១. អ្វីជាការស្គាល់ព្រះជាម្ចាស់ និងអ្វីជាសារៈសំខាន់នៃការស្គាល់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

វាជាច្បាប់របស់ស្ថានសួគ៌ និងជាគោលការណ៍របស់ផែនដីក្នុងការជឿលើព្រះជាម្ចាស់ និងស្គាល់ព្រះជាម្ចាស់ ហើយសព្វថ្ងៃនេះ (ក្នុងអំឡុងសម័យដែលព្រះជាម្ចាស់យកកំណើតជាមនុស្សកំពុងបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់) គឺពេលវេលាដ៏ល្អជាពិសេសក្នុងការស្គាល់ព្រះជាម្ចាស់។ ការគាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺជាអ្វីដែលអាចសម្រេចទៅបានដោយការកសាងមូលដ្ឋានគ្រឹះនៃការស្វែងយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយដើម្បីស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន ចាំបាច់ត្រូវមានចំណេះដឹងខ្លះៗអំពីព្រះជាម្ចាស់។ ចំណេះដឹងអំពីព្រះជាម្ចាស់នេះ គឺជានិមិត្តដែលមនុស្សម្នាក់ជឿលើព្រះជាម្ចាស់ត្រូវតែមាន។ វាគឺជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់។ បើគ្មានចំណេះដឹងនេះទេ សេចក្តីជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ នឹងមានដោយស្រពិចស្រពិល នៅក្នុងចំណោមទ្រឹស្ដីទទេស្អាត។ បើទោះបីវាជាសេចក្ដីសម្រេចរបស់មនុស្សបែបនេះដើម្បីដើរតាមព្រះជាម្ចាស់ក៏ពិតមែន ក៏ពួកគេនឹងមិនទទួលបានអ្វីសោះឡើយ។ អស់អ្នកដែលមិនទទួលបានអ្វីសោះនៅក្នុងអូរនេះ គឺជាអ្នកដែលនឹងត្រូវកម្ចាត់ចេញ ពួកគេគឺជាមនុស្សកេងប្រវ័ញ្ច។ មិនថាឯងមានបទពិសោធន៍នៅក្នុងដំណាក់កាលណាមួយនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ ឯងគប្បីត្រូវមាននិមិត្តដ៏អស្ចារ្យមួយអមមកជាមួយ។ បើពុំដូចនេះទេ ឯងមុខជានឹងជួបការលំបាកក្នុងការទទួលយកជំហាននីមួយៗនៃកិច្ចការថ្មីនេះ ដ្បិតកិច្ចការថ្មីរបស់ព្រះជាម្ចាស់ លើសពីសមត្ថភាពរបស់មនុស្សដែលអាចនឹងស្រមៃដល់ ហើយនៅក្រៅព្រំដែននៃការយល់ដឹងរបស់គេ។ ដូច្នេះ បើគ្មានអ្នកគង្វាលដើម្បីមើលថែមនុស្ស បើគ្មានអ្នកគង្វាលចូលរួមក្នុងការប្រកបអំពីនិមិត្តទេ មនុស្សមិនអាចទទួលបានកិច្ចការថ្មីនេះឡើយ។ ប្រសិនបើមនុស្សពុំអាចទទួលបាននិមិត្តទេ នោះពួកគេមិនអាចទទួលបានកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយប្រសិនបើមនុស្សមិនអាចស្ដាប់បង្គាប់តាមកិច្ចការថ្មីរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងមិនអាចយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយដូចនេះ ចំណេះដឹងអំពីព្រះជាម្ចាស់នឹងក្លាយជាគ្មានបានការអ្វីទាំងអស់។ នៅមុនពេលមនុស្សអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់សិន ពោលគឺគេត្រូវយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានតែបែបនេះទេ ទើបអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានសុក្រិតល្អ និងស្របតាមព្រះហឫទ័យ របស់ព្រះជាម្ចាស់។ នេះគឺជាអ្វីដែលអ្នកស្វែងរកសេចក្តីពិតគ្រប់គ្នាត្រូវមាន ហើយវាក៏ជាដំណើរការដែលមនុស្សគ្រប់គ្នាព្យាយាមចង់ស្គាល់ព្រះជាម្ចាស់ត្រូវឆ្លងកាត់ផងដែរ។ ដំណើរការនៃការស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ ដូចនេះការស្គាល់និមិត្ត មិនគ្រាន់តែសំដៅលើការស្គាល់សភាពជាមនុស្សរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងការស្គាល់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ផងដែរ។ មនុស្សស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពួកគេស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងស្គាល់ថាព្រះជាម្ចាស់ជានរណាតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ ជំនឿលើព្រះជាម្ចាស់ គឺជាជំហានដំបូងក្នុងការស្គាល់ព្រះជាម្ចាស់។ ដំណើរការនៃការជឿនលឿនទៅមុខ ដោយចាប់ពីជំនឿដំបូងលើព្រះជាម្ចាស់ រហូតដល់ជំនឿដ៏ជ្រាលជ្រៅលើទ្រង់ គឺជាដំណើរការនៃការស្គាល់ព្រះជាម្ចាស់ ជាដំណើរការនៃការឆ្លងកាត់បទពិសោធន៍ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែជឿលើព្រះជាម្ចាស់ដើម្បីគ្រាន់តែជឿលើព្រះជាម្ចាស់ប៉ុណ្ណោះ និងមិនមែនដើម្បីស្គាល់ទ្រង់ទេនោះពុំមានសេចក្តីពិតនៅក្នុងសេចក្តីជំនឿរបស់ឯងឡើយ ហើយសេចក្តីជំនឿរបស់ឯង មិនអាចក្លាយជាបរិសុទ្ធបានឡើយ និងគ្មានអ្វីដែលត្រូវឆ្ងល់អំពីរឿងនេះនោះទេ។ ក្នុងអំឡុងពេលដែលមនុស្សឆ្លងកាត់បទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើគេស្គាល់ព្រះជាម្ចាស់បន្តិចម្ដងៗ នោះនិស្ស័យរបស់គេនឹងត្រូវផ្លាស់ប្រែបន្តិចម្ដងៗ ហើយជំនឿរបស់ពួកគេនឹងកាន់តែពិតឡើងៗ។ តាមរបៀបនេះ នៅពេលដែលមនុស្សសម្រេចបាននូវជំនឿរបស់គេលើព្រះជាម្ចាស់ គេនឹងត្រូវព្រះជាម្ចាស់ទទួលយកដោយពេញលេញ។ មូលហេតុដែលព្រះជាម្ចាស់បានចំណាយពេលយ៉ាងយូរដើម្បីត្រលប់ជាសាច់ឈាមជាលើកទីពីរដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ គឺដើម្បីឲ្យមនុស្សអាចស្គាល់ទ្រង់ និងអាចឃើញទ្រង់បាន។ ការស្គាល់ព្រះជាម្ចាស់[ក] គឺជាលទ្ធផលចុងក្រោយដែលត្រូវសម្រេចឲ្យបាននៅទីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់។ វាគឺជាលក្ខខណ្ឌចុងក្រោយដែលព្រះជាម្ចាស់បានបង្កើតមនុស្សលោក។ មូលហេតុដែលទ្រង់ធ្វើបែបនេះ គឺដើម្បីធ្វើទីបន្ទាល់ចុងក្រោយរបស់ទ្រង់។ ទ្រង់បំពេញកិច្ចការនេះដើម្បីឲ្យទីបំផុត មនុស្សអាចត្រឡប់មករកទ្រង់វិញដោយពេញលេញ។ មនុស្សអាចមកស្រឡាញ់ព្រះជាម្ចាស់វិញបានដោយសារការស្គាល់ព្រះជាម្ចាស់ ហើយដើម្បីស្រឡាញ់ព្រះជាម្ចាស់បាន គេត្រូវស្គាល់ព្រះជាម្ចាស់។ មិនថាគេស្វែងរកដោយបែបណា ឬគេស្វែងរកចង់បានអ្វីនោះទេ គេត្រូវតែសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែដោយបែបនេះទេទើបមនុស្សអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ មានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឲ្យមនុស្សមានសេចក្តីជំនឿពិតលើព្រះជាម្ចាស់ ហើយមានតែការស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចឲ្យគេគោរពកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ដោយពិតប្រាកដ។ អស់អ្នកដែលពុំស្គាល់ព្រះជាម្ចាស់ នឹងមិនអាចស្ដាប់បង្គាប់ និងគោរពកោតខ្លាចព្រះជាម្ចាស់ដោយពិតប្រាកដបានឡើយ។ ការស្គាល់ព្រះជាម្ចាស់ រួមបញ្ចូលនូវការស្គាល់និស្ស័យរបស់ទ្រង់ ការយល់ដឹងអំពីព្រះហឫទ័យរបស់ទ្រង់ និងការស្គាល់ពីលក្ខណៈរបស់ទ្រង់។ ប៉ុន្តែ មិនថានរណាម្នាក់ស្គាល់អំពីទិដ្ឋភាពណាមួយនោះទេ គឺចំណុចនីមួយៗតម្រូវឲ្យមនុស្សឲ្យតម្លៃខ្ពស់ និងត្រូវមានឆន្ទៈស្ដាប់បង្គាប់ បើគ្មានចំណុចណាមួយទេ គ្មាននរណាម្នាក់អាចបន្តស្ដាប់បង្គាប់បានរហូតដល់ទីបញ្ចប់ឡើយ។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មេរៀនអំពីការស្គាល់ព្រះជាម្ចាស់ ខ្ពង់ខ្ពស់ជាងវិទ្យាសាស្ត្រធម្មជាតិរបស់មនុស្សជាតិទៅទៀត។ វាជាមេរៀនដែលមានមនុស្សតិចតួចបំផុត ដែលព្យាយាមស្វែងរកព្រះជាម្ចាស់ ទើបអាចសម្រេចបាន ហើយប្រសិនបើត្រឹមតែជាបុគ្គលម្នាក់ដែលមានទេពកោសល្យ ក៏មិនអាចសម្រេចបានដែរ។ ដូច្នេះអ្នករាល់គ្នាមិនត្រូវចាត់ទុកថា ការស្គាល់ព្រះជាម្ចាស់ និងការព្យាយាមឲ្យបានសេចក្ដីពិតប្រៀបបីដូចជាកិច្ចការដែលសូម្បីតែក្មេងក៏អាចសម្រេចបាននោះដែរ។ ប្រហែលជាអ្នកមានជោគជ័យទាំងស្រុងក្នុងជីវិត គ្រួសាររបស់អ្នក ឬអាជីពការងាររបស់អ្នក ឬជីវិតអាពាហ៍ពិពាហ៍របស់អ្នក តែពេលនិយាយដល់សេចក្ដីពិត និងមេរៀនពីការស្គាល់ព្រះជាម្ចាស់ អ្នកគ្មានអ្វីបង្ហាញសម្រាប់ខ្លួនឯង ហើយមិនសម្រេចបានអ្វីទាំងអស់ដែរ។ ការយកសេចក្ដីពិតទៅអនុវត្ត អាចនិយាយបានថា គឺជាការពិបាកបំផុតសម្រាប់អ្នករាល់គ្នា ហើយការស្គាល់ព្រះជាម្ចាស់ ក៏កាន់តែជាបញ្ហាធំជាងមុនទៅទៀត។ នេះគឺជាការលំបាករបស់អ្នករាល់គ្នា ហើយនេះជាការលំបាកដែលមនុស្សជាតិទាំងមូលប្រឈមផងដែរ។ នៅក្នុងចំណោមមនុស្សដែលមានស្នាដៃខ្លះ ក្នុងដំណើរដែលគេស្គាល់ព្រះជាម្ចាស់ គឺពុំមានមនុស្សណាម្នាក់ដែលត្រូវតាមបទដ្ឋាននោះទេ។ មនុស្សមិនដឹងថា ការស្គាល់ព្រះជាម្ចាស់ មានអត្ថន័យយ៉ាងណាទេឬក៏មិនដឹងថា មនុស្សត្រូវឈានដល់កម្រិតណា ទើបស្គាល់ព្រះជាម្ចាស់នោះឡើយ។ នេះគឺជារឿងដែលធ្វើឲ្យមនុស្សទាល់គំនិតបំផុត ហើយនិយាយឲ្យខ្លី គឺជាប្រស្នាធំបំផុតដែលមនុស្សប្រឈម គ្មាននរណាម្នាក់អាចឆ្លើយនឹងសំណួរនេះទេ ក៏គ្មាននរណាម្នាក់ព្រមឆ្លើយនឹងសំណួរនេះដែរ ដ្បិតរហូតមកទល់សព្វថ្ងៃនេះ នៅក្នុងចំណោមមនុស្សជាតិ ពុំមាននរណាម្នាក់ទទួលបាននូវជោគជ័យណាមួយ នៅក្នុងការសិក្សាអំពីកិច្ចការនេះឡើយ។ ប្រហែលជាពេលដែលប្រស្នាអំពីកិច្ចការទាំងបីដំណាក់កាលត្រូវបានសម្រាយឲ្យមនុស្សជាតិដឹង នោះនឹងមានមនុស្សមានទេពកោសល្យមួយក្រុមដែលស្គាល់ព្រះជាម្ចាស់ លេចមកបន្តកិច្ចការនេះ។ ប្រាកដណាស់ ខ្ញុំសង្ឃឹមដំណើររឿងនឹង ទៅជាបែបនេះ ហើយជាងនេះទៀត ខ្ញុំកំពុងស្ថិតនៅក្នុងដំណើរ ការនៃការអនុវត្តកិច្ចការនេះ ហើយខ្ញុំសង្ឃឹមថានឹងមើលឃើញមនុស្ស មានទេពកោសល្យបែបនេះលេចមកជាច្រើនទៀត នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ពួកគេនឹងក្លាយជាមនុស្សដែលធ្វើបន្ទាល់ពីការពិតនៃកិច្ចការទាំងបីដំណាក់កាលនេះ ហើយពិតណាស់ ពួកគេក៏នឹងក្លាយជាមនុស្សដំបូងដែលធ្វើបន្ទាល់ពីកិច្ចការទាំងបីដំណាក់កាលនេះផងដែរ។ ប៉ុន្តែ ប្រសិនបើមនុស្សមានទេពកោសល្យបែបនេះ មិនលេចឡើងនៅថ្ងៃដែលកិច្ចការរបស់ព្រះជាម្ចាស់ដល់ទីបញ្ចប់ ឬប្រសិនបើមានតែមនុស្សម្នាក់ ឬពីរនាក់ បានទទួលការប្រោសឲ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដោយផ្ទាល់ គ្មានអ្វីតឹងចិត្ត និងគួរឲ្យស្ដាយជាងនេះឡើយ។ យ៉ាងណាមិញ នេះគ្រាន់តែជាលទ្ធផលដ៏ល្អបំផុតដែលអាចកើតឡើង។ បើទោះបីជាអាចមានករណីបែបណាក៏ដោយ ខ្ញុំនៅតែសង្ឃឹមថាអស់អ្នកដែលព្យាយាមពិតប្រាកដ អាចទទួលបានព្រះពរនេះ។ តាំងពីដើមដំបូងមកគឺមិនធ្លាប់មានកិច្ចការបែបនេះឡើយ។ កិច្ចការបែបនេះមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃការបង្កើតមនុស្សជាតិឡើយ។ ប្រសិនបើអ្នកពិតជាអាចក្លាយជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សដំបូងដែលស្គាល់ព្រះជាម្ចាស់ តើនេះមិនក្លាយជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងចំណោមសត្តនិករទាំងអស់ទេឬអី? នៅក្នុងចំណោមមនុស្សជាតិ តើមានសត្តនិករណាមួយដែលត្រូវបានព្រះជាម្ចាស់សរសើរជាងនេះទេ? កិច្ចការបែបនេះ មិនងាយសម្រេចបានឡើយ ប៉ុន្តែនៅទីបំផុតនឹងច្រូតផលរង្វាន់។ នៅទីបញ្ចប់ មនុស្សដែលអាចសម្រេចបាននូវចំណេះដឹងអំពីព្រះជាម្ចាស់ គេក៏ទទួលបានកិត្តិយសដ៏ធំបំផុតរបស់ព្រះជាម្ចាស់ ហើយនឹងក្លាយជាមនុស្សមួយក្រុមគត់ដែលមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ជាកម្មសិទ្ធ ទោះបីជាគេមានភេទអ្វី ឬមានសញ្ជាតិអ្វីក៏ដោយ។ នេះជាកិច្ចការបច្ចុប្បន្ន ហើយក៏ជាកិច្ចការនៅថ្ងៃអនាគតដែរ នេះជាកិច្ចការចុងក្រោយ និងជាកិច្ចការដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវសម្រេចឲ្យបាន ក្នុងកិច្ចការរយៈពេល៦.០០០ឆ្នាំនេះ ហើយវាគឺជារបៀបធ្វើការដែលបង្ហាញអំពីជំពូកមនុស្សនីមួយៗ។ តាមរយៈកិច្ចការនៃការបណ្ដាលឲ្យមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ឋានៈរបស់មនុស្សត្រូវបានបើកសម្ដែង៖ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយទទួលបាននូវសេចក្ដីសន្យារបស់ទ្រង់ ឯមនុស្សដែលមិនស្គាល់ព្រះជាម្ចាស់ គ្មានលក្ខណសម្បត្តិទទួលបានព្រះពររបស់ព្រះជាម្ចាស់ ហើយមិនទទួលបាននូវសេចក្ដីសន្យារបស់ទ្រង់ឡើយ។ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ គឺជាសម្លាញ់របស់ព្រះជាម្ចាស់ ហើយអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ គឺមិនអាចហៅជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ឡើយមិត្តសម្លាញ់របស់ព្រះជាម្ចាស់ អាចទទួលព្រះពរណាក៏បានពីព្រះជាម្ចាស់ ចំណែកឯមនុស្សដែលមិនមែនជាសម្លាញ់របស់ទ្រង់វិញ គឺគេមិនសមទទួលកិច្ចការណាមួយរបស់ទ្រង់ឡើយ។ ទោះបីមហាវេទនា ការបន្សុទ្ធ ឬការជំនុំជម្រះ កិច្ចការទាំងអស់នេះ គឺសុទ្ធតែជាប្រយោជន៍ ដើម្បីឲ្យមនុស្សសម្រេចបាននូវការស្គាល់ព្រះជាម្ចាស់នៅទីបំផុត ហើយដើម្បីឲ្យមនុស្សអាចចុះចូលនឹងព្រះជាម្ចាស់។ នេះគ្រាន់តែជាផលដែលសម្រេចបាននៅទីបំផុត។ ក្នុងកិច្ចការទាំងបីដំណាក់កាល ពុំមានអ្វីលាក់កំបាំងទេ ហើយនេះជាគុណប្រយោជន៍ដល់ការដែលមនុស្សស្គាល់ព្រះជាម្ចាស់ ហើយជាជំនួយឲ្យមនុស្សទទួលបាននូវការស្គាល់ព្រះជាម្ចាស់យ៉ាងពេញលេញ ហើយហ្មត់ ចត់។ កិច្ចការអស់ទាំងនេះ គឺសុទ្ធតែមានអត្ថប្រយោជន៍ដល់មនុស្សជាតិ។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឲ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យខូចអាក្រក់របស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឲ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឲ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឲ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឲ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឲ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើការស្គាល់ព្រះជាម្ចាស់មានន័យដូចម្ដេច? វាមានន័យថា អាចយល់ពីអំណរ សេចក្ដីក្រោធ ទុក្ខព្រួយ និងសុភមង្គលរបស់ទ្រង់ ព្រមទាំងស្គាល់ពីនិស្ស័យរបស់ទ្រង់ នេះហើយជាអត្ថន័យនៃការស្គាល់ព្រះជាម្ចាស់ដោយពិតប្រាកដ។ អ្នកអះអាងថាអ្នកបានឃើញទ្រង់ ប៉ុន្ដែអ្នកមិនយល់ពីអំណរ សេចក្ដីក្រោធ ទុក្ខព្រួយ និងសុភមង្គលរបស់ទ្រង់ទេ ហើយអ្នកក៏មិនយល់ពីនិស្ស័យរបស់ទ្រង់ដែរ។ អ្នកក៏មិនយល់ពីសេចក្ដីសុចរិតរបស់ទ្រង់ ឬភាពពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ដែរ ហើយអ្នកក៏មិនយល់អ្វីដែលទ្រង់សព្វព្រះហឫទ័យ ឬអ្វីដែលទ្រង់ស្អប់ខ្ពើមដែរ។ នេះមិនមែនជាការស្គាល់ដល់ព្រះជាម្ចាស់ទេ។ ដូច្នេះហើយ មនុស្សមួយចំនួនអាចដើរតាមព្រះជាម្ចាស់បាន ប៉ុន្ដែមិនចាំបាច់ជឿលើទ្រង់ដោយពិតប្រាកដនោះទេ។ នេះហើយគឺជាភាពខុសគ្នា។ ប្រសិនបើអ្នកស្គាល់ព្រះជាម្ចាស់ យល់ពីទ្រង់ និងអាចយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់បានខ្លះៗ នោះអ្នកអាចជឿលើទ្រង់ដោយពិតប្រាកដ ចុះចូលចំពោះទ្រង់ដោយពិតប្រាកដ ស្រលាញ់ទ្រង់ដោយពិតប្រាកដ និងថ្វាយបង្គំទ្រង់ដោយពិតប្រាកដ។ ប្រសិនបើអ្នកមិនយល់ពីចំណុចទាំងអស់នេះទេ នោះអ្នកគ្រាន់តែជាអ្នកដើរតាមម្នាក់ដែលរត់ទៅមកតាមលំហូរប៉ុណ្ណោះ។ នោះមិនអាចរាប់ថាជាការចុះចូល ឬក៏ជាការថ្វាយបង្គំពិតប្រាកដឡើយ។ តើការថ្វាយបង្គំពិតប្រាកដកើតឡើងយ៉ាងដូចម្ដេច? គ្រប់គ្នាដែលស្គាល់ព្រះជាម្ចាស់ពិតប្រាកដ គេថ្វាយបង្គំ និងគោរពទ្រង់គ្រប់ពេលដែលពួកគេមើលឃើញទ្រង់ គឺគ្មានការលើកលែងឡើយ ពោលគឺពួកគេគ្រប់គ្នាត្រូវបានបង្ខំឱ្យឱនចុះ ហើយថ្វាយបង្គំទ្រង់។ នៅពេលបច្ចុប្បន្ននេះ ខណៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សកំពុងធ្វើកិច្ចការ កាលណាមនុស្សមានការយល់ដឹងកាន់តែច្រើនអំពីនិស្ស័យរបស់ទ្រង់ ព្រមទាំងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ នោះពួកគេនឹងកាន់តែឱ្យតម្លៃលើចំណុចទាំងអស់នេះ ហើយពួកគេក៏នឹងកាន់តែគោរពទ្រង់ដែរ។ ជាទូទៅ កាលណាមនុស្សមានការយល់ដឹងកាន់តែតិច នោះពួកគេនឹងកាន់តែធ្វេសប្រហែស ហើយពួកគេក៏ប្រព្រឹត្តចំពោះព្រះជាម្ចាស់ទុកដូចជាមនុស្ស។ ប្រសិនបើមនុស្សពិតជាបានស្គាល់ និងបានឃើញព្រះជាម្ចាស់ នោះពួកគេនឹងញាប់ញ័រដោយការភ័យខ្លាច។ «អ្នកដែលយាងមកក្រោយខ្ញុំ ព្រះអង្គមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌‌បាទរបស់ទ្រង់ទេ»។ តើហេតុអ្វីបានជាយ៉ូហាននិយាយដូច្នេះ? ទោះបីជាគាត់មិនមានការយល់ដឹងជ្រៅជ្រះក៏ដោយ ក៏គាត់ដឹងថាព្រះជាម្ចាស់គួរឱ្យស្ញប់ស្ញែងដែរ។ តើមានមនុស្សប៉ុន្មាននាក់នៅសព្វថ្ងៃនេះ ដែលអាចគោរពដល់ព្រះជាម្ចាស់? ប្រសិនបើពួកគេមិនដឹងពីនិស្ស័យរបស់ទ្រង់ នោះតើពួកគេអាចគោរពព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? មនុស្សមិនដឹងអំពីសារជាតិរបស់ព្រះគ្រីស្ទ ក៏មិនយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ ហើយពួកគេរឹតតែមិនអាចថ្វាយបង្គំព្រះជាម្ចាស់ដោយពិតប្រាកដ។ ប្រសិនបើពួកគេមើលឃើញតែរូបសម្បត្តិខាងក្រៅដ៏ធម្មតា និងសាមញ្ញរបស់ព្រះគ្រីស្ទ ប៉ុន្ដែមិនដឹងពីសារជាតិរបស់ទ្រង់ នោះពួកគេងាយនឹងប្រព្រឹត្តចំពោះព្រះគ្រីស្ទទុកដូចជាមនុស្សធម្មតាម្នាក់ណាស់។ ពួកគេអាចប្រកាន់យកឥរិយាបថមិនស្មោះត្រង់ចំពោះទ្រង់ និងអាចបោកប្រាស់ទ្រង់ តតាំងជាមួយទ្រង់ មិនស្ដាប់បង្គាប់ទ្រង់ និងកាត់សេចក្ដីលើទ្រង់។ ពួកគេអាចរាប់ខ្លួនឯងជាសុចរិត និងមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ទ្រង់ ហើយពួកគេថែមទាំងអាចលើកតម្កើងដល់សញ្ញាណ ការថ្កោលទោស និងការប្រមាថចំពោះព្រះជាម្ចាស់ទៀតផង។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ គេត្រូវតែស្គាល់ពីសារជាតិ និងភាពជាព្រះរបស់ព្រះគ្រីស្ទ។ នេះគឺជាទិដ្ឋភាពសំខាន់នៃការស្គាល់ព្រះជាម្ចាស់ ហើយវាជាអ្វីដែលគ្រប់គ្នាជឿលើព្រះជាម្ចាស់ដ៏ជាក់ស្ដែង ត្រូវចូលទៅ និងសម្រេចឱ្យបាន។

ដកស្រង់ពី «របៀបស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្នកគួរស្គាល់អ្វីខ្លះអំពីព្រះដ៏ជាក់ស្ដែង? ព្រះវិញ្ញាណ អង្គព្រះ និងព្រះបន្ទូលផ្សំឡើងបានជាព្រះដ៏ជាក់ស្ដែងផ្ទាល់ ហើយនេះជាអត្ថន័យពិតប្រាកដរបស់ព្រះដ៏ជាក់ស្ដែង។ ប្រសិនបើអ្នកស្គាល់តែព្រះរូប ប្រសិនបើអ្នកស្គាល់តែទម្លាប់ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ តែមិនស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណ ឬមិននដឹងពីអ្វីដែលព្រះវិញ្ញាណបានធ្វើនៅក្នុងសាច់ឈាម ហើយប្រសិនបើអ្នកគ្រាន់តែចាប់អារម្មណ៍លើព្រះវិញ្ញាណ និងព្រះបន្ទូល ហើយគ្រាន់តែអធិស្ឋាននៅចំពោះព្រះវិញ្ញាណ តែមិនបានស្គាល់ពីកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងព្រះដ៏ជាក់ស្ដែង នោះសេចក្ដីនេះបានបង្ហាញថា អ្នកមិនបានស្គាល់ព្រះដ៏ជាក់ស្ដែងឡើយ។ ចំណេះដឹងស្ដីពីព្រះដ៏ជាក់ស្ដែងរាប់បញ្ចូលទាំងការស្គាល់ និងការមានបទពិសោធន៍ជាមួយព្រះបន្ទូលទ្រង់ ព្រមទាំងការចាប់យកច្បាប់វិន័យ និងគោលការណ៍នៃកិច្ចការរបសប់ព្រះវិញ្ញាណបរិសុទ្ធ ហើយនិងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ធ្វើការនៅក្នុងសាច់ឈាម។ វាក៏រាប់បញ្ចូលទាំងការដឹងថា គ្រប់ទាំងសកម្មភាពរបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម គឺមានព្រះវិញ្ញាណជាអ្នកគ្រប់គ្រង ហើយព្រះបន្ទូលដែលព្រះអង្គថ្លែងមក ជាការបង្ហាញឲ្យឃើញផ្ទាល់អំពីព្រះវិញ្ញាណ។ ដូចនេះ ដើម្បីស្គាល់ព្រះដ៏ជាក់ស្ដែង វាជាការប្រសើរខ្លាំងណាស់ដែលត្រូវដឹងពីរបៀបដែលព្រះជាម្ចាស់ធ្វើការនៅក្នុងលក្ខណៈជាមនុស្ស និងក្នុងភាពជាព្រះ ហើយជាលទ្ធផល វាទាក់ទិននឹងការបើកសម្ដែងឲ្យឃើញពីព្រះវិញ្ញាណ ដែលមនុស្សគ្រប់គ្នាចូលរួម។

ដកស្រង់ពី «អ្នកគួរដឹងថា ព្រះដ៏ជាក់ស្ដែង គឺជាព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងនាមជាមនុស្សដែលព្រះបង្កើតមក ប្រសិនបើអ្នកចង់បំពេញភារៈជាមនុស្សដែលព្រះបង្កើត និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែយល់ពី ព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្សទាំងអស់ អ្នកត្រូវតែយល់អំពីផែនការនៃការគ្រប់គ្រងរបស់ទ្រង់ ហើយអ្នកត្រូវតែយល់អំពីសារៈសំខាន់ទាំងអស់នៃកិច្ចការដែលទ្រង់ធ្វើ។ មនុស្សដែលមិនយល់ពីសេចក្ដីនេះ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើជាមនុស្សដែលព្រះបង្កើតឡើយ! ក្នុងនាមជាមនុស្សដែលព្រះបង្កើត ប្រសិនបើអ្នកពុំដឹងថា អ្នកមកពីណាមិនយល់អំពីប្រវត្តិសាស្ត្ររបស់មនុស្សជាតិ និងកិច្ចការទាំងអស់ ដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ហើយលើសពីនេះ មិនយល់ពីរបៀបដែលមនុស្សបានវិវដ្ដឡើងមកទល់សព្វថ្ងៃនេះ ហើយមិនដឹងថា នរណាជាអ្នកបង្គាប់បញ្ជាមនុស្សជាតិទាំងអស់ នោះអ្នកពុំអាចបំពេញភារកិច្ចរបស់ខ្លួនបានឡើយ។ ព្រះជាម្ចាស់បានដឹកនាំមនុស្ស ជាតិរហូតដល់សព្វថ្ងៃ ហើយតាំងតែពីគ្រាដែលទ្រង់បានបង្កើតមនុស្សនៅលើផែនដីនេះ ទ្រង់មិនដែលចាកចោលគេឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនដែលឈប់ធ្វើការទាល់តែសោះ ក៏មិនដែលឈប់ដឹកនាំមនុស្សជាតិ ហើយក៏មិនដែលចាកចេញពីមនុស្សជាតិដែរ។ ប៉ុន្តែ មនុស្សជាតិមិនដឹងថា មានព្រះទេ ក៏រឹតតែមិនស្គាល់ព្រះជាម្ចាស់ផង។ ចំពោះមនុស្សទាំងអស់ដែលព្រះបានបង្កើត តើមានអ្វីដែលគួរឲ្យអាម៉ាស់ជាងនេះទេ? ព្រះជាម្ចាស់ដឹក នាំមនុស្សដោយអង្គឯង ប៉ុន្តែមនុស្សមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ។ អ្នកគឺជាមនុស្សម្នាក់ដែលព្រះបានបង្កើត ប៉ុន្តែ អ្នកពុំ ដឹងពីប្រវត្តិខ្លួនឯង ហើយក៏មិនដឹងថា អ្នកណាដឹកនាំអ្នកនៅលើដំណើរជីវិតនេះរហូតមកដែរ អ្នកមិនស្គាល់កិច្ចការដែលធ្វើឡើង ដោយព្រះជាម្ចាស់ ដូច្នេះ អ្នកមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើពេលនេះ អ្នកមិនដឹង នោះអ្នកពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ធ្វើ បន្ទាល់ពីព្រះជាម្ចាស់ដែរ។ សព្វថ្ងៃនេះ ព្រះអាទិករដឹកនាំមនុស្សទាំងអស់ ដោយអង្គឯងម្ដងទៀត រួចធ្វើឲ្យមនុស្សទាំងអស់មើលឃើញប្រាជ្ញាញាណ ឫទ្ធានុភាពដ៏លើសលុប សេចក្ដីសង្គ្រោះ និងភាពមហស្ចារ្យរបស់ព្រះអង្គ។ ប៉ុន្តែអ្នកក៏នៅតែមិនដឹង ឬមិនយល់ ដដែល ដូច្នេះ តើអ្នកមិនមែនជាមនុស្សដែលមិនទទួលនូវសេចក្ដី សង្គ្រោះទេឬអី? មនុស្សដែលជាកម្មសិទ្ធរបស់សាតាំង មិនយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ឯមនុស្សដែលជាកម្មសិទ្ធិរបស់ព្រះ ជាម្ចាស់ អាចស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់បាន។ មនុស្សគ្រប់ៗគ្នាដែលដឹង និងយល់ពាក្យពេចន៍ដែលខ្ញុំមានបន្ទូល ជាមនុស្សដែលនឹងត្រូវបានសង្គ្រោះ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ផង មនុស្សទាំងអស់ដែលមិនយល់បន្ទូលដែលខ្ញុំថ្លែងចេញមក មិនអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ ហើយជាមនុស្សដែលនឹងត្រូវលុបបំបាត់ចោល។ មនុស្សណាដែលមិនយល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ មិនអាចសម្រេចបានចំណេះដឹងអំពីព្រះជាម្ចាស់ឡើយ ហើយមនុស្សបែបនេះក៏នឹងមិនធ្វើបន្ទាល់ពីព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកចង់ធ្វើបន្ទាល់ពីព្រះជាម្ចាស់ នោះ អ្នកត្រូវតែស្គាល់ព្រះជាម្ចាស់។ ចំណេះដឹងអំពីព្រះជាម្ចាស់ គឺត្រូវសម្រេចបានតាមរយៈកិច្ចការរបស់ព្រះជាម្ចាស់។ សរុបសេចក្ដីមក ប្រសិនបើអ្នកចង់ស្គាល់ព្រះជាម្ចាស់ នោះអ្នកត្រូវតែស្គាល់កិច្ចការរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ គឺជាកត្តាដ៏មានសារៈសំខាន់បំផុត។ កាលណាកិច្ចការទាំងបីដំណាក់កាលឈានមកដល់ទីបញ្ចប់ មនុស្សមួយក្រុមដែលនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ ជាមនុស្សមួយក្រុមដែលស្គាល់ព្រះជាម្ចាស់ នឹងត្រូវបានបង្កើតឡើងមក។ មនុស្សទាំងអស់នេះនឹងស្គាល់ព្រះជាម្ចាស់ និងអាចយកសេចក្ដីពិតមកអនុវត្ត។ ពួកគេមានភាពជាមនុស្ស និងមានសតិ ហើយគេនឹងស្គាល់អស់ទាំងកិច្ចការទាំងបីដំណាក់កាលនៃសេចក្ដីសង្គ្រោះទៀតផង។ នេះគឺជាកិច្ចការដែលនឹងត្រូវសម្រេចនៅគ្រាចុងក្រោយ ហើយមនុស្សទាំងអស់នេះជាការសម្ដែងឲ្យឃើញច្បាស់ ពីកិច្ចការនៃការគ្រប់គ្រងរយៈពេល ៦០០០ឆ្នាំ និងជាស្មរបន្ទាល់ដ៏មានអានុភាពបំផុត ដើម្បីបរាមុខសាតាំងដល់ទីបំផុត។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជួបប្រទះបទពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ បានស្គាល់ខ្លួនឯង និងកម្ចាត់ចោលនូវនិស្ស័យខូចអាក្រក់ និងស្វែងរកការរីកចម្រើនធំធាត់នៅក្នុងជីវិត ដែលការទាំងអស់នេះ គឺដើម្បីស្គាល់ព្រះជាម្ចាស់។ ប្រសិនបើឯងគ្រាន់តែស្វែងរកចង់ស្គាល់ខ្លួនឯង និងដើម្បីកម្ចាត់និស្ស័យខូចអាក្រក់ផ្ទាល់ខ្លួនរបស់ឯង ប៉ុន្តែគ្មានចំណេះដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើមកលើមនុស្ស គ្មានចំណេះដឹងអំពីភាពអស្ចារ្យនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ ឬថាតើអ្នកត្រូវដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងធ្វើជាទីបន្ទាល់អំពីទង្វើរបស់ទ្រង់ទេ ដូច្នេះ បទពិសោធន៍របស់ឯង គឺភ្លីភ្លើចោលម្សៀត។ ប្រសិនបើឯងគិតថា ជីវិតរបស់មនុស្សម្នាក់បានទទួលភាពចាស់ទុំដោយគ្រាន់តែមនុស្សម្នាក់អាចដាក់បញ្ចូលសេចក្តីពិតទៅក្នុងការអនុវត្តរបស់ខ្លួន និងធ្វើការតស៊ូ នេះមានន័យថា អ្នកនៅតែមិនទាន់ចាប់បាននូវខ្លឹមសារពិតរបស់ជីវិត ឬគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ។ នៅថ្ងៃមួយ ពេលដែលឯងស្ថិតក្នុងចំណោមពួកជំនុំសាសនា ក្នុងចំណោមសមាជិកនៃពួកជំនុំនៃការកែប្រែចិត្ត ឬសមាជិកនៃពួកជំនុំជីវិត ឯងនឹងជួបមនុស្សដែលប្ដូរផ្ដាច់ ដែលការអធិស្ឋានរបស់ពួកគេមាន «និមិត្ត» នៅក្នុងនោះ ហើយនៅក្នុងការស្វែងរកជីវិតរបស់ពួកគេ ពួកគេមានអារម្មណ៍ប៉ះពាល់ចិត្ត និងទទួលបានការណែនាំដោយព្រះបន្ទូល។ បន្ថែមលើនេះ ពួកគេអាចតស៊ូជម្នះបញ្ហាជាច្រើន និងលះបង់ខ្លួនឯងបាន និងមិនត្រូវដឹកនាំដោយសាច់ឈាមឡើយ។ នៅពេលនោះ ឯងនឹងមិនអាចនិយាយពីភាពខុសគ្នាបានឡើយ៖ ឯងនឹងជឿថា អ្វីគ្រប់យ៉ាងដែលពួកគេធ្វើគឺសុទ្ធតែត្រឹមត្រូវ គឺជាការបើកសម្ដែងពីធម្មជាតិនៃជីវិត ហើយនោះគឺជាសេចក្តីអាណិតអាសូរជាពន់ពេក ដែលពួកគេជឿលើនាមដែលមិនត្រឹមត្រូវ។ តើទស្សនៈបែបនេះ មិនឆ្គួតលីលាពេកទេឬអី? តើហេតុអ្វីបានជាគេនិយាយថា មនុស្សជាច្រើនពុំមានជីវិត? ដោយសារពួកគេពុំស្គាល់ព្រះជាម្ចាស់ ហេតុនេះហើយ គេនិយាយថាពួកគេពុំមានព្រះជាម្ចាស់នៅក្នុងចិត្ត និងគ្មានជីវិតសោះឡើយ។ ប្រសិនបើសេចក្តីជំនឿរបស់ឯងលើព្រះជាម្ចាស់បានឈានដល់កម្រិតមួយដែលឯងអាចយល់បានយ៉ាងជ្រាលជ្រៅអំពីទង្វើរបស់ព្រះជាម្ចាស់ សេចក្តីពិតអំពីព្រះជាម្ចាស់ និងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់ នោះមានន័យថាឯងកំពុងមានសេចក្តីពិតនៅក្នុងខ្លួន។ ប្រសិនបើឯងមិនស្គាល់កិច្ចការ និងនិស្ស័យរបស់ព្រះជាម្ចាស់ទេ នោះមានន័យថាឯងនៅតែមានចំណុចខ្វះខាតនៅក្នុងបទពិសោធន៍របស់ឯងនៅឡើយ។ របៀបដែលព្រះយេស៊ូវបានអនុវត្តដំណាក់កាលនៃកិច្ចការរបស់ទ្រង់ របៀបដែលត្រូវអនុវត្តកិច្ចការនៅដំណាក់កាលនេះ និងរបៀបដែលព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងសម័យព្រះគុណ កិច្ចការដែលកំពុងធ្វើនៅដំណាក់កាលនេះ ប្រសិនបើឯងគ្មានចំណេះដឹងហ្មត់ចត់អំពីចំណុចទាំងអស់នេះទេ នោះឯងនឹងមិនមានអារម្មណ៍ច្បាស់ក្នុងចិត្តនោះទេ ហើយឯងនឹងមិនស្ងប់ក្នុងចិត្តឡើយ។ បន្ទាប់ពីដកពិសោធន៍មួយរយៈមក ប្រសិនបើឯងមិនអាចស្គាល់ការដែលព្រះជាម្ចាស់បានបំពេញ និងគ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ទេ ហើយប្រសិនបើឯងបានទទួលចំណេះដឹងជ្រាលជ្រៅអំពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការថ្លែងព្រះបន្ទូលរបស់ទ្រង់ និងមូលហេតុដែលព្រះបន្ទូលយ៉ាងច្រើនដែលទ្រង់បានថ្លែងនោះមិនទាន់សម្រេចបាន នោះឯងអាចក្លាហាន និងគ្មានការរុញរាក្នុងការបន្តដើរលើផ្លូវខាងមុខ ដោយគ្មានការព្រួយបារម្ភ និងការបន្សុទ្ធ។

ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់ំអំពីព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចំណេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ អាចជះឥទ្ធិពលវិជ្ជមានទៅលើមនុស្ស។ វាអាចជួយឱ្យពួកគេកាន់តែមានទំនុកចិត្តលើព្រះជាម្ចាស់ និងជួយឱ្យពួកគេមានការស្តាប់បង្គាប់ និងការកោតខ្លាចដ៏ពិតចំពោះទ្រង់។ បន្ទាប់មក ពួកគេនឹងលែងដើរតាម ឬថ្វាយបង្គំទ្រង់ទាំងងងឹតងងល់តទៅទៀត។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់បានមនុស្សល្ងីល្ងើ ឬអស់អ្នកដែលដើរតាមបណ្ដាជនទាំងងងឹតងងល់ឡើយ ប៉ុន្តែ ទ្រង់សព្វព្រះហឫទ័យចង់បានមនុស្សមួយក្រុមដែលមានការយល់ដឹង និងចំណេះដឹងដ៏ច្បាស់លាស់អំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយក៏ជាអ្នកដែលអាចធ្វើជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ដែរ ដោយសារតែភាពគួរឱ្យស្រឡាញ់របស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ហើយដោយសារតែនិស្ស័យដ៏សុចរិតរបស់ទ្រង់ ពួកគេនឹងក្លាយជាមនុស្សដែលមិនបោះបង់ចោលព្រះជាម្ចាស់ឡើយ។ ក្នុងនាមជាអ្នកដើរតាមព្រះជាម្ចាស់ ប្រសិនបើអ្នកនៅតែមានភាពមិនច្បាស់លាស់នៅក្នុងដួងចិត្តរបស់អ្នក ឬនៅតែមានភាពស្រពេចស្រពិល ឬភាពច្របូកច្របល់អំពីអត្ថិភាពដ៏ពិតរបស់ព្រះជាម្ចាស់ អំពីនិស្ស័យរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងអំពីផែនការរបស់ទ្រង់ក្នុងការសង្រ្គោះមនុស្សជាតិ នោះសេចក្តីជំនឿរបស់អ្នកមិនអាចទទួលបានការស្ងើចសរសើរពីព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចង់បានមនុស្សប្រភេទនេះមកដើរតាមទ្រង់ឡើយ ហើយទ្រង់ក៏មិនសព្វព្រះទ័យឱ្យមនុស្សប្រភេទនេះចូលមកចំពោះទ្រង់នោះដែរ។ ដោយសារតែមនុស្សប្រភេទនេះមិនយល់អំពីព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះជាម្ចាស់ឡើយ ហើយដោយសារតែដួងចិត្តរបស់ពួកគេមិននៅជិតស្និទ្ធនឹងទ្រង់ ដូច្នេះ សេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺពេញដោយភាពមិនបរិសុទ្ធ។ ការដើរតាមព្រះជាម្ចាស់របស់ពួកគេអាចត្រូវបានហៅថាជាការដើរតាមទាំងខ្វាក់ភ្នែកប៉ុណ្ណោះ។ មនុស្សអាចទទួលបានជំនឿដ៏ពិត និងក្លាយជាអ្នកដើរតាមដ៏ពិតបាន លុះត្រាតែពួកគេមាននូវការយល់ដឹង និងចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ ព្រោះថាការយល់ដឹង និងចំណេះដឹងទាំងនេះហើយដែលបង្កើតឱ្យមានការស្ដាប់បង្គាប់ និងការកោតខ្លាចព្រះជាម្ចាស់ដ៏ពិតប្រាកដនៅក្នុងពួកគេ។ មានតែបែបនេះទេ ទើបពួកគេអាចថ្វាយដួងចិត្តរបស់ពួកគេដល់ព្រះជាម្ចាស់ និងបើកដួងចិត្តរបស់ពួកគេដល់ទ្រង់។ នេះជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន ដោយសារតែអ្វីៗគ្រប់យ៉ាងដែលពួកគេធ្វើ និងគិត អាចទ្រាំទ្រនឹងការល្បងលរបស់ព្រះជាម្ចាស់ ហើយក៏អាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដែរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការស្គាល់ពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ មិនមែនជារឿងឥតបានការ ទេ។ អ្នករាល់គ្នាត្រូវតែយល់អំពីនិស្ស័យរបស់ទ្រង់។ តាមវិធីនេះ អ្នកនឹងបានស្គាល់ពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់បន្តិចម្ដងៗ ទាំងមិនដឹងខ្លួន។ កាលណាអ្នកបានដឹងអំពរឿងនេះហើយ អ្នកប្រាកដជាឃើញខ្លួនឯងមានបញ្ញាចិត្តខ្ពង់ខ្ពស់ជាងមុន និងស្រស់ថ្លាជាងមុន។ ទីបំផុត អ្នកនឹងមានអារម្មណ៍ខ្មាសចំពោះព្រលឹងដ៏អាក្រក់របស់អ្នក ហើយលើសពីនេះ អ្នកនឹងមានអារម្មណ៍ថា គ្មានកន្លែង ណាដើម្បីលាក់ពីភាពអាម៉ាស់របស់អ្នកបានឡើយ។ គ្រានោះ អ្នកនឹងកាន់តែលែងប្រព្រឹត្តទង្វើដែលបំពានដល់និស្ស័យរបស់ព្រះជាម្ចាស់តទៅទៀត ដួងចិត្តរបស់អ្នកនឹងចូលទៅកាន់តែកៀកនឹងព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះអង្គ ក៏កាន់ តែចម្រើនឡើងនៅក្នុងដួងចិត្តរបស់អ្នកដែរ។ នេះហើយជាទីសម្គាល់ឲ្យដឹងថា មនុស្សកំពុងមានបញ្ញាចិត្តស្រស់បស់។ ដោយឡែក អ្នករាល់គ្នាមិនទាន់សម្រេចរឿងនេះបាននៅឡើយទេ។ កាលណាអ្នករាល់គ្នាប្រញាប់ប្រញាល់សម្រេចជោគវាសនារបស់ខ្លួន តើនរណាខ្លះមានចិត្តចង់ព្យាយាមស្គាល់ពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់? បើនៅតែបែបនេះ អ្នករាល់គ្នានឹងប្រព្រឹត្តរំលងទាស់នឹងបញ្ញត្តិគ្រប់គ្រងទាំងមិនដឹងខ្លួនដ្បិតអ្នករាល់គ្នាយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់បានតិចតួចណាស់។ ដូច្នេះតើកិច្ចការដែលអ្នករាល់គ្នាធ្វើពេលនេះ មិនមែនកំពុងចាក់គ្រឹះសម្រាប់ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? ដែលខ្ញុំបង្គាប់ឲ្យអ្នករាល់គ្នាយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ ក៏មិនមានទាស់ខុសអ្វី ជាមួយនឹងកិច្ចការរបស់ខ្ញុំដែរ។ ដ្បិតប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលង នឹងបញ្ញត្តិគ្រប់គ្រងជារឿយៗ តើមាននរណាក្នុងចំណោមអ្នករាល់គ្នាដែលនឹងគេចផុតពីទណ្ឌកម្មបាន?

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ នោះអ្នកមិនអាចធ្វើកិច្ចការដែលអ្នកគួរធ្វើថ្វាយទ្រង់បានឡើយ។ ប្រសិនបើអ្នករាល់គ្នា មិនស្គាល់លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ នោះអ្នករាល់គ្នាមិនអាចគោរពប្រណិបតន៍ និងកោតខ្លាចទ្រង់បានឡើយ ផ្ទុយទៅវិញ គឺមានតែទង្វើធ្វើឲ្យតែបានរួចពីដៃដោយគ្មានការប្រុងប្រយ័ត្ន និងការកុហកបោកប្រាស់តែប៉ុណ្ណោះ ហើយលើសពីនេះ គឺមានតែការប្រមាថដែលគ្មានអ្វីអាចទូន្មានបាន។ ថ្វីបើការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ ហើយការស្គាល់លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ក៏មិនអាចមើលរំលងបានមែន ក៏គ្មាននរណាម្នាក់បានពិនិត្យពិច័យ ឬក៏ជជីកវែកញែកសេចក្ដីទាំងនេះ ឲ្យបានហ្មត់ចត់នោះដែរ។ អ្នករាល់គ្នាបានច្រានចោលបញ្ញត្តិគ្រប់គ្រងនានាដែលខ្ញុំបានដាក់ចេញយ៉ាងច្បាស់ណាស់។ ប្រសិនបើអ្នករាល់គ្នាមិនយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះអ្នកក៏ងាយនឹងប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ទ្រង់ដែរ។ ការប្រព្រឹត្តទាស់នឹងនិស្ស័យរបស់ព្រះជាម្ចាស់ គឺដូចគ្នានឹងការជម្រុញឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសេចក្ដីក្រោធ ហើយក្នុងករណីនេះ ផលចុងក្រោយនៃទង្វើរបស់អ្នក គឺការបំពានបញ្ញត្តិគ្រប់គ្រងនោះហើយ។ ពេលនេះ អ្នកគប្បីទទួលស្គាល់ហើយថា កាលណាអ្នកស្គាល់លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ នោះអ្នកក៏អាចយល់អំពីនិស្ស័យរបស់ទ្រង់បានដែរ ហើយកាលណាអ្នកយល់អំពីនិស្ស័យរបស់ទ្រង់ នោះអ្នកក៏នឹងបានយល់អំពីបញ្ញត្តិគ្រប់គ្រងនោះដែរ។ មិនចាំបាច់និយាយច្រើនទេ ខ្លឹមសារភាគច្រើននៅក្នុងបញ្ញត្តិគ្រប់គ្រងនោះ សុទ្ធតែនិយាយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនគ្រប់និស្ស័យទាំងអស់របស់ទ្រង់ សុទ្ធតែមាននៅក្នុងបញ្ញត្តិគ្រប់គ្រងនោះទេ ហើយអំណេះតទៅ អ្នករាល់គ្នាត្រូវបង្កើនការយល់ដឹងរបស់ខ្លួន ទាក់ទងនឹងនិស្ស័យរបស់ព្រះជាម្ចាស់ ឲ្យកាន់តែស៊ីជម្រៅជាងនេះ។

ដកស្រង់ពី «ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្វីដែលមនុស្សមានចំណេះដឹង និងយល់ដឹងនោះ គឺជានិស្ស័យរបស់ព្រះជាម្ចាស់ ហើយជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ នោះអ្វីដែលពួកគេទទួលបាននោះ នឹងក្លាយជាជីវិតដែលចេញមកពីព្រះជាម្ចាស់មិនខាន។ នៅពេលដែលជីវិតបែបនេះត្រូវបានលូតលាស់ឡើងនៅខាងក្នុងអ្នក នោះការគោរពកោតខ្លាចរបស់អ្នកចំពោះព្រះជាម្ចាស់នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺជាការលូតលាស់មួយដែលដុះឡើងដោយឯកឯង។ ប្រសិនបើអ្នកមិនចង់យល់ ឬចង់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ឬសារជាតិរបស់ទ្រង់ ប្រសិនបើអ្នកមិនចង់ពិចារណា ឬផ្តោតទៅលើចំណុចទាំងនេះទេ នោះខ្ញុំអាចនិយាយប្រាប់អ្នកយ៉ាងច្បាស់ថា ផ្លូវដែលអ្នកកំពុងតែដេញតាមសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ មិនអាចជួយឱ្យអ្នកបំពេញតាមព្រះហឫទ័យរបស់ទ្រង់ ឬទទួលបានការស្ងើចសរសើរពីទ្រង់នោះឡើយ។ លើសពីនេះទៅទៀត អ្នកមិនអាចទទួលបានសេចក្តីសង្រ្គោះដ៏ពិតឡើយ។ ទាំងនេះហើយជាផលវិបាកចុងក្រោយនោះ។ នៅពេលដែលមនុស្សមិនយល់អំពីព្រះជាម្ចាស់ ហើយមិនដឹងអំពីនិស្ស័យរបស់ទ្រង់ នោះដួងចិត្តរបស់គេមិនអាចបើកចំហចំពោះទ្រង់ឡើយ។ នៅពេលដែលពួកគេបានយល់អំពីព្រះជាម្ចាស់ នោះពួកគេនឹងចាប់ផ្ដើមកោតសរសើរ និងឱ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយការចាប់អារម្មណ៍ និងសេចក្តីជំនឿ។ នៅពេលដែលអ្នកកោតសរសើរ និងឱ្យតម្លៃលើអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះដួងចិត្តរបស់អ្នកនឹងបើកចំហចំពោះទ្រង់បន្ដិចម្ដងៗមិនខាន។ នៅពេលដែលដួងចិត្តរបស់អ្នកបើកចំហចំពោះទ្រង់ នោះអ្នកនឹងមានអារម្មណ៍អាម៉ាស់ និងគួរឱ្យខ្ពើមអំពីកិច្ចសន្ទនារបស់អ្នកជាមួយព្រះជាម្ចាស់ អំពីការទាមទារចង់បានរបស់អ្នកពីព្រះជាម្ចាស់ និងអំពីបំណងប្រាថ្នាដ៏ខ្ជីខ្ជារបស់អ្នក។ នៅពេលដែលដួងចិត្តរបស់អ្នកបើកចំហយ៉ាងពិតប្រាកដចំពោះព្រះជាម្ចាស់ នោះអ្នកនឹងមើលឃើញថា ព្រះហឫទ័យរបស់ទ្រង់គឺជាពិភពលោកមួយដែលគ្មានដែនកំណត់ ហើយអ្នកនឹងចូលទៅក្នុងពិភពលោកមួយ ដែលអ្នកមិនធ្លាប់ដកពិសោធន៍ពីមុនមកឡើយ។ នៅក្នុងពិភពមួយនេះ វាគ្មានការបោកប្រាស់ គ្មានការបោកបញ្ឆោត គ្មានសេចក្តីងងឹត ហើយក៏គ្មានការអាក្រក់ដែរ។ វាមានតែភាពស្មោះសរ និងសេចក្តីស្មោះត្រង់ មានតែពន្លឺ និងភាពត្រឹមត្រូវ មានតែសេចក្តីសុចរិត និងសេចក្តីសប្បុរសប៉ុណ្ណោះ។ វាជាពិភពមួយដែលពេញដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ ពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ហើយតាមរយៈពិភពមួយនេះ អ្នកមានអារម្មណ៍អំពីសេចក្តីសុខ និងសេចក្តីអំណរនៃការមានជីវិតរស់នៅទីនោះ។ ចំណុចទាំងនេះគឺជាអ្វីដែលព្រះជាម្ចាស់នឹងបើកសម្ដែងដល់អ្នក នៅពេលដែលអ្នកបើកចំហដួងចិត្តរបស់អ្នកដល់ទ្រង់។ ពិភពលោកដែលគ្មានដែនកំណត់នេះ គឺជាពិភពមួយ ដែលពេញដោយព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ព្រះជាម្ចាស់ ហើយវាក៏ពេញដោយសេចក្តីស្រឡាញ់ និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ នៅក្នុងពិភពនេះ អ្នកអាចមើលឃើញគ្រប់ទាំងទិដ្ឋភាពនៃកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ មើលឃើញអ្វីដែលនាំឱ្យទ្រង់មានអំណរ អ្វីដែលនាំឱ្យទ្រង់ខ្វល់ខ្វាយ អ្វីដែលនាំឱ្យទ្រង់កើតទុក្ខ ព្រមទាំងអ្វីដែលនាំឱ្យទ្រង់ខ្ញាល់...។ នេះជាអ្វីដែលមនុស្សគ្រប់រូបអាចមើលឃើញ សម្រាប់អ្នកដែលបើកចំហដួងចិត្តរបស់គេ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់យាងចូលក្នុង។ ព្រះជាម្ចាស់អាចយាងចូលក្នុងដួងចិត្តរបស់អ្នកបាន លុះត្រាតែអ្នកបើកចំហឱ្យទ្រង់យាងចូល។ អ្នកអាចមើលឃើញកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន ហើយអ្នកអាចមើលឃើញពីបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់អ្នកបាន លុះត្រាតែទ្រង់យាងចូលក្នុងដួងចិត្តរបស់អ្នក។ នៅពេលនោះ អ្នកនឹងស្វែងយល់ឃើញថា អ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់ពិតជាមានតម្លៃ ព្រមទាំងដឹងទៀតថា កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាកំណប់ទ្រព្យដ៏ធំបំផុត។ បើប្រៀបធៀបជាមួយការនេះ មនុស្សដែលនៅជុំវិញអ្នក វត្ថុ និងព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អ្នក ហើយថែមទាំងមនុស្សជាទីស្រឡាញ់របស់អ្នក ដៃគូរបស់អ្នក ព្រមទាំងអ្វីៗដែលអ្នកចូលចិត្តនោះ គឺគ្មានតម្លៃនឹងប្រៀបស្មើបានឡើយ។ អ្វីៗទាំងនេះគឺតូចតាច និងទន់ទាបណាស់។ អ្នកនឹងមានអារម្មណ៍ថា គ្មានវត្ថុខាងសម្ភារៈណានឹងអាចទាញអ្នកឱ្យត្រលប់មកវិញ ឬមានអារម្មណ៍ថា គ្មានវត្ថុសម្ភារៈណាមួយនឹងអាចទាក់ទាញអ្នកឱ្យបង់ថ្លៃណាមួយសម្រាប់វាឡើយ។ នៅក្នុងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់ អ្នកនឹងមើលឃើញពីភាពធំធេង និងភាពខ្ពង់ខ្ពស់របស់ទ្រង់។ លើសពីនេះទៅទៀត អ្នកនឹងមើលឃើញនៅក្នុងទង្វើខ្លះរបស់ព្រះជាម្ចាស់ដែលអ្នកធ្លាប់បានជឿតិចតួចអំពីព្រះប្រាជ្ញាញាណដ៏គ្មានព្រំដែន និងសេចក្តីអត់ឱនរបស់ទ្រង់ ហើយអ្នកនឹងមើលឃើញពីព្រះទ័យអត់ធ្មត់ ព្រះទ័យអត់ទ្រាំ និងការយល់របស់ទ្រង់ពីអ្នក។ ការនេះនឹងធ្វើឱ្យអ្នកមានការគោរពស្ញប់ស្ញែងចំពោះទ្រង់។ នៅថ្ងៃនោះ អ្នកនឹងមានអារម្មណ៍ថា មនុស្សជាតិកំពុងតែរស់នៅក្នុងពិភពលោកដ៏ស្មោកគ្រោក មានអារម្មណ៍ថា មនុស្សដែលនៅជិតអ្នក និងអ្វីៗដែលកើតឡើងនៅក្នុងជីវិតរបស់អ្នក ហើយថែមទាំងមនុស្សដែលអ្នកស្រឡាញ់ សេចក្តីស្រឡាញ់របស់ពួកគេចំពោះអ្នក ព្រមទាំងការការពារ និងក្ដីកង្វល់របស់ពួកគេដែលមានចំពោះអ្នកនោះ គឺមិនសក្ដិសមនឹងលើកឡើងនោះឡើយ។ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ដែលជាព្រះដ៏ជាទីស្រឡាញ់របស់អ្នក ហើយមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអ្នកត្រូវឱ្យតម្លៃយ៉ាងខ្ពស់បំផុត។ នៅពេលដែលថ្ងៃនោះមកដល់ ខ្ញុំជឿថា វានឹងមានមនុស្សខ្លះដែលនិយាយថា៖ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាធំធេងណាស់ ហើយសារជាតិរបស់ទ្រង់ក៏បរិសុទ្ធដែរ គឺថានៅក្នុងព្រះជាម្ចាស់ គ្មានការបោកបញ្ឆោត គ្មានការអាក្រក់ គ្មានការច្រណែន ហើយក៏គ្មានជម្លោះនោះដែរ គឺមានតែសេចក្តីសុចរិត និងភាពពិតប្រាកដ ហើយអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គួរតែជាអ្វីដែលមនុស្សទន្ទឹងចង់បាន។ មនុស្សគួរតែស្វះស្វែង និងចង់បានវា។ តើសមត្ថភាពរបស់មនុស្សជាតិដែលចង់សម្រេចនោះ ត្រូវបានសង់ពីលើមូលដ្ឋានអ្វីទៅ? វាត្រូវបានសង់ពីលើមូលដ្ឋាននៃការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ និងការយល់ដឹងរបស់ពួកគេអំពីសារជាតិរបស់ព្រះជាម្ចាស់។ ដូច្នេះ ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងការយល់ដឹងអំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺជាមេរៀនពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប។ នេះជាគោលដៅពេញមួយជីវិតដែលត្រូវដេញតាមដោយមនុស្សគ្រប់រូប ដែលស្វះស្វែងចង់ផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេ ព្រមទាំងស្វះស្វែងចង់ស្គាល់ព្រះជាម្ចាស់។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

«ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» និងការស្គាល់ព្រះជាម្ចាស់ ត្រូវបានផ្សារភ្ជាប់គ្នាឥតដាច់ដោយតំណជាច្រើន ហើយការផ្សារភ្ជាប់រវាងសេចក្ដីទាំងនេះ បញ្ជាក់ចេញមកយ៉ាងច្បាស់ ដោយមិនបាច់ពន្យល់។ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានការគេចចេញពីសេចក្ដីអាក្រក់ ដំបូងគេត្រូវមានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានការកោតខ្លាចពិតចំពោះព្រះជាម្ចាស់ ដំបូងគេត្រូវតែមានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ប្រសិនបើគេចង់ទទួលបានចំណេះដឹងពិតអំពីព្រះជាម្ចាស់ ដំបូងគេត្រូវឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឆ្លងកាត់ការវាយផ្ចាលនិងការជំនុំជម្រះរបស់ទ្រង់ ប្រសិនបើមនុស្សចង់ឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដំបូងគេត្រូវប្រឈមនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមុខទល់នឹងមុខ ប្រឈមនឹងព្រះជាម្ចាស់ដោយមុខទល់នឹងមុខ និងទូលសុំព្រះជាម្ចាស់ឲ្យប្រទានឱកាសឆ្លងកាត់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគ្រប់សណ្ឋាន គ្រប់ប្រភេទនៃបរិយាកាសទាក់ទងនឹងមនុស្ស ព្រឹត្តិការណ៍ និងវត្ថុបំណង ហើយប្រសិនបើគេចង់ប្រឈមជាមួយព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ដោយមុខទល់នឹងមុខ ដំបូងគេត្រូវមានចិត្តសាមញ្ញ និងស្មោះត្រង់ មានការត្រៀមខ្លួនទទួលសេចក្ដីពិត និងមានឆន្ទៈក្នុងការទ្រាំទ្រទុក្ខលំបាក មានការតាំងចិត្ត និងភាពក្លាហានក្នុងការគេចចេញពីសេចក្ដីអាក្រក់ និងមានមហិច្ឆតាចង់ក្លាយជាមនុស្ស ដែលត្រូវបានបង្កើត ពិតប្រាកដ...។ តាមវិធីនេះ ឯងនឹងចូលទៅកៀកព្រះជាម្ចាស់ ដោយឆ្ពោះទៅមុខមួយជំហានម្ដងៗ ដួងចិត្តរបស់ឯងនឹងរឹតតែស្អាតបរិសុទ្ធ ហើយជីវិត និង គុណតម្លៃនៃការរស់រានរបស់ឯង នឹងកាន់តែមានន័យ ហើយកាន់តែធំភ្លឺថ្លាឡើង ជាមួយនឹងចំណេះដឹងរបស់ឯង អំពីព្រះជាម្ចាស់។ លុះដល់ថ្ងៃមួយ ឯងនឹងដឹងថា ព្រះ អាទិករលែងជាប្រស្នាទៀតហើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់បំពួនពីឯងឡើយ ដឹងថាព្រះអាទិករមិនធ្លាប់លាក់ព្រះភក្ត្រពីឯង ដឹងថាព្រះអាទិករនៅមិនឆ្ងាយពីឯង ដឹងថាព្រះអាទិករលែងជាព្រះដែលឯងចង់បានជាដរាប ក្នុងគំនិតរបស់ឯងទៀតហើយ ប៉ុន្តែ ជាព្រះដែលឯងមិនអាចឈោងដល់ដោយអារម្មណ៍របស់ឯង ដឹងថា ទ្រង់ពិតជា និងប្រាកដជាកំពុងឈរការពារឯងពីខាងឆ្វេង ដល់ខាងស្ដាំឯង ទាំងផ្គត់ផ្គង់ជីវិតឯង ហើយគ្រប់គ្រងជោគវាសនារបស់ឯងផង។ ទ្រង់មិនមែននៅជើងមេឃសន្លឹម ក៏មិនបានលាក់បំពួនអង្គទ្រង់យ៉ាងខ្ពស់នៅក្នុងពពកដែរ។ ទ្រង់នៅក្បែរឯងបង្កើយ ទ្រង់ជាអ្វីៗ គ្រប់យ៉ាងដែលឯងមាន ហើយទ្រង់ជារបស់តែមួយគត់ដែលឯងមាន។ ព្រះជាម្ចាស់បែបនេះ អនុញ្ញាតឲ្យឯងស្រឡាញ់ទ្រង់ ចេញពីចិត្ត ប្រតោងទ្រង់ឲ្យជាប់ ប្រទាញទ្រង់ឲ្យកៀក ស្ងើចសរសើរទ្រង់ ខ្លាចបាត់បង់ទ្រង់ ហើយមិនព្រមបោះបង់ទ្រង់តទៅទៀត លែងរឹងចចេសនឹងទ្រង់ ឬលែងគេចពីទ្រង់ ឬនៅឆ្ងាយពីទ្រង់។ គ្រប់យ៉ាងដែលឯងចង់បានគឺយកចិត្តទុកដាក់នឹងទ្រង់តបស្នងគ្រប់យ៉ាងដែលទ្រង់ប្រទានឲ្យឯង ហើយ ចុះចូលនឹងអំណាចគ្រប់គ្រងរបស់ទ្រង់។ ឯងលែងបដិសេធមិនឲ្យទ្រង់ដឹងនាំ មិនឲ្យទ្រង់ផ្គត់ផ្គង់ មិនឲ្យទ្រង់ការពារ និងមិនឲ្យទ្រង់ថែរក្សា លែងបដិសេធនូវអ្វីដែលទ្រង់បង្គាប់ និងបញ្ជាឲ្យឯងធ្វើទៀត ហើយ។ គ្រប់យ៉ាងដែលឯងចង់បានគឺដើរតាមទ្រង់ ដើរក្បែរទ្រង់ គ្រប់យ៉ាងដែលឯងចង់បានគឺទទួលទ្រង់ធ្វើជាជីវិតតែមួយគត់របស់ឯង ទទួលទ្រង់ធ្វើជាព្រះអម្ចាស់តែមួយគត់របស់ឯង និងជាព្រះជាម្ចាស់តែមួយគត់របស់ឯង។

ដកស្រង់ពី «ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរកការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លេខយោង៖

ក. អត្ថបទដើមសរសេរថា «កិច្ចការនៃការស្គាល់ព្រះជាម្ចាស់»។

ខាង​ដើម៖ ៤. វិធីដែលសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់គួរតែត្រូវបានយកទៅអនុវត្ត តាមរយៈការល្បងល និងការបន្សុទ្ធ

បន្ទាប់៖ ២. វិធីដែលមនុស្សម្នាក់អាចសម្រេចបានការស្គាល់ព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការថ្វាយចិត្ត

By Zheng Xin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «គោលបំណងចម្បងនៃកិច្ចការដែព្រះជាម្ចាស់ធ្វើនៅជំនាន់នេះគឺ...

តើអ្វីជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើត?

ពេលនេះយើងស្ថិតក្នុងគ្រាចុងក្រោយ បទទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ក៏ត្រូវបានសម្រេចស្ទើរទាំងអស់ ហើយពួកអ្នកជឿស៊ប់រាប់ពាន់នាក់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ