និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣) ផ្នែកទីមួយ
លើកដំបូងដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្ស គឺតាមរយៈការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយរឿងនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងកិច្ចការដែលទ្រង់មានសព្វព្រះហឫទ័យចង់ធ្វើ។ យុគសម័យនៃព្រះគុណ បានចាប់ផ្ដើមដោយព្រះនាមរបស់ព្រះយេស៊ូវ។ នៅពេលព្រះយេស៊ូវបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ទ្រង់ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើទីបន្ទាល់អំពីព្រះនាមរបស់ព្រះយេស៊ូវ ហើយព្រះនាមរបស់ព្រះយេហូវ៉ា លែងត្រូវបានគេនិយាយទៀតហើយ។ ផ្ទុយទៅវិញ ព្រះវិញ្ញាណបរិសុទ្ធបានបំពេញនូវកិច្ចការថ្មី ដែលជាគោលការណ៍ក្រោមព្រះនាមព្រះយេស៊ូវ។ ការធ្វើទីបន្ទាល់របស់អ្នកដែលបានជឿលើទ្រង់ កើតចេញពីព្រះយេស៊ូវគ្រីស្ទ ហើយកិច្ចការដែលពួកគេបានធ្វើ ក៏ដើម្បីព្រះយេស៊ូវគ្រីស្ទដែរ។ ការបិទបញ្ចប់យុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានន័យថាកិច្ចការដែលធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ា បានមកដល់ទីបញ្ចប់ហើយ។ ហេតុដូច្នេះ ព្រះនាមរបស់ព្រះជាម្ចាស់ លែងហៅថាជា ព្រះយេហូវ៉ាទៀតហើយ។ ផ្ទុយទៅវិញ ទ្រង់ត្រូវបានហៅថា ព្រះយេស៊ូវ ហើយចាប់ពីចំណុចនេះតទៅ ព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមកិច្ចការជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ដូច្នេះ មនុស្សនៅតែហូប និងផឹកព្រះបន្ទូលរបស់ព្រះយេហូវ៉ាដដែលនាពេលសព្វថ្ងៃនេះ ហើយនៅតែធ្វើគ្រប់យ៉ាងទៅតាមកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យដដែល តើអ្នកមិនមែនកំពុងស្របតាមក្រឹត្យវិន័យទាំងងងឹតងងល់ទេឬអី? តើអ្នកមិនមែនកំពុងជាប់គាំងនៅក្នុងអតីតកាលទេឬ? អ្នករាល់គ្នាដឹងថា គ្រាចុងក្រោយបានចូលមកដល់ហើយ។ តើវាអាចទេថា នៅពេលដែលព្រះយេស៊ូវយាងមក ទ្រង់នឹងនៅតែត្រូវគេហៅថាព្រះយេស៊ូវដដែល? ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់រាស្រ្តអ៊ីស្រាអែលថា ព្រះមែស្ស៊ីនឹងយាងមក ក៏ប៉ុន្តែនៅពេលដែលទ្រង់យាងមកនោះ ទ្រង់មិនត្រូវគេហៅថាព្រះមែស្ស៊ីទេ ប៉ុន្តែត្រូវគេហៅថា ព្រះយេស៊ូវ វិញ។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកម្ដងទៀត ហើយថាទ្រង់នឹងយាងមកវិញ មានលក្ខណៈដូចទៅនឹងការដែលទ្រង់បានយាងចាកចេញទៅដែរ។ ទាំងអស់នេះ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ប៉ុន្តែតើអ្នកឃើញផ្លូវដែលព្រះយេស៊ូវបានយាងចាកចេញទៅដែរឬទេ? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស ប៉ុន្តែតើអាចថាទ្រង់នឹងយាងត្រឡប់មកវិញនៅលើដុំពពកសដោយផ្ទាល់ព្រះអង្គក្នុងចំណោមមនុស្សដែរឬទេ? ប្រសិនបើដូច្នេះមែន តើទ្រង់នឹងមិននៅតែត្រូវគេហៅថា ព្រះយេស៊ូវដដែលទេឬអី? នៅពេលដែលព្រះយេស៊ូវយាងមកម្ដងទៀត យុគសម័យនេះ នឹងបានផ្លាស់ប្ដូររួចជាស្រេច ដូច្នេះ តើទ្រង់នៅតែអាចឱ្យគេហៅថា ព្រះយេស៊ូវ បានដែរឬទេ? តើអាចថាព្រះជាម្ចាស់អាចត្រឹមត្រូវបានស្គាល់ដោយព្រះនាមថា ព្រះយេស៊ូវ មែនទេ? តើទ្រង់អាចមិនត្រូវគេហៅដោយព្រះនាមថ្មីនៅក្នុងយុគសម័យថ្មីនេះមែនទេ? តើរូបភាពរបស់មនុស្សម្នាក់ និងឈ្មោះជាក់លាក់ណាមួយ អាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការថ្មី ហើយទ្រង់ត្រូវគេហៅដោយព្រះនាមថ្មីមួយ។ តើទ្រង់អាចបំពេញកិច្ចការតែមួយនៅក្នុងយុគសម័យផ្សេងគ្នាម្តេចបាន? តើទ្រង់អាចដិតជាប់ទៅនឹងរឿងចាស់បានដោយរបៀបណា? ព្រះនាមរបស់ព្រះយេស៊ូវ ត្រូវបានប្រើដើម្បីជាប្រយោជន៍ដល់កិច្ចការនៃការប្រោសលោះ ដូច្នេះ តើទ្រង់នៅតែត្រូវគេហៅដោយព្រះនាមដដែល នៅពេលដែលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយដែរឬទេ? តើទ្រង់នឹងត្រូវនៅបន្តបំពេញកិច្ចការនៃការប្រោសលោះដែរឬទេ? តើហេតុអ្វីបានជាថាព្រះយេហូវ៉ា និងព្រះយេស៊ូវ ជាព្រះជាម្ចាស់តែមួយ ប៉ុន្តែទ្រង់ទាំងពីរត្រូវគេហៅដោយព្រះនាមខុសគ្នានៅក្នុងយុគសម័យផ្សេងគ្នាទៅវិញ? តើនេះមិនមែនដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសគ្នាទេមែនទេ? តើព្រះនាមតែមួយអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងដែរឬទេ? បើបែបនេះមែន ព្រះជាម្ចាស់ត្រូវហៅដោយព្រះនាមខុសគ្នានៅយុគសម័យផ្សេងគ្នា ហើយទ្រង់ត្រូវតែប្រើព្រះនាមនេះដើម្បីផ្លាស់ប្ដូរយុគសម័យនេះ និងដើម្បីតំណាងយុគសម័យនេះ។ ដ្បិតគ្មានព្រះនាមណាមួយដែលអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់បានឡើយ ហើយព្រះនាមនីមួយៗ គឺអាចត្រឹមតំណាងឱ្យលក្ខណៈនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យជាក់លាក់មួយប៉ុណ្ណោះ។ ឱ្យតែព្រះនាមនោះតំណាងឱ្យកិច្ចការរបស់ទ្រង់ គឺបានហើយ។ ហេតុនេះ ព្រះជាម្ចាស់អាចជ្រើសរើសព្រះនាមណាមួយក៏បាន ឱ្យតែត្រូវនឹងនិស្ស័យរបស់ទ្រង់ ដើម្បីតំណាងឱ្យយុគសម័យទាំងមូល។ មិនខ្វល់ថាតើវាគឺជាយុគសម័យនៃព្រះយេហូវ៉ា ឬជាយុគសម័យនៃព្រះយេស៊ូវទេ យុគសម័យនីមួយៗ គឺត្រូវមានព្រះនាមតំណាងមួយ។ នៅចុងបញ្ចប់យុគសម័យនៃព្រះគុណ យុគសម័យចុងក្រោយបានចូលមកដល់ ហើយព្រះយេស៊ូវក៏បានយាងមកដល់ហើយដែរ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវបានដោយរបៀបណា? តើទ្រង់នៅតែអាចមានទម្រង់ជាព្រះយេស៊ូវដែលគង់ក្នុងចំណោមមនុស្សដូចម្ដេចបាន? តើអ្នកបានភ្លេចថាព្រះយេស៊ូវ គឺគ្មានអ្វីផ្សេងក្រៅពីរូបអង្គរបស់អ្នកស្រុកណាសារ៉ែតទេឬអី? តើអ្នកបានភ្លេចថា ព្រះយេស៊ូវ គឺគ្រាន់តែជាព្រះដ៏ប្រោសលោះរបស់មនុស្សជាតិហើយមែនទេ? តើទ្រង់អាចទទួលយកកិច្ចការនៃការយកឈ្នះ និងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយបានដោយរបៀបណា? ព្រះយេស៊ូវបានយាងចាកចេញទៅដោយគង់នៅលើដុំពពកស (នេះគឺជាការពិត) ប៉ុន្តែតើទ្រង់អាចយាងត្រឡប់មកវិញដោយគង់នៅលើដុំពពកសក្នុងចំណោមមនុស្ស និងនៅតែត្រូវហៅថាព្រះយេស៊ូវបានដោយរបៀបណា? ប្រសិនបើទ្រង់ពិតជាបានយាងមកនៅលើដុំពពកមែននោះ តើមនុស្សអាចមិនស្គាល់ទ្រង់បានដោយរបៀបណា? តើមនុស្សនៅលើពិភពលោកនេះមិនសុទ្ធតែស្គាល់ទ្រង់ទេឬអី? នៅក្នុងករណីនោះ តើព្រះយេស៊ូវតែមួយអង្គឯងមិនមែនជាព្រះជាម្ចាស់ទេឬអី? នៅក្នុងករណីនោះ រូបអង្គរបស់ព្រះជាម្ចាស់ គួរតែជារូបរាងនៃជាតិសាសន៍យូដាម្នាក់ ហើយលើសពីនេះទៀត រូបរាងនេះនឹងនៅដដែលជារៀងរហូត។ ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកដូចកាលដែលទ្រង់បានយាងចាកចេញទៅដែរ ប៉ុន្តែតើអ្នកដឹងពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ទ្រង់ដែរឬទេ? តើអាចទេថា ទ្រង់បានមានបន្ទូលប្រាប់ពួកអ្នករាល់គ្នានេះ? អ្វីគ្រប់យ៉ាងដែលអ្នកដឹងគឺថា ទ្រង់នឹងយាងមកដោយសារទ្រង់បានយាងចាកចេញទៅ ដោយគង់នៅលើដុំពពក ប៉ុន្តែតើអ្នកដឹងច្បាស់ថា ព្រះជាម្ចាស់បំពេញកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដោយរបៀបណាដែរឬទេ? ប្រសិនបើអ្នកពិតជាអាចមើលឃើញមែន នោះតើព្រះបន្ទូលដែលព្រះយេស៊ូវបានសម្ដែងមកនោះ អាចពន្យល់បានដោយរបៀបណា? ទ្រង់បានមានព្រះបន្ទូលថា៖ នៅពេលដែលកូនមនុស្សមកដល់នៅគ្រាចុងក្រោយ ទ្រង់ផ្ទាល់ព្រះអង្គនឹងមិនជ្រាបពីការនេះទេ ពួកទេវតានឹងមិនដឹង អ្នកនាំសារនៅស្ថានសួគ៌នឹងមិនដឹង ហើយមនុស្សទាំងអស់ក៏នឹងមិនដឹងដែរ។ មានតែព្រះវរបិតាប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ ពោលគឺមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលនឹងជ្រាបពីការនេះ។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ក៏ប៉ុន្តែ តើអ្នកអាចមើលឃើញ និងអាចដឹងបានដែរឬទេ? ប្រសិនបើអ្នកអាចដឹងនិងឃើញដោយភ្នែកផ្ទាល់របស់អ្នកបាន តើព្រះបន្ទូលទាំងអស់នេះ មិនត្រូវបានសម្ដែងមកដោយអសារឥតការទេឬអី? ហើយតើព្រះយេស៊ូវបានមានព្រះបន្ទូលអ្វីខ្លះនៅពេលនោះ? «ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប។ តែដូចសម័យរបស់លោកណូអេយ៉ាងណា បុត្រមនុស្សក៏នឹងយាងមកយ៉ាងនោះដែរ។ ... ដូច្នេះហើយ ចូរឱ្យអ្នករាល់គ្នាបានត្រៀមខ្លួនជាស្រេច ដ្បិតក្នុងវេលាមួយដែលអ្នករាល់គ្នាគិតមិនដល់ បុត្រមនុស្សក៏យាងមកដល់»។ នៅពេលថ្ងៃនោះមកដល់ បុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏នឹងមិនជ្រាបដឹងដែរ។ បុត្រមនុស្សសំដៅលើសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលជាមនុស្សសាមញ្ញ និងធម្មតាម្នាក់។ សូម្បីតែបុត្រមនុស្សផ្ទាល់ព្រះអង្គ ក៏មិនជ្រាបដឹងដែរ ដូច្នេះ តើអ្នកអាចដឹងបានរបៀបណា? ព្រះយេស៊ូវបានមានព្រះបន្ទូលថា ទ្រង់នឹងយាងមកក្នុងលក្ខណៈដូចដែលទ្រង់បានយាងចាកចេញទៅដែរ។ នៅពេលដែលទ្រង់យាងមក សូម្បីតែទ្រង់ផ្ទាល់ព្រះអង្គក៏មិនជ្រាបដែរ ដូច្នេះ តើទ្រង់អាចមានបន្ទូលប្រាប់ដល់អ្នកជាមុនបានដោយរបៀបណា? តើអ្នកអាចមើលឃើញការយាងមកដល់របស់ទ្រង់ដែរឬទេ? តើនោះមិនមែនជាការកំប្លែងទេឬអី? រៀងរាល់ពេលដែលព្រះជាម្ចាស់យាងមកកាន់ផែនដី ទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់ ផ្លាស់ប្ដូរភេទរបស់ទ្រង់ ផ្លាស់ប្ដូររូបអង្គរបស់ទ្រង់ និងផ្លាស់ប្ដូរកិច្ចការរបស់ទ្រង់។ ទ្រង់មិនដែលបំពេញកិច្ចការដដែលៗនោះទេ។ ទ្រង់គឺជាព្រះជាម្ចាស់ដែលតែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅពេលដែលទ្រង់យាងមកកាលពីមុន ទ្រង់ត្រូវគេហៅថាព្រះយេស៊ូវ។ តើទ្រង់នៅតែអាចត្រូវគេហៅថាព្រះយេស៊ូវម្តងទៀតទេ នៅពេលដែលទ្រង់យាងមកម្ដងទៀតនោះ? នៅពេលដែលទ្រង់បានយាងមកកាលពីលើកមុន ទ្រង់គឺជាមនុស្សប្រុស។ តើនៅពេលនេះ ទ្រង់អាចជាមនុស្សប្រុសម្ដងទៀតដែរឬទេ? កិច្ចការរបស់ទ្រង់នៅពេលដែលទ្រង់បានយាងមកក្នុងអំឡុងយុគសម័យនៃព្រះគុណ គឺដើម្បីឱ្យគេឆ្កាងទៅនឹងឈើឆ្កាង។ នៅពេលដែលទ្រង់យាងមកម្ដងទៀត តើទ្រង់នៅតែអាចប្រោសលោះមនុស្សជាតិឱ្យរួចពីបាបដែរឬទេ? តើទ្រង់អាចត្រូវគេឆ្កាងទៅនឹងឈើឆ្កាងម្ដងទៀតដែរឬទេ? តើនោះនឹងមិនមែនធ្វើឱ្យកិច្ចការរបស់ទ្រង់ទៅជាច្រំដែលទេឬអី? តើអ្នកមិនដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ទេឬអី? មានអ្នកខ្លះនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលទេ។ នោះគឺត្រឹមត្រូវហើយ ប៉ុន្តែវាសំដៅលើភាពមិនប្រែប្រួលនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់ប៉ុណ្ណោះ។ ការផ្លាស់ប្ដូរព្រះនាម និងកិច្ចការរបស់ទ្រង់ មិនបានបញ្ជាក់ថា លក្ខណៈសំខាន់របស់ទ្រង់បានផ្លាស់ប្ដូរនោះទេ។ ម្យ៉ាងវិញទៀត ព្រះជាម្ចាស់នឹងតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយចំណុចនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។ ប្រសិនបើអ្នកនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល នោះតើវាអាចទេថាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់នឹងឈានដល់ទីបញ្ចប់? អ្នកគ្រាន់តែដឹងថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត ប៉ុន្តែតើអ្នកដឹងថាព្រះជាម្ចាស់គឺតែងតែថ្មីជានិច្ច និងមិនដែលចាស់ដែរឬទេ? ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់គឺមិនប្រែប្រួល តើទ្រង់អាចដឹកនាំមនុស្សជាតិទាំងអស់រហូតមកទល់នឹងបច្ចុប្បន្ននេះបានដែរឬទេ? ប្រសិនបើព្រះជាម្ចាស់គឺមិនប្រែប្រួល តើហេតុអ្វីបានជាទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ក្នុងយុគសម័យចំនួនពីរ? កិច្ចការរបស់ទ្រង់មិនដែលឈប់បោះជំហានទៅមុខឡើយ ដែលមានន័យថា និស្ស័យរបស់ទ្រង់ គឺត្រូវបើកសម្ដែងឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ហើយអ្វីដែលត្រូវបើកសម្ដែងនោះ គឺនិស្ស័យរបស់ទ្រង់។ កាលដើមដំបូងឡើយ និស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានលាក់បាំងមិនឱ្យមនុស្សដឹងទេ ទ្រង់មិនដែលបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញដោយបើកចំហឡើយ ហើយមនុស្សគ្មានចំណេះដឹងអ្វីអំពីទ្រង់នោះទេ។ ដោយសារចំណុចនេះហើយទើបទ្រង់ប្រើកិច្ចការរបស់ទ្រង់ដើម្បីបើកសម្ដែងនិស្ស័យរបស់ទ្រង់ឱ្យមនុស្សបានឃើញបន្ដិចម្ដងៗ ប៉ុន្តែការបំពេញកិច្ចការដោយបែបនេះ ពុំមានន័យថា និស្ស័យរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរនៅគ្រប់យុគសម័យឡើយ។ មិនមែនថានិស្ស័យរបស់ព្រះជាម្ចាស់ប្រែប្រួលឥតឈប់ដោយសារចេតនារបស់ទ្រង់ តែងតែផ្លាស់ប្ដូរជានិច្ចនោះឡើយ។ ផ្ទុយទៅវិញ គឺដោយសារយុគសម័យនៃកិច្ចការរបស់ទ្រង់ខុសៗគ្នា ទើបព្រះជាម្ចាស់ទ្រង់យកនិស្ស័យរបស់ទ្រង់ឱ្យបានទាំងស្រុង ដោយបើកសម្ដែងឱ្យមនុស្សឃើញមួយជំហានម្ដងៗ ដើម្បីឱ្យមនុស្សអាចស្គាល់ទ្រង់បាន។ ប៉ុន្តែ នេះពុំមែនជាសេចក្ដីសម្អាងដែលថាព្រះជាម្ចាស់មិនមាននិស្ស័យជាក់លាក់ណាមួយពីដើមមកនោះទេ ឬថានិស្ស័យរបស់ទ្រង់បានផ្លាស់ប្ដូរបន្តិចម្ដងៗនៅពេលដែលយុគសម័យនីមួយៗបានកន្លងផុតទៅនោះទេ ការយល់ដឹងបែបនេះ នឹងក្លាយទៅជាការជឿខុស។ ព្រះជាម្ចាស់បើកសម្ដែងនិស្ស័យដែលមានតាំងពីដើមមក និងនិស្ស័យជាក់លាក់របស់ទ្រង់ឱ្យមនុស្សបានឃើញ ពោលគឺលក្ខណៈរបស់ទ្រង់ ស្របទៅតាមយុគសម័យនីមួយៗដែលបានកន្លងផុតទៅ។ កិច្ចការនៃយុគសម័យមួយ មិនអាចសម្ដែងចេញនូវនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុដូច្នេះហើយ ពាក្យថា «ព្រះជាម្ចាស់តែងតែថ្មីជានិច្ច និងមិនដែលចាស់» សំដៅលើកិច្ចការរបស់ទ្រង់ ហើយពាក្យថា «ព្រះជាម្ចាស់មិនប្រែប្រួល» សំដៅលើអ្វីដែលទ្រង់មាន និងអ្វីដែលជាទ្រង់។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនអាចធ្វើឱ្យកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំ កំណត់ត្រឹមគំនិតតែមួយ ឬកំហិតត្រឹមពាក្យសំដីឥតបានការនោះទេ។ បែបនេះ គឺជាភាពល្ងង់ខ្លៅរបស់មនុស្ស។ ព្រះជាម្ចាស់គឺមិនធម្មតាដូចជាមនុស្សស្រមៃនោះទេ ហើយកិច្ចការរបស់ទ្រង់មិនអាចបង្អែរបង្អង់ក្នុងយុគសម័យណាមួយបានឡើយ។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនអាចតែងតែតំណាងឱ្យព្រះនាមរបស់ព្រះជាម្ចាស់ឡើយ។ ព្រះជាម្ចាស់ក៏អាចបំពេញកិច្ចការរបស់ទ្រង់នៅក្រោមព្រះនាមរបស់ព្រះយេស៊ូវបានដែរ។ នេះគឺជាទីសម្គាល់ដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចម្រើនទៅមុខជានិច្ច។
ព្រះជាម្ចាស់គឺតែងតែជាព្រះជាម្ចាស់ជានិច្ច ហើយទ្រង់នឹងមិនអាចក្លាយទៅជាសាតាំងជាដាច់ខាត។ សាតាំងនៅតែជាសាតាំង ហើយវានឹងមិនអាចក្លាយជាព្រះជាម្ចាស់បានឡើយ។ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ការអស្ចារ្យរបស់ព្រះជាម្ចាស់ សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់ នឹងមិនផ្លាស់ប្ដូរឡើយ។ សារជាតិរបស់ទ្រង់ និងលក្ខណៈរបស់ទ្រង់ នឹងមិនដែលផ្លាស់ប្ដូរឡើយ។ ក៏ប៉ុន្តែ ចំពោះកិច្ចការរបស់ទ្រង់វិញ គឺវាតែងតែចម្រើនទៅមុខជានិច្ច តែងតែចូលជ្រៅទៅមុខ ដ្បិតទ្រង់តែងតែថ្មីជានិច្ច និងមិនដែលចាស់ឡើយ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់តែងយកព្រះនាមថ្មីមួយ នៅក្នុងយុគសម័យនីមួយៗ ទ្រង់បំពេញកិច្ចការថ្មី ហើយនៅក្នុងយុគសម័យនីមួយៗ ទ្រង់អនុញ្ញាតឱ្យភាវៈដែលទ្រង់បានបង្កើតមក មើលឃើញពីបំណងព្រះហឫទ័យថ្មី និងនិស្ស័យថ្មីរបស់ទ្រង់។ នៅក្នុងយុគសម័យថ្មី ប្រសិនបើមនុស្សមិនអាចមើលឃើញការបើកសម្ដែងអំពីនិស្ស័យថ្មីរបស់ព្រះជាម្ចាស់ទេ តើពួកគេមិនមែនឆ្កាងទ្រង់ទៅនឹងឈើឆ្កាងជារៀងរហូតទេឬអី? ហើយការធ្វើបែបនេះ តើពួកគេនឹងមិនកំណត់និយមន័យឱ្យព្រះជាម្ចាស់ទេឬអី? ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ ក្រោយមក មនុស្សប្រុសនឹងគិតថា ព្រះជាម្ចាស់មានភេទដូចមនុស្សប្រុសដែរ ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ។ ព្រះជាម្ចាស់យាងចូលមកក្នុងយុគសម័យនៃកិច្ចការថ្មីនៅគ្រាចុងក្រោយ។ ទ្រង់នឹងបើកសម្ដែងនិស្ស័យរបស់ទ្រង់កាន់តែច្រើន ហើយនិស្ស័យនោះនឹងមិនមែនជាសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដូចនៅក្នុងសម័យរបស់ព្រះយេស៊ូវឡើយ។ ដោយសារទ្រង់មានកិច្ចការថ្មីនៅក្នុងព្រះហស្ដរបស់ទ្រង់ កិច្ចការថ្មីនេះនឹងត្រូវមានមកជាមួយនិស្ស័យថ្មីដែរ។ ដូច្នេះ ប្រសិនបើកិច្ចការនេះត្រូវព្រះវិញ្ញាណបំពេញ ប្រសិនបើព្រះជាម្ចាស់មិនបានយកកំណើតជាមនុស្សទេ តែផ្ទុយទៅវិញ ព្រះវិញ្ញាណបានមានព្រះបន្ទូលដោយផ្ទាល់តាមរយៈសំឡេងផ្គរលាន់ ដើម្បីឱ្យមនុស្សគ្មានផ្លូវណាអាចទាក់ទងជាមួយទ្រង់បាន តើមនុស្សអាចស្គាល់ពីនិស្ស័យរបស់ទ្រង់ដែរឬទេ? ប្រសិនបើព្រះវិញ្ញាណបំពេញកិច្ចការតែមួយព្រះអង្គឯង នោះមនុស្សនឹងគ្មានផ្លូវដែលអាចស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្សអាចត្រឹមតែឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយភ្នែករបស់ពួកគេ នៅពេលដែលទ្រង់យកកំណើតជាមនុស្ស នៅពេលដែលព្រះបន្ទូលលេចមកជាសាច់ឈាម ហើយទ្រង់បើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងតាមរយៈសាច់ឈាមប៉ុណ្ណោះ។ ព្រះជាម្ចាស់ពិតជារស់នៅក្នុងចំណោមមនុស្សពិតប្រាកដមែន។ ទ្រង់គឺរូបី មនុស្សអាចផ្សារភ្ជាប់ជាមួយនិស្ស័យរបស់ទ្រង់បានដោយផ្ទាល់ អាចផ្សារភ្ជាប់នឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់បាន។ មានតែបែបនេះទេទើបមនុស្សអាចស្គាល់ទ្រង់បានដោយពិតប្រាកដ។ នៅពេលជាមួយគ្នានោះដែរ ព្រះជាម្ចាស់ក៏បានបញ្ចប់កិច្ចការដែល «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់របស់មនុស្សប្រុស និងជាព្រះជាម្ចាស់របស់មនុស្សស្រី» និងបានបញ្ចប់កិច្ចការរបស់ទ្រង់ទាំងស្រុងនៅខាងសាច់ឈាមដែរ។ ទ្រង់មិនដែលបំពេញកិច្ចការជាន់គ្នានៅក្នុងយុគសម័យណាមួយឡើយ។ ដោយសារគ្រាចុងក្រោយបានចូលមកដល់ហើយ ទ្រង់នឹងបំពេញកិច្ចការដែលទ្រង់ត្រូវបំពេញនៅគ្រាចុងក្រោយ រួចបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ទាំងស្រុងនៅគ្រាចុងក្រោយ។ និយាយពីគ្រាចុងក្រោយនេះ គឺសំដៅលើយុគសម័យខុសគ្នា ពោលគឺជាយុគសម័យមួយដែលព្រះយេស៊ូវបានមានព្រះបន្ទូលថា អ្នករាល់គ្នានឹងជួបគ្រោះមហន្តរាយជាប្រាកដ និងជួបគ្រោះរញ្ជួយដី គ្រោះទុរ្ភិក្ស និងរោគពិស ដែលទាំងនេះនឹងបង្ហាញថា នេះគឺជាយុគសម័យថ្មីមួយ គឺលែងជាយុគសម័យនៃព្រះគុណពីមុនទៀតហើយ។ ឧបមាដូចជាមនុស្សនិយាយថា ព្រះជាម្ចាស់មិនប្រែប្រួលជារៀងរហូត និស្ស័យរបស់ទ្រង់គឺតែងតែមានចិត្តក្ដួលអាណិត និងគួរឱ្យស្រឡាញ់ ថាទ្រង់ស្រឡាញ់មនុស្សដូចជារូបអង្គទ្រង់ ហើយទ្រង់ប្រទានសេចក្ដីសង្គ្រោះដល់មនុស្ស និងមិនដែលស្អប់មនុស្សឡើយ តើកិច្ចការរបស់ទ្រង់នឹងអាចចូលដល់ទីបញ្ចប់បានដែរឬទេ? នៅពេលដែលព្រះយេស៊ូវបានយាងមក និងត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាង ដោយបានលះបង់អង្គទ្រង់សម្រាប់អ្នកមានបាបទាំងអស់ និងបូជាអង្គទ្រង់ថ្វាយនៅលើអាសនា នោះទ្រង់បានបញ្ចប់កិច្ចការនៃការប្រោសលោះរួចស្រេចហើយ និងបាននាំយុគសម័យនៃព្រះគុណទៅរកទីចុងបញ្ចប់។ ដូច្នេះ តើការធ្វើកិច្ចការនេះម្ដងទៀតនៅយុគសម័យនៃគ្រាចុងក្រោយនេះ នឹងមានប្រយោជន៍អ្វី? តើការធ្វើរឿងដដែលៗ មិនមែនជាការបដិសេធកិច្ចការរបស់ព្រះយេស៊ូវទេឬអី? ប្រសិនបើព្រះជាម្ចាស់មិនបានបំពេញកិច្ចការនៃការជាប់ឆ្កាងនៅពេលដែលទ្រង់យាងមកនៅក្នុងដំណាក់កាលនេះទេ ប៉ុន្តែបែរជាបន្តស្រឡាញ់ និងមានសេចក្ដីមេត្តាករុណា នោះតើទ្រង់អាចនឹងនាំយុគសម័យនោះទៅរកទីបញ្ចប់បានដោយរបៀបណា? តើព្រះជាម្ចាស់ដែលមានសេចក្ដីស្រឡាញ់ និងមានសេចក្ដីមេត្តាករុណា នឹងអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បានដែរឬទេ? នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដោយចិត្តស្មោះឱ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើ នឹងត្រូវរៀបចំចាត់ចែងទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមគុណភាពផ្សេងៗគ្នារបស់វា។ នេះពិតប្រាកដជាពេលដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផល និងទិសដៅរបស់មនុស្ស។ ប្រសិនបើមនុស្សមិនមានបទពិសោធនៃការវាយផ្ចាល និងការជំនុំជម្រះទេ នោះការបះបោរ និងសេចក្ដីទុច្ចរិតរបស់ពួកគេ នឹងមិនអាចបើកសម្តែងបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើ អាចត្រូវបើកសម្ដែងឱ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីសារជាតិពិតប្រាកដរបស់ពួកគេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើ នឹងត្រូវបើកសម្ដែងឱ្យឃើញ ដើម្បីឱ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែចុះចូលនឹងអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឱ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់កម្រិតកំពូល ហើយការបះបោរប្រឆាំងរបស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជានិស្ស័យមួយដែលបូកផ្សំដ៏ចម្បងនៃការវាយផ្ចាលនិងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែមនុស្ស និងធ្វើឱ្យពួកគេបានពេញខ្នាតទាំងស្រុង ហើយបើកសម្ដែងពីអំពើអាក្រក់ ហើយគ្រប់ទាំងមនុស្សទុច្ចរិតទាំងអស់នឹងត្រូវដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺត្រូវបានបើកសម្ដែង និងបង្ហាញឱ្យឃើញ ដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា អំឡុងគ្រាចុងក្រោយនៃការបើកសម្ដែងពីលទ្ធផលរបស់មនុស្ស ព្រះជាម្ចាស់នៅតែស្រឡាញ់មនុស្សដោយក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់ពួកគេ និងមិនឱ្យពួកគេស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់ពួកគេទៅវិញ មិនថាពួកគេមានបាបខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ។ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកទិសដៅសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលមានសេចក្ដីស្រឡាញ់ចំពោះមនុស្ស ជាចៅក្រមដែលមានសេចក្ដីស្រឡាញ់ ទឹកមុខសប្បុរស និងមានសន្តានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់មនុស្ស មិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះ ទើបអាចរៀបចំចាត់ចែងមនុស្ស ស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។
កិច្ចការរបស់ព្រះជាម្ចាស់ក្នុងការគ្រប់គ្រងរបស់ទ្រង់ទាំងមូល គឺច្បាស់លាស់ខ្លាំងណាស់៖ យុគសម័យនៃព្រះគុណ គឺជាយុគសម័យនៃព្រះគុណ ហើយគ្រាចុងក្រោយ គឺជាគ្រាចុងក្រោយ។ មានភាពខុសគ្នាដាច់ស្រឡះរវាងយុគសម័យនីមួយៗ ដ្បិតក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់បំពេញកិច្ចការដែលជាតំណាងឱ្យយុគសម័យនោះ។ សម្រាប់កិច្ចការនៃគ្រាចុងក្រោយដែលត្រូវបំពេញ គឺត្រូវមានការដុតដោយភ្លើង ការជំនុំជម្រះ ការវាយផ្ចាល សេចក្ដីក្រោធ និងការបំផ្លាញ ដើម្បីនាំយុគសម័យនោះទៅរកទីបញ្ចប់។ គ្រាចុងក្រោយសំដៅលើយុគសម័យចុងក្រោយ។ ក្នុងអំឡុងយុគសម័យចុងក្រោយនេះ តើព្រះជាម្ចាស់នឹងនាំយុគសម័យនោះទៅរកទីបញ្ចប់ដែរឬទេ? ដើម្បីបញ្ចប់យុគសម័យនេះ ព្រះជាម្ចាស់ត្រូវនាំការវាយផ្ចាល និងការជំនុំជម្រះមកជាមួយទ្រង់។ មានតែបែបនេះទេទើបអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គោលបំណងរបស់ព្រះយេស៊ូវ គឺដើម្បីឱ្យមនុស្សអាចបន្តជីវិតបាន ដើម្បីបន្តរស់នៅ និងដើម្បីឱ្យគេអាចមានជីវិតនៅក្នុងផ្លូវដែលល្អប្រសើរ។ ទ្រង់បានសង្គ្រោះមនុស្សឱ្យរួចពីអំពើបាបដើម្បីឱ្យគេអាចឈប់ធ្លាក់ទៅក្នុងអំពើគ្មានគុណធម៌ និងលែងរស់នៅក្នុងស្ថានឃុំព្រលឹង និងស្ថាននរក ហើយតាមរយៈការសង្គ្រោះមនុស្សពីស្ថានឃុំព្រលឹង និងស្ថាននរកនេះ ព្រះយេស៊ូវបានអនុញ្ញាតឱ្យគេបន្តរស់នៅតទៅទៀត។ បច្ចុប្បន្ននេះ គ្រាចុងក្រោយបានចូលមកដល់ហើយ។ ព្រះជាម្ចាស់នឹងធ្វើឱ្យមនុស្សវិនាសហិនហោច និងបំផ្លាញពូជមនុស្សទាំងស្រុង ពោលគឺទ្រង់នឹងបំផ្លាស់បំប្រែការបះបោររបស់មនុស្សជាតិ។ ដោយព្រោះមូលហេតុនេះ និងបើគិតតាមនិស្ស័យនៃព្រះទ័យមេត្តាករុណា និងគួរឱ្យស្រឡាញ់ពីអតីតកាល នោះព្រះជាម្ចាស់នឹងមិនអាចបញ្ចប់យុគសម័យនេះ ឬនាំផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ឱ្យចេញជាផលផ្លែបានឡើយ។ នៅគ្រប់យុគសម័យទាំងអស់ មានការតំណាងជាពិសេសអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយគ្រប់យុគសម័យទាំងអស់ សុទ្ធតែមានកិច្ចការដែលព្រះជាម្ចាស់គប្បីត្រូវបំពេញ។ ដូច្នេះ កិច្ចការដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានបំពេញនៅក្នុងយុគសម័យនីមួយៗ មានការបើកសម្ដែងពីនិស្ស័យពិតប្រាកដរបស់ទ្រង់ ហើយទាំងព្រះនាមរបស់ទ្រង់ និងកិច្ចការដែលទ្រង់បំពេញ បានផ្លាស់ប្ដូរទៅតាមយុគសម័យ ពោលគឺព្រះនាម និងកិច្ចការរបស់ទ្រង់ទាំងអស់នេះ សុទ្ធតែថ្មីទាំងអស់។ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់បន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់ភាវៈដែលព្រះបង្កើតទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ព្រះទ័យក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់អង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឱ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយបាបរបស់ពួកគេត្រូវបានអត់ទោសឱ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មី លើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់ បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។ ហេតុនេះ ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាគឺជាព្រះនាមរបស់ព្រះជាម្ចាស់ ហើយនៅក្នុងយុគសម័យនៃព្រះគុណ ព្រះនាមព្រះយេស៊ូវ គឺបានតំណាងឱ្យព្រះជាម្ចាស់។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះនាមរបស់ទ្រង់គឺ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏មានគ្រប់ចេស្ដា ដែលប្រើព្រះចេស្ដារបស់ទ្រង់ដើម្បីដឹកនាំមនុស្ស យកឈ្នះលើមនុស្ស និងទទួលបានមនុស្ស ហើយចុងក្រោយ នាំយុគសម័យនោះទៅរកទីបញ្ចប់។ នៅគ្រប់យុគសម័យ នៅគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺអាចមើលឃើញជាក់ស្ដែង។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?