សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានដាក់កំហិតដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រនោះទេ ហើយសិទ្ធិអំណាចរបស់ព្រះអាទិករ គឺហួសពីការគណនាទៅទៀត

24-02-2021

ចូរយើងមើលព្រះគម្ពីរលោកុប្បត្តិជំពូក ២២៖១៧-១៨។ នេះគឺជាខគម្ពីរមួយទៀតដែលព្រះយេហូវ៉ាដ៏ជាព្រះបានមានព្រះបន្ទូលទៅកាន់លោក​អ័ប្រាហាំ «ដើម្បីឲ្យមានព្រះពរ នោះអញនឹងប្រទានពរដល់ឯង ហើយចំពោះការចម្រើនឡើងវិញ អញនឹងពហុគុណដល់ពូជឯងដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជឯងនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជឯង ដ្បិតឯងបានស្ដាប់តាមព្រះសូរសៀងរបស់អញ។» ព្រះយេហូវ៉ាដ៏ជាព្រះ បានប្រទានពរដល់​លោក​អ័ប្រាហាំជាច្រើនលើក ដើម្បីឲ្យកូនចៅរបស់គាត់មានគ្នាយ៉ាងសន្ធឹក ប៉ុន្តែតើពួកគេបង្កើតចំនួនបានច្រើនកម្រិតណា? គឺតាមចំនួនដែលព្រះជា​ម្ចាស់​បានមានបន្ទូលនៅក្នុងខគម្ពីរ «ដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» មានន័យថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់លោក​អ័ប្រាហាំឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយឲ្យច្រើនដូចខ្សាច់នៅមាត់សមុទ្រ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយប្រើការប្រៀបធៀប ហើយចេញពីការប្រៀបធៀបនេះ វាមិនមែនជារឿងលំបាកនោះទេ ដែលព្រះជាម្ចាស់គ្រាន់តែប្រទានកូនចៅមួយ ពីរ ឬសូម្បីតែរាប់ពាន់នាក់ដល់លោក​អ័ប្រាហាំនោះ។ មិនតែប៉ុណ្ណោះ ទ្រង់អាចប្រទានចំនួនដែលរាប់មិនអស់ ដែលគ្រប់គ្រាន់នឹងក្លាយជាជាតិសាសន៍នានា ដោយសារព្រះជាម្ចាស់បានសន្យានឹងលោក​អ័ប្រាហាំថា គាត់នឹងក្លាយជាឪពុកនៃជាតិសាសន៍នានា។ ពេលនេះ តើចំនួននេះត្រូវបានកំណត់ដោយមនុស្ស ឬដោយព្រះជាម្ចាស់? តើមនុស្សអាចគ្រប់គ្រងចំនួនកូនចៅដែលគេមានបានឬទេ? តើវាអាស្រ័យលើគេទេ? វាមិនអាស្រ័យលើមនុស្សនោះទេ ថាតើគេមានពីរបីនាក់ ឬច្រើនដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» នោះ។ តើនរណាមិនប្រាថ្នាចង់បានកូនចៅច្រើនដូចជាផ្កាយនោះ? ជាអកុសល អ្វីៗមិនមែនតែងតែទៅតាមវិធីដែលអ្នកចង់បាននោះទេ។ មិនថាមនុស្សមានជំនាញ ឬសមត្ថភាពប៉ុណ្ណានោះទេ គឺវាមិនអាស្រ័យលើគាត់នោះទេ។ គ្មាននរណាម្នាក់អាចឈរខាងក្រៅដែនកំណត់ដែលព្រះជាម្ចាស់ត្រួតត្រាបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនដែលទ្រង់អនុញ្ញាតដល់អ្នក គឺជាចំនួនដែលអ្នកគួរតែមាន៖ ប្រសិនបើព្រះជាម្ចាស់ប្រទានឲ្យអ្នកតិចតួច នោះអ្នកនឹងមិនដែលមានច្រើននោះទេ ហើយប្រសិនបើព្រះជាម្ចាស់ប្រទានឲ្យអ្នកច្រើន នោះគ្មានប្រយោជន៍អ្វីដែលអ្នកត្រូវតូចចិត្តចំពោះចំនួនដែលអ្នកមាននោះទេ។ តើមិនមែនបែបនោះទេឬអី? ទាំងអស់នេះគឺអាស្រ័យលើព្រះជាម្ចាស់ មិនមែនអាស្រ័យលើមនុស្សនោះទេ! មនុស្សត្រូវបានព្រះជាម្ចាស់ត្រួតត្រា ហើយគ្មានករណីលើកលែងចំពោះនរណាម្នាក់នោះទេ!

នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល «អញនឹងពហុគុណដល់ពូជឯង» នេះគឺជាសេចក្តីសញ្ញាមួយដែលព្រះជាម្ចាស់បានតាំងជាមួយលោក​អ័ប្រាហាំ ហើយដូចទៅនឹងសេចក្តីសញ្ញាឥទ្ទធនូដែរ វានឹងត្រូវបានសម្រេចអស់កល្បជានិច្ច ហើយវាក៏ជាសេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះលោក​អ័ប្រាហាំដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមាគុណសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាពដើម្បីធ្វើឲ្យសេច​ក្តីសន្យានេះក្លាយជាការពិត។ មិនថាមនុស្សជឿ ឬមិនជឿអំពីរឿងនេះនោះទេ មិនថាមនុស្សទទួលយកវាបាន ឬមិនបាននោះទេ ហើយមិនថាមនុស្សយល់យ៉ាងណាចំពោះវា ឬចាត់ទុកវាបែបណានោះទេ គ្រប់យ៉ាងទាំងអស់នឹងត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល​។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងបំណង និងសញ្ញាណរបស់មនុស្សនោះទេ ហើយវានឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងមនុស្ស ហេតុការណ៍ ឬវត្ថុអ្វីមួយឡើយ។ របស់សព្វសារពើនឹងវិនាសបាត់ទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងស្ថិតនៅជារៀងរហូត។ តាមពិត ថ្ងៃដែលអ្វីៗអាចវិនាសបាត់ទៅ គឺពិតជាថ្ងៃដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចយ៉ាងពេញលេញ ព្រោះទ្រង់ជាព្រះអាទិករ ទ្រង់មានសិទ្ធិអំណាចរបស់ព្រះអាទិករ ទ្រង់មានព្រះ​ចេស្ដា​របស់ព្រះអាទិករ ហើយទ្រង់គ្រប់គ្រងរបស់សព្វសារពើ និងកម្លាំងជីវិតទាំងអស់។ ទ្រង់អាចបណ្តាលឲ្យអ្វីមួយកើតចេញមកពីភាពគ្មានអ្វីសោះ ឬអាចធ្វើឲ្យអ្វីមួយក្លាយទទេ​សូន្យ ហើយទ្រង់គ្រប់គ្រងការផ្លាស់ប្តូរ​នៃរបស់សព្វសារពើ តាំងពីការរស់នៅរហូតដល់ស្លាប់។ សម្រាប់ព្រះជាម្ចាស់ គ្មានអ្វីសាមញ្ញជាងការចម្រើនកូន​ចៅ​របស់នរណាម្នាក់ ឲ្យច្រើនសន្ធឹកសន្ធាប់នោះទេ។ ការនិយាយបែបនេះ ស្តាប់ទៅហាក់ដូចជារឿងប្លែកអស្ចារ្យសម្រាប់មនុស្ស ដូចជារឿងព្រេងអ៊ីចឹង ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ អ្វីដែលទ្រង់សម្រេចព្រះហឫទ័យ និងសន្យាធ្វើ មិនមែនជារឿងប្លែកអស្ចារ្យ ឬជារឿងព្រេងនោះទេ។ ផ្ទុយទៅវិញ វាជាការពិតមួយដែលព្រះជាម្ចាស់បានឃើញរួចទៅហើយ ហើយដែលនឹងត្រូវបានសម្រេចយ៉ាងពិតប្រាកដ។ តើអ្នករាល់គ្នាកោតសរសើរចំពោះរឿងនេះទេ? តើការពិតបានបញ្ជាក់ថា កូនចៅរបស់លោក​អ័ប្រាហាំមានចំនួនសន្ធឹកសន្ធាប់ឬទេ? តើពួកគេច្រើនសន្ធឹកសន្ធាប់បែបណា? តើពួកគេច្រើនសន្ធឹកសន្ធាប់ដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» ដែលព្រះជាម្ចាស់មានព្រះបន្ទូលឬទេ? តើពួកគេរាយប៉ាយនៅទូទាំងជាតិសាសន៍ និងសាសនា ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកឬទេ? តាមរយៈអ្វី ដែលការពិតនេះត្រូវបានសម្រេច?​តើវាត្រូវបានសម្រេចដោយសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? អស់រយៈពេលរាប់រយ ឬរាប់ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តសម្រេចរហូតមក ហើយកំពុងក្លាយជាការពិតជានិច្ច។ នេះគឺជាសព្វានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាអំណះអំណាងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើនៅគ្រាដំបូង ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺឡើង» ដូច្នេះពន្លឺក៏មានឡើង។ ហេតុការណ៍នេះបានកើតឡើងយ៉ាងឆាប់រហ័ស ត្រូវបានសម្រេចក្នុងរយៈពេលដ៏ខ្លី និងគ្មានការពន្យារពេលក្នុងការសម្រេច និងការទទួលបានរបស់វានោះទេ។ លទ្ធផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺភ្លាមៗមួយរំពេច។ ហេតុការណ៍ទាំងពីរខាងលើនេះ គឺជាការបង្ហាញឲ្យឃើញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បានប្រទានពរដល់​លោក​អ័ប្រាហាំ ទ្រង់អនុញ្ញាតឲ្យមនុស្សមើល​ឃើញលក្ខណៈសំខាន់មួយចំហៀងផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ក៏ដូចជាអនុញ្ញាតឲ្យមនុស្សឃើញការពិតដែលថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺហួសពីការគណនា។ ជាងនេះទៅទៀត ទ្រង់បានអនុញ្ញាតឲ្យមនុស្សឃើញផ្នែកដែលល្អជាង និងពិតជាងនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ នោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បញ្ជាលើ​កិច្ចការនេះ ហើយការពិតដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានសន្យា ចាប់ផ្តើមក្លាយជាការពិតបន្តិចម្តងៗ។ ជាលទ្ធផល ការផ្លាស់ប្តូរចាប់ផ្តើមកើតឡើងនៅក្នុងចំណោមរបស់សព្វសារពើ ដូចទៅនឹងការមកដល់នៃរដូវផ្ការីក ដែលស្មៅប្រែជាពណ៌បៃតង ផ្កាចាប់រីក ផ្កាក្រពុំចេញពន្លកពីដើមឈើ បក្សា​បក្សីចាប់ផ្តើមច្រៀង ក្ងានត្រឡប់មកវិញ ហើយទីវាលពេញទៅដោយមនុស្សអ៊ីចឹង...។ តាម​រយៈ​ការមកដល់នៃរដូវផ្ការីក របស់សព្វសារពើត្រូវបានធ្វើឲ្យថ្មីស្រស់ ហើយនេះគឺជាទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ។ នៅពេលដែលព្រះជាម្ចាស់សម្រេចសេចក្តីសន្យារបស់ទ្រង់ នោះរបស់សព្វសារពើនៅលើស្ថានសួគ៌ និងនៅលើផែនដីប្រែជាថ្មីឡើងវិញ ហើយផ្លាស់ប្តូរទៅតាមព្រះតម្រិះរបស់ព្រះជាម្ចាស់ ដោយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ។ នៅពេលដែលការប្ដេជ្ញា ឬសេចក្តីសន្យា ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបម្រើការសម្រេចរបស់វា ហើយត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍នៃ​ការសម្រេចរបស់វា។ សត្តនិករទាំងអស់ត្រូវបានចាត់ចែង និងត្រូវបានរៀបចំនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដោយការបំពេញតាមតួនាទីរបស់ពួកវារៀងៗខ្លួន ហើយបម្រើតាមតួនាទីរបស់ពួកវារៀងៗខ្លួន។ នេះគឺជាការបើកបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ តើអ្នកឃើញអ្វីនៅក្នុងការបើកបង្ហាញនេះ? ធ្វើដូចម្តេចទើបអ្នកស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? តើមានលំដាប់ចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមានការកំណត់ពេលវេលាឬទេ? តើអាចនិយាយថា វាមានកម្ពស់ជាក់លាក់ប៉ុណ្ណេះ វាមានប្រវែងជាក់លាក់ប៉ុណ្ណោះបានទេ? តើអាចនិយាយបានថា វាមានទំហំ ឬកម្លាំងជាក់លាក់មួយដែរឬទេ? តើមនុស្សអាចប្រើរង្វាស់រង្វាល់ដើម្បីវាស់វាបានទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនភ្លឺភ្លឹបភ្លែតៗ មិនមកហើយទៅវិញនោះទេ ហើយគ្មាននរណាម្នាក់អាចវាស់អំពីភាពអស្ចារ្យនៃសិទ្ធិអំណាចរបស់ទ្រង់បានទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណានោះទេ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់​មនុស្សម្នាក់ នោះព្រះពរនេះនឹងបន្តទៅមុខ ហើយដំណើរការបន្តបន្ទាប់របស់វានឹងបញ្ជាក់​​ពី​សិទ្ធិអំណាចដែលមិនអាចប៉ាន់​ប្រមាណបានរបស់ព្រះជាម្ចាស់ ហើយនឹងអនុញ្ញាតឲ្យមនុស្សជាតិមើល​ឃើញ​ការ​លេច​មក​នៃ​កម្លាំងជីវិតដែលមិនអាចរលត់បានរបស់ព្រះអាទិករ​ម្តងហើយម្តងទៀត។ ការបង្ហាញនីមួយៗនៃសិទ្ធិអំណាចរបស់ទ្រង់ គឺជាការពន្យល់​បង្ហាញ​ដ៏គ្រប់លក្ខណ៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ដែលត្រូវបានពន្យល់​បង្ហាញចំពោះរបស់សព្វសារពើ និងចំពោះមនុស្សជាតិ​។ ជាងនេះទៅទៀត គ្រប់យ៉ាងដែលសិទ្ធិអំណាចរបស់ទ្រង់សម្រេចបាន គឺល្អគ្មានអ្វី​ផ្ទឹម ហើយគ្មាន​កំហុស​ទាល់​តែ​សោះ​។ អាចនិយាយបានថា ព្រះតម្រិះរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងកិច្ចការទាំងអស់ដែលទ្រង់សម្រេចបាន គឺជារូបភាពដ៏ស្រស់ស្អាតមួយ​ដែល​គ្មានអ្វី​ផ្ទឹមបាន ហើយចំពោះសត្តនិករវិញ ភាសារបស់មនុស្សជាតិមិនអាចពណ៌នាអំពីសារៈសំខាន់ និងគុណតម្លៃរបស់វាបានឡើយ។ នៅពេលដែលព្រះជាម្ចាស់ធ្វើសេចក្តីសន្យាចំពោះមនុស្សម្នាក់ គ្រប់យ៉ាងអំពីពួកគេ គឺព្រះជាម្ចាស់ជ្រាប​ច្បាស់ដូចខ្នងព្រះហស្ដផ្ទាល់របស់ទ្រង់អ៊ីចឹង មិនថាពួកគេរស់នៅទីណា ឬអ្វីដែលពួកគេធ្វើ ប្រវត្តិរូបរបស់ពួកគេមុនពេល និងក្រោយពេលដែលពួកគេទទួលបានសេចក្តីសន្យា ឬការរំជើបរំជួលអស្ចារ្យប៉ុណ្ណានៅក្នុងបរិស្ថានរស់នៅរបស់ពួកគេនោះទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុណ្ណា បន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលរបស់ទ្រង់នោះទេ ចំពោះទ្រង់ វាប្រៀបដូចជាព្រះបន្ទូលទាំងនេះទើបតែត្រូវបានថ្លែងអ៊ីចឹង​។ មានន័យថា ព្រះជាម្ចាស់មានព្រះ​ចេស្ដា​ ហើយមានសិទ្ធិអំណាចដែលទ្រង់អាចតាមដាន គ្រប់គ្រង និងសម្រេចរាល់សេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្សជាតិ។ ហើយមិនថាជាសន្យាអ្វី មិនថាវាត្រូវការពេលប៉ុន្មានដើម្បីសម្រេចយ៉ាងពេញលេញ ហើយជាងនេះទៅទៀត មិនថាទំហំដែលការសម្រេចរបស់វាប៉ះពាល់​ មានវិសាលភាពធំទូលាយប៉ុណ្ណា ឧទាហរណ៍ ពេលវេលា លក្ខណៈភូមិសាស្ត្រ ជាតិសាសន៍។ល។ ក៏សេចក្តីសន្យានេះនឹងត្រូវបានសម្រេច និងទទួលបានដែរ។ ជាងនេះទៅទៀត ការសម្រេចបាន និងការទទួលបានរបស់សេចក្តីសន្យានេះ នឹងមិនទាមទារឲ្យទ្រង់មានការប្រឹងប្រែងសូម្បីតែបន្តិច។ តើនេះបញ្ជាក់អំពីអ្វី? វាបញ្ជាក់ថា វិសាលភាពនៃសិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសកលលោកទាំងមូល និងមនុស្សជាតិទាំងមូល។ ទ្រង់បានបង្កើតពន្លឺ ប៉ុន្តែនោះមិនមានន័យថាព្រះជាម្ចាស់គ្រាន់តែគ្រប់គ្រងពន្លឺនោះទេ ឬមិនមានន័យថាទ្រង់គ្រាន់តែគ្រប់គ្រងទឹកដោយសារតែទ្រង់បានបង្កើតទឹកនោះទេ ហើយក៏​មិនមានន័យថា គ្រប់យ៉ាងផ្សេងទៀតមិនទាក់ទងនឹងព្រះជាម្ចាស់នោះដែរ។ តើនេះមិនមែនជាការយល់ខុសទេឬ? ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់លោក​អ័ប្រាហាំ បានរសាត់បន្តិចម្តងៗពីការចងចាំរបស់មនុស្ស ក្រោយពីរាប់រាយឆ្នាំក៏ដោយ​សម្រាប់ព្រះជាម្ចាស់ ការសន្យានេះនៅតែស្ថិតនៅដដែល។ វានៅតែស្ថិតនៅក្នុងដំណើរការនៃការសម្រេច ហើយមិនដែលឈប់នោះទេ។ មនុស្សមិនដែលដឹង ឬបានឮពីវិធីដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនដែលដឹង ឬបានឮពីវិធីដែលរបស់សព្វសារពើត្រូវបានចាត់ចែង និងមិនដែលដឹង ឬបានឮពីចំនួននៃរឿងរ៉ាវអស្ចារ្យ​ដែលបានកើតឡើងក្នុងចំណោមរបស់សព្វសារពើនៃ​ការ​បង្កើតរបស់ព្រះជាម្ចាស់ក្នុង​អំឡុងពេលនេះនោះទេ។ ប៉ុន្តែ រាល់បំណែកនៃការបង្ហាញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការបើកសម្តែងពីទង្វើរបស់ទ្រង់ត្រូវបានផ្ទេរ និងលើកតម្កើងនៅក្នុងរបស់សព្វសារពើ។ របស់សព្វសារពើបានប្រកាស និងបានថ្លែងពីទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ ហើយរឿងរ៉ាវនីមួយៗ​ដែលគេ​បាន​និយាយច្រើនអំពី​អធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ នឹងត្រូវបានប្រកាសដោយរបស់សព្វសារពើជារៀងរហូតតទៅ។ សិទ្ធិអំណាចដែលព្រះជាម្ចាស់ត្រួតត្រាលើ​របស់សព្វសារពើ និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់ បង្ហាញដល់របស់សព្វសារពើថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នៅពេលដែលអ្នកបានឃើញទីបន្ទាល់ពីវិសាលភាពនៃសិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់ នោះអ្នកនឹងឃើញថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ សិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់ មិនត្រូវបានទប់ស្កាត់ដោយពេលវេលា លក្ខណៈភូមិសាស្ត្រ ទីកន្លែង ឬមនុស្សណាម្នាក់ ហេតុការណ៍ណាមួយ ឬវត្ថុណាមួយនោះឡើយ​។ វិសាលភាពនៃសិទ្ធិអំណាច និងអំណាចរបស់ព្រះជាម្ចាស់ គឺហួសពីការគិតស្រមៃរបស់មនុស្ស។ មនុស្សមិនអាចវាស់ស្ទង់បាន មនុស្សមិនអាចស្រមើស្រមៃបាន ហើយមនុស្សនឹងមិនដែលស្គាល់យ៉ាងពេញលេញនោះឡើយ។

មនុស្សមួយចំនួនចូលចិត្តសន្និដ្ឋាន និងចូលចិត្តគិតស្រមៃ ប៉ុន្តែតើការគិតស្រមៃរបស់មនុស្សអាចទៅដល់ចម្ងាយណាទៅ? តើវាអាចទៅហួសពិភពលោកនេះបានទេ? តើមនុស្សមានសមត្ថភាពក្នុងការសន្និដ្ឋាន និងគិតស្រមៃអំពីភាពពិត និងភាពត្រឹមត្រូវនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើការសន្និដ្ឋាន និងការគិតស្រមៃរបស់មនុស្សអាចអនុញ្ញាតឲ្យគេសម្រេចបាននូវចំណេះដឹងមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើពួកវាអាចធ្វើឲ្យមនុស្សពិតជាកោតសរសើរ និងចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? ការពិតបញ្ជាក់ថា ការសន្និដ្ឋាន និងការគិតស្រមៃរបស់មនុស្សគឺគ្រាន់តែជាផលិតផលនៃប្រាជ្ញារបស់មនុស្ស​ប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ជំនួយ ឬផលប្រយោជន៍សូម្បី​តែបន្តិចដល់ចំណេះដឹងរបស់មនុស្សអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ បន្ទាប់ពីអានរឿងប្រលោមលោកបែបវិទ្យាសាស្ត្រ មនុស្សមួយចំនួនអាចគិតស្រមៃអំពីព្រះចន្ទ ឬលក្ខណៈរបស់ផ្កាយ។ ប៉ុន្តែការស្រមៃគិតនេះមិនមានន័យថា មនុស្សមានការយល់ដឹងណាមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ចេញពីការពិតនៃអ្វីៗទាំងនេះ ពោលគឺ ទំនាក់ទំនងរបស់ពួកវាជាមួយនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មនុស្សពិតជាគ្មានការយល់ដឹងនោះទេ។ ទោះបីជាអ្នកធ្លាប់បានទៅដល់ឋានព្រះចន្ទក៏ដោយ តើវាចាំបាច់ឬទេ? តើនេះបង្ហាញថាអ្នកមានការយល់ដឹងគ្រប់រឿងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើវាបង្ហាញថា អ្នកអាចគិតស្រមៃអំពីវិសាលភាពនៃសិទ្ធិអំណាច និងព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់ឬទេ? ដោយសារតែការសន្និដ្ឋាន និងការគិតស្រមៃរបស់មនុស្សមិនអាចអនុញ្ញាតឲ្យគេស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើមនុស្សគួរតែធ្វើអ្វី? ជម្រើសដ៏ឆ្លាតវៃបំផុតអាចជាការ​មិនសន្និដ្ឋាន ឬគិតស្រមៃ ឬអាចនិយាយថា មនុស្សមិនត្រូវពឹងផ្អែកលើការគិតស្រមៃ និងពឹងផ្អែកលើការសន្និដ្ឋានជាដាច់ខាត នៅពេលដែលពាក់ព័ន្ធទៅនឹងការស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើអ្វីទៅ​ដែលខ្ញុំចង់និយាយប្រាប់អ្នករាល់គ្នានៅទីនេះ? ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះ​ចេស្ដា​របស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបានដោយពឹងផ្អែកលើការគិតស្រមៃរបស់អ្នកបានទេ។ ដោយសារតែអ្នកមិនអាចពឹងផ្អែកលើការគិតស្រមៃដើម្បីស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចស់ នោះតើតាមវិធីណាដែលអ្នកអាចសម្រេចបាននូវចំណេះដឹងមួយដ៏ពិតប្រាកដអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? វិធីដើម្បីអាច​សម្រេច​បាន​ គឺតាមរយៈការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការប្រកបគ្នា និងតាមរយៈការមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកនឹងមានបទពិសោធន៍ជាក់ស្តែងបន្តិចម្តងៗ និងការបញ្ជាក់អះអាងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានការយល់ដឹងបន្តិចម្តងៗ និងចំណេះដឹងបន្ថែមអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់​។ នេះគឺជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺមិនមានផ្លូវកាត់នោះទេ។ ការស្នើមិនឲ្យអ្នករាល់គ្នាគិតស្រមៃ មិនដូចគ្នាទៅនឹងការធ្វើឲ្យអ្នករាល់គ្នាអង្គុយស្ងៀមរង់ចាំការបំផ្លាញ ឬ​បញ្ឈប់​អ្នករាល់គ្នាមិនឲ្យធ្វើអ្វីមួយនោះទេ។ ការមិនប្រើប្រាស់ខួរក្បាលដើម្បីគិត និងគិតស្រមៃ មានន័យថាជាការមិនប្រើភាពតក្កៈ និងការសន្និដ្ឋាន មិនប្រើចំណេះដឹងដើម្បីវិភាគ និងមិនប្រើវិទ្យាសាស្ត្រជាមូលដ្ឋាន ប៉ុន្តែផ្ទុយទៅវិញ ជាការសរសើរ ការបញ្ជាក់អះអាង និងការបញ្ជាក់ថា ព្រះជាម្ចាស់ដែលអ្នកជឿមានសិទ្ធិអំណាច បញ្ជាក់ថា ទ្រង់កាន់កាប់អធិបតេយ្យភាពលើជោគវាសនារបស់អ្នក ហើយថា ព្រះ​ចេស្ដា​របស់ទ្រង់បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតគ្រប់ពេលវេលា តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការពិត និងតាមរយៈគ្រប់យ៉ាងដែលអ្នកជួបប្រទះនៅក្នុងជីវិត។ នេះគឺជាវិធីតែមួយគត់ដែលគ្រប់គ្នាអាចសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់។ មនុស្សមួយចំនួននិយាយថា ពួកគេមានបំណងចង់ស្វែងរកវិធីដ៏សាមញ្ញមួយក្នុងការសម្រេចបានគោលបំណងនេះ ប៉ុន្តែតើអ្នករាល់គ្នាអាចគិតដល់វិធីបែបនេះឬទេ? ខ្ញុំសូម​ប្រាប់អ្នករាល់គ្នាថា មិនចាំបាច់គិតនោះទេ៖ គ្មានផ្លូវណាផ្សេងនោះទេ! វិធីតែមួយគត់ គឺស្គាល់ និងបញ្ជាក់អះអាងយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងយកចិត្តទុកដាក់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តាមរយៈព្រះបន្ទូលនីមួយៗដែលទ្រង់ថ្លែង និងតាមរយៈអ្វីៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីតែមួយគត់ដើម្បីស្គាល់ព្រះជាម្ចាស់​។ ចំពោះ​កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ មិនមែនឥតសារៈសំខាន់ និងទទេស្អាតនោះទេ ប៉ុន្តែពួកវាពិតប្រាកដមែន។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ការពិតនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះអាទិករលើរបស់សព្វសារពើ និងលើភាវៈមានជីវិតនានា ថ្លែងពី​អត្ថិ​ភាពពិតប្រាកដ​នៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ស្រដៀងគ្នានេះដែរ ព្រះពររបស់ព្រះយេហូវ៉ាសម្រាប់​លោក​យ៉ូប ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ូប។ តើព្រះជាម្ចាស់បានប្រទានអ្វីដល់លោក​យ៉ូប?...

ទោះបីជាមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ

សាតាំងបាន និងកំពុងធ្វើឲ្យមនុស្សជាតិពុករលួយអស់រយៈ​ពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់...

ព្រះពររបស់ព្រះជាម្ចាស់

លោកុប្ប្តត្តិ ១៧:៤-៦ មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម...

មានតែព្រះជាម្ចាស់ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចតែមួយគត់

អត្តសញ្ញាណពិសេសរបស់សាតាំង បានបណ្តាលឲ្យមនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះការបើកបង្ហាញរបស់វាអំពីទិដ្ឋភាពនានា។...

Leave a Reply