00:00 00:00

ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ កំពុងខិតទៅរកទីបញ្ចប់ ហើយច្រកទ្វារនគរព្រះបានបើកជាស្រេចសម្រាប់អស់អ្នកដែលស្វែងរកការលេចមករបស់ទ្រង់។ បងប្អូនប្រុសស្រីអើយ តើអ្នករាល់គ្នាកំពុងរង់ចាំអ្វីទៀត? តើអ្នករាល់គ្នាកំពុងស្វែងរកអ្វី? តើអ្នករាល់គ្នាកំពុងរង់ចាំឱ្យព្រះជាម្ចាស់លេចមកមែនទេ? តើអ្នកកំពុងរកមើលស្នាមព្រះបាទារបស់ទ្រង់មែនទេ? ពិតជាចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ខ្លាំងណាស់! ហើយការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់អីក៏លំបាកដល់ម្ល៉េះ! នៅក្នុងយុគសម័យបែបនេះ នៅក្នុងពិភពមួយបែបនេះ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីអាចមើលឃើញថ្ងៃដែលព្រះជាម្ចាស់លេចមក? តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីដើរឱ្យទាន់លំអាននៃព្រះបាទារបស់ព្រះជាម្ចាស់? អស់អ្នកដែលរង់ចាំព្រះជាម្ចាស់លេចមក តែងមានសំណួរបែបនេះ។ អ្នករាល់គ្នាគិតពិចារណាអំពីសំណួរទាំងនេះជាច្រើនលើកច្រើនសា ប៉ុន្តែតើបានលទ្ធផលអ្វីខ្លះហើយ? តើព្រះជាម្ចាស់លេចមកនៅទីណា? តើស្នាមព្រះបាទារបស់ព្រះជាម្ចាស់នៅទីណា? តើអ្នករាល់គ្នាមានចម្លើយហើយឬនៅ? មនុស្សជាច្រើននឹងឆ្លើយបែបនេះថា៖ «ព្រះជាម្ចាស់លេចមកនៅក្នុងចំណោមអ្នកទាំងឡាយដែលដើរតាមទ្រង់ ហើយស្នាមព្រះបាទារបស់ទ្រង់ គឺនៅក្នុងចំណោមយើងរាល់គ្នា។ ចម្លើយគឺងាយស្រួលបែបនេះឯង!» នរណាក៏អាចផ្តល់ចម្លើយដែលមានជាលំនាំស្រាប់បានដែរ ប៉ុន្តែតើអ្នករាល់គ្នាយល់ពីអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ ឬស្នាមព្រះបាទារបស់ទ្រង់ដែរឬទេ? ការលេចមករបស់ព្រះជាម្ចាស់ សំដៅលើការយាងមកកាន់ផែនដីរបស់ទ្រង់ ដើម្បីបំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់នឹងយាងចុះមកក្នុងចំណោមមនុស្សជាតិដើម្បីបំពេញកិច្ចការនៃការបង្កើតយុគសម័យមួយ និងបញ្ចប់យុគសម័យមួយដែរ ដោយប្រើអត្តសញ្ញាណ និងនិស្ស័យរបស់ទ្រង់ផ្ទាល់ និងតាមវិធីដែលទ្រង់មានស្រាប់។ ការលេចមកប្រភេទនេះ គឺមិនមែនជាទម្រង់នៃពិធីណាមួយឡើយ។ វាមិនមែនជាទីសម្គាល់ ជារូបភាព ជាការអស្ចារ្យ ឬជានិមិត្តដ៏ធំអស្ចារ្យអ្វីនោះទេ ហើយវាក៏មិនមែនជាដំណើរនៃកិច្ចការសាសនាអ្វីដែរ។ វាគឺជាសេចក្តីពិត និងជាតថភាពជាក់ស្តែង ដែលមនុស្សអាចប៉ះបាន និងអាចមើលឃើញបាន។ ការលេចមកប្រភេទនេះ គឺមិនមែនគ្រាន់តែធ្វើឱ្យតែបាន ឬសម្រាប់ជាការសន្យារយៈពេលខ្លីនោះទេ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ទេ។ ការលេចមករបស់ព្រះជាម្ចាស់ គឺសុទ្ធតែមានអត្ថន័យខ្លឹមសារជានិច្ច និងតែងមានទំនាក់ទំនងខ្លះៗទៅនឹងផែនការគ្រប់គ្រងរបស់ទ្រង់។ អ្វីដែលហៅថា ការលេចមក នៅទីនេះ គឺខុសគ្នាទាំងស្រុងពី «ការលេចមក» ផ្សេងទៀត ដែលព្រះជាម្ចាស់ណែនាំ ដឹកនាំ និងបំភ្លឺដល់មនុស្ស។ ព្រះជាម្ចាស់បំពេញកិច្ចការដ៏វិសេសរបស់ទ្រង់ក្នុងចំណែកណាមួយ រៀងរាល់ពេលដែលទ្រង់លេចមកដោយផ្ទាល់។ កិច្ចការនេះគឺខុសគ្នាពីកិច្ចការនៃយុគសម័យផ្សេងទៀត។ កិច្ចការនេះ មនុស្សមិនអាចស្រមៃនឹកដល់ និងមិនដែលធ្លាប់បានជួបប្រទះពីមុនមកឡើយ។ វាជាកិច្ចការដែលចាប់ផ្តើមនូវយុគសម័យថ្មីមួយ និងបញ្ចប់ទៅវិញនូវយុគសម័យមុន ហើយជាទម្រង់នៃកិច្ចការថ្មីដែលបានកែលម្អរួច សម្រាប់ជាការសង្គ្រោះដល់មនុស្សលោក។ បន្ថែមលើនេះ វាគឺជាកិច្ចការដែលនាំមនុស្សទៅកាន់យុគសម័យថ្មីមួយទៀត។ នេះហើយគឺជាអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់។

នៅពេលណាដែលអ្នករាល់គ្នា បានយល់នូវអត្ថន័យនៃការលេចមករបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នាគប្បីត្រូវស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ដោយរបៀបណា? សំណួរនេះមិនពិបាកពន្យល់នោះទេ៖ នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះហើយដែលអ្នកនឹងឃើញស្នាមព្រះបាទារបស់ទ្រង់។ ការពន្យល់បែបនេះ ស្តាប់ទៅដូចជាត្រង់ៗពេក ប៉ុន្តែមិនងាយស្រួលនឹងអនុវត្តនោះទេ ដ្បិតមនុស្សជាច្រើនពុំបានដឹងថាព្រះជាម្ចាស់លេចមកនៅទីណានោះទេ កាន់តែមិនដឹងថា ទ្រង់អាចនឹងលេចមកនៅទីណា ឬទ្រង់គួរលេចមកនៅទីណាឡើយ។ មនុស្សខ្លះជឿទាំងមិនបានគិតថា នៅទីណាដែលព្រះវិញ្ញាណបរិសុទ្ធកំពុងបំពេញកិច្ចការ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម៉្យាងទៀត ពួកគេជឿថា នៅទីណាដែលមានបុគ្គលខាងវិញ្ញាណ នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ឬម្យ៉ាងទៀតពួកគេជឿថា នៅទីណាដែលមានបុគ្គលមានកេរ្តិ៍ឈ្មោះល្បី នៅទីនោះហើយដែលព្រះជាម្ចាស់លេចមក។ ក្នុងពេលនេះ ចូរយើងទុករឿងដែលថាជំនឿបែបនេះត្រឹមត្រូវឬខុសនោះមួយឡែកសិន។ ដើម្បីពន្យល់សំណួរបែបនេះយើងត្រូវមានគោលដៅច្បាស់លាស់ជាមុនសិន។ យើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ យើងមិនមែនកំពុងស្វែងរកបុគ្គលខាងវិញ្ញាណនោះទេ ហើយយើងក៏មិនបានកំពុងស្វែងរកមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បីដែរ គឺយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ក្នុងហេតុផលនេះ ដោយសារយើងកំពុងស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់ វាជាការចាំបាច់ណាស់ដែលយើងត្រូវស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពីព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រោះនៅទីណាដែលព្រះជាម្ចាស់ទ្រង់ថ្លែងព្រះបន្ទូលថ្មីៗ នោះព្រះសូរសៀងរបស់ព្រះជាម្ចាស់គឺនៅទីនោះឯង ហើយនៅទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នៅទីនោះមានសកម្មភាពរបស់ព្រះជាម្ចាស់។ នៅទីណាដែលមានការសម្តែងចេញអំពីព្រះជាម្ចាស់ នៅទីនោះព្រះជាម្ចាស់លេចមក ហើយនៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានសេចក្តីពិត មានផ្លូវ ហើយជីវិតក៏កើតមានដែរ។ អ្នករាល់គ្នាបានព្រងើយកន្តើយចំពោះពាក្យថា «ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត» ក្នុងការស្វែងរកស្នាមព្រះបាទារបស់ព្រះជាម្ចាស់។ ហេតុដូចនេះ មានមនុស្សជាច្រើនពុំជឿថា ពួកគេបានរកឃើញស្នាមព្រះបាទារបស់ព្រះជាម្ចាស់ទេ ហើយរឹតតែមិនទទួលស្គាល់នូវការលេចមករបស់ព្រះជាម្ចាស់ទៀត ទោះបីជាពួកគេទទួលបានសេចក្តីពិតក៏ដោយ។ នេះគឺជាកំហុសដ៏ធ្ងន់ធ្ងរខ្លាំងណាស់! ការលេចមករបស់ព្រះជាម្ចាស់ មិនអាចត្រូវទៅនឹងសញ្ញាណរបស់មនុស្សបានទេ ហើយទ្រង់រឹតតែមិនអាចលេចមកតាមបង្គាប់របស់មនុស្សបានដែរ។ ព្រះជាម្ចាស់សម្រេចព្រះហឫទ័យ និងធ្វើផែនការរបស់ទ្រង់ដោយព្រះអង្គឯង នៅពេលទ្រង់បំពេញកិច្ចការរបស់ទ្រង់។ បន្ថែមលើនេះ ទ្រង់មានគោលដៅ និងវិធីសាស្រ្តផ្ទាល់របស់ព្រះអង្គ។ មិនថាកិច្ចការអ្វីដែលទ្រង់ធ្វើនោះទេ ទ្រង់ពុំចាំបាច់ត្រូវការពិភាក្សាជាមួយមនុស្ស ឬស្នើសុំយោបល់ពីពួកគេឡើយ និងមិនចាំបាច់ប្រាប់ឱ្យមនុស្សរាល់គ្នាដឹងអំពីកិច្ចការរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នេះគឺជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលមនុស្សគ្រប់រូបគប្បីត្រូវសម្គាល់។ ប្រសិនបើអ្នករាល់គ្នាមានបំណងចង់ធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់ ចង់ដើរតាមស្នាមព្រះបាទារបស់ព្រះជាម្ចាស់ នោះអ្នកត្រូវដើរចេញពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ អ្នកមិនត្រូវទាមទារឱ្យព្រះជាម្ចាស់ធ្វើនេះ ឬធ្វើនោះទេ ហើយអ្នកមិនត្រូវដាក់កំហិត និងកំណត់ព្រំដែនទ្រង់ នៅក្នុងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាគប្បីទាមទារពីខ្លួនអ្នករាល់គ្នានូវវិធីដែលអ្នកគួរស្វែងរកស្នាមព្រះបាទាទ្រង់ វិធីដែលអ្នកគួរទទួលយកការលេចមករបស់ព្រះជាម្ចាស់ និងវិធីដែលអ្នកគួរចុះចូលទៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់៖ នេះគឺជាអ្វីដែលមនុស្សគប្បីត្រូវធ្វើ។ ដោយសារមនុស្សមិនមែនជាសេចក្តីពិត និងគ្មានសេចក្តីពិតក្នុងខ្លួន នោះគេគប្បីស្វែងរក ទទួលយក និងស្ដាប់បង្គាប់តាមទ្រង់។

មិនថាអ្នកជាជនជាតិអាមេរិក អង់គ្លេស ឬជាតិសាសន៍ដទៃនោះទេ អ្នកគប្បីដើរចេញពីរនាំងជាតិសាសន៍ផ្ទាល់ខ្លួនរបស់អ្នក ដោយទៅឱ្យផុតពីខ្លួនឯង និងគិតពីកិច្ចការរបស់ព្រះជាម្ចាស់តាមទីស្ថានរបស់ភាវៈដែលព្រះបានបង្កើតមក។ តាមរបៀបនេះ អ្នកនឹងមិនដាក់កំហិតចំពោះស្នាមព្រះបាទារបស់ព្រះជាម្ចាស់ឡើយ។ នេះគឺដោយសារបច្ចុប្បន្ននេះ មានមនុស្សជាច្រើនយល់ថាវាមិនអាចទៅរួចនោះទេ ដែលព្រះជាម្ចាស់នឹងលេចមកនៅក្នុងជាតិសាសន៍ណាមួយ ឬក្នុងចំណោមក្រុមមនុស្សណាមួយ។ កិច្ចការរបស់ព្រះជាម្ចាស់ ពិតជាមានអត្ថន័យជ្រាលជ្រៅ ហើយការលេចមករបស់ព្រះជាម្ចាស់ ពិតជាមានសារៈសំខាន់ណាស់! តើសញ្ញាណ និងគំនិតរបស់មនុស្សអាចធ្វើការវាស់ស្ទង់បានដោយរបៀបណា? ហេតុនេះហើយបានជាខ្ញុំមានបន្ទូលថា អ្នកគប្បីទម្លុះនូវសញ្ញាណជាតិសាសន៍ និងពូជសាសន៍ដើម្បីស្វែងរកការលេចមករបស់ព្រះជាម្ចាស់។ មានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមិនត្រូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកដាក់កំហិត។ ហើយមានតែការធ្វើបែបនេះទេ ទើបអ្នកនឹងមានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលស្វាគមន៍ការលេចមករបស់ព្រះជាម្ចាស់។ បើពុំដូច្នោះទេ អ្នកនឹងស្ថិតក្នុងភាពងងឹតជាដរាប និងមិនអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។

ព្រះជាម្ចាស់ គឺជាព្រះនៃមនុស្សគ្រប់ជាតិសាសន៍ទាំងមូល។ ទ្រង់ពុំចាត់ទុកអង្គទ្រង់ជាទ្រព្យសម្បត្តិផ្ទាល់ខ្លួននៃជាតិសាសន៍ ឬមនុស្សមួយក្រុមណាឡើយ ប៉ុន្តែទ្រង់ផ្តើមបំពេញកិច្ចការរបស់ទ្រង់ដូចដែលទ្រង់បានគ្រោងទុក ដោយពុំមានការបង្ខាំងដោយទម្រង់ណាមួយ ចំពោះសាសន៍ណាមួយ ឬចំពោះក្រុមមនុស្សណាមួយឡើយ។ ប្រហែលជាអាចមកពីអ្នកពុំធ្លាប់ស្រមៃដល់លក្ខណៈនេះ ឬមកពីអ្នកមានអាកប្បកិរិយាបដិសេធលក្ខណៈនេះ ឬមកពីប្រជាជាតិដែលព្រះជាម្ចាស់សម្ដែងអង្គទ្រង់ និងបណ្ដាមនុស្សដែលទ្រង់លេចមកក្នុងចំណោមពួកគេ ជាមនុស្សដែលគេគ្រប់គ្នារើសអើង ហើយជាមនុស្សដែលអន់ខ្សោយបំផុតនៅលើផែនដី។ តែព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណរបស់ទ្រង់។ ព្រះអង្គពិតជាទទួលបានក្រុមមនុស្សដែលមានគំនិតដូចទ្រង់ ហើយជាក្រុមមនុស្សដែលទ្រង់ចង់កែច្នៃឱ្យបានបរិបូរ ជាក្រុមមនុស្សដែលទ្រង់បានយកឈ្នះដោយព្រះចេស្ដាដ៏មហិមា និងដោយសេចក្ដីពិត ព្រមទាំងនិស្ស័យដ៏អង់អាចរបស់ទ្រង់ ជាក្រុមមនុស្សដែលបានទ្រាំទ្រទុក្ខលំបាក សេចក្ដីវេទនា និងការបៀតបៀនគ្រប់យ៉ាង ហើយនៅតែអាចដើរតាមទ្រង់រហូតដល់ទីបញ្ចប់។ គោលបំណងនៃការលេចមករបស់ព្រះជាម្ចាស់ គឺដើម្បីឱ្យទ្រង់អាចបំពេញកិច្ចការរបស់ទ្រង់បានទៅតាមអ្វីដែលទ្រង់បានគ្រោងទុក ដោយពុំមានដាក់ដែនកំណត់ក្នុងលក្ខណៈណាមួយ ឬដោយសាសន៍ណាមួយឡើយ។ នេះគឺដូចកាលដែលព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅស្រុកយូដាដែរ៖ គោលបំណងរបស់ទ្រង់ គឺដើម្បីបញ្ចប់កិច្ចការនៃការត្រូវឆ្កាងដើម្បីប្រោសលោះមនុស្សទាំងមូល។ ក៏ប៉ុន្តែសាសន៍យូដាបានជឿថា ព្រះជាម្ចាស់មិនអាចធ្វើរឿងបែបនេះបានទេ ហើយពួកគេបានគិតថា ព្រះជាម្ចាស់មិនអាចត្រលប់ជាសាច់ឈាម និងក្លាយជារូបអង្គនៃព្រះអម្ចាស់យេស៊ូវបានឡើយ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ បានក្លាយជាមូលដ្ឋានដែលពួកគេថ្កោលទោស និងបដិសេធព្រះជាម្ចាស់ ហើយចុងក្រោយនាំទៅដល់ការបំផ្លិចបំផ្លាញស្រុកអ៊ីស្រាអែល។ សព្វថ្ងៃនេះ មនុស្សជាច្រើនបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ ពួកគេប្រកាសប្រាប់ពីការលេចមករបស់ព្រះជាម្ចាស់ដែលនឹងជិតមកដល់ អស់ពីកម្លាំងរបស់ពួកគេ តែក្នុងពេលដំណាលគ្នានោះ គេបែរជាថ្កោលទោសចំពោះការលេចមករបស់ទ្រង់ទៅវិញ។ គំនិត «មិនអាចទៅរួច» របស់ពួកគេ ដាក់កំហិតម្ដងទៀតលើការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រំដែននៃការស្រមើស្រមៃរបស់ពួកគេ។ ហេតុនេះ ខ្ញុំបានឃើញមនុស្សជាច្រើនផ្ទុះសំណើចក្អាកក្អាយ និងកងរំពង ក្រោយជួបព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចៃដន្យ។ ប៉ុន្តែតើសំណើចនេះខុសគ្នាពីការថ្កោលទោស និងការប្រមាថរបស់សាសន៍យូដាដែរទេ? អ្នករាល់គ្នាពុំមានការគោរពចំពោះវត្តមាននៃសេចក្តីពិតទេ ហើយអ្នកក៏មិនមានអាកប្បកិរិយាស្រេកឃ្លានសេចក្ដីពិតដែរ។ អ្វីទាំងអស់ដែលអ្នកធ្វើ គឺសិក្សាស្វែងយល់ដោយមិនរើសមុខ និងរង់ចាំដោយត្រេកអរ គ្មានការខ្វល់ខ្វាយសោះឡើយ។ តើអ្នកអាចទទួលបានអ្វីខ្លះ ពីការសិក្សាស្វែងយល់ និងការរង់ចាំបែបនេះ? តើអ្នកគិតថា អ្នកនឹងទទួលបានការដឹកនាំពីព្រះជាម្ចាស់ដោយផ្ទាល់ដែរឬទេ? ប្រសិនបើអ្នកមិនអាចយល់ពីសូរសៀងរបស់ព្រះជាម្ចាស់ តើអ្នកមានលក្ខណសម្បត្តិបែបណា ដើម្បីអាចធ្វើបន្ទាល់អំពីការលេចមករបស់ព្រះជាម្ចាស់បាន? នៅទីណាដែលព្រះជាម្ចាស់លេចមក នៅទីនោះមានការបើកសម្តែងអំពីសេចក្តីពិត ហើយនៅទីនោះមានសូរសៀងរបស់ព្រះជាម្ចាស់។ មានតែអ្នកដែលអាចទទួលយកនូវសេចក្តីពិតនេះប៉ុណ្ណោះដែលនឹងអាចស្ដាប់ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់បាន ហើយមានតែមនុស្សជំពូកនេះទេ ដែលមានលក្ខណសម្បត្តិធ្វើបន្ទាល់ពីការលេចមករបស់ព្រះជាម្ចាស់។ ត្រូវជម្រុះចោលនូវសញ្ញាណរបស់អ្នកចេញ! ចូររក្សាភាពស្ងប់ស្ងៀម និងអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់។ បើអ្នកចង់ឃើញសេចក្តីពិត នោះព្រះជាម្ចាស់នឹងបំភ្លឺអ្នក ហើយអ្នកនឹងយល់ពីបំណងព្រះហឫទ័យ និងព្រះបន្ទូលរបស់ទ្រង់។ ត្រូវជម្រុះចោលនូវទស្សនៈរបស់អ្នករាល់គ្នាចំពោះគំនិតថា «មិនអាចទៅរួច» នេះចេញ! នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃការគិត និងសញ្ញាណរបស់មនុស្សដែរ។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាព្រះអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងសកលលោកទាំងមូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឱ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់កើតឡើងដំណាលគ្នា ហើយនិស្ស័យនិងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់។ បងប្អូនប្រុសស្រីអើយ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចមើលឃើញពីការលេចមករបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះ និងចាប់ផ្ដើមដើរតាមលំអាននៃស្នាមព្រះបាទារបស់ទ្រង់នៅពេលអ្នកបោះជំហានទៅមុខ ទៅក្នុងយុគសម័យថ្មីមួយ និងចូលទៅក្នុងឋានសួគ៌ និងផែនដីថ្មីដ៏ស្រស់ស្អាត ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អស់អ្នកដែលរង់ចាំការលេចមករបស់ទ្រង់!

អានបន្ថែម

ចំណងជើងបន្ថែម