១. អ្វីជាសារៈសំខាន់នៃការអធិស្ឋាន

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ការអធិស្ឋាន គឺជាវិធីមួយក្នុងចំណោមវិធីជាច្រើន ដែលមនុស្សប្រើ ដើម្បីទាក់ទងជាមួយព្រះ។ វាជាមធ្យោបាយមួយ ដែលមនុស្សអាចស្រែកអំពាវនាវទៅរកព្រះ និងជាដំណើរការមួយដែលមនុស្សត្រូវបានព្រះវិញ្ញាណរបស់ព្រះ ប៉ះពាល់ចិត្ត។ អាចនិយាយបានថា មនុស្សដែលគ្មានការអធិស្ឋាន គឺជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណ ហើយនេះបញ្ជាក់បានថា ពួកគេខ្វះនូវសតិញាណ ដើម្បីឲ្យព្រះជាម្ចាស់ប៉ះពាល់ចិត្ត។ បើគ្មានការអធិស្ឋាន ការដឹកនាំជីវិតខាងវិញ្ញាណតាមធម្មតា គឺមិនអាចទៅរួចឡើយ ហើយក៏រឹតតែគ្មានសមត្ថភាព ធ្វើតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទៅទៀត។ ការរស់នៅដោយគ្មានការអធិស្ឋាន គឺដូចជាការកាត់ផ្ដាច់ទំនាក់ទំនងរបស់គេជាមួយព្រះ ហើយការទទួលបានការសរសើរពីព្រះ គឺមិនអាចទៅរួចឡើយ។ ក្នុងនាមជាមនុស្សម្នាក់ដែលជឿលើព្រះ បើមនុស្សម្នាក់អធិស្ឋានកាន់តែច្រើន ហើយបើមនុស្សម្នាក់ត្រូវបានព្រះជាម្ចាស់ប៉ះពាល់កាន់តែច្រើន នោះគេនឹងរឹតតែពេញដោយការតាំងចិត្តដ៏មោះមុត ហើយគេនឹងទទួលបានការស្រាយបំភ្លឺថ្មីពីព្រះ កាន់តែប្រសើរ។ ជាលទ្ធផល មនុស្សប្រភេទនេះ អាចត្រូវបានប្រោសឲ្យបានគ្រប់លក្ខណ៍ ដោយព្រះវិញ្ញាណបរិសុទ្ធបានយ៉ាងឆាប់រហ័ស។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការអធិស្ឋានមិនមែនជាប្រភេទនៃពិធីមួយឡើយ។ វាជាការទាក់ទងដ៏ពិតរវាងបុគ្គលម្នាក់ និងព្រះជាម្ចាស់ ហើយវាមាននូវភាពសំខាន់ដ៏ជ្រាលជ្រៅមួយ។ ចេញពីការអធិស្ឋានរបស់មនុស្ស គេអាចមើលឃើញថា ពួកគេកំពុងតែបម្រើព្រះជាម្ចាស់ដោយផ្ទាល់។ បើអ្នកមើលទៅកាន់ការអធិស្ឋានជាពិធីមួយ នោះវាស្ដែងយ៉ាងច្បាស់ថា អ្នកបម្រើព្រះជាម្ចាស់មិនបានល្អឡើយ។ បើការអធិស្ឋានរបស់អ្នកមិនត្រូវបានធ្វើឡើងដោយចេញពីភាពពិតប្រាកដ ឬចេញពីចិត្តស្មោះទេ នោះគេអាចនិយាយបានថា ចេញពីទស្សនៈរបស់ព្រះជាម្ចាស់ អ្នកមិនមានជីវិតរស់ជាមនុស្សឡើយ។ បើដូច្នេះ តើអ្នកអាចមានព្រះវិញ្ញាណបរិសុទ្ធធ្វើការលើអ្នកយ៉ាងដូចម្ដេចទៅ? ជាលទ្ធផល ក្រោយធ្វើការអស់រយៈពេលមួយរយៈ អ្នកនឹងត្រូវអស់កម្លាំង។ ចាប់ពីឥឡូវនេះតទៅ បើគ្មានការអធិស្ឋានទេ អ្នកនឹងមិនអាចធ្វើកិច្ចការបានទេ។ វាជាការអធិស្ឋានដែលនាំឲ្យមានកិច្ចការ ហើយក៏ជាការអធិស្ឋានដែរដែលនាំមកនូវការបម្រើ។ បើអ្នកជាបុគ្គលម្នាក់ដែលដឹកនាំគេ និងបម្រើព្រះជាម្ចាស់ តែអ្នកមិនដែលលះបង់ខ្លួនអ្នកចំពោះការអធិស្ឋាន ឬមិនដែលហ្មត់ចត់នៅក្នុងការអធិស្ឋានរបស់អ្នកទេ នោះរបៀបដែលអ្នកបម្រើនឹងបញ្ចប់ទៅ ដោយធ្វើឲ្យអ្នកដួលចុះមិនខាន។ តើអ្វីទៅដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថា ពួកគេមានសិទ្ធិមិនអធិស្ឋាននោះ? តើពួកគេបានឈប់អធិស្ឋាន ដោយសារតែព្រះជាម្ចាស់ជាព្រះដែលយកកំណើតជាមនុស្សឬ? នោះមិនមែនជាការដោះសាទេ។ ពេលខ្លះ សូម្បីតែខ្ញុំក៏នៅតែអធិស្ឋានដែរ! នៅពេលដែលព្រះយេស៊ូវស្ថិតនៅក្នុងសាច់ឈាម ព្រះអង្គក៏បានអធិស្ឋានដែរ ពេលទាក់ទងនឹងកិច្ចការដ៏សំខាន់នោះ។ ទ្រង់បានអធិស្ឋាននៅលើភ្នំ នៅលើទូក និងនៅក្នុងសួនច្បារ ហើយព្រះអង្គក៏បានដឹកនាំពួកសិស្សរបស់ទ្រង់នៅក្នុងការអធិស្ឋានដែរ។ បើអ្នកអាចចូលទៅចំពោះព្រះជាម្ចាស់បានញឹកញាប់ ហើយអធិស្ឋានទៅកាន់ទ្រង់ ការនេះសបញ្ជាក់ឲ្យឃើញថា អ្នកចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ហើយ។ បើជារឿយៗ អ្នកព្រងើយកន្ដើយក្នុងការអធិស្ឋាន ហើយមានទំនោរចង់ធ្វើកិច្ចការដោយខ្លួនឯង ដោយធ្វើបែបនេះ និងបែបនោះនៅពីក្រោយខ្នងទ្រង់ នោះអ្នកមិនមែនកំពុងបម្រើព្រះជាម្ចាស់ទេ ពោលគឺអ្នកគ្រាន់តែពាក់ព័ន្ធនៅក្នុងកិច្ចការផ្ទាល់ខ្លួនប៉ុណ្ណោះ។ បើបែបនេះ តើអ្នកនឹងមិនត្រូវថ្កោលទោសទេឬ? ចេញពីសម្បកក្រៅ អ្នកហាក់ដូចជាមិនបានធ្វើអ្វីមួយដែលបង្កជាបញ្ហា ឬប្រមាថព្រះជាម្ចាស់ឡើយ ប៉ុន្តែអ្នកគ្រាន់តែធ្វើរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដោយធ្វើបែបនេះ តើអ្នកមិនមែនកំពុងតែបង្កការរំខានទេឬ? ទោះបីនៅផ្ទៃខាងលើ វាមើលទៅដូចជាអ្នកមិនបង្កការរំខានក៏ដោយ ក៏នៅក្នុងសារជាតិរបស់វា អ្នកកំពុងតែប្រឆាំងនឹងព្រះជាម្ចាស់ដែរ។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

សម្រាប់អ្នករាល់គ្នា ការអធិស្ឋាន គឺជាកិច្ចការដ៏សំខាន់បំផុត។ នៅពេលដែលអ្នកអធិស្ឋាន ហើយអ្នកទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះដួងចិត្តរបស់អ្នក នឹងត្រូវបានព្រះប៉ះពាល់ ហើយកម្លាំងក្នុងការស្រឡាញ់ព្រះ នឹងដុះឡើងមិនខាន។ ប្រសិនបើអ្នកមិនអធិស្ឋានដោយចេញពីចិត្តទេ ប្រសិនបើអ្នកមិនបើកចិត្ត ដើម្បីទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះទេ នោះព្រះជាម្ចាស់នឹងគ្មានផ្លូវធ្វើការនៅក្នុងដួងចិត្តរបស់អ្នកឡើយ។ ក្រោយពេលបានអធិស្ឋាន និងបាននិយាយពាក្យពីដួងចិត្តរបស់អ្នក ហើយបើព្រះវិញ្ញាណនៃព្រះ មិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ហើយអ្នកមិនបានទទួលការបណ្ដាលចិត្តទេ នោះការនេះបង្ហាញថា ដួងចិត្តរបស់អ្នកខ្វះនូវភាពស្មោះត្រង់ សម្ដីរបស់អ្នកគ្មានការពិត និងនៅតែមិនបរិសុទ្ធ។ ក្រោយពេលអធិស្ឋានហើយ បើអ្នកមានអារម្មណ៍ថា ស្កប់ចិត្ត នោះការអធិស្ឋានរបស់អ្នកត្រូវបានព្រះទទួលយកហើយព្រះវិញ្ញាណរបស់ព្រះ កំពុងតែធ្វើការនៅក្នុងអ្នកហើយ។ ក្នុងនាមជាបុគ្គលម្នាក់ដែលបម្រើនៅចំពោះព្រះ អ្នកមិនអាចរស់នៅដោយគ្មានការអធិស្ឋានបានឡើយ។ បើអ្នកមើលឃើញថា ទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះ ជាអ្វីមួយដែលមានអត្ថន័យ និងមានតម្លៃ តើអ្នកអាចបោះបង់ចោលការអធិស្ឋានបានដែរឬទេ? គ្មាននរណាម្នាក់អាចរស់នៅ ដោយគ្មានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះឡើយ។ បើគ្មានការអធិស្ឋាន អ្នករស់នៅក្នុងសាច់ឈាម ជាប់ចំណងនឹងអារក្សសាតាំង។ បើគ្មានការអធិស្ឋានដ៏ពិតទេ នោះអ្នករស់នៅក្រោមឥទ្ធិពលនៃសេចក្តីងងឹតហើយ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ទោះបីការលុតជង្គង់អធិស្ឋានគឺជាការនិយាយជាមួយព្រះជាម្ចាស់ដោយចេញពីចិត្តក៏ដោយ ក៏ត្រូវដឹងដែរថា ការអធិស្ឋានរបស់មនុស្សគឺជាបំពង់បង្ហូរសម្រាប់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ កាលមនុស្សម្នាក់ដែលស្ថិតនៅក្នុងសភាពត្រឹមត្រូវអធិស្ឋាន និងស្វែងរក នោះព្រះវិញ្ញាណបរិសុទ្ធក៏ធ្វើការដែរ។ នេះគឺជាកិច្ចសហការដ៏ល្អរវាងព្រះជាម្ចាស់ និងមនុស្សចេញពីទិដ្ឋភាពពីរខុសគ្នា ឬគេអាចនិយាយម្យ៉ាងទៀតថា ព្រះជាម្ចាស់ជួយមនុស្សដោះស្រាយបញ្ហាមួយចំនួនរបស់ពួកគេ ហើយនេះគឺជាប្រភេទនៃកិច្ចសហប្រតិបត្តិការមួយ នៅពេលដែលមនុស្សចូលទៅចំពោះព្រះជាម្ចាស់។ វាក៏ជារបៀបមួយក្នុងចំណោមរបៀបជាច្រើនទៀតដែលព្រះជាម្ចាស់សង្រ្គោះ និងបន្សុទ្ធមនុស្សផងដែរ ហើយជាងនេះទៀត វាជាផ្លូវមួយនៃការចូលទៅក្នុងជីវិតធម្មតា។ វាមិនមែនជាពិធីមួយឡើយ។ ការអធិស្ឋានមិនគ្រាន់តែជាអ្វីមួយដែលធ្វើឲ្យមនុស្សមានភាពរឹងមាំនោះឡើយ ហើយបើវាបានត្រឹមតែភាពរឹងមាំ នោះមនុស្សគ្រាន់តែធ្វើបង្គ្រប់កិច្ច ដោយស្រែកពាក្យស្លោកពីរបីពាក្យ ហើយគេនឹងមិនចាំបាច់អង្វរករព្រះជាម្ចាស់សម្រាប់អ្វីមួយ មិនចាំបាច់ថ្វាយបង្គំទ្រង់ ឬគោរពប្រណិប័តន៍ព្រះឡើយ។ ការអធិស្ឋានគឺជាអ្វីមួយដ៏សំខាន់ជ្រាលជ្រៅ! បើអ្នកចេះអធិស្ឋាន ហើយអធិស្ឋានជាញឹកញាប់បែបចុះចូលចំពោះព្រះជាម្ចាស់ និងសមហេតុផល នោះសភាពខាងក្នុងរបស់អ្នក ជារឿយៗ នឹងលើសពីធម្មតា។ ក្នុងន័យម្យ៉ាងទៀត បើការអធិស្ឋានរបស់អ្នកជារឿយៗ មានតែពាក្យស្លោកពីរបីម៉ាត់ ហើយអ្នកមិនដាក់បន្ទុកលើខ្លួនឯង និងមិនសញ្ជឹងគិតលើអ្វីមួយថាសម ឬមិនសមដែលគួរនិយាយនៅក្នុងការអធិស្ឋាន ឬអ្វីដែលនិយាយទៅមិនគួរឲ្យថ្វាយបង្គំ ហើយអ្នកមិនដែលពិចារណាលើកិច្ចការទាំងនេះយ៉ាងហ្មត់ចត់ទេ នោះអ្នកនឹងមិនដែលទទួលបានជោគជ័យនៅក្នុងការអធិស្ឋានរបស់អ្នកទេ ហើយសភាពខាងក្នុងរបស់អ្នកក៏នឹងតែងតែខុសប្រក្រតីដែរ។ អ្នកនឹងមិនដែលស៊ីជម្រៅនៅក្នុងមេរៀន ឬការចូលរបស់អ្នកទៅក្នុងអ្វីដែលជាញាណធម្មតា ការចុះចូលដ៏ពិត ការថ្វាយបង្គំដ៏ពិត និងទស្សនៈដែលបុគ្គលម្នាក់គួរតែមាននៅពេលអធិស្ឋាននោះឡើយ។ ទាំងអស់នេះគឺជាកិច្ចការដ៏ល្អិតល្អន់។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខ្ញុំបានមានបន្ទូលកាលពីមុនរួចហើយថា មនុស្សទាំងអស់ត្រូវចូលរួមនៅក្នុងការគ្រប់គ្រងផ្ទាល់ខ្លួន និងដោះស្រាយកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សនៅតែបែបនេះដដែលនាពេលសព្វថ្ងៃ។ ពួកគេធ្វើការបានបន្ដិច បន្ទាប់មក ក៏ឈប់អធិស្ឋាន ព្រះជាម្ចាស់ហាក់ដូចជាអវត្តមានពីដួងចិត្តរបស់ពួកគេ។ ពួកគេរិះគិតថា «ខ្ញុំទើបតែប្រព្រឹត្តតាមការរៀបចំនៃកិច្ចការ។ បើមើលទៅ ខ្ញុំដូចជាមិនបានធ្វើខុស ឬបង្កការរំខានឡើយ...»។ អ្នកមិនអធិស្ឋាន ហើយក៏មិនអរព្រះគុណព្រះដែរ។ នេះជាសភាពដ៏អាក្រក់ដែលអ្នកស្ថិតនៅ! ភាគច្រើន អ្នកដឹងថា សភាពនេះគឺខុសហើយ ប៉ុន្តែអ្នកខ្វះនូវវិធីសាស្ត្រដ៏ត្រឹមត្រូវ ដើម្បីប៉ះប៉ូវវា ហើយជាលទ្ធផល អ្នកមិនអាចព្យាបាលសភាពរបស់អ្នកបានឡើយ ហើយទោះបីជាអ្នកអាចយល់អំពីសេចក្តីពិតក៏ដោយ ក៏អ្នកមិនអាចយកវាទៅអនុវត្តបានដែរ។ អ្នកដឹងថា មានភាពមិនប្រក្រតីមួយនៅខាងក្នុងអ្នក (ដូចជា ភាពក្អេងក្អាង សេចក្តីពុករលួយ ឬការបះបោរ) តែអ្នកមិនអាចប៉ះប៉ូវវាបានទេ ហើយអ្នកក៏មិនអាចយកឈ្នះវាបានដែរ។ មនុស្សតែងតែដោះស្រាយកិច្ចការផ្ទាល់ខ្លួន ហើយមិនអំពល់ជាមួយកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ឬរបៀបដែលទ្រង់ធ្វើការឡើយ ពោលគឺពួកគេខ្វល់ខ្វាយតែជាមួយកិច្ចការរបស់គេប៉ុណ្ណោះ។ ជាលទ្ធផល ព្រះវិញ្ញាណបរិសុទ្ធនឹងបោះបង់អ្នកចោល ហើយនៅពេលដែលទ្រង់ធ្វើបែបនេះ នោះអ្នកនឹងមានអារម្មណ៍ខ្មៅងងឹត និងស្វិតស្រពោនពីខាងក្នុង ដោយគ្មានការចិញ្ចឹមបីបាច់ ឬភាពរីករាយនោះឡើយ។ មនុស្សជាច្រើនខានអធិស្ឋានរយៈពេលប្រាំមួយខែ ហើយទោះបីជាពួកគេធ្វើកិច្ចការរបស់ពួកគេក៏ដោយ ក៏ពួកគេមានអារម្មណ៍ក្រៀមស្ងួតពីខាងក្នុងដែរ។ ពេលខ្លះ ពួកគេគិតថា «តើខ្ញុំកំពុងតែធ្វើអ្វីហ្នឹង? តើអារម្មណ៍នេះនឹងរលាយបាត់ទៅនៅពេលណា?» មែនហើយ សូម្បីតែគំនិតបែបនេះ ក៏ពួកគេអាចនឹកឃើញដែរ។ វាពិតជាគ្រោះថ្នាក់ណាស់សម្រាប់បុគ្គលម្នាក់ដែលខានអធិស្ឋានក្នុងរយៈពេលយូរ! ការអធិស្ឋានពិតជាសំខាន់ណាស់! បើជីវិតពួកជំនុំរបស់បុគ្គលម្នាក់មិនដែលបានអធិស្ឋាន នោះការប្រជុំរបស់ពួកគេនឹងក្លាយជាសោះកក្រោះ និងគ្មានភាពរីករាយឡើយ។ ដូច្នេះ នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា អ្នកត្រូវតែអធិស្ឋាន និងថ្វាយការសរសើរតម្កើងជានិច្ច នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការអស្ចារ្យមិនខាន។ ព្រះចេស្ដាដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្សគឺមានមិនចេះអស់ទេ ហើយក៏គ្មានពេលណាមួយដែលមនុស្សអាចប្រើអស់ ឬរីងស្ងួតដែរ។ មិនថាបុគ្គលម្នាក់អាចនិយាយ ឬអធិប្បាយ ដោយការពឹងអាងលើខ្លួនឯងនោះឡើយ បើព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការដល់ទីបញ្ចប់ទេ តើពួកគេអាចសម្រេចបានលទ្ធផលអ្វីខ្លះទៅ? នៅក្នុងការអធិស្ឋានបី ឬប្រាំវគ្គ មានពេលជាច្រើនដងដែលមនុស្សម្នាក់និយាយតែប្រយោគមួយ ឬពីរថា «ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណទ្រង់ ទូលបង្គំសូមសរសើរតម្កើងទ្រង់» ហើយដោយបាននិយាយបែបនេះ ពួកគេក៏អស់ពាក្យនិយាយតទៅទៀត។ តើអ្វីទៅជាខ្នាតរង្វាស់នៃជំនឿបែបនេះទៅ? វាគឺគ្រោះថ្នាក់! នៅពេលដែលមនុស្សម្នាក់មានជំនឿលើព្រះជាម្ចាស់ ហើយគេថែមទាំងមិនអាចនិយាយពាក្យអរព្រះគុណទ្រង់ សរសើរតម្កើងទ្រង់ ឬថ្វាយសិរីល្អដល់ទ្រង់ និងមិនហ៊ាននិយាយពាក្យថា «សូមអង្វរព្រះជាម្ចាស់» ព្រមទាំងមានអារម្មណ៍អាម៉ាស់ខ្លាំងក្នុងការនិយាយបែបនេះផង បុគ្គលបែបនេះគឺថោកទាបពេកហើយ! អ្នកអាចស្រែកទៅកាន់ព្រះជាម្ចាស់ និងទទួលស្គាល់ទ្រង់នៅក្នុងដួងចិត្តរបស់អ្នក ប៉ុន្តែបើអ្នកមិនចូលទៅចំពោះព្រះជាម្ចាស់ ហើយដួងចិត្តរបស់អ្នកឃ្លាតឆ្ងាយចេញពីទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការឡើយ។ នៅពេលដែលអ្នករាល់គ្នាក្រោកឡើងរាល់ព្រឹក ចូរអធិស្ឋាន។ នៅពេលដែលអ្នកធ្វើបែបនេះ នោះលទ្ធផលសម្រាប់ថ្ងៃនោះនឹងក្លាយជារឿងល្អ និងជាទីគាប់ចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅក្បែរអ្នកគ្រប់ពេលវេលា ដើម្បីចាំការពារដល់អ្នក។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខ្ញុំរកឃើញថា ឥឡូវនេះ មានមនុស្សជាច្រើនកំពុងតែខ្វះខាតខាងសមត្ថភាព ដើម្បីទប់ទល់នឹងខ្លួនឯង។ ហេតុអ្វីបានជាបែបនេះ? នោះគឺដោយសារតែពួកគេមិនដែលអធិស្ឋាន។ នៅពេលដែលមនុស្សមិនអធិស្ឋាន ពួកគេក្លាយជាខិលខូច ហើយនៅពេលដែលមនុស្សខិលខូច ពួកគេបាត់បង់ការគោរពប្រណិប័តន៍ព្រះ និងការបន្ទាបខ្លួនរបស់ពួកគេ។ ពួកគេនិយាយតែអំពីភាពជាមនុស្ស សុចរិតភាព និងការស្គាល់ធម្មជាតិដ៏ពុករលួយរបស់ពួកគេផ្ទាល់។ ចំពោះរបៀបដែលព្រះវិញ្ញាណបរិសុទ្ធប្រព្រឹត្ត របៀបដែលទ្រង់ប៉ះពាល់ចិត្តមនុស្ស និងរបៀបដែលមនុស្សគួរតែស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ការទាំងអស់នេះរលាយបាត់តែម្ដង។ មនុស្សគ្រាន់តែជឿនៅក្នុងចិត្តរបស់ពួកគេថា មានព្រះជាម្ចាស់ដ៏ពិតមួយអង្គ ហើយអ្វីដែលនៅសេសសល់ចេញពីសេចក្ដីជំនឿរបស់ពួកគេ គឺជាការទទួលស្គាល់ព្រះជាម្ចាស់។ កិច្ចការនៃជីវិតខាងវិញ្ញាណគឺគ្មានឡើយ។ សេចក្ដីជំនឿរបស់ពួកគេវក់វីតែជាមួយពិភពខាងសម្ភារប៉ុណ្ណោះ ហើយពួកគេបដិសេធចំពោះកិច្ចការខាងវិញ្ញាណ ដូច្នេះ នៅពេលដែលពួកគេដើរដោយខ្លួនឯង ពួកគេក៏វង្វេង ហើយដួលចុះ។ កាលដែលមនុស្សម្នាក់មិនបានអធិស្ឋាន ហើយអនុវត្តតាមសេចក្តីពិត ពួកគេអាចប្រកាន់ខ្ជាប់នឹងគោលការណ៍មួយក្នុងវិសាលភាពជាក់លាក់ណាមួយប៉ុណ្ណោះ ពោលគឺជាការប្រកាន់តាមក្បួនច្បាប់តែប៉ុណ្ណោះ។ ទោះបីអ្នកអាចប្រកាន់ខ្ជាប់នឹងការរៀបចំពីស្ថានលើនៅក្នុងសកម្មភាពរបស់អ្នក ហើយមិនប្រមាថព្រះជាម្ចាស់ក៏ដោយ ក៏អ្វីគ្រប់យ៉ាងដែលអ្នកកំពុងតែធ្វើ គឺកំពុងតែប្រកាន់ខ្ជាប់តាមក្បួនច្បាប់ដដែល។ ឥឡូវនេះ វិញ្ញាណរបស់មនុស្សក្លាយជាស្ពឹកស្រពន់។ មានរឿងស្មុគស្មាញជាច្រើននៅក្នុងទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់ ដូចជាការត្រូវបានប៉ះពាល់ និងបំភ្លឺដោយព្រះវិញ្ញាណជាដើម។ មនុស្សមិនអាចមានអារម្មណ៍អំពីកិច្ចការទាំងនេះទេ ព្រោះគេស្ពឹកស្រពន់ខ្លាំងពេក! មនុស្សមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេមិនមានទំនាក់ទំនងជាមួយកិច្ចការនៃជីវិតខាងវិញ្ញាណ ហើយគេមិនអាចគ្រប់គ្រងលើសភាពរបស់គេឡើយ។ ដើម្បីគ្រប់គ្រងលើសភាពនៃជីវិតខាងវិញ្ញាណរបស់បុគ្គលម្នាក់ វានឹងមិនមែនជាការមិនអធិស្ឋានទេ ហើយវាក៏មិនមែនជាការមិនរស់នៅជីវិតជាពួកជំនុំដែរ។ តើអ្នករាល់គ្នាមានអារម្មណ៍បែបនេះដែរឬទេ? ដើម្បីជឿលើព្រះជាម្ចាស់ បុគ្គលម្នាក់ត្រូវតែអធិស្ឋាន។ បើគ្មានការអធិស្ឋានទេ នោះគ្មានភាពដូចគ្នានៃជំនឿលើព្រះជាម្ចាស់ឡើយ។ ខ្ញុំនិយាយបានថា អ្នកមិនចាំបាច់ប្រកាន់ខ្ជាប់តាមក្បួនច្បាប់ទេ អ្នកអាចអធិស្ឋាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបាន ហើយក៏មានអ្នកខ្លះដែលកម្រនឹងអធិស្ឋានដែរ។ ពួកគេមិនអធិស្ឋាននៅពេលព្រឹក ពេលដែលពួកគេភ្ញាក់ឡើង ប៉ុន្តែពួកគេគ្រាន់តែអានអត្ថបទព្រះបន្ទូលពីរបីចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្ដាប់បទទំនុកតម្កើងប៉ុណ្ណោះ។ ក្នុងពេលថ្ងៃ ពួកគេមមាញឹកជាមួយកិច្ចការខាងក្រៅ ហើយពួកគេមិនអធិស្ឋានមុនពេលពួកគេទម្រេតខ្លួនគេងនៅពេលយប់នោះឡើយ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍បែបនេះទេឬ? បើអ្នកគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនអធិស្ឋាន តើអ្នកមិនដូចជាអ្នកមិនជឿដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងព្រះបន្ទូលនោះមិនបានជ្រាបចូលទៅក្នុងចិត្តទេឬ? បើគ្មានការអធិស្ឋានទេ ដួងចិត្តមិនត្រូវបានផ្សារភ្ជាប់ ហើយក៏គ្មានអារម្មណ៍ ឬការប៉ះពាល់ដ៏ល្អិតល្អន់នៅក្នុងវិញ្ញាណរបស់គេដែរ។ បុគ្គលម្នាក់ស្ពឹកស្រពន់ ហើយពួកគេនិយាយអំពីកិច្ចការបែបសើៗទាក់ទងនឹងការផ្លាស់ប្ដូរនិស្ស័យ ហើយពួកគេហាក់ដូចជាជឿលើព្រះជាម្ចាស់ តែអារម្មណ៍នៅក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេវិញ គឺមិនរឹងមាំឡើយ។ ពួកគេដូចជាមនុស្សដែលមិនជឿលើព្រះជាម្ចាស់អ៊ីចឹង។ ពួកគេព្យាយាមអធិស្ឋាន តែពួកគេមិនអាចហាមាត់និយាយចេញឡើយ។ ការនេះពិតជាគ្រោះថ្នាក់ណាស់ ព្រោះវាមានន័យថា អ្នកនៅឆ្ងាយពីព្រះជាម្ចាស់ណាស់ ហើយទ្រង់លែងនៅក្នុងដួងចិត្តរបស់អ្នកទៀតហើយ។ តាមពិតទៅ វាគ្មានជម្លោះនោះឡើយរវាងការដោះស្រាយការងារ និងកិច្ចការនៅខាងក្រៅ និងការត្រលប់ចូលទៅក្នុងវិញ្ញាណដើម្បីអធិស្ឋាន។ វាមិនត្រឹមតែគ្មានជម្លោះប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅ ការត្រលប់ចូលទៅក្នុងវិញ្ញាណដើម្បីអធិស្ឋាន ក៏មានអត្ថប្រយោជន៍ច្រើនចំពោះកិច្ចការរបស់គេដែរ។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីទៅជាកិច្ចការទីមួយដែលមនុស្សគួរតែធ្វើ នៅគ្រប់ពេលដែលពួកគេជួបប្រទះនឹងបញ្ហាមួយ? ពួកគេគួរតែអធិស្ឋាន ហើយការអធិស្ឋានត្រូវតែជាទីមួយ។ ការអធិស្ឋានបង្ហាញថា អ្នកជាមនុស្សមានជំនឿស៊ប់ បង្ហាញថាអ្នកបានចាប់ផ្ដើមមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ បង្ហាញថាអ្នកចង់ស្វែងរកព្រះជាម្ចាស់ បង្ហាញថាអ្នកបានថ្វាយកន្លែងមួយដល់ទ្រង់នៅក្នុងដួងចិត្តរបស់អ្នក និងថាអ្នកគឺជាគ្រីស្ទបរិស័ទម្នាក់ដែលជឿស៊ប់។ អ្នកជឿចាស់ៗជាច្រើននាក់លុតជង្គង់អធិស្ឋានក្នុងពេលតែមួយជារៀងរាល់ថ្ងៃ ពេលខ្លះ ដោយលុតជង្គង់យូរពេក រហូតដល់ពួកគេមិនអាចក្រោកឈរបានឡើងវិញទៀតផង។ ចូរយើងមិនបាច់និយាយឡើយថាតើនេះជាពិធីសាសនា ឬថាតើពួកគេអាចទទួលបានអ្វីមួយចេញពីទង្វើនេះឬអត់នោះឡើយ។ ផ្ទុយទៅវិញ គួរតែនិយាយថា បងប្អូនប្រុសស្រីវ័យចំណាស់ទាំងនេះគឺជាអ្នកគោរពប្រណិប័តន៍ព្រះយ៉ាងពិសេស ដែលល្អប្រសើរ និងឧស្សាហ៍ជាងអ្នករាល់គ្នាដែលជាយុវជនវ័យក្មេងផង។ កិច្ចការដំបូងគេដែលត្រូវធ្វើ ពេលជួបបញ្ហា គឺត្រូវអធិស្ឋាន។ ការអធិស្ឋានមិនមែនជាការបរិយាយឲ្យតែបានដោយចេញពីចិត្តមិនស្មោះឡើយ ដ្បិតការនេះនឹងមិនដោះស្រាយបញ្ហានោះទេ។ អ្នកអាចអធិស្ឋានប្រាំបី ឬដប់ដង ហើយមិនទទួលបានអ្វីសោះ ប៉ុន្តែចូរកុំបាក់ទឹកចិត្តឡើយ អ្នកត្រូវតែបន្តអធិស្ឋានតទៅទៀត។ នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក ជាដំបូង អ្នកត្រូវអធិស្ឋាន ដោយទូលប្រាប់ព្រះជាម្ចាស់ជាមុនសិន អនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រង អនុញ្ញាតឲ្យព្រះជាម្ចាស់ជួយដល់អ្នក អនុញ្ញាតឲ្យព្រះជាម្ចាស់ដឹកនាំអ្នក និងបង្ហាញផ្លូវដល់អ្នក។ ការនេះបញ្ជាក់បានថា អ្នកបានទុកព្រះជាម្ចាស់ជាទីមួយ ថាទ្រង់គង់នៅក្នុងដួងចិត្តរបស់អ្នក។ នៅពេលដែលអ្នកជួបបញ្ហា បើកិច្ចការដំបូងគេដែលអ្នកធ្វើ គឺជាការមានអារម្មណ៍រឹងទទឹង ខឹងសម្បា និងកម្រោលចូល ហើយជាងនេះទៅទៀត បើអ្នកក្លាយជាអវិជ្ជមាន ការនេះបង្ហាញឲ្យឃើញថា អ្នកគ្មានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នកឡើយ។ នៅក្នុងជីវិតពិត អ្នកត្រូវតែអធិស្ឋាន គ្រប់ពេលដែលមានអ្វីមួយកើតឡើងចំពោះអ្នក។ មុនធ្វើអ្វីៗទាំងអស់ អ្នកត្រូវតែលុតជង្គង់ និងអធិស្ឋាន ដ្បិតនេះគឺជារឿងដ៏សំខាន់។ ការអធិស្ឋានបង្ហាញពីអាកប្បកិរិយាដែលអ្នកមានចំពោះព្រះជាម្ចាស់នៅក្នុងព្រះវត្តមានរបស់ទ្រង់។ អ្នកនឹងមិនធ្វើវាឡើយ បើព្រះជាម្ចាស់មិនមាននៅក្នុងដួងចិត្តរបស់អ្នកនោះ។ អ្នកខ្លះនិយាយថា «ខ្ញុំអធិស្ឋាន តែព្រះជាម្ចាស់នៅតែមិនបំភ្លឺខ្ញុំទៀត!» អ្នកមិនត្រូវនិយាយបែបនេះទេ។ ជាដំបូង អ្នកគួរតែមើលថាតើការជំរុញចិត្តរបស់អ្នកសម្រាប់ការអធិស្ឋាននោះមានភាពត្រឹមត្រូវឬក៏អត់។ បើអ្នកស្វែងរកសេចក្តីពិតយ៉ាងប្រាកដមែន ហើយជារឿយៗ អ្នកអធិស្ឋានទៅកាន់ព្រះជាម្ចាស់ នោះទ្រង់ប្រាកដជាបំភ្លឺអ្នកនៅក្នុងកម្រិតណាមួយ ដើម្បីឲ្យអ្នកអាចយល់បានមិនខាន។ ជារួមមក ព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកយល់។ បើគ្មានការបំភ្លឺពីព្រះជាម្ចាស់ទេ នោះអ្នកមិនអាចយល់បានដោយខ្លួនឯងឡើយ៖ អ្នកខ្វះនូវគំនិតប៉ិនប្រសប់ អ្នកមិនមានខួរក្បាលសម្រាប់វាឡើយ ហើយការនេះមិនអាចសម្រេចបាន តាមរយៈបញ្ញារបស់មនុស្សទេ។ នៅពេលដែលអ្នកយល់ តើការយល់ដឹងនោះកើតចេញពីគំនិតផ្ទាល់ខ្លួនរបស់អ្នកឬ? បើអ្នកមិនត្រូវបានបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ នោះចំពោះមនុស្សដែលអ្នកសួរ នឹងគ្មាននរណាម្នាក់ដឹងពីអត្ថន័យអំពីកិច្ចការរបស់ព្រះវិញ្ញាណ ឬអត្ថន័យរបស់ព្រះជាម្ចាស់ឡើយ ពោលគឺមានតែពេលដែលព្រះជាម្ចាស់ផ្ទាល់មានបន្ទូលប្រាប់អ្នកអំពីអត្ថន័យប៉ុណ្ណោះ ទើបអ្នកនឹងដឹង។ ដូច្នេះ កិច្ចការដំបូងគេដែលអ្នកត្រូវធ្វើ នៅពេលដែលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក គឺត្រូវអធិស្ឋាន។ ការអធិស្ឋានទាមទារឲ្យមានឥរិយាបថស្វែងរក ព្រមទាំងការបង្ហាញចេញនូវគំនិត ទស្សនៈ និងឥរិយាបថរបស់អ្នក ដ្បិតការនេះជាអ្វីដែលវាគួរតែពាក់ព័ន្ធ។ ការចេះតែធ្វើឲ្យតែបាន នឹងគ្មានបានផលឡើយ ដូច្នេះ កុំបន្ទោសព្រះវិញ្ញាណបរិសុទ្ធសម្រាប់ការមិនបំភ្លឺអ្នកនោះឡើយ។ ខ្ញុំបានរកឃើញការនេះនៅក្នុងសេចក្តីជំនឿលើព្រះជាម្ចាស់របស់មនុស្សមួយចំនួន ពួកគេគ្រាន់តែជឿលើព្រះជាម្ចាស់តែបបូរមាត់ប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបានគង់នៅក្នុងដួងចិត្តរបស់ពួកគេទេ ពួកគេបដិសេធកិច្ចការរបស់ព្រះវិញ្ញាណ ហើយពួកគេក៏បដិសេធការអធិស្ឋានផងដែរ។ ពួកគេគ្រាន់តែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីលើសនេះទៀតឡើយ។ តើការនេះអាចត្រូវបានហៅថាជាការមានជំនឿលើព្រះជាម្ចាស់ដែរឬ? ពួកគេចេះតែបន្តជឿ រហូតដល់ព្រះជាម្ចាស់រសាត់បាត់ចេញពីជំនឿរបស់ពួកគេ។ មួយវិញទៀត ក៏មានមនុស្សខ្លះដោះស្រាយចំពោះកិច្ចការទូទៅ ហើយជារឿយៗមានអារម្មណ៍ថា ពួកគេមមាញឹកខ្លាំង តែមិនទទួលបានផលអ្វីចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេឡើយ។ នេះគឺជាករណីរបស់មនុស្សដែលមិនដើរនៅលើផ្លូវដែលត្រឹមត្រូវនៅក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ តើវាមិនមែនជាការខំប្រឹងប្រែង ដើម្បីដើរនៅលើផ្លូវដែលត្រឹមត្រូវទេឬ? ពួកគេបរាជ័យក្នុងការដើរតាមផ្លូវនេះ ទោះបីក្រោយពេលមានការយល់ដឹងអំពីគោលលទ្ធិច្រើនក៏ដោយ ហើយពួកគេមានទំនោរដើរតាមផ្លូវស្រួលៗវិញ។ ដូច្នេះ នៅពេលដែលមានអ្វីមួយកើតឡើងចំពោះអ្នក អ្នករាល់គ្នាត្រូវតែចំណាយពេលច្រើននៅក្នុងការអធិស្ឋាន និងការស្វែងរក ដ្បិតនេះគឺជាកិច្ចការដំបូងគេដែលអ្នកគួរតែធ្វើ។ ការរៀនអំពីរបៀបស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបំណងនៃព្រះវិញ្ញាណបរិសុទ្ធ គឺជាគន្លឹះដ៏សំខាន់។ បើមនុស្សដែលជឿលើព្រះជាម្ចាស់គ្មានសមត្ថភាពដកពិសោធន៍ និងអនុវត្តកិច្ចការនេះទេ នោះពួកគេនឹងមិនទទួលបានអ្វីឡើយ ហើយសេចក្តីជំនឿរបស់ពួកគេទៀតសោតនឹងរាប់ជាអសារឥតការហើយ។

ដកស្រង់ពី «ចូរមើលអ្វីគ្រប់យ៉ាងចេញពីភ្នែកនៃសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ខាង​ដើម៖ ៤. របៀបដែលមនុស្សគួរតែអនុវត្តសេចក្ដីជំនឿរបស់ពួកគេ ដើម្បីរួចផុតពីកម្លាំងរបស់សាតាំង និងត្រូវបានសង្គ្រោះ

បន្ទាប់៖ ២. អ្វីជាការអិធិស្ឋានដ៏ពិត និងអ្វីដែលការអធិស្ឋានអាចសម្រេចបាន

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

តើអ្វីជាប្រភពដើមនៃផ្លេកបន្ទោរពីទិសខាងកើត?

ពេលនេះយើងស្ថិតក្នុងគ្រាចុងក្រោយ បទទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ក៏ត្រូវបានសម្រេចស្ទើរទាំងអស់ ហើយពួកអ្នកជឿស៊ប់រាប់ពាន់នាក់...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការ​សម្លឹង​មើល​ការ​លេចមក​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​ការ​ដាក់​ទោស​របស់​ទ្រង់

យើង​គោរព​តាម​​​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​នានា​នៅ ក្នុង​ព្រះ​គម្ពីរ រីក​រាយ​ចំពោះ​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ