២. អ្វីជាទង្វើអាក្រក់ និងវិធីដែលទង្វើអាក្រក់អាចត្រូវបានបើកបង្ហាញ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើអ្វីទៅជាបទដ្ឋាន ដើម្បីវិនិច្ឆ័យទង្វើរបស់មនុស្សម្នាក់ថាល្អ ឬអាក្រក់? វាអាស្រ័យលើថាតើនៅក្នុងគំនិត ការសម្ដែងចេញ និងសកម្មភាពរបស់អ្នក អ្នកមានទីបន្ទាល់នៃការយកសេចក្តីពិតទៅអនុវត្ត ព្រមទាំងមានទីបន្ទាល់នៃការរស់នៅតាមតថភាពនៃសេចក្តីពិតឬក៏អត់។ បើអ្នកមិនមានតថភាពនេះទេ ឬបើអ្នកមិនរស់នៅតាមតថភាពនេះទេ នោះគ្មានអ្វីដែលត្រូវឆ្ងល់ឡើយ អ្នកជាមនុស្សទុច្ចរិតហើយ។ តើព្រះជាម្ចាស់ទតឃើញមនុស្សទុច្ចរិតយ៉ាងដូចម្ដេច? គំនិត និងទង្វើពីខាងក្រៅរបស់អ្នកមិនធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ហើយក៏មិនធ្វើឲ្យសាតាំងរងភាពអាម៉ាស់ ឬបំបាក់សាតាំងដែរ។ ផ្ទុយទៅវិញ ពួកគេធ្វើឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់ និងពេញដោយស្លាកស្នាមដែលនាំឲ្យព្រះជាម្ចាស់រងភាពអាម៉ាស់។ អ្នកមិនមែនកំពុងធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ មិនលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ឡើយ ហើយក៏មិនកំពុងបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួនចំពោះព្រះជាម្ចាស់ដែរ។ ផ្ទុយទៅវិញ អ្នកកំពុងតែប្រព្រឹត្តសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។ តើអ្វីទៅជាអត្ថន័យនៃឃ្លាថា «សម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន»? គឺសម្រាប់សាតាំង។ ដូច្នេះ នៅទីបំផុត ព្រះជាម្ចាស់នឹងមានបន្ទូលថា «ចូរចេញពីខ្ញុំទៅ អ្នករាល់គ្នាដែលធ្វើកិច្ចការទុច្ចរិតអើយ»។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកមិនបានធ្វើអំពើល្អឡើយ ផ្ទុយទៅវិញ អាកប្បកិរិយារបស់អ្នកប្រែជាអាក្រក់វិញ។ អ្នកនឹងមិនទទួលបានរង្វាន់ឡើយ ហើយព្រះជាម្ចាស់ក៏នឹងមិនចងចាំអំពីអ្នកដែរ។ តើការនេះមិនឥតប្រយោជន៍ទាល់តែសោះទេឬអី?

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

និស្ស័យរបស់មនុស្ស បានប្រែក្លាយទៅជាឃោឃៅយ៉ាងខ្លាំង វិចារណញ្ញាណរបស់គេក៏កាន់តែស្ពឹកស្រពន់ខ្លាំងដែរ ហើយមនសិការរបស់គេក៏ត្រូវបានអារក្សជាន់ឈ្លីទាំងស្រុង ហើយលែងជាមនសិការដើមរបស់មនុស្សជាយូរមកហើយ។ មនុស្សមិនត្រឹមតែមិនដឹងគុណដល់ព្រះដែលក្លាយជាសាច់ឈាម ចំពោះការដែលដែលទ្រង់ប្រទាននូវជីវិត និងព្រះគុណយ៉ាងច្រើន ដល់មនុស្សជាតិទេ តែគេបែជាតូចចិត្ដនឹងព្រះជាម្ចាស់ ដែលបានប្រទាននូវសេចក្ដីពិតដល់ខ្លួនទៅវិញ នេះគឺដោយសារមនុស្សមិនមានចំណាប់អារម្មណ៍ចំពោះសេចក្ដីពិតសូម្បីតែបន្ដិច ទើបគេតូចចិត្ដចំពោះព្រះជាម្ចាស់បែបនេះ។ មនុស្សមិនត្រឹមតែមិនអាចលះបង់ជីវិតរបស់ខ្លួន សម្រាប់ព្រះដែលបានយកកំណើតជាមនុស្សនោះទេ ប៉ុន្តែគេថែមទាំងបានព្យាយាមទាញយកព្រះហឫទ័យអធ្យាស្រ័យពីទ្រង់ ហើយទាមទារផលប្រយោជន៍លើសពីអ្វីដែលមនុស្សបានថ្វាយ ចំពោះព្រះជាម្ចាស់ រាប់សិបដងទៅទៀត។ មនុស្សដែលមានមនសិការ និងវិចារណញ្ញាណបែបនេះ គិតថា នេះមិនមែនជាបញ្ហាធំដុំនោះទេ ហើយក៏នៅតែជឿថា ពួកគេបានលះបង់យ៉ាងច្រើនសម្រាប់ព្រះជាម្ចាស់ និងគិតថា ព្រះជាម្ចាស់បានប្រទានពរដល់ពួកគេបន្ដិចបន្ដួចប៉ុណ្ណោះ។ មានមនុស្សលាដៃទារឲ្យខ្ញុំសងទឹកដោះគោគេវិញពីរចាន ដ្បិតពួកគេបានឲ្យទឹកខ្ញុំមួយចាន ឬទារឲ្យខ្ញុំចេញថ្លៃបន្ទប់សំណាក់ឲ្យគេបីបួនយប់ ដោយសារតែគេចេញថ្លៃបន្ទប់សំណាក់ ឲ្យខ្ញុំមួយយប់។ តើអ្នកនៅតែចង់បានជីវិត ទាំងមានលក្ខណៈជាមនុស្ស និងមនសិការបែបនេះ ដូចម្ដេចបាន? អ្នកពិតជាមនុស្សទុរគតគួរឲ្យមើលងាយមែន! លក្ខណៈជាមនុស្ស និងមនសិការបែបនេះនៅក្នុងខ្លួនគេ គឺជាដើមហេតុដែលបណ្ដាលឲ្យព្រះដែលចាប់បដិសន្ធិជាមនុស្ស យាងមកត្រាច់ចរពេញផែនដី ដោយគ្មានកន្លែងណាធ្វើជាទីជម្រកឡើយ។ មនុស្សដែលមានមនសិការ និងលក្ខណៈជាមនុស្សពិតប្រាកដ គួរតែថ្វាយបង្គំ និងបម្រើព្រះជាម្ចាស់ ដែលបានយកកំណើតជាមនុស្សដោយអស់ពីចិត្ដ មិនមែនធ្វើដោយព្រោះតែព្រះអង្គបានធ្វើកិច្ចការជាច្រើនឡើយ តែត្រូវបម្រើព្រះអង្គ បើទោះបីជាទ្រង់មិនបានធ្វើការសោះក្ដី។ កិច្ចការនេះគួរតែត្រូវបានធ្វើឡើង ដោយបុគ្គលដែលមានវិចារណញ្ញាណត្រឹមត្រូវ ហើយវាគឺជាកាតព្វកិច្ចរបស់មនុស្ស។ មនុស្សភាគច្រើនហ៊ានទាំងនិយាយលក្ខខណ្ឌជាច្រើន ចំពោះការបម្រើព្រះជាម្ចាស់ទៀតផង៖ ពួកគេមិនខ្វល់ទេថា ទ្រង់ជាព្រះ ឬជាមនុស្ស ហើយពួកគេគ្រាន់តែនិយាយអំពីលក្ខខណ្ឌរបស់ខ្លួនឯង ហើយគេព្យាយាមសម្រេចសេចក្ដីប្រាថ្នារបស់ខ្លួនតែប៉ុណ្ណោះ។ នៅពេលអ្នករាល់គ្នាចម្អិនអាហារឲ្យខ្ញុំ អ្នករាល់គ្នាទាមទារថ្លៃឈ្នួលចុងភៅ នៅពេលអ្នករត់ឲ្យខ្ញុំ អ្នកក៏សុំថ្លៃរត់ នៅពេលអ្នកធ្វើការឲ្យខ្ញុំ អ្នកក៏ទាមទារថ្លៃធ្វើការដែរ នៅពេលអ្នកបោកគក់សម្លៀកបំពាក់របស់ខ្ញុំ អ្នកទាមទារថ្លៃបោកគក់ នៅពេលអ្នកផ្គត់ផ្គង់ដល់ក្រុមជំនុំ អ្នកក៏ទាមទារសំណងថ្លៃចំណាយមកវិញ នៅពេលអ្នកអធិប្បាយ អ្នកក៏ទាមទារថ្លៃអធិប្បាយ នៅពេលអ្នកចែកចាយសៀវភៅ អ្នកក៏ទាមទារថ្លៃឈ្នួលចែកចាយសៀវភៅនោះ ហើយនៅពេលដែលអ្នកសរសេរ អ្នកក៏ទាមទារថ្លៃនិពន្ធដែរ។ អស់អ្នកដែលខ្ញុំបានដោះស្រាយរួច ថែមទាំងបានទាមទារការតបស្នងពីខ្ញុំទៀត រីឯអស់អ្នកដែលត្រូវបានបញ្ជូនទៅផ្ទះ ក៏ទាមទារនូវសំណងសម្រាប់ការខូចខាតកេរ្តិ៍ឈ្មោះរបស់គេ អស់អ្នកដែលមិនទាន់បានរៀបការ ក៏ទាមទារថ្លៃបណ្ណាការ ឬការទូទាត់សំណងសម្រាប់ការបាត់បង់ភាពជាយុវវ័យរបស់គេ អស់អ្នកដែលបានសម្លាប់សត្វមាន់ ក៏បានទាមទារថ្លៃសម្លាប់សត្វ អស់អ្នកដែលចៀនអាហារ ក៏ទាមទារថ្លៃឈ្នួលចៀន ហើយអស់អ្នកដែលស្លសម្ល ក៏ទាមទារថ្លៃស្លនោះដែរ...។ នេះហើយជាលក្ខណៈមនុស្សជាតិដ៏ខ្ពស់ខ្ពស់ និងអស្ចារ្យរបស់អ្នករាល់គ្នានោះ ហើយទង្វើទាំងនេះហើយដែលមនសិការដ៏កក់ក្ដៅរបស់អ្នករាល់គ្នា យកតម្រាប់តាម។ តើវិចារណញាណរបស់អ្នករាល់គ្នានៅឯណា? តើលក្ខណៈជាមនុស្សរបស់អ្នក នៅឯណា? ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ប្រសិនបើអ្នករាល់គ្នានៅតែបន្ដបែបនេះ នោះខ្ញុំនឹងឈប់ធ្វើការក្នុងអ្នករាល់គ្នាជាមិនខាន។ ខ្ញុំនឹងមិនធ្វើការក្នុងចំណោមហ្វូងសត្វតិរច្ឆាន ដែលពាក់ស្បែកជាមនុស្សឡើយ ខ្ញុំនឹងមិនរងទុក្ខជំនួសក្រុមមនុស្សដែលយកទឹកមុខទន់ភ្លន់ មកលាក់បាំងចិត្ដព្រៃផ្សៃឡើយ ខ្ញុំនឹងមិនស៊ូទ្រាំជួសហ្វូងសត្វមួយក្ដាប់ ដែលមិនអាចទទួលបានការសង្គ្រោះ សូម្បីតែបន្ដិចនោះឡើយ។ នៅថ្ងៃដែលខ្ញុំយាងត្រលប់មករកអ្នករាល់គ្នាវិញ គឺជាថ្ងៃដែលអ្នករាល់គ្នាស្លាប់ជាមិនខាន វាជាថ្ងៃដែលភាពងងឹតចូលមកដល់អ្នករាល់គ្នា ហើយជាថ្ងៃដែលពន្លឺបោះបង់ចោលអ្នករាល់គ្នាផងដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាចុះ! ខ្ញុំនឹងមិនដែលមានចិត្ដសប្បុរស ចំពោះក្រុមមនុស្សដូចជាអ្នករាល់គ្នា ជាក្រុមមួយដែលអន់ជាងសត្វតិរច្ឆានទៅទៀតនោះឡើយ! ព្រះបន្ទូល និងសកម្មភាពរបស់ខ្ញុំមានដែនកំណត់ តាមភាពជាមនុស្សជាតិ និងមនសិការរបស់អ្នករាល់គ្នា នៅពេលនេះ ខ្ញុំនឹងមិនធ្វើការទៀតឡើយ ដ្បិតអ្នករាល់គ្នាខ្វះខាតមនសិការយ៉ាងខ្លាំង អ្នករាល់គ្នាបណ្ដាលឲ្យខ្ញុំមានការឈឺចាប់ក្រៃលែង ហើយអាកប្បកិរិយាដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នករាល់គ្នា ក៏ធ្វើឲ្យខ្ញុំខ្ពើមរអើមខ្លាំងណាស់ដែរ។ មនុស្សណាដែលខ្វះខាតនូវភាពជាមនុស្ស និងមនសិការខ្លាំងពេក នោះនឹងមិនអាចមានឱកាសទទួលបានការសង្គ្រោះឡើយ។ ខ្ញុំនឹងមិនសង្គ្រោះមនុស្សដែលគ្មានចិត្ដ និងរមិលគុណឡើយ។ លុះវេលាកំណត់របស់ខ្ញុំមកដល់ ខ្ញុំនឹងបង្អុរភ្លើងដ៏សន្ធោសន្ធៅអស់កល្បជានិច្ចមកលើកូនចៅនៃសេចក្ដីរឹងចចេស ដែលធ្លាប់ពន្យុះឲ្យខ្ញុំពិរោធយ៉ាងខ្លាំង ខ្ញុំនឹងដាក់ទណ្ឌកម្មជាដរាប ដល់សត្វលោកណាដែលធ្លាប់គ្រវែងខ្ញុំចោល ដោយគ្មានសន្ដានចិត្ដ និងបានបោះបង់ចោលខ្ញុំ ខ្ញុំនឹងយកភ្លើងនៃសេចក្ដីក្រោធរបស់ខ្ញុំ មកដុតកូននៃសេចក្ដីរឹងចចេស ដែលធ្លាប់បានរួមអាហារ និងរស់នៅជាមួយខ្ញុំ តែមិនបានជឿលើខ្ញុំ គឺមនុស្សដែលបានជេរប្រមាថ និងក្បត់ខ្ញុំ។ អស់អ្នកណាដែលពន្យុះឲ្យខ្ញុំមានសេចក្ដីក្រោធ ខ្ញុំនឹងដាក់ទណ្ឌកម្មអ្នកនោះ ខ្ញុំនឹងបង្អុរសេចក្ដីក្រោធទាំងអស់របស់ខ្ញុំមកលើពួកតិរិច្ឆានដែលធ្លាប់ចង់នៅក្បែរខ្ញុំ ចង់បានឋានៈស្មើនឹងខ្ញុំ តែមិនបានថ្វាយបង្គំ ឬស្ដាប់បង្គាប់ខ្ញុំទេ។ រំពាត់ដែលខ្ញុំយកមកវាយមនុស្សនឹងត្រូវធ្លាក់ទៅលើពពួកសត្វដែលធ្លាប់តែរីករាយចំពោះការមើលថែរបស់ខ្ញុំ ហើយធ្លាប់រីករាយនឹងអាថ៌កំបាំងដែលខ្ញុំមានបន្ទូលប្រាប់ផង ព្រមទាំងអស់អ្នកណាដែលធ្លាប់ព្យាយាមយកការសប្បាយនឹងទ្រព្យសម្បត្តិដែលខ្ញុំប្រទានឲ្យ។ ខ្ញុំនឹងមិនអត់ទោសចំពោះនរណាដែលព្យាយាមដណ្ដើមតំណែងរបស់ខ្ញុំទេ ខ្ញុំនឹងមិនទុកជីវិតឲ្យនរណាម្នាក់ដែលព្យាយាមដណ្ដើមយកអាហារ និងសម្លៀកបំពាក់ពីខ្ញុំឡើយ។ ដ្បិតពេលនេះ អ្នករាល់គ្នាបានគេចផុតពីគ្រោះថ្នាក់ និងបន្ដទាមទារពីខ្ញុំហួសហេតុ។ ពេលថ្ងៃនៃសេចក្ដីក្រោធមកដល់ នោះអ្នករាល់គ្នានឹងមិនទាមទារអ្វីពីខ្ញុំទៀតឡើយ នៅគ្រានោះ ខ្ញុំនឹងឲ្យអ្នករាល់គ្នា «រីករាយ» នឹងភាពស្កប់ស្កល់នៃដូងចិត្ដរបស់ខ្លួនឯង ខ្ញុំនឹងបង្ខំអ្នករាល់គ្នាផ្កាប់មុខទៅនឹងដី ហើយអ្នករាល់គ្នានឹងមិនអាចក្រោកឡើងម្ដងទៀតបានឡើយ! មិនយូរប៉ុន្មាន ខ្ញុំនឹង «សង» បំណុលនេះទៅអ្នករាល់គ្នាវិញ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងរង់ចាំថ្ងៃនោះមកដល់ដោយសេចក្ដីអត់ធ្មត់។

ដកស្រង់ពី «ការមិនផ្លាស់ប្តូរនិស្ស័យគឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំបានបញ្ចេញនូវព្រះបន្ទូលយ៉ាងច្រើន ហើយក៏បានបង្ហាញពីព្រះហឫទ័យ និងនិស្ស័យរបស់ខ្ញុំផង បើទោះជាដូច្នេះក្ដី ក៏មនុស្សនៅតែមិនអាចស្គាល់ខ្ញុំ ហើយជឿលើខ្ញុំដែរ។ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា មនុស្សនៅតែមិនអាចស្ដាប់បង្គាប់ ខ្ញុំ។ អស់អ្នកដែលរស់នៅក្នុងគម្ពីរ អស់អ្នកដែលរស់នៅក្នុងក្រឹត្យវិន័យ អស់អ្នកដែលរស់នៅលើឈើឆ្កាង អស់អ្នកដែលរស់នៅស្របតាមសេចក្ដីបង្រៀន អស់អ្នកដែលរស់នៅក្នុងកិច្ចការដែលខ្ញុំធ្វើសព្វថ្ងៃនេះ ក្នុងចំណោមពួកគេទាំងនេះ តើនរណាទៅ ចុះសម្រុងនឹងខ្ញុំ? អ្នករាល់គ្នាគិតតែពីការទទួលព្រះពរ និងរង្វាន់ តែមិនដែលលៃទុកគំនិតគិតថា ធ្វើរបៀបណាដើម្បីឲ្យបានចុះសម្រុងនឹងខ្ញុំយ៉ាងពិតប្រាកដ ឬក៏ពីរបៀបបង្កាខ្លួនឯងពីការប្រឆាំងនឹងខ្ញុំ។ ខ្ញុំខកព្រះហឫទ័យនឹងអ្នករាល់គ្នាណាស់ ព្រោះខ្ញុំបានប្រទានដល់អ្នករាល់គ្នាយ៉ាងច្រើន តែខ្ញុំទទួលបានពីអ្នករាល់គ្នាវិញ តិចតួចជាទីបំផុត។ ការឆបោក ភាពក្រអើតក្រទម ភាពលោភលន់ សេចក្ដីប្រាថ្នាហួសល្បត់ការក្បត់ ការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នា ក្នុងចំណោមទង្វើទាំងអស់នេះ តើទង្វើណាមួយ ដែលអាចគេចពីការកត់ចំណាំរបស់ខ្ញុំបាន? អ្នករាល់គ្នាព្រងើយកន្តើយនឹងខ្ញុំ អ្នករាល់គ្នាបោកបញ្ឆោតខ្ញុំ អ្នករាល់គ្នាប្រមាថខ្ញុំ អ្នករាល់គ្នាបញ្ជោរខ្ញុំ អ្នករាល់គ្នាទារឲ្យខ្ញុំសង ហើយជំរិតទារតង្វាយខ្ញុំ តើសេចក្ដីអាក្រក់របៀបនេះ អាចនឹងគេចរួចពីការដាក់ទោសរបស់ខ្ញុំដោយរបៀបបណា? ការប្រព្រឹត្តអាក្រក់ទាំងអស់នេះ ជាភ័ស្តុតាងបញ្ជាក់ពីភាពជាសត្រូវរបស់អ្នករាល់គ្នាចំពោះខ្ញុំ ហើយជាភ័ស្តុតាងបញ្ជាក់ពីភាពមិនចុះសម្រុងរបស់អ្នករាល់គ្នានឹងខ្ញុំ។ ពួកអ្នកម្នាក់ៗ ជឿលើខ្លួនឯងថា ចុះសម្រុងនឹងខ្ញុំណាស់ ប៉ុន្តែប្រសិនជាបែបនោះមែន តើភ័ស្តុតាងដែលមិនអាចប្រកែកបាននេះត្រូវប្រើចំពោះនរណាខ្លះ? អ្នករាល់គ្នាជឿលើខ្លួនឯងថា មានសេចក្ដីស្មោះត្រង់ និងភក្ដីភាព យ៉ាងច្រើនអនេកចំពោះខ្ញុំ។ អ្នករាល់គ្នាគិតថា ខ្លួនឯងមានចិត្តសប្បុរសខ្លាំងណាស់ មានមេត្តាខ្លាំងណាស់ ហើយស្រឡាញ់ខ្ញុំជាខ្លាំង។ អ្នករាល់គ្នាគិតថា ខ្លួនបានធ្វើលើសពីគ្រប់គ្រាន់ហើយដើម្បីខ្ញុំ។ ក៏ប៉ុន្តែ តើអ្នករាល់គ្នាមានដែលធៀបរឿងនឹងនេះ ទៅនឹងសកម្មភាពរបស់ខ្លួនឯងដែរឬទេ? ខ្ញុំមានបន្ទូលថា អ្នករាល់គ្នាក្រអឺតក្រទមខ្លាំង លោភលន់ខ្លាំង ធ្វេសប្រហែសខ្លាំង ល្បិចដែលអ្នករាល់គ្នាបោកខ្ញុំ គឺពិតជាឆ្លាតវៃណាស់ អ្នកមានចេតនា និងវិធីសាស្ត្រថោកទាបច្រើនណាស់។ ភក្ដីភាពរបស់អ្នករាល់គ្នា តិចតួចណាស់ សេចក្ដីស្មោះត្រង់របស់អ្នករាល់គ្នាវិញ ក៏ស្ដួចស្ដើងហើយសតិសម្បជញ្ញៈរបស់អ្នក រឹតតែខ្វះខាតទៅទៀត។ ក្នុងដួងចិត្តអ្នករាល់គ្នា គឺមានតែការព្យាបាទច្រើនពេក ហើយមិនមាននរណាម្នាក់ រួចផុតពីការព្យាបាទរបស់អ្នកឡើយ សូម្បីតែខ្ញុំ។ អ្នករាល់គ្នាបិទទ្វារចោលខ្ញុំ ដើម្បីតែកូនៗខ្លួនឯង ឬក៏ប្ដីអ្នករាល់គ្នាឬដើម្បីតែការពារខ្លួនឯង។ ជំនួសឲ្យការយកចិត្តទុកដាក់នឹងខ្ញុំ អ្នកយកចិត្តទុកដាក់នឹងគ្រួសារ កូនៗ ឋានៈអនាគត និងក្ដីសុខរបស់អ្នករាល់គ្នាជាង។ តើពេលណាទៅដែលអ្នកធ្លាប់បានគិតពីខ្ញុំ ខណៈពេលអ្នករាល់គ្នានិយាយ ឬប្រព្រឹត្តនោះ? នៅថ្ងៃដែលត្រជាក់ខ្លាំង គំនិតរបស់អ្នករាល់គ្នា រិះគិតតែអំពីកូនៗ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់អ្នករាល់គ្នា។ នៅថ្ងៃដែលក្ដៅហែង អ្នកក៏មិនដែលគិតដល់ខ្ញុំដែរ។ ពេលអ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន អ្នកកំពុងគិតពីផលប្រយោជន៍ សុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកគ្រួសាររបស់អ្នក។ តើអ្វីទៅ ដែលអ្នកធ្លាប់ធ្វើដើម្បីខ្ញុំនោះ? តើពេលណាទៅដែលអ្នកធ្លាប់គិតពីខ្ញុំ? តើពេលណាទៅ ដែលអ្នកធ្លាប់ថ្វាយខ្លួនឯងដល់ខ្ញុំ និងកិច្ចការរបស់ខ្ញុំ ទោះត្រូវលះបង់អ្វីក៏ដោយនោះ? ឯណាទៅ ភ័ស្តុតាងបញ្ជាក់ពីការចុះសម្រុងរបស់អ្នកនឹងខ្ញុំនោះ? ឯណាទៅតថភាពនៃភក្ដីភាពរបស់អ្នក ចំពោះខ្ញុំនោះ? ឯណាទៅតថភាពនៃការស្ដាប់បង្គាប់របស់អ្នក ចំពោះខ្ញុំនោះ? ពេលណាទៅ ដែលអ្នកគ្មានចេតនាចង់បានព្រះពរពីខ្ញុំ? អ្នករាល់គ្នាបោកប្រាស់ និងបញ្ឆោតខ្ញុំ អ្នករាល់គ្នាលលេងនឹងសេចក្ដីពិត អ្នកបិទបាំងវត្តមាននៃសេចក្ដីពិត ហើយក្បត់នឹងខ្លឹមសារនៃសេចក្ដី ពិត។ តាមរយៈការទាស់ទទឹងនឹងខ្ញុំបែបនេះ នាំឲ្យមានលទ្ធផលអ្វីខ្លះ ដែលកំពុងតែរង់ចាំអ្នករាល់គ្នានៅថ្ងៃខាងមុខ? អ្នករាល់គ្នាគ្រាន់តែព្យាយាមចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល ហើយស្វែងរកតែជំនឿស្រពេចស្រពិល ប៉ុន្តែ អ្នកមិនចុះសម្រុងនឹងព្រះគ្រីស្ទទេ។ តើសេចក្ដីអាក្រក់របស់អ្នក នឹងមិនទទួលការដាក់ទោស ដូចគ្នានឹងទោសដែលមនុស្សអាក្រក់សមនឹងទទួលទេឬអី? នៅពេលនោះ អ្នករាល់គ្នានឹងបានដឹងថា អ្នកដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចគេច ផុតពីថ្ងៃនៃសេចក្ដីក្រោធបានទេ ហើយអ្នករាល់គ្នានឹងបានដឹងថា តើការដាក់ទោសប្រភេទណា នឹងកើតមានចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ។

ដកស្រង់ពី «អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានព្រំដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រូល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបម្រើ និងថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) បានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះហើយបានជាព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឲ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមគោលនៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុណ្ណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានដាក់ទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពអនុវត្តតាមកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានធ្វើឲ្យគ្រប់លក្ខណ៍បានឡើយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលសព្វព្រះហឫទ័យនឹងទង្វើរបស់មនុស្ស? គឺដោយសារតែមនុស្សពុំស្គាល់ព្រះជាម្ចាស់ ដោយសារតែមនុស្សមានគំនិតច្រើនហួសហេតុពេក និងដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់មិនស្របទៅនឹងសេចក្តីពិតឡើយ តែផ្ទុយទៅវិញ និយាយពីរឿងរ៉ាវតែមួយដដែលៗដោយគ្មានអ្វីប្លែកសោះឡើយ ព្រមទាំងប្រើវិធីសាស្រ្តដូចៗគ្នានៅគ្រប់ស្ថានការណ៍ទាំងអស់។ ហេតុដូចនេះ ការយាងមកកាន់ផែនដីនៅថ្ងៃនេះ ព្រះជាម្ចាស់ត្រូវបានមនុស្សដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងជាថ្មីម្ដងទៀត។ មនុស្សពិតជាឃោរឃៅណាស់! ការរួមគំនិតគ្នា និងល្បិចកលទុច្ចរិត ការលួចឆក់ និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ? ដូចនេះ ព្រះជាម្ចាស់ត្រូវគេបង្ខំកាត់ទោសប្រហាជីវិតជាច្រើនលើកច្រើនសារ ហើយចៅក្រមឃោរឃៅច្រើនរាប់មិនអស់បានដាក់ទោសព្រះជាម្ចាស់ និងបានដំដែកគោលឆ្កាងទ្រង់ទៅលើឈើឆ្កាងជាថ្មីម្ដងទៀត។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចហៅថាសុចរិតបាន ដោយសារពួកគេធ្វើការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ?

ដកស្រង់ពី «ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

បច្ចុប្បន្ននេះ អ្នកកំពុងតែមើលឃើញដោយផ្ទាល់ភ្នែក អំពីកិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ប៉ុន្តែ អ្នកនៅតែប្រឆាំង នៅតែបះបោរ ហើយមិនព្រមចុះចូលទៀត។ អ្នករក្សាទុកនូវរឿងរ៉ាវជាច្រើននៅខាងក្នុងអ្នក ហើយធ្វើទង្វើតាមតែទំនើងចិត្តរបស់អ្នក។ អ្នកធ្វើតាមសេចក្តីស្រើបស្រាល និងចំណង់ចំណូលចិត្តរបស់អ្នក។ នេះហើយជាការបះបោរ និងជាការប្រឆាំងនោះ។ រាល់ជំនឿលើព្រះជាម្ចាស់ទាំងឡាយណាសម្រាប់ជាប្រយោជន៍ដល់សាច់ឈាម និងសេចក្តីស្រើបស្រាលរបស់ខ្លួន ក៏ដូចជាសម្រាប់ជាប្រយោជន៍ដល់ការចូលចិត្តរបស់ខ្លួន របស់លោកីយ៍ និងរបស់សាតាំង គឺជាជំនឿដ៏ស្មោកគ្រោក ដ្បិតវាមាននិស្ស័យបែបប្រឆាំង និងបះបោរ។ សព្វថ្ងៃនេះ មានសេចក្តីជំនឿជាច្រើនប្រភេទខុសៗគ្នា៖ អ្នកខ្លះស្វែងរកទីជម្រកពីគ្រោះមហន្តរាយ ហើយអ្នកផ្សេងទៀតស្វែងរកចង់បានព្រះពរ។ អ្នកខ្លះចង់យល់ពីសេចក្តីលាក់កំបាំង ហើយអ្នកផ្សេងទៀតនៅតែស្វែងរកលុយកាក់។ ទាំងនេះ សុទ្ធតែជាទម្រង់នៃការប្រឆាំង ហើយវាសុទ្ធតែជាការប្រមាថ! ការនិយាយថា មនុស្សម្នាក់ប្រឆាំង ឬបះបោរ តើវាមិនសំដៅទៅលើឥរិយាបថបែបនេះទេឬ? មនុស្សជាច្រើននាពេលសព្វថ្ងៃត្អូញត្អែរ រអ៊ូរទាំ ឬចូលចិត្តជំនុំជម្រះគេ។ ទាំងអស់នេះសុទ្ធតែត្រូវបានធ្វើ ដោយមនុស្សអាក្រក់ហើយពួកគេជាឧទាហរណ៍អំពីការប្រឆាំង និងការបះបោររបស់មនុស្ស។ មនុស្សបែបនេះត្រូវបានគ្រប់គ្រង និងកាន់កាប់ដោយអារក្សសាតាំង។

ដកស្រង់ពី «អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់អ្នកនៅក្នុងចំណោមបងប្អូនប្រុសស្រីដែលតែងតែបង្ហាញនូវភាពអវិជ្ជមានរបស់ខ្លួន គឺជាកញ្ជះរបស់សាតាំង ហើយពួកគេរំខានដល់ពួកជំនុំ។ មនុស្សបែបនេះ នឹងត្រូវបណ្តេញ និងលុបបំបាត់ចោលនៅថ្ងៃណាមួយជាមិនខាន។ នៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ប្រសិនបើមនុស្សមិនមានដួងចិត្តគោរពចំពោះព្រះជាម្ចាស់ ប្រសិនបើពួកគេមិនមានដួងចិត្តនៃការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នោះទេ នោះពួកគេមិនត្រឹមតែមិនអាចធ្វើកិច្ចការណាមួយសម្រាប់ទ្រង់ប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ពួកគេនឹងក្លាយជា អ្នកដែលរំខានដល់កិច្ចការរបស់ទ្រង់ ហើយជាអ្នកដែលបំពានលើទ្រង់។ ការជឿលើព្រះជាម្ចាស់ តែមិនស្តាប់បង្គាប់ ឬគោរពចំពោះទ្រង់ ហើយបែរជាទាស់ប្រឆាំងនឹងទ្រង់ទៅវិញ នោះគឺជាការបង្ខូចព្រះកិត្តិនាមយ៉ាងខ្លាំងចំពោះអ្នកជឿ។ ប្រសិនបើអ្នកជឿទាំងឡាយ គ្រាន់តែជាមនុស្សធម្មតា និងមិនចេះទប់ការនិយាយរបស់ខ្លួន ហើយប្រព្រឹត្ដដូចជាអ្នកមិនជឿ នោះពួកគេគឺអាក្រក់ជាងអ្នកមិនជឿទៅទៀត។ ពួកគេគឺជាអារក្សពីបុរាណ។ អស់អ្នកដែលបញ្ចេញសម្ដីពិសពុល និងរប៉ិលរប៉ូចនៅក្នុងក្រុមជំនុំ ជាអ្នកផ្សាយពាក្យចចាមអារាម បង្កជាភាពមិនចុះសម្រុងគ្នា និងបង្កជាបក្សពួកមនុស្សខូចក្នុងចំណោមបងប្អូនប្រុសស្រី គឺពួកគេគួរត្រូវបណ្តេញចេញពីក្រុមជំនុំ។ ប៉ុន្ដែដោយសារឥឡូវនេះជាយុគសម័យខុសពីមុននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សទាំងនេះត្រូវបានដាក់កម្រិត ដ្បិតពួកគេប្រឈមមុខនឹងការលុបបំបាត់យ៉ាងជាក់។ អស់អ្នកដែលត្រូវបានធ្វើឲ្យពុករលួយដោយសាតាំង គឺមាននិស្ស័យពុករលួយ។ អ្នកខ្លះមិនមានអ្វីក្រៅពីនិស្ស័យពុករលួយឡើយ ខណៈពេលដែលអ្នកខ្លះទៀតមានភាពខុសប្លែកគ្នា៖ ពួកគេមិនត្រឹមតែមាននិស្ស័យរបស់សាតាំងដែលពុករលួយប៉ុណ្ណោះទេ ប៉ុន្តែធម្មជាតិរបស់ពួកគេក៏មានលក្ខណៈព្យាបាទផងដែរ។ មិនត្រឹមតែពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ បង្ហាញពីការពុករលួយ និងនិស្ស័យសាតាំងរបស់ពួកគេប៉ុណ្ណោះទេ លើសពីនេះទៅទៀត មនុស្សទាំងនេះជាអារក្សសាតាំងដ៏ពិតប្រាកដ។ អាកប្បកិរិយារបស់ពួកគេកាត់ផ្ដាច់ និងរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ វារារាំងដល់ការចូលរបស់បងប្អូនប្រុសស្រីទៅក្នុងជីវិត ហើយវាធ្វើឲ្យខូចខាតដល់ជីវិតធម្មតារបស់ពួកជំនុំ។ មិនយូរមិនឆាប់ ឆ្កែចចកដែលពាក់រោមចៀមទាំងនេះ នឹងត្រូវបានកំចាត់ចោល។ អាកប្បកិរិយាដែលឥតមេត្តា និងអាកប្បកិរិយាដែលបដិសេធ គួរត្រូវបានទទួលយកដោយកញ្ជះរបស់សាតាំងទាំងនេះ។ មានតែការធ្វើដូច្នេះទេ ទើបអាចឈរនៅខាងព្រះជាម្ចាស់បាន ហើយអស់អ្នកដែលខកខានមិនបានធ្វើដូចេ្នះ គឺនឹងផុងទៅយ៉ាងជ្រៅជាមួយសាតាំង។

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រប់ក្រុមជំនុំទាំងអស់សុទ្ធតែមានមនុស្សដែលបង្កបញ្ហាដល់ក្រុមជំនុំ ឬជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេទាំងអស់ជាសាតាំងដែលបានបន្លំខ្លួនជ្រៀតចូលក្នុងដំណាក់របស់ព្រះជាម្ចាស់។ មនុស្សបែបនេះពូកែសំដែងណាស់៖ ពួកគេមកនៅចំពោះខ្ញុំដោយការគោរពដ៏ខ្ពង់ខ្ពស់ ដោយឱនក្រាបថ្វាយបង្គំ រស់នៅដូចឆ្កែអង្គែស៊ី និងលះបង់ «អ្វីៗទាំងអស់» របស់ពួកគេ ដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅចំពោះមុខបងប្អូនប្រុសស្រី ពួកគេបង្ហាញផ្នែកអាក្រក់របស់ពួកគេ។ នៅពេលពួកគេឃើញមនុស្សដែលអនុវត្តនូវសេចក្ដីពិត ពួកគេវាយវាយប្រហារមនុស្សទាំងនោះ ហើយដាក់មនុស្សទាំងនោះមួយឡែក។ នៅពេលដែលពួកគេឃើញមនុស្សដែលអស្ចារ្យជាងខ្លួន ពួកគេបញ្ចើចបញ្ចើ និងលែបខាយចំពោះមនុស្សទាំងនោះ។ ពួកគេធ្វើអ្វីតាមចិត្តនៅក្នុងក្រុមជំនុំ។ អាចនិយាយបានថា «មនុស្សរករឿងគេក្នុងក្រុមជំនុំ» បែបនេះ និង «មនុស្សចាំតែធ្វើតាមគេប្រាប់» បែបនេះ មាននៅក្នុងក្រុមជំនុំភាគច្រើន។ ពួកគេដើរចុះឡើងជាមួយគ្នា ព្រិចភ្នែក និងឲ្យសញ្ញាសម្ងាត់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអនុវត្តនូវសេចក្ដីពិតទេ។ អ្នកណាដែលពិសពុលខ្លាំងជាងគេ គឺជា «មេអារក្ស» ហើយអ្នកណាមានកិត្យានុភាពខ្ពស់បំផុតនឹងដឹកនាំពួកគេ ដោយលើកទង់របស់គេខ្ពស់ឡើង។ មនុស្សទាំងនេះទាស់ទែងគ្នានៅក្នុងក្រុមជំនុំ ដោយផ្សាយពីភាពអវិជ្ជមានរបស់ពួកគេ បង្ហាញពីការស្លាប់ ធ្វើអ្វីតាមដែលពួកគេពេញចិត្ត និយាយតាមដែលពួកគេពេញចិត្ត ហើយគ្មាននរណាម្នាក់ហ៊ានបញ្ឈប់ពួកគេទេ។ ពួកគេពោរពេញទៅដោយនិស្ស័យរបស់សាតាំង។ មិនយូរប៉ុន្មានពួកគេបណ្តាលឲ្យមានការរំខានជាងខ្យល់នៃសេចក្តីស្លាប់ចូលក្រុមជំនុំទៅទៀត។ អស់អ្នកដែលនៅក្នុងក្រុមជំនុំដែលអនុវត្តនូវសេចក្តីពិត ត្រូវបានបណ្តេញចេញ មិនអាចធ្វើអ្វីបានទាំងអស់ ខណៈអ្នកដែលរំខានដល់ពួកជំនុំ ហើយលាតត្រដាងពីសេចក្ដីស្លាប់ដោយភាពក្រេវក្រោធ ហើយមានច្រើនទៀត បែរជាមានមនុស្សភាគច្រើនដើរតាមពួកគេទៅវិញ។ ជាការពិត ពួកជំនុំបែបនេះគ្រប់គ្រងដោយសាតាំង ហើយអារក្សគឺជាស្តេចរបស់ពួកគេ។ ប្រសិនបើពួកជំនុំមិនក្រោកឡើង ហើយបដិសេធនឹងមេអារក្សនោះទេ នោះពួកគេមិនយូរមិនឆាប់នឹងត្រូវវិនាសអន្តរាយដែរ។ ចាប់ពីពេលនេះទៅ ចំណាត់ការត្រូវធ្វើឡើងទាស់ប្រឆាំងនឹងពួកជំនុំបែបនេះ។ ប្រសិនបើអស់អ្នកដែលមានសមត្ថភាព តែមិនអនុវត្តស្វែងរកនូវសេចក្ដីពិតបន្តិចបន្តួចនោះទេ ពេលនោះពួកជំនុំនោះនឹងត្រូវបណ្តេញចេញ។ ប្រសិនបើពួកជំនុំមិនមាននរណាម្នាក់ដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត ហើយគ្មាននរណាម្នាក់ដែលអាចធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់បានទេ នោះពួកជំនុំនោះគប្បីនៅដាច់ឆ្ងាយពីគេទាំងស្រុង ហើយទំនាក់ទំនងរបស់ពួកជំនុំនោះជាមួយពួកជំនុំផ្សេងទៀត ត្រូវតែកាត់ផ្តាច់។ នេះគេហៅថា «ការបញ្ចុះសព»។ នេះជាអត្ថន័យនៃការបណ្ដេញអារក្សចេញ។ ប្រសិនបើពួកជំនុំមួយមានក្រុមមនុស្សរករឿងគេច្រើន ហើយពួកគេត្រូវបានដើរតាមដោយ «ពួកពលបរិវារ» ដែលខ្វះនូវយោបល់ទាំងស្រុង ហើយប្រសិនបើពួកជំនុំដែលសូម្បីតែបន្ទាប់ពីបានឃើញនូវសេចក្ដីពិតហើយ នៅតែមិនអាចបដិសេធបានចំពោះការចងភ្ជាប់ និងឧបាយកលនៃក្រុមមនុស្សដែលរករឿងទាំងនេះបានទេ នោះមនុស្សល្ងីល្ងើទាំងអស់នោះ នឹងត្រូវលុបបំបាត់នៅទីបំផុត។ ពួកពលបរិវារទាំងនេះប្រហែលជាមិនបានធ្វើអ្វីមួយដែលអាក្រក់នោះទេ ប៉ុន្តែពួកគេកាន់តែមានភាពបោកបញ្ឆោត កាន់តែវង្វេង ហើយមនុស្សគ្រប់រូបដែលបែបនេះនឹងត្រូវលុបបំបាត់។ មិនមាននរណាម្នាក់ឡើយដែលនឹងនៅសល់!

ដកស្រង់ពី «ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សជាច្រើនលោភលន់ចង់បានការប្រទានពរជាបុណ្យសក្តិនៅពីក្រោយខ្នងរបស់ខ្ញុំ ពួកគេល្មោភស៊ី ពួកគេល្មោភដេក និងយកចិត្តទុកដាក់ចំពោះសាច់ឈាម គេតែងតែបារម្ភខ្លាចគ្មានវិធីបំប៉នសាច់ឈាម។ ពួកគេមិនបំពេញតាមតួនាទីត្រឹមត្រូវរបស់ពួកគេនៅក្នុងក្រុមជំនុំទេ តែពួកគេ ទទួលប្រយោជន៍ពីក្រុមជំនុំ ពុំនោះសោត ពួកគេក៏យកបន្ទូលរបស់ខ្ញុំទៅដាស់តឿនបងប្អូនប្រុសស្រី ដោយតាំងខ្លួនជាចៅហ្វាយលើអ្នកដទៃតាមរយៈសិទ្ធិអំណាចជាអ្នកគ្រប់គ្រង។ មនុស្សជំពូកនេះនៅតែនិយាយថា ពួកគេកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះ និងតែងតែនិយាយថា ពួកគេជាមិត្តសម្លាញ់របស់ព្រះ។ តើនេះមិនចម្លែកទេឬអី? ប្រសិនបើអ្នកមានបំណងដ៏ត្រឹមត្រូវ ប៉ុន្តែមិនអាចបម្រើតាមព្រះហឫទ័យរបស់ព្រះទេនោះ អ្នកនឹងក្លាយជាមនុស្សល្ងីល្ងើ។ ប៉ុន្តែប្រសិនបើបំណងរបស់អ្នកមិនត្រឹមត្រូវ ហើយអ្នកនៅតែនិយាយថា អ្នកជាអ្នកបម្រើព្រះ នោះអ្នកគឺជាមនុស្សដែលទាស់ទទឹងនឹងព្រះហើយ អ្នកសមនឹងទទួលទណ្ឌកម្មពីព្រះ! ខ្ញុំគ្មានការអាណិតអាសូរចំពោះមនុស្សបែបនេះទេ! នៅក្នុងព្រះដំណាក់របស់ព្រះ ពួកគេតែងតែជំហម លោភលន់ចង់បានភាពស្រណុកខាងសាច់ឈាម ហើយមិនគិតពីផលប្រយោជន៍របស់ព្រះឡើយ។ ពួកគេតែងតែស្វែងរកអ្វីដែលល្អសម្រាប់ពួកគេ ហើយពួកគេមិនបានយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ព្រះឡើយ។ ពួកគេមិនទទួលយកការត្រួតពិនិត្យនៃព្រះវិញ្ញាណរបស់ព្រះ នៅក្នុងអ្វីដែលពួកគេធ្វើទ្បើយ។ ពួកគេតែងតែប្រើកលល្បិច និងបោកបញ្ឆោតបង ប្អូនប្រុសស្រីរបស់ពួកគេ និងធ្វើជាមនុស្សមុខពីរ ដូចជាកញ្ជ្រោងនៅក្នុងចម្ការទំពាំងបាយជូរដែលតែងតែលួចយកផ្លែទំពាំងបាយជូរ ហើយជាន់កម្ទេចដើមនៅក្នុងចម្ការ។ តើមនុស្សជំពូកនេះអាចជាមិត្តសម្លាញ់របស់ព្រះដែរឬទេ? តើអ្នកសមនឹងទទួលព្រះពរពីព្រះដែរឬទេ? អ្នកមិនមានបន្ទុកសម្រាប់ជីវិតរបស់អ្នក និងក្រុមជំនុំសោះ តើអ្នកសមនឹងទទួលសេចក្តីបង្គាប់របស់ព្រះដែរឬទេ? តើនរណានឹងហ៊ានទុកចិត្តមនុស្សដូចជាអ្នក? នៅពេលដែលអ្នកបម្រើព្រះដូចនេះ តើព្រះអាចនឹងហ៊ានប្រគល់កិច្ចការសំខាន់ជាងនេះដល់អ្នកដែរឬទេ? តើនេះនឹងមិនធ្វើឲ្យកិច្ចការមានភាពយឺតយ៉ាវទេឬអី?

ដកស្រង់ពី «របៀបបម្រើស្របគ្នាទៅនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អស់អ្នកដែលគិតតែពីសាច់ឈាមរបស់ខ្លួន និងអ្នកដែលរីករាយនឹងភាពស្រណុកសុខស្រួល អស់អ្នកដែលហាក់ដូចជាជឿ តែមិនជឿយ៉ាងពិតប្រាកដ អស់អ្នកដែលពាក់ព័ន្ធនៅក្នុងការព្យាបាលតាមបែបផ្លូវអាក្រក់ និងអំពើអាបធ្មប់ អស់អ្នកដែលប្រាសចាកសីលធម៌ រយីករយាក អស់អ្នកដែលលួចយញ្ញបូជាដែលថ្វាយដល់ព្រះយេហូវ៉ា និងទ្រព្យសម្បត្តិរបស់ទ្រង់ អស់អ្នកដែលចូលចិត្តការសូកប៉ាន់ អស់អ្នកដែលកំជិលផេះ ហើយស្រមៃចង់ឡើងស្ថានសួគ៌ អស់អ្នកដែលអួតក្អេងក្អាង និងក្រអឺតក្រទម ដែលស្វះស្វែងរកតែភាពល្បីល្បាញ និងភាពស្ដុកស្ដម្ភ អស់អ្នកដែលបោះសម្ដីទ្រគោះបោះបោក អស់អ្នកដែលប្រមាថព្រះជាម្ចាស់ដោយផ្ទាល់ អស់អ្នកដែលគ្មានធ្វើអ្វីសោះ ក្រៅពីធ្វើការវិនិច្ឆ័យ និងមួលបង្កាច់ព្រះជាម្ចាស់ផ្ទាល់ អស់អ្នកដែលបង្កើតក្រុម ដើម្បីស្វែងរកឯករាជ្យ អស់អ្នកដែលលើកតម្កើងខ្លួនខ្ពស់ជាងព្រះជាម្ចាស់ ពួកបុរសស្ត្រីទាំងវ័យក្មេង ទាំងវ័យកណ្ដាល និងទាំងវ័យចំណាស់ដ៏ផ្ដេសផ្ដាសដែលផុងជាប់នៅក្នុងអំពើប្រាសចាក ពួកបុរសស្ត្រីទាំងប៉ុន្មានដែលរីករាយនឹងភាពល្បីល្បាញ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ខ្លួន ហើយដេញតាមឋានៈបុណ្យសក្ដិផ្ទាល់ខ្លួននៅក្នុងចំណោមអ្នកដទៃ ព្រមទាំងមនុស្សមិនប្រែចិត្តដែលបានជាប់នៅក្នុងអំពើបាប តើពួកគេទាំងអស់នេះមិននៅឆ្ងាយពីសេចក្តីសង្រ្គោះទេឬ? អំពើប្រាសចាកសីលធម៌ អំពើបាប ការព្យាបាលក្នុងផ្លូវអាក្រក់ អំពើអាបធ្មប់ ការប្រមាថព្រះ និងពាក្យទ្រគោះបោះបោក សុទ្ធតែកើនឡើងយ៉ាងរហ័សនៅក្នុងចំណោមអ្នករាល់គ្នា។ ហើយសេចក្តីពិត និងព្រះបន្ទូលនៃជីវិតត្រូវបានជាន់ឈ្លីនៅក្នុងចំណោមអ្នករាល់គ្នា ហើយភាសាបរិសុទ្ធក៏ត្រូវបានបង្ខូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ។ អ្នកដែលជាសាសន៍ដទៃ ត្រូវបានពេញពោរដោយសេចក្ដីស្មោកគ្រោក និងការមិនស្ដាប់បង្គាប់! តើលទ្ធផលចុងក្រោយរបស់អ្នកនឹងក្លាយជាអ្វីទៅ? តើអស់អ្នកដែលស្រឡាញ់សាច់ឈាម ដែលប្រព្រឹត្តអំពើអាបធ្មប់នៃសាច់ឈាម និងដែលបានជាប់នៅក្នុងអំពើបាបដ៏ប្រាសចាកសីលធម៌ មានភាពអង់អាចក្នុងការបន្តរស់នៅម្ដេចកើតទៅ? តើអ្នកមិនដឹងទេឬថា មនុស្សបែបអ្នករាល់គ្នាគឺជាសត្វដង្កូវដែលនៅឆ្ងាយពីសេចក្តីពិត? តើអ្វីទៅដែលផ្ដល់ឲ្យអ្នកមានសិទ្ធិទាមទារនេះ និងទាមទារនោះ? មកដល់ពេលនេះ មិនទាន់មានការផ្លាស់ប្ដូរសូម្បីតែបន្ដិចឡើយនៅក្នុងអស់អ្នកដែលមិនស្រឡាញ់សេចក្តីពិត ហើយស្រឡាញ់តែសាច់ឈាមនោះ។ តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដោយរបៀបណា? អស់អ្នកដែលមិនស្រឡាញ់ផ្លូវនៃជីវិត ដែលមិនលើកតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់អំពីទ្រង់ ដែលរៀបគម្រោងសម្រាប់តែផលប្រយោជន៍នៃឋានៈបុណ្យសក្ដិផ្ទាល់ខ្លួន ដែលលើកសរសើរខ្លួនឯង តើពួកគេមិននៅតែដដែល រហូតដល់សព្វថ្ងៃទេឬ? តើអ្វីទៅជាគុណតម្លៃនៃការសង្រ្គោះពួកគេទៅ? ថាតើអ្នកអាចត្រូវបានសង្រ្គោះឬក៏អត់ នោះមិនអាស្រ័យលើអតីតភាពខ្ពស់កម្រិតណាដែលអ្នកមាន ឬថាអ្នកបានកំពុងតែធ្វើការជាច្រើនឆ្នាំនោះឡើយ ហើយក៏មិនអាស្រ័យលើសញ្ញាប័ត្រដែលអ្នកបានខំសាងនោះដែរ។ ផ្ទុយទៅវិញ វាអាស្រ័យលើថាតើការដេញតាមរបស់អ្នកបានបង្កើតជាផលផ្លែឬអត់។ អ្នកគួរតែដឹងថា អស់អ្នកដែលត្រូវបានសង្រ្គោះគឺជា «ដើមឈើ» ដែលបង្កើតផលផ្លែ មិនមែនជាដើមឈើដែលមានស្លឹកខៀវស្រងាត់ និងផ្កាច្រើន តែមិនបង្កើតផលផ្លែនោះឡើយ។ ទោះបើអ្នកបានចំណាយពេលជាច្រើនឆ្នាំដើរត្រាច់ចរតាមដងផ្លូវ តើវាសំខាន់អ្វីទៅ? តើទីបន្ទាល់របស់អ្នកនៅកន្លែងណា? ការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់គឺនៅខ្សោយជាងការស្រឡាញ់របស់អ្នកចំពោះខ្លួនឯង និងចំពោះសេចក្តីប៉ងប្រាថ្នាដ៏ស្រើបស្រាលរបស់អ្នកទៅទៀត។ តើបុគ្គលបែបនេះមិនត្រូវចុះខ្សោយទៅៗទេឬ? តើពួកគេអាចក្លាយជាបុគ្គលគំរូសម្រាប់សេចក្តីសង្រ្គោះម្ដេចកើតទៅ? ធម្មជាតិរបស់អ្នកមិនអាចកែបាន អ្នកជាមនុស្សបះបោរខ្លាំងណាស់ ហើយក៏នៅឆ្ងាយពីសេចក្តីសង្រ្គោះដែរ! តើមនុស្សបែបនេះមិនមែនជាមនុស្សដែលនឹងត្រូវលុបបំបាត់ទេឬ? តើពេលវេលាដែលកិច្ចការរបស់ខ្ញុំត្រូវបានបញ្ចប់ មិនមែនជាពេលនៃការមកដល់នៃគ្រាចុងក្រោយរបស់អ្នកទេឬ? ខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ហើយក៏បានថ្លែងនូវព្រះបន្ទូលយ៉ាងច្រើននៅក្នុងចំណោមអ្នករាល់គ្នាដែរ តើមានព្រះបន្ទូលប៉ុន្មានហើយដែលបានចូលត្រចៀករបស់អ្នកយ៉ាងពិតប្រាកដនោះ? តើមានព្រះបន្ទូលចំនួនប៉ុន្មានហើយដែលអ្នកបានស្ដាប់បង្គាប់តាម? នៅពេលដែលកិច្ចការខ្ញុំត្រូវបញ្ចប់ នោះវានឹងក្លាយជាពេលមួយ ដែលអ្នកឈប់ប្រឆាំងនឹងខ្ញុំ ជាពេលដែលអ្នកឈប់ទាស់នឹងខ្ញុំ។ នៅពេលដែលខ្ញុំធ្វើការ អ្នករាល់គ្នាតែងតែប្រព្រឹត្តទាស់នឹងខ្ញុំជានិច្ច។ អ្នករាល់គ្នាមិនដែលធ្វើស្របតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយអ្នកធ្វើ «កិច្ចការ» របស់អ្នក ដោយបង្កើតនគរដ៏តូចរបស់អ្នកផ្ទាល់។ អ្នករាល់គ្នាគ្រាន់តែជាឆ្កែព្រៃ និងឆ្កែស្រុកមួយក្រុម ដែលកំពុងតែធ្វើអ្វីៗគ្រប់យ៉ាងប្រឆាំងនឹងខ្ញុំប៉ុណ្ណោះ! អ្នកកំពុងតែព្យាយាមក្ដាប់ក្រសោបយកមនុស្សដែលផ្ដល់សេចក្តីស្រឡាញ់ទាំងស្រុងរបស់ពួកគេដល់អ្នក តើការគោរពរបស់អ្នកនៅឯណាទៅ? គ្រប់យ៉ាងដែលអ្នកធ្វើសុទ្ធតែជាការបោកបញ្ឆោត! អ្នកគ្មានការស្ដាប់បង្គាប់ ឬការគោរពទេ ហើយគ្រប់យ៉ាងដែលអ្នកធ្វើគឺជារឿងបោកបញ្ឆោត និងការប្រមាថប៉ុណ្ណោះ! តើមនុស្សបែបនេះអាចត្រូវបានសង្គ្រោះដែរឬទេ? បុរសៗដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ និងសម្រើបកាម តែងតែចង់អូសទាញស្ត្រីពេស្យាដែលម្ញ៉ិកម៉្ញក់ទៅឯពួកគេ ដើម្បីឲ្យពួកគេសប្បាយ។ ដាច់ខាត ខ្ញុំនឹងមិនសង្រ្គោះពួកអារក្សប្រាសចាកសីលធម៌ខាងផ្លូវភេទបែបនេះឡើយ។ ខ្ញុំស្អប់អ្នករាល់គ្នា ដែលជាពួកអារក្សអសោច ហើយភាពសម្រើបកាម និងភាពម្ញ៉ិចម្ញ៉ក់របស់អ្នករាល់គ្នានឹងនាំអ្នករាល់គ្នាឲ្យធ្លាក់នរកមិនខាន។ តើអ្នករាល់គ្នាត្រូវនិយាយអ្វីខ្លះ ដើម្បីការពារខ្លួនទៅ? ឱពួកអារក្សអសោច និងពួកវិញ្ញាណអាក្រក់អើយ អ្នករាល់គ្នាពិតជាគួរឲ្យស្អប់ខ្ពើមណាស់! អ្នកគួរឲ្យរអើមណាស់! តើសំរាមបែបនេះអាចត្រូវបានសង្រ្គោះម្ដេចកើតទៅ? តើពួកគេដែលត្រូវបានជាប់នៅក្នុងអំពើបាប អាចនៅតែត្រូវបានសង្គ្រោះដែរឬទេ? នៅថ្ងៃនេះ សេចក្តីពិតនេះ ផ្លូវនេះ និងជីវិតនេះមិនទាក់ទាញអ្នករាល់គ្នាទេ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាជាប់ចិត្តនឹងអំពើបាប លុយកាក់ ឋានៈបុណ្យសក្ដិ ភាពល្បីល្បាញ និងផលប្រយោជន៍ សេចក្តីសប្បាយនៃសាច់ឈាម ភាពសង្ហារបស់បុរស និងភាពមានមន្តស្នេហ៍របស់ស្ត្រីទៅវិញ។ តើអ្វីទៅដែលធ្វើឲ្យអ្នករាល់គ្នាមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគរខ្ញុំទៅ? រូបភាពរបស់អ្នករាល់គ្នាថែមទាំងធំជាងរូបភាពរបស់ព្រះជាម្ចាស់ ឋានៈរបស់អ្នករាល់គ្នាថែមទៀតខ្ពស់ជាងឋានៈរបស់ព្រះជាម្ចាស់ កុំនិយាយដល់កិត្យានុភាពរបស់អ្នកនៅក្នុងចំណោមមនុស្សឡើយ ពោលគឺអ្នករាល់គ្នាបានក្លាយជារូបព្រះដែលមនុស្សថ្វាយបង្គំទៅហើយ។ តើអ្នកមិនបានក្លាយជាមហាទេវតាទេឬអី? នៅពេលដែលលទ្ធផលរបស់មនុស្សត្រូវបានបើកសម្ដែង ហើយនោះក៏ជាពេលដែលកិច្ចការសង្រ្គោះនឹងជិតចូលដល់ទីបញ្ចប់ដែរ មនុស្សជាច្រើននៅក្នុងចំណោមអ្នករាល់គ្នានឹងក្លាយជាសាកសពដែលនៅឆ្ងាយពីសេចក្តីសង្រ្គោះ ហើយត្រូវបានលុបបំបាត់តែម្ដង។

ដកស្រង់ពី «ការអនុវត្តន៍ (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់យើងប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់យើង ឬក៏អណ្ដាតភ្លើងដែលយើងបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខយើង។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយយើងនៅក្នុងដំណាក់របស់យើង ដោយប្រើអណ្ដាតមនុស្សរបស់អ្នកមកប្រកែកនឹងអ្វីដែលយើងបានមានបន្ទូលដោយព្រះឱស្ឋរបស់យើងផ្ទាល់។ មនុស្សមិនកោតខ្លាចយើងទេ ហើយទោះបីជាគេនៅតែបន្ដស្អប់យើងរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានការកោតខ្លាចអ្វីដែរ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឲ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខយើងដើម្បីដណ្ដើមឋានៈកិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា យើងកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខយើង គឺយើងបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់យើង និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់យើង ប៉ុន្ដែយើងមិនដែលគេចចេញពីពាក្យសម្ដីនិងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ យើងសព្វព្រះហឫទ័យឲ្យពាក្យសម្ដីនិងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់យើង ប្រយោជន៍ឲ្យយើងអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះការបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់យើង ហើយការជំនុំជម្រះរបស់យើងមិនដែលចាកចេញពីមនុស្សឡើយ ព្រោះការបះបោររបស់ពួកគេច្រើនពេកហើយ។

ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នា បានត្រដែតឡើងទៅដល់កំពូលនៃហ្វូងមនុស្ស។ អ្នកបានឡើងទៅជាបុព្វបុរសនៃពួកមហាជន។ អ្នករាល់គ្នាពិតជាធ្វើតាមតែអំពើចិត្តខ្លាំងណាស់ ហើយអ្នកជ្រួលច្របល់ក្នុងចំណោមពពួកសត្វដង្កូវទាំងអស់នោះដោយស្វែងរកកន្លែងសុខស្រួល និងព្យាយាមលេបត្របាក់ពពួកដង្កូវដែលតូចជាងខ្លួនអ្នក។ នៅក្នុងដួចចិត្តអ្នក អ្នកសាហាវឃោឃៅ និងអាក្រក់ជាងខ្មោចដែលបានលិចដល់បាតសមុទ្រទៅទៀត។ អ្នករស់នៅក្រោមបាតគំនរលាមក ដោយរុកគួនពួកដង្កូវតាំងពីកំពូលទៅបាតក្រោម រហូតដល់ពួកវាគ្មានសេចក្ដីស្ងប់សុខ ដោយតយុទ្ធនឹងគ្នាទៅវិញទៅមកអស់មួយរយៈ រួចក៏ស្ងប់ទៅវិញ។ អ្នកមិនស្គាល់កន្លែងរបស់អ្នកឡើយប៉ុន្តែ អ្នកនៅតែច្បាំងជាមួយគ្នាទៅវិញទៅមក នៅក្នុងគំនរលាមកនោះ ដដែល។ តើអ្នកអាចទទួលបានអ្វីខ្លះពីការខំពុះពារនេះ? ប្រសិនបើនៅក្នុងដួងចិត្ត អ្នករាល់គ្នាពិតជាមានការកោតខ្លាចចំពោះខ្ញុំមែន តើអ្នកអាចច្បាំងជាមួយគ្នាទៅវិញទៅមកនៅពីក្រោយខ្នងរបស់ខ្ញុំបានដោយរបៀបណា? មិនថាអ្នកមានឋានៈខ្ពស់យ៉ាងណានោះទេ តើអ្នកមិនមែននៅតែជាកូនដង្កូវស្អុយគគ្រក់នៅក្នុងគំនរលាមកទេឬអី? តើអ្នកនឹងអាចដុះស្លាប និងក្លាយជាសត្វព្រាបនៅលើមេឃបានដែរឬទេ? អ្នករាល់គ្នាជាកូនដង្កូវដែលស្អុយគគ្រក់ ដែលលួចដង្វាយពីទីសក្ការៈរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ា។ ក្នុងការធ្វើបែបនេះ តើអ្នកអាចរំដោះកេរ្តិ៍ឈ្មោះដែលស្អុយរលួយ និងខូចបង់ ហើយក្លាយជារាស្រ្តដែលត្រូវបានជ្រើសរើសនៃស្រុកអ៊ីស្រាអែលបានដែរឬទេ? អ្នកគឺជាមនុស្សទុច្ចរិតដែលគ្មានការអៀនខ្មាសទាល់តែសោះ! ដង្វាយទាំងអស់ នៅលើទីសក្ការៈ គឺមនុស្សដាក់ថ្វាយដល់ខ្ញុំ ជាការសម្ដែងនូវអារម្មណ៍មេត្តាធម៌របស់អ្នកដែលគោរពកោតខ្លាចខ្ញុំ។ ដង្វាយទាំងនោះ គឺសម្រាប់ការគ្រប់គ្រងរបស់ខ្ញុំ និងសម្រាប់ការប្រើប្រាស់របស់ខ្ញុំ ហេតុនេះ តើអ្នកអាចប្លន់យកពីខ្ញុំនូវកូនលលកដែលមនុស្សបានថ្វាយដល់ខ្ញុំនោះដោយរបៀបណា? តើអ្នកមិនខ្លាចថានឹងត្រូវក្លាយជាយូដាសទេឬអី? តើអ្នកមិនខ្លាចថា ដែនដីរបស់អ្នក នឹងក្លាយជាវាលឈាមទេឬអី? អ្នកគឺមិនចេះអៀនខ្មាស់ទាល់តែសោះ! តើអ្នកគិតថាសត្វដែលមនុស្សបានដាក់ជាដង្វាយ គឺដើម្បីចម្អែតពោះជាសត្វដង្កូវរបស់អ្នកនេះមែនទេ? អ្វីដែលខ្ញុំបានប្រទានដល់អ្នក គឺជាអ្វីដែលខ្ញុំពេញចិត្ត និងសព្វព្រះទ័យនឹងប្រទានដល់អ្នក។ អ្វីដែលខ្ញុំបានប្រទានដល់អ្នកគឺជាអ្វីដែលខ្ញុំមានគ្រប់គ្រាន់។ អ្នកមិនចាំបាច់អីត្រូវលួចដង្វាយរបស់ខ្ញុំនោះទេ។ អ្នកដែលធ្វើកិច្ចការ គឺជាអង្គខ្ញុំ ដែលជាព្រះយេហូវ៉ា ដែលជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ ហើយមនុស្សដាក់ដង្វាយក៏ដ្បិតអង្គខ្ញុំនេះដែរ។ តើអ្នកគិតថា នេះគឺជាការតបស្នងចំពោះការរវល់ដែលអ្នកធ្វើមែនទេ? អ្នកពិតជាឥតអៀនខ្មាសមែន! តើអ្នករវល់ដោយសារនរណា? តើមិនមែនដោយសារខ្លួនឯងទេឬអី? តើហេតុអ្វីបានជាអ្នកលួចដង្វាយរបស់ខ្ញុំ? តើហេតុអ្វីបានជាអ្នកលួចប្រាក់ពីថង់ប្រាក់របស់ខ្ញុំ? តើអ្នកមិនមែនជាកូនរបស់យូដាស អ៊ីស្ការីយ៉ុតទេឬអី? ដង្វាយថ្វាយដល់ខ្ញុំ ដែលជាព្រះយេហូវ៉ា គឺដើម្បីដល់ពួកសង្ឃបានអាស្រ័យ។ តើអ្នកជាពួកសង្ឃមែនទេ? អ្នកហ៊ានលួចលាក់ស៊ីដង្វាយរបស់ខ្ញុំ ហើយហ៊ានសូម្បីដាក់ក្រាលដង្វាយនៅលើតុថែមទៀត។ អ្នកគ្មានតម្លៃអ្វីទាល់តែសោះ! អ្នកជាមនុស្សទុច្ចរិតដែលគ្មានតម្លៃទាល់តែសោះ! ភ្លើងរបស់ខ្ញុំ ជាភ្លើងរបស់ព្រះយេហូវ៉ា នឹងដុតកម្លោចអ្នក!

ដកស្រង់ពី «នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខ្ញុំបានធ្វើកិច្ចការ និងបានមានបន្ទូលតាមរបៀបនេះនៅក្នុងចំណោមអ្នករាល់គ្នាហើយខ្ញុំបានចំណាយថាមពល និងការខំប្រឹងប្រែងយ៉ាងច្រើន ប៉ុន្ដែតើនៅពេលណា ដែលអ្នករាល់គ្នាធ្លាប់ស្ដាប់តាម អ្វីដែលខ្ញុំមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់នោះ? តើនៅកន្លែងណា ដែលអ្នករាល់គ្នាបានឱនចុះ នៅចំពោះខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដា។ តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្ដចំពោះខ្ញុំបែបនេះ? តើហេតុអ្វីបានជាអ្វីៗដែលអ្នករាល់គ្នានិយាយ និងធ្វើ ជំរុញឲ្យសេចក្ដីក្រោធរបស់ខ្ញុំឆួលឡើងបែបនេះ? តើហេតុអ្វីបានជាចិត្តរបស់អ្នករាល់គ្នារឹងរូសដូច្នេះ? តើខ្ញុំធ្លាប់វាយអ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នា មិនធ្វើអ្វីសោះ ក្រៅពីធ្វើឲ្យខ្ញុំព្រួយព្រះទ័យ និងថប់បារម្ភដូច្នេះ? តើអ្នករាល់គ្នាកំពុងរង់ចាំឲ្យថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំដែលជាព្រះយេហូវ៉ា ធ្លាក់មកលើអ្នករាល់គ្នាឬ? តើអ្នករាល់គ្នាកំពុងរង់ចាំឲ្យខ្ញុំបញ្ជូនសេចក្ដីក្រោធរបស់ខ្ញុំ ដែលបានឆួលឡើងដោយសារការមិនស្ដាប់បង្គាប់របស់អ្នករាល់គ្នាឬ? តើអ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ មិនមែនសម្រាប់អ្នករាល់គ្នាទេឬអី? ប៉ុន្ដែជានិច្ចកាល អ្នករាល់គ្នាតែងតែប្រព្រឹត្តចំពោះខ្ញុំដែលជាព្រះយេហូវ៉ាបែបនេះគឺ៖ លួចយញ្ញបូជារបស់ខ្ញុំ យកដង្វាយពីអាសនារបស់ខ្ញុំទៅកាន់ជម្រករបស់ឆ្កែចចក ដើម្បីផ្ដល់ចំណីដល់កូនឆ្កែចចកទាំងអស់នោះ ហើយនិងកូននៃកូនឆ្កែចចកទៀត មនុស្សប្រយុទ្ធប្រឆាំងគ្នាទៅវិញទៅមក ប្រឈមមុខដាក់គ្នាដោយសេចក្ដីក្រេវក្រោធ និងដាវលំពែង បោះចោលព្រះបន្ទូលរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទៅក្នុងបង្គន់ឲ្យក្លាយទៅជាលាមកដ៏កខ្វក់។ តើឯណាទៅសុចរិតភាពរបស់អ្នករាល់គ្នា? សារជាតិជាមនុស្សរបស់អ្នករាល់គ្នាបានក្លាយទៅជាសត្វសាហាវ! បេះដូងរបស់អ្នករាល់គ្នាបានក្លាយទៅជាដុំថ្មជាយូរមកហើយ។ តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំមកដល់ គឺជាពេលដែលខ្ញុំនឹងជំនុំជម្រះការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទាស់នឹងខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា នៅថ្ងៃនេះ? តើអ្នករាល់គ្នាគិតថា តាមរយៈការបោកបញ្ឆោតខ្ញុំបែបនេះ ការបោះចោលព្រះបន្ទូលរបស់ខ្ញុំទៅក្នុងភក់ជ្រាំ និងមិនស្ដាប់តាមព្រះបន្ទូលទាំងនោះ តើអ្នករាល់គ្នាគិតថាតាមរយៈការធ្វើបែបនេះនៅក្រោយខ្នងខ្ញុំ អ្នករាល់គ្នាអាចគេចផុតពីការឃ្លាំមើលដែលពោរពេញដោយសេចក្ដីក្រោធរបស់ខ្ញុំឬអី? តើអ្នករាល់គ្នាមិនដឹងថាខ្ញុំដែលជាព្រះយេហូវ៉ា បានទតមើលឃើញអ្នករាល់គ្នាដោយព្រះនេត្ររបស់ខ្ញុំហើយទេឬអី នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ និងលោភយកទ្រព្យសម្បត្តិរបស់ខ្ញុំនោះ? តើអ្នករាល់គ្នាមិនដឹងទេឬអីថា នៅពេលដែលអ្នករាល់គ្នាបានលួចយកយញ្ញបូជារបស់ខ្ញុំ គឺអ្នករាល់គ្នាបានប្រព្រឹត្តទង្វើបែបនេះនៅមុខអាសនាដែលគេបានថ្វាយយញ្ញបូជា? តើអ្នករាល់គ្នាអាចជឿបានយ៉ាងដូចម្ដេចថា ខ្លួនឯងឆ្លាតល្មមនឹងអាចបោកបញ្ឆោតខ្ញុំតាមរបៀបនេះបាន? តើសេចក្ដីក្រោធរបស់ខ្ញុំអាចឃ្លាតចេញពីអំពើបាបដ៏សាហាវរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើសេចក្ដីក្រេវក្រោធដ៏លើសលប់របស់ខ្ញុំ អាចរំលងទង្វើអាក្រក់របស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? ការអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តនៅថ្ងៃនេះ មិនមែនបើកផ្លូវចេញសម្រាប់អ្នករាល់គ្នាទេ ប៉ុន្ដែគឺសន្សំទោសសម្រាប់អ្នករាល់គ្នានៅថ្ងៃស្អែកវិញ ព្រោះវាជំរុញការដាក់ទោសរបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ចំពោះអ្នករាល់គ្នា។ តើទង្វើ និងពាក្យសម្ដីអាក្រក់ៗរបស់អ្នករាល់គ្នាអាចគេចផុតពីការដាក់ទោសរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើសេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាអាចទៅដល់ព្រះកាណ៌របស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបើកផ្លូវចេញសម្រាប់សេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចលើកលែងចំពោះទង្វើអាក្រក់របស់អ្នករាល់គ្នាដែលមិនគោរពខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចមិនកាត់ផ្ដាច់អណ្ដាតរបស់អ្នករាល់គ្នា ដែលមានពិសដូចជាអណ្ដាតពស់យ៉ាងដូចម្ដេចកើត? អ្នករាល់គ្នាមិនអំពាវនាវរកខ្ញុំ សម្រាប់ជាប្រយោជន៍ដល់សេចក្ដីសុចរិតរបស់អ្នករាល់គ្នាទេ ប៉ុន្ដែអ្នករាល់គ្នាបែរជាសន្សំសេចក្ដីក្រោធរបស់ខ្ញុំទុកដោយសារសេចក្ដីទុច្ចរិត របស់អ្នករាល់គ្នាទៅវិញ។ តើខ្ញុំអាចអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? នៅក្នុងព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដាគឺពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាសុទ្ធតែកខ្វក់។ ព្រះនេត្ររបស់ខ្ញុំដែលជាព្រះដ៏មានគ្រប់ចេស្ដា ទតឃើញសេចក្ដីទុច្ចរិតរបស់អ្នករាល់គ្នាជាការវាយផ្ចាលដែលគ្មានបន្ធូរ។ តើការដាក់ទោស និងការជំនុំជម្រះដ៏សុចរិតរបស់ខ្ញុំ អាចឃ្លាតចេញពីអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត?

ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចូរត្រឡប់ទៅគិតពីអតីតកាល៖ តើនៅពេលណាដែលព្រះនេត្ររបស់ខ្ញុំក្រេវក្រោធហើយព្រះសូរសៀងរបស់ខ្ញុំទាស់នឹងអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានចែកសក់ជាមួយអ្នករាល់គ្នា? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នាដោយមិនសមហេតុផល? តើនៅពេលណាដែលខ្ញុំបានស្ដីបន្ទោសអ្នករាល់គ្នានៅចំពោះមុខ? តើវាមិនមែនសម្រាប់ជាប្រយោជន៍នៃកិច្ចការរបស់ខ្ញុំទេឬអី ដែលខ្ញុំទូលសុំព្រះវរបិតារបស់ខ្ញុំឲ្យជួយអ្នករាល់គ្នាគេចផុតពីសេចក្ដីល្បួងគ្រប់បែបយ៉ាង? តើហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តចំពោះខ្ញុំបែបនេះ? តើខ្ញុំធ្លាប់បានប្រើសិទ្ធិអំណាចរបស់ខ្ញុំ ដើម្បីវាយធ្វើបាបសាច់ឈាមរបស់អ្នករាល់គ្នាឬទេ? តើហេតុអ្វីបានជាអ្នករាល់គ្នាសងខ្ញុំវិញបែបនេះ? ក្រោយពេលដែលផ្លាស់ប្ដូរចិត្តចំពោះខ្ញុំយ៉ាងឆាប់រហ័ស អ្នករាល់គ្នាក៏លែងក្ដៅ និងលែងត្រជាក់តទៅទៀត ហើយបន្ទាប់មក អ្នករាល់គ្នាក៏ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ និងលាក់បាំងអ្វីៗពីខ្ញុំ ហើយមាត់របស់អ្នករាល់គ្នាពេញដោយពាក្យសម្ដីរបស់មនុស្សទុច្ចរិត។ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចបោកប្រាស់វិញ្ញាណរបស់ខ្ញុំបានឬ? តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចគេចផុតពីសេចក្ដីក្រោធរបស់ខ្ញុំឬ? ទោះជាពួកគេប្រាថ្នាបែបនេះក៏ដោយ តើអ្នករាល់គ្នាគិតថាអណ្ដាតរបស់អ្នករាល់គ្នាអាចធ្វើការវិនិច្ឆ័យចំពោះទង្វើរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ាបានឬ? តើខ្ញុំគឺជាព្រះជាម្ចាស់ ដែលមនុស្សធ្វើការវិនិច្ឆ័យឬ? តើខ្ញុំអាចបណ្ដោយឲ្យដង្កូវដ៏តូចមួយប្រមាថខ្ញុំបែបនេះឬទេ? តើខ្ញុំអាចដាក់កូនដែលមិនស្ដាប់បង្គាប់បែបនេះនៅក្នុងចំណោមព្រះពរដ៏អស់កល្បជានិច្ចរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាបានលាតត្រដាង និងបានថ្កោលទោសអ្នករាល់គ្នាជាយូរមកហើយ។ នៅពេលដែលខ្ញុំលាតសន្ធឹងផ្ទៃមេឃ និងបង្កើតអ្វីៗទាំងអស់មក ខ្ញុំមិនបានបណ្ដោយឲ្យសត្វលោកណាមួយ ចូលរួមតាមដែលពួកគេពេញចិត្តនោះទេ ព្រោះខ្ញុំមិនបណ្ដោយឲ្យអ្វីមករំខានដល់កិច្ចការ និងការគ្រប់គ្រងរបស់ខ្ញុំឡើយ ទោះបីជាពួកគេថ្នាចង់ធ្វើបែបនេះក៏ដោយ។ ខ្ញុំមិនលើកលែងចំពោះមនុស្សណាម្នាក់ ឬក៏វត្ថុណាមួយឡើយ តើខ្ញុំអាចអនុគ្រោះឲ្យអស់អ្នកដែលឃោរឃៅ និងគ្មានមនុស្សធម៌ចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអត់ទោសដល់អស់អ្នកដែលបះបោរទាស់នឹងព្រះបន្ទូលរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចអនុគ្រោះឲ្យអស់អ្នកដែលមិនស្ដាប់បង្គាប់ខ្ញុំយ៉ាងដូចម្ដេចកើត? តើជោគវាសនារបស់មនុស្សមិនស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ចេស្ដាទេឬអី? តើខ្ញុំអាចរាប់សេចក្ដីទុច្ចរិតនិងការមិនស្ដាប់បង្គាប់របស់អ្នកជាបរិសុទ្ធយ៉ាងដូចម្ដេចកើត? តើអំពើបាបរបស់អ្នកអាចធ្វើឲ្យកខ្វក់ដល់ភាពបរិសុទ្ធរបស់ខ្ញុំយ៉ាងដូចម្ដេចកើត? ខ្ញុំមិនកខ្វក់ដោយសារភាពមិនបរិសុទ្ធរបស់មនុស្សទុច្ចរិតឡើយ ហើយខ្ញុំក៏មិនរីករាយចំពោះដង្វាយរបស់មនុស្សទុច្ចរិតដែរ។ ប្រសិនបើអ្នកស្មោះត្រង់ចំពោះខ្ញុំដែលជាព្រះយេហូវ៉ា តើអ្នកអាចយកយញ្ញបូជានៅអាសនារបស់ខ្ញុំសម្រាប់ខ្លួនឯងយ៉ាងដូចម្ដេចកើត? តើអ្នកអាចប្រើអណ្ដាតពិសពុលរបស់អ្នកមកប្រមាថព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំឬទេ? តើអ្នកអាចបះបោរទាស់នឹងព្រះបន្ទូលរបស់ខ្ញុំតាមរបៀបនេះឬទេ? តើអ្នកអាចប្រព្រឹត្តចំពោះសិរីល្អ និងព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ ទុកជាឧបករណ៍មួយដែលបម្រើដល់សាតាំង ដែលជាមេកំណាចឬទេ? ជីវិតរបស់ខ្ញុំបានប្រទានមកសម្រាប់ជាការរីករាយរបស់ពួកបរិសុទ្ធ។ តើខ្ញុំអាចអនុញ្ញាតឲ្យអ្នកលេងសើចជាមួយជីវិតរបស់ខ្ញុំតាមដែលអ្នកប្រាថ្នានិងប្រើប្រាស់ធ្វើជាឧបករណ៍បង្ករទំនាស់នៅក្នុងចំណោមអ្នករាល់គ្នាយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាអាចគ្មានចិត្ត និងខ្វះសេចក្ដីល្អចំពោះខ្ញុំយ៉ាងដូចម្ដេចកើត? តើអ្នករាល់គ្នាមិនដឹងថា ខ្ញុំបានកត់ត្រាទង្វើអាក្រក់របស់អ្នករាល់គ្នានៅក្នុងព្រះបន្ទូលនៃជីវិតទាំងនេះទេឬអី? តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធ នៅពេលដែលខ្ញុំដាក់ទោសដល់ប្រទេសអេស៊ីព្ទយ៉ាងដូចម្ដេចកើត? តើខ្ញុំអាចបណ្ដោយឲ្យអ្នករាល់គ្នាប្រឆាំង និងបំពានលើខ្ញុំតាមរបៀបនេះម្ដងហើយម្ដងទៀតយ៉ាងដូចម្ដេចកើត? ខ្ញុំសូមប្រាប់អ្នករាល់គ្នាដោយត្រង់ថា នៅពេលដែលថ្ងៃនោះមកដល់ ទោសរបស់អ្នករាល់គ្នានឹងកាន់តែពិបាកទ្រាំជាងទោសរបស់ប្រទេសអេស៊ីព្ទទៅទៀត។ តើអ្នករាល់គ្នាអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធរបស់ខ្ញុំយ៉ាងដូចម្ដេចបាន?

ដកស្រង់ពី «គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ១. អ្វីជាទង្វើល្អ និងវិធីដែលទង្វើល្អអាចត្រូវបានបើកបង្ហាញ

បន្ទាប់៖ ៣. មូលហេតុដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សត្រៀមទង្វើល្អដ៏គ្រប់គ្រាន់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ហេតុអ្វីបានជាយើងនិយាយថា ព្រះបន្ទូលលេចមកជាសាច់ឈាមមានព្រះសូរសៀងរបស់ព្រះជាម្ចាស់?

ផ្អែកលើព្រះគម្ពីរ យើងទាំងអស់គ្នាអាចមើលឃើញថា មិនថាព្រះបន្ទូលដែលត្រូវបានថ្លែងដោយផ្ទាល់ចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ