ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់សម្ដីទី ៣៤៨

ខ្ញុំតែងមានភារកិច្ចក្នុងការគ្រប់គ្រងមនុស្សជានិច្ច។ បន្ថែមលើនេះ ការយកឈ្នះលើមនុស្ស គឺជាអ្វីដែលខ្ញុំបានតម្រូវទុករួចមកហើយ នៅពេលដែលខ្ញុំបានបង្កើតពិភពលោកនេះ។ មនុស្សប្រហែលជាមិនដឹងថា ខ្ញុំនឹងយកឈ្នះលើមនុស្សឱ្យបានទាំងស្រុងនៅគ្រាចុងក្រោយនោះទេ ឬមិនដឹងថា ការយកឈ្នះលើពួកបះបោរនៅក្នុងចំណោមមនុស្ស គឺជាភស្តុតាងបញ្ជាក់ពីជ័យជម្នះរបស់ខ្ញុំលើសាតាំងឡើយ។ ប៉ុន្តែ នៅពេលដែលសត្រូវរបស់ខ្ញុំបានចូលរួមប្រយុទ្ធជាមួយខ្ញុំ ខ្ញុំបានប្រាប់វារួចជាស្រេចហើយថា ខ្ញុំនឹងយកឈ្នះលើអស់អ្នកណាដែលសាតាំងបានចាប់ជាឈ្លើយ និងបានធ្វើឱ្យក្លាយទៅជាកូនចៅរបស់វា ជាបាវបម្រើដ៏ស្មោះត្រង់ដែលនៅចាំការពារផ្ទះរបស់វា។ អត្ថន័យដើមនៃពាក្យយកឈ្នះ គឺការបង្ក្រាប ធ្វើឱ្យរងការអាម៉ាស់មុខ។ នៅក្នុងភាសានៃពួកអ៊ីស្រាអែល ពាក្យនេះមានន័យថា យកឈ្នះឱ្យខាងតែបាន បំផ្លាញ និងធ្វើឱ្យគ្មានសមត្ថភាពអាចតស៊ូប្រឆាំងទាស់នឹងខ្ញុំតទៅមុខទៀតបាន។ ប៉ុន្តែ សព្វថ្ងៃនេះ នៅពេលដែលប្រើក្នុងចំណោមអ្នករាល់គ្នា អត្ថន័យនៃពាក្យនេះ គឺយកឈ្នះ។ អ្នករាល់គ្នាគប្បីដឹងថា បំណងរបស់ខ្ញុំ តែងតែចង់កម្ចាត់ចោល និងយកឈ្នះលើមេកំណាចទាំងពួងរបស់មនុស្សជាតិឱ្យបានទាំងស្រុង ដើម្បីកុំឱ្យពួកវាអាចក្បត់នឹងខ្ញុំបាន ហើយគ្មានសូម្បីខ្យល់ដង្ហើមដើម្បីរំខាន ឬធ្វើឱ្យវឹកវរដល់កិច្ចការរបស់ខ្ញុំ។ ហេតុនេះ តាមការយល់ដឹងរបស់មនុស្ស ពាក្យនេះបានក្លាយជាមានន័យថា ការយកឈ្នះ។ មិនថាអត្ថន័យបង្កប់នៃពាក្យនេះមានន័យដូចម្តេចខ្លះទេ កិច្ចការរបស់ខ្ញុំគឺបង្ក្រាបមនុស្ស។ តាមពិត​ទៅ ទោះមនុស្សជាតិ​ជារបស់ភ្ជាប់ទៅនឹងការគ្រប់គ្រងរបស់ខ្ញុំក៏ដោយ​ តែបើនិយាយឱ្យកាន់តែច្បាស់ទៅ មនុស្សគ្មានអ្វីក្រៅពីសត្រូវរបស់ខ្ញុំឡើយ។ មនុស្ស គឺជាមនុស្សអាក្រក់ដែលប្រឆាំងទាស់ និងបះបោរប្រឆាំងនឹងខ្ញុំ។ មនុស្សគ្មានអ្វីក្រៅពីកូនចៅនៃមេកំណាច ដែលខ្ញុំ​ដាក់បណ្ដាសានោះទេ។ មនុស្ស គឺគ្មានអ្វីក្រៅពីពូជពង្យមហាទេវតាដែលបានក្បត់ខ្ញុំឡើយ។ មនុស្សគ្មានអ្នកណាក្រៅពីកេរដំណែលរបស់អារក្ស ដែលខ្ញុំបានបោះបង់ចោលជាយូរមកហើយ និងជាសត្រូវដែលមិនអាចផ្សះផ្សារបានជាមួយនឹងខ្ញុំតាំងពីពេលនោះមក។ ដ្បិតមេឃនៅខាងលើមនុស្សជាតិ ខ្មៅងងឹតសូន្យសុង គ្មានពន្លឺមើលច្បាស់សូម្បីបន្តិចសោះឡើយ ហើយពិភពមនុស្សបានធ្លាក់ទៅក្នុងភាពងងឹតសូន្យសុង ដូចនេះ មនុស្សដែលរស់នៅក្នុងពិភពនោះ មិនអាចមើលឃើញដៃរបស់ខ្លួនដែលលាតសន្ធឹងនៅចំពោះមុខ ឬឃើញព្រះអាទិត្យ នៅពេលគេងើយក្បាលឡើងលើឡើយ។ ផ្លូវនៅខាងក្រោមជើងរបស់គេ ជាដីភក់ និងសម្បូរទៅដោយគ្រហុក មានលក្ខណៈខ្វាត់ខ្វែង និងក្រវិចក្រវៀន។ ដីទាំងមូលពោរពេញទៅដោយសាកសព។ ជ្រុងដែលងងឹតៗ មានពេញទៅដោយសាកសពនៃអ្នកស្លាប់ ហើយនៅជ្រុងដែលត្រជាក់និងមានស្រមោលបាំង ពួកវិញ្ញាណកំណាចជាច្រើនបានយកធ្វើជាទីលំនៅ។ ហើយនៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពិភពមនុស្ស វិញ្ញាណអាក្រក់បានចូលមកទាំងក្រុមៗ។ កូនសត្វគ្រប់ប្រភេទទាំងអស់ ដែលប្រឡាក់ទៅដោយភាពស្មោកគ្រោក ត្រូវជាប់នៅក្នុងសង្គ្រាមយ៉ាងសាហាវ ដែលសំឡេងនៃសង្គ្រាមនោះធ្វើឱ្យមានការភ័យតក់ស្លុតនៅក្នុងចិត្ត។ នៅពេលនោះ ស្ថិតក្នុងពិភពមួយបែបនេះ នៅក្នុង «ស្ថានសួគ៌លោកិយ» មួយបែបនេះ តើមនុស្សទៅស្វែងរកកន្លែងបរមសុខនៅក្នុងជីវិតនៅទីណាបាន? តើមនុស្សអាចទៅស្វែងរកទិសដៅជីវិតរបស់ខ្លួននៅទីណាបាន? ចាប់តាំងពីត្រូវសាតាំងជាន់ឈ្លីនៅក្រោមបាទជើងមក ជាលើកដំបូងហើយដែលមនុស្សជាតិបានក្លាយជាតួអង្គដែលត្រាប់តាមរូបកាយរបស់សាតាំង លើសពីនេះ មនុស្សជាតិគឺជាតំណាងរបស់សាតាំង និងធ្វើជាទីសម្អាងដែលធ្វើបន្ទាល់ឱ្យសាតាំង ដោយសំឡេងឮៗ និងច្បាស់ៗ។ តើពូជមនុស្សបែបនេះ ក្រុមមនុស្សថោកទាបគ្មានគុណធម៌បែបនេះ កូនចៅនៃអំបូរមនុស្សពុករលួយបែបនេះ អាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដោយរបៀបណា? តើសិរីល្អរបស់ខ្ញុំបានមកពីណា? តើនៅទីណាដែលមនុស្សអាចចាប់ផ្ដើមនិយាយអំពីទីបន្ទាល់របស់ខ្ញុំបាន? ដ្បិតសត្រូវដែលឈរទទឹងទាស់នឹងខ្ញុំ ដែលបានធ្វើឱ្យមនុស្សជាតិពុករលួយ បានដណ្ដើមយកមនុស្សជាតិរួចជាស្រេចទៅហើយ ព្រមទាំងធ្វើឱ្យពួកគេប្រឡាក់ប្រឡូសអស់ ជាមនុស្សជាតិដែលខ្ញុំបានបង្កើតតាំងពីយូរមកហើយ និងបានទទួលសិរីល្អរបស់ខ្ញុំ និងការសម្ដែងចេញរបស់ខ្ញុំ តាមរយៈការស់នៅ។ វាបានឆក់យកសិរីល្អរបស់ខ្ញុំ ហើយអ្វីទាំងអស់ដែលវាបានបញ្ជ្រាបចូលទៅក្នុងខ្លួនមនុស្សនោះគឺថ្នាំពុល ដែលបានលាយយ៉ាងច្រើនជាមួយនឹងភាពអាក្រក់របស់សាតាំង រួមនឹងទឹកផ្លែឈើពីផ្លែឈើនៃដើមដឹងខុសត្រូវផង។ កាលពីដើមឡើយ ខ្ញុំបានបង្កើតមនុស្សជាតិ ពោលគឺខ្ញុំបានបង្កើតដូនតារបស់មនុស្សជាតិមក គឺអ័ដាម។ ព្រះបានប្រទានទម្រង់ និងរូបកាយដល់គាត់ ដែលពេញប្រៀបទៅដោយថាមពល ពេញប្រៀបទៅដោយជីវិត រួមជាមួយនឹងសិរីល្អរបស់ខ្ញុំថែមទៀតផង។ នោះគឺជាថ្ងៃដ៏មានសិរីល្អ នៅពេលដែលខ្ញុំបានបង្កើតមនុស្សមក។ ក្រោយមក អេវ៉ាក៏ត្រូវបានបង្កើតចេញពីរូបកាយរបស់អ័ដាម ហើយនាងក៏ជាដូនតារបស់មនុស្សដែរ។ ដូច្នេះហើយ មនុស្សដែលខ្ញុំបានបង្កើតមក ត្រូវបំពេញដោយខ្យល់ដង្ហើមរបស់ខ្ញុំ និងពេញប្រៀបទៅដោយសិរីល្អរបស់ខ្ញុំ។ ដំបូងឡើយ អ័ដាមកើតចេញពីស្នាព្រះហស្ដរបស់ខ្ញុំ ហើយជារូបអង្គតំណាងរបស់ខ្ញុំ។ ហេតុនេះ អត្ថន័យដំបូងរបស់ «អ័ដាម» គឺជាភាវៈមួយដែលខ្ញុំបានបង្កើតឡើង ពោរពេញទៅដោយអនុភាពជីវិតរបស់ខ្ញុំ ជ្រួតជ្រាបទៅដោយសិរីល្អរបស់ខ្ញុំ មានទម្រង់និងរូបអង្គ ហើយមានព្រលឹង និងខ្យល់ដង្ហើម។ គាត់ជាសភាវៈដែលបានបង្កើតមកតែមួយគត់ ដែលមានព្រលឹង មានសមត្ថភាពតំណាងឱ្យខ្ញុំបាន អាចមានរូបអង្គរបស់ខ្ញុំបាន និងអាចទទួលបានខ្យល់ដង្ហើមជីវិតរបស់ខ្ញុំ។ កាលដើមដំបូងឡើយ អេវ៉ា គឺជាមនុស្សទីពីរដែលទទួលបានការប្រទានខ្យល់ដង្ហើមជីវិត ជាស្នាព្រះហស្ដដែលខ្ញុំបានបង្កើតឡើង។ ដូចនេះ អត្ថន័យរបស់ «អេវ៉ា» គឺជាសភាវៈដែលបានបង្កើតឡើង ដែលនឹងបន្តសិរីល្អរបស់ខ្ញុំ និងពេញទៅដោយភាពក្លៀវក្លារបស់ខ្ញុំ ព្រមទាំងទទួលបាននូវការប្រទានសិរីល្អរបស់ខ្ញុំផង។ អេវ៉ាកើតចេញពីអ័ដាម ដូចនេះ នាងក៏មានរូបអង្គរបស់ខ្ញុំដែរ ដ្បិតនាងជាមនុស្សទីពីរដែលត្រូវបានបង្កើតឡើងក្នុងរូបអង្គរបស់ខ្ញុំ។ អត្ថន័យដើមរបស់ «អេវ៉ា» គឺជាមនុស្សរស់ ដែលមានព្រលឹង សាច់ឈាម និងឆ្អឹង ជាទីបន្ទាល់ទីពីររបស់ខ្ញុំ ក៏ដូចជារូបអង្គទីពីររបស់ខ្ញុំក្នុងចំណោមមនុស្សជាតិដែរ។ ពួកគេជាដូនតារបស់មនុស្សជាតិ ជាសម្បត្តិដ៏ល្អបរិសុទ្ធ និងមានតម្លៃរបស់មនុស្ស ហើយពីដំបូងឡើយ គេជាភាវៈមានជីវិត ដែលត្រូវបានប្រទានព្រលឹងឱ្យ។ ក៏ប៉ុន្តែ មេកំណាចបានជាន់ឈ្លី និងចាប់កូនចៅនៃដូនតារបស់មនុស្សជាតិជាឈ្លើយ ដោយទម្លាក់ពិភពមនុស្សទៅក្នុងភាពងងឹតសូន្យសុង និងធ្វើឱ្យពិភពនេះប្រែទៅជាបែបនេះ ដើម្បីឱ្យកូនចៅគេលែងជឿលើវត្តមានរបស់ខ្ញុំទៀត។ អ្វីដែលគួរឱ្យស្អប់ខ្ពើមជាងនេះទៀតនោះគឺថា មេកំណាចមិនត្រឹមតែធ្វើឱ្យមនុស្សពុករលួយ និងជាន់ឈ្លីលើពួកគេនោះទេ វាសាហាវឃោឃៅដោយដណ្ដើមយកសិរីល្អរបស់ខ្ញុំ ទីបន្ទាល់របស់ខ្ញុំ សេចក្តីក្លៀវក្លាដែលខ្ញុំបានប្រទានដល់ពួកគេ ខ្យល់ដង្ហើម និងជីវិតដែលខ្ញុំបានផ្លុំបញ្ចូលទៅឱ្យពួកគេ គ្រប់ទាំងសិរីល្អរបស់ខ្ញុំនៅក្នុងពិភពមនុស្ស និងគ្រប់ទាំងឈាមនៅក្នុងបេះដូងដែលខ្ញុំបានលះបង់ទៅលើមនុស្សជាតិផង។ មនុស្សជាតិលែងស្ថិតនៅក្នុងពន្លឺទៀតហើយ មនុស្សបានបាត់បង់អ្វីគ្រប់យ៉ាងដែលខ្ញុំបានប្រទានដល់ពួកគេ ហើយពួកគេបានលះបង់សិរីល្អដែលខ្ញុំបានប្រទានឱ្យពួកគេនោះ។ តើពួកគេអាចទទួលស្គាល់ថាខ្ញុំជាព្រះអម្ចាស់នៃភាវៈទាំងអស់ដែលបានបង្កើតមកដោយរបៀបណា? តើពួកគេអាចបន្តជឿលើវត្តមានរបស់ខ្ញុំនៅស្ថានសួគ៌បានដោយរបៀបណា? តើពួកគេអាចស្វែងរកការសម្ដែងចេញនូវសិរីល្អរបស់ខ្ញុំនៅលើផែនដីនេះបានដោយរបៀបណា? តើចៅប្រុស និងចៅស្រីទាំងអស់នេះអាចទទួលយកព្រះជាម្ចាស់ ដែលដូនតារបស់ពួកគេគោរពកោតខ្លាច ជាព្រះអម្ចាស់ដែលបានបង្កើត​ពួកគេមកបានដោយរបៀបណា? ចៅប្រុស និងចៅស្រីដ៏គួរឱ្យអាណិតទាំងអស់នេះ បាន «ផ្ដល់ជូន» ដោយសុទ្ធចិត្តនូវសិរីល្អ រូបអង្គ និងទីបន្ទាល់ដែលខ្ញុំបានប្រទានដល់អ័ដាមនិងអេវ៉ា ក៏ដូចជាជីវិតដែលខ្ញុំបានប្រទានដល់មនុស្សជាតិ ដែលពួកគេត្រូវការដើម្បីរស់រាននោះ ទៅឱ្យមេកំណាច។ ហើយពួកគេមិនបានចាប់ភ្លឹកទាល់តែសោះចំពោះវត្តមានរបស់មេកំណាច ហើយបានផ្ដល់សិរីល្អទាំងអស់របស់ខ្ញុំ ទៅឱ្យវា។ តើនេះមិនមែនជាប្រភព នៃងារជា «មនុស្សថោកទាប» ទេឬអី? តើមនុស្សបែបនេះ អារក្សកំណាចបែបនេះ សាកសពចេះដើរបែបនេះ រូបតំណាងរបស់សាតាំងបែបនេះ សត្រូវរបស់ខ្ញុំបែបនេះ អាចទទួលបាននូវសិរីល្អរបស់ខ្ញុំដោយរបៀបណា? ខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំមកវិញ យកទីបន្ទាល់របស់ខ្ញុំដែលមាននៅក្នុងចំណោមមនុស្សមកវិញ និងយកអ្វីគ្រប់ទាំងអស់ដែលធ្លាប់ជារបស់ខ្ញុំ និងអ្វីដែលខ្ញុំបានប្រទានទៅឱ្យមនុស្សជាតិជាយូរលង់មកហើយ ខ្ញុំនឹងយកឈ្នះលើមនុស្សជាតិ ឱ្យបានទាំងស្រុង។ ក៏ប៉ុន្តែ អ្នករាល់គ្នាគួរដឹងថា មនុស្សដែលខ្ញុំបានបង្កើតមក គឺជាមនុស្សបរិសុទ្ធដែលមានរូបអង្គរបស់ខ្ញុំ និងមានសិរីល្អរបស់ខ្ញុំ។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់សាតាំងឡើយ ហើយពួកគេក៏មិនមែនជារបស់ដែលត្រូវឱ្យវាជាន់ឈ្លីដែរ ប៉ុន្តែគ្រាន់តែជាការបើកបង្ហាញរបស់ខ្ញុំសុទ្ធសាធ មិនមានដានជាតិពុលរបស់សាតាំងសូម្បីបន្តិច។ ដូចច្នេះហើយ ខ្ញុំប្រាប់មនុស្សថា ខ្ញុំគ្រាន់តែចង់បានអ្វីដែលខ្ញុំបានបង្កើតឡើងដោយព្រះហស្ដរបស់ខ្ញុំតែប៉ុណ្ណោះ ជារបស់បរិសុទ្ធដែលខ្ញុំស្រឡាញ់ និងរបស់ដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់។ បន្ថែមលើនេះ ខ្ញុំនឹងមានសេចក្តីអំណរពីរបស់ទាំងនោះ និងចាត់ទុកវាជាសិរីល្អរបស់ខ្ញុំ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំចង់បាន គឺមិនមែនជាមនុស្សជាតិដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយនោះទេ ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងក្នុងពេលសព្វថ្ងៃនេះដែរ ព្រោះនោះលែងជារបស់ដើមដែលខ្ញុំបានបង្កើតឡើងមកទៀតហើយ។ ដោយសារខ្ញុំមានបំណងចង់យកមកវិញនូវសិរីល្អរបស់ខ្ញុំដែលមាននៅក្នុងពិភពមនុស្ស ខ្ញុំត្រូវយកឈ្នះលើអ្នកនៅរស់ក្នុងចំណោមមនុស្សជាតិឱ្យបានទាំងស្រុង ជាសេចក្តីសម្អាងនៃសិរីល្អរបស់ខ្ញុំនៅក្នុងការយកឈ្នះលើសាតាំង។ មានតែទីបន្ទាល់របស់ខ្ញុំទេ ដែលខ្ញុំចាត់​ទុកជាចំណុចសំខាន់អំពីរូបអង្គផ្ទាល់របស់ខ្ញុំ​ ជារបស់នៃការកម្សាន្តរបស់ខ្ញុំ​។ នេះគឺជាព្រះរាជបំណង​របស់ខ្ញុំ។

ដកស្រង់ពី «តើក្លាយជាមនុស្សពិតប្រាកដម្នាក់មានន័យដូចម្តេច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ១៨

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែល បានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដីនៅក្នុងចំណោមមនុស្ស ជាកន្លែងពិសិដ្ឋ...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ សេចក្ដីអាថ៌កំបាំងអំពីព្រះគម្ពីរ | សម្រង់​សម្ដីទី ២៧៤

មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ?...

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៣

ដំណាក់កាលទីពីរ៖ ការធំធាត់ឡើង ដោយអាស្រ័យលើប្រភេទនៃក្រុមគ្រួសារដែលពួកគេកើតមកជាមួយ មនុស្សធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារខុសៗគ្នា...