១. អ្វីជាការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ និងអ្វីជាការបើកបង្ហាញជាក់លាក់នៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់បានបង្កើតមនុស្សលោក និងដាក់ពួកគេនៅលើផែនដី ហើយទ្រង់បានដឹកនាំពួកគេចាប់តាំងពីពេលនោះមក។ ក្រោយមក ទ្រង់ក៏បានសង្គ្រោះពួកគេ និងធ្វើជាដង្វាយលោះអំពើបាបសម្រាប់មនុស្សជាតិ។ នៅទីបំផុត ទ្រង់នឹងត្រូវបង្ក្រាបលើមនុស្សជាតិ សង្គ្រោះមនុស្សលោកទាំងមូល និងស្រោចស្រង់ពួកគេទៅរកលក្ខណៈដើមរបស់ពួកគេវិញ។ នេះគឺជាកិច្ចការដែលទ្រង់ បានចូលរួមធ្វើ ចាប់តាំងពីគ្រាដំបូងមកម៉្លេះ ជាការស្រោចស្រង់មនុស្សទៅរករូបអង្គ និងលក្ខណៈដើមរបស់ពួកគេវិញ។ ព្រះជាម្ចាស់នឹងបង្កើតនគរស្ថានសួគ៌របស់ទ្រង់ និងស្រោចស្រង់លក្ខណៈដើមរបស់មនុស្សជាតិត្រឡប់មកវិញ ដែលមានន័យថា ព្រះជាម្ចាស់នឹងស្រោចស្រង់នូវសិទ្ធិអំណាចរបស់ទ្រង់នៅលើផែនដី និងក្នុងចំណោមសត្តនិករទាំងអស់ ត្រឡប់មកវិញ។ មនុស្សជាតិបានបាត់បង់នូវចិត្ត ដែលកោតខ្លាចព្រះជាម្ចាស់ ក៏ដូចជាមុខងារដែលប្រគល់ឲ្យសត្តនិកររបស់ព្រះជាម្ចាស់ ក្រោយពីត្រូវសាតាំងធ្វើឲ្យពុករលួយ ហើយបានក្លាយជាសត្រូវមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ ក្រោយមកទៀត មនុស្សជាតិរស់នៅក្រោមដែនត្រួតត្រារបស់សាតាំង និងបានដើរតាម ការបញ្ជារបស់សាតាំង។ ហេតុនេះព្រះជាម្ចាស់ គ្មានផ្លូវណាត្រូវបំពេញកិច្ចការក្នុងចំណោមសត្តនិកររបស់ទ្រង់ឡើយ ហើយកាន់តែមិនអាចយកឈ្នះលើការគោរពកោតខ្លាចដែលពោរពេញដោយការខ្លាចរអារនោះ។ មនុស្សលោក ត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយត្រូវថ្វាយបង្គំព្រះជាម្ចាស់ ប៉ុន្តែ ពួកគេទៅជាបែរខ្នងដាក់ទ្រង់ និងថា្វយបង្គំសាតាំងទៅវិញ។ សាតាំងបានក្លាយជាព្រះក្លែងក្លាយនៅក្នុងដួងចិត្តរបស់ពួកគេ។ ហេតុនេះ ព្រះជាម្ចាស់បានបាត់បង់នូវកន្លែងរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ ដែលមានន័យថា ទ្រង់បានបាត់បង់នូវអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់។ ហេតុនេះ ដើម្បីស្រោចស្រង់នូវអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ត្រឡប់មកវិញ ទ្រង់ត្រូវតែស្រោចស្រង់នូវភាពជាមនុស្សដើមរបស់ពួកគេត្រឡប់មកវិញ និងបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់ពួកគេចេញ។ ដើម្បីទាមទារយកមនុស្សពីសាតាំងវិញ ទ្រង់ត្រូវសង្គ្រោះពួកគេឲ្យរួចពីអំពើបាបសិន។ មានតែតាមរបៀបនេះទេ ដែលព្រះជាម្ចាស់អាចស្រោចស្រង់លក្ខណៈដើម និងមុខងាររបស់ពួកគេត្រឡប់មកវិញ ហើយចុងក្រោយ ស្រោចស្រង់នូវនគរស្ថានសួគ៌របស់ទ្រង់ត្រឡប់មកវិញ។ ការបំផ្លាញជាចុងក្រោយបង្អស់លើកូនដែលមិនស្ដាប់បង្គាប់ទាំងនោះ ក៏នឹងត្រូវអនុវត្តដើម្បីឲ្យមនុស្សបានថ្វាយបង្គំព្រះជាម្ចាស់ប្រសើរជាងមុនដែរ ហើយនឹងរស់នៅលើផែនដីនេះបានប្រសើរជាងមុន។ ដោយសារព្រះជាម្ចាស់បានបង្កើតមនុស្សលោកឡើងមកទើបទ្រង់ត្រូវធ្វើឲ្យពួកគេថ្វាយបង្គំទ្រង់។ ដោយសារទ្រង់ចង់ស្រោចស្រង់មុខងារដើមរបស់មនុស្សជាតិត្រឡប់មកវិញ ទើបទ្រង់ត្រូវស្រោចស្រង់មុខងារនោះឲ្យបានទាំងស្រុង ដោយគ្មានការផិតក្បត់ឡើយ។ ការស្រោចស្រង់សិទ្ធិអំណាចរបស់ទ្រង់មានន័យថា ការធ្វើឲ្យមនុស្សថ្វាយបង្គំទ្រង់ និងចុះចូលចំពោះទ្រង់។ វាមានន័យថាព្រះជាម្ចាស់នឹងធ្វើឲ្យមនុស្សជាតិរស់នៅដោយសារទ្រង់ និងធ្វើឲ្យសត្រូវរបស់ទ្រង់វិនាសហិនហោច ដោយសារសិទ្ធិអំណាចរបស់ទ្រង់។ វាមានន័យថា ព្រះជាម្ចាស់នឹងធ្វើឲ្យសព្វសារពើររបស់ទ្រង់បន្តស្ថិតនៅក្នុងចំពោះមនុស្សជាតិ ដោយគ្មានការប្រឆាំងទាស់ពីនរណាម្នាក់ឡើយ។ នគរស្ថានសួគ៌ដែលព្រះជាម្ចាស់ចង់បង្កើត គឺជានគរស្ថានសួគ៌របស់ទ្រង់ផ្ទាល់។ មនុស្សជាតិដែលទ្រង់ចង់បាន គឺជាមនុស្សដែលនឹងថ្វាយបង្គំទ្រង់ ជាមនុស្សដែលនឹងចុះចូលចំពោះទ្រង់ទាំងស្រុង និងផ្សាយនូវសិរីល្អរបស់ទ្រង់។ ប្រសិនបើព្រះជាម្ចាស់ពុំបានសង្គ្រោះមនុស្សជាតិដែលពុករលួយទេ នោះអត្ថន័យពីក្រោយការបង្កើតមនុស្សជាតិរបស់ទ្រង់ នឹងត្រូវបាត់បង់។ ទ្រង់នឹងមិនមានសិទ្ធិអំណាចកាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ហើយនគរស្ថានសួគ៌របស់ទ្រង់នឹងលែងអាចកើតមាននៅលើផែនដីនេះទៀតហើយ។ ប្រសិនបើព្រះជាម្ចាស់ពុំបានបំផ្លាញសត្រូវទាំងនោះដែលមិនស្ដាប់បង្គាប់ទ្រង់ទេ ទ្រង់នឹងមិនអាចទទួលបាននូវសិរីល្អពេញលេញរបស់ទ្រង់បានឡើយ ហើយទ្រង់ក៏នឹងមិនអាចបង្កើតនគរស្ថានសួគ៌របស់ទ្រង់នៅលើផែនដីនេះបានដែរ។ ទាំងអស់នេះ នឹងក្លាយជាទីសម្គាល់នៃការបញ្ចប់កិច្ចការរបស់ទ្រង់ និងជាជោគជ័យដ៏អស្ចារ្យរបស់ទ្រង់៖ ក្នុងការបំផ្លាញដល់អ្នកដែលនៅស្ថិតក្នុងចំណោមមនុស្សជាតិដែលមិនស្ដាប់បង្គាប់ទ្រង់ និងក្នុងការនាំអ្នកដែលបានធ្វើឲ្យពេញខ្នាត ចូលទៅក្នុងសេចក្ដីសម្រាក។ នៅពេលដែលមនុស្សលោកត្រូវបានស្រោចស្រង់មកជាលក្ខណៈដើមរបស់ពួកគេវិញ ហើយនៅពេលដែលពួកគេអាចបំពេញភារកិច្ចរៀងខ្លួន រក្សាទីតាំងត្រឹមត្រូវរបស់ខ្លួន និងចុះចូលនឹងការរៀបចំទាំងអស់របស់ព្រះជាម្ចាស់បាន នោះព្រះជាម្ចាស់នឹង ទទួលយកមនុស្សមួយក្រុមនៅលើផែនដីដែលថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏នឹងបានបង្កើតនគរមួយនៅលើផែនដីដែលថ្វាយបង្គំទ្រង់ផងដែរ។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការដែលព្រះជាម្ចាស់ធ្វើ ខុសគ្នាពីពេលមួយទៅពេលមួយ។ ប្រសិនបើអ្នកស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់បានល្អនៅដំណាក់កាលមួយ តែការស្ដាប់បង្គាប់របស់អ្នកចំពោះកិច្ចការរបស់ទ្រង់បែរជាមិនបានល្អនៅដំណាក់កាលមួយទៀត ឬក៏អ្នកមិនអាចស្ដាប់បង្គាប់បាន នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោល។ ប្រសិនបើអ្នកដើរទាន់ព្រះជាម្ចាស់ នៅពេលទ្រង់បោះជំហាននេះ នោះអ្នកត្រូវបន្តដើរឲ្យទាន់ នៅពេលទ្រង់បោះជំហានបន្ទាប់ទៀត។ គឺមានតែពេលនោះទេ ទើបអ្នកនឹងអាចក្លាយទៅជាមនុស្សម្នាក់ ដែលស្ដាប់បង្គាប់ព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវរក្សាការស្ដាប់បង្គាប់របស់អ្នកឲ្យបានឋិតថេរ។ អ្នកមិនអាចគ្រាន់តែស្ដាប់បង្គាប់នៅពេលអ្នកសប្បាយចិត្ត ហើយមិនស្ដាប់បង្គាប់នៅពេលអ្នកមិនសប្បាយចិត្តនោះទេ។ ការស្ដាប់បង្គាប់បែបនេះ ព្រះជាម្ចាស់មិនសរសើរឡើយ។ ប្រសិនបើអ្នកមិនអាចដើរតាមជំហាននៃកិច្ចការថ្មីដែលខ្ញុំបានរៀបចំ និងបន្តប្រកាន់ខ្ជាប់តាមសុភាសិតចាស់ពីមុនមកទេនោះ តើអាចមានការរីកចម្រើននៅក្នុងជីវិតរបស់អ្នកដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីទំនុកបម្រុងដល់អ្នកតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកស្ដាប់បង្គាប់ និងទទួលយកព្រះបន្ទូលរបស់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការដូចគ្នាបេះបិទនឹងអ្វីដែលខ្ញុំមានបន្ទូល។ ចូរធ្វើដូចអ្វីដែលខ្ញុំបានមានបន្ទូលចុះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ខ្ញុំបានបញ្ចេញនូវពន្លឺថ្មីមួយសម្រាប់ឲ្យអ្នករាល់គ្នាបានឃើញ ដោយនាំយកអ្នករាល់គ្នាទៅក្នុងពន្លឺបច្ចុប្បន្ន ហើយនៅពេលដែលអ្នកដើរទៅក្នុងពន្លឺនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងភ្លាមៗ។ មានមនុស្សមួយចំនួនដែលចចេសរឹងរូស និយាយថា «ខ្ញុំនឹងមិនធ្វើតាមអ្វីដែលអ្នកនិយាយឡើយ»។ នៅក្នុងករណីនេះ ខ្ញុំប្រាប់អ្នកចុះថា អ្នកបានមកដល់ចុងបញ្ចប់នៃផ្លូវហើយ។ អ្នកត្រូវក្រៀមស្វិត និងគ្មានជីវិតទៀតឡើយ។ ហេតុដូចនេះ នៅក្នុងបទពិសោធន៍នៃការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក គ្មានអ្វីសំខាន់ជាងការរក្សាជំហានឲ្យទាន់នឹងពន្លឺបច្ចុប្បន្ននេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែធ្វើការក្នុងខ្លួនមនុស្សណាម្នាក់ដែលព្រះជាម្ចាស់ប្រើការនោះទេ ប៉ុន្តែ ក៏ធ្វើការនៅក្នុងពួកជំនុំផងដែរ។ ទ្រង់អាចធ្វើការនៅក្នុងមនុស្សគ្រប់គ្នាបាន។ ទ្រង់អាចនឹងកំពុងធ្វើការក្នុងខ្លួនឯងក្នុងអំឡុងពេលបច្ចុប្បន្ន ហើយអ្នកនឹងបានស្គាល់កិច្ចការនេះ។ នៅក្នុងអំឡុងពេលបន្ទាប់ទៀត ទ្រង់អាចនឹងធ្វើការក្នុងខ្លួនមនុស្សផ្សេងទៀត ដែលក្នុងករណីនេះ អ្នកត្រូវតែ ប្រញាប់ដើរតាម។ នៅពេលអ្នកដើរតាមពន្លឺបច្ចុប្បន្នកាន់តែកៀក នោះជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើនឡើង។ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់បែបណានោះទេ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងខ្លួនគេ នោះអ្នកត្រូវតែដើរតាម។ ចូរថ្លឹងថ្លែងបទពិសោធន៍របស់ពួកគេតាមរយៈបទពិសោធន៍របស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបានអ្វីកាន់តែខ្ពស់។ ការធ្វើបែបនេះ នោះអ្នកនឹងរីកចម្រើនកាន់តែឆាប់។ នេះគឺជាផ្លូវនៃភាពគ្រប់លក្ខណ៍សម្រាប់មនុស្ស និងជាមធ្យោបាយ ដែលជីវិតបានរីកចម្រើនធំធាត់។

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើមនុស្សអាចលះបង់នូវសញ្ញាណសាសនាបាន នោះពួកគេមិនចាំបាច់ប្រើគំនិតរបស់ពួកគេទៅវាស់ស្ទង់ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះឡើយ ហើយផ្ទុយទៅវិញ ពួកគេនឹងស្ដាប់បង្គាប់ដោយត្រង់តែម្ដង។ ទោះបីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះខុសគ្នាស្រឡះពីកិច្ចការរបស់ព្រះជាម្ចាស់នាពេលអតីតកាលក៏ដោយ ក៏អ្នកអាចលះបង់នូវទស្សនពីអតីតកាលចោលបានដែរ ហើយស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះដោយត្រង់តែម្ដង។ មិនថាព្រះជាម្ចាស់បានធ្វើការយ៉ាងណាកាលពីអតីតកាលនោះទេ ប្រសិនបើអ្នកអាចយល់ពីកិច្ចការនោះបាន អ្នកត្រូវផ្ដល់តម្លៃអាទិភាពដល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ដូច្នេះអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលបានលះបង់សញ្ញាណរបស់ខ្លួន ជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលអាចស្ដាប់បង្គាប់តាមកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន ព្រមទាំងដើរតាមលំអានរបស់ទ្រង់ទៀតផង។ នៅក្នុងលក្ខណៈនេះ អ្នកនឹងក្លាយទៅជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ដ៏ពិតប្រាកដ។ អ្នកនឹងមិនវិភាគ ឬពិនិត្យពិច័យកិច្ចការរបស់ព្រះជាម្ចាស់ទៀតឡើយ។ ការនេះហាក់បីដូចជាព្រះជាម្ចាស់បានបំភ្លេចកិច្ចការពីមុនរបស់ទ្រង់ចោល ហើយអ្នកក៏បានបំភ្លេចកិច្ចការនេះដែរ។ បច្ចុប្បន្នគឺបច្ចុប្បន្ន អតីតកាលគឺអតីតកាល ហើយដោយសារព្រះជាម្ចាស់ឈប់អើពើនឹងកិច្ចការដែលទ្រង់បានបំពេញកាលពីអតីតកាលទៅហើយ អ្នកក៏មិនគួរគិតគូរដល់កិច្ចការទាំងនោះទៀតដែរ។ លុះត្រាតែអ្នកអាចធ្វើបែបនេះបាន ទើបអ្នកនឹងអាចក្លាយជាមនុស្សម្នាក់ដែលស្ដាប់បង្គាប់ព្រះជាម្ចាស់បានទាំងស្រុង និងអាចលះបង់នូវសញ្ញាណសាសនាបានទាំងស្រុង។

ដកស្រង់ពី «មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេដែលអាចបម្រើព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ ត្រូវតែពិត និងជាក់ស្ដែង ហើយត្រូវស្ដែងចេញ តាមការរស់នៅ។ ការចុះចូលបែបលំៗ តែមួយមុខ មិនអាចទទួលបានការសរសើរតម្កើងពីព្រះជាម្ចាស់ឡើយ ហើយការស្ដាប់បង្គាប់ កត្តាមិនសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយគ្មានការព្យយាមផ្លាស់ប្តូរនិស្ស័យរបស់មនុស្សណាម្នាក់ នោះក៏មិនត្រូវនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ និងការចុះចូលចំពោះកិច្ចការរបស់ព្រះ គឺជារឿងតែមួយ និងដូចគ្នា។ អស់អ្នកណាដែលគ្រាន់តែចុះចូលនឹងព្រះ តែមិនចុះចូលនឹងកិច្ចការរបស់ទ្រង់ មិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានឡើយ ហើយអ្នកដែលមិនចុះចូលដោយពិតប្រាកដ តែគ្រាន់តែបញ្ចើចបញ្ចើតែពីខាងក្រៅ កាន់តែមិនអាចចាត់ទុកថា ស្ដាប់បង្គាប់បានដែរ។ អស់អ្នកណាដែលចុះចូលចំពោះព្រះពិតប្រាកដ សុទ្ធតែអាចទទួលបានផលពីកិច្ចការរបស់ព្រះជាម្ចាស់ និងសម្រេចនូវការយល់ដឹងអំពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់បាន។ មានតែមនុស្សប្រភេទនេះទេទើបអាចចុះចូលនឹងព្រះជាម្ចាស់បាន។ មនុស្សបែបនេះអាចទទួលបានចំណេះដឹងថ្មី និងធ្វើការបំផ្លាស់បំប្រែជាថ្មីពីកិច្ចការថ្មី។ មានតែមនុស្សបែបនេះទេ ដែលព្រះជាម្ចាស់លើកសរសើរ មានតែមនុស្សបែបនេះទេ ដែលត្រូវធ្វើឲ្យបានគ្រប់លក្ខណ៍ ហើយមានតែមនុស្សទាំងអស់នេះទេដែលជាអ្នកដែលអាចឲ្យនិស្ស័យរបស់ពួកគេបំផ្លាស់បំប្រែបាន។ អស់អ្នកណាដែលព្រះជាម្ចាស់សរសើរតម្កើង គឺជាមនុស្សដែលចុះចូលនឹងព្រះជាម្ចាស់ដោយអរសប្បាយ និងចុះចូលចំពោះព្រះបន្ទូល និងកិច្ចការរបស់ទ្រង់។ មានតែមនុស្សបែបនេះទេ ដែលជាមនុស្សត្រឹមត្រូវ មានតែមនុស្សបែបនេះទេ ដែលចង់បានព្រះជាម្ចាស់ និងស្វែងរកព្រះជាម្ចាស់ដោយស្មោះត្រង់។

ដកស្រង់ពី «អស់អ្នកណាដែលស្ដាប់បង្គាប់ ព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្នុងអំឡុងពេលដែលព្រះជាម្ចាស់គង់នៅក្នុងសាច់ឈាម ការចុះចូលដែលព្រះអង្គតម្រូវពីមនុស្ស មិនពាក់ព័ន្ធនឹងការឈប់ធ្វើការជំនុំជម្រះ ឬការប្រឆាំង ដូចជាពួកគេស្រមើស្រមៃនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គតម្រូវឲ្យមនុស្សប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ធ្វើជាគោលការណ៍របស់ពួកគេក្នុងការរស់នៅតាម និងទុកជាមូលដ្ឋានគ្រឹះនៃការរស់រានរបស់ពួកគេ តម្រូវឲ្យពួកគេយកសារជាតិនៃព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តទាំងស្រុង ព្រមទាំងតម្រូវឲ្យពួកគេបំពេញតាមព្រះហឫទ័យរបស់ទ្រង់ទាំងស្រុង។ ទិដ្ឋភាពមួយនៃការតម្រូវឲ្យមនុស្សចុះចូលចំពោះព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស សំដៅទៅលើការអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ចំណែកឯទិដ្ឋភាពមួយទៀតសំដៅលើការអាចចុះចូលចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ទ្រង់។ ទិដ្ឋភាពទាំងពីរនេះត្រូវតែដាច់ខាតតែម្ដង។ អស់អ្នកដែលអាចសម្រេចបានទិដ្ឋភាពទាំងពីរនេះ គឺជាអ្នកដែលមានសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ទទួលយក ហើយពួកគេស្រឡាញ់ព្រះជាម្ចាស់ ដូចជាពួកគេស្រឡាញ់ជីវិតខ្លួនផងដែរ។

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ដូច្នេះ តើមនុស្សគួរតែមានឥរិយាបថដូចម្ដេចចំពោះរឿងទាំងបីយ៉ាងនេះ៖ ព្រះជាម្ចាស់ ការយោនយកកំណើតជាសាច់ឈាមរបស់ទ្រង់ និងសេចក្ដីពិត? ការអាចស្ដាប់ និងស្ដាប់បង្គាប់។ គ្មានអ្វីដែលច្បាស់ជាងនេះទេ។ បន្ទាប់ពីស្ដាប់ អ្នកត្រូវតែទទួលយកនៅក្នុងចិត្ត។ ប្រសិនបើអ្នកមិនអាចទទួលយកអ្វីមួយ នោះអ្នកត្រូវតែបន្តស្វែងរករហូតដល់អ្នកអាចទទួលយកដ៏ពេញលេញ នោះនៅពេលដែលអ្នកទទួលយកវា អ្នកត្រូវតែស្ដាប់បង្គាប់។ តើពាក្យថាត្រូវស្ដាប់បង្គាប់មានន័យដូចម្ដេច? វាមានន័យថា ត្រូវអនុវត្ត។ ចូរកុំបោះបង់ចោលអ្វីមួយឱ្យសោះបន្ទាប់ពីបានស្ដាប់ឮពាក្យទាំងនោះ។ ពីខាងក្រៅ អ្នកសន្យាថានឹងអនុវត្តតាមពាក្យទាំងនោះ ហើយអ្នកកត់ត្រាទុក អ្នកប្ដេជ្ញាកត់ត្រាពាក្យទាំងនោះ អ្នកឮពាក្យទាំងនោះនឹងត្រចៀករបស់អ្នក ប៉ុន្តែពួកវាមិននៅក្នុងចិត្តរបស់អ្នក ហើយដល់ពេលវេលាដែលត្រូវធ្វើ នោះអ្នកធ្វើអ្វីក៏ដោយដែលអ្នកចង់ធ្វើ បំភ្លេចអ្វីដែលអ្នកបានកត់ទុក ហើយចាត់ទុកថាវាមិនសំខាន់។ នេះមិនមែនជាការស្ដាប់បង្គាប់នោះទេ។ ការស្ដាប់បង្គាប់ដ៏ពិត មានន័យថា ស្ដាប់ និងយល់ដោយចិត្តរបស់អ្នក មានន័យថា ជាការទទួលយកយ៉ាងពិតប្រាកដ ជាការទទួលយកជាកិច្ចការ ជាបទបញ្ជា ជាទំនួលខុសត្រូវបែបកាតព្វកិច្ច។ វាមិនមែនត្រឹមតែជាករណីនៃការទទួលយកអ្វីមួយនៅក្នុងចិត្តនោះទេ។ អ្នកត្រូវតែបង្វែរវាទៅជាសកម្មភាពដ៏រឹងមាំ។ ជាផ្លូវដែលអ្នកដើរ ហើយជាវត្ថុបំណង និងទិសដៅដែលអ្នករត់ឆ្ពោះទៅ ជាសេចក្ដីតម្រូវដែលអ្នកបានឮពីព្រះជាម្ចាស់។ ហើយអ្វីដែលត្រូវបានបំពេញដោយដៃរបស់អ្នក អ្វីដែលបានជំរុញដោយចិត្តរបស់អ្នក និងអ្វីដែលត្រូវបានគិតដោយគំនិតរបស់អ្នក ព្រមទាំងតម្លៃដែលអ្នកចេញថ្លៃ គឺដើម្បីផលប្រយោជន៍នៃអ្វីដែលព្រះជាម្ចាស់ស្នើសុំពីអ្នក។ នេះគឺជា «ការអនុវត្ត»។ តើអ្វីជាន័យប្រៀបធៀបនៃការស្ដាប់បង្គាប់? ការប្រតិបត្តិ ការអនុវត្ត និងការធ្វើឱ្យអ្វីមួយក្លាយជាការពិត។ អ្នកកត់ត្រាទុកនៅលើក្រដាសនូវអ្វីដែលព្រះជាម្ចាស់មានបន្ទូល និងស្នើសុំ កត់ត្រាវាជាលាយលក្ខណ៍អក្សរ ប៉ុន្តែមិនមែនកត់ត្រានៅក្នុងចិត្តនោះទេ ហើយនៅពេលដែលដល់ពេលដែលត្រូវធ្វើសកម្មភាព អ្នកធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ធ្វើ។ ពីខាងក្រៅ វាមើលទៅដូចជាអ្នកបានធ្វើវារួចហើយ ប៉ុន្តែអ្នកធ្វើបែបនោះដោយផ្អែកលើគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នក។ នេះមិនមែនជាការស្ដាប់ និងការស្ដាប់បង្គាប់នោះទេ វាគឺជាការមើលងាយចំពោះសេចក្ដីពិត ជាការបំពានដោយចំហលើគោលការណ៍ និងជាការមិនទទួលស្គាល់ការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់។ នេះជាការបះបោរ។

ដកស្រង់ពី «សេចក្ដីបន្ថែមទីបី៖ វិធីដែលណូអេ និងអ័ប្រាហាំស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ (II)» នៅក្នុងសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ

នៅពេលដែលលោកណូអេធ្វើកិច្ចការទៅតាមការណែនាំរបស់ព្រះជាម្ចាស់ នោះគាត់មិនបានដឹងពីចេតនារបស់ព្រះជាម្ចាស់ឡើយ។ គាត់មិនបានដឹងថា តើព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើអ្វីនោះទេ។ ព្រះជាម្ចាស់គ្រាន់តែបង្គាប់បញ្ជា ហើយណែនាំគាត់ឲ្យធ្វើកិច្ចការមួយដោយគ្មានការពន្យល់ច្រើនប៉ុណ្ណោះ ឯលោកណូអេក៏បានស្តាប់តាម រួចធ្វើកិច្ចការនោះតែម្តង។ គាត់មិនបានព្យាយាមជីកឫសជីគល់ចង់ដឹងពីបំណងរបស់ព្រះជាម្ចាស់ដោយសម្ងាត់ទេ ហើយគាត់ក៏មិនប្រឆាំងតវ៉ានឹងព្រះជាម្ចាស់ ឬបង្ហាញភាពមិនស្មោះត្រង់នោះដែរ។ គាត់បានចេញទៅ ហើយធ្វើវាដោយដួងចិត្តមួយដែលបរិសុទ្ធ និងសាមញ្ញ។ អ្វីក៏ដោយ ដែលព្រះជាម្ចាស់បង្គាប់ឲ្យគាត់ធ្វើ គាត់ក៏បានធ្វើតាម ហើយការស្តាប់បង្គាប់ និងការស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គ បានបញ្ជាក់ពីជំនឿរបស់គាត់ទៅលើអ្វីដែលគាត់បានធ្វើ។ នោះជារបៀបដែលគាត់បានប្រព្រឹត្ដដោយត្រង់ៗ ហើយសាមញ្ញចំពោះអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យធ្វើ។ សារជាតិរបស់គាត់ ពោលគឺសារជាតិនៃសកម្មភាពរបស់គាត់ គឺការស្ដាប់បង្គាប់ មិនមែនការទាយស្មានលើកទីពីរ មិនមែនជាការប្រឆាំងតវ៉ា ហើយលើសពីនេះទៅទៀត គឺមិនមែនជាការគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលចំណេញ និងការខាតបង់របស់ខ្លួនឯងឡើយ។ ជាងនេះទៀត នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គនឹងបំផ្លាញពិភពលោកដោយទឹកជំនន់ នោះលោកណូអេ មិនបានសួរដេញដោលថា តើវាកើតឡើងពេលណា ឬសួរថាតើនឹងមានអ្វីកើតឡើងនោះឡើយ ហើយលោកក៏មិនបានសួរព្រះជាម្ចាស់អំពីរបៀបដែលព្រះអង្គនឹងបំផ្លាញពិភពលោកយ៉ាងម៉េចនោះដែរ។ គាត់គ្រាន់តែធ្វើតាមអ្វីដែលព្រះជាម្ចាស់បានណែនាំគាត់ប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យការនេះបានកើតឡើង គឺកើតឡើងតាមអ្វីដែលគាត់បានធ្វើ ដូចដែលព្រះជាម្ចាស់បានបង្គាប់ឲ្យធ្វើ ហើយត្រូវតែចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗដែរ។ គាត់បានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ដោយមានឥរិយាបថចង់គាប់ព្រះហឫទ័យព្រះជាម្ចាស់។ តើគាត់បានធ្វើកិច្ចការនេះ ដើម្បីជួយខ្លួនគាត់ឲ្យរួចផុតពីគ្រោះមហន្តរាយឬ? ទេ អត់ទេ! តើគាត់មានបានសួរព្រះជាម្ចាស់ទេថា តើនៅសល់ពេលយូរប៉ុនណាទៀត ទំរំាដល់ពេលដែលពិភពលោកត្រូវបំផ្លាញចោល? គាត់មិនបានសួរទេ។ តើគាត់មានបានសួរព្រះជាម្ចាស់ ឬតើគាត់មានបានដឹងទេថា តើត្រូវចំណាយពេលយូរប៉ុនណា ដើម្បីសាងសង់ទូកធំឲ្យរួច? គាត់ក៏មិនបានដឹងរឿងនោះដែរ។ គាត់គ្រាន់តែបានស្ដាប់បង្គាប់ ស្តាប់តាម និងប្រព្រឹត្ដតាមប៉ុណ្ណោះ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់នឹងប្រទានកូនប្រុសម្នាក់ដល់អាប្រាហាំ។ តើអាប្រាហាំបាននិយាយតបយ៉ាងដូចម្ដេច? គាត់មិនបាននិយាយអ្វីទាំងអស់ គាត់បានជឿថា អ្វីដែលព្រះជាម្ចាស់មានបន្ទូលនឹងសម្រេច។ នេះគឺជាឥរិយាបថរបស់អាប្រាហាំ។ តើគាត់ធ្វើការវិនិច្ឆ័យណាមួយឬទេ? តើគាត់បានចំអកឬទេ? តើគាត់បានធ្វើអ្វីដែលលាក់លៀមឬទេ? (ទេ)។ នេះគេហៅថា ការស្ដាប់បង្គាប់។ វាត្រូវបានគេហៅថា ជាការរក្សាជាប់នៅកន្លែងរបស់នរណាម្នាក់ ជាការរក្សាជាប់នៅក្នុងភារកិច្ចរបស់នរណាម្នាក់។ ចំពោះសារ៉ា ដែលជាប្រពន្ធរបស់គាត់វិញ តើគាត់មិនខុសពីអាប្រាហាំទេឬ? តើអ្វីជាឥរិយាបថរបស់គាត់ចំពោះព្រះជាម្ចាស់? គាត់ឆ្ងល់ គាត់ចំអក គាត់មិនជឿ ហើយគាត់វិនិច្ឆ័យ គាត់ព្រមទាំងបានប្រើល្បិចកំប៉ិកកំប៉ុកទៀតផង ដោយឱ្យអ្នកបម្រើរបស់គាត់ធ្វើជាស្រីស្នំរបស់អាប្រាហាំ ដែលបង្កឱ្យមានភាពមិនទំនងជាច្រើននៅទីបញ្ចប់។ ឥរិយាបថនេះ គឺមកពីបំណងរបស់មនុស្ស។ សារ៉ាមិនបានរក្សាជាប់ទៅនឹងទីកន្លែងផ្ទាល់ខ្លួនរបស់គាត់នោះទេ ហើយសំណួរអំពីព្រះជាម្ចាស់ និងភាពគ្មានជំនឿលើទ្រង់ បានកើតឡើងនៅក្នុងគាត់។ តើអ្វីជាមូលហេតុដែលបណ្ដាលឱ្យគាត់មានភាពគ្មានជំនឿ? វាមានហេតុផល និងបរិបទមួយចំនួន។ ទីមួយ គឺអាប្រាហាំពេលនោះមានវ័យចាស់បន្តិចហើយ ហើយហេតុផលមួយទៀត សារ៉ាក៏មានអាយុច្រើនផងដែរ និងមិនអាចបង្កើតកូនបានទេ។ ហេតុផលទាំងនេះរួមគ្នា បានធ្វើឱ្យសារ៉ាជឿថា អ្វីដែលព្រះជាម្ចាស់មានបន្ទូល គឺជារឿងដែលមិនអាចទៅរួច ជាល្បិចដែលគេលេងដាក់ក្មេងៗប៉ុណ្ណោះ។ គាត់មិនទទួលយក និងជឿអ្វីដែលព្រះជាម្ចាស់មានបន្ទូល ថាជាសេចក្ដីពិតនោះទេ ប៉ុន្តែ គាត់បែរជាចាត់ទុកថា ព្រះបន្ទូលនោះជាការភូតកុហក ឬជាពាក្យលេងសើចទៅវិញ។ តើនេះជាឥរិយាបថត្រឹមត្រូវឬទេ? ចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាការភូតកុហករបស់អ្នកប្រើល្បិច តើនេះជាឥរិយាបថដែលមនុស្សម្នាក់គួរតែប្រព្រឹត្តចំពោះព្រះអម្ចាស់នៃការបង្កើតឬ? (ទេ)។ ហេតុដូច្នេះ ដោយសារតែគាត់ចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការលេងសើច ជាការភូតកុហករបស់អ្នកប្រើល្បិច និងមិនចាត់ទុកថាជាសេចក្ដីពិត ហើយដោយសារតែគាត់មិនបានជឿអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬអ្វីដែលទ្រង់កំពុងតែធ្វើ នោះប្រាកដជាមានលទ្ធផលជាច្រើនបន្តបន្ទាប់ ដែលទាំងអស់នេះ គឺបានមកពីបំណងរបស់មនុស្ស និងភាពគ្មានជំនឿរបស់សារ៉ា។ តាមសារជាតិ គាត់កំពុងនិយាយថា «តើព្រះជាម្ចាស់អាចធ្វើរឿងនេះឬ? ប្រសិនបើទ្រង់មិនអាច ខ្ញុំត្រូវតែធ្វើសកម្មភាពដើម្បីជួយសម្រេចព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ នៅក្នុងខ្លួនគាត់ មានការយល់ច្រឡំ ការវិនិច្ឆ័យ ការប៉ាន់ស្មាន និងសំណួរ ដែលទាំងអស់បានរួមបញ្ចូលគ្នា ដើម្បីបង្កើតជាសកម្មភាពមួយនៃការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដោយមនុស្សម្នាក់ដែលមាននិស្ស័យពុករលួយ។ អាប្រាហាំមិនបានធ្វើរឿងទាំងនេះទេ ដូច្នេះហើយ ព្រះពរទាំងនេះត្រូវបានប្រទានដល់គាត់។ ព្រះជាម្ចាស់បានទតឃើញចិត្តរបស់អាប្រាហាំ ដែលមានការគោរពចំពោះទ្រង់ ទតឃើញភាពស្មោះត្រង់របស់គាត់ និងទតឃើញឥរិយាបថរបស់គាត់ ហើយព្រះជាម្ចាស់នឹងប្រទានកូនប្រុសឱ្យគាត់ នោះទើបគាត់អាចក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ នេះគឺជាអ្វីដែលទ្រង់បានសន្យាជាមួយអាប្រាហាំ និងការប្រព្រឹត្តពិសេសរបស់ទ្រង់ចំពោះសារ៉ា។ ដូច្នេះហើយ ការស្ដាប់បង្គាប់ គឺមានសារៈសំខាន់ខ្លាំងណាស់។ តើនៅក្នុងការស្ដាប់បង្គាប់មានចម្ងល់ដែរឬទេ? ប្រសិនបើមាន តើការស្ដាប់បង្គាប់នោះរាប់ថាជាការស្ដាប់បង្គាប់ដ៏ពិតឬទេ? ប្រសិនបើមានការវិភាគ និងការវិនិច្ឆ័យនៅក្នុងការស្ដាប់បង្គាប់ តើរាប់ថាជាការស្ដាប់បង្គាប់ទេ? (ទេ)។ ប្រសិនបើមនុស្សម្នាក់ព្យាយាមស្វែងរកកំហុស គឺកាន់តែមិនរាប់ថាជាការស្ដាប់បង្គាប់ទៅទៀត។ បន្ទាប់មក តើអ្វីត្រូវបានបង្ហាញ និងត្រូវបានបញ្ចេញឱ្យឃើញ ហើយតើអ្វីជាអាកប្បកិរិយានៅក្នុងការស្ដាប់បង្គាប់ដែលបញ្ជាក់យ៉ាងពេញលេញថា វាជាការស្ដាប់បង្គាប់ពិត? (ជំនឿ)។ ជំនឿដ៏ពិតគឺជារឿងម៉្យាង។ មនុស្សម្នាក់ត្រូវតែយល់យ៉ាងត្រឹមត្រូវពីអ្វីដែលព្រះជាម្ចាស់មានបន្ទូល និងអ្វីដែលព្រះជាម្ចាស់ធ្វើ ព្រមទាំងបញ្ជាក់ថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺត្រឹមត្រូវ និងជាសេចក្ដីពិត។ មិនត្រូវការសួរអំពីវា ឬសួរអ្នកដទៃអំពីវា ហើយមិនត្រូវការដាក់ទម្ងន់លើវា ហើយពិចារណាពីវា ឬក៏វិភាគវានៅក្នុងចិត្តរបស់នរណាម្នាក់ដែរ។ នេះគឺជាទិដ្ឋភាពមួយនៃការស្ដាប់បង្គាប់។ ចូរជឿថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺត្រឹមត្រូវ។ នៅពេលដែលមនុស្សម្នាក់ធ្វើអ្វីមួយ យើងអាចមើលអ្វីដែលមនុស្សនោះធ្វើ មើលទៅលើប្រវត្តិរូប និងចរិតលក្ខណៈរបស់ពួកគេ។ រឿងទាំងនេះ ត្រូវការការវិភាគ។ ផ្ទុយទៅវិញ ប្រសិនបើអ្វីមួយមកពីព្រះជាម្ចាស់ ហើយត្រូវបានធ្វើដោយទ្រង់ យើងត្រូវតែបិទមាត់របស់យើងភ្លាម។ មិនត្រូវសួរសំណួរអំពីវា ហើយមិនត្រូវលើកចម្ងល់នោះទេ ប៉ុន្តែត្រូវទទួលយកវាទាំងស្រុង។ ហើយតើអ្វីដែលត្រូវធ្វើបន្ទាប់? មានសេចក្ដីពិតមួយចំនួននៅទីនេះ ដែលមនុស្សមិនយល់ប៉ុន្មានទេ ហើយពួកគេនៅឆ្ងាយពីព្រះជាម្ចាស់។ ទោះបីជាពួកគេជឿ ហើយអាចចុះចូល និងទទួលស្គាល់ថា កិច្ចការនេះត្រូវបានបំពេញដោយព្រះជាម្ចាស់ក៏ដោយ ក៏ការទទួលស្គាល់របស់ពួកគេចំពោះការពិតនេះ មិនទាន់មានអ្វីដែលជាធម្មជាតិនៃគោលលទ្ធិដែរ ហើយចិត្តរបស់ពួកគេក៏នៅជាប់ជំពាក់ដែរ។ នៅពេលនេះ មនុស្សម្នាក់ត្រូវតែស្វែងរក ដោយសួរថា «តើសេចក្ដីពិតអ្វីនៅក្នុងនេះ? ឯណាទៅជាកំហុសនៃការគិត? តើខ្ញុំនៅឆ្ងាយពីព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? តើការយល់ឃើញរបស់ខ្ញុំណាមួយ ដែលប្រឆាំងជាមួយនឹងអ្វីដែលព្រះជាម្ចាស់មានបន្ទូល?» ការដែលអាចស្វែងរកចម្លើយបែបនេះ គឺជាឥរិយាបថមួយ និងជាការអនុវត្តនូវការស្ដាប់បង្គាប់។ មានអស់អ្នកដែលនិយាយថា ពួកគេស្ដាប់បង្គាប់ ហើយបន្ទាប់មក នៅពេលដែលអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេនិយាយថា «តើនរណាដែលដឹងថាព្រះជាម្ចាស់ធ្វើអ្វី? យើងជាភាវៈដែលត្រូវបានបង្កើតមក មិនអាចជ្រៀតជ្រែកទ្រង់បានទេ។ ទុកឱ្យព្រះជាម្ចាស់ធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើចុះ!»។ តើនេះជាការស្ដាប់បង្គាប់ឬទេ? តើនេះជាឥរិយាបថប្រភេទណា? នេះគឺជាការស្អប់ខ្ពើមមិនចង់មានទំនួលខុសត្រូវ។ វាជាកង្វះខាតនៃការយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់ធ្វើ។ វាជាភាពព្រងើយកន្ដើយដ៏ត្រជាក់។ អាប្រាហាំអាចស្ដាប់បង្គាប់ ដោយសារតែគាត់បានសង្កេតមើលគោលការណ៍មួយចំនួន ហើយគាត់ត្រូវបានតាំងចិត្តនៅក្នុងជំនឿរបស់គាត់ថា អ្វីដែលព្រះជាម្ចាស់មានបន្ទូល នឹងអាចសម្រេច ហើយនឹងអាចបំពេញ ដោយគ្មានសង្ស័យនោះទេ។ ដូច្នេះហើយ ទើបគាត់មិនមានសំណួរ គាត់មិនមានការវាយតម្លៃណាមួយ ហើយគាត់ក៏មិនជាប់ពាក់ព័ន្ធនឹងល្បិចកំប៉ិកកំប៉ុកដែរ។ នេះគឺជាវិធីដែលគាត់បានប្រព្រឹត្ត។

ដកស្រង់ពី «ឥរិយាបថដែលមនុស្សគួរតែមានចំពោះព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ចំពោះមនុស្សលោក ព្រះជាម្ចាស់ធ្វើកិច្ចការជាច្រើនដែលរកយល់មិនបាន និងរកជឿមិនបាន។ នៅពេលដែលព្រះជាម្ចាស់ចង់រៀបចំនរណាម្នាក់ ការរៀបចំនេះតែងតែផ្ទុយពីសញ្ញាណរបស់មនុស្ស និងរកយល់មិនបានសម្រាប់គេ តែភាពមិនចុះសម្រុង និងលក្ខណៈដែលរកយល់មិនបាននេះហើយ ដែលជាការល្បងល និងជាការពិសោធន៍របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ចំណេកឯលោកអ័ប្រាហាំវិញ លោកអាចបង្ហាញនូវការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនគាត់ ដែលជាលក្ខខណ្ឌគ្រឹះដ៏សំខាន់នៃការដែលគាត់អាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ ទាល់តែពេលដែលលោកអ័ប្រាហាំអាចស្ដាប់តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ពេលដែលលោកថ្វាយអ៊ីសាក ទើបព្រះជាម្ចាស់មានអារម្មណ៍ជឿទុកចិត្តពិតប្រាកដ និងសព្វព្រះហឫទ័យចំពោះមនុស្សជាតិ ពោលគឺចំពោះលោកអ័ប្រាហាំ ជាមនុស្សដែលព្រះអង្គបានជ្រើសរើស។ ទាល់តែនៅពេលនោះ ទើបព្រះជាម្ចាស់ប្រាកដថា មនុស្សម្នាក់ដែលទ្រង់បានជ្រើសរើស គឺជាអ្នកដឹកនាំសំខាន់ម្នាក់ដែលអាចរ៉ាប់រងសេចក្ដីសន្យារបស់ទ្រង់ និងលទ្ធផលដែលបានមកពីផែនការគ្រប់គ្រប់របស់ទ្រង់។ ទោះបីវាត្រឹមតែជាការល្បងល និងជាការពិសោធន៍ក៏ដោយ ក៏ព្រះជាម្ចាស់មានអារម្មណ៍សព្វព្រះហឫទ័យដែរ ទ្រង់ជ្រាបពីក្ដីស្រឡាញ់របស់មនុស្សចំពោះទ្រង់ ហើយទ្រង់មានអារម្មណ៍ស្រណុកព្រះទ័យដោយសារមនុស្ស ជាងពេលណាទាំងអស់។ ក្នុងវេលាដែលលោកអ័ប្រាហាំលើកកាំបិតបម្រុងសម្លាប់អ៊ីសាក តើព្រះជាម្ចាស់បញ្ឈប់គាត់ឬទេ? ព្រះជាម្ចាស់មិនបណ្ដោយឲ្យលោកអប្រាហាំថ្វាយអ៊ីសាកទេ ដ្បិតព្រះជាម្ចាស់ពុំមានចេតនាចង់យកជីវិតរបស់អ៊ីសាកសោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបញ្ឈប់លោកអ័ប្រាហាំទាន់ពេល។ ចំពោះព្រះជាម្ចាស់ ការស្ដាប់បង្គាប់របស់លោកអ័ប្រាហាំបានប្រឡងជាប់ការពិសោធន៍ហើយ អ្វីដែលលោកបានធ្វើគឺគ្រប់គ្រាន់ហើយ ហើយព្រះជាម្ចាស់ក៏បានឃើញលទ្ធផលនៃកិច្ចការដែលទ្រង់មានចេតនានឹងធ្វើដែរ។ តើលទ្ធផលនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ? អាចនិយាយបានថា លទ្ធផលនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ហើយ ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះឫទ័យចង់បាន ហើយជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញជាយូរមកហើយ។ តើនេះជាការពិតទេ? ថ្វីបើព្រះជាម្ចាស់ទ្រង់ប្រើវិធីខុសៗគ្នាក្នុងការពីសោធន៍មនុស្សម្នាក់ៗ និងក្នុងបរិបទខុសគ្នាក៏ដោយ ក៏ទ្រង់បានឃើញអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឃើញនៅក្នុងលោកអ័ប្រាហាំដែរ ទ្រង់ឃើញថាដួងចិត្តរបស់លោកអ័ប្រាហាំ ជាដួងចិត្តពិត ហើយឃើញថាការស្ដាប់បង្គាប់របស់លោក ឥតលក្ខខណ្ឌឡើយ។ ច្បាស់ណាស់ថា «ឥតលក្ខខណ្ឌ» នេះហើយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងជំនឿរបស់គាត់លើព្រះជាម្ចាស់ ពេត្រុសបានព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់ការទាំងអស់ ហើយបានព្យាយាមស្ដាប់បង្គាប់នូវគ្រប់ការទាំងអស់ដែលមកអំពីព្រះជាម្ចាស់។ គាត់អាចទទួលយកនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏ដូចជាការបន្សុទ្ធ ទុក្ខសោក និងការបន្តទៅមុខដោយគ្មានអ្វីសោះនៅក្នុងជីវិតរបស់គាត់ ដោយគ្មានការតវ៉ាសូម្បីតែបន្តិច ហើយគ្មានអ្វីអាចផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះជាម្ចាស់បានឡើយ។ តើនេះមិនមែនជាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបំពេញភារកិច្ចក្នុងនាមជាសត្តនិកររបស់ព្រះជាម្ចាស់ទេឬអី? មិនថានៅក្នុងការវាយផ្ចាល ការជំនុំជម្រះ ឬទុក្ខសោកនោះទេអ្នកតែងអាចសម្រេចបាននូវការស្ដាប់បង្គាប់រហូតដល់ស្លាប់បាន ហើយនេះគឺជាអ្វីដែលសត្តនិកររបស់ព្រះជាម្ចាស់គប្បីសម្រេចឲ្យបាន នេះគឺជាភាពស្អាតបរិសុទ្ធនៃសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់។ ប្រសិនបើមនុស្សសម្រេចបានចំណុចនេះបានកាន់តែច្រើន នោះគេនឹងមានលក្ខណៈសម្បត្តិជាសត្តនិកររបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីផ្សេងដែលអាចផ្គាប់បំណងព្រះហឫទ័យរបស់ព្រះអាទិករបានប្រសើរជាងនេះឡើយ។ ឧបមាថា អ្នកអាចធ្វើការថ្វាយព្រះជាម្ចាស់បាន ប៉ុន្តែអ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ និងមិនអាចស្រឡាញ់ព្រះជាម្ចាស់ដោយពិតប្រាកដបាន។ តាមរបៀបនេះអ្នកមិនត្រឹមតែនឹងមិនបានបំពេញភារកិច្ច ជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទេ ប៉ុន្តែអ្នកក៏នឹងត្រូវព្រះជាម្ចាស់ថ្កោលទោសដែរ ដ្បិតអ្នកគឺជាមនុស្សម្នាក់ដែលមិនមានសេចក្ដីពិត ជាអ្នកដែលមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បាន ហើយជាមនុស្សមិនស្ដាប់បង្គាប់ព្រះជាម្ចាស់។ អ្នកគ្រាន់តែខ្វល់អំពីការធ្វើការថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះនិងមិនខ្វល់អំពីការប្រតិបត្តិសេចក្ដីពិត ឬស្វែងយល់អំពីខ្លួនឯងឡើយ។ អ្នកពុំយល់ ឬស្គាល់ព្រះអាទិករទេ ហើយអ្នកមិនគោរព ឬស្រឡាញ់ព្រះអាទិករឡើយ។ អ្នកគឺជាមនុស្សម្នាក់ដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់តាំងពីកំណើតមក ហើយមនុស្សបែបអ្នកនេះ មិនត្រូវបានព្រះអាទិករសព្វព្រះហឫទ័យឡើយ។

ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការធ្វើទីបន្ទាល់យ៉ាងលាន់រំពងសម្រាប់ព្រះជាម្ចាស់ ទាក់ទងជាចម្បងថាតើអ្នកមានការយល់ដឹងអំពីព្រះដ៏ជាក់ស្ដែង និងថាតើអ្នកអាចចុះចូលចំពោះបុគ្គលម្នាក់នេះ ដែលមិនគ្រាន់តែសាមញ្ញ តែធម្មតា ហើយចុះចូលរហូតដល់ក្ស័យជីវិតដែរឬអត់។ តាមរយៈរបៀបនៃការចុះចូលនេះ បើអ្នកពិតជាធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់មែន នោះមានន័យថា អ្នកត្រូវបានទទួលយកដោយព្រះជាម្ចាស់ហើយ។ បើអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ហើយនៅចំពោះទ្រង់ អ្នកគ្មានការរអ៊ូរទាំ មិនធ្វើការជំនុំជម្រះ មិនមួលបង្កាច់ មិនមានសញ្ញាណ និងមិនមានបំណងលាក់បាំង នោះព្រះជាម្ចាស់នឹងទទួលបានសិរីល្អមិនខាន។ ការចុះចូលនៅចំពោះមនុស្សធម្មតាម្នាក់ដែលត្រូវបានមើលឃើញដោយមនុស្ស និងអាចចុះចូលរហូតដល់ក្ស័យជីវិត ដោយគ្មានសញ្ញាណណាមួយ នេះហើយជាទីបន្ទាល់ដ៏ពិតប្រាកដនោះ។ ការពិតដែលព្រះជាម្ចាស់តម្រូវឲ្យមនុស្សចូលទៅនោះគឺដើម្បីឱ្យអ្នកអាចស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ យកព្រះបន្ទូលទាំងនោះទៅអនុវត្ត ក្រាបចុះនៅចំពោះព្រះដ៏ជាក់ស្ដែង ហើយស្គាល់ពីសេចក្តីពុករលួយរបស់អ្នក បើកចំហដួងចិត្តរបស់អ្នកនៅចំពោះទ្រង់ ហើយនៅទីបំផុត ត្រូវបានទ្រង់ទទួលយក តាមរយៈព្រះបន្ទូលរបស់ទ្រង់ទាំងនេះ។ ព្រះជាម្ចាស់ទទួលបានសិរីល្អ នៅពេលដែលព្រះសូរសៀងទាំងនេះយកឈ្នះអ្នក និងធ្វើឲ្យអ្នកស្ដាប់បង្គាប់ទាំងស្រុងចំពោះទ្រង់ ហើយតាមរយៈការនេះ ព្រះអង្គបំបាក់មុខសាតាំង និងបញ្ចប់កិច្ចការរបស់ទ្រង់។ នៅពេលដែលអ្នកមិនមានសញ្ញាណណាមួយអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ពោលគឺនៅពេលដែលអ្នកបានឈររឹងមាំនៅក្នុងការល្បងលនេះ នោះអ្នកបានធ្វើបន្ទាល់នេះយ៉ាងល្អ។ បើថ្ងៃមួយមកដល់ ជាពេលដែលអ្នកមានការយល់ដឹងពេញលេញអំពីព្រះដ៏ជាក់ស្ដែង ហើយអ្នកអាចចុះចូលរហូតដល់ក្ស័យជីវិត ដូចជាពេត្រុស នោះអ្នកនឹងត្រូវបានព្រះជាម្ចាស់ទទួលយក និងប្រោសឲ្យបានគ្រប់លក្ខណ៍មិនខាន។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើដែលមិនស្របតាមសញ្ញាណរបស់អ្នក គឺជាការល្បងលមួយសម្រាប់អ្នក។ បើកិច្ចការរបស់ព្រះជាម្ចាស់ស្របតាមសញ្ញាណរបស់អ្នក នោះវានឹងមិនតម្រូវឲ្យអ្នករងទុក្ខ ឬត្រូវបន្សុទ្ធទេ។ នោះគឺដោយសារតែកិច្ចការរបស់ទ្រង់មានភាពជាក់ស្ដែងពេក ហើយមិនស្របតាមសញ្ញាណរបស់អ្នកនេះឡើយ ទើបវាតម្រូវឲ្យអ្នកបោះបង់សញ្ញាណបែបនេះចោល។ នេះហើយជាហេតុផលដែលវាជាការល្បងលមួយសម្រាប់អ្នកនោះ។ គឺដោយសារតែភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សទាំងអស់ស្ថិតនៅកណ្ដាលចំណោមនៃការល្បងលនោះ ដ្បិតកិច្ចការរបស់ទ្រង់គឺជាក់ស្ដែង មិនមែនអធិធម្មជាតិទេ។ តាមរយៈការយល់ដឹងពេញលេញអំពីព្រះបន្ទូលជាក់ស្ដែងរបស់ទ្រង់ និងព្រះសូរសៀងជាក់ស្ដែងរបស់ទ្រង់ ដោយគ្មានសញ្ញាណណាមួយ ហើយអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ ពេលដែលកិច្ចការរបស់ទ្រង់ចម្រើនឡើងកាន់តែជាក់ស្ដែង ទើបអ្នកនឹងត្រូវបានព្រះអង្គទទួលយក។ ក្រុមមនុស្សដែលព្រះជាម្ចាស់នឹងទទួលយក គឺជាអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ ពោលគឺអស់អ្នកដែលស្គាល់ភាពជាក់ស្ដែងរបស់ទ្រង់។ លើសពីនេះ ពួកគេជាមនុស្សដែលអាចចុះចូលចំពោះកិច្ចការជាក់ស្ដែងរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. វិធីដែលមនុស្សម្នាក់អាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់

បន្ទាប់៖ ២. អ្វីជាឫសគល់របស់មនុស្សក្នុងការបះបោរ និងការទាស់ទទឹងនឹងព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ