២. មនុស្សដែលអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងមនុស្សដែលមិនអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតែងតែធ្វើចលនាទៅមុខជានិច្ច ហើយអស់អ្នកដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ក៏គួរតែកំពុងតែវិវឌ្ឍទៅមុខកាន់តែស៊ីជម្រៅ និងផ្លាស់ប្ដូរមួយជំហានម្ដងៗដែរ។ ពួកគេមិនគួរឈប់នៅក្នុងដំណាក់កាលមួយឡើយ។ មានតែមនុស្សដែលមិនដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ដែលនឹងជាប់គាំងនៅក្នុងចំណោមកិច្ចការដើមរបស់ទ្រង់ ហើយមិនទទួលយកកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ មានតែមនុស្សដែលមិនស្ដាប់បង្គាប់ទេ ដែលគ្មានសមត្ថភាពទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះ។ ប្រសិនបើការអនុវត្តរបស់មនុស្សមិនមានល្បឿនតាមទាន់កិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះការអនុវត្តរបស់មនុស្សប្រាកដជាដាច់ចេញពីកិច្ចការនាពេលសព្វថ្ងៃនេះ ហើយប្រាកដជាមិនស្របតាមកិច្ចការនាពេលសព្វថ្ងៃនេះមិនខាន។ មនុស្សហួសសម័យកាលទាំងនេះ គ្មានសមត្ថភាពក្នុងការសម្រេចតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចក្លាយជាមនុស្សដែលនឹងឈរធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់នាពេលចុងបញ្ចប់នោះដែរ។ លើសពីនេះទៅទៀត កិច្ចការគ្រប់គ្រងទាំងមូលមិនអាចបិទបញ្ចប់នៅក្នុងចំណោមក្រុមមនុស្សបែបនេះបានឡើយ។ សម្រាប់មនុស្សដែលធ្លាប់ប្រកាន់ខ្ជាប់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងមនុស្សដែលធ្លាប់រងទុក្ខសម្រាប់ឈើឆ្កាង ប្រសិនបើពួកគេមិនអាចទទួលយកដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយទេ នោះអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ នឹងក្លាយជាឥតប្រយោជន៍ហើយគ្មានន័យ។ ការស្ដែងចេញដ៏ច្បាស់បំផុត អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្នុងការទទួលយកពេលបច្ចុប្បន្ន មិនមែនជាការជាប់ចិត្ត នឹងអតីតកាលឡើយ។ អស់អ្នកណាដែលមិនបានតាមទាន់នឹងកិច្ចការនាពេលសព្វថ្ងៃ និងអ្នកដែលបានដាច់ចេញពីការអនុវត្តនាពេលសព្វថ្ងៃ គឺជាមនុស្សដែលប្រឆាំង និងមិនទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សបែបនេះមិនស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ។ ទោះបីពួកគេប្រកាន់ខ្ជាប់នឹងពន្លឺកាលពីអតីតកាលក៏ដោយ ក៏វាមិនអាចបដិសេធបានដែរថា ពួកគេមិនដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ហេតុអ្វីបានជាមានការនិយាយ សព្វបែបយ៉ាងអំពីការផ្លាស់ប្ដូរនៅក្នុងការអនុវត្តរបស់មនុស្ស អំពីការផ្លាស់ប្ដូរ នៅក្នុងការអនុវត្តរវាងអតីតកាល និងពេលបច្ចុប្បន្ន អំពីរបៀបដែលការអនុវត្តត្រូវបានប្រព្រឹត្តនៅក្នុងអំឡុងយុគសម័យមុន និងអំពីរបៀបដែលវាត្រូវបានធ្វើនាពេលសព្វថ្ងៃ? ការបែងចែកនៅក្នុងការអនុវត្តរបស់មនុស្សបែបនេះ តែងតែត្រូវបានលើកឡើង ដោយសារតែកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធចេះតែបន្តឆ្ពោះទៅមុខ ហើយការអនុវត្តរបស់មនុស្សតម្រូវឲ្យមានការផ្លាស់ប្ដូរជានិច្ច។ ប្រសិនបើមនុស្សនៅតែបន្តជាប់ នៅក្នុងដំណាក់កាលមួយនោះវាបញ្ជាក់ឲ្យឃើញថា គេគ្មានសមត្ថភាពតាមទាន់កិច្ចការថ្មី និងពន្លឺថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយការនេះមិនបញ្ជាក់ថា ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរនោះទេ។ អស់អ្នកដែលស្ថិតនៅក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធតែងតែគិតថា ពួកគេត្រឹមត្រូវជានិច្ច ប៉ុន្តែ ការពិតនោះគឺថា ព្រះជាម្ចាស់ឈប់ធ្វើការនៅក្នុងពួកគេយូរយារណាស់មកហើយ ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក៏លែងធ្វើការជាមួយពួកគេដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានកើតឡើងជាយូរណាស់មកហើយ តាំងពីទ្រង់បានផ្ទេរទៅកាន់ក្រុមមនុស្សមួយទៀត ជាក្រុមមួយដែលទ្រង់មានបំណងសម្រេចកិច្ចការថ្មីរបស់ទ្រង់។ ដោយសារតែអស់អ្នកដែលស្ថិតនៅក្នុងសាសនាគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ឡើយ ហើយគេប្រកាន់ខ្ជាប់តែកិច្ចការចាស់ពីអតីតកាលប៉ុណ្ណោះ ដូច្នេះ ព្រះជាម្ចាស់បានបំភ្លេចមនុស្សទាំងនេះចោល ហើយធ្វើកិច្ចការថ្មីរបស់ទ្រង់នៅលើមនុស្សដែលទទួលយកកិច្ចការថ្មីនេះប៉ុណ្ណោះ។ មនុស្សទាំងនេះជាមនុស្សដែលសហការនៅក្នុងកិច្ចការថ្មីរបស់ទ្រង់ ហើយមានតែបែបនេះទេ ទើបការគ្រប់គ្រងរបស់ទ្រង់អាចសម្រេចបាន។ ការគ្រប់គ្រងរបស់ព្រះជាម្ចាស់តែងតែធ្វើចលនាទៅមុខជានិច្ច ហើយការអនុវត្តរបស់មនុស្សតែងតែឡើងទៅដល់កម្រិតកាន់តែខ្ពស់ជានិច្ច។ ព្រះជាម្ចាស់កំពុងតែធ្វើការហើយមនុស្សតែងតែមានតម្រូវការជានិច្ច គឺត្រូវសម្រេចដល់កម្រិតកំពូលរបស់ខ្លួនហើយព្រះជាម្ចាស់ និងមនុស្សសម្រេចបានការបង្រួបបង្រួមដ៏ពេញលេញ។ នេះគឺជាការស្ដែងចេញអំពីសមិទ្ធផលនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាជាលទ្ធផលចុងក្រោយនៃការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានសេចក្ដីតម្រូវសមស្របនីមួយៗសម្រាប់មនុស្សដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាននិងការលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់អារក្សសាតាំង ហើយគ្មានកិច្ចការណាមួយរបស់ ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្ត របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការ នៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែល ទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយបើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធគឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឲ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាសេចក្ដីតម្រូវតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការលត់ដំ និងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់ពួកគេ ហើយគ្រប់កិច្ចការដែលពួកគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាសេចក្ដីតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដីនិងទង្វើភាគច្រើនរបស់ពួកគេប្រកាន់ខ្ជាប់តាមសេចក្ដីតម្រូវពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វី ក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើសឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាការប្រជុំដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការលត់ដំឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ ជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឲ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់ពួកគេពិតជាគួរឲ្យខ្ពើមរអើមណាស់ គួរឲ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវ លើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើងដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការលត់ដំពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះសេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។

ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះធ្វើការនៅក្នុងមនុស្សដែលព្យាយាម ហើយឲ្យតម្លៃលើព្រះបន្ទូលទ្រង់។ ដរាបណាអ្នកឲ្យតម្លៃលើព្រះបន្ទូលព្រះកាន់តែខ្លាំង ដរាបនោះហើយដែលព្រះវិញ្ញាណទ្រង់ធ្វើការនៅក្នុងអ្នក។ កាលណាមនុស្សម្នាក់ឲ្យតម្លៃព្រះបន្ទូលព្រះកាន់តែខ្លាំង នោះឱកាសដែលពួកគេត្រូវបានព្រះប្រោសឲ្យគ្រប់លក្ខណ៍ ក៏កាន់តែកើនឡើងដែរ។ ព្រះជាម្ចាស់ប្រោសមនុស្សដែលស្រឡាញ់ទ្រង់ពិត ឲ្យបានគ្រប់លក្ខណ៍ ហើយទ្រង់ប្រោសមនុស្សដែលមានចិត្តស្ងប់នៅចំពោះទ្រង់ឲ្យបានគ្រប់លក្ខណ៍។ ការឲ្យតម្លៃលើរាល់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់ លើការត្រាស់ដឹងរបស់ព្រះជាម្ចាស់ លើព្រះវត្តមានរបស់ព្រះជាម្ចាស់ លើព្រះទ័យទុកដាក់ និងការថែរក្សារបស់ព្រះជាម្ចាស់ លើរបៀបដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយទៅជាតថភាពរបស់អ្នក និងផ្គត់ផ្គង់ដល់ជីវិតអ្នក គឺសុទ្ធតែស្របទៅនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ មានន័យថា ប្រសិនបើអ្នកឲ្យតម្លៃលើកិច្ចការរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកឲ្យតម្លៃលើរាល់កិច្ចការទាំងអស់ដែលទ្រង់បានធ្វើមកលើអ្នក នោះទ្រង់នឹងប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្វីទាំងអស់ដែលជារបស់អ្នក ចម្រើនឡើង។ ប្រសិនបើអ្នកពុំឲ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ទេ ទ្រង់នឹងពុំធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែទ្រង់នឹងប្រទានព្រះគុណទ្រង់តែបន្តិចបន្តួចប៉ុននោះ សម្រាប់ជំនឿរបស់អ្នក ឬប្រទានពរជាទ្រព្យធនស្ដួចស្ដើងឲ្យអ្នក និងប្រទាននូវសុវត្ថិភាពតែបន្តិចដល់គ្រួសារអ្នកវិញ។ អ្នកគួរតែខិតខំធ្វើឲ្យព្រះបន្ទូលព្រះជាម្ចាស់ក្លាយជាថតភាពរបស់អ្នក និងអាចធ្វើឲ្យទ្រង់ស្កប់ព្រះទ័យ ហើយធ្វើតាមព្រះទ័យទ្រង់ អ្នកពុំគួរព្យាយាមអាស្រ័យតែផលនៃព្រះគុណរបស់ទ្រង់ឡើយ។ សម្រាប់ពួកអ្នកជឿ គ្មានអ្វីដែលសំខាន់ជាងការទទួលយកកិច្ចការរបស់ព្រះ ការទទួលបានភាពគ្រប់លក្ខណ៍ ហើយក្លាយជាមនុស្សដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ការណ៍នេះគួរតែជាគោលដៅដែលអ្នកគួរតែព្យាយាមឲ្យបាន។

ដកស្រង់ពី «ព្រះជាម្ចាស់ប្រោសមនុស្សណាដែលត្រូវនឹងព្រះហឫទ័យទ្រង់ឲ្យបានគ្រប់លក្ខណ៍» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន ហើយអ្នកគួរតែខំប្រឹង បរិភោគ និងផឹកព្រះបន្ទូលរបស់ទ្រង់ យ៉ាងនោះអ្នកនឹងយល់ដោយមិនដឹងខ្លួន ហើយព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺឲ្យអ្នកយល់មិនខាន។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺដល់មនុស្ស ជារឿយៗ ទ្រង់ធ្វើឡើងដោយមនុស្សមិនបានដឹងឡើយ។ ទ្រង់ស្រាយបំភ្លឺ និងដឹកនាំអ្នក នៅពេលដែលអ្នកស្រេកឃ្លាន និងស្វែងរក។ គោលការណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការគឺផ្តោតសំខាន់ជុំវិញកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នកបរិភោគ និងផឹក។ អស់អ្នកណាដែលមិនឲ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតែងតែមានចិត្តគំនិតផ្សេងចំពោះព្រះបន្ទូលរបស់ទ្រង់ មិនមានការពិតនោះឡើយ ព្រោះថានៅក្នុងគំនិតអល់អែករបស់គេ ពួកគេជឿថា វាជារឿងមិនសំខាន់អ្វីឡើយ ទោះបីគេអានព្រះបន្ទូលរបស់ទ្រង់ឬមិនបានអានក៏ដោយ។ ចំពោះមនុស្សបែបនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការស្រាយបំភ្លឺរបស់ទ្រង់ មិនអាចត្រូវបានមើលឃើញនៅក្នុងពួកគេឡើយ។ មនុស្សប្រភេទនេះគឺជាអ្នកមានពុត ដែលធ្វើពើដូចជាខ្លួនខំប្រឹងណាស់ ប៉ុន្តែ តាមពិតគ្មានគុណសម្បត្តិពិតប្រាកដឡើយ គឺដូចជាប្រស្នារបស់[ក] ណានគូ យ៉ាងនោះដែរ។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

តើព្រះវិញ្ញាណបរិសុទ្ធបំភ្លឺមនុស្សប្រភេទណា? គឺជាអស់អ្នកដែលមានបញ្ញាវាងវៃ និងល្អិតល្អន់។ នៅពេលដែលពួកគេទទួលបានអារម្មណ៍ ឬការបំភ្លឺ ពួកគេអាចដឹងថា នេះគឺជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយដឹងទៀតថា នេះគឺជាព្រះជាម្ចាស់ដែលកំពុងតែធ្វើការ។ ពេលខ្លះ ពួកគេអាចដឹងភ្លាមៗថា ពួកគេកំពុងតែត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្ដីបន្ទោស ហើយដូចនេះ ពួកគេក៏គ្រប់គ្រងខ្លួនឯង។ ពួកគេទាំងនេះហើយជាមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺនោះ។ បើមនុស្សម្នាក់ធ្វេសប្រហែស និងមិនយល់អំពីកិច្ចការខាងវិញ្ញាណទេ នោះពួកគេនឹងមិនដឹងអំពីពេលដែលពួកគេកំពុងតែទទួលបានអារម្មណ៍មួយនោះឡើយ។ ពួកគេមិនយកចិត្តទុកដាក់ចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ព្រះវិញ្ញាណបរិសុទ្ធនឹងមិនព្យាយាមបំភ្លឺពួកគេម្ដងទៀតឡើយ។ បើពួកគេនៅតែមិនទទួលយក ទោះបីក្រោយពេលការព្យាយាមបំភ្លឺបី ឬបួនដង នោះព្រះវិញ្ញាណនឹងលែងធ្វើការចំពោះពួកគេទៀតហើយ។ ហេតុអ្វីបានជាមនុស្សខ្លះមានអារម្មណ៍ងងឹតសូន្យ អស់សង្ឃឹម អាម៉ាស់ គ្មានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនៅខាងក្នុងពួកគេ ពេលដែលពួកគេទៅកាន់តែឆ្ងាយ? នៅក្នុងជីវិតរបស់ពួកគេគ្មានអ្វីក្រៅពីសេចក្តីដែលគ្មានជីវិត គោលលទ្ធិដែលគ្មានជីវិតនោះឡើយ ដូច្នេះ តើពួកគេអាចមានថាមពលយ៉ាងដូចម្ដេចទៅ? មនុស្សមិនអាចទ្រាំទ្របានយូរ ដោយពឹងអាងតែលើអារម្មណ៍រំជើបរំជួលរបស់ពួកគេឡើយ។ អ្នកត្រូវតែយល់អំពីសេចក្តីពិត ដើម្បីមានកម្លាំង។ ដូច្នេះ នៅក្នុងសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកត្រូវតែមានបញ្ញាល្អិតល្អន់ អ្នកត្រូវតែហ្មត់ចត់ជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយផ្ដោតទៅលើការស្គាល់ខ្លួនឯង។ អ្នកត្រូវតែយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តាមរយៈការយល់ដឹងអំពីសេចក្តីពិត ការស្គាល់ និងការដកពិសោធន៍ ព្រោះថាមានតែបែបនេះទេ ទើបអ្នកនឹងទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមានភាពជាក់ស្ដែងលើសពីធម្មតា។ មនុស្សខ្លះមានសមត្ថភាពយល់អំពីសេចក្តីពិត តែពួកគេគ្មានបទពិសោធន៍ផ្ទាល់ខ្លួនអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ទៅពេលខាងមុខ អ្នករាល់គ្នាត្រូវតែផ្តោតទៅលើអារម្មណ៍ដ៏តូចបំផុត និងពន្លឺដ៏តូចបំផុត។ គ្រប់ពេលដែលមានអ្វីមួយកើតឡើងចំពោះអ្នក អ្នកគួរតែសង្កេតមើលវា និងចូលទៅចំពោះវាចេញពីទិដ្ខភាពនៃសេចក្តីពិត ហើយតាមរយៈការធ្វើបែបនេះ បន្ដិចម្ដងៗ អ្នកនឹងឈរជើងនៅលើផ្លូវដ៏ត្រឹមត្រូវមិនខាន។

ដកស្រង់ពី «ចូរមើលអ្វីគ្រប់យ៉ាងចេញពីភ្នែកនៃសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

ប្រសិនបើក្នុងជំនឿរបស់មនុស្សចំពោះព្រះជាម្ចាស់ ពួកគេពុំបានប្រគល់ដួងចិត្តរបស់ពួកគេថ្វាយដល់ទ្រង់ទេ ហើយប្រសិនបើចិត្តរបស់ពួកគេមិនបានថ្វាយដល់ទ្រង់ទេ ហើយពួកគេពុំបានចាត់ទុកបន្ទុករបស់ទ្រង់ដូចជាបន្ទុករបស់ខ្លួនទេ នោះគ្រប់យ៉ាងដែលពួកគេធ្វើ គឺជាទង្វើបញ្ឆោតព្រះជាម្ចាស់ ជាទង្វើនៃមនុស្សជឿសាសនាធម្មតាៗ និងមិនអាចទទួលបានការសរសើរតម្កើងរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់មិនអាចទាញយកអ្វីបានសោះឡើយពីមនុស្សជំពូកនេះ។ មនុស្សជំពូកនេះ អាចធ្វើត្រឹមជាមនុស្សបន្ទាប់បន្សំនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គឺដូចជាគ្រឿងតុបតែងលម្អនៅក្នុងលំនៅដ្ឋានរបស់ព្រះជាម្ចាស់ គឺជាចំណែកដែលលើស និងគ្មានបានការសោះឡើយ។ ព្រះជាម្ចាស់មិនប្រើមនុស្សជំពូកនេះទេ។ នៅក្នុងមនុស្សជំពូកនេះ កុំថាឡើយគ្មានឱកាសសម្រាប់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ សូម្បីតែតម្លៃណាមួយក្នុងការកែឱ្យគេបានគ្រប់លក្ខណ៍ ក៏គ្មានដែរ។ ជាការពិត មនុស្សជំពូកនេះ ជាសាកសពចេះដើរ។ មនុស្សជំពូកនេះ គ្មានអ្វីដែលព្រះវិញ្ញាណបរិសុទ្ធអាចប្រើបានឡើយ តែផ្ទុយទៅវិញ ពួកគេគ្រប់គ្នា ត្រូវសាតាំងប្រើប្រាស់ និងធ្វើឲ្យអាក្រក់ខិលខូចខ្ទេចខ្ទី។ ព្រះនឹងដកមនុស្សទាំងនេះចេញ។ ក្នុងការប្រើប្រាស់មនុស្សនាពេលបច្ចុប្បន្ន ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែប្រើប្រាស់ចំណែកខ្លះដែលគួរឱ្យចង់បានរបស់ពួកគេ មកសម្រេចកិច្ចការនោះទេ ទ្រង់ក៏ផ្លាស់ប្ដូរ និងកែប្រែចំណែកដែលមិនគួរឱ្យចង់បានរបស់គេ ឱ្យគ្រប់លក្ខណ៍ផងដែរ។ ប្រសិនបើចិត្តរបស់អ្នក អាចថ្វាយទៅព្រះជាម្ចាស់បាន ហើយនៅស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងមានឱកាស ហើយមានលក្ខណសម្បត្តិឱ្យព្រះវិញ្ញាណបរិសុទ្ធប្រើ ដើម្បីទទួលនូវការបើកសម្ដែង និងការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធ ហើយលើសពីនេះទៅទៀត អ្នកនឹងមានឱកាសឲ្យព្រះវិញ្ញាណបរិសុទ្ធកែប្រែចំណុចខ្វះខាតរបស់អ្នកឲ្យបានល្អផងដែរ។ នៅពេលអ្នកប្រគល់ដួងចិត្តរបស់អ្នកថ្វាយដល់ព្រះជាម្ចាស់ ចំណុចវិជ្ជមាននោះ អ្នកអាចចូលបានកាន់តែជ្រៅ និងឈានដល់កម្រិតកាន់តែខ្ពស់នៃការយល់ដឹងដ៏ទូលំទូលាយ ឯចំណុចអវិជ្ជមានវិញ អ្នកនឹងមានការយល់ដឹងកាន់តែច្រើនអំពីកំហុស និងចំណុចខ្វះខាតរបស់ខ្លួន អ្នកនឹងរឹតតែចង់ផ្គាប់បំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកនឹងចូលទៅដោយសកម្ម លែងអសកម្មទៀតហើយ។ ហេតុនេះ អ្នកនឹងក្លាយជាមនុស្សត្រឹមត្រូវម្នាក់។ ឧបមាថា ដួងចិត្តរបស់អ្នកនៅតែអាចស្ងៀមស្ងាត់នៅចំពោះព្រះជាម្ចាស់ គន្លឹះដែលអាចឱ្យអ្នកទទួលបានការសរសើរពីព្រះវិញ្ញាណបរិសុទ្ធឬអត់ ហើយអាចឱ្យអ្នកផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឬអត់ គឺស្ថិតត្រង់ថា តើអ្នកអាចចូលទៅបានយ៉ាងសកម្មដែរឬទេ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺគំនិតដល់មនុស្សណាម្នាក់ ហើយប្រើគេ ទ្រង់មិនដែលធ្វើឲ្យពួកគេអវិជ្ជមានឡើយ ប៉ុន្តែ ទ្រង់ធ្វើឲ្យពួកគេរីកចម្រើនទៅមុខយ៉ាងសកម្មជានិច្ច។ បើទោះបីជាបុគ្គលនេះមានចំណុចខ្សោយច្រើនក៏ដោយ ក៏ពួកគេអាចបញ្ចៀសជីវិតរស់នៅរបស់គេ ឱ្យចេញឆ្ងាយពីការពឹងអាងលើចំណុចខ្សោយទាំងនេះបានដែរ។ ពួកគេអាចគេចចេញពីការការពន្យាការលូតលាស់ក្នុងជីវិតរបស់ពួកគេ ហើយបន្តព្យាយាមផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះគឺជាខ្នាតគំរូមួយ។ ប្រសិនបើអ្នកអាចសម្រេចបានខ្នាតគំរូនេះ វាជាភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា អ្នកបានទទួលបានវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធហើយ។ ប្រសិនបើមនុស្សម្នាក់រមែងមានគំនិតអវិជ្ជមាន ហើយប្រសិនបើគេនៅតែមានគំនិតអវិជ្ជមាន និងអសកម្ម ហើយមិនអាចក្រោកឈរ និងធ្វើការរួមជាមួយព្រះជាម្ចាស់បាន បើទោះជាគេបានទទួលការបើកសម្ដែង និងបានស្គាល់ខ្លួនឯងទៅហើយក្តី នោះមនុស្សជំពូកនេះទទួលបានត្រឹមតែព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធមិនគង់ជាមួយនឹងគេឡើយ។ នៅពេលមនុស្សម្នាក់មានគំនិតអវិជ្ជមាន នេះមានន័យថា ចិត្តរបស់ពួកគេមិនបានងាកទៅរកព្រះជាម្ចាស់ឡើយ ហើយវិញ្ញាណរបស់ពួកគេ ក៏មិនត្រូវបានបណ្ដាលដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែរ។ រឿងនេះគប្បីមនុស្សទាំងអស់គ្នាត្រូវយល់។

ដកស្រង់ពី «ការកសាងសម្ពន្ធភាពដ៏ត្រឹមត្រូវមួយជាមួយព្រះជាម្ចាស់ គឺពិតជាសំខាន់ឥតឧបមា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមាននូវគោលការណ៍ និងលក្ខខណ្ឌរបស់វា។ តាមធម្មតា តើព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្សបែបណា? តើមនុស្សម្នាក់ត្រូវមានអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងសេចក្តីជំនឿរបស់បុគ្គលម្នាក់ គេត្រូវយល់យ៉ាងច្បាស់ថា ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ យ៉ាងហោចណាស់ គេត្រូវតែមានមនសិការ និងដួងចិត្តដ៏ទៀងត្រង់ ហើយមនសិការរបស់គេត្រូវតែមានសមាសធាតុនៃភាពទៀងត្រង់។ មានតែពេលដែលអ្នកមានដួងចិត្តដ៏ទៀងត្រង់ ក៏ដូចជាមានមនសិការ និងការត្រិះរិះពិចារណានៃភាពជាមនុស្សទេ ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការលើអ្នកបាន។ មនុស្សតែងតែនិយាយថា ព្រះជាម្ចាស់ទតមើលយ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់មនុស្ស និងសង្កេតមើលអ្វីៗគ្រប់យ៉ាង។ យ៉ាងណាមិញ មនុស្សមិនដែលដឹងអំពីហេតុផលដែលនាំឲ្យអ្នកខ្លះមិនដែលទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហេតុផលដែលនាំឲ្យពួកគេមិនអាចទទួលបានព្រះគុណ ហេតុផលដែលនាំឲ្យពួកគេមិនដែលមានអំណរ ហេតុផលដែលនាំឲ្យពួកគេចេះតែអវិជ្ជមាន និងធ្លាក់ទឹកចិត្ត ព្រមទាំងហេតុផលដែលនាំឲ្យពួកគេគ្មានសមត្ថភាពក្លាយជាវិជ្ជមាននោះឡើយ។ ចូរពិនិត្យមើលសភាពរបស់ពួកគេចុះ។ វាច្បាស់ណាស់ថា គ្មាននរណាម្នាក់នៅក្នុងចំណោមមនុស្សទាំងនេះមានមនសិការដែលប្រើការបាន ឬមានដួងចិត្តដ៏ទៀងត្រង់នោះឡើយ។ អស់អ្នកដែលមានសេចក្តីសុខសាន្ត និងអំណរ អស់អ្នកដែលតែងតែសកម្ម និងធ្វើឲ្យប្រសើរឡើងនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន អស់អ្នកដែលទទួលបានអ្វីមួយ អស់អ្នកដែលតែងតែមានការយល់ដឹង និងអស់អ្នកដែលទទួលបានអ្វីមួយពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្រោយអំឡុងពេលមួយ តើអ្វីដែលពួកគេទទួលបាននោះ ត្រូវបានសម្រេចដោយការស្រមើស្រមៃរបស់ពួកគេឬ? តើការទាំងនោះត្រូវបានរៀនចេញពីសៀវភៅសិក្សាឬ? តើពួកគេទទួលបានដោយរបៀបណា? តើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធអាចត្រូវបានបំបាត់ចោលឬ? (អត់ទេ) កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគឺជារឿងចម្បង។ នៅពេលដែលអ្នកមានដួងចិត្តដ៏ទៀងត្រង់ ហើយអ្នកមានលក្ខខណ្ឌតម្រូវនៃភាពជាមនុស្ស ដែលជាមនសិការ និងការត្រិះរិះពិចារណា នោះព្រះជាម្ចាស់នឹងសង្កេតមើលអ្នក។ តើអ្នករាល់គ្នាបានរកឃើញលំនាំនៃរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការហើយឬនៅ? ជានិច្ចកាល ព្រះវិញ្ញាណបរិសុទ្ធធ្វើការលើមនុស្សដែលមានដួងចិត្តទៀងត្រង់ ហើយទ្រង់ធ្វើការ នៅពេលដែលមនុស្សជួបបញ្ហា និងកំពុងតែស្វែងរកសេចក្តីពិត។ ព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់ចំពោះមនុស្សដែលគ្មានការត្រិះរិះពិចារណា ឬគ្មានមនសិការជាមនុស្សសូម្បីតែបន្ដិចនោះឡើយ។ បើបុគ្គលម្នាក់ជាមនុស្សទៀងត្រង់ខ្លាំង តែក្នុងពេលមួយរយៈ ដួងចិត្តរបស់គាត់បានបែរចេញពីព្រះជាម្ចាស់ គាត់គ្មានបំណងចង់ធ្វើឲ្យប្រសើរឡើង គាត់ធ្លាក់ចូលទៅក្នុងសភាពអវិជ្ជមាន ហើយមិនខំប្រឹងចេញពីវា នៅពេលដែលគាត់មិនអធិស្ឋាន ឬស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយសភាពរបស់គាត់ ហើយគាត់មិនសហការទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងគាត់ ក្នុងអំឡុងពេលដ៏ខ្មៅងងឹតម្ដងម្កាលនៃសភាពរបស់គាត់ ឬក្នុងពេលនៃការចុះខ្សោយបណ្ដោះអាសន្នរបស់គាត់នោះឡើយ។ បើដូច្នេះ តើមនុស្សម្នាក់ដែលគ្មានមនសិការនៃភាពជាមនុស្ស អាចត្រូវបានព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងដូចម្ដេចកើតទៅ? វាកាន់តែមិនអាចទៅរួចទៀតហើយ។ ដូច្នេះ តើមនុស្សបែបនេះគួរតែធ្វើអ្វីទៅ? តើមានផ្លូវមួយសម្រាប់ពួកគេ ដើម្បីដើរតាមដែរឬទេ? ពួកគេត្រូវតែប្រែចិត្តយ៉ាងពិតប្រាកដ ហើយក្លាយជាមនុស្សទៀងត្រង់។ តើមនុស្សម្នាក់អាចក្លាយជាមនុស្សទៀងត្រង់ដោយរបៀបណា? ជាដំបូង ដួងចិត្តរបស់អ្នកត្រូវតែបើកចំហចំពោះព្រះជាម្ចាស់ ហើយអ្នកត្រូវតែស្វែងរកសេចក្តីពិតពីព្រះជាម្ចាស់។ នៅពេលដែលអ្នកយល់អំពីសេចក្តីពិត នោះអ្នកត្រូវតែអនុវត្តតាមសេចក្ដីពិតនោះ។ បន្ទាប់មក អ្នកត្រូវតែចុះចូលចំពោះការចាត់ចែងរបស់ព្រះជាម្ចាស់ និងអនុញ្ញាតឲ្យព្រះជាម្ចាស់គ្រប់គ្រងលើអ្នក។ មានតែបែបនេះទេ ទើបអ្នកនឹងទទួលបានការសរសើរពីព្រះជាម្ចាស់។ អ្នកត្រូវតែទុកចោលមួយឡែកនូវកិត្យានុភាព និងអំនួតដ៏ហួសហេតុរបស់អ្នកជាមុនសិន ព្រមទាំងលះចោលផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ ដំបូងបំផុត ត្រូវព្យាយាមទុកចោលការទាំងនេះមួយឡែកសិន ហើយពេលដែលអ្នកបានទុកវាចោលរួចហើយ ចូរដាក់ចិត្តដាក់កាយទាំងស្រុងទៅក្នុងភារកិច្ចរបស់អ្នក និងទៅក្នុងកិច្ចការនៃការធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ បន្ទាប់មក ចាំមើលពីរបៀបដែលព្រះជាម្ចាស់ដឹកនាំអ្នក មើលថាតើដួងចិត្តរបស់អ្នកមានសេចក្តីសុខសាន្ត និងអំណរឬអត់ មើលថាតើអ្នកមានការបញ្ជាក់នេះឬអត់។ ដំបូង អ្នកត្រូវតែប្រែចិត្តយ៉ាងពិតប្រាកដ ចុះចូលខ្លួនឯង បើកចំហដួងចិត្តរបស់អ្នកចំពោះព្រះជាម្ចាស់ និងទុកចោលមួយឡែកនូវអ្វីៗដែលអ្នកឲ្យតម្លៃបំផុត។ បើអ្នកបន្តប្រកាន់ខ្ជាប់នឹងការទាំងនេះ ក្នុងពេលដែលអ្នកទូលសុំព្រះជាម្ចាស់ តើអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធគឺមានលក្ខខណ្ឌ ហើយព្រះជាម្ចាស់គឺជាព្រះដែលស្អប់ការអាក្រក់ និងជាព្រះដែលបរិសុទ្ធ។ បើមនុស្សតែងតែប្រកាន់ខ្ជាប់នឹងការទាំងនេះ តែងតែលាក់បាំងអារម្មណ៍ចំពោះព្រះជាម្ចាស់ ហើយបដិសេធកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងឈប់ធ្វើការលើពួកគេទៀតហើយ។ នោះមិនមែនដោយសារតែព្រះជាម្ចាស់ត្រូវតែធ្វើការនៅក្នុងមនុស្សគ្រប់គ្នា ឬថាទ្រង់នឹងត្រូវបង្ខំអ្នកឲ្យធ្វើនេះ ឬធ្វើនោះឡើយ។ ទ្រង់មិនបង្ខំអ្នកឡើយ។ កិច្ចការនៃពួកវិញ្ញាណអាក្រក់ គឺបង្ខំឲ្យមនុស្សធ្វើនេះធ្វើនោះ ហើយថែមទាំងចង់កាន់កាប់ និងត្រួតត្រាលើមនុស្សទៀតផង។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងទន់ភ្លន់ជាពិសេស។ ទ្រង់ប៉ះពាល់អ្នក ហើយអ្នកមិនមានអារម្មណ៍ដឹងឡើយ។ អ្នកគ្រាន់តែមានអារម្មណ៍ថា អ្នកដូចជាចាប់ផ្ដើមយល់ ឬដឹងអំពីអ្វីមួយ ដោយមិនដឹងខ្លួន។ នេះគឺជារបៀបដែលព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់មនុស្ស ហើយបើពួកគេចុះចូល នោះពួកគេនឹងរកឃើញថា ពួកគេអាចប្រែចិត្តបានយ៉ាងពិតប្រាកដមិនខាន។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

នៅក្នុងជម្រៅចិត្ត មនុស្សប្រកាន់ខ្ជាប់នូវសភាពអាក្រក់ចំនួនពីរបី មានជាអាទិ៍ ភាពអវិជ្ជមាន សេចក្តីកម្សោយ និងការធ្លាក់ទឹកចិត្ត ឬភាពផុយស្រួយ។ ឬមួយជាចេតនាអាក្រក់មិនចេះអស់មិនចេះហើយ។ ឬមួយតែងតែជាខ្ញុំកញ្ជះនៃការខ្វល់ខ្វាយអំពីកិត្យានុភាព សេចក្តីប៉ងប្រាថ្នាដ៏អាតា្មនិយម និងអត្ថប្រយោជន៍ផ្ទាល់ខ្លួន។ ឬក៏ពួកគេគិតថា ខ្លួនមានគុណសម្បត្តិអន់ និងមានសភាពអវិជ្ជមានជាក់លាក់មួយចំនួន។ នៅពេលដែលអ្នករស់នៅក្នុងសភាពទាំងនេះជាញឹកញាប់ នោះអ្នកនឹងពិបាកខ្លាំងក្នុងការទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ បើអ្នកមានការពិបាកក្នុងការទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងមានភាពវិជ្ជមានតិចតួចប៉ុណ្ណោះនៅខាងក្នុងអ្នក ហើយអ្នកនឹងពិបាកក្នុងការទទួលបានសេចក្តីពិត។ មនុស្សតែងតែពឹងអាងលើអំណាចឆន្ទៈរបស់ខ្លួន ដើម្បីអនុវត្តសេចក្តីអត់ធ្មត់ ដោយព្យាយាមទប់ចិត្តតាមបែបនេះ និងបែបនោះ ប៉ុន្តែពួកគេនៅតែមិនអាចរំដោះខ្លួនពីសភាពអវិជ្ជមាន ឬសភាពមិនល្អទាំងនោះឡើយ។ ផ្នែកមួយនៃការនេះគឺដោយសារតែហេតុផលរបស់មនុស្ស។ មនុស្សមិនអាចរកឃើញផ្លូវនៃការអនុវត្តមួយដែលស័ក្ដិសមនឹងពួកគេទេ។ ហេតុផលមួយទៀត ហើយនេះក៏ជាហេតុផលដ៏ធំផងដែរនោះគឺថា មនុស្សតែងតែធ្លាក់ទៅក្នុងសភាពអវិជ្ជមាន ដ៏លិចលង់ និងអាប់អោនទាំងនោះ ហើយព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការទេ។ ទោះបីទ្រង់ប្រទានដល់ពួកគេនូវការបំភ្លឺម្ដងម្កាលក៏ដោយ ក៏ទ្រង់មិនអាចធ្វើកិច្ចការធំដុំនៅក្នុងពួកគេបានដែរ។ ដូច្នេះ មនុស្សត្រូវតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធ្វើសកម្មភាព ហើយពួកគេពិបាកមើលឃើញ និងយល់អំពីអ្វីៗគ្រប់យ៉ាង។ អ្នកពិបាកទទួលបានការបំភ្លឺ និងការពន្យល់ ហើយក៏ពិបាកខ្លាំងក្នុងការមានពន្លឺ នោះដោយសារតែមានរឿងរ៉ាវអវិជ្ជមាន និងមិនល្អច្រើនពេកបានចូលកាន់កាប់គ្រប់ច្រកល្ហកនៅខាងក្នុងអ្នក។ បើបុគ្គលម្នាក់មិនអាចត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ និងមិនអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះគេមិនអាចចាកចេញពីសភាពទាំងនេះ ឬបំផ្លាស់បំប្រែសភាពអវិជ្ជមានទាំងនេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការ ហើយអ្នកមិនអាចរកឃើញមាគ៌ានៅខាងមុខទេ។ សម្រាប់ហេតុផលទាំងពីរនេះ វាពិបាកសម្រាប់អ្នកក្នុងការទទួលបានសភាពវិជ្ជមានធម្មតា។ ទោះបីអ្នករាល់គ្នាអាចស៊ូទ្រាំបានច្រើន និងធ្វើការយ៉ាងខ្លាំងឈានទៅបំពេញភារកិច្ចរបស់ខ្លួន ហើយទោះបីអ្នកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងអាចបោះបង់គ្រួសារ និងអាជីពរបស់អ្នក ហើយលះបង់ចោលអ្វីៗទាំងអស់ក៏ដោយ ក៏សភាពខាងក្នុងរបស់អ្នកនៅតែមិនត្រូវបានផ្លាស់ប្រែយ៉ាងពិតប្រាកដដដែល។ អ្នកបានជាប់ជំពាក់ជំពិនច្រើនពេក ដែលនាំឲ្យអ្នកមិនអាចអនុវត្តតាមសេចក្តីពិត និងចូលក្នុងតថភាពនៃសេចក្តីពិត។ នៅក្នុងអ្នកក៏មានពេញដោយរឿងផ្សេងទៀតដែរ ដូចជា សញ្ញាណផ្ទាល់ខ្លួន ការស្រមើស្រមៃ ចំណេះដឹង និងទស្សនៈវិជ្ជាសម្រាប់ការរស់នៅ ក៏ដូចជារឿងអវិជ្ជមាន សេចក្តីប៉ងប្រាថ្នាដ៏អាត្មានិយម និងផលប្រយោជន៍ផ្ទាល់ខ្លួន ការខ្វល់ខ្វាយអំពីកិត្យានុភាព និងការទាស់ទែងជាមួយអ្នកដទៃ។ មនុស្សគ្មានភាពវិជ្ជមាននៅក្នុងខ្លួនសោះឡើយ។ ខួរក្បាលរបស់ពួកគេពេញដោយគំនិតអវិជ្ជមាន និងមិនល្អ។ នេះគឺជាការពិតមួយដែលគ្មាននរណាម្នាក់អាចប្រកែកបាននោះឡើយ។ ដួងចិត្តរបស់ពួកគេត្រូវបានបំពេញ និងត្រូវបានកាន់កាប់ដោយអ្វីៗមកពីសាតាំង។ បើអ្នកមិនកម្ចាត់ចោលរឿងទាំងនេះទេ បើអ្នកមិនអាចរំដោះខ្លួនឲ្យរួចពីសភាពទាំងនេះទេ បើអ្នកមិនអាចបំផ្លាស់បំប្រែឲ្យមានលក្ខណៈដូចជាកូនក្មេង ដែលឥតសៅហ្មង រស់រវើក គ្មានល្បិចកល ពិតត្រង់ និងបរិសុទ្ធ ហើយចូលទៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ទេ ហើយបើអ្នកមិនចូលមកចំពោះទ្រង់ទេ នោះអ្នកនឹងពិបាកខ្លាំងក្នុងការទទួលបានសេចក្តីពិតមិនខាន។

ដកស្រង់ពី «ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ

លេខយោង៖

ក. អត្ថបទដើមមិនមានឃ្លា «ប្រស្នារបស់»។

ខាង​ដើម៖ ១. អ្វីជាភាពខុសគ្នារវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់វិញ្ញាណអាក្រក់

បន្ទាប់៖ ៣. វិធីដែលមនុស្សអាចទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

១. មូលហេតុដែលព្រះជាម្ចាស់មានព្រះនាមផ្សេងគ្នានៅក្នុងយុគសម័យផ្សេងគ្នា និងសារៈសំខាន់នៃព្រះនាមរបស់ទ្រង់

ខគម្ពីរយោង៖ «ហើយព្រះជាម្ចាស់ក៏មានបន្ទូលនឹងម៉ូសេបន្ថែមទៀតថា ចូរអ្នកនិយាយទៅកាន់កូនចៅអ៊ីស្រាអែលថា ព្រះយេហូវ៉ា ជាព្រះនៃឱពុករបស់អ្នក...

ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះអម្ចាស់យេស៊ូវ គឺជាព្រះជាម្ចាស់តែមួយ

នៅពេលដែលមនុស្សជាតិត្រូវបានសាតាំងធ្វើឲ្យពុករលួយ ព្រះជាម្ចាស់បានចាប់ផ្ដើមផែនការគ្រប់គ្រងរបស់ទ្រង់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្សជាតិ។...

ប្រភពដើម និងការបង្កើតពួកជំនុំនៃព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានសន្យានឹងអ្នក ដែលដើរតាមទ្រង់ថា «ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ...

គ្រោះកាចមកដល់ហើយ៖ តើគ្រីស្ទបរិស័ទគួរលន់តួបាបបែបណាដើម្បីទទួលបានការការពារពីព្រះជាម្ចាស់?

សព្វថ្ងៃនេះ ជំងឺរាតត្បាតបានរីករាលដាលពាសពេញពិភពលោក។ មនុស្សម្នានៅជុំវិញពិភពលោកកំពុងស្លាប់ក្នុងចំនួនយ៉ាងច្រើន...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ