស់ និងបែរមកថ្វាយបង្គំទ្រង់ជាធម្មតា។ នេះគឺជាគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់។ ការប្រព្រឹត្តល្អមិនដូចការចុះចូលចំពោះព្រះជាម្ចាស់ទេ កុំថាឡើយដល់ទៅស្មើនឹងការចុះសម្រុងជាមួយព្រះគ្រីស្ទនោះ។ ការផ្លាស់ប្ដូរអាកប្បកិរិយាគឺផ្អែកលើគោលលទ្ធិ និងកើតចេញពីភាពក្លៀវក្លា វាមិនផ្អែកលើការស្គាល់ព្រះជាម្ចាស់ច្បាស់ ឬលើសេចក្ដីពិតទេ កុំថាឡើយដល់ទៅផ្អែកលើការណែនាំពីព្រះវិញ្ញាណបរិសុទ្ធនោះ។ ទោះបីជាមានពេលខ្លះ មនុស្សធ្វើសកម្មភាពមួយចំនួនដែលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏នេះមិនមែនជាការបង្ហាញពីជីវិតដែរ កុំថាឡើយដល់ទៅដូចគ្នានឹងការស្គាល់ព្រះជាម្ចាស់នោះ មិនថាអាកប្បកិរិយារបស់មនុស្សល្អយ៉ាងណានោះទេ វាមិនបញ្ជាក់ថា ពួកគេបានចុះចូលចំពោះព្រះជាម្ចាស់ ឬក៏អនុវត្តនូវសេចក្ដីពិតនោះដែរ។ ការផ្លាស់ប្ដូរខាងអាកប្បកិរិយាគ្រាន់តែជាការបំភាន់មួយភ្លែតប៉ុណ្ណោះ វាគ្រាន់តែជាការបង្ហាញឱ្យឃើញនូវភាពជឿស្លុងតែប៉ុណ្ណោះ។ គេមិនអាចរាប់ថា វាជាការបង្ហាញពីជីវិតនោះទេ។

ដកស្រង់ពី «ភាពខុសគ្នារវាងការផ្លាស់ប្ដូរផ្នែកខាងក្រៅ និងការផ្លាស់ប្ដូរខាងនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

មនុស្សអាចបញ្ចេញអាកប្បកិរិយាយ៉ាងល្អ ប៉ុន្ដែនោះមិនមែនមានន័យថា ពួកគេមានសេចក្ដីពិតនោះទេ។ ការមានសេចក្ដីក្លៀវក្លាអាចត្រឹមតែធ្វើឲ្យពួកគេប្រកាន់ខ្ជាប់ចំពោះគោលលទ្ធិ ហើយធ្វើតាមច្បាប់ប៉ុណ្ណោះ។ អស់អ្នកដែលគ្មានសេចក្ដីពិត គ្មានវិធីដោះស្រាយបញ្ហាសំខាន់ៗនោះទេ ហើយគោលលទ្ធិក៏មិនអាចជំនួសកន្លែងសេចក្ដីពិតបានដែរ។ មនុស្សដែលមានបទពិសោធន៍នៃការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់ខ្លួន គឺខុសគេ។ ពួកគេបានយល់ពីសេចក្ដីពិត ពួកគេចេះពិចារណាលើបញ្ហាទាំងអស់ ពួកគេដឹងពីរបៀបប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ របៀបប្រព្រឹត្តស្របតាមគោលការណ៍នៃសេចក្ដីពិត និងរបៀបប្រព្រឹត្តដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយពួកគេយល់ពីធម្មជាតិនៃភាពពុករលួយដែលពួកគេបង្ហាញចេញមក។ នៅពេលដែលគំនិត និងសញ្ញាណរបស់ពួកគេត្រូវបានបើកសម្ដែង ពួកគេអាចពិចារណា ហើយលះបង់សាច់ឈាម។ នេះហើយជារបៀបដែលការផ្លាស់ប្ដូរខាងឯនិស្ស័យត្រូវបានសម្ដែងចេញ។ ចំណុចចម្បងអំពីមនុស្សដែលបានឆ្លងកាត់ការផ្លាស់ប្ដូរខាងនិស្ស័យ គឺពួកគេបានយល់យ៉ាងច្បាស់ពីសេចក្ដីពិត ហើយនៅពេលដែលអនុវត្តកិច្ចការអ្វីៗ ពួកគេយកសេចក្ដីពិតទៅអនុវត្តដោយភាពត្រឹមត្រូវ ហើយពួកគេមិនបង្ហាញចេញនូវភាពពុករលួយជាញឹកញាប់នោះទេ។ ជាទូទៅ អស់អ្នកដែលនិស្ស័យរបស់ខ្លួនបានបំផ្លាស់បំប្រែ តែងមានហេតុផល និងការពិចារណាជាពិសេស ហើយដោយសារការយល់ដឹងរបស់ពួកគេអំពីសេចក្ដីពិត ពួកគេមិនបង្ហាញឲ្យឃើញច្រើនអំពីការរាប់ខ្លួនឯងជាសុចរិត ឬក៏ភាពក្រអឺតក្រទមនោះទេ។ ពួកគេអាចមើលធ្លុះ និងដឹងយ៉ាងច្រើនអំពីភាពពុករលួយដែលបានបើកសម្ដែងឲ្យឃើញនៅក្នុងពួកគេ ដូច្នេះពួកគេមិនឲ្យតម្លៃលើភាពក្រអឺតក្រទមទេ។ ពួកគេអាចមានការយល់ដឹងមួយ ដែលអាចវាស់វែងបានអំពីអ្វីដែលជាកន្លែងរបស់មនុស្ស របៀបបញ្ចេញអាកប្បកិរិយាសមរម្យ របៀបយកចិត្តទុកដាក់បំពេញភារកិច្ច អ្វីដែលត្រូវនិយាយ និងអ្វីមិនត្រូវនិយាយ ព្រមទាំងអ្វីដែលត្រូវនិយាយនិងធ្វើចំពោះមនុស្សណាខ្លះ។ ដូច្នេះហើយបានជាគេនិយាយថា មនុស្សបែបនេះពិតជាសមហេតុផល។ អស់អ្នកដែលបានឆ្លងកាត់ការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់ខ្លួន ពិតជាសម្ដែងចេញនូវភាពដូចគ្នារបស់មនុស្ស ហើយពួកគេមានសេចក្ដីពិត។ ពួកគេតែងតែអាចនិយាយ និងមើលឃើញអ្វីៗស្របតាមសេចក្ដីពិត ហើយពួកគេមានគោលការណ៍នៅក្នុងអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ។ ពួកគេមិនស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកណាម្នាក់ បញ្ហា ឬក៏កិច្ចការអ្វីមួយឡើយ ហើយពួកគេមានទស្សនផ្ទាល់ខ្លួនរបស់ពួកគេ ព្រមទាំងអាចលើកកម្ពស់គោលការនៃសេចក្ដីពិតទៀតផង។ និស្ស័យរបស់ពួកគេពិតជាមានស្ថិរភាព ពួកគេមិនងាយផ្លាស់ប្ដូរចិត្តនោះទេ ហើយមិនថាពួកគេស្ថិតនៅក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏ពួកគេយល់ពីរបៀបបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសមរម្យ និងរបៀបបញ្ចេញអាកប្បកិរិយាតាមការសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ អស់អ្នកដែលនិស្ស័យរបស់ខ្លួនបានផ្លាស់ប្ដូរពិតប្រាកដ មិនផ្ដោតលើអ្វីដែលត្រូវធ្វើដើម្បីឲ្យខ្លួនឯងមើលទៅល្អនៅលើកម្រិតមួយដ៏អស្ចារ្យនោះទេ តែពួកគេបានទទួលនូវភាពច្បាស់លាស់ខាងក្នុង អំពីអ្វីដែលត្រូវធ្វើដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ដូច្នេះហើយ បើមើលពីខាងក្រៅពួកគេមើលទៅហាក់ដូចជាមិនសូវសាទរ ឬបានធ្វើអ្វីដែលអស្ចារ្យនោះទេ ប៉ុន្ដែអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ សុទ្ធតែមានអត្ថន័យ មានតម្លៃ និងផ្ដល់លទ្ធផលជាក់ស្ដែង។ អស់អ្នកដែលនិស្ស័យរបស់ខ្លួនបានផ្លាស់ប្ដូរ ប្រាកដជាមានសេចក្ដីពិតជាច្រើន ហើយការនេះអាចបញ្ជាក់បានតាមរយៈទស្សនរបស់ពួកគេទៅលើកិច្ចការ និងសកម្មភាពសំខាន់ៗរបស់ពួកគេ។ អស់អ្នកដែលមិនមានសេចក្ដីពិត មិនសម្រេចបាននូវការផ្លាស់ប្ដូរណាមួយខាងឯនិស្ស័យឡើយ។ ការផ្លាស់ប្ដូរខាងឯនិស្ស័យមិនមែនមានន័យថា មានភាពជាមនុស្សពេញវ័យ និងបរិបូរនោះទេ ប៉ុន្ដែជាចម្បង គឺវាសំដៅទៅលើករណីដែលថ្នាំពុលរបស់សាតាំងនៅក្នុងធម្មជាតិរបស់មនុស្ស ផ្លាស់ប្ដូរដោយសារការទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ និងការយល់ដឹងពីសេចក្ដីពិត។ នោះមានន័យថា ថ្នាំពុលរបស់សាតាំងទាំងអស់ត្រូវបានលាងសម្អាត ហើយសេចក្ដីពិតដែលបានសម្ដែងដោយព្រះជាម្ចាស់ចាក់ឫសនៅក្នុងមនុស្សប្រភេទនេះ ក្លាយជាជីវិតរបស់ពួកគេ និងក្លាយជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ។ មានតែបែបនេះទេ ទើបពួកគេក្លាយទៅជាមនុស្សថ្មី ដែលមានបទពិសោធន៍អំពីការបំផ្លាស់ប្រែខាងឯនិស្ស័យ។ ការបំផ្លាស់បំប្រែខាងឯនិស្ស័យមិនមែនមានន័យថា និស្ស័យខាងក្រៅរបស់មនុស្សមានភាពស្លូតបូតជាងមុន ហើយថាពួកគេធ្លាប់ក្រអឺតក្រទម ប៉ុន្ដែឥលូវនេះអាចប្រាស្រ័យទាក់ទងដោយសមហេតុផល ឬថាពួកគេមិនធ្លាប់ស្ដាប់អ្នកណាម្នាក់ ប៉ុន្ដែឥលូវនេះអាចស្ដាប់អ្នកដទៃនោះទេ។ ការផ្លាស់ប្ដូរផ្នែកខាងក្រៅទាំងអស់នេះ មិនអាចនិយាយបានថាជាការបំផ្លាស់បំប្រែខាងឯនិស្ស័យនោះទេ។ ប្រាកដណាស់ ការបំផ្លាស់បំប្រែខាងឯនិស្ស័យពិតជារាប់បញ្ចូលទាំងសភាព និងការសម្ដែងចេញបែបនេះ ប៉ុន្ដែគ្រឿងផ្សំដែលសំខាន់បំផុតនោះគឺផ្នែកខាងក្នុង ដែលជីវិតរបស់ពួកគេបានផ្លាស់ប្ដូរ។ សេចក្ដីពិតដែលសម្ដែងចេញដោយព្រះជាម្ចាស់ ក្លាយជាជីវិតរបស់ពួកគេ ថ្នាំពុលរបស់សាតាំងដែលនៅខាងក្នុង ត្រូវបានលុបបំបាត់ ហើយទស្សនរបស់ពួកគេបានផ្លាស់ប្ដូរទាំងស្រុង គ្មានទស្សនណាមួយស្របតាមទស្សនរបស់លោកិយឡើយ។ មនុស្សទាំងនេះអាចមើលឃើញយ៉ាងច្បាស់ពីគម្រោងការ និងថ្នាំពុលរបស់នាគដ៏ធំមានសម្បុរក្រហម ថាពួកវាមានលក្ខណៈបែបណា ព្រោះពួកគេបានយល់ពីសារជាតិពិតនៃជីវិត។ ដូច្នេះ តម្លៃជីវិតរបស់ពួកគេបានផ្លាស់ប្ដូរ ហើយនេះគឺជាផ្នែកដ៏សំខាន់បំផុតនៃការបំផ្លាស់បំប្រែ ក៏ដូចជាសារជាតិនៃការផ្លាស់ប្ដូរខាងនិស្ស័យដែរ។

ដកស្រង់ពី «ភាពខុសគ្នារវាងការផ្លាស់ប្ដូរផ្នែកខាងក្រៅ និងការផ្លាស់ប្ដូរខាងនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ការសម្រេចបាននូវការបំផ្លាស់បំប្រែខាងនិស្ស័យរបស់បុគ្គលម្នាក់ មិនមែនជារឿងធម្មតានោះទេ វាមិនមែនមានន័យថាគ្រាន់តែមានការផ្លាស់ប្ដូរអាកប្បកិរិយាខ្លះៗ ការទទួលបានចំណេះដឹងខ្លះអំពីសេចក្ដីពិត អាចនិយាយបានបន្ដិចបន្ដួចអំពីបទពិសោធន៍របស់អ្នកណាម្នាក់ចំពោះទិដ្ឋភាពគ្រប់យ៉ាងនៃសេចក្ដីពិត ឬផ្លាស់ប្ដូរខ្លះៗ ឬប្រែក្លាយជាស្ដាប់បង្គាប់បន្ដិចបន្ដួចក្រោយពីត្រូវបានដាក់វិន័យនោះទេ។ ការទាំងនេះមិនបង្កើតឱ្យមានការបំផ្លាស់បំប្រែខាងឯនិស្ស័យនៅក្នុងជិវិតរបស់បុគ្គលម្នាក់នោះទេ។ តើហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ទោះបីជាអ្នកបានផ្លាស់ប្ដូរខ្លះក៏ដោយ ក៏អ្នកនៅតែមិនយកសេចក្ដីពិតទៅអនុវត្តយ៉ាងពិតប្រាកដដែរ។ ប្រហែលជាដោយសារអ្នកស្ថិតនៅក្នុងបរិយាកាសមួយដែលសមស្របមួយរយៈពេល និងស្ថានភាពមួយដែលអំណោយផល ឬក៏កាលៈទេសៈបច្ចុប្បន្នរបស់អ្នកបានបង្ខំអ្នក ទើបអ្នកបញ្ចេញអាកប្បកិរយាតាមរបៀបនេះ។ បន្ថែមលើនេះទៀត នៅពេលដែលសភាពនៃគំនិតរបស់អ្នកមានស្ថិរភាព ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើការ ទើបអ្នកអាចអនុវត្តបាន។ ប្រសិនបើអ្នកកំពុងឆ្លងកាត់ទុក្ខលំបាក និងការរងទុក្ខដូចជាយ៉ូបបានឆ្លងកាត់ ឬក៏ដូចជាពេត្រុសដែលព្រះជាម្ចាស់សុំឱ្យស្លាប់ តើអ្នកអាចនឹងនិយាយថា «ទោះបីជាទូលបង្គំស្លាប់ ក្រោយពេលដែលស្គាល់ទ្រង់ក៏ដោយ ក៏មិនជាអ្វីដែរ» ឬទេ? ការបំផ្លាស់បំប្រែមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ ហើយនៅពេលដែលអ្នកយល់ពីសេចក្ដីពិត អ្នកមិនអាចយកវាទៅអនុវត្តនៅក្នុងបរិយាកាសគ្រប់យ៉ាងនោះទេ។ ការនេះពាក់ព័ន្ធនឹងធម្មជាតិរបស់មនុស្ស។ ពេលខ្លះ វាមើលទៅហាក់ដូចជាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្ត ប៉ុន្ដែតាមពិត ធម្មជាតិនៃសកម្មភាពរបស់អ្នកមិនបង្ហាញថាអ្នកកំពុងធ្វើដូច្នេះនោះទេ។ មនុស្សជាច្រើនមានអាកប្បកិរិយាខាងក្រៅប្រាកដប្រជាមួយចំនួន ដូចជាអាចទុកគ្រួសារ និងការងារចោលទៅម្ខាង ហើយបំពេញភារកិច្ចរបស់ខ្លួន ដូច្នេះហើយពួកគេជឿថា ពួកគេកំពុងអនុវត្តសេចក្ដីពិត។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់មិនទទួលស្គាល់ថា ពួកគេកំពុងអនុវត្តសេចក្ដីពិតនោះទេ។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ មានបំណងផ្ទាល់ខ្លួនមួយនៅពីក្រោយវា ហើយវាជាទង្វើក្លែងក្លាយ នោះអ្នកមិនមែនកំពុងអនុវត្តសេចក្ដីពិតទេ គឺអ្នកគ្រាន់តែបង្ហាញការប្រព្រឹត្តិពីខាងក្រៅប៉ុណ្ណោះ។ និយាយឱ្យចំទៅ ការប្រព្រឹត្តិរបស់អ្នកនឹងត្រូវថ្កោលទោសដោយព្រះជាម្ចាស់។ ទ្រង់នឹងមិនសរសើរ ឬនឹកចាំពីវាឡើយ។ ស្វែងយល់ឱ្យល្អិតល្អន់ទៅ គឺអ្នកកំពុងធ្វើការអាក្រក់ ហើយការប្រព្រឹត្តិរបស់អ្នកទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ ពីខាងក្រៅ អ្នកមិនមែនកំពុងបង្អាក់ ឬរំខានអ្វីនោះទេ ហើយអ្នកមិនបានធ្វើឱ្យខូចខាតពិតប្រាកដ ឬក៏បានបំពានលើសេចក្ដីពិតណាមួយឡើយ។ វាហាក់ដូចជាសមទំនង និងសមហេតុផល ប៉ុន្ដែសារជាតិនៃសកម្មភាពរបស់អ្នកជាប់ទាក់ទងទៅនឹងការធ្វើការអាក្រក់ និងការតតាំងជាមួយព្រះជាម្ចាស់។ ដូច្នេះហើយ អ្នកគួរតែកំណត់ថា តើមានការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់អ្នក ហើយថាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្តដោយសំលឹងមើលគោលបំណងដែលនៅពីក្រោយសកម្មភាពរបស់អ្នកដោយគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬអត់។ វាមិនអាស្រ័យលើទស្សនរបស់មនុស្សថាតើសកម្មភាពរបស់គេស្របតាមការស្រមើស្រមៃ និងចេតនារបស់មនុស្ស ឬថាតើសកម្មភាពទាំងនោះសមនឹងរសជាតិរបស់អ្នកឬអត់នោះទេ រឿងទាំងនេះមិនសំខាន់ឡើយ។ ផ្ទុយទៅវិញ វាអាស្រ័យលើព្រះជាម្ចាស់មានបន្ទូលថា អ្វីដែលអ្នកកំពុងធ្វើស្របតាមព្រះហឫទ័យរបស់ទ្រង់ឬអត់ ឬតើសកម្មភាពរបស់អ្នកមានសេចក្ដីពិត ហើយថាសកម្មភាពទាំងនោះឆ្លើយតបនឹងសេចក្ដីតម្រូវ ព្រមទាំងបទដ្ឋានរបស់ទ្រង់ឬអត់។ មានតែការវាស់ស្ទង់ខ្លួនអ្នកជាមួយនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបត្រឹមត្រូវ។ ការបំផ្លាស់បំប្រែខាងឯនិស្ស័យ និងការយកសេចក្ដីពិតទៅអនុវត្ត មិនមែនធម្មតា និងងាយស្រួលដូចមនុស្សស្រមើស្រមៃនោះទេ។ តើអ្នករាល់គ្នាយល់ពីការនេះឬទេឥឡូវនេះ? តើអ្នកមានបទពិសោធន៍ជាមួយការនេះឬទេ? នៅពេលដែលនិយាយអំពីសារជាតិនៃបញ្ហា អ្នករាល់គ្នាប្រហែលជាមិនយល់នោះទេ ព្រោះច្រកចូលរបស់អ្នករាល់គ្នារាក់កំផែលពេក។ អ្នករាល់គ្នារត់ពេញមួយថ្ងៃ តាំងពីព្រលឹមរហូតដល់ព្រលប់ ក្រោកពីព្រលឹម ហើយចូលដេកយឺត ប៉ុន្ដែអ្នកមិនបានសម្រេចការបំផ្លាស់បំប្រែខាងឯនិស្ស័យនៅក្នុងជីវិតរបស់អ្នកទេ ហើយអ្នករាល់គ្នាមិនអាចយល់បានថាការបំផ្លាស់បំប្រែនេះពាក់ព័ន្ធនឹងអ្វីឡើយ។ នេះមានន័យថាច្រកចូលរបស់អ្នករាក់កំផែលពេកហើយ មិនអ៊ីចឹងទេឬ? មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណាទេ អ្នករាល់គ្នាប្រហែលជាមិនយល់ពីសារជាតិ និងរឿងរ៉ាវស៊ីជម្រៅទាក់ទឹងនឹងការសម្រេចឱ្យបាននូវការបំផ្លាស់បំប្រែខាងឯនិស្ស័យឡើយ។ តើអាចនិយាយបានថា និស្ស័យរបស់អ្នកបានផ្លាស់ប្ដូរដែរឬទេ? តើធ្វើដូចម្ដេចទើបអ្នកដឹងថា ព្រះជាម្ចាស់លើកសរសើរអ្នកឬអត់? យ៉ាងហោចបំផុត អ្នកនឹងមានអារម្មណ៍រឹងមាំប្លែកទាក់ទងនឹងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយអ្នកនឹងមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំ និងបំភ្លឺអ្នក ព្រមទាំងកំពុងធ្វើការនៅក្នុងខ្លួនរបស់អ្នកនៅពេលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក កំពុងធ្វើកិច្ចការអ្វីមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ឬទាំងពេលធម្មតា។ ការប្រព្រឹត្តរបស់អ្នកនឹងស្របគ្នាជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកបានទទួលបទពិសោធន៍ដល់កម្រិតជាក់លាក់មួយ អ្នកនឹងមានអារម្មណ៍ថា របៀបដែលអ្នកបានធ្វើកាលពីមុនគឺសមស្របពិតមែន។ ទោះយ៉ាងណា បន្ទាប់ពីទទួលបានបទពិសោធន៍មួយរយៈពេលមក ប្រសិនបើអ្នកមានអារម្មណ៍ថា រឿងមួយចំនួនដែលអ្នកបានធ្វើកាលពីមុនមិនសមស្រប ហើយអ្នកមិនពេញចិត្តនឹងរឿងទាំងនោះ និងមានអារម្មណ៍ថា ពិតជាគ្មានសេចក្ដីពិតនៅក្នុងរឿងដែលអ្នកបានធ្វើទេ នោះហើយដែលបញ្ជាក់ថាអ្វីៗដែលអ្នកបានធ្វើ គឺបានប្រឆាំងនឹងព្រះជាម្ចាស់។ វាជាភស្ដុតាងដែលបញ្ជាក់ថាការបម្រើរបស់អ្នកគឺពោរពេញទៅដោយការបះបោរ ការទទឹងទាស់ និងការប្រព្រឹត្តតាមបែបមនុស្ស។

ដកស្រង់ពី «អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើច្រកចូលទៅក្នុងជីវិតរបស់អ្នករាល់គ្នាស្ថិតក្នុងដំណាក់កាលណា នៅពេលនេះ? អ្នកបានដឹងរួចហើយថា ការយល់ឃើញរបស់អ្នកខុស ប៉ុន្តែអ្នកនៅតែអាចពឹងផ្អែកលើការយល់ឃើញរបស់អ្នកដដែលដើម្បីរស់នៅ ហើយអ្នកប្រើប្រាស់វាដើម្បីវាស់វែងកិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីរិះគន់ ព្រមទាំងផ្ដល់យោបល់លើរាល់អ្វីៗដែលព្រះជាម្ចាស់ធ្វើ លើអធិបតេយ្យភាពរបស់ទ្រង់ និងលើស្ថានភាពនានាដែលទ្រង់យកមកសម្រាប់អ្នក ហើយអ្នកអាចប្រព្រឹត្តចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់តាមមធ្យោបាយនៃការយល់ឃើញ និងវិធីសាស្ត្ររបស់អ្នក។ តើនេះជាការអនុវត្តសេចក្ដីពិតឬ? តើលទ្ធផលនេះ គឺជាលទ្ធផលដែលសម្រេចបានបន្ទាប់ពីនិស្ស័យរបស់មនុស្សម្នាក់ត្រូវបានផ្លាស់ប្ដូរឬ? ទេ វាមិនមែនទេ។ ពេលនេះ អ្នកគ្រាន់តែទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ល្អ និងត្រឹមត្រូវប៉ុណ្ណោះ ហើយដើម្បីមើលទៅលើអាកប្បកិរិយាខាងក្រៅរបស់អ្នក អ្នកមិនធ្វើអ្វីដែលប្រឆាំងនឹងសេចក្ដីពិតនោះទេ តិចណាស់ដែលអ្នកធ្វើអ្វីៗដែលរិះគន់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់។ អ្នកក៏អាចស្ដាប់បង្គាប់ចំពោះការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់បានដែរ។ មនុស្សប្រភេទនេះ បានឆ្លងកាត់ពីអ្នកមិនជឿម្នាក់ ទៅជាអ្នកដើរតាមព្រះជាម្ចាស់ ប្រកបដោយសុភាវធម៌នៃសន្ដបុគ្គលម្នាក់។ អ្នកចេញពីមនុស្សម្នាក់ដែលរស់នៅដោយផ្អែកលើទស្សនវិជ្ជារបស់សាតាំងសម្រាប់ការរស់នៅ និងដោយគំនិត គោលការណ៍ ព្រមទាំងចំណេះដឹងរបស់សាតាំង មកជាមនុស្សម្នាក់ដែលមានអារម្មណ៍ថា ដោយបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេជាមនុស្សល្អ ត្រឹមត្រូវ និងសេចក្ដីពិត ជាអ្នកដែលចង់រស់នៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយកព្រះបន្ទូលនោះជាជីវិតរបស់ពួកគេ។ ដំណើរការគឺបែបនោះ គ្មានអ្វីក្រៅពីនេះទេ។ អំឡុងពេលនេះ អាកប្បកិរិយា និងមធ្យោបាយធ្វើការរបស់អ្នក នឹងឆ្លងកាត់ការផ្លាស់ប្ដូរយ៉ាងពិតប្រាកដ ហើយនឹងខុសគ្នាពីមុនទាំងស្រុងយ៉ាងពិតប្រាកដ។ ទោះបីជាយ៉ាងណា មិនថាវិធីអ្វីដែលខុសគ្នា ឬមានអ្វីៗប៉ុន្មានដែលខុសគ្នានោះទេ ចំពោះព្រះជាម្ចាស់ អ្វីដែលបង្ហាញនៅក្នុងអ្នក គឺគ្មានអ្វីក្រៅពីការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយា និងវិធីសាស្ត្ររបស់អ្នក ការផ្លាស់ប្ដូរនៅក្នុងការគិត និងការយល់ឃើញរបស់អ្នក ការផ្លាស់ប្ដូរនៅក្នុងចំណង់ខាងក្នុងរបស់អ្នក និងការផ្លាស់ប្ដូរនៅក្នុងបំណងប្រាថ្នារបស់អ្នកនោះទេ គឺគ្មានអ្វីដែលលើសពីនេះទេ។ ពេលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង អ្នកអាចថ្វាយជីវិតរបស់អ្នកទៅព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនអាចទទួលបានការស្ដាប់បង្គាប់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ នៅក្នុងបញ្ហាដែលអ្នកយល់យ៉ាងជាក់លាក់ថាគួរឱ្យស្អប់ខ្ពើមនោះទេ។ នេះគឺជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយា និងការផ្លាស់ប្ដូរខាងឯនិស្ស័យ។ ប្រហែលជាចិត្តដ៏ល្អរបស់អ្នក អាចធ្វើឱ្យអ្នកប្រព្រឹត្តតាមរបៀបបែបនេះដោយភ្លាមៗ ទើបអ្នកថ្វាយជីវិតរបស់អ្នកទៅព្រះជាម្ចាស់ ហើយនិយាយថា «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ និងចង់បោះបង់ចោលឈាមនៃជីវិតរបស់ខ្ញុំសម្រាប់ព្រះជាម្ចាស់។ នៅក្នុងជីវិតនេះ ខ្ញុំគ្មានការសោកស្ដាយ និងគ្មានការរអ៊ូរទាំទេ! ខ្ញុំបានបោះបង់ចោលការរៀបការ បោះបង់ចោលសេចក្ដីសង្ឃឹមបែបលោកីយ៍ បោះបង់ចោលរាល់ភាពរុងរឿង និងភាពសម្បូរសប្បាយ ហើយខ្ញុំទទួលយកស្ថានភាពនេះ ដែលព្រះជាម្ចាស់បានរៀបចំ។ ខ្ញុំអាចស៊ូទ្រាំងក្នុងការទទួលយករាល់ការសើចចំអក និងពាក្យបង្កាច់បង្ខូចរបស់លោកីយ៍»។ ប៉ុន្តែគ្រប់យ៉ាងដែលព្រះជាម្ចាស់ត្រូវតែធ្វើ គឺរៀបចំស្ថានភាពដែលមិនសមនឹងសញ្ញាណរបស់អ្នក ហើយក្រោយមកអ្នកស្រែកដាក់ទ្រង់ ហើយបដិសេធទ្រង់។ នេះគឺជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយា និងការផ្លាស់ប្ដូរខាងឯនិស្ស័យ។ វាក៏អាចទៅរួចដែរ ដែលអ្នកអាចថ្វាយជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ ហើយបោះបង់ចោលមនុស្ស និងអ្វីៗដែលអ្នកស្រឡាញ់បំផុត ឬរបស់ដែលចិត្តរបស់អ្នកមិនចង់ឱ្យចាកចេញ។ ប៉ុន្តែនៅពេលដែលអ្នកត្រូវបានហៅឱ្យនិយាយពាក្យដ៏ស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងត្រូវបានហៅថាជាមនុស្សស្មោះត្រង់ម្នាក់ អ្នកដឹងថា វាលំបាកដែរ ហើយអ្នកមិនអាចធ្វើវាបានទេ។ នេះគឺជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយា និងការផ្លាស់ប្ដូរខាងឯនិស្ស័យ។ បន្ទាប់មក ជាថ្មីម្ដងទៀត ប្រហែលជាអ្នកមិនចង់បានភាពស្រណុកសុខស្រួលដ៏សម្បើមនៅក្នុងជីវិតនេះ ទាំងមិនទទួលទានអាហារឆ្ងាញ់ និងមិនស្លៀកសម្លៀកបំពាក់ល្អៗ។ រាល់ថ្ងៃ អ្នកធ្វើឱ្យខ្លួនរយ៉េរយ៉ៃ និងរហូតដល់អស់កម្លាំង។ អ្នកអាចស៊ូទ្រាំរាល់ការឈឺចាប់គ្រប់ប្រភេទដែលបណ្ដាលមកពីសាច់ឈាម ប៉ុន្តែប្រសិនបើការរៀបចំរបស់ព្រះជាម្ចាស់មិនស្របទៅនឹងសញ្ញាណរបស់អ្នកទេ នោះអ្នកមិនអាចយល់ ហើយការតវ៉ាប្រឆាំងព្រះជាម្ចាស់ និងការយល់ច្រឡំអំពីទ្រង់ក៏កើតឡើងនៅក្នុងអ្នក ហើយនៅពេលនោះ ទំនាក់ទំនងរវាងអ្នកនិងព្រះជាម្ចាស់ នឹងកាន់តែតឹងតែងឡើងជាលំដាប់ រហូតដល់អ្នកចង់រត់គេច និងក្បត់ទ្រង់ថែមទៀតផង ហើយអ្នកមិនអាចចុះចូលយ៉ាងពេញលេញនោះទេ។ នេះគឺជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយា និងការផ្លាស់ប្ដូរខាងឯនិស្ស័យ។ អ្នកអាចបោះបង់ចោលជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ ដូច្នេះ ហេតុអ្វីបានជាអ្នកមិនអាចនិយាយពាក្យដ៏ស្មោះត្រង់ទៅកាន់ទ្រង់? អ្នកអាចបោះបង់ចោលគ្រប់យ៉ាងចេញពីខ្លួនអ្នក ចុះហេតុអ្វីបានជាអ្នកមិនអាចស្មោះស្ម័គ្រតែមួយចំពោះបញ្ជាបេសកកម្ម និងកិច្ចការដែលព្រះជាម្ចាស់បានប្រទានឱ្យអ្នក? អ្នកអាចបោះបង់ចោលជីវិតរបស់អ្នកសម្រាប់ព្រះជាម្ចាស់ ចុះហេតុអ្វី នៅពេលដែលអ្នកបើកសម្ដែងអារម្មណ៍របស់អ្នក ហើយប្រកាន់យកទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ អ្នកបែរជាមិនអាចមានជំហរដើម្បីប្រកាន់យកកិច្ចការរបស់ព្រះជាម្ចាស់ និងផលប្រយោជន៍របស់ទ្រង់ទៅវិញ? អ្នកបានស្បថនៅចំពោះព្រះជាម្ចាស់ ថាលះបង់ខ្លួនអ្នកសម្រាប់ទ្រង់អស់មួយជីវិត និងដើម្បីទទួលយកការរងទុក្ខអ្វីក៏ដោយដែលអ្នកជួបប្រទះ ចុះហេតុអ្វីគ្រាន់តែត្រូវបានបណ្ដេញចេញពីកាតព្វកិច្ចរបស់អ្នកមួយរំពេច ធ្វើឱ្យអ្នកលិចយ៉ាងជ្រៅទៅក្នុងភាពអវិជ្ជមានដែលអ្នកមិនអាចវារត្រឡប់ចេញមកវិញបានអស់ជាច្រើនថ្ងៃបែបនេះ? ចិត្តរបស់អ្នកពេញទៅដោយការបដិសេធចំពោះព្រះជាម្ចាស់ ហើយពេញដោយការប្រឆាំងតវ៉ា និងការយល់ច្រឡំ។ ទាំងអស់នេះគឺសុទ្ធតែអវិជ្ជមាន។ តើមានអ្វីកំពុងកើតឡើង? នេះគឺជាភាពខុសគ្នារវាងការផ្លាស់ប្ដូរនៅក្នុងអាកប្បកិរិយា និងការផ្លាស់ប្ដូរខាងឯនិស្ស័យ។

ដកស្រង់ពី «មានតែតាមរយៈការដោះស្រាយសញ្ញាណរបស់ខ្លួនតែប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចចូលទៅក្នុងផ្លូវត្រូវនៃការជឿលើព្រះជាម្ចាស់ (៣)» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីជាមូលដ្ឋានដែលមនុស្សធ្លាប់រស់អាស្រ័យលើ? មនុស្សទាំងអស់រស់នៅដើម្បីខ្លួនឯង។ មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នេះគឺជាការសរុបសេចក្ដីអំពីនិស្ស័យរបស់មនុស្ស។ មនុស្សជឿលើព្រះជាម្ចាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ពួកគេបោះបង់ចោលអ្វីៗ លះបង់ខ្លួនដើម្បីទ្រង់ និងស្មោះត្រង់ចំពោះទ្រង់ តែពួកគេនៅតែធ្វើអ្វីៗទាំងអស់នេះដើម្បីប្រយោជន៍ផ្ទាល់ខ្លួនពួកគេដដែល។ សរុបមក គ្រប់យ៉ាងត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីទទួលបានព្រះពរសម្រាប់ខ្លួនពួកគេ។ នៅក្នុងសង្គម អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ការជឿលើព្រះជាម្ចាស់គឺធ្វើឡើងដើម្បីតែទទួលបានព្រះពរតែប៉ុណ្ណោះ។ វាគឺដើម្បីប្រយោជន៍ក្នុងការទទួលបានព្រះពរតែប៉ុណ្ណោះ ទើបមនុស្សលះបង់ចោលអ្វីៗគ្រប់យ៉ាង ហើយអាចស៊ូទ្រាំនឹងការរងទុក្ខជាច្រើន៖ នេះសុទ្ធតែជាភស្តុតាងជាក់ស្តែងអំពីនិស្ស័យពុករលួយរបស់មនុស្ស។ ទោះយ៉ាងណាក៏ដោយ ពួកអ្នកដែលមានការផ្លាស់ប្ដូរនិស្ស័យ គឺមិនដូច្នោះទេ ពួកគេជឿថា ការរស់នៅប្រកបដោយអត្ថន័យ ការបំពេញភារកិច្ចរបស់មនុស្សដើម្បីឱ្យសមនឹងការហៅថាជាមនុស្ស ការថ្វាយបង្គំព្រះជាម្ចាស់ ព្រមទាំងការបំពេញព្រះហឫទ័យ និងការចុះចូលចំពោះព្រះជាម្ចាស់ ទាំងអស់នេះគឺជាគ្រឹះនៃអត្ថន័យក្នុងការធ្វើជាមនុស្ស ហើយគឺជាកាតព្វកិច្ចដែលត្រូវបានបង្គាប់ដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី។ បើមិនដូច្នោះទេ ពួកគេនឹងមិនសមឱ្យគេហៅថាជាមនុស្សនោះទេ ជីវិតរបស់ពួកគេនឹងទទេ ហើយគ្មានន័យសោះ។ ពួកគេមានអារម្មណ៍ថា មនុស្សគួរតែរស់នៅដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងរស់នៅប្រកបដោយអត្ថន័យ ដើម្បីឱ្យសូម្បីតែដល់ពេលដែលពួកគេស្លាប់ក៏ដោយ ក៏ពួកគេនឹងមានអារម្មណ៍ពេញចិត្តពេញថ្លើម និងមិនមានការសោកស្តាយអ្វីបន្តិចឡើយ ហើយមិនបានរស់នៅដោយឥតប្រយោជន៍នោះទេ។ បើប្រៀបធៀបសភាពខុសគ្នាទាំងពីរនេះ គេអាចឃើញថា អ្នកចុងក្រោយ គឺជាមនុស្សដែលមានការផ្លាស់ប្រែនិស្ស័យរបស់ខ្លួន ហើយដោយសារនិស្ស័យនៃជីវិតរបស់គាត់បានផ្លាស់ប្រែ ទើបទស្សនៈរបស់គាត់អំពីជីវិតបានផ្លាស់ប្ដូរពិតប្រាកដដែរ។ ឥឡូវ ដោយមានគុណតម្លៃខុសគ្នា គាត់នឹងលែងរស់នៅដើម្បីខ្លួនឯងទៀតហើយ ហើយគាត់ ក៏ នឹងលែងជឿលើព្រះជាម្ចាស់ដើម្បីគោលបំណងទទួលបានព្រះពរទៀតដែរ។ មនុស្សបែបនេះនឹងអាចនិយាយថា «ប្រសិនបើខ្ញុំស្លាប់បន្ទាប់ពីបានស្គាល់ព្រះជាម្ចាស់ នោះសេចក្ដីស្លាប់ជាអ្វីទៅចំពោះខ្ញុំ? ប្រសិនបើខ្ញុំអាចស្គាល់ព្រះជាម្ចាស់ នោះខ្ញុំនឹងអាចរស់នៅប្រកបដោយអត្ថន័យ ហើយបន្ទាប់មក ខ្ញុំនឹងមិនបានរស់នៅដោយឥតប្រយោជន៍ ថែមទាំងមិនស្លាប់ទៅដោយការសោកស្ដាយផងដែរ ខ្ញុំនឹងគ្មានការត្អូញត្អែរឡើយ»។ តើនេះមិនមែនជាការផ្លាស់ប្ដូរទស្សនៈអំពីជីវិតទេឬ? ដូច្នេះហើយ បុព្វហេតុចម្បងនៃការផ្លាស់ប្ដូរនិស្ស័យជីវិតរបស់មនុស្សម្នាក់ គឺការមានសេចក្ដីពិតនៅខាងក្នុង និងការស្គាល់ព្រះជាម្ចាស់ ដោយហេតុនេះហើយ ទើបទស្សនៈរបស់គេអំពីជីវិតបានផ្លាស់ប្ដូរ ឯគុណតម្លៃរបស់គេគឺក៏ខុសពីមុនដែរ។ ការបំផ្លាស់បំប្រែចាប់ផ្ដើមពីខាងក្នុង និងពីជីវិតរបស់គេ វាពិតជាមិនមែនជាការផ្លាស់ប្ដូរតែខាងក្រៅនោះទេ។ អ្នកជឿថ្មីខ្លះ បន្ទាប់ពីពួកគេបានចាប់ផ្ដើមជឿលើព្រះជាម្ចាស់ហើយ ពួកគេបោះបង់ពិភពលោកិយចោល។ ក្រោយមក នៅពេលដែលពួកគេជួបអ្នកមិនជឿ អ្នកជឿទាំងនេះមិនសូវមានអ្វីនិយាយទេ ហើយពួកគេកម្រទាក់ទងសាច់ញាតិ និងមិត្តភក្តិដែលមិនជឿណាស់។ អ្នកមិនជឿនិយាយថា «មនុស្សនេះបានផ្លាស់ប្ដូរហើយ»។ ពេលនោះ អ្នកជឿគិតថា «និស្ស័យរបស់ខ្ញុំពិតជាបានផ្លាស់ប្រែហើយ ព្រោះអ្នកមិនជឿទាំងនេះនិយាយថា ខ្ញុំបានផ្លាស់ប្ដូរហើយ»។ តាមការពិត តើនិស្ស័យរបស់មនុស្សបែបនេះពិតជាបានផ្លាស់ប្រែមែនឬទេ? អ្វីដែលគាត់បង្ហាញឱ្យឃើញ គឺគ្រាន់តែជាការផ្លាស់ប្ដូរខាងក្រៅប៉ុណ្ណោះ។ មិនមានការផ្លាស់ប្ដូរពិតប្រាកដនៅក្នុងជីវិតរបស់គាត់ទេ ហើយនិស្ស័យបែបសាតាំងរបស់គាត់ក៏នៅតែចាក់ឫសក្នុងខ្លួនគាត់ដដែល ដោយមិនរងការប៉ះពាល់ទាល់តែសោះ។ ពេលខ្លះ មនុស្សជាប់ចិត្តដោយភាពក្លៀវក្លា ដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ការផ្លាស់ប្ដូរខាងក្រៅខ្លះៗអាចនឹងកើតឡើង ហើយពួកគេអាចនឹងធ្វើអំពើល្អមួយចំនួន។ តែទោះយ៉ាងណាក៏ដោយ នេះមិនដូចគ្នានឹងការសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យទេ។ ប្រសិនបើអ្នកមិនមានសេចក្ដីពិត ហើយទស្សនៈរបស់អ្នកអំពីអ្វីៗមិនបានផ្លាស់ប្ដូរទេ កុំថាឡើយរហូតដល់ថ្នាក់មិនមានភាពខុសគ្នាពីអ្នកមិនជឿនោះ ហើយប្រសិនបើគុណតម្លៃ និងទស្សនៈរបស់អ្នកអំពីជីវិត មិនបានផ្លាស់ប្ដូរ និងប្រសិនបើអ្នកមិនមានសូម្បីតែការគោរពចំពោះព្រះជាម្ចាស់ ដែលជារឿងតូចបំផុតដែលអ្នកគួរតែមាន នោះអ្នកនឹងមិនបានមកជិតការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យឡើយ។

ដកស្រង់ពី «ភាពខុសគ្នារវាងការផ្លាស់ប្ដូរផ្នែកខាងក្រៅ និងការផ្លាស់ប្ដូរខាងនិស្ស័យ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅពេលដែលមនុស្សមានបទពិសោធន៍ រហូតដល់ថ្ងៃដែលទស្សនៈទានស្ដីពីជីវិត និងអត្ថន័យរបស់ពួកគេ នោះមូលដ្ឋាននៃការរស់នៅរបស់ពួកគេបានផ្លាស់ប្ដូរទាំងស្រុង នៅពេលដែលពួកគេត្រូវបានផ្លាស់ប្ដូរយ៉ាងស៊ីជម្រៅ ហើយបានក្លាយជាមនុស្សម្នាក់ផ្សេង តើនេះមិនមែនជារឿងដ៏អស្ចារ្យទេឬ? នេះគឺជាការផ្លាស់ប្ដូរដ៏ធំធេង គឺជាការផ្លាស់ប្ដូដ៏កក្រើកផែនដី។ មានតែនៅពេលដែលអ្នកលែងចាប់អារម្មណ៍លើកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ឋានៈ លុយកាក់ ភាពសប្បាយរីករាយ អំណាច និងសិរីល្អរបស់ពិភពលោក ហើយអាចលះបង់ចោលពួកវាយ៉ាងងាយប៉ុណ្ណោះ ទើបអ្នកនឹងមានភាពដូចទៅនឹងមនុស្ស។ អ្នកណាដែលនឹងត្រូវបានធ្វើឱ្យពេញលេញនៅចុងបំផុត គឺក្រុមមនុស្សបែបនេះ។ ពួកគេរស់នៅសម្រាប់សេចក្ដីពិត រស់នៅសម្រាប់ព្រះជាម្ចាស់ និងរស់នៅសម្រាប់អ្វីដែលយុត្តិធម៌។ នេះគឺជាភាពដូចគ្នានៃមនុស្សដ៏ពិត។

ដកស្រង់ពី «មនុស្សត្រូវតែយល់ថា មានភាពស្រដៀងគ្នា និងភាពខុសគ្នា នៅក្នុងចំណោមធម្មជាតិរបស់មនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើបុគ្គលម្នាក់ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ខណៈពេលដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនផ្អែកលើពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ហើយចូលទៅកាន់ភាពពិតប្រាកដក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃសេចក្ដីពិត នោះគេជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍។ អាចនិយាយបានថា កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់មានប្រសិទ្ធភាពចំពោះមនុស្សប្រភេទនេះ ហើយថាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្លាយជាជីវិតរបស់ពួកគេ ពួកគេបានទទួលសេចក្ដីពិត ហើយពួកគេអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនេះទៅ ធម្មជាតិនៃសាច់ឈាមរបស់ពួកគេ ដែលជាមូលដ្ឋានគ្រឹះនៃអត្ថិភាពដើមរបស់ពួកគេនឹងអង្រួនដាច់ចេញពីគ្នា និងដួលរលំ។ ក្រោយពេលដែលមនុស្សមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់ពួកគេ ពួកគេនឹងក្លាយជាមនុស្សថ្មី។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ សេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស ការបើកសម្ដែងរបស់ទ្រង់ដល់មនុស្ស និងបទដ្ឋានសម្រាប់ជីវិតពិតប្រាកដមួយដែលព្រះជាម្ចាស់តម្រូវឲ្យពួកគេបំពេញបានក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើពួកគេរស់នៅស្របតាមព្រះបន្ទូល និងសេចក្ដីពិតទាំងនេះ នោះពួកគេច្បាស់ជាត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះបានកើតជាថ្មី ហើយបានក្លាយជាមនុស្សថ្មីតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាមាគ៌ាដែលពេត្រុសបានដេញតាមសេចក្ដីពិត ហើយវាជាមាគ៌ានៃការប្រោសឲ្យបានគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការទទួលបានជីវិតមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ សេចក្ដីពិតដែលបានសម្ដែងចេញដោយព្រះជាម្ចាស់ បានក្លាយជាជីវិតរបស់គាត់ ហើយមានតែនៅបែបនេះទេទើបគាត់ក្លាយទៅជាបុគ្គលម្នាក់ដែលទទួលបានសេចក្ដីពិត។

ដកស្រង់ពី «របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៣. អ្វីដែលមនុស្សម្នាក់អាចសម្រេចបាន ដោយការមានបទពិសោធន៍អំពីការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធ

បន្ទាប់៖ ២. វិធីដែលមនុស្សម្នាក់គួរតែតាមរកសេចក្ដីពិត ដើម្បីសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ និងត្រូវបានព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ