និមិត្ត​​អំពីកិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ (៣)

លើក​​ដំបូង​ដែល​ព្រះ​ជា​ម្ចាស់​បាន​យកកំណើត​ជា​មនុស្ស​ គឺ​តាម​​រយៈ​ការ​ចាប់​កំណើត​ដោយ​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ ហើយ​រឿង​នេះ​គឺ​មាន​ជាប់​ពាក់​ព័ន្ធទៅ​នឹង​កិច្ចការ​ដែល​ទ្រង់​មាន​សព្វ​ព្រះ​ហឫទ័យ​​ចង់​ធ្វើ​។ យុគសម័យនៃព្រះគុណ បាន​ចាប់​ផ្ដើមដោយ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​។​ នៅ​ពេល​ព្រះ​យេស៊ូវ​បាន​ចាប់​ផ្ដើម​បំពេញ​ព័ន្ធ​កិច្ច​របស់​ទ្រង់​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាប់​ផ្ដើម​ធ្វើ​ទី​បន្ទាល់​អំពី​ព្រះ​នាម​របស់​ព្រះយេស៊ូវ​ ហើយ​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ លែង​ត្រូវ​បាន​គេ​និយាយ​ទៀតហើយ​ ផ្ទុយ​ទៅ​វិញ​ ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បំពេញ​កិច្ចការ​ថ្មី​នេះ​ជា​គោលការណ៍​ក្រោម​ព្រះ​នាម​ព្រះ​​យេស៊ូវ​។​ ការ​ធ្វើ​ទី​បន្ទាល់​របស់​អ្នក​ដែល​បាន​ជឿ​លើ​ទ្រង់​ កើត​ចេញ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ ហើយ​កិច្ចការ​ដែល​ពួកគេ​បាន​ធ្វើ​ ក៏​ដើម្បី​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​។​ ​ការ​បិទ​បញ្ចប់​យុគសម័យ​នៃ​ក្រឹត្យវិន័យ​នៅក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ មាន​ន័យ​ថា​កិច្ចការ​ដែលធ្វើ​ឡើង​ជា​គោលការណ៍​ក្រោម​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ បាន​មក​ដល់​ទី​បញ្ចប់​ហើយ​។​ ​ហេតុដូច្នេះ​ ព្រះ​នាម​របស់ព្រះ​ជា​ម្ចាស់​ លែង​ហៅ​ថា​ព្រះ​យេហូវ៉ា​ទៀត​ហើយ​។ ផ្ទុយ​ទៅ​វិញ​ ទ្រង់​ត្រូវ​គេ​ហៅ​ថា​ ព្រះយេស៊ូវ​ ហើយ​ចាប់​ពី​ចំណុច​នេះ​តទៅ​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ចាប់​ផ្ដើម​កិច្ចការ​ជា​គោលការណ៍​នៅ​ក្រោម​ព្រះ​នាម​ព្រះ​យេស៊ូវ​។​ ដូច្នេះ​ សព្វ​ថ្ងៃ​នេះ​ ​មនុស្ស​នៅតែ​ហូប ​និង​ផឹក​ព្រះ​បន្ទូល​របស់​ព្រះយេហូវ៉ា​ដដែល ហើយ​នៅ​តែ​ធ្វើ​គ្រប់យ៉ាង​ទៅ​តាម​កិច្ចការ​នៃ​យុគសម័យ​នៃក្រឹត្យវិន័យ​ដដែល​ ​តើ​ឯង​មិន​កំពុង​អនុវត្ត​តាម​ក្រឹត្យវិន័យ​ទាំង​ងងឹត​ងងុល​ទេ​ឬអី​?​ ​តើ​ឯង​មិនមែន​កំពុង​ជាប់គាំង​នៅ​ក្នុង​អតីតកាល​ទេ​ឬ​?​ ឯង​រាល់​គ្នា​ដឹង​ថា​ គ្រា​ចុងក្រោយ​បាន​ចូល​មក​ដល់​ហើយ​។​ តើ​វា​អាច​ទេថា​ នៅ​ពេលដែល​​ព្រះ​យេស៊ូវ​យាង​មក​ ទ្រង់​នឹង​នៅ​តែ​ត្រូវ​គេ​ហៅ​ថា​ព្រះ​យេស៊ូវដដែល​?​ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​រាស្រ្ត​អ៊ី​ស្រាអែល​ថា​ ព្រះ‌មែស្ស៊ីនឹង​យាង​មក​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​នោះ​ ​ទ្រង់​មិន​ត្រូវ​គេ​ហៅ​ថា​ព្រះ​មែស្ស៊ី​ទេ​ ប៉ុន្តែ​ត្រូវ​គេ​ហៅ​ថា​ ព្រះយេស៊ូវ​។​ ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា​ ទ្រង់​នឹង​យាង​មក​ម្ដងទៀត​ ហើយ​ថា​ទ្រង់​នឹង​យាង​មក​ដោយសារ​ទ្រង់​បាន​យាង​ចាកចេញ​ទៅ​។​ ទាំង​អស់​នេះ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ ប៉ុន្តែ​តើ​ឯង​ឃើញ​ផ្លូវ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ចាក​ចេញ​ទៅ​ដែរ​ឬ​ទេ​?​ ព្រះ​យេស៊ូវ​បាន​យាង​ចាក​ចេញ​ទៅ​ដោយ​គង់​នៅ​លើដុំ​ពពក​ស ប៉ុន្តែ​​ តើ​អាច​ថា​ទ្រង់​នឹង​យាង​ត្រឡប់​មក​វិញ​នៅ​លើ​ដុំ​ពពក​ស​ដោយ​ផ្ទាល់​ព្រះ​អង្គ​ក្នុង​ចំណោម​មនុស្ស​​ដែរ​ឬ​ទេ​?​ ប្រសិន​បើ​ដូច្នេះ​មែន​ តើ​ទ្រង់​នឹង​មិន​នៅតែ​ត្រូវ​គេ​ហៅ​ថា​ ព្រះយេស៊ូវ​ដដែល​ទេ​ឬអី​?​ ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ម្ដង​ទៀត​ ​យុគ​សម័យ​នេះ​ នឹង​បាន​ផ្លាស់ប្ដូរ​រួច​ជា​ស្រេច​ ដូច្នេះ​ តើ​ទ្រង់​នៅ​តែ​អាច​ឲ្យ​គេ​ហៅ​ថា​ ព្រះយេស៊ូវ​ បាន​ដែរ​ឬ​ទេ​?​ ​តើអាច​ថា​ព្រះ​ជា​ម្ចាស់​អាច​ត្រឹមគេ​ស្គាល់​ដោយ​ព្រះនាម​ថា​ ព្រះយេស៊ូវ​ មែន​ទេ​?​ ​តើ​ទ្រង់​អាច​មិន​ត្រូវគេ​ហៅ​ដោយ​ព្រះ​នាម​ថ្មី​នៅ​ក្នុង​យុគ​សម័យ​ថ្មីនេះ​មែន​ទេ​?​ ​តើ​រូប​កាយ​របស់​មនុស្ស​ម្នាក់​ និង​ឈ្មោះ​ជាក់លាក់​ណា​មួយ​ អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ទាំង​ស្រុងដែរឬទេ​?​ នៅ​ក្នុង​យុគ​សម័យ​នីមួយ​ៗ​ ​ព្រះ​ជា​ម្ចាស់​បំពេញ​កិច្ចការ​ថ្មី​ ហើយ​ទ្រង់​ត្រូវ​គេ​ហៅ​ដោយ​ព្រះ​នាម​ថ្មី​មួយ​។ ​តើ​ទ្រង់​អាច​បំពេញ​កិច្ចការ​តែ​មួយ​នៅ​ក្នុង​យុគ​សម័យ​ផ្សេង​គ្នា​ម្តេច​បាន​? តើ​ទ្រង់​អាច​ដិត​ជាប់​ទៅ​នឹង​រឿង​ចាស់បាន​ដោយ​របៀប​ណា​?​ ព្រះនាម​របស់​ព្រះ​យេស៊ូវ​ ​ត្រូវ​បាន​ប្រើ​ដើម្បី​ជា​ប្រយោជន៍​ដល់​កិច្ចការ​នៃ​ការ​ប្រោស​លោះ​ ដូច្នេះ​ តើ​ទ្រង់​នៅ​តែ​ត្រូវ​គេ​ហៅ​ដោយ​ព្រះ​នាម​ដដែល ​នៅ​ពេល​ដែល​ទ្រង់យាង​ត្រឡប់​មក​វិញ​នៅ​គ្រា​ចុងក្រោយ​ដែរ​ឬ​ទេ​?​ ​តើ​ទ្រង់​នឹង​ត្រូវ​នៅ​បន្ត​បំពេញ​កិច្ចការ​នៃ​ការ​ប្រោស​លោះ​ដែរ​ឬទេ​?​ ​តើ​ហេតុ​អ្វី​បាន​ជា​ថា​ព្រះ​យេហូវ៉ា​ និង​ព្រះយេស៊ូវ​ ជា​ព្រះ​ជា​ម្ចាស់​តែ​មួយ​ ប៉ុន្តែ​ទ្រង់​ទាំង​ពីរ​ត្រូវ​គេ​ហៅ​ដោយ​ព្រះនាម​ខុស​គ្នា​នៅ​ក្នុង​យុគ​សម័យ​ផ្សេង​គ្នាទៅ​វិញ​?​ ​តើ​នេះ​មិនមែន​ដោយសារ​យុគ​សម័យ​នៃ​កិច្ចការ​របស់​ទ្រង់​ខុស​គ្នា​ទេ​មែន​ទេ​?​ ​តើព្រះនាម​តែ​មួយ​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ទាំង​ស្រុង​ដែរ​ឬ​ទេ​?​ ​បើ​បែប​នេះមែន​ ព្រះ​ជា​ម្ចាស់​ត្រូវ​ហៅ​ដោយ​ព្រះនាម​ខុស​គ្នា​នៅ​យុគ​សម័យ​ផ្សេង​គ្នា​ ហើយ​ទ្រង់​ត្រូវ​តែ​ប្រើ​ព្រះនាម​នេះ​ដើម្បី​ផ្លាស់ប្ដូរ​យុគ​សម័យ​នេះ​ និង​ដើម្បី​តំណាង​យុគ​សម័យ​នេះ​។​ ​ដ្បិត​គ្មានព្រះនាម​ណាមួយ​ដែល​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​​ផ្ទាល់​ព្រះ​អង្គពេញ​លេញ​នោះ​ឡើយ​ ហើយ​ព្រះ​នាម​នីមួយ​ៗ​ គឺ​អាច​ត្រឹម​តែ​តំណាង​ឲ្យ​ទិដ្ឋភាព​បណ្ដោះ​អាសន្ន​នៃ​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​យុគ​សម័យ​ណាមួយ​ប៉ុណ្ណោះ​។ អ្វី​ដែល​ព្រះនាម​អាច​ធ្វើ​បាន​ គឺ​តំណាង​ដល់​កិច្ចការ​របស់​ទ្រង់​។​ ហេតុ​នេះ​ ព្រះ​ជា​ម្ចាស់​អាច​ជ្រើស​រើស​ព្រះនាម​ណាមួយ​ក៏​បាន​ ដែល​ជា​អត្ថប្រយោជន៍​ដល់​និស្ស័យ​របស់​ទ្រង់ ​ដើម្បី​តំណាង​ដល់​យុគ​សម័យ​ទាំង​មូល​។​ មិន​ខ្វល់​ថា​តើ​វា​គឺ​ជា​យុគ​សម័យ​នៃ​ព្រះ​យេហូវ៉ា​ ឬ​ជា​យុគ​សម័យ​នៃ​ព្រះយេស៊ូវ​ទេ​ យុគ​សម័យ​នីមួយ​ៗ​ ​គឺ​ត្រូវ​មាន​ព្រះ​នាម​​តំណាង​មួយ​។​ នៅ​ចុង​បញ្ចប់​​យុគសម័យ​នៃ​ព្រះ​គុណ​ យុគ​សម័យ​ចុងក្រោយ​បាន​ចូល​មក​ដល់​ ហើយ​ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​ដល់​ហើយ​ដែរ។​ ​តើ​ទ្រង់​នៅ​តែអាច​ត្រូវគេ​ហៅ​ថា​ព្រះ​យេស៊ូវ​បាន​ដោយ​របៀប​ណា​?​ តើ​ទ្រង់​នៅ​តែ​អាច​មាន​ទម្រង់ជា​ព្រះ​យេស៊ូវ​ដែល​គង់​ក្នុង​ចំណោម​មនុស្ស​ដូចម្ដេច​បាន​?​ ​តើ​ឯង​បាន​ភ្លេច​ថា​ព្រះ​យេស៊ូវ​ គឺ​គ្មាន​អ្វី​ផ្សេង​ក្រៅ​ពី​រូប​អង្គ​របស់​អ្នក​ស្រុក​ណាសា‌រ៉ែត​ទេ​ឬ​អី​?​ ​តើ​ឯង​បាន​ភ្លេច​ថា​ព្រះ​យេស៊ូវ​ ​គឺ​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​មនុស្ស​ជាតិ​ហើយ​មែន​ទេ​?​ តើ​ទ្រង់​អាច​ទទួល​យក​កិច្ចការ​នៃ​ការ​យក​ឈ្នះ​ និង​ការ​ប្រោស​ឲ្យ​មនុស្ស​បាន​គ្រប់​លក្ខណ៍​នៅ​គ្រា​ចុងក្រោយ​បាន​ដោយ​របៀប​ណា? ព្រះយេស៊ូវ​បាន​យាង​ចាកចេញ​ទៅ​ដោយ​គង់​នៅ​លើ​ដុំ​ពពក​ស​ (នេះ​គឺ​ជា​ការ​ពិត) ប៉ុន្តែ​តើ​ទ្រង់​អាច​យាង​ត្រឡប់​មក​វិញ​ដោយ​គង់​នៅ​លើ​ដុំ​ពពកស​ក្នុង​ចំណោម​មនុស្ស​ និង​នៅ​តែ​ត្រូវ​ហៅ​ថា​ព្រះយេស៊ូវ​បាន​ដោយ​របៀប​ណា​?​ ប្រសិន​បើ​ទ្រង់​ពិត​ជា​បាន​យាង​មក​នៅ​លើដុំ​ពពកមែន​ តើ​មនុស្ស​អាចមិន​ស្គាល់​ទ្រង់​បាន​ដោយ​របៀប​ណា​?​ ​តើ​មនុស្ស​នៅ​លើ​ពិភពលោកនេះ​មិន​សុទ្ធ​តែ​ស្គាល់​ទ្រង់​ទេ​ឬ​អី​?​ នៅ​ក្នុង​ករណី​នោះ​ ​តើ​ព្រះ​យេស៊ូវ​តែ​មួយ​អង្គ​ឯង​មិន​មែន​ជា​ព្រះ​ជា​ម្ចាស់​ទេ​ឬ​អី​?​ ​នៅ​ក្នុង​ករណី​នោះ​ រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​ ​នឹង​​រូប​រាង​នៃ​ជាតិសាសន៍​យូដា​ម្នាក់ ហើយលើស​ពី​នេះ​ទៀត រូប​រាង​នេះ​​នឹង​នៅ​ដដែល​ជា​រៀង​រហូត​។ ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា​ ទ្រង់​នឹង​យាង​មក​ដោយ​សារ​ទ្រង់​បាន​យាង​ចាក​ចេញ​ទៅ​ ប៉ុន្តែ​តើ​ឯង​ដឹង​ពី​អត្ថន័យ​ពិត​នៃ​ព្រះ​បន្ទូលរបស់​ទ្រង់​ដែរ​ឬ​ទេ​?​ ​តើ​​អាច​ដោយសារ​ថា​ ​ទ្រង់​បានមាន​បន្ទូល​​ប្រាប់​ក្រុម​ឯង​រាល់​គ្នានេះ​មែន​ទេ​?​ ​អ្វី​គ្រប់យ៉ាង​ដែល​ឯង​ដឹង​គឺ​ថា​ ទ្រង់​នឹង​យាង​មក​ដោយសារ​ទ្រង់​បាន​យាង​ចាក​ចេញ​ទៅ​ ដោយ​គង់​នៅ​លើ​ដុំ​ពពក​ ប៉ុន្តែ​ តើ​ឯងដឹង​ច្បាស់​ថា ​ព្រះ​ជា​ម្ចាស់​ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់​ដោយ​ផ្ទាល់​ព្រះ​អង្គ​ដោយ​របៀប​ណាដែរ​ឬទេ​?​ ប្រសិន​បើ​ឯង​ពិត​ជា​អាច​មើល​ឃើញ​មែន​ នោះ​តើ​ព្រះ​បន្ទូល​ដែល​ព្រះ​យេស៊ូវ​បាន​សម្ដែង​មក​នោះ​ អាច​ពន្យល់​បាន​ដោយ​របៀប​ណា​?​ ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា​៖​ នៅ​ពេល​ដែល​កូន​មនុស្ស​មក​ដល់​នៅ​គ្រា​ចុង​ក្រោយ​ ទ្រង់​ផ្ទាល់​ព្រះ​អង្គ​​នឹង​មិនជ្រាប​ពី​ការ​នេះ​ទេ​ ពួកទេវតា​នឹង​មិន​ដឹង​ ​អ្នក​នាំ​សារ​នៅ​​ស្ថានសួគ៌​​នឹង​មិន​ដឹង​ ហើយ​មនុស្ស​ទាំង​អស់​ក៏នឹង​មិន​ដឹងដែរ​។​ មាន​តែ​ព្រះ​វរបិតា​ប៉ុណ្ណោះ​ដែល​នឹង​ជ្រាបពី​ការ​នេះ​ ពោលគឺ​មាន​តែ​ព្រះ​វិញ្ញាណ​ប៉ុណ្ណោះ​ដែល​នឹង​ជ្រាប​ពី​ការ​នេះ​។​ សូម្បី​តែ​កូន​មនុស្ស​ផ្ទាល់​ព្រះ​អង្គ​ក៏​មិន​ជ្រាប​ដែរ​ ក៏​ប៉ុន្តែ​ តើ​ឯង​អាច​មើល​ឃើញ​ និង​អាច​ដឹង​បាន​ដែរ​ឬ​ទេ​?​ ប្រសិន​បើ​ឯង​អាច​ដឹង​និង​ឃើញ​ដោយ​ភ្នែក​ផ្ទាល់​របស់​ឯង​បាន​ តើ​ព្រះ​បន្ទូល​ទាំង​អស់​នេះ​ ​មិន​ត្រូវ​បានសម្ដែង​មក​ដោយ​អសារ​ឥត​ការ​ទេឬ​អី​?​ ហើយ​តើ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​អ្វី​ខ្លះ​នៅ​ពេល​នោះ​?​ “But of that day and hour knows no man, not the angels of heaven, nor the Son, but My Father only. But as the days of Noah were, so shall also the coming of the Son of man be. … Therefore be you(pl) also ready: for in such an hour as you(pl) think not the Son of man comes.” នៅ​ពេល​ថ្ងៃ​នោះ​មក​ដល់​ កូន​មនុស្ស​ផ្ទាល់​ព្រះ​អង្គ​ ក៏​នឹង​មិន​ជ្រាប​ដឹង​ដែរ​។ កូន​មនុស្ស​សំដៅ​លើ​សាច់​ឈាម​របស់​ព្រះ​ជា​ម្ចាស់​ដែល​យក​កំណើត​ជា​មនុស្ស​ ដែល​ជា​មនុស្ស​សាមញ្ញ ​និង​ធម្មតា​ម្នាក់​។​ សូម្បី​តែ​កូន​មនុស្សផ្ទាល់​ព្រះ​អង្គ​​ ក៏​មិនជ្រាប​ដឹង​ដែរ​ ដូច្នេះ​ តើ​ឯង​អាច​ដឹង​បាន​របៀប​ណា​?​ ព្រះយេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា​ ទ្រង់​នឹង​យាង​មក​ដោយសារ​ទ្រង់​បាន​យាង​ចាក​ចេញ​ទៅ​។ នៅ​ពេល​ដែល​​ទ្រង់​យាង​មក​ សូម្បី​តែ​ទ្រង់ផ្ទាល់​ព្រះ​អង្គ​​ក៏​មិន​ជ្រាប​ដែរ​ ដូច្នេះ​ តើ​ទ្រង់​អាច​មាន​បន្ទូល​ប្រាប់​ដល់​ឯង​ជា​មុន​បាន​ដោយ​របៀប​ណា​?​ ​តើ​ឯង​អាច​មើល​ឃើញ​ការ​យាង​មក​ដល់​របស់​ទ្រង់​ដែរ​ឬ​ទេ​?​ តើ​នោះ​មិនមែន​ជា​ការកំប្លែង​ទេ​ឬ​អី​?​ រៀង​រាល់​ពេល​ដែល​ព្រះ​ជា​ម្ចាស់​យាង​មក​កាន់​ផែន​ដី​ ទ្រង់​ផ្លាស់ប្ដូរ​ព្រះនាម​របស់​ទ្រង់​ ផ្លាស់ប្ដូរ​ភេទ​របស់​ទ្រង់​ ផ្លាស់ប្ដូរ​រូប​អង្គ​របស់​ទ្រង់​ និង​ផ្លាស់ប្ដូរ​កិច្ច​ការ​​របស់​ទ្រង់​។ ទ្រង់​មិន​ដែល​បំពេញ​កិច្ចការ​ដដែល​ៗ​នោះ​ទេ​។ ទ្រង់​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​តែង​តែ​ថ្មី​ជា​និច្ច និង​មិន​ដែល​ចាស់​ឡើយ​។ នៅ​ពេល​ដែល​ទ្រង់​យាង​មក​កាល​ពី​មុន​ ទ្រង់​ត្រូវ​គេ​ហៅ​ថា​ព្រះ​យេស៊ូវ​​។ ​តើ​ទ្រង់​នៅ​តែ​អាច​ត្រូវ​គេ​ហៅ​ថា​ព្រះយេស៊ូវ​ម្តង​ទៀត​ទេ​ នៅ​​ពេល​ដែល​ទ្រង់យាង​មក​ម្ដង​ទៀតនោះ​?​ នៅ​ពេល​ដែល​ទ្រង់​បាន​យាង​មក​កាល​ពី​លើ​កមុន​ ទ្រង់​គឺ​ជា​មនុស្ស​ប្រុស​។ តើនៅ​ពេល​នេះ ​ទ្រង់​អាច​ជា​មនុស្ស​ប្រុស​ម្ដង​ទៀត​ដែរ​ឬ​ទេ​? កិច្ចការ​របស់​ទ្រង់​នៅ​ពេល​ដែល​ទ្រង់​បាន​យាង​មក​ក្នុង​អំឡុង​យុគសម័យ​នៃ​ព្រះគុណ​ គឺ​ដើម្បី​ឲ្យ​គេឆ្កាង​​ទៅ​នឹង​ឈើ​ឆ្កាង​។ នៅ​ពេលដែល​​ទ្រង់​យាង​មក​ម្ដង​ទៀត​ តើ​ទ្រង់​នៅ​តែ​អាច​ប្រោស​លោះ​មនុស្ស​​ជាតិ​ឲ្យ​រួច​ពី​អំពើ​បាន​ដែរ​ឬ​ទេ​? តើ​ទ្រង់​អាច​ត្រូវ​គេ​ឆ្កាង​​ទៅ​នឹង​ឈើ​ឆ្កាង​ម្ដង​ទៀត​ដែរ​ឬ​ទេ​? តើនោះ​នឹង​មិន​មែន​​​ធ្វើ​ឲ្យ​កិច្ចការ​របស់​ទ្រង់​ទៅ​ជា​ច្រំ​ដែល​ទេ​ឬ​អី​? ​តើ​ឯង​មិន​ដឹង​ថា​ព្រះ​ជា​ម្ចាស់​គឺ​តែង​តែ​ថ្មី​ជា​និច្ច និង​មិនដែល​ចាស់​ទេ​ឬ​អី​? ​មាន​អ្នក​ខ្លះ​និយាយ​ថា​ ព្រះ​ជា​ម្ចាស់​គឺ​មិន​ប្រែ​ប្រួល​ទេ​។​ នោះ​គឺ​ត្រឹម​ត្រូវ​ហើយ​ ប៉ុន្តែ​វា​សំដៅ​លើ​ភាព​មិន​ប្រែ​ប្រួល​នៃ​និស្ស័យ​របស់​ព្រះ​ជាម្ចាស់​ និង​លក្ខណៈ​សំខាន់​​របស់​ទ្រង់​ប៉ុណ្ណោះ​។ ​ការ​ផ្លាស់​ប្ដូរ​ព្រះ​នាម​ និង​កិច្ចការ​របស់​ទ្រង់​ មិន​បាន​បញ្ជាក់​ថា​ ​​លក្ខណៈ​សំខាន់​​របស់​ទ្រង់​បាន​ផ្លាស់ប្ដូរ​នោះ​ទេ​។ ម្យ៉ាង​វិញ​ទៀត​ ព្រះ​ជា​ម្ចាស់​នឹង​តែង​តែ​ជា​ព្រះ​ជា​ម្ចាស់​ជា​និច្ច ហើយ​ចំណុច​នេះ​នឹង​មិនដែល​ផ្លាស់ប្ដូរ​ឡើយ​។​ ប្រសិន​បើ​ឯង​និយាយ​ថា​ កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​គឺ​មិន​ប្រែ​ប្រួល​ នោះ​តើ​ទ្រង់​នឹង​អាច​បញ្ចប់​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​ប្រាំ​មួយ​ពាន់​ឆ្នាំ​របស់​ទ្រង់​បាន​ដោយ​របៀប​ណា​? ​ឯង​គ្រាន់​តែ​ដឹង​ថា​ ព្រះ​ជា​ម្ចាស់​គឺ​មិន​ប្រែ​ប្រួល​ជា​រៀង​រហូត​ ប៉ុន្តែ​តើ​ឯង​ដឹង​ថា​ព្រះ​ជា​ម្ចាស់​គឺ​តែង​តែ​ថ្មី​ជា​និច្ច និង​មិន​ដែល​ចាស់​ដែរ​ឬ​ទេ​? ប្រសិន​បើ​កិច្ច​ការ​របស់​ព្រះ​ជា​ម្ចាស់​គឺ​មិន​ប្រែ​ប្រួល​ ​តើ​ទ្រង់​អាច​ដឹក​នាំ​មនុស្ស​ជាតិ​ទាំង​អស់​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ​បាន​ដែរ​ឬ​ទេ​? ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​គឺ​មិន​ប្រែ​ប្រួល​ ​តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​បាន​បញ្ចប់​កិច្ចការ​របស់​ទ្រង់​ក្នុង​យុគសម័យ​ចំនួន​ពីរ​? ​កិច្ចការ​របស់​ទ្រង់​មិន​ដែលឈប់​បោះ​ជំហាន​ទៅ​មុខ​ឡើយ​ ដែល​មាន​ន័យ​ថា​ និស្ស័យ​របស់​ទ្រង់​ គឺ​ត្រូវ​បើក​សម្ដែង​ឲ្យ​មនុស្ស​​បាន​​ឃើញ​បន្ដិច​ម្ដង​ៗ​ ហើយ​អ្វី​ដែល​ត្រូវ​បើក​សម្ដែ​ង​នោះ​ គឺ​និស្ស័យ​របស់​ទ្រង់​។​ កាល​ដើម​ដំបូង​ឡើយ​ ​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ត្រូវ​បាន​លាក់​បាំង​មិន​ឲ្យ​មនុស្ស​ដឹង​ទេ​ ទ្រង់​មិន​ដែល​បើកសម្ដែង​និស្ស័យ​របស់​ទ្រង់​ឲ្យ​មនុស្ស​បាន​ឃើញ​ដោយបើក​ចំហ​ឡើយ​ ហើយ​មនុស្ស​គ្មាន​ចំណេះ​ដឹង​អ្វី​អំពី​ទ្រង់​នោះ​ទេ​។​ ដោយសារ​ចំណុច​នេះ​ហើយ​ទើប​ទ្រង់​ប្រើ​កិច្ចការ​របស់​ទ្រង់​ដើម្បី​បើក​សម្ដែង​និស្ស័យ​របស់​​ទ្រង់​​ឲ្យ​មនុស្ស​​បាន​ឃើញ​បន្ដិច​ម្ដង​ៗ​ ប៉ុន្តែ​ការ​បំពេញ​កិច្ចការ​ដោយ​​បែប​នេះ​ ពុំ​មាន​ន័យ​ថា​ និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ផ្លាស់ប្ដូរ​នៅ​គ្រប់​យុគ​សម័យ​ឡើយ​។​ ​មិន​មែន​ថា​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ប្រែ​ប្រួល​​ឥត​ឈប់​ដោយសារ​ព្រះហឫទ័យ​របស់​ទ្រង់​ ​តែ​ង​តែ​ផ្លាស់ប្ដូរ​ជា​និច្ច​​នោះ​ឡើយ។​ ផ្ទុយ​ទៅ​វិញ​ គឺ​ដោយសារ​យុគ​សម័យ​នៃ​កិច្ចការ​របស់​ទ្រង់​ខុស​ៗ​គ្នា​ ទើប​ព្រះ​ជា​ម្ចាស់​ទ្រង់​យក​និស្ស័យ​របស់​ទ្រង់ឲ្យ​បាន​ទាំង​ស្រុង​ ដោយ​បើក​សម្ដែង​ឲ្យ​មនុស្ស​ឃើញ​មួយ​ជំហាន​ម្ដងៗ​​ ដើម្បី​ឲ្យ​មនុស្ស​អាច​ស្គាល់​ទ្រង់​បាន​។​ ​ប៉ុន្តែ​នេះ​ពុំ​មែន​ជា​សេចក្ដី​សម្អាង​ដែលថា​ព្រះ​ជា​ម្ចាស់​មិនមាន​និស្ស័យ​ជាក់​លាក់​ណាមួយ​ពី​ដើម​មក​នោះ​ទេ​ ឬ​ថា​និស្ស័យ​របស់​ទ្រង់​បា​ន​ផ្លាស់ប្ដូរ​បន្តិច​ម្ដង​ៗ​នៅ​ពេលដែល​យុគសម័យនី​មួយ​ៗ​បាន​កន្លង​ផុត​ទៅនោះទេ​ ​ការ​យល់​​ដឹង​បែប​នេះ​ នឹង​ក្លាយ​ជា​ការ​យល់​ដឹងដែល​មិន​ត្រឹម​ត្រូវ​។​ ​ព្រះ​ជា​ម្ចាស់​បើក​សម្ដែង​និស្ស័យ​ដែល​មាន​តាំង​ពីដើម​មក ​និង​និស្ស័យ​ជាក់​លាក់​របស់​ទ្រង់​ឲ្យ​មនុស្ស​បាន​ឃើញ​ (លក្ខណៈ​របស់​ទ្រង់) ​ស្រប​ទៅ​តាម​យុគសម័យ​នីមួយ​ៗ​ដែល​បាន​កន្លង​ផុត​ទៅ​។ ​កិច្ច​ការ​នៃ​យុគសម័យ​មួយ​ មិន​អាច​សម្ដែង​ចេញ​នូវ​និស្ស័យ​ទាំង​ស្រុង​របស់​ព្រះ​ជាម្ចាស់​បាន​ឡើយ​។​ ហេតុ​ដូច្នេះ​ហើយ​ ពាក្យ​ថា​ “​ព្រះ​ជា​ម្ចាស់​តែង​តែ​ថ្មី​ជា​និច្ច និង​មិន​ដែល​ចាស់​”​ សំដៅ​លើ​កិច្ចការ​របស់​ទ្រង់​ ហើយ​ពាក្យ​ថា​ “​ព្រះ​ជា​ម្ចាស់​គឺ​មិន​ប្រែប្រួល”​ សំដៅ​លើ​កម្មសិទ្ធិ ​និង​លក្ខណៈ​របស់​ទ្រង់​។​ បើ​មិន​គិត​បែប​នេះ​ទេ​ ឯង​មិន​អាច​ធ្វើ​ឲ្យ​កិច្ចការ​រយៈ​ពេល​ប្រាំ​មួយ​ពាន់​ឆ្នាំ​ភ្ជាប់​គ្នា​នឹង​ចំណុច​តែ​មួយ​បាន​ទេ​ ឬ​វិល​វល់​ចុះ​ឡើង​ជា​មួយ​​ព្រះ​បន្ទូលដែល​​ស្លាប់ប៉ុណ្ណោះ​។ បែប​នេះ​ គឺ​ជា​ភាព​ល្ងង់​ខ្លៅ​របស់​មនុស្ស​។​ ​ព្រះ​ជា​ម្ចាស់​គឺ​មិន​​ធម្មតា​ដូច​ជា​មនុស្ស​ស្រមៃ​នោះ​ទេ​ ហើយ​កិច្ចការ​របស់​ទ្រង់​មិន​អាច​បង្អែរ​បង្អង់​ក្នុង​យុគ​សម័យ​ណាមួយ​បាន​ឡើយ​។​ ឧទាហរណ៍ ព្រះយេហូវ៉ា​មិន​អាច​តែង​តែតំណាងឲ្យ​ព្រះ​នាម​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​​។ ព្រះ​ជា​ម្ចាស់​ក៏​អាច​បំំពេញ​កិច្ចការ​របស់​ទ្រង់​នៅ​ក្រោម​ព្រះ​នាម​របស់​ព្រះយេស៊ូវ​បាន​ដែរ​។ នេះគឺ​ជា​ទី​សម្គាល់​ដែល​ថា​ កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់ ​គឺ​តែង​តែ​ចម្រើន​ទៅ​មុខ​ជា​និច្ច​។​

ព្រះ​ជា​ម្ចាស់​គឺ​តែង​តែ​ជា​ព្រះ​ជា​ម្ចាស់​ជា​និច្ច​ ហើយ​ទ្រង់​នឹង​មិន​អាច​ក្លាយ​ជា​សាតាំង​ជា​ដាច់​ខាត​។ សាតាំង​គឺ​នៅ​តែ​ជា​សាតាំង​ ហើយ​វា​នឹង​មិន​អាច​ក្លាយ​ជា​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​។​ ព្រះ​ប្រាជ្ញា​ញាណ​​របស់​​ព្រះ​ជា​ម្ចាស់​ ​ការ​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់​ សេចក្ដី​សុចរិត​របស់​ព្រះ​ជា​ម្ចាស់​ ឫទ្ធានុភាព​របស់ព្រះ​ជា​ម្ចាស់​ ​នឹង​មិន​ផ្លាស់ប្ដូរ​ឡើយ​។ សារ​ជាតិ​របស់​ទ្រង់​ និង​កម្មសិទ្ធិ​ និង​លក្ខណៈ​របស់​ទ្រង់​ នឹង​មិន​ដែល​ផ្លាស់ប្ដូរ​ឡើយ​។ ក៏​ប៉ុន្តែ​ ចំពោះ​កិច្ចការ​របស់​ទ្រង់​វិញ​ គឺ​វា​តែង​តែ​ចម្រើន​ទៅ​មុខ​ជា​និច្ច​ តែង​តែ​ចូល​ជ្រៅ​ទៅ​មុខ​ ដ្បិត​ទ្រង់​​គឺ​តែង​តែ​ថ្មី​ជា​និច្ច​ និង​មិនដែល​ចាស់​ឡើយ​។​ ​នៅក្នុង​​យុគ​សម័យ​នីមួយ​ៗ​ ព្រះ​ជា​ម្ចាស់​តែង​យក​ព្រះ​នាម​ថ្មីមួយ​ នៅ​ក្នុង​យុគ​សម័យ​នីមួយ​ៗ​ ទ្រង់​បំពេញ​កិច្ចការ​ថ្មី​ ហើយ​នៅក្នុង​​យុគ​សម័យ​នីមួយ​ៗ​ ​ទ្រង់​អនុញ្ញាត​ឲ្យ​អ្វី​ដែល​ទ្រង់​បាន​បង្កើត​មក​ មើល​ឃើញ​ពី​បំណង​ព្រះហឫទ័យ​ថ្មី​ និង​និស្ស័យ​ថ្មី​របស់​ទ្រង់​។​ នៅ​ក្នុង​យុគ​សម័យ​ថ្មី ​ប្រសិន​បើ​មនុស្ស​មិន​អាច​មើល​ឃើញ​ការ​បើក​សម្ដែង​អំពី​និស្ស័យ​​ថ្មី​របស់​ព្រះ​ជា​ម្ចាស់​ទេ​ តើ​ពួកគេ​​អាច​នឹង​មិន​ឆ្កាង​ទ្រង់​​ទៅ​នឹង​ឈើ​ឆ្កាង​ជា​រៀង​រហូត​ដែរឬទេ​? ហើយ​ការ​ធ្វើ​បែប​នេះ​ តើ​ពួកគេ​នឹង​មិនកំណត់និយមន័យ​ឲ្យ​ព្រះ​ជាម្ចាស់​ទេ​ឬ​អី​? ប្រសិន​​បើ​ព្រះ​ជា​ម្ចាស់​យកកំណើត​ជា​មនុស្ស​ តែ​ជា​មនុស្ស​ប្រុស​ នោះមនុស្ស​នឹង​កំណត់​ថា​ទ្រង់​ គឺ​ជា​មនុស្ស​ប្រុស​ ជា​ព្រះ​ជា​ម្ចាស់​ដែល​ជា​មនុស្ស​ប្រុស​ ហើយ​នឹង​មិន​ដែល​ជឿ​ថា​ទ្រង់​អាច​ក្លាយ​ជា​ព្រះ​ជា​ម្ចាស់​ដែល​ជា​មនុស្ស​ស្រី​ឡើយ​។​ បន្ទាប់​មក​ទៀត​ ​មនុស្ស​នឹង​គិត​ថា​ព្រះ​ជា​ម្ចាស់​គឺ​មាន​ភេទ​ដូច​មុន គឺ​ជា​មនុស្ស​ប្រុស​ ថា​ព្រះ​ជា​ម្ចាស់​គឺ​ជា​មេ​នៃ​មនុស្ស​ប្រុស​ ​ប៉ុន្តែ​ ចុះ​ចំណែក​មនុស្ស​ស្រី​វិញ​?​ ​រឿង​នេះ​គឺ​មិន​យុត្តិធម៌​ទេ​។ ​តើ​នេះ​មិន​មែន​ជា​ការ​កំណត់​តាម​ការ​និយម​ចូល​ចិត្ត​ទេ​ឬ​អី​? ប្រសិន​បើ​នេះ​គឺ​ជា​ការ​ពិ​ត​មែន​ នោះ​អស់​អ្នក​ណា​ដែល​ព្រះ​ជា​ម្ចាស់​បាន​សង្គ្រោះ​ ​នឹង​ក្លាយ​ជា​មនុស្ស​ប្រុស​ដូច​ជា​ទ្រង់​ដែរ​ ​ហើយ​គ្មានមនុស្ស​​ស្រី​ណា​ម្នាក់​ដែល​នឹង​ត្រូវ​សង្គ្រោះ​នោះ​ទេ​។​ នៅ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​បាន​បង្កើត​មនុស្ស​ជាតិ​មក​ ទ្រង់​បាន​បង្កើតអ័ដាម​ រួច​ទ្រង់​បាន​បង្កើត​អេវ៉ា។ ទ្រង់​មិន​ត្រឹម​តែ​បាន​បង្កើត​អ័ដាម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ទ្រង់ក៏​បាន​បង្កើត​ទាំង​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​ឲ្យ​ដូច​រូប​អង្គ​របស់​ទ្រង់​​ដែរ​។​ ព្រះ​ជា​ម្ចាស់​មិន​គ្រាន់​តែ​ជា​ព្រះ​ជា​ម្ចាស់​របស់​មនុស្ស​ប្រុស​ទេ​ ប៉ុន្តែ​ទ្រង់​ក៏​ជា​ព្រះ​ជា​ម្ចាស់​របស់​មនុស្ស​ស្រី​ដែរ​។​ ព្រះ​ជា​ម្ចាស់​យាង​ចូលមក​​ក្នុង​យុគ​សម័យ​នៃ​កិច្ចការ​ថ្មី​នៅ​គ្រា​ចុងក្រោយ​។​ ​ទ្រង់​នឹង​បើក​សម្ដែង​និស្ស័យ​របស់​ទ្រង់​កាន់​តែ​ច្រើន​ ហើយនិស្ស័យ​នោះ​​នឹង​មិនមែន​ជា​ចិត្តក្ដួល​អាណិត​ និង​សេចក្ដី​ស្រឡាញ់​ដូច​នៅ​ក្នុង​សម័យ​របស់​ព្រះ​យេស៊ូវ​ឡើយ​។​ ដោយសារ​ទ្រង់​មាន​កិច្ចការ​ថ្មី​នៅ​ក្នុង​ព្រះហស្ដ​របស់​ទ្រង់​ កិច្ចការ​ថ្មីនេះ​​នឹង​ត្រូវ​មាន​មក​ជាមួយ​នូវ​​និស្ស័យ​ថ្មី​ដែរ​។​ ​ដូច្នេះ​ ប្រសិន​​បើ​កិច្ចការ​នេះ​ត្រូវ​ព្រះ​វិញ្ញាណបំពេញ​ ​ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​មិន​បាន​យកកំណើត​ជាមនុស្ស​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​ ​ព្រះ​វិញ្ញាណ​បាន​មាន​ព្រះ​បន្ទូល​ដោយ​ផ្ទាល់​តាម​រយៈ​សំឡេង​ផ្គរលាន់​ ដើម្បី​ឲ្យ​មនុស្ស​គ្មាន​ផ្លូវ​ណាអាច​ទាក់​ទង​ជា​មួយ​ទ្រង់​បាន​ តើ​មនុស្ស​អាច​ស្គាល់​ពី​និស្ស័យ​របស់​ទ្រង់​ដែរ​ឬ​ទេ​? ប្រសិន​បើ​ព្រះ​វិញ្ញាណ​បំពេញ​កិច្ចការ​តែ​មួយ​ព្រះ​អង្គ​ឯង​ នោះ​មនុស្ស​នឹង​គ្មាន​ផ្លូវ​ដែល​អាច​ស្គាល់​ពី​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​។​ ​មនុស្ស​អាច​ត្រឹម​តែ​ឃើញ​ពី​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ដោយ​ភ្នែក​របស់​ពួកគេ​ នៅ​ពេល​ដែល​ទ្រង់​យកកំណើត​ជា​មនុស្ស​ នៅ​ពេលដែល​ព្រះបន្ទូល​លេច​មក​ជាសាច់ឈាម ហើយ​ទ្រង់​បើកសម្ដែង​ពី​និស្ស័យ​របស់​ទ្រង់​ទាំង​ស្រុង​តាម​រយៈ​សាច់​ឈាម​ប៉ុណ្ណោះ​។​ ព្រះ​ជា​ម្ចាស់​ពិត​ជា​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ពិត​ប្រាកដ​មែន​។​ ទ្រង់​គឺ​រូបី​ មនុស្ស​អាច​បន្ស៊ី​គ្នា​ជា​មួយ​និស្ស័យ​របស់​ទ្រង់​បាន​ដោយ​ផ្ទាល់​ អាច​ពាក់​ព័ន្ធ​នឹង​កម្មសិទ្ធិ​ និង​លក្ខណៈ​របស់​ទ្រង់​បាន​។ ​មាន​តែ​បែប​នេះ​ទេ​ដែល​មនុស្ស​អាច​ស្គាល់​ទ្រង់​បាន​ដោយ​ពិត​ប្រាកដ​។​ ​នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ ព្រះ​ជា​ម្ចាស់​ក៏​បាន​បញ្ចប់​កិច្ច​ការ​ដែល​ “​ព្រះ​ជា​ម្ចាស់​ គឺ​ជា​ព្រះ​ជា​ម្ចាស់​របស់​មនុស្ស​ប្រុស​ និងជា​ព្រះ​ជាម្ចាស់​របស់​មនុស្ស​ស្រី​”​ និង​បាន​បញ្ចប់​កិច្ចការ​របស់​ទ្រង់​ទាំង​ស្រុង​នៅ​ខាង​សាច់​ឈាមដែរ​។​ ទ្រង់​មិន​ដែល​បំពេញ​កិច្ចការ​ជាន់​គ្នា​នៅ​ក្នុង​យុគ​សម័យ​ណា​មួយ​ឡើយ​។​ ដោយសារ​គ្រា​ចុងក្រោយ​បាន​ចូល​មក​ដល់ហើយ​ ទ្រង់​នឹង​បំពេញ​កិច្ចការ​ដែល​ទ្រង់​ត្រូវ​បំពេញ​នៅ​គ្រា​ចុងក្រោយ​ រួច​បើក​សម្ដែង​ពី​និស្ស័យ​របស់​ទ្រង់​ទាំង​ស្រុង​នៅ​គ្រា​ចុងក្រោយ​។​ និយាយ​ពី​គ្រា​ចុងក្រោយ​នេះ​ ​គឺ​សំដៅ​លើ​យុគសម័យ​ខុស​គ្នា​ ពោល​គឺ​ជា​យុគសម័យ​មួយ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា​ ឯង​រាល់​គ្នា​នឹង​ជួប​គ្រោះ​មហន្តរាយ​ជា​ប្រាកដ​ និង​ជួប​គ្រោះ​រញ្ជួយដី​ គ្រោះ​ទុរភិក្ស​ ​និង​រោគ​ពិស​ ​ដែល​ទាំង​នេះ​នឹង​បង្ហាញ​ថា​ នេះ​គឺ​ជា​យុគ​សម័យ​ថ្មី​មួយ​ គឺ​លែង​ជា​យុគសម័យ​នៃ​ព្រះគុណ​ពី​មុន​ទៀត​ហើយ​។​ ឧបមា​ដូចជា​​មនុស្ស​និយាយថា​ ព្រះ​ជា​ម្ចាស់​គឺ​មិន​ប្រែ​ប្រួល​ជា​រៀង​រហូត​ និស្ស័យ​របស់​ទ្រង់​គឺ​តែង​តែ​មាន​ចិត្ត​ក្ដួលអាណិត​ និងគួរឲ្យ​ស្រឡាញ់​ ថា​ទ្រង់​ស្រឡាញ់​មនុស្ស​ដូច​ជារូប​អង្គទ្រង់​ ហើយ​ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ និង​មិន​ដែល​ស្អប់​មនុស្ស​ឡើយ​ តើ​កិច្ចការ​របស់​ទ្រង់​នឹង​អាច​ចូល​ដល់​ទី​បញ្ចប់​បាន​ដែរ​ឬ​ទេ​?​ នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​យាង​មក​ និង​ត្រូវ​គេបោះ​ភ្ជាប់​ទៅ​នឹង​ឈើឆ្កាង​ ដោយ​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់​សម្រាប់​អ្នក​មាន​អំពើ​បា​ប​ទាំង​អស់​ និង​បូជា​ព្រះ​អង្គ​ទ្រង់​ថ្វាយ​នៅ​លើ​អាសនា​ នោះ​ទ្រង់​បាន​បញ្ចប់​កិច្ចការ​នៃ​ការ​ប្រោស​លោះ​រួច​ស្រេច​ហើយ​ និង​បាន​នាំ​យុគ​សម័យ​នៃ​ព្រះគុណ​ទៅ​រក​ទី​ចុង​បញ្ចប់​។​ ដូច្នេះ​ ​តើ​ការ​ធ្វើ​កិច្ចការ​នេះ​ម្ដង​ទៀត​នៅ​យុគ​សម័យ​នៃ​គ្រា​ចុងក្រោយ​នេះ​មាន​ប្រយោជន៍​អ្វី​?​ ​តើ​ការ​ធ្វើ​រឿង​ដដែល​ៗ​ មិន​មែន​ជា​ការ​បដិសេធ​កិច្ច​ការ​របស់​ព្រះ​យេស៊ូវ​ទេ​ឬ​អី​? ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​មិន​បាន​បំពេញ​កិច្ចការ​នៃ​ការជាប់​​ឆ្កាង​នៅ​ពេល​ដែល​ទ្រង់​យាង​មក​នៅ​ក្នុង​​ដំណាក់​កាល​នេះទេ​ ប៉ុន្តែ​បែរ​ជា​បន្ត​ស្រឡាញ់ ​និង​មាន​ព្រះ​ហឫទ័យ​​ក្ដួល​អាណិត​ ដូច្នេះ​តើ​ទ្រង់​​អាចនឹង​​នាំ​យុគ​សម័យ​នោះ​ទៅ​រក​ទី​បញ្ចប់​បាន​ដោយ​របៀប​ណា​? ​តើ​ព្រះ​ជា​ម្ចាស់​ដែល​គួរ​ឲ្យ​ស្រឡាញ់​ និង​មាន​ព្រះ​ហឫទ័យ​​ក្ដួល​អាណិត​ នឹង​អាច​នាំ​យុគ​សម័យ​​នេះ​ទៅ​រក​ទី​បញ្ចប់​បាន​ដែរ​ឬ​ទេ​? នៅ​ចុងបញ្ចប់​នៃ​កិច្ចការ​បិទ​បញ្ចប់​យុគសម័យ​របស់​ទ្រង់​ និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ជា​ការ​វាយ​ផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​ ដែល​ទ្រង់​បើក​សម្ដែង​ពី​គ្រប់​ការ​ទាំង​អស់​ដែល​មិន​សុច​រិត​ គឺដើម្បី​ធ្វើ​ការ​ជំនុំ​ជម្រះ​មនុស្សទាំង​អស់​ជា​សាធារណៈ និង​ដើម្បី​ប្រោស​អ្នក​ដែល​ស្រឡាញ់​ទ្រង់ដែល​មាន​ដួង​ចិត្ត​​ស្មោះ​ឲ្យ​បាន​គ្រប់​លក្ខណ៍​។ មាន​តែ​និស្ស័យ​បែប​នេះ​ទេ​ដែល​អាច​​នាំ​យុគសម័យ​នេះ​ទៅ​រក​ទី​បញ្ចប់​បាន​។​ គ្រា​ចុង​ក្រោយ​បាន​ចូល​មក​ដល់​ហើយ​។ ​របស់​​សព្វ​សារ​ពើ​ដែល​បាន​បង្កើត​មក​ ​នឹង​​ត្រូវ​ញែកដាច់​ពី​គ្នា​ទៅ​តាម​ប្រភេទ​របស់​វា​ ហើយ​ត្រូវ​បែង​ចែង​ទៅ​តាមប្រភេទ​ខុស​គ្នា​ផ្អែក​តាម​លក្ខណៈ​របស់​ពួកគេ​។​ ​នេះ​គឺ​ជា​ពេលវេលា​ដែល​ព្រះ​ជា​ម្ចាស់​បើក​សម្ដែង​ពី​លទ្ធផល​របស់​មនុស្ស​ និង​វាសនា​របស់​ពួក​គេ​។​ ប្រសិន​បើ​មនុស្ស​មិន​បាន​ឆ្លង​កាត់​កា​រវាយ​ផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​ទេ​ នោះ​នឹង​គ្មានផ្លូវ​ដែល​អាច​សម្ដែង​ឲ្យ​យល់​ពី​ការ​មិន​ស្ដាប់​បង្គាប់ និង​សេចក្ដី​ទុច្ច​រិត​របស់​ពួកគេបាន​ឡើយ​។​ ​មានតែ​តាម​រយៈ​ការ​វាយ​ផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​ប៉ុណ្ណោះ​ទើប​លទ្ធផល​នៃ​របស់​សព្វសារពើ​ដែល​បាន​បង្កើត​មក​ អាច​ត្រូវ​បើក​សម្ដែង​ឲ្យ​ឃើញ​បាន​។​ ​នៅ​ពេលដែល​​ត្រូវ​វាយ​ផ្ចាល​ និង​ជំនុំ​ជម្រះ​ មនុស្ស​គ្រាន់​តែ​បង្ហាញពី​ពណ៌​ពិត​ប្រាកដ​របស់​គេ​ប៉ុណ្ណោះ​។​ ​មនុស្ស​អាក្រក់​ ត្រូវ​ដាក់​ជាមួយ​មនុស្ស​អាក្រក់​ មនុស្ស​ល្អ​ត្រូវ​ដាក់​ជា​មួយ​មនុស្ស​ល្អ​ ហើយ​មនុស្ស​ទាំង​អស់​ត្រូវ​ញែកដាច់​ចេញ​ពី​គ្នា​ទៅ​តាម​ប្រភេទ​របស់​ពួកគេ​។​ ​តាមរយៈ​ការ​វាយ​ផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​ ​លទ្ធផល​នៃរបស់​​សព្វសារពើ​ដែល​បាន​បង្កើត​មក​ នឹង​ត្រូវ​បើក​​សម្ដែង​ឲ្យ​ឃើញ​ ដើម្បី​ឲ្យ​មនុស្ស​អាក្រក់​អាច​ត្រូវ​ដាក់​ទោស​ ហើយ​មនុស្ស​ល្អអាច​ទទួល​បាន​រង្វាន់​ ហើយ​គ្រប់​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ស្ថិត​ក្រោម​អំណាច​ត្រួត​ត្រា​របស់​ព្រះ​ជា​ម្ចាស់​។​ ​គ្រប់​កិច្ច​ការ​ទាំង​អស់​នេះ​ ត្រូវ​តែ​សម្រេច​ឲ្យ​បាន​តាមរយៈ​ការ​វាយ​ផ្ចាល ​និងការ​ជំនុំ​ជម្រះ​ដោយ​សុចរិត​។​ ដោយសារ​សេចក្ដី​ពុក​រលួយ​របស់​មនុស្ស​បាន​ដល់​កម្រិត​កំពូល​ ហើយ​ការ​មិន​សម្ដាប់​បង្គាប់​របស់​ពួកគេ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ នោះមាន​តែ​និស្ស័យ​សុច​រិត​របស់​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ ជា​និស្ស័យ​មួយ​ដែល​បូក​ផ្សំ​ជា​គោលការណ៍​នៃ​ការ​វាយ​ផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​ និង​ជា​និស្ស័យ​ដែល​ត្រូវ​បើក​បង្ហាញ​ក្នុង​អំឡុង​គ្រា​ចុងក្រោយ​ប៉ុណ្ណោះ​ ទើប​អាច​បំផ្លាស់បំប្រែ​ និង​ធ្វើឲ្យ​មនុស្ស​បាន​ពេញ​ខ្នាត​ទាំង​ស្រុង​។​ មាន​តែ​និស្ស័យ​បែប​នេះ​ទេ​ដែល​អាច​សម្ដែង​ឲ្យ​យល់​ពី​អំពើ​អាក្រក់​ និង​ដាក់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​លើ​មនុស្ស​​ទុច្ច​រិត​ទាំង​អស់​បាន​។​ ហេតុ​នេះ​ និស្ស័យ​បែប​នេះ​ជ្រួត​ជ្រាប​ទៅ​ដោយ​ខ្លឹមសារ​សំខាន់​នៃ​យុគ​សម័យ​នេះ​ ហើយ​ការ​បើក​សម្ដែង​ និង​ការ​បង្ហាញពី​និស្ស័យ​របស់​ទ្រង់​ គឺ​ធ្វើ​ឡើង​ដើម្បី​តែ​ជា​ប្រយោជន៍​នៃ​កិច្ច​ការ​នៅ​ក្នុង​យុគ​សម័យ​ថ្មី​នីមួយ​ៗ​ប៉ុណ្ណោះ​។​ ​ព្រះ​ជា​ម្ចាស់មិន​បើក​សម្ដែង​និស្ស័យ​របស់​ទ្រង់​តាមតែ​អំពើ​ចិត្ត​ និង​ដោយ​​គ្មាន​ខ្លឹមសារ​នោះ​ទេ​។​ ឧបមា​ថា​ ​ក្នុងការ​បើកសម្ដែង​ពី​លទ្ធផល​​របស់​មនុស្ស​ក្នុង​អំឡុង​គ្រា​ចុងក្រោយ​ ព្រះ​ជា​ម្ចាស់​នៅ​តែ​ត្រូវ​ប្រទាន​ដល់​មនុស្ស​នូវ​ព្រះ​ហឫទ័យ​ក្ដួល​អាណិត​ និង​សេចក្ដី​ស្រឡាញ់​ឥត​គណនា​ និង​បន្ត​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ និង​មិនឲ្យ​មនុស្ស​ស្ថិត​ក្រោម​ការ​ជំនុំជម្រះ​ដោយ​សុចរិត​ ប៉ុន្តែ​​បែរ​ជាបង្ហាញ​ដល់​ពួកគេ​នូវ​ការ​អត់​ឱន ការ​អត់​ទ្រាំ​ និង​ការអត់ទោស​ និង​ការ​លើកលែង​ទោស​ដល់​មនុស្ស​ទៅ​វិញ មិន​ថា​ពួកគេ​មាន​អំពើ​បាន​ខ្លាំង​យ៉ាង​ណា​នោះ​ទេ​ គឺ​គ្មា​ន​ការ​ជំនុំ​ជម្រះ​សុចរិត​​ណាមួយ​ឡើយ​៖ ដូច្នេះ​ តើ​ពេល​ណា​ដែល​ការ​គ្រប់​គ្រង​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់​ នឹង​អាចចូល​ដល់​ទី​បញ្ចប់​បាន​ទៅ?​ តើ​នៅ​ពេល​ណា​ដែល​និស្ស័យ​បែប​នេះ​ នឹង​អាច​ដឹកនាំ​មនុស្ស​ទៅរក​​វាសនា​សមស្រប​របស់​មនុស្ស​ជាតិ​បាន​? ឧទាហរណ៍​ ចៅ​ក្រម​ម្នាក់ដែល​គួរឲ្យ​​ស្រឡាញ់​ ជា​ចៅ​ក្រម​ដែល​មាន​ទឹក​មុខ​សប្បុរស​ និង​មាន​សណ្ដាន​ចិត្ត​ល្អ​។​ គាត់​ស្រឡាញ់មនុស្ស​ ​មិនខ្វល់​ថា​ពួកគេ​បាន​ប្រព្រឹត្ត​ទោសកំហុស​អ្វី​ឡើយ​ ហើយ​គាត់​ស្រឡាញ់ ​និង​អត់ឱន​ដល់​ពួកគេ​មិន​ថា​ពួកគេ​ជា​នរណា​នោះ​ទេ​។​ ​នៅ​ក្នុង​ករណី​នោះ​ តើ​ពេល​ណា​ដែល​គាត់​អាច​កាត់​ក្ដី​ដោយ​យុត្តិធម៌​បានទៅ​?​ ក្នុង​អំឡុង​គ្រា​ចុងក្រោយ មាន​តែ​ការ​ជំនុំ​ជម្រះ​ដោយ​សុចរិត​ប៉ុណ្ណោះ​​ដែ​ល​អាច​ញែក​មនុស្ស​ស្រប​ទៅ​តាម​ប្រភេទ​របស់​ពួកគេ​បាន​ និង​នាំ​មនុស្ស​ទៅ​កាន់​ពិភព​ថ្មី​មួយ​។​ តាម​របៀប​​នេះ​ យុគ​សម័យ​ទាំង​មូល​ ​ត្រូវបាន​​នាំ​ទៅ​រក​ទី​បញ្ចប់​តាម​រយៈ​និស្ស័យ​សុចរិត​របស់​ព្រះ​ជា​ម្ចាស់នៅ​​ក្នុង​ការ​ជំនុំ​ជម្រះ​ និង​ការ​វាយ​ផ្ចាល​។​

​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​ការ​គ្រប់​គ្រង​របស់​ទ្រង់​ទាំង​មូល​ គឺ​ច្បាស់​លាស់​ខ្លាំង​ណាស់​៖​ យុគ​សម័យ​នៃ​ព្រះ​គុណ​ គឺ​ជា​យុគ​សម័យ​នៃ​ព្រះ​គុណ​ ហើយ​គ្រា​ចុងក្រោយ​ គឺ​ជា​គ្រា​ចុងក្រោយ​។​ មាន​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​រវាង​យុគ​សម័យ​នីមួយ​ៗ​ ដ្បិត​ក្នុង​យុគ​សម័យ​នីមួយ​ៗ​ ​ព្រះ​ជា​ម្ចាស់​បំពេញ​កិច្ចការ​ដែល​ជា​តំណាង​ឲ្យ​យុគ​សម័យ​នោះ​។​ សម្រាប់​កិច្ច​ការ​នៃ​គ្រា​ចុងក្រោយ​ដែល​ត្រូវ​បំពេញ​ ​គឺ​ត្រូវ​មាន​ការ​ដុត​ដោយ​ភ្លើង​ ការ​ជំនុំ​ជម្រះ​ ការ​វាយ​ផ្ចាល​ សេចក្ដី​ក្រោធ​ និង​ការ​បំផ្លាញ ដើម្បី​នាំ​យុគ​សម័យ​នោះ​ទៅ​រក​ទី​បញ្ចប់​។​ គ្រា​ចុងក្រោយ​សំដៅ​លើ​យុគ​សម័យ​ចុងក្រោយ​។​ ​ក្នុង​អំឡុង​យុគ​សម័យ​ចុងក្រោយនេះ​ ​តើ​ព្រះ​ជា​ម្ចាស់​នឹង​នាំ​យុគ​សម័យ​នោះ​ទៅ​រក​ទី​បញ្ចប់​ដែរ​ឬ​ទេ​?​ ដើម្បី​បញ្ចប់​យុគ​សម័យ​នេះ​ ព្រះ​ជា​ម្ចាស់​ត្រូវ​នាំ​ការ​វាយ​ផ្ចាល​ និង​ការ​ជំនុំ​ជម្រះ​មក​ជាមួយ​ទ្រង់​។​ មាន​តែ​បែប​នេះទេ​ទើប​អាច​នាំ​យុគសម័យ​នេះ​ទៅ​រក​ទី​បញ្ចប់​បាន​។​ ​គោលបំណង​របស់​ព្រះ​យេស៊ូវ​ គឺ​ដើម្បី​ឲ្យ​មនុស្ស​អាច​បន្ត​ជីវិត​បាន​ ដើម្បី​បន្ត​រស់​នៅ​ និង​ដើម្បី​ឲ្យ​គេ​អាច​មាន​ជីវិត​នៅ​ក្នុង​ផ្លូវ​ដែល​ល្អ​ប្រសើរ​។​ ​ទ្រង់​បាន​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប​ដើម្បី​ឲ្យ​គេ​អាច​ឈប់ធ្លាក់​ទៅ​ក្នុង​អំពើ​គ្មាន​គុណ​ធម៌​ និង​លែង​រស់​នៅ​ក្នុង​ស្ថាន​ឃុំព្រលឹង និង​ស្ថាននរក​ ហើយ​តាម​រយៈ​ការ​សង្គ្រោះ​មនុស្ស​ពី​ស្ថានឃុំព្រលឹង​ និង​ស្ថាននរកនេះ​ ព្រះ​យេស៊ូវ​បាន​អនុញ្ញាត​ឲ្យ​គេ​បន្ត​រស់​នៅត​ទៅ​​ទៀត​។​ បច្ចុប្បន្ន​នេះ​ គ្រា​ចុង​ក្រោយ​បាន​ចូល​មក​ដល់​ហើយ​។ ព្រះ​ជា​ម្ចាស់​នឹង​ធ្វើ​ឲ្យ​មនុស្ស​វិនាស​ហិន​ហោច​ និង​បំផ្លាញ​ពូជ​មនុស្ស​ទាំង​ស្រុង​ ពោលគឺ​ទ្រង់​នឹង​បំផ្លាស់បំប្រែ​ការ​បះ​បោរ​របស់​មនុស្ស​ជាតិ​។​ ដោយព្រោះ​​មូល​ហេតុ​នេះ​ ​និង​តាម​រយៈ​​​និស្ស័យ​នៃ​ចិត្ត​ក្ដួល​អាណិត និង​គួរ​ឲ្យ​ស្រឡាញ់​ពី​អតីត​កាល​ វា​នឹង​មិន​អាច​ទៅ​រួច​នោះ​ទេ​ ដែល​​ព្រះ​ជា​ម្ចាស់​ត្រូវ​បញ្ចប់​យុគ​សម័យ​នេះ​ ឬ​​នាំ​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​ប្រាំ​មួយ​ពាន់​ឆ្នាំ​របស់​ទ្រង់​ឲ្យ​ចេញ​ផល​ផ្លែ​។​ ​នៅ​គ្រប់​យុគ​សម័យ​ទាំង​អស់​​ មាន​ការ​តំណាង​ជាពិសេស​អំពី​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​គ្រប់​យុគ​សម័យទាំង​អស់​​ សុទ្ធ​តែ​មាន​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់​គប្បី​ត្រូវ​បំពេញ​។​ ដូច្នេះ​ ​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់ផ្ទាល់​ព្រះ​អង្គ​បានបំពេញ​​នៅ​ក្នុង​យុគ​សម័យ​នីមួយ​ៗ​ ​មាន​ការ​បើក​សម្ដែងពី​និស្ស័យ​ពិត​ប្រាកដ​របស់​ទ្រង់​ ហើយ​ព្រះ​នាម​ទាំង​ពីរ​របស់​ទ្រង់ ​និង​កិច្ចការ​ដែល​ទ្រង់​បំពេញ​ បាន​ផ្លាស់ប្ដូរ​ជា​មួយ​នឹង​យុគ​សម័យ​នេះ ​ពោល​គឺ​កិច្ចការ​ទាំង​អស់​នេះ​ សុទ្ធ​តែ​ថ្មី​ទាំង​អស់​។​ ​ក្នុង​អំឡុង​យុគសម័យ​នៃ​ក្រឹត្យ​វិន័យ​ ​កិច្ចការ​នៃ​ការ​ដឹក​នាំ​មនុស្ស​ជាតិ​ ត្រូវ​ធ្វើ​ឡើង​នៅ​ក្រោមព្រះ​នាម​របស់​ព្រះយេហូវ៉ា​ ហើយ​ដំណាក់​កាល​ដំបូង​នៃ​កិច្ចការ​នេះ​ ​ត្រូវ​ធ្វើ​ឡើង​នៅ​លើ​ផែន​ដី​។​ នៅ​ក្នុង​ដំណាក់​កាល​នេះ​ ​កិច្ចការ​នេះ​បាន​រួម​បញ្ចូល​នូវ​សាងសង់​ព្រះ​វិហារ​ និង​អាសនា​ និង​ប្រើ​ក្រឹត្យ​វិន័យ​ដើម្បី​ដឹក​នាំ​រាស្រ្ត​អ៊ី​ស្រា​អែល​ ព្រម​ទាំង​​ដើម្បី​បំពេញ​កិច្ចការ​ក្នុង​ចំណោម​ពួកគេ​។​ តាម​រយៈ​ការ​ដឹក​នាំ​រាស្រ្ត​អ៊ី​ស្រាអែល​ ទ្រង់​បាន​ចាប់​ផ្ដើម​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ចការ​របស់​ទ្រង់​នៅ​លើ​ផែន​ដី​។​ ​ចេញ​​ពី​មូលដ្ឋាន​គ្រឹះ​នេះ​​ ទ្រង់​បាន​ពង្រីក​កិច្ចការ​របស់​ទ្រង់​នៅ​ក្រៅ​ស្រុក​អ៊ីស្រាអែល​ ដែល​នេះ​ចង់​និយាយ​ថា​ ​ទ្រង់​បាន​ពង្រីក​កិច្ចការ​របស់​ទ្រង់​ទៅ​ក្រៅ​ចាប់​ពី​ស្រុក​អ៊ីស្រាអែល​ទៅ ដើម្បី​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បានដឹង​ថា​ព្រះយេហូវ៉ា​ថា​ជា​ព្រះ​ជា​ម្ចាស់​ន្តិច​ម្ដង​ៗ​ និង​ដឹង​ថា​​គឺ​ព្រះ​យេហូវ៉ា​នេះហើយ​​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ​និង​ផែន​ដី​ ព្រម​ទាំង​របស់​​សព្វ​សារពើ​ទាំង​អស់​ ហើយគឺ​ព្រះ​យេហូវ៉ា​នេះ​ហើយ​ដែល​បាន​បង្កើត​គ្រប់​សត្តនិករ​ទាំង​អស់មក​។​ ទ្រង់បាន​ពង្រីក​កិច្ចការ​របស់​ទ្រង់​តាមរយៈ​រាស្រ្ត​អ៊ីស្រាអែល​ទៅ​ដល់​រាស្រ្ត​ដទៃ​ផ្សេង​ទៀត​។ ​ដែន​ដី​ស្រុក​អ៊ី​ស្រាអែល​ គឺ​ជា​កន្លែង​បរិសុទ្ធ​ដំបូង​គេ​នៃ​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​នៅ​លើ​ផែន​ដី​ ហើយ​គឺ​ដែន​ដី​អ៊ីស្រា​អែល​​នេះ​ហើយ​ ដែល​ព្រះ​ជា​ម្ចាស់​បាន​យាង​ទៅ​បំពេញ​កិច្ចការ​នៅ​លើ​ផែន​ដី​។​ នោះគឺ​ជា​កិច្ចការនៅ​យុគសម័យ​នៃ​ក្រឹត្យ​វិន័យ​។​ ក្នុង​អំឡុង​យុគ​សម័យ​នៃ​ព្រះ​គុណ ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​បាន​សង្គ្រោះ​មនុស្ស​​។ កម្មសិទ្ធិ​ និង​លក្ខណៈ​របស់​ទ្រង់​ គឺ​ព្រះគុណ​ សេចក្ដី​ស្រឡាញ់​ ចិត្តក្ដួល​អាណិត ការ​អត់​ទ្រាំ ការ​អត់​ធ្មត់​​ ការ​បន្ទាបខ្លួន​ ការ​យកព្រះ​ទ័យ​ទុក​ដាក់​ ​និង​ការអត់​ឱន​ ហើយ​កិច្ចការ​យ៉ាង​ច្រើន​ដែល​ទ្រង់​បាន​បំពេញ​ គឺ​ដើម្បី​តែ​ជា​ប្រយោជន៍​ដល់​ការ​ប្រោស​លោះ​មនុស្សតែ​ប៉ុណ្ណោះ​។​ និស្ស័យ​របស់​ទ្រង់​ គឺ​ជា​និស្ស័យ​មួយ​ដែលមាន​ចិត្ត​ក្ដួល​អាណិត​ និង​សេចក្ដី​ស្រឡាញ់​ ហើយ​ដោយសារ​ទ្រង់​មាន​ព្រះ​ហឫទ័យ​​ក្ដួល​អាណិត​ និង​គួរ​ឲ្យ​ស្រឡាញ់នេះ​ហើយ ​ទើប​ទ្រង់​ត្រូវ​គេបោះ​ភ្ជាប់​​ទៅ​នឹង​ឈើ​ឆ្កាង​ជំនួស​មនុស្ស​ ដើម្បី​បង្ហាញ​ថា​ ព្រះ​ជា​ម្ចាស់​បាន​ស្រឡាញ់​មនុស្ស​ដូច​ជា​​ព្រះ​អង្គទ្រង់​ដែរ​ គឺ​ស្រឡាញ់​ខ្លាំង​រហូត​ដល់​ទ្រង់​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់​ទាំង​ស្រុង​។​ ក្នុង​អំឡុង​យុគ​សម័យ​នៃ​ព្រះ​គុណ​ ព្រះ​នាម​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ព្រះ​យេស៊ូវ​ នេះ​គឺ​ចង់បានន័យ​ថា​ ព្រះ​ជា​ម្ចាស់​គឺ​ជា​ព្រះ​ជា​ម្ចាស់​មួយ​អង្គ​ដែល​បាន​សង្គ្រោះ​មនុស្ស​ ហើយ​ទ្រង់​គឺជា​ព្រះ​ជា​ម្ចាស់​ដែលមាន​ព្រះ​ហឫទ័យ​​ក្ដួល​អាណិត​ និង​គួរ​ឲ្យ​ស្រឡាញ់​។​ ​ព្រះជា​ម្ចាស់​គង់​នៅ​ជា​មួយ​មនុស្ស​។​ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ ព្រះ​ហឫទ័យ​ក្ដួល​អាណិត​របស់​ទ្រង់ ​និង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ បាន​មក​ជាមួយ​មនុស្ស​គ្រប់​គ្នា​ទាំង​អស់​។​ មាន​តែ​តាម​រយៈ​ការ​ទទួល​យក​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​ និង​ព្រះ​វត្ត​មាន​របស់​ទ្រង់​ប៉ុណ្ណោះ​ ទើប​មនុស្ស​អាច​ទទួល​បានសន្ដិ​ភាព​ និង​​អំណរ ដើម្បី​ទួល​បាន​ព្រះ​ពររបស់​ទ្រង់​ ព្រះ​គុណ​ដ៏​ធំធេង​ និង​ច្រើន​ឥតគណនា​របស់​ទ្រង់​ និង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​បាន​។​ តាម​រយៈ​ការជាប់​​ឆ្កាងរបស់​​ព្រះ​យេស៊ូវ​ ​អស់​អ្នក​​ដែល​បាន​ដើរ​តាម​ទ្រង់​ទទួល​បាន​នូវ​សេចក្ដី​សង្គ្រោះ​ ហើយ​អំពើ​បាប​របស់​ពួក​គេ​ត្រូវ​បានអត់​អត់​ទោសឲ្យ​​​។​ ក្នុង​អំឡុង​យុគ​សម័យ​​នៃ​ព្រះ​គុណ ព្រះ​យេស៊ូវ ​គឺ​ជាព្រះនាម​របស់​ព្រះ​ជា​ម្ចាស់​។ អាច​និយាយម្យ៉ាង​ទៀតបាន​ថា​ កិច្ចការ​នៅ​យុគសម័យ​នៃ​ព្រះ​គុណ​ត្រូវ​ធ្វើ​ឡើង​ជា​គោលការណ៍​នៅ​ក្រោម​ព្រះ​នាម​ព្រះ​យេស៊ូវ​។​ ក្នុង​អំឡុង​យុគសម័យ​នៃ​ព្រះ​គុណ​ ព្រះ​ជា​ម្ចាស់​ត្រូវ​គេ​ហៅ​ថា​ ព្រះ​យេស៊ូវ​។​ ​ទ្រង់​បាន​បំពេញ​កិច្ចការ​នៅ​ដំណាក់កាល​នៃ​កិច្ចការ​ថ្មី​លើស​​ពី​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ ហើយ​កិច្ចការ​របស់​ទ្រង់​បាន​បញ្ចប់​ទៅ​ដោយ​ការ​ជាប់ឆ្កាង​។​ ​នេះគឺ​ជា​កិច្ចការ​ទាំង​ស្រុង​របស់​ទ្រង់​។​ ហេតុ​នេះ​ ក្នុង​អំឡុង​យុគសម័យ​នៃ​ក្រឹត្យ​វិន័យ​ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​នាម​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​នៅ​ក្នុង​យុគសម័យ​នៃ​ព្រះគុណ​ ព្រះនាម​ព្រះយេស៊ូវ​ គឺ​បាន​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​។​ ​ក្នុង​អំឡុងគ្រា​ចុង​ក្រោយ​ ព្រះ​នាម​របស់​ទ្រង់​គឺ ​ព្រះដ៏មាន​គ្រប់​ព្រះ​ចេស្ដា​ ជាព្រះដ៏មាន​គ្រប់​ចេស្ដា ដែល​​ប្រើ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដើម្បី​ដឹក​នាំ​មនុស្ស​ យក​ឈ្នះ​លើ​មនុស្ស​ និង​ទទួល​បានមនុស្ស​ ហើយ​ចុង​ក្រោយ​ នាំ​យុគ​សម័យ​នោះ​ទៅ​រកទី​បញ្ចប់​។​ នៅ​គ្រប់​ដំណាក់កាល​ទាំង​អស់​ នៅ​គ្រប់​ដំណាក់​កាល​​នៃ​កិច្ចការ​របស់​ទ្រង់​ និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ជា​ភស្ដុតាង​​។​

កាល​ដើម​ដំបូង​ឡើយ​ ​ការ​ដឹក​នាំ​មនុស្ស​ក្នុង​អំឡុង​យុគ​សម័យ​​នៃ​ក្រឹត្យវិន័យនៅ​ក្នុង​​ព្រះ​គម្ពីរ​សញ្ញាចាស់​ គឺ​ដូច​ជា​ការ​ដឹក​នាំ​ជីវិត​របស់​កូន​ម្នាក់​ដែរ​។​ ​មនុស្ស​ជាតិ​កាល​ដើម​ដំបូង​ឡើយ​ គឺ​ជា​កូន​ដែល​ទើប​កើត​របស់​ព្រះយេហូវ៉ា​​​​។ ពួកគេ​ គឺ​ជា​ពួកសាសន៍​អ៊ីស្រាអែល​។​ ពួកគេ​គ្មាន​ការ​យល់​ដឹង​ថា​តើ​ត្រូវ​គោរព​ព្រះ​ជា​ម្ចាស់​ ឬ​ថាតើ​ត្រូវ​រស់​នៅ​លើ​ផែន​ដី​នេះ​ដោយ​របៀប​ណា​នោះ​ទេ​។​ ​នេះ​ចង់មាន​ន័យ​​ថា​ ព្រះ​យេហូវ៉ា​​បាន​បង្កើត​មនុស្ស​ជាតិមក​​ ពោលគឺ​ទ្រង់​បាន​បង្កើត​អ័ដាម​ និង​អេវ៉ា​ ប៉ុន្តែ​ទ្រង់​មិន​បាន​ប្រទាន​សមត្ថភាព​ដល់​ពួកគេ​ឲ្យ​​យល់​ថា​តើ​ត្រូវ​គោរព​​ព្រះយេហូវ៉ា​ ឬ​ដើរ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​​នៅ​លើ​ផែន​ដី​នេះ​ដោយ​របៀប​ណា​នោះ​ទេ​។​ ​បើ​គ្មាន​ការ​ណែនាំ​ដោយ​ផ្ទាល់​ពី​ព្រះយេហូវ៉ា​ទេ​ គ្មាន​នរណា​ម្នាក់​អាច​ដឹង​រឿង​នេះ​ដោយ​ផ្ទាល់​បាន​ទេ​ ដ្បិត​កាល​ដើម​ដំបូង​ឡើយ​ មនុស្ស​មិនមាន​សមត្ថភាព​បែប​នោះ​ទេ​។​ ​មនុស្ស​គ្រាន់​តែ​ដឹង​ថា​ ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ជា​ម្ចាស់​ ប៉ុន្តែ​ថា​តើ​ត្រូវ​គោរព​​ទ្រង់​ដោយ​របៀប​ណា​នោះ​ ​ថា​ការ​ប្រព្រឹត្ត​បែប​ណា​ជា​ការ​គោរព​​ទ្រង់នោះ​ ថា​ចិត្ត​បែប​ណា​ដែល​មនុស្ស​ម្នាក់រាប់​ថា​គោរព​​​ទ្រង់​ ឬ​អ្វី​ដែល​ត្រូ​វលះ​បង់​នៅ​ក្នុង​ការ​គោរព​​ទ្រង់នោះ​ គឺ​មនុស្ស​គ្មាន​ដឹង​អ្វី​ទាល់​តែ​សោះ​។​ ​មនុស្ស​គ្រាន់​តែ​ដឹង​ថា​ ​ត្រូវ​អរសប្បាយ​នឹង​របស់សព្វ​សារ​ពើ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មក​ប៉ុណ្ណោះ​ ប៉ុន្តែ​តើ​ជីវិត​នៅ​លើ​ផែន​ដី​បែប​ណា​ដែល​មាន​តម្លៃ​សម្រាប់​សត្តនិករ​របស់​ព្រះ​ជា​ម្ចាស់​នោះ​ គឺមនុស្ស​គ្មាន​ដឹង​អ្វី​ទាល់​តែសោះ​។​ ​បើ​គ្មាន​នរណា​ម្នាក់​ណែនាំ​ពួកគេ​ទេ​ បើ​គ្មាន​នរណា​ម្នាក់​ដឹក​នាំ​ផ្លូវ​ពួកគេ​ដោយ​ផ្ទាល់​ទេ​ ​មនុស្ស​ជាតិ​នឹង​មិន​​បាន​ដឹក​នាំ​ជីវិត​បាន​​ត្រឹម​ត្រូវដែល​សក្ដិ​សមជា​​មនុស្ស​ជាតិឡើយ​ ប៉ុន្តែ​គ្រាន់​តែ​ត្រូវបាន​សាតាំង​ចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​លាក់​លៀម​តែ​ប៉ុណ្ណោះ​។​ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ជាតិ​មក ពោលគឺ​ទ្រង់​បាន​បង្កើត​ដូនតា​របស់​មនុស្ស​ជាតិ​ គឺ​អ័ដាម​ និង​អេវ៉ា​ ប៉ុន្តែ​ទ្រង់​មិន​បាន​ប្រទាន​ប្រាជ្ញា​ និង​ភាព​ឈ្លៀស​វៃ​ដល់​ពួកគេ​បន្ថែមទៀត​ឡើយ​។​ ថ្វី​បី​ពួកគេបាន​រស់​នៅ​លើ​ផែន​ដី​នេះ​រួច​ហើយក៏ពិត​មែន​ ប៉ុន្ដែ​ពួក​គេ​​មិន​បាន​យល់ដឹង​អ្វី​ទាល់​តែ​សោះ​។​ ហេតុ​ដូច្នេះ​ហើយ​ កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​មនុស្ស​ជាតិ​ គឺ​បាន​បញ្ចប់​ត្រឹម​ពាក់​កណ្ដាល​ប៉ុណ្ណោះ​ ហើយ​នៅ​ឆ្ងាយ​ពី​ទី​បញ្ចប់​នៅ​ឡើយ​។​ ទ្រង់​គ្រាន់​តែ​បាន​សូន​រូប​មនុស្ស​ចេញ​ពី​ដី​ឥដ្ឋ​ និង​បាន​ប្រទាន​ខ្យល់​ដង្ហើមជីវិត​ ប៉ុន្តែ​ មិន​បាន​ប្រទាន​ចេតនា​គោរព​ព្រះ​ជា​ម្ចាស់ឲ្យ​បាន​គ្រប់​គ្រាន់​​នោះ​ទេ​។​ ​កាល​ដើម​ដំបូង​ឡើយ ​មនុស្ស​គ្មាន​គំនិត​គោរព​ទ្រង់​ ឬ​កោត​ខ្លាច​ទ្រង់​ឡើយ​។​ ​មនុស្ស​ដឹង​ត្រឹម​ថា​ត្រូវ​ស្ដាប់​ព្រះ​បន្ទូល​របស់​ទ្រង់​ប៉ុណ្ណោះ​ ប៉ុន្តែ​ល្ងង់​ខ្លៅ​គ្មាន​ចំណេះ​ដឹង​ជា​មូលដ្ឋាន​សម្រាប់​ជីវិត​នៅ​លើផែនដី​ និង​ច្បាប់ធម្មតា​នៃ​ជីវិត​មនុស្ស​ឡើយ​។​ ហេតុ​ដូច្នេះហើយ​ បើ​ទោះ​បី​ជា​ព្រះយេហូវ៉ា​បាន​បង្កើត​មនុស្ស​ប្រុស ​និង​មនុស្ស​ស្រី​ និង​បាន​បញ្ចប់កិច្ចការ​ក្នុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​ក្ដី​ ក៏​ពុំមាន​ន័យ​ថា ​ទ្រង់​បាន​បញ្ចប់​កិច្ចការ​នៃ​ការបង្កើត​មនុស្ស​ដែរ​ ដ្បិត​មនុស្ស​មាន​តែ​សំបក​ និង​ខ្វះ​ខាត​ភាព​ពិត​នៃ​ការ​ធ្វើ​ជា​មនុស្ស​។​ ​មនុស្ស​គ្រាន់តែ​ដឹង​ថា​ គឺ​ព្រះយេហូវ៉ា​នេះ​ហើយ​ដែល​បាន​បង្កើត​មនុស្សជាតិមក​ ប៉ុន្តែ​គេ​មិន​ដឹង​ថា​តើ​ត្រូវ​គោរព​តាម​ព្រះ​បន្ទូល​ ឬ​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​ដោយ​របៀប​ណា​នោះ​ទេ​។​ ដូច្នេះ​ហើយ​ ក្រោយ​ពី​មនុស្ស​ជាតិ​មាន​ជីវិត​ កិច្ចការ​របស់​ព្រះ​យេហូវ៉ា​នៅ​ឆ្ងាយ​ពី​ទី​បញ្ចប់​នៅឡើយ​ទេ​។​ ​ទ្រង់​នៅ​តែ​ដឹក​នាំ​មនុស្ស​ជាតិ​ដោយ​ពេញ​លេញ​ដើម្បី​ឲ្យ​គេ​មក​ចំពោះ​ទ្រង់​ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់​នៅ​រួម​គ្នា​នៅ​លើ​ផែន​ដី​ និង​គោរព​ទ្រង់​ និង​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​ទៅ​ក្នុង​ផ្លូវ​ដែល​ត្រឹម​ត្រូវ​នៃ​ជីវិតជា​មនុស្ស​ធម្មតា​នៅ​លើ​ផែន​ដីតាម​រយៈ​ការ​ណែនាំ​របស់​ទ្រង់​។ ​មាន​តែ​បែប​នេះ​ទេ​ទើប​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ឡើង​ជា​គោលការណ៍​ក្រោម​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​អាច​បញ្ចប់​ទៅ​បាន​ទាំង​ស្រុង​ ពោលគឺ​មាន​តែ​បែប​នេះ​ទេ​ទើប​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​ពិភពលោក​នេះ​បាន​បញ្ចប់​ទាំង​ស្រុង​។​ ដូច្នេះហើយ​ បន្ទាប់​ពី​បាន​បង្កើត​មនុស្ស​ជាតិ​មក ទ្រង់​ត្រូវ​ដឹក​នាំ​ជីវិត​មនុស្ស​ជាតិ​នៅ​លើផែន​ដី​អស់​រយៈ​ពេល​ជា​ច្រើន​ពាន់​ឆ្នាំ​ ដើម្បី​ឲ្យ​មនុស្ស​ជាតិ​អាច​គោរព​តាម​បញ្ញត្តិ​ និង​ក្រឹត្យវិន័យ ហើយ​​ចូល​រួម​នៅ​ក្នុង​គ្រប់​សកម្មភាព​ទាំង​អស់​នៃ​ជីវិត​ជា​មនុស្ស​​ធម្មតា​​នៅ​លើផែន​ដី​។​ ​មាន​តែ​ពេល​នោះទេ​ដែលកិច្ចការ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​បញ្ចប់ទាំង​ស្រុង​។​ ទ្រង់​បាន​បំពេញ​កិច្ចការ​នេះ​ក្រោយ​​ពេល​បង្កើត​មនុស្ស​ជាតិមក​ និង​បាន​បន្ត​កិច្ចការ​នេះ​រហូត​ដល់​សម័យ​លោកយ៉ា​កុប​ ​នៅ​ពេល​នោះ​ទ្រង់​បានធ្វើ​ឲ្យ​​កូនប្រុស​​ទាំង​ដប់ពីរ​នាក់​របស់លោក​​យ៉ាកុប​ក្លាយ​ទៅ​ជា​​កុល​សម្ព័ន្ធ​ទាំងដប់​ពីរ​​របស់​​អ៊ីស្រាអែល​។​ ចាប់​ពីនោះ​មក​ រាស្រ្ត​អ៊ី​ស្រាអែល​ទាំង​អស់​សុទ្ធ​តែ​ក្លាយ​ជា​ពូជ​មនុស្ស​ដែល​ត្រូវ​ទ្រង់​ដឹក​នាំ​ជា​ផ្លូវ​ការ​នៅ​លើផែន​ដី​ ហើយ​ស្រុក​អ៊ីស្រាអែល​បាន​ក្លាយ​ជា​ទីតាំ​ជាក់លាក់​មួយ​នៅ​លើ​ផែន​ដី​ដែល​ទ្រង់​បាន​បំពេញ​កិច្ចការ​របស់​ទ្រង់​។​ ព្រះយេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទាំង​នេះ​ក្លាយ​ជា​ក្រុម​មនុស្ស​ដំបូងគេ​ដែល​ទ្រង់​បាន​បំពេញ​កិច្ចការ​របស់​ទ្រង់​ជា​ផ្លូវ​ការ​នៅ​លើ​ផែន​ដី​ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដែន​ដី​អ៊ី​ស្រាអែល​ទាំង​មូល​ក្លាយ​ជា​ប្រភព​ដើម​​សម្រាប់​កិច្ចការ​របស់​ទ្រង់​ ​ដោយ​ប្រើ​ពួកគេ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​កិច្ចការ​កាន់​តែ​ធំ​ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​​កើត​ចេញ​ពី​ទ្រង់​នៅ​លើផែន​ដី​ ​នឹង​ដឹង​ថា​តើ​ត្រូវ​គោរព​ ​​ និង​ត្រូវ​រស់​នៅ​លើ​ផែន​ដី​នេះដោយ​របៀប​ណា​។​ ដូច្នេះ​ហើយ​ទង្វើ​របស់​ពួកសាសន៍​អ៊ីស្រាអែល​ បាន​ក្លាយ​ជា​ឧទាហរណ៍​សម្រាប់​​ឲ្យ​រាស្រ្ត​នៃ​ជាតិ​សាសន៍​ដទៃ​យកគំរូ​តាម​បាន​ ហើយ​ព្រះ​បន្ទូល​​ដែល​បាន​សម្ដែង​ឡើង​ក្នុង​ចំណោម​រាស្រ្ត​អ៊ីស្រាអែល​ បាន​ក្លាយ​ជា​ព្រះ​បន្ទូល​ដែល​ត្រូវ​រាស្រ្ត​នៃ​ជាតិសាសន៍​ដទៃ​ស្ដាប់​តាម​។​ ដ្បិត​​ពួកគេ​គឺ​ជា​មនុស្ស​ដំបូងគេ​ដែល​ត្រូវ​ទទួល​ក្រឹត្យវិន័យ​ និង​បញ្ញត្តិ​របស់​ព្រះយេហូវ៉ា​ ហើយ​ពួកគេ​ក៏​ជា​មនុស្ស​ដំបូងគេ​ដែល​ដឹង​ថាត្រូវ​គោរព​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​ដោយ​របៀប​ណា​​។​ ពួកគេ​គឺ​ជា​ដូនតា​របស់​ពូជមនុស្ស​ ដែល​បាន​ដឹង​ពី​ផ្លូវ​របស់​ព្រះយេហូវ៉ា​ ក៏​ជា​តំណាង​របស់​ពូជ​មនុស្ស​រើស​តាំង​ដោយ​ព្រះ​យេហូវ៉ាដែរ​។​ នៅ​ពេល​ដែល​យុគសម័យ​នៃ​ព្រះគុណ​បាន​ចូល​មក​ដល់​ ព្រះយេហូវ៉ា​លែង​ដឹក​នាំ​មនុស្ស​ដោយ​បែប​នេះ​ទៀត​ហើយ​។​ មនុស្ស​​មាន​អំពើ​បាប​ ហើយ​បាន​លះ​បង់​ខ្លួន​គេ​ក្នុង​អំពើបាប​ ដូច្នេះ​​ហើយ​ ទ្រង់​បាន​ចាប់​ផ្ដើម​ស្រោច​ស្រង់​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប​​។​ តាម​របៀប​នេះ​ ទ្រង់​បាន​ស្ដី​បន្ទោស​មនុស្ស​រហូត​ដល់​មនុស្ស​ត្រូវ​បាន​រំដោះ​ពី​អំពើ​បាបទាំង​ស្រុង​។​ ​នៅ​គ្រា​ចុង​ក្រោយ​ មនុស្ស​បាន​លេច​ចូល​ក្នុង​ភាព​គ្មាន​សីលធម៌យ៉ាង​ខ្លាំង​ ​ដែល​កិច្ចការ​នៅ​ក្នុង​ដំណាក់​កាល​នេះ ​អាច​អនុវត្តបាន​តាមរយៈ​ការ​ជំនុំ​ជម្រះ​ និង​ការ​វាយ​ផ្ចាល​តែ​ប៉ុណ្ណោះ​។​ មាន​តែ​បែប​នេះ​ទេទើប​កិច្ចការ​នេះ​អាច​សម្រេច​ជោគ​ជ័យ​បាន​។​ នេះ​គឺជា​កិច្ចការ​នៅ​ក្នុង​យុគ​សម័យ​ជា​ច្រើន​។​ ​អាចនិយាយ​ម្យ៉ាង​ទៀតបាន​ថា​ ​ព្រះ​ជា​ម្ចាស់​ប្រើព្រះ​នាម​របស់​ទ្រង់​ កិច្ចការ​របស់​ទ្រង់​ និង​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​ខុស​ៗ​គ្នា​ ដើម្បី​ញែក​​យុគ​សម័យមួយ​ចេញ​ពី​យុគសម័យ​មួយ​ទៀត​ និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​វា​ក្នុង​យុគសម័យ​ទាំង​អស់​នោះ​។ ព្រះ​នាម​របស់​ព្រះ​ជា​ម្ចាស់​ ​និង​កិច្ចការ​ទ្រង់​ តំណាង​ឲ្យ​យុគសម័យ​របស់​ទ្រង់​ និង​តំណាង​ឲ្យ​កិច្ចការ​របស់​ទ្រង់​នៅ​គ្រប់​យុគសម័យ​ទាំង​អស់​។​ ឧបមា​ថា​ កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​នៅ​គ្រប់​យុគសម័យ​នេះ​ គឺ​តែ​ង​តែ​ដូច​គ្នា​ ហើយ​ទ្រង់​គឺ​តែង​តែ​ត្រូវ​គេ​ហៅ​ដោយ​ព្រះ​នាម​ដូចគ្នា​ តើ​មនុស្ស​​អាចនឹង​ស្គាល់ទ្រង់​បាន​ដោយ​របៀប​​ណា​?​ ព្រះ​ជា​ម្ចាស់​ត្រូវ​គេ​ហៅ​ថា​ព្រះ​យេហូវ៉ា​ ហើយ​ក្រៅ​ពីព្រះ​ជា​ម្ចាស់​ដែល​ត្រូវ​គេហៅ​ថា​ព្រះយេហូវ៉ានោះ​ ​នរណាក៏​ដោយ​ដែល​ត្រូវគេ​ហៅ​ដោយ​ឈ្មោះទី​ទៃ​ពី​នេះ​ ​មិនមែន​ជា​ព្រះ​ជា​ម្ចាស់​ឡើយ​។​ ​ឬ​បើ​ពុំ​ដូច្នោះ​ទេ​ ព្រះ​ជា​ម្ចាស់​អាច​ត្រឹម​ជា​ព្រះយេស៊ូវ​ ហើយ​ក្រៅ​ពី​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​ ទ្រង់​មិន​អាច​មិន​ត្រូ​វ​បានគេ​ហៅដោយ​ព្រះ​នាម​ដទៃ​ទៀត​ឡើយ​។ ​ក្រៅ​ពី​ព្រះ​យេស៊ូវ​ ព្រះយេហូវ៉ា​គឺ​មិន​មែន​ជា​ព្រះ​ជា​ម្ចាស់​ឡើយ​ ហើយ​ព្រះដ៏មាន​គ្រប់​ព្រះ​ចេស្ដា​ក៏​មិន​មែន​ជា​ព្រះ​ជា​ម្ចាស់​​ដែរ​។​ ​មនុស្ស​ជឿ​ថា​ វាពិត​ប្រាកដ​ហើយ​ដែល​ព្រះ​ជា​ម្ចាស់​​មាន​គ្រប់​ព្រះចេស្តា​នោះ​ ប៉ុន្តែ​ព្រះ​ជា​ម្ចាស់​ គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​គង់​នៅ​ក្នុង​ចំណោម​មនុស្ស​ ហើយ​ទ្រង់​ត្រូវ​គេ​ហៅ​ថា​ព្រះយេស៊ូវ​ ដ្បិត​ព្រះ​ជា​ម្ចាស់​គឺ​គង់​នៅ​ជា​មួយ​មនុស្ស​។​ ការ​គិត​បែប​នេះ​ គឺ​ស្រប​ទៅ​តាម​គោលលទ្ធិ និង​បាន​កំណត់​ព្រះ​ជា​ម្ចាស់​ក្នុងកម្រិត​ជាក់​លាក់​មួយ​។​ ដូច្នេះ​ នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់​ ​កិច្ចការ​ដែល​ព្រះ​ជា​ម្ចាស់​បំពេញ​ ព្រះ​នាម​ដែល​គេ​ហៅ​ទ្រង់​ ​និង​រូប​អង្គ​ដែល​ទ្រង់ប្រើ​ ​កិច្ចការ​ដែល​ទ្រង់​បំពេញ​នៅ​គ្រប់​ដំណាក់​កាល​​តាំង​ពី​ដើម​រហូត​ដល់​បច្ចុប្បន្ន គឺ​ចំណុច​ទាំង​អស់​នេះ​មិន​អនុវត្ត​តាម​បញ្ញត្តិ​តែ​មួយ​ និង​មិន​ស្ថិតនៅ​ក្រោម​ដែន​កំណត់​ណា​មួយ​ឡើយ​។​ ទ្រង់​គឺ​ជា​ព្រះ​យេហូវ៉ា​ ប៉ុន្តែ​ទ្រង់​ក៏​ជា​ព្រះយេស៊ូវ​ដែរ​ ហើយក៏​ជា​ព្រះមែស្ស៊ី​ និងជា​ព្រះដ៏មាន​គ្រប់​ព្រះ​ចេស្ដាដែរ​។​ ​កិច្ចការ​របស់​ទ្រង់​អាច​ឆ្លង​កាត់​ការ​បំផ្លាស់បំប្រែ​បន្តិច​ម្ដង​ៗ​ ដោយ​មាន​ការ​ផ្លាស់ប្ដូរទៅ​តាម​ព្រះ​នាម​របស់​ទ្រង់​។​ គ្មានព្រះនាម​ណា​មួយដែល​អាច​តំណាង​ដល់​ទ្រង់​ដោយ​ពេញ​លេញ​បាន​ឡើយ​ ប៉ុន្តែ​គ្រប់​ព្រះ​នាម​ទាំង​អស់​ដែល​គេ​ហៅ​ទ្រង់​ សុទ្ធ​តែអាច​តំណាង​ឲ្យ​ទ្រង់​បាន​ ហើយ​កិច្ចការ​ដែល​ទ្រង់​បំពេញ​នៅ​គ្រប់​ដំណាក់កាល​ សុទ្ធ​តែ​តំណាង​ឲ្យ​និស្ស័យ​របស់​ទ្រង់​។​ ឧបមា​ថា​ នៅ​ពេលដែល​គ្រា​ចុង​ក្រោយ​​មក​ដល់​ ព្រះ​ជា​ម្ចាស់​ដែល​ឯង​មើល​ឃើញ​ គឺ​នៅ​តែ​ជា​ព្រះ​យេស៊ូវ​ដដែល​ ហើយ​បន្ថែ​ម​លើ​នេះ​ ទ្រង់​កំពុងគង់​លើដុំ​ពពក​ស​ ហើយ​ទ្រង់​នៅ​តែ​លេចមកក្នុង​រូប​អង្គ​របស់​ព្រះយេស៊ូវដដែល​ ហើយ​ព្រះ​បន្ទូល​ដែល​ទ្រង់​ថ្លែង​ គឺ​នៅ​តែ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ដដែល​៖​ “​អ្នក​រាល់​គ្នា​គប្បី​ស្រឡាញ់​​​អ្នក​ជិត​ខាង​ខ្លួន​​ឲ្យ​ដូច​ជា​ខ្លួន​ឯង​ អ្នក​​គប្បី​ត្រូវ​តម​អាហារ​ និង​អធិស្ឋាន​ ស្រឡាញ់​ខ្មាំងសត្រូវ​របស់​អ្នក​​​ឲ្យដូច​ជា​អ្នក​​អរសប្បាយ​នឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់អ្នក​​ អត់ទ្រាំ​ជាមួយ​អ្នក​ដទៃ​ និង​ចេះ​អត់​ធ្មត់​ ហើយបន្ទាប​ខ្លួន​។​ អ្នក​​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​រឿង​ទាំង​អស់​នេះ​នៅ​មុន​ពេល​ដែល​អ្នក​​អាច​ក្លាយ​ជា​សិស្ស​របស់​​ខ្ញុំ​។​ ​ហើយ​តាម​រយៈ​ការ​ធ្វើ​បែប​នេះ​ ទើបអ្នក​​អាច​ចូល​ទៅ​ក្នុង​នគរ​របស់​ខ្ញុំ​បាន​។​”​ ​តើ​នេះ​នឹង​ក្លាយ​ជា​កម្ម​សិទ្ធិ​នៃ​កិច្ចការ​នៅ​ក្នុង​យុគសម័យ​នៃ​ព្រះ​គុណ​មែន​ទេ​?​ តើ​អ្វី​ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​មិន​មែន​ជា​ផ្លូវ​នៃ​យុគ​សម័យ​នៃ​ព្រះ​គុណ​ទេ​ឬ​អី​?​ ​តើ​ឯង​នឹង​មាន​អារម្មណ៍​បែប​ណា ប្រសិន​បើ​ឯង​រាល់​គ្នា​ស្ដាប់​ឮ​ព្រះ​បន្ទូល​ទាំង​អស់​នេះ​?​ តើ​ឯង​នឹង​មិនមាន​អារម្មណ៍​ថា​ នេះ​នៅ​តែ​ជា​កិច្ចការ​របស់​ព្រះយេស៊ូវមែន​ទេ​?​ ​តើ​នេះ​នឹង​មិន​មែន​​ជា​ការ​បំពេញ​កិច្ច​ការ​ជាន់​គ្នា​ទេ​មែន​ទេ​? តើ​មនុស្ស​អាច​ស្វែង​រក​សេចក្ដី​អរសប្បាយ​នៅ​ក្នុង​នេះ​បាន​ដែរ​ឬ​ទេ​?​ ឯង​រាល់​គ្នា​នឹង​មាន​អារម្មណ៍​ថា​ កិច្ចការ​របស់ព្រះ​ជាម្ចាស់​អាច​បន្ត​ទៅ​បាន​តែ​នៅក្នុង​ពេល​នេះប៉ុណ្ណោះ​ និង​គ្មានការ​ចម្រើន​ទៅ​មុខ​ឡើយ​។​ ទ្រង់​មាន​ព្រះចេស្តា​យ៉ាង​ខ្លាំង​ ហើយ​គ្មាន​កិច្ចការ​ថ្មី​ណា​ត្រូវ​បំពេញ​នោះ​ទេ​ ហើយ​ទ្រង់​បាន​ប្រើ​ព្រះ​ចេស្ដា​របស់​ទ្រង់​ដល់​កំណត់​របស់​វា​ហើយ​។​ ពីរបាន់ឆ្នាំ​មុន​ពេល​នេះ​ គឺ​ជា​យុគសម័យ​នៃ​ព្រះ​គុណ​ ហើយ​ពីរ​ពាន់​ឆ្នាំ​ក្រោយ​ ទ្រង់​គឺ​នៅ​តែ​ប្រៀន​ប្រដៅ​អំពីផ្លូវ​នៃ​យុគសម័យ​នៃ​ព្រះ​គុណ​ និង​នៅ​តែ​ត្រូវ​ធ្វើ​ឲ្យ​មនុស្ស​មាន​ការ​ប្រែ​ចិត្តដដែល​។​ ​មនុស្ស​នឹង​និយាយ​ថា​៖ “ឱ ​ព្រះ​ជា​ម្ចាស់​អើយ​! ទ្រង់​មានព្រះ​ចេស្ដា​ខ្លាំង​ដល់​ម្ល៉េះ​។​ ទូល​បង្គំ​ជឿ​ថា​ទ្រង់​មាន​ព្រះ​ប្រាជ្ញាញាណ​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែ​ទ្រង់​ជ្រាប​ត្រឹម​ការ​អត់​ទ្រាំ​ និង​ខ្វល់​ខ្វាយ​ត្រឹម​តែ​ការ​អត់ធ្មត់ប៉ុណ្ណោះ​។ ទ្រង់​គ្រាន់​តែ​ជ្រាប​ថា​ត្រូវ​ស្រឡាញ់​សត្រូវ​របស់​ទ្រង់​ដោយ​បែប​ណា​ប៉ុណ្ណោះ ហើយ​ទ្រង់​មិន​ជ្រាប​ពី​អ្វី​ផ្សេង​ទៀត​ឡើយ​។”​ នៅ​ក្នុង​គំនិត​របស់​មនុស្ស​ ព្រះ​ជា​ម្ចាស់​នឹង​មាន​​លក្ខណៈ​ដូច​កាល​​នៅ​ក្នុង​យុគសម័យ​នៃ​ព្រគុណជា​រៀង​រហូត​​ ហើយ​មនុស្ស​នឹង​តែង​តែ​ជឿ​ថា​ ព្រះ​ជា​ម្ចាស់​គឺ​គួរ​ឲ្យ​ស្រឡាញ់​ និងមាន​ព្រះ​ហឫទ័យ​​ក្ដួល​អាណិត។ ​តើឯង​គិត​ថា​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ នឹង​តែង​តែច្រំដែលជា​និច្ច​មែន​ទេ​?​ ដូច្នេះ​ហើយ​ នៅ​ក្នុង​ដំណាក់​កាល​​នៃ​កិច្ចការ​របស់​ទ្រង់​ ទ្រង់​នឹង​មិន​ត្រូវ​គេ​ឆ្កាង​ឡើយ ​ហើយ​គ្រប់​ការ​ទាំង​អស់​ដែល​ឯង​រាល់​គ្នា​ឃើញ និង​ប៉ះ​ពាល់​ នឹង​មិន​ដូច​ជាអ្វីៗ​គ្រប់​យ៉ាង​​ដែល​ឯង​រាល់​គ្នា​បាន​ស្រមៃ​ ឬ​បាន​​​ស្ដាប់​ឮ​គេ​និយាយ​នោះ​ទេ​។​ ​សព្វ​ថ្ងៃ​នេះ​ ព្រះ​ជា​ម្ចាស់​មិន​បាន​ពាក់​ព័ន្ធ​នឹង​ពួក​ផារីស៊ី​ឡើយ​ ហើយ​ទ្រង់​ក៏​មិន​បាន​ឲ្យ​ពិភព​លោក​ដឹង​ដែរ​ ហើយ​អស់​អ្នក​ដែល​ស្គាល់​ទ្រង់​ គឺ​ជា​ឯង​រាល់​គ្នា​ដែល​ដើរ​តាម​ទ្រង់នេះ​ហើយ​ ដ្បិត​ទ្រង់​នឹងមិន​ត្រូវ​គេ​ឆ្កាង​ជា​ថ្មី​ម្ដង​ទៀត​ឡើយ​។​ ក្នុង​អំឡុង​យុគសម័យ​នៃ​ព្រះគុណ​ ព្រះយេស៊ូវ​បាន​បង្រៀន​ដោយ​បើក​ចំហ​នៅ​ទូទាំង​ដែន​ដី​ទាំង​មូល​ ដើម្បី​ជា​ប្រយោជន៍​ដល់​កិច្ចការ​ផ្សាយ​ដំណឹង​ល្អ​របស់​ទ្រង់​។​ ទ្រង់​បាន​ពាក់​ព័ន្ធ​នឹង​ពួក​ផារីស៊ី​ដើម្បី​ជា​ប្រយោជន៍​ដល់​កិច្ចការ​នៃ​ការជាប់​ឆ្កាង​។ ប្រសិន​បើ​ទ្រង់​មិន​បាន​ពាក់​ព័ន្ធ​នឹង​ពួកផារីស៊ី​ និង​អ្នក​កាន់​អំណាច​ដែល​មិន​បាន​ស្គាល់​ទ្រង់​ទេ​ តើ​ទ្រង់​អាច​ត្រូវ​បាន​គេ​ថ្កោល​ទោស​ ហើយ​បន្ទាប់​មក​ ត្រូវ​គេ​ក្បត់​ និងបោះទ្រង់ភ្ជាប់​​ទៅ​នឹង​ឈើ​ឆ្កាង​យ៉ាង​ដូចម្ដេច​កើត​ទៅ​? ដូច្នេះ​ហើយ​ ទ្រង់​បាន​ពាក់​ព័ន្ធ​នឹង​ពួកផារីស៊ី ដើម្បី​ជា​ប្រយោជន៍​ដល់​កិច្ចការ​នៃ​ការជាប់​​ឆ្កាងនេះ​។​ សព្វ​ថ្ងៃ​នេះ​ ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់​ដោយ​សម្ងាត់ ​ដើម្បី​ជៀស​វាង​ពី​សេចក្ដី​ល្បួង​។​ នៅ​ក្នុង​ការយកកំណើត​ជា​មនុស្ស​ចំនួន​ពីរ​ដង​របស់​ព្រះ​ជា​ម្ចាស់​ កិច្ចការ​ និង​សារៈ​សំខាន់​​​គឺខុស​គ្នា​ ហើយកាល​អាកាស​​ក៏​ខុស​គ្នា​ដែរ​ ដូច្នេះ​ តើ​កិច្ចការ​ដែល​ទ្រង់​បំពេញ​អាច​ដូច​គ្នា​ទាំង​ស្រុង​បាន​ដោយ​​របៀប​ណា​?​

តើ​ព្រះ​នាម​របស់​ព្រះយេស៊ូវ​ ដែល​ថា “ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ​” តំណាង​ឲ្យ​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ទាំង​ស្រុង​មែន​ទេ​? ​តើ​វា​អាចបង្ហាញ​ពី​ព្រះ​ជា​ម្ចាស់​បាន​ទាំង​ស្រុង​ដែរ​ឬ​ទេ​?​ ​ប្រសិន​បើ​មនុស្ស​និយាយ​ថា ព្រះ​ជា​ម្ចាស់​អាច​ត្រឹម​​ហៅ​ថា​ព្រះយេស៊ូវ​ និង​មិន​មាន​ព្រះ​នាម​អ្វី​ផ្សេង​ ដោយសារ​ព្រះ​ជា​ម្ចាស់​មិន​អាច​ផ្លាស់​ប្ដូរ​និស្ស័យ​របស់​ទ្រង់​បាន​ ព្រះ​បន្ទូល​ទាំង​អស់​នេះ​ គឺ​ជា​ការ​ប្រមាថ​ដ៏​ធ្ងន់​ធ្ងរខ្លាំង​ណាស់​!​ ​តើ​ឯង​ជឿ​ថា​ ព្រះ​នាម​ព្រះ​យេស៊ូវ​ គឺ​ ព្រះ‌អង្គ​ទ្រង់​គង់​ជា​មួយ​នឹង​យើង​ខ្ញុំ​ តែ​មួយ​មុខ​នេះ​ អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​ទាំង​ស្រុង​បាន​ដែរ​ឬ​ទេ​?​ ព្រះ​ជា​ម្ចាស់​អាច​ត្រូវបាន​​គេហៅ​ដោយ​ព្រះ​នាម​ជា​ច្រើន​ ប៉ុន្តែ​ក្នុង​ចំណោម​ព្រះនាម​ទាំង​អស់​នេះ​ គ្មាន​ព្រះ​នាម​ណា​មួយ​ដែល​អាច​គេច​ផុត​ពី​ព្រះ​ជា​ម្ចាស់​ឡើយ​ ​គ្មាន​ព្រះ​នាម​ណា​មួយ​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​ដោយ​ពេញ​លេញ​នោះ​ទេ​។​ ដូច្នេះ​ហើយ​ ព្រះ​ជា​ម្ចាស់​មាន​ព្រះនាម​ជា​ច្រើន​ ប៉ុន្តែ​ព្រះនាម​ទាំង​អស់​នេះ​ មិន​អាច​សម្ដែង​ចេញពី​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ដោយ​ពេញ​លេញ​ឡើយ​ ដ្បិត​និស្ស័យ​របស់​ព្រះ​ជាម្ចាស់​ គឺ​សម្បូរ​បែប ​លើស​ពី​សមត្ថភាព​ដែល​មនុស្ស​អាច​ស្គាល់​ទ្រង់​បាន​។​ ការ​ប្រើ​ភាសា​របស់​មនុស្ស​ជាតិ​ មិន​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ពី​ព្រះ​ជា​ម្ចាស់​ឲ្យ​បាន​ពេញ​លេញនោះ​ទេ​។​ មនុស្ស​ជាតិ​គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​សម្ដី​បន្តិច​បន្តួច​ដើម្បី​​បង្ហាញពី​​អ្វី​ទាំង​អស់​ដែល​ពួកគេ​ដឹង​អំពី​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់នោះឡើយ ដូច​ជា​ពាក្យ​ថា​៖ មហិមា​ កិត្តិយស អស្ចារ្យ មិន​អាច​យល់​បាន​ ឧត្តុង្គឧត្តម បរិសុទ្ធ សុចរិត​ ឈ្លាសវៃ​ និង​ពាក្យ​ដទៃ​ផ្សេង​ទៀត​។​ ​មាន​ពាក្យ​ជា​ច្រើន​ខ្លាំង​ណាស់​!​ ​ពាក្យ​បន្តិច​បន្តួច​នេះ​ ​មិន​អាច​រៀប​​រាប់​សូម្បី​តែនិស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ដែល​មនុស្ស​បាន​ដឹង​ដ៏​តិច​តួច​ក្ដី​។​ ពេល​កន្លងមក​ អ្នក​ដទៃ​ទៀត​បាន​បន្ថែម​ពាក្យពេចន៍​ដែល​ពួកគេបាន​គិត​ថា​ ​អាច​រៀប​រាប់​បាន​កាន់​តែ​ប្រសើរ​អំពី​ភាព​ឆេះ​ឆួល​ដែល​​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​​ដូច​ជា​ពាក្យ​ដែល​ថា៖​ ព្រះ​ជា​ម្ចាស់​មហិមា​​ខ្លាំង​ណាស់​!​ ព្រះ​ជា​ម្ចាស់បរិសុទ្ធ​ខ្លាំង​ណាស់​!​ ព្រះ​ជា​ម្ចាស់គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​!​ សព្វ​ថ្ងៃ​ ការ​និយាយ​របស់​មនុស្ស​បែប​នេះ​បាន​ដល់​កម្រិត​កំពូលហើយ​ ក៏​ប៉ុន្តែ​ មនុស្ស​នៅ​តែ​មិន​អាច​​សម្ដែង​ពី​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​នៅ​ឡើយ​។​ ដូច្នេះ​ហើយ​ សម្រាប់​មនុស្ស​ ព្រះ​ជា​ម្ចាស់​មាន​ព្រះ​នាម​ជា​ច្រើន​ ​ទ្រង់​មិនមែន​មាន​តែ​ព្រះ​នាម​មួយ​ទេ​ ​នេះគឺ​ដោយសារសភាវៈ​របស់​ព្រះ​ជា​ម្ចាស់​ គឺ​សម្បូរ​បែបខ្លាំងណាស់​ ហើយ​ភាសា​របស់​មនុស្ស​ ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។​ ពាក្យ​មួយ​ម៉ាត់ ឬព្រះ​នាម​មួយ​ពុំ​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​ទាំង​ស្រុង​បាន​ទេ​ ដូច្នេះ​ តើ​ឯង​គិត​ថា​ព្រះ​នាម​របស់​ទ្រង់​អាច​មិន​ប្រែប្រួល​ដែរឬ​ទេ​?​ ព្រះ​ជា​ម្ចាស់មហិមា​ និង​បរិសុទ្ធ​ខ្លាំង​ណាស់​ ក៏​ប៉ុន្តែ​តើ​ឯង​នឹង​មិន​អនុញ្ញាត​ឲ្យ​ទ្រង់​ផ្លាស់ប្ដូរ​ព្រះនាម​របស់​ទ្រង់​នៅ​ក្នុង​យុគសម័យ​ថ្មី​ទេ​ឬ​?​ ហេតុ​នេះ​ នៅ​គ្រប់​យុគសម័យ​ដែល​​ព្រះ​ជា​ម្ចាស់​បំពេញ​កិច្ចការរបស់​ទ្រង់​ដោយ​ផ្ទាល់​ព្រះ​អង្គឯង​ ទ្រង់​ប្រើ​ព្រះ​នាម​មួយ​ដែលស័ក្តិសម​នឹង​យុគ​សម័យ​នោះ​ ដើម្បី​បង្ហាញ​​ពី​កិច្ចការ​ដែល​ទ្រង់​មាន​សព្វ​ព្រះ​ហឫទ័យ​ចង់​ធ្វើ​។​ ទ្រង់​​ប្រើ​ព្រះ​នាម​នេះ​ ​ជា​ព្រះ​នាម​មួយ​ដែល​មាន​លក្ខណៈ​សំខាន់​បណ្ដោះ​​អាសន្ន​ ដើម្បី​តំណាង​ឲ្យ​និស្ស័យ​របស់​ទ្រង់​នៅ​ក្នុង​យុគ​សម័យ​​នោះ​។​ នេះ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​ប្រើ​ភាសា​មនុស្ស​ជាតិ​ដើម្បី​បើក​សម្ដែង​ពី​និស្ស័យ​ផ្ទាល់​របស់​ទ្រង់​។​ បើ​ទោះ​បី​ជា​ដូច្នេះ​ក្ដី​ ​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ខាង​វិញ្ញាណ​ និង​ធ្លាប់​បាន​ឃើញ​ព្រះ​ជា​ម្ចាស់​ដោយ​ផ្ទាល់​ក្ដី​ ក៏​នៅតែ​មាន​អារម្មណ៍​ថា​ ព្រះនាម​មួយ​នេះ​មិន​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ទាំង​ស្រុងទេ​។ វរហើយ!​ រឿង​នេះ​មិន​អាច​ជួយ​បាន​ទេ​ ដូច្នេះ​ ​មនុស្ស​លែង​ហៅ​ព្រះ​ជា​ម្ចាស់​ដោយ​ព្រះ​នាម​របស់​ទ្រង់​ទៀត​ហើយ​ ប៉ុន្តែ​ហៅ​ទ្រង់​ត្រឹម​ថា​ “​ព្រះ​ជា​ម្ចាស់​”​ ប៉ុណ្ណេះ​។​ ​ដួង​ចិត្ត​របស់​មនុស្ស​ហាក់​ដូចជា​ពោរពេញ​ដោយ​សេច​ក្ដី​ស្រឡាញ់​ ក៏​ប៉ុន្តែ​ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជំទាស់ដែរ​ ដ្បិត​មនុស្ស​ពុំ​បាន​ដឹង​ថា​តើ​ត្រូវ​ពន្យល់​អំពី​ព្រះ​ជា​ម្ចាស់​ដោយ​របៀប​ណា​នោះ​ទេ​។​ លក្ខណៈរបស់ព្រះជា​ម្ចាស់សម្បូរ​បែប​ខ្លាំង​រហូត​ដល់​គ្មាន​វិធីណា​ដែល​អាច​រៀប​រាប់​បាន​ឡើយ​។​ ​គ្មាន​ព្រះ​នាម​ណា​​មួយ​ដែល​អាច​សង្ខេប​ពី​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​ ហើយ​​គ្មាន​ព្រះ​នាម​ណា​មួយ​ដែល​អាច​រៀប​រាប់​ពី​គ្រប់​កម្មសិទ្ធ ​និង​លក្ខណៈ​របស់​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​។​ ប្រសិន​បើ​នរណា​ម្នាក់​សួរអញ​ថា​៖ “​តើ​ទ្រង់​ប្រើព្រះនាម​អ្វី​ឲ្យ​ប្រាកដ​?​”​ អញ​នឹង​មាន​បន្ទូល​ប្រាប់​ពួកគេ​ថា​៖ “​ព្រះ​ជា​ម្ចាស់​ គឺ​ជា​ព្រះ​ជា​ម្ចាស់​!​”​ តើ​នេះ​មិន​មែន​ជា​ព្រះ​នាមដ៏​ល្អ​បំផុត​សម្រាប់​ព្រះ​ជា​ម្ចាស់​ទេឬ​អី​?​ ​តើ​នេះ​មិន​មែន​ជា​ការ​បង្ហាញ​ពី​និស្ស័យ​របស់ព្រះ​ជា​ម្ចាស់​ទេ​ឬ​អី​?​ រឿង​គឺ​បែប​នេះហើយ​ តើ​ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​ខំ​ប្រឹង​ស្វែង​រក​ព្រះ​នាម​របស់​ព្រះ​ជា​ម្ចាស់​ខ្លាំង​យ៉ាង​នេះ​?​ តើហេតុ​អ្វី​ឯងត្រូវ​ប្រើ​ខួរ​ក្បាល​របស់​ឯង​ ​ដោយ​គ្មានបាន​ហូប​ចុក​ និង​ដេក​ពួន​ ​ដើម្បី​តែ​ជា​ប្រយោជន៍​ដល់​ព្រះ​នាម​មួយ​បែប​នេះ​?​ ថ្ងៃ​នោះ​នឹង​ចូល​មក​ដល់ ​នៅ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​លែង​ត្រូវ​គេ​ហៅ​ថា​ ព្រះ​យេហូវ៉ា​ ព្រះយេស៊ូវ​ ឬ​ព្រះ​មែ​ស្ស៊ីត​ទៅ​ទៀត គឺ​​ទ្រង់​នឹង​ត្រូវ​គេ​ហៅ​ត្រឹម​ថា​ ព្រះ​អាទិករ​។​ នៅ​ពេល​នោះ​ ​គ្រប់​ព្រះ​នាម​ទាំង​អស់​ដែល​ទ្រង់​បាន​ដាក់​នៅ​លើ​ផែន​ដី​ ​នឹង​ត្រូវ​ចូល​ដល់​ទី​បញ្ចប់​ ដ្បិត​កិច្ចការ​របស់​ទ្រង់​នៅ​លើផែន​ដី​ នឹង​ត្រូវ​ចូល​ដល់​ទី​បញ្ចប់​ ក្រោយ​ពេល​ដែល​ព្រះ​នាម​របស់​ទ្រង់​​លែង​មាន​ទៀត​។​ ​នៅ​ពេល​ដែល​គ្រប់យ៉ាង​ទាំង​អស់​មក​នៅ​ក្រោម​អំណាច​ត្រួត​ត្រា​របស់​ព្រះ​អាទិករ​ ​តើ​ចាំ​បាច់​អ្វី​ដែល​ទ្រង់​ត្រូវ​ការ​ព្រះនាម​សមស្រប​តែ​មិន​ពេញ​លេញ​បែប​នេះ​ធ្វើ​អ្វី​? ​តើ​ឯង​នឹង​នៅ​តែ​បន្ត​ស្វែង​រក​ព្រះ​នាម​របស់​ព្រះ​ជា​ម្ចាស់​ក្នុង​ពេល​នេះ​ទៀត​ដែរ​ឬ​ទេ​?​ តើ​ឯង​នៅ​តែ​ហ៊ាន​និយាយ​ថា​ ព្រះ​ជា​ម្ចាស់​គឺ​នៅ​តែ​ត្រូវ​ហៅ​ថា​ ព្រះយេហូវ៉ា តែមួយ​ប៉ុណ្ណោះ​ទៀត​មែន​ទេ​?​ តើ​ឯង​នៅ​តែ​ហ៊ាន​និយាយ​ថា​ ព្រះ​ជា​ម្ចាស់​អាច​ត្រូវ​ហៅត្រឹម​ ព្រះយេស៊ូវ​ តែមួយ​ប៉ុណ្ណោះ​មែន​ទេ​?​ តើ​ឯង​អាចទូល​រែក​អំពើ​បាប​នៃ​ការ​ប្រមាថ​ចំពោះ​ព្រះ​ជា​ម្ចាស់បាន​ដែរ​ឬ​ទេ​?​ ឯង​គប្បី​ដឹង​ថា​ កាល​ពី​ដើម​ដំបូង​ ​ព្រះ​ជា​ម្ចាស់​គ្មាន​ព្រះនាម​អ្វី​ទេ​។​ ​ទ្រង់​គ្រាន់​តែ​មាន​ព្រះ​នាម​មួយ​ ឬ​ពីរ​ ឬ​ច្រើន​ ដោយសារ​តែ​ទ្រង់​មាន​កិច្ចការ​ត្រូវ​បំពេញ​ និង​ត្រូវ​គ្រប់​គ្រង​មនុស្ស​ជាតិ​​ប៉ុណ្ណោះ​។​ មិន​ថា​គេ​ហៅ​ព្រះ​នាម​ទ្រង់​បែប​ណា​នោះ​ទេ​ ​តើ​ទ្រង់​មិន​ជ្រើស​យក​​ព្រះ​នាម​នោះ​ដោយ​ផ្ទាល់​ព្រះ​អង្គ​ឯង​ទេ​មែន​ទេ​?​ តើ​ទ្រង់​ត្រូវ​ការ​ឲ្យ​ឯង​ដែល​ជា​សត្តនិករ​មួយ​ដែល​ទ្រង់​បាន​បង្កើត​មក​នោះ ​រៀប​រាប់​អំពី​ព្រះ​នាម​នោះ​ដែរ​ឬ​ទេ​?​ ព្រះ​នាម​ដែល​គេ​ហៅ​ព្រះ​ជា​ម្ចាស់​ គឺ​ជា​ព្រះនាម​មួយ​ដែល​ស្រប​នឹង​អ្វី​ដែល​មនុស្ស​អាច​យល់​ដឹង​បាន​ ស្រប​តាម​ភាសារបស់​មនុស្ស​ជាតិ​ ប៉ុន្តែ​ព្រះ​នាម​នេះ​ គឺ​មិន​មែន​ជា​ព្រះ​នាម​ដែល​មនុស្ស​អាច​សង្ខេប​រួម​បាន​ទេ​។​ ឯង​អាច​និយាយ​បាន​ត្រឹម​ថា​ មាន​ព្រះ​ជា​ម្ចាស់​គង់​នៅ​លើ​ស្ថានសួគ៌ ថា​ទ្រង់​ត្រូវ​គេ​ហៅ​ថា ​ព្រះ​ជា​ម្ចាស់​ ថា​ទ្រង់​គឺ​ជា​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ ​ដែល​មាន​ព្រះចេស្ដា​ខ្លាំងពូកែ​ ដែល​មាន​ព្រះ​ប្រាជ្ញាញាណ​អស្ចារ្យ​ ​ខ្ពង់​ខ្ពស់​ ​អស្ចារ្យ​ ​និង​អាថ៌កំបាំង​យ៉ាង​ខ្លាំង​ ​និង​មាន​ព្រះ​ចេស្តា​អស្ចារ្យ​​ ហេតុដូច្នេះ​ហើយ​ ឯង​មិន​អាច​និយាយ​អ្វី​បាន​ឡើយ​ ហើយ​ឯង​ទាំង​គ្នាអាច​ដឹង​បានតែ​បន្ដិច​បន្ដួច​នេះ​ប៉ុណ្ណោះ​​។​ រឿង​គឺ​បែប​នេះហើយ​ តើ​ព្រះនាម​ព្រះ​យេស៊ូវ​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​​មែន​ទេ​?​ នៅ​​ពេលដែល​​គ្រា​ចុងក្រោយ​មក​ដល់​ បើ​ទោះ​បី​ជា​ព្រះ​ជា​ម្ចាស់​គឺ​ជា​អ្នក​ដែល​នៅ​បន្ត​បំពេញ​កិច្ចការ​របស់​ទ្រង់​ក្ដី​ ក៏​ព្រះ​នាម​របស់​ទ្រង់​ត្រូវ​តែ​ផ្លាស់ប្ដូរដែរ​ ដ្បិត​វា​គឺ​ជា​យុគសម័យ​មួយ​ខុស​គ្នា​។​

ព្រះ​ជា​ម្ចាស់​ដែល​អស្ចារ្យ​បែប​នេះ​នៅ​ទូទាំង​សាកលលោក​ និង​នៅ​លោកខាង​លើ​នេះ​ តើ​ទ្រង់​អាច​ពន្យល់​ពី​ព្រះ​អង្គ​ទ្រង់​ដោយ​ប្រើ​រូប​អង្គ​ខាង​សាច់​ឈាម​បាន​ដែរ​ឬ​ទេ​?​ ព្រះ​ជា​ម្ចាស់​ទ្រង់​យក​សាច់​ឈាមមក​គ្រង​ពី​លើ​ទ្រង់​​ដើម្បី​បំពេញ​កិច្ចការ​នៅ​ក្នុង​ដំណាក់កាល​មួយ​នៃ​កិច្ចការ​របស់​ទ្រង់​។​ គ្មាន​សារៈសំខាន់​ជាក់លាក់​ណាមួយ​ចំពោះ​រូប​អង្គ​ខាង​ឯ​សាច់​​ឈាម​នេះ​ទេ​ វា​គ្មាន​ទំនាក់​ទំនង​អ្វី​ក្នុង​ការ​ឆ្លង​កាត់​យុគ​សម័យ​​ឡើយ​ ហើយ​វាក៏​​គ្មាន​អ្វី​ត្រូវ​ពាក់​ព័ន្ធ​នឹង​និស្ស័យ​របស់​ព្រះ​ជា​ម្ចាស់​ដែរ​។​ ​តើ​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​អនុញ្ញាត​ឲ្យ​រូប​អង្គ​ទ្រង់​នៅ​រក្សា​ដូច​ដើម​?​ ​តើ​ហេតុ​អ្វី​បាន​ជា​មិន​ព្រម​ឲ្យ​មនុស្ស​គូរ​គំនូរ​រូប​អង្គ​ទ្រង់ ​ដើម្បី​ឲ្យរូប​អង្គនេះ​អាច​ផ្សាយ​បន្ត​ទៅ​កាន់​ជំនាន់​ក្រោយ​ទៀត​? ​តើ​ហេតុ​អ្វី​បានជា​​ទ្រង់​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ទទួល​ស្គាល់​ថា​ រូប​អង្គ​របស់​ទ្រង់​ គឺ​ជា​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​?​ ​បើ​ទោះ​បី​ជា​រូប​កាយ​របស់​មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​ជា​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​ តើ​វា​អាច​ទេដែល​ឲ្យ​រូប​កាយ​ខាង​ក្រៅ​របស់​មនុស្ស​តំណាងឲ្យ​រូប​អង្គ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​ជា​ម្ចាស់​នោះ​?​ នៅ​ពេល​ដែល​ព្រះ​ជា​ម្ចាស់​​យកកំណើត​ជា​មនុស្ស​ ទ្រង់គ្រាន់​តែ​យាង​ចុះ​ពី​ស្ថានសួគ៌​ទៅ​កើត​ជា​មនុស្ស​ណា​មួយ​ប៉ុណ្ណោះ​។​ គឺ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​នេះ​ហើយ​ដែល​យាង​ចុះ​ទៅ​កើត​ជា​មនុស្ស​ ហើយតាម​រយៈ​ការ​យក​​កំណើត​នេះហើយ​ដែល​ទ្រង់​បំពេញ​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​។​ គឺ​ព្រះ​វិញ្ញាណ​នេះ​ហើយ​ដែល​បើក​សម្ដែង​នៅ​ខាង​សាច់​ឈាម​ ហើយ​គឺ​ព្រះ​វិញ្ញាណ​នេះ​ហើយ​ដែល​បំពេញ​កិច្ចការ​របស់​ទ្រង់​ខាង​ឯសាច់​ឈាម​។​ ​កិច្ច​ការ​​ដែល​ធ្វើ​​ខាង​ឯ​សាច់​ឈាម​តំណាង​ឲ្យ​ព្រះ​វិញ្ញាណ​ទាំង​ស្រុង​ ហើយ​​សាច់​ឈាមនោះ​ គឺសម្រាប់​​តែជា​​ប្រយោជន៍​ដល់​កិច្ចការ​នេះ​ប៉ុណ្ណោះ​ ប៉ុន្តែ​​ នោះ​ពុំ​មាន​ន័យ​ថា​ រូបកាយ​ខាង​ឯ​សាច់​ឈាម​ ​ជំនួស​រូប​អង្គ​ពិត​របស់​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​នោះ​ឡើយ។ ​នេះ​គឺ​មិន​មែន​ជា​គោលបំណង​ ឬ​ជា​ខ្លឹមសារ​សំខាន់របស់​ព្រះ​ជាម្ចាស់​ដែល​យ​ក​កំណើត​ជាមនុស្ស​ឡើយ​។​ ទ្រង់​បាន​យកកំណើត​ជា​មនុស្ស​តែ​ដើម្បី​ឲ្យ​ព្រះ​វិញ្ញាណ​អាច​ស្វែង​រក​កន្លែង​មួយ​ដើម្បី​ស្នាក់​នៅ​ ដែល​សម​ស្រប​នឹង​កិច្ចការ​របស់​ទ្រង់​ប៉ុណ្ណោះ​ ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់​ខាង​ឯ​សាច់​ឈាម​បាន​កាន់​តែ​ប្រសើរ ដើម្បី​ឲ្យ​មនុស្ស​អាច​មើល​ឃើញ​ទង្វើរបស់​ទ្រង់​ យល់​ពីនិស្ស័យ​របស់​ទ្រង់​ ស្ដាប់ ​ឮព្រះ​បន្ទូល​របស់​ទ្រង់​ និង​ស្គាល់​ពី​ការ​អស្ចារ្យ​នៃ​កិច្ចការ​របស់​ទ្រង់​។​ ព្រះ​នាម​របស់​ទ្រង់​តំណាង​ឲ្យ​និស្ស័យ​របស់​ទ្រង់​ កិច្ច​ការ​របស់​ទ្រង់​តំណាង​ឲ្យ​អត្តសញ្ញាណ​របស់​ទ្រង់​ ប៉ុន្តែ​ទ្រង់​មិន​ដែល​បាន​មាន​ព្រះ​បន្ទូល​ថា​ ការ​លេច​មក​របស់​ទ្រង់​ខាង​សាច់​ឈាម​តំណាង​ឲ្យ​រូប​អង្គ​របស់​ទ្រង់​ឡើយ​។ នោះ​គ្រាន់​តែ​ជា​សញ្ញាណ​របស់​មនុស្ស​ប៉ុណ្ណោះ​។​ ហេតុ​ដូច្នេះហើយ​ ​ទិដ្ឋភាព​សំខាន់​នៃ​ការយកកំណើត​ជា​មនុស្ស​របស់​ព្រះ​ជា​ម្ចាស់​ គឺ​ព្រះនាម​របស់​ទ្រង់​ កិច្ចការ​របស់​ទ្រង់​ និស្ស័យ​របស់​ទ្រង់​ និង​ភេទ​របស់​ទ្រង់​។​ ​ទាំង​អស់​នេះ​គឺ​ប្រើដើម្បី​តំណាង​ឲ្យ​ការ​គ្រប់​គ្រង​របស់​ទ្រង់​នៅ​ក្នុង​យុគ​សម័យ​នេះ​។​ ​ការ​លេច​​​មក​របស់​ទ្រង់​ខាង​ឯ​សាច់​ឈាម​នេះ​ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​របស់​ទ្រង់​ឡើយ​ គឺ​គ្រាន់​តែ​ដើម្បី​ជា​ប្រយោជន៍​ដល់​កិច្ចការ​របស់​ទ្រង់​នៅ​ពេល​នោះ​ប៉ុណ្ណោះ​។​ ​ព្រះ​ជា​ម្ចាស់​ដែល​​យកកំណើត​ជា​មនុស្ស​មិន​អាច​នឹង​មាន​រូប​រាង​ជាក់​លាក់​ណា​មួយ​ឡើយ​ ដូច្នេះហើយ​ ទ្រង់​ជ្រើសរើស​គ្រួសារ​ដែល​សមស្របមួយ​​ ដើម្បី​កំណត់​ពី​រូប​អង្គ​របស់​ទ្រង់​។​ ប្រសិន​បើ​រូប​រាង​ខាង​ក្រៅ​របស់​ព្រះ​ជា​ម្ចាស់​ មាន​សារៈ​សំខាន់ដែល​អាចធ្វើ​ជា​តំណាងបាន​ នោះ​អស់​អ្នក​ដែល​មាន​ទម្រង់​មុខ​ស្រដៀង​នឹង​ទ្រង់​ ​ក៏​នឹង​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ដែរ​។​ ​តើ​នោះ​នឹង​មិន​ក្លាយ​ជា​កំហុស​ដ៏​ធ្ងន់​ទេ​ឬ​អី​?​ ​រូប​គំនូរ​របស់​ព្រះយេស៊ូវ​ត្រូវ​បាន​មនុស្ស​គូរ​ដើម្បី​ឲ្យ​មនុស្ស​អាច​ថ្វាយ​បង្គំ​ទ្រង់​បាន​។​ ​នៅ​ពេល​នោះ​ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គ្មាន​ការ​ណែ​នាំ​អ្វី​ពិសេស​ទេ​ ដូច្នេះ​ហើយ​ មនុស្ស​បាន​ចែក​ចាយ​រូបគំនូរ​ដែល​គេ​ស្រមៃ​ គូរ​នោះ​បន្ត​គ្នា​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​។​ តាម​ពិ​តទៅ ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ មនុស្ស​មិន​គួរ​ធ្វើ​បែប​នេះ​ឡើយ​។​ ​គឺសទ្ធាដ៏​មុតមាំ​របស់​មនុស្ស​នេះ​ហើយ​ដែល​បង្កើត​ជា​រូប​គំនូរ​របស់​ព្រះ​យេស៊ូវ​ឲ្យ​នៅ​សល់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។​ ព្រះ​ជា​ម្ចាស់ គឺ​ជា​ព្រះវិញ្ញាណ​ ហើយ​មនុស្ស​មិន​អាច​សង្ខេប​ថា​រូ​ប​អង្គ​របស់​ទ្រង់​បែបណា​នៅ​ក្នុង​ការ​វិភាគ​ចុងក្រោយ​នោះ​ទេ​។​ រូប​អង្គ​របស់​ទ្រង់​ គឺ​អាច​តំណាង​បាន​ត្រឹម​និស្ស័យ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ​។​ សម្រាប់​ទម្រង់​នៃ​ព្រះ​នាសា​របស់​ទ្រង់​ ព្រឱស្ឋ​របស់​ទ្រង់​ ព្រះ​នេត្រ​របស់​ទ្រង់​ និង​ព្រះ​កេសា​របស់​ទ្រង់​ ទាំង​អស់​នេះ​គឺ​មិន​អាច​ឲ្យ​ឯង​រៀប​រាប់​បាន​នោះ​ទេ​។​ នៅ​ពេល​ដែល​ការ​បើក​សម្ដែង​បាន​មក​ដល់លោក​​យូហាន​ គាត់​បាន​ឃើញ​រូប​អង្គ​នៃ​កូន​មនុស្ស​៖​ ​ចេញ​ពី​ព្រះ​ឱសដ្ឋ​របស់​ទ្រង់​ គឺ​ជា​ដាវ​មុខ​ពីរ​ ព្រះនេត្រ​របស់​ទ្រង់ ​គឺ​ដូច​ជា​អណ្ដាត​ភ្លើង​ ព្រះសិរសា និង​ព្រះកេសា​របស់​ទ្រង់​ពណ៌ស​ដូច​ជា​រោម​ចៀម​ ព្រះ​បាទា​របស់​ទ្រង់​ដូច​ជា​លង់ហិន​ខាត់រលោង​ស្រិល​ ហើយ​នៅឱរា​របស់​ទ្រង់ ​មាន​ក្រវាត់​ឈៀង​ពណ៌មាស​។​ បើ​ទោះ​បី​ជា​ពាក្យ​របស់​គាត់​ច្បាស់​ៗ​ក្ដី​ ក៏​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​ដែល​គាត់​បាន​រៀប​រាប់​ មិនមែន​ជា​រូប​អង្គ​នៃ​សត្តនិករ​ដែល​បាន​បង្កើត​មក​នោះដែរ​។​ អ្វី​ដែល​គាត់​បាន​ឃើញ​ គឺ​គ្រាន់​តែ​ជា​និមិត្ត​ប៉ុណ្ណោះ​ និង​មិនមែន​ជា​រូប​អង្គ​នៃ​មនុស្ស​មក​ពី​ពិភព​ពិត​នោះ​ទេ​។​ យូហាន​បាន​ឃើញ​និមិត្ត​មួយ​ ប៉ុន្តែ​គាត់​មិន​បាន​ឃើញ​រូបរាងខាង​ក្រៅ​ពិត​ប្រាកដ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​។​ រូប​អង្គ​នៃ​សាច់​ឈាម​ដែល​យកកំណើត​ជា​មនុស្ស​របស់​ព្រះ​ជា​ម្ចាស់​ ដែល​​ជា​រូប​អង្គ​នៃ​សត្តនិករ​ដែល​បាន​បង្កើត​មក​ គឺមិន​អាច​តំណាង​​ឲ្យ​និស្ស័​យ​របស់​ព្រះ​ជា​ម្ចាស់​ទាំង​ស្រុង​នោះ​ទេ​។​ ​នៅ​ពេលដែល​​ព្រះយេហូវ៉ា​បាន​បង្កើត​មនុស្ស​ជាតិ​មក​ ទ្រង់​បាន​មាន​ព្រះ​​ប​ន្ទូល​​ថា ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​​ទ្រង់​ និង​បាន​បង្កើត​មនុស្ស​ប្រុស​ និង​មនុស្ស​ស្រីមក​។​ នៅ​ពេល​នោះ​ ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា​ ទ្រង់​បាន​បង្កើត​មនុស្ស​ប្រុស ​និង​មនុស្ស​ស្រី​ឲ្យ​ដូច​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​។​ បើ​ទោះ​បី​ជា​រូប​អង្គ​របស់​មនុស្ស​ស្រដៀង​គ្នា​នឹង​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​ក្ដី​ ក៏​នេះ​មិន​អាច​បក​ស្រាយ​ថា​ រូប​រាង​ខាង​ក្រៅ​របស់​មនុស្ស​ គឺ​ជា​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​បាន​ដែរ​។ ឯង​ក៏​មិន​អាច​ប្រើ​ភាសា​របស់​មនុស្ស​ជាតិ​ដើម្បី​ធ្វើ​ជា​គំរូ​ពេញ​លេញ​អំពី​រូប​អង្គ​របស់​ព្រះ​ជា​ម្ចាស់​បាន​ដែរ​ ដ្បិត​ព្រះ​ជា​ម្ចាស់​ខ្ពង់​ខ្ពស់​ណាស់​ មហិមា​ណាស់​ អស្ចារ្យ​ណាស់​ និង​មិន​អាច​យល់​បាន​ឡើយ​!​

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​បំពេ​ញ​កិច្ចការ​របស់​ទ្រង់​ គឺ​កិច្ចការ​នោះ​ស្ថិត​នៅ​ក្រោម​ការ​ណែ​នាំ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​។ ទ្រង់​បាន​បំពេញ​កិច្ចការ​ដែល​ទ្រង់​ចង់​បំពេញ​ និង​មិន​មែន​ទៅ​តាម​យុគសម័យ​នៃក្រឹត្យវិន័យ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់ ឬ​ទៅ​តាម​កិច្ច​ការ​​របស់​ព្រះ​យេហូវ៉ា​ឡើយ​។​ បើ​ទោះ​បី​ជា​កិច្ចការ​ដែល​ព្រះយេស៊ូវ​យាង​មក​បំពេញនោះ​ គឺ​មិន​ស្រប​ទៅ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​យេហូវ៉ា​ ឬ​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា​ក្ដី​ ​ក៏ប្រភព​របស់​ទ្រង់​ គឺ​តែ​មួយ​និងដូច​គ្នា​ដែរ។​ ​កិច្ច​ការ​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ តំណាង​ឲ្យ​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ​ ហើយ​វា​តំណាង​ឲ្យ​យុគសម័យ​នៃ​ព្រះ​គុណ​។ សម្រាប់​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បំពេញ គឺ​តំណាង​ឲ្យ​ព្រះ​យេហូវ៉ា​ ហើយ​វា​តំណាង​ឲ្យ​យុគ​សម័យ​នៃ​ក្រឹត្យវិន័​យ​។​ ​កិច្ចការ​របស់​​ទ្រង់​ គឺ​ជា​កិច្ច​ការ​​​របស់​ព្រះ​វិញ្ញាណតែ​មួយ​នៅ​ក្នុង​យុគសម័យ​ពីរ​ផ្សេង​គ្នា​។​ កិច្ច​ការ​ដែល​ព្រះយេស៊ូវ​បាន​បំពេញ​អាច​តំណាង​ត្រឹម​យុគសម័យ​នៃ​ព្រះ​គុណ​ប៉ុណ្ណោះ​ ហើយ​កិច្ចការ​ដែល​ព្រះយេហូវ៉ា​បាន​បំពេញ​ តំណាង​​ត្រឹម​យុគសម័យ​នៃ​ក្រឹត្យវិន័យ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ប៉ុណ្ណោះ​​។​ ព្រះ​យេហូវ៉ា​បាន​ណែ​នាំ​ត្រឹម​រាស្រ្ត​អ៊ីស្រាអែល ​និង​រាស្រ្ត​អេសីព្ទ​ និង​គ្រប់​ជាតិសាសន៍​ទាំង​អស់​នៅ​ក្រៅ​ស្រុក​អ៊ីស្រា​អែ​ល​ប៉ុណ្ណោះ​។​ ​កិច្ចការ​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​យុគសម័យនៃ​ព្រះ​គុណ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី​ គឺ​ជា​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​នៅ​ក្នុង​ព្រះ​នាម​របស់​ព្រះយេស៊ូវ​ នៅ​ពេល​ដែល​​ទ្រង់​បាន​ដឹក​នាំ​យុគសម័យ​នោះ​។​ ប្រសិន​បើ​ឯង​និយាយ​ថា​ កិច្ចការ​របស់​ព្រះ​យេស៊ូវ​ផ្អែកលើ​​កិច្ច​ការ​របស់​ព្រះយេហូវ៉ា​ ថា​ទ្រង់​មិន​បាន​បង្កើត​កិច្ចការ​ថ្មី​ណា​មួយ​ ហើយ​ថា​គ្រប់​ការ​ដែល​ទ្រង់​បាន​បំពេញគឺ​ស្រប​ទៅ​តាម​ព្រះ​បន្ទូល​របស់ព្រះ​យេហូវ៉ា​ និង​សេចក្ដី​ទំនាយ​​របស់​លោក​អេសាយ​ នោះ​ព្រះយេស៊ូវ​នឹង​មិន​មែនជា​ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​មនុស្ស​ឡើយ​។​ ប្រសិន​បើ​ទ្រង់​បាន​បំពេញ​កិច្ចការ​របស់​ទ្រង់​ដោយ​បែប​នេះមែន​ ទ្រង់​នឹង​អាច​ក្លាយ​ត្រឹម​ជា​សាវ័កមួយ​រូប​ ឬ​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​យុគសម័យ​នៃ​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​។​ ប្រសិន​បើ​ដូច​ជា​ឯង​និយាយ​មែន​ នោះ​ព្រះ​យេស៊ូវ​មិន​អាច​ចាប់​ផ្ដើម​យុគ​សម័យ​មួយ​បាន​ឡើយ​ ហើយ​ទ្រង់​ក៏​មិន​អាច​បំពេញ​កិច្ចការ​ដទៃ​ផ្សេង​ទៀត​បាន​ដែរ​។​ ដូច​គ្នា​នេះ​ដែរ​ ព្រះវិញ្ញាណ​បរិសុទ្ធ​ ​ត្រូវ​បំពេញ​កិច្ចការ​របស់​ទ្រង់​ជា​គោលការណ៍​តាម​រយៈ​ព្រះ​យេហូវ៉ា​ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មិន​អាច​បំពេញ​កិច្ចការ​ថ្មី​បាន​ឡើយ​លើកលែង​តែតាម​រយៈ​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​។​ វា​ជា​រឿង​ខុស​សម្រាប់​មនុស្ស​ដែល​យល់​ពី​កិច្ចការ​របស់​ព្រះយេស៊ូវ​ថា​បែប​នេះ​។​ ​ប្រសិន​បើ​មនុស្ស​ជឿ​ថា​ កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ស្រប​ទៅ​តាម​ព្រះ​បន្ទូល​របស់​ព្រះយេហូវ៉ា​ និង​តាម​សេចក្ដី​ទំនាយ​​របស់លោក​​អេសាយ​ នោះ​តើ​ព្រះយេស៊ូវ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដែល​យកកំណើត​ជា​មនុស្ស​មែន​ទេ​ ឬ​តើ​ទ្រង់​គឺ​ជា​ហោរា​ម្នាក់​មែន​​ទេ​?​ ​តាម​ទស្សនៈ​នេះ​ ​នឹង​គ្មានយុគស​ម័យ​នៃ​ព្រះ​គុណ​ទេ ហើយ​​ព្រះ​យេស៊ូវ​នឹង​មិន​ក្លាយ​ជា​ព្រះ​ជា​ម្ចាស់​ដែលយក​កំណើត​​ជា​​មនុស្ស​ឡើយ​ ដ្បិត​កិច្ចការ​ដែល​ទ្រង់​បាន​បំពេញ​ មិន​អាច​តំណាង​ឲ្យយុគ​សម័យ​នៃ​ព្រះ​គុណបាន​ និង​អាច​តំណាង​ត្រឹមតែ​យុគសម័យ​នៃ​ក្រឹត្យវិន័យនៅ​ក្នុង​ព្រះ​គម្ពីរសញ្ញាចាស់​ប៉ុណ្ណោះ​។​ ​អាចនឹង​មាន​យុគសម័យ​ថ្មី​មួយ​នៅ​ពេល​ដែល​ព្រះយេស៊ូវ​យាង​មក​បំពេញ​កិច្ចការ​ថ្មី​ ដើម្បី​បើក​យុគសម័យ​ថ្មី​មួយ​ ដើម្បី​ឆ្លង​កាត់​កិច្ច​ការ​ដែល​បាន​បំពេញ​ពី​មុន​នៅ​ស្រុក​អ៊ីស្រាអែល​ និង​ដើម្បី​បំពេញ​កិច្ចការ​របស់​ទ្រង់​មិន​ឲ្យ​ស្រប​ទៅ​តាម​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អ៊ីស្រា​អែល​ ឬ​ស្រប​តាម​ក្រឹត្យវិន័យ​ចាស់​របស់​ទ្រង់​ ឬ​ស្រប​ទៅ​តាម​បទប្បញ្ញត្តិ​ណាមួយ​ឡើយ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ គឺ​ដើម្បី​បំពេញ​កិច្ចការ​ថ្មី​ដែល​ទ្រង់​គប្បី​ត្រូវ​បំពេញ​។ ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​ យាង​មក​ដើម្បី​បើកយុគ​សម័យ​នោះ ហើយ​ព្រះ​ជា​ម្ចាស់ផ្ទាល់​​ព្រះ​អង្គ​ ក៏​យាង​មក​ដើម្បី​នាំ​យុគ​សម័យ​នោះ​ទៅ​រក​ទី​បញ្ចប់​ដែរ​។​ ​មនុស្ស​មិន​អាច​ធ្វើ​កិច្ចការ​នៃ​ការ​ចាប់​ផ្ដើម​យុគ​សម័យ​មួយ​ និង​បញ្ចប់​យុគ​សម័យ​នោះ​បាន​ទេ​។​ ​ប្រសិន​បើ​ព្រះ​យេស៊ូវ​មិន​បាន​នាំ​យក​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ទៅ​រក​ទី​បញ្ចប់​ ក្រោយ​ពី​ទ្រង់​បាន​យាង​មក​ទេ​ នោះ​​នឹង​ក្លាយ​ជាភស្ដុតាង​បញ្ជាក់​​ថា​ ទ្រង់​គឺ​គ្រាន់​តែ​ជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ និង​មិន​អាច​តំណាង​ឲ្យ​ព្រះ​ជា​ម្ចាស់​បាន​ឡើយ​។​ ច្បាស់​ណាស់ថា ​ដោយសារ​ព្រះ​យេស៊ូវ​បាន​យាង​មក​ និង​បាន​បញ្ចប់​កិច្ចការ​របស់​ព្រះយេហូវ៉ា​ បាន​បន្តកិច្ច​របស់​ព្រះយេហូវ៉ា និង​បន្ត​កិច្ចការ​ផ្ទាល់របស់​ព្រះ​អង្គ​ ដែលជា​កិច្ចការ​ថ្មី​មួយទៀត​ នោះ​បញ្ជាក់​ថា នេះគឺ​ជា​យុគសម័យ​ថ្មី​មួយ​ ហើយ​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​​​។​ ​ទ្រង់​បាន​បំពេញ​កិច្ចការ​នៅ​ដំណាក់​កាល​​ពីរ​ផ្សេង​គ្នា​។​ ដំណាក់​កាល​មួយ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះ​វិហារ​ ហើយ​ដំណាក់​កាល​មួយ​ត្រូវ​ធ្វើ​ឡើង​នៅ​ក្រៅ​ព្រះ​វិហារ​។​ ដំណាក់​កាល​មួយ​ ​ត្រូវ​ដឹក​នាំ​មនុស្ស​ស្រប​ទៅ​តាម​ក្រឹត្យ​វិន័យ​ ហើយ​ដំណាក់កាល​មួយ​ទៀត​ ​ត្រូវ​លះ​បង់​ធ្វើ​ជា​ដង្វាយ​លោះ​អំពើ​បាប។​ ​ដំណាក់​កាល​នៃ​កិច្ចការ​ទាំង​ពីរ​នេះ​ ​គឺ​មាន​ភាពខុស​គ្នា​យ៉ាង​ខ្លាំង។​ ​ការ​នេះ​បែង​ចែក​យុគសម័យ​ថ្មី​ចេញ​ពី​យុគ​សម័យ​ចាស់​ ហើយ​វា​ត្រឹម​ត្រូវ​ណាស់​ដែល​និយាយថា​ ដំណាក់​កាល​ទាំង​ពីរ​ គឺ​ជា​យុគ​សម័យ​ពីរ​ផ្សេង​គ្នា​។ ​ទីតាំង​នៃ​កិច្ចការ​របស់​ទ្រង់​គឺ​ខុស​គ្នា​ ​ខ្លឹមសារ​នៃ​កិច្ចការ​របស់​ទ្រង់ក៏​ខុស​គ្នា ហើយ​គោលបំណង​នៃ​កិច្ចការ​របស់​ទ្រង់​ ក៏​ខុស​គ្នាដែរ​។​ ដូច្នេះ​ ដំណាក់​កាល​នៃ​កិច្ចការ​នេះ​អាច​បែង​ចែក​ជា​ពីរយុគសម័យ​៖​ ព្រះគម្ពីរ​សញ្ញាថ្មី​ និង​ព្រះគម្ពីរ​សញ្ញាចាស់​ យុគសម័យ​សញ្ញា​ថ្មី​ និង​យុគសម័យ​សញ្ញាចាស់​។​ នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​យាង​មក​ ទ្រង់​មិន​បានយាង​ទៅ​ក្នុង​ព្រះ​វិហារ​ទេ​ហើយ​នេះ​​បញ្ជាក់​ថា យុគសម័យរបស់​ព្រះយេហូវ៉ា​បាន​បញ្ចប់​រួច​ហើយ​។​ ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ទេ​ដោយសារ​កិច្ចការ​របស់​ព្រះយេហូវ៉ា​នៅ​ក្នុង​ព្រះវិហារ​បាន​បញ្ចប់​រួច​ហើយ​ ​និង​មិន​ចាំ​បាច់​ត្រូវ​ការ​ធ្វើវា​ម្ដង​ទៀត​ឡើយ​ ហើយ​បើ​ធ្វើ​ម្ដង​ទៀត​នឹង​ជាន់​គ្នាមិន​ខាន​។​ ​មាន​តែតាមរយៈ​ការ​ចាក​ចេញ​ពី​ព្រះ​វិហារ​​ ​ការ​ចាប់​ផ្ដើម​កិច្ចការ​ថ្មី​ និងការ​​ចាប់​ផ្ដើម​មាគ៌ាថ្មី​នៅ​ក្រៅ​ព្រះ​វិហារ​ទេ ​ទើប​ទ្រង់​អាច​នាំ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ទៅ​ដល់​ចំណុច​កំពូល​របស់​វាបាន​។​ ប្រសិន​បើ​ទ្រង់​មិន​បាន​ចាក​ចេញ​ពី​ព្រះ​វិហារ​ដើម្បី​បំពេញ​កិច្ចការ​របស់​ទ្រង់​ទេ​ នោះ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ នឹង​ត្រូវ​ជាប់​គាំង​នៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​ព្រះវិហារ​ដដែល​ ហើយ​នឹង​មិនមាន​ការ​ផ្លាស់ប្ដូរ​ថ្មី​ណា​មួយទេ​។​ ហេតុ​ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​ព្រះយេស៊ូវ​យាង​មក​ ទ្រង់​មិន​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ឡើយ​ ​និង​មិន​បាន​បំពេញ​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​ព្រះ​វិហារទេ​។​ ទ្រង់​បាន​បំពេញ​កិច្ចការ​របស់​ទ្រង់​នៅ​ក្រៅ​ព្រះ​វិហារ​ និង​បាន​ដឹក​នាំ​ពួក​សិស្ស​ ព្រម​ទាំង​បាន​បំពេញ​​កិច្ចការ​របស់​ទ្រង់​ដោយ​សេរី​។​ ការ​យាង​ចាក​ចេញ​របស់​ព្រះ​ជា​ម្ចាស់​ពី​ព្រះ​វិហារ​ដើម្បី​បំពេញ​កិច្ចការ​របស់​ទ្រង់​ មាន​ន័យ​ថា​ ព្រះ​ជា​ម្ចាស់​មាន​ផែន​ការ​ថ្មី​មួយ​។​ ​កិច្ចការ​របស់​ទ្រង់​ គឺ​ត្រូវ​បំពេញ​នៅ​ក្រៅ​ព្រះ​វិហារ​ ហើយ​វា​គឺ​ជា​កិច្ចការ​ថ្មី​ដែល​មិន​ជាប់ជំពាក់​នឹង​ការ​អនុវត្ត​កិច្ចការ​នេះ​ក្នុង​លក្ខណៈ​ណាមួយ​ឡើយ​។​ នៅ​ពេល​ដែល​​ព្រះ​យេស៊ូវ​បាន​យាង​មក​ដល់​ ទ្រង់​បាន​នាំ​កិច្ចការ​របស់​ព្រះ​យេហូវ៉ា​ក្នុង​អំឡុង​យុគសម័យ​នៃ​ព្រះគម្ពីរ​សញ្ញាចាស់​ទៅរក​ទី​បញ្ចប់​។​ ​បើ​ទោះ​បី​ជា​ទ្រង់​ត្រូវ​ហៅ​ដោយ​ព្រះ​នាម​ពីរ​ផ្សេង​គ្នាក៏​ដោយ​ ក៏​ជា​ព្រះ​វិញ្ញាណ​តែមួយ​ដែរ ​ដែល​បានសម្រេច​កិច្ចការ​នៅ​ដំណាក់​កាល​ទាំង​ពីរ​នេះ​​ ហើយ​កិច្ចការ​ដែល​បាន​ធ្វើរួចហើយ​ ក៏​បាន​បន្ត​។​ ដោយសារ​ព្រះ​នាម​ខុស​គ្នា​ ហើយ​ខ្លឹមសារ​នៃ​កិច្ច​ការខុស​គ្នា​ យុគសម័យ​នោះ​ក៏​ខុស​គ្នា​ដែរ​។​ នៅ​ពេល​ដែល​ព្រះយេហូវ៉ា​បាន​យាង​មក នោះគឺ​ជា​យុគសម័យ​របស់​ព្រះ​យេហូវ៉ា​ ហើយ​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បានយាង​មក​ នោះ​គឺ​ជា​យុគសម័យ​របស់​ព្រះ​យេស៊ូវ​។​ ដូច្នេះ​ហើយ ​នៅ​ពេលដែល​យាង​មក​ម្ដងៗ​ ព្រះ​ជា​ម្ចាស់​ត្រូវ​គេ​ហៅ​ដោយ​ព្រះ​នាម​មួយ​ ទ្រង់​ណែ​នាំ​​យុគសម័យ​មួយ​ ហើយ​ទ្រង់​ចាប់​ផ្ដើមមាគ៌ា​ថ្មី​មួយ​ ហើយ​នៅ​លើមាគ៌ា​ថ្មី​នីមួយ​ៗ​ ទ្រង់​ប្រើ​​ព្រះ​នាម​ថ្មី​មួយ​ ដែល​បង្ហាញ​ថា​ ព្រះ​ជា​ម្ចាស់​គឺ​តែង​តែ​ថ្មី​ជា​និច្ច​ និង​មិន​ដែល​ចាស់​ឡើយ​ ហើយ​នោះ​គឺជា​កិច្ចការ​របស់​ទ្រង់​ ដែល​មិន​ដែល​ឈប់​ចម្រើន​​ទៅ​មុខ​ឡើយ​។​ ប្រវត្តិសាស្រ្ត​តែង​ផ្លាស់ប្ដូរ​ទៅ​មុខ​ ហើយ​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ ក៏​តែង​ផ្លាស់ប្ដូរ​ទៅ​មុខ​ជា​និច្ចដែរ​។​ ដើម្បី​ឲ្យ​ផែន​ការ​គ្រប់​គ្រង​រយៈ​ពេល​ប្រាំមួយ​ពាន់​ឆ្នាំ​ឈាន​ចូល​ដល់​ទី​បញ្ចប់​បាន​ វា​ត្រូវតែ​បន្ត​ចម្រើន​ទៅ​មុខ​ជានិច្ច​។​ ​ទ្រង់​ត្រូវ​តែ​បំពេញ​កិច្ចការ​ថ្មីជា​រៀង​រាល់​ថ្ងៃ​ ​ហើយ​ជា​រៀង​រាល់​ឆ្នាំ​ ទ្រង់​ត្រូវតែ​បំពេញ​​កិច្ចការ​ថ្មី​ជានិច្ច​។ ទ្រង់​ត្រូវ​តែ​ចាប់​ផ្ដើម​មាគ៌ា​ថ្មី​ៗ​ ចាប់​ផ្ដើម​​សម័យ​កាល​ថ្មី​ៗ​ ​​ចាប់​ផ្ដើម​កិច្ចការ​ថ្មី និង​កាន់​តែអស្ចារ្យ​ ហើយ​ជាមួយ​គ្នា​នោះ​ដែរ​ ត្រូវ​នាំ​ព្រះ​នាម​​ថ្មី​ និង​កិច្ចការ​ថ្មី​មក​ជា​មួយ​។ ពី​ពេល​មួយ​ទៅ​ពេល​មួយ​ ព្រះ​វិញ្ញាណ​របស់​ព្រះ​ជា​ម្ចាស់​កំពុង​បំពេញ​កិច្ចការ​ថ្មី​ ហើយ​មិនដែលនៅ​​ជាប់​នឹងវិធី​សាស្ដ្រ​ចាស់​ ឬ​ច្បាប់​ចាស់​ឡើយ​។​ ហើយ​កិច្ចការ​របស់​ទ្រង់​ក៏​មិន​ដែល​ឈប់​ដែរ​ ​គឺ​ឆ្លង​កាត់​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ឥត​ដាច់​ឡើយ​។​ ប្រសិន​បើ​ឯង​និយាយ​ថា​ កិច្ចការ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​មិន​ប្រែ​ប្រួល​ ​តើ​ហេតុ​អ្វី​បាន​ជា​ព្រះយេហូវ៉ា​សុំ​ពួកសង្ឃ​ឲ្យ​បម្រើ​ទ្រង់​នៅ​ក្នុង​ព្រះ​វិហារ​ ​ប៉ុន្តែ​ព្រះ​យេស៊ូវវិញ​ ​បែរ​ជា​មិនបាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​នៅ​ពេល​ដែល​ទ្រង់​យាង​មក​ បើ​ទោះ​បី​ជា​មនុស្ស​បាន​និយាយ​ថា​ ទ្រង់​គឺ​ជា​សង្ឃ​មាន​ឋានៈ​ខ្ពស់​ជាង​គេ​ ហើយ​ថា​ទ្រង់​ចេញ​មក​ពី​ដំណាក់របស់​ដាវីដ ​ហើយ​ក៏​ជា​សង្ឃ​ខ្ពស់​ជាង​គេ​ និង​ជាក្សត្រ​ដ៏​ធំ​ជាង​គេ​?​ ហើយ​តើ​ហេតុ​អ្វី​បាន​ទ្រង់​មិន​ថ្វាយយញ្ញ​បូជា​? ​ការ​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ឬ​កា​រមិន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ តើ​ការ​ទាំង​អស់​នេះ​មិនមែន​ជា​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​ទេ​ឬ​អី​? ​ដូច​ដែល​មនុស្ស​នឹក​ស្រមៃ​ ប្រសិន​បើ​ព្រះ​យេស៊ូវ​នឹង​យាង​មក​ម្ដង​ទៀត​នៅ​​គ្រា​ចុងក្រោយ​ ហើយ​នៅ​តែ​ត្រូវ​ហៅ​ថា​ព្រះយេស៊ូវ​ និង​​នៅ​តែ​យាង​មក​លើ​ដុំពពក​ស ដោយ​យាង​ចុះ​មក​ក្នុង​ចំណោម​មនុស្ស​ជា​រូប​អង្គ​របស់​ព្រះ​យេស៊ូវ​៖ តើ​នោះ​មិនមែន​ជា​កិច្ចការ​ដដែល​ៗ​របស់​ទ្រង់​ទេ​ឬ​អី​? ​តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​នៅ​ជាប់​នឹង​រឿង​ចាស់​បាន​ទេ​? ​អ្វី​ដែល​មនុស្ស​ជឿ​ គឺ​ជា​សញ្ញាណ​ ហើយ​អ្វី​ៗដែល​មនុស្ស​យល់​ គឺ​ស្រប​ទៅ​តាម​ន័យ​ត្រង់​ ហើយ​ក៏​ស្រប​ទៅតាម​ការ​ស្រមៃ​របស់​ពួកគេ​ដែរ​។ អ្វី​ទាំង​នោះ​ ​មិនស្រប​គ្នា​ជា​មួយ​​នឹង​គោលការណ៍​នៃ​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ​ ហើយ​ក៏មិន​ស្រប​ទៅ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​ដែរ។​ ព្រះ​ជា​ម្ចាស់​នឹង​មិន​បំពេញ​កិច្ចការ​ដោយ​បែប​នេះ​ទេ​។ ព្រះ​ជា​ម្ចាស់​មិន​ល្ងង់​ខ្លៅ​ និង​ល្ងីល្ងើ​នោះ​ទេ​ ហើយ​កិច្ចការ​របស់​ទ្រង់​ គឺ​មិន​ធម្មតា​ដូច​ជា​ឯង​នឹក​ស្រមៃ​ឡើយ​។​ ផ្អែ​កតាម​គ្រប់យ៉ាង​ដែល​មនុស្ស​នឹក​ស្រមៃ​ ព្រះ​យេស៊ូវ​នឹង​យាង​មក​នៅ​លើដុំ​ពពក និង​យាង​ចុះ​មក​ក្នុង​ចំណោម​ពួកឯង​រាល់​គ្នា​។​ ឯង​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​គង់​នៅ​លើ​ដុំ​ពពក​ ហើយ​ទ្រង់​​នឹងមាន​បន្ទូល​​ប្រាប់​ឯង​រាល់​គ្នា​ថា​ ទ្រង់​គឺ​ជា​ព្រះ​យេស៊ូវ​។ ឯង​រាល់​គ្នា​ក៏​នឹង​ឃើញ​ស្នាម​ដែក​គោល​នៅ​លើ​ព្រះ​ហស្ដ​របស់​ទ្រង់​ ហើយ​នឹង​ស្គាល់​ទ្រង់​ថាជា ​ព្រះយេស៊ូវ​។​ ហើយ​ទ្រង់​នឹង​សង្គ្រោះ​ឯង​រាល់​គ្នា​ម្ដង​ទៀត​ និងធ្វើ​​ជា​ព្រះ​​ដ៏​មាន​គ្រប់​ចេស្ដារបស់​ឯង​រាល់​គ្នា​។​ ​ទ្រង់​នឹង​សង្គ្រោះ​ឯង​រាល់​គ្នា​ ប្រទាន​ឈ្មោះ​ថ្មី​ដល់​ឯង​រាល់​គ្នា​ និង​ប្រទាន​ដុំ​ថ្មស​ដល់​ឯង​រាល់​គ្នា​ម្នាក់​មួយ​ដុំ​ ដែល​បន្ទាប់​ពីនោះ​មក ​ឯង​រាល់​គ្នានឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​ ហើយ​នឹង​ត្រូវ​ទទួលយក​ទៅ​ស្ថានសួគ៌​។​ តើ​ជំនឿ​បែប​នេះ​ មិនមែន​ជា​សញ្ញាណ​របស់​មនុស្ស​ទេ​ឬ​អី?​ ​តើ​ព្រះ​ជា​ម្ចាស់​បំពេញ​កិច្ចការ​ស្រប​តាម​សញ្ញាណ​របស់​មនុស្ស​មែន​ទេ​ ឬ​តើ​ទ្រង់​បំពេញ​កិច្ចការ​ទាស់​នឹង​សញ្ញាណ​របស់​មនុស្ស​មែន​ទេ​?​ ​តើ​សញ្ញាណ​របស់​មនុស្ស​សុទ្ធ​តែ​មក​អំពី​សាតាំង​មែន​ទេ​? ​តើ​មនុស្ស​ទាំង​អស់​មិន​សុទ្ធ​តែ​ត្រូវ​សាតាំង​ធ្វើ​ឲ្យ​ពុក​រលួយ​ទេ​ឬ​អី​?​ ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​បាន​បំពេញ​កិច្ចការ​ស្រប​ទៅ​តាម​សញ្ញាណ​របស់​មនុស្ស តើ​ទ្រង់​មិនក្លាយ​ជា​សាតាំង​ទេ​មែន​ទេ​?​ តើ​ទ្រង់​នឹង​មិន​មែនជា​ប្រភេទ​តែ​មួយ​នឹង​សត្តនិករ​ដែល​ទ្រង់​បង្កើត​មក​ទេ​ឬអី​?​ ​ដោយ​សារ​សព្វ​សារ​ពើ​ដែល​ទ្រង់​បង្កើត​មក​ត្រូវ​បាន​សាតាំង​ធ្វើ​ឲ្យ​ពុក​រលួយ​​យ៉ាង​ខ្លាំង​ក្នុង​ពេល​នេះ​ ទើប​មនុស្ស​បាន​ក្លាយ​ទៅ​ជា​រូប​តំណាង​របស់​សាតាំង​ ប្រសិន​បើ​ព្រះ​ជា​ម្ចាស់​ត្រូវ​ធ្វើ​ការ​ស្រប​ទៅ​តាម​អ្វី​ជា​របស់​សាតាំង​ តើ​ទ្រង់​នឹង​មិន​ឃុប​ឃិត​គ្នា​ជា​មួយ​នឹង​សាតាំង​ទេ​ឬ​អី​?​ ​តើ​មនុស្ស​អាច​យល់​ពី​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់​បាន​ដោយ​របៀប​ណា​?​ ហេតុ​ដូច្នេះ​ ព្រះ​ជា​ម្ចាស់​នឹង​មិន​ធ្វើ​ការ​ស្រប​ទៅ​តាម​សញ្ញាណ​របស់​មនុស្ស​ឡើយ​ ហើយ​នឹង​មិន​ដែល​ធ្វើ​កិច្ចការ​ដូច​ដែល​ឯង​នឹក​ស្រមៃ​នោះ​ទេ​។​ ​មាន​មនុស្ស​ដែល​និយាយ​ថា​ ព្រះ​ជា​ម្ចាស់​ផ្ទាល់​ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា​ ទ្រង់​នឹង​យាង​មក​នៅ​លើ​ដុំ​ពពក​។​ ​តើ​វា​ពិត​ទេ​ថា​ ព្រះ​ជា​ម្ចាស់​បាន​មាន​ព្រះ​បន្ទូល​បែប​នេះ​ដោយ​ផ្ទាល់​ព្រះ​អង្គ​ទ្រង់នោះ​ ប៉ុន្តែ​តើ​ឯង​មិន​ដឹង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​យល់​ពី​អាថ៌កំបាំង​របស់​ព្រះ​ជា​ម្ចាស់​បាន​ទេ​ឬ​?​ ​តើ​ឯង​មិន​ដឹងទេ​ថា​ គ្មាន​មនុស្ស​ណាម្នាក់អាច​ពន្យល់​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​បាន​? ​ក្រៅ​ពី​ស្រមោល​នៃ​ការ​សង្ស័យ​ ​តើ​ឯង​ច្បាស់​ទេ​ថា​ ឯង​​ត្រូវ​បាន​បំភ្លឺ​ និង​ស្រាយ​បំភ្លឺ​ដោយ​ព្រះ​វិញ្ញាណ​​បរិសុទ្ធនោះ​? ច្បាស់​ណាស់​ ​គឺ​មិនមែន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ​ដែល​បាន​បង្ហាញ​ឯង​តាម​របៀប​មួយ​ដោយ​​​ផ្ទាល់បែប​នេះ​​នោះ​?​ តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មែន​ទេ​ដែល​បាន​ណែនាំ​ឯង​ ឬ​ជាសញ្ញាណ​របស់​ឯង​បាន​ដឹក​នាំ​ឯង​ឲ្យ​គិត​បែប​នេះ​? ឯង​​និយាយ​ថា​ “​ព្រះ​ជា​ម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​​បែប​នេះ​។”​ ប៉ុន្តែ​ យើង​មិន​អាច​ប្រើ​សញ្ញាណ ​និង​គំនិត​ផ្ទាល់​របស់​យើង​ដើម្បី​វាស់ស្ទង់​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​។​ សម្រាប់ពាក្យ​ដែល​លោក​អេសាយ​បាន​និយាយ​ តើ​ឯង​អាច​ពន្យល់​ពាក្យ​របស់​គាត់​ឲ្យ​បាន​ច្បាស់​លាស់​ដែរ​ឬ​ទេ​?​ ​តើ​ឯងហ៊ាន​ពន្យល់​ពាក្យ​របស់​គាត់​ដែរ​ឬ​ទេ​?​ ដោយសារ​ឯង​មិន​ហ៊ាន​ពន្យល់​សម្ដី​របស់​លោក​អេសាយ​ តើ​ហេតុ​អ្វី​បាន​ជា​ឯង​ហ៊ាន​ពន្យល់​ពី​ព្រះ​បន្ទូលរបស់​ព្រះ​យេស៊ូវ​?​ ​តើ​នរណា​ខ្ពង់​ខ្ពស់​ជាង​ ព្រះយេស៊ូវ​ ឬ​លោកអេសាយ​?​ ដោយសារ​ចម្លើយ គឺ​ព្រះ​យេស៊ូវ​ខ្ពង់​ខ្ពស់​ជាង​ តើ​ហេតុ​អ្វី​បាន​ជា​ឯង​ពន្យល់​ព្រះ​បន្ទូល​ដែល​ព្រះយេស៊ូវ​​បាន​ថ្លែងមក​?​ ​តើ​ព្រះ​ជា​ម្ចាស់​នឹងមាន​បន្ទូល​​ប្រាប់​ឯង​អំពី​កិច្ចការ​របស់​ទ្រង់​ជាមុន​ដែរ​ឬ​ទេ​?​ ​គ្មាន​សត្តនិករ​ណាមួយ​ដែល​អាច​ដឹង​បាន​ទេ​ គ្មាន​អ្នក​នាំ​សារ​ស្ថានសួគ៌​ណាមួយ​ដឹង​ឡើយ​ ហើយ​កូន​មនុស្ស​ក៏​មិន​ដែរ​ ដូច្នេះ តើ​ឯង​អាច​ដឹង​បានដោយ​របៀប​ណា​?​ មនុស្ស​នៅ​មាន​ការ​ខ្វះ​ខាត​ខ្លាំង​ណាស់​។​ ​អ្វី​ដែល​សំខាន់​សម្រាប់​ឯង​រាល់​គ្នា​ក្នុង​ពេល​នេះ គឺ​ត្រូវ​ដឹង​អំពី​ដំណាក់​កាល​ទាំង​បី​នៃ​កិច្ចការ​នេះ​។​ ចាប់​ពី​កិច្ចការ​របស់​ព្រះយេហូវ៉ា​ទៅ​ដល់​កិច្ចការ​របស់ព្រះយេស៊ូវ​ និង​ពីកិច្ចការ​របស់​ព្រះយេស៊ូវ​ទៅ​ដល់​ដំណាក់​កាល​បច្ចុប្បន្ន​នេះ​ ​ដំណាក់​កាល​ទាំងបី​នេះ​ គ្របដណ្ដប់​លើ​ការ​គ្រប់​គ្រង​សព្វ​គ្រប់​បែប​យ៉ាង​ទាំង​អស់​របស់​ព្រះ​ជា​ម្ចាស់​ ​ហើយ​កិច្ចការ​ទាំង​អស់​ កឺ​សុទ្ធ​តែ​ជា​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​តែ​មួយ​។​ ចាប់​តាំង​ពី​ការ​បង្កើត​ពិភពលោក​នេះ​មក​ ព្រះ​ជា​ម្ចាស់​តែង​បំពេញ​កិច្ចការ​នៃ​ការ​គ្រប់​គ្រង​មនុស្ស​ជាតិ​។​ ទ្រង់​គឺ​ជា​ការ​ចាប់​ផ្ដើម​ និង​ជា​ទី​បញ្ចប់​ ទ្រង់​គឺ​ជា​ព្រះ​ជា​ម្ចាស់​ដំបូងគេ​ និង​ចុងក្រោយ​គេ​ ហើយ​ទ្រង់​គឺ​ជាព្រះ​ជា​ម្ចាស់​មួយ​អង្គ​ដែល​ចាប់​ផ្ដើម​យុគ​សម័យ​មួយ​ និង​ជា​ព្រះ​ជា​ម្ចាស់​ដែល​នាំ​យុគសម័យ​នោះ​ទៅ​រក​ទី​បញ្ចប់​។​ ដំណាក់​កាល​ទាំង​បី​នៃ​កិច្ចការ​នេះ​ ដែល​ស្ថិត​ក្នុង​យុគសម័យ​ខុស​គ្នា​ និង​ទីតាំង​ខុស​គ្នា​ គឺ​ជា​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​តែ​មួយ​។​ ​អស់​អ្នក​ដែល​ញែក​ដំណាក់​កាល​ទាំង​បី​នេះ​ពី​គ្នា​ ​ឈរ​ទទឹង​នឹង​ព្រះ​ជា​ម្ចាស់ហើយ​​។​ បច្ចុប្បន្ន​នេះ​ ​គួរ​ឯង​ឲ្យ​យល់​ថា​ គ្រប់​កិច្ចការ​ទាំង​អស់​ គឺ​ចាប់​តាំងពី​ដំណាក់កាល​ដំបូង​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​ជា​កិច្ចការ​របស់​ព្រះ​ជា​ម្ចាស់់តែ​មួយ​ព្រះ​អង្គ ជា​កិច្ចការ​របស់​ព្រះ​វិញ្ញាណ​តែ​មួយ​។​ ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ចំពោះ​ចំណុច​នេះ​ទេ​។​

ខាង​ដើម៖ តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?

បន្ទាប់៖ រឿងពិតពីក្រោយកិច្ចការនៃយុគសម័យនៃការប្រោសលោះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ