អ្នកគួរតែស្វះស្វែងរកវិធីចុះសម្រុងជាមួយនឹងព្រះគ្រីស្ទ

អញបានធ្វើកិច្ចការជាច្រើនក្នុងចំណោមមនុស្សលោក ក្នុងពេលដែល អញបានបញ្ចេញនូវព្រះបន្ទូលជាច្រើនដែរ។ បន្ទូលទាំងនោះ សុទ្ធតែដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្សលោក  ហើយត្រូវបានថ្លែង ដើម្បីឱ្យមនុស្សបានចុះសម្រុងជាមួយអញ។ ប៉ុន្តែ អញបានទទួលមនុស្សលើផែនដីតិចតួចណាស់ ដែលចុះសម្រុងជាមួយនឹងអញ ដូច្នេះបានជាអញនិយាយថា មនុស្សមិនឱ្យតម្លៃបន្ទូលរបស់អញទេ ដ្បិតមនុស្សមិនចុះសម្រុងជាមួយអញ។ តាមរបៀបនេះ កិច្ចការដែលអញធ្វើ មិនគ្រាន់តែដើម្បីឱ្យមនុស្សអាចថ្វាយបង្គំអញទេ អ្វីដែលសំខាន់ជាងនេះគឺថា មនុស្សអាចចុះសម្រុងនឹងអញ។ មនុស្សបានក្លាយជាខូចអាក្រក់ និងរស់នៅក្នុងអន្ទាក់សាតាំង។ មនុស្សទាំងអស់រស់នៅតាមសាច់ឈាម រស់នៅតាមចំណង់ចិត្តអាត្មានិយម ហើយក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ចុះសម្រុងនឹងអញឡើយ។ មានមនុស្សមួយចំនួននិយាយថា ពួកគេចុះសម្រុងនឹងអញ តែមនុស្សទាំងនោះ សុទ្ធតែថ្វាយបង្គំព្រះក្លែងក្លាយគ្រប់គ្នា។ បើទោះបីជាពួកគេទទួលស្គាល់នាមអញថា បរិសុទ្ធ តែពួកគេដើរតាមផ្លូវបញ្ច្រាសពីអញ ហើយពាក្យសម្តីពួកគេ ពោរពេញដោយភាពក្អេងក្អាង និងការជឿជាក់លើខ្លួនឯង។ នេះដោយសារតែពួកគេប្រឆាំងទាស់នឹងអញ ហើយនៅមិនចុះសម្រុងនឹងអញ តាំងពីក្នុងជម្រៅចិត្តរបស់គេមក។ រៀងរាល់ថ្ងៃ ពួកគេស្វែងរកដានរបស់អញនៅក្នុងព្រះគម្ពីរ ហើយបានឃើញសារ “ស័ក្តិសម” ដោយចៃដន្យ ជាសារដែលពួកគេអានមិនចេះចប់មិនចេះហើយ និងទន្ទេញដូចគម្ពីរ។ ពួកគេមិនដឹងពីវិធីចុះសម្រុងនឹងអញទេ ហើយក៏មិនដឹងថា ការទាស់ទទឹងនឹងអញ គឺជាអ្វីដែរ។ ពួកគេគ្រាន់តែអានគម្ពីរទាំងងងឹតងងុល។ នៅក្នុងព្រះគម្ពីរ ពួកគេដាក់កំហិតព្រះដ៏ស្រពេចស្រពិល ដែលពួកគេមិនធ្លាប់បានជួបសោះ និងគ្មានសមត្ថភាពអាចមើលឃើញបាន ហើយយកគម្ពីរមកមើលពេលទំនេរ។ ពួកគេជឿថា វត្តមានអញមានតែនៅក្នុងវិសាលភាពនៃព្រះគម្ពីរ ហើយពួកគេចាត់ទុកអញស្មើនឹងព្រះគម្ពីរ ពោលគឺ គ្មានព្រះគម្ពីរគឺគ្មានអញ ហើយគ្មានអញគឺគ្មានព្រះគម្ពីរ។ ពួកគេព្រងើយកន្តើយចំពោះវត្តមាន និងសកម្មភាពអញ ផ្ទុយទៅវិញពួកគេយកចិត្តទុកដាក់ជ្រុល និងជាពិសេស លើគ្រប់ពាក្យពេចន៍ក្នុងបទគម្ពីរ។ មនុស្សច្រើនជាងនេះទៀត ជឿថា អញមិនគួរធ្វើអ្វីដែលអញចង់ធ្វើទេ លុះត្រាតែមានការទាយទុកក្នុងបទគម្ពីរ។ ពួកគេផ្ដល់សារៈសំខាន់ខ្លាំងពេកដល់បទគម្ពីរ។ អាចនិយាយបានថា ពួកគេផ្តល់សារៈសំខាន់ដល់ពាក្យពេចន៍ និងសំនួនសំណេរខ្លាំងពេក ដល់ថ្នាក់ពួកគេប្រើខគម្ពីរ ដើម្បីវាស់ស្ទង់ព្រះបន្ទូលដែលអញថ្លែង រួចថ្កោលទោសអញ។ អ្វីដែលពួកគេស្វែងរក មិនមែនជាវិធីចុះសម្រុងនឹងអញ ឬវីធីចុះសម្រុងនឹងសេចក្តីពិតនោះទេ ប៉ុន្តែជាការចុះសម្រុងនឹងនឹងពាក្យពេចន៍ក្នុងគម្ពីរ ហើយពួកគេជឿថា អ្វីដែលមិនស្របនឹងព្រះគម្ពីរ មិនមែនជាកិច្ចការរបស់អញទេ មិនថាមួយណាក៏ដោយ។ តើមនុស្សបែបនោះ មិនមែនជាពូជពង្សដ៏ស្មោះត្រង់របស់ពួកផារិស៊ីទេឬអី? ពួកផារិស៊ីជនជាតិយូដាបានប្រើក្រឹត្យវិន័យលោកម៉ូសេ មកដាក់ទោសព្រះយេស៊ូវ។ ពួកគេមិនស្វែងរកការចុះសម្រុងជាមួយនឹងព្រះយេស៊ូវនាពេលនោះទេ ប៉ុន្តែ បានធ្វើតាមន័យពាក្យក្នុងក្រឹត្យវិន័យយ៉ាងខ្ជាប់ខ្ជួន រហូតដល់ថ្នាក់ដំព្រះយេស៊ូវដែលឥតទោស ភ្ជាប់នឹងឈើឆ្កាង នៅទីបំផុត បន្ទាប់ពីពួកគេបានចោទព្រះយេស៊ូវថា មិនធ្វើតាមក្រឹត្យវិន័យនៃគម្ពីរសញ្ញាចាស់ និងមិនមែនជាព្រះមែស្ស៊ីទេ តើអ្វីទៅជាចេតនាពិតរបស់គេ?  តើមិនមែនមកពីពួកគេមិនបានស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតទេឬអី? ពួកគេងប់នឹងពាក្យពេចន៍គ្រប់ម៉ាត់ក្នុងបទគម្ពីរ តែមិនធ្វើព្រងើយនឹងព្រះហឫទ័យរបស់អញ ហើយថែមទាំងមិនខ្វល់ពីជំហាន និងវិធីសាស្ត្រអនុវត្តកិច្ចការរបស់អញឡើយ។ ពួកគេមិនមែនជាមនុស្សដែលស្វែងរកសេចក្តីពិតទេ ប៉ុន្តែជាមនុស្សដែលប្រកាន់ខ្ជាប់នឹងពាក្យពេចន៍ជាខ្លាំង។ ពួកគេមិនមែនជាមនុស្សដែលជឿលើព្រះទេ ប៉ុន្តែជាមនុស្សដែលជឿលើព្រះគម្ពីរ។ សំខាន់បំផុត  គឺពួកគេជាអ្នកចាំដានព្រះគម្ពីរ។ ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ដើម្បីរក្សាកិត្តិយសនៃព្រះគម្ពីរ និងដើម្បីការពារកេរ្តិ៍ឈ្មោះនៃព្រះគម្ពីរ ពួកគេដល់ថ្នាក់ឆ្កាងព្រះយេស៊ូវដែលពេញព្រះទ័យមេត្តាករុណានៅលើឈើឆ្កាង។ ពួកគេធ្វើបែបនេះ គ្រាន់តែដើម្បីការពារព្រះគម្ពីរ និងដើម្បីរក្សាសារៈសំខាន់នៃពាក្យពេចន៍គ្រប់ម៉ាត់នៃព្រះគម្ពីរនៅក្នុងចិត្តមនុស្ស។ ដូចនេះ បានជាពួកគេស៊ូបោះបង់អនាគតរបស់ខ្លូន និងតង្វាយធួនបាប ដើម្បីថ្កោលទោសព្រះយេស៊ូវ ដែលមិនសម្របតាមគោលលទ្ធិនៃព្រះគម្ពីរ រហូតដល់សុគត។ តើពួកគេទាំងអស់គ្នា មិនមែនជាកញ្ជះនៃពាក្យពេចន៍គ្រប់ម៉ាត់ ក្នុងបទគម្ពីរទេឬអី?


 

ចុះមនុស្សសព្វថ្ងៃ យ៉ាងដូចម្តេចដែរ? ព្រះគ្រីស្ទបានយាងមក ដើម្បីបង្ហាញសេចក្តីពិត តែពួកគេបែរជាកម្ចាត់ទ្រង់ចេញពីពិភពលោកនេះ ដើម្បីឱ្យពួកគេអាចទទួលបានសិទ្ធចូលទៅកាន់ស្ថានសួគ៌ និងទទួលព្រះគុណទៅវិញ។  ពួកគេចង់បដិសេធការមកដល់នៃសេចក្តីពិតទាំងស្រុង ដើម្បីរក្សាប្រយោជន៍នៃព្រះគម្ពីរ ហើយពួកគេមុខជាចង់ដំដែកគោលឆ្កាងព្រះគ្រីស្ទ ដែលយាងមកជាសាច់ឈាមទៅនឹងឈើឆ្កាងម្តងទៀត ដើម្បីធានាវត្តមានដ៏គង់វង្សរបស់ព្រះគម្ពីរ។ តើមនុស្សអាចទទួលសេចក្តីសង្គ្រោះរបស់អញម្តេចបាន បើដួងចិត្តពួកគេព្រៃផ្សៃ ហើយសន្តានពួកគេប្រឆាំងទាស់នឹង អញដល់ម្ល៉ឹង? អញរស់នៅក្នុងចំណោមមនុស្ស តែមនុស្សមិនដឹងពីវត្តមានអញសោះ។ នៅពេលអញជះពន្លឺរបស់អញទៅលើមនុស្ស ក៏គេនៅតែមិនអើពើពីវត្តមានអញដែរ។ នៅពេលអញបញ្ចេញសេចក្តីក្រោធលើគេ គេកាន់តែបដិសេធវត្តមានអញខ្លាំងឡើង។ មនុស្សស្វែងរកការចុះសម្រុងនឹងពាក្យពេចន៍ និងចុះសម្រុងនឹងព្រះគម្ពីរ ប៉ុន្តែមិនមាននរណាម្នាក់មកចំពោះមុខអញ ដើម្បីស្វែងរកវិធីចុះសម្រុងនឹងសេចក្តីពិតឡើយ។ មនុស្សសម្លឹងមើលមកអញនៅស្ថានសួគ៌ ហើយបានថ្វាយក្តីបារម្ភជាពិសេសចំពោះវត្តមានអញនៅស្ថានសួគ៌ ប៉ុន្តែ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះអញ ជាសាច់ឈាមឡើយ ដ្បិតអញដែលរស់នៅក្នុងចំណោមមនុស្ស គ្មានសារៈសំខាន់ឡើយ។ អស់អ្នកណាដែលគ្រាន់តែស្វែងរកការចុះសម្រុងនឹងបន្ទូលក្នុងព្រះគម្ពីរ និងអ្នកដែលស្វែងរកការចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល គឺជាទិដ្ឋភាពដ៏អាក្រក់ដល់អញ។ នោះគឺដោយសារអ្វីដែលពួកគេថ្វាយបង្គំ គឺជាពាក្យពេចន៍សោះកក្រោះ និងព្រះដែលមានសមត្ថភាពប្រទានឱ្យពួកគេនូវទ្រព្យសម្បត្តិដែលមិនអាចបរិយាយបាន អ្វីដែលពួកគេថ្វាយបង្គំ គឺជាព្រះដែលដាក់ខ្លួនឲ្យនៅក្រោមការគ្រប់គ្រងរបស់មនុស្សទាំងស្រុង ពោលគឺជាព្រះដែលមិនមានលើលោក។ ដូច្នេះ តើមនុស្សទាំងនោះអាចទទួលបានអ្វីខ្លះពីអញ? មនុស្សថោកទាបដល់ថ្នាក់គ្មានពាក្យបរិយាយទេ។ អស់អ្នកណាដែលប្រឆាំងទាស់នឹងអញ អស់អ្នកណាដែលទាមទារពីអញមិនចេះអស់មិនចេះហើយ អស់អ្នកណាដែលគ្មានសេចក្តីស្រឡាញ់ចំពោះសេចក្តីពិត អស់អ្នកណាដែលបះបោរប្រឆាំងនឹងអញ តើពួកគេអាចចុះសម្រុងនឹងអញយ៉ាងដូចម្តេច?

អស់អ្នកណាដែលប្រឆាំងនឹងអញ អ្នកនោះហើយដែលមិនចុះសម្រុងនឹងអញ។ អស់អ្នកណាដែលមិនស្រឡាញ់សេចក្ដីពិត ក៏ដូចគ្នាដែរ។ អស់អ្នកណាដែលបះបោរនឹងអញ រឹតតែប្រឆាំងនឹងអញ ហើយមិនចុះសម្រុងនឹងអញទៀតផង។ អស់អ្នកណាដែលមិនចុះសម្រុងនឹងអញ អញប្រគល់អ្នកនោះទៅក្នុងដៃអាកំណាច  ហើយអញបោះបង់ពួកគេទៅក្នុងសេចក្ដីខូចអាក្រក់របស់អាកំណាច ទុកឲ្យពួកគេបានបង្ហាញសេចក្ដីអាក្រក់របស់ខ្លួនដោយសេរី ហើយចុងបញ្ចប់ ក៏ប្រគល់ពួកគេទៅឲ្យអាកំណាចបំផ្លាញចោល។ អញមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ថ្វាយបង្គំអញទេ ដែលអាចនិយាយបានថា អញមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់ជឿអញទេ។ អ្វីដែលអញខ្វល់ខ្វាយនោះគឺ តើមានមនុស្សប៉ុន្មាននាក់ចុះសម្រុងនឹងអញ។ នោះគឺដោយសារតែអស់អ្នកដែលមិនចុះសម្រុងនឹងអញ គឺជាមនុស្សអាក្រក់ដែលក្បត់នឹងអញ ពួកគេជាសត្រូវរបស់អញ ហើយអញនឹងមិន «រក្សាទុក» ពួកសត្រូវរបស់អញ នៅក្នុងដំណាក់អញឡើយ។ អស់អ្នកណាដែលចុះសម្រុងនឹងអញ គេនឹងបម្រើអញ នៅក្នុងដំណាក់របស់អញជារៀងដរាបតទៅ ហើយអស់អ្នកណាដែលប្រឆាំងនឹងអញ គេនឹងរងនូវការដាក់ទោសរបស់អញជារៀងរហូត។ អស់អ្នកណាដែលខ្វល់តែពីពាក្យនៅក្នុងគម្ពីរ ហើយមិនរវល់នឹងសេចក្ដីពិត ក៏មិនរវល់នឹងការស្វែងរកដានជើងរបស់អញ នោះគឺពួកគេប្រឆាំងនឹងអញហើយ ព្រោះពួកគេកំណត់អញតាមព្រះគម្ពីរ កំហិតអញត្រឹមក្នុងគម្ពីរ  ហើយថែមទាំងប្រមាថអញយ៉ាងក្រៃលែងផង។ តើមនុស្សបែបនោះ អាចមកនៅចំពោះព្រះភ័ក្ត្រអញយ៉ាងដូចម្ដេច? ពួកគេមិនយកចិត្តទុកដាក់ចំពោះទង្វើល្អរបស់អញ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់អញ ឬសេចក្ដីពិតទេ តែផ្ទុយទៅវិញ គេបែរជាឈ្លក់វង្វេងនឹងន័យពាក្យ គឺន័យពាក្យដែលធ្វើឲ្យស្លាប់។ តើមនុស្សបែបនេះអាចចុះសម្រុងនឹងអញដោយរបៀបណា?

អញបានបញ្ចេញនូវព្រះបន្ទូលយ៉ាងច្រើន ហើយក៏បានបង្ហាញពីព្រះហឫទ័យ និងនិស្ស័យរបស់អញផង បើទោះជាដូច្នេះក្ដី ក៏មនុស្សនៅតែមិនអាចស្គាល់អញ ហើយជឿលើអញដែរ។ ឬក៏អាចនិយាយបានម្យ៉ាងទៀតថា មនុស្សនៅតែមិនអាចស្ដាប់បង្គាប់អញ។ អស់អ្នកដែលរស់នៅក្នុងគម្ពីរ អស់អ្នកដែលរស់នៅក្នុងក្រឹត្យវិន័យ អស់អ្នកដែលរស់នៅលើឈើឆ្កាង អស់អ្នកដែលរស់នៅស្របតាមសេចក្ដីបង្រៀន អស់អ្នកដែលរស់នៅក្នុងកិច្ចការដែលអញធ្វើសព្វថ្ងៃនេះ  ក្នុងចំណោមពួកគេទាំងនេះ តើនរណាទៅ ចុះសម្រុងនឹងអញ? ឯងរាល់គ្នាគិតតែពីការទទួលព្រះពរ និងរង្វាន់ តែមិនដែលលៃទុកគំនិតគិតថា ធ្វើរបៀបណាដើម្បីឲ្យបានចុះសម្រុងនឹងអញយ៉ាងពិតប្រាកដ ឬក៏ពីរបៀបបង្កាខ្លួនឯងពីការប្រឆាំងនឹងអញ។ អញខកព្រះហឫទ័យនឹងឯងរាល់គ្នាណាស់  ព្រោះអញបានប្រទានដល់ឯងរាល់គ្នាយ៉ាងច្រើន តែអញទទួលបានពីឯងរាល់គ្នាវិញ តិចតួចជាទីបំផុត។ ការឆបោក ភាពក្រអើតក្រទម ភាពលោភលន់ សេចក្ដីប្រាថ្នាហួសល្បត់ ការក្បត់ ការមិនស្ដាប់បង្គាប់របស់ឯងរាល់គ្នា ក្នុងចំណោមទង្វើទាំងអស់នេះ តើទង្វើណាមួយ ដែលអាចគេចពីការកត់ចំណាំរបស់អញបាន? ឯងរាល់គ្នាព្រងើយកន្តើយនឹងអញ ឯងរាល់គ្នាបោកបញ្ឆោតអញ ឯងរាល់គ្នាប្រមាថអញ ឯងរាល់គ្នាបញ្ជោរអញ ឯងរាល់គ្នាទារឲ្យអញសង ហើយជំរិតទារតង្វាយអញ តើសេចក្ដីអាក្រក់របៀបនេះ អាចនឹងគេចរួចពីការដាក់ទោសរបស់អញដោយរបៀបបណា? ការប្រព្រឹត្តអាក្រក់ទាំងអស់នេះ ជាភ័ស្តុតាងបញ្ជាក់ពីភាពជាសត្រូវរបស់ឯងរាល់គ្នាចំពោះអញ ហើយជាភ័ស្តុតាងបញ្ជាក់ពីភាពមិនចុះសម្រុងរបស់ឯងរាល់គ្នានឹងអញ។ ពួកឯងម្នាក់ៗ ជឿលើខ្លួនឯងថា ចុះសម្រុងនឹងអញណាស់ ប៉ុន្តែប្រសិនជាបែបនោះមែន តើភ័ស្តុតាងដែលមិនអាចប្រកែកបាននេះ ត្រូវប្រើចំពោះនរណាខ្លះ? ឯងរាល់គ្នាជឿលើខ្លួនឯងថា មានសេចក្ដីស្មោះត្រង់ និងភក្ដីភាព យ៉ាងច្រើនអនេកចំពោះអញ។ ឯងរាល់គ្នាគិតថា ខ្លួនឯងមានចិត្តសប្បុរសខ្លាំងណាស់ មានមេត្តាខ្លាំងណាស់ ហើយស្រឡាញ់អញជាខ្លាំង។ ឯងរាល់គ្នាគិតថា ខ្លួនបានធ្វើលើសពីគ្រប់គ្រាន់ហើយដើម្បីអញ។ ក៏ប៉ុន្តែ តើឯងរាល់គ្នាមានដែលធៀបរឿងនឹងនេះ ទៅនឹងសកម្មភាពរបស់ខ្លួនឯងដែរឬទេ? អញមានបន្ទូលថា ឯងរាល់គ្នាក្រអឺតក្រទមខ្លាំង លោភលន់ខ្លាំង ធ្វេសប្រហែសខ្លាំង ល្បិចដែលឯងរាល់គ្នាបោកអញ គឺពិតជាឆ្លាតវៃណាស់ ឯងមានចេតនា និងវិធីសាស្ត្រថោកទាបច្រើនណាស់។ ភក្ដីភាពរបស់ឯងរាល់គ្នា តិចតួចណាស់ សេចក្ដីស្មោះត្រង់របស់ឯងរាល់គ្នាវិញ ក៏ស្ដួចស្ដើង ហើយសតិសម្បជញ្ញៈរបស់ឯង រឹតតែខ្វះខាតទៅទៀត។ ក្នុងដួងចិត្តឯងរាល់គ្នា គឺមានតែការព្យាបាទច្រើនពេក ហើយមិនមាននរណាម្នាក់ រួចផុតពីការព្យាបាទរបស់ឯងឡើយ សូម្បីតែអញ។ ឯងរាល់គ្នាបិទទ្វារចោលអញ ដើម្បីតែកូនៗខ្លួនឯង ឬក៏ប្ដីឯងរាល់គ្នា ឬដើម្បីតែការពារខ្លួនឯង។ ជំនួសឲ្យការយកចិត្តទុកដាក់នឹងអញ ឯងយកចិត្តទុកដាក់នឹងគ្រួសារ កូនៗ ឋានៈអនាគត និងក្ដីសុខរបស់ឯងរាល់គ្នាជាង។ តើពេលណាទៅ ដែលឯងធ្លាប់បានគិតពីអញ ខណៈពេលឯងរាល់គ្នានិយាយ ឬប្រព្រឹត្តនោះ? នៅថ្ងៃដែលត្រជាក់ខ្លាំង គំនិតរបស់ឯងរាល់គ្នា រិះគិតតែអំពីកូនៗ ប្ដីប្រពន្ធ ឬឪពុកម្ដាយរបស់ឯងរាល់គ្នា។ នៅថ្ងៃដែលក្ដៅហែង ឯងក៏មិនដែលគិតដល់អញដែរ។ ពេលឯងរាល់គ្នាបំពេញភារកិច្ចរបស់ខ្លួន ឯងកំពុងគិតពីផលប្រយោជន៍ សុវត្ថិភាពផ្ទាល់ខ្លួន  និងសមាជិកគ្រួសាររបស់ឯង។ តើអ្វីទៅ ដែលឯងធ្លាប់ធ្វើដើម្បីអញនោះ? តើពេលណាទៅ ដែលឯងធ្លាប់គិតពីអញ? តើពេលណាទៅ ដែលឯងធ្លាប់ថ្វាយខ្លួនឯងដល់អញ និងកិច្ចការរបស់អញ ទោះត្រូវលះបង់អ្វីក៏ដោយនោះ?  ឯណាទៅ ភ័ស្តុតាងបញ្ជាក់ពីការចុះសម្រុងរបស់ឯងនឹងអញនោះ? ឯណាទៅតថភាពនៃភក្ដីភាពរបស់ឯង ចំពោះអញនោះ? ឯណាទៅតថភាពនៃការស្ដាប់បង្គាប់របស់ឯង ចំពោះអញនោះ? ពេលណាទៅ ដែលឯងគ្មានចេតនាចង់បានព្រះពរពីអញ? ឯងរាល់គ្នាបោកប្រាស់ និងបញ្ឆោតអញ ឯងរាល់គ្នាលលេង នឹងសេចក្ដីពិត ឯងបិទបាំងវត្តមាននៃសេចក្ដីពិត ហើយក្បត់នឹងខ្លឹមសារនៃសេចក្ដីពិត។ តាមរយៈការទាស់ទទឹងនឹងអញបែបនេះ នាំឲ្យមានលទ្ធផលអ្វីខ្លះ ដែលកំពុងតែរង់ចាំឯងរាល់គ្នានៅថ្ងៃខាងមុខ?  ឯងរាល់គ្នាគ្រាន់តែព្យាយាមចុះសម្រុងនឹងព្រះដ៏ស្រពេចស្រពិល ហើយស្វែងរកតែជំនឿស្រពេចស្រពិល ប៉ុន្តែ ឯងមិនចុះសម្រុងនឹងព្រះគ្រីស្ទទេ។ តើសេចក្ដីអាក្រក់របស់ឯង នឹងមិនទទួលការដាក់ទោស ដូចគ្នានឹងទោសដែលមនុស្សអាក្រក់សមនឹងទទួលទេឬអី? នៅពេលនោះ ឯងរាល់គ្នានឹងបានដឹងថា អ្នកដែលមិនចុះសម្រុងនឹងព្រះគ្រីស្ទ គ្មាននរណាម្នាក់អាចគេច ផុតពីថ្ងៃនៃសេចក្ដីក្រោធបានទេ ហើយឯងរាល់គ្នានឹងបានដឹងថា តើការដាក់ទោសប្រភេទណា នឹងកើតមានចំពោះអស់អ្នកដែលប្រឆាំងនឹងព្រះគ្រីស្ទ។ ពេលថ្ងៃនោះមកដល់ ក្ដីសុបិនថានឹងបានទទួលពរ ដោយសារតែជំនឿរបស់ឯងរាល់គ្នាចំពោះព្រះ និងក្ដីសុបិនថានឹងបានចូលទៅកាន់ស្ថានសួគ៌ នឹងត្រូវរលាយបាត់ទាំងស្រុង។ យ៉ាងណាមិញ សម្រាប់អស់អ្នកដែលចុះសម្រុងនឹងព្រះគ្រីស្ទ នឹងមិនមែនបែបនោះទេ។ បើទោះជាពួកគេបានបាត់បង់ច្រើនប៉ុនណា បើទោះជាពួកគេរងទុក្ខលំបាកច្រើនប៉ុនណា ពួកគេនឹងទទួលបានមរតកទាំងអស់ ដែលអញចែកឲ្យមនុស្សលោក។ នៅចុងបញ្ចប់ ឯងរាល់គ្នានឹងយល់ថា អញតែមួយអង្គគត់ ទើបជាព្រះដ៏សុចរិត ហើយអញតែមួយអង្គគត់ ទើបមានសមត្ថភាពអាចនាំមនុស្សទៅកាន់គោលដៅដ៏ស្រស់ត្រកាលរបស់ពួកគេបាន។

ខាង​ដើម៖ មនុស្សជាច្រើនត្រូវបានត្រាស់ហៅ តែជ្រើសរើសបានតិចណាស់

បន្ទាប់៖ ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ