ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៩៩

25-01-2026

នៅពេលដែលម៉ូសេវាយថ្ម ទឹកដែលព្រះយេហូវ៉ាបានប្រទានឱ្យ ក៏ហូរចេញមក នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលដាវីឌលេងស៊ុងដោយមានដួងចិត្តពោរពេញដោយសេចក្តីអរសប្បាយដើម្បីសរសើរតម្កើងខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូបបាត់បង់សត្វចិញ្ចឹមរបស់គាត់ដែលនៅពេញភ្នំ និងទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើម ហើយរាងកាយរបស់គាត់ចេញដំបៅខ្ទុះពេញទាំងខ្លួនផង នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់អាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដែលជាព្រះយេហូវ៉ា និងឃើញសិរីល្អរបស់ខ្ញុំដែលជាព្រះយេហូវ៉ា នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលពេត្រុសអាចស្ដាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ ការដែលគាត់អាចឱ្យគេឆ្កាងគាត់ទៅនឹងឈើឆ្កាងដើម្បីខ្ញុំ និងធ្វើបន្ទាល់ដ៏មានសិរីល្អ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលយ៉ូហានបានឃើញពីរូបអង្គប្រកបដោយសិរីល្អរបស់បុត្រមនុស្ស នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ នៅពេលដែលគាត់បានឃើញពីនិមិត្តនៃគ្រាចុងក្រោយ នោះក៏ព្រោះសេចក្តីជំនឿរបស់គាត់ដែរ។ មូលហេតុដែល​មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នៃជាតិសាសន៍ដទៃ​នេះ បានទទួលការបើកសម្ដែងរបស់ខ្ញុំ និងបានដឹងថា ខ្ញុំបានយាងត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការរបស់ខ្ញុំក្នុងចំណោមមនុស្ស នោះក៏ព្រោះតែសេចក្តីជំនឿរបស់ពួកគេដែរ។ អស់អ្នកណាដែលត្រូវបន្ទូលមិនពីរោះស្ដាប់របស់ខ្ញុំលត់ដំ អ្នកនោះនឹងបានធូរស្បើយក្នុងចិត្ត ព្រមទាំងទទួលបានការសង្គ្រោះផង។ តើពួកគេមិនមែនធ្វើបែបនេះដោយសារសេចក្តីជំនឿរបស់ពួកគេទេឬអី? មនុស្សបានទទួលសេចក្ដីជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់ពួកគេ ហើយនោះមិនមែនជាព្រះពររហូតទេ។ ពួកគេប្រហែលជាមិនបានទទួលនូវប្រភេទសុភមង្គល និងសេចក្ដីអំណរដែលដាវីឌធ្លាប់មាន ឬទទួលបានទឹកដែលព្រះយេហូវ៉ាប្រទានមក ដូចម៉ូសេឡើយ។ ឧទាហរណ៍ យ៉ូបត្រូវបានព្រះយេហូវ៉ាប្រទានពរ ដោយសារតែសេចក្ដីជំនឿរបស់គាត់ ប៉ុន្តែលោកក៏បានទទួលរងនូវសេចក្ដីអន្តរាយដែរ។ ទោះបីជាអ្នកត្រូវបានប្រទានពរ ឬទទួលរងនូវសេចក្ដីអន្តរាយ ក៏ព្រឹត្តការណ៍ទាំងពីរនេះសុទ្ធតែជាព្រឹត្តិការណ៍ប្រកបដោយព្រះពរដែរ។ គ្មានសេចក្ដីជំនឿ អ្នកនឹងមិនអាចទទួលបានកិច្ចការនៃការយកឈ្នះបានឡើយ ហើយក៏​មើលមិនឃើញពីស្នាព្រះហស្តរបស់ព្រះយេហូវ៉ា ដែលត្រូវបានបង្ហាញនៅនឹងមុខអ្នកនៅ​ថ្ងៃនេះដែរ។ ទុក្ខទោសដ៏សែនធ្ងន់ទាំងនេះ ទុក្ខភ័យទាំងនេះ រួមទាំងការជំនុំជម្រះទាំងអស់ផង ប្រសិនបើវាមិនបានធ្លាក់មកលើអ្នកទេ តើអ្នកនឹងអាចមើលឃើញពីស្នាព្រះហស្តរបស់ព្រះយេហូវ៉ានៅថ្ងៃនេះបានទេ? ថ្ងៃនេះ គឺសេចក្ដីជំនឿនេះហើយដែលអនុញ្ញាតឱ្យអ្នកត្រូវបានយកឈ្នះ ហើយគឺការដែលត្រូវបានយកឈ្នះនេះហើយដែលអនុញ្ញាតឱ្យអ្នកជឿលើគ្រប់ស្នាព្រះហស្ដរបស់ព្រះយេហូវ៉ា។ គឺដោយសារសេចក្ដីជំនឿតែប៉ុណ្ណោះដែលអ្នកបានទទួលនូវការវាយផ្ចាល និងការជំនុំជម្រះបែបនេះ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះនេះអ្នកត្រូវបានយកឈ្នះ និងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ បើគ្មានការដាក់ទោស និងការជំនុំជម្រះ ដែលអ្នកកំពុងតែទទួលសព្វថ្ងៃនេះទេ សេចក្ដីជំនឿរបស់អ្នកនឹងទៅជាអសារឥតការ ដ្បិតអ្នកមិនស្គាល់ព្រះជាម្ចាស់។ ទោះបីជាអ្នកជឿលើព្រះអង្គកម្រិតណា ក៏សេចក្ដីជំនឿរបស់អ្នកនៅតែជាពាក្យសម្ដីឥតន័យ គ្មានមូលដ្ឋានផ្អែកលើភាពជាក់ស្ដែងដដែល។ ទាល់តែអ្នកទទួលបានកិច្ចការនៃការយកឈ្នះ ជាកិច្ចការដែលធ្វើឱ្យអ្នកចុះចូលទាំងស្រុង ទើបសេចក្ដីជំនឿរបស់អ្នកក្លាយជាការពិត និងជឿជាក់បាន ហើយដួងចិត្តរបស់អ្នកក៏បែរទៅរកព្រះជាម្ចាស់ដែរ។ បើទោះបីជាអ្នកទទួលរងនូវការជំនុំជម្រះ និងបណ្ដាសាដ៏ធំដោយសារតែពាក្យថា «សេចក្ដីជំនឿ» នេះ នោះអ្នកមានសេចក្ដីជំនឿពិត ហើយអ្នកក៏ទទួលបានរបស់ដ៏ពិតបំផុត ជាក់ស្ដែងបំផុត និងមានតម្លៃបំផុតដែរ។ នេះគឺដោយសារតែ​មានតែនៅក្នុងអំឡុងពេលនៃការជំនុំជម្រះទេ ទើបអ្នកមើលឃើញពី​ទិសដៅចុងក្រោយរបស់ភាវៈដែលព្រះបង្កើតមក​។ គឺតាមរយៈការជំនុំជម្រះនេះហើយ ទើបអ្នកមើលឃើញថា ព្រះអាទិករជាព្រះដែលត្រូវស្រឡាញ់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ដែលអ្នកមើលឃើញព្រះហស្ដរបស់ព្រះជាម្ចាស់។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយ ទើបអ្នកយល់អំពីជីវិតរបស់មនុស្សទាំងស្រុង។ គឺដោយសារតែកិច្ចការនៃការយកឈ្នះនេះហើយទើបអ្នកទទួលបានមាគ៌ាត្រឹមត្រូវនៃជីវិតមនុស្ស និងចាប់ផ្ដើមយល់អំពីអត្ថន័យពិតរបស់ «មនុស្ស» គឺតាមរយៈការយកឈ្នះនេះហើយ ទើបអ្នកមើលឃើញនិស្ស័យសុចរិតរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះភក្ត្រដ៏ស្រស់ស្អាត និងពេញដោយសិរីល្អរបស់ទ្រង់។ គឺដោយសារតែការយកឈ្នះរបស់ទ្រង់នេះហើយ ទើបអ្នកដឹងអំពីប្រភពដើមរបស់មនុស្ស និងយល់ពី «ប្រវត្តិអមតៈ» របស់មនុស្សជាតិទាំងអស់។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកចាប់ផ្ដើមយល់ពីបុព្វបុរសរបស់មនុស្សជាតិ និងប្រភពដើមនៃសេចក្ដីពុករលួយរបស់មនុស្សជាតិ។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវសេចក្ដីអំណរ និងការកម្សាន្តចិត្ត ក៏ដូចជាការវាយផ្ចាល ការដាក់វិន័យ និងព្រះបន្ទូលស្ដីបន្ទោសឥតទីបញ្ចប់ពីព្រះអាទិករ ចំពោះមនុស្សជាតិដែលទ្រង់បានបង្កើត។ គឺដោយសារតែការយកឈ្នះនេះហើយ ទើបអ្នកទទួលនូវព្រះពរ ក៏ដូចជាទុក្ខភ័យដែលមនុស្សត្រូវទទួល...។ តើនេះមិនមែនដោយសារតែអ្នកទាំងអស់គ្នាមានសេចក្ដីជំនឿបន្តិចបន្តួចនេះទេឬអី? ហើយតើសេចក្ដីជំនឿរបស់អ្នក មិនចម្រើនឡើង បន្ទាប់ពីអ្នកបានទទួលសេចក្ដីទាំងអស់នេះទេឬអី? តើអ្នកមិនទទួលបាននូវចំនួនច្រើនលើសលប់ទេឬអី? អ្នកមិនត្រឹមតែបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ទេ តែអ្នកក៏បានឆ្លងកាត់ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះអង្គដោយផ្ទាល់ដែរ។ ប្រហែលជាអ្នកមុខជានិយាយថា ប្រសិនបើអ្នកគ្មានសេចក្ដីជំនឿ នោះអ្នកនឹងមិនទទួលរងនូវការវាយផ្ចាលបែបនេះ ឬការជំនុំជម្រះបែបនេះទេ។ ដោយឡែក អ្នកគប្បីដឹងថាគ្មានសេចក្ដីជំនឿ អ្នកមិនត្រឹមតែមិនអាចទទួលនូវការវិនិច្ឆ័យបែបនេះ ឬការថែរក្សាបែបនេះពីសំណាក់ព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ តែអ្នកក៏មុខជាត្រូវបាត់បង់ឱកាសជួបនឹងព្រះអាទិករ អស់កល្បជានិច្ចដែរ។ អ្នកមុខជាមិនធ្លាប់ដឹងពីប្រភពដើមរបស់មនុស្សជាតិ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃជីវិតមនុស្សដែរ។ បើទោះបីជារូបកាយរបស់អ្នកស្លាប់បាត់ ហើយព្រលឹងរបស់អ្នកចាកចេញពីខ្លួនបាត់ ក៏អ្នកនៅតែមិនយល់ពីស្នាព្រះហស្តទាំងអស់របស់ព្រះអាទិករ ហើយអ្នកក៏រឹតតែមិនដឹងថា ព្រះអាទិករបានធ្វើកិច្ចការអស្ចារ្យដល់ម្ល៉ឹងនៅលើផែនដី បន្ទាប់ពីទ្រង់បានបង្កើតមនុស្សជាតិរួចមកដែរ។ ក្នុងនាមជាសមាជិកម្នាក់ក្នុងចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមកនេះ តើអ្នកមិនព្រមធ្លាក់ទៅក្នុងសេចក្ដីងងឹត និងទទួលរងនូវការដាក់ទោសដ៏អស់កល្បជានិច្ច ទាំងមិនដឹងអីបែបនេះដែរឬទេ? ប្រសិនបើអ្នកផ្ដាច់ខ្លួនពីការវាយផ្ចាល និងការជំនុំជម្រះសព្វថ្ងៃ តើអ្នកនឹងជួបប្រទះអ្វីខ្លះ? តើអ្នកគិតថា កាលណាអ្នកបានផ្ដាច់ខ្លួនពីការជំនុំជម្រះបច្ចុប្បន្ននេះហើយ អ្នកនឹងអាចគេចផុតពីជីវិតដ៏លំបាកនេះដែរឬទេ? តើវាមិនមែនជាការពិតទេមែនទេដែលថា ប្រសិនបើអ្នកចាកចេញពី «កន្លែងនេះ» អ្វីដែលអ្នកនឹងពើបប្រទះ គឺទណ្ឌកម្មដ៏ឈឺចាប់ ឬការធ្វើទុក្ខដ៏សាហាវដែលបង្កឡើងដោយពួកអាកំណាច? តើអ្នកអាចនឹងជួបប្រទះ ពេលវេលាដែលមិនអាចទ្រាំទ្របានទាំងយប់ទាំងថ្ងៃដែរឬទេ? តើអ្នកគិតថា ដោយសារតែអ្នកគេចចេញពីការជំនុំជម្រះនេះនៅថ្ងៃនេះ អ្នកអាចគេចផុតពីទណ្ឌកម្ម នាពេលអនាគតដែរមែនទេ? តើនឹងមានអ្វីកើតឡើងចំពោះអ្នក? តើពិតទេដែលថា វាអាចជាស្ថានសួគ៌លើផែនដីដែលអ្នកស្រមៃនោះ? តើអ្នកគិតថា អ្នកគេចផុតពីការវាយផ្ចាលនាអនាគតកាល ដោយគ្រាន់តែរត់ចេញពីភាពជាក់ស្ដែង ដូចដែលអ្នកធ្វើពេលនេះបានមែនទេ? បន្ទាប់ពីថ្ងៃនេះទៅ តើអ្នកនឹងអាចរកឃើញឱកាសបែបនេះ និងព្រះពរបែបនេះម្ដងទៀតបានដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលក្ដីអន្តរាយកើតមានដល់អ្នកដែរឬទេ? តើអ្នកនឹងអាចរកឃើញឱកាស និងព្រះពរនេះ នៅពេលដែលមនុស្សជាតិទាំងអស់ ចូលទៅក្នុងសេចក្ដីសម្រាកដែរឬទេ? ជីវិតដ៏រីករាយរបស់អ្នកនាពេលបច្ចុប្បន្ន និងគ្រួសារសុខដុមដ៏តូចមួយរបស់អ្នកនេះ តើអាចជំនួសទិសដៅដ៏អស់កល្បជានិច្ចនាពេលអនាគតរបស់អ្នកបានដែរឬទេ? ប្រសិនបើអ្នកមានសេចក្ដីជំនឿពិត ហើយប្រសិនបើអ្នកបានទទួល​អ្វីៗជាច្រើន ដោយសារតែសេចក្ដីជំនឿរបស់អ្នក ដូច្នេះ អ្វីទាំងអស់នោះ គឺជាអ្វីដែលអ្នកក្នុងនាមជាភាវៈដែលព្រះបង្កើតមក គួរ​ទទួលបាន និង​គួរតែមានតាំងតែពីដំបូង​។ គ្មានអ្វីមានប្រយោជន៍ដល់សេចក្ដីជំនឿនិងជីវិតរបស់អ្នកជាងការយកឈ្នះនេះទៀតឡើយ។

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល