ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១

03-11-2025

ផែនការគ្រប់គ្រងរបស់ខ្ញុំទាំងមូល (ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ) មាន ៣ ដំណាក់កាល ឬ ៣ យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដំបូង យុគសម័យនៃព្រះគុណ (ឬហៅម្យ៉ាងទៀតថា យុគសម័យនៃការប្រោសលោះ) និងយុគសម័យនៃនគរព្រះនៃគ្រាចុងក្រោយ។ កិច្ចការរបស់ខ្ញុំនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសៗគ្នា អាស្រ័យទៅតាមធម្មជាតិនៃយុគសម័យនីមួយៗ។ ប៉ុន្តែនៅក្នុងដំណាក់កាលនីមួយៗ កិច្ចការនេះតែងបានជាប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឱ្យចំ កិច្ចការនេះត្រូវធ្វើឡើងស្របទៅតាមកលល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលខ្ញុំប្រយុទ្ធតតាំងជាមួយវា។ កិច្ចការរបស់ខ្ញុំ គឺមានគោលបំណងដើម្បីយកឈ្នះសាតាំង ដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់ខ្ញុំ ដើម្បីលាតត្រដាងពីកលល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះពូជមនុស្សទាំងមូល ដែលរស់នៅក្រោមអំណាចរបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញពីព្រះប្រាជ្ញាញាណនិងសព្វានុភាពរបស់ខ្ញុំ និងដើម្បីបើកសម្ដែងពីសេចក្ដីអាក្រក់ដ៏ច្រើនលើសលុបរបស់សាតាំង ហើយជាងនេះទៅទៀត គឺដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមក មើលឃើញពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ ដើម្បីឱ្យគេដឹងថា ខ្ញុំមានអធិបតេយ្យភាពលើរបស់សព្វសារពើ ដើម្បីឱ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សជាតិ ជាវិញ្ញាណអសីលធម៌ ជាមេកំណាច និងដើម្បីឱ្យមនុស្សអាចប្រាប់ពីភាពខុសគ្នារវាងសេចក្ដីល្អនិងសេចក្ដីអាក្រក់ សេចក្ដីពិតនិងសេចក្ដីក្លែងក្លាយ ភាពបរិសុទ្ធនិងភាពស្មោកគ្រោក និងអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប បានយ៉ាងប្រាកដច្បាស់លាស់បំផុត។ របៀបនេះ មនុស្សល្ងង់ខ្លៅ នឹងអាចធ្វើបន្ទាល់ពីខ្ញុំថា ខ្ញុំមិនមែនជាអ្នកដែលធ្វើឱ្យមនុស្សជាតិទៅជាពុករលួយឡើយ ហើយមានតែខ្ញុំដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សជាតិបាន អាចប្រទានអ្វីៗដល់មនុស្សបាន ដែលគេអាចសោយសុខជាមួយបាន ហើយគេនឹងដឹងថា ខ្ញុំមានអធិបតេយ្យភាពលើរបស់សព្វសារពើ។ ចំណែកសាតាំងវិញ គ្រាន់តែជាភាវៈមួយក្នុងចំណោមភាវៈឯទៀតដែលខ្ញុំបានបង្កើតមក ដែលវាបានក្បត់នឹងខ្ញុំវិញនៅពេលក្រោយប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំ ត្រូវបានបែងចែកជា ៣ ដំណាក់កាល ហើយខ្ញុំធ្វើបែបនេះ គឺដើម្បីសម្រេចផលក្នុងការដែលអាចអនុញ្ញាតឱ្យភាវៈដែលខ្ញុំបានបង្កើតមកធ្វើបន្ទាល់ពីខ្ញុំ និងយល់ពីព្រះរាជបំណងរបស់ខ្ញុំ ព្រមទាំងដឹងថា ខ្ញុំគឺជាសេចក្ដីពិត។ ដូច្នេះ ក្នុងអំឡុងពេលដំបូងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ខ្ញុំនេះ គឺខ្ញុំបានបំពេញកិច្ចការខាងក្រឹត្យវិន័យ ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានដឹកនាំរាស្ត្រទ្រង់។ ដំណាក់កាលទីពីរ បានចាប់ផ្ដើមកិច្ចការក្នុងយុគសម័យនៃព្រះគុណ នៅតាមបណ្ដាភូមិនានាក្នុងស្រុកយូដា។ ព្រះយេស៊ូវតំណាងឱ្យកិច្ចការទាំងអស់ក្នុងយុគសម័យនៃព្រះគុណនេះ។ ទ្រង់បានយកកំណើតជាមនុស្សនៅខាងសាច់ឈាម រួចត្រូវគេឆ្កាង ហើយទ្រង់ក៏បានចាប់ផ្ដើមយុគសម័យនៃព្រះគុណផងដែរ។ ទ្រង់ត្រូវបានគេឆ្កាងដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ ដើម្បីបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយចាប់ផ្ដើមយុគសម័យនៃព្រះគុណ ហេតុនេះទើបគេហៅទ្រង់ថា «មេទ័ពកំពូល» «តង្វាយលោះបាប» និង «ព្រះដ៏ប្រោសលោះ»។ ដូច្នេះ កិច្ចការរបស់ព្រះយេស៊ូវមានខ្លឹមសារខុសពីកិច្ចការរបស់ព្រះយេហូវ៉ា ទោះបីជាកិច្ចការទាំងពីរនេះ មានគោលការណ៍ដូចគ្នាក៏ដោយ។ ព្រះយេហូវ៉ាបានចាប់ផ្ដើមយុគសម័យនៃក្រឹត្យវិន័យ ដោយបង្កើតឱ្យមានមូលដ្ឋានដែលជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី និងបានចែងពីក្រឹត្យវិន័យ និងបញ្ញត្តិជាច្រើន។ ទ្រង់បានបំពេញកិច្ចការពីរចំណែកនេះ ហើយកិច្ចការទាំងពីរនេះតំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ មិនមែនដើម្បីចែងពីក្រឹត្យវិន័យទេ តែដើម្បីសម្រេចតាមក្រឹត្យវិន័យទាំងនោះ ហើយក៏ជាការចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងជាការបញ្ចប់យុគសម័យនៃក្រឹត្យវិន័យដែលមានរយៈពេលពីរពាន់ឆ្នាំដែរ។ ទ្រង់គឺជាអ្នកត្រួសត្រាយ ដែលបានយាងមកដើម្បីចាប់ផ្ដើមយុគសម័យនៃព្រះគុណ តែចំណែកដ៏សំខាន់បំផុតនៃកិច្ចការរបស់ទ្រង់ ស្ថិតនៅលើការប្រោសលោះឯណេះទេ។ ដូច្នេះហើយ កិច្ចការរបស់ទ្រង់ គឺជាកិច្ចការដែលមានមុខពីរ៖ គឺបើកយុគសម័យថ្មីមួយ និងបិទបញ្ចប់កិច្ចការនៃការប្រោសលោះ តាមរយៈការសុគតលើឈើឆ្កាង បន្ទាប់មក ទ្រង់ក៏យាងចាកចេញទៅ។ ដូច្នេះ នៅពេលដែលយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ យុគសម័យនៃព្រះគុណក៏ចាប់ផ្ដើម។

ដកស្រង់ពី «រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល