២. អ្វីជាការអិធិស្ឋានដ៏ពិត និងអ្វីដែលការអធិស្ឋានអាចសម្រេចបាន

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើអ្វីទៅជាការអធិស្ឋានដ៏ពិត? ការអធិស្ឋានដ៏ពិត គឺជាការទូលប្រាប់ព្រះជាម្ចាស់ នូវអ្វីដែលមាននៅខាងក្នុងដួងចិត្តរបស់អ្នក ជាការសន្ទនា និងជាការទំនាក់ទំនងដោយអារម្មណ៍ជាមួយព្រះ នៅពេលដែលអ្នកយល់អំពីព្រះហឫទ័យរបស់ទ្រង់ ជាការប្រាស្រ័យទាក់ទងជាមួយព្រះតាមរយៈព្រះបន្ទូលរបស់ទ្រង់ ជាអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងព្រះជាពិសេស ជាអារម្មណ៍ដឹងថា ទ្រង់គង់នៅពីមុខអ្នក ហើយជាការជឿថា អ្នកមានអ្វីមួយចង់ទូលទៅកាន់ទ្រង់។ ដួងចិត្តរបស់អ្នកមានអារម្មណ៍ពេញដោយពន្លឺ ហើយអ្នកមានអារម្មណ៍ថា ទ្រង់ជាព្រះដ៏ពេញដោយព្រះទ័យស្រឡាញ់។ អ្នកមានអារម្មណ៍ជំរុញចិត្តយ៉ាងពិសេស ហើយតាមរយៈការស្ដាប់អ្នក បងប្អូនប្រុសស្រីរបស់អ្នកនឹងមានអារម្មណ៍ស្កប់ចិត្ត។ ពួកគេនឹងមានអារម្មណ៍ថា ពាក្យដែលអ្នកនិយាយ គឺជាពាក្យដែលស្ថិតនៅក្នុងដួងចិត្តរបស់គេ ជាពាក្យដែលគេចង់និយាយ គឺដូចជាសម្ដី ដែលអ្នកនិយាយជំនួសពួកគេដូច្នោះដែរ។ នេះហើយជាអត្ថន័យ នៃការអធិស្ឋានដ៏ពិតប្រាកដ។ ក្រោយពេលអ្នកបានចូលនៅក្នុងការអធិស្ឋានដ៏ពិត នោះដួងចិត្តរបស់អ្នកនឹងមានសេចក្តីសុខសាន្ត និងស្គាល់សេចក្តីស្កប់ចិត្ត។ កម្លាំងក្នុងការស្រឡាញ់ព្រះ អាចមានកាន់តែខ្លាំងឡើង ហើយអ្នកនឹងមានអារម្មណ៍ថា នៅក្នុងជីវិតនេះ គ្មានអ្វីមួយដែលមានតម្លៃ ឬសំខាន់ជាងការស្រឡាញ់ព្រះឡើយ។ រាល់សេចក្តីទាំងនេះសុទ្ធតែបញ្ជាក់ថា ការអធិស្ឋានរបស់អ្នកមានប្រសិទ្ធភាព។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការអធិស្ឋានមិនមែនជាការធ្វើបង្រ្គប់កិច្ច ធ្វើតាមនីតិវិធី ឬសូត្រតាមព្រះបន្ទូលនៃព្រះឡើយ។ ពោលគឺ ការអធិស្ឋានមិនមែនជាការនិយាយត្រាប់ដូចជាសត្វសេក ហើយក៏មិនមែនជាការយកតម្រាប់តាមនរណាម្នាក់ដែរ។ នៅក្នុងការអធិស្ឋាន គេត្រូវតែចូលទៅដល់ចំណុចមួយ ដែលដួងចិត្តរបស់គេអាចថ្វាយដល់ព្រះ ដោយលាតត្រដាងដួងចិត្តរបស់គេ ដើម្បីឲ្យព្រះជាម្ចាស់ធ្វើការប៉ះពាល់ចិត្ត។ ដើម្បីឲ្យការអធិស្ឋានមានប្រសិទ្ធភាព ដូច្នេះ ការអធិស្ឋាននោះ ត្រូវតែមានមូលដ្ឋានលើការអានព្រះបន្ទូលរបស់ព្រះ។ មានតែការអធិស្ឋានចេញពីព្រះបន្ទូលរបស់ព្រះទេ ទើបអាចនាំឲ្យមនុស្សម្នាក់ អាចទទួលបានការស្រាយបំភ្លឺ និងការស្រាយពន្យល់ បានកាន់តែខ្លាំង។ សញ្ញាស្ដែងចេញអំពីការអធិស្ឋានដ៏ពិតមានដូចជា៖ ការមានដួងចិត្តស្រេកឃ្លានចង់បានគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់ចង់បាន ហើយលើសពីនេះទៅទៀត គេមានចិត្តចង់សម្រេចតាមអ្វីដែលព្រះជាម្ចាស់ទាមទារ ការស្អប់ខ្ពើមនូវអ្វីដែលព្រះទ្រង់ស្អប់ខ្ពើម ការទទួលបាននូវការយល់ដឹងខ្លះៗអំពីការអធិស្ឋាន ដោយសង់ពីលើគ្រឹះមូលដ្ឋាននេះ និងការមានចំណេះដឹង និងភាពច្បាស់លាស់ខ្លះៗ ទាក់ទងនឹងសេចក្តីពិត ដែលព្រះជាម្ចាស់បរិយាយ។ កន្លែងណាដែលមានការតាំងចិត្តដ៏មោះមុត សេចក្តីជំនឿ ចំណេះដឹង និងផ្លូវនៃការប្រតិបត្តិការអធិស្ឋាន ទើបអាចត្រូវបានហៅថាជាការអធិស្ឋានពិត ហើយមានតែការអធិស្ឋានបែបនេះប៉ុណ្ណោះ ដែលអាចមានប្រសិទ្ធភាព។ ប៉ុន្តែ ការអធិស្ឋានត្រូវតែសង់ពីលើសេចក្តីរីករាយនឹងព្រះបន្ទូលរបស់ព្រះ វាត្រូវតែតាំងឡើងនៅលើគ្រឹះមូលដ្ឋាននៃទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយដួងចិត្តត្រូវតែអាចស្វែងរកព្រះជាម្ចាស់ និងមានភាពស្ងប់ស្ងាត់នៅចំពោះទ្រង់។ ការអធិស្ឋានបែបនេះ បានចូលដល់ដំណាក់កាល នៃការរួមប្រកបដ៏ពិតជាមួយព្រះជាម្ចាស់រួចទៅហើយ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

លក្ខខណ្ឌអប្បបរមាដែលព្រះជាម្ចាស់តម្រូវចង់បានពីមនុស្ស គឺឲ្យមនុស្សអាចបើកចិត្តរបស់គេចំពោះទ្រង់។ ប្រសិនបើមនុស្សថ្វាយដួងចិត្តដ៏ពិតរបស់គេដល់ព្រះ ហើយនិយាយអំពីអ្វីដែលមាននៅខាងក្នុងចិត្តរបស់គេ នោះព្រះជាម្ចាស់នឹងព្រមធ្វើការនៅខាងក្នុងគេមិនខាន។ អ្វីដែលព្រះជាម្ចាស់ចង់បាន មិនមែនជាដួងចិត្តដែលវៀចវេររបស់មនុស្សឡើយ ប៉ុន្តែ ជាដួងចិត្តដ៏បរិសុទ្ធ និងទៀងត្រង់។ ប្រសិនបើមនុស្សមិននិយាយទៅកាន់ព្រះ ដោយចេញពីចិត្តរបស់គេទេ នោះព្រះជាម្ចាស់នឹងមិនប៉ះពាល់ដួងចិត្តរបស់គេ ឬក៏ធ្វើការនៅក្នុងគេឡើយ។ ដូច្នេះ ចំណុចសំខាន់នៃការអធិស្ឋាន គឺជាការទូលទៅកាន់ព្រះជាម្ចាស់ ដោយចេញពីចិត្តរបស់អ្នក ប្រាប់ទ្រង់អំពីសេចក្តីខ្វះចន្លោះ ឬនិស្ស័យបះបោររបស់អ្នក លាតត្រដាងដួងចិត្តរបស់អ្នកទាំងស្រុងនៅចំពោះទ្រង់។ មានតែបែបនេះទេ ទើបព្រះជាម្ចាស់ចាប់អារម្មណ៍លើការអធិស្ឋានរបស់អ្នក បើមិនដូច្នោះទេ ទ្រង់នឹងលាក់ព្រះភក្ត្ររបស់ទ្រង់ពីអ្នកមិនខាន។ លក្ខខណ្ឌអប្បបរមាសម្រាប់ការអធិស្ឋាន គឺអ្នកត្រូវតែចេះរក្សាចិត្តរបស់អ្នកឲ្យស្ងប់ នៅចំពោះព្រះ ហើយដួងចិត្តនេះមិនត្រូវនៅឆ្ងាយពីព្រះជាម្ចាស់ឡើយ។ ក្នុងដំណាក់កាលនេះ អ្នកប្រហែលជាមិនទទួលបានការយល់ដឹងថ្មីៗ ឬខ្ពស់ជាងមុនឡើយ ប៉ុន្តែ អ្នកត្រូវតែប្រើការអធិស្ឋាន ដើម្បីថែរក្សាស្ថានភាពបច្ចុប្បន្នរបស់អ្នក អ្នកមិនត្រូវរាថយឡើយ។ នេះជាកិច្ចការដ៏តិចតួចបំផុតដែលអ្នកត្រូវសម្រេច។ ប្រសិនបើសូម្បីតែកិច្ចការនេះ ក៏អ្នកមិនអាចសម្រេចផង បញ្ជាក់ឲ្យឃើញថា ជីវិតខាងវិញ្ញាណរបស់អ្នក មិនបានដើរនៅលើផ្លូវត្រូវឡើយ។ ជាលទ្ធផល អ្នកនឹងមិនអាចប្រកាន់ខ្ជាប់នឹងនិមិត្តដែលអ្នកមានកាលពីដំបូង អ្នកនឹងបាត់បង់សេចក្តីជំនឿលើព្រះ ហើយការតាំងចិត្តដ៏មោះមុតរបស់អ្នក នឹងបាត់បង់ទៅបន្ដិចម្ដងៗ។ សញ្ញាមួយដែលបង្ហាញថា អ្នកបានចូល ឬមិនបានចូលទៅក្នុងជីវិតខាងវិញ្ញាណ គឺជាការមើលឃើញថា ការអធិស្ឋានរបស់អ្នក ស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។ មនុស្សទាំងអស់ត្រូវតែចូលទៅក្នុងការពិតនេះ។ ពួកគេទាំងអស់ត្រូវតែមានស្មារតីធ្វើកិច្ចការហ្វឹកហាត់ខ្លួនឯងនៅក្នុងការអធិស្ឋាន មិនមែនអង្គុយរង់ចាំ ដោយមិនធ្វើអ្វីសោះនោះឡើយ ប៉ុន្តែត្រូវមានស្មារតីស្វះស្វែង ដើម្បីទទួលបានការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធ។ មានតែបែបនេះទេ ទើបពួកគេនឹងក្លាយជាមនុស្សដែលស្វែងរកព្រះជាម្ចាស់ពិតប្រាកដ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចុះចំណែកខ្លឹមសារនៃការអធិស្ឋានវិញ? ការអធិស្ឋានរបស់អ្នក គួរតែដំណើរការ មួយជំហានម្ដងៗ ស្របជាមួយសភាពពិតនៃដួងចិត្តរបស់អ្នក និងកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ អ្នកចាប់ផ្ដើមមានទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះ ស្របតាមព្រះហឫទ័យរបស់ទ្រង់ និងយល់អំពីអ្វីដែលទ្រង់តម្រូវចង់បានពីមនុស្ស។ នៅពេលដែលអ្នកចាប់ផ្ដើមទម្លាប់នៃការអធិស្ឋាន ជាដំបូង ចូរថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាមុនសិន។ កុំប៉ុនប៉ងចង់យល់ពីព្រះហឫទ័យរបស់ព្រះឡើយ សូមព្យាយាមនិយាយតែពាក្យដែលមាននៅក្នុងចិត្តរបស់អ្នក ទូលដល់ព្រះប៉ុណ្ណោះ គឺបានហើយ។ នៅពេលដែលអ្នកចូលមកចំពោះព្រះ ចូរនិយាយបែបនេះវិញ៖ «ឱព្រះជាម្ចាស់អើយ! ថ្ងៃនេះ ទូលបង្គំសូមទទួលស្គាល់ថា ទូលបង្គំធ្លាប់មិនស្ដាប់បង្គាប់ទ្រង់។ ទូលបង្គំជាមនុស្សខូចអាក្រក់ និងគួរឲ្យស្អប់។ ទូលបង្គំចំណាយជីវិតរបស់ទូលបង្គំចោលរហូតមក។ ចាប់ពីថ្ងៃនេះតទៅ ទូលបង្គំនឹងរស់នៅសម្រាប់ទ្រង់។ ទូលបង្គំនឹងរស់នៅជាជីវិតដ៏មានអត្ថន័យ ហើយទូលបង្គំនឹងបំពេញតាមព្រះហឫទ័យរបស់ទ្រង់។ សូមឲ្យព្រះវិញ្ញាណទ្រង់ធ្វើការនៅក្នុងទូលបង្គំជានិច្ច ដោយបន្ដស្រាយបំភ្លឺ និងពន្យល់ដល់ទូលបង្គំ។ សូមឲ្យទូលបង្គំធ្វើបន្ទាល់ដ៏រឹងមាំ និងលាន់កងរំពងនៅចំពោះទ្រង់។ សូមឲ្យអារក្សសាតាំងមើលឃើញសិរីល្អរបស់ទ្រង់ ទីបន្ទាល់របស់ទ្រង់ និងភស្តុតាងពីជ័យជម្នះរបស់ទ្រង់ ដែលស្ដែងចេញនៅក្នុងជីវិតរបស់យើង»។ នៅពេលដែលអ្នកអធិស្ឋានបែបនេះ នោះដួងចិត្តរបស់អ្នកនឹងត្រូវបានរំដោះឲ្យមានសេរីភាពទាំងស្រុងមិនខាន។ ដោយបានអធិស្ឋានបែបនេះ នោះដួងចិត្តរបស់អ្នកនឹងកាន់តែមានភាពជិតស្និទ្ធជាមួយព្រះ ហើយបើអ្នកអាច អធិស្ឋានបែបនេះឲ្យបានញឹកញាប់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកជាក់ជាមិនខាន។ បើអ្នកតែងតែអំពាវនាវទៅរកព្រះជាម្ចាស់តាមរបៀបនេះ ហើយធ្វើការតាំងចិត្តដ៏មោះមុតចំពោះទ្រង់ គង់មានថ្ងៃមួយ ការតាំងចិត្តរបស់អ្នក ក្លាយជារឿងដ៏សមគួរទទួលនៅចំពោះព្រះ ជាពេលដែលដួងចិត្ត និងជីវិតរបស់អ្នកទាំងស្រុងត្រូវបានព្រះទទួលយក ហើយទីបំផុត អ្នកក៏ត្រូវបានព្រះប្រោសឲ្យគ្រប់លក្ខណ៍។ សម្រាប់អ្នករាល់គ្នា ការអធិស្ឋាន គឺជាកិច្ចការដ៏សំខាន់បំផុត។ នៅពេលដែលអ្នកអធិស្ឋាន ហើយអ្នកទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះដួងចិត្តរបស់អ្នក នឹងត្រូវបានព្រះប៉ះពាល់ ហើយកម្លាំងក្នុងការស្រឡាញ់ព្រះ នឹងដុះឡើងមិនខាន។ ប្រសិនបើអ្នកមិនអធិស្ឋានដោយចេញពីចិត្តទេ ប្រសិនបើអ្នកមិនបើកចិត្ត ដើម្បីទំនាក់ទំនងស្និទ្ធស្នាលជាមួយព្រះទេ នោះព្រះជាម្ចាស់នឹងគ្មានផ្លូវធ្វើការនៅក្នុងដួងចិត្តរបស់អ្នកឡើយ។ ក្រោយពេលបានអធិស្ឋាន និងបាននិយាយពាក្យពីដួងចិត្តរបស់អ្នក ហើយបើព្រះវិញ្ញាណនៃព្រះ មិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់ ហើយអ្នកមិនបានទទួលការបណ្ដាលចិត្តទេ នោះការនេះបង្ហាញថា ដួងចិត្តរបស់អ្នកខ្វះនូវភាពស្មោះត្រង់ សម្ដីរបស់អ្នកគ្មានការពិត និងនៅតែមិនបរិសុទ្ធ។ ក្រោយពេលអធិស្ឋានហើយ បើអ្នកមានអារម្មណ៍ថា ស្កប់ចិត្ត នោះការអធិស្ឋានរបស់អ្នកត្រូវបានព្រះទទួលយកហើយព្រះវិញ្ញាណរបស់ព្រះ កំពុងតែធ្វើការនៅក្នុងអ្នកហើយ។ ក្នុងនាមជាបុគ្គលម្នាក់ដែលបម្រើនៅចំពោះព្រះ អ្នកមិនអាចរស់នៅដោយគ្មានការអធិស្ឋានបានឡើយ។ បើអ្នកមើលឃើញថា ទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះ ជាអ្វីមួយដែលមានអត្ថន័យ និងមានតម្លៃ តើអ្នកអាចបោះបង់ចោលការអធិស្ឋានបានដែរឬទេ? គ្មាននរណាម្នាក់អាចរស់នៅ ដោយគ្មានទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយព្រះឡើយ។ បើគ្មានការអធិស្ឋាន អ្នករស់នៅក្នុងសាច់ឈាម ជាប់ចំណងនឹងអារក្សសាតាំង។ បើគ្មានការអធិស្ឋានដ៏ពិតទេ នោះអ្នករស់នៅក្រោមឥទ្ធិពលនៃសេចក្តីងងឹតហើយ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រី អាចចូលក្នុងការអធិស្ឋានដ៏ពិតជារៀងរាល់ថ្ងៃចុះ។ ការនេះមិនមែនជាការកាន់តាមក្រឹត្យវិន័យឡើយ ប៉ុន្តែ វាជាការសម្រេចនូវលទ្ធផលដ៏ជាក់លាក់មួយវិញ។ តើអ្នកព្រមលះបង់ដំណេក និងការសប្បាយបន្ដិចបន្ដួច ហើយភ្ញាក់ពីព្រឹកព្រលឹម ដើម្បីអធិស្ឋាន និងរីករាយនឹងព្រះបន្ទូលនៃព្រះបានដែរឬទេ? បើអ្នកអធិស្ឋានដោយចេញពីដួងចិត្តដ៏បរិសុទ្ធ ហើយហូប និងផឹកពីព្រះបន្ទូលនៃព្រះបែបនេះ នោះអ្នកនឹងកាន់តែធ្វើឲ្យទ្រង់ទទួលយកអ្នកមិនខាន។ ប្រសិនបើអ្នកធ្វើកិច្ចការនេះ ជារៀងរាល់ព្រឹក ហើយប្រសិនបើអ្នកថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជារៀងរាល់ថ្ងៃ នោះចំណេះដឹងរបស់អ្នកអំពីព្រះនឹងពិតជាកើនឡើង តាមរយៈការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់ជាមួយទ្រង់ ហើយអ្នកនឹងកាន់តែយល់អំពីព្រះហឫទ័យរបស់ព្រះជាមិនខាន។ អ្នកអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំព្រមបំពេញភារកិច្ចរបស់ទូលបង្គំហើយ។ ទូលបង្គំសូមថ្វាយជីវិតរបស់ទូលបង្គំទាំងស្រុងដល់ទ្រង់មួយអង្គប៉ុណ្ណោះ ដើម្បីឲ្យទ្រង់អាចត្រូវបានតម្កើងឡើងនៅក្នុងយើង ដើម្បីឲ្យទ្រង់អាចរីករាយនឹងទីបន្ទាល់ ដែលត្រូវបានធ្វើឡើង ដោយក្រុមរបស់យើងខ្ញុំនេះ។ ទូលបង្គំអង្វរសូមឲ្យទ្រង់ធ្វើការនៅក្នុងយើង ដើម្បីឲ្យទូលបង្គំអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ និងអាចផ្គាប់ព្រះទ័យទ្រង់ និងដេញតាមទ្រង់ ជាគោលដៅរបស់ទូលបង្គំ»។ ពេលដែលអ្នកលីបន្ទុកនេះ នោះព្រះជាម្ចាស់នឹងប្រាកដជាប្រោសឲ្យអ្នកបានគ្រប់លក្ខណ៍មិនខាន។ អ្នកមិនគួរអធិស្ឋានសម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកឡើយ ប៉ុន្តែ អ្នកគួរតែអធិស្ឋាន សម្រាប់ការធ្វើតាមព្រះហឫទ័យរបស់ព្រះ និងសម្រាប់ការស្រឡាញ់ទ្រង់ផងដែរ។ នេះហើយជាការអធិស្ឋានដ៏ពិតប្រាកដជាងគេបំផុត។ តើអ្នកជាមនុស្សម្នាក់ដែលអធិស្ឋាន សម្រាប់ការធ្វើតាមព្រះហឫទ័យរបស់ព្រះដែរឬទេ?

កាលពីអតីតកាល អ្នករាល់គ្នាមិនបានដឹងអំពីរបៀបអធិស្ឋានឡើយ ហើយអ្នកក៏ធ្វេសប្រហែសចំពោះកិច្ចការអធិស្ឋានផងដែរ។ ឥឡូវនេះអ្នក ត្រូវតែខំប្រឹងឲ្យអស់លទ្ធភាព ដើម្បីហ្វឹកហាត់ខ្លួនអ្នកនៅក្នុងការអធិស្ឋាន។ ប្រសិនបើអ្នកមិនអាចប្រមូលកម្លាំងដែលអ្នកមាន ដើម្បីស្រឡាញ់ព្រះជាម្ចាស់ផង តើអ្នកអធិស្ឋានបានយ៉ាងដូចម្ដេចទៅ? អ្នកអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ដួង ចិត្តរបស់ទូលបង្គំមិនអាចស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ទូលបង្គំចង់ស្រឡាញ់ទ្រង់ ប៉ុន្តែ ទូលបង្គំខ្វះកម្លាំង។ តើទូលបង្គំគួរតែធ្វើអ្វីទៅ? សូមទ្រង់បើកភ្នែកខាងវិញ្ញាណរបស់ទូលបង្គំ ហើយសូមឲ្យព្រះវិញ្ញាណរបស់ទ្រង់ ប៉ះពាល់ដួងចិត្តរបស់ទូលបង្គំផង។ ពេលដែលទូលបង្គំចូលចំពោះទ្រង់ សូមបណ្ដាលចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំបោះបង់គ្រប់យ៉ាងដែលអវិជ្ជមាន ដោយលែងឲ្យបុគ្គលណាម្នាក់ លែងឲ្យរឿងរ៉ាវ ឬកិច្ចការអ្វីមួយមកគ្រប់គ្រងទូលបង្គំ ហើយសូមលាតត្រដាងអ្វីៗគ្រប់យ៉ាង ដែលមានក្នុងដួងចិត្តរបស់ទូលបង្គំនៅចំពោះទ្រង់ ហើយបណ្ដាលចិត្តទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចថ្វាយជីវិតរបស់ទូលបង្គំទាំងមូល នៅចំពោះទ្រង់តែម្ដង។ យ៉ាងណាមិញ ទ្រង់អាចល្បងលទូលបង្គំបាន ទូលបង្គំត្រៀមខ្លួនរួចហើយ។ ឥឡូវនេះ ទូលបង្គំលែងគិតអំពីរឿងអនាគតរបស់ទូលបង្គំ ហើយក៏លែងស្ថិតនៅក្រោមនឹមនៃសេចក្តីស្លាប់ទៀតដែរ។ ទូលបង្គំចង់ស្វែងរកផ្លូវនៃជីវិត ដោយដួងចិត្តដែលស្រឡាញ់ទ្រង់។ គ្រប់រឿងរ៉ាវទាំងអស់ អ្វីៗគ្រប់យ៉ាង សុទ្ធតែនៅក្នុងព្រះហស្តរបស់ទ្រង់ ជោគវាសនារបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ ហើយជីវិតរបស់ទូលបង្គំ ក៏នៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់ដែរ។ ឥឡូវនេះ ទូលបង្គំព្យាយាមស្រឡាញ់ទ្រង់ ហើយទោះបីជាទ្រង់អនុញ្ញាត ឬមិនអនុញ្ញាតឲ្យទូលបង្គំស្រឡាញ់ទ្រង់ មិនថា អារក្សសាតាំងតាមបង្អាក់យ៉ាងណាក៏ដោយ ក៏ទូលបង្គំប្ដេជ្ញាស្រឡាញ់ទ្រង់ដដែល»។ នៅពេលដែលអ្នកជួបបញ្ហានេះ ចូរអធិស្ឋានបែបនេះចុះ។ បើអ្នកអធិស្ឋានបែបនេះជារៀងរាល់ថ្ងៃ នោះកម្លាំងក្នុងការស្រឡាញ់ព្រះ នឹងកើនឡើងបន្ដិចម្ដងៗមិនខាន។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចូរធ្វើជាមនុស្សទៀងត្រង់។ ចូរអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់កម្ចាត់ចោលសេចក្តីបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នក។ ចូរបន្សុទ្ធខ្លួនអ្នក តាមរយៈការអធិស្ឋានគ្រប់ពេលវេលា ត្រូវទទួលការប៉ះពាល់ដោយព្រះវិញ្ញាណ តាមរយៈការអធិស្ឋាន នោះនិស្ស័យរបស់អ្នកនឹងផ្លាស់ប្រែបន្ដិចម្ដងៗ។ ជីវិតខាងវិញ្ញាណដ៏ពិត គឺជាជីវិតនៃការអធិស្ឋាន ជាជីវិតមួយដែលទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ។ ដំណើរការនៃការទទួលបានការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ គឺជាដំណើរការមួយនៃការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់។ ជីវិតមួយដែលមិនទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាជីវិតខាងវិញ្ញាណឡើយ ប៉ុន្តែជាជីវិតខាងពិធីសាសនាតែប៉ុណ្ណោះ។ មានតែមនុស្សដែលត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធ និងត្រូវបានស្រាយបំភ្លឺ និងស្រាយពន្យល់ពីព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ ទើបបានចូលទៅក្នុងជីវិតខាងវិញ្ញាណ។ និស្ស័យរបស់មនុស្សបន្តផ្លាស់ប្រែ នៅពេលដែលគេអធិស្ឋាន។ បើព្រះវិញ្ញាណនៃព្រះប៉ះពាល់គេកាន់តែខ្លាំង នោះគេនឹងក្លាយជាមនុស្សឧស្សាហ៍ព្យាយាម និងស្ដាប់បង្គាប់ទ្រង់កាន់តែច្រើន។ ដូច្នេះ ចិត្តរបស់គេនឹងត្រូវបានកែឲ្យបរិសុទ្ធ ហើយនិស្ស័យរបស់គេនឹងផ្លាស់ប្រែបន្ដិចម្ដងៗ។ នេះហើយជាឥទ្ធិពលនៃការអធិស្ឋានដ៏ពិតប្រាកដ។

ដកស្រង់ពី «អំពីទម្លាប់នៃការអធិស្ឋាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ជាចម្បង ការអធិស្ឋានគឺជាការនិយាយចេញពីចិត្តទៀងត្រង់។ «ឱព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបអំពីសេចក្តីពុករលួយរបស់មនុស្ស។ នៅថ្ងៃនេះ ទូលបង្គំបានធ្វើកិច្ចការមិនសមហេតុផលមួយទៀតហើយ។ ទូលបង្គំមានចេតនាមួយគឺថា ទូលបង្គំជាមនុស្សបោកបញ្ឆោត។ ទូលបង្គំមិនកំពុងប្រព្រឹត្តស្របតាមព្រះហឫទ័យរបស់ទ្រង់ ឬតាមសេចក្តីពិតឡើយ។ ទូលបង្គំបានប្រព្រឹត្តតាមចិត្តទូលបង្គំ ហើយព្យាយាមដោះសាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទទួលស្គាល់សេចក្តីពុករលួយរបស់ទូលបង្គំ។ ទូលបង្គំទូលសុំឲ្យទ្រង់បំភ្លឺទូលបង្គំកាន់តែច្រើន និងអនុញ្ញាតឲ្យទូលបង្គំយល់អំពីសេចក្តីពិត យកសេចក្តីពិតទៅអនុវត្ត និងកម្ចាត់ចោលសេចក្តីពុករលួយទាំងនេះ»។ ចូរនិយាយបែបនេះទៅ។ ចូររៀបរាប់រឿងរ៉ាវពិតអំពីកិច្ចការពិតចុះ។ មនុស្សភាគច្រើនមិនអធិស្ឋានដោយពិតប្រាកដក្នុងពេលភាគច្រើនឡើយ។ ពួកគេគ្រាន់តែសញ្ជឹងគិតលើអតីតកាល ដោយមានចំណេះដឹងតិចតួចនៅក្នុងគំនិតរបស់ពួកគេ និងមានឆន្ទៈក្នុងការប្រែចិត្តប៉ុណ្ណោះ តែពួកគេមិនបានសញ្ជឹងគិត ឬក៏ស្ទាបស្ទង់មើលសេចក្តីពិតឡើយ។ ការសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការស្វែងរកសេចក្តីពិត ខណៈពេលដែលកំពុងអធិស្ឋាន គឺមានភាពជ្រាលជ្រៅឆ្ងាយជាងការគ្រាន់តែស្មិងស្មាធិ៍ និងការមានចំណេះដឹងទៅទៀត។ ការប៉ះពាល់ដែលមាននៅក្នុងអ្នក ដោយកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងការបំភ្លឺ ព្រមទាំងការស្រាយបំភ្លឺដែលកិច្ចការរបស់ទ្រង់ផ្គត់ផ្គង់ដល់អ្នក តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងជួយដឹកនាំអ្នកទៅរកចំណេះដឹងដ៏ពិត និងការប្រែចិត្តដ៏ពិត។ ការទាំងនេះមានភាពជ្រាលជ្រៅខ្លាំងជាងគំនិត និងចំណេះដឹងរបស់មនុស្សទៅទៀត។ ដ្បិតការនេះជាអ្វីមួយដែលអ្នកត្រូវតែដឹងឲ្យបានល្អ។ បើអ្នកគ្រាន់តែចូលរួមនៅក្នុងការគិត និងការត្រួតពិនិត្យដ៏គ្មានរបៀបរបបបែបសើៗ នោះអ្នកគ្មានផ្លូវដ៏សមរម្យដែលត្រូវអនុវត្តឡើយ ហើយអ្នកមានវឌ្ឍនភាពតិចតួចទៅរកសេចក្តីពិត ដូច្នេះ អ្នកនឹងបន្តគ្មានសមត្ថភាពក្នុងការផ្លាស់ប្ដូរដដែល។ មានករណីខ្លះមនុស្សតាំងចិត្តលះបង់ខ្លួនយ៉ាងអស់ពីចិត្តសម្រាប់ព្រះជាម្ចាស់ ហើយតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់យ៉ាងអស់ពីចិត្ត ហើយដោយគ្រាន់តែមានសេចក្តីប៉ងប្រាថ្នាបែបនេះ អ្នកមិនអាចលះបង់ខ្លួនជាមួយថាមពលច្រើនឡើយ ឯដួងចិត្តរបស់អ្នកទៀតសោតក៏មិនអាចប្ដេជ្ញាទាំងស្រុងចំពោះការខិតខំប្រឹងខ្នះខ្នែងបានដែរ។ យ៉ាងណាមិញ ដោយកំពុងតែអធិស្ឋាន និងទទួលការប៉ះពាល់ចិត្ត បើអ្នកធ្វើការតាំងចិត្តដោយនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំព្រមរងទុក្ខលំបាក។ ទូលបង្គំព្រមទទួលការល្បងលរបស់ទ្រង់ ហើយទូលបង្គំព្រមចុះចូលចំពោះទ្រង់ទាំងស្រុង។ មិនថាទុក្ខវេទនារបស់ទូលបង្គំធំធេងប៉ុនណាទេ ក៏ទូលបង្គំព្រមតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ដែរ។ ទូលបង្គំរីករាយនឹងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ ហើយទ្រង់បានលើកទូលបង្គំឡើង។ សម្រាប់ការនេះ ទូលបង្គំសូមអរព្រះគុណទ្រង់ចេញពីជម្រៅចិត្តរបស់ទូលបង្គំ និងថ្វាយគ្រប់ទាំងសិរីល្អដល់ទ្រង់» ក្រោយបានអធិស្ឋានបែបនេះរួច រូបកាយទាំងមូលរបស់អ្នកនឹងទទួលបានអំណាច ហើយអ្នកនឹងមានផ្លូវមួយដែលត្រូវអនុវត្តមិនខាន។ នេះជាឥទ្ធិពលនៃការអធិស្ឋាន។ ក្រោយពេលបុគ្គលម្នាក់អធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមធ្វើការលើពួកគេ ដោយបំភ្លឺ ស្រាយបំភ្លឺ និងដឹកនាំពួកគេ ព្រមទាំងប្រទានដល់ពួកគេនូវសេចក្តីជំនឿ និងចិត្តក្លាហានដ៏ចាំបាច់ ដើម្បីយកសេចក្តីពិតទៅអនុវត្ត។ មានមនុស្សដែលអានព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ ដោយមិនសម្រេចបានផលអ្វីសោះ តែដោយសារតែពួកគេបានអានព្រះបន្ទូល នៅពេលដែលពួកគេប្រកបគ្នាអំពីព្រះបន្ទូលទាំងនោះ ដួងចិត្តរបស់ពួកគេក៏បានភ្លឺឡើង ហើយពួកគេរកឃើញផ្លូវមួយនៅខាងមុខ។ ជាងនេះទៀត បើព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្តអ្នកតែបន្ដិច និងប្រទានការដឹកនាំដល់អ្នកតែបន្ដិច ក៏ដូចជាប្រទានបន្ទុកតែបន្ដិច នោះលទ្ធផលដែលទទួលបាននឹងមានភាពខុសប្លែកខ្លាំងមិនខាន។ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយខ្លួនឯង អ្នកអាចទទួលការប៉ះពាល់នៅកម្រិតណាមួយ ហើយអ្នកអាចយំ ដើម្បីបន្ធូរអារម្មណ៍របស់អ្នកបានក្នុងរយៈពេលខ្លី។ យ៉ាងណាមិញ បើអ្នកផ្ដល់នូវការអធិស្ឋានដែលស្រក់ទឹកភ្នែក ការអធិស្ឋានយ៉ាងអស់ពីចិត្ត ឬការអធិស្ឋានដែលពិត និងស្មោះត្រង់ នោះអ្នកនឹងទទួលបានកម្លាំងមួយបែបដែលនៅស្ថិតស្ថេរជាច្រើនថ្ងៃមិនខាន។ នេះគឺជាឥទ្ធិពលនៃការអធិស្ឋាន។ គោលបំណងនៃការអធិស្ឋានគឺដើម្បីឲ្យមនុស្សចូលទៅចំពោះព្រះជាម្ចាស់ ហើយទទួលស្គាល់ថា ទ្រង់នឹងប្រទានដល់ពួកគេ។ បើអ្នកអធិស្ឋានជាញឹកញាប់ ហើយចូលទៅចំពោះព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីផ្សារភ្ជាប់ជាមួយទ្រង់ និងមានទំនាក់ទំនងធម្មតាជាមួយទ្រង់ នោះអ្នកនឹងតែងតែត្រូវបានទ្រង់ប៉ះពាល់ពីខាងក្នុង ព្រមទាំងទទួលបានការផ្គត់ផ្គង់របស់ទ្រង់មិនខាន ហើយជានិច្ចកាល បុគ្គលម្នាក់ដែលទទួលបានការផ្គត់ផ្គង់ពីព្រះជាម្ចាស់ ត្រូវបានផ្លាស់ប្រែ ហើយស្ថានភាពរបស់ពួកគេក៏កំពុងតែប្រសើរឡើងដែរ។ ជាក់ស្ដែង នៅពេលដែលបងប្អូនប្រុសស្រីអធិស្ឋានជាមួយគ្នា មានថាមពលដ៏ខ្លាំងពិសេសមួយកើតឡើង ហើយពួកគេមានអារម្មណ៍ថា ពួកគេទទួលបានយ៉ាងច្រើន។ តាមពិតទៅ ពួកគេអាចប្រកបគ្នាមិនបានច្រើនឡើយនៅក្នុងម៉ោងប្រជុំរបស់ពួកគេ។ វាជាការអធិស្ឋានដែលបណ្ដាលចិត្តពួកគេវិញទេ ទើបពួកគេមិនអាចរង់ចាំសូម្បីតែមួយវិនាទី ដើម្បីបោះបង់ក្រុមគ្រួសារ និងពិភពលោករបស់ពួកគេ ហើយពួកគេគ្មានចង់បានអ្វីឡើយ ពោលគឺមានតែព្រះជាម្ចាស់មួយ គឺគ្រប់គ្រាន់ហើយ។ នេះពិតជាសេចក្តីជំនឿដ៏ធំមែន! ព្រះចេស្ដាដែលកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្សអាចត្រូវបានរីករាយ ដោយគ្មានទីបញ្ចប់! តើអ្នកអាចទៅបានឆ្ងាយកម្រិតណាទៅ បើគ្មានការពឹងអាងលើព្រះចេស្ដានោះ ប៉ុន្ដែបែរជាប្រុងប្រៀបខ្លួន ទាំងរឹងមានះ នៅពេលដែលអ្នកដើរ ឬពឹងអាងលើការតស៊ូពុះពារ និងអំណាចឆន្ទៈរបស់អ្នកផ្ទាល់នោះ? គឺអ្នកមិនអាចទៅបានឆ្ងាយពីកន្លែងដែលអ្នកនឹងដួល និងស្រុតចុះឡើយ។ នៅពេលដែលអ្នកដើរ កម្លាំងរបស់អ្នកនឹងថយចុះ។ មនុស្សត្រូវតែបន្តមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ដល់ទីបញ្ចប់! តែចំពោះមនុស្សវិញ នៅពេលដែលគេដើរ គេបែរជាឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៅវិញ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ឯមនុស្សគឺជាមនុស្ស ហើយម្នាក់ៗដើរតាមផ្លូវរៀងៗខ្លួន។ ព្រះជាម្ចាស់មានបន្ទូលអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមនុស្សដើរតាមផ្លូវរបស់ខ្លួន ដែលមិនដូចគ្នានឹងផ្លូវរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សម្នាក់បាត់បង់កម្លាំងនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេចូលទៅចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋានតែពីរបីពាក្យ ហើយខ្ចីកម្លាំងបានតែបន្ដិចប៉ុណ្ណោះ។ ក្រោយពេលពួកគេទទួលកម្លាំងបានខ្លះ ពួកគេក៏ចាកចេញទៅម្ដងទៀត។ បន្តិចក្រោយមក ពួកគេក៏អស់សាំង ហើយត្រលប់ទៅរកព្រះជាម្ចាស់វិញ ដើម្បីទទួលកម្លាំងថែមទៀត។ នៅពេលដែលធ្វើបែបនេះ បុគ្គលនោះមិនអាចទ្រទ្រង់នឹងវាបានយូរឡើយ ហើយបើគេចាកចេញពីព្រះជាម្ចាស់ទៀត នោះពួកគេគ្មានផ្លូវនៅខាងមុខគេឡើយ។

ដកស្រង់ពី «សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តរបស់វា» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ពេលខ្លះ ការសម្លឹងទៅរកព្រះជាម្ចាស់ មិនមានន័យថា ការទូលសូមព្រះជាម្ចាស់ឱ្យធ្វើអ្វីមួយ ដោយការប្រើប្រាស់ពាក្យសម្ដីជាក់លាក់ ឬសូមការណែនាំ ឬការការពារដ៏ជាក់លាក់ពីទ្រង់ឡើយ។ ផ្ទុយទៅវិញ គឺថានៅពេលដែលមនុស្សជួបប្រទះបញ្ហាមួយចំនួន នោះពួកគេមិនអាចអំពាវនាវរកទ្រង់ដោយអស់ពីចិត្ត។ ដូច្នេះ នៅពេលដែលមនុស្សអំពាវនាវរកទ្រង់ តើព្រះជាម្ចាស់កំពុងធ្វើអ្វីនៅទីនោះ? នៅពេលដែលចិត្តរបស់នរណាម្នាក់ពុះកញ្ជ្រោល ហើយពួកគេមានការគិតបែបនេះថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំមិនអាចធ្វើកិច្ចការនេះដោយខ្លួនឯងបានទេ ទូលបង្គំមិនស្គាល់ពីវិធីដើម្បីធ្វើវាទេ ហើយទូលបង្គំមានអារម្មណ៍ថាទន់ខ្សោយ និងអវិជ្ជមាន...» នៅពេលការគិតទាំងនេះកើតឡើងនៅក្នុងពួកគេ តើព្រះជាម្ចាស់មិនជ្រាបទេឬ? នៅពេលដែលការគិតទាំងនេះកើតឡើងនៅក្នុងមនុស្ស តើចិត្តរបស់ពួកគេស្មោះស្ម័គ្រឬទេ? នៅពេលដែលពួកគេអំពាវនាវរកទ្រង់យ៉ាងស្មោះស្ម័គ្រតាមវិធីនេះ តើព្រះជាម្ចាស់យល់ព្រមជួយពួកគេទេ? ក្រៅពីការពិតដែលថា ពួកគេអាចមិនបាននិយាយពាក្យមួយម៉ាត់ ប៉ុន្តែពួកគេបង្ហាញភាពស្មោះស្ម័គ្រ ដូច្នេះហើយ ព្រះជាម្ចាស់យល់ព្រមជួយពួកគេ។ នៅពេលដែលមនុស្សម្នាក់ជួបប្រទះការលំបាកដ៏ស្មុគស្មាញបំផុត នៅពេលដែលពួកគ្មាននរណាម្នាក់ដែលត្រូវទៅរក ហើយនៅពេលដែលពួកគេមានអារម្មណ៍គ្មានសង្ឃឹមសោះ នោះពួកគេដាក់ក្ដីសង្ឃឹមតែមួយគត់របស់ពួកគេលើព្រះជាម្ចាស់។ តើការអធិស្ឋានរបស់ពួកគេមានលក្ខណៈយ៉ាងដូចម្ដេច? តើអ្វីជាសភាពនៃចិត្តរបស់ពួកគេ? តើពួកគេស្មោះស្ម័គ្រឬទេ? តើមានការក្លែងបន្លំណាមួយនៅពេលនោះឬទេ? មានតែនៅពេលដែលអ្នកទុកចិត្តព្រះជាម្ចាស់ ហាក់ដូចជាទ្រង់គឺជារបស់ចុងក្រោយដែលអ្នកឱបជាប់ដើម្បីសង្គ្រោះជីវិតរបស់អ្នក ដោយសង្ឃឹមថា ទ្រង់នឹងជួយអ្នក នោះទើបចិត្តរបស់អ្នកស្មោះស្ម័គ្រ។ ទោះបីជាអ្នកអាចមិននិយាយច្រើន ក៏ចិត្តរបស់អ្នកបានពុះកញ្ជ្រោលរួចហើយ។ មានន័យថា អ្នកថ្វាយចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកទៅព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ស្ដាប់។ នៅពេលដែលព្រះជាម្ចាស់ទ្រង់សណ្ដាប់ នោះទ្រង់មើលឃើញការលំបាករបស់អ្នក ហើយទ្រង់នឹងបំភ្លឺអ្នក ណែនាំអ្នក និងជួយអ្នក។

ដកស្រង់ពី «អ្នកជឿត្រូវតែចាប់ផ្ដើមដោយការមើលធ្លុះនិន្នាការអាក្រក់របស់លោកីយ៍» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ជួនកាលនៅពេលដែលអ្នកកំពុងតែរីករាយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏មានការប៉ះពាល់វិញ្ញាណរបស់អ្នក ហើយអ្នកមានអារម្មណ៍ថា អ្នកគ្មានជម្រើសអ្វីក្រៅពីស្រលាញ់ព្រះជាម្ចាស់ឡើយ ពោលគឺមានកម្លាំងដ៏អស្ចារ្យមួយនៅក្នុងអ្នក ហើយគ្មានអ្វីមួយដែលអ្នកមិនអាចទុកមួយឡែកសិនបាននោះឡើយ។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ នោះអ្នកត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ហើយ ហើយដួងចិត្តរបស់អ្នកបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ហើយអ្នកនឹងអធិស្ឋានទៅកាន់ព្រះជាម្ចាស់ រួចពោលថា «ព្រះជាម្ចាស់អើយ! ព្រះអង្គបានកំណត់ និងជ្រើសរើសពួកយើងទុកជាមុន។ សិរីរុងរឿងរបស់ព្រះអង្គផ្តល់ឲ្យទូលបង្គំមានអំណួត ហើយវាធ្វើឲ្យទូលបង្គំមានអារម្មណ៍បរិបូរណ៍ក្នុងការក្លាយជារាស្ត្រម្នាក់របស់ព្រះអង្គ។ ទូលបង្គំនឹងចំណាយ ព្រមទាំងថ្វាយគ្រប់យ៉ាងដើម្បីធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយនិងថ្វាយនូវពេលវេលារបស់ទូលបង្គំជាច្រើនឆ្នាំ ព្រមទាំងខិតខំប្រឹងប្រែងពេញមួយជីវិតសម្រាប់ព្រះអង្គ»។ នៅពេលអ្នកអធិស្ឋានបែបនេះ នឹងមានសេចក្តីស្រលាញ់ឥតឈប់ឈរ និងការស្តាប់បង្គាប់ពិតប្រាកដនៅក្នុងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់។ តើអ្នកធ្លាប់មានបទពិសោធន៍បែបនេះដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធតែងតែប៉ះពាល់មនុស្ស នោះពួកគេចង់ថ្វាយខ្លួនទៅកាន់ព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំចង់ឃើញថ្ងៃនៃសិរីល្អរបស់ទ្រង់ ហើយទូលបង្គំចង់រស់នៅសម្រាប់ព្រះអង្គ គ្មានអ្វីមានតម្លៃ ឬមានន័យជាងការរស់នៅសម្រាប់ព្រះអង្គទេ ហើយទូលបង្គំគ្មានចិត្តចង់រស់សម្រាប់សាតាំង និងសាច់ឈាមបន្តិចសោះឡើយ។ សូមព្រះអង្គលើកទូលបង្គំឡើងដោយការជួយឲ្យទូលបង្គំអាចរស់នៅសម្រាប់ព្រះអង្គនាពេលបច្ចុប្បន្ន»។ នៅពេលដែលអ្នកបានអធិស្ឋានរបៀបនេះ អ្នកនឹងមានអារម្មណ៍ថា អ្នកគ្មានអ្វីផ្សេងក្រៅពីថ្វាយដួងចិត្តរបស់អ្នកទៅកាន់ព្រះជាម្ចាស់ឡើយ ដោយអ្នកត្រូវតែទទួលបានព្រះជាម្ចាស់ ហើយអ្នកមិនចង់បាត់បង់ជីវិតដោយមិនទទួលបានព្រះជាម្ចាស់ក្នុងពេលដែលអ្នកនៅរស់នោះទេ។ ការបាននិយាយបែបនេះនៅក្នុងសេចក្តីអធិស្ឋាន អ្នកនឹងមានកម្លាំងដែលមិនចេះរីងស្ងួតនៅក្នុងខ្លួន ហើយអ្នកនឹងមិនដឹងថាកម្លាំងនេះចេញមកពីណាឡើយ ក៏នឹងមាននូវអំណាចឥតដែនកំណត់នៅក្នុងដួងចិត្តរបស់អ្នក ហើយអ្នកនឹងដឹងថាព្រះជាម្ចាស់គួរឲ្យស្រលាញ់ណាស់ ហើយព្រះអង្គស័ក្តិសមនឹងឲ្យយើងស្រលាញ់។ ការណ៍នេះកើតឡើងនៅពេលដែលព្រះជាម្ចាស់ប៉ះពាល់អ្នក។ អស់អ្នកដែលមានបទពិសោធន៍បែបនេះ ត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់។ សម្រាប់អស់អ្នកដែលតែងតែត្រូវបានប៉ះពាល់ដោយព្រះជាម្ចាស់ ការផ្លាស់ប្តូរកើតឡើងក្នុងជីវិតរបស់ពួកគេ នោះគេអាចធ្វើការតាំងចិត្ត និងសុខចិត្តទទួលយកព្រះជាម្ចាស់ទាំងស្រុង សេចក្តីស្រលាញ់សម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេមានកាន់តែខ្លាំងឡើង ហើយដួងចិត្តរបស់គេបានបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ពួកគេមិនខ្វល់ពីគ្រួសារ លោកិយ មិនមានការពាក់ព័ន្ធ ឬមិនខ្វល់ខ្វាយពីអនាគតឡើយ ហើយពួកគេសុខចិត្តលះបង់ការប្រឹងប្រែងអស់មួយជីវិតថ្វាយទៅកាន់ព្រះជាម្ចាស់។ អស់អ្នកដែលត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលស្វែងរកសេចក្តីពិត និងជាអ្នកដែលមានក្តីសង្ឃឹមថាព្រះជាម្ចាស់ប្រទានឲ្យគេបានគ្រប់លក្ខណ៍។

ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ឥឡូវនេះ អ្នកគួរតែអាចមើលឃើញផ្លូវដ៏ហ្មត់ចត់ដែលពេត្រុសបានដើរ យ៉ាងច្បាស់ហើយ។ ប្រសិនបើអ្នកអាចមើលឃើញផ្លូវរបស់ពេត្រុសច្បាស់ នោះអ្នកក៏នឹងដឹងច្បាស់អំពីកិច្ចការដែលកំពុងត្រូវបានធ្វើសព្វថ្ងៃផងដែរ ដូច្នេះ អ្នកនឹងមិនរអ៊ូរទាំ មិនអសកម្ម ឬចង់បានអ្វីមួយនោះឡើយ។ អ្នកគួរតែយល់ពីអារម្មណ៍របស់ពេត្រុសនៅពេលនោះថា៖ គាត់ស្រឡាំងកាំង ដោយសារទុក្ខព្រួយ។ គាត់លែងអធិស្ឋានសុំអនាគតល្អ ឬព្រះពរទៀតហើយ។ គាត់មិនបានស្វែងរកប្រយោជន៍ សេចក្តីសុខ កិត្តិនាមល្បីល្បាញ ឬទ្រព្យសម្បត្តិនៅក្នុងលោកីយ៍នេះឡើយ។ គាត់គ្រាន់តែព្យាយាមរស់នៅ ក្នុងជីវិតមួយដែលមានន័យខ្លឹមសារបំផុត ជាជីវិតមួយដែលតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ហើយថ្វាយវត្ថុ ដ៏មានតម្លៃបំផុតដែលគាត់មានដល់ព្រះជាម្ចាស់។ ក្រោយមក គាត់ក៏មានអារម្មណ៍ស្កប់ចិត្ត។ ជារឿយៗ គាត់បានអធិស្ឋានទៅកាន់ព្រះយេស៊ូវដោយពាក្យថា៖ «ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទអើយ ទូលបង្គំធ្លាប់ស្រឡាញ់ទ្រង់ ប៉ុន្តែ ទូលបង្គំមិនដែលស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដឡើយ។ ទោះបីទូលបង្គំបាននិយាយថា ទូលបង្គំមានជំនឿលើទ្រង់ក៏ដោយ ប៉ុន្តែ ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ដោយចិត្តពិតឡើយ។ ទូលបង្គំគ្រាន់តែសម្លឹងទៅកាន់ទ្រង់ កោតសរសើរទ្រង់ និងនឹករឭកអំពីទ្រង់ ប៉ុន្តែ ទូលបង្គំមិនដែលស្រឡាញ់ទ្រង់ ហើយក៏មិនដែលមានជំនឿដ៏ពិតលើទ្រង់នោះដែរ»។ គាត់តែងតែអធិស្ឋាន ដើម្បីធ្វើការតាំងចិត្តរបស់គាត់ ហើយគាត់តែងតែទទួលការលើកទឹកចិត្តពីព្រះបន្ទូលរបស់ព្រះយេស៊ូវ និងទាញបាននូវការជំរុញចិត្តចេញពីព្រះបន្ទូលទាំងនោះ។ ក្រោយមក បន្ទាប់ពីឆ្លងកាត់បទពិសោធន៍មួយរយៈ ព្រះយេស៊ូវក៏បានល្បងលគាត់ ដោយជំរុញគាត់ឲ្យកាន់តែស្រេកឃ្លានចង់បានទ្រង់ថែមទៀត។ គាត់បាននិយាយថា៖ «ឱព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអើយ! ទូលបង្គំពិតជានឹកទ្រង់ ហើយទន្ទឹងចង់ឃើញទ្រង់ខ្លាំងណាស់។ ទូលបង្គំនៅខ្វះចន្លោះច្រើនណាស់ ហើយទូលបង្គំមិនសក្ដិសម សម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ឡើយ។ ទូលបង្គំសូមអង្វរឲ្យទ្រង់យកទូលបង្គំចេញ ក្នុងពេលឆាប់ៗនេះទៅ។ តើទ្រង់នឹងត្រូវការទូលបង្គំនៅពេលណា? តើទ្រង់នឹងយកទូលបង្គំទៅនៅពេលណា? តើទូលបង្គំសម្លឹង មើលព្រះភ័ក្ត្ររបស់ទ្រង់ម្ដងទៀតនៅពេលណា? ទូលបង្គំលែងចង់មានជីវិតរស់ក្នុងរូបកាយនេះ ដើម្បីបន្តនិស្ស័យខូចអាក្រក់ ហើយក៏មិនចង់បះបោរតទៅទៀតនោះដែរ។ ទូលបង្គំត្រៀមខ្លួនជាស្រេច ដើម្បីថ្វាយអ្វីៗគ្រប់យ៉ាងដែលទូលបង្គំមានដល់ទ្រង់កាន់តែឆាប់តាមតែទូលបង្គំអាចធ្វើបាន ហើយទូលបង្គំមិនចង់ធ្វើឲ្យទ្រង់ព្រួយព្រះទ័យតទៅទៀតឡើយ»។ នេះជារបៀបដែលគាត់បានអធិស្ឋាន ប៉ុន្តែ នៅពេលនោះ គាត់មិនបានដឹងអំពីអ្វីដែលព្រះយេស៊ូវនឹងធ្វើឲ្យគ្រប់លក្ខណ៍នៅក្នុងគាត់ឡើយ។ ក្នុងអំឡុងពេលដែលគាត់ព្រួយចិត្ត ដោយសារតែការល្បងលរបស់គាត់ ព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ឲ្យគាត់ឃើញម្ដងទៀត ហើយមានបន្ទូលថា៖ «ពេត្រុស ខ្ញុំចង់ធ្វើឲ្យអ្នកបានគ្រប់លក្ខណ៍ ដើម្បីឲ្យអ្នកក្លាយជាផលផ្លែមួយ ដែលស្ដែងឲ្យឃើញពីភាពគ្រប់លក្ខណ៍របស់ខ្ញុំ តាមរយៈអ្នក ហើយជាផលផ្លែដែលនាំឲ្យខ្ញុំមានចិត្តរីករាយ។ តើអ្នកអាចធ្វើបន្ទាល់ពីខ្ញុំយ៉ាងពិតប្រាកដដែរឬទេ? តើអ្នកបានធ្វើតាមអ្វីដែលខ្ញុំបានសុំឲ្យអ្នកធ្វើដែរឬទេ? តើអ្នកបានរស់នៅតាមពាក្យដែលខ្ញុំបាននិយាយហើយឬនៅ? អ្នកធ្លាប់ស្រឡាញ់ខ្ញុំ ប៉ុន្តែ ទោះបីជាអ្នកបានស្រឡាញ់ខ្ញុំ តើអ្នកបានរស់នៅតាមពាក្យរបស់ខ្ញុំហើយឬនៅ? តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ? អ្នកទទួលស្គាល់ថា អ្នកមិនសក្ដិសមនឹងទទួលសេចក្តីស្រឡាញ់របស់ខ្ញុំឡើយ ប៉ុន្តែ តើអ្នកបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំ?» ពេត្រុសបានឃើញថា គាត់មិនបានធ្វើអ្វីសោះសម្រាប់ព្រះយេស៊ូវ ហើយគាត់បាននឹកចាំអំពីពាក្យសម្បថដែលគាត់ស្បថថ្វាយជីវិតរបស់គាត់ដល់ព្រះជាម្ចាស់កាលពីមុន។ ដូច្នេះ គាត់ក៏លែងរអ៊ូរទាំ ហើយចាប់ពីពេលនោះមក ពាក្យអធិស្ឋានរបស់គាត់កាន់តែប្រសើរឡើង។ គាត់បានអធិស្ឋានដោយពោលថា៖ «ឱព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ! ទូលបង្គំធ្លាប់ចាកចោលទ្រង់ ហើយទ្រង់ក៏ធ្លាប់ចាកចោលទូលបង្គំម្ដងផងដែរ។ យើងបានចំណាយទាំងពេលនៅដាច់ពីគ្នា និងពេលនៅជាមួយគ្នា។ ប៉ុន្តែ ទ្រង់ស្រឡាញ់ទូលបង្គំខ្លាំងជាងអ្នកណាទាំងអស់។ ទូលបង្គំបានបះបោរ ទាស់នឹងទ្រង់ដដែលៗ និងបានធ្វើឲ្យទ្រង់ព្រួយព្រះហឫទ័យម្ដងហើយម្ដងទៀត។ តើទូលបង្គំអាចបំភ្លេចរឿងទាំងនេះបានដោយរបៀបណា? ទូលបង្គំតែងតែនឹកចាំជានិច្ច ហើយមិនភ្លេចកិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ និងអ្វីដែលទ្រង់បានប្រទានដល់ទូលបង្គំនោះឡើយ។ ទូលបង្គំបានធ្វើអ្វីគ្រប់យ៉ាងដែលទូលបង្គំអាចធ្វើបាន សម្រាប់កិច្ចការដែលទ្រង់បានធ្វើចំពោះទូលបង្គំ។ ទ្រង់ជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើបាន ហើយទ្រង់ថែមទាំងជ្រាបអំពីតួនាទីដែលទូលបង្គំអាចធ្វើបានដែរ។ ទូលបង្គំចង់ចុះចូលចំពោះការរៀបចំរបស់ទ្រង់ ហើយទូលបង្គំនឹងថ្វាយអ្វីៗទាំងអស់ដែលទូលបង្គំមានដល់ទ្រង់។ មានតែទ្រង់មួយប៉ុណ្ណោះដែលជ្រាបដឹងអំពីអ្វីដែលទូលបង្គំអាចធ្វើសម្រាប់ទ្រង់។ ទោះបីអារក្សសាតាំងបានបោកបញ្ឆោតទូលបង្គំយ៉ាងច្រើន ហើយទូលបង្គំបានបះបោរទាស់នឹងទ្រង់ក៏ដោយ ក៏ទូលបង្គំជឿថា ទ្រង់មិននឹកនាពីសេចក្តីរំលងដែលទូលបង្គំបានធ្វើទាំងនោះ ហើយក៏ជឿថា ទ្រង់មិនប្រព្រឹត្តចំពោះទូលបង្គំ ដោយផ្អែកលើសេចក្តីរំលងទាំងនោះផងដែរ។ ទូលបង្គំចង់ថ្វាយជីវិតរបស់ទូលបង្គំទាំងស្រុងដល់ទ្រង់។ ទូលបង្គំមិនសុំអ្វីឡើយ ហើយក៏គ្មានសេចក្តីសង្ឃឹម ឬផែនការអ្វីផ្សេងនោះដែរ។ ទូលបង្គំគ្រាន់តែចង់ធ្វើតាមបំណង និងព្រះហឫទ័យរបស់ទ្រង់តែមួយប៉ុណ្ណោះ។ ទូលបង្គំនឹងផឹកពីពែងដ៏ល្វីងជូរចត់របស់ទ្រង់ ហើយទូលបង្គំនឹងធ្វើតាមបង្គាប់របស់ទ្រង់ជានិច្ច»។

ដកស្រង់ពី «របៀបដែលពេត្រុសចាប់ផ្ដើមស្គាល់ព្រះយេស៊ូវ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាសារៈសំខាន់នៃការអធិស្ឋាន

បន្ទាប់៖ ៣. អ្វីជាការអធិស្ឋាននៃពិធីសាសនា និងមូលហេតុដែលមិនទទួលបានអ្វីពីពិធីនោះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ