ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ និស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ២៦២

01-05-2021

ក្នុងនាមជាសមាជិកនៃអម្បូរមនុស្សលោក និងជាគ្រីស្ទបរិស័ទដែលគោរពកោតខ្លាចព្រះ ការលះបង់ចិត្តគំនិត និងរូបកាយរបស់យើង ដើម្បីបំពេញកិច្ចការរបស់ព្រះជាម្ចាស់ គឺជាទំនួលខុសត្រូវ និងជាកាតព្វកិច្ចរបស់យើងរាល់គ្នា ដ្បិតជីវិតយើងទាំងមូលបានមកពីព្រះជាម្ចាស់ ហើយវាកើតមានមកបាន ក៏ដោយសារអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ប្រសិនបើចិត្តគំនិត និងរូបកាយរបស់យើង មិនមែនសម្រាប់បេសកកម្មរបស់ព្រះជាម្ចាស់ និងមិនមែនសម្រាប់បុព្វហេតុសុចរិតរបស់មនុស្សលោកទេ នោះព្រលឹងរបស់យើងក៏មិនសមនឹងតម្លៃរបស់អស់អ្នកដែលសុខចិត្តរងទុក្ខដើម្បីបេសកកម្មរបស់ព្រះឡើយ ហើយកាន់តែគ្មានតម្លៃសមនឹងព្រះជាម្ចាស់ ជាព្រះដែលបានប្រទាននូវអ្វីៗគ្រប់យ៉ាងមកដល់យើងដែរ។

ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ទ្រង់បានបង្កើតមនុស្សលោក ហើយជាងនេះទៅទៀត ទ្រង់ជាស្ថាបត្យករនៃវប្បធម៌ក្រិកបូរាណ និងអរិយធម៌មនុស្សលោកទៀតផង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចលួងលោមចិត្តមនុស្សលោកបាន ហើយមានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលយកព្រះទ័យទុកដាក់ចំពោះមនុស្សលោកទាំងយប់ទាំងថ្ងៃ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់មនុស្សលោក មិនអាចកាត់ផ្ដាច់ចេញពីអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់បានឡើយ ហើយប្រវត្តិសាស្រ្ត និងវប្បធម៌របស់មនុស្សលោក មិនអាចកែប្រែឲ្យខុសពីគម្រោងការណ៍របស់ព្រះជាម្ចាស់បាននោះទេ។ ប្រសិនបើអ្នកជាគ្រីស្ទបរិស័ទពិត នោះអ្នកប្រាកដជាជឿថា ការងើបឡើង និងការធ្លាក់ចុះរបស់ប្រទេស ឬជាតិសាសន៍មួយ កើតឡើងស្របទៅតាមគ្រោងការណ៍របស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលជ្រាបអំពីវាសនារបស់ប្រទេស ឬជាតិសាសន៍មួយបាន ហើយមានតែព្រះជាម្ចាស់តែមួយអង្គប៉ុណ្ណោះ ដែលគ្រង់គ្រងដំណើរជីវិតរបស់មនុស្សនេះ។ ប្រសិនបើមនុស្សលោកចង់មានវាសនាល្អ ប្រសិនបើប្រទេសមួយចង់មានវាសនាល្អ នោះមនុស្សត្រូវតែក្រាបចុះ ថ្វាយបង្គំព្រះជាម្ចាស់ ហើយប្រែចិត្ត និងលន់តួបាបនៅចំពោះព្រះជាម្ចាស់ ពុំនោះទេ វាសនា និងគោលដៅរបស់មនុស្សលោក នឹងជួបគ្រោះមហន្តរាយដោយចៀសមិនរួចទេ។

ចូរត្រឡប់ទៅមើលសម័យដែលលោកណូអេសាងសង់ទូកធំ៖ មនុស្សលោកខូចអាក្រក់ខ្លាំងណាស់ គេបានវង្វេងចេញពីព្រះពររបស់ព្រះ ព្រះជាម្ចាស់ក៏លែងយកព្រះទ័យទុកដាក់ចំពោះគេ រួចគេក៏បានបាត់បង់សេចក្ដីសន្យារបស់ព្រះជាម្ចាស់ផងដែរ។ ពួកគេរស់នៅក្នុងភាពងងឹត ដោយគ្មានពន្លឺរបស់ព្រះជាម្ចាស់។ ក្រោយមក ពួកគេបានប្រាសចាកសីលធម៌ពីកំណើត និងបណ្ដោយខ្លួនឲ្យទៅក្នុងអំពើអគុណធម៌គួរឲ្យខ្ពើមរអើម។ មនុស្សបែបនេះលែងអាចទទួលសេចក្ដីសន្យារបស់ព្រះជាម្ចាស់ទៀតហើយ។ ពួកគេមិនស័ក្តិសមនឹងមើលឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ ដ្បិតពួកគេបានបោះបង់ចោលព្រះជាម្ចាស់ បានបោះបង់ចោលគ្រប់អ្វីៗទាំងអស់ ដែលទ្រង់បានប្រទានឲ្យពួកគេ និងបានបំភ្លេចសេចក្ដីបង្រៀនរបស់ព្រះជាម្ចាស់ទៀតផង។ ដួងចិត្តរបស់ពួកគេបានវង្វេងចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហេតុនេះ ទើបពួកគេក្លាយទៅជាមនុស្សអសីលធម៌ហួសល្បត់ ជាមនុស្សអមនុស្សធម៌ និងកាន់តែអាក្រក់ទៅៗ។ បន្ទាប់មក ពួកគេបានដើរខិតកាន់តែជិតទៅរកសេចក្តីស្លាប់ និងធ្លាក់ក្រោមសេចក្តីក្រោធ និងការដាក់ទោសរបស់ព្រះជាម្ចាស់។ មានតែលោកណូអេទេ ដែលថ្វាយបង្គំព្រះជាម្ចាស់ និងអាចជៀសចេញពីអំពើអាក្រក់ បាន ហេតុដូច្នេះ ទើបគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងអាចស្ដាប់ឮការណែនាំរបស់ទ្រង់បាន។ គាត់បានសាងសង់ទូកធំនោះ ទៅតាមការណែនាំពីព្រះបន្ទូលរបស់ព្រះ ហើយបានប្រមូលផ្ដុំគ្រប់សត្វមានជីវិតទាំងអស់នៅទីនោះ។ យ៉ាងនេះ ទើបព្រះជាម្ចាស់បញ្ចេញវិនាសកម្មមកលើពិភពលោកនេះ នៅពេលគ្រប់យ៉ាងបានរៀបចំរួចជាស្រេច។ មានតែលោកណូអេ និងសមាជិកគ្រួសាររបស់គាត់ទាំងប្រាំពីររូបប៉ុណ្ណោះ ដែលរួចជីវិតពីគ្រោះមហន្តរាយនេះ ដ្បិតលោកណូអេថ្វាយបង្គំព្រះយេហូវ៉ា និងជៀសចេញពីអំពើអាក្រក់។

ឥឡូវ ចូរមើលសម័យបច្ចុប្បន្ននេះ៖ មនុស្សសុចរិតដូចជា លោកណូអេ ដែលអាចថ្វាយបង្គំព្រះជាម្ចាស់ និងជៀសចេញពីអំពើអាក្រក់លែងកើតទៀតហើយ។ ក៏ប៉ុន្តែ នៅក្នុងសម័យចុងក្រោយនេះ ព្រះជាម្ចាស់នៅតែមានព្រះទ័យសន្ដោសប្រណី ចំពោះមនុស្សលោក និងនៅតែអត់ទោសដល់ពួកគេដដែល។ ព្រះជាម្ចាស់ស្វែងរកអស់អ្នកណាដែលទន្ទឹងរង់ចាំទ្រង់លេចមក។ ទ្រង់ស្វែងរកអស់អ្នកណាដែលអាចស្ដាប់ឮបន្ទូលរបស់ទ្រង់ ស្វែងរកអស់អ្នកណាដែលមិនដែលបំភ្លេច បេសកកម្មរបស់ទ្រង់ ហើយលះបង់ដួងចិត្ត និងរូបកាយរបស់ពួកគេថ្វាយដល់ទ្រង់។ ទ្រង់ស្វែងរកអស់អ្នកណាដែលស្ដាប់បង្គាប់ទ្រង់ ដូចជាកូនតូច និងមិនប្រឆាំងទាស់នឹងទ្រង់។ ប្រសិនបើអ្នកលះបង់ខ្លួនឯងថ្វាយដល់ព្រះ ដោយមិនមានការរារាំងពីអំណាច ឬអនុភាពណាមួយ នោះព្រះជាម្ចាស់នឹងទតមើលអ្នក ដោយក្ដីអនុគ្រោះ ហើយប្រទានព្រះពររបស់ទ្រង់ដល់អ្នក។ ប្រសិនបើអ្នកមានឋានៈខ្ពស់ មានកេរ្តិ៍ឈ្មោះកិត្តិយស មានចំណេះដឹងខ្ពង់ខ្ពស់ ជាម្ចាស់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ និងមានមនុស្សជាច្រើនគាំទ្រអ្នក ប៉ុន្តែ កត្តាទាំងអស់នេះ ពុំបានរារាំងអ្នកមិនឲ្យមករកព្រះជាម្ចាស់ ដើម្បីទទួលយកការត្រាស់ហៅរបស់ទ្រង់ និងទទួលយកបេសកកម្មរបស់ទ្រង់ និងដើម្បីធ្វើអ្វីដែលព្រះបង្គាប់ឲ្យអ្នកធ្វើ នោះអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ នឹងក្លាយជាបុព្វហេតុដ៏មានន័យជាងគេបំផុតនៅលើផែនដីនេះ និងជាកិច្ចការសុចរិតជាងគេសម្រាប់មនុស្សលោក។ ប្រសិនបើអ្នកបដិសេធការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដោយសារឋានៈ និងគោលដៅផ្ទាល់ខ្លួនរបស់អ្នក នោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ នឹងត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងស្អប់ខ្ពើម។ អ្នកអាចជាប្រធានាធិបតី ជាអ្នកវិទ្យាសាស្រ្ត ជាគ្រូគង្វាល ឬជាចាស់ទុំម្នាក់ ប៉ុន្តែមិនថាតួនាទីរបស់អ្នក ខ្ពង់ខ្ពស់ប៉ុនណានោះទេ ប្រសិនបើអ្នកពឹងផ្អែកលើចំណេះដឹង និងសមត្ថភាពរបស់អ្នក នៅក្នុងកិច្ចការរបស់ខ្លួន នោះអ្នកនឹងក្លាយជាមនុស្សបរាជ័យជាដរាប ហើយអ្នកនឹងមិនទទួលបានព្រះពរពីព្រះជាម្ចាស់ឡើយ ដ្បិតព្រះជាម្ចាស់មិនទទួលយកអ្វីដែលអ្នកធ្វើឡើយ ហើយទ្រង់ពុំចាត់ទុកកិច្ចការរបស់អ្នក ជាកិច្ចការសុចរិត ឬទទួលស្គាល់ថា អ្នកកំពុងធ្វើការដើម្បីជាប្រយោជន៍ដល់មនុស្សលោកឡើយ។ ទ្រង់នឹងមានបន្ទូលថា អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ គឺធ្វើដើម្បីប្រើចំណេះដឹង និងកម្លាំងរបស់មនុស្ស ដើម្បីកម្ចាត់មនុស្សចេញពីការការពាររបស់ព្រះជាម្ចាស់ និងដើម្បីបដិសេធព្រះពររបស់ព្រះជាម្ចាស់។ ទ្រង់នឹងមានបន្ទូលថា អ្នកកំពុងដឹកនាំមនុស្សទៅរកភាពងងឹត ទៅរកសេចក្តីស្លាប់ និងទៅរកការចាប់ផ្ដើមជីវិតដែលគ្មានដែនកំណត់ ដែលមនុស្សបានបាត់បង់ព្រះជាម្ចាស់ និងព្រះពររបស់ទ្រង់។

ដកស្រង់ពី «ឧបសម្ព័ន្ធ ២៖ ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិទាំងអស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល