២. អ្វីជាឫសគល់របស់មនុស្សក្នុងការបះបោរ និងការទាស់ទទឹងនឹងព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីខូចអាក្រក់របស់គេដែលបង្ករដោយសាតាំង។ ដោយសារតែការខូចអាក្រក់របស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកអ្នក។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឲ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងុល។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ប្រសិនបើវិចារណញ្ញាណ និងការយល់ដឹងរបស់មនុស្សមិនអាចផ្លាស់ប្តូរ នោះការផ្លាស់ប្ដូរនិស្ស័យរបស់គេ គឺមិនអាចទៅរួចនោះទេ ដូចជាការគោរពតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើវិចារណញ្ញាណរបស់មនុស្សមិនត្រឹមត្រូវទេ នោះគេមិនអាចបម្រើព្រះជាម្ចាស់ និងមិនសក្ដិសមឲ្យព្រះជាម្ចាស់ប្រើប្រាស់ឡើយ។ «វិចារណញាណធម្មតា» សំដៅលើការស្ដាប់បង្គាប់ និងការស្មោះត្រង់ចំពោះព្រះជាម្ចាស់ ការចង់បានព្រះជាម្ចាស់ជាខ្លាំង និងការមិនមានចិត្តងាករេចំពោះព្រះជាម្ចាស់ផង។ វាសំដៅលើការមានចិត្ដមួយថ្លើមមួយ ចំពោះព្រះជាម្ចាស់ ព្រមទាំងមិនមានបំណងប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ការមានវិចារណញ្ញាខុសពីធម្មតា គឺមិនដូច្នេះឡើយ។ ដោយសារតែសាតាំងបានធ្វើឲ្យមនុស្សទៅជាខូចអាក្រក់ មនុស្សក៏មានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់ ហើយគេគ្មានភាពស្មោះត្រង់ចំពោះទ្រង់ ឬប្រាថ្នាចង់បានទ្រង់ឡើយ។ គេក៏មិននិយាយអ្វីចេញពីមនសិការ ចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សមានបំណងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងបានធ្វើការវិនិច្ឆ័យទ្រង់ ហើយលើសពីនេះទៅទៀត ថែមទាំងប្រមាថទ្រង់នៅពីក្រោយខ្នងព្រះអង្គទៀតផង។ មនុស្សបានធ្វើការវិនិច្ឆ័យព្រះជាម្ចាស់ ទាំងដែលដឹងច្បាស់ថាព្រះអង្គគឺជាព្រះ ដ្បិតមនុស្សគ្មានបំណងស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ ហើយគ្រាន់តែទាមទារនេះទាមទារនោះពីទ្រង់ ទាំងងងឹតងងុលប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមនុស្សដែលមានវិចារណញ្ញាណមិនសមស្រប មិនអាចស្គាល់ពីអាកប្បកិរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់ខ្លួន ឬមានការសោកស្ដាយអំពីការបះបោររបស់ខ្លួនទេ។ ប្រសិនបើមនុស្សអាចស្គាល់ពីខ្លួនឯងបាន នោះពួកគេបានទទួលនូវវិចារណញ្ញាណបន្ដិចបន្ដួចរបស់ពួកគេឡើងវិញហើយ ដ្បិតនៅពេលមនុស្សដែលមិនអាចស្គាល់ខ្លួនឯង កាន់តែបះបោរជំទាស់នឹងព្រះជាម្ចាស់ នោះវិចារណញ្ញាណរបស់ពួកគេ ក៏កាន់តែគ្មានហេតុផលដែរ។

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្រោយពីមានការធ្លាក់ចូលក្នុងសេចក្ដីខូចអាក្រក់ជាច្រើនពាន់ឆ្នាំមក មនុស្សលោកមានភាពស្ពឹកស្រពន់ និងល្ងិតល្ងង់ ដ្បិតគេបានក្លាយជាអារក្សដែលបានទាស់ប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ការបះបោររបស់មនុស្សចំពោះព្រះជាម្ចាស់ត្រូវបានចងក្រងក្នុងសៀវភៅប្រវត្ដិសាស្ដ្រ ហើយមនុស្សលោកខ្លួនឯងទៀតសោត ក៏មិនអាចរៀបរាប់អស់អំពីទង្វើបះបោររបស់ខ្លួនបានពេញលេញដែរ ដ្បិតមនុស្សត្រូវបានសាតាំងបណ្ដាលឲ្យក្លាយជាខូចអាក្រក់អស់ ហើយសាតាំងក៏បាននាំឲ្យមនុស្សវង្វេង រហូតដល់មិនដឹងថា តើត្រូវងាកមកវិញនៅត្រង់ណាដែរ។ សូម្បីសព្វថ្ងៃនេះក្ដី មនុស្សលោកនៅតែក្បត់នឹងព្រះជាម្ចាស់ដដែល ដ្បិតនៅពេលមនុស្សបានមើលឃើញព្រះជាម្ចាស់ហើយ ក៏គេនៅតែក្បត់នឹងទ្រង់ ហើយនៅពេលដែលគេមិនអាចឃើញព្រះអង្គ នោះក៏គេនៅតែក្បត់នឹងព្រះអង្គដដែល។ ជាងនេះទៀត សូម្បីតែអ្នកដែលបានធ្វើជាសក្ខីភាពនៃបណ្ដាសា និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ហើយក៏ដោយ ក៏នៅតែក្បត់នឹងព្រះអង្គទៀត។ ដូច្នេះ ខ្ញុំសូមប្រាប់ថា វិចារណញ្ញាណរបស់មនុស្សបានបាត់បង់សារជាតិដើមហើយ រីឯមនសិការរបស់មនុស្សក៏ដូចគ្នាដែរ។ មនុស្សលោកដែលខ្ញុំរៀបរាប់នេះ គឺជាសត្វសាហាវនៅក្នុងសណ្ឋានជាមនុស្ស គេជាសត្វពស់ដែលមានពិស ហើយមិនថាគេព្យាយាមសម្ដែងជាគួរឲ្យអាណិតយ៉ាងណានៅចំពោះមុខខ្ញុំ ក៏ខ្ញុំគ្មានក្ដីអាណិតចំពោះគេដែរ ដ្បិតមនុស្សលោកមិនចេះបែងចែកខ្មៅ និងស មិនចេះបែងចែកសេចក្ដីពិត និងសេចក្ដីមិនពិត។ វិចារណញ្ញាណរបស់មនុស្សមានភាពស្រពន់ណាស់ ប៉ុន្ដែគេនៅតែប្រាថ្នាចង់បានព្រះពរថែមទៀត ភាពជាមនុស្សរបស់គេមានភាពអាប់ឱនខ្លាំងណាស់ ប៉ុន្ដែ គេក៏នៅតែប្រាថ្នាចង់បានអធិបតេយ្យភាពរបស់អង្គក្សត្រា។ តើមនុស្សដែលមានការយល់ឃើញបែបនេះ ត្រូវធ្វើជាស្ដេចរបស់នរណាទៅ? តើមនុស្សដែលមានសារជាតិជាមនុស្សបែបនេះ អាចអង្គុយលើបល័្លង្កបានយ៉ាងដូចម្ដេចទៅ? មនុស្សលោកពិតជាគ្មានការអៀនខ្មាស់ទាល់តែសោះ! គេជាមនុស្សមានអំណួត! ចំពោះអ្នករាល់គ្នាដែលប្រាថ្នាចង់ទទួលបានព្រះពរ នោះខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ដំបូង ត្រូវរកកញ្ចក់ឆ្លុះជាមុនសិន រួចក្រឡេកមើលពីភាពអាក្រក់របស់ខ្លួនឯង ហើយសួរថា តើអ្នករាល់គ្នាមានមុខមាត់ជាមនុស្សម្នាក់ ដែលអាចទទួលបានព្រះពរដែរឬទេ? គឺអ្នករាល់គ្នាមិនមានការផ្លាស់់ប្ដូរនិស្ស័យបន្ដិចណាសោះ ហើយអ្នករាល់គ្នាក៏មិនទាន់បានយកសេចក្ដីពិតទៅអនុវត្ដតាមដែរ តែអ្នករាល់គ្នានៅតែប្រាថ្នាចង់បានសេចក្ដីអស្ចារ្យ នៅថ្ងៃបន្ទាប់ដដែល។ អ្នករាល់គ្នាកំពុងតែបោកបញ្ឆោតខ្លួនឯងហើយ! មនុស្សដែលកើតមកក្នុងទឹកដីកខ្វក់បែបនេះ បានរងការខូចខាតពីសង្គមយ៉ាងខ្លាំង បានរងឥទ្ធិពលពីក្រមសីលធម៌សក្ដិភូមិ ហើយក៏ទទួលបានការបង្រៀននៅ «វិទ្យាស្ថានឧត្ដមសិក្សា» ទៀតផង។ ការគិតថយក្រោយ ការអាក្រក់ខូចផ្នែកសីលធម៌ ការយល់ឃើញតូចទាបពីជីវិត ទស្សនៈវិទ្យាសម្រាប់ការរស់នៅដ៏គួរឲ្យស្អប់ខ្ពើម ជីវិតរស់នៅដែលគ្មានតម្លៃទាល់តែសោះ ព្រមទាំង របៀបរស់នៅ និងទំនៀមទម្លាប់ដ៏ថោកទាប ដែលទាំងអស់នេះបានឈ្លានពានដួងចិត្ដរបស់មនុស្សយ៉ាងខ្លាំងក្លា ព្រមទាំងបានធ្វើឲ្យចុះខ្សោយ និងវាយប្រហារមនសិការរបស់ពួកគេផងដែរ។ ជាលទ្ធផល មនុស្សលោកកាន់តែស្ថិតនៅឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់ ហើយកាន់តែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ច្រើនទៀតផង។ បន្តិចម្តងៗ និស្ស័យរបស់មនុស្សក៏កាន់តែសាហាវទៅៗដែរ ហើយមិនមាននរណាម្នាក់ដែលសុខចិត្ដបោះបង់គ្រប់យ៉ាងដើម្បីព្រះជាម្ចាស់ឡើយ គ្មាននរណាម្នាក់ដែលនឹងស្ដាប់បង្គាប់ព្រះជាម្ចាស់ចេញពីចិត្ដ ហើយលើសពីនេះទៅទៀតនោះ ក៏គ្មានបុគ្គលណាម្នាក់ដែលនឹងស្វែងរកការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់អស់ពីចិត្ដដែរ។ ផ្ទុយទៅវិញ ដោយស្ថិតក្រោមដែនត្រួតត្រារបស់សាតាំង មនុស្សលោកមិនបានធ្វើអ្វីទាល់តែសោះ ក្រៅពីចង់បានការសប្បាយ ដោយយល់ព្រមឲ្យសាច់ឈាមខូចអាក្រក់នៅក្នុងទឹកដីដែលពេញដោយភក់ជ្រាំនេះ។ សូម្បីពេលដែលពួកគេបានឮអំពីសេចក្ដីពិតហើយក្ដី អស់អ្នកដែលរស់នៅក្នុងភាពងងឹតមិនបានគិតដល់ការយកសេចក្ដីពិតទៅអនុវត្ដទេ ហើយពួកគេក៏មិនមានទំនោរក្នុងការស្វែងរកព្រះជាម្ចាស់ដែរ ទោះបីជាពួកគេបានឃើញការបង្ហាញព្រះកាយរបស់ព្រះជាម្ចាស់ហើយក្ដី។ តើមនុស្សលោកដែលគួរឲ្យស្អប់ខ្ពើមយ៉ាងនេះ អាចមានឱកាសទទួលបានការសង្គ្រោះបានយ៉ាងដូចម្ដេច? តើមនុស្សលោកដែលអាប់អោនខ្លាំងយ៉ាងនេះ អាចរស់នៅក្នុងពន្លឺបានយ៉ាងដូចម្ដេច?

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការបើកសម្ដែងឲ្យឃើញអំពីនិស្ស័យខូចអាក្រក់របស់មនុស្ស គ្មានប្រភពមកពីណាក្រៅពីមនសិការដែលអន់ថយ សន្ដានព្យាបាទ ព្រមទាំងវិចារណញ្ញាណដែលមិនសមរម្យរបស់គេ។ ប្រសិនបើមនសិការ និងវិចារណញ្ញាណរបស់មនុស្ស អាចប្រែក្លាយទៅជាធម្មតាម្ដងទៀតបាន នោះគេនឹងក្លាយជាមនុស្សម្នាក់ដែលសក្ដិសមនឹងប្រើប្រាស់ នៅចំពោះព្រះភ័ក្ដ្រព្រះជាម្ចាស់។ វាជារឿងធម្មតាទៅហើយ ដោយសារមនសិការរបស់មនុស្សតែងតែស្ពឹកស្រពន់ជានិច្ច ហើយដោយសារតែវិចារណញ្ញាណរបស់មនុស្ស ដែលមិនធ្លាប់មានភាពសមរម្យផងនោះ ក៏កាន់តែអន់ថយទៅៗ ទើបមនុស្សលោកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាន់តែខ្លាំង គេថែមទាំងដល់ថ្នាក់ឆ្កាងព្រះយេស៊ូវនៅលើឈើឆ្កាង ព្រមទាំងបដិសេធចំពោះការយកកំណើតជាមនុស្សរបស់ព្រះ នៅគ្រាចុងក្រោយដែលទ្រង់យាងចូលក្នុងដំណាក់របស់ព្រះអង្គ ហើយគេក៏បានថ្កោលទោសសាច់ឈាមរបស់ព្រះជាម្ចាស់ និងមើលងាយបន្ទាបបន្ថោកសាច់ឈាមរបស់ព្រះអង្គផង។ ប្រសិនបើមនុស្សមាននូវភាពជាមនុស្សតែបន្ដិចនោះ គេនឹងមិនប្រព្រឹត្ដយ៉ាងឃោរឃៅ ចំពោះសាច់ឈាមរបស់ព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមកនោះឡើយ។ ប្រសិនបើគេមានវិចារណញ្ញាណតែបន្តិច នោះគេនឹងមិនប្រព្រឹត្ដយ៉ាងព្រៃផ្សៃ ចំពោះសាច់ឈាមដែលព្រះបានចាប់បដិសន្ធិនោះឡើយ។ ប្រសិនបើគេមានមនិសការតែបន្ដិច នោះគេនឹងមិន «អរព្រះគុណ» ចំពោះព្រះជាម្ចាស់ដែលបានចាប់បដិសន្ធិមក តាមរបៀបនេះឡើយ។ មនុស្សរស់នៅក្នុងយុគសម័យដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ប៉ុន្ដែ គេមិនអាចអរព្រះគុណព្រះជាម្ចាស់ សម្រាប់ការប្រទាននូវឱកាសល្អដល់ខ្លួនឡើយ ហើយផ្ទុយទៅវិញ គេក៏បានដាក់បណ្ដាសាចំពោះការយាងមករបស់ព្រះជាម្ចាស់ ឬបានព្រងើយកន្តើយ ចំពោះសេចក្ដីពិតនៃការការយកកំណើតជាមនុស្សរបស់ព្រះទាំងស្រុង ហើយក៏ហាក់ដូចជាប្រឆាំង និងនឿយណាយ ចំពោះការនឹងការចាប់បដិសន្ធិនេះផងដែរ។ សរុបមក បើទោះបីជាមនុស្សប្រព្រឹត្តចំពោះការយាងមកវិញរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់តែងតែអនុវត្តកិច្ចការរបស់ទ្រង់ ដោយអត់ធ្មត់ ទោះបីជាមនុស្សមិនបានស្វាគមន៍ព្រះអង្គសូម្បីតែបន្ដិច និងតែងទូលសុំពីព្រះអង្គទាំងងងឹតងងុលក្ដី។ និស្ស័យរបស់មនុស្ស បានប្រែក្លាយទៅជាឃោឃៅយ៉ាងខ្លាំង វិចារណញ្ញាណរបស់គេក៏កាន់តែស្ពឹកស្រពន់ខ្លាំងដែរ ហើយមនសិការរបស់គេក៏ត្រូវបានអារក្សជាន់ឈ្លីទាំងស្រុង ហើយលែងជាមនសិការដើមរបស់មនុស្សជាយូរមកហើយ។ មនុស្សមិនត្រឹមតែមិនដឹងគុណដល់ព្រះដែលក្លាយជាសាច់ឈាម ចំពោះការដែលដែលទ្រង់ប្រទាននូវជីវិត និងព្រះគុណយ៉ាងច្រើន ដល់មនុស្សជាតិទេ តែគេបែជាតូចចិត្ដនឹងព្រះជាម្ចាស់ ដែលបានប្រទាននូវសេចក្ដីពិតដល់ខ្លួនទៅវិញ នេះគឺដោយសារមនុស្សមិនមានចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតសូម្បីតែបន្ដិច ទើបគេតូចចិត្ដចំពោះព្រះជាម្ចាស់បែបនេះ។ មនុស្សមិនត្រឹមតែមិនអាចលះបង់ជីវិតរបស់ខ្លួន សម្រាប់ព្រះដែលបានយកកំណើតជាមនុស្សនោះទេ ប៉ុន្តែគេថែមទាំងបានព្យាយាមទាញយកព្រះហឫទ័យអធ្យាស្រ័យពីទ្រង់ ហើយទាមទារផលប្រយោជន៍លើសពីអ្វីដែលមនុស្សបានថ្វាយ ចំពោះព្រះជាម្ចាស់ រាប់សិបដងទៅទៀត។ មនុស្សដែលមានមនសិការ និងវិចារណញ្ញាណបែបនេះ គិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយក៏នៅតែជឿថា ពួកគេបានលះបង់យ៉ាងច្រើនសម្រាប់ព្រះជាម្ចាស់ និងគិតថា ព្រះជាម្ចាស់បានប្រទានពរដល់ពួកគេបន្ដិចបន្ដួចប៉ុណ្ណោះ។ មានមនុស្សលាដៃទារឲ្យខ្ញុំសងទឹកដោះគោគេវិញពីរចាន ដ្បិតពួកគេបានឲ្យទឹកខ្ញុំមួយចាន ឬទារឲ្យខ្ញុំចេញថ្លៃបន្ទប់សំណាក់ឲ្យគេបីបួនយប់ ដោយសារតែគេចេញថ្លៃបន្ទប់សំណាក់ ឲ្យខ្ញុំមួយយប់។ តើអ្នកនៅតែចង់បានជីវិត ទាំងមានលក្ខណៈជាមនុស្ស និងមនសិការបែបនេះ ដូចម្ដេចបាន? អ្នកពិតជាមនុស្សទុរគតគួរឲ្យមើលងាយមែន!

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលខ្ញុំនិយាយដល់នេះ សំដៅលើអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ អស់អ្នកណាដែលស្គាល់ព្រះត្រឹមតែតាមបបូរមាត់របស់ពួកគេ តែពុំបានស្គាល់ទ្រង់ពិតប្រាកដ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ទ្រង់ និងអស់អ្នកណាដែលអាស្រ័យផលពីព្រះគុណ របស់ព្រះ តែមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះទ្រង់។ បើគ្មានការយល់ដឹងអំពីគោលបំណងនៃកិច្ចការរបស់ព្រះ ឬគ្មានការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្សលោកទេ នោះមនុស្សមិនអាចបំពេញតាមព្រះហឫទ័យរបស់ព្រះបានឡើយ ហើយក៏មិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះបានដែរ។ មូលហេតុដែលមនុស្សប្រឆាំងទាស់នឹងព្រះ ទីមួយកើតចេញពីនិស្ស័យ ខូចអាក្រក់របស់ពួកគេ និងមួយទៀត កើតចេញពីភាពល្ងង់ខ្លៅ មិនស្គាល់ព្រះ និងកង្វះការយល់ដឹងអំពីគោលការណ៍ដែលព្រះបំពេញកិច្ចការ និងអំពីព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស។ ទិដ្ឋភាពទាំងពីរនេះរួមគ្នា បង្កើតបានជាប្រវត្តិនៃការប្រឆាំងទាស់របស់មនុស្ស ចំពោះព្រះជាម្ចាស់។ មនុស្សដែលទើបតែជឿថ្មី ទាស់ទទឹងនឹងព្រះ ដោយសារតែការទាស់ទទឹងនេះ មានក្នុងចរិតពីកំណើតរបស់គេ រីឯមនុស្សដែលជឿយូរហើយ គេទាស់ទទឹងនឹងព្រះ ដោយសារតែចរិតព្រងើយកន្តើយដែលគេមានចំពោះព្រះជាម្ចាស់ បន្ថែមលើនិស្ស័យខូចអាក្រក់របស់គេ។ នៅមុនពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈម ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬអត់នោះ គឺអាស្រ័យថា តើបុគ្គលនោះគោរពតាមបញ្ញត្តិ ដែលព្រះជាម្ចាស់បានចែង នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ ឧទាហរណ៍ នៅក្នុងសម័យក្រឹត្យវិន័យ ជនណាដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវបានគេចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ជនណាដែលលួចយកតង្វាយថ្វាយព្រះយេហូវ៉ា ឬជនដែលប្រឆាំងទាស់នឹងមនុស្ស ដែលព្រះយេហូវ៉ាគាប់ព្រះហឫទ័យ ត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយត្រូវកាត់ទោសដោយគប់សម្លាប់នឹងដុំថ្ម។ ជនណាដែលមិនគោរពឪពុកម្តាយខ្លួន ជនណាដែលបានវាយដំ ឬដាក់បណ្តាសាអ្នកដទៃ ត្រូវចាត់ទុកជាមនុស្សម្នាក់ដែលមិនគោរពតាមក្រឹត្យវិន័យ។ ហើយអស់អ្នកណាដែលមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងទ្រង់។ រឿងនេះគ្មានទៀតទេក្នុងយុគសម័យនៃព្រះគុណ ពេលនោះជនណាដែលប្រឆាំងទាស់នឹងព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយជនណាដែលមិនស្តាប់បង្គាប់តាមព្រះសូរសៀងរបស់ព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ នៅពេលនេះ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ត្រូវបានកំណត់កាន់តែសុក្រឹត និងជាក់ស្តែងជាងមុន។ នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថា តើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះ ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះ ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រា នោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់ មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះដោយស្រពិចស្រពិល ព្រោះ ព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួន ឲ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថា មនុស្សបានជឿលើព្រះជាម្ចាស់ តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនពេកពីមនុស្សនោះទេ ត្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់ ដែលលេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេ បើពួកគេព្រមស្តាប់បង្គាប់ទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកដែលមានសញ្ញាណអំពីព្រះជាម្ចាស់ ចាក់ឬសក្នុងគំនិតរបស់គេ ប៉ុន្តែ ក៏នៅតែត្រៀមខ្លួនជាស្រេច ហើយព្រមស្ដាប់បង្គាប់ទ្រង់ គេនឹងមិនទទួលបានការថ្កោលទោសឡើយ។ ព្រះថ្កោលទោសមនុស្ស ដោយផ្អែកលើបំណង និងទង្វើរបស់ពួកគេ មិនមែនថ្កោលទោស ដោយផ្អែកគំនិត និងយោបល់របស់ពួកគេឡើយ។ បើទ្រង់ថ្កោលទោសមនុស្ស ដោយផ្អែកលើគំនិត និងយោបល់របស់ពួកគេ នោះនឹងគ្មានមនុស្សណាម្នាក់អាចគេចផុតពី ព្រះហស្ដនៃសេចក្ដីខ្ញាល់របស់ព្រះបានឡើយ។ អស់អ្នកណាដែលមាន ចេតនាប្រឆាំងទាស់នឹងព្រះដែលយកកំណើតជាសាច់ឈាម នឹងត្រូវទទួលទណ្ឌកម្ម ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ។ ទាក់ទងនឹងមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទាំងអស់នេះ ការប្រឆាំងទាស់របស់ពួកគេ កើតចេញពីការពិតដែលថា ពួកគេមានសញ្ញាណចាក់ឫសអំពីព្រះ ដែលនាំពួកគេផុងខ្លួនទៅក្នុងសកម្មភាពដែលរំខានដល់កិច្ចការរបស់ព្រះជាបន្តបន្ទាប់។ មនុស្សទាំងអស់នេះ មានចេតនាតតាំង និងបំផ្លាញកិច្ចការរបស់ព្រះ។ ពួកគេមិនត្រឹមតែមានសញ្ញាណអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំងបានចូលរួមក្នុងសកម្មភាពនានា ដែលរំខានដល់កិច្ចការរបស់ទ្រង់ទៀតផង ហើយដោយហេតុនេះ មនុស្សប្រភេទនេះនឹងត្រូវថ្កោលទោស។ អ្នកដែលគ្មានចេតនាធ្វើឱ្យរំខានដល់កិច្ចការរបស់ព្រះ នឹងមិនទទួលនូវការថ្កោលទោសថាជាមនុស្សមានបាបនោះទេ ព្រោះពួកគេអាចស្ដាប់បង្គាប់ដោយសុទ្ធចិត្ត និងមិនចូលរួមក្នុងសកម្មភាពនានា ដែលបង្កឱ្យមានការរំខាន និងភាពវឹកវរនោះទេ។ មនុស្សបែបនេះនឹងមិនទទួលបានការថ្កោលទោសឡើយ។ ក៏ប៉ុន្តែ នៅពេលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើពួកគេនៅបន្តមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ហើយនៅតែមិនអាចយល់ដឹងពីកិច្ចការរបស់ព្រះដែលយកកំណើតជាសាច់ឈាម ហើយប្រសិនបើពួកគេនៅតែបន្តមានសញ្ញាណអំពីព្រះ មិនថា ពួកគេបានឆ្លងកាត់កិច្ចការរបស់ទ្រង់ ច្រើនឆ្នាំប៉ុនណា ហើយនៅតែមិនអាចស្គាល់ទ្រង់បាន ដូច្នេះ ទោះបីជាពួកគេមិនបានចូលរួមក្នុងសកម្មភាពរំខាននានាក្តី ក៏ចិត្តរបស់ពួកគេបានដិតដាមទៅដោយសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយទោះបីជាសញ្ញាណទាំងនេះ មិនសម្តែងចេញមកច្បាស់ក្តី ក៏មនុស្សបែបនេះគ្មានប្រយោជន៍អ្វីចំពោះកិច្ចការរបស់ព្រះដែរ។ ពួកគេមិនអាចផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ឬប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ចំពោះទ្រង់បានឡើយ។ មនុស្សបែបនេះគឺជាមនុស្សដែលគ្មានបានការ និងជាមនុស្សល្ងង់ខ្លៅ។ ដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេមិនអាចបោះចោលសញ្ញាណរបស់ពួកគេអំពីទ្រង់បានទាំងស្រុង ដូច្នេះ ពួកគេត្រូវទទួលការថ្កោលទោស។ គេអាចនិយាយដូចនេះថា៖ ចំពោះអ្នកជឿថ្មី រឿងមានសញ្ញាណអំពីព្រះជាម្ចាស់ ឬមិនដឹងអ្វីសោះអំពីទ្រង់ វាជារឿងធម្មតាទេ តែចំពោះអ្នកដែលបានជឿព្រះអស់រយៈពេលជាច្រើន ហើយឆ្លងកាត់បពិសោធន៍ក្នុងកិច្ចការជាច្រើនរបស់ទ្រង់ ការដែលនៅមានសញ្ញាណបែបនេះ វាមិនមែនជារឿងធម្មតាទេ រីឯការដែលមិនដឹងអ្វីសោះអំពីព្រះជាម្ចាស់ គឺកាន់តែមិនធម្មតា ចំពោះមនុស្សបែបនេះទៀតផង។ ពួកគេត្រូវទទួលការថ្កោលទោស ក៏មិនមែនដោយសារតែស្ថានភាពធម្មតានេះដែរ។ មនុស្សមិនធម្មតាទាំងនេះ គឺសុទ្ធតែជាសំរាម។ ពួកគេគឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះខ្លាំងជាងគេ និងជាអ្នកដែលទទួលបានព្រះគុណរបស់ព្រះទាំងមិនដឹងគុណ។ មនុស្សបែបនេះ នឹងត្រូវលុបបំបាត់ចោលនៅទីចុងបំផុត!

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចូរដឹងថា អ្នករាល់គ្នាប្រឆាំងទាស់នឹងកិច្ចការរបស់ព្រះជាម្ចាស់ ឬប្រើប្រាស់ សញ្ញាណរបស់ខ្លួនឯងផ្ទាល់ មកវាស់ស្ទង់គោលការណ៍នៃកិច្ចការ របស់ព្រះជាម្ចាស់សព្វថ្ងៃ ដ្បិតអ្នករាល់គ្នាពុំស្គាល់គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយមកពីអ្នករាល់គ្នាមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឲ្យបានគ្រប់គ្រាន់។ ការដែលអ្នករាល់គ្នាប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងការរារាំងដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសុទ្ធតែត្រូវបានបង្កឡើងដោយសញ្ញាណ និងភាពក្រអឺតក្រទមពីកំណើតរបស់អ្នករាល់គ្នា។ នេះមិនមែនមកពីកិច្ចការរបស់ព្រះជាម្ចាស់ខុសនោះទេ តែគឺមកពីអ្នករាល់គ្នារឹងចចេសពេក តាំងពីកំណើត។ បន្ទាប់ពីពួកគេរកឃើញសេចក្ដីជំនឿរបស់ពួកគេ ចំពោះព្រះជាម្ចាស់ មនុស្សខ្លះមិនទាំងអាចនិយាយដោយភាពជឿជាក់ថា មនុស្សមកពីណាផង ប៉ុន្តែពួកគេហ៊ាននិយាយវាយតម្លៃភាពខុសត្រូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាសាធារណៈ។ ពួកគេថែមទាំងបង្រៀនពួកសាវ័ក ដែលមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយផ្ដល់មូលវាចារ និង និយាយចេញមកទាំងដែលខ្លួនគ្មានសិទ្ធិអំណាចអ្វីសោះ។ ភាពជាមនុស្សរបស់គេនៅទាបណាស់ ហើយពួកគេពុំមានសតិនៅក្នុងខ្លួនសូម្បីតែបន្តិច។ តើថ្ងៃដែលមនុស្សត្រូវបានបដិសេធដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងត្រូវដុតដោយភ្លើងស្ថាននរក នឹងមិនមកដល់ទេឬអី? ពួកគេមិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ទេ តែពួកគេបែរជាទិតៀនកិច្ចការរបស់ទ្រង់ ហើយព្យាយាមណែនាំទ្រង់ពីរបៀបធ្វើការទៀតផង។ តើមនុស្សឥតហេតុផលបែបនេះ ស្គាល់ព្រះជាម្ចាស់ដូចម្ដេចទៅ? មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់ ក្នុងពេលកំពុងស្វែងរក និងកំពុងដកពិសោធ មិនមែនតាមការទិតៀន តាមទំនើងចិត្តថា មនុស្សចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តាមរយៈការ ស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធឡើយ។ កាលណាមនុស្សស្គាល់ព្រះជាម្ចាស់រឹតតែច្បាស់ នោះគេរឹតតែលែងប្រឆាំងទាស់នឹងទ្រង់។ ផ្ទុយទៅវិញ កាលណាកាន់តែមិនស្គាល់ព្រះជា ម្ចាស់ នោះពួកគេក៏រឹតតែប្រឆាំងទាស់នឹងទ្រង់ដែរ។ សញ្ញាណរបស់អ្នក សន្ដានចាស់របស់អ្នក ភាពជាមនុស្សរបស់អ្នក ចរិត និងទស្សនៈខាងសីលធម៌របស់អ្នក គឺជា «ដើមទុន» ដែលអ្នកយកមកតតាំងនឹងព្រះជាម្ចាស់ ហើយកាលណាអ្នករឹតតែខូចអាក្រក់ ឱនថយ និងថោកទាប នោះ អ្នកជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ហើយ។ មនុស្សណាដែលមាន សញ្ញាណខ្លាំងក្លា និងមនុស្សដែលមាននិស្ស័យស្វ័យសុចរិត រឹតតែជាខ្មាំងសត្រូវនឹងព្រះដែលយកកំណើតជាសាច់ឈាមផង។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើសញ្ញាណរបស់អ្នកមិនត្រូវបានកែតម្រង់ទេ នោះពួកគេនឹងប្រឆាំងទាស់នឹងព្រះជាម្ចាស់រហូត។ អ្នកនឹងមិនបានស្របនឹងព្រះជា ម្ចាស់ឡើយ ហើយអ្នកនឹង នៅឆ្ងាយពីទ្រង់ជានិច្ច។

ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បើអ្នកមិនអាចទទួលយកពន្លឺថ្មីពីព្រះជាម្ចាស់ និងមិនអាចយល់ ហើយ មិនព្យាយាមស្វែងយល់គ្រប់ទាំងសេចក្តីដែលទ្រង់ធ្វើសព្វថ្ងៃ អ្នកប្រាកដជាដាក់ការរិះគន់ ឬពិនិត្យពិច័យ ហើយវិភាគទៅលើសេចក្តីទាំងនោះជាមិនខាន ពុំនោះទេអ្នកច្បាស់ជាសង្ស័យ ដូច្នេះ អ្នកគ្មានគំនិតចង់ស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ នៅពេលដែលពន្លឺបច្ចុប្បន្នលេចចេញមក ប្រសិនបើអ្នកនៅតែឲ្យតម្លៃទៅលើពន្លឺអតីតកាល ហើយប្រឆាំងនឹងកិច្ចការថ្មីរបស់ព្រះ នោះអ្នកជាមនុស្សល្ងីល្ងើហើយ ដ្បិតអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលមានចេតនាទាស់ទទឹងនឹងព្រះ។ គន្លឹះក្នុងការស្ដាប់បង្គាប់ព្រះ គឺការឲ្យតម្លៃពន្លឺថ្មី ហើយអាចទទួលយក និងប្រតិបត្តិតាមពន្លឺថ្មីនោះផងដែរ។ នេះហើយគឺជាការស្ដាប់បង្គាប់ដ៏ពិត។ មនុស្សដែលមិនមានចិត្តស្រេកឃ្លានចង់បានព្រះជាម្ចាស់ គឺគ្មានបំណងចង់ចុះចូលនឹងទ្រង់ឡើយ ហើយដោយសារតែលទ្ធផលស្កប់ចិត្តជាមួយស្ថានភាពបច្ចុប្ប្នន្នរបស់ខ្លួននេះ បានបណ្ដាលឲ្យពួកគេទាស់ទទឹងនឹងព្រះ។ មនុស្សបែបនេះមិនអាចស្ដាប់បង្គាប់ព្រះជាម្ចាស់បានឡើយ ដោយសារតែគេបានងប់ងល់ជាមួយទិដ្ឋភាពពីអតីតកាល។ ទិដ្ឋភាពពីអតីតកាលទាំងនេះ បានផ្ដល់ឲ្យមនុស្សនូវការយល់ឃើញ និងការស្រមើស្រមៃគ្រប់យ៉ាងអំពីព្រះ ហើយវាបានក្លាយជារូបភាពនៃព្រះនៅក្នុងគំនិតរបស់គេ។ ដូច្នេះ អ្វីដែលពួកគេជឿ គឺជាការយល់ឃើញរបស់គេ ហើយក្លាយជាបទដ្ឋាននៃការស្រមើស្រមៃរបស់គេ។ បើអ្នកប្រៀបធៀបព្រះដែលធ្វើកិច្ចការជាក់ស្ដែង នាពេលបច្ចុប្បន្ន ជាមួយនឹងព្រះនៃការស្រមើស្រមៃរបស់អ្នក នោះសេចក្តីជំនឿរបស់អ្នក ចេញមកពីអារក្សសាតាំង ហើយវាត្រូវបង្ខូច ដោយសារសេចក្តីលម្អៀងរបស់អ្នក។ ព្រះជាម្ចាស់មិនចង់បានសេចក្តីជំនឿបែបនេះទេ។ មិនថា គុណសម្បត្តិ និងការតាំងចិត្តរបស់គេខ្ពស់ប៉ុនណា ហើយទោះជាពួកគេបានប្ដូរផ្ដាច់ប្រឹងប្រែងពេញមួយជីវិត ចំពោះកិច្ចការរបស់ទ្រង់ ហើយត្រូវបានស្លាប់ ដោយសារតែសេចក្តីជំនឿរបស់ខ្លួនក៏ដោយ ក៏ព្រះជាម្ចាស់មិនសរសើរមនុស្ស ដែលមានសេចក្តីជំនឿបែបនេះឡើយ។ ទ្រង់គ្រាន់តែប្រទានព្រះគុណបន្ដិច បន្ដួចដល់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេរីករាយនឹងព្រះគុណនោះមួយរយៈពេលខ្លីប៉ុណ្ណោះ។ មនុស្សបែបនេះគ្មានសមត្ថភាពប្រតិបត្តិតាមសេចក្តីពិតឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការនៅក្នុងពួកគេ ហើយព្រះជាម្ចាស់នឹងលុបបំបាត់ពួកគេម្ដងម្នាក់ៗចោលមិនខាន។ អស់អ្នកដែលមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងសេចក្តីជំនឿរបស់គេ និងមានចេតនាអាក្រក់ មិនថា អ្នកទាំងនោះក្មេង ឬចាស់ឡើយ ពួកគេសុទ្ធតែទាស់ទទឹង និងបង្អាក់ដល់កិច្ចការរបស់ព្រះ ហើយមនុស្សបែបនេះនឹងត្រូវព្រះជាម្ចាស់លុបបំបាត់ចោល ដោយគ្មានអ្វីសង្ស័យឡើយ។

ដកស្រង់ពី «អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីជាយ៉ូបមិនបានស្គាល់ព្រះជាម្ចាស់កាលគ្រានោះក៏ដោយ ក៏គាត់នៅតែចាត់ទុកទ្រង់ជាព្រះជាម្ចាស់ ហើយគោរពទ្រង់ ដូចជាម្ចាស់នៃស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើដែរ។ លោកយ៉ូបមិនបានចាត់ទុកព្រះជាម្ចាស់ជាខ្មាំងសត្រូវឡើយ ផ្ទុយទៅវិញ គាត់បានថ្វាយបង្គំទ្រង់ ដូចជាព្រះអាទិករនៃរបស់សព្វសារពើ។ ហេតុអ្វីបានជាមនុស្សសព្វថ្ងៃប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងបែបនេះ? ហេតុអ្វីបានជាពួកគេមិនអាចគោរពទ្រង់បាន? ហេតុផលមួយគឺថា ពួកគេត្រូវបានអារក្សសាតាំងធ្វើឲ្យពុករលួយយ៉ាងជ្រាលជ្រៅ ហើយជាមួយនិស្ស័យសាតាំងដែលជាប់យ៉ាងជ្រៅនេះ ពួកគេបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ និងទទួលស្គាល់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេនៅតែអាចប្រឆាំងនឹងទ្រង់ ហើយដាក់ខ្លួនប្រឆាំងនឹងទ្រង់ដដែល។ ការនេះត្រូវបានកំណត់ដោយនិស្ស័យរបស់មនុស្ស។ ហេតុផលមួយទៀតគឺថា ទោះបីជាពួកគេមានជំនឿលើព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សមិនបានចាត់ទុកទ្រង់ជាព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេចាត់ទុកទ្រង់ជាអ្នកប្រឆាំងចំពោះមនុស្ស ចាត់ទុកទ្រង់ជាខ្មាំងសត្រូវរបស់ពួកគេ ហើយពួកគេមានអារម្មណ៍ថា ពួកគេមិនអាចជានាជាមួយព្រះជាម្ចាស់បានឡើយ។ ហេតុផលគឺសាមញ្ញបែបនេះ។ ... អ្នកអាចមានចំណេះដឹងបន្ដិចបន្ដួចអំពីព្រះជាម្ចាស់ ប៉ុន្តែ តើចំណេះដឹងនេះមានអ្វីខ្លះទៅ? តើនេះមិនមែនជាអ្វីមួយដែលមនុស្សគ្រប់គ្នាកំពុងតែជជែកគ្នាទេឬ? តើវាមិនមែនជាអ្វីដែលព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកទេឬ? អ្នកដឹងតែទិដ្ឋភាពខាងទ្រឹស្ដី និងខាងគោលលទ្ធិប៉ុណ្ណោះ ប៉ុន្តែ តើអ្នកធ្លាប់ស្គាល់ព្រះភ័ក្ត្រដ៏ពិតរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកមានចំណេះដឹងបែបស្រមើស្រមៃឬ? តើអ្នកមានចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងឬទេ? ប្រសិនបើព្រះជាម្ចាស់មិនធ្លាប់មានបន្ទូលប្រាប់អ្នកទេ តើអ្នកអាចដឹងឬ? ចំណេះដឹងបែបទ្រឹស្ដីរបស់អ្នកមិនតំណាងឲ្យចំណេះដឹងដ៏ពិតឡើយ។ ជារួមមក ទោះបីជាអ្នកដឹងច្រើនកម្រិតណា ឬអ្នកបានដឹងអំពីវាដោយរបៀបណាក៏ដោយ ប្រសិនបើអ្នកមិនទទួលបានការយល់ដឹងដ៏ពិតអំពីព្រះជាម្ចាស់ទេ នោះទ្រង់នឹងក្លាយជាសត្រូវរបស់អ្នក ហើយប្រសិនបើអ្នកមិនចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ ជាព្រះជាម្ចាស់ទេ នោះទ្រង់នឹងប្រឆាំងជាមួយអ្នក ព្រោះថាអ្នកជាអ្នកតំណាងរបស់អារក្សសាតាំង។

នៅពេលដែលអ្នកនៅជាមួយព្រះគ្រីស្ទ អ្នកប្រហែលជាអាចបម្រើទ្រង់នូវអាហារបីពេលក្នុងមួយថ្ងៃ ឬប្រហែលជាបម្រើទឹកតែទ្រង់ និងជួយមើលថែតម្រូវការជីវិតរបស់ទ្រង់ នោះអ្នកនឹងបានចាត់ទុកព្រះគ្រីស្ទថា ជាព្រះជាម្ចាស់។ គ្រប់ពេលដែលមានអ្វីមួយកើតឡើង ទស្សនៈរបស់មនុស្សតែងតែផ្ទុយពីទស្សនៈរបស់ព្រះជាម្ចាស់ ហើយមនុស្សតែងតែមិនយល់ និងមិនទទួលយកទស្សនៈរបស់ព្រះជាម្ចាស់ឡើយ។ ទោះបីមនុស្សអាចចុះសម្រុងជាមួយព្រះជាម្ចាស់នៅសម្បកក្រៅក៏ដោយ ក៏នេះមិនមែនមានន័យថា ពួកគេពិតជាចុះសម្រុងជាមួយទ្រង់នោះដែរ។ នៅពេលដែលមានអ្វីមួយកើតឡើង សេចក្តីពិតនៃការមិនស្ដាប់បង្គាប់របស់មនុស្សជាតិចាប់ផ្ដើមលេចឡើង ដើម្បីបញ្ជាក់ពីការប្រឆាំងដែលកើតមានរវាងមនុស្ស និងព្រះជាម្ចាស់។ ការប្រឆាំងនេះមិនមែនជាការប្រឆាំងមួយរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ឬអំពីការដែលព្រះជាម្ចាស់ចង់ប្រឆាំងចំពោះពួកគេនោះទេ ហើយវាក៏មិនមែនទ្រង់ដែលដាក់ពួកគេឲ្យប្រឆាំងនឹងទ្រង់ បន្ទាប់មក ទ្រង់ប្រព្រឹត្តចំពោះពួកគេបែបនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាសារជាតិប្រឆាំងចំពោះព្រះជាម្ចាស់ដែលពួនសម្ងំនៅក្នុងឆន្ទៈដ៏ស្រមើស្រមៃរបស់មនុស្ស និងនៅក្នុងការមិនដឹងខ្លួនរបស់គេ។ ដោយសារតែមនុស្សចាត់ទុកការទាំងអស់ដែលមកពីព្រះជាម្ចាស់ ជាវត្ថុសម្រាប់ការស្រាវជ្រាវរបស់ពួកគេ ដូច្នេះ ការឆ្លើយតបរបស់ពួកគេចំពោះអ្វីដែលមកពីព្រះជាម្ចាស់ និងចំពោះអ្វីគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងព្រះជាម្ចាស់ គឺជាការទាយស្មាន ការសង្ស័យ ហើយបន្ទាប់មក ពួកគេក៏ផ្ដើមមានឥរិយាបថដែលប្រឆាំង និងជំទាស់ចំពោះព្រះជាម្ចាស់។ ក្រោយមកទៀត ពួកគេផ្ដើមមានអារម្មណ៍អវិជ្ជមាននៅក្នុងការជំទាស់ ឬប្រជែងជាមួយព្រះជាម្ចាស់ រហូតដល់សង្ស័យក្នុងចិត្តថាតើព្រះជាម្ចាស់សក្ដិសមឲ្យពួកគេដើរតាមឬក៏អត់។ ទោះបីវិចារណញ្ញាណរបស់ពួកគេប្រាប់ពួកគេថា ពួកគេមិនគួរប្រព្រឹត្តតាមបែបនេះតទៅទៀតក៏ដោយ ក៏ពួកគេនឹងនៅតែជ្រើសរើសប្រកាន់យកវាដដែល គឺបន្តធ្វើរហូតដល់ទីបញ្ចប់ ដោយគ្មានចិត្តអល់អែកនោះឡើយ។ ឧទាហរណ៍ តើអ្វីទៅជាប្រតិកម្មដំបូងដែលមនុស្សខ្លះមាន នៅពេលដែលពួកគេឮពាក្យចចាមអារ៉ាម ឬពាក្យមូលបង្កាច់អំពីព្រះជាម្ចាស់? ប្រតិកម្មដំបូងរបស់ពួកគេ គឺចាប់ផ្ដើមឆ្ងល់ថាតើពាក្យចចាមអារ៉ាមទាំងនោះជាការពិត ឬក៏អត់ និងថាតើពាក្យចចាមអារ៉ាមទាំងនេះមានពិត ឬក៏អត់ ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមមានឥរិយាបថបែបរង់ចាំមើល។ បន្ទាប់មក ពួកគេចាប់ផ្ដើមគិតថា «វាគ្មានផ្លូវក្នុងការផ្ទៀងផ្ទាត់រឿងនេះឡើយ។ តើវាពិតជាបានកើតឡើងឬទេ? តើពាក្យចចាមអារ៉ាមនេះជាការពិតឬក៏អត់?» ទោះបីមនុស្សបែបនេះមិនបង្ហាញវាចេញមកខាងក្រៅក៏ដោយ ប៉ុន្តែ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេបានចាប់ផ្ដើមសង្ស័យ និងចាប់ផ្ដើមបដិសេធព្រះជាម្ចាស់រួចទៅហើយ។ តើអ្វីទៅជាសារជាតិនៃឥរិយាបថបែបនេះ និងសារជាតិនៃទស្សនៈបែបនេះទៅ? តើវាមិនមែនជាអំពើក្បត់ទេឬ? ប្រសិនបើពួកគេមិនបានជួបរឿងនេះទេ នោះអ្នកមិនអាចមើលឃើញអំពីទស្សនៈរបស់មនុស្សទាំងនេះឡើយ។ វាហាក់ដូចជាពួកគេមិនមានជម្លោះជាមួយព្រះជាម្ចាស់ឡើយ និងហាក់ដូចជាពួកគេមិនចាត់ទុកទ្រង់ជាសត្រូវរបស់គេអ៊ីចឹង។ យ៉ាងណាមិញ នៅពេលដែលពួកគេបានជួបបញ្ហា ភ្លាមៗនោះពួកគេក៏ឈរជាមួយសាតាំង ហើយប្រឆាំងនឹងព្រះជាម្ចាស់។ តើការនេះមានន័យដូចម្ដេចទៅ? វាមានន័យថា មនុស្ស និងព្រះជាម្ចាស់កំពុងតែប្រឆាំងគ្នា! វាមិនមែនព្រះជាម្ចាស់ចាត់ទុកមនុស្សជាខ្មាំងសត្រូវឡើយ ប៉ុន្តែ វាជាសារជាតិរបស់មនុស្សផ្ទាល់ ដែលប្រឆាំងនឹងព្រះជាម្ចាស់។ ទោះបីជាពួកគេបានដើរតាមទ្រង់យូរប៉ុនណា ឬពួកគេធ្លាប់បានបង់ថ្លៃដ៏ធំយ៉ាងណា ហើយទោះបីជាពួកគេបានសរសើរតម្កើងព្រះជាម្ចាស់យ៉ាងណា ពួកគេខំទប់ខ្លួនកុំឲ្យប្រឆាំងនឹងទ្រង់យ៉ាងណា ហើយទោះបីជាពួកគេខំជំរុញខ្លួនឯងឲ្យស្រឡាញ់ព្រះជាម្ចាស់ខ្លាំងកម្រិតណាក៏ដោយ ក៏ពួកគេមិនអាចចាត់ទុកព្រះជាម្ចាស់ថា ជាព្រះជាម្ចាស់នោះដែរ។ តើនេះមិនត្រូវបានកំណត់ដោយសារជាតិរបស់មនុស្សទេឬ?

ដកស្រង់ពី «របៀបដឹងពីនិស្ស័យរបស់ព្រះជាម្ចាស់ និងលទ្ធផលដែលកើតចេញពីកិច្ចការរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្នករាល់គ្នាតែងតែប្រាថ្នាចង់ឃើញព្រះគ្រីស្ទ ប៉ុន្ដែ ខ្ញុំសូមអង្វរអ្នករាល់គ្នា កុំឲ្យតម្លៃខ្លួនឯងខ្លាំងពេក នរណាក៏អាចនឹងឃើញព្រះគ្រីស្ទដែរ ប៉ុន្ដែ ខ្ញុំសូមនិយាយថា គ្មាននរណាម្នាក់សក្តិសមនឹងបានឃើញព្រះគ្រីស្ទឡើយ។ ដ្បិតធម្មជាតិរបស់មនុស្ស ពោរពេញដោយអំពើអាក្រក់ ក្រអឺតក្រទម និងបះបោរ នៅពេលដែលអ្នកបានឃើញព្រះគ្រីស្ទភ្លាម នោះលក្ខណៈដើមរបស់អ្នករាល់គ្នា នឹងបំផ្លាញអ្នក ព្រមទាំងថ្កោលទោសអ្នកដល់ស្លាប់ផង។ ការចូលរួមជាមួយបងប្អូនប្រុសស្រីរបស់អ្នក អាចនឹងមិនបង្ហាញលក្ខណៈជាច្រើនរបស់អ្នករាល់គ្នាទេ ប៉ុន្ដែ ការដែលអ្នកមានទំនាក់ទំនងជាមួយព្រះគ្រីស្ទ នោះមិនមែនជារឿងសាមញ្ញឡើយ។ គ្រប់ពេលវេលាទាំងអស់សញ្ញាណរបស់អ្នកអាចនឹងចាក់ឫសគល់ ភាពក្រអឺតក្រទមរបស់អ្នក ក៏ចាប់ផ្ដើមដុះពន្លកមក ហើយការបះបោររបស់អ្នកក៏ផ្ដល់ផល ជាផ្លែល្វាមកដែរ។ តើអ្នកដែលមានលក្ខណៈជាមនុស្សជាតិ អាចសក្តិសមនឹងមានទំនាក់ទំនងជាមួយព្រះគ្រីស្ទបានយ៉ាងដូចម្ដេច? តើអ្នកពិតជាអាចប្រព្រឹត្ដចំពោះទ្រង់ ក្នុងនាមទ្រង់ជាព្រះជាម្ចាស់បានរាល់ថ្ងៃដែរឬទេ? តើអ្នកពិតជាមានការចុះចូលនឹងព្រះជាម្ចាស់ ពិតប្រាកដដែរឬទេ? អ្នករាល់គ្នាថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់នៅក្នុងចិត្ដ ដូចជាព្រះយេហូវ៉ា ខណៈពេលដែលចាត់ទុកព្រះគ្រីស្ទ ដែលអាចមើលឃើញថាជាមនុស្ស។ សញ្ញាណរបស់អ្នករាល់គ្នាហាក់តូចពេកហើយ ចំណែកសារជាតិជាមនុស្សរបស់អ្នកក៏អន់ពេកដែរ! អ្នករាល់គ្នាមិនមានសមត្ថភាព ក្នុងការលើកតម្កើងព្រះគ្រីស្ទជាព្រះជារៀងរហូតឡើយ គឺធ្វើបានតែម្ដងម្កាលប៉ុណ្ណោះ។ អ្នកក៏ឱបក្រសោបទ្រង់ និងថ្វាយបង្គំទ្រង់ជាព្រះជាម្ចាស់ នៅពេលដែលអ្នកចូលចិត្ដប៉ុណ្ណោះ។ ហេតុនេះ ទើបខ្ញុំនិយាយថា អ្នករាល់គ្នាមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ឡើយ ប៉ុន្ដែ អ្នករាល់គ្នាមានលក្ខណៈប្រឆាំងជំទាស់នឹងព្រះគ្រីស្ទ។ សូម្បី មនុស្សដែលមានចិត្ដសប្បុរសចំពោះអ្នកដទៃ ក៏ទទួលបានការតបស្នងដែរ ប៉ុន្ដែ ព្រះគ្រីស្ទដែលបានធ្វើកិច្ចការជាច្រើនក្នុងចំណោមអ្នករាល់គ្នា បែជាមិនបានទទួលសេចក្ដីស្រលាញ់របស់មនុស្ស និងការប៉ះប៉ូវ ព្រមទាំងការចុះចូលទៅវិញ។ តើនេះមិនមែនជាការគួរឲ្យខូចចិត្ដទេឬអី?

ដកស្រង់ពី «មនុស្សដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គឺជាសត្រូវព្រះជាម្ចាស់ប្រាកដណាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ក្រុមមនុស្សដែលព្រះជាម្ចាស់យកកំណើតជាមនុស្សសព្វព្រះហឫទ័យចង់ទទួលយកនៅថ្ងៃនេះ គឺជាអស់អ្នកដែលប្រតិបត្តិតាមព្រះហឫទ័យរបស់ទ្រង់។ ពួកគេត្រូវតែចុះចូលចំពោះកិច្ចការរបស់ទ្រង់តែមួយប៉ុណ្ណោះ ហើយឈប់ខ្វល់ខ្វាយចិត្តជាមួយនឹងព្រះតម្រិះរបស់ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ឈប់រស់នៅក្នុងភាពស្រពេចស្រពិល ហើយឈប់បង្កការលំបាកដល់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម។ អស់អ្នកដែលអាចស្ដាប់បង្គាប់ទ្រង់បាន គឺជាអស់អ្នកដែលស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ទាំងស្រុង ហើយចុះចូលតាមការរៀបចំរបស់ទ្រង់។ មនុស្សបែបនេះមិនខ្វល់ទាល់តែសោះចំពោះអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចសព្វព្រះហឫទ័យ ឬប្រភេទនៃកិច្ចការអ្វីដែលព្រះជាម្ចាស់គង់នៅស្ថានសួគ៌អាចកំពុងតែធ្វើនៅក្នុងចំណោមមនុស្សជាតិនោះឡើយ ប៉ុន្តែពួកគេថ្វាយដួងចិត្តរបស់ពួកគេទាំងស្រុងដល់ព្រះជាម្ចាស់ដែលគង់នៅលើផែនដី ហើយពួកគេដាក់ចិត្តដាក់កាយរបស់ពួកគេទាំងអស់នៅចំពោះទ្រង់។ ពួកគេមិនដែលពិចារណាចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ហើយក៏មិនរអ៊ូរទាំងចំពោះភាពសាមញ្ញ និងភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាមនោះដែរ។ អស់អ្នកដែលចុះចូលចំពោះព្រះជាម្ចាស់ដែលគង់នៅក្នុងសាច់ឈាម អាចត្រូវបានព្រះអង្គប្រោសឲ្យគ្រប់លក្ខណ៍។ អស់អ្នកដែលជឿលើព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌នឹងមិនទទួលបានអ្វីឡើយ។ នោះគឺដោយសារតែនេះមិនមែនជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ទេ ប៉ុន្តែគឺព្រះជាម្ចាស់ដែលគង់នៅលើផែនដីទេ ដែលប្រទានសេចក្តីសន្យា និងព្រះពរដល់មនុស្ស។ មនុស្សមិនគួរលើកតម្កើងព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ ក្នុងពេលដែលខ្លួនឃើញព្រះជាម្ចាស់ដែលគង់នៅលើផែនដីគ្រាន់តែជាមនុស្សសាមញ្ញបំផុតម្នាក់នោះឡើយ ព្រោះទង្វើបែបនេះមិនយុត្តិធម៌ទេ។ ព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌គឺជាព្រះដ៏ធំអស្ចារ្យ និងប្រកបដោយព្រះប្រាជ្ញាញាណគួរឲ្យស្ញប់ស្ញែង ប៉ុន្តែការនេះមិនមានទាល់តែសោះ។ ព្រះជាម្ចាស់ដែលគង់នៅលើផែនដីគឺជាព្រះដ៏សាមញ្ញ និងតូចទាបបំផុត ហើយក៏ធម្មតាបំផុតផងដែរ។ ព្រះអង្គមិនមានព្រះតម្រិះដ៏អស្ចារ្យ ឬធ្វើសកម្មភាពដ៏គួរឲ្យភ្ញាក់ផ្អើលអ្វីឡើយ។ ព្រះអង្គគ្រាន់តែធ្វើការ និងមានបន្ទូលនៅក្នុងរបៀបដ៏សាមញ្ញ និងធម្មតាបំផុតប៉ុណ្ណោះ។ ទោះបីជាព្រះអង្គមិនមានបន្ទូលតាមរយៈផ្គរលាន់ ឬបង្កជាព្យុះភ្លៀងក៏ដោយ ក៏ព្រះអង្គជាការយកកំណើតជាមនុស្សដ៏ពិតនៃព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដែរ ហើយព្រះអង្គក៏ជាព្រះជាម្ចាស់ដែលកំពុងតែមានព្រះជន្មរស់នៅកណ្ដាលចំណោមមនុស្សដែរ។ មនុស្សមិនត្រូវលើកតម្កើងព្រះមួយអង្គដែលពួកគេអាចយល់ និងស្របតាមការស្រមើស្រមៃរបស់ពួកគេថាជាព្រះជាម្ចាស់ ខណៈពេលដែលពួកគេមើលឃើញព្រះជាម្ចាស់មួយអង្គដែលពួកគេមិនអាចទទួលយក ព្រមទាំងមិនអាចស្រមើស្រមៃថាជាមនុស្សទន់ទាបនោះឡើយ។ ការទាំងអស់នេះចេញមកពីការបះបោររបស់មនុស្ស។ នេះហើយជាគ្រប់ទាំងប្រភពនៃការប្រឆាំងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់នោះ។

ដកស្រង់ពី «អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺជាអ្នកដែលអាចចុះចូលទាំងស្រុងចំពោះភាពជាក់ស្ដែងរបស់ទ្រង់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ និងអ្វីជាការបើកបង្ហាញជាក់លាក់នៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់

បន្ទាប់៖ ៣. មូលហេតុដែលអស់អ្នកមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ មិនត្រូវបានសង្គ្រោះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ