ការជជែកដោយសង្ខេបអំពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ»

តើអ្នករាល់គ្នាគិតអ្វីខ្លះអំពីនិមិត្តនៃរាជ្យមួយពាន់ឆ្នាំ? មនុស្សខ្លះគិតពីវាខ្លាំងណាស់ ហើយពួកគេនិយាយថា «រាជ្យមួយពាន់ឆ្នាំនឹងគង់វង្សមួយពាន់ឆ្នាំនៅលើផែនដី ដូច្នេះ បើសមាជិកចាស់ៗរបស់ក្រុមជំនុំដែលមិនទាន់រៀបការ តើពួកគេត្រូវរៀបការឬ? គ្រួសាររបស់ខ្ញុំមិនមានប្រាក់ តើខ្ញុំគួរចាប់ផ្ដើមរកប្រាក់ឬ? ...» អ្វីទៅជារាជ្យមួយពាន់ឆ្នាំ? តើអ្នករាល់គ្នាដឹងឬទេ? មនុស្សឆោតល្ងង់ ហើយរងនូវការឈឺចាប់យ៉ាងខ្លាំងមួយ។ ការពិតទៅ រាជ្យមួយពាន់ឆ្នាំ មិនទាន់បានមកដល់ជាផ្លូវការនៅឡើយទេ។ អំឡុងពេលនៃដំណាក់កាលដែលធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ រាជ្យមួយពាន់ឆ្នាំ គឺគ្រាន់តែជាកូនបក្សីទើបរៀនហើរប៉ុណ្ណោះ ហើយនៅវេលាដែលរាជ្យមួយពាន់ឆ្នាំត្រូវបានប្រកាសដោយព្រះជាម្ចាស់ មនុស្សនឹងត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍។ ពីមុនមក មានគេនិយាយថា មនុស្សនឹងបានដូចជាពួកបរិសុទ្ធ ហើយឈរយ៉ាងរឹងមាំក្នុងស្រុកស៊ីនីម។ ទាល់តែពេលដែលមនុស្សត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ពេលដែលពួកគេបានក្លាយជាពួកបរិសុទ្ធ ដែលត្រូវបានប្រកាសដោយព្រះជាម្ចាស់ ទើបរាជ្យមួយពាន់ឆ្នាំមកដល់។ នៅពេលដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ទ្រង់ធ្វើឲ្យពួកគេបានបរិសុទ្ធ ហើយកាលណាពួកគេបានបរិសុទ្ធប៉ុនណា នោះពួកគេក៏ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ច្រើនប៉ុណ្ណោះដែរ។ ពេលភាពមិនបរិសុទ្ធ ការបះបោរ ការប្រឆាំង និងរឿងនានាខាងសាច់ឈាមក្នុងខ្លួនអ្នករាល់គ្នា ត្រូវបានបណ្ដេញចេញអស់ទៅ ពេលនោះអ្នកត្រូវបានធ្វើឲ្យបរិសុទ្ធហើយ នោះអ្នករាល់គ្នានឹងទទួលបានក្ដីស្រឡាញ់ពីព្រះជាម្ចាស់ (អាចនិយាយម្យ៉ាងទៀតថា អ្នកនឹងក្លាយជាពួកបរិសុទ្ធ) នៅពេលដែលព្រះជាម្ចាស់ធ្វើឲ្យអ្នកបានបរិសុទ្ធ និងក្លាយជាមនុស្សបរិសុទ្ធម្នាក់ នោះអ្នកនឹងបានឋិតនៅក្នុងរាជ្យមួយពាន់ឆ្នាំ។ ឥឡូវនេះ ជាយុគសម័យនៃនគរព្រះ។ ក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ មនុស្សនឹងអាស្រ័យលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីមានជីវិតរស់នៅ ហើយសាសន៍ទាំងអស់នឹងមកនៅក្រោមព្រះនាមរបស់ព្រះជាម្ចាស់ ហើយមនុស្សទាំងអស់នឹងចូលមកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅគ្រានោះ មនុស្សខ្លះនឹងទូរស័ព្ទ ខ្លះនឹងផ្ញើទូរសារ... ពួកគេនឹងប្រើមធ្យោបាយគ្រប់បែបយ៉ាងដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នករាល់គ្នាក៏អ៊ីចឹងដែរ នឹងមកក្រោយបន្ទូលរបស់ព្រះជាម្ចាស់។ ទាំងអស់នេះ ជាអ្វីដែលកើតឡើងបន្ទាប់ពីមនុស្សត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍។ នៅសព្វថ្ងៃនេះ មនុស្សត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ត្រូវបានបន្សុទ្ធ ត្រូវបានបំភ្លឺ និងត្រូវបានបង្ហាញផ្លូវតាមរយៈព្រះបន្ទូល នេះជាយុគសម័យនៃនគរព្រះ ជាដំណាក់កាលនៃមនុស្សដែលត្រូវបានធ្វើឲ្យបរិសុទ្ធ ហើយវាមិនជាប់ទាក់ទងនឹងសម័យរាជ្យមួយពាន់ឆ្នាំទេ។ កំឡុងពេលនៃរាជ្យមួយពាន់ឆ្នាំ មនុស្សនឹងត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍រួចជាស្រេច ហើយនិស្ស័យពុករលួយនានានៅក្នុងខ្លួនពួកគេនឹងត្រូវបានបន្សុទ្ធ។ នៅគ្រានោះ ព្រះបន្ទូលដែលចេញមកពីព្រះជាម្ចាស់ នឹងបង្ហាញផ្លូវមនុស្សមួយជំហានម្ដងៗ ហើយនឹងបើកឲ្យឃើញនូវអាថ៌កំបាំងនៃកិច្ចការរបស់ព្រះជាម្ចាស់ពីគ្រានៃការបង្កបង្កើតរហូតមកដល់សព្វថ្ងៃ ហើយព្រះបន្ទូលទាំងឡាយរបស់ទ្រង់នឹងប្រាប់មនុស្សពីកិច្ចការរបស់ព្រះជាម្ចាស់ក្នុងគ្រប់សម័យ និង រៀងរាល់ថ្ងៃ ពីរបៀបដែលទ្រង់បង្ហាញផ្លូវមនុស្ស ពីកិច្ចការដែលទ្រង់ធ្វើក្នុងពិភពខាងវិញ្ញាណ ហើយនឹងប្រាប់ពួកគេពីថាមវន្តនៃពិភពខាងឯវិញ្ញាណ។ ទាល់តែដល់ពេលនោះ ទើបវានឹងក្លាយជាសម័យនៃព្រះបន្ទូលពិតៗ ឥឡូវនេះវាត្រឹមតែឋិតនៅក្នុងសភាពជាកូនបក្សីទើបរៀនហើរប៉ុណ្ណោះ។ បើមនុស្សមិនត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ និងបរិសុទ្ធទេ នោះពួកគេនឹងគ្មានផ្លូវអាចរស់នៅបានមួយពាន់ឆ្នាំនៅលើផែនដីដែរ ហើយសាច់ឈាមពួកគេនឹងរលួយទៅដោយជៀសមិនផុត តែបើមនុស្សត្រូវបានបន្សុទ្ធផ្នែកខាងក្នុង ហើយពួកគេលែងជារបស់ផងសាតាំង និងរបស់ផងសាច់ឈាម នោះពួកគេនឹងបន្តរស់នៅលើផែនដីតទៅទៀត។ ក្នុងដំណាក់កាលនេះ អ្នកនៅតែឆោតល្ងង់ ហើយរឿងទាំងអស់ដែលអ្នករាល់គ្នាជួប នោះគឺការស្រឡាញ់ព្រះជាម្ចាស់ និងការធ្វើទីបន្ទាល់ពីទ្រង់ នៅរាល់ថ្ងៃដែលអ្នករស់នៅលើផែនដីនោះ។

«រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» គឺជាទំនាយមួយ ហើយវាស្រដៀងទៅនឹងការទាយទុកមុនរបស់ហោរា ជាការដែលព្រះជាម្ចាស់ទាយទុកមុនពីអ្វីដែលនឹងកើតឡើងនាពេលអនាគត។ ព្រះបន្ទូលនានាដែលព្រះជាម្ចាស់មានបន្ទូលក្នុងពេលអនាគត និងព្រះបន្ទូលនានាដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃនេះ មិនដូចគ្នាទេ៖ ព្រះបន្ទូលក្នុងពេលអនាគត នឹងបង្ហាញផ្លូវពីយុគសម័យនោះ ខណៈដែលព្រះបន្ទូលនានាដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃ ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ បន្សុទ្ធពួកគេ និងប្រាស្រ័យទាក់ទងនឹងពួកគេ។ សម័យព្រះបន្ទូលក្នុងពេលអនាគត មានភាពខុសគ្នានឹងសម័យព្រះបន្ទូលនាពេលសព្វថ្ងៃ។ សព្វថ្ងៃនេះ ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ មិនថាតាមវិធីណាដែលទ្រង់មានបន្ទូលនោះទេ គឺសុទ្ធតែដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ដើម្បីបន្សុទ្ធនូវអ្វីដែលកខ្វក់ក្នុងខ្លួនពួកគេ ដើម្បីធ្វើឲ្យពួកគេបានបរិសុទ្ធ ហើយធ្វើឲ្យពួកគេបានសុចរិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ព្រះបន្ទូលនៅសព្វថ្ងៃនេះ និងព្រះបន្ទូលនៅពេលអនាគត ជារឿងពីរផ្សេងគ្នា។ ព្រះបន្ទូលក្នុងយុគសម័យនៃនគរព្រះ គឺដើម្បីធ្វើឲ្យមនុស្សចូលទៅក្នុងការហ្វឹកហាត់ទាំងឡាយ ដើម្បីនាំមនុស្សទៅកាន់គន្លងត្រឹមត្រូវក្នុងរឿងគ្រប់យ៉ាង ដើម្បីបណ្ដេញនូវអ្វីទាំងអស់ ដែលមិនបរិសុទ្ធក្នុងខ្លួនពួកគេ។ នេះជាអ្វីដែលព្រះជាម្ចាស់ធ្វើក្នុងសម័យនេះ។ ទ្រង់បង្កើតមូលដ្ឋានមួយនៃព្រះបន្ទូលរបស់ទ្រង់ក្នុងមនុស្សគ្រប់រូប ទ្រង់ធ្វើឲ្យព្រះបន្ទូលទ្រង់ក្លាយជាជីវិតនៃមនុស្សគ្រប់រូប ហើយទ្រង់ប្រើព្រះបន្ទូលរបស់ទ្រង់ ដើម្បីបំភ្លឺ និងបង្ហាញផ្លូវដល់ពួកគេជាប់ជានិច្ចនៅក្នុងដួងចិត្ត។ ហើយពេលដែលពួកគេមិនខ្វាយខ្វល់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់នឹងនៅក្នុងខ្លួនរបស់ពួកគេ ដើម្បីស្ដីបន្ទោស និងអប់រំពួកគេ។ ព្រះបន្ទូលនានានៅសព្វថ្ងៃ គួរតែជាជីវិតរបស់មនុស្ស ព្រះបន្ទូលទាំងនោះផ្ដល់ដោយផ្ទាល់នូវអ្វីៗគ្រប់យ៉ាងដែលមនុស្សត្រូវការ គ្រប់យ៉ាងដែលអ្នកខ្វះនៅក្នុងខ្លួន ត្រូវបានផ្ដល់មកដោយព្រះបន្ទូល ហើយអស់អ្នកដែលទទួលយកព្រះបន្ទូល ទទួលបានការបំភ្លឺដោយការទទួលទាននិងផឹកបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលនានាក្នុងពេលអនាគត បង្ហាញផ្លូវដល់មនុស្សទូទាំងសកលលោកនេះ ហើយសព្វថ្ងៃ ពាក្យទាំងនេះត្រូវបាននិយាយឡើងតែក្នុងប្រទេសចិនប៉ុណ្ណោះ ហើយពួកវាមិនតំណាងឲ្យពាក្យទាំងឡាយដែលត្រូវបាននិយាយទៅទូទាំងសកលលោកនោះទេ។ ព្រះជាម្ចាស់នឹងមានបន្ទូលទៅកាន់សកលលោកទាំងមូល នៅពេលដែលរាជ្យមួយពាន់ឆ្នាំមកដល់ប៉ុណ្ណោះ។ ចូរដឹងថា ព្រះបន្ទូលនៅសព្វថ្ងៃ គឺសុទ្ធតែដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលក្នុងអំឡុងពេលនៃដំណាក់កាលនេះ គឺសុទ្ធតែដើម្បីបំពេញតម្រូវការរបស់មនុស្ស មិនមែនដើម្បីអនុញ្ញាតឲ្យអ្នកដឹងពីរឿងអាថ៌កំបាំងនានា ឬពីការអស្ចារ្យនានារបស់ព្រះជាម្ចាស់នោះទេ។ ការដែលទ្រង់មានបន្ទូលតាមរយៈមធ្យោបាយជាច្រើននោះ គឺដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់មនុស្ស។ សម័យរាជ្យមួយពាន់ឆ្នាំ មិនទាន់បានមកដល់នៅឡើយទេ រាជ្យមួយពាន់ឆ្នាំ ដែលត្រូវបាននិយាយមកនេះ ជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់។ បន្ទាប់ពីកិច្ចការរបស់ព្រះយេស៊ូវ ក្នុងស្រុកយូដាត្រូវបានបញ្ចប់ ព្រះជាម្ចាស់បានផ្លាស់ប្ដូរកិច្ចការរបស់ទ្រង់មកកាន់ចិនដីគោកវិញ ហើយបានបង្កើតផែនការមួយទៀត។ ទ្រង់ធ្វើការមួយផ្នែកទៀតនៃកិច្ចការរបស់ទ្រង់ក្នុងខ្លួនអ្នករាល់គ្នា ទ្រង់ធ្វើកិច្ចការនៃការធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ដោយប្រើព្រះបន្ទូល ហើយទ្រង់ប្រើព្រះបន្ទូលនានាដើម្បីធ្វើឲ្យមនុស្សទទួលរងនូវការឈឺចាប់យ៉ាងខ្លាំង ក៏ដូចជាទទួលបាននូវព្រះគុណយ៉ាងច្រើនដូចគ្នាដែរ។ ដំណាក់កាលនៃកិច្ចការនេះ នឹងបង្កើតនូវអ្នកមានជ័យជម្នះមួយក្រុមនេះ ពួកគេនឹងមានលទ្ធភាពធ្វើទីបន្ទាល់ពីទង្វើរបស់ទ្រង់ ពួកគេនឹងមានលទ្ធភាពរស់នៅតាមភាពជាក់ស្ដែង ហើយតាមការពិតទៅ ពួកគេនឹងធ្វើឲ្យទ្រង់សព្វព្រះហឫទ័យ ហើយមានភក្ដីភាពចំពោះទ្រង់រហូតដល់ស្លាប់ ហើយតាមរយៈវិធីនេះ ព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ ពេលព្រះជាម្ចាស់ទទួលបានសិរីល្អ ដែលមានន័យថា ពេលទ្រង់ធ្វើឲ្យមនុស្សមួយក្រុមនេះបានគ្រប់លក្ខណ៍រួចហើយ នោះនឹងដល់យុគសម័យរាជ្យមួយពាន់ឆ្នាំហើយ។

ព្រះយេស៊ូវបានគង់នៅលើផែនដីអស់រយៈពេលសាមសិបបីឆ្នាំកន្លះ ទ្រង់បានយាងមកធ្វើកិច្ចការនៃការជាប់ឆ្កាង ហើយតាមរយៈការជាប់ឆ្កាង ព្រះជាម្ចាស់បានទទួលនូវសិរីល្អមួយចំណែករបស់ទ្រង់។ នៅពេលដែលព្រះជាម្ចាស់បានត្រលប់មកជាសាច់ឈាម ទ្រង់អាចបន្ទាបព្រះអង្គទ្រង់ និងលាក់កំបាំង ហើយអាចទ្រាំទ្រនឹងការរងទុក្ខយ៉ាងធ្ងន់ធ្ងរ។ បើទោះជាទ្រង់ជាព្រះជាម្ចាស់ ក៏ទ្រង់នៅតែអត់ទ្រាំនឹងការសើចចំអក និងការប្រមាថទាំងឡាយ ហើយទ្រង់បានអត់ទ្រាំនឹងការឈឺចាប់យ៉ាងខ្លាំងក្លាក្នុងការដែលត្រូវគេដំដោយដែកគោលភ្ជាប់នឹងឈើឆ្កាង ដើម្បីបំពេញកិច្ចការនៃការប្រោសលោះ។ បន្ទាប់ពីដំណាក់កាលនៃកិច្ចការនេះត្រូវបញ្ចប់ បើទោះជាមនុស្សបានឃើញថាព្រះជាម្ចាស់បានទទួលនូវសិរីល្អដ៏អស្ចារ្យរបស់ទ្រង់ រឿងនេះមិនមែនជាសិរីល្អទាំងស្រុងរបស់ទ្រង់ទេ វាគ្រាន់តែជាសិរីល្អមួយចំណែករបស់ទ្រង់ ដែលទ្រង់បានទទួលពីព្រះយេស៊ូវប៉ុណ្ណោះ។ បើទោះជាព្រះយេស៊ូវអាចទ្រាំទ្រនឹងការលំបាកទាំងឡាយ អាចបន្ទាបព្រះអង្គទ្រង់ និងអាចត្រូវបានលាក់កំបាំង អាចត្រូវបានគេឆ្កាងដើម្បីព្រះជាម្ចាស់ ក៏ព្រះជាម្ចាស់ទទួលបានត្រឹមសិរីល្អមួយផ្នែករបស់ទ្រង់ប៉ុណ្ណោះ ហើយសិរីល្អរបស់ទ្រង់ ត្រូវបានទទួលនៅក្នុងប្រទេសអ៊ីស្រាអែល។ ព្រះជាម្ចាស់នៅមានសិរីល្អមួយផ្នែកផ្សេងទៀតគឺ៖ ការយាងមកផែនដី ដើម្បីធ្វើកិច្ចការជាក់ស្ដែង និងធ្វើឲ្យមនុស្សមួយក្រុមបានគ្រប់លក្ខណ៍។ អំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ ទ្រង់បានធ្វើរឿងមហស្ចារ្យមួយចំនួន តែដំណាក់កាលនៃកិច្ចការនោះ មិនមែនដើម្បីតែសម្ដែងទីសម្គាល់ និងរឿងអស្ចារ្យនោះទេ។ ជាបឋម គឺដើម្បីបង្ហាញថា ព្រះយេស៊ូវអាចរងទុក្ខ ហើយត្រូវបានឆ្កាងដើម្បីព្រះជាម្ចាស់ ដែលបង្ហាញថា ព្រះយេស៊ូវអាចរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ព្រោះទ្រង់បានស្រឡាញ់ព្រះជាម្ចាស់ និងបង្ហាញថា បើទោះជាព្រះជាម្ចាស់បានបោះបង់ទ្រង់ ក៏ទ្រង់នៅតែស្ម័គ្រលះបង់ព្រះជន្មរបស់ទ្រង់ទៅតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ បន្ទាប់ពីព្រះជាម្ចាស់បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសអ៊ីស្រាអែល ហើយព្រះយេស៊ូវត្រូវបានដំនឹងដែកគោលភ្ជាប់ឈើឆ្កាង ព្រះជាម្ចាស់បានទទួលសិរីល្អ ហើយព្រះអង្គបានធ្វើទីបន្ទាល់នៅចំពោះមុខសាតាំង។ អ្នករាល់គ្នាមិនដឹង ហើយក៏មិនបានឃើញថាព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមក្នុងប្រទេសចិនដោយរបៀបណា ដូច្នេះ តើអ្នករាល់គ្នាអាចមើលឃើញថាព្រះជាម្ចាស់បានទទួលសិរីល្អដោយរបៀបណា? នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការជាច្រើននៃការយកឈ្នះនៅក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាឈរយ៉ាងរឹងមាំ ពេលនោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ បានជោគជ័យហើយ ហើយនេះជាផ្នែកមួយនៃសិរីល្អរបស់ព្រះជាម្ចាស់។ អ្នករាល់គ្នា មើលឃើញត្រឹមរឿងនេះប៉ុណ្ណោះ ហើយអ្នករាល់គ្នាមិនទាន់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់នៅឡើយទេ ហើយក៏មិនទាន់ថ្វាយដួងចិត្តរបស់អ្នកទាំងស្រុងទៅកាន់ព្រះជាម្ចាស់ដែរ។ អ្នករាល់គ្នាមិនទាន់បានឃើញទាំងស្រុងនូវសិរីល្អនេះ អ្នកត្រឹមមើលឃើញថា ព្រះជាម្ចាស់បានយកឈ្នះដួងចិត្តអ្នករាល់គ្នា ឃើញថាអ្នករាល់គ្នាមិនអាចចាកចេញពីទ្រង់ ហើយនឹងដើរតាមព្រះជាម្ចាស់រហូតដល់ចុងបញ្ចប់ឡើយ ហើយដួងចិត្តអ្នកនឹងមិនផ្លាស់ប្ដូរ ហើយមើលឃើញថា នេះជាសិរីល្អរបស់ព្រះជាម្ចាស់ទេ។ តើអ្នកមើលឃើញសិរីល្អរបស់ព្រះជាម្ចាស់នៅក្នុងអ្វីខ្លះ? ក្នុងឥទ្ធិពលនានានៃកិច្ចការរបស់ទ្រង់ក្នុងខ្លួនមនុស្ស។ មនុស្សមើលឃើញថា ព្រះជាម្ចាស់គួរឲ្យស្រឡាញ់យ៉ាងខ្លាំង ពួកគេមានព្រះជាម្ចាស់ក្នុងដួងចិត្តពួកគេ ហើយមិនចង់ចាកចេញពីទ្រង់ទេ ហើយនេះជាសិរីល្អរបស់ព្រះជាម្ចាស់។ ពេលភាពរឹងមាំនៃបងប្អូនប្រុសស្រីក្នុងក្រុមជំនុំនានាកើតមានឡើង ហើយពួកគេអាចស្រឡាញ់ព្រះជាម្ចាស់ចេញពីដួងចិត្តរបស់ពួកគេ មើលឃើញព្រះចេស្ដាដ៏ខ្ពង់ខ្ពស់នៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ ព្រះចេស្ដាដែលគ្មានអ្វីប្រៀបបាននៃព្រះបន្ទូលរបស់ទ្រង់ ពេលពួកគេបានឃើញថា ព្រះបន្ទូលរបស់ទ្រង់មានសិទ្ធិអំណាច និងថាទ្រង់អាចចាប់ផ្ដើមកិច្ចការរបស់ទ្រង់ក្នុងទីក្រុងដែលត្រូវគេបោះបង់ចោលក្នុងប្រទេសចិនដីគោក បើទោះជាមនុស្សមានភាពទន់ខ្សោយ ពេលដួងចិត្តពួកគេឳនក្រាបចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ហើយពួកគេព្រមទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបើទោះជាពួកគេទន់ខ្សោយ និងគ្មានតម្លៃស័ក្តិសម ពេលពួកគេអាចមើលឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរឲ្យស្រឡាញ់យ៉ាងខ្លាំង ហើយមានតម្លៃស័ក្តិសមនឹងការថែរក្សារបស់ពួកគេ នោះរឿងនេះគឺជាសិរីល្អរបស់ព្រះជាម្ចាស់ហើយ។ ពេលថ្ងៃនោះមកដល់ ដែលព្រះជាម្ចាស់ធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ហើយអាចចុះចូលនៅចំពោះព្រះភ័ក្ត្រទ្រង់ ហើយអាចស្ដាប់តាមព្រះជាម្ចាស់ទាំងស្រុង និងដាក់នូវជោគវាសនារបស់ពួកគេទៅក្នុងព្រះហស្ដនៃព្រះជាម្ចាស់ នោះផ្នែកទីពីរនៃសិរីល្អរបស់ព្រះជាម្ចាស់នឹងត្រូវទទួលបានមកយ៉ាងពេញលេញ។ អាចនិយាយបានថា នៅពេលដែលកិច្ចការនៃព្រះដ៏ជាក់ស្ដែងបានបញ្ចប់ទាំងស្រុង នោះកិច្ចការរបស់ទ្រង់ក្នុងទឹកដីចិនដីគោកនឹងដល់ទីបញ្ចប់។ អាចនិយាយម្យ៉ាងទៀតបានថា ពេលអស់អ្នកដែលត្រូវបានកំណត់ទុកជាមុន និងត្រូវបានជ្រើសរើសដោយព្រះជាម្ចាស់ ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍រួចហើយ នោះព្រះជាម្ចាស់នឹងបានទទួលសិរីល្អ។ ព្រះជាម្ចាស់មានបន្ទូលថា ទ្រង់បាននាំមកនូវផ្នែកទីពីរនៃសិរីល្អរបស់ទ្រង់ មកកាន់ប៉ែកខាងកើត ប៉ុន្តែវាមិនអាចឲ្យគេមើលឃើញដោយភ្នែកទទេបានទេ។ ព្រះជាម្ចាស់បាននាំយកកិច្ចការរបស់ទ្រង់មកប៉ែកខាងកើត៖ ទ្រង់បានមកដល់ខាងកើតរួចហើយ ហើយនេះជាសិរីល្អរបស់ព្រះជាម្ចាស់។ នៅសព្វថ្ងៃនេះ បើទោះជាកិច្ចការរបស់ទ្រង់មិនទាន់បានបញ្ចប់ក្ដី ព្រោះព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យថានឹងធ្វើវា នោះវានឹងប្រាកដជាបានសម្រេច។ ព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យថា ទ្រង់នឹងបំពេញកិច្ចការក្នុងប្រទេសចិន ហើយទ្រង់បានតាំងចិត្តនឹងធ្វើឲ្យអ្នករាល់គ្នាបានពេញខ្នាត។ ដូច្នេះ ទ្រង់មិនឲ្យអ្នករាល់គ្នាទៅណារួចទេ គឺទ្រង់បានយកឈ្នះដួងចិត្តអ្នករាល់គ្នារួចទៅហើយ ហើយអ្នកត្រូវបន្តដំណើរទៅមុខ មិនថាអ្នកចង់ ឬអត់នោះទេ ហើយពេលព្រះជាម្ចាស់យកឈ្នះលើអ្នករាល់គ្នារួចហើយ ព្រះជាម្ចាស់ទទួលបានសិរីល្អ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់មិនទាន់ទទួលបានសិរីល្អពេញលេញនៅឡើយទេ ព្រោះអ្នករាល់គ្នាមិនទាន់ត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍នៅឡើយ។ បើទោះជាដួងចិត្តរបស់អ្នកបានត្រឡប់រកព្រះជាម្ចាស់ក្ដី ក៏នៅមានភាពទន់ខ្សោយជាច្រើនក្នុងសាច់ឈាមរបស់អ្នកដែរ ហើយអ្នកមិនមានលទ្ធភាពធ្វើឲ្យព្រះជាម្ចាស់សព្វហឫទ័យទេ អ្នកមិនអាចនឹកចាំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអ្នកនៅមានរឿងអវិជ្ជមានជាច្រើនដែលអ្នករាល់គ្នាត្រូវជម្រុះចេញពីខ្លួន ហើយអ្នកត្រូវឆ្លងកាត់ការល្បងល និងការបន្សុទ្ធជាច្រើនទៀត។ មានតែបែបនេះទេ ទើបនិស្ស័យជីវិតរបស់អ្នកអាចផ្លាស់ប្ដូរ ហើយអ្នកអាចនឹងត្រូវយកឈ្នះដោយព្រះជាម្ចាស់។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?