ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ២២
19-11-2025
កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺស្របទៅនឹងតម្រូវការរបស់មនុស្សនៅក្នុងយុគសម័យនោះ។ ការងាររបស់ព្រះអង្គ គឺប្រោសលោះមនុស្ស និងអត់ទោសបាបឱ្យពួកគេ ដូច្នេះហើយ ទើបនិស្ស័យរបស់ទ្រង់ពេញដោយការបន្ទាបខ្លួន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការគោរពកោតខ្លាច ការអត់ទ្រាំ និងសេចក្ដីសប្បុរស។ ព្រះអង្គបាននាំព្រះគុណនិងព្រះពរបរិបូរមកដល់មនុស្ស និងគ្រប់យ៉ាងដែលមនុស្សអាចសោយសុខបាន ទ្រង់បានប្រទានសេចក្ដីសុខសាន្តនិងសុភមង្គល សេចក្ដីត្រាប្រណីនិងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តាករុណានិងសេចក្ដីសប្បុរសរបស់ទ្រង់ដល់ពួកគេ ដើម្បីឱ្យពួកគេបានសោយសុខ។ គ្រានោះ មនុស្សបានសោយសុខនឹងភាពពេញបរិបូរនៃរបស់សព្វសារពើដូចជា អារម្មណ៍សុខសាន្តនិងសុវត្ថិភាពនៅក្នុងដួងចិត្តរបស់គេ អារម្មណ៍កក់ក្ដៅនៅក្នុងវិញ្ញាណរបស់គេ និងការពឹងអាងរបស់គេលើព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលទាំងអស់នេះសុទ្ធតែមាននៅក្នុងយុគសម័យដែលគេរស់នៅ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយអស់ហើយ ដូច្នេះ ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះមនុស្សជាតិទាំងមូល តម្រូវឱ្យមានព្រះគុណច្រើនបរិបូរ មានការអត់ឱននិងការអត់ធ្មត់ឥតដែនកំណត់ ហើយលើសពីនេះទៀត គឺតម្រូវឱ្យមានតង្វាយលោះបាបដែលស័ក្ដិសមដើម្បីលោះបាបមនុស្សជាតិ ដើម្បីឱ្យកិច្ចការនេះមានប្រសិទ្ធភាព។ អ្វីដែលមនុស្សមើលឃើញនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រាន់តែជាតង្វាយលោះបាបរបស់ខ្ញុំដើម្បីអំពើបាបរបស់មនុស្សប៉ុណ្ណោះ នោះគឺព្រះយេស៊ូវនេះឯង។ គ្រប់យ៉ាងដែលគេដឹងគឺថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេត្តាករុណា និងការអត់ធ្មត់ ហើយគ្រប់យ៉ាងដែលគេបានឃើញ គឺជាសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសរបស់ព្រះយេស៊ូវ។ ទាំងអស់នេះ គឺដោយសារតែពួកគេកើតមកក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះហើយ មុនពេលពួកគេត្រូវប្រោសលោះ ពួកគេបានសោយសុខនឹងព្រះគុណដ៏ច្រើន ដែលព្រះយេស៊ូវបានប្រទានឱ្យពួកគេ ដើម្បីឱ្យបានជាប្រយោជន៍ដល់ពួកគេផង។ តាមវិធីនេះ ពួកគេត្រូវបានអត់ទោសបាបតាមរយៈព្រះគុណដែលពួកគេទទួលបាន ហើយក៏អាចមានឱកាសត្រូវបានប្រោសលោះតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវដែលពួកគេទទួលបានផងដែរ។ មានតែតាមរយៈការអត់ឱន និងសេចក្ដីត្រាប្រណីរបស់ព្រះយេស៊ូវទេ ទើបពួកគេអាចមានសិទ្ធិទទួលបាននូវការអត់ទោស និងសោយសុខក្នុងភាពបរិបូរនៃព្រះគុណដែលព្រះយេស៊ូវបានប្រទានឱ្យ។ ដូចដែលព្រះយេស៊ូវបានមានបន្ទូលថា៖ ខ្ញុំមិនមែនមកប្រោសលោះមនុស្សសុចរិតទេ គឺមកប្រោសលោះមនុស្សបាបវិញ ដើម្បីឱ្យមនុស្សបាបអាចត្រូវបានអត់ទោសបាបរបស់ខ្លួន។ ពេលដែលព្រះយេស៊ូវត្រឡប់ជាសាច់ឈាម ប្រសិនបើទ្រង់បាននាំមកជាមួយនូវនិស្ស័យនៃការជំនុំជម្រះ ការដាក់បណ្ដាសា និងការមិនអត់ឱនចំពោះការប្រមាថរបស់មនុស្ស នោះមនុស្សមុខជាមិនដែលមានឱកាសត្រូវបានប្រោសលោះឡើយ ហើយគេប្រាកដជានៅមានបាបអស់កល្បជានិច្ចមិនខាន។ បើដូច្នេះមែន ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ច្បាស់ជាត្រូវផ្អាកត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយយុគសម័យនៃក្រឹត្យវិន័យនេះ ច្បាស់ជាត្រូវអូសបន្លាយពេលរហូតដល់ទៅប្រាំមួយពាន់ឆ្នាំមិនខាន។ អំពើបាបរបស់មនុស្សនឹងកាន់តែច្រើនឡើង ហើយកាន់តែអាក្រក់ទៅៗ ហើយការបង្កើតមនុស្សជាតិមក ក៏នឹងប្រែជាគ្មានន័យអ្វីដែរ។ មនុស្សនឹងអាចត្រឹមបម្រើព្រះយេហូវ៉ាតាមក្រឹត្យវិន័យប៉ុណ្ណោះ តែអំពើបាបរបស់គេវិញ មុខជាកើនលើសលុបជាងមនុស្សដែលបានបង្កើតមកនៅគ្រាដំបូងទៅទៀត។ កាលណាព្រះយេស៊ូវកាន់តែស្រឡាញ់មនុស្ស កាន់តែអត់ទោសបាបឱ្យគេ ហើយកាន់តែប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីសប្បុរសពេញបរិបូរដល់គេ នោះមនុស្សជាតិនឹងកាន់តែមានសិទ្ធិឱ្យព្រះយេស៊ូវសង្គ្រោះគេ មានសិទ្ធិហៅថាជាចៀមដែលវង្វេងបាត់ ដែលព្រះយេស៊ូវបានលោះមកវិញក្នុងតម្លៃដ៏លើសលុប។ សាតាំងមិនអាចជ្រៀតជ្រែកក្នុងកិច្ចការនេះបានទេ ដ្បិតព្រះយេស៊ូវប្រព្រឹត្តដាក់អ្នកដែលដើរតាមទ្រង់ ដូចជាម្ដាយដែលពេញដោយក្ដីស្រឡាញ់ កំពុងបីកូនតូចជាប់នឹងទ្រូងដែរ។ ទ្រង់មិនបានក្រោធ ឬមើលងាយពួកគេទេ តែទ្រង់ពេញដោយការកម្សាន្តចិត្ត។ ទ្រង់មិនដែលបញ្ចេញសេចក្ដីក្រោធដាក់ពួកគេទេ ទ្រង់មានតែអត់ឱនចំពោះអំពើបាបរបស់គេ ហើយបិទព្រះនេត្រធ្វើទតមិនឃើញពីភាពលេលា និងភាពល្ងង់ខ្លៅរបស់គេ ដល់ថ្នាក់ទ្រង់មានព្រះបន្ទូលថា៖ «ចូរអត់ទោសដល់អ្នកដទៃ ដល់ទៅ ៧ ចិតសិបដង»។ ដូច្នេះហើយទើបដួងចិត្តរបស់គេ ត្រូវដួងព្រះហឫទ័យរបស់ទ្រង់ផ្លាស់ប្រែ ហើយមានតែបែបនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោសបាបតាមរយៈការអត់ឱនរបស់ទ្រង់។
ដកស្រង់ពី «រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត