ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (១) ជំពូកទី១

មូលហេតុដែលចាំបាច់ត្រូវស្គាល់អ្នកដឹកនាំក្លែងក្លាយ

ឥឡូវនេះ យើងបានបញ្ចប់ការប្រកបគ្នាអំពីលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទហើយ ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទថ្មីមួយ គឺលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ នៅក្នុងការជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំមកនេះ អ្នករាល់គ្នាបានជួបប្រទះនូវលក្ខណៈសម្គាល់ និងការអនុវត្តគ្រប់បែបយ៉ាងរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ នៅក្នុងដំណើរការដែលដំណាក់របស់ព្រះជាម្ចាស់ដកពួកអ្នកដឹកនាំក្លែងក្លាយចេញពីដំណែងនៅគ្រប់ជាន់ថ្នាក់ចេញ មនុស្សភាគច្រើនទទួលបានការយល់ដឹងខ្លះៗ ទោះតិចក្ដីច្រើនក្ដីអំពីពួកអ្នកដឹកនាំក្លែងក្លាយ ពោលគឺ មនុស្សភាគច្រើនមានការយល់ដឹងខ្លះអំពីលក្ខណៈសម្គាល់ជាក់លាក់មួយចំនួនរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ ប៉ុន្តែ ទោះបីជាអ្នកជ្រួតជ្រាប ឬយល់ដឹងបានច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត ការយល់ដឹងនោះនៅតែមិនមានលក្ខណៈជាប្រព័ន្ធ ឬជាក់លាក់គ្រប់គ្រាន់ដដែល។ ក្នុងអំឡុងពេលបោះឆ្នោតពួកជំនុំ មនុស្សជាច្រើនមិនយល់ពីគោលការណ៍នៃការជ្រើសរើសអ្នកដឹកនាំទេ មិនដឹងថាតើត្រូវជ្រើសរើសមនុស្សប្រភេទណាជាអ្នកដឹកនាំ ហើយមនុស្សប្រភេទណាដែលអាចនាំបងប្អូនប្រុសស្រីចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានក្នុងនាមជាអ្នកដឹកនាំ ព្រមទាំងត្រូវតាមស្ដង់ដាជាអ្នកដឹកនាំ។ ពួកគេមិនសូវដឹង ក៏មិនសូវយល់ច្បាស់អំពីរឿងទាំងនេះដែរ។ ថែមទាំងមានមនុស្សដែលមិនដឹងខ្យល់ និងគ្មានការយល់ដឹងមួយចំនួន ដែលបានជ្រើសរើសអ្នកដឹកនាំក្លែងក្លាយយកតែម្ដង នៅក្នុងពេលបោះឆ្នោត ដោយជ្រើសរើសអ្នកដែលមានលក្ខណៈដូចអ្នកដឹកនាំក្លែងក្លាយ ហើយបែរជាខ្វាក់មើលមិនឃើញអ្នកដែលមានលក្ខណៈសម្បត្តិពិតប្រាកដ និងអាចធ្វើជាអ្នកដឹកនាំបាន ដែលមានគុណសម្បត្តិជាអ្នកដឹកនាំ និងមានភាពជាមនុស្ស។ ពួកអ្នកដែលគ្មានគុណសម្បត្តិជាមូលដ្ឋាន និងគ្មានភាពជាមនុស្សដើម្បីធ្វើជាអ្នកដឹកនាំ ត្រូវបានបោះឆ្នោតជ្រើសរើសដោយសារតែសេចក្ដីក្លៀវក្លាពីខាងក្រៅ ឬអាកប្បកិរិយាល្អមួយចំនួនរបស់ពួកគេ និងដោយសារតែពួកគេមានលក្ខណៈស្របតាមសញ្ញាណរបស់មនុស្ស ដែលចាត់ទុកជា «មនុស្សល្អ» ចំណែកឯអ្នកដែលមានលក្ខណៈសម្បត្តិពិតប្រាកដគ្រប់យ៉ាងក្នុងការដឹកនាំ មិនដែលត្រូវបានគេបោះឆ្នោតជ្រើសរើសឡើយ។ ពួកអ្នកដែលចូលចិត្តទាក់ទាញចំណាប់អារម្មណ៍ពីគេ និងលះបង់ខ្លួនដោយសេចក្ដីក្លៀវក្លា តែគ្មានសមត្ថភាពការងារណាមួយសោះ តែងតែបង្ហាញខ្លួននៅគ្រប់ទីកន្លែង ដោយមើលទៅសកម្មខ្លាំងណាស់ ហើយមនុស្សភាគច្រើនតែងគិតថា មនុស្សប្រភេទនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ហើយគួរតែបោះឆ្នោតជ្រើសរើសគាត់។ ជាលទ្ធផល បន្ទាប់ពីមនុស្សបែបនេះត្រូវបានបោះឆ្នោតជ្រើសរើសរួច ពួកគេមិនអាចរ៉ាប់រងកិច្ចការណាមួយបានឡើយ។ ពួកគេថែមទាំងមិនអាចអនុវត្តតាមការរៀបចំការងារពីខាងលើបានផង ហើយពួកគេក៏មិនដឹងថាត្រូវធ្វើវាដោយបែបណាដែរ។ ទោះបីជាពួកគេតែងតែខ្នះខ្នែងធ្វើខ្លួនឱ្យជាប់រវល់ជានិច្ចក៏ដោយ ក៏បន្ទាប់ពីបានដឹកនាំមួយរយៈរួចមក ឃើញថាគ្មានភាពល្អប្រសើរអ្វី ឬគ្មានការរីកចម្រើនតិចតួចណានៅក្នុងកិច្ចការណាមួយរបស់ពួកជំនុំឡើយ ហើយស្ថានភាពដែលតែងតែកើតមានឡើងគឺ កិច្ចការរបស់ពួកជំនុំធ្លាក់ក្នុងភាពរញ៉េរញ៉ៃ ឬមនុស្សបែកបាក់សាមគ្គីគ្នា ដោយសារតែការរំខាន ឬការដណ្ដើមអំណាចខុសច្បាប់ពីសំណាក់មនុស្សអាក្រក់។ ទាំងនេះគឺជាផលវិបាកដែលបង្កឡើងដោយកិច្ចការរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។ បន្ទាប់ពីអ្នកដឹកនាំក្លែងក្លាយម្នាក់ត្រូវបានបោះឆ្នោតជ្រើសរើសរួច មិនត្រឹមតែការចូលទៅក្នុងជីវិតរបស់បងប្អូនប្រុសស្រីទេដែលនឹងត្រូវរងផលប៉ះពាល់ និងខូចខាតនោះ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ចំណុចផ្សេងៗនៃការងាររបស់ពួកជំនុំក៏នឹងរងផលប៉ះពាល់អវិជ្ជមានផងដែរ ដូច្នេះ កិច្ចការផ្សាយដំណឹងល្អ មិនអាចដំណើរការទៅបានដោយរលូន ឬមានប្រសិទ្ធភាពឡើយ។ បញ្ហានេះមួយផ្នែកគឺបង្កឡើងដោយអ្នកដឹកនាំក្លែងក្លាយខ្លួនឯងផ្ទាល់ ប៉ុន្តែមួយផ្នែកទៀត ក៏ពាក់ព័ន្ធនឹងអ្នកដែលបោះឆ្នោតជ្រើសរើសពួកគេផងដែរ។ ប្រសិនបើអ្នកមិនយល់ពីគោលការណ៍សេចក្ដីពិត គ្មានការយល់ដឹង ហើយខ្វាក់មើលមិនធ្លុះពីមនុស្ស រហូតដល់ចុងក្រោយអ្នកបោះឆ្នោតជ្រើសរើសអ្នកដឹកនាំក្លែងក្លាយណាម្នាក់ ដូច្នេះ អ្នកមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការរបស់ពួកជំនុំក៏រងការខូចខាតដែរ។ នេះគឺជាផលប៉ះពាល់ និងការខូចខាតដែលបង្កឡើងដោយពួកអ្នកដឹកនាំក្លែងក្លាយ ទៅលើការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ពួកជំនុំ។ ហេតុដូច្នេះហើយ យើងត្រូវតែស្គាល់ និងរៀបរាប់ពីលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ ហើយផ្អែកលើមូលដ្ឋាននោះ ខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាបានដឹងថា អាកប្បកិរិយាណាខ្លះដែលអ្នកដឹកនាំដែលត្រូវតាមស្ដង់ដា គួរតែបង្ហាញចេញ កិច្ចការអ្វីខ្លះដែលពួកគេគួរតែធ្វើ និងរង្វង់នៃការទទួលខុសត្រូវជាក់លាក់របស់ពួកគេ។ ប្រធានបទអំពីការស្គាល់ពីពួកអ្នកដឹកនាំក្លែងក្លាយ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែវាមានពាក់ព័ន្ធនឹងកិច្ចការរបស់ពួកជំនុំ ការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គ្រប់រូប ហើយជាពិសេស របៀបដែលភារកិច្ចនីមួយៗកំពុងរីកចម្រើនទៅមុខ។ អ្នកខ្លះអាចនឹងនិយាយថា៖ «ខ្ញុំគ្មានបំណងឈរឈ្មោះបោះឆ្នោតទេ ហើយខ្ញុំក៏គ្មានមហិច្ឆិតា ឬបំណងប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំ ឬអ្នកធ្វើការអ្វីដែរ។ ខ្ញុំដឹងខ្លួនឯងច្បាស់ ហើយការធ្វើជាអ្នកជឿធម្មតាម្នាក់ គឺគ្រប់គ្រាន់ហើយ ដូច្នេះ គោលការណ៍សេចក្ដីពិតក្នុងទិដ្ឋភាពនេះ គ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ។ ប្រសិនបើខ្ញុំចង់ស្ដាប់ នោះខ្ញុំនឹងស្ដាប់អ្វីដែលនិយាយអំពីការចូលទៅក្នុងជីវិត និងសេចក្ដីសង្គ្រោះរបស់ខ្ញុំផ្ទាល់វិញ។ លក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ និងសេចក្ដីពិតដែលជាប់ទាក់ទងក្នុងប្រធានបទនេះ គឺមិនពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតរបស់ខ្ញុំទេ ដូច្នេះ ខ្ញុំមិនចាំបាច់ស្ដាប់ទេ ឬខ្ញុំអាចស្ដាប់ដោយមិនយកចិត្តទុកដាក់បាន ឬស្ដាប់ចោល ហើយគ្រាន់តែធ្វើតាមដំណើរឱ្យតែរួចពីដៃ ដោយមិនបាច់យកវាមកដាក់ក្នុងចិត្តទេ»។ តើនេះជាឥរិយាបថល្អដែរឬទេ? (មិនល្អទេ។) អ្នកផ្សេងទៀតនិយាយថា៖ «ខ្ញុំគ្មានមហិច្ឆិតាទេ ហើយក៏មិនចង់ឈរឈ្មោះជាអ្នកដឹកនាំដែរ។ តាំងពីក្មេងមក ខ្ញុំមិនដែលមានបំណងចង់ធ្វើជាមន្ត្រី ឬលេចធ្លោជាងអ្នកដទៃឡើយ ខ្ញុំគ្រាន់តែចង់ធ្វើជាមនុស្សសាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះ។ តាំងពីពេលដែលខ្ញុំចាប់ផ្ដើមជឿលើព្រះជាម្ចាស់មក ខ្ញុំតែងតែចង់ធ្វើជាកូនចៅគេ។ ខ្ញុំចូលចិត្តធ្វើតាមបញ្ជារបស់អ្នកដទៃ ហើយខ្ញុំតែងធ្វើអ្វីដែលពួកគេប្រាប់ឱ្យខ្ញុំធ្វើ។ ការធ្វើខ្លួនជាមនុស្សប្រភេទនេះ គឺពិតជាសាមញ្ញណាស់! ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលមិនចង់ខ្វល់ខ្វាយ ឬមានបន្ទុកអ្វីឡើយ ដូច្នេះ ខ្ញុំមិនចាំបាច់ស្ដាប់រឿងទាំងនេះទេ ហើយក៏មិនចង់ស្ដាប់ដែរ»។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? (មិនត្រឹមត្រូវទេ។) តើវាខុសត្រង់ណា? (ទោះបីជាពួកគេមិនចង់ធ្វើជាអ្នកដឹកនាំក៏ដោយ ប្រសិនបើពួកគេមិនយល់ពីទិដ្ឋភាពនៃសេចក្ដីពិតនេះទេ ហើយមិនអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយបាន ដូច្នេះ ក្នុងអំឡុងពេលបោះឆ្នោត ពួកគេទំនងជានឹងជ្រើសរើសអ្នកដឹកនាំក្លែងក្លាយមិនខាន ដែលនឹងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ និងការចូលទៅក្នុងជីវិតនៃរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។) នេះគឺជាទិដ្ឋភាពមួយ។ តើមានអ្វីផ្សេងទៀតទេ? (បញ្ហារបស់អ្នកដឹកនាំក្លែងក្លាយ មាននៅក្នុងខ្លួនយើងម្នាក់ៗ ហើយយើងគួរតែពិនិត្យមើល ឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនយើង។) (ប្រសិនបើយើងមិនអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយបានទេ នោះយើងនឹងមិនទាំងដឹងខ្លួនផងថា ពេលណាដែលយើងត្រូវអ្នកដឹកនាំក្លែងក្លាយនាំយើងឱ្យវង្វេងនោះ ហើយជីវិតរបស់យើងផ្ទាល់នឹងត្រូវរងការខាតបង់មិនខាន។) (ទស្សនៈប្រភេទនេះ គឺជាការបង្ហាញពីការមិនដេញតាមសេចក្ដីពិត។ ការធ្វើជាអ្នកដឹកនាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ គឺមិនដូចគ្នានឹងការមានមហិច្ឆិតាចង់ធ្វើជាមន្ត្រីនៅក្នុងលោកិយនោះទេ។ ការធ្វើជាអ្នកដឹកនាំ គឺដើម្បីដេញតាមសេចក្ដីពិតឱ្យបានកាន់តែប្រសើរ ដើម្បីរែកពុនបន្ទុកកិច្ចការរបស់ពួកជំនុំ និងដើម្បីគិតគូរពីព្រះរាជបំណងរបស់ព្រះជាម្ចាស់។ នេះគឺជាការខិតខំឆ្ពោះទៅរកសេចក្ដីពិត។) (ក្នុងនាមជារាស្ដ្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់ យើងមានកាតព្វកិច្ច និងទំនួលខុសត្រូវក្នុងការរាយការណ៍អំពីអ្នកដឹកនាំក្លែងក្លាយ។ ប្រសិនបើយើងមិនអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយបានទេ នោះយើងអាចបណ្ដោយឱ្យអ្នកដឹកនាំក្លែងក្លាយណាម្នាក់ឡើងកាន់អំណាចបាន និងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ។) តើមានទិដ្ឋភាពចំនួនប៉ុន្មាន? (ទិដ្ឋភាពចំនួនប្រាំ។) ទិដ្ឋភាពនីមួយៗក្នុងចំណោមទិដ្ឋភាពទាំងប្រាំនេះ គឺសុទ្ធតែត្រឹមត្រូវ និងជាក់លាក់ខ្លាំងណាស់។ ការវិភាគវែកញែកពីសារជាតិនៃបញ្ហានេះ ដោយផ្អែកលើទស្សនៈនៃប្រភេទបុគ្គលដែលខ្ញុំទើបតែបានលើកឡើង គឺមានទិដ្ឋភាពទាំងប្រាំនេះជាមូលដ្ឋាន។ មិនថាអ្នកចង់ធ្វើជាអ្នកដឹកនាំឬអត់នោះទេ ក្នុងនាមជារាស្ដ្ររើសតាំងម្នាក់របស់ព្រះជាម្ចាស់ អ្នកគួរតែមានតួនាទីមើលការខុសត្រូវចំពោះអ្នកដឹកនាំ និងអ្នកធ្វើការ។ ដំណាក់របស់ព្រះជាម្ចាស់ក៏ជាផ្ទះរបស់អ្នកដែរ ហើយអ្នកដឹកនាំម្នាក់ប្រៀបដូចជាអ្នកមើលថែទាំផ្ទះម្នាក់ដែរ។ ប្រសិនបើពួកគេគ្រប់គ្រងមិនបានល្អទេ អ្នកក៏នឹងរងផលប៉ះពាល់ និងជាប់ពាក់ព័ន្ធដែរ ដូច្នេះ អ្នកមានទំនួលខុសត្រូវ និងកាតព្វកិច្ចមើលការខុសត្រូវលើគ្រប់កិច្ចការទាំងអស់របស់ពួកគេ។

ទិដ្ឋភាពទូទៅអំពីការទទួលខុសត្រូវទាំងដប់ប្រាំចំណុចរបស់អ្នកដឹកនាំ និងអ្នកធ្វើការ

អ្នកដឹកនាំក្លែងក្លាយមិនពិបាកនឹងស្គាល់នោះទេ ពីព្រោះមនុស្សប្រភេទនេះ មានច្រើនណាស់នៅក្នុងពួកជំនុំ។ ពួកគេមានតាំងពីពេលដែលកើតមានអ្នកដឹកនាំពួកជំនុំ និងកិច្ចការរបស់ពួកជំនុំមកម្ល៉េះ។ គុណសម្បត្តិ និងសមត្ថភាពយល់ដឹង ចរិតលក្ខណៈ និងមាគ៌ាដែលពួកគេបានជ្រើសរើស សុទ្ធតែមានលក្ខណៈសម្គាល់ជាក់លាក់ជាច្រើន។ មុននឹងវែកញែកលម្អិតពីលក្ខណៈសម្គាល់ជាក់លាក់ទាំងនេះ ដំបូង យើងគួរតែដឹងថា អ្នកដឹកនាំ និងអ្នកធ្វើការមានទំនួលខុសត្រូវអ្វីខ្លះ ហើយរួមបញ្ចូលកិច្ចការជាក់លាក់ចម្បងអ្វីខ្លះជាមុនសិន។ មានតែពួកអ្នកដែលអាចបំពេញកិច្ចការជាក់លាក់នេះបានល្អប៉ុណ្ណោះ ដែលត្រូវតាមស្ដង់ដាជាអ្នកដឹកនាំ និងអ្នកធ្វើការ។ អ្នកដែលមិនអាចបំពេញកិច្ចការនេះបាន គឺជាអ្នកដឹកនាំក្លែងក្លាយ។ ប្រហែលមនុស្សភាគច្រើននៅតែគ្មានផ្លូវដើម្បីអាចស្គាល់ពីអ្នកដឹកនាំក្លែងក្លាយ មិនអាចក្ដាប់បានពីគោលការណ៍មូលដ្ឋាន និងមិនដឹងថាទិដ្ឋភាពណាខ្លះដែលសំខាន់បំផុតដែលត្រូវដឹងឱ្យបាននោះទេ។ ថ្ងៃនេះ ជាដំបូង យើងនឹងប្រកបគ្នាលក្ខណៈជាប្រព័ន្ធអំពីថាតើទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺជាអ្វីឲ្យប្រាកដ ដោយរៀបរាប់ម្ដងមួយៗ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់អំពីពួកវា។ បន្ទាប់ពីអ្នកយល់ពីគោលការណ៍ទាំងនេះហើយ នៅពេលបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ និងអ្នកធ្វើការម្ដងទៀត អ្នកនឹងមានបទដ្ឋានដ៏សុក្រឹតមួយដើម្បីវាស់វែងពីរបៀបបោះឆ្នោតជ្រើសរើសពួកគេឲ្យបានត្រឹមត្រូវ និងថាអ្នកណាឲ្យប្រាកដគឺជាមនុស្សដែលសមស្របនឹងត្រូវជ្រើសរើស។ ដូច្នេះ ដំបូង សូមយើងរៀបរាប់ពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការជាមុនសិន។

ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ៖

១. ដឹកនាំមនុស្សឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និង​យល់ពីព្រះបន្ទូលទាំងនោះ ព្រមទាំងដឹកនាំពួកគេឱ្យចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។

២. ត្រូវស្គាល់ពីសភាពនៃប្រភេទមនុស្សនីមួយៗ ហើយដោះស្រាយការលំបាកផ្សេងៗទាក់ទងនឹងការចូលទៅក្នុងជីវិត ដែលពួកគេជួបប្រទះនៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ។

៣. ប្រកបគ្នាអំពីគោលការណ៍សេចក្ដីពិត ដែលគួរ​យល់ដឹង ដើម្បីបំពេញភារកិច្ចនីមួយៗឱ្យបានត្រឹមត្រូវ។

៤. តាមដានព័ត៌មានអំពីស្ថានភាពរបស់អ្នកមើលការខុសត្រូវលើការងារផ្សេងៗ និងបុគ្គលិកដែលទទួលខុសត្រូវចំពោះការងារសំខាន់ៗ ហើយផ្លាស់ប្ដូរភារកិច្ចដែលបានចាត់តាំងឱ្យពួកគេភ្លាមៗ ឬដកពួកគេចេញទៅតាមការចាំបាច់ ដើម្បីបង្ការ ឬកាត់បន្ថយការខាតបង់ ដែលបង្កឡើងដោយការប្រើប្រាស់មនុស្សមិនស័ក្តិសម ព្រមទាំងធានាប្រសិទ្ធភាព និងវឌ្ឍនភាពការងារឱ្យបានរលូន។

៥. ត្រូវយល់ និងក្ដាប់ឱ្យបានពីស្ថានការណ៍ និងវឌ្ឍនភាពនៃចំណុចការងារនីមួយៗ ហើយអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា កែតម្រូវសេចក្ដីវៀចវេ និងកែប្រែកំហុសក្នុងការងារ ដើម្បីឱ្យការងារ​នោះដំណើរការទៅដោយរលូន។

៦. លើកស្ទួយ និងបណ្ដុះបណ្ដាលទេពកោសល្យគ្រប់ប្រភេទដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឱ្យអស់អ្នកដែលស្វែងរកសេចក្ដីពិតអាចមានឱកាសដើម្បីហ្វឹកហាត់ និងចូលទៅក្នុងតថភាពនៃសេចក្ដីពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៧. ចាត់ចែង និងប្រើមនុស្សក្នុង​ប្រភេទផ្សេងៗគ្នាឱ្យបានសមស្រប​ ដោយផ្អែកលើភាពជាមនុស្ស និងចំណុចខ្លាំងរបស់ពួកគេ ដើម្បីប្រើមនុស្សម្នាក់ៗឱ្យត្រូវចំសក្ដានុពល​របស់​ពួកគេ​។

៨. ត្រូវរាយការណ៍ឱ្យបានឆាប់ និងស្វែងរក​របៀប​ដោះស្រាយការភាន់ច្រឡំ និងការលំបាកនានាដែលជួបប្រទះនៅក្នុងការងារ។

៩. ប្រាស្រ័យទាក់ទង ផ្សព្វផ្សាយ និងអនុវត្តការរៀបចំចាត់ចែងការងារផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ឱ្យបានសុក្រឹតត្រឹមត្រូវ ស្របតាមសេចក្ដីតម្រូវរបស់ខ្លួន ដោយផ្ដល់ជាការណែនាំ ការមើលការខុសត្រូវ ការជំរុញ ព្រមទាំងត្រួតពិនិត្យ​ និង​តាមដានស្ថានភាពនៃការអនុវត្តការងារ​របស់ពួកគេ។

១០. ថែរក្សាឱ្យបានល្អ​ និងបែងចែក​សម្ភារៈផ្សេងៗនៅដំណាក់របស់ព្រះជាម្ចាស់ (ដូចជា សៀវភៅ ឧបករណ៍ផ្សេងៗ គ្រាប់ធញ្ញជាតិ ជាដើម ។ល។) ឱ្យបានសមស្រប​ ហើយធ្វើការត្រួតពិនិត្យ ​ថែទាំ និង​ជួសជុលជាប្រចាំ ដើម្បីកាត់បន្ថយការខូចខាត និងការខ្ជះខ្ជាយឱ្យបាន​តិចបំផុត ព្រមទាំងការពារកុំឱ្យមនុស្សអាក្រក់កាន់កាប់សម្ភារៈទាំងនោះ។

១១. ជ្រើសរើសមនុស្សដែលគួរឱ្យទុកចិត្ត ដែលមានភាពជាមនុស្សស្របតាមស្ដង់ដារ ជាពិសេសសម្រាប់កិច្ចការនៃការចុះឈ្មោះជាប្រព័ន្ធ ការកត់បញ្ជី និងការថែរក្សាតង្វាយ។ ការពិនិត្យ និងផ្ទៀងផ្ទាត់ចំណូល និងចំណាយជាប្រចាំ ដើម្បីអាចកំណត់ពីករណីនៃការចាយវាយខ្ជះខ្ជាយ ឬគ្មានការសន្សំសំចៃ ក៏ដូចជាការចំណាយមិនសមស្របឱ្យបានភ្លាមៗ ដើម្បីបញ្ឈប់ទង្វើបែបនេះ ហើយទាមទារសំណងឱ្យបានសមរម្យ។ លើសពីនេះទៀត ការពារតាមគ្រប់មធ្យោបាយកុំឱ្យតង្វាយធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់ ហើយក្លាយជាទ្រព្យសម្បត្តិរបស់ពួកគេ។

១២. កំណត់​ពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗដែលរំខាន និងបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់ និងសណ្ដាប់ធ្នាប់ធម្មតារបស់ពួកជំនុំឱ្យបាន​ឆាប់ និងសុក្រឹតត្រឹមត្រូវ​។ បញ្ឈប់ និងរឹតត្បិតពួកគេ ហើយធ្វើឱ្យអ្វីៗទៅជាធម្មតាវិញ​។ ជាងនេះទៅទៀត ត្រូវប្រកបគ្នាពីសេចក្ដីពិត ដើម្បីឱ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មានការយល់ដឹងតាមរយៈរឿងទាំងនោះ និងរៀនសូត្រពីវា​។

១៣. ការពាររាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ពីការរំខាន ការបំភាន់ ការត្រួតត្រា និងការធ្វើបាបយ៉ាងធ្ងន់ធ្ងរពីសំណាក់ពួកទទឹងនឹងព្រះគ្រីស្ទ និង​ដើម្បីឱ្យពួកគេ​អាចស្គាល់ពួកទទឹងនឹងព្រះគ្រីស្ទ និងអាចបោះបង់ពួកនោះ​ចេញពី​​ចិត្តបាន។

១៤. ត្រូវ​ស្គាល់ពី​មនុស្សអាក្រក់​ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់​ រួច​​បណ្ដេញ​ពួកគេ​ចេញ។

១៥. ការពារបុគ្គលិកធ្វើការសំខាន់ៗគ្រប់ប្រភេទ ដោយការពារពួកគេពីការជ្រៀតជ្រែកពី​ពិភពខាងក្រៅ ហើយរក្សាសុវត្ថិភាពដល់ពួកគេ ដើម្បីធានាថា ចំណុចការងារសំខាន់ៗជាច្រើនអាចដំណើរការទៅមុខតាមរបៀបរៀបរយ។

ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការត្រូវបានសង្ខេបសរុបចំនួនដប់ប្រាំចំណុច ហើយយើងនឹងប្រកបគ្នាផ្អែកលើចំណុចទាំងនេះ។ សូមយើងពិនិត្យមើលកិច្ចការនីមួយៗក្នុងចំណុចទាំងដប់ប្រាំនេះជាមុនសិន។ បីចំណុចដំបូង ពាក់ព័ន្ធនឹងបញ្ហានៃការយល់ដឹងរបស់មនុស្សអំពីសេចក្ដីពិត និងការចូលទៅក្នុងជីវិត។ នេះគឺជាកិច្ចការមូលដ្ឋានគ្រឹះដែលអ្នកដឹកនាំ និងអ្នកធ្វើការគួរតែធ្វើ ហើយជាផ្នែកមួយនៃប្រភេទធំ។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ ចាំបាច់បំផុតគឺអ្នកត្រូវតែអាចបំពេញកិច្ចការទាំងនេះឱ្យបាន មានគុណសម្បត្តិប្រភេទនេះ មានបន្ទុកប្រភេទនេះ និងអាចរែកពុនទំនួលខុសត្រូវនេះបាន។ ទាំងនេះគឺជាមូលដ្ឋានគ្រឹះដែលអ្នកគួរតែមាន។ អ្នកដឹកនាំ និងអ្នកធ្វើការត្រូវតែអាចប្រកបគ្នាអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វែងរកមាគ៌ានៃការអនុវត្តតាមរយៈព្រះបន្ទូលទាំងនោះ ដឹកនាំមនុស្សឱ្យយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដឹកនាំមនុស្សឱ្យឆ្លងកាត់ និងចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិត ព្រមទាំងអាចនាំយកព្រះបន្ទូលទាំងនោះមកក្នុងជីវិតពិត ដោយប្រើព្រះបន្ទូលទាំងនោះដើម្បីដោះស្រាយបញ្ហា ឬការលំបាកផ្សេងៗដែលជួបប្រទះនៅក្នុងជីវិតពិត និងនៅក្នុងដំណើរការនៃការបំពេញភារកិច្ចរបស់ពួកគេ។ ប្រសិនបើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានបញ្ហាដែលត្រូវការអ្នកដឹកនាំ ឬអ្នកធ្វើការឱ្យជួយដោះស្រាយ ប៉ុន្តែអ្នកដឹកនាំ ឬអ្នកធ្វើការនោះមិនអាចប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានោះបាន ដូច្នេះ អ្នកដឹកនាំ ឬអ្នកធ្វើការនោះ ជាមនុស្សអត់បានការ គ្មានសមត្ថភាពសូម្បីតែបំពេញកិច្ចការមូលដ្ឋានគ្រឹះបែបនេះ។ អ្នកដឹកនាំ ឬអ្នកធ្វើការប្រភេទនេះ គឺមិនត្រូវតាមស្ដង់ដាទេ។ ចំណុចទីបួន និងទីប្រាំ ពាក់ព័ន្ធនឹងចំណុចផ្សេងៗនៃការងាររបស់ពួកជំនុំ និងអ្នកមើលការខុសត្រូវលើចំណុចនៃការងារទាំងនោះ។ ប្រសិនបើអ្នកដឹកនាំ និងអ្នកធ្វើការមិនត្រួតពិនិត្យអ្នកមើលការខុសត្រូវឱ្យបានត្រឹមត្រូវទេ នោះកិច្ចការរបស់ពួកជំនុំអាចនឹងគ្មានសណ្ដាប់ធ្នាប់ ឬត្រូវបានរំខានដោយមនុស្សអាក្រក់ ដែលវានឹងជះឥទ្ធិពលដល់ប្រសិទ្ធភាព និងវឌ្ឍនភាពនៃកិច្ចការ ហើយកិច្ចការនោះផ្ទាល់អាចនឹងជាប់គាំងទៀតផង។ ហេតុដូច្នេះហើយ កិច្ចការទីបួន និងទីប្រាំ ក៏ជាកិច្ចការដែលអ្នកដឹកនាំដែលត្រូវតាមស្ដង់ដា ត្រូវតែបំពេញឱ្យបានល្អផងដែរ។ ចំណុចទីប្រាំមួយ និងទីប្រាំពីរ និយាយអំពីការដំឡើងឋានៈ ការបណ្ដុះបណ្ដាល និងការប្រើប្រាស់មនុស្សគ្រប់ប្រភេទ។ គោលការណ៍នៃការប្រើប្រាស់មនុស្ស គឺដើម្បីប្រើប្រាស់មនុស្សគ្រប់គ្នាឱ្យអស់ពីសមត្ថភាព ហើយមនុស្សគ្រប់ប្រភេទអាចបំពេញភារកិច្ចរបស់ពួកគេបាន ដរាបណាភាពជាមនុស្សរបស់ពួកគេត្រូវតាមស្ដង់ដា ហើយពួកគេអាចបំពេញតាមស្ដង់ដាដែលតម្រូវដោយដំណាក់របស់ព្រះជាម្ចាស់។ ពោលគឺ អនុញ្ញាតឱ្យមនុស្សគ្រប់ប្រភេទអាចបំពេញភារកិច្ចបានតាមសមស្រប។ ពុំមានការចាំបាច់អ្វីត្រូវបង្ខំទាឱ្យឡើងទ្រនំ ឬបង្ខំគោឱ្យឡើងដើមឈើនោះទេ។ ការដែលមនុស្សម្នាក់ស័ក្ដិសមសម្រាប់កិច្ចការណាមួយ អាចបំពេញកិច្ចការនោះបានល្អ និងមានសមត្ថភាព នោះគឺគ្រប់គ្រាន់ហើយ។ លើសពីនេះទៅទៀត កិច្ចការខ្លះពាក់ព័ន្ធនឹងទិដ្ឋភាពបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ហើយមនុស្សខ្លះអាចពូកែខាងកិច្ចការទាំងនោះ ប៉ុន្តែមិនដែលបានធ្វើកិច្ចការណាមួយនៅក្នុងផ្នែកនេះទេ ហើយពួកគេក៏មិនបានយល់ពីគោលការណ៍ដែលពាក់ព័ន្ធដែរ។ សម្រាប់មនុស្សទាំងនេះ ប្រសិនបើពួកគេត្រូវតាមស្ដង់ដាសម្រាប់ការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នោះគួរតែផ្ដល់ឱកាសដល់ពួកគេ ហើយដំឡើងឋានៈ និងបណ្ដុះបណ្ដាលពួកគេ ដើម្បីឱ្យពួកគេអាចរៀនសូត្របាន។ បែបនេះ កិច្ចការផ្សេងៗនៅក្នុងដំណាក់របស់ព្រះជាម្ចាស់អាចនឹងមានមនុស្សដែលស័ក្ដិសមកាន់តែច្រើនជាងនេះ ដើម្បីទទួលបន្ទុក ហើយនឹងគ្មានកន្លែងការងារទំនេរ នៅពេលណាដែលពួកជំនុំត្រូវការមនុស្សសម្រាប់កិច្ចការផ្សេងៗ។ ទាំងនេះគឺជាបញ្ហាអំពីទិដ្ឋភាពទាំងពីរនៃការដំឡើងឋានៈ និងការបណ្ដុះបណ្ដាលមនុស្ស និងការប្រើប្រាស់មនុស្ស។ សូមយើងពិនិត្យមើលចំណុចទីប្រាំបី និងទីប្រាំបួន៖ ចំណុចទាំងពីរនេះ និយាយអំពីអាកប្បកិរិយាដែលអ្នកដឹកនាំ និងអ្នកធ្វើការមានចំពោះកិច្ចការ ពោលគឺ ថាតើពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបាន មានភាពស្មោះត្រង់ និងមានសមត្ថភាពក្នុងការបំពេញការងារឱ្យបានល្អឬអត់ នៅក្នុងការប្រព្រឹត្តរបស់ពួកគេចំពោះសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងការរៀបចំនៃដំណាក់របស់ព្រះជាម្ចាស់ និងនៅពេលជួបប្រទះការលំបាកផ្សេងៗនៅក្នុងកិច្ចការ។ ចំណុចទីដប់ និងទីដប់មួយ និយាយអំពីគោលការណ៍សម្រាប់ការចាត់ចែងតង្វាយ និងទ្រព្យសម្បត្តិគ្រប់ប្រភេទនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ក្នុងទិដ្ឋភាពមួយ ចំណុចទាំងពីរនេះពាក់ព័ន្ធនឹងគុណសម្បត្តិ និងសមត្ថភាពការងាររបស់មនុស្ស ហើយក្នុងទិដ្ឋភាពមួយទៀត ចំណុចទាំងពីរនេះពាក់ព័ន្ធនឹងបញ្ហានៃភាពជាមនុស្ស ថាតើមនុស្សម្នាក់មានភាពស្មោះត្រង់ឬអត់ និងថាតើពួកគេអាចបំពេញការទទួលខុសត្រូវរបស់ពួកគេបានដែរឬទេ។ បន្ទាប់មក សូមយើងពិនិត្យមើលចំណុចទីដប់ពីរ ដប់បី និងដប់បួន ទាក់ទងនឹងកាលៈទេសៈពិសេសមួយចំនួនដែលកើតឡើងនៅក្នុងពួកជំនុំ ដូចជា ប្រសិនបើមាននរណាម្នាក់កំពុងបង្អាក់និងរំខាន និងធ្វើឱ្យប៉ះពាល់ដល់ជីវិតជាប្រក្រតីរបស់ពួកជំនុំជាដើម។ ជាការពិតណាស់ រឿងដែលធ្ងន់ធ្ងរបំផុតគឺ ការលេចមកនៃពួកទទឹងនឹងព្រះគ្រីស្ទ ឬមនុស្សប្រភេទផ្សេងទៀតដែលគួរតែត្រូវសម្អាតចេញ ឬបណ្ដេញចេញ។ របៀបដោះស្រាយជាមួយមនុស្សប្រភេទនេះ ហើយត្រូវដោះស្រាយក្រោមគោលការណ៍អ្វីខ្លះ ក៏ជាការងារស្ថិតក្នុងរង្វង់នៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការដែរ។ ការដែលអាចរកឃើញបញ្ហាបានទាន់ពេលវេលា ហើយនៅពេលដែលអ្នកឃើញនរណាម្នាក់កំពុងបង្កការបង្អាក់ និងការរំខាន ហើយអាចបញ្ឈប់ ចាត់ការ និងដោះស្រាយបញ្ហានេះបានភ្លាមៗ ព្រមទាំងធានាថា កិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំមិនត្រូវបានរំខាន ទាំងនេះគឺសុទ្ធតែជាបញ្ហាដែលមាននិយាយនៅក្នុងចំណុចទាំងបីនេះទាំងអស់។ ចំណុចចុងក្រោយគេ និយាយអំពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលិកកាន់ការងារសំខាន់ៗគ្រប់ប្រភេទ ក៏ដូចជាបញ្ហាថាតើកិច្ចការសំខាន់គ្រប់ប្រភេទ អាចធានាបានដែរឬអត់។ កិច្ចការអាចរីកចម្រើនទៅមុខបាន នៅពេលដែលបុគ្គលិកមានសុវត្ថិភាព ប៉ុន្តែប្រសិនបើបញ្ហា ឬគ្រោះថ្នាក់មើលមិនឃើញកើតឡើងពាក់ព័ន្ធនឹងសុវត្ថិភាពបុគ្គលិក ដូច្នេះ កិច្ចការអាចរីកចម្រើនទៅមុខបានឬអត់ នឹងក្លាយជាបញ្ហាមិនខាន។ សូមយើងពិនិត្យមើលឡើងវិញទាំងអស់គ្នា ថាតើមានប្រភេទធំៗសំខាន់ចំនួនប៉ុន្មាន។ ចំណុចទីមួយ ទីពីរ និងទីបី ស្ថិតនៅក្នុងប្រភេទទីមួយ៖ ច្រកចូលទៅក្នុងជីវិតរបស់មនុស្ស។ ចំណុចទីបួន និងទីប្រាំ ស្ថិតនៅក្នុងប្រភេទទីពីរ៖ ចំណុចនៃការងារផ្សេងៗរបស់ពួកជំនុំ និងអ្នកមើលការខុសត្រូវលើចំណុចនៃការងារទាំងនោះ។ ចំណុចទីប្រាំមួយ និងទីប្រាំពីរ ស្ថិតនៅក្នុងប្រភេទទីបី៖ ការប្រើប្រាស់ ការបណ្ដុះបណ្ដាល និងការដំឡើងឋានៈមនុស្សគ្រប់ប្រភេទ។ ចំណុចទីប្រាំបី និងទីប្រាំបួន ស្ថិតនៅក្នុងប្រភេទទីបួន៖ ការរៀបចំការងារនៃដំណាក់របស់ព្រះជាម្ចាស់ និងការលំបាកនានានៅក្នុងកិច្ចការ។ ចំណុចទីដប់ និងទីដប់មួយ ស្ថិតនៅក្នុងប្រភេទទីប្រាំ៖ តង្វាយ និងទ្រព្យសម្បត្តិនៃដំណាក់របស់ព្រះជាម្ចាស់។ ចំណុចទីដប់ពីរ ដប់បី និងដប់បួន ស្ថិតនៅក្នុងប្រភេទទីប្រាំមួយ៖ កាលៈទេសៈពិសេសដែលកើតឡើងនៅក្នុងពួកជំនុំ។ ចំណុចទីដប់ប្រាំ ស្ថិតនៅក្នុងប្រភេទទីប្រាំពីរ៖ កិច្ចការសំខាន់របស់ពួកជំនុំ និងសុវត្ថិភាពរបស់បុគ្គលិក។ សរុបទាំងអស់ មានប្រាំពីរប្រភេទធំៗ ដែលពាក់ព័ន្ធនឹងចំណុចទាំងដប់ប្រាំនេះ។ ប្រភេទទាំងប្រាំពីរនេះ គឺស្ថិតនៅក្នុងរង្វង់នៃការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ហើយជាផ្នែកមួយនៃការងាររបស់ពួកគេ។ ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ កិច្ចការជាមូលដ្ឋានបំផុតដែលជាការងាររបស់អ្នក គឺប្រភេទទាំងប្រាំពីរនេះឯង ហើយប្រភេទទាំងប្រាំពីរនេះ គឺជាព្រំដែននៃសេចក្ដីតម្រូវពីដំណាក់របស់ព្រះជាម្ចាស់សម្រាប់អ្នកដឹកនាំ ឬអ្នកធ្វើការ។ ប្រសិនបើយើងចង់វាស់វែងថាតើអ្នកដឹកនាំម្នាក់អាចបំពេញការងារបានល្អដែរឬអត់ ថាតើពួកគេមានសមត្ថភាពការងារដែរឬអត់ ថាតើពួកគេមានគុណសម្បត្តិធ្វើជាអ្នកដឹកនាំដែរឬអត់ និងថាតើពួកគេត្រូវតាមស្ដង់ដាជាអ្នកដឹកនាំដែរឬអត់ យើងគួរតែពិនិត្យមើលប្រភេទទាំងប្រាំពីរនេះ។ ក្រោយពីបានយល់ពីចំណុចនេះហើយ យើងនឹងប្រកបគ្នា និងវែកញែកឱ្យល្អិតល្អន់ពីលក្ខណៈសម្គាល់ និងការប្រព្រឹត្តជាក់លាក់របស់ពួកអ្នកដឹកនាំក្លែងក្លាយម្ដងមួយៗ ដោយផ្អែកលើប្រភេទធំៗទាំងប្រាំពីរនេះ ក៏ដូចជាអ្វីដែលពួកគេបានធ្វើក្នុងអំឡុងពេលដែលពួកគេធ្វើជាអ្នកដឹកនាំ ដែលបញ្ជាក់ថា ពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ ហើយមិនមែនជាមនុស្សដែលត្រូវតាមស្ដង់ដា។ នៅពេលដែលវាស់វែងផ្អែកតាមប្រភេទទាំងប្រាំពីរនេះ គឺមានភស្តុតាងជាក់លាក់ ហើយបែបនេះគឺមានភាពត្រឹមត្រូវ និងសមហេតុផលសមល្មម។ សុំប្រាប់ខ្ញុំមកចុះ តើយើងគួរប្រកបគ្នាអំពីប្រភេទទាំងប្រាំពីរនេះម្ដងមួយៗ ឬក៏ប្រកបគ្នាអំពីចំណុចទាំងដប់ប្រាំនេះម្ដងមួយៗ? វិធីមួយណាល្អជាង? (ប្រកបគ្នាអំពីចំណុចទាំងដប់ប្រាំនេះម្ដងមួយៗ។) បែបនោះគឺស្របតាមចំណូលចិត្តរបស់អ្នករាល់គ្នាហើយ កាន់តែលម្អិត កាន់តែល្អ មែនទេ? បន្ទាប់មកទៀត យើងនឹងចាប់ផ្ដើមប្រកបគ្នាជាផ្លូវការអំពីលក្ខណៈសម្គាល់ផ្សេងៗរបស់ពួកអ្នកដឹកនាំក្លែងក្លាយ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?