តើអ្នកជឿ គួរប្រកាន់យកទស្សនៈអ្វី
តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់ តើអ្នកបានផ្លាស់ប្តូរយ៉ាងណាខ្លះ? ថ្ងៃនេះ អ្នករាល់គ្នាដឹងថា ជំនឿរបស់មនុស្សលើព្រះជាម្ចាស់មិនមែនសម្រាប់តែការសង្រ្គោះព្រលឹង និងសុខុមាលភាពនៃសាច់ឈាមប៉ុណ្ណោះទេ ហើយវាក៏មិនមែនដើម្បីធ្វើឱ្យជីវិតរបស់ពួកគេមានភាពប្រសើរឡើងតាមរយៈការស្រឡាញ់ព្រះជាម្ចាស់ដែរ ។ល។ និង ។ល។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ប្រសិនបើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពនៃសាច់ឈាម ឬការសប្បាយមួយភ្លែត ដូច្នេះ បើទោះបីជានៅទីបញ្ចប់ សេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ឈានដល់ចំណុចខ្ពស់បំផុត ហើយអ្នកមិនសុំអ្វីបន្ថែមទៀតក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលអ្នកស្វែងរកនេះ នៅតែជាសេចក្តីស្រឡាញ់មួយដែលមានភាពសៅហ្មង និងមិនសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់ដែរ។ អ្នកដែលប្រើសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដើម្បីធ្វើឱ្យជីវិតដ៏ស្រពោនរបស់ពួកគេប្រសើរឡើង និងដើម្បីបំពេញកន្លែងទទេស្អាតនៅក្នុងដួងចិត្តរបស់ពួកគេ គឺជាប្រភេទមនុស្សដែលលោភលន់ចង់បានជីវិតមួយងាយស្រួល មិនមែនជាអ្នកដែលស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដឡើយ។ នេះជាសេចក្ដីស្រឡាញ់ដោយបង្ខំ វាគឺជាការស្វែងរកការស្កប់ស្កល់ចិត្ត ហើយព្រះជាម្ចាស់មិនត្រូវការវាឡើយ។ បើដូច្នោះមែន តើសេចក្តីស្រឡាញ់ប្រភេទអ្វីជារបស់អ្នក? តើអ្នកស្រឡាញ់ព្រះជាម្ចាស់ដើម្បីអ្វី? តើឥឡូវនេះនៅក្នុងអ្នកមានសេចក្តីស្រឡាញ់ពិតប្រាកដប៉ុនណាចំពោះព្រះជាម្ចាស់? សេចក្តីស្រឡាញ់របស់អ្នករាល់គ្នាភាគច្រើនគឺដូចជាប្រភេទដែលបានរៀបរាប់ខាងលើ។ សេចក្តីស្រឡាញ់បែបនេះគ្រាន់តែអាចរក្សាស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះ។ វាមិនអាចសម្រេចបានភាពមិនចេះប្រែប្រួលនោះទេ ហើយវាក៏មិនអាចចាក់ឫសនៅក្នុងមនុស្សបានដែរ។ សេចក្តីស្រឡាញ់ប្រភេទនេះគឺគ្រាន់តែដូចផ្កាដែលរីក និងស្រពោនដោយគ្មានផ្លែប៉ុណ្ណោះ។ អាចនិយាយម្យ៉ាងទៀតបានថា ក្រោយពីអ្នកធ្លាប់បានស្រឡាញ់ព្រះជាម្ចាស់តាមរបៀបនេះហើយ ប្រសិនបើគ្មានអ្នកណាម្នាក់ដឹកនាំអ្នកទៅតាមផ្លូវដែលនៅខាងមុខ នោះអ្នកនឹងដួលមិនខាន។ ប្រសិនបើអ្នកគ្រាន់តែស្រឡាញ់ព្រះជាម្ចាស់តែនៅក្នុងពេលដែលស្រឡាញ់ទ្រង់ ប៉ុន្តែក្រោយមកនិស្ស័យរបស់អ្នកនៅតែមិនផ្លាស់ប្តូរ នោះអ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីស្បៃឥទ្ធិពលនៃភាពងងឹត ហើយអ្នកនឹងនៅតែមិនអាចគេចខ្លួនចេញពីចំណងរបស់អារក្សសាតាំង និងឧបាយកលរបស់វាបានឡើយ។ ព្រះជាម្ចាស់មិនអាចទទួលយកមនុស្សដែលមានលក្ខណៈបែបនេះយ៉ាងពេញលេញទេ។ នៅទីបញ្ចប់ វិញ្ញាណ ព្រលឹង និងរាងកាយរបស់ពួកគេនឹងនៅតែជាកម្មសិទ្ធិរបស់អារក្សសាតាំងដដែល។ រឿងនេះមិនមានអ្វីគួរឱ្យសង្ស័យឡើយ។ អស់អ្នកដែលព្រះជាម្ចាស់មិនអាចទទួលយកយ៉ាងពេញលេញ នឹងត្រលប់ទៅកាន់កន្លែងដើមរបស់ពួកគេវិញ គឺមានន័យថា ត្រលប់ទៅកាន់អារក្សសាតាំង ហើយពួកគេនឹងចុះទៅកាន់បឹងភ្លើង និងស្ពាន់ធ័រ ដើម្បីទទួលយកដំណាក់កាលបន្ទាប់នៃការដាក់ទោសពីព្រះជាម្ចាស់។ អស់អ្នកដែលព្រះជាម្ចាស់ទទួលយក គឺអស់អ្នកដែលបោះបង់ចោលអារក្សសាតាំង ហើយគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់វា។ ពួកគេត្រូវបានដាក់លេខរៀងជាផ្លូវការនៅក្នុងចំណោមមនុស្សនៃនគរនេះ។ មនុស្សរបស់នគរនេះនឹងក្លាយជាបែបនេះ។ តើអ្នកសុខចិត្តក្លាយជាមនុស្សប្រភេទនេះឬទេ? តើអ្នកសុខចិត្តឱ្យព្រះជាម្ចាស់ទទួលយកអ្នកឬទេ? តើអ្នកសុខចិត្តគេចខ្លួនចេញពីតំបន់ត្រួតត្រារបស់អារក្សសាតាំង ហើយត្រលប់ទៅកាន់ព្រះជាម្ចាស់វិញឬទេ? តើពេលនេះអ្នកជាកម្មសិទ្ធិរបស់អារក្សសាតាំង ឬត្រូវបានដាក់លេខរៀងនៅក្នុងចំណោមមនុស្សរបស់នគរព្រះ? រឿងទាំងអស់នេះគួរតែច្បាស់លាស់រួចហើយ និងមិនត្រូវការការពន្យល់បន្ថែមទៀតទេ។
កាលពីមុន មានមនុស្សជាច្រើនស្វែងរក ដោយមហិច្ឆតាខ្លាំងក្លា និងគំនិតគ្មានមូលដ្ឋាន ពួកគេស្វែងរកទុកជាលទ្ធផលនៃសេចក្តីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេ។ សូមយើងទុកបញ្ហាបែបនេះដោយឡែកមួយភ្លែតសិន។ អ្វីដែលសំខាន់នាពេលនេះគឺត្រូវស្វែងរកវិធីនៃការប្រតិបត្តិដែលនឹងអាចឱ្យម្នាក់ៗក្នុងចំណោមអ្នករាល់គ្នា រក្សាលក្ខខណ្ឌសមស្របមួយនៅចំពោះព្រះជាម្ចាស់ ហើយផ្តាច់ខ្លួនបន្តិចម្តងៗចេញពីខ្នោះនៃឥទ្ធិពលរបស់អារក្សសាតាំង ដើម្បីឱ្យព្រះជាម្ចាស់អាចទទួលយកអ្នក និងរស់នៅលើផែនដីតាមអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យអ្នករស់នៅ។ មានតែតាមវិធីនេះប៉ុណ្ណោះ ទើបអ្នកអាចបំពេញតាមបំណងរបស់ព្រះជាម្ចាស់បាន។ មានមនុស្សជាច្រើនជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនដឹងថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានអ្វី ឬអារក្សសាតាំងចង់បានអ្វីឡើយ។ ពួកគេមានជំនឿតាមរបៀបច្របូកច្របល់ ដោយគ្រាន់តែបណ្ដោយខ្លួនទៅតាមវាសនាប៉ុណ្ណោះ ហេតុនេះហើយបានជាពួកគេមិនមានជីវិតជាគ្រីស្ទបរិស័ទត្រឹមត្រូវ។ លើសពីនេះទៀត ពួកគេមិនមានទំនាក់ទំនងផ្ទាល់ខ្លួនត្រឹមត្រូវ និងរឹតតែមិនមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយព្រះជាម្ចាស់ដែរ។ យោងតាមសេចក្ដីនេះ យើងអាចឃើញថា ភាពលំបាក និងគុណវិបត្តិរបស់មនុស្ស និងកត្តាផ្សេងទៀតដែលអាចរារាំងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺមានច្រើន។ សេចក្ដីនេះគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា មនុស្សមិនទាន់បានដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់នៅឡើយទេ ហើយពួកគេក៏មិនបានចូលទៅក្នុងបទពិសោធន៍ពិតប្រាកដនៃជីវិតរបស់មនុស្សដែរ។ ដូច្នេះ តើការដើរនៅលើផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់មានន័យដូចម្តេច? ការដើរនៅលើផ្លូវត្រឹមត្រូវមានន័យថា អ្នកអាចធ្វើឱ្យចិត្តរបស់អ្នកស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់បានគ្រប់ពេល និងអរសប្បាយចំពោះទំនាក់ទំនងត្រឹមត្រូវជាមួយព្រះជាម្ចាស់ ហើយពួកគេនឹងដឹងពីអ្វីដែលខ្វះខាតនៅក្នុងមនុស្សបន្តិចម្តងៗ និងទទួលបានការយល់ដឹងដ៏ជ្រាលជ្រៅអំពីព្រះជាម្ចាស់ដោយយឺតៗ។ តាមរយៈការនេះ វិញ្ញាណរបស់អ្នកទទួលបានការយល់ដឹងថ្មី និងការបំភ្លឺថ្មីជារៀងរាល់ថ្ងៃ។ អ្នកចង់រីកចម្រើនឡើង ដោយអ្នកស្វះស្វែងដើម្បីចូលទៅក្នុងសេចក្តីពិត ហើយជារៀងរាល់ថ្ងៃ មានពន្លឺថ្មី និងការយល់ដឹងថ្មី។ តាមរយៈផ្លូវនេះ អ្នកផ្តាច់ខ្លួនបន្តិចម្តងៗចេញពីឥទ្ធិពលរបស់អារក្សសាតាំង និងរីកលូតលាស់ក្នៅក្នុងជីវិតរបស់អ្នក។ មនុស្សបែបនេះបានចូលទៅតាមផ្លូវត្រឹមត្រូវហើយ។ ត្រូវវាយតម្លៃពីបទពិសោធពិតប្រាកដផ្ទាល់ខ្លួនរបស់អ្នក និងពិនិត្យមើលផ្លូវដែលអ្នកបានប្រកាន់យកនៅក្នុងជំនឿរបស់អ្នក៖ ពេលដែលអ្នកប្រកាន់ខ្ជាប់ផ្លូវទាំងអស់នេះ ធៀបនឹងអ្វីដែលបានរៀបរាប់ខាងលើ តើអ្នករកឃើញថា អ្នកកំពុងស្ថិតលើផ្ត្រឹមត្រូវរូវដែរឬទេ? តើអ្នកបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំង និងឥទ្ធិពលរបស់អារក្សសាតាំងដោយបញ្ហាអ្វី? ប្រសិនបើអ្នកនៅមិនទាន់ស្ថិតនៅលើផ្លូវត្រឹមត្រូវនៅឡើយ នោះចំណងរបស់អ្នកជាមួយអារក្សសាតាំង នៅមិនទាន់បានកាត់ផ្តាច់នោះទេ។ នៅក្នុងករណីនេះ តើការស្វះស្វែងដើម្បីស្រឡាញ់ព្រះជាម្ចាស់របស់អ្នក នាំអ្នកទៅកាន់សេចក្តីស្រឡាញ់មួយដែលពិតប្រាកដ មិនប្រែប្រួល និងបរិសុទ្ធឬទេ? អ្នកនិយាយថាសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺមិនងាករេ និងស្មោះអស់ពីដួងចិត្ត ប៉ុន្តែអ្នកមិនបានផ្តាច់ខ្លួនពីខ្នោះរបស់អារក្សសាតាំងទេ។ តើអ្នកមិនមែនកំពុងព្យាយាមបោកប្រាស់ព្រះជាម្ចាស់ទេឬ? ប្រសិនបើអ្នកចង់សម្រេចបានស្ថានភាពមួយដែលសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់គ្មានភាពសៅហ្មង ហើយអ្នកចង់ឱ្យព្រះជាម្ចាស់ទទួលយកអ្នកពេញលេញ និងត្រូវបានដាក់លេខរៀងនៅក្នុងចំណោមនុស្សរបស់នគរនេះ នោះអ្នកត្រូវដាក់ខ្លួនឯងនៅលើផ្លូវត្រឹមត្រូវនៃជំនឿលើព្រះជាម្ចាស់ជាមុនសិន។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?