00:00 00:00

រាប់ពាន់ឆ្នាំមកហើយដែលមនុស្សចង់បានសមត្ថភាពមើលឃើញការយាងមកដល់របស់ព្រះអង្គសង្គ្រោះផ្ទាល់នឹងភ្នែក។ មនុស្សចង់មើលឃើញព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះពីចម្ងាយ នៅពេលដែលទ្រង់យាងចុះមក ដោយគង់នៅលើពពកសមួយដុំក្នុងរូបភាពជាមនុស្សកណ្ដាលចំណោមមនុស្សដែលរង់ចាំទ្រង់អស់រយៈពេលរាប់ពាន់ឆ្នាំយ៉ាងក្រៀមក្រំ និងដោយអន្ទះសា។ មនុស្សក៏ចង់ឲ្យព្រះអង្គសង្គ្រោះ យាងត្រឡប់មកវិញ និងចង់ឲ្យទ្រង់បានរួបរួមជាមួយនឹងពួកគេដែរ ពោលគឺ ពួកគេចង់ឲ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលបានគង់ឆ្ងាយពីពួកគេអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយនោះ យាងត្រឡប់មកវិញ និងមកអនុវត្តកិច្ចការនៃការប្រោសលោះ ដែលទ្រង់បានធ្វើក្នុងចំណោមសាសន៍យូដានោះម្ដងទៀត យាងមកសម្ដែងចិត្តក្ដួលអាណិត និងក្ដីស្រឡាញ់ដល់មនុស្សយាងមកអត់ទោសបាបមនុស្សលោក និងយកបាបនេះដាក់លើអង្គទ្រង់ ព្រមទាំងស្ពាយយកអស់ទាំងសេចក្ដីរំលងរបស់គេ ហើយប្រោសគេឲ្យរួចពីអំពើបាបផង។ អ្វីដែលមនុស្សចង់បានបំផុត គឺចង់ឲ្យព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងមកធ្វើដូចគ្រាមុន គឺមកធ្វើជាព្រះអង្គសង្គ្រោះដែលពោរពេញដោយសេចក្ដីស្រឡាញ់ ព្រះទ័យសប្បុរស និងគួរជាទីគោរព ជាព្រះដែលគ្មានសេចក្ដីក្រោធ ចំពោះមនុស្ស ក៏មិនដែលស្ដីបន្ទោសឲ្យគេ គឺមានតែការអត់ទោស និងដកយកអំពើបាបរបស់មនុស្សទាំងអស់ ហើយថែមទាំងសុគតលើឈើឆ្កាងជំនួសមនុស្ស ដូចគ្រាមុនផង។ តាំងពីពេលដែលព្រះយេស៊ូវបានយាងចេញទៅបាត់ ពួកសិស្សដែលដើរតាមទ្រង់ និងពួកបរិសុទ្ធដែលបានសង្គ្រោះដោយនូវព្រះនាមទ្រង់នាំគ្នាស្វែងរកទ្រង់យ៉ាងក្រៀមក្រំ និងកំពុងទន្ទឹងមើលផ្លូវទ្រង់។ អស់អ្នកដែលបានសង្គ្រោះដោយសារ ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ក្នុងយុគសម័យនៃព្រះគុណ ក៏នៅតែអន្ទះសាចង់ឃើញថ្ងៃជោគជ័យនៅគ្រាចុងក្រោយ ពេលដែលព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ យាងចុះមកលើពពកដើម្បីបង្ហាញព្រះកាយដល់មនុស្សគ្រប់គ្នា។ ប្រាកដណាស់ នេះជាក្ដីប្រាថ្នារួមរបស់មនុស្សគ្រប់គ្នា ដែលទទួលយកព្រះនាមព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះនៅថ្ងៃនេះ។ គ្រប់ៗគ្នាក្នុងសកលលោក ដែលដឹងពីសេចក្ដីសង្គ្រោះរបស់ព្រះយេស៊ូវ ដ៏ជាព្រះអង្គសង្គ្រោះ គេអន្ទះសាយ៉ាងខ្លាំង ចង់ឲ្យព្រះយេស៊ូវគ្រីស្ទយាងមកដល់ភ្លាមៗ ដើម្បីសម្រេចនូវអ្វីដែលទ្រង់បានមានបន្ទូល កាលទ្រង់នៅគង់លើផែនដីថា៖ «ខ្ញុំនឹងត្រឡប់មកវិញ ដូចគ្នានឹងរបៀបដែលខ្ញុំបានចាកចេញទៅដែរ។» មនុស្សជឿថា បន្ទាប់ពីត្រូវគេឆ្កាង ហើយមានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានយាងត្រឡប់ទៅស្ថានសួគ៌ដោយគង់នៅលើពពកសមួយដុំ ដើម្បីទៅទទួលតំណែងរបស់ទ្រង់ គឺគង់ខាងស្ដាំនៃព្រះដ៏ខ្ពស់បំផុត។ ព្រះយេស៊ូវនឹងយាងចុះមកវិញម្ដងទៀត ដោយគង់នៅលើពពកសមួយដុំក្នុងលក្ខណៈដូចគ្នា (ពពកនេះ គឺសំដៅលើពពកដែលព្រះយេស៊ូវគង់ ពេលទ្រង់យាងត្រឡប់ទៅស្ថានសួគ៌វិញ) មកក្នុងចំណោមមនុស្សដែលទន្ទឹងចាំទ្រង់ ដោយក្ដីសង្ឃឹមជាខ្លាំងអស់រយៈពេលរាប់ពាន់ឆ្នាំ ហើយព្រះអង្គនឹងយកសណ្ឋានជាសាសន៍យូដា ព្រមទាំងស្លៀកសម្លៀកបំពាក់សាសន៍យូដាផង។ បន្ទាប់ពីលេចមកឲ្យមនុស្សឃើញ ទ្រង់នឹងប្រទានអាហារឲ្យពួកគេ ហើយធ្វើឲ្យទឹករស់ហូរយ៉ាងគំហុកមករកគេ ព្រមទាំងរស់នៅកណ្ដាលចំណោមមនុស្ស ពេញដោយព្រះគុណ និងពេញដោយក្ដីស្រឡាញ់ ផូរផង់ និងប្រាកដប្រជា។ ការយល់ឃើញទាំងអស់នេះហើយ គឺជាអ្វីដែលមនុស្សជឿ។ ដោយឡែក ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់មិនបានធ្វើដូច្នេះទេ ទ្រង់ធ្វើផ្ទុយស្រឡះពីអ្វីដែលមនុស្សយល់ឃើញ។ ទ្រង់មិនបានយាងមកក្នុងចំណោមមនុស្សដែលរង់ចាំការយាងត្រឡប់មកវិញរបស់ទ្រង់ ដោយសង្ឃឹមនោះទេ ហើយទ្រង់ក៏មិនលេចមកឲ្យមនុស្សគ្រប់ៗគ្នាឃើញ នៅពេលដែលទ្រង់គង់នៅលើពពកសដែរ។ ទ្រង់បានយាងមកដល់ហើយ ប៉ុន្តែ មនុស្សមិនស្គាល់ទ្រង់ទេ ហើយក៏នៅតែមិនអើពើនឹងទ្រង់ទៀត។ មនុស្សគ្រាន់តែរង់ចាំទ្រង់ដោយគ្មានបំណង ក៏មិនដឹងថាទ្រង់បានយាងមកដោយគង់នៅលើ «ពពកស» មួយដុំរួចហើយដែរ (ពពកនេះគឺជាព្រះវិញ្ញាណទ្រង់ ព្រះបន្ទូលទ្រង់ និស្ស័យរបស់ទ្រង់ទាំងមូល និងលក្ខណៈទាំងអស់របស់ទ្រង់) ចំណែកពេលនេះ ទ្រង់កំពុងគង់កណ្ដាលចំណោមក្រុមមនុស្សដែលមានជ័យជម្នះ ដែលទ្រង់នឹងបង្កើតឡើងនៅគ្រាចុងក្រោយ។ មនុស្សមិនដឹងរឿងមួយ គឺ៖ បើទោះជាព្រះអង្គសង្គ្រោះដ៏បរិសុទ្ធមានសេចក្ដីស្រឡាញ់គ្រប់យ៉ាងដល់មនុស្ស តើធ្វើម្ដេចឲ្យទ្រង់ធ្វើការនៅក្នុង «ព្រះវិហារ» ដែលមានសុទ្ធតែវិញ្ញាណស្មោកគ្រោក និងមិនបរិសុទ្ធដូច្នេះបាន? ថ្វីដ្បិតថាមនុស្សកំពុងទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ តើទ្រង់អាចលេចមកឲ្យអស់អ្នកដែលបរិភោគសាច់ឈាមមនុស្សទុច្ចរិត ផឹកឈាមមនុស្សទុច្ចរិត ហើយស្លៀកសម្លៀកបំពាក់មនុស្សទុច្ចរិត ជាអ្នកដែលជឿដល់ទ្រង់ ប៉ុន្តែមិនស្គាល់ទ្រង់ហើយក៏ជាអ្នកដែលកំហែងព្រះអង្គរហូតមក បានឃើញយ៉ាងដូចម្ដេចកើត? មនុស្សដឹងត្រឹមថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ទ្រង់ពោរពេញដោយក្ដីស្រឡាញ់ ហើយមានក្ដីមេត្តាករុណាដ៏ហូរហៀរ និងដឹងថា ទ្រង់ជាតង្វាយលោះបាប ពោរពេញដោយការប្រោសលោះ។ យ៉ាងណាមិញ គេពុំដឹងសោះថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានពេញដោយភាពសុចរិត ឬទ្ធានុភាព សេចក្ដីក្រោធ និងការជំនុំជម្រះ ហើយមានសិទ្ធិអំណាច និងពេញដោយសេចក្ដីថ្លៃថ្នូរនោះឡើយ។ ហេតុនេះ ទោះបីជាមនុស្សអន្ទះសារង់ចាំ និងទទូចចង់ឃើញការវិលត្រឡប់របស់ព្រះដ៏ប្រោសលោះយ៉ាងណា ហើយទោះបីជាសេចក្ដីអធិដ្ឋានរបស់គេធ្វើឲ្យស្ថានសួគ៌រង្គើក៏ដោយ ក៏ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ មិនលេចមកឲ្យអស់អ្នកដែលជឿលើទ្រង់ តែមិនស្គាល់ព្រះអង្គ បានឃើញនោះដែរ។

«យេហូវ៉ា» គឺជានាមដែលខ្ញុំប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ «យេស៊ូវ» គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណ ព្រមទាំងអាចធ្វើជាតំណាងឲ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង។ មានន័យថា មានតែព្រះយេហូវ៉ាទេ ទើបជាព្រះរបស់សាសន៍អ៊ីស្រាអែលដ៏ជារាស្ត្រជ្រើសរើស ជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក ជាព្រះរបស់យ៉ាកុប ជាព្រះរបស់ម៉ូសេ និងជាព្រះរបស់សាសន៍អ៊ីស្រាអែលទាំងមូល។ ហេតុនេះ នៅពេលបច្ចុប្បន្ននេះ សាសន៍អ៊ីស្រាអែលទាំងអស់ ក្រៅពីពូជអំបូរយូដា គឺសុទ្ធតែថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេថ្វាយយញ្ញបូជាដល់ទ្រង់លើអាសនា ហើយបម្រើទ្រង់នៅក្នុងព្រះវិហារ ដោយស្លៀកពាក់ជាសង្ឃ។ អ្វីដែលគេសង្ឃឹមនោះ គឺការលេចមករបស់ព្រះយេហូវ៉ា។ គឺមានតែព្រះយេស៊ូវទេ ទើបជាព្រះដ៏ប្រោសលោះនៃមនុស្សជាតិហើយទ្រង់ក៏ជាតង្វាយលោះបាបដែលប្រោសលោះមនុស្សពីអំពើបាបដែរ។ មានន័យថា ព្រះនាមព្រះយេស៊ូវកើតចេញពីយុគសម័យនៃព្រះគុណ ហើយមានវត្តមានដោយសារតែកិច្ចការប្រោសលោះ នៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឲ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឲ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ។ ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ ក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឲ្យយុគសម័យមួយ។ «យេហូវ៉ា» តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តនាម សម្រាប់ព្រះជាម្ចាស់ដែលសាសន៍អ៊ីស្រាអែលថ្វាយបង្គំដែរ។ «យេស៊ូវ» គឺជាព្រះនាមតំណាងឲ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះរបស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើមនុស្សនៅតែប្រាថ្នាចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឲ្យទ្រង់យាងមក ក្នុងលក្ខណៈដែលទ្រង់បានមកប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នាដែលនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ទៅរកទីបញ្ចប់ឡើយ។ ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី សុទ្ធតែតំណាងឲ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឲ្យខ្ញុំ នៅក្នុងភាពបរិបូររបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឲ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំបានឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុងយុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ គឺយុគសម័យនៃគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថា ព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមែស្ស៊ីដែរ គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ។ គេធ្លាប់ស្គាល់ខ្ញុំជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឲ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយដែលធ្វើឲ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឲ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឲ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះពិតតែមួយ និងដើម្បីឲ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែល និងជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដី និងសមុទ្រផង។

ប្រសិនបើ ព្រះអង្គសង្គ្រោះ យាងមកដល់នៅគ្រាចុងក្រោយ ហើយនៅតែត្រូវគេហៅថា ព្រះយេស៊ូវ ហើយត្រូវប្រសូតម្ដងទៀត ក្នុងស្រុកយូដា ព្រមទាំងធ្វើកិច្ចការរបស់ទ្រង់នៅទីនោះ នេះបញ្ជាក់ ថា ខ្ញុំបង្កើតតែសាសន៍អ៊ីស្រាអែល និងប្រោសលោះតែសាសន៍ អ៊ីស្រាអែលប៉ុណ្ណោះ ហើយក៏បញ្ជាក់ទៀតថា ខ្ញុំពុំមានអ្វីពាក់ព័ន្ធនឹងសាសន៍ដទៃឡើយ។ តើនេះមិនផ្ទុយនឹងព្រះបន្ទូលខ្ញុំដែលថា «ខ្ញុំជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទេឬអី?» ខ្ញុំបានចាកចេញពីស្រុកយូដា ហើយធ្វើកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមសាសន៍ដទៃ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះរបស់សាសន៍អ៊ីស្រាអែលឡើយ តែក៏ជាព្រះរបស់មនុស្សទាំងអស់ដែរ។ ខ្ញុំលេចមកនៅក្នុងចំណោមសាសន៍ដទៃនៅគ្រាចុងក្រោយ ដ្បិតខ្ញុំមិនត្រឹមតែជាព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែលទេ ប៉ុន្ដែលើសពីនេះ គឺដោយសារខ្ញុំជាព្រះអាទិករនៃ រាស្ដ្ររើសតាំងទាំងអស់របស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃ។ ខ្ញុំមិនមែនបង្កើតតែសាសន៍អ៊ីស្រាអែល សាសន៍អេស៊ីព្ទ និងពួកលីបង់ឡើយ តែខ្ញុំក៏បានបង្កើតសាសន៍ដទៃទាំងអស់ ក្រៅពីអ៊ីស្រាអែលដែរ។ ដោយហេតុនេះ ទើបខ្ញុំគឺជាព្រះអម្ចាស់នៃមនុស្សទាំងអស់។ ខ្ញុំគ្រាន់តែប្រើអ៊ីស្រាអែលជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ខ្ញុំ ហើយយកស្រុកយូដា និងស្រុកកាលីឡេ ធ្វើជាបន្ទាយនៃកិច្ចការប្រោសលោះរបស់ខ្ញុំប៉ុណ្ណោះ ហើយពេលនេះ ខ្ញុំប្រើសាសន៍ដទៃជាមូលដ្ឋាន ដើម្បីនឹងបញ្ចប់យុគសម័យទាំងមូល។ ខ្ញុំបានធ្វើកិច្ចការពីរដំណាក់កាលនៅក្នុងស្រុកអ៊ីស្រាអែល (កិច្ចការទាំងពីរដំណាក់កាលនេះ គឺយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ) ហើយខ្ញុំក៏កំពុងអនុវត្តកិច្ចការពីរដំណាក់កាលបន្តទៀត (យុគសម័យព្រះគុណ និងយុគសម័យនៃនគរព្រះ) ពាសពេញទឹកដី ក្រៅពីស្រុកអ៊ីស្រាអែល។ ខ្ញុំនឹងធ្វើកិច្ចការចម្បាំងនៅក្នុងចំណោមសាសន៍ដទៃ និងដើម្បីបញ្ចប់យុគសម័យនេះ។ ប្រសិនបើមនុស្សហៅខ្ញុំដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទរហូតមក តែមិនដឹងថា ខ្ញុំបានចាប់ផ្ដើមយុគសម័យថ្មីមួយនៅគ្រាចុងក្រោយ និងចាប់ផ្ដើមកិច្ចការថ្មីទេ ហើយប្រសិនបើមនុស្សបន្តរង់ចាំការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះទាំងមមៃ នោះខ្ញុំនឹងហៅមនុស្សទាំងនោះថា ជាអ្នកដែលមិនជឿដល់ខ្ញុំឡើយ ពួកគេជាមនុស្សដែលមិនស្គាល់ខ្ញុំ ហើយជំនឿដែលគេមានចំពោះខ្ញុំ ក៏ជាជំនឿក្លែងក្លាយដែរ។ តើមនុស្សបែបនេះ អាចមើលឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះពីស្ថានសួគ៌ ដោយផ្ទាល់នឹងភ្នែកយ៉ាងដូចម្ដេច? អ្វីដែលគេរង់ចាំនោះ មិនមែនការយាងមកដល់របស់ខ្ញុំទេ ប៉ុន្តែ គឺជាការយាងមកដល់របស់ស្ដេចសាសន៍យូដា។ ពួកគេមិនរង់ចាំខ្ញុំឲ្យមករំលាយលោកិយស្មោកគ្រោកនេះទេ តែផ្ទុយទៅវិញ គេទន្ទឹងរង់ចាំការយាងមកវិញជាលើកទីពីររបស់ព្រះយេស៊ូវ ដើម្បីឲ្យគេបានប្រោសលោះ។ ពួកគេទន្ទឹងចាំព្រះយេស៊ូវយាងមកម្ដងទៀត មកប្រោសលោះមនុស្សទាំងអស់ពីទឹកដីស្មោកគ្រោក និងទុច្ចរិតនេះវិញ។ ធ្វើម្ដេចឲ្យមនុស្សបែបនេះ អាចក្លាយជាមនុស្សដែលសម្រេចកិច្ចការរបស់ខ្ញុំ នៅគ្រាចុងក្រោយបាន? ក្ដីប្រាថ្នារបស់មនុស្ស គឺមិនអាចនឹងសម្រេចបំណងព្រះហឫទ័យរបស់ខ្ញុំ ឬសម្រេចកិច្ចការរបស់ខ្ញុំបាន ពីព្រោះមនុស្សគ្រាន់តែសរសើរ ឬអរសប្បាយនឹងកិច្ចការដែលខ្ញុំបានធ្វើកាលពីមុន ហើយគេមិនដឹងសោះថា ខ្ញុំនេះហើយ គឺជាព្រះជាម្ចាស់ ដែលថ្មីជានិច្ច មិនដែលចាស់ឡើយ។ មនុស្សដឹងត្រឹមថា ខ្ញុំជាព្រះយេហូវ៉ា និងជាព្រះយេស៊ូវ ហើយគ្មានមន្ទិលអ្វីសោះថា ខ្ញុំគឺជាអូមេហ្កា ជាព្រះដែលនាំមនុស្សជាតិទៅរកទីបញ្ចប់។ គ្រប់យ៉ាងដែលមនុស្សទន្ទឹងរង់ចាំ ហើយស្គាល់ គឺសុទ្ធតែបានមកពីការយល់ដឹងរបស់គេ ហើយគ្រាន់តែជាអ្វីដែលគេមើលឃើញនឹងភ្នែករបស់គេផ្ទាល់។ ការនេះមិនស្របនឹងកិច្ចការដែលខ្ញុំធ្វើនោះឡើយ គឺខុសស្រឡះតែម្ដង។ ប្រសិនបើកិច្ចការរបស់ខ្ញុំ ត្រូវធ្វើទៅតាមគំនិតរបស់មនុស្ស តើកិច្ចការនោះនឹងត្រូវចប់នៅពេលណា? តើមនុស្សជាតិនឹងបានចូលទៅទីសម្រាកនៅពេលណា? ហើយតើខ្ញុំនឹងអាចចូលទៅថ្ងៃទី៧ដែលជាថ្ងៃសប្ប័ទនៅពេលណា? ខ្ញុំធ្វើកិច្ចការទៅតាមផែនការរបស់ខ្ញុំ និងស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ មិនមែនធ្វើទៅតាមបំណងរបស់មនុស្សឡើយ។

អានបន្ថែម

ចំណងជើងបន្ថែម