V. តើកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគឺជាកិច្ចការនៃការបិទបញ្ចប់យុគសម័យឬ?

១. ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែ ទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះ មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់ នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

ដកស្រង់ពី អារម្ភកថា ក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

២. នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ អំពើបាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឲ្យ។ ឲ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងជាអ្នកមានបាបទៀតហើយ អ្នកត្រូវរួចផុតពីអំពើបាបរបស់អ្នក។នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានអំពើបាបទៀតហើយពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឲ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានអំពើបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ... ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឲ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់ នឹងត្រូវចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឲ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៣. នៅពេលដែលព្រះយេស៊ូវកំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រង់នៅតែមិនច្បាស់លាស់ និងស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះអំពើបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឲ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើន ដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឲ្យជា ជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពអំពើបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឲ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៥. កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបានទីសម្គាល់ និងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែ និស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្ស នៅតែមានដដែល។ មនុស្សត្រូវបានប្រោសឲ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីអំពើបាបរបស់គេមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីអំពើបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែ និស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែ ការនេះមិនមែនមានន័យថា មនុស្សលែងមានអំពើបាបនៅក្នុងគេនោះឡើយ។ អំពើបាបរបស់មនុស្សអាចត្រូវបានអត់ទោសឲ្យតាមរយៈតង្វាយលោះបាបមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឲ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះគេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោសឲ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែ មនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឲ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឲ្យវិវឌ្ឍម្ដងទៀតនិងឲ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឲ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឲ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឲ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឲ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឲ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីអំពើបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។

ដកស្រង់ពី «សេចក្តីអាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៦. អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ?ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបញ្ចប់សម័យកាលឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់នៃកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាងទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ នៅទីបញ្ចប់ ដំណាក់កាលបច្ចុប្បន្ននេះនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងខុសរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីពួកសាសន៍ដទៃ និងភាពវៀចវេរ និងកំហុសដទៃទៀតនឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។ កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធជាងគ្រប់កន្លែងណាៗទាំងអស់។ ដំណាក់កាលចុងក្រោយនៃកិច្ចនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងជាងគេបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតជាងគេបំផុតហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៃកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថាមានព្រះជាម្ចាស់ពិតប្រាកដមែនដឹងថានរណាជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័នេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។

ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៧. គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបសម្អាតសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវសម្អាតឲ្យបានស្អាត និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងមានមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត... គោលបំណងទាំងស្រុងនៃកិច្ចការរបស់ចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។

ដកស្រង់ពី «ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

៨. កិច្ចការនៃការគ្រប់គ្រងរយៈពេល ៦,០០០ ឆ្នាំរបស់ព្រះជាម្ចាស់ ត្រូវបែងចែកជាបីដំណាក់កាល៖ យុគសម័យក្រឹត្យវិន័យ យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ គឺដើម្បីសេចក្ដីសង្គ្រោះដល់មនុស្សជាតិ ពោលគឺ ដំណាក់កាលទាំងនេះ គឺដើម្បីជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយដល់ឆ្អឹង។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះដែរ ដំណាក់កាលទាំងនេះ ក៏ដើម្បីឲ្យព្រះជាម្ចាស់អាចធ្វើចម្បាំងជាមួយសាតាំងបានផងដែរ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះ ត្រូវបានបែងចែកជាបីដំណាក់កាល ហើយចម្បាំងជាមួយសាតាំង ក៏ត្រូវបានបែងចែកជាបីដំណាក់កាលដែរ ហើយផ្នែកទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺត្រូវធ្វើឡើងក្នុងពេលជាមួយគ្នា។ ចម្បាំងជាមួយសាតាំង តាមពិតគឺដើម្បីជាប្រយោជន៍សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ហើយដោយសារកិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិនេះ មិនមែនជាកិច្ចការដែលអាចសម្រេចជោគជ័យបាននៅក្នុងដំណាក់កាលតែមួយ នោះចម្បាំងជាមួយសាតាំង ក៏ត្រូវបែងចែកទៅជាដំណាក់កាល និងសម័យកាលដែរ ហើយចម្បាំងដែលប្រកាសធ្វើជាមួយសាតាំង គឺស្របទៅតាមតម្រូវការរបស់មនុស្ស និងទៅតាមទំហំនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស... មានដំណាក់កាលចំនួនបីនៃកិច្ចការសម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្ស ពោលគឺ ចម្បាំងជាមួយសាតាំង ត្រូវបំបែកទៅជាបីដំណាក់កាល ដើម្បីយកឈ្នះលើសាតាំងមួយដងជាសម្រេច។ ក៏ប៉ុន្តែសេចក្ដីពិតខាងក្នុងនៃកិច្ចការចម្បាំងទាំងមូលជាមួយសាតាំង គឺថាឥទ្ធិពលនៃចម្បាំងនេះ អាចសម្រេចទៅបានតាមរយៈ ដំណាក់កាលនៃកិច្ចការជាច្រើន៖ ការប្រទានព្រះគុណដល់មនុស្ស ការក្លាយជាតង្វាយលោះអំពើបាបរបស់មនុស្ស ការអត់ទោសអំពើបាបរបស់មនុស្ស ការយកឈ្នះលើមនុស្ស និងការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ តាមពិតទៅ ចម្បាំងជាមួយសាតាំង គឺមិនមែនជាការចាប់យកគ្រឿងសាស្រ្តាវុធតតាំងនឹងសាតាំងឡើយ ប៉ុន្តែជាសេចក្ដីសង្រ្គោះរបស់មនុស្ស ជាការកែខៃដល់ជីវិតមនុស្ស និងការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស ដើម្បីឲ្យគេអាចធ្វើទីបន្ទាប់អំពីព្រះជាម្ចាស់បាន។ នេះជាការដែលសាតាំងត្រូវបានយកឈ្នះ។ សាតាំងត្រូវបានយកឈ្នះតាមរយៈការបំផ្លាស់បំប្រែនិស្ស័យពុករលួយរបស់មនុស្ស។ នៅពេលដែលសាតាំងត្រូវបានយកឈ្នះរួចហើយ ពោលគឺ នៅពេលដែលមនុស្សត្រូវបានសង្គ្រោះទាំងស្រុង នោះសាតាំងដែលរងការអាម៉ាស់ នឹងត្រូវចាប់ចងទាំងស្រុង ហើយតាមរយៈការនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុនេះ ខ្លឹមសារនៃសេចក្ដីសង្គ្រោះរបស់មនុស្ស គឺជាចម្បាំងជាមួយនឹងសាតាំង ហើយចម្បាំងនេះ គឺសំខាន់ត្រូវឆ្លុះបញ្ចាំងតាមរយៈសេចក្ដីសង្គ្រោះរបស់មនុស្ស។ ដំណាក់កាលនៃគ្រាចុងក្រោយ ដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោក គឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ ដែលតាមរយៈនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិ នឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបានឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។

ដកស្រង់ពី «ការស្រោចស្រង់ជីវិតសាមញ្ញរបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម

ខាង​ដើម៖ IV. អំពីសេចក្តីពិតទាក់ទងនឹងសេចក្តីសង្រ្គោះនៅក្នុងយុគសម័យនៃព្រះគុណ និងសេចក្ដីសង្រ្គោះនៅក្នុងយុគសម័យនៃនគរព្រះ

បន្ទាប់៖ VI. ទំនាក់ទំនងរវាងកិច្ចការនៅយុគសម័យនៃព្រះគុណ និងកិច្ចការនៅយុគសម័យនៃនគរព្រះ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ