១. អ្វីជាភាពខុសគ្នារវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់វិញ្ញាណអាក្រក់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើមនុស្សម្នាក់យល់ពីសេចក្ដីលម្អិតខាងឯវិញ្ញាណ បានដោយរបៀបណា? តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្សដោយរបៀបណា? តើសាតាំងធ្វើកិច្ចការលើមនុស្សដោយរបៀបណា? តើវិញ្ញាណអាក្រក់ធ្វើកិច្ចការលើមនុស្សដោយរបៀបណា? តើមានការសម្ដែងឲ្យឃើញអ្វីខ្លះ? នៅពេលមានអ្វីមួយកើតឡើងចំពោះអ្នក តើវាកើតចេញពីព្រះវិញ្ញាណបរិសុទ្ធមែនទេ ហើយតើអ្នកគួរស្ដាប់បង្គាប់តាម ឬបដិសេធវា? នៅក្នុងការអនុវត្តជាក់ស្ដែងរបស់មនុស្ស រឿងភាគច្រើនកើតចេញពីបំណងរបស់មនុស្ស ដែលមនុស្សជៀសមិនផុតពីជឿថាវាមកពីព្រះវិញ្ញាណបរិសុទ្ធ។ រឿងខ្លះកើតមកពីវិញ្ញាណអាក្រក់ ប៉ុន្តែមនុស្សនៅតែគិតថា រឿងទាំងនោះកើតមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធ ជួយណែនាំមនុស្សពីខាងក្នុង ប៉ុន្តែមនុស្សមានការភ័យខ្លាចថា ការណែនាំនោះ មកអំពីសាតាំង ហេតុដូច្នេះហើយ ក៏មិនហ៊ានស្ដាប់បង្គាប់តាម នៅពេលការពិតនោះគឺ ការណែនាំនោះ គឺជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ ហេតុនេះ បើមនុស្សម្នាក់ មិនអនុវត្តការបែងចែកភាពខុសគ្នាទេ នោះនឹងគ្មានផ្លូវណាដើម្បីដកពិសោធន៍ពីក្នុងបទពិសោធន៍ជាក់ស្ដែងរបស់មនុស្សឡើយ។ បើគ្មានការបែងចែកភាពខុសគ្នាទេ គ្មានផ្លូវណាដែលអាចទទួលបានជីវិតឡើយ។ តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការដោយរបៀបណា? តើវិញ្ញាណអាក្រក់ធ្វើការដោយរបៀបណា? តើមានអ្វីខ្លះដែលចេញមកពីបំណងរបស់មនុស្ស? ហើយតើមានអ្វីខ្លះដែលកើតចេញពីការណែនាំ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ? ប្រសិនបើអ្នកយល់ពីទម្រង់នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅខាងក្នុងខ្លួនមនុស្ស នោះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក និងក្នុងអំឡុងបទពិសោធន៍ជាក់ស្ដែងរបស់អ្នក អ្នកនឹងអាចពង្រីកចំណេះដឹងរបស់ខ្លួនបាន និងអាចបែងចែកភាពខុសគ្នាបាន។ អ្នកនឹងមកស្គាល់ព្រះជាម្ចាស់ អ្នកនឹងអាចយល់ និងដឹងអំពីសាតាំង។ អ្នកនឹងឈប់ភ័ន្តច្រឡំពីការស្ដាប់បង្គាប់ ឬការស្វែងរករបស់អ្នកទៀត ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានគំនិតច្បាស់លាស់ ជាមនុស្សដែលស្ដាប់បង្គាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាទម្រង់មួយនៃការណែនាំយ៉ាងសកម្ម និងជាការបំភ្លឺបែបវិជ្ជមាន។ កិច្ចការនេះ មិនឲ្យមនុស្សក្លាយជាអកម្មឡើយ។ វានាំមកនូវការស្រាកស្រាន្ដដល់ពួកគេ ផ្ដល់សេចក្ដីជំនឿ និងការតាំងចិត្តដល់ពួកគេ និងអាចឲ្យពួកគេស្វែងរកការប្រោសឲ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ មនុស្សអាចចូលរួមបានដោយសកម្ម។ ពួកគេមិនមែនអកម្ម ឬក៏ត្រូវបង្ខំឡើយ តែត្រូវធ្វើការដោយគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួន របស់ពួកគេ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ មនុស្សមានក្ដីត្រេកអរ និងសុខចិត្តស្ដាប់បង្គាប់តាម និងរីករាយនឹងបន្ទាបខ្លួនរបស់ពួកគេ។ បើទោះបីជាពួកគេមានការឈឺចាប់ និងប្រេះស្រាំក្នុងចិត្ដក្ដី ក៏ពួកគេនៅតែមានការតាំងចិត្តដើម្បីពួតដៃគ្នាដែរ។ ពួកគេរងទុក្ខយ៉ាងខ្លាំង ពួកគេអាចស្ដាប់បង្គាប់តាម ហើយពួកគេមិនជាប់ប្រឡាក់ទៅដោយបំណងរបស់មនុស្សឡើយ មិនប្រឡាក់ទៅគំនិតរបស់មនុស្សឡើយ ហើយច្បាស់ណាស់ ពួកគេមិនជាប់ប្រឡាក់ទៅដោយចំណង់ និងការជំរុញចិត្តរបស់មនុស្សឡើយ។ នៅពេលមនុស្សជួបប្រទះបទពិសោធន៍នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេមានលក្ខណៈបរិសុទ្ធជាពិសេសពីខាងក្នុង។ អ្នកណាដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្ដែងចេញនូវសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីរបស់ពួកគេ។ ពួកគេមានក្ដីរីករាយចំពោះអ្វីៗដែលធ្វើឲ្យព្រះជាម្ចាស់សប្បាយព្រះទ័យ និងស្អប់ខ្ពើមចំពោះអ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ មនុស្សដែលត្រូវបានបណ្ដាលចិត្តដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពជាមនុស្សធម្មតា ហើយពួកគេនៅបន្តស្វែងរកសេចក្ដីពិតឥតឈប់ និងមាននូវភាពជាមនុស្ស។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការក្នុងខ្លួនមនុស្ស ស្ថានភាពរបស់ពួកគេ កាន់តែប្រសើរឡើងៗ ហើយភាពជាមនុស្សរបស់ពួកគេ កាន់តែធម្មតាទៅៗ ហើយទោះបីជាការពួតដៃគ្នារបស់ពួកគេមួយចំនួន អាចល្ងង់ខ្លៅខ្លះក៏ពិតមែន ក៏ការជំរុញចិត្តរបស់ពួកគេ ត្រឹមត្រូវ ច្រកចូលរបស់ពួកគេ វិជ្ជមាន ពួកគេមិនបានព្យាយាមបង្កការបង្អាក់អ្វីឡើយ ហើយនៅក្នុងខ្លួនពួកគេ គ្មានការព្យាបាទអ្វីឡើយ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតា និងពិតប្រាកដ ហើយព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស ស្របទៅតាមក្រឹត្យក្រមនៃជីវិតមនុស្សធម្មតា ហើយទ្រង់អនុវត្តការបំភ្លឺ និងការណែនាំនៅក្នុងខ្លួនមនុស្ស ស្របទៅតាមការស្វែងរកជាក់ស្ដែងរបស់មនុស្សធម្មតា។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស ទ្រង់ណែនាំ និងបំភ្លឺពួកគេស្របទៅតាមតម្រូវការរបស់មនុស្សធម្មតា។ ទ្រង់ប្រទានដល់ពួកគេស្របទៅតាមតម្រូវការរបស់ពួកគេ ហើយទ្រង់ណែនាំ និងបំភ្លឺពួកគេដោយសកម្ម ស្របទៅតាមអ្វីដែលពួកគេខ្វះខាត និងស្របទៅតាមភាពខ្វះខាតរបស់ពួកគេ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីបំភ្លឺ និងណែនាំមនុស្សនៅក្នុងជីវិតជាក់ស្ដែង។ លុះត្រាណាតែពួកគេជួបប្រទះនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ ទើបពួកគេអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើមនុស្សស្ថិតក្នុងស្ថានភាពវិជ្ជមាន និងមានជីវិតខាងវិញ្ញាណធម្មតា នោះពួកគេនឹងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងស្ថានភាពបែបនេះ នៅពេលដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏មានសេចក្ដីជំនឿ។ នៅពេលពួកគេអធិស្ឋាន ពួកគេមានការបណ្ដាលចិត្ត។ នៅពេលពួកគេក្រោកឡើងប្រឆាំងនឹងអ្វីមួយ ពួកគេមិនអសកម្មឡើយ។ ហើយនៅពេលដែលមានអ្វីមួយកើតឡើង ពួកគេអាចមើលឃើញនូវមេរៀននានានៅក្នុងរឿងទាំងនោះបាន ដែលព្រះជាម្ចាស់តម្រូវឲ្យពួកគេរៀនសូត្រ។ ពួកគេមិនមែនអសកម្ម ឬទន់ខ្សោយឡើយ ហើយបើទោះបីជាពួកគេមានការលំបាកជាក់ស្ដែងក្ដី ក៏ពួកគេនឹងអាចស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ដេរ។

ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការដើម្បីបំភ្លឺមនុស្ស ជាទូទៅ ព្រះអង្គប្រទានឲ្យពួកគេនូវចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីស្ថានភាព និងការប្រតិបត្តិពិតបា្រកដរបស់ពួកគេ។ ព្រះអង្គក៏អនុញ្ញាតឲ្យពួកគេយល់ពីចេតនាបន្ទាន់របស់ព្រះអង្គ និងសេចក្ដីតម្រូវរបស់ព្រះអង្គសម្រាប់មនុស្សនៅបច្ចុប្បន្ននេះដែរ ដើម្បីឲ្យពួកគេតាំងចិត្តលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងស្រឡាញ់ព្រះជាម្ចាស់ ទោះបីជាពួកគេជួបប្រទះនូវការបៀតបៀន ការលំបាក និងឈរជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់ បើទោះជាត្រូវបង្ហូរឈាម ឬលះបង់ជីវិតរបស់ពួកគេក៏ដោយ ក៏ពួកគេគ្មានការសោកស្តាយដែរ។ ប្រសិនបើអ្នកមានការតាំងចិត្តបែបនេះ នោះមានន័យថាអ្នកមានការឆេះឆួល និងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធហើយ ក៏ប៉ុន្តែត្រូវដឹងថា អ្នកមិនមែនឆេះឆួលបែបនេះនៅគ្រប់ពេលវេលានោះទេ។ មានពេលខ្លះ នៅកន្លែងប្រជុំ ពេលអ្នកអធិស្ឋាន រួចបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកអាចមានអារម្មណ៍ថាត្រូវបានផ្លាស់ប្ដូរ និងបណ្ដាលចិត្តយ៉ាងខ្លាំង។ វាជាអារម្មណ៍ថ្មី ហើយស្រស់ស្រាយ នៅពេលដែលអ្នកផ្សេងចែកចាយពីការប្រកបគ្នាខ្លះៗ ស្តីពីបទពិសោធន៍ និងការយល់ដឹងរបស់ពួកគេអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលធ្វើឲ្យចិត្តអ្នកជ្រះស្រឡះ និងភ្លឺថ្លាជាងមុន។ ទាំងអស់នេះ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នក គឺជាអ្នកដឹកនាំ ហើយព្រះវិញ្ញាណបរិសុទ្ធប្រទានឲ្យអ្នកនូវការបំភ្លឺ និងការស្រាយបំភ្លឺក្នុងពេលដែលអ្នកធ្វើដំណើរទៅកាន់ក្រុមជំនុំដើម្បីបំពេញការងារ ថែមទាំងប្រទានឲ្យអ្នកនូវប្រាជ្ញា ដើម្បីដោះស្រាយបញ្ហាដែលមាននៅក្នុងក្រុមជំនុំ ជួយឲ្យអ្នកដឹងពីរបៀបចែកចាយការប្រកបគ្នាស្តីអំពីសេចក្តីពិត និងការប្រតិបត្តិតាម ជួយឲ្យអ្នកមានភាពស្មោះត្រង់ មានការទទួលខុសត្រូវ និងប្រឹងប្រែងបំពេញកិច្ចការកាន់តែខ្លាំង ។ល។ ទាំងអស់នេះហើយ គឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «ការអនុវត្តន៍ (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបានឥទ្ធិពលអ្វីខ្លះ? អ្នកអាចល្ងង់ខ្លៅ ហើយអ្នកអាចខ្វះការយល់ដឹង ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវបំពេញកិច្ចការឲ្យខានតែបាន ដូច្នេះហើយ នឹងមានសេចក្ដីជំនឿនៅក្នុងខ្លួនអ្នក ហើយអ្នកនឹងតែងមានអារម្មណ៍ថា អ្នកមិនអាចស្រឡាញ់ព្រះជាម្ចាស់បានគ្រប់គ្រាន់ជានិច្ច។ អ្នកនឹងសុខចិត្តពួតដៃគ្នា មិនថាមានការលំបាកខ្លាំងប៉ុណ្ណានៅខាងមុខនោះទេ។ នឹងកើតមានរឿងខ្លះចំពោះអ្នក ហើយអ្នកនឹងមិនច្បាស់ថា រឿងណាមកអំពីព្រះជាម្ចាស់ ឬរឿងណាមកអំពីសាតាំងឡើយ ប៉ុន្តែអ្នកអាចរង់ចាំមើលបាន ហើយអ្នកនឹងមិនអកម្ម ឬខ្ជីខ្ជាឡើយ។ នេះគឺជាកិច្ចការធម្មតារបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងខ្លួនអ្នក នោះអ្នកនឹងនៅតែជួបប្រទះការលំបាកជាក់ស្ដែងដដែល៖ ពេលខ្លះ អ្នកនឹងត្រូវយំសោក ហើយពេលខ្លះ នឹងមានរឿងមួយចំនួនដែលអ្នកមិនអាចយកឈ្នះបាន ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលនៃកិច្ចការធម្មតារបស់ព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ បើទោះបីជាអ្នកមិនបានយកឈ្នះលើការលំបាកទាំងអស់នោះក្ដី ហើយបើទោះបីជានៅពេលនោះ អ្នកទន់ខ្សោយ និងពោរពេញដោយការរអ៊ូរទាំក្ដី ក៏ក្រោយមកទៀត អ្នកនឹងនៅតែអាចស្រឡាញ់ព្រះជាម្ចាស់ដោយសេចក្ដីជំនឿខ្លាំងក្លាដដែល។ ភាពអកម្មរបស់អ្នក មិនអាចរារាំងអ្នកពីការមានបទពិសោធន៍ធម្មតាបានឡើយ ហើយមិនថាអ្នកដទៃនិយាយបែបណានោះទេ មិនថាអ្នកដទៃវាយប្រហារអ្នកបែបណានោះទេ អ្នកនៅតែអាចស្រឡាញ់ព្រះជាម្ចាស់បានដដែល។ ក្នុងអំឡុងពេលអធិស្ឋាន អ្នកតែងមានអារម្មណ៍ថា អ្នកពិតជាជាប់ជំពាក់ព្រះជាម្ចាស់យ៉ាងខ្លាំងកាលពីអតីតកាល ហើយអ្នកតាំងចិត្តគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងបដិសេធខាងសាច់ឈាម នៅពេលណាដែលអ្នកជួបប្រទះនូវរឿងបែបនោះជាថ្មីម្ដងទៀត។ កម្លាំងនេះបង្ហាញថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសណ្ឋិតនៅខាងក្នុងខ្លួនអ្នក។ នេះគឺជាលក្ខណៈធម្មតានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលស្ថានភាពរបស់មនុស្សគឺធម្មតា នោះជីវិតខាងវិញ្ញាណរបស់ពួកគេ និងជីវិតខាងសាច់ឈាមរបស់ពួកគេ ក៏ធម្មតាដែរ ហើយហេតុផលរបស់ពួកគេ ក៏ធម្មតា និងមានរបៀបរៀបរយល្អដែរ។ នៅពេលដែលពួកគេនៅក្នុងស្ថានភាពបែបនេះ អ្វីដែលពួកគេជួបប្រទះ និងបានស្គាល់នៅក្នុងខ្លួនពួកគេ អាចនិយាយបានជាទូទៅថា មកអំពីការបណ្ដាលចិត្តដោយព្រះវិញ្ញាណបរិសុទ្ធ (មានការយល់ដឹងធ្លុះជ្រៅ ឬមានចំណេះដឹងធម្មតានៅពេលដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមានភាពស្មោះត្រង់ចំពោះអ្វីមួយ ឬចំពោះរឿងមួយចំនួន មានកម្លាំងស្រឡាញ់ព្រះជាម្ចាស់ ដែលអ្វីទាំងអស់នេះ មកអំពីព្រះវិញ្ញាណបរិសុទ្ធ)។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនមនុស្ស គឺធម្មតាខ្លាំងណាស់។ មនុស្សមិនអាចដឹងអំពីកិច្ចការនេះបានឡើយ ហើយកិច្ចការនេះគឺហាក់ដូចជាមកតាមរយៈមនុស្សខ្លួនឯង បើទោះបីជាតាមពិតទៅ វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្ដី។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រះវិញ្ញាណបរិសុទ្ធ បំពេញកិច្ចការទាំងធំ ទាំងតូចជាមួយមនុស្សគ្រប់គ្នា ហើយអ្វីដែលខុសគ្នានោះ គឺគ្រាន់តែជាទំហំនៃកិច្ចការនេះប៉ុណ្ណោះ។ មនុស្សមួយចំនួនមានលក្ខណៈសម្បត្តិល្អ ហើយពួកគេយល់ដឹងពីរឿងរ៉ាវមួយចំនួនបានឆាប់រហ័ស ហើយនៅក្នុងចំណោមពួកគេ ការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ គឺអស្ចារ្យយ៉ាងខ្លាំង។ ចំណែកឯមនុស្សមួយចំនួនទៀត មានគុណសម្បត្តិអន់ខ្សោយ ហើយពួកគេត្រូវការពេលយូរ ដើម្បីយល់ដឹងពីរឿងមួយចំនួនបាន ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធពាល់ពួកគេពីខាងក្នុង ហើយពួកគេក៏អាចសម្រេចបាននូវសេចក្ដីស្មោះត្រង់ចំពោះព្រះជាម្ចាស់វិញដែរគឺព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការនៅក្នុងចំណោមអ្នកទាំងឡាយណាដែលស្វែងរកព្រះជាម្ចាស់។ នៅក្នុងជីវិតប្រចាំថ្ងៃ នៅពេលដែលមនុស្សមិនទទឹងទាស់ ឬបះបោរប្រឆាំងនឹងព្រះជាម្ចាស់ មិនធ្វើរឿងដែលមិនស្របគ្នានឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញកិច្ចការច្រើន ឬតិចក្នុងចំណោមពួកគេម្នាក់ៗ។ ទ្រង់ពាល់ពួកគេ បំភ្លឺពួកគេ និងប្រទានសេចក្ដីជំនឿដល់ពួកគេ ប្រទានកម្លាំងដល់ពួកគេ និងផ្លាស់ពួកគេឲ្យមានភាពសកម្ម លែងខ្ជិលច្រអូស ឬលោភលន់នឹងការអរសប្បាយខាងសាច់ឈាម ដោយសុខចិត្តអនុវត្តតាមសេចក្ដីពិត និងស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់ការទាំងអស់នេះ គឺជាកិច្ចការដែលមកអំពីព្រះវិញ្ញាណបរិសុទ្ធ។

ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

គ្រប់ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធគឺធម្មតានិងពិតប្រាកដ។ នៅពេលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើការអធិដ្ឋាន នៅក្នុងខ្លួនអ្នកនឹងភ្លឺច្បាស់និងនឹងនរ រហូតដល់ពិភពលោកខាងក្រៅមិនអាចបង្អាក់អ្នកបាន ដ្បិតនៅក្នុងខ្លួនអ្នក អ្នកបានដាក់ចិត្តស្រឡាញ់ព្រះជាម្ចាស់ បានដាក់ចិត្តធ្វើរឿងដែលវិជ្ជមាន ហើយអ្នកស្អប់ខ្ពើមលោកិយដ៏អាក្រក់នេះ។ នេះជាការរស់នៅក្នុងព្រះជាម្ចាស់។ វាមិនមែនជាការទទួលបានការរីករាយដ៏អស្ចារ្យដូចមនុស្សនិយាយនោះទេ ដ្បិតការនិយាយបែបនេះមិនពិតនោះទេ។ ថ្ងៃនេះ គ្រប់យ៉ាងគួរចាប់ផ្តើមពីការពិត។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើគឺជាការពិត ហើយ នៅក្នុងបទពិសោធន៍របស់អ្នក អ្នកគួរតែយកចិត្តទុកដាក់ចំពោះការស្គាល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងការស្វែងរកតឹកតាងនៃការងាររបស់ព្រះជាម្ចាស់ និងមធ្យោបាយដែលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ និងបំភ្លឺគំនិតមនុស្ស។ ប្រសិនបើអ្នកបរិភោគ និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអធិដ្ឋាន និងសហការតាមការពិតកាន់តែខ្លាំង ដោយបញ្ជ្រាបនូវអ្វីដែលល្អពីអតីតកាលដែលបានកន្លងផុត និងច្រានចោលអ្វីដែលអាក្រក់ដូចជាពេត្រុស បើអ្នកស្តាប់ដោយប្រើត្រចៀកអ្នក អង្កេតដោយប្រើភ្នែកអ្នក និងធ្វើការអធិដ្ឋាន និងសញ្ជឹងគិតនៅក្នុងដួងចិត្តរបស់អ្នកឲ្យបានញឹកញាប់ និងធ្វើគ្រប់យ៉ាងដែលអ្នកអាចដើម្បីសហការជាមួយការងាររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងនាំផ្លូវអ្នកយ៉ាងពិតប្រាកដជាមិនខាន។

ដកស្រង់ពី «វិធីស្គាល់ការពិត» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ពេលខ្លះព្រះជាម្ចាស់ប្រទានឲ្យអ្នកនូវប្រភេទអារម្មណ៍មួយ ដែលជាអារម្មណ៍ធ្វើឲ្យអ្នកបាត់បង់ការរីករាយខាងក្នុង និងបាត់បង់វត្តមានរបស់ព្រះជាម្ចាស់ដូចជាអ្នកកំពុងធ្លាក់ក្នុងភាពងងឹត។ នេះគឺជាប្រភេទនៃការបន្សុទ្ធ។ រាល់ពេលដែលអ្នកធ្វើអ្វីៗ វាតែងតែមានភាពរអាក់រអួល ឬអ្នកនឹងទាល់ច្រក។ នេះជាការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ ជួនកាល នៅពេលដែលអ្នកធ្វើអ្វីមួយដែលមិនស្តាប់បង្គាប់ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គ្មាននរណាទៀតអាចដឹងអំពីរឿងនេះបានទេ មានតែព្រះជាម្ចាស់ទេដែលជ្រាបដឹង។ ទ្រង់នឹងដាក់ទោសអ្នក ហើយទ្រង់នឹងប្រៀនប្រដៅអ្នក។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺលម្អិតខ្លាំងណាស់។ ទ្រង់សង្កេតដោយយកព្រះទ័យទុកដាក់បំផុតចំពោះរាល់ព្រះបន្ទូល និងសកម្មភាព រាល់អំពើ និងចលនារបស់ពួកគេ ហើយរាល់ការគិត និងគំនិតរបស់ពួកគេ ដើម្បីឲ្យមនុស្សអាចទទួលបានការយល់ដឹងខាងក្នុងចិត្តអំពីរឿងទាំងអស់នេះ។ អ្នកធ្វើរឿងមួយម្តង វាចាប់ផ្ដើមខុស អ្នកធ្វើរឿងមួយម្តងទៀត ហើយវានៅតែខុសដដែល ហើយអ្នកនឹងចាប់ផ្ដើមយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបន្ដិចម្ដងៗ។ ឆ្លងកាត់ការប្រៀនប្រដៅជាច្រើនដង អ្នកនឹងដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអ្វីដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះទ្រង់។ នៅចុងបញ្ចប់ អ្នកនឹងមានការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះការណែនាំពីព្រះវិញ្ញាណបរិសុទ្ធពីក្នុងចិត្តអ្នក។ ពេលខ្លះអ្នកនឹងបះបោរ ហើយព្រះជាម្ចាស់នឹងស្តីបន្ទោសអ្នកពីខាងក្នុងចិត្ត។ ការទាំងអស់នេះ មកពីការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនមិនឲ្យតម្លៃចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប្រសិនបើអ្នកធ្វើកិច្ចការរបស់ទ្រង់បន្តិចបន្ដួច នោះទ្រង់នឹងមិនអើពើនឹងអ្នកឡើយ។ បើអ្នកយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យប្រាកដប្រជា នោះទ្រង់នឹងបំភ្លឺអ្នកកាន់តែច្រើន។ ឥឡូវនេះ មានមនុស្សខ្លះនៅក្នុងពួកជំនុំដែលមានជំនឿច្របូកច្របល់ ហើយភាន់ច្រលំ ហើយពួកគេធ្វើរឿងមិនសមរម្យជាច្រើន ហើយប្រព្រឹត្ដដោយគ្មានការប្រៀនប្រដៅ ដូច្នេះហើយ ពួកគេមិនអាចមើលឃើញបានច្បាស់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។

ដកស្រង់ពី «អ្នកដែលនឹងត្រូវប្រោសឲ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះវិញ្ញាណបរិសុទ្ធមានផ្លូវមួយដើរសម្រាប់មនុស្សម្នាក់ៗ ហើយផ្តល់ឲ្យមនុស្សម្នាក់ៗនូវឳកាសទទួលបានភាពគ្រប់លក្ខណ៍។ តាមរយៈភាពអវិជ្ជមានរបស់អ្នក អ្នកត្រូវបានបង្កើតឡើងដើម្បីឲ្យបានដឹងអំពីអំពើពុករលួយផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់ពីការបោះបង់ចោលនូវភាពអវិជ្ជមាន អ្នកនឹងរកឃើញនូវមាគ៌ាដើម្បីអនុវត្ត។ ទាំងនេះគឺជាវិធីទាំងអស់ដែលទ្រង់នឹងប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍។ លើសពីនេះទៅទៀត តាមរយៈការណែនាំជាបន្តបន្ទាប់ និងការបំភ្លឺនូវចំណុចវិជ្ជមានមួយចំនួននៅខាងក្នុងអ្នក អ្នកនឹងបំពេញមុខងាររបស់អ្នកយ៉ាងសកម្ម លូតលាស់នូវការយល់ដឹងបានច្បាស់ និងទទួលបាននូវការដឹងខុសត្រូវ។ នៅពេលដែលលក្ខណៈរបស់អ្នកល្អ អ្នកនឹងមានឆន្ទៈជាពិសេសក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជាពិសេសទៅទៀត មានឆន្ទៈក្នុងការអធិស្ឋានទៅចំពោះព្រះជាម្ចាស់ និងអាចផ្សារភ្ជាប់សេចក្ដីអធិប្បាយដែលអ្នកបានឮ ទៅកាន់សណ្ឋានរបស់អ្នកផ្ទាល់ខ្លួន។ នៅគ្រានោះព្រះជាម្ចាស់នឹងបំភ្លឺ និងធ្វើឲ្យអ្នកយល់នៅខាងក្នុងចិត្ត ធ្វើឲ្យអ្នកដឹងនូវរឿងរ៉ាវខ្លះៗអំពីទិដ្ឋភាពវិជ្ជមាន។ នេះជារបៀបដែលទ្រង់ប្រទានឲ្យអ្នកបានគ្រប់លក្ខណ៍នៅក្នុងផ្នែកវិជ្ជមាន។ នៅក្នុងភាពអវិជ្ជមាន អ្នកខ្សោយ និងអសកម្ម។ អ្នកមានអារម្មណ៍ថាអ្នកមិនមានព្រះជាម្ចាស់នៅក្នុងចិត្តអ្នកទេ តែព្រះជាម្ចាស់ធ្វើឲ្យអ្នកយល់ ដោយជួយអ្នករកផ្លូវដើម្បីអនុវត្ត។ ចេញពីការនេះ គឺជាការទទួលបាននូវភាពគ្រប់លក្ខណ៍នៅក្នុងទិដ្ឋភាពអវិជ្ជមាន។

ដកស្រង់ពី «មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចទទួលបានភាពគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើអ្វីទៅជាកិច្ចការដែលមកអំពីសាតាំង? ចំពោះកិច្ចការដែលមកអំពីសាតាំង និមិត្តនៅក្នុងខ្លួនមនុស្ស គឺស្រពិចស្រពិល។ មនុស្សគ្មានភាពជាមនុស្សធម្មតា ការជំរុញចិត្តពីខាងក្រោយទង្វើរបស់ពួកគេ មិនត្រឹមត្រូវ ហើយបើទោះបីជាពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ ក៏តែងតែមានការចោទប្រកាន់នៅខាងក្នុងខ្លួនគេជានិច្ច ហើយការចោទប្រកាន់ និងគំនិតទាំងអស់នោះ មានការជ្រៀតជ្រែកនៅខាងក្នុងខ្លួនពួកគេឥតឈប់ ដោយរារាំងការធំធាត់នៅក្នុងជីវិតរបស់ពួកគេ និងរារាំងពួកគេមិនឲ្យមករកព្រះជាម្ចាស់ក្នុងស្ថានភាពធម្មតា។ នេះចង់និយាយថា ឲ្យតែមានកិច្ចការរបស់សាតាំងនៅខាងក្នុងខ្លួនមនុស្ស ដួងចិត្តរបស់គេ មិនអាចស្ងប់នៅចំពោះព្រះជាម្ចាស់បានឡើយ។ មនុស្សបែបនេះ មិនដឹងពួកគេត្រូវធ្វើអ្វីចំពោះខ្លួនអ្នកគេឡើយ គឺនៅពេលដែលពួកគេឃើញមនុស្សប្រមូលផ្ដុំគ្នាជុំៗ ពួកគេចង់រត់គេចចេញ ហើយពួកគេមិនអាចបិទភ្នែករបស់ពួកគេបានទេ នៅពេលអ្នកដទៃអធិស្ឋានបាន។ កិច្ចការរបស់វិញ្ញាណអាក្រក់ ធ្វើឲ្យទំនាក់ទំនងធម្មតារវាងមនុស្សនិងព្រះជាម្ចាស់ខូចបង់ និងធ្វើឲ្យនិមិត្តពីមុនរបស់មនុស្ស ឬធ្វើឲ្យផ្លូវនៃច្រកចូលទៅក្នុងជីវិតពីមុនរបស់ពួកគេប្រែជាស្រអាប់។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនអាចស្និតនឹងព្រះជាម្ចាស់បានឡើយ ហើយរឿងជាច្រើនតែងកើតមានឡើង ដែលបង្កការរំខានចំពោះពួកគេ និងដាក់ច្រវាក់ពួកគេជាប់។ ដួងចិត្តរបស់ពួកគេ មិនអាចស្វែងរកសេចក្ដីស្ងប់បានឡើយ ហើយពួកគេគ្មានសល់កម្លាំងអ្វីដើម្បីស្រឡាញ់ព្រះជាម្ចាស់ឡើយ ហើយវិញ្ញាញរបស់ពួកគេបានលិចចុះទៅបាត់។ ទាំងអស់នោះ គឺជាការបង្ហាញនៃកិច្ចការរបស់សាតាំង។ ការបង្ហាញនៃកិច្ចការរបស់សាតាំង មានដូចជា៖ ការមិនអាចឈរនៅលើទីតាំងរបស់អ្នកបាន និងមិនអាចធ្វើទីបន្ទាល់បាន ដែលធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានកំហុសនៅចំពោះព្រះជាម្ចាស់ និងជាអ្នកដែលគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ។ នៅពេលដែលសាតាំងជ្រៀតជ្រែក អ្នកនឹងបាត់បង់នូវសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនអ្នក អ្នកនឹងត្រូវបាត់បង់ទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ អ្នកមិនបន្តស្វែងរកសេចក្ដីពិត ឬការកែលម្អខ្លួនអ្នកឡើយ។ អ្នកដើរថយក្រោយ និងក្លាយជាអកម្ម អ្នកផ្ដេកផ្ដួលទៅតាមខ្លួនអ្នក អ្នកបើកដៃដល់ការផ្សាយអំពើបាប និងមិនស្អប់ខ្ពើមអំពើបាបឡើយ។ បន្ថែមលើនេះ ការជ្រៀតជ្រែករបស់សាតាំង ធ្វើឲ្យអ្នករលាយសាបសូន្យ។ វាធ្វើឲ្យការប៉ះពាល់ពីព្រះជាម្ចាស់ រលាយបាត់បង់ពីក្នុងខ្លួនអ្នក និងធ្វើឲ្យអ្នករអ៊ូរទាំអំពីព្រះជាម្ចាស់ និងទទឹងទាស់នឹងទ្រង់ ដែលនាំឲ្យអ្នកចោទសួរដល់ព្រះជាម្ចាស់។ ហើយក៏មាននូវលទ្ធភាពដែលអ្នកនឹងត្រូវបោះបង់ចោលព្រះជាម្ចាស់ផងដែរ។ អ្វីគ្រប់យ៉ាងនេះ មកអំពីសាតាំង។

ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលស្ថានភាពរបស់មនុស្ស មិនធម្មតា ពួកគេត្រូវបានព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេចូលចិត្តរអ៊ូរទាំ ការជំរុញចិត្តរបស់ពួកគេ មិនត្រឹមត្រូវ ពួកគេខ្ជិលច្រអូស ពួកគេផ្ដេកផ្ដួលទៅខាងសាច់ឈាម ហើយដួងចិត្តរបស់ពួកគេបះបោរទាស់នឹងសេចក្ដីពិត។ អ្វីគ្រប់យ៉ាងនេះ គឺមកអំពីសាតាំង។ នៅពេលស្ថានភាពរបស់មនុស្ស មិនធម្មតា នៅពេលពួកគេមានភាពងងឹតនៅខាងក្នុង និងបានវង្វេងក្នុងហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ ដោយត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល និងមិនអាចដឹងថាមានព្រះជាម្ចាស់នៅខាងក្នុងខ្លួនពួកគេ នេះគឺជាពេលដែលសាតាំងកំពុងធ្វើការនៅក្នុងខ្លួនពួកគេហើយ។ ប្រសិនបើមនុស្សតែងតែមានកម្លាំងនៅក្នុងខ្លួនពួកគេ និងតែងមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ជាទូទៅ នៅពេលរឿងរ៉ាវកើតមានចំពោះពួកគេ រឿងទាំងអស់នោះ មកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយនរណាក៏ដោយដែលពួកគេជួប នោះការជួបគ្នានោះ គឺកើតចេញពីការរៀបចំរបស់ព្រះជាម្ចាស់។ នេះចង់បានន័យថា នៅពេលអ្នកស្ថិតនៅក្នុងស្ថានភាពធម្មតា នៅពេលដែលអ្នកស្ថិតនៅក្នុងកិច្ចការដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចឲ្យសាតាំងធ្វើឲ្យអ្នកចុះខ្សោយបានឡើយ។ នៅលើមូលដ្ឋាននេះ អាចនិយាយបានថា អ្វីគ្រប់យ៉ាងមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយបើទោះបីជាអ្នកមានគំនិតមិនត្រឹមត្រូវក្ដី ក៏អ្នកអាចបដិសេធគំនិតនោះបាន ហើយអ្នកមិនដើរតាមគំនិតនោះឡើយ។ អ្វីគ្រប់យ៉ាងនេះ មកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើសាតាំងជ្រៀតជ្រែកនៅក្នុងស្ថានភាពអ្វីខ្លះ? សាតាំងងាយនឹងធ្វើការនៅក្នុងខ្លួនអ្នកណាស់ នៅពេលស្ថានភាពរបស់អ្នកមិនធម្មតា នៅពេលអ្នកមិនត្រូវបានព្រះជាម្ចាស់ពាល់ និងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលខាងក្នុងខ្លួនអ្នកស្ងួតនិងសោះកក្រោះ នៅពេលអ្នកអធិស្ឋានចំពោះព្រះជាម្ចាស់ ប៉ុន្តែមិនយល់អ្វីសោះ ហើយនៅពេលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនត្រូវបានបំភ្លឺ និងស្រាយបំភ្លឺ។ និយាយមួយបែបទៀត នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបោះបង់អ្នកចោល ហើយអ្នកគ្មានអារម្មណ៍ដឹងអំពីព្រះជាម្ចាស់ នោះរឿងដែលកើតឡើងចំពោះអ្នក មកអំពីសេចក្ដីល្បួងរបស់សាតាំង។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ សាតាំងក៏កំពុងធ្វើការក្នុងពេលជាមួយគ្នានោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធពាល់ពីខាងក្នុងនៃមនុស្ស ហើយពេលជាមួយគ្នានោះ សាតាំងក៏ជ្រៀតជ្រែកនៅខាងក្នុងខ្លួនអ្នកផងដែរ។ ក៏ប៉ុន្តែ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាកិច្ចការឈានមុខគេ ហើយមនុស្សដែលមានស្ថានភាពធម្មតា អាចយកជ័យជម្នះបាន។ នេះគឺជាជ័យជម្នះនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលើកិច្ចការរបស់សាតាំង។ នៅពេលដែល ព្រះវិញ្ញាណបរិសុទ្ធបំពេញនូវកិច្ចការ និស្ស័យពុករលួយ នៅតែបន្តកើតមាន នៅខាងក្នុងខ្លួន មនុស្សដដែល។ ប៉ុន្តែក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនេះ មនុស្សងាយនឹងរកឃើញ និងស្គាល់នូវការបះបោរ ការជំរុញចិត្ត និងសេចក្ដីកំផិតរបស់ពួកគេណាស់។ មានតែពេលនោះប៉ុណ្ណោះ ទើបមនុស្សមានអារម្មណ៍ស្ដាយក្រោយ និងដុះចេញនូវចេតនាក្នុងការប្រែចិត្ត។ ដោយបែបនេះ និស្ស័យបះបោរ និងនិស្ស័យពុករលួយរបស់ពួកគេ ចុងក្រោយនឹងត្រូវបំបាត់ចោលនៅខាងក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតាខ្លាំងណាស់។ នៅពេលទ្រង់បំពេញកិច្ចការលើមនុស្ស ពួកគេនៅតែបន្តមានបញ្ហាដដែល ពួកគេនៅតែទួញសោក ពួកគេនៅតែរងទុក្ខ ពួកគេនៅតែទន់ខ្សោយ ហើយមានរឿងជាច្រើនដែលពួកគេនៅតែមិនច្បាស់ដដែល ក៏ប៉ុន្តែ នៅក្នុងស្ថានភាពនេះ ពួកគេអាចបញ្ឈប់ខ្លួនពួកគេពីការដើរថយក្រោយបាន ហើយពួកគេអាចស្រឡាញ់ព្រះជាម្ចាស់បាន ហើយបើទោះបីជាពួកគេទួញសោក និងមានទុក្ខព្រួយក្ដី ក៏ពួកគេនៅតែបន្តអាចសរសើរតម្កើងដល់ព្រះជាម្ចាស់បានដដែល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតាណាស់ និងមិនហួសពីនិស្ស័យធម្មជាតិអ្វីឡើយ។ មនុស្សភាគច្រើនជឿថា ឲ្យតែព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមបំពេញកិច្ចការ នោះការផ្លាស់ប្ដូរនឹងកើតមានឡើងចំពោះស្ថានភាពរបស់មនុស្ស ហើយរឿងដែលសំខាន់ចំពោះពួកគេ នឹងត្រូវកម្ចាត់ចេញ។ ជំនឿបែបនេះ គឺជាការបំភាន់បោកប្រាស់។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស អ្វីដែលជាភាពអសកម្មរបស់មនុស្ស នៅតែមានដដែល ហើយកម្ពស់របស់ពួកគេ នៅដូចដើមដដែល ប៉ុន្តែគេទទួលបានការស្រាយបំភ្លឺ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះហើយ ស្ថានភាពរបស់ពួកគេ ក្លាយជាសកម្មជាងមុន ស្ថានភាពនៅក្នុងខ្លួនពួកគេ ក្លាយជាធម្មតា ហើយគេផ្លាស់ប្ដូរបន្តិចម្ដងៗ។

ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការចម្រើនទៅមុខដោយវិជ្ជមាន ចំណែកឯកិច្ចការរបស់សាតាំង គឺជាការថយក្រោយ ជាភាពអវិជ្ជមាន ជាការបះបោរ ជាការទទឹងទាស់នឹងព្រះជាម្ចាស់ ជាការបាត់សេចក្ដីជំនឿលើព្រះជាម្ចាស់ ជាការមិនអាចសូម្បីតែច្រៀងទំនុកតម្កើង និងជាការទន់ខ្សោយខ្លាំងក្នុងការបំពេញភារកិច្ចរបស់មនុស្សម្នាក់។ អ្វីគ្រប់យ៉ាងដែលកើតចេញពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានកើតមកដោយឯកឯង គ្មានការបង្ខិតបង្ខំចំពោះអ្នកឡើយ។ ប្រសិនបើអ្នកអនុវត្តតាមកិច្ចការនេះ នោះអ្នកនឹងមានសេចក្ដីស្ងប់សុខ។ ប្រសិនបើអ្នកមិនអនុវត្តតាមទេ នោះអ្នកនឹងត្រូវស្ដីបន្ទោសនៅពេលក្រោយ។ បើមានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ នោះគ្មានអ្វីដែលអ្នកធ្វើ នឹងត្រូវជ្រៀតជ្រែក ឬរឹតត្បិតឡើយ។ អ្នកនឹងត្រូវដោះលែងឲ្យមានសេរីភាព នឹងមានផ្លូវមួយដើម្បីអនុវត្តនូវទង្វើរបស់អ្នក ហើយអ្នកនឹងមិនត្រូវស្ថិតក្រោមការចាប់ចងណាមួយឡើយ ប៉ុន្តែអាចធ្វើការបានស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការរបស់សាតាំង ធ្វើឲ្យអ្នកជ្រៀតជ្រែកនៅក្នុងរឿងជាច្រើន។ វាធ្វើឲ្យអ្នកមិនអាចអធិស្ឋានបាន ខ្ជិលច្រអូសខ្លាំងក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនសូវពេញចិត្តនឹងរស់នៅក្នុងជីវិតជាក្រុមជំនុំឡើយ ហើយវាធ្វើឲ្យអ្នកឃ្លាតចេញពីជីវិតខាងវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពុំប៉ះពាល់ដល់ជីវិតរបស់ចាំថ្ងៃរបស់អ្នក និងពុំប៉ះពាល់ដល់ជីវិតខាងវិញ្ញាណធម្មតារបស់អ្នកឡើយ។ អ្នកមិនអាចយល់ដឹងពីរឿងរ៉ាវជាច្រើននៅពេលដែលវាកើតឡើងភ្លាមៗនោះទេ ប៉ុន្តែក្រោយពេលប៉ុន្មានថ្ងៃរួចមក ដួងចិត្តរបស់អ្នកនឹងបានភ្លឺត្រចះត្រចង់ ហើយគំនិតរបស់អ្នកនឹងច្បាស់ជាងមុន។ អ្នកមកជាមានការញាណដឹងអំពីរឿងរ៉ាវខាងវិញ្ញាណ ហើយអ្នកអាចយល់បានបន្ដិចម្ដងៗ ថាតើគំនិតនោះមកអំពីព្រះជាម្ចាស់ ឬមកអំពីសាតាំង។ រឿងខ្លះច្បាស់ជាធ្វើឲ្យអ្នកទទឹងទាស់នឹងព្រះជាម្ចាស់ និងបះបោរនឹងព្រះជាម្ចាស់ ឬរារាំងអ្នកឲ្យអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីទាំងអស់នេះ សុទ្ធតែមកអំពីសាតាំង។ ពេលខ្លះ រឿងមិនច្បាស់ក្រឡែតនោះទេ ហើយអ្នកមិនអាចប្រាប់បានថារឿងនោះជារឿងអ្វីឡើយ។ ក្រោយមកទៀត អ្នកអាចមើលឃើញនូវការបង្ហាញនៃរឿងនោះ រួចក៏គិតឲ្យយល់។ ប្រសិនបើអ្នកអាចយល់ដឹងបានច្បាស់ថាតើរឿងណាមកអំពីសាតាំង និងថាតើរឿងណាដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងមិនងាយនឹងត្រូវដឹកនាំក្នុងផ្លូវខុសតាមបទពិសោធន៍របស់អ្នកឡើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅក្នុងការដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ ការមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធកើតឡើងម្ដងម្កាល ចំណែកឯការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធវិញ សឹងតែកើតឡើងជាញឹកញាប់។ ដរាបណាមនុស្សមានការត្រិះរិះពិចារណា និងការគិតបែបធម្មតា ហើយដរាបណាពួកគេមានសភាពធម្មតា នោះព្រះវិញ្ញាណបរិសុទ្ធប្រាកដជាគង់នៅជាមួយពួកគេមិនខាន។ នៅពេលដែលមនុស្សមានការត្រិះរិះពិចារណា និងការគិតបែបមិនធម្មតា នោះភាពជាមនុស្សរបស់ពួកគេក៏មិនធម្មតាដែរ។ នៅពេលនេះ បើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគង់នៅខាងក្នុងអ្នក នោះព្រះវិញ្ញាណបរិសុទ្ធក៏នឹងប្រាកដជាគង់នៅជាមួយអ្នកផងដែរ។ ប៉ុន្តែ បើព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយអ្នក ក្រោយមក វាមិនប្រាកដថា ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅខាងក្នុងអ្នកឡើយ ដ្បិតព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅពេលវេលាដ៏ពិសេស។ ការមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ អាចត្រឹមតែរក្សាអត្ថិភាពធម្មតារបស់មនុស្សប៉ុណ្ណោះ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅពេលវេលាជាក់លាក់មួយប៉ុណ្ណោះ។ ឧទាហរណ៍ បើអ្នកជាអ្នកដឹកនាំ ឬបុគ្គលិកធម្មតា នៅពេលដែលអ្នកស្រោចទឹក និងផ្តល់នូវការទ្រទ្រង់ដល់ពួកជំនុំ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺអ្នកអំពីពាក្យជាក់លាក់ ដែលជាការស្អាងចិត្តអ្នកដទៃ និងអាចដោះស្រាយបញ្ហាជាក់ស្ដែងនៃបងប្អូនប្រុសស្រីរបស់អ្នក។ នៅពេលបែបនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការ។ ពេលខ្លះ នៅពេលដែលអ្នកកំពុងតែហូប និងផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នកជាមួយពាក្យជាក់លាក់ដែលទាក់ទងនឹងបទពិសោធន៍ជាក់ស្ដែងរបស់អ្នកផ្ទាល់ ដោយអនុញ្ញាតឲ្យអ្នកទទួលបានចំណេះដឹងកាន់តែច្រើនអំពីសភាពរបស់អ្នកផ្ទាល់ ដូច្នេះ ការនេះក៏ជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរ។ ពេលខ្លះ ពេលខ្ញុំថ្លែងបន្ទូល អ្នករាល់គ្នាស្ដាប់ និងវាស់ស្ទង់សភាពផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងព្រះបន្ទូលរបស់ខ្ញុំ ហើយពេលខ្លះ អ្នកទទួលបានការប៉ះពាល់ ឬការបណ្ដាលចិត្ត។ ការទាំងអស់នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សខ្លះនិយាយថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងពួកគេគ្រប់ពេលវេលា។ ការនេះមិនអាចទៅរួចឡើយ។ បើពួកគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធតែងតែគង់នៅជាមួយគេ នោះវាជារឿងសមហេតុផល។ បើពួកគេនិយាយថា ការគិត និងញាណរបស់ពួកគេគឺធម្មតាគ្រប់ពេល នោះក៏សមហេតុផលដែរ ហើយវាបង្ហាញថា ព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយពួកគេ។ បើពួកគេនិយាយថា ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើការនៅខាងក្នុងពួកគេ ថាពួកគេត្រូវបានបំភ្លឺដោយព្រះជាម្ចាស់ និងត្រូវបានប៉ះពាល់ដោយព្រះវិញ្ញាណបរិសុទ្ធនៅគ្រប់ពេលវេលា ព្រមទាំងទទួលបានចំណេះដឹងថ្មីៗគ្រប់ពេល ការនេះមិនមែនជារឿងធម្មតាឡើយ! វាជារឿងអធិធម្មជាតិតែម្ដង! គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ មនុស្សបែបនេះគឺជាពួកវិញ្ញាណអាក្រក់ហើយ! សូម្បីតែពេលដែលព្រះវិញ្ញាណនៃព្រះយាងចូលក្នុងសាច់ឈាម ពេលខ្លះ ព្រះអង្គក៏ត្រូវការសោយ និងសម្រាកដែរ មិនបាច់និយាយដល់មនុស្សលោកឡើយ។ អស់អ្នកដែលត្រូវបានកាន់កាប់ដោយពួកវិញ្ញាណអាក្រក់ ហាក់ដូចជាគ្មានសេចក្តីកម្សោយនៃសាច់ឈាមទេ។ ពួកវាអាចបោះបង់ និងលះបង់ចោលអ្វីៗគ្រប់យ៉ាង ពួកវាគ្មានអារម្មណ៍ ពួកវាអាចទ្រាំទ្រនឹងទារុណកម្ម ហើយគ្មានអារម្មណ៍ហត់នឿយសូម្បីតែបន្ដិច ពោលគឺដូចជាពួកវាមានកម្រិតហួសពីសាច់ឈាមអ៊ីចឹង។ តើនេះមិនមែនជាអធិធម្មជាតិជ្រុលហួសទេឬ? កិច្ចការនៃពួកវិញ្ញាណអាក្រក់គឺជាកិច្ចការអធិធម្មជាតិ ដ្បិតគ្មានមនុស្សណាម្នាក់អាចសម្រេចកិច្ចការបែបនោះឡើយ! អស់អ្នកដែលខ្វះនូវការដឹងខុសត្រូវ កើតចិត្តច្រណែន នៅពេលដែលពួកគេឃើញមនុស្សបែបនេះ៖ ពួកគេនិយាយថា ពួកគេមានភាពក្លៀវក្លាបែបនេះនៅក្នុងជំនឿលើព្រះជាម្ចាស់ មានសេចក្តីជំនឿធំធេង ហើយមិនដែលបង្ហាញសញ្ញានៃសេចក្តីកម្សោយសូម្បីតែបន្ដិច! តាមពិតទៅ ទាំងនេះគឺជាការសម្ដែងចេញគ្រប់យ៉ាងអំពីកិច្ចការរបស់វិញ្ញាណអាក្រក់វិញទេ! ព្រោះថាមនុស្សធម្មតាប្រាកដជាមានសេចក្តីកម្សោយជាមនុស្សដោយចៀសមិនផុតឡើយ។ នេះហើយជាសភាពធម្មតារបស់អស់អ្នកដែលមានព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធនោះ។

ដកស្រង់ពី «ការអនុវត្តន៍ (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

នៅពេលដែលមនុស្សមានការយល់ដឹងខ្លះៗអំពីព្រះជាម្ចាស់ ពួកគេអាចស្ម័គ្រចិត្តរងទុក្ខសម្រាប់ទ្រង់ ហើយថ្វាយជីវិតរបស់ពួកគេដល់ទ្រង់។ យ៉ាងណាមិញ សាតាំងនៅតែគ្រប់គ្រងលើសេចក្តីកម្សោយខាងក្នុងពួកគេ ហើយនៅតែអាចធ្វើឲ្យពួកគេរងទុក្ខលំបាកដដែល។ ពួកវិញ្ញាណអាក្រក់អាចនៅតែធ្វើការនៅក្នុងមនុស្ស ដោយធ្វើការបង្អាក់ និងបណ្ដាលឲ្យពួកគេស្ថិតនៅក្នុងសភាពផ្លូវចិត្តដ៏ច្របូកច្របល់ មិនដឹងស្មារតី មានអារម្មណ៍មិនស្រួល និងត្រូវបានរំខាននៅគ្រប់ផ្នែកដដែល។ នៅក្នុងគំនិត ឬព្រលឹងរបស់មនុស្សនៅមានផ្នែកខ្លះដែលអាចនៅតែត្រូវបានគ្រប់គ្រង និងត្រួតត្រាដោយសាតាំង។ នេះហើយជាហេតុផលដែលអ្នកធ្លាក់ខ្លួនឈឺ និងមានបញ្ហា ហើយវាក៏អាចនាំឲ្យអ្នកធ្វើអត្តឃាតផងដែរ ហើយពេលខ្លះទៀត អ្នកក៏អាចមានអារម្មណ៍ថា ពិភពលោកហាក់ដូចជាសោះកក្រោះ ឬថាជីវិតនេះដូចជាគ្មានន័យសោះ។ ម្យ៉ាងទៀត ទុក្ខវេទនាទាំងនេះរបស់មនុស្សលោកនៅតែស្ថិតនៅក្រោមការបញ្ជារបស់សាតាំងនៅឡើយទេ ហើយទុក្ខវេទនាទាំងនោះក៏មានសេចក្តីកម្សោយដែលនាំទៅរកសេចក្ដីស្លាប់របស់មនុស្សផងដែរ។ សាតាំងនៅតែអាចប្រើប្រាស់សេចក្តីទាំងនោះ ដែលវាបានធ្វើឲ្យពុករលួយ និងជាន់ឈ្លី ដ្បិតវាជាអាវុធដែលសាតាំងអាចប្រើទៅប្រឆាំងនឹងមនុស្សជាតិ។ ... ពួកវិញ្ញាណអាក្រក់ឆក់យកគ្រប់ទាំងឱកាស ដើម្បីធ្វើកិច្ចការរបស់ពួកវា។ ពួកវាអាចនិយាយទៅកាន់អ្នកចេញពីក្នុងចិត្ត ឬខ្សឹបដាក់ត្រចៀករបស់អ្នក ឬមួយក៏ពួកវាអាចធ្វើឲ្យចិត្តគំនិតរបស់អ្នកមានភាពច្របូកច្របល់។ ពួកវាអាចថែមទាំងរារាំងការប៉ះពាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើឲ្យអ្នកមិនអាចមានអារម្មណ៍អំពីការប៉ះពាល់របស់ទ្រង់ទៀតផង។ ក្រោយមកទៀត ពួកវាចាប់ផ្ដើមរំខានអ្នក ដោយបំភាន់គំនិតអ្នក និងធ្វើឲ្យខួរក្បាលរបស់អ្នកទៅជាត្រឡប់ត្រឡិន ដោយធ្វើឲ្យអ្នកនៅមិនស្ងប់ និងកើតជាជំងឺសរសៃប្រសាទ។ នេះហើយជាកិច្ចការដែលពួកវិញ្ញាណអាក្រក់ធ្វើចំពោះមនុស្សនោះ។ បើពួកគេមិនអាចយល់អំពីការនេះទេ នោះពួកគេនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធំហើយ។

ដកស្រង់ពី «ភាពសំខាន់នៃការស្គាល់រសជាតិទុក្ខវេទនាខាងលោកីយ៍របស់ព្រះជាម្ចាស់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងរបៀបសុភាពរាបសា ទន់ភ្លន់ គួរឱ្យស្រឡាញ់ និងដោយព្រះទ័យទុកដាក់ គឺជារបៀប មួយ ដែលត្រូវបានគិតគូរហ្មត់ចត់ និងត្រឹមត្រូវបំផុត។ មាគ៌ារបស់ព្រះអង្គ មិនពន្យុះឱ្យអ្នកមានប្រតិកម្មតានតឹងក្នុងអារម្មណ៍ដូចជាថា «ព្រះជាម្ចាស់ត្រូវតែឱ្យខ្ញុំធ្វើរឿងនេះ» ឬ «ព្រះជាម្ចាស់ត្រូវតែឱ្យខ្ញុំធ្វើនោះ» ឡើយ។ ព្រះជាម្ចាស់មិនដែលផ្តល់ឱ្យអ្នកនូវភាពតានតឹងខាងផ្លូវចិត្ត ឬផ្លូវអារម្មណ៍ដែលធ្វើឱ្យរឿង ទៅជាមិនអាចទ្រាំបាននោះឡើយ។ តើមែនទេ? សូម្បីតែនៅពេលដែលអ្នកព្រមទទួលយកព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ក៏ដោយ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? នៅពេលដែលអ្នកយល់ពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលនោះ? តើអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់ ជាព្រះដ៏ឥតខ្ចោះ និងជាព្រះដែលល្មើសមិនបានមែនទេ? (មែនហើយ) តើអ្នកមានអារម្មណ៍ថា នៅគ្រានោះ អ្នកហើយនិងព្រះជាម្ចាស់ នៅឆ្ងាយពីគ្នាដែរឬទេ? តើអ្នកមានអារម្មណ៍ខ្លាចព្រះជាម្ចាស់ដែរទេ? អត់ទេ ផ្ទុយទៅវិញ អ្នកមានអារម្មណ៍គោរពកោតខ្លាចចំពោះព្រះជាម្ចាស់ទៅវិញទេ។ តើនេះមិនមែនដោយសារ កិច្ចការរបស់ព្រះជាម្ចាស់ទេឬអី ដែលធ្វើឱ្យមនុស្សមានអារម្មណ៍បែបនេះ? តើពួកគេនឹងមានអារម្មណ៍ទាំងនេះទេ ប្រសិនបើវាជាសាតាំងជាអ្នកធ្វើការនេះវិញ? (ទេ អត់ទេ) ព្រះជាម្ចាស់ប្រើព្រះបន្ទូល សេចក្តីពិត និងជីវិតរបស់ព្រះអង្គ មកផ្គត់ផ្គង់ និងគាំទ្រដល់មនុស្ស ជាបន្តបន្ទាប់។ នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលមនុស្សមានអារម្មណ៍នឿយណាយចិត្ត នោះព្រះជាម្ចាស់ ពិតជាមិនដែលមានបន្ទូលគ្រោតគ្រាត ថា៖ «កុំនឿយណាយចិត្ត។ តើមានអ្វីដែលធ្វើឱ្យឯងនឿយណាយចិត្ត? ហេតុអ្វីបានជាឯងទន់ខ្សោយ? តើមានមូលហេតុអ្វីដែលធ្វើឱ្យឯងមានភាពទន់ខ្សោយ? ឯងតែងតែទន់ខ្សោយជានិច្ច ហើយឯងក៏តែងតែមានភាពអវិជ្ជមានគ្រប់ពេលដែរ! តើឯងនៅរស់មានប្រយោជន៍អ្វី? ស្លាប់ទៅវាល្អជាង!» តើព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបនេះឬ? (ទេ! អត់ទេ) តើព្រះជាម្ចាស់មានសិទ្ធិអំណាច នឹងធ្វើទង្វើបែបនេះបានដែរឬទេ? (មាន) ក៏ប៉ុន្តែព្រះជាម្ចាស់មិនធ្វើបែបនេះឡើយ។ មូលហេតុដែលព្រះជាម្ចាស់មិនធ្វើបែបនេះ គឺដោយសារតែលក្ខណៈរបស់ព្រះអង្គ គឺជាលក្ខណៈនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះមនុស្ស ការឱ្យតម្លៃ និងការបីបមថ្នមថ្នាក់របស់ព្រះអង្គចំពោះមនុស្ស មិនអាចត្រូវបានបង្ហាញចេញមកឱ្យបានច្បាស់ ដោយត្រឹមតែប្រយោគមួយ ឬពីរឃ្លាបានឡើយ។ វាមិនមែនជាអ្វីដែលត្រូវបាននាំមកដោយភាពអំនួតរបស់មនុស្សទេ ក៏ប៉ុន្តែវាគឺជាអ្វីដែលព្រះជាម្ចាស់ បាននាំមក តាមការអនុវត្តជាក់ស្តែងវិញ។ វាគឺជាការបើកសម្តែងពីលក្ខណៈរបស់ព្រះជាម្ចាស់វិញ។ តើរបៀបទាំងអស់ដែលព្រះជាម្ចាស់ធ្វើការនេះ អាចធ្វើឱ្យមនុស្សមើលឃើញភាពបរិសុទ្ធរបស់ព្រះអង្គបានដែរឬទេ? តាមរបៀបទាំងអស់ ដែលព្រះជាម្ចាស់ធ្វើការនេះ បូករួមទាំងចេតនាល្អរបស់ព្រះអង្គ បូករួមទាំងផលដែលព្រះអង្គចង់សម្រេចលើមនុស្ស បូករួមទាំងវិធីផ្សេងៗដែលព្រះជាម្ចាស់ជ្រើសរើស ដើម្បីធ្វើការលើមនុស្ស ប្រភេទកិច្ចការដែលព្រះអង្គធ្វើ និងអ្វីដែលព្រះអង្គចង់ឱ្យមនុស្សយល់ តើអ្នកមើលឃើញសេចក្ដីអាក្រក់ ឬការបោកបញ្ឆោតណាមួយ នៅក្នុងចេតនាល្អរបស់ព្រះអង្គដែរឬទេ? (ទេ! គ្មានទេ) ដូច្នេះនៅក្នុងអ្វីៗគ្រប់យ៉ាង ដែលព្រះជាម្ចាស់ធ្វើ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់មានបន្ទូល អ្វីៗគ្រប់យ៉ាងដែលព្រះអង្គគិតនៅក្នុងព្រះទ័យរបស់ព្រះអង្គ ក៏ដូចជាលក្ខណៈទាំងអស់របស់ព្រះអង្គ ដែលទ្រង់បានបង្ហាញឱ្យឃើញ តើយើងអាចហៅ ព្រះអង្គថាជាព្រះបរិសុទ្ធបានដែរឬទេ? (ពិតប្រាកដណាស់) តើមាននរណាម្នាក់បានឃើញភាពបរិសុទ្ធនេះនៅក្នុងពិភពលោក ឬនៅក្នុងខ្លួនរបស់គេដែរឬទេ? ក្រៅពីព្រះជាម្ចាស់ តើអ្នកធ្លាប់ឃើញមានលក្ខណៈនេះ នៅក្នុងមនុស្សណាម្នាក់ ឬនៅក្នុងសាតាំងដែរឬទេ? (អត់ដែលទេ)។ ...

តើអ្វីជារូបភាពតំណាងសម្គាល់លក្ខណៈនៃកិច្ចការរបស់សាតាំងលើមនុស្ស? អ្នកគួរតែអាចដឹងរឿងនេះតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាបាន វាជាលក្ខណៈពិសេសបំផុតរបស់សាតាំង ដែលជារឿងដដែលៗដែលវាធ្វើម្តងហើយម្តងទៀត ជារឿងដែលវាព្យាយាមធ្វើជាមួយមនុស្សគ្រប់ៗរូប។ ប្រហែលជាអ្នកមិនអាចមើលឃើញលក្ខណៈពិសេសនេះទេ ទើបអ្នករាល់គ្នា មិនមានអារម្មណ៍ថា សាតាំងពិតជាគួរឱ្យខ្លាច និងស្អប់ខ្លាំងបំផុត។ តើមានអ្នកណាដឹងថា លក្ខណៈពិសេសនេះជាអ្វីដែរទេ? (អ្វីៗគ្រប់យ៉ាងដែលវាធ្វើ គឺដើម្បីធ្វើបាបមនុស្ស)។ តើវាធ្វើបាបមនុស្សយ៉ាងដូចម្តេច? តើអ្នកអាចប្រាប់ខ្ញុំឱ្យកាន់តែច្បាស់ និងលម្អិតជាងនេះបានទេ? (វាល្បួង លួងលោម និងបញ្ឆោតមនុស្ស)។ ត្រឹមត្រូវហើយ។ ទាំងនេះ គឺជារបៀបមួយចំនួន ដែលលក្ខណៈពិសេសនេះបង្ហាញឱ្យឃើញ។ សាតាំងក៏និយាយបង្កាច់បង្ខូច វាយប្រហារ និងចោទប្រកាន់មនុស្សផងដែរ ទាំងអស់នេះគឺជាការបង្ហាញចេញឱ្យឃើញផងដែរ។ តើមានអ្វីផ្សេងទៀតដែរទេ? (វានិយាយកុហក)។ ការកេងបន្លំ និងការភូតកុហក សុទ្ធតែកើតចេញមកពីសាតាំងទាំងអស់។ វាធ្វើរឿងទាំងនេះញឹកញាប់ ដល់ថ្នាក់ពាក្យកុហកហូរចេញពីមាត់របស់វា ដោយមិនចាំបាច់គិត។ តើមានអ្វី ផ្សេងទៀតដែរទេ? (វាសាបព្រោះការទាស់ទែងគ្នា)។ រឿងមួយនេះ វាមិនសូវជាសំខាន់ទេ។ ឥឡូវនេះ ខ្ញុំនឹងរៀបរាប់រឿងមួយប្រាប់ដល់អ្នករាល់គ្នា ហើយរឿងនេះនឹងធ្វើឱ្យអ្នករាល់គ្នាបះសក់ពេលស្តាប់ចប់ ក៏ប៉ុន្តែខ្ញុំមិនមែននិយាយបែបនេះ ដើម្បីបំភ័យអ្នករាល់គ្នាទេ។ ព្រះជាម្ចាស់ធ្វើការលើមនុស្ស ហើយព្រះអង្គស្រឡាញ់ថ្នាក់ថ្នមមនុស្ស ទាំងក្នុងកិរិយាប្រព្រឹត្ត និងក្នុងព្រះទ័យរបស់ព្រះអង្គ។ ផ្ទុយទៅវិញ តើសាតាំងចេះស្រឡាញ់ថ្នាក់ថ្នមមនុស្សទេ? ទេ អត់ទេ! វាមិនស្រឡាញ់ថ្នាក់ថ្នមមនុស្សទេ។ ផ្ទុយទៅវិញ វាចំណាយពេលជាច្រើន ក្នុងការគិតគូរធ្វើបាបមនុស្សវិញ។ តើអញ្ចឹងមែនអត់? នៅពេលដែលវាកំពុងគិតអំពីការធ្វើបាបមនុស្ស តើស្ថានភាពនៃចិត្តគឺជារឿងបន្ទាន់មួយមែនអត់? (មែនហើយ) ដូច្នេះទាក់ទងនឹងកិច្ចការរបស់សាតាំង ទៅលើមនុស្ស ខ្ញុំមានឃ្លាពីរដែលអាចពណ៌នាយ៉ាងត្រឹមត្រូវ អំពីចរិតឃោរឃៅ និងអាក្រក់របស់សាតាំង ដែលពិតជាអាចធ្វើឱ្យឱ្យអ្នករាល់គ្នា ស្គាល់ពីភាពសម្អប់របស់សាតាំងកាន់តែច្បាស់៖ នៅក្នុងការដែលសាតាំងចូលទៅចំពោះមនុស្សវាតែងតែចង់ពង្វក់ និងចង់គ្រប់គ្រងមនុស្សម្នាក់ៗគ្រប់គ្នា ដោយបង្ខំរហូតទាល់តែវាអាចទទួលបានការគ្រប់គ្រងពេញលេញលើមនុស្ស ហើយធ្វើបាបមនុស្សយ៉ាងធ្ងន់ធ្ងរ ដើម្បីឱ្យឱ្យវាអាចសម្រេចគោលដៅ និងបំពេញមហិច្ឆតាព្រៃផ្សៃរបស់វាបាន។ តើ «ការកាន់កាប់ដោយបង្ខំ» នេះ មានន័យយ៉ាងដូចម្តេច? តើវាជាអ្វីកើតឡើង ដោយការព្រមព្រៀងរបស់អ្នក ឬកើតឡើង មិនមែនដោយការព្រមព្រៀងរបស់អ្នក? តើវាកើតឡើងដោយអ្នកបានដឹងមុន ឬក៏អ្នកមិនដឹងសោះ? ចម្លើយគឺ វាកើតឡើង ដោយអ្នកមិនបានដឹងទាល់តែសោះ! វាកើតឡើងនៅក្នុងស្ថានភាពដែលអ្នកមិនបានចាប់អារម្មណ៍ ឬប្រហែលកើតឡើង ដោយវាមិនបាននិយាយអ្វី ឬធ្វើអ្វីមួយចំពោះអ្នកទាល់តែសោះ ដោយគ្មានការសម្អាង គ្មានបរិបទណាមួយទាល់តែសោះ នៅទីនោះសាតាំងកំពុងតែព័ទ្ធជុំវិញ និងហ៊ុំអ្នកទៀតផង។ វាស្វែងរកឱកាសដើម្បីកេងយកប្រយោជន៍ ហើយបន្ទាប់មក វាក៏ពង្វក់អ្នក គ្រប់គ្រងអ្នកដោយបង្ខំ ដើម្បីសម្រេចគោលបំណងរបស់វា នៅក្នុងការទទួលបាននូវការគ្រប់គ្រងពេញលេញលើអ្នក រួចធ្វើឱ្យមានគ្រោះមហន្តរាយដល់អ្នកទៀតផង។ នេះគឺជាចេតនា និងអាកប្បកិរិយាធម្មតាបំផុតរបស់សាតាំង នៅពេលវាតស៊ូដើម្បីដណ្តើមមនុស្សពីព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ IV» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

សព្វថ្ងៃនេះ មានវិញ្ញាណអាក្រក់ខ្លះបោកបញ្ឆោតមនុស្ស ដោយប្រើទង្វើអធិធម្មជាតិ ពោលគឺគ្មានអ្វីក្រៅតែពីការយកតម្រាប់របស់ពួកវា ដើម្បីបោកបញ្ឆោតមនុស្ស តាមរយៈកិច្ចការដែលមិនមែនត្រូវបានធ្វើឡើងដោយព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ន។ មនុស្សជាច្រើនធ្វើការអស្ចារ្យ និងប្រោសមនុស្សឈឺ ព្រមទាំងបណ្ដេញអារក្សផង ទាំងអស់នេះមិនជាអ្វីទាំងអស់ ក្រៅតែពីកិច្ចការរបស់វិញ្ញាណអាក្រក់ ដ្បិតព្រះវិញ្ញាណបរិសុទ្ធលែងធ្វើការបែបនេះនាពេលបច្ចុប្បន្នទៀតហើយ ហើយអស់អ្នកណាដែលត្រាប់តាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ តាំងពីសម័យនោះមក គឺជាវិញ្ញាណអាក្រក់ប្រាកដណាស់។ កិច្ចការទាំងអស់ដែលត្រូវបានអនុវត្តនៅអ៊ីស្រាអែលសម័យនោះ គឺជាកិច្ចការមួយដែលមានលក្ខណៈអធិធម្មជាតិ ទោះបីពេលនេះព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការក្នុងលក្ខណៈបែបនេះក៏ដោយ ហើយពេលនេះកិច្ចការបែបនេះ គឺជាតម្រាប់ និងជាការក្លែងកាយរបស់សាតាំង និងជាការបង្កចលាចលរបស់វាផង។ ដោយឡែក អ្នកមិនអាចនិយាយថា គ្រប់យ៉ាងដែលមានលក្ខណៈអធិធម្មជាតិ សុទ្ធតែមកពីវិញ្ញាណអាក្រក់នោះឡើយ ការនេះអាស្រ័យលើយុគសម័យនៃកិច្ចការរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់មិនបំពេញកិច្ចការរបស់ទ្រង់ម្ដងទៀតឡើយ ទ្រង់មិនធ្វើកិច្ចការដែលមិនជាក់ស្ដែងឡើយ ទ្រង់មិនទាមទារអ្វីច្រើន ពីមនុស្សឡើយ ហើយទ្រង់ក៏មិនបំពេញកិច្ចការដែលហួសពីអត្ថន័យជាមនុស្សដែរ។ គ្រប់កិច្ចការដែលទ្រង់ធ្វើគឺសុទ្ធតែស្ថិតក្នុងព្រំដែនអត្ថន័យនៃមនុស្សធម្មតា និងមិនលើសពីអត្ថន័យ នៃភាពជាមនុស្សធម្មតាឡើយ ហើយកិច្ចការរបស់ទ្រង់ ត្រូវធ្វើឡើងស្របទៅតាមសេចក្ដីតម្រូវធម្មតារបស់មនុស្ស។ ប្រសិនបើវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះមនុស្សនឹងកាន់តែមានភាពសាមញ្ញទៅៗ ហើយភាពជាមនុស្សរបស់ពួកគេ ក៏កាន់តែសាមញ្ញទៅៗដែរ។ មនុស្សទទួលបានចំណេះដឹងច្រើនអំពីនិស្ស័យពុករលួយរបស់ពួកគេដែលមកពីសាតាំង និងយល់ពីអត្ថន័យជាមនុស្ស ហើយពួកគេក៏នឹងចង់បានសេចក្តីពិតកាន់តែធំធេងជាងមុនដែរ។ នេះគឺអាចនេះនិយាយបានថា ជីវិតរបស់មនុស្សធំធាត់ឡើងៗ ហើយនិស្ស័យពុករលួយរបស់មនុស្សកាន់តែអាចបំផ្លាស់បំប្រែបានច្រើនជាងមុនដែលគ្រប់ការទាំងអស់នេះ គឺជាអត្ថន័យនៃការដែលព្រះជាម្ចាស់ក្លាយជាជីវិតរបស់មនុស្ស។ ប្រសិនបើផ្លូវមួយមិនអាចបើកសម្ដែងនូវចំណុចទាំងអស់ ដែលជាអត្ថន័យជាមនុស្សនេះបាន មិនបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សបាន ហើយលើសពីនោះមិនអាចនាំមនុស្សមកចំពោះព្រះជាម្ចាស់បាន ឬផ្ដល់ឲ្យពួកគេនូវការយល់ដឹងដ៏ពិតប្រាកដអំពីព្រះជាម្ចាស់បាន ហើយថែមទាំងបណ្ដាលឲ្យភាពជាមនុស្សរបស់ពួកគេកាន់តែទាបទៅៗ និងធ្វើឲ្យអារម្មណ៍របស់ពួកគេកាន់តែមិនធម្មតាទៅៗ នោះផ្លូវនេះច្បាស់ជាមិនមែនជាផ្លូវដ៏ពិតឡើយ ហើយវាអាចជាកិច្ចការរបស់វិញ្ញាណអាក្រក់ ឬជាផ្លូវចាស់។ និយាយឲ្យខ្លី វាមិនអាចជាកិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធបានឡើយ។

ដកស្រង់ពី «មានតែអស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ ៣. ការយល់អំពីចំណេះដឹងខាងព្រះគម្ពីរ និងទ្រឹស្ដីខាងទេវវិទ្យាមានន័យថាជាការយល់អំពីសេចក្ដីពិត និងការស្គាល់ព្រះជាម្ចាស់ ឬអត់

បន្ទាប់៖ ២. មនុស្សដែលអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

របៀបអធិស្ឋានដែលអាចឱ្យព្រះជាម្ចាស់ស្ដាប់ឮ៖ ការដោះស្រាយបញ្ហាចំនួន៣ គឺជាគន្លឹះ

ក្នុងនាមជាគ្រីស្ទបរិស័ទ សេចក្ដីអធិស្ឋានគឺជាផ្នែកមួយដែលមិនអាចប្រកែកបាននៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

By Xinxin, the United States ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ