00:00 00:00
00:00
00:00

កិច្ចការនៅគ្រាចុងក្រោយ គឺដើម្បីញែកមនុស្សទាំងអស់ទៅតាមជំពូករបស់ពួកគេ ហើយបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដ្បិតពេលវេលាកាន់តែកៀក ហើយថ្ងៃរបស់ព្រះជាម្ចាស់ក៏មកដល់ហើយដែរ។ ព្រះជាម្ចាស់នាំមនុស្សទាំងអស់ដែលមានភក្ដីភាពចំពោះទ្រង់រហូតដល់ទីបញ្ចប់ ចូលទៅក្នុងនគររបស់ទ្រង់ គឺចូលទៅក្នុងយុគសម័យនៃព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្ដែមុនយុគសម័យនៃព្រះជាម្ចាស់ចូលមកដល់ កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែនឃ្លាំចាំមើលការប្រព្រឹត្តរបស់មនុស្ស ឬស៊ើបសួរពីជីវិតមនុស្សទេ ប៉ុន្តែគឺមកជំនុំជម្រះភាពមិនស្ដាប់បង្គាប់របស់មនុស្សវិញដ្បិតព្រះជាម្ចាស់នឹងបន្សុទ្ធមនុស្សទាំងអស់ ដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់។ មនុស្សទាំងអស់ដែលបានដើរតាមគន្លងព្រះបាទារបស់ព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ គឺអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយហេតុនេះបុគ្គលគ្រប់ៗរូប ដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ហើយ។ អាចនិយាយម្យ៉ាងទៀតបានថា គ្រប់ៗគ្នាដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។

នៅក្នុងការជំនុំជម្រះដែលចាប់ផ្ដើមនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលគេតំណាលពីអតីតកាល គឺជា «ការជំនុំជម្រះ» ដែលសំដៅលើការជំនុំជម្រះដែលព្រះជាម្ចាស់ទ្រង់ធ្វើឡើងនៅថ្ងៃនេះ ចំពោះអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ទ្រង់នៅគ្រាចុងក្រោយ។ ប្រហែលជាមានអ្នកខ្លះជឿលើការស្រមើស្រមៃដ៏មហស្ចារ្យយ៉ាងនេះដែលថា នៅពេលគ្រាចុងក្រោយបានមកដល់ ព្រះជាម្ចាស់នឹងតម្លើងតុមួយយ៉ាងធំនៅឯស្ថានសួគ៌ ហើយនៅលើតុនោះមានកម្រាលតុពណ៌សមួយ ហើយព្រះជាម្ចាស់នឹងបើកសម្ដែងអស់ទាំងអំពើបាបរបស់មនុស្សម្នាក់ៗ ខណៈដែលទ្រង់គង់លើបល្ល័ង្កធំមួយ ហើយមនុស្សទាំងអស់លុតជង្គង់នៅលើដី រួចទ្រង់នឹងកំណត់ថា ត្រូវឱ្យគេឡើងស្ថានសួគ៌ ឬបញ្ជូនគេចុះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ។ ទោះបីជាមនុស្សខំស្រមៃយ៉ាងណា ក៏មិនអាចកែប្រែសារជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ការស្រមើស្រមៃរបស់មនុស្សមិនមែនជាអ្វីទាំងអស់ ក្រៅតែពីគំនិតដែលគេស្អាងឡើង ហើយគំនិតទាំងឣស់នេះ កើតចេញពីខួរក្បាលរបស់មនុស្ស ដោយប្រមូលផ្ដុំ ហើយផ្គុំចូលគ្នាទៅតាមអ្វីដែលមនុស្សមើលឃើញ និងស្ដាប់ឮ។ ហេតុនេះ ខ្ញុំសូមប្រាប់ថា ទោះបីជារូបភាពដែលគេនឹកស្រមៃនោះអស្ចារ្យយ៉ាងណា ក៏វាគ្រាន់តែជាគំនូរបែបជីវចល និងមិនអាចយកមកជំនួសផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ទីបំផុត មនុស្សក៏ទៅជាខូចឣាក្រក់ដោយសារសាតាំង ដូច្នេះ តើគេឣាចវាស់ស្ទង់ព្រះតម្រិះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? មនុស្សស្រមៃយល់ថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺជារឿងដ៏ឣស្ចារ្យ។ ដោយសារឣ្នកដែលធ្វើកិច្ចការជំនុំជម្រះ គឺព្រះជាម្ចាស់ផ្ទាល់ព្រះឣង្គ ហេតុនេះគេជឿថា កិច្ចការនេះ គឺច្បាស់ជាកិច្ចការមហិមាឣស្ចារ្យក្រៃលែង ក៏រកយល់មិនបានដល់មនុស្សដែលមានរូបកាយតែងតែស្លាប់នេះ ហើយលាន់រំពងខ្ទរខ្ទារពេញផ្ទៃមេឃ និងផែនដី ពុំនោះទេ កិច្ចការនេះអាចរាប់ជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចបាន? ដោយព្រោះកិច្ចការនេះជាកិច្ចការជំនុំជម្រះ ហេតុនេះគេជឿថា ព្រះជាម្ចាស់ប្រាកដជាធ្វើការដោយរឹតត្បិត និងដោយតេជានុភាព ហើយឣស់ឣ្នកដែលត្រូវជំនុំជម្រះ ប្រាកដជាទ្រហោយំ និងលត់ជង្គង់ឣង្វរសុំក្ដីមេត្តាជាមិនខាន។ ទិដ្ឋភាពនេះ គឺច្បាស់ជាឣស្ចារ្យ និងគួរឱ្យអាណិត ខ្លាំងទៀតផង...។ មនុស្សគ្រប់គ្នាស្រមៃថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់គឺជាកិច្ចការដ៏អស្ចារ្យ។ ប៉ុន្ដែតើឣ្នកមានដឹងទេថា ចាប់តាំងពីគ្រាដែលព្រះជាម្ចាស់បានចាប់ផ្ដើមកិច្ចការជំនុំជម្រះរបស់ទ្រង់នៅក្នុងចំណោមមនុស្ស ឣ្នកនៅជាប់ក្នុងការបណ្ដែតបណ្ដោយយ៉ាងសុខសាន្តនៅឡើយ? ទម្រាំដល់ពេលដែលឣ្នកគិតថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានចាប់ផ្ដើមជាផ្លូវការ ព្រះជាម្ចាស់ប្រាកដជាបានបង្កើតផ្ទៃមេឃ និងផែនដីថ្មីរួចបាត់ទៅហើយទេដឹង? នៅគ្រានោះ ឣ្នកប្រហែលជាទើបចាប់ផ្ដើមយល់ពីឣត្ថន័យនៃជីវិតប៉ុណ្ណោះ ប៉ុន្តែកិច្ចការដាក់ទណ្ឌកម្ម ឥតមេត្តារបស់ព្រះជាម្ចាស់ នឹងនាំឣ្នកទៅកាន់ស្ថាននរក ពេលដែលឣ្នកនៅលង់លក់ក្នុងដំណេកនៅឡើយផង។ ដល់ពេលនោះ ទើបឣ្នកភ្ញាក់ដឹងខ្លួនមួយរំពេចថា កិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់បានបញ្ចប់ទៅហើយ។

ចូរយើងកុំខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់យើង ហើយឈប់ជជែកពីប្រធានបទស្មោកគ្រោក និងគួរឱ្យស្អប់ទៀតទៅ។ ចូរយើងមកជជែកអំពីកត្តាដែលនាំឱ្យមានការជំនុំជម្រះជំនួសវិញ។ ពេលលើកឡើងនូវពាក្យថា «ជំនុំជម្រះ» មកនិយាយ អ្នកប្រហែលជាគិតដល់ពាក្យពេចន៍ដែលព្រះយេហូវ៉ាមានបន្ទូលបង្ហាត់បង្រៀនមនុស្សក្នុងគ្រប់តំបន់ និងពាក្យពេចន៍ដែលព្រះយេស៊ូវមានបន្ទូលស្ដីបន្ទោសទៅកាន់ពួកផារិស៊ី។ ទោះបីជាមានភាពធ្ងន់ធ្ងរក៏ដោយ ក៏ពាក្យពេចន៍ទាំងនេះ មិនមែនជាការជំនុំជម្រះរបស់ព្រះជាម្ចាស់មកលើមនុស្សលោកទេ ពាក្យពេចន៍ទាំងនេះ គឺគ្រាន់តែជាពាក្យពេចន៍ដែលព្រះជាម្ចាស់មានបន្ទូលក្នុងបរិយាកាសខុសៗគ្នា និងនៅក្នុងបរិបទផ្សេងគ្នាតែប៉ុណ្ណោះ។ ពាក្យពេចន៍ទាំងនេះខុសពីពាក្យពេចន៍ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយមានបន្ទូលពេលទ្រង់ជំនុំជម្រះមនុស្សលោក។ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនរាប់សេចក្ដីពិតទាំងអស់នេះជារឿងសំខាន់ ប្រសិនបើអ្នកមិនពិចារណាអ្វីសោះ ក្រៅតែពីរិះរកវិធីគេចវេសពីសេចក្ដីពិតនេះ ឬរិះរកដំណោះស្រាយដែលមិនឱ្យពាក់ព័ន្ធនឹងរឿងទាំងអស់នេះ នោះខ្ញុំសុំប្រាប់ថា អ្នកជាមនុស្សបាបដែលសោកសៅបំផុត។ ប្រសិនបើអ្នកមានសេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនស្វះស្វែងរកសេចក្ដីពិត ឬស្វែងយល់អំពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏មិនស្រឡាញ់ចូលចិត្តផ្លូវ ដែលនាំឱ្យអ្នកចូលមកកៀកនឹងព្រះជាម្ចាស់ នោះខ្ញុំសុំប្រាប់អ្នកថា អ្នកគឺជាមនុស្សដែលកំពុងព្យាយាមគេចវេសពីការជំនុំជម្រះ ហើយអ្នកក៏ជាអាយ៉ង និងជាជនក្បត់ ដែលគេចពីបល្ល័ង្កសដ៏ធំដែរ។ ព្រះជាម្ចាស់មិនទុកឱ្យមនុស្សបះបោរដែលរត់គេចពីព្រះនេត្រទ្រង់ បានរួចខ្លួនឡើយ។ មនុស្សបែបនេះនឹងត្រូវទទួលទោសរឹតតែធ្ងន់។ អស់អ្នកដែលមកឯចំពោះព្រះជាម្ចាស់ដើម្បីទទួលការវិនិច្ឆ័យ ព្រមទាំងត្រូវបន្សុទ្ធកាន់តែខ្លាំង ទើបអាចរស់នៅក្នុងនគរព្រះអស់កល្បជានិច្ចបាន។ ប្រាកដណាស់ រឿងនេះគឺជារឿងអនាគតកាល។

កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់។ មនុស្សជាច្រើនមានអារម្មណ៍មិនល្អចំពោះការយកកំណើតជាមនុស្សជាលើកទីពីររបស់ព្រះជាម្ចាស់ ដ្បិតមនុស្សទាំងនោះពិបាកនឹងជឿថា ព្រះជាម្ចាស់នឹងប្រសូតមកជាសាច់ឈាម ដើម្បីធ្វើកិច្ចការជំនុំជម្រះ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នកថា កិច្ចការរបស់ព្រះជាម្ចាស់ រមែងហួសពីការរំពឹងគិតរបស់មនុស្ស ហើយពិបាកនឹងឱ្យគំនិតរបស់គេទទួលយកបានផង។ ដ្បិតមនុស្សគ្រាន់តែជាដង្កូវនៅលើផែនដី ចំណែកឯព្រះជាម្ចាស់ ទ្រង់ជាព្រះដ៏ឧត្ដុង្គឧត្ដមដែលបំពេញចក្កវាឡនេះ គំនិតរបស់មនុស្សប្រៀបបាននឹងអណ្ដូងទឹកកខ្វក់ ដែលនាំឱ្យកើតជាដង្កូវតែប៉ុណ្ណោះ ចំណែកឯដំណាក់កាលនីមួយៗនៃកិច្ចការ ដែលត្រូវបានដឹកនាំដោយព្រះតម្រិះរបស់ព្រះជាម្ចាស់វិញ គឺជាលទ្ធផលដែលបានមកពីព្រះប្រាជ្ញាញាណរបស់ទ្រង់។ មនុស្សតែងតែព្យាយាមទាស់ទទឹងជាមួយព្រះជាម្ចាស់ ដែលខ្ញុំចាត់ទុកជាភ័ស្តុតាងបញ្ជាក់ដោយខ្លួនឯងថា នៅទីបំផុត គឺគេនឹងខាតបង់ដោយព្រោះតែជាទង្វើរបស់គេ។ ខ្ញុំសូមទូន្មានអ្នកទៅចុះថា សូមកុំគិតថាអ្នកមានតម្លៃជាងមាស។ ប្រសិនបើអ្នកដទៃអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ហេតុអ្វីបានជាអ្នកទទួលមិនបាន? តើអ្នកមានឋានៈធំជាងគេប៉ុនណាទៅ? ប្រសិនបើអ្នកដទៃអាចឱនក្បាលរបស់គេចុះចូលចំពោះសេចក្ដីពិត ហេតុអ្វីបានជាអ្នកមិនអាចធ្វើដូចគេបាន? កិច្ចការរបស់ព្រះជាម្ចាស់ មានកម្លាំងចលករមួយដែលមិនអាចបញ្ឈប់បាន។ ទ្រង់នឹងមិនធ្វើកិច្ចការជំនុំជម្រះម្ដងទៀត ដោយសារតែ «ភាគទាន» ដែលអ្នកបានធ្វើនោះទេ ហើយអ្នកក៏នឹងមានវិប្បដិសារីជាខ្លាំងចំពោះការបណ្ដោយឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ ប្រសិនបើអ្នកមិនជឿសម្ដីខ្ញុំទេ ចូររង់ចាំមើលបល្ល័ង្កធំសនៅលើមេឃ ដែលនឹងមកជំនុំជម្រះអ្នកចុះ! អ្នកត្រូវដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់សុទ្ធតែបានបដិសេធ និងមិនទទួលស្គាល់ព្រះយេស៊ូវ ប៉ុន្តែការពិតស្ដីអំពីការប្រោសលោះរបស់ព្រះយេស៊ូវសម្រាប់មនុស្សលោក បានផ្សព្វផ្សាយពេញចក្រវាឡទាំងមូល និងរហូតដល់ចុងបំផុតនៃផែនដីផង។ តើនេះមិនមែនជាការពិតដែលព្រះជាម្ចាស់ ទ្រង់បានធ្វើឡើងតាំងពីយូរណាស់មកហើយទេឬអី? ប្រសិនបើអ្នកនៅកំពុងទន្ទឹងរង់ចាំព្រះយេស៊ូវ មកនាំអ្នកឡើងទៅស្ថានសួគ៌ នោះខ្ញុំសូមប្រាប់ថា មនុស្សដូចអ្នក គឺជាឈើងាប់មួយដុំដ៏រឹងរូស។[ក] អ្នកជឿក្លែងក្លាយដែលគ្មានភក្ដីភាពចំពោះសេចក្ដីពិត និងស្វែងរកតែព្រះពរដូចជាអ្នក គឺព្រះយេស៊ូវមិនទទួលស្គាល់ទេ។ ផ្ទុយទៅវិញ ទ្រង់នឹងបោះអ្នកចូលទៅក្នុងបឹងភ្លើងឱ្យឆេះរយៈពេលរាប់ម៉ឺនឆ្នាំដោយគ្មានមេត្តាឡើយ។

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឱ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងមិនដែលមានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ ពោលគឺ អស់អ្នកដែលគេចពីកិច្ចការនៃការជំនុំជម្រះ នោះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវការដាក់ទោសដែលកាន់តែធ្ងន់ធ្ងរ ជាការដាក់ទោសដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទ ទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឱ្យវិញ្ញាណអាក្រក់ទាំងអស់នេះ បំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះ បញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឱ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឱ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឱ្យគេកើតមកវិញ និងមិនឱ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឱ្យគេធ្លាក់ចូលក្នុងបក្សពួកមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឱ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឱ្យគេសាបសូន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែត្រូវកាលៈទេសៈបង្ខំឱ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលផ្ដល់ការបម្រើដែលមិនត្រូវនឹងបទដ្ឋាន។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងពួកកូនប្រុសរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឱ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជាម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

លេខយោង៖

ក. ឈើងាប់មួយដុំ៖ ជាគ្រាមភាសាក្នុងភាសាចិន ដែលមានន័យថា «ជួយមិនបាន»។

អានបន្ថែម

ចំណងជើងបន្ថែម