នៅពេលដែលទ្រង់បានមានបន្ទូលនៅលើឈើឆ្កាងថា «វាចប់សព្វគ្រប់ហើយ» តើព្រះអម្ចាស់យេស៊ូវចង់មានន័យថាម៉េច?

10-10-2021

អ្នកដែលជឿលើព្រះអម្ចាស់គិតថា ពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់ចង់មានបន្ទូលថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ហើយ។ ដូច្នេះ គ្រប់គ្នាជឿជាក់ថា ពេលព្រះអម្ចាស់ត្រឡប់មកវិញ ទ្រង់នឹងមិនមានកិច្ចការសង្រ្គោះណាទៀតដែលត្រូវធ្វើឡើយ ប៉ុន្តែ ទ្រង់គ្រាន់តែលើកពួកអ្នកជឿឡើងទៅលើមេឃ ដើម្បីជួបព្រះអម្ចាស់ ដើម្បីនាំយើងចូលទៅស្ថានសួគ៌តែប៉ុណ្ណឹងឯង។ នេះជាអ្វីមួយដែលអ្នកជឿលើព្រះអម្ចាស់ជឿជាក់យ៉ាងមុតមាំ។ នេះជាហេតុផលដែលមនុស្សជាច្រើនតែងតែសម្លឹងមើលមេឃ ដោយរង់ចាំឱ្យព្រះអម្ចាស់នាំពួកគេចូលទៅក្នុងនគរទ្រង់ភ្លាមៗដោយមិនធ្វើអ្វីសោះ។ ប៉ុន្តែឥឡូវ មហន្តរាយធំៗបានមកដល់ ហើយមនុស្សភាគច្រើនមិនបានឃើញការយាងមករបស់ព្រះអម្ចាស់ទេ ដូច្នេះសេចក្តីជំនឿរបស់គេក៏សាបរលាប និងមានអារម្មណ៍បាក់ទឹកចិត្ត។ អ្នកខ្លះថែមទាំងមានមន្ទិលថា៖ តើសេចក្តីសន្យារបស់ព្រះអម្ចាស់ជាការពិតដែរឬទេ? តើទ្រង់កំពុងយាងមក ឬក៏អត់? តាមពិតទៅ ព្រះអម្ចាស់យេស៊ូវបានយាងមកស្ងាត់ៗ ក្នុងនាមជាបុត្រមនុស្សតាំងពីយូរណាស់មកហើយ ដោយសម្ដែងនូវសេចក្តីពិតជាច្រើន និងធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមជាមួយដំណាក់របស់ព្រះជាម្ចាស់។ តែមនុស្សភាគច្រើនមិនព្យាយាមស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឬព្យាយាមស្ដាប់ព្រះបន្ទូលរបស់ព្រះវិញ្ញាណបរិសុទ្ធទៅកាន់ពួកជំនុំទេ ហើយពួកគេបានសន្មតតាំងពីដើមមកថា ព្រះអម្ចាស់បានយាងមកនៅលើពពក ដើម្បីយកពួកគេចូលទៅស្ថានសួគ៌ ដូច្នេះពួកគេខកខានឱកាសដើម្បីស្វាគមន៍ព្រះអម្ចាស់។ ការនេះនឹងក្លាយជាវិប្បដិសារីអស់មួយជីវិត។ ការនេះអាចត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងរបៀបដែលមនុស្សបកស្រាយព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវនៅលើឈើឆ្កាង៖ «វាចប់សព្វគ្រប់ហើយ»។

ចូរយើងចាប់ផ្ដើមជាមួយឃ្លានេះ។ ហេតុអ្វីអ្នកជឿជាច្រើនគិតថា ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ «វាចប់សព្វគ្រប់ហើយ» ចង់មានន័យថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់? តើមានមូលដ្ឋានព្រះគម្ពីរសម្រាប់ការនេះដែរឬទេ? តើការនេះត្រូវបានបញ្ជាក់ដោយព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើព្រះអម្ចាស់ធ្លាប់មានបន្ទូលថា ទ្រង់នឹងមិនបំពេញកិច្ចការណាផ្សេង ដើម្បីសង្រ្គោះមនុស្សជាតិឬទេ? តើព្រះវិញ្ញាណបរិសុទ្ធបានធ្វើបន្ទាល់ថា ព្រះបន្ទូលទាំងនេះ សំដៅលើព្រះជាម្ចាស់បញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់ឬ? យើងអាចនិយាយដោយជឿជាក់ថា៖ គឺគ្មានឡើយ។ ចុះហេតុអ្វីបានជាគ្រប់គ្នាកំណត់អត្ថន័យព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវទាំងនេះ ថាកិច្ចការសង្រ្គោះរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់យ៉ាងពេញលេញទៅវិញ? វាដូចជាមិនទំនងឡើយ មែនទេ? ការយល់ដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ។ ២ពេត្រុស ១:២០ ចែងថា «ដោយដឹងសេចក្តីនេះជាមុនថា គ្មានទំនាយណាមួយនៃបទគម្ពីរ ត្រូវកាត់ស្រាយតាមចិត្តនោះទេ»។ ផលវិបាកចេញពីការបកស្រាយបទគម្ពីរដោយខ្លួនឯងពិតជាធ្ងន់ធ្ងរណាស់។ សូមគិតអំពីពួកផារីស៊ី ពួកគេបកស្រាយដោយខ្លួនឯងនូវសេចក្តីទំនាយអំពីព្រះមែស្ស៊ី ហើយជាលទ្ធផល ព្រះមែស្ស៊ីបានយាងមក ហើយពួកគេបានឃើញថា ព្រះអម្ចាស់យេស៊ូវមិនស្របតាមការបកស្រាយរបស់ពួកគេ។ ដូច្នេះ ពួកគេបានថ្កោលទោសកិច្ចការរបស់ទ្រង់ ហើយថែមទាំងឆ្កាងទ្រង់ទៀតផង។ ពួកគេប្រឈមនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ការនេះនាំឱ្យពួកគេត្រូវទទួលទោសពីព្រះអម្ចាស់យេស៊ូវដោយផ្ទាល់។ ពួកគេត្រូវបណ្ដាសា!

ដូច្នេះ ពេលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង តើទ្រង់ចង់មានបន្ទូលអំពីអ្វីទៅ? ការយល់ដឹងអំពីចំណុចនេះ តម្រូវឱ្យគិតយ៉ាងយកចិត្តទុកដាក់ទៅលើសេចក្តីទំនាយក្នុងព្រះគម្ពីរអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ ជាពិសេស សេចក្តីដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលដោយផ្ទាល់ថា ទ្រង់នឹងធ្វើ និងប្រស្នារបស់ទ្រង់អំពីនគរស្ថានសួគ៌។ ការទាំងនេះត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ។ យើងត្រូវតែមានការយល់ដឹងមូលដ្ឋានមួយអំពីសេចក្តីទំនាយ និងប្រស្នាទាំងនេះ ដើម្បីយល់ឱ្យបានត្រឹមត្រូវ អំពីអ្វីដែលព្រះអម្ចាស់យេស៊ូវចង់សំដៅលើ ពេលទ្រង់មានបន្ទូលបែបនេះនៅលើឈើឆ្កាង។ ទោះបីជាយើងមិនយល់ទាំងស្រុងអំពីការនេះក៏ដោយ ក៏យើងមិនត្រូវសន្មតថា ទ្រង់ចង់មានន័យថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ទាំងស្រុងនោះដែរ។ នេះជាជំនឿតាមអំពើចិត្ត និងគួរឱ្យអស់សំណើច។ តាមពិត បើយើងគិតគូរយ៉ាងហ្មត់ចត់លើសេចក្តីទំនាយ និងប្រស្នារបស់ព្រះអម្ចាស់យេស៊ូវសម្រាប់នគរស្ថានសួគ៌ យើងអាចទទួលបានការយល់ដឹងមូលដ្ឋានមួយអំពីនគរព្រះ និងកិច្ចការរបស់ព្រះអម្ចាស់ចំពោះការយាងត្រឡប់មកវិញរបស់ទ្រង់។ នោះយើងនឹងមិនបកស្រាយខុសចំពោះឃ្លារបស់ទ្រង់ដែលថា «វាចប់សព្វគ្រប់ហើយ» ឡើយ។ ព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ «ដ្បិតព្រះវរបិតាមិនជំនុំជម្រះនរណាម្នាក់ឡើយ តែទ្រង់បានប្រគល់ការជំនុំជម្រះទាំងអស់ដល់ព្រះរាជបុត្រាវិញ។ ... ហើយក៏បានប្រទានឲ្យទ្រង់ មានសិទ្ធិអំណាចជំនុំ‌ជម្រះផងដែរ ដោយសារតែព្រះ‌អង្គជាកូនមនុស្ស» (យ៉ូហាន ៥:២២ ២៧)។ ហើយនៅក្នុង១ពេត្រុស ចែងថា៖ «ដ្បិតនឹងមានវេលាមកដល់ ជាគ្រាដែលការជំនុំជម្រះត្រូវចាប់ផ្ដើមនៅឯដំណាក់របស់ព្រះជាម្ចាស់» (១ ពេត្រុស ៤:១៧)។ នៅក្នុងវិវរណៈ យើងឃើញថា៖ «មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ» (វិវរណៈ ៥:៥)។ «អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ» (វិវរណៈ ២:៧)។ ព្រះអម្ចាស់យេស៊ូវក៏បានប្រើប្រស្នាជាច្រើន ដើម្បីពណ៌នាអំពីនគរស្ថានសួគ៌ដែរ ដូចជា «មួយទៀត នគរនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់មួយ ដែលត្រូវបានបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ៖ ពេលដែលបានត្រីពេញហើយ គេក៏បានទាញសំណាញ់នោះមកឯច្រាំង ហើយអង្គុយប្រមូលត្រីល្អដាក់ទៅក្នុងកញ្ឆេ តែបោះត្រីមិនល្អចោល។ នៅចុងបំផុតនៃពិភពលោកក៏បែបនេះដែរ៖ ពួកទេវតានឹងចេញមក ហើយញែកមនុស្សទុច្ចរិតចេញពីចំណោមមនុស្សសុចរិត រួចក៏បោះពួកគេចូលទៅក្នុងគុកភ្លើង។ ទីនោះនឹងមានការយំ និងសង្កៀតធ្មេញ» (ម៉ាថាយ ១៣:៤៧-៥០)។ យើងអាចឃើញចេញពីសេចក្តីទំនាយ និងប្រស្នាទាំងនេះថា ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា ទ្រង់នឹងធ្វើកិច្ចការដ៏អស្ចារ្យមួយ ពេលទ្រង់យាងមកវិញ។ តែផ្នែកដ៏សំខាន់បំផុតនៃការនេះ គឺជាការសម្ដែងចេញនូវសេចក្តីពិត និងការធ្វើកិច្ចការជំនុំជម្រះ។ ការនេះនឹងនាំមនុស្សចូលទៅក្នុងគ្រប់ទាំងសេចក្តីពិត ក្រោយមក ញែកគ្រប់គ្នាទៅតាមប្រភេទរបស់ពួកគេ។ វានឹងមានអ្នកដែលអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ និងអ្នកដែលត្រូវបានលុបបំបាត់។ ការនេះនឹងសម្រេចទាំងស្រុងតាមអ្វីគ្រប់យ៉ាងដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអំពីនគរព្រះ។ សូមគិតអំពីស្រូវ និងស្រងែ អួន ស្ត្រីព្រហ្មចារីដ៏វៃឆ្លាត និងល្ងីល្ងើ ចៀម និងពពែ ព្រមទាំងអ្នកបម្រើល្អ និងអាក្រក់។ កិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមជាមួយដំណាក់របស់ព្រះជាម្ចាស់ នឹងញែកស្រូវចេញពីស្រងែ អ្នកបម្រើល្អចេញពីអ្នកបម្រើអាក្រក់ អ្នកដែលស្រឡាញ់សេចក្តីពិត ចេញពីអ្នកដែលគ្រាន់តែចង់បានភាពសុខស្រួល។ ស្ត្រីព្រហ្មចារីដ៏វៃឆ្លាតនឹងចូលរួមពិធីមង្គលការកូនចៀម និងត្រូវព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ ចុះចំណែកស្ត្រីព្រហ្មចារីល្ងីល្ងើវិញ? ពួកគេនឹងធ្លាក់ទៅក្នុងមហន្តរាយ ទាំងយំ និងសង្កៀតធ្មេញរបស់ខ្លួន ដោយសារតែពួកគេមិនបានស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ នេះជាកិច្ចការជំនុំជម្រះ ដើម្បីញែកគ្រប់គ្នាទៅតាមប្រភេទរបស់ពួកគេ ដោយផ្តល់រង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ហើយការនេះនឹងសម្រេចទាំងស្រុងតាមសេចក្ដីទំនាយនេះនៅក្នុងវិវរណៈ៖ «អ្នកដែលទុច្ចរិត ទុកឱ្យគេនៅតែទុច្ចរិតដដែលទៅចុះ៖ ហើយអ្នកដែលស្មោកគ្រោក ទុកឱ្យគេនៅតែស្មោកគ្រោកដដែលទៅចុះ៖ រីឯអ្នកដែលសុចរិត ទុកឱ្យគេនៅតែសុចរិតដដែលទៅចុះ៖ ហើយអ្នកដែលបរិសុទ្ធ ទុកឱ្យគេនៅតែបរិសុទ្ធដដែលទៅចុះ» (វិវរណៈ ២២:១១)។ «មើល៍ ខ្ញុំមកយ៉ាងឆាប់ ហើយអញយករង្វាន់មកជាមួយ ដើម្បីប្រទានដល់មនុស្សគ្រប់គ្នាទៅតាម កិច្ចការរបស់គេដែលគួរទទួល» (វិវរណៈ ២២:១២)។ ពេលដែលយើងយល់ទាំងស្រុងអំពីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ យើងអាចមើលឃើញថា ការយាងមករបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ ជាចម្បង គឺដើម្បីសម្ដែងនូវសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយញែកមនុស្សគ្រប់គ្នាទៅតាមប្រភេទរបស់ពួកគេ និងកំណត់ពីលទ្ធផលរបស់ពួកគេ។ ដូច្នេះ តើយើងពិតជាអាចអះអាងបានថា ពេលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់កំពុងមានបន្ទូលថា កិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ដែរឬទេ? តើយើងនឹងបន្តសម្លឹងទៅលើមេឃទាំងល្ងីល្ងើ រង់ចាំឱ្យព្រះអម្ចាស់យេស៊ូវយាងចុះមកនៅលើពពក ហើយនាំយើងទៅលើមេឃ ដើម្បីជួបទ្រង់ឬ? តើយើងនឹងបន្តថ្កោលទោសគ្រប់ទាំងសេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ ពេលដែលទ្រង់ធ្វើកិច្ចការនៅគ្រាចុងក្រោយឬ? តើយើងនឹងបដិសេធយ៉ាងគឃ្លើនថា ព្រះអម្ចាស់បានយាងត្រឡប់មកវិញនៅក្នុងសាច់ឈាម ក្នុងនាមជាបុត្រមនុស្ស ដើម្បីធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយឬ? មហន្តរាយធំៗបានមកដល់រួចហើយ ហើយអ្នកកាន់សាសនាជាច្រើននាក់ នៅតែវង្វេងក្នុងសុបិនរបស់ខ្លួនអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ ដោយគិតថា ទ្រង់នឹងមិនដេញពួកគេចេញឡើយ។ វាដល់ពេលដែលត្រូវភ្ញាក់ខ្លួនហើយ។ បើពួកគេមិនភ្ញាក់ខ្លួនទេ ពេលដែលមហន្តរាយត្រូវបានបញ្ចប់ ហើយព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងលេចមកជាចំហឱ្យគ្រប់គ្នាបានឃើញ ព្រះជាម្ចាស់នឹងបង្កើតផ្ទៃមេឃ និងផែនដីថ្មី ហើយអស់អ្នកដែលស្ថិតនៅក្នុងពិភពសាសនា នឹងត្រូវទ្រហោយំ និងសង្កៀតធ្មេញរបស់ខ្លួនមិនខាន។ ការនោះនឹងសម្រេចតាមសេចក្តីទំនាយនេះនៅក្នុងវិវរណៈ៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រាប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)

មនុស្សជាច្រើនទំនងជាសួរថា តើព្រះអម្ចាស់យេស៊ូវចង់មានន័យដូចម្ដេចទៅ ពេលទ្រង់មានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង? តាមពិត វាសាមញ្ញទេ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវតែងតែជាក់ស្ដែងជានិច្ច ដូច្នេះ ពេលទ្រង់មានបន្ទូលបែបនេះ ច្បាស់ណាស់ ទ្រង់កំពុងសំដៅលើកិច្ចការប្រោសលោះរបស់ទ្រង់។ ប៉ុន្តែ មនុស្សនៅតែទទូចចង់យល់ ព្រះបន្ទូលជាក់ស្ដែងចេញពីព្រះអម្ចាស់ទាំងនេះ ថាស្ដីពីកិច្ចការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់ទៀត តែនេះជាការធ្វើតាមអំពើចិត្តតែម្ដង ព្រោះថាព្រះជាម្ចាស់បានបញ្ចប់កិច្ចការសង្រ្គោះមនុស្សជាតិរបស់ទ្រង់បានតែពាក់កណ្ដាលប៉ុណ្ណោះ។ វានៅមានជំហានដ៏សំខាន់បំផុតមួយទៀត ពោលគឺជាកិច្ចការជំនុំជម្រះរបស់ទ្រង់នៅគ្រាចុងក្រោយ។ ហេតុអ្វីអ្នកបន្តគិតថា «វាចប់សព្វគ្រប់ហើយ» មានន័យថា គ្រប់កិច្ចការសង្រ្គោះរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់? តើនេះមិនមែនមិនទំនង និងគ្មានហេតុផលទេឬ? ហេតុអ្វីព្រះអម្ចាស់យេស៊ូវត្រូវគេឆ្កាងពីដើមដំបូង? តើទ្រង់សម្រេចបានអ្វីទៅតាមរយៈការនេះ? តើលទ្ធផលគឺជាអ្វីទៅ? គ្រប់អ្នកជឿសុទ្ធតែដឹងអំពីការនេះ ដោយសារតែវាត្រូវបានចងក្រងទុកយ៉ាងច្បាស់នៅក្នុងព្រះគម្ពីរ។ ព្រះអម្ចាស់យេស៊ូវបានយាងមកដើម្បីសង្រ្គោះមនុស្សជាតិ។ តាមរយៈការជាប់ឆ្កាង ព្រះអម្ចាស់យេស៊ូវបានបម្រើជាតង្វាយលោះបាបសម្រាប់មនុស្ស ដោយដកយកអំពើបាបរបស់មនុស្សគ្រប់គ្នា ដូច្នេះ មនុស្សលែងត្រូវទទួលទោស និងត្រូវស្លាប់នៅក្រោមក្រឹត្យវិន័យតទៅទៀតហើយ។ ក្រោយមក មនុស្សអាចត្រូវបានអត់ទោសពីអំពើបាបរបស់ពួកគេ ដរាបណាពួកគេជឿលើព្រះអម្ចាស់ និងបានអធិស្ឋាន ព្រមទាំងសារភាពទៅទ្រង់ ហើយរីករាយនឹងព្រះគុណដ៏អស្ចារ្យពីព្រះជាម្ចាស់។ នេះគឺជាសេចក្តីសង្រ្គោះដោយព្រះគុណ ហើយវាក៏ជាអ្វីដែលកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវសម្រេចបានផងដែរ។ ទោះបីអំពើបាបរបស់យើងត្រូវបានអត់ទោស តាមរយៈសេចក្តីជំនឿរបស់យើងក៏ដោយ ក៏គ្មាននរណាម្នាក់អាចប្រកែកបានដែរថា យើងនៅតែប្រព្រឹត្តអំពើបាបគ្រប់ពេលដដែល។ យើងកំពុងរស់នៅក្នុងវដ្ដនៃការប្រព្រឹត្តបាប ការសារភាព និងការប្រព្រឹត្តបាបម្ដងទៀត។ យើងមិនបានរួចផុតពីអំពើបាបសោះឡើយ។ តើនេះមានន័យដូចម្ដេចទៅ? វាមានន័យថា យើងនៅតែមានធម្មជាតិពេញដោយបាប ហើយយើងមាននិស្ស័យបែបសាតាំង ដូច្នេះ យើងមិនអាចដោះស្រាយបញ្ហានៃការបន្តប្រព្រឹត្តបាប ក្រោយអំពើបាបរបស់យើងត្រូវបានអត់ទោសឡើយ។ ការនេះធ្វើឱ្យអ្នកជឿទាំងអស់ស្រឡាំងកាំង ដ្បិតវាជាអ្វីមួយដែលឈឺចាប់យ៉ាងខ្លាំង។ ព្រះបន្ទូលរបស់ព្រះចែងថា «ដូច្នេះ ចូរឲ្យឯងបានបរិសុទ្ធ ដ្បិតអញបរិសុទ្ធ» (លេវីវិន័យ ១១:៤៥)។ ព្រះជាម្ចាស់សុចរិត និងបរិសុទ្ធ ដូច្នេះ មនុស្សដែលគ្មានភាពបរិសុទ្ធមិនអាចមើលឃើញទ្រង់ឡើយ។ ដូច្នេះ តើមនុស្សដែលតែងតែប្រព្រឹត្តបាប និងប្រឆាំងនឹងព្រះជាម្ចាស់ អាចស័ក្ដិសមចូលក្នុងនគរព្រះម្ដេចកើតទៅ? ដោយសារតែមនុស្សមិនបានរួចផុតទាំងស្រុងពីអំពើបាប និងត្រូវបានបន្សុទ្ធ តើកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់ត្រូវចប់ហើយឬ? សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់នឹងក្លាយជាសេចក្តីសង្រ្គោះដ៏ពេញលេញ ទ្រង់នឹងមិនបោះបង់ចោលកិច្ចការរបស់ទ្រង់នៅពាក់កណ្ដាលទីឡើយ។ នេះជាហេតុផលដែលព្រះអម្ចាស់យេស៊ូវបានថ្លែងទំនាយអំពីការយាងមកវិញរបស់ទ្រង់ជាច្រើនដងនោះ។ ទ្រង់បានយាងមកវិញនៅគ្រាចុងក្រោយជាយូរឆ្នាំមកហើយ ក្នុងនាមជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលយកកំណើតជាមនុស្ស។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្តីពិត ដើម្បីធ្វើកិច្ចការជំនុំជម្រះ នៅលើមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់។ ការនេះគឺដើម្បីសម្អាតមនុស្សជាតិពីនិស្ស័យដ៏ពុករលួយរបស់យើង ដើម្បីឱ្យយើងអាចមានសេរីភាពពីច្រវាក់នៃអំពើបាប។ វាគឺដើម្បីសង្រ្គោះយើងយ៉ាងពេញលេញពីកម្លាំងរបស់សាតាំង ហើយនៅទីបំផុត នាំយើងចូលទៅក្នុងនគរព្រះ។ រហូតដល់កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានសម្រេច ទើបកិច្ចការសង្រ្គោះមនុស្សជាតិរបស់ព្រះជាម្ចាស់នឹងត្រូវបានបញ្ចប់។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ» («អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

«គោលបំណងនៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺមានន័យសំខាន់ដើម្បីបន្សុទ្ធមនុស្សជាតិ ដើម្បីជាប្រយោជន៍នៃការសម្រាកនៅទីចុងបំផុត។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបបន្សុទ្ធសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចត្រូវបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចត្រូវបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អស់អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវបន្សុទ្ធ និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមក ពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងរាប់បញ្ចូលមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ... គោលបំណងទាំងស្រុងនៃកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់» («ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាចែងយ៉ាងច្បាស់ណាស់។ នៅយុគសម័យនៃព្រះគុណ កិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវគឺគ្រាន់តែអត់ទោសដល់អំពើបាបរបស់មនុស្សប៉ុណ្ណោះ។ គឺជាកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ទើបសម្អាត និងសង្រ្គោះមនុស្សជាតិបានទាំងស្រុង។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាជំនុំជម្រះ និងលាតត្រដាងនូវធម្មជាតិ និងសារជាតិរបស់មនុស្សដែលបះបោរ ប្រឆាំងនឹងព្រះជាម្ចាស់ ដោយអនុញ្ញាតឱ្យយើងដឹងអំពីនិស្ស័យបែបសាតាំង និងសេចក្តីពុករលួយរបស់យើង។ វាបង្ហាញដល់យើងថា យើងពេញដោយនិស្ស័យបែបសាតាំង ដូចជា ភាពក្រអឺតក្រទម ល្បិចកល និងសេចក្ដីអាក្រក់ ដោយគ្មានលក្ខណៈជាមនុស្សសូម្បីតែបន្ដិចឡើយ។ នេះជាផ្លូវតែមួយគត់ដើម្បីឱ្យមនុស្សមើលឃើញសេចក្តីពិតពីរបៀបដែលសាតាំងធ្វើឱ្យពួកគេពុករលួយយ៉ាងជ្រាលជ្រៅ ដូច្នេះពួកគេស្អប់ខ្ពើមខ្លួនឯងយ៉ាងពិតប្រាកដ និងមានការសោកស្ដាយដ៏ពិត ក្រោយមក ប្រែចិត្តចំពោះព្រះជាម្ចាស់។ ក្រោយមក ពួកគេមើលឃើញថា សេចក្តីពិតមានតម្លៃកម្រិតណា ហើយចាប់ផ្ដើមផ្ដោតទៅលើការយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្ត និងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ ការនេះអនុញ្ញាតឱ្យពួកគេកម្ចាត់ចោលនិស្ស័យដ៏ពុករលួយរបស់ពួកគេបន្ដិចម្ដងៗ ហើយចាប់ផ្ដើមផ្លាស់ប្រែនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេ ហើយនៅទីបំផុត អាចចុះចូល និងកោតខ្លាចព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ នេះជារបៀបដែលមនុស្សអាចបណ្ដេញចេញទាំងស្រុងនូវកម្លាំងរបស់សាតាំង ហើយត្រូវបានព្រះជាម្ចាស់សង្រ្គោះយ៉ាងពេញលេញ ក្រោយមក ពួកគេអាចត្រូវបានព្រះជាម្ចាស់ការពារ និងរស់រានពីមហន្តរាយធំៗនៅគ្រាចុងក្រោយ ហើយចូលទៅក្នុងវាសនាដ៏ស្រស់ស្អាត ដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់មនុស្សជាតិ។ ការនេះសម្រេចតាមសេចក្តីទំនាយនៅក្នុងវិវរណៈ ២១:៣-៦។ «ហើយខ្ញុំក៏បានឮសម្លេងដ៏អស្ចារ្យមកពីស្ថានសួគ៌ ដោយពោលថា មើល៎រោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ហើយទ្រង់នឹងរស់នៅជាមួយពួកគេ ហើយពួកគេនឹងធ្វើជារាស្ដ្ររបស់ទ្រង់ ហើយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនឹងគង់នៅជាមួយពួកគេ និងធ្វើជាព្រះរបស់ពួកគេ។ ហើយព្រះជាម្ចាស់នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ ហើយនឹងមិនមានសេចក្ដីស្លាប់ទៀត គ្មានសេចក្ដីទុក្ខសោក គ្មានការទួញយំ ហើយក៏នឹងគ្មានការឈឺចាប់ទៀតដែរ៖ ដ្បិតរឿងពីមុនបានកន្លងផុតទៅហើយ។ ហើយព្រះអង្គដែលគង់នៅលើបល្ល័ង្ក បានមានបន្ទូលថា មើល៍ ខ្ញុំបង្កើតអ្វីៗទាំងអស់ជាថ្មី។ ហើយទ្រង់បានមានបន្ទូលមកខ្ញុំថា ចូរសរសេរបែបនេះចុះ ដ្បិតព្រះបន្ទូលទាំងនេះជាពាក្យពិត និងគួរឲ្យជឿបាន។ ហើយព្រះអង្គបានមានបន្ទូលមកខ្ញុំថា វាត្រូវបានចប់ហើយ។ ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម ហើយជាទីបញ្ចប់ ជាទីមួយ និងជាចុងបង្អស់។ ខ្ញុំនឹងប្រទានដល់អ្នកណាដែលស្រេក ឲ្យផឹកចេញពីប្រភពទឹកនៃជីវិតដោយឥតគិតថ្លៃ»។ ត្រង់នេះ ព្រះជាម្ចាស់មានបន្ទូលថា «វាត្រូវបានចប់ហើយ»។ ការនេះខុសគ្នាស្រឡះពីអ្វីដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលនៅលើឈើឆ្កាងថា៖ «វាចប់សព្វគ្រប់ហើយ»។ នេះគឺជាបរិបទខុសគ្នា ពិភពខុសគ្នា។ ពេលព្រះអម្ចាស់យេស៊ូវមានបន្ទូលថា «វាចប់សព្វគ្រប់ហើយ» នៅលើឈើឆ្កាង ទ្រង់កំពុងសំដៅលើការបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់។ ឃ្លាថា «វាត្រូវបានចប់ហើយ» នៅក្នុងកណ្ឌគម្ពីរវិវរណៈ គឺព្រះជាម្ចាស់កំពុងមានបន្ទូលអំពីការបញ្ចប់ទាំងស្រុងនូវកិច្ចការសង្រ្គោះមនុស្សជាតិរបស់ទ្រង់ ពេលដែលរោងឧបោសថរបស់ព្រះជាម្ចាស់នៅជាមួយមនុស្ស ទ្រង់នឹងគង់នៅក្នុងចំណោមពួកគេ ហើយពួកគេនឹងក្លាយជារាស្ត្រនៃនគររបស់ទ្រង់ ជាទីដែលនឹងគ្មានការយំសោក សេចក្តីស្លាប់ ឬទុក្ខវេទនាតទៅទៀតឡើយ។ នេះជាសញ្ញាសម្គាល់តែមួយគត់អំពីព្រះជាម្ចាស់បញ្ចប់កិច្ចការសង្រ្គោះរបស់ទ្រង់។

ដល់ពេលនេះ គ្រប់គ្នាគួរតែយល់ច្បាស់ហើយថា ការអះអាងអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវនៅលើឈើឆ្កាង ដែលមានន័យថា កិច្ចការសង្រ្គោះរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់នោះ គឺផ្ទុយស្រឡះទៅនឹងភាពជាក់ស្ដែងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាជាសញ្ញាណរបស់មនុស្សសុទ្ធសាធតែម្ដង។ វាជាការបកស្រាយខុសអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលជាការបោកបញ្ឆោត និងការយល់ខុស ហើយវាមិនបានប្រាប់ពីចំនួនមនុស្សប៉ុន្មាននាក់ដែលត្រូវបានបំផ្លាញនោះឡើយ។ អស់អ្នកដែលប្រកាន់យកទស្សនៈនេះទាំងងងឹតងងល់ ដោយរង់ចាំព្រះអម្ចាស់ឱ្យលេចមកមួយរំពេចនៅលើពពក ដើម្បីនាំពួកគេចូលទៅក្នុងនគរព្រះ ក្នុងពេលដែលបដិសេធមិនពិនិត្យមើលសេចក្តីពិតជាច្រើន ដែលត្រូវបានសម្ដែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា នឹងត្រូវខកខានឱកាសទាំងស្រុងក្នុងការជួបព្រះអម្ចាស់មិនខាន។ ពិតណាស់ ពួកគេក៏នឹងមិនរួចផុតពីអំពើបាប និងត្រូវបានសង្រ្គោះទាំងស្រុងផងដែរ។ ក្រោយមក សេចក្តីជំនឿពេញមួយជីវិតនឹងគ្មានបានផលអ្វីឡើយ ហើយពួកគេទំនងជាធ្លាក់ទៅក្នុងមហន្តរាយ និងត្រូវបានព្រះជាម្ចាស់លុបបំបាត់ទៀតផង។

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នាំយកទាំងជីវិត ហើយនាំយកទាំងមាគ៌ានៃសេចក្ដីពិតដ៏ឋិតថេរ និងអស់កល្បជានិច្ចមកជាមួយ។ សេចក្ដីពិតនេះ ជាផ្លូវដែលមនុស្សទទួលបានជីវិត និងជាផ្លូវតែមួយគត់ ដែលឲ្យមនុស្សបានស្គាល់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ទទួលយក។ ប្រសិនបើអ្នកមិនស្វែងរកមាគ៌ានៃជីវិតដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រទានឲ្យទេ នោះអ្នកនឹងមិនទទួលបានការទទួលយកពីព្រះយេស៊ូវ និងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលទៅតាមទ្វារនគរស្ថានសួគ៌ដែរ ដ្បិតអ្នកគឺជាអាយ៉ង និងជាអ្នកជាប់ឃុំក្នុងប្រវត្តិសាស្ត្រ។ មនុស្សដែលត្រូវត្រួតត្រាដោយបញ្ញត្តិដោយន័យពាក្យនានា ហើយជាប់ខ្នោះឃ្នាងប្រវត្តិសាស្ត្រ អ្នកនោះនឹងមិនអាចទទួលបានជីវិត ហើយក៏មិនទទួលបាននូវមាគ៌ាជីវិតដ៏គង់វង្សបានឡើយ។ ដោយសារអ្វីៗគ្រប់យ៉ាងដែលគេមាន សុទ្ធតែជាភក់ដែលស្អិតជាប់រាប់ពាន់ឆ្នាំមកហើយ មិនមែនជាទឹកនៃជីវិតដែលហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ទេ។ មនុស្សដែលមិនមែនរស់ដោយសារទឹកនៃជិវិត នឹងនៅជាសាកសព ជារបស់លេងរបស់សាតាំង និងជាកូននរករហូតអស់កល្បជានិច្ច។ ចុះម្ដេចបានជាពួកគេអាចមើលឃើញព្រះជាម្ចាស់ពីចម្ងាយ? ប្រសិនបើអ្នកគ្រាន់តែព្យាយាមឱបក្រសោបអតីតកាល គ្រាន់តែព្យាយាមបណ្ដោយឲ្យអ្វីៗ ទៅតាមដំណើរដោយនៅឈរទ្រឹង ហើយមិនព្យាយាមផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ន ព្រមទាំងបោះបង់អតីតកាលចោលទេ តើអ្នកមិននៅតែទាស់ទទឹងនឹងព្រះជាម្ចាស់រហូតទេឬអី? ជំហានកិច្ចការរបស់ព្រះជាម្ចាស់ ទាំងល្វឹងល្វើយ ទាំងខ្លាំងពូកែ ប្រៀបបានទៅនឹងទឹករលកកំពុងខ្ជោលឡើង និងសំឡេងផ្គររន្ទះផូងផាំង ប៉ុន្តែអ្នកបែរជាអង្គុយរង់ចាំឲ្យសេចក្ដីវិនាសមកដល់ ទាំងឱបជាប់ភាពលេលា ហើយមិនធ្វើអ្វីទាល់តែសោះ។ បើនៅតែបែបនេះ តើឲ្យព្រះជាម្ចាស់រាប់អ្នកជាអ្នកដើរតាមលំអាននៃកូនចៀមយ៉ាងដូចម្ដេច? តើអ្នកអាចបញ្ជាក់ហេតុផលថាព្រះជាម្ចាស់ដែលអ្នកជឿតាមនេះ គឺជាព្រះជាម្ចាស់ដែលថ្មីជានិច្ច មិនដែលចាស់គំរឹលយ៉ាងដូចម្ដេច? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ក្នុងសៀវភៅលឿងរបស់អ្នក នាំអ្នកឆ្លងទៅក្នុងយុគសម័យថ្មីបាន? តើធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកស្វែងរកជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់បាន? ហើយធ្វើយ៉ាងណាឲ្យពាក្យពេចន៍ទាំងនេះ នាំអ្នកឡើងទៅស្ថានសួគ៌បាន? អ្វីដែលអ្នកកាន់នៅនឹងដៃ គឺជាន័យពាក្យដែលអាចផ្ដល់ជូន ត្រឹមតែជាសេចក្ដីស្រាកស្រាន្តក្នុងចិត្តបណ្ដោះអាសន្នប៉ុណ្ណោះ មិនមែនផ្ដល់សេចក្ដីពិតដែលអាចផ្ដល់នូវជីវិតនោះឡើយ។ បទគម្ពីរដែលអ្នកអាន គ្រាន់តែអាចបង្កើនវោហារសព្ទដល់អណ្ដាតរបស់អ្នក និងមិនមែនជាពាក្យពេចន៍នៃទស្សនៈវិជ្ជា ដែលអាចជួយឲ្យអ្នកស្គាល់ជីវិតមនុស្ស ក៏រឹតតែមិនមែនជាផ្លូវ ដែលអាចនាំអ្នកទៅរកភាពគ្រប់លក្ខណ៍បានឡើយ។ តើភាពខុសគ្នានេះមិនផ្ដល់ជាបុព្វហេតុ សម្រាប់ឲ្យអ្នកសញ្ជឹងគិតទេឬអី? តើវាមិនធ្វើឲ្យអ្នកស្គាល់នូវអាថ៌កំបាំង ដែលមាននៅក្នុងភាពខុសគ្នានេះទេឬអី? តើអ្នកមានសមត្ថភាពនឹងនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីជួបនឹងព្រះជាម្ចាស់ ដោយខ្លួនឯងបានដែរឬទេ? ប្រសិនបើគ្មានការយាងមករបស់ព្រះជាម្ចាស់ទេ តើអ្នកអាចនាំខ្លួនឯងចូលទៅឯស្ថានសួគ៌ ដើម្បីរស់នៅយ៉ាងរីករាយនឹងសុភមង្គលគ្រួសារជាមួយនឹងព្រះជាម្ចាស់បានដែរឬទេ? តើអ្នកនៅកំពុងយល់សុបិនទៀតទេ? ខ្ញុំសូមទូន្មានអ្នកទៅចុះថា ចូរឈប់សុបិនទៅ ហើយសម្លឹងមើលវិញថា នរណាកំពុងធ្វើកិច្ចការនៅពេលនេះ ពេលនេះនរណាកំពុងអនុវត្តកិច្ចការសង្គ្រោះមនុស្សលោកក្នុងអំឡុងពេលនៃគ្រាចុងក្រោយ។ ប្រសិនបើអ្នកមិនសម្លឹងមើលទេ នោះអ្នកនឹងមិនទទួលបានសេចក្ដីពិត ហើយមិនទទួលបានជីវិតនោះឡើយ» («មានតែព្រះគ្រីស្ទនៃគ្រាចុងក្រោយទេ ទើបអាចប្រទានមាគ៌ាជីវិតអស់កល្បជានិច្ចដល់មនុស្សបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

រយៈពេល ៣០ ឆ្នាំពេញ តាំងពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយចាប់ផ្ដើមធ្វើកិច្ចការ...

តើហេតុអ្វីបានជាព្រះជាម្ចាស់ យាងមកយកកំណើតជាមនុស្សនៅគ្រាចុងក្រោយ មិនមែនក្នុងរូបអង្គជាព្រះវិញ្ញាណ?

តាំងពីព្រះដ៏មានគ្រប់ព្រះចេស្ដាជាព្រះអង្គសង្គ្រោះ សម្ដែងសេចក្ដីពិតនៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយមក មានមនុស្សជាច្រើនបានស្វែងរក...

បាបរបស់យើងត្រូវបានអត់ទោស តើព្រះអម្ចាស់នឹងនាំយើងដោយត្រង់ទៅនគររបស់ទ្រង់ឬទេ ពេលដែលទ្រង់យាងត្រឡប់មក?

គ្រោះមហន្តរាយបន្តកើនឡើង ហើយអ្នកជឿសុទ្ធតែរង់ចាំយ៉ាងអន្ទះសានូវការយាងមករបស់ព្រះសង្គ្រោះ ដោយចង់ឱ្យលើកឡើងទៅលើមេឃក្នុងដំណេក ដើម្បីជួបព្រះអម្ចាស់...

តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

កាលពី ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...