ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៥០
14-05-2021
របៀបដែលសាតាំងប្រើអបិយជំនឿទៅធ្វើឲ្យមនុស្សពុករលួយ
តើសាតាំងប្រើរឿងអបិយជំនឿមកធ្វើឲ្យមនុស្សពុករលួយដោយរបៀបណាទៅ? មនុស្សទាំងអស់ចង់ដឹងអំពីវាសនារបស់គេ ដូច្នេះ សាតាំងទាញប្រយោជន៍ចេញពីភាពចង់ដឹងរបស់គេនេះ ដើម្បីបញ្ឆោតចិត្តពួកគេ។ មនុស្សប្រឡូកនៅក្នុងការមើលជោគជតារាសី ការរកគ្រូទាយ និងការទាយមើលផ្ទៃមុខ ដើម្បីដឹងអំពីអ្វីដែលនឹងកើតឡើងចំពោះពួកគេនៅថ្ងៃអនាគត និងចង់ដឹងផ្លូវអ្វីខ្លះដែលស្ថិតនៅខាងមុខគេ។ ចុងបញ្ចប់ តើជោគវាសនា និងអនាគតដែលមនុស្សខ្វល់ខ្វាយយ៉ាងខ្លាំងនេះ ស្ថិតនៅក្នុងដៃរបស់នរណាទៅ? (នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។) រឿងទាំងអស់នេះស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ដោយប្រើប្រាស់វិធីសាស្ត្រទាំងនេះ តើសាតាំងចង់ឲ្យមនុស្សដឹងអ្វីខ្លះទៅ? សាតាំងចង់ប្រើការទាយមុខ និងការទាយពីជោគវាសនា ដើម្បីប្រាប់មនុស្សថា វាដឹងអំពីជោគវាសនាអនាគតរបស់គេ និងចង់ប្រាប់ទៀតថា វាមិនគ្រាន់តែដឹងអំពីរឿងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្រប់គ្រងលើអនាគតរបស់គេផងដែរ។ សាតាំងចង់ទាញប្រយោជន៍ចេញពីឱកាសនេះ ហើយប្រើប្រាស់វិធីសាស្ត្រទាំងនេះ ដើម្បីគ្រប់គ្រងលើមនុស្ស ដើម្បីឲ្យមនុស្សជឿលើវាទាំងងងឹតងងល់ ហើយស្ដាប់បង្គាប់តាមពាក្យរបស់វាគ្រប់ម៉ាត់។ ឧទាហរណ៍ ប្រសិនបើអ្នកឲ្យគេទាយមើលមុខ ប្រសិនបើគ្រូទាយបិទភ្នែក ហើយប្រាប់អ្នកនូវអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងចំពោះអ្នកយ៉ាងច្បាស់ៗកាលពីពីរបីទសវត្សរ៍មុន តើអ្នកនឹងមានអារម្មណ៍ដូចម្ដេចដែរ? ភ្លាមៗ អ្នកនឹងមានអារម្មណ៍ថា «គាត់និយាយត្រូវណាស់! ខ្ញុំមិនធ្លាប់បានប្រាប់អតីតកាលរបស់ខ្ញុំទៅកាន់នរណាម្នាក់ឡើយពីមុន តើគាត់ដឹងអំពីរឿងនេះដូចម្ដេចទៅ? ខ្ញុំពិតជាកោតសរសើរចំពោះគ្រូទាយម្នាក់នេះណាស់!» សម្រាប់សាតាំង តើវាមិនងាយស្រួលពេកក្នុងការដឹងអំពីអតីតកាលរបស់អ្នកទេឬ? ព្រះជាម្ចាស់បានដឹកនាំអ្នកមកដល់កន្លែងដែលអ្នកស្ថិតនៅសព្វថ្ងៃ ហើយក្នុងពេលនោះ សាតាំងក៏កំពុងតែធ្វើឲ្យមនុស្សពុករលួយ និងតាមពីក្រោយអ្នកផងដែរ។ ផ្លូវជាច្រើនទសវត្សរ៍នៃជីវិតរបស់អ្នកគ្មានពិបាកអ្វីសោះឡើយចំពោះសាតាំង ហើយវាក៏មិនពិបាកសម្រាប់សាតាំងក្នុងការដឹងអំពីរឿងទាំងនេះផងដែរ។ នៅពេលដែលអ្នកដឹងថា គ្រប់អ្វីៗដែលសាតាំងនិយាយសុទ្ធតែសុក្រឹតត្រឹមត្រូវ តើអ្នកនឹងមិនប្រគល់ដួងចិត្តរបស់អ្នកដល់វាទេឬអី? តើអ្នកនឹងមិនពឹងផ្អែកលើវា ដើម្បីគ្រប់គ្រងលើអនាគត និងជោគវាសនារបស់អ្នកទេឬ? តែមួយភ្លែត ដួងចិត្តរបស់អ្នកនឹងមានការគោរព ឬការចុះចូលខ្លះចំពោះវា ហើយសម្រាប់មនុស្សមួយចំនួន មកដល់ចំណុចនេះ ព្រលឹងរបស់គេត្រូវបានអារក្សឆក់យកបាត់រួចទៅហើយ។ ហើយភ្លាមៗ អ្នកនឹងសួរដល់គ្រូទាយថា៖ «បន្ទាប់មក តើខ្ញុំគួរតែធ្វើអ្វីខ្លះទៅ? តើខ្ញុំគួរតែចៀសវាងអ្វីខ្លះនៅឆ្នាំក្រោយ? តើមានរឿងអ្វីខ្លះដែលខ្ញុំមិនត្រូវធ្វើ?» ហើយបន្ទាប់មក គ្រូនោះនឹងនិយាយថា៖ «អ្នកមិនត្រូវទៅកន្លែងនោះ អ្នកមិនត្រូវធ្វើរឿងនេះ មិនត្រូវពាក់សម្លៀកបំពាក់ពណ៌នេះ អ្នកគួរតែទៅកន្លែងនេះតិចជាងមុន ឬធ្វើរឿងនេះច្រើនជាងមុន...» ភ្លាមៗនោះ តើអ្នកនឹងមិនជឿគ្រប់ពាក្យគ្រប់ម៉ាត់ ដែលគ្រូនោះនិយាយទេឬអី? អ្នកនឹងទន្ទេញពាក្យរបស់គ្រូនោះឲ្យរត់មាត់ជាងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ ហេតុអ្វីបានជាអ្នកត្រូវទន្ទេញពាក្យគ្រូនោះយ៉ាងឆាប់រហ័សបែបនេះ? គឺដោយសារតែអ្នកនឹងចង់ពឹងអាងលើសាតាំង ដើម្បីបានសំណាងល្អ។ តើនេះមិនមែនជាពេលដែលវាឆក់យកដួងចិត្តរបស់អ្នកទេឬអី? នៅពេលដែលការទស្សន៍ទាយរបស់វាក្លាយជាការពិត ម្ដងមួយៗ តើអ្នកនឹងមិនចង់ត្រឡប់ទៅរកវាវិញ ដើម្បីចង់ដឹងអំពីជោគវាសនារបស់ខ្លួននៅឆ្នាំក្រោយទៀតទេឬ? (ពិតជាចង់។) អ្នកនឹងធ្វើតាមអ្វីគ្រប់យ៉ាងដែលសាតាំងប្រាប់អ្នកឲ្យធ្វើ ហើយអ្នកនឹងចៀសវាងអ្វីៗដែលវាប្រាប់ឲ្យចៀសវាង។ បើដូច្នេះ តើអ្នកមិនកំពុងតែស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលវានិយាយទេឬ? តែមួយភ្លែត អ្នកនឹងធ្លាក់ទៅក្នុងដៃរបស់វា ចាញ់បញ្ឆោតវា និងស្ថិតនៅក្រោមការត្រួតត្រារបស់វាមិនខាន។ ការនេះកើតឡើង ដោយសារតែអ្នកជឿថា អ្វីដែលវានិយាយគឺជាសេចក្តីពិត និងដោយសារតែអ្នកជឿថា វាដឹងអំពីជីវិតកាលអតីតកាលរបស់អ្នក ជីវិតបច្ចុប្បន្នកាលរបស់អ្នក និងអនាគតរបស់អ្នក។ នេះគឺជាវិធីសាស្ត្រដែលសាតាំងប្រើ ដើម្បីគ្រប់គ្រងលើមនុស្ស។ ប៉ុន្តែ នៅក្នុងភាពជាក់ស្ដែង តើនរណាជាអ្នកគ្រប់គ្រងយ៉ាងពិតប្រាកដទៅ? គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកគ្រប់គ្រង មិនមែនសាតាំងឡើយ។ សាតាំងគ្រាន់តែប្រើប្រាស់ឧបាយកលដ៏វៃឆ្លាតរបស់វា ដើម្បីបញ្ឆោតមនុស្សល្ងង់ បញ្ឆោតមនុស្សដែលមើលឃើញតែពិភពដែលយើងមើលឃើញ ឲ្យជឿ និងពឹងអាងលើវាប៉ុណ្ណោះ។ បន្ទាប់មក ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយស្ដាប់បង្គាប់តាមគ្រប់ពាក្យគ្រប់ម៉ាត់របស់វា។ ប៉ុន្តែ តើសាតាំងធ្លាប់បន្ធូរដៃរបស់វាដែរឬទេ នៅពេលដែលមនុស្សចង់ជឿ និងដើរតាមព្រះជាម្ចាស់? សាតាំងមិនដែលឡើយ។ នៅក្នុងស្ថានភាពនេះ តើមនុស្សពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងឬ? (ពិតមែនហើយ។) តើយើងអាចនិយាយបានទេថា ឥរិយាបថរបស់សាតាំងបែបនេះ ជាឥរិយាបថដ៏ឥតអៀនខ្មាស? (ពិតជាបាន។) ហេតុអ្វីបានជាយើងនិយាយដូច្នេះ? គឺដោយសារតែទាំងនេះជាមធ្យោបាយបែបក្លែងបន្លំ និងបោកបញ្ឆោត។ សាតាំងឥតអៀនខ្មាសឡើយ ហើយវានាំមនុស្សឲ្យយល់ច្រឡំថា វាត្រួតត្រាលើអ្វីៗទាំងអស់អំពីពួកគេ និងយល់ច្រឡំទៀតថា វាគ្រប់គ្រងលើជោគវាសនារបស់ពួកគេ។ ការនេះធ្វើឲ្យមនុស្សល្ងង់ស្ដាប់បង្គាប់តាមវាទាំងស្រុង។ ជាមួយពាក្យតែពីរបីម៉ាត់ ធ្វើឲ្យពួកគេចាញ់បញ្ឆោតវា។ នៅក្នុងដំណើរវង្វេងស្មារតីរបស់គេ មនុស្សលុតជង្គង់នៅចំពោះមុខវា។ ដូច្នេះ តើសាតាំងប្រើវិធីសាស្ត្រអ្វីខ្លះទៅ? តើវានិយាយអ្វីខ្លះទៅបានជាធ្វើឲ្យអ្នកជឿលើវាបែបនេះ? ឧទាហរណ៍ អ្នកប្រហែលជាមិនបានប្រាប់សាតាំងពីចំនួនមនុស្សនៅក្នុងក្រុមគ្រួសាររបស់អ្នកឡើយ ប៉ុន្តែវានៅតែអាចប្រាប់អ្នកបានពីចំនួនមនុស្សក្នុងគ្រួសាររបស់អ្នក និងអាយុឪពុកម្ដាយ និងកូនៗរបស់អ្នក។ ទោះបីអ្នកប្រហែលជាមានភាពមន្ទិល និងភាពសង្ស័យអំពីសាតាំងពីមុនមកក៏ដោយ ប៉ុន្តែក្រោយពេលបានឮវានិយាយបែបនេះ តើអ្នកនឹងមិនមានអារម្មណ៍កាន់តែជឿលើវាជាងមុនបន្ដិចទេឬអី? បន្ទាប់មក សាតាំងអាចនិយាយថា ការងាររបស់អ្នកនាពេលថ្មីៗនេះជួបនូវការលំបាកជាច្រើន ថាប្រធានរបស់អ្នកមិនបានផ្ដល់ការទទួលស្គាល់ចំពោះអ្នកឲ្យសក្ដិសមនឹងការងារដែលអ្នកខំប្រឹងនោះឡើយ ហើយគាត់តែងតែប្រឆាំងនឹងអ្នកជានិច្ច ជាដើម។ ក្រោយពេលបានឮបែបនេះហើយ អ្នកក៏គិតថា «នេះពិតជាត្រូវមែន! អ្វីៗដូចជាដំណើរការមិនរលូនសោះនៅកន្លែងការងារ។» ដូច្នេះ អ្នកនឹងជឿលើសាតាំងច្រើនជាងមុនបន្តិចទៀត។ បន្ទាប់មក វានឹងនិយាយអំពីអ្វីមួយផ្សេង ដើម្បីបញ្ឆោតអ្នកឲ្យជឿលើវាកាន់តែខ្លាំងជាងមុន។ បន្ដិចម្ដងៗ អ្នកនឹងជឿស្លុងលែងប្រកែកបាន ឬលែងមានចិត្តសង្ស័យចំពោះវាតទៅទៀត។ សាតាំងគ្រាន់តែប្រើល្បិចកំប៉ិចកំប៉ុកពីរបីក្បាច់ប៉ុណ្ណោះ សូម្បីតែល្បិចបន្ដិចបន្តួច ប៉ុន្តែធ្វើឲ្យអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅពេលដែលអ្នកភ្ញាក់ផ្អើល អ្នកនឹងមិនអាចរកឃើញគោលជំហររបស់ខ្លួន អ្នកនឹងមិនដឹងច្បាស់អំពីអ្វីដែលត្រូវធ្វើ ហើយអ្នកនឹងចាប់ផ្ដើមដើរតាមអ្វីដែលសាតាំងនិយាយ។ នេះគឺជាវិធីសាស្ត្រ «ដ៏ចំណាន» ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ ដែលធ្វើឲ្យអ្នកធ្លាក់ទៅក្នុងអន្ទាក់របស់វា ហើយជាប់ចិត្តនឹងវា ទាំងមិនដឹងខ្លួន។ សាតាំងប្រាប់អ្នកនូវរឿងចំនួនពីរបីដែលមនុស្សស្រមៃឃើញថាជារឿងល្អ ហើយបន្ទាប់មក វាប្រាប់អ្នកអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវចៀសវាង។ នេះជារបៀបដែលអ្នកចាញ់កលវា ទាំងមិនដឹងខ្លួន។ ពេលដែលអ្នកបានជាប់ចិត្តនឹងវាហើយ នោះអ្នកនឹងមានភាពជាប់ជំពាក់មិនខាន។ អ្នកនឹងតែងតែគិតអំពីអ្វីដែលសាតាំងបាននិយាយ និងអ្វីដែលវាបានប្រាប់អ្នកឲ្យធ្វើ ហើយវានឹងសណ្ឋិតលើអ្នកទាំងមិនដឹងខ្លួន។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារតែមនុស្សជាតិខ្វះនូវសេចក្តីពិត ដូច្នេះ គេមិនអាចឈររឹងមាំ ដើម្បីប្រឆាំងនឹងការទាក់ចិត្ត និងសេចក្តីល្បួងរបស់សាតាំងបានឡើយ។ ដោយប្រឈមជាមួយនឹងការអាក្រក់របស់សាតាំង និងការបញ្ឆោត ភាពវៀចវេរ និងការព្យាបាទរបស់វា មនុស្សជាតិពិតជាល្ងង់ខ្លៅ ក្មេងខ្ចី និងទន់ខ្សោយណាស់ មិនអញ្ចឹងឬ? តើនេះមិនមែនជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬ? (មែនហើយ។) ដោយមិនដឹងខ្លួន បន្ដិចម្ដងៗ មនុស្សបានចាញ់បញ្ឆោត និងចាញ់ល្បិច ដោយវិធីសាស្ត្រផ្សេងៗរបស់សាតាំង ដោយសារតែពួកគេខ្វះនូវសមត្ថភាព ដើម្បីធ្វើការវែកញែករវាងរឿងវិជ្ជមាន និងអវិជ្ជមាន។ ពួកគេខ្វះនូវកម្ពស់នេះ និងខ្វះនូវសមត្ថភាព ដើម្បីយកឈ្នះលើសាតាំង។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត