ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា

នៅក្នុងចិត្តរបស់អ្នក មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលអ្នកមិនធ្លាប់ដឹងសោះ ដ្បិតអ្នកកំពុងរស់នៅក្នុងពិភពមួយដែលគ្មានពន្លឺ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានមេកំណាចចាប់យកទៅ។ ភ្នែករបស់អ្នកស្រអាប់ដោយសារភាពងងឹត ហើយអ្នកមើលមិនឃើញព្រះអាទិត្យនៅលើមេឃ ឬផ្កាយភ្លឺព្រិចៗនៅពេលយប់ឡើយ។ ត្រចៀករបស់អ្នកត្រូវបិទជិត ដោយពាក្យកុហកបោកប្រាស់ ហើយអ្នកស្តាប់មិនឮព្រះសូរសៀងរបស់ព្រះយេហូវ៉ា ដែលលាន់ឮដូចផ្គរលាន់ និងមិនឮសំឡេងទឹកហូរមកពីបល្ល័ង្កទ្រង់ទេ។ អ្នកបានបាត់បង់អ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នក អ្វីគ្រប់យ៉ាងដែលព្រះដ៏មានគ្រប់ចេស្ដាបានប្រទានមកឱ្យអ្នក។ អ្នកបានចូលមកក្នុងសមុទ្រទុក្ខដែលគ្មានទីបញ្ចប់ ដោយគ្មានកម្លាំងដើម្បីសង្គ្រោះខ្លួនឯង គ្មានសង្ឃឹមថានឹងអាចរួចជីវិតបានឡើយ ហើយអ្វីទាំងអស់ដែលអ្នកធ្វើនោះ គឺការពុះពារជម្នះ និងការគេចចេញយ៉ាងប្រញាប់ប្រញាល់...។ ចាប់តាំងពីពេលនោះមក អ្នកត្រូវមេកំណាចធ្វើឱ្យទទួលទុក្ខវេទនា ដោយឃ្លាតឆ្ងាយពីព្រះពររបស់ព្រះដ៏មានគ្រប់ចេស្ដា នៅឆ្ងាយផុតពីការទំនុកបម្រុងរបស់ព្រះដ៏មានគ្រប់ចេស្ដា ដោយដើរនៅលើផ្លូវដែលគ្មានថ្ងៃត្រឡប់ក្រោយ។ សម្រែកដង្ហោយរាប់សិបលានដង ក៏មិនអាចដាស់ចិត្តនិងវិញ្ញាណអ្នកឱ្យភ្ញាក់ដឹងខ្លួនបានដែរ។ អ្នកដេកលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងដៃរបស់មេកំណាចដែលបានល្បួងអ្នកទៅក្នុងពិភពមួយដែលគ្មានព្រំដែន គ្មានគោលដៅ ឬកន្លែងឈប់សំចតឡើយ។ ហេតុនេះ អ្នកបាត់បង់ចិត្តស្លូតត្រង់ និងចិត្តបរិសុទ្ធដើមរបស់អ្នក ហើយចាប់ផ្ដើមគេចចេញពីការយកព្រះទ័យទុកដាក់របស់ព្រះដ៏មានគ្រប់ចេស្ដា។ នៅក្នុងចិត្តរបស់អ្នក មេកំណាចកាច់ចង្កូតជីវិតអ្នកលើគ្រប់បញ្ហាទាំងអស់ ហើយវាថែមទាំងបានក្លាយជាជីវិតរបស់អ្នកទៀតផង។ អ្នកលែងខ្លាចវា លែងគេចចេញពីវា និងលែងសង្ស័យវា ហើយផ្ទុយទៅវិញ អ្នកចាត់ទុកវាជាព្រះនៅក្នុងចិត្តរបស់អ្នក។ អ្នកចាប់ផ្ដើមធ្វើទីតម្កល់ និងថ្វាយបង្គំវា ហើយទាំងអ្នក ទាំងមេកំណាច ក៏បានក្លាយជារូបកាយ និងស្រមោលដែលមិនអាចបំបែកពីគ្នាបាន ដោយតាំងចិត្តស្លាប់រស់ជាមួយគ្នា។ អ្នកមិនដឹងថា អ្នកមកដល់ពីពេលណា ហេតុអ្វីក៏អ្នកចាប់កំណើត ឬហេតុអ្វីក៏អ្នកស្លាប់នោះទេ។ អ្នកសម្លឹងមើលទៅព្រះដ៏មានគ្រប់ចេស្ដាថាជាបុគ្គលចម្លែក។ អ្នកពុំបានដឹងអំពីដើមកំណើតរបស់ទ្រង់ឡើយ ហើយអ្នកកាន់តែមិនដឹងថា ទ្រង់បានធ្វើអ្វីខ្លះសម្រាប់អ្នកនោះទេ។ អ្វីគ្រប់យ៉ាងដែលមកអំពីទ្រង់ បានក្លាយជាសេចក្តីសម្អប់ចំពោះអ្នក។ អ្នកមិនបានត្រេកអរនឹងសេចក្ដីទាំងនេះឡើយ ហើយក៏មិនបានដឹងអំពីតម្លៃរបស់វាដែរ។ អ្នករួមដំណើរជាមួយមេកំណាច ចាប់តាំងពីថ្ងៃដែលអ្នកបានទទួលការទំនុកបម្រុងអំពីព្រះដ៏មានគ្រប់ចេស្ដា។ អ្នកបានឆ្លងកាត់ភាពស្មុគស្មាញ និងព្យុះជីវិតរាប់សិបពាន់ឆ្នាំមកហើយជាមួយនឹងមេកំណាច ហើយអ្នកឈរនៅខាងវា ដើម្បីទាស់នឹងព្រះជាម្ចាស់ដែលជាប្រភពនៃជីវិតរបស់អ្នក។ អ្នកមិនដឹងអំពីការប្រែចិត្តទាល់តែសោះ ហើយអ្នកក៏រឹតតែមិនដឹងទៀតថា អ្នកបានខិតមកជិតសេចក្តីវិនាសហើយ។ អ្នកភ្លេចហើយថាមេកំណាចបានបោកប្រាស់ និងធ្វើឱ្យអ្នករងទុក្ខវេទនា អ្នកភ្លេចចំណុចចាប់ផ្ដើមរបស់ខ្លួនហើយ។ ហេតុនេះហើយ ទើបមេកំណាចបោកប្រាស់អ្នកនៅគ្រប់ជំហាន តាំងពីដើមរហូតដល់ពេលនេះ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានធ្វើឱ្យស្ពឹកស្រពន់ និងពុកផុយ។ អ្នកឈប់រអ៊ូរទាំនឹងទុក្ខលំបាកនៃពិភពមនុស្សទៀតហើយ អ្នកលែងជឿហើយថា ពិភពលោកនេះគ្មានយុត្តិធម៌។ អ្នករឹតតែលែងខ្វល់ថា ព្រះដ៏មានគ្រប់ចេស្ដា ពិតជាមានវត្តមានមែន។ នេះគឺដោយសារ អ្នកចាត់ទុកមេកំណាចជាឪពុកដ៏ពិតរបស់អ្នក តាំងពីយូរយារណាស់មកហើយ ហើយក៏មិនអាចឃ្លាតចេញឆ្ងាយពីវាបានដែរ។ នេះហើយគឺជាអាថ៌កំបាំងនៅក្នុងចិត្តរបស់អ្នក។

ពេលព្រលឹមស្រាងៗបានចូលមកដល់ ផ្កាយព្រឹកក៏ចាប់ផ្តើមរះនៅទិសខាងកើត។ ផ្កាយនេះមិនធ្លាប់រះត្រង់ទិសនោះទេពីមុនមក ហើយវារះបំភ្លឺផ្ទៃមេឃដែលស្ងប់ស្ងាត់ និងមានពន្លឺព្រិចៗ ធ្វើឱ្យពន្លឺក្នុងចិត្តមនុស្សដែលបានរលត់បាត់ទៅហើយនោះ ឆេះឆួលឡើងវិញ។ មនុស្សលែងនៅឯកាទៀតហើយ ដោយសារតែពន្លឺដែលរះចែងចាំងមកលើអ្នក និងមនុស្សឯទៀត។ ប៉ុន្តែ អ្នកបែរជាបន្តគេងលង់លក់ក្នុងយប់ងងឹតនោះទៅវិញ។ អ្នកមិនបានស្ដាប់ឮសម្លេង ក៏មិនបានឃើញពន្លឺអ្វីដែរ។ អ្នកមិនបានដឹងអំពីការមកដល់នៃផ្ទៃមេឃ និងផែនដីថ្មី និងយុគសម័យថ្មីឡើយ ដ្បិតឪពុករបស់អ្នកប្រាប់អ្នកថា «កូនអើយ! កុំទាន់ក្រោកអី មេឃមិនទាន់ភ្លឺច្បាស់នៅឡើយទេ។ អាកាសធាតុត្រជាក់ណាស់ ចូរកុំចេញទៅក្រៅឱ្យសោះ ក្រែងលោភ្នែកកូននឹងត្រូវចាក់ដោយផ្លែដាវ និងលំពែង»។ អ្នកជឿតែពាក្យដាស់តឿនរបស់ឪពុកអ្នកប៉ុណ្ណោះ ពីព្រោះអ្នកជឿថា មានតែឪពុកអ្នកទេដែលនិយាយត្រូវ ដ្បិតឪពុកអ្នកមានវ័យចាស់ជាងអ្នក ហើយគាត់ស្រលាញ់អ្នកជាខ្លាំង។ ការដាស់តឿន និងសេចក្តីស្រលាញ់នេះ ធ្វើឱ្យអ្នកលែងជឿលើរឿងដែលគេដំណាលថា នឹងមានពន្លឺនៅក្នុងលោកិយនេះ ក៏ធ្វើឱ្យអ្នកលែងខ្វាយខ្វល់ថា នៅក្នុងលោកិយនេះមានឬគ្មានសេចក្តីពិតទៀតដែរ។ អ្នកលែងហ៊ានសង្ឃឹមលើការសង្គ្រោះពីព្រះដ៏មានគ្រប់ចេស្ដាទៀត។ អ្នកពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ននេះ អ្នកលែងទន្ទឹងរង់ចាំការមកដល់នៃពន្លឺ លែងទន្ទឹងចាំមើលការយាងមកដល់នៃព្រះដ៏មានគ្រប់ចេស្ដា ដូចដែលគេបាននិទានក្នុងរឿងដំណាលទៀតហើយ។ តាមអ្វីដែលអ្នកបានដឹង អ្វីៗដែលស្រស់ស្អាត មិនអាចត្រលប់មកដូចដើមវិញបានទេ គឺគ្មានសោះឡើយ។ នៅក្នុងភ្នែករបស់អ្នក ថ្ងៃស្អែករបស់មនុស្សជាតិ ពោលគឺអនាគតរបស់មនុស្សជាតិ បានរលាយបាត់បង់ទៅហើយ។ អ្នកប្រឹងតោងសម្លៀកបំពាក់ឪពុករបស់អ្នក តាមកម្លាំងដែលអ្នកមាន ដោយសុខចិត្តចែករំលែកការលំបាករបស់គាត់ ដោយភ័យខ្លាចបាត់បង់ដៃគូរួមដំណើរ ហើយវង្វេងគោលដៅនៃការធ្វើដំណើរដ៏វែងឆ្ងាយរបស់អ្នក។ ពិភពលោកដ៏ធំធេង និងស្រពេចស្រពិលនេះ បានបង្កើតមនុស្សជាច្រើនដូចជាអ្នករាល់គ្នា ជាមនុស្សអង់អាចក្លាហាន និងមោះមុតនៅក្នុងការបំពេញតួនាទីផ្សេងៗនៅក្នុងលោកិយនេះ។ វាបានបង្កើត «អ្នកចម្បាំង» ជាច្រើន ដែលមិនខ្លាចរអារនឹងសេចក្តីស្លាប់។ លើសពីនេះ ពិភពលោកនេះក៏បានបង្កើតមនុស្សមួយក្រុមហើយ មួយក្រុមទៀតដែលជាពពួកមនុស្សខ្វិនខ្វង់ ដែលមិនដឹងពីបុព្វហេតុនៃការបង្កើតពួកគេមកឡើយ។ ព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដា ទ្រង់ទតរំពៃបុគ្គលម្នាក់ៗ ក្នុងចំណោមមនុស្សដែលរងទុក្ខវេទនាយ៉ាងខ្លាំង។ អ្វីដែលទ្រង់ស្តាប់ឮ គឺសម្រែកយំសោករបស់មនុស្សដែលកំពុងរងការឈឺចាប់ អ្វីដែលទ្រង់ទតឃើញ គឺភាពឥតខ្មាសរបស់មនុស្សដែលរងទុក្ខវេទនា ហើយអ្វីដែលទ្រង់មានព្រះទ័យអាណិតអាសូរនោះ គឺសេចក្តីអស់សង្ឃឹម និងភាពភ័យខ្លាចរបស់មនុស្សដែលបាត់បង់ព្រះគុណនៃសេចក្ដីសង្គ្រោះ។ មនុស្សបដិសេធការយកព្រះទ័យទុកដាក់របស់ទ្រង់ ដោយបានជ្រើសយកផ្លូវដើរដោយខ្លួនឯង និងព្យាយាមគេចចេញពីខ្សែព្រះនេត្រឃ្លាំមើលរបស់ទ្រង់ ដោយក្រេបរសជាតិប្រៃល្វីងនៃសមុទ្រដ៏ជ្រៅជាមួយនឹងសត្រូវរបស់ទ្រង់រហូតដល់ដំណក់ចុងក្រោយ។ ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា ដែលមនុស្សធ្លាប់ស្ដាប់ឮ ក៏លែងមានទៀត ហើយព្រះហស្តនៃព្រះដ៏មានគ្រប់ព្រះចេស្ដាដែលស៊ូនៅបបោសអង្អែលមនុស្សវេទនានេះ ក៏លែងមានដែរ។ ទ្រង់ក្រសោបគេមកវិញម្ដងហើយម្ដងទៀត ហើយទ្រង់ក៏បរាជ័យម្ដងហើយម្ដងទៀតដែរ ដូច្នេះ ទើបកិច្ចការរបស់ទ្រង់ត្រូវធ្វើដដែលជាដដែល។ តាំងពីពេលនោះមក ទ្រង់ចាប់ផ្តើមស្រងាកព្រះទ័យ មានអារម្មណ៍ល្វើយ ហើយទ្រង់ឈប់ធ្វើកិច្ចការដែលមានក្នុងព្រះហស្តទ្រង់ ហើយក៏លែងយាងទៅមកក្នុងចំណោមមនុស្សដែរ...។ មនុស្ស មិនបានដឹងអំពីការផ្លាស់ប្តូរទាំងអស់នេះទេ មិនដឹងអំពីការមកដល់ និងការយាងត្រឡប់ទៅវិញនៃព្រះដ៏មានគ្រប់ចេស្ដា ក៏មិនដឹងអំពីព្រះទ័យទុក្ខព្រួយ និងភាពសោកសង្រេងរបស់ទ្រង់ដែរ។

អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានគ្រប់ចេស្ដា និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយមិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានគ្រប់ចេស្ដាឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានគ្រប់ចេស្ដា។ ទ្រង់ឧត្ដុង្គឧត្ដមត្រង់ថា ទ្រង់អាចជ្រាបសព្វអ្វីៗដែលមនុស្សមិនអាចដឹងបាន។ ទ្រង់មហិមាត្រង់ថា ទ្រង់ជាព្រះតែមួយអង្គគត់ដែលត្រូវមនុស្សបោះបង់ចោលហើយ តែបែរជាមកសង្រ្គោះមនុស្សទៅវិញ។ ទ្រង់ជ្រាបពីអត្ថន័យការកើត និងការស្លាប់ ហើយលើសពីនេះ ទ្រង់ជ្រាបពីច្បាប់អត្ថិភាពដែលមនុស្ស ជាភាវៈដែលព្រះបានបង្កើតមក គួរតែគោរពតាម។ ទ្រង់គឺជាគ្រឹះនៃការរស់នៅរបស់មនុស្ស ហើយទ្រង់ជាព្រះដ៏ប្រោសលោះ ដែលប្រោសមនុស្សឱ្យរស់ឡើងវិញ។ ទ្រង់បន្ទន់ចិត្តរីករាយ ដោយភាពសោកសង្រេង ហើយលើកតម្កើងចិត្តសោកសង្រេងដោយចិត្តរីករាយវិញ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

មនុស្សជាតិមិនដឹងអំពីគោលបំណងនៃអត្ថិភាពរបស់គេទេ ដ្បិតគេបានបែរចេញពីការទំនុកបម្រុងខាងជីវិតពីព្រះដ៏មានគ្រប់ចេស្ដា តែយ៉ាងណា ក៏គេនៅតែខ្លាចសេចក្ដីស្លាប់ដដែល។ ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំខ្លួនឯងឱ្យបន្តរស់នៅក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ ជាសំបកខាងសាច់ឈាមដែលមិនដឹងអ្វីសោះអំពីព្រលឹងរបស់ខ្លួន។ អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅអ្វីឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការយាងមកដល់របស់ទ្រង់ ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះសតិសម្បជញ្ញៈ គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ។ ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតបែបនេះដដែល។ ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំង ហើយស្របពេលនោះដែរ ទ្រង់មិនពេញព្រះទ័យចំពោះមនុស្សទាំងនេះដែលខ្វះសតិសម្បជញ្ញៈ ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សជាយូរមកហើយ។ ទ្រង់ប្រាថ្នាស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឱ្យអ្នក ហើយដាស់អ្នកឱ្យភ្ញាក់ដើម្បីកុំឱ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ក្រៀមក្រំអស់សង្ឃឹមនៅក្នុងពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញ៖ នៅពេលអ្នកដឹងខ្លួនថាអ្នកមកអំពីព្រះជាម្ចាស់ ដឹងថាអ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយមិនប្រាកដ ដឹងថាអ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវនៅពេលណាមួយមិនប្រាកដ ហើយរកបាន «ឪពុក» ម្នាក់នៅពេលណាមួយមិនប្រាកដ នោះអ្នកនឹងដឹងថា ព្រះដ៏មានគ្រប់ចេស្ដាកំពុងឃ្លាំមើល និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នកនៅទីនោះ ជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាម និងការរង់ចាំរបស់ទ្រង់មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីតែដួងចិត្ត និងវិញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ប្រហែលជាការចាំយាម និងការរង់ចាំរបស់ទ្រង់គ្មានដែនកំណត់ឡើយ ហើយទាំងនេះក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា។

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៣

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?