៣. វិធីដែលមនុស្សគួរតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសញ្ជឹងគិតព្រះបន្ទូលរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូល ទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថា តើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬថាតើព្រះបន្ទូលរបស់ទ្រង់ បានក្លាយជាតថភាពជីវិតរបស់អ្នកហើយឬនៅ។ មនុស្សគ្រប់គ្នាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះនៅចុងបញ្ចប់ មនុស្សទាំងអស់នឹងរស់នៅក្នុងពិភព នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយព្រះបន្ទូលរបស់ទ្រង់នឹងបំភ្លឺ ហើយបកស្រាយដល់មនុស្សម្នាក់ៗចេញពីខាងក្នុងចិត្ត។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលរបស់ទ្រង់ទេ នោះវាបង្ហាញឲ្យឃើញថា អ្នកមានសភាពខុសហើយ។ ប្រសិនបើអ្នកមិនអាចចូលក្នុងយុគសម័យនៃព្រះបន្ទូលបានទេ នោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកបានចូលក្នុងយុគសម័យនេះ នោះទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់។ នៅដើមយុគសម័យនៃព្រះបន្ទូលតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅ តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានដួងចិត្តដែលគោរពកោតខ្លាចព្រះជាម្ចាស់។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការ ដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅ ដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ។ ទ្រង់គ្រប់គ្រងមនុស្ស តាមរយៈព្រះបន្ទូល ដើម្បីឲ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឲ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធនិងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លានស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឲ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្លាយជាអាហាររបស់មនុស្សនិងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ»។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែ នេះមិនមែនជាករណីនៅសព្វថ្ងៃនេះទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងមនុស្សទាំងអស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សត្រូវទទួលការជំនុំជម្រះនិងការប្រោសឲ្យគ្រប់លក្ខណ៍ បន្ទាប់មក ពួកគេបានចូលទៅក្នុងនគរព្រះនាពេលចុងបញ្ចប់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចប្រទានជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវសម្រាប់ការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយហូបនិងផឹកព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងអាចប្រោសអ្នកឲ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

ការដេញតាមជីវិត មិនមែនជាអ្វីមួយដែលត្រូវធ្វើទាំងប្រញាប់ប្រញាល់នោះឡើយ ព្រោះថាការរីកចម្រើននៃជីវិត មិនអាចកើតឡើងក្នុងពេលតែមួយថ្ងៃ ឬពីរថ្ងៃឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺសាមញ្ញ និងជាក់ស្ដែង ហើយវាមានដំណើរការមួយដែលចាំបាច់ត្រូវឆ្លងកាត់។ វាត្រូវការឲ្យព្រះយេស៊ូវ ដែលយកកំណើតជាមនុស្ស ចំណាយពេលសាមសិបបីឆ្នាំកន្លះ ដើម្បីបញ្ចប់កិច្ចការនៃការជាប់ឆ្កាងរបស់ទ្រង់ បើដូច្នេះ តើការធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ និងការបំផ្លាស់បំប្រែជីវិតរបស់គេ គឺជាកិច្ចការដែលពិបាកបំផុតឬ? វាមិនមែនជាកិច្ចការដ៏ងាយស្រួល ដើម្បីធ្វើឲ្យមនុស្សសាមញ្ញក្លាយជាមនុស្សដែលស្ដែងចេញអំពីព្រះជាម្ចាស់នោះឡើយ។ ជាពិសេស គឺសម្រាប់មនុស្សដែលកើតមកនៅក្នុងប្រជាជាតិនៃសត្វនាគដ៏ធំសម្បុរក្រហម ជាអ្នកដែលមានគុណសម្បត្តិទន់ខ្សោយ ដូច្នេះ វាតម្រូវឲ្យព្រះជាម្ចាស់ប្រើរយៈពេលយូរ ដើម្បីមានបន្ទូល និងធ្វើកិច្ចការរបស់ទ្រង់។ ប្រសិនបើចង់ឃើញលទ្ធផល ចូរកុំខ្វះចិត្តអត់ធ្មត់ឡើយ។ អ្នកត្រូវតែប្រុងប្រៀបខ្លួនជាស្រេច ក្នុងការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដាក់កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលអ្នក អានព្រះបន្ទូលរបស់ទ្រង់ចប់អ្នកត្រូវតែចេះយកព្រះបន្ទូលទាំងនោះទៅអនុវត្តជាក់ស្ដែង ព្រមទាំងចម្រើនឡើងនៅក្នុងចំណេះដឹង ការយល់ដឹងជ្រៅជ្រះ ការដឹងខុសត្រូវ និងប្រាជ្ញានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈដំណើរការនេះ ជីវិតរបស់អ្នកនឹងទទួលនូវការផ្លាស់ប្រែ ទាំងមិនដឹងខ្លួនមិនខាន។ ប្រសិនបើអ្នកអាចយកការបរិភោគនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ការអានព្រះបន្ទូល ការស្គាល់ព្រះបន្ទូល ការដក ពិសោធន៍ពីព្រះបន្ទូល និងការអនុវត្តតាមព្រះបន្ទូល មកធ្វើជាគោលការណ៍ប្រចាំជីវិតរបស់អ្នក នោះអ្នកនឹងមានភាពចាស់ទុំ ដោយមិនដឹងខ្លួនមិនខាន។ មានមនុស្សមួយចំនួននិយាយថា ពួកគេមិនអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្តបានឡើយ ទោះបីក្រោយពេលដែលពួកគេបានអានរួចក៏ដោយ។ តើអ្នកប្រញាប់ប្រញាល់ធ្វើអ្វី? នៅពេលដែលអ្នកឡើងទៅដល់កម្រិតមួយ នោះអ្នកនឹងអាចយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្តបានមិនខាន។ តើក្មេងអាយុបួន ឬប្រាំឆ្នាំនឹងនិយាយថា ពួកគេមិនអាចជួយ ឬផ្ដល់កិត្តិយសដល់ឪពុកម្ដាយរបស់គេដែរឬទេ? អ្នកគួរតែដឹងអំពីកម្រិតសមត្ថភាពរបស់អ្នក នាពេលបច្ចុប្បន្ន។ ចូរអនុវត្ត នូវអ្វីដែលអ្នកអាចអនុវត្តបាន ហើយចៀសវាងក្លាយជាមនុស្សម្នាក់ដែលបង្អាក់ដល់ការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចូរគ្រាន់តែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយយកវាជាគោលការណ៍ប្រចាំជីវិតរបស់អ្នក ចាប់ពីពេលនេះតទៅ។ ក្នុងពេលបច្ចុប្បន្នចូរកុំបារម្ភឡើយថា តើព្រះជាម្ចាស់អាចធ្វើឲ្យអ្នកបានពេញខ្នាត ឬយ៉ាងណានោះ។ ចូរកុំទាន់ជីកឫស ជីកគល់ឡើយ។ សូមគ្រាន់តែបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅពេលដែលព្រះបន្ទូលទាំងនោះមករកអ្នក នោះព្រះជាម្ចាស់នឹងប្រាកដជាធ្វើឲ្យអ្នក បានពេញខ្នាតមិនខាន។ ទោះបីជាយ៉ាងណាក៏ដោយ មានគោលការណ៍មួយដែលអ្នកត្រូវប្រកាន់ខ្ជាប់ នៅពេលដែលអ្នកត្រូវបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់។ ចូរកុំធ្វើវាទាំងងងឹតងងល់ឡើយ។ នៅក្នុងការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមន័យម្យ៉ាង ចូរស្វែងរកព្រះបន្ទូលដែលអ្នកគួរតែដឹង ហើយនោះជាព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត ហើយតាមន័យម្យ៉ាងទៀត ចូរស្វែងរករបៀបដែលអ្នកគួរតែយកព្រះបន្ទូលទៅអនុវត្ត ហើយនោះជាអ្វីដែលអ្នកគួរតែចូលទៅក្នុង។ មួយផ្នែកពាក់ព័ន្ធនឹងចំណេះដឹង ហើយមួយផ្នែកទៀតពាក់ព័ន្ធនឹងការចូលទៅក្នុង។ នៅពេលដែលអ្នកយល់អំពីផ្នែកទាំងពីរនេះ ហើយយល់អំពីអ្វីដែលអ្នកគួរតែដឹង និងអ្វីដែលអ្នកគួរតែអនុវត្ត នោះអ្នកនឹងដឹងពីរបៀបត្រូវបរិភោគ និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាក់ជាមិនខាន។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ចេញពីគោលការណ៍នៃការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានគោលការណ៍មួយទាក់ទងនឹងចំណេះដឹង ហើយគោលការណ៍មួយទៀត ទាក់ទងនឹងការចូលទៅក្នុង។ តើព្រះបន្ទូលណាខ្លះ ដែលអ្នកគួរតែដឹង? អ្នកគួរតែដឹងអំពីព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត (ដូចជាព្រះបន្ទូលទាក់ទងនឹង យុគសម័យណាដែលកិច្ចការរបស់ព្រះជាម្ចាស់បានចូលរួចហើយ អ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវនិងអ្វីជាការយកកំណើតជាមនុស្សជាដើម ហើយការទាំងអស់នេះ គឺសុទ្ធតែពាក់ព័ន្ធជាមួយនិមិត្ត)។ តើផ្លូវដែលមនុស្សគួរតែចូលទៅក្នុង មានន័យដូចម្ដេច? ការនេះសំដៅទៅ លើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមនុស្សគួរតែអនុវត្តនិងចូលទៅក្នុង។ ខាងលើ គឺជាទិដ្ឋភាពចំនួនពីរ នៃការបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនេះតទៅ ចូរបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះចុះ។ ប្រសិនបើអ្នកមានការយល់ដឹងច្បាស់លាស់ អំពីព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងនិមិត្ត នោះមិនចាំបាច់ក្នុងការបន្តអានគ្រប់ពេលនោះឡើយ។ កិច្ចការដ៏សំខាន់គឺត្រូវបរិភោគ និងផឹកកាន់តែច្រើន ពីព្រះបន្ទូលអំពីការចូលទៅក្នុង ដូចជា របៀបបែរចិត្តរបស់អ្នកទៅរកព្រះជាម្ចាស់ របៀបធ្វើឲ្យចិត្តរបស់អ្នកនៅស្ងប់ ចំពោះព្រះជាម្ចាស់ និងរបៀបលះបង់ចោលសាច់ឈាម។ ទាំងនេះគឺជាកិច្ចការដែលអ្នកគួរតែយកទៅអនុវត្ត។ ប្រសិនបើមិនដឹងអំពីរបៀបបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះការរួមប្រកបដ៏ពិតនឹងមិនអាចទៅរួចឡើយ។ នៅពេលដែលអ្នកដឹងអំពីរបៀបបរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងយល់អំពីចំណុចគន្លឹះហើយ នោះការរួមប្រកបនឹងដំណើរការយ៉ាងរលូន ហើយទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏អ្នកនឹងអាចរួមប្រកប និងយល់ពីការពិតដដែល។ នៅពេលដែលរួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកគ្មានការពិតទេ នោះអ្នកមិនបានយល់អំពីចំណុចគន្លឹះឡើយ ហើយនេះបង្ហាញថា អ្នកមិនបានដឹងអំពីរបៀបបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះយល់ថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿងគួរឲ្យធុញទ្រាន់ ហើយនេះមិនមែនជាសភាពធម្មតាឡើយ។ អ្វីដែលធម្មតាគឺជាការមិនចេះនឿយហត់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែងតែស្រេកឃ្លានចង់បានព្រះបន្ទូល និងតែងតែមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាការល្អជានិច្ច។ នេះជារបៀបដែលមនុស្សចូលទៅបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពជាក់ស្ដែងច្បាស់ៗ និងជាអ្វីដែលមនុស្សគួរតែចូលទៅកាន់ ហើយនៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជំនួយ និងមានប្រយោជន៍ខ្លាំងចំពោះមនុស្ស ហើយថាព្រះបន្ទូលគឺជាការផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស នោះជាព្រះវិញ្ញាណបរិសុទ្ធទេ ដែលប្រទានឲ្យអ្នកនូវអារម្មណ៍បែបនេះ ហើយក៏ជាព្រះវិញ្ញាណបរិសុទ្ធផងដែរ ដែលប៉ះពាល់ចិត្តរបស់អ្នក។ ការនេះបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងអ្នក និងបញ្ជាក់ទៀតថា ព្រះជាម្ចាស់មិនបានបែរចេញពីអ្នកឡើយ។ ដោយមើលឃើញថា ព្រះជាម្ចាស់តែងតែមានបន្ទូលជានិច្ចដូច្នេះ មនុស្សមួយចំនួន បែរជាធុញទ្រាន់នឹងព្រះបន្ទូលរបស់ទ្រង់ទៅវិញ ហើយគេបែរជាគិតថា ទោះបីគេអាន ឬមិនអានព្រះបន្ទូលក៏ដោយក៏វាគ្មានប្រយោជន៍អ្វីដែរ ហើយការមានគំនិតបែបនេះ មិនមែនជាសភាពធម្មតាឡើយ។ ពួកគេខ្វះនូវដួងចិត្តដែលស្រេកឃ្លានចង់ចូលទៅក្នុងការពិត ហើយមនុស្សបែបនេះមិនដែលស្រេកឃ្លាន ឬក៏ឲ្យតម្លៃសំខាន់ទៅលើការប្រោសឲ្យគ្រប់លក្ខណ៍នោះឡើយ។ គ្រប់ពេលដែលអ្នករកឃើញថា អ្នកមិនស្រេកឃ្លាន នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ នេះបង្ហាញឲ្យឃើញថា អ្នកមិនស្ថិតនៅក្នុងសភាពធម្មតាឡើយ។ កាលពីអតីតកាល ដើម្បីកំណត់ថាតើព្រះជាម្ចាស់បានបែរចេញ ឬមិនបានបែរចេញពីអ្នក គឺត្រូវបានកំណត់ឡើង ដោយមើលថាតើអ្នកមានសន្តិភាពផ្លូវចិត្តឬក៏អត់ ហើយថាតើអ្នកមានអារម្មណ៍រីករាយឬយ៉ាងណា។ បច្ចុប្បន្ននេះ គន្លឹះនៃការកំណត់គឺថាតើអ្នកស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាតើព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិតរបស់អ្នក ថាតើអ្នកស្មោះត្រង់ និងថាតើអ្នកអាចធ្វើគ្រប់កិច្ចការដែលអ្នកអាចធ្វើបានសម្រាប់ព្រះជាម្ចាស់ឬយ៉ាងណា។ នៅក្នុងន័យម្យ៉ាងទៀត មនុស្សត្រូវទទួលការជំនុំជម្រះ ដោយការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង្អុលបង្ហាញព្រះបន្ទូលរបស់ទ្រង់ទៅកាន់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកសុខចិត្ត អានព្រះបន្ទូល នោះទ្រង់នឹងបំភ្លឺដល់អ្នក ប៉ុន្តែ ប្រសិនបើអ្នកមិនសុខចិត្តទេ នោះទ្រង់នឹងមិនបំភ្លឺឡើយ។ ព្រះជាម្ចាស់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត ហើយទ្រង់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្វែងរកទ្រង់។ អ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនស្រាយបំភ្លឺដល់ពួកគេឡើយ ទោះបីក្រោយពេលដែលពួកគេអានព្រះបន្ទូលរបស់ទ្រង់ក៏ដោយ។ ប៉ុន្តែ តើអ្នកបានអានព្រះបន្ទូលទាំងនេះដោយរបៀបណាខ្លះទៅ? ប្រសិនបើអ្នកអានព្រះបន្ទូលរបស់ទ្រង់នៅក្នុងរបៀបមួយដូចជាមនុស្សជិះនៅលើខ្នងសេះគយគន់មើលផ្កា ហើយមិនឲ្យតម្លៃទៅលើការពិត តើព្រះជាម្ចាស់អាចស្រាយបំភ្លឺដល់អ្នកបានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចឲ្យទ្រង់ប្រោសគេឲ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេចទៅ? ប្រសិនបើអ្នកមិនឲ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងគ្មានសេចក្តីពិត ឬការពិតឡើយ។ ប្រសិនបើអ្នកឲ្យតម្លៃលើព្រះបន្ទូលរបស់ទ្រង់ នោះអ្នកនឹងអាចយកសេចក្តីពិតនោះទៅអនុវត្ត ហើយមានតែបែបនេះទេ ទើបអ្នកនឹងមានការពិត។ នេះហើយជាហេតុផលដែលអ្នកត្រូវបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា មិនថាអ្នករវល់ ឬមិនរវល់ មិនថាកាលៈទេសៈរបស់អ្នកអំណោយផល ឬមិនអំណោយផល និងមិនថាអ្នកអស់កម្លាំង ឬមិនអស់កម្លាំងនោះឡើយ។ អ្វីដែលសំខាន់បំផុតគឺ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាគ្រឹះមូលដ្ឋាននៃវត្តមានរបស់មនុស្ស។ គ្មាននរណាម្នាក់អាចបែរចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ ប៉ុន្តែ គេត្រូវបរិភោគព្រះបន្ទូលទ្រង់ ដូចជាគេបរិភោគអាហារបីពេលក្នុងមួយថ្ងៃយ៉ាងនោះដែរ។ តើការប្រោសឲ្យគ្រប់លក្ខណ៍ និងការទទួលបានពីព្រះជាម្ចាស់ អាចជារឿងងាយស្រួលឬទេ? មិនថាអ្នកយល់ ឬមិនយល់ក្នុងពេលបច្ចុប្បន្ន ហើយមិនថាអ្នកមានការយល់ដឹងជ្រៅជ្រះអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ អ្នកត្រូវតែបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នេះគឺជាការចូលនៅក្នុងរបៀបប្រុងប្រៀបខ្លួនជាមុន។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ចូរប្រញាប់អនុវត្តតាមអ្វីដែលអ្នកអាចយល់ ហើយទុកអ្វីដែលអ្នកមិនទាន់យល់នៅម្ដុំសិន។ ប្រហែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនដែលអ្នកមិនទាន់យល់ពីពេលដំបូងនៅឡើយ ប៉ុន្តែ ក្រោយពេលពីរបីខែ ឬក៏មួយឆ្នាំមក អ្នកនឹងអាចយល់មិនខាន។ តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? វាដោយសារតែព្រះជាម្ចាស់មិនអាចប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ក្នុងពេលមួយថ្ងៃ ឬក៏ពីរថ្ងៃបានឡើយ។ ភាគច្រើន នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ អ្នកប្រហែលជាមិនយល់ក្នុងពេលភ្លាមៗឡើយ។ នៅពេលនោះ ព្រះបន្ទូលរបស់ទ្រង់ហាក់ដូចជាគ្មានន័យអ្វី ក្រៅពីអត្ថបទធម្មតាប៉ុណ្ណោះ។ អ្នកច្បាស់ជាមានបទពិសោធន៍បែបនេះមុនពេលដែលអ្នកអាចយល់អំពីព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន ហើយអ្នកគួរតែខំប្រឹង បរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ យ៉ាងនោះអ្នកនឹងយល់ដោយមិនដឹងខ្លួន ហើយព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺឲ្យអ្នកយល់មិនខាន។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺដល់មនុស្ស ជារឿយៗ ទ្រង់ធ្វើឡើងដោយមនុស្សមិនបានដឹងឡើយ។ ទ្រង់ស្រាយបំភ្លឺ និងដឹកនាំអ្នក នៅពេលដែលអ្នកស្រេកឃ្លាន និងស្វែងរក។ គោលការណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការគឺផ្តោតសំខាន់ជុំវិញកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នកបរិភោគ និងផឹក។ អស់អ្នកណាដែលមិនឲ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតែងតែមានចិត្តគំនិតផ្សេងចំពោះព្រះបន្ទូលរបស់ទ្រង់ មិនមានការពិតនោះឡើយ ព្រោះថានៅក្នុងគំនិតអល់អែករបស់គេ ពួកគេជឿថា វាជារឿងមិនសំខាន់អ្វីឡើយ ទោះបីគេអានព្រះបន្ទូលរបស់ទ្រង់ឬមិនបានអានក៏ដោយ។ ចំពោះមនុស្សបែបនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការស្រាយបំភ្លឺរបស់ទ្រង់ មិនអាចត្រូវបានមើលឃើញនៅក្នុងពួកគេឡើយ។ មនុស្សប្រភេទនេះគឺជាអ្នកមានពុត ដែលធ្វើពើដូចជាខ្លួនខំប្រឹងណាស់ ប៉ុន្តែ តាមពិតគ្មានគុណសម្បត្តិពិតប្រាកដឡើយ គឺដូចជាប្រស្នារបស់[ក] ណានគូ យ៉ាងនោះដែរ។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រប់ពេលដែលអ្នកហូប និងផឹកសារនៃព្រះបន្ទូលព្រះជាម្ចាស់ ប្រសិនបើអ្នកអាចយល់ដឹងអំពីកិច្ចការដែលទ្រង់កំពុងធ្វើ ហើយអាចដឹងពីវិធីអធិស្ឋាន វិធីសហការ និងវិធីទទួលបានការចូលទៅ ពេលនោះទើបការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់របស់អ្នក ចេញជាលទ្ធផល។ នៅពេលអ្នកអាចស្វែងរកផ្លូវនៃការចូលទៅ ហើយអាចយល់ពីថាមពលនៃកិច្ចការរបស់ព្រះជាម្ចាស់ ក៏ដូចជាការចង្អុលបង្ហាញផ្លូវនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ តាមវិធីរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងបានចូលក្នុងផ្លូវត្រូវហើយ។ ប្រសិនបើអ្នកមិនបានយល់ដឹងនូវចំណុចសំខាន់ៗ ពេលដែលអ្នកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ ហើយក្រោយមកនៅតែមិនអាចស្វែងរកផ្លូវមួយដើម្បីអនុវត្ត នេះបង្ហាញថា អ្នកនៅតែពុំដឹងពីវិធីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានសមរម្យនោះទេ ហើយអ្នកមិនបានរកឃើញពីវិធីសាស្ត្រ ឬគោលការណ៍ដើម្បីទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។

ដកស្រង់ពី «ចូរយកចិត្តទុកដាក់ចំពោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលអ្នកហូប និងផឹកពីព្រះបន្ទូលនៃព្រះ អ្នកត្រូវតែវាស់វែងភាពជាក់ស្ដែងនៃសភាពផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះបន្ទូលទាំងនោះ។ ពោលគឺនៅពេលដែលអ្នករកឃើញថា អ្នកមានចន្លោះប្រហោងនៅក្នុងដំណើរនៃបទពិសោធន៍ពិតរបស់អ្នក អ្នកប្រាកដជាអាចរកឃើញផ្លូវនៃការអនុវត្ត អាចបដិសេធការជំរុញចិត្ត និងសញ្ញាណដែលមិនត្រឹមត្រូវរបស់អ្នកមិនខាន។ បើអ្នកតែងតែស្វះស្វែងសម្រាប់ការទាំងនេះ ហើយដាក់ចិត្តរបស់អ្នកទៅសម្រេចការទាំងនេះ នោះអ្នកនឹងមានផ្លូវមួយដែលត្រូវដើរ អ្នកនឹងមិនមានអារម្មណ៍ទទេ ហើយដោយធ្វើបែបនេះ អ្នកនឹងអាចថែរក្សាសភាពធម្មតាបានមិនខាន។ មានតែបែបនេះទេ ទើបអ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលរែកពុនបន្ទុកមួយនៅក្នុងជីវិតរបស់អ្នកផ្ទាល់ ជាបុគ្គលម្នាក់ដែលមានសេចក្តីជំនឿ។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើហេតុអ្វីបានជាមនុស្សខ្លះមិនអាចយកព្រះបន្ទូលទាំងនោះទៅអនុវត្តបាន? តើនេះមិនមែនដោយសារតែពួកគេមិនអាចយល់ពីសេចក្តីដ៏សំខាន់បំផុតទេឬ? តើវាមិនមែនដោយសារតែពួកគេមិនហ្មត់ចត់នឹងជីវិតទេឬ? ហេតុផលដែលពួកគេមិនអាចយល់អំពីរឿងដ៏សំខាន់ និងគ្មានផ្លូវអនុវត្តបាននោះគឺថានៅពេលដែលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនអាចភ្ជាប់សភាពផ្ទាល់ខ្លួនរបស់ពួកគេទៅនឹងព្រះបន្ទូលព្រះជាម្ចាស់ ឬក៏ពួកគេមិនអាចគ្រប់គ្រងសភាពរបស់គេផ្ទាល់។ អ្នកខ្លះនិយាយថា៖ «ខ្ញុំអានព្រះបន្ទូលរបស់ព្រះ ហើយភ្ជាប់សភាពខ្ញុំជាមួយព្រះបន្ទូលទាំងនោះ ហើយខ្ញុំដឹងថា ខ្ញុំមានសេចក្តីពុករលួយ និងមានគុណសម្បត្តិអន់ថយ ប៉ុន្តែខ្ញុំគ្មានសមត្ថភាពបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ»។ អ្នកបានឃើញតែផ្ទៃខាងក្រៅប៉ុណ្ណោះ ហើយមានរឿងពិតជាច្រើនដែលអ្នកមិនបានដឹង ដូចជា របៀបបោះចោលសេចក្តីសប្បាយខាងសាច់ឈាម របៀបបោះចោលការរាប់ខ្លួនជាសុចរិត របៀបផ្លាស់ប្ដូរខ្លួនឯង របៀបចូលទៅក្នុងសេចក្តីទាំងនេះ របៀបធ្វើឲ្យប្រសើរឡើងនូវគុណសម្បត្តិរបស់អ្នក និងថាតើអ្នកត្រូវចាប់ផ្ដើមចេញពីទិដ្ឋភាពណាមួយ។ អ្នកយល់តែសេចក្តីពីរបីលើផ្ទៃខាងក្រៅប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលអ្នកដឹងគឺថា អ្នកពុករលួយយ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកជួបបងប្អូនប្រុសស្រីរបស់អ្នក អ្នកនិយាយអំពីកម្រិតនៃសេចក្តីពុករលួយរបស់អ្នក ហើយបើមើលទៅវាហាក់ដូចជាអ្នកស្គាល់ខ្លួនឯង និងរែកពុនបន្ទុកដ៏ធំមួយសម្រាប់ជីវិតរបស់អ្នកអ៊ីចឹង។ តាមពិតទៅ និស្ស័យដ៏ពុករលួយរបស់អ្នកមិនបានផ្លាស់ប្ដូរទេ ដែលសបញ្ជាក់ឲ្យឃើញថា អ្នកមិនបានរកឃើញផ្លូវទៅអនុវត្តឡើយ។

ដកស្រង់ពី «ការអនុវត្តន៍ (៧)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលអ្នកយកចិត្តទុកដាក់ ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន អ្នកទទួលអម្រែកកាន់តែធ្ងន់ ហើយពេលដែលអ្នកទទួលអម្រែកកាន់តែធ្ងន់ នោះអ្នកនឹងមានបទពិសោធន៍កាន់តែច្រើន។ ពេលដែលអ្នកយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គនឹងដាក់អម្រែកមកលើអ្នក ហើយក្រោយមកទ្រង់នឹងបំភ្លឺភ្នែកអ្នកអំពីកិច្ចការដែលទ្រង់ប្រគល់ដល់អ្នក។ នៅពេលព្រះជាម្ចាស់ផ្តល់អម្រែកនេះដល់អ្នក អ្នកនឹងយកចិត្តទុកដាក់ដល់សេចក្តីពិតពាក់ព័ន្ធគ្រប់យ៉ាង ខណៈពេលដែលអ្នកធ្វើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមានអម្រែក ពាក់ព័ន្ធនឹងស្ថានភាពជីវិតរបស់បងប្អូនប្រុសស្រីរបស់អ្នក នេះគឺជាអម្រែកដែលព្រះជាម្ចាស់ប្រគល់ឲ្យអ្នក ហើយអ្នកនឹងរែកអម្រែកនេះជានិច្ច នៅក្នុងការអធិស្ឋានប្រចាំថ្ងៃរបស់អ្នក។ អ្វីដែលព្រះជាម្ចាស់ធ្វើ គឺជាអម្រែករបស់អ្នក ហើយអ្នកចង់ធ្វើបែបនេះ ដែលព្រះជាម្ចាស់ចង់ធ្វើ។ នេះជាអត្ថន័យនៃការរែកអម្រែករបស់ព្រះជាម្ចាស់ ជារបស់ខ្លួនឯងផ្ទាល់។ ត្រង់ចំណុចនេះ នៅក្នុងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រភេទនេះ ហើយអ្នកនឹងឆ្ងល់ថា តើខ្ញុំនឹងដោះស្រាយបញ្ហាទាំងនេះដោយវិធីណា? តើខ្ញុំអាចធ្វើឲ្យបងប្អូនប្រុសស្រីរបស់ខ្ញុំទទួលបានភាពស្រាកស្រាន្ត និងរកឃើញក្តីអំណរខាងវិញ្ញាណដោយវិធីណា? អ្នកក៏នឹងផ្តោតលើការដោះស្រាយបញ្ហាទាំងនេះ ពេលដែលអ្នកប្រកបគ្នា ហើយពេលដែលអ្នកហូប និងផឹកទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកនឹងផ្តោតលើការហូប និងការផឹកព្រះបន្ទូលដែលពាក់ព័ន្ធនឹងបញ្ហាទាំងនេះ។ អ្នកក៏នឹងរែកអម្រែក ខណៈពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ ពេលដែលអ្នកបានយល់ពីតម្រូវការរបស់ព្រះជាម្ចាស់ អ្នកនឹងមានគំនិតច្បាស់ជាងមុន អំពីផ្លូវដែលអ្នកជ្រើសរើស។ នេះគឺជាការបំភ្លឺ និងការបើកបង្ហាញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអម្រែករបស់អ្នកបាននាំមកឲ្យអ្នក ហើយនេះគឺជាការនាំផ្លូវរបស់ព្រះជាម្ចាស់ដែលបានប្រគល់ដល់អ្នកផងដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលបែបនេះ? ប្រសិនបើអ្នកគ្មានអម្រែកនោះទេ នោះអ្នកនឹងមិនយកចិត្តទុកដាក់ទេពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពេលដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខណៈពេលដែលរែកអម្រែកមួយ អ្នកអាចយល់ដឹងនូវសារៈសំខាន់នៃព្រះបន្ទូល រកឃើញផ្លូវរបស់អ្នក ហើយយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដូច្នេះហើយ នៅក្នុងការអធិស្ឋានរបស់អ្នក អ្នកគួរទូលសុំឲ្យព្រះជាម្ចាស់ដាក់អម្រែកឲ្យអ្នកកាន់តែច្រើន និងប្រគល់កិច្ចការអស្ចារ្យជាងមុនដល់អ្នក ដូច្នេះទើបនៅខាងមុខអ្នក អ្នកអាចមានផ្លូវអនុវត្តច្រើនជាងមុន ដើម្បីឲ្យការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កាន់តែមានការជះឥទ្ធិពលល្អប្រសើរជាងមុន ដើម្បីឲ្យអ្នកបានលូតលាស់ ហើយអាចយល់ដឹងសារៈសំខាន់នៃព្រះបន្ទូលរបស់ទ្រង់ និងដើម្បីឲ្យអ្នកកាន់តែអាចឲ្យព្រះវិញ្ញាណបរិសុទ្ធរុញច្រានអ្នកបានច្រើនជាងមុន។

ដកស្រង់ពី «ចូរយកចិត្តទុកដាក់ចំពោះ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដើម្បីទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចធ្វើឲ្យអ្នកយល់សេចក្ដីពិត ប្រសិនបើអ្នកធ្វើវាតាមវិធីត្រឹមត្រូវប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ គ្រាន់តែជាការយល់សេចក្ដីពិត មិនមានន័យថា អ្នកអាចចូលទៅក្នុងសេចក្ដីពិតភាពពិតឡើយ។ មនុស្សមួយចំនួនមានគុណសម្បត្តិល្អ ប៉ុន្តែពួកគេមិនស្រឡាញ់សេចក្ដីពិតទេ។ ទោះបីជាពួកគេអាចយល់សេចក្ដីពិតបន្តិចបន្តួចក៏ដោយ ក៏ពួកគេមិនអាចអនុវត្តវាបានដែរ។ តើមនុស្សបែបនេះអាចចូលទៅក្នុងសេចក្ដីពិតភាពពិតបានទេ? ការយល់សេចក្ដីពិត មិនមែនគ្រាន់តែជាការយល់គោលលទ្ធិទេ។ ដើម្បីយល់សេចក្ដីពិត អ្នកត្រូវតែស្គាល់វិធីដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរយកការហូប និងការផឹកព្រះបន្ទូលដែលពាក់ព័ន្ធនឹងសេចក្ដីពិតនៃការស្រឡាញ់ព្រះជាម្ចាស់ ជាឧទាហរណ៍។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានបន្ទូលថា៖ «តាមនិយមន័យ 'សេចក្តីស្រឡាញ់' គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យ គ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ»។ នេះគឺជាវិធីដែលព្រះជាម្ចាស់ផ្ដល់និយមន័យអំពីសេចក្ដីស្រឡាញ់ ហើយនេះគឺជាសេចក្ដីពិត។ ប៉ុន្តែតើនរណាដែលអ្នកគួរស្រឡាញ់? តើអ្នកគួរតែស្រឡាញ់ស្វាមីរបស់អ្នក? ភរិយារបស់អ្នក? បងប្អូនប្រុសស្រីរបស់អ្នក? ទេ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលអំពីសេចក្ដីស្រឡាញ់ នោះទ្រង់មិនមានបន្ទូលអំពីសេចក្ដីស្រឡាញ់សម្រាប់មនុស្សគ្នីគ្នារបស់អ្នកឡើយ ប៉ុន្តែអំពីសេចក្ដីស្រឡាញ់របស់មនុស្សសម្រាប់ព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់នេះ គឺជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ។ តើអ្នកគួរតែយល់ច្បាស់អំពីសេចក្ដីពិតនេះយ៉ាងដូចម្ដេច? មានន័យថា ព្រះជាម្ចាស់ចង់ឲ្យមនុស្សមិនសង្ស័យលើទ្រង់ ឬនៅឆ្ងាយពីទ្រង់ ប៉ុន្តែឲ្យពួកគេមានសេចក្ដីស្រឡាញ់សម្រាប់ទ្រង់ ដែលជាសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងឥតខ្ចោះ។ «ឥតខ្ចោះ» មានន័យថា គ្មានចំណង់ហួសហេតុ ហើយគ្មានការទាមទារហួសហេតុពីព្រះជាម្ចាស់ មិនដាក់លក្ខខណ្ឌលើទ្រង់ ហើយមិនមានការដោះសារណាមួយ។ វាមានន័យថា ទ្រង់ជាអាទិភាពនៅក្នុងចិត្តរបស់អ្នក។ មានន័យថា មានតែព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះដែលកាន់កាប់ចិត្តរបស់អ្នក។ នេះគឺជាមនោសញ្ចេតនាមួយដែលបរិសុទ្ធ និងឥតខ្ចោះ។ មនោសញ្ចេតនានេះ កាន់កាប់កន្លែងជាក់លាក់ណាមួយនៅក្នុងចិត្តរបស់អ្នក។ អ្នកតែងតែគិតអំពីទ្រង់ និងនឹករលឹកពីទ្រង់ ហើយអ្នកអាចយកទ្រង់ដាក់ក្នុងចិត្តគ្រប់ពេលវេលា។ ស្រឡាញ់ មានន័យថា ស្រឡាញ់ដោយចិត្តរបស់អ្នក។ ការស្រឡាញ់ដោយចិត្តរបស់អ្នក រួមមានការយកចិត្តទុកដាក់ ការខ្វល់ខ្វាយ និងចំណង់។ ដើម្បីទទួលបានជោគជ័យក្នុងការស្រឡាញ់ដោយចិត្តរបស់អ្នក នោះអ្នកត្រូវតែឆ្លងកាត់ដំណើរការនៃការស្គាល់។ នៅពេលបច្ចុប្បន្ននេះ ខណៈដែលអ្នកមានចំណេះដឹងតិចតួចអំពីព្រះជាម្ចាស់ អ្នកគួរតែប្រើប្រាស់ចិត្តរបស់អ្នកដើម្បីចង់បានទ្រង់យ៉ាងខ្លាំង ដើម្បីចង់បានទ្រង់ និងដើម្បីស្ដាប់បង្គាប់ទ្រង់ មានការយកចិត្តទុកដាក់ចំពោះទ្រង់ អធិស្ឋានទៅរកទ្រង់ និងស្រែករកទ្រង់។ អ្នកក៏គួរតែអាចចែករំលែកគំនិត និងក្ដីកង្វល់របស់ទ្រង់ដែរ។ អ្នកត្រូវដាក់ចិត្តរបស់អ្នកចំពោះអ្វីៗទាំងនេះ។ មិនត្រួវគ្រាន់តែនិយាយតែមាត់ ដោយនិយាយថា «ឱព្រះជាម្ចាស់! ទូលបង្គំកំពុងតែធ្វើរឿងនេះដើម្បីទ្រង់ ទូលបង្គំកំពុងធ្វើរឿងនោះដើម្បីទ្រង់!» នោះទេ។ មានតែការស្រឡាញ់ និងបំពេញព្រះទ័យព្រះជាម្ចាស់ដោយចិត្តរបស់អ្នក ទើបពិតប្រាកដ។ ទោះបីជាអ្នកមិននិយាយខ្លាំងៗ ក៏អ្នកមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក នៅក្នុងចិត្តរបស់អ្នក អ្នកកំពុងគិតដល់ទ្រង់។ អ្នកអាចបោះបង់ស្វាមីរបស់អ្នក ភរិយារបស់អ្នក កូនៗរបស់អ្នក ឪពុកម្ដាយរបស់អ្នក។ ប៉ុន្តែចិត្តរបស់អ្នកមិនអាចគ្មានព្រះជាម្ចាស់បានទេ។ បើគ្មានព្រះជាម្ចាស់ នោះអ្នកមិនអាចរស់បានទេ។ នេះមានន័យថា អ្នកមានសេចក្ដីស្រឡាញ់ ហើយអ្នកមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក។ «ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា»។ រឿងនេះ វាពាក់ព័ន្ធនឹងអ្វីៗច្រើនយ៉ាង។ វាគឺជាសេចក្ដីស្រឡាញ់ពិតដែលព្រះជាម្ចាស់តម្រូវពីមនុស្ស។ ម៉្យាងទៀត អ្នកត្រូវតែស្រឡាញ់ និងខ្វល់ខ្វាយអំពីទ្រង់ដោយចិត្តរបស់អ្នក ហើយទុកទ្រង់នៅក្នុងគំនិតជានិច្ច។ នេះមិនមានន័យថា និយាយត្រឹមតែពាក្យសម្ដីនោះទេ ហើយមិនមានន័យថា អ្នកសម្ដែងចេញពីខ្លួនអ្នកដោយឫកពាររបស់អ្នកឡើយ។ ផ្ទុយទៅវិញ ជាចម្បង គឺវាមានន័យថា ការធ្វើអ្វីៗដោយចិត្ត ហើយអនុញ្ញាតឲ្យចិត្តរបស់អ្នកគ្រប់គ្រងសកម្មភាពទាំងអស់របស់អ្នក។ ក្នុងការធ្វើអ្វីៗតាមវិធីនេះ គឺគ្មានការជំរុញទឹកចិត្ត គ្មានការក្លែងបន្លំ និងគ្មានការមន្ទិលសង្ស័យ។ ចិត្តបែបនេះ គឺបរិសុទ្ធជាងច្រើនណាស់។ តើការមន្ទិលសង្ស័យនៅក្នុងចិត្តរបស់អ្នក ត្រូវបានសម្ដែងចេញយ៉ាងដូចម្ដេច? ពួកវាត្រូវបានសម្ដែងចេញនៅពេលដែលអ្នកតែងតែគិត «តើវាជារឿងត្រឹមត្រូវឬទេសម្រាប់ព្រះជាម្ចាស់ក្នុងការធ្វើរឿងនេះ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលដូច្នេះ? ប្រសិនបើគ្មានហេតុផលនៅពីក្រោយអ្វីដែលព្រះជាម្ចាស់មានបន្ទូលនេះ នោះខ្ញុំនឹងមិនស្ដាប់បង្គាប់ទេ។ ប្រសិនបើវាអយុត្តិធម៌សម្រាប់ព្រះក្នុងការធ្វើបែបនេះ ខ្ញុំនឹងមិនស្ដាប់បង្គាប់តាមទេ។ ខ្ញុំនឹងបោះបង់វា ពេលនេះហើយ»។ ដើម្បីមិនមានការមន្ទិលសង្ស័យ មានន័យថា ការទទួលស្គាល់ថា អ្វីក៏ដោយដែលព្រះជាម្ចាស់មានបន្ទូល និងធ្វើ គឺត្រឹមត្រូវ ហើយជាមួយនឹងព្រះជាម្ចាស់ គឺគ្មានត្រូវ ឬខុសទេ។ មនុស្សត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ យកចិត្តទុកដាក់ចំពោះព្រះជាម្ចាស់ បំពេញព្រះទ័យព្រះជាម្ចាស់ និងចែករំលែកគំនិត និងក្ដីកង្វល់របស់ទ្រង់។ មិនថា អ្វីៗគ្រប់យ៉ាងដេលព្រះជាម្ចាស់ធ្វើ ហាក់ដូចជាមានន័យ ឬអត់ សម្រាប់អ្នកនោះទេ មិនថាវាស្របនឹងសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស ឬអត់ មិនថាសមហេតុផលចំពោះមនុស្ស ឬអត់នោះទេ គឺអ្នកត្រឹមតែអាចស្ដាប់បង្គាប់ និងមានចិត្ដគោរព ព្រមទាំងចុះចូលចំពោះអ្វីៗទាំងនេះជានិច្ចប៉ុណ្ណោះ។ តើការអនុវត្តបែបនេះ មិនស្របទៅនឹងសេចក្ដីពិតឬ? តើវាមិនមែនជាការបើកបង្ហាញ និងការអនុវត្តនៃសេចក្ដីស្រឡាញ់ទេឬ? ដូច្នេះហើយ ប្រសិនបើចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគោលបំណងនៅពីក្រោយព្រះសូរសៀងរបស់ទ្រង់ ប្រសិនបើអ្នកមិនយល់គោលបំណង និងលទ្ធផលដែលព្រះបន្ទូលរបស់ទ្រង់មានបំណងសម្រេចបាន ប្រសិនបើអ្នកមិនយល់ពីអ្វីដែលព្រះបន្ទូលរបស់ទ្រង់ ស្វែងរកដើម្បីបំពេញ និងធ្វើឲ្យមនុស្សគ្រប់លក្ខណ៍ ប្រសិនបើអ្នកមិនយល់អ្វីៗទាំងនេះទេ នោះវាបញ្ជាក់ថា អ្នកមិនទាន់យល់ច្បាស់ពីសេចក្ដីពិតទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលអ្វីដែលទ្រង់មានបន្ទូល? ហេតុអ្វីបានជាទ្រង់មានបន្ទូលដោយសំនៀងនោះ? ហេតុអ្វីបានជាទ្រង់ស្មោះត្រង់ និងស្មោះស្ម័គ្រនៅគ្រប់ព្រះបន្ទូលដែលទ្រង់មានបន្ទូល? ហេតុអ្វីបានជាទ្រង់ជ្រើសរើសប្រើព្រះបន្ទូលជាក់លាក់? តើអ្នកដឹងទេ? ប្រសិនបើអ្នកមិនអាចនិយាយយ៉ាងច្បាស់ទេ នោះមានន័យថា អ្នកមិនយល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬយល់ពីគោលបំណងរបស់ទ្រង់ទេ អ្នកមិនយល់បរិបទដែលនៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ទេ។ ប្រសិនបើអ្នកមិនយល់ច្បាស់ពីរឿងនេះ នោះតើអ្នកអាចទទួលបានសេចក្ដីពិតយ៉ាងដូចម្ដេច? ការទទួលបានសេចក្ដីពិត មានន័យថា ជាការយល់អត្ថន័យរបស់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលនីមួយៗដែលទ្រង់មានបន្ទូល។ មានន័យថា អ្នកអាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តនៅពេលដែលអ្នកបានយល់ពួកវា នោះទើបព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចត្រូវបានអ្នកប្រើប្រាស់ដើម្បីរស់នៅ ហើយក្លាយជាភាពពិតរបស់អ្នក។ មានតែនៅពេលដែលអ្នកមានការយល់ដ៏លម្អិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអ្នកពិតជាអាចយល់សេចក្ដីពិត។

ដកស្រង់ពី «មានតែអស់អ្នកដែលមានតថភាពនៃសេចក្ដីពិត ប៉ុណ្ណោះ ដែលអាចដឹកនាំ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកចង់បំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ ដំបូងអ្នកត្រូវយល់អំពីសេចក្ដីពិតសិន និងខំប្រឹងឱ្យបានខ្លាំងដើម្បីស្វែងរកសេចក្ដីពិត។ ផ្នែកសំខាន់មួយនៃការស្វែងរកសេចក្ដីពិត គឺការរៀនពីរបៀបសញ្ជឹងគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គោលបំណងនៃការសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺត្រូវយល់ដឹងអំពីអត្ថន័យពិតដែលបង្កប់ពីក្រោយព្រះបន្ទូលទាំងនេះ៖ តាមរយៈការស្វែងរក អ្នកនឹងបានដឹងអំពីអត្ថន័យនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ អំពីអ្វីដែលទ្រង់សព្វព្រះទ័យតម្រូវឱ្យធ្វើ និងអំពីបំណងព្រះហឫទ័យរបស់ទ្រង់ដែលមានក្នុងព្រះបន្ទូលទាំងនេះ។ នេះហើយគឺជាអត្ថន័យនៃការយល់ដឹងអំពីតថភាពនៃសេចក្ដីពិតនោះ។ នៅពេលអ្នកយល់ដឹងអំពីតថភាពនៃសេចក្ដីពិត អ្នកនឹងអាចចាប់យល់បានពីគោលការណ៍នៃការអនុវត្ត ហើយអ្នកក៏នឹងសម្រេចនូវការចូលទៅក្នុងតថភាពនៃសេចក្ដីពិតផងដែរ។ តាមរបៀបនេះ និងដោយពុំបានដឹងផងនោះ អ្នកនឹងត្រូវបានបំភ្លឺឱ្យយល់ពីបញ្ហាដែលអ្នកមិនបានយល់កន្លងមក អ្នកនឹងទទួលបាននូវការយល់ដឹងជ្រៅជ្រះថ្មីៗ ហើយការយល់ដឹងជ្រៅជ្រះនោះ នឹងក្លាយជាតថភាពរបស់អ្នកបន្តិចម្ដងៗ។

ដកស្រង់ពី «មាគ៌ាចេញមកអំពីការសញ្ជឹងគិតពីសេចក្ដីពិតជារឿយៗ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើអ្នកចង់ស្វែងរកសេចក្ដីពិត ប្រសិនបើអ្នកចង់យល់ និងទទួលបានសេចក្ដីពិត នោះអ្នកត្រូវស្វែងយល់ពីរបៀបត្រូវស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ របៀបសញ្ជឹងគិតពីសេចក្ដីពិត និងរបៀបសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដើម្បីសញ្ជឹងគិតអំពីសេចក្ដីពិតនោះ តើមានលក្ខណៈផ្លូវការក្នុងការអនុវត្តតាមដែរឬទេ? តើមានក្បួនខ្នាតដែរឬទេ? តើមានពេលវេលាកំណត់ដែរឬទេ? តើអ្នកត្រូវធ្វើវានៅកន្លែងជាក់លាក់ណាមួយដែរឬទេ? អត់ទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចសញ្ជឹងគិតបាននៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ប្រសិនបើអ្នករាល់គ្នាចំណាយពេលតិចតួចក្នុងការគិតគូរពីរឿងឥតបានការធម្មតាៗ និងការអណ្ដែតអណ្ដូងក្នុងការស្រមើស្រមៃរបស់អ្នក និងប្រើពេលវេលានោះដើម្បីសញ្ជឹងគិតពីសេចក្ដីពិតវិញ តើមួយថ្ងៃៗ នឹងត្រូវចំណេញពេលប៉ុន្មានដោយសារការធ្វើបែបនេះ? តើមនុស្សធ្វើអ្វីខ្លះនៅពេលពួកគេចំណាយពេលវេលាឥតប្រយោជន៍? ពួកគេចំណាយពេលពេញមួយថ្ងៃនិយាយគ្នាលេង និងនិយាយដើមគេ ធ្វើតែអ្វីដែលពួកគេចាប់អារម្មណ៍ ចូលរួមតែក្នុងរឿងឥតបានការ គិតតែអ្វីដែលគ្មានប្រយោជន៍អំពីពេលវេលាដែលបានកន្លងទៅ និងស្រមើស្រមៃថាអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណា ថាតើនគរទៅអនាគតរបស់ពួកគេនឹងនៅទីណា ថាតើស្ថាននរកនៅទីណា។ តើអ្វីទាំងអស់នេះមិនមែនជារឿងឥតប្រយោជន៍ទេឬ? ប្រសិនបើអ្នកបានចំណាយពេលលើរឿងដែលត្រឹមត្រូវ ប្រសិនបើអ្នកស្ងប់ស្ងៀមនៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ចំណាយពេលវេលាឱ្យបានច្រើនគិតអំពីព្រះជាម្ចាស់ និងការប្រកបគ្នាអំពីសេចក្ដីពិត ឆ្លុះបញ្ចាំងពីសកម្មភាពនីមួយៗរបស់អ្នក និងបើកបង្ហាញវានៅចំពោះព្រះភ័ក្រព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់បានពិនិត្យមើល ហើយបន្ទាប់មក ចូរគិតមើលថាតើមានបញ្ហាធំអ្វីខ្លះដែលអ្នកមិនបានដឹងឬសម្គាល់បាន ដោយពិនិត្យមើលឱ្យជាក់ លើចំណុចសំខាន់ៗទាំងអស់នេះ ដែលអ្នកបះបោរទាស់នឹងព្រះជាម្ចាស់ជាងគេ និងស្វែងរកព្រះបន្ទូលឆ្លើយតបរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ដូច្នេះ អ្នកនឹងចូលក្នុងតថភាពនៃសេចក្ដីពិតបន្តិចម្ដងៗ។

តើការសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ពាក់ព័ន្ធនឹងអ្វីខ្លះ? វាពាក់ព័ន្ធនឹងការប្រកាន់ខ្ចាប់តាមអ្វីដែលហៅថាពាក្យ និងគោលលទ្ធិខាងវិញ្ញាណដែលអ្នករាល់គ្នាតែងនិយាយជាញឹកញាប់ និងគោលការណ៍នៃការអនុវត្តខាងវិញ្ញាណដែលជាញឹកញាប់ អ្នកជឿថាត្រឹមត្រូវ និងពោលពាក្យអធិស្ឋានថា៖ «ខ្ញុំយល់ច្បាស់អំពីទ្រឹស្តីនៃឃ្លា និងពាក្យពេចន៍ខាងវិញ្ញាណទាំងអស់នេះ ខ្ញុំមានការយល់ដឹងល្អអំពីន័យត្រង់នៃឃ្លា និងពាក្យពេចន៍ទាំងនេះ ប៉ុន្តែចុះចំណែកតថភាពរបស់វាវិញ? តើខ្ញុំត្រូវអនុវត្តឃ្លា និងពាក្យពេចន៍ទាំងនេះដោយរបៀបណា?» នោះហើយគឺជារបៀបសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរចាប់ផ្ដើមពីទិដ្ឋភាពនេះទៅ។ ប្រសិនបើនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ មនុស្សមិនដឹងថាត្រូវសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ទ្រង់ដោយរបៀបណា នោះពួកគេនឹងមានការលំបាកជាខ្លាំងក្នុងការចូល និងការយល់ដឹងអំពីសេចក្ដីពិត។ ប្រសិនបើមនុស្សមិនអាចយល់ដឹងដោយពិតប្រាកដអំពីសេចក្ដីពិតបានទេ តើពួកគេអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានដែរឬទេ? ប្រសិនបើពួកគេមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបានទេ តើពួកគេអាចទទួលបានសេចក្ដីពិតដែរឬទេ? ប្រសិនបើមនុស្សមិនអាចទទួលបានសេចក្ដីពិតទេ តើពួកគេអាចគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានទេ? វាប្រាកដជាលំបាកខ្លាំងមិនខាន។ ឧទាហរណ៍អំពីព្រះបន្ទូលថា «ចូរកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់»៖ អ្នកត្រូវសញ្ជឹងគិតអំពីព្រះបន្ទូលនេះ និងនិយាយនឹងខ្លួនឯងថា «តើអ្វីទៅជាការកោតខ្លាចដល់ព្រះជាម្ចាស់? ប្រសិនបើខ្ញុំនិយាយអ្វីខុស តើនេះជាការកោតខ្លាចចំពោះព្រះជាម្ចាស់ដែរឬទេ? តើការនិយាយបែបនេះ ជាការធ្វើអាក្រក់ ឬការធ្វើល្អ? តើព្រះជាម្ចាស់ចងចាំរឿងនេះដែរឬទេ? តើព្រះជាម្ចាស់ដាក់ទោសដែរឬទេ? តើចំណុចអ្វីខ្លះដែលអាក្រក់? តើគំនិត ការជំរុញចិត្ត ការគិត ទស្សនៈ និងសន្ទុះចិត្ត និងប្រភពដើមរបស់ខ្ញុំនៅពីក្រោយរឿងដែលខ្ញុំនិយាយនិងធ្វើ និស្ស័យពីមុនដែលខ្ញុំបើកសម្ដែង តើទាំងអស់នេះចាត់ទុកថាអាក្រក់ឬអត់? តើមួយណាដែលលើកមកនោះដែលព្រះជាម្ចាស់យល់ព្រម? តើមួយណាដែលព្រះជាម្ចាស់ស្អប់ខ្ពើម? តើមួយណាដែលព្រះជាម្ចាស់ដាក់ទោស? តើបញ្ហាមួយណាដែលមានឱកាសខ្ពស់ក្នុងការធ្វើឱ្យខ្ញុំប្រព្រឹត្តកំហុសធ្ងន់ធ្ងរនោះ?» ចំណុចទាំងអស់នេះមានតម្លៃយកមកគិតពិចារណា។ តើអ្នករាល់គ្នាគិតគូរអំពីសេចក្ដីពិតជាប្រចាំដែរឬទេ? តើអ្នកបានខាតបង់ពេលវេលាច្រើនប៉ុនណា? តើមានបញ្ហាប៉ុន្មានដែលពាក់ព័ន្ធនឹងសេចក្ដីពិត ពាក់ព័ន្ធនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ ពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិត ពាក់ព័ន្ធនឹងការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ដែលអ្នកបានគិតដល់? នៅពេលអ្នករាល់គ្នាសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសញ្ជឹងគិតអំពីបញ្ហាពាក់ព័ន្ធនឹងសេចក្ដីជំនឿលើព្រះជាម្ចាស់ និងអំពីសេចក្ដីពិតដែលមានផលផ្លែ អ្នករាល់គ្នាបានសម្រេចច្រកចូលទៅក្នុងជីវិតហើយ។ អ្នករាល់គ្នានៅតែមិនយល់ពីរបៀបសញ្ជឹងគិតអំពីចំណុចទាំងនេះដដែលក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកមិនបានសម្រេចច្រកចូលទៅក្នុងជីវិតទេ។ នៅពេលនរណាម្នាក់បានសម្រេចច្រកចូលទៅក្នុងជីវិត និងអាចសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគិតដល់បញ្ហានានា ដូច្នេះពួកគេបានចាប់ផ្ដើមចូលទៅក្នុងតថភាពនៃសេចក្ដីពិតហើយ។

ដកស្រង់ពី «មាគ៌ាចេញមកអំពីការសញ្ជឹងគិតពីសេចក្ដីពិតជារឿយៗ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

តើអ្វីទៅជាព្រះបន្ទូលរបស់ព្រះជាម្ចាស់? វាគឺជាភាពជាក់ស្ដែងនៃអ្វីៗដែលវិជ្ជមានទាំងអស់។ វាគឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជាគោលលទ្ធិ ពាក្យស្លោក ឬសេចក្ដីសំអាងទេ ហើយព្រះបន្ទូលក៏មិនមែនជាប្រភេទនៃទស្សនវិជ្ជា និងការរៀនសូត្រមួយចំនួនដែរ។ ផ្ទុយទៅវិញ ព្រះបន្ទូលពាក់ព័ន្ធទៅនឹងជីវិត និងវត្តមានរបស់មនុស្ស ជាមួយនឹងឥរិយាបថ និងនិស្ស័យរបស់មនុស្ស ជាមួយអ្វីទាំងអស់ដែលមនុស្សបានបើកសម្ដែង ហើយពាក់ព័ន្ធនឹងគំនិត និងយោបល់ដែលផ្ដើមនៅក្នុងដួងចិត្តរបស់មនុស្ស និងឋិតនៅក្នុងសតិរបស់មនុស្ស។ ប្រសិនបើការសញ្ជឹងគិតរបស់អ្នកអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវទាំងនេះទេ ហើយប្រសិនបើអ្នកមិនត្រូវបានផ្សារភ្ជាប់នឹងការសញ្ជឹងគិតនៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្តាប់សេចក្ដីអធិប្បាយ និងការប្រកបគ្នានោះទេ នោះអ្វីដែលអ្នកអាចយល់បាន នឹងមានលក្ខណៈសើៗ និងមានកំណត់។ អ្នករាល់គ្នាត្រូវរៀនពីរបៀបសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការនេះពិតជាសំខាន់ណាស់។ មានវិធីជាច្រើនដើម្បីសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ អ្នកអាចអានព្រះបន្ទូលដោយស្ងាត់ស្ងៀម ហើយអធិស្ឋានក្នុងចិត្តរបស់អ្នក អ្នកស្វែងរកការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ អ្នកក៏អាចប្រកប ហើយអធិស្ឋាន-អានជាមួយអ្នកដែលដេញតាមសេចក្ដីពិត។ ហើយតាមពិត អ្នកអាចបញ្ចូលការប្រកប និងការអធិប្បាយទៅក្នុងការសញ្ជឹងគិតរបស់អ្នក ដើម្បីធ្វើឲ្យការយល់ដឹង និងការឲ្យតម្លៃនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែជ្រាលជ្រៅ។ គឺមានច្រើនវិធី និងមានប្រភេទផ្សេងៗគ្នា។ សរុបសេចក្ដីមក ចំពោះការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបាននូវការយល់ដឹងអំពីព្រះបន្ទូល វាជាការចាំបាច់ណាស់ក្នុងការសញ្ជឹងគិត និងអធិស្ឋាន-អានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គោលបំណងនៃការអធិស្ឋាន-អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមិនមែនដើម្បីអាចសូត្រព្រះបន្ទូលបានទេ ហើយក៏មិនមែនដើម្បីឲ្យពួកគេចងចាំដែរ។ ផ្ទុយទៅវិញ គឺដើម្បីទទួលបាននូវការយល់ដឹងត្រឹមត្រូវអំពីព្រះបន្ទូលទាំងនេះដែលព្រះជាម្ចាស់មានបន្ទូល ក៏ដូចជាបំណងព្រះហឬទ័យរបស់ទ្រង់។ វាគឺដើម្បីស្វែងរកផ្លូវដែលមនុស្សម្នាក់គួរអនុវត្ត ហើយរក្សាខ្លួនមិនឲ្យងាកទៅរកផ្លូវផ្ទាល់ខ្លួនវិញ។ លើសពីនេះទៀត វាធ្វើឡើងដើម្បីអាចដឹងរវាងគ្រប់ប្រភេទទាំងអស់នៃសភាព និងប្រភេទនៃមនុស្សដែលត្រូវបានបើកសម្ដែងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីអាចរកឃើញផ្លូវនៃការអនុវត្តដ៏ត្រឹមត្រូវ ដែលត្រូវប្រព្រឹត្តចំពោះមនុស្សម្នាក់ៗ។ ក្នុងពេលជាមួយគ្នានេះ វាក៏ត្រូវបានធ្វើឡើងដើម្បីចៀសវាងការវង្វេង និងដើរលើផ្លូវដែលព្រះជាម្ចាស់ស្អប់។ នៅពេលដែលអ្នករៀនពីរបៀបអធិស្ឋាន-អាន និងរបៀបសញ្ជឹងគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយធ្វើវាឲ្យបានញឹកញាប់ នោះទើបព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចចាក់ឬសនៅក្នុងដួងចិត្តអ្នក និងក្លាយជាជីវិតរបស់អ្នក។

ដកស្រង់ពី ការប្រកបរបស់ព្រះជាម្ចាស់

ទិដ្ឋភាពណាមួយក៏ដោយនៃតថភាពនៃសេចក្ដីពិតដែលអ្នកបានស្ដាប់ឮ ប្រសិនបើអ្នកលើកខ្លួនឯងប្រឆាំងនឹងវា អនុវត្តពាក្យទាំងនេះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ហើយរួបរួមពួកវាទៅក្នុងការអនុវត្តផ្ទាល់ខ្លួនរបស់អ្នក នោះអ្នកនឹងច្បាស់ជាទទួលបានអ្វីមួយជាក់ជាមិនខាន ហើយអ្នកមុខតែផ្លាស់ប្ដូរមិនខាន។ ប្រសិនបើអ្នកគ្រាន់តែញាត់ព្រះបន្ទូលទាំងនេះទៅក្នុងពោះរបស់អ្នក ហើយទន្ទិញពួកវានៅក្នុងខួរក្បាល នោះអ្នកនឹងមិនដែលផ្លាស់ប្ដូរទេ។ ខណៈពេលដែលស្ដាប់សេចក្ដីអធិប្បាយ អ្នកគួរតែសញ្ជឹងគិតដូច្នេះ៖ «តើព្រះបន្ទូលទាំងនេះសំដៅទៅលើសភាពប្រភេទណា។ តើទិដ្ឋភាពនៃសារជាតិអ្វីដែលព្រះបន្ទូលទាំងនេះសំដៅលើ? តើខ្ញុំគួរតែប្រើប្រាស់ទិដ្ឋភាពនៃសេចក្ដីពិតនេះនៅក្នុងបញ្ហាអ្វី? ពេលណាក៏ដោយដែលខ្ញុំធ្វើអ្វីមួយដែលទាក់ទងទៅនឹងទិដ្ឋភាពនៃសេចក្ដីពិតនេះ តើខ្ញុំកំពុងតែអនុវត្តដោយផ្អែកលើវាឬទេ? ហើយនៅពេលដែលខ្ញុំកំពុងតែយកទិដ្ឋភាពនៃសេចក្ដីពិតនេះទៅអនុវត្ត តើសភាពរបស់ខ្ញុំកំពុងរក្សាព្រះបន្ទូលទាំងនេះឬទេ? ប្រសិនបើមិនដូច្នោះទេ នោះតើខ្ញុំគួរតែស្វែងរក ប្រកបគ្នា ឬក៏រង់ចាំ?» តើអ្នកអនុវត្តដោយរបៀបនេះនៅក្នុងជីវិតរបស់អ្នករាល់គ្នាឬទេ? ប្រសិនបើអ្នកមិនអនុវត្តដោយរបៀបនេះទេ នោះជីវិតរបស់អ្នករាល់គ្នា គឺគ្មានព្រះជាម្ចាស់ និងគ្មានសេចក្ដីពិតទេ។ អ្នករស់នៅដោយផ្អែកលើអក្សរ និងគោលលទ្ធិ ឬក៏ផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួន ភាពជឿជាក់ និងការរីករាយសាទររបស់អ្នក។ អស់អ្នកណាដែលមិនមានសេចក្ដីពិត ជាភាពពិត គឺជាអស់អ្នកដែលគ្មានភាពពិត ហើយមនុស្សដែលមិនមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាភាពពិតរបស់ពួកគេ គឺជាមនុស្សដែលមិនបានចូលទៅក្នុងព្រះបន្ទូលរបស់ទ្រង់ទេ។

ដកស្រង់ពី «ការអនុវត្តដ៏សំខាន់បំផុតនៃភាពជាបុគ្គលស្មោះត្រង់ម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើមនុស្សគ្មានការប្រឹងប្រែងក្នុងសេចក្ដីពិតទេ នោះមិនយូរមិនឆាប់ទេ ពួកគេនឹងត្រូវដួលចុះ ហើយពួកគេនឹងពិបាកនឹងក្រោកឈរឱ្យបានរឹងណាស់។ នេះគឺដោយសារ នៅពេលការល្បងលធ្លាក់មកលើពួកគេ ការដោះស្រាយនឹងមិនពឹងផ្អែកលើពាក្យសម្ដី និងគោលលទ្ធិនោះទេ។ ពាក្យសម្ដី និងគោលលទ្ធិ មិនអាចដោះស្រាយបញ្ហាជាក់ស្ដែងបានទេ! អ្នកត្រូវមានការយល់ដឹងច្បាស់លាស់អំពីសេចក្ដីពិតនីមួយៗ ដោយគិតអំពីបញ្ហានោះជាប្រចាំ ដើម្បីឱ្យអ្នកយល់ដឹងវានៅក្នុងដួងចិត្តរបស់អ្នក និងបានដឹងវាគ្រប់សព្វ។ មានតែពេលនោះទេ ដែលអ្នកនឹងដឹងថាត្រូវធ្វើអ្វី នៅពេលមានអ្វីមួយកើតឡើងមកលើអ្នក។ ប៉ុន្តែតើអ្នកទទួលបានសេចក្ដីពិតនេះទេ ប្រសិនបើអ្នកពុំបានគិតពិរចារណាលើបញ្ហានោះផង? ប្រសិនបើអ្នកពុំបានសញ្ជឹងគិតអំពីបញ្ហានោះទេ នោះមិនថាអ្នកស្ដាប់ឮច្រើនប៉ុនណា ឬមិនថាអ្នកអាចនិយាយបានច្រើនប៉ុនណានោះទេ ក៏អ្នកនឹងមិនអាចយល់អត្ថន័យអ្វីផ្សេងក្រៅពីន័យធម្មតារបស់វាឡើយ។ អត្ថន័យធម្មតាទាំងអស់នេះ នឹងតែងតែធ្វើឱ្យអ្នកមានការភាន់ច្រឡំអំពីសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ដែលបានចេញជាផលផ្លែទៅហើយនោះ និងថាកម្ពស់របស់អ្នកខ្ពស់ខ្លាំងណាស់ ដោយសារអ្នកមានចិត្តឆេះឆួល និងមានថាមពល ក៏ប៉ុន្តែ នៅពេលណាដែលមានអ្វីមួយកើតឡើងចំពោះអ្នក អ្នកនឹងដឹងថា អត្ថន័យធម្មតាទាំងនេះ មិនអាចធានាឱ្យអ្នកធ្វើវាបានដោយរលូនតាមរយៈការល្បងល និងការសាកល្បងនេះទេ។ ជារឿយៗ មនុស្សតែងមានការភាន់ច្រឡំនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះពួកគេ ដោយគិតថា៖ «តើខ្ញុំគប្បីធ្វើអ្វីចំពោះរឿងនេះ? ខ្ញុំត្រូវប្រញាប់ ហើយស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកំណត់ពីគោលការណ៍ផ្សេងៗ។ តើវាឆ្លើយតបជាមួយទិដ្ឋភាពមួយណានៃសេចក្ដីពិតនេះ?» នៅពេលនោះ អ្នកនឹងដឹងថា អ្នកបានបំពាក់បំប៉នខ្លួនឯងដោយសេចក្ដីពិតតិចតួចណាស់ ហើយថាអ្នកយល់ដឹងតិចតួចណាស់អំពីធាតុពិតនៃសេចក្ដីពិត។ មនុស្សតែងតែដឹងអំពីចំណុចនេះនៅពេលពួកគេកំពុងត្រូវការជំនួយ។ នៅពេលពួកគេមិនត្រូវការជំនួយទេ ពួកគេតែងគិតថា ពួកគេមានសេចក្ដីពិតជាច្រើននៅក្នុងខ្លួនពួកគេ ថាពួកគេកំពុងពេញប្រៀបទៅដោយសេចក្ដីពិត។ តើពួកគេពេញប្រៀបទៅដោយអ្វីខ្លះ? ពេញប្រៀបទៅដោយពាក្យសម្ដី និងគោលលទ្ធិ ពេញប្រៀបទៅដោយអ្វីដែលរាក់កំភែល។ ពួកគេខុសដែលមានអារម្មណ៍ថា ពួកគេពេញប្រៀបទៅដោយសេចក្ដីពិត។ នៅពេលអ្នកមានអារម្មណ៍ថាអ្នកកំពុងពេញប្រៀបទៅដោយសេចក្ដីពិត អ្នកកំពុងតែស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ប៉ុន្តែនៅពេលអ្នកមានអារម្មណ៍ថា អ្នកគ្មានអ្វីទាំងអស់ ថាអ្នកមិនបានយល់អ្វីច្រើននោះទេ ពេលនោះអ្នកនឹងអាចគិតថាត្រូវចូលទៅក្នុងនោះដោយរបៀបណា។ ប្រសិនបើអ្នកតែងតែគិតថាអ្នកមានសេចក្ដីពិតរួចហើយ ថាអ្នកកំពុងពេញប្រៀបទៅដោយសេចក្ដីពិត ថាអ្នកមានគ្រប់គ្រាន់ហើយ ថាអ្នកស្គាល់ខ្លួនឯងហើយ និងស្រឡាញ់ព្រះជាម្ចាស់ ព្រមទាំងអាចធ្វើអ្វីៗបានសម្រាប់ព្រះជាម្ចាស់ ដូច្នេះនេះគឺជាទីស្គាល់នៃគ្រោះថ្នាក់ហើយ។ កាលណាអ្នកគិតបែបនេះកាន់តែច្រើន វាកាន់តែបញ្ជាក់ថា អ្នកគ្មានយល់អ្វីទាំងអស់ បញ្ជាក់ថាអ្នកត្រូវឃ្លាតឆ្ងាយពីតថភាពនៃសេចក្ដីពិត។ ត្រូវគិតអំពីរឿងនេះដោយប្រុងប្រយ័ត្ន។ រៀនសូត្រពីរបៀបសញ្ជឹងគិតអំពីសេចក្ដីពិត។ នេះគឺជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់មនុស្សដែលជឿលើព្រះជាម្ចាស់។

ដកស្រង់ពី «មាគ៌ាចេញមកអំពីការសញ្ជឹងគិតពីសេចក្ដីពិតជារឿយៗ» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

លេខយោង៖

ក. អត្ថបទដើមមិនមានឃ្លា «ប្រស្នារបស់»។

ខាង​ដើម៖ ២. វិធីដែលមនុស្សអាចចូលទៅក្នុងជីវិតខាងវិញ្ញាណដ៏សាមញ្ញ

បន្ទាប់៖ ៤. វិធីដែលមនុស្សអាចបង្កើតទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អាថ៌កំបាំងនៅពីក្រោយគម្ពីរម៉ាថាយ ២៤:៣៦៖ «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ»

បាតុភូតចន្ទក្រហមទាំងបួនបានលេចឡើង ហើយគ្រោះមហន្តរាយដូចជារញ្ជួយដី គ្រោះទុរភិក្ស និងជំងឺរាតត្បាតកំពុងតែកើនឡើងយ៉ាងច្រើន។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ